Category: សុខភាព

  • COVID-19 បាន​សម្លាប់​មនុស្ស​ជាង​264,000​នាក់​​​នៅ​ទូទាំង​ពិភពលោក

    COVID-19 បាន​សម្លាប់​មនុស្ស​ជាង​264,000​នាក់​​​នៅ​ទូទាំង​ពិភពលោក

    វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង​3.8​លាន​នាក់នៅ​ពាស់​ពេញ​សកល​លោក​​ត្រូវ​កើត​ជំងឺ​ ក្នុង​នោះ​ វា​បាន​សម្លាប់​មនុស្ស​ជាង​264,000​នាក់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ ត្រូវ​បាន​រាយ​ការណ៍​ថា មាន​អ្នក​ជំងឺ​COVID-19 សរុប​3,812,513​នាក់ និង​អ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​នេះ​ចំនួន​264,109​នាក់​ ដោយនៅ​ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​​​នេះ​មាន​​អ្នក​ជំងឺ​ថ្មី​​​91,120​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​6,242​នាក់​​។ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​ មាន​អ្នក​ជំងឺ​​1,288,726​នាក់​បាន​​ជា​សះស្បើយ​​។ នេះ​បើ​តាម​ស្ថិតិ​របស់​ WourldeMeters។

    ទ្វីបអាមេរិក​​មាន​អ្នក​ជំងឺ​COVID-19​ច្រើន​ជាង​ទ្វីប​ណា​ៗ​ទាំង​អស់ ក្នុង​នោះ​តំបន់​អាមេរិក​ខាង​ជើង​​មាន​អ្នក​ជំងឺ​សរុប​1,375,502​នាក់ អាមេរិក​ខាង​ត្បូង​មាន​253,597​នាក់​ ខណៈ​ទ្វីប​អឺរ៉ុប​មាន​​1,524,884​នាក់ ទ្វីប​អាស៊ី​មាន​​603,065​នាក់ និង​ទ្វីប​អាហ្វ្រិក​​មាន​​52,341​នាក់​។

    ប្រទេស​ដែល​មាន​អ្នកស្លាប់​ដោយ​សារ​ជំងឺ​កូរ៉ូណា​សរុប​លើស​ពី25,000​នាក់​ មាន​​​​5ប្រទេស​ រួម​មាន​សហរដ្ឋ​អាមេរិក អង់គ្លេស​ អ៊ីតាលី អេស្ប៉ាញ និង​បារាំង​។

    ប្រទេសចំនួន​10​​​ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​លើស​ពី​​​100,000​នាក់ រួម​មាន​សហរដ្ឋ​អាមេរិក​ អេស្ប៉ាញ អ៊ីតាលី​ អង់គ្លេស​ បារាំង​ អាល្លឺម៉ង់​ រុស្ស៊ី ទួរគី ប្រេស៊ីល និង​ប្រទេស​អ៊ីរ៉ង់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ប្រទេស​ចិន​ “បញ្ចេញ​​លក្ខខណ្ឌ​” បើ​សិន​ជា​ចង់​​​ស៊ើប​អង្កេត​រក​​​ប្រភព​​COVID-19

    ប្រទេស​ចិន​ “បញ្ចេញ​​លក្ខខណ្ឌ​” បើ​សិន​ជា​ចង់​​​ស៊ើប​អង្កេត​រក​​​ប្រភព​​COVID-19

    ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​អង្គការ​សហប្រជា​ជាតិ​បាន​ឱ្យ​ដឹង​ថា​ ប្រទេស​ចិន​នឹង​មិន​អញ្ជើញ​អ្នកជំនាញ​អន្តរជាតិ​ណា​មួយ​មក​ស៊ើប​អង្កេត​បញ្ហា​ប្រភព​របស់​វីរុសកូរ៉ូណា​នោះ​ទេ រហូត​ដល់​​ប្រទេស​នេះ​ទទួល​បាន​ “ជ័យ​ជំនះ​ចុង​ក្រោយ​”។

    WHO កាលពី​ចុង​សប្ដាហ៍​កន្លង​បាន​ឱ្យ​ដឹង​ថា អង្គការ​នេះ​សង្ឃឹម​ថា​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុងការ​ស្រាវ​ជ្រាវ​លើ​ប្រភព​របស់​ COVID-19​។ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​បញ្ហា​នេះ ឯកអគ្គរដ្ឋ​ទូត​ចិន​ Chen Xu ថ្ងៃ​នេះ​បាន​ឆ្លើយ​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​តាម​អនឡាញ​ពី​ទីក្រុង​ហ្សឺណែវ​ថា “អាទិភាព​បច្ចុប្បន្ន​គឺ​ផ្ដោត​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ រហូត​ដល់​យើង​បានទទួល​ជោគ​ជ័យ​ចុង​ក្រោយ​”។

    លោក Chen Xu បន្ត​ថា “យើង​ត្រូវ​ការ​ផ្ដោត​ចំបញ្ហា​ និង​បែងចែក​កម្លាំង​សមស្រប​។ យើង​មិន​ខ្លាច​នឹង​ការ​ស៊ើប​អង្កេត​ និង​វាយ​តម្លៃ​ណាមួយ​នោះ​ទេ ព្រោះ​ថា​វា​អាចជួយ​ដល់​ការ​ប្រឹង​ប្រែង​របស់​ពិភពលោក​ដើម្បី​ត្រៀម​សម្រាប់​ទប់​ទល់​នឹង​ករណី​បន្ទាន់​អំពី​សុខភាព​សាធារណៈ​ក្នុង​ពេល​អនាគត​”។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មួយ​ចំនួន​យល់​ថា វីរុស​COVID-19 មាន​​ប្រភព​ពី​សត្វ​ប្រចៀវ​ និង​បាន​ឆ្លង​ពី​សត្វ​មក​មនុស្ស​នៅ​ឯផ្សារ​លក់​សត្វ​ព្រៃ​រស់​នៅ​ក្នុង​ទីក្រុង​ Wuhan​ កាល​ពី​ចុង​ឆ្នាំ​2019។ ប៉ុន្តែ​លោក​ Trump និង​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក Mike Pompeo រួម​នឹង​មន្ត្រី​អាមេរិកាំង​ជា​ច្រើន​ផ្សេង​ទៀត​ កំពុង​តែ​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​លើ​សម្មតិ​កម្ម​ដែល​ថា COVID-19 បាន​រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​។​ អង្គ​ភាព​ស៊ើប​ការណ៍​សម្ងាត់​អាមេរិកាំង​កំពុង​ស្រាវ​ជ្រាវ​លើ​បញ្ហា​នេះ បើ​ទោះ​ជា​មាន​ការ​អះអាង​ថា វីរុស​នេះ​ “មិន​មែន​បង្កើត​ឡើង​ដោយ​មនុស្ស​”។

    ប្រទេស​ចិន​បាន​អះអាង​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​មិន​អាច​បញ្ជាក់​អំពី​បញ្ហា​ដែល​ថា​ វីរុស​COVID-19 បាន​រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​នៅ​ Wuhan នោះ​ឡើយ ព្រោះ​ថា លោក​ “មិនមាន​ភ័ស្ដុតាំង​ណា​មួយ​បញ្ជាក់​​អំពី​រឿង​នេះ​”។

    COVID-19 បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​និង​ដែន​ដី​ចំនួន​210​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជិត​3.8​លាន​នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​ជាង​259,000​នាក់​បាន​បាត់​បង់ជីវិត​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • រដ្ឋ​មន្ត្រីក្រសួង​​វប្បធម៌​របស់​រុស្ស៊ី ​ឆ្លង​វីរុស​COVID-19

    រដ្ឋ​មន្ត្រីក្រសួង​​វប្បធម៌​របស់​រុស្ស៊ី ​ឆ្លង​វីរុស​COVID-19

    រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​របស់​ប្រទេស​រុស្ស៊ី លោក​ស្រី​ Olga Lyubimova វិជ្ជមាន​ជាមួយ​នឹង​វីរុស​COVID-19 ធ្វើ​ឱ្យ​លោក​ស្រី​ក្លាយ​ជា​សមាជិក​គណៈរដ្ឋ​មន្ត្រី​​ទី3​របស់​ប្រទេស​រុស្ស៊ី​ ដែល​បាន​ឆ្លង​វីរុស​នេះ​។

    លោក​ស្រី Olga Lyubimova អាយុ39​ឆ្នាំ មាន​រោគ​សញ្ញា​ស្រាល​ និង​កំពុង​បង្ខាំងខ្លួន​ដោយ​ឡែក​នៅ​ឯផ្ទះ​ ប៉ុន្តែ​ លោក​ស្រី​នៅ​តែ​បន្ត​បំពេញ​ការ​ងារ​ពីចម្ងាយ​ ជាមួយ​នឹង​កិច្ច​ប្រជុំ​តាម​អនឡាញ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​ Anna Usacheva នា​ថ្ងៃ​នេះ​។

    លោក​ស្រី​ Olga Lyubimova ធ្លាប់​ធ្វើ​ជា​អ្នក​កាសែត​ និង​ជា​អ្នក​ផលិត​ភាព​យន្ត​ឯកសារ​មួយ​រូប​ផងដែរ​។ លោក​ស្រី​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​កាលពី​ខែ​មករា​2020 និង​បាន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​រដ្ឋ​មន្ត្រី​ដែល​មាន​វ័យ​នៅ​ក្មេង​ជាង​គេ​ក្នុង​គណៈរដ្ឋមន្ត្រី​រុស្ស៊ី​។

    កាលពី​សប្ដាហ៍​មុន នាយក​រដ្ឋមន្ត្រី​រុស្ស៊ី Mikhail Mishustin បាន​ប្រកាស​ថា​ លោក​បាន​ឆ្លង​វីរុស​COVID-19 និង​កំពុង​ព្យាបាល​ដាច់​ដោយ​ឡែក​។ ឧបនាយក​រដ្ឋមន្ត្រី​ទី​1​ Andrei Belousov បាន​​ឡើង​កាន់កាប់​តំណែង​ជំនួយ​ នៅ​ពេល​នាយក​រដ្ឋមន្ត្រី​អវត្តមាន​។ រដ្ឋមន្ត្រី​ក្រសួង​សំណង់​នៃ​ប្រទេស​នេះ គឺ​លោក Vladimir Yakushev កាល​ពី​សប្ដាហ៍​មុន​ក៏បាន​ចូល​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​កូរ៉ូណា​នេះ​ដែរ​ ខណៈ​ដែល​អនុរដ្ឋ​មន្ត្រី​​ម្នាក់​របស់​លោក​​ ក៏​បាន​ឆ្លង​មេរោគ​នេះ​។

    ប្រទេស​រុស្ស៊ី គិត​មក​ដល់​បច្ចុប្បន្ន បាន​រកឃើញ​អ្នកជំងឺ​កូរ៉ូណា​ជិត​166,000​នាក់ និង​អ្នក​ស្លាប់​សរុប​ជាង​1,500​នាក់​។ ក្នុង​រយៈ​ពេល​4​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ប្រទេស​រុស្ស៊ី​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ជាង​10,000​នាក់​រៀង​រាល់​ថ្ងៃ​។ ប្រទេស​នេះ​បាន​ធ្វើ​តេស្ត​រក​មេរោគ​​ជូន​ប្រជា​ជន​ប្រមាណជា​ជាង​4.6​លាន​នាក់​​ ក្នុង​នោះ​ក៏កំពុង​តាម​ដាន​សុខ​ភាព​របស់​មនុស្ស​​ជាង​227,000​នាក់​​ផងដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • អាមេរិកាំង​សាក​ល្បង​វ៉ាក់​សាំង​​ប្រឆាំង​COVID-19 លើ​មនុស្សជាង​300​នាក់

    អាមេរិកាំង​សាក​ល្បង​វ៉ាក់​សាំង​​ប្រឆាំង​COVID-19 លើ​មនុស្សជាង​300​នាក់

    ក្រុម​ហ៊ុន​ផលិត​ឱសថ Pfizer និង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ BiNTech បាន​ប្រកាស​ថា ពួកគេ​​សាក​ល្បង​វ៉ាក់សាំង​​ទប់​ស្កាត់​វីរុស​COVID-19​ លើ​មនុស្សចាប់​ពី​ថ្ងៃទី​4​ឧសភា​។

    នេះ​គឺជា​វ៉ាក់​សាំង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​ទៅ​តាម​អាស៊ីត RNA(Ribonucleic acid) ដែល​មាន​តួនាទី​ “ណែនាំ​” ឱ្យ​កោសិកា​របស់​មនុស្ស​បញ្ចេញ​ប្រូតេអ៊ីន​ដើម្បី​ទប់​ទល់​នឹង​វីរុស​នានាដែល​កំពុង​ឆ្លង​មក​មនុស្ស​​។ ខុស​ពី​វ៉ាក់សាំង​​បុរាណ​ វ៉ាក់​សាំង​ប្រភេទ​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ​ថ្មី​នេះ​ មិន​បាន​ប្រើ​ប្រាស់​វីរុស​ដែល​ត្រូវ​បាន​បន្ថយ​កម្លាំង​​ដើម្បី​ចាក់​បញ្ចូល​ទៅ​ក្នុង​​រាង​កាយ​នោះ​ទេ​ ដូច្នេះ​​វា​នឹង​មាន​សុវត្ថិ​ភាព​ខ្ពស់​សម្រាប់​ប្រើប្រាស់​នៅ​លើ​មនុស្ស​។

    Moderna, Inovio, CanSino និង​ក្រុម​ហ៊ុនផលិត​ឱសថ​ជា​ច្រើន​ផ្សេង​ទៀត​ក៏កំពុង​តែ​អភិវឌ្ឍ​វ៉ាក់​សាំង​ប្រភេទ​ថ្មី​ដូច​គ្នា​នេះ​ដែរ​ ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​ខ្លះ​បាន​ចាប់​ផ្ដើម​សាក​ល្បង​លើ​មនុស្ស​​​​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​ដែរ​។ គិត​មក​ដល់​បច្ចុប្បន្ន វ៉ាក់​សាំង​ប្រភេទ​ថ្មី​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ RNA មិន​ទាន់​មាន​វត្តមាន​នៅ​ក្នុង​ទី​ផ្សារ​នៅ​ឡើយ​។

    នៅក្នុង​ដំណាក់​កាល​សាក​ល្បង​ដំបូង​ ​ក្រុម​ហ៊ុន​ Pfizer និង​ក្រុម​ហ៊ុន BioNTech មាន​គម្រោង​ពិសោធ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​360​នាក់​ ចំណែក​ដំណាក់​កាល​ទី​2​ នឹង​មាន​អ្នក​ស្ម័គ្រ​ដល់​ទៅ​8,000​នាក់​។ ការ​សាក​ល្បង​វ៉ាក់​សាំង​ខាងលើ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សាលា​វេជ្ជ​សាស្ត្រ​ Grossman នៃ​សាកល​វិទ្យា​ល័យ​ New York រួម​នឹង​សាលា​វេជ្ជ​សាស្ត្រ​នៃ​សាកលវិទ្យា​ល័យ Maryland និង​មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​នៃ​សាកលវិទ្យា​ល័យ​ Rochester ព្រម​ទាំង​មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​របស់​មន្ទីរពេទ្យ​ Nhi Cincinnati ផងដែរ​។

    ក្នុង​ករណី​ទទួល​បាន​ជោគ​ជ័យ​ទាំង​ស្រុង​ និង​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ចាប់​ផ្ដើម​ផលិត ក្រុមហ៊ុន ​Pfizer និង​ក្រុម​ហ៊ុន BioNTech អាច​ផ្គត់​ផ្គង់​វ៉ាក់សាំង​នេះ​​​រាប់​លាន​ដប​សម្រាប់​​ទីផ្សារ​ពិភពលោក​​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • អ្នកវីរុសវិទ្យាចិនម្នាក់ ដែលត្រូវ​​គេ​ចោទ​ថា​ ដឹងរឿង “កូវីដ-19 បែកធ្លាយចេញពីបន្ទប់ពិសោធន៍វូហាន” បានបដិសេធរឿង “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារភៀសខ្លួនចេញពីចិន

    អ្នកវីរុសវិទ្យាចិនម្នាក់ ដែលត្រូវ​​គេ​ចោទ​ថា​ ដឹងរឿង “កូវីដ-19 បែកធ្លាយចេញពីបន្ទប់ពិសោធន៍វូហាន” បានបដិសេធរឿង “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារភៀសខ្លួនចេញពីចិន

    របាយការណ៍ព័ត៌មានរបស់ចិន កាលពីថ្ងៃចុងសប្ដាហ៍មុន(ថ្ងៃទី2ឧសភា) បានឱ្យដឹងថា អ្នកវីរុសវិទ្យាល្បីឈ្មោះម្នាក់ នៃស្ថាប័នវីរុសវិទ្យាក្នុងទីក្រុងវូហាន លោកស្រី ស៊ឺ ជឹងលី ដែលបានធ្លាក់ខ្លួនក្លាយជាជនសង្ស័យពាក់ព័ន្ធនឹងប្រភពកំណើតនៃការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ទូទាំងពិភពលោកនាពេលបច្ចុប្បន្ន បានចេញមកបដិសេធចំពោះព័ត៌មានចចាមអារ៉ាមដ៏ច្រើនសន្ធឹកដែលថា “លោកស្រីបានក្បត់ឧត្ដមគតិខ្លួនឯង និងបានរត់ភៀសខ្លួនចេញពីប្រទេសចិន”។

    លោកស្រី ស៊ឺ អ្នកស្រាវជ្រាវវីរុសសត្វប្រចៀវល្បីឈ្មោះលំដាប់ពិភពលោក បានផូស្តសំណេរមួយផ្ញើទៅក្រុមមិត្តភក្តិក្នុងបណ្ដាញសង្គមចិន វីឆាត កាលពីថ្ងៃសៅរ៍(ទី2មេសា) ថា “មិនថាត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរប៉ុនណាឡើយ គ្មានថ្ងៃដែលនឹងកើតហេតុការណ៍ក្បត់ឧត្ដមគតិខ្លួនឯង ដូចដែលពាក្យចចាមអារ៉ាមលេចឮនោះឡើយ”។

    ដោយសារតែមានចរន្តព័ត៌មានចចាមអារ៉ាមកាលពីពេលថ្មីៗនេះ បញ្ជាក់ថា លោកស្រី ស៊ឺ ជឹងលី បាន “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារ និងប្រមូល “ឯកសារសម្ងាត់ប្រមាណជា 1ពាន់ឈុត” រត់ភៀសខ្លួនគេចទៅអឺរ៉ុប និងបានដាក់ពាក្យស្នើសុំការគាំពារពីស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសបារាំង។

    រហូតទាល់តែទីភ្នាក់ងារព័ត៌មានរបស់ចិន ដែលមានដូចជា វេបសាយព័ត៌មាននៅក្នុងប្រទេស Global Times និងទីភ្នាក់ងារព័ត៌មាននៅទីក្រុងហុងកុង សៅថ៍ ឆាយណា ម៉រនីង ផូស្ត បានចេញមករាយការណ៍ព័ត៌មាន(កាលពីថ្ងៃទី2 ឧសភា) បដិសេធរាល់ព័ត៌មានចចាមអារ៉ាមទាំងនោះ ដោយបានផ្សព្វផ្សាយសំណេររបស់លោកស្រី ស៊ឺ នៅក្នុងបណ្ដាញសង្គម WeChat ទៀតផង។

    អ្នកវីរុសវិទ្យាចិនម្នាក់ ដែលត្រូវគេចោទថា ដឹងរឿង “កូវីដ-19 បែកធ្លាយចេញពីបន្ទប់ពិសោធន៍វូហាន” បានបដិសេធរឿង “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារភៀសខ្លួនចេញពីចិន
    លោកស្រី ស៊ឺ ជឹងលី ផូស្តសំណេរនៅលើ WeChat បដិសេធព័ត៌មានចចាមអារ៉ាមរឿង “ក្បត់ឧត្ដមគតិ” និងនាំក្រុមគ្រួសាររត់គេចខ្លួនចេញពីប្រទេសចិន ទៅសុំការគាំពារពីស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសបារាំង

    សារព័ត៌មាន គ្លោបល ថាមស៍ របស់បក្សកុម្មុយនីស្តចិន បានអះអាងថា លោកស្រីស៊ឺ ជឹងលី ជាអ្នកសរសេរសំណេរ ផូស្តនៅលើបណ្ដាញសង្គម WeChat ពិតប្រាកដមែន ដោយសំណេរនោះបានសរសេរថា “មិត្តភក្តិជាទីស្រឡាញ់…ខ្ញុំ និងក្រុមគ្រួសារសុខសប្បាយជាទេ មិនថាត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរប៉ុនណាក៏ដោយ គ្មានថ្ងៃដែលខ្ញុំនឹង “ក្បត់ឧត្ដមគតិខ្លួនឯង” ដូចដែលព័ត៌មានចចាមអារ៉ាមបានលេចឮនោះទេ។ ពួកយើងមិនបានធ្វើអ្វីខុសទេ ពួកយើងមានជំនឿដ៏គង់វង្សចំពោះវិទ្យាសាស្ត្រ នឹងត្រូវតែមានថ្ងៃដែលដុំមេឃខ្មៅរលាយបាត់អស់ និងដួងព្រះអាទិត្យចាំងចែងពន្លឺចេញមកមិនខាន”

    លោកស្រី ស៊ឺ ជឹងលី អ្នកស្រាវជ្រាវប្រចាំស្ថាប័នវីរុសវិទ្យាទីក្រុងវូហាន បានធ្លាក់ខ្លួនក្លាយជាមុខសញ្ញាក្នុងការរិះគន់ និងក្លាយជាជនសង្ស័យថាបានដឹង បានឮរឿងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ដែលចាប់ផ្ដើមឆ្លងរាលដាលក្នុងវូហានកាលពីចុងឆ្នាំកន្លងទៅ។

    លោកស្រី ស៊ឺ បានបំពេញការងារសិក្សាស្រាវជ្រាវជាមួយមេរោគវីរុសកូរ៉ូណាយូរជាង 10ឆ្នាំមកហើយ និងជាអ្នករកឃើញវីរុសកូរ៉ូណានៅក្នុងសត្វប្រចៀវ ដែលបង្កជាជំងឺ SARS (ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងទាន់ហន់) នៅឆ្នាំ2002 ដល់ 2003។

    ក្រុមអ្នកវិទ្យាសាស្ត្រនាំគ្នាជឿថា វីរុសកូរ៉ូណាប្រភេទថ្មី បានចម្លងមេរោគពីសត្វ មកមនុស្ស និងអាចជាសត្វប្រចៀវ ហើយនិងមើលទៅហាក់ដូចជាមិនអាចទៅរួចសោះឡើយ ដែលវាអាចរបូតធ្លាយចេញមកពីស្ថាប័នវីរុសវិទ្យានៅទីក្រុងវូហានដោយឧប្បត្តិហេតុ ឬដោយទង្វើដែលកើតចេញពីស្នាដៃមនុស្ស។

    តែយ៉ាងណាក៏ដោយ នៅមិនទាន់មានអ្នកណាបានដឹងពីប្រភពកំណើតពិតប្រាកដនៃវីរុសមរណៈនេះនៅឡើយ ចំណែកប្រទេសចិន បានថ្លែងថា ខ្លួនកំពុងតែដំណើរការស៊ើបអង្កេតអំពីរឿងនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • Donald Trump៖ សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​ប្រភព​របស់​COVID-19

    Donald Trump៖ សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​ប្រភព​របស់​COVID-19

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​Donald Trump បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​​របស់​លោក​នឹង​ប្រកាស​លម្អិត​អំពី​ប្រភព​របស់​​ COVID-19 ដែល​ជា​វីរុស​បង្ក​ជំងឺ​រលាក​សួតប្រភេទ​ថ្មី​​​ ទន្ទឹម​នឹង​ការ​តឿន​ឱ្យ​ប្រទេស​ចិន​ ធ្វើ​ឱ្យ​មាន​តម្លា​ភាព​លើ​បញ្ហា​នេះ​។

    សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​សម្អិត

    ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​មុន​ពេល​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋ Arizona នា​ថ្ងៃទី​5ឧសភា ប្រធានា​ធិបតី​ Donald Trump ឱ្យ​ដឹង​ថា “យើង​ប្រាកដ​ជា​នឹង​ប្រកាស​ (ប្រភព​របស់​វីរុស)”។ ម្ចាស់​សេត​វិមាន​រូប​នេះ មិន​បាន​បញ្ជាក់​អំពី​ពេល​វេលា​ជាក់​លាក់​​ណា​មួយ​ក្នុង​ការ​ប្រកាស​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​លើ​បញ្ហា​ប្រភព​របស់​មេរោគ​COVID-19នោះ​ទេ​។

    ទន្ទឹមនឹង​នេះ លោក​ Trump ក៏បាន​តឿន​ប្រទេស​ចិន​ឱ្យ​មាន​តម្លា​ភាព​អំពី​ព័ត៌មាន​ទាក់​ទង​នឹង​រោគ​រាត​ត្បាត​នេះ​ផងដែរ​។ ទីភ្នាក់​ងារ​សារ​ព័ត៌មាន Reuters ដក​ស្រង់​សម្ដី​លោក Trump ថ្លែង​ថា “យើង​ចង់​ឱ្យ​ពួកគេ​ធ្វើ​ឱ្យ​មាន​តម្លាភាព​។ យើង​ចង់​ស្វែង​យល់​ថា​តើ​មាន​រឿង​អ្វី​កើត​ឡើង​ ដើម្បី​កុំឱ្យ​បញ្ហា​នេះ​កើត​មាន​សា​ជា​ថ្មី​”។

    លោក Trump និង​មន្ត្រី​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​ ធ្លាប់​បាន​ចោទ​ប្រទេស​ចិន​​ថា​បាន​លាក់​បាំង​ព័ត៌មាន​ ធ្វើ​ឱ្យ​ COVID-19 ឆ្លង​រាលដាល​ខ្លាំង​ និង​ក្លាយ​ជា​រោគ​រាត​ត្បាត​ពេញ​សកល​លោក​។ លោក​ Trump ក៏បាន​បញ្ជា​ឱ្យ​ក្រុម​ចារ​បុរស​របស់​ខ្លួន​ ស៊ើប​អង្កេត​លើ​ប្រភព​របស់​វីរុស​នេះ​ផងដែរ​។ កាល​ពី​សប្ដាហ៍​មុន​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​បាន​ថ្លែង​ថា មាន​ភ័ស្តុ​តាង​ក្នុង​ការ​​អះអាង​ថា​​វីរុស​នេះ​មាន​ប្រភព​ចេញ​ពី​បន្ទប់​ពិសោធន៍​មួយ​នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​។ ថ្ងៃទី​3​ឧសភា រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក​ Mike Pompeo ក៏បាន​អះអាង​ថា “មាន​ភ័ស្តុតាង​ធំ” ស្ដី​អំពី​វីរុស​មាន​ប្រភព​ពី​បន្ទប់​ពិសោធន៍​នៅ​ Wuhan។

    សហភាព​អឺរ៉ុប​គាំទ្រ​ការ​ស៊ើប​អង្កេត​លើប្រភព​របស់​វីរុស​កូរ៉ូណា​ថ្មីនេះ​ដែរ

    សហភាព​អឺរ៉ុប​ EU កាល​ពី​ថ្ងៃទី​5ឧសភា បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ទូទាំង​ពិភពលោក​អំពី​ប្រភព​របស់​វីរុស​COVID-19។​ EU ឱ្យ​ដឹង​ថា នៅក្នុង​មហា​សន្និបាត​សុខ​ភាព​ពិភពលោក​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​18​ឧសភា​ ក្រុម​ប្រទេស​នេះ​នឹង​លើក​ឡើង​អំពី​សេចក្ដី​ព្រាង​លើ​សេចក្ដី​សម្រេច​មួយ​​ដើម្បី​អំពាវ​នាវ​ឱ្យ​មាន​ “ការ​ស៊ើប​អង្កេត​ឯករាជ្យ” ទៅលើ​ប្រភព​របស់​វីរុស​​ដែល​បាន​និង​កំពុង​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​1​ថ្ងៃ​ៗ​។

    រីឯ​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី លោក Scott Morrison កាល​ពីថ្ងៃទី​5ឧសភា​ក៏បាន​ថ្លែង​ថា លោក​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅកាន់​បណ្ដា​ប្រទេស​​ G20 ដើម្បី​អំពាវ​នាវ​ឱ្យ​មាន​ការ​ “វាយ​តម្លៃ​ត្រឹម​ត្រូវ” អំពី​ប្រភព​របស់​ COVID-19។

    ចំណែក​ប្រទេស​ចិន​ឯណោះ​វិញ មក​ដល់​ពេល​នេះ​មិន​បាន​សន្យា​ថា​នឹង​ចូល​រួម​ក្នុងការ​ស៊ើប​អង្កេត​បញ្ហា​ខាង​លើ​នេះ​នៅ​ឡើយ ដោយ​បាន​និយាយ​ថា នេះ​នឹង​ជា​យុទ្ធ​នាការ​ “ទម្លាក់​កំហុស” ទៅលើ​ទីក្រុង​ប៉េកាំង​តែ​ប៉ុណ្ណោះ។

    គិត​មក​ដល់​បច្ចុប្បន្ន ​ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ មាន​​អ្នក​ជំងឺ​កូរ៉ូណា​សរុបជាង​​ 3,721,000​នាក់​ ចំណែក​អ្នក​ស្លាប់​សរុប​មាន​ជិត​258,000​នាក់​៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស​

  • COVID-19 បាន​សម្លាប់​មនុស្ស​ជិត​258,000​នាក់​ នៅ​ទូទាំង​ពិភពលោក​

    COVID-19 បាន​សម្លាប់​មនុស្ស​ជិត​258,000​នាក់​ នៅ​ទូទាំង​ពិភពលោក​

    ពិភពលោក​ទាំង​មូល​មាន​មនុស្ស​ស្លាប់​ជិត​258,000​នាក់​ក្នុង​ចំណោម​មនុស្ស​ជាង​3.7​លាន​នាក់​ដែល​បាន​ឆ្លង​វីរុស​​​​COVID-19 ស្រប​ពេល​ដែល​ប្រទេស​ជា​ច្រើន​ចាប់ផ្ដើម​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​។

    ប្រទេស​ និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ ថ្ងៃ​នេះ​(6ឧសភា) ត្រូវបាន​រាយការណ៍​ថា ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​បាន​ឡើង​ដល់​​3,721,393​នាក់​ ចំណែក​អ្នក​ស្លាប់​សរុប​ដោយ​សារ​វីរុស​COVID-19នេះ មាន​ចំនួន​257,867​នាក់​។ ពិភពលោក​ក៏បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​81,777​នាក់ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​6,146​នាក់​ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ។ អ្នក​ជំងឹ​កូរ៉ូណា​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​ជាង​1,238,000​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​ទំព័រ WorldoMeter។

    ទ្វីប​អឺរ៉ុប​មាន​អ្នក​ជំងឺ​កូរ៉ូណា​សុប​​1,493,972​នាក់​ ខណៈ​អាមេរិក​ខាង​ជើង​មាន​​1,346,829​នាក់ ទ្វីប​អាស៊ី​មាន​587,017​នាក់ អាមេរិក​ខាង​ត្បូង​មាន​​236,825​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​​50,166​នាក់​។

    សហរដ្ឋ​អាមេរិក​ជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​កូរ៉ូណា​ឡើង​ដល់ 1,235,919​នាក់ កើន​23,084​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ អ្នក​ស្លាប់​ថ្មី​​ដោយ​សារ​វីរុស​COVID-19​នៅ​ប្រទេស​នេះ​មាន​ចំនួន​2,242​នាក់​ អ្នក​ស្លាប់​សរុបមាន​​72,163​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ប្រយោជន៍ 6 យ៉ាងដែលបានមកពីការងូតទឹកដែលអ្នកនឹកស្មានមិនដល់

    ប្រយោជន៍ 6 យ៉ាងដែលបានមកពីការងូតទឹកដែលអ្នកនឹកស្មានមិនដល់

    ប្រយោជន៍របស់ការងូតទឹក មិនបានជួយផ្តល់ឱ្យយើងត្រឹមតែភាពស្រស់ថ្លាប៉ុណ្ណោះទេ តែការងូតទឹកនៅបានផ្តល់ប្រយោជន៍ចំពោះសុខភាពច្រើនជាងការគិតទៅទៀត។

    អ្នកដែលខ្ជឹលងូតទឹកច្រើនតែមានលេសជាច្រើន រអ៊ូថានឿយខ្លះទៅ ងងុយគេងរហូតបើកភ្នែកលែងរួចខ្លះទៅ តែបើធ្វើបាននោះ ប្រយោជន៍ល្អៗរបស់ការងូតទឹកដែលឡារ៉ែនកំពុងនឹងលើកយកមកជម្រាបជូនតទៅនេះ អ្នកដែលមិនចូលចិត្តងូតទឹក អាចនឹងប្តូរចិត្តបាន ព្រោះដូចដែលប្រាប់ហើយថា ការងូតទឹកបានផ្តល់ប្រយោជន៍ឱ្យយើងលើសពីការនឹកស្មានទៅទៀត។

    – បង្កើនប្រសិទ្ធភាពការធ្វើការរបស់ខួរក្បាល

    ការងូតទឹកលាយជាមួយក្លិនប្រេងក្រអូបប្រហើរពីធម្មជាតិ មានចំណែកជួយជំរុញការធ្វើការងាររបស់ខួរក្បាល ជាពិសេសនៅពេលត្រាំទឹកក្តៅឧណ្ហៗលាយប្រេងក្រអូបប្រហើរពីស្លឹក Sage នឹងជួយជំរុញប្រព័ន្ធការចងចាំឱ្យល្អឡើងបាន ចំណែកប្រេងប៊ើរ៍ហ្កាម៉ត់ នឹងជួយកាត់បន្ថយភាពធុញថប់តានតឹង និងនេះហើយគឺ លទ្ធផលនៃការស្រាវជ្រាវដែល Alternative and Comlpementary Therapies បានប្រាប់មក។

    – ជួយកាត់បន្ថយភាពធុញថប់តានតឹង

    អារម្មណ៍ត្រជាក់ស្រស់ថ្លាក្នុងអំឡុងពេលងូតទឹកនឹងជួយជំរុញអារម្មណ៍ផ្នែកខាងល្អនៅក្នុងខ្លួនយើងបាន យ៉ាងហោចណាស់ក៏បំបាត់ការស្អិតខ្លួនបានដែរ និងការងូតទឹកនៅជួយកំចាត់ក្លឹនខ្លួន ក្លឹនញើសបានទៀតផង។ តែអ្វីដែលសំខាន់នោះគឺ នៅមានលទ្ធផលនៃការស្រាវជ្រាវមួយបានប្រាប់ថា ក្នុងអំឡុងពេលនៃការងូតទឹកនេះក៏ដូចជាការបានសម្រាកខួរក្បាល និងដកខ្លួនចេញពីភាពរញេរញ៉ៃដែលបានជួបមកពេញថ្ងៃនោះដែរ។

    – ការពារកន្ទួលរមាស់ និងការកើតភ្លឺ

    ប្រាកដហើយថា ការងូតទឹកគឺការលាងសម្អាតខ្លួនប្រាណដែលល្អបំផុត ជាពិសេសញើសក្អែល និងមេរោគចង្រៃដែលតោង​ជាប់នៅតាមរាងកាយយើងនឹងបានជ្រុះបាត់ទៅតាមទឹកអស់ នៅសល់តែស្បែកស្អាតស្រស់ថ្លា។

    តែបើចង់បានភាពស្អាតហ្មត់ចត់ដ៏ពិតប្រាកដនោះ ខាង National Psoriasis Foundation បានណែនាំថា ចូរគេងត្រាំទឹកក្តៅឧណ្ហៗលាយជាមួយប្រេងក្រអូបប្រហើ ដើម្បីឱ្យប្រេងក្រអូបចូលទៅជួយផ្លាស់ប្តូរកោសិកាស្បែក ហើយប្រេងក្រអូបប្រហើថែមទាំងមានគុណសម្បត្តិក្នុងការការពារការឆ្លងមេរោគនៅលើស្បែកទៀតផង ជាពិសេសពពួកកន្ទួលរមាស់ និងរោគភ្លឺនឹងមិនកើតនៅលើស្បែកយើងឡើយ។

    – ជួយឱ្យគេងលក់បានកាន់តែស្រួលឡើង

    វិធីការរបស់ការគេងលក់របស់មនុស្សយើងចាំបាច់ត្រូវបញ្ចុះកម្រឹតសីតុណ្ហភាពក្នុងរាងកាយឱ្យថយចុះ ដូច្នេះហើយទើបការងូតទឹកគឺជាវិធីបញ្ចេញកម្តៅចេញពីក្នុងរាងកាយដ៏ល្អមួយ ឬបើថ្ងៃណាធាតុអាកាសត្រជាក់ ការងូតទឹកក្តៅឧណ្ហៗក៏នឹងជួយឱ្យរាងកាយសម្រួលសីតុណ្ហភាពឱ្យស្ថិតក្នុងចំណុចស័ក្តិសមនឹងការគេងលក់ដូចគ្នា។ សរុបងាយៗទៅគឺ ការងូតទឹកត្រជាក់ក្នុងថ្ងៃដែលធាតុអាកសក្តៅ នឹងធ្វើឱ្យរាងកាយមានអារម្មណ៍សប្បាយស្រួលខ្លួន ដូចគ្នានឹងការងូតទឹកក្តៅឧណ្ហៗក្នុងថ្ងៃដែលធាតុអាកាសត្រជាក់ដែរ។

    – ការពារជំងឺគ្រុនផ្តាសាយ

    ការងូតទឹកនឹងជួយឱ្យខួរក្បាលបង្ហូរអ័រម៉ូន អេនដូហ្វ៊ីន ចេញមកកាន់តែច្រើនឡើង ជាពិសេសបើគេងត្រាំទឹកក្តៅឧណ្ហៗលាយជាមួយប្រេងក្រអូបប្រហើផងនោះ និងនៅពេលរាងកាយផលិតអ័រម៉ូននៃសេចក្តីសុខមួយនេះចេញមកហើយនោះ បណ្តាអាការឈឺចាប់តាមរាងកាយក៏នឹងបានធូរស្រាលឡើង ព្រមជាមួយគ្នានោះ ប្រព័ន្ធការពារ និងប្រឆាំងជំងឺក៏នឹងត្រូវជំរុញឱ្យធ្វើការបានកាន់តែល្អឡើង និងការពារយើងពីអាការគ្រុនផ្តាសាយបាន។

    – សម្រាលអាការកណ្តាស

    ហាច់ឈីស! កណ្តាស់មិនឈប់ឈរសោះ បើបែបនេះ សូមណែនាំឱ្យប្រញាប់ងូតទឹកក្តៅឧណ្ហៗជាបន្ទាន់ ព្រោះចំហាយទឹកដែលភាយចេញមកពីការងូតទឹកក្តៅឧណ្ហៗ នឹងជួយផ្តល់ភាពស្រស់ថ្លាដល់រន្ធច្រមុះ សម្រាលអាការកណ្តាស់ រួមទាំងជួយបន្ធូរអាការតានតឹងក្នុងប្រព័ន្ធប្រសាទ ធ្វើឱ្យអាការឈឺក្បាល វឹលមុខថយចុះផងដែរ។

    ច្បាស់ហើយមែនទេ ថាការងូតទឹកមានប្រយោជន៍យ៉ាងណាខ្លះ? ដូច្នេះអ្នកណាដែលខ្ជឹលងូតទឹកខ្លះ សាកល្បងប្រែកាយប្រែចិត្តម្តងមើល នឹងបានដឹងថា ជីវិតនេះនឹងសុខសប្បាយឡើងច្រើនទៀតមិនខាន៕

  • ផ្លែ​ល្ហុងនៅ​ប្រទេស Tanzania “វិជ្ជមាន​” នឹង​​វីរុស​COVID-19

    ផ្លែ​ល្ហុងនៅ​ប្រទេស Tanzania “វិជ្ជមាន​” នឹង​​វីរុស​COVID-19

    ដោយ​សារ​តែ​សង្ស័យ​អំពីគុណ​ភាព​នៃ​​ឧបករណ៍​ធ្វើ​តេស្ត​រក​វីរុស​COVID-19 ដែលបាន​​នាំ​ចូល​ពី​បរទេស​ ប្រធានាធិបតិ​​នៃ​ប្រទេស​ Tanzania ​ក៏បាន​ផ្ញើ​សំណាក​​​របស់​សត្វពពែ និង​ផ្លែ​ល្ហុង​ទៅ​កាន់​មន្ទីរ​ពិសោធន៍​ ហើយ​ចុង​ក្រោយ​លទ្ធ​ផល​ដែល​លោក​ទទួល​បាន​នោះ​គឺ​ថា ផ្លែល្ហុង​ និង​ពពែ​ “វិជ្ជមាន” ​ជាមួយ​នឹង​វីរុស​COVID-19។

    ប្រធានាធិបតី​នៃ​ប្រទេស​ Tanzania លោក John Magufuli កាល​ពីថ្ងៃទី​4ឧសភា​ បាន​ឱ្យ​ដឹង​ថា លោក​បាន​ស្នើ​ឱ្យ​កង​កម្លាំង​សន្តិសុខ​ជាតិ​ ត្រួត​ពិនិត្យ​ទៅលើ​គុណ​ភាព​របស់​ឧបករណ៍​ធ្វើ​តេស្ត​មេរោគ​កូរ៉ូណា​ ដែល​ត្រូវ​បាន​ប្រទេស​នេះ​នាំ​ចូល​ពី​ក្រៅ​ស្រុក ដោយ​ការ​យក​វត្ថុ​វិភាគ​​របស់​​សត្វ​ និង​វត្ថុ​ដែល​មិនមែន​ជាមនុស្ស​ ដើម្បី​ផ្ញើ​ទៅកាន់​មន្ទីរពិសោធន៍​។ បន្ទាប់​ពី​ទទួល​បាន​បញ្ជា បុគ្គលិក​សន្តិ​សុខ​ជាតិ​ក៏​បាន​យក​សំណាក​របស់​ផ្លែ​ល្ហុង​ សត្វ​ពពែ និង​សំណាក​របស់​សត្វ​ចៀម​ ហើយ​ក៏បញ្ចូលឈ្មោះ​ និង​អាយុ​របស់​មនុស្ស​ទៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​ផ្ញើ​ទៅ​ពិសោធ។

    សំណាក​ទាំង​នេះ​ ត្រូវ​បាន​ផ្ញើ​ទៅកាន់​មន្ទីរ​ពិសោធន៍​ជាតិ​របស់​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​​ Tanzania ដោយ​បុគ្គលិក​សុខាភិបាល​នៅ​ទីនេះ​មិន​បាន​ដឹង​ថា សំណាក​នេះ​មាន​ប្រភព​ពី​ទីណា​នោះ​ទេ​។ ប្រធានាធិបតី​ Magufuli បាន​ឱ្យ​ដឹង​ថា លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ដែល​លោកបាន​ទទួល​ នោះ​គឺ​ “វិជ្ជមាន​” ជាមួយ​នឹង​ COVID-19។

    “មាន​បញ្ហា​ខុស​ប្រក្រតី​នៅ​ទីនេះ​។ ខ្ញុំ​ធ្លាប់​បាន​និយាយ​ហើយ​ថា យើង​មិន​គួរ​ចាត់​ទុក​រាល់​មុខ​ទំនិញ​ដែល​ជា​ជំនួយ​ សុទ្ធ​តែ​នាំ​មក​នូវ​ប្រការ​ល្អ​ប្រសើរ​សម្រាប់​ប្រទេស​នេះ​នោះ​ឡើយ​” ប្រធានាធិបតី​ Magufuli មាន​ប្រសាសន៍​បែប​នេះ​ និង​បាន​បន្ថែម​ថា ប្រជា​ជន​ Tanzania ជា​ច្រើន​ “វិជ្ជ​មាន​ក្លែង​ក្លាយ” ​ជាមួយ​នឹង​វីរុស​COVID-19នេះ ក៏ព្រោះ​​តែ​គុណ​ភាព​របស់​ឧបករណ៍​ពិសោធ​​មេរោគ​។

    ផ្លែ​ល្ហុងនៅ​ប្រទេស Tanzania "វិជ្ជមាន​" នឹង​​វីរុស​COVID-19
    ប្រធានាធិបតី​នៃ​ប្រទេស​ Tanzania លោក John Magufuli

    លោក​ប្រធានាធិបតី​ថ្លែង​ថា ឧបករណ៍​ធ្វើ​តេស្ត​មេរោគ​កូរ៉ូណា​ទាំង​នេះ ត្រូវ​បាន​នាំ​ចូល​ពី​បរទេស​ ប៉ុន្តែ​លោក​មិន​បាន​ឱ្យ​ដឹង​អំពី​ប្រភព​ជាក់​លាក់​នោះទេ​ ហើយ​លោក​ក៏មិន​បាន​ប្រាប់​អំពី​មូល​ហេតុ​ដែល​អាជ្ញាធរ​​សង្ស័យ​​ទៅលើ​ឧបករណ៍​ពិសោធន៍​ទាំង​នេះ​នោះដែរ​។

    លោក Catherine Sungura ដែល​ជា​មេដឹកនាំ​នាយកដ្ឋាន​សារ​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ Tanzania បាន​ឱ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី​4ឧសភា​​ថា​ ប្រធាន​មន្ទីរ​ពិសោធន៍​និង​គ្រប់គ្រង​គុណ​ភាព​ ត្រូវ​បាន​ផ្អាក​ពី​ការ​ងារ​ដើម្បីរង់​ចាំ​លទ្ធ​ផល​នៃ​ការ​​ស៊ើប​អង្កេត​។ គណៈកម្មធិការ​មួយ​ដែលមាន​សមាជិក​10​រូប​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស៊ើប​អង្កេត​ទៅលើ​សកម្ម​ភាពទាំង​អស់​​របស់​មន្ទីរ​ពិសោធន៍​នេះ​។

    ប្រធានាធិបតី​ Magufuli កាល​ពី​ថ្ងៃទី​3ឧសភា ក៏​បាន​បញ្ចប់​តំណែង​ប្រធាននាយកដ្ឋាន​ទិញ​ដូរ​សម្ភារ​សុខាភិបាល​នៃ​ប្រទេស​នេះ​ផងដែរ ប៉ុន្តែ​​​មិន​បាន​លើក​ឡើង​អំពី​មូលហេតុ​អ្វី​នោះ​ឡើយ។ នាយក​ដ្ឋាន​នេះ​ ទទួល​ខុស​ត្រូវ​ក្នុងការ​ផ្គត់​ផ្គង់​សម្ភារ​សុខាភិបាល​ទៅ​ឱ្យ​បណ្ដា​មន្ទីរពេទ្យ​​រដ្ឋ​របស់​ប្រទេស​ Tanzania។

    ប្រទេស​ Tanzania បច្ចុប្បន្ន មាន​អ្នក​ជំងឺកូរ៉ូណា​សរុប​480​នាក់​ ក្នុង​នោះ​មាន​18​នាក់​បាន​បាត់​បង់​ជីវិត​ ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19​ ធំជាង​គេ​នៅក្នុង​តំបន់​អាហ្វ្រិក​ខាង​កើត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង…តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?(ត…)

    ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង…តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?(ត…)

    ចរន្តតតាំងលទ្ធិប្រមាញ់អាណានិគម និងភាពរួមដៃគ្នារវាងប្រទេសនីមួយៗ

    ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង...តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?(ត...)
    ម៉ាហាត្មះ ហ្គាន់ធី បិតាប្រជាធិបតេយ្យរបស់ប្រជាជាតិឥណ្ឌា

    ឆ្នាំ1918 ប្រទេសឥណ្ឌា បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសយូរជាង 1សតវត្សរ៍

    ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បានឆ្លងរាលដាលទៅដល់ប្រទេសឥណ្ឌានៅខែឧសភា ក្នុងឆ្នាំនោះ(1918) ហើយវាបានធ្វើឱ្យកើតមានផលប៉ះពាល់ដល់ប្រជាជនឥណ្ឌាធ្ងន់ធ្ងរជាងជនជាតិអង់គ្លេសដែលរស់នៅក្នុងប្រទេសឥណ្ឌាទៅទៀត។

    មានស្ថិតិដែលបានបង្ហាញច្បាស់ថា អត្រាការស្លាប់របស់ជនជាតិហិណ្ឌូវណ្ណៈទាប ស្ថិតក្នុងចំនួន 61.6នាក់ សម្រាប់ចំនួនប្រជាជន 1,000នាក់ ខណៈដែលអត្រាការស្លាប់ក្នុងក្រុមមនុស្សជនជាតិអឺរ៉ុប ស្ថិតក្នុងចំនួន 9នាក់ សម្រាប់ចំនួនប្រជាជន 1,000នាក់ដូចគ្នា។

    ជនជាតិឥណ្ឌាដែលមានផ្នត់គំនិតជាតិនិយមខ្លាំង ក៏ឆ្លៀតឱកាសក្នុងអំឡុងពេលដែលសង្គមកំពុងមើលឃើញថា អាណានិគមជនជាតិអង់គ្លេសបានគ្រប់គ្រងចាត់ការលើវិបត្តិរោគរាតត្បាតដែលកំពុងកើតឡើងយ៉ាងខុសឆ្គងនោះ នៅឆ្នាំ1919 សារព័ត៌មាន Young India របស់លោក ម៉ាហាត្មះ ហ្គាន់ធី បានបោះពុម្ពផ្សាយបទវិចារណកឋា រិះគន់អ្នកគ្រប់គ្រងអាណានិគមអង់គ្លេសយ៉ាងពុះកញ្ជ្រោល។

    “គ្មានប្រទេសស្លូតត្រង់ណា ដែលរដ្ឋបាលនឹងបណ្ដោយឱ្យស្ថានការណ៍ធ្លាក់ចុះដុនដាបយ៉ាងអាក្រក់ ដោយមិនបានធ្វើអ្វីឱ្យបានច្រើនគ្រប់គ្រាន់ស្មើនឹងរដ្ឋបាលឥណ្ឌាក្នុងអំឡុងពេលដែលកើតរោគរាតត្បាតដ៏អាក្រក់ និងសាងភាពហាយនៈដូច្នេះឡើយ”

    ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បាននាំឆ្ពោះទៅរកការបង្កើតអង្គការផ្នែកសាធារណៈសុខាភិបាលអន្តរជាតិមួយឡើង យ៉ាងណាក៏ដោយ រោគរាតត្បាតដែលកើតឡើង នៅបានបង្ហាញឱ្យឃើញពីភាពសំខាន់នៃការរួមសហការរវាង
    ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បាននាំឆ្ពោះទៅរកការបង្កើតអង្គការផ្នែកសាធារណៈសុខាភិបាលអន្តរជាតិមួយឡើងយ៉ាងណា​ក៏​ដោយ រោគរាតត្បាតដែលកើតឡើង នៅបានបង្ហាញឱ្យឃើញពីភាពសំខាន់នៃការរួមសហការរវាង

    ប្រទេស ដែលទោះជាសង្គ្រាមលោកលើកទី1 បានធ្វើឱ្យពិភពលោកកើតការបែងចែកបក្សពួកខាងនយោបាយក៏ដោយ។

    ក្នុងឆ្នាំ1923 សន្ធិកបាតប្រជាជាតិ (League of Nation) អង្គការអន្តរជាតិ ដែលនៅពេលក្រោយមក ត្រូវបានជំនួសដោយអង្គការសហប្រជាជាតិ(UN) និងបានបង្កើតអង្គការសុខភាព(Health Organisation) ដែលក្រោយមកបានក្លាយជា អង្គការសុខភាពពិភពលោក(WHO)។

    អង្គការនេះ បានសាងប្រព័ន្ធថ្មីមួយឡើង ក្នុងការគ្រប់គ្រងរោគរាតត្បាតរវាងប្រទេស ដែលដំណើរការដោយក្រុមអ្នកប្រកបវិជ្ជាជីវៈជាពេទ្យ ច្រើនជាងជាអ្នកការទូត។

    ភាពរីកចម្រើនផ្នែកសាធារណៈសុខាភិបាល

    ប្រទេសជាច្រើនបានបង្កើត ឬលើកកម្ពស់ក្រសួងសាធារណៈសុខាភិបាលឡើង ក្នុងអំឡុងទសវត្សរ៍ទី1920
    ប្រទេសជាច្រើនបានបង្កើត ឬលើកកម្ពស់ក្រសួងសាធារណៈសុខាភិបាលឡើង ក្នុងអំឡុងទសវត្សរ៍ទី1920

    ភាពខូចខាតដែលកើតឡើងបណ្ដាលមកពីរោគរាតត្បាត បាននាំឆ្ពោះទៅរកការអភិវឌ្ឍ និងរីកចម្រើនទៅមុខខាងផ្នែកសាធារណៈសុខាភិបាលរបស់ពិភពលោក។

    ក្នុងឆ្នាំ1920 រុស្ស៊ី ជាប្រទេសដំបូងគេ លើពិភពលោកដែលមានប្រព័ន្ធសាធារណៈសុខាភិបាល ដែលផ្ដល់សេវាកម្មដល់ប្រជាជនយ៉ាងពេញលេញ និងគ្រប់គ្នា និងគ្រប់គ្រងចាត់ការដោយរដ្ឋបាលកណ្ដាល មុននឹងប្រទេសដទៃទៀតចាប់ដំណើរការតាមក្រោយ បន្ទាប់ពីនោះមិនយូរប៉ុន្មាន។

    អ្នកស្រី ឡូរ៉ា ស្ពីននីយ៍ បានសរសេរនៅក្នុងសៀវភៅបែបវិទ្យាសាស្ត្ររបស់អ្នកស្រីថា “ប្រទេសជាច្រើនបានបង្កើត ឬលើកកម្ពស់ក្រសួងសាធារណៈសុខាភិបាលក្នុងអំឡុងទសវត្សរ៍ទី1920…នេះជាលទ្ធផលដោយផ្ទាល់ដែលកើតចេញពីរោគរាតត្បាត”

    អ្នកស្រីអធិប្បាយថា “ការចាត់ចែងធ្វើប្រព័ន្ធសុវត្ថិភាពសង្គមដោយរដ្ឋ បានចាប់កំណើតឡើងពីស្ថានការណ៍មួយនេះ ដោយសារតែមានស្ត្រីមេម៉ាយ ក្មេងកំព្រា និងអ្នកទុព្វលភាព បានកើតឡើងក្នុងចំនួនដ៏ច្រើន”

    ការបិទទីក្រុង និងការរក្សាគម្លាតខាងសង្គម ទទួលបានលទ្ធផលល្អនៅពេលនោះ

    ការរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គម បានបង្ហាញឱ្យឃើញថា អាចជួយទប់ស្កាត់កាតឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញក្នុងឆ្នាំ1918បានយ៉ាងល្អប្រសើរ
    ការរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គម បានបង្ហាញឱ្យឃើញថា អាចជួយទប់ស្កាត់កាតឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញក្នុងឆ្នាំ1918បានយ៉ាងល្អប្រសើរ

    ថយត្រឡប់ទៅក្នុងអំឡុងខែកញ្ញា ឆ្នាំ1918 វិញ ទីក្រុងជាច្រើននៅក្នុងសហរដ្ឋអាមេរិក កំពុងត្រៀមរៀបចំការដើរជាក្រុមដើម្បីឃោសនាលក់ “រូបិយប័ណ្ណសេរីភាព” ដើម្បីយកប្រាក់ទៅធ្វើសង្គ្រាមនៅអឺរ៉ុប។

    អ្នកគ្រប់គ្រងរបស់ទីក្រុងហ្វ៊ីឡាដែលហ្វៀ រដ្ឋផេនស៊ីលវេនៀខ្លួនឯង ក៏សម្រេចចិត្តដំណើរការរៀបចំពិធីនេះដែរ បើទោះជាមានទាហានចំនួនជាង 600នាក់នៅក្នុងទីក្រុង បានកើតជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញហើយក៏ដោយ។

    ចំណែកនៅទីក្រុងសេនត៍ល្វីស ក្នុងរដ្ឋមីស៊ូរី អាជ្ញាធរបានលុបចោលពិធីទាំងនោះ ហើយបានដាក់បញ្ជាឱ្យប្រើវិធានការផ្សេងៗ ដើម្បីកម្រិតការជួបជុំរួមក្រុមរបស់មនុស្សចំនួនដ៏ច្រើនជំនួសវិញ។

    ពេលវេលាកន្លងទៅ 1ខែ ទីក្រុងហ្វ៊ីឡាដែលហ្វៀ មានអ្នកស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ ជាង 10,000នាក់ ចំណែកទីក្រុងសេនត៍ល្វីសវិញ ស្លាប់មិនដល់ 700នាក់ផង។

    ហេតុការណ៍ទាំងនេះ បានក្លាយជាករណីសម្រាប់សិក្សាស្រាវជ្រាវដ៏ល្បីល្បាញបំផុត ដែលបង្ហាញឱ្យឃើញអំពីប្រយោជន៍ល្អពីការប្រើវិធានការរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គម ដើម្បីតស៊ូនឹងរោគរាតត្បាត។

    ក្រៅពីនេះ ក្រុមអ្នកសេដ្ឋសាស្ត្រ ពីមហាវិទ្យាល័យ ព្រីនស្តុន ថែមទាំងបានធ្វើការសិក្សាវិភាគ ពីការប្រើវិធានការបិទទីក្រុងក្នុងឆ្នាំ1918 និងបានរកឃើញភ័ស្តុតាងបញ្ជាក់ថា ទីក្រុងដែលប្រើវិធានការបិទទីក្រុងដែលម៉ឺងម៉ាត់ជាង អាចស្ដារខ្លួន និងស្រង់សេដ្ឋកិច្ចឡើងវិញបានយ៉ាងឆាប់រហ័សជាង ក្រោយវិបត្តិរោគរាតត្បាតបានបញ្ចប់។

    សូមរង់ចាំអានបន្តនៅថ្ងៃស្អែក…

    ប្រភព៖ សារព័ត៌មានបរទេស

    >ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង…តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?
    >ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង…តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?(ត…)