Category: សុខភាព

  • ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍! តារាង​ស្ថិតិ​នៃ​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា​

    ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍! តារាង​ស្ថិតិ​នៃ​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា​

    បណ្ដា​ប្រទេស​នៅតំបន់​អាស៊ីភាគ​អាគ្នេយ៍​​ទាំង​11​ប្រទេស​ បាន​រកឃើញ​​​អ្នក​ជំងឺ​COVID-19 សរុប​យ៉ាង​តិច​ 59.748​នាក់ និង​អ្នក​ស្លាប់​សរុបយ៉ាង​តិច​​1.910​នាក់​។

    សិង្ហបុរី​ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ បាន​រាយ​ការណ៍​ថា មាន​អ្នកជំងឺ​ថ្មី​ចំនួន​451​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​សរុប​របស់​ប្រទេស​នេះ​ឡើង​ដល់​23,822​នាក់​។ ចំណែក​អ្នក​ស្លាប់​សរុប​ដោយ​សារ​វីរុស​COVID-19​ នៅ​សិង្ហបុរី​បាន​កើន​ដល់​21​នាក់​ ខណៈ​ដែល​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​2,721​នាក់​។

    កំណើន​នៃ​អ្នក​ជំងឺ​​​COVID-19 ក្នុង​ប្រទេស​​ជិត​ពាក់កណ្ដាល​​នៅ​អាស៊ី​អាគ្នេយ៍​​ នៅ​តែ​បន្ត​កើន​ឡើង​ ខណៈ​ដែល​ប្រទេស​ប្រមាណ​ជាជិត​ពាក់កណ្ដាល​ផ្សេង​ទៀត​ក្នុង​តំបន់​នេះ​ រួម​មាន​ កម្ពុជា​ វៀត​ណាម ទីម័រ​ខាង​កើត និង​ឡាវ ហាក់​កំពុង​ស្ងប់​ស្ងាត់​ ដោយ​មក​ដល់​បច្ចុប្បន្ន មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារវីរុស​COVID-19 ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ជា​ផ្លូវ​ការ​នៅឡើយ​។

    ខាងក្រោម​នេះ​គឺជា​តារាង​ដែល​បង្ហាញ​អំពី​តួលេខ​នៃ​អ្នក​ជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​៖

    ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍! តារាង​ស្ថិតិ​នៃ​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា​នេះប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! អ្នក​ទោស​អាមេរិកាំង​ ​ចម្លង​​វីរុស​ដល់​ខ្លួន​ឯង ដើម្បី​បាន​រួច​ពី​ពន្ធ​នាគារ

    COVID-19! អ្នក​ទោស​អាមេរិកាំង​ ​ចម្លង​​វីរុស​ដល់​ខ្លួន​ឯង ដើម្បី​បាន​រួច​ពី​ពន្ធ​នាគារ

    អ្នក​ទោស​មួយ​ចំនួន​នៅ​ឯពន្ធ​នាគារ​​ក្នុង​រដ្ឋ​ California នៃ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​សមត្ថ​កិច្ច​រកឃើញ​ថា មាន​ការ​ព្យាយាម​​ក្នុង​ការ​ចម្លង​វីរុស​COVID-19​ មក​លើ​ខ្លួន​ឯង​ ក្នុង​បំណង​ជួយ​ឱ្យ​ពួកគេ​បាន​រួច​ខ្លួន​ពី​ពន្ធនាគារ​។

    ស្នង​ការ​​នគរ​បាល​​ក្រុង​ Los Angeles នៃ​រដ្ឋ​ California លោក Alex Villanueva កាល​ ពី​ថ្ងៃទី​11​ឧសភា​ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​មាន​ភ័ស្តុ​តាង​បញ្ជាក់​ថា អ្នកទោស​មួយ​ចំនួន​នៅ​ក្នុង​បណ្ដា​ពន្ធ​នាគារ​នៅ​ Los Angeles កំពុង​ព្យាយាម​ដើម្បី​ធ្វើ​ឱ្យ​ពួក​គេ​បាន​ឆ្លង​វីរុស​COVID-19។

    នៅក្នុង​ឃ្លីប​វីដេអូ​​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាត់​ទុក​ជា​ភ័ស្តុ​តាង គេ​ឃើញ​ថា​ អ្នក​ទោស​មួយ​ចំនួន​បាន​នាំ​គ្នា​ផឹក​ទឹក​ដែល​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បំពង់​ទឹក​មួយ​ដែល​មាន​ផ្ទុក​វីរុស​COVID-19។ ក្រោយ​មក ពួក​គេ​បាន​លាក់​បំពង់​ទឹក​នេះ​ និង​រង់​ចាំ​ការ​ដោះ​លែង​​ព្រោះ​ឆ្លង​វីរុស​។

    Villanueva បាន​ប្រាប់​សារ​ព័ត៌មាន​ Los Angeles Times ថា “ពិត​ជា​មាន​ការ​ពិបាក​ទ្រាំ​ណាស់​នៅ​ពេល​​ដឹង​ថា មាន​មនុស្ស​ជា​ច្រើន​​កំពុង​ព្យាយាម​ចម្លង​មេរោគ​មក​ឱ្យ​ខ្លួន​ពួក​គេ​ផ្ទាល់”។

    សកម្ម​ភាព​នៃ​​ល្បិច​ខាង​លើនេះ​​ត្រូវ​បាន​ថត​ជា​វីដេអូ​ បន្ទាប់​ពី​សមត្ថ​កិច្ច​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ពី​អ្នក​ទោស​ម្នាក់​ដែល​បាន​រាយ​ការណ៍​ថា ខ្លួន​បាន​ឃើញសម្ភារ​មួយ​ចំនួន​ដែល​អ្នក​ទោស​ផ្សេង​ៗ​ជឿ​ថា វា​អាច​ចម្លង​មេរោគ​កូរ៉ូណា​ទៅ​ឱ្យ​ពួកគេ​។

    ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា អ្នកទោស​ដែល​បាន​រាយ​ការណ៍​នេះ​ ហាក់​ត្រូវ​បាន​អ្នក​ទោស​ដទៃ​វាយ​ដំ ក្រោយ​ពី​បាន​រំខាន​ដល់​សកម្ម​ភាព​នៃ​ការ​ព្យាយាម​បង្ក​ជំងឺ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​។

    រាប់​ចាប់​ពី​វីរុស​COVID-19 បាន​ឆ្លង​រាល​ដាល​នៅ​សហរដ្ឋ​អាមេរិក មាន​អ្នក​ទោស​357​នាក់​បាន​ឆ្លង​វីរុស​នៅ​ក្នុង​បណ្ដា​ពន្ធ​នាគារ​នេះ​​ ក្នុង​ចំណោម​នោះ​ មាន​អ្នក​ទោស​117​នាក់​បាន​ជា​សះស្បើយ​។

    ចំនួន​អ្នក​ទោស​នៅ​ក្នុង​តំបន់ Los Angeles ត្រូវ​បាន​កាត់​បន្ថយ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​COVID-19។ គិត​ត្រឹម​ចុង​សប្ដាហ៍​កន្លង​ទៅ បណ្ដា​ពន្ធ​នាគារ​ដែល​មាន​អ្នក​ទោស​ប្រមាណ​ជា​17,000​នាក់ ពេល​នេះ​នៅ​សល់​ត្រឹម​11,723​នាក់​ប៉ុណ្ណោះ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • COVID-19! តួលេខ​​អ្នក​ស្លាប់​នៅ​អាមេរិក​ ជិត​ស្មើ​នឹង​តួលេខ​អ្នកជំងឺ​​នៅ​​ប្រទេស​ចិន​

    COVID-19! តួលេខ​​អ្នក​ស្លាប់​នៅ​អាមេរិក​ ជិត​ស្មើ​នឹង​តួលេខ​អ្នកជំងឺ​​នៅ​​ប្រទេស​ចិន​

    សហរដ្ឋ​អាមេរិក​បាន​រកឃើញ​អ្នក​ស្លាប់​ថ្មី​ជិត​1,000​នាក់ នៅ​ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​ ធ្វើ​ឱ្យ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​ជិត​82,000​នាក់​ នៅក្នុង​ចំណោម​អ្នក​ជំងឺ​ជិត​1.4​លាន​នាក់​។

    បច្ចុប្បន្ន​ សហរដ្ឋ​អាមេរិក​មាន​អ្នក​ជំងឺ​ COVID-19 សរុប​1,384,033​នាក់ កើន​18,501​ករណី​​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ ចំនួន​អ្នក​ស្លាប់​​នៅ​ប្រទេស​នេះ​ក៏​បាន​កើន​971​នាក់​​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​81,703​នាក់​។ តួលេខ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក​ ជិត​ស្មើ​នឹង​តួលេខ​អ្នកជំងឺ​នៅ​ប្រទេស​ចិន​ ដែល​បច្ចុប្បន្ន​មាន​ចំនួន​82,918​នាក់ ពោល​គឺ​អ្នក​ជំងឺ​នៅ​ប្រទេស​ចិន ច្រើន​ជាង​អ្នក​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក​ត្រឹម​តែ​​1,215​នាក់​ប៉ុណ្ណោះ​​។

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ លោក​ Donald Trump កាលពី​ថ្ងៃទី​11​ឧសភា បាន​រិះ​ទៅ​លើ​បក្ស​ប្រជា​ធិបតេយ្យ​​​ទាក់​ទង​នឹង​ការ​ពន្យារ​ការ​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ ដោយ​បាន​ចោទ​បក្ស​ប្រឆាំង​ថា កំពុង​កេង​ចំណេញ​ផ្នែក​នយោបាយ​។ លោក Trump ក៏បាន​ជំរុញ​ឱ្យ​បណ្ដា​រដ្ឋ​​បន្ធូរ​បន្ថយ​បម្រាម​គោចរ​ និង​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ​​កាន់​តែ​ឆាប់​ កាន់​តែល្អ​។

    ការ​ស្នើ​​របស់​លោក​ Trump ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​សា​ជា​ថ្មី​នៃ​វីរុស​COVID-19 នៅ​ប្រទេស​នេះ និង​បាន​ស្នើ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​នៅ​ពេល​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • មនុស្ស​ជិត​287,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភព​លោក​

    មនុស្ស​ជិត​287,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភព​លោក​

    វីរុស​COVID-19 បាន​សម្លាប់​មនុស្ស​ជិត​287,000​នាក់​ ខណៈបាន​បង្ក​ជំងឺ​ដល់​មនុស្ស​​ជាង​4.2​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​​ ក្នុង​នោះ​​ ​ប្រទេស​ចំនួន​10​ មាន​អ្នក​ជំងឺ​លើស​ពី​100,000​នាក់​ និង​ប្រទេស​ចំនួន​6​​ មាន​អ្នក​ស្លាប់​លើស​ពី​10,000​នាក់​។

    នៅ​លើ​ពិភពលោក​ មាន​ប្រទេស​និង​ដែន​ដី​ចំនួន​212​ ត្រូវ​បាន​រាយ​ការណ៍​ថា​ មាន​មនុស្ស​​4,246,795​នាក់​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​មាន​286,740​នាក់​បាន​បាត់​បង់ជីវិត​។ រយៈ​ពេល​24ម៉ោង​ចុង​ក្រោយ​នេះ ពិភពលោក​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​​ចំនួន​​72,044​នាក់ និង​អ្នក​ស្លាប់​ថ្មី​​​ចំនួន​3,129​នាក់​។ ចំណែក​អ្នក​ដែល​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូរ៉ូណា​នេះ បាន​ឡើង​ដល់​1,522,034​នាក់​។ តួលេខ​នេះ​គឺ​យោង​ទៅ​តាម​ស្ថិតិ​របស់​ Worldometer។

    ទ្វីប​អឺរ៉ុប​មាន​​មនុស្ស​​1,653,012​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ឆ្លង​ COVID-19 ខណៈ​ដែល​អាមេរិក​ខាង​ជើង​មាន​អ្នក​ជំងឺ​សរុប​​1,517,580​នាក់​ ទ្វីប​អាស៊ី​មាន​​683,637​នាក់ អាមេរិក​ខាង​ត្បូង​មាន​​319,297​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​​
    67,778​នាក់។

    ប្រទេស​ចំនួន​10​ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​លើស​ពី​100,000​នាក់​ រួម​មាន​សហរដ្ឋ​អាមេរិក អេស្ប៉ាញ អង់គ្លេស​ អ៊ីតាលី រុស្ស៊ី​ បារាំង​ អាល្លឺម៉ង់​ ប្រេស៊ីល ទួរគី និង​អ៊ីរ៉ង់​។

    ចំណែក​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​​ COVID-19 លើស​ពី​10,000​នាក់ មាន​ចំនួន​6​ប្រទេស​ រួម​មាន​សហរដ្ឋ​អាមេរិក អង់គ្លេស​ អ៊ីតាលី អេស្ប៉ាញ បារាំង​ និង​ប្រេស៊ីល​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ជាង​4.1​លាន​នាក់​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក

    ជាង​4.1​លាន​នាក់​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក

    គិត​មក​ដល់​បច្ចុប្បន្ន ពិភពលោក​​​មាន​អ្នក​ស្លាប់​​ជាង​283,000​នាក់​ នៅក្នុង​ចំណោម​អ្នក​ជំងឺ​ COVID-19 ជាង​4.1​លាន​នាក់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​212​ ក្នុង​ពិភពលោក ត្រូវ​បាន​រាយ​ការណ៍​ថា មាន​អ្នក​ឆ្លង​វីរុស​​សរុប​ឡើង​ដល់​4,174,751​នាក់​ និង​អ្នក​​ស្លាប់​ដោយ​សារ​ COVID-19 ចំនួន​283,611​នាក់​ ក្នុង​នោះ​​មាន​អ្នក​ជំងឺ​ថ្មី​77,759​នាក់​ និង​អ្នក​ស្លាប់​ថ្មី​​មាន​3,472​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​​ មាន​ចំនួន​1,483,147​នាក់​។​ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldemeters។

    ទ្វីប​អឺរ៉ុប​ទាំង​មូល​មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​​1,628,576​នាក់ ខណៈ​ដែល​អាមេរិកខាង​ជើង​មាន​​1,496,765​នាក់ អាមេរិក​ខាង​ត្បូង​មាន​​310,070​នាក់ ទ្វីប​អាស៊ី​មាន​​668,733​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​64,750​នាក់​។

    ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 លើស​ពី​10,000​នាក់​ មាន​ចំនួន​6​ប្រទេស​ រួម​មាន​ សហរដ្ឋ​អាមេរិក អង់គ្លេស​ អ៊ីតាលី អេស្ប៉ាញ​ បារាំង​ និង​ប្រទេស​ប្រេស៊ីល​។

    ចំណែក​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​ COVID-19 លើស​ពី​100,000​នាក់​ មាន​ចំនួន​10​ប្រទេស ក្នុង​នោះ​ សហរដ្ឋ​អាមេរិក​​ឈរ​លំដាប់​លេខ​1 ដោយ​មាន​​អ្នក​ជំងឺ​សរុប​ 1,365,532​នាក់ ខណៈ​ប្រទេស​អ៊ីរ៉ង់​ឈរ​លំដាប់​លេខ​10​ ដោយ​មាន​អ្នក​ជំងឺ​សរុប​107,603​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • អតីត​ប្រធានាធិបតី​អាមេរិកាំង​ រិះគន់​លោក Trump យ៉ាង​ចាស់​ដៃ​ ខណៈ​ជាង​80,000​នាក់បាន​​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហ​រដ្ឋអាមេរិក

    អតីត​ប្រធានាធិបតី​អាមេរិកាំង​ រិះគន់​លោក Trump យ៉ាង​ចាស់​ដៃ​ ខណៈ​ជាង​80,000​នាក់បាន​​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហ​រដ្ឋអាមេរិក

    អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Barack Obama បាន​បញ្ចេញ​មតិដ៏​កម្រ​មួយ​ ​រិះ​គន់​ទៅលើ​​វិធី​ទប់​ទល់​នឹង​ COVID-19 ​របស់​រដ្ឋាភិបាល​​លោក​ Trump ក្នុង​ពេល​ដែល​​​វីរុស​​កូរ៉ូណា​នេះបាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​​ជាង​80,000​នាក់​។

    ទិន្នន័យ​នៅ​លើ​គេហទំព័រ​ Worldometers បាន​បង្ហាញ​ថា​ គិត​មក​ដល់​បច្ចុប្បន្ន​ តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ បាន​ឡើង​​​ដល់​80,004​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ថ្មី​ជិត1.389​​នាក់​។ ប្រទេស​នេះ​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​​ជាង​24,000​នាក់ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​1,346,332​នាក់​។

    ទស្សនាវដ្ដី​ Forbes ថ្ងៃ​នេះ​ បាន​នាំ​ពាក្យ​អតីត​មន្ត្រី​ជាន់​ខ្ពស់​3​រូប​ដែល​ធ្លាប់​ធ្វើ​ការ​ក្នុង​រដ្ឋាភិបាល​លោក Barack Obama បាន​ឱ្យ​ដឹង​ថា លោក​ Obama បាន​រិះគន់​យ៉ាង​​ខ្លាំង​ទៅលើ​វិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​COVID-19 របស់​រដ្ឋាភិបាល​លោក​ Donald Trump ដោយ​បាន​ហៅ​​វិធី​ដែល​លោក​ Trump ប្រើ​ប្រាស់​នោះ​ថា​ជា “គ្រោះ​មហន្តរាយ​សុទ្ធ​សាធ​” (an absolute chaotic disaster)។

    លោក​ Obama ថ្លែង​ថា ប្រការ​នេះ​គឺជា​ការ​ក្រើន​រំឭក​មួយ​ចំពោះ​មូលហេតុ​ដែល​គេ​ត្រូវ​ការ​ការ​ដឹក​នាំ​ប្រកប​ដោយ​ភាព​ខ្លាំង​ក្លា​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ប្រឈម​នឹង​វិបត្តិ​សកល​។

    លោក​ Obama បាន​ថ្លែង​ថា​ “ការ​បោះ​ឆ្នោត​ដែល​ជិត​មក​ដល់​ គឺពិត​ជា​រឿង​សំខាន់​ ព្រោះ​ថា​ អ្វី​ដែល​យើង​កំពុង​ប្រឈម​មុខ​ននេះ មិន​មែនជា​បុគ្គល​មួយ​រូប​​ ឬ​បក្ស​នយោបាយ​មួយ​ក្រុម​នោះ​ទេ។ វា​គឺជា​និន្នា​ការ​យូរអង្វែង​​ ក្នុង​នោះ​មាន​​ភាព​អត្មានិយម​ រើសអើង និង​ការ​ចាត់​ទុក​​អ្នក​​ដទៃ​ជា​សត្រូវ​។ នេះ​គឺជា​​ផ្នែក​​មួយ​​នៃ​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ប្រតិកម្ម​ទៅ​នឹង​វិបត្តិ​សកល​នេះ​ប្រកប​ដោយ​ភាព​ទន់​ខ្សោយ​។ល។ នេះ​គឺជា​ “គ្រោះ​មហន្តរាយ​សុទ្ធ​សាធ​”។

    ក៏ប៉ុន្តែ ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​របស់​សេត​វិមាន លោក​ស្រី​​ Kayleigh McEnany បាន​ច្រាន​ចោល​ការ​រិះ​គន់​របស់​លោក​ Obama។ លោក​ស្រី​ថ្លែង​ថា “វិធាន​ការ​ទប់​ទល់​នឹង​មេរោគ​រាត​ត្បាត​ COVID-19 របស់​លោក​ប្រធានាធិបតី​ Trump គឺជា​រឿង​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ និង​បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន​ទៀត​ផង”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ជាង​280,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជាង​280,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​

    ពិភពលោក​ទាំង​មូល​មាន​​មនុស្ស​ជាង​280,000​នាក់​បាន​បាត់​បង់ជីវិត​​ ក្នុង​ចំណោម​អ្នក​ជំងឺ​COVID-19សរុប​ ជិត​4.1​លាន​នាក់​។

    យោង​តាម​ស្ថិតិ​ពី​ WorldMeters ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ បាន​រក​ឃើញ​មនុស្ស​ចំនួន​4,096,992​នាក់​​បាន​ឆ្លង​វីរុស​កូរ៉ូណា​ COVID-19 និង​280,139​នាក់​បាន​ស្លាប់ដោយ​សារ​វីរុស​នេះ​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​​​​88,882​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​4,355​នាក់​​។ អ្នកជំងឺដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​1,431,446​នាក់​។

    ទ្វីប​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​ក្នុង​ពិភពលោក​​ ក្នុង​នោះ​​អាមេរិក​ខាង​ជើង​មាន​អ្នក​ជំងឺ​សរុប​1,472,075​នាក់ អាមេរិក​ខាង​ត្បូង​មាន​297,930​នាក់ អឺរ៉ុប​មាន​​1,605,838​នាក់ ​អាស៊ី​មាន​650,884​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​61,983​នាក់​។

    ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​វីរុស​COVID-19 ច្រើន​ជាង​​10,000​នាក់​ បាន​កើន​ដល់​6​ប្រទេស​ រួម​មាន​ សហរដ្ឋ​អាមេរិក​​80,032​នាក់ អង់គ្លេស​31,587​នាក់ អ៊ីតាលី​30,395​នាក់ អេស្ប៉ាញ​26,478​នាក់ បារាំង​26,310​នាក់ និង​ប្រេស៊ីល​មាន​10,656​នាក់​។

    ប្រទេស​ដែល​មាន​អ្នក​ឆ្លង​វីរុស​​​COVID-19 ​ច្រើន​ជាង​100,000​នាក់ មាន​ចំនួន​10​ប្រទេស​ រួម​មាន​ សហរដ្ឋអាមេរិក​ អង់គ្លេស​ រុស្ស៊ី បារាំង​ អាល្លឺម៉ង់​ ប្រេស៊ីល ទួរគី និង​អ៊ីរ៉ង់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • Trump ថា “WHO” ជា​អាយ៉ង​របស់​ចិន​”

    Trump ថា “WHO” ជា​អាយ៉ង​របស់​ចិន​”

    លោក​ Donald Trump ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​គម្រោង​​ផ្ដល់​ជំនួយ​ដល់​អង្គ​ការ​សុខ​ភាព​ពិភពលោកក្នុង​ពេល​​ឆាប់​ៗ​ខាង​មុខ បន្ទាប់​ពី​បាន​ចោទ​ប្រកាន់​អង្គ​ការ​នេះ​ថាជា “អាយ៉ង​របស់​ប្រទេស​ចិន​”។

    “អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) គឺជា​អាយ៉ង​របស់​ចិន​” ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្លែង​បែប​នេះ​នៅក្នុង​កម្មវិធីទូរទស្សន៍​ Fox & Friends កាលពី​ថ្ងៃទី​8​ឧសភា​។ លោក​បន្ត​ថា “យើង​បាន​ឱ្យ​ប្រាក់​ទៅ​ WHO ច្រើន​ជាង​គេ​បង្អស់​។ ហើយ​ខ្ញុំ​បាន​ស្ដី​បន្ទោស​អ្នក​នយោបាយ​របស់​ខ្ញុំ។ និយាយ​ដោយ​ស្មោះ ក្រុម​អ្នក​នយោបាយ​របស់​យើង បាន​ប្រឹង​ប្រែង​ខ្លាំង​ណាស់​”។

    ប្រធានាធិបតី​អាមេរិកាំង​យល់​ថា ដោយ​សារ​តែ​បញ្ហា​ខាង​លើ​នេះ​ហើយ ដែល​ទីក្រុង​វ៉ាស៊ីងតោន​នឹង​ធ្វើ​ការ​ពិនិត្យ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​សម្រេច​ចិត្ត​ទៅ​លើ​ផែន​ការ​ផ្ដល់​ជំនួយ​សម្រាប់ WHO។

    កាល​ពី​ខែ​មេសា លោក Trump បាន​ប្រកាស​កាត់​ជំនួយ​សម្រាប់​ WHO ដោយ​មូលហេតុ​ថា អង្គ​ការ​នេះ​បាន​ឃុប​ឃិត​ជាមួយ​ទីក្រុង​ប៉េកាំង​​ក្នុងការ​លាក់​បាំង​ភាព​ធ្ងន់​ធ្ងរ​របស់​COVID-19​ នៅ​ប្រទេស​ចិន​ បណ្ដាល​ឱ្យ​ប្រទេស​ជា​ច្រើន​ត្រូវ​ខាត​ពេល​វេលា​ដ៏​មាន​តម្លៃ​សម្រាប់​ត្រៀម​ទប់ទល់​នឹង​វីរុស​កូរ៉ូណា ព្រម​ទាំង​នាំ​ឱ្យ​មាន​ការ​ពន្យារ​ពេល​ក្នុង​ការ​ដាក់​បម្រាម​គោចរ​។ លោក Trump សង្កត់​ធ្ងន់​ថា សហរដ្ឋអាមេរិក​បាន​ចំណាយ​ប្រាក់​450​លាន​ដុល្លារ​ទៅ​ឱ្យ​ WHO ខណៈ​ដែល​ប្រទេស​ចិន​ផ្ដល់​ជំនួយ​ត្រឹម​តែ​38លាន​ដុល្លារ​ប៉ុណ្ណោះ​។

    ក្រោយ​ពី​លោក​ Trump បាន​គំរាម​កាត់​ជំនួយ​ ប្រធាន​អង្គការ​ WHO លោក Tedros ក៏​បាន​សម្ដែង​ការ​សោក​ស្ដាយ​ និង​បាន​អះអាង​ថា “អាមេរិកាំង​គឺជា​មិត្ត​យូរ​អង្វែង​​ និង​ចិត្ត​ទូលាយ​​សម្រាប់​​ WHO” ហើយ​សង្ឃឹម​ថា ទីក្រុង​វ៉ាស៊ីងតោន​នឹង​បន្ត​​ផ្ដល់​ជំនួយ​ត​ទៅ​ទៀត​។

    សាស្ត្រាចារ្យ Nahid Bhadelia ដែល​ជា​អ្នកជំនាញ​ខាង​ជំងឺ​ឆ្លង​ ម​ក​ពី​សាកល​វិទ្យា​ល័យ​ Boston នៃ​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា ការ​កាត់​ជំនួយ​ដល់​ WHO ប្រៀប​បាន​ដូច​ជា​គ្រោះ​មហន្តរាយ​មួយ​យ៉ាងដូច្នោះ​ដែរ​។ ចំណែក​បក្ស​​ប្រជា​ធិបតេយ្យ​ក៏បាន​រិះ​គន់​លើ​ប្រធានាធិបតី​អាមេរិកាំង​ និង​ព្រមាន​ថា វា​អាច​ធ្វើ​ឱ្យ​​មាន​ភាព​ស្មុគស្មាញ​​កាន់​តែខ្លាំង​ចំពោះ​ការ​ខិត​ខំ​របស់​ពិភព​លោក​ដើម្បី​ទប់​ទល់​នឹង​វីរុស​នេះ​។

    សហរដ្ឋ​អាមេរិក បាន​រួម​ចំណែក​ផ្ដល់​ជំនួយ​ប្រហែល​22%​ ក្នុង​ចំណោម​ជំនួយ​ដែល​ WHO ទទួលបាន​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោ​យ​នេះ WHO ទទួល​បាន​ប្រាក់​ជំនួយ​​ពី​ក្រសួង​ការ​បរទេស​ ក្រសួង​សុខាភិបាល​ ស្ថាប័ន​ការ​ពារ​បរិស្ថាន​ និង​ទីភ្នាក់​ងារ​អភិវឌ្ឍ​អន្តរ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​។ ថវិកា​ទាំង​នេះ ភាគ​ច្រើន​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​អនុវត្ត​យុទ្ធ​នាការ​លុប​បំបាត់​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​ និង​ជំនួយ​ផ្នែក​សុខាភិបាល​​ទៅ​ឱ្យ​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • សហ​រដ្ឋ​អាមេរិក​នឹង​មិន​បិទ​ទ្វារ​សេដ្ឋ​កិច្ច​ជាតិ​ជា​លើក​ទី​ពីរ​នោះ​ឡើយ បើ​ទោះ​ COVID-19 ផ្ទុះ​ឆ្លង​ខ្លាំង​ឡើង​វិញក៏​ដោយ​

    សហ​រដ្ឋ​អាមេរិក​នឹង​មិន​បិទ​ទ្វារ​សេដ្ឋ​កិច្ច​ជាតិ​ជា​លើក​ទី​ពីរ​នោះ​ឡើយ បើ​ទោះ​ COVID-19 ផ្ទុះ​ឆ្លង​ខ្លាំង​ឡើង​វិញក៏​ដោយ​

    រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក លើក​ទឹក​ចិត្ត​ឱ្យ​បណ្ដា​រដ្ឋ​ ប្រញាប់​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើងវិញ​ដើម្បី​កុំ​ឱ្យ​វិស័យ​នេះ​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​​បន្ថែម​ទៀត​។

    យោង​តាម​ស្ថិតិ​នៅ​លើ​គេហទំព័រ​ Worldometers ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ជាង​1,600​នាក់ ធ្វើ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​របស់​ប្រទេស​នេះ​ឡើង​ដល់​ជាង​78,500​នាក់​។ តួលេខ​នៃ​អ្នក​ជំងឺកូរ៉ូណា​នេះ​​ក៏​កើន​​ជាង​27,400​នាក់​​ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​COVID-19​សរុប​ឡើង​ដល់​ជាង​1.32​លាន​នាក់​។

    បើ​ទោះ​ជា​ស្ថិតិ​នៃ​អ្នក​ជំងឺ​ថ្មី និង​អ្នក​ស្លាប់​ថ្មី​ចេះ​តែ​កើន​ឡើង​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​យ៉ាង​ណា​ក៏​ដោយ បណ្ដា​រដ្ឋ​នៅ​អាមេរិក​ នៅ​តែ​បន្ត​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ ដើម្បី​លើក​ស្ទួយ​ខឿន​សេដ្ឋ​កិច្ច​​ប្រទេស​ជាតិ​​ក្នុង​គ្រា​ដែល​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​បាត់​បង់​ការ​ងារ​។ ប្រធានាធិបតី​ Donald Trump នៅ​ដើម​សប្ដាហ៍​នេះ​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ត្រូវ​ការ​បើក​ដំណើរ​ការ​ម៉ាស៊ីន​សេដ្ឋ​កិច្ច​ឡើង​វិញ​ឱ្យ​បាន​ឆាប់​រហ័ស​ បើ​ទោះ​ជា​លោក​បាន​ទទួល​ស្គាល់​ថា ការ​បន្ធូរ​បន្ថយ​បម្រាម​គោចរ​នឹង​នាំ​ឱ្យ​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​ឆ្លង​វីរុស​ និង​ស្លាប់​បន្ថែម​ទៀត​ក៏​ដោយ​។

    ឆ្លើយ​តប​នឹង​កិច្ច​សម្ភាស​ជាមួយ​ Bloomberg កាល​ពី​ម្សិល​មិញ ប្រធាន​ឧត្តម​​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​​ជាតិ​នៃ​សហរដ្ឋ​អាមេរិក​ (United States National Economic Council) លោក​ Larry Kudlow ថ្លែង​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​បិទ​ទ្វារ​សេដ្ឋ​កិច្ច​ជា​លើក​ទីពីរ​នោះ​ឡើយ​ សូម្បី​តែ​ក្នុង​កាលៈ​ទេសៈ​ដែល​វីរុស​នេះ​ផ្ទុះ​ឆ្លង​ខ្លាំង​សាជាថ្មី​។

    យោង​តាម​តួលេខ​របស់​ក្រសួង​ការ​ងារ​សហរដ្ឋ​អាមេរិក​ដែល​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ ពលរដ្ឋ​អាមេរិកាំង​​ចំនួន​20.5​លាន​នាក់​បាន​បាត់​បង់ការ​ងារ​នៅ​ក្នុង​ខែ​មេសា​ បណ្ដាល​ឱ្យ​អត្រា​បាត់​បង់​ការ​ងារ​នៅ​ប្រទេស​នេះ​ឡើង​​ដល់​​14.7​% ខណៈ​ដែល​​ក្នុង​ខែ​មីនា​មាន​ត្រឹម​តែ​​4.4%​។ នេះ​គឺជា​អត្រា​បាត់​បង់​ការ​ងារ​ខ្ពស់​បំផុត​នៅ​សហរដ្ឋ​អាមេរិក​ រាប់​ចាប់​ពី​សម័យ​មហា​វិបត្តិ​សេដ្ឋ​កិច្ច​​ក្នុង​ទសវត្សរ៍​​ឆ្នាំ​1930​។ COVID-19 បាន​កម្ទេច​​លទ្ធ​ផល​នៃ​ការ​ងារ​នៅ​សហរដ្ឋ​អាមេរិក​ដែល​ទទួល​បាន​ក្នុង​អំឡុង​1​​ទសវត្សរ៍​កន្លង​មក​នេះ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ជំនួយ​ការ​របស់​អនុប្រធានាធិបតី​អាមេរិកាំង​ ឆ្លង​វីរុស​COVID-19

    ជំនួយ​ការ​របស់​អនុប្រធានាធិបតី​អាមេរិកាំង​ ឆ្លង​វីរុស​COVID-19

    លេខា​ផ្នែក​សារ​ព័ត៌មាន​​របស់​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​ឆ្លង​វីរុស​COVID-19។ នេះ​គឺជា​បុគ្គលិក​ទី2​របស់​សេតវិមាន​​ ដែល​វិជ្ជមាន​ជាមួយ​វីរុស​កូរ៉ូណា​នេះ​ បន្ទាប់​ពី​អ្នក​បម្រើ​ផ្ទាល់​របស់​ប្រធានាធិបតី Donald Trump។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Reuters បាន​ចេញ​ផ្សាយ​ថា ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​របស់​អនុប្រធានាធិបតី​ Mike Pence គឺ​លោក​ស្រី​ Katie Miller ទទួល​បាន​លទ្ធផល​វិជ្ជមាន​បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​។ ដំណឹង​ក្ដៅ​មួយ​នេះ​ត្រូវ​បាន​ប្រធានាធិបតី​ Trump ប្រកាស​​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​​តំណាង​រាស្ត្រ​មក​ពី​បក្ស​សាធារណរដ្ឋ​​កាល​ពី​ថ្ងៃទី​8​ឧសភា​។

    “Katie Miller ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​ក្នុង​មួយ​រយៈ​ពេល​វែង​ ប៉ុន្តែ​ថ្ងៃ​នេះ លោក​ស្រី​ទទួល​បាន​លទ្ធ​ផល​វិជ្ជមាន​” លោក​ Trump បាន​ថ្លែង​បែប​នេះ​ និង​បន្ថែម​ថា លោក​មិន​បាន​នៅ​ក្បែរ​លេខា​​រូប​នេះ​​នោះ​ទេ ក្នុង​អំឡុង​ពេល​ថ្មី​ៗ​នេះ​។

    លោក​ស្រី Katie Miller គឺជា​ភរិយា​របស់លោក Stephen Miller ដែល​ជា​ទីប្រឹក្សា​ជិត​ស្និទ្ធ​របស់​លោក​ប្រធានាធិបតី​ Donald Trump។ លោក​ស្រី Katie Miller តែង​តែ​មាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​នឹង​អ្នក​សារ​ព័ត៌មាន​របស់​សេត​វិមាន​។

    Katie Miller គឺជា​បុគ្គលិក​ទីពីរ​របស់​សេតវិមាន​ ដែល​បាន​ឆ្លង​វីរុស​COVID-19។ មុន​នោះ ទាហាន​​ពិសេសម្នាក់​​មក​ពី​កង​ទ័ព​ជើង​ទឹក​ ដែល​ជា​អ្នក​បម្រើ​ផ្ទាល់​របស់​លោក​ Trump នៅ​ឯសេត​វិមាន ​ក៏ត្រូវ​បាន​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នេះ​ដែរ​។ ព័ត៌មាន​ចុង​ក្រោយ​ពី​សេតវិមាន​ បាន​ឱ្យ​ដឹង​ថា ទាំង​ប្រធានាធិបតី​ និង​អនុប្រធានាធិបតី សុទ្ធ​តែ​បាន​ធ្វើ​តេស្ត​រួច​ហើយ និង​​ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​​ជា​មួយ​ COVID-19៕

    ប្រភព៖ សារ​ព័ត៌មានបរទេស