Category: សុខភាព

  • ជាង​300,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភព​លោក​

    ជាង​300,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភព​លោក​

    ពិភពលោក​ទាំង​មូល​​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​អ្នក​ស្លាប់​ជិត​303,000​នាក់​ដោយ​សារ​បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ ខណៈ​ដែល​មនុស្ស​ជាង​4.5​លាន​នាក់​បាន​ឆ្លង​វីរុស​នេះ​។

    ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​សកល​លោក​ បាន​រក​ឃើញ​អ្នក​ជំងឺ​COVID-19សរុប​ 4,518,216​​នាក់​ និង​អ្នក​ស្លាប់​​​សរុប​302,966​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​​ចំនួន​94,314​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​5,301​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​ជិត​1.7​លាន​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldometer។

    នៅ​ក្នុង​ទ្វីប​អឺរ៉ុប​មាន​អ្នក​ជំងឺ​COVID-19 សរុប​​1,718,672​នាក់​ ខណៈ​ទ្វីប​អាមេរិក​មាន​1,636,843​នាក់​ អាស៊ី​មាន​738,920​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​​77,002​នាក់​។

    ប្រទេស​ចំនួន​3​ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​ច្រើន​ជាង​គេ​​ នោះ​គឺ​សហរដ្ឋ​អាមេរិក​ឈរ​លំដាប់​ទី​មួយ​ (អ្នក​ជំងឺ​សរុប​1,455,866​នាក់​) អេស្ប៉ាញឈរ​លំដាប់​​ទីពីរ(អ្នក​ជំងឺ​សរុប​272,646​នាក់​)​ និង​រុស្ស៊ី​​ឈរ​លំដាប់​ទីបី​(​អ្នកជំងឺ​សរុប​252,245​នាក់​)៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • អ្នក​នាំ​ពាក្យ​របស់​លោក​ Putin ឆ្លង​វីរុស​COVID-19 ខណៈ​រុស្ស៊ី​​ក្លាយ​ជា​សម្បុក​មេរោគ​ធំលំដាប់​ទី​បី​ក្នុង​ពិភពលោក

    អ្នក​នាំ​ពាក្យ​របស់​លោក​ Putin ឆ្លង​វីរុស​COVID-19 ខណៈ​រុស្ស៊ី​​ក្លាយ​ជា​សម្បុក​មេរោគ​ធំលំដាប់​ទី​បី​ក្នុង​ពិភពលោក

    អ្នកនាំ​ពាក្យ​របស់​វិមាន​ក្រឹម​ឡាំង​ លោក​ Dmitry Peskov បាន​បញ្ជាក់​អំពី​ស្ថាន​ភាព​ជំងឺ​របស់​លោក​ ក្រោយ​ពី​បាន​​ចូល​​មន្ទីរ​ពេទ្យ​​ដើម្បី​ព្យាបាល​ជំងឺ​រលាក​សួត​ថ្មី​ដែល​បង្ក​ឡើងដោយ​វីរុស​COVID-19។

    នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​សារ​ព័ត៌មាន​ Kommersant កាល​ពីថ្ងៃទី​13​ឧសភា ជំនួយ​ការ​ផ្ទាល់​របស់​ប្រធានាធិបតី​រុស្ស៊ី​ និង​ជា​អ្នក​នាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំង​ លោក Dmitry Peskov បាន​ឱ្យ​ដឹង​ថា លោក​ត្រូវ​រលាក​សួត​ច្រើន​កន្លែង​ដោយ​សារ​បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​។ មុននោះ​1​ថ្ងៃ​ លោក​ក៏​បាន​ទទួល​ស្គាល់​ថា ខ្លួន​វិជ្ជ​មាន​ជាមួយ​នឹង​មេរោគ​COVID-19នេះ​ ដែល​នាំ​ឱ្យ​លោក​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

    លោក​ Peskov រៀប​រាប់អំពី​អាការ​រោគ​របស់​លោក​​ថា មុន​នោះ លោក​​មាន​អាការ​​ក្ដៅ​ខ្លួន​ ហើយ​ភរិយា​របស់​លោក​ក៏​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​។ លោក​ថា “នៅ​ពេល​មាន​អាការ​ក្ដៅ​ខ្លួន និង​ឈឺ​ក្នុង​រាងកាយ​ យើង​ក៏​បាន​នាំ​គ្នា​មក​កាន់​មន្ទីរ​ពេទ្យ​​”។

    អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​បាន​ទទួល​ស្គាល់​ថា ដំបូង​ឡើយ​ លោក​បាន​ពាក្យ​កាត់​មួយ​ដែល​អ្នក​ផលិត​និយាយ​ថា ​អាច​ទប់​ស្កាត់​វីរុស​។ “ប៉ុន្តែ ពេល​អ្នក​សារ​ព័ត៌មាន​និយាយ​ថា កាតនោះ​គ្មាន​ប្រសិទ្ធ​ភាព​ ខ្ញុំ​ក៏​លែង​ពាក់​វា​”។

    លោក Peskov គឺជាមន្ត្រី​​ម្នាក់​ក្នុងចំណោម​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​រដ្ឋាភិបាល​រុស្ស៊ី​ដែល​បាន​ឆ្លង​វីរុស​COVID-19។ កាល​ពី​ចុង​ខែ​មេសា នាយក​រដ្ឋមន្ត្រី​ Mikhail Mishustin ក៏បាន​ប្រកាស​ថា បាន​ឆ្លង​វីរុស​កូរ៉ូណា​​នេះ​។ ក្រៅ​ពី​នេះ​ក៏​មាន​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៍​ Olga Lyubimova រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​ និង​លំនៅដ្ឋាន Vladimir Yakushev​ រួម​នឹង​អនុរដ្ឋ​មន្ត្រី​​ក៏​បាន​ឆ្លង​វីរុស​COVID-19 នេះ​ដែរ​។

    គិត​មក​ដល់​ថ្ងៃ​ទី​14ឧសភា ប្រទេស​រុស្ស៊ី​បាន​រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​ជាង​252,000​នាក់​ ក្នុង​នោះ​មាន​ជាង​2,300​នាក់​បាន​បាត់​បង់ជីវិត​។ បច្ចុប្បន្ន​ ប្រទេស​នេះ​បាន​ក្លាយ​ជា​សម្បុកមេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ និង​អេស្ប៉ាញ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • លោក​ Trump សង្ស័យ​តួលេខ​​ត្រូវ​បាន​គេ​បំប៉ោង​ ខណៈ​មាន​មនុស្ស​ជាង​85,000​នាក់​បាន​ស្លាប់​ដោយ​សារ​COVID-19នៅ​សហរដ្ឋ​អាមេរិក

    លោក​ Trump សង្ស័យ​តួលេខ​​ត្រូវ​បាន​គេ​បំប៉ោង​ ខណៈ​មាន​មនុស្ស​ជាង​85,000​នាក់​បាន​ស្លាប់​ដោយ​សារ​COVID-19នៅ​សហរដ្ឋ​អាមេរិក

    ប្រធានាធិបតី​អាមេរិកាំង​ លោក Donald Trump យល់ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19​ នៅ​ប្រទេស​នេះ​ ធាតុ​ពិត​​អាច​ទាប​ជាង​​របាយការណ៍​​​ផ្លូវ​ការ​ ដែល​នេះ​​គឺ​ផ្ទុយ​ទៅ​នឹង​ការ​យល់​ឃើញ​របស់​ទីប្រឹក្សា​ផ្នែក​សុខាភិបាល​​នៃ​​សេត​វិមាន​។

    ​សហរដ្ឋ​អាមេរិក​​មាន​​អ្នក​ជំងឺ​សរុប​1.428.993​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​ចំនួន​ 20,357​នាក់​។ អ្នក​ស្លាប់​សរុប​ដោយ​សារ​កូរ៉ូណា​មាន​ចំនួន​85,144​នាក់​ គឺ​កើន​1,719​នាក់​បើធៀប​នឹង​ម្សិលមិញ​។ ប្រទេស​នេះ​ មាន​អ្នក​ជំងឺ​COVID-19 ចំនួន​307.893​នាក់​ហើយ​ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​។

    សារ​ព័ត៌មាន​CNN ដកស្រង់​ប្រភព​ព័ត៌មាន​មួយ​បាន​ឱ្យ​ដឹង​ថា សេតវិមាន​កំពុង​តែ​មាន​ការ​សង្ស័យ​ទៅ​លើ​តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19។ ប្រធានាធិបតី​ Donald Trump និង​ជំនួយ​ការ​ទាំង​អស់របស់​លោក​ ត្រូវ​បាន​គេ​ជឿថា​ កំពុង​ស្រាវ​ជ្រាវ​លើទិន្ន​ន័យ​​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់​ស្កាត់​ជំងឺរបស់​អាមេរិក​ US-CDC (Centers for Disease Control and Prevention) ដែល​ប្រើ​សម្រាប់​ស្រង់​ស្ថិតិ​​ចំនួន​អ្នក​ស្លាប់​ និង​ព្យាករ​ចំនួន​អ្នកស្លាប់​ដោយ​សារ​COVID-19 នៅ​សហរដ្ឋ​អាមេរិក​​កន្លង​មក ដើម្បី​ឱ្យ​ដឹង​ថា តើ​គួរ​ទុក​ចិត្ត​បាន​ដែរ​ឬ​យ៉ាង​ណា​។

    ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្ម​ធីការ​ទប់​ទល់​ COVID-19 របស់​សេត​វិមាន​ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​បាន​សួរ​អំពី​វិធី​សាស្ត្រ​ដែល​ US-CDC ប្រមូល​ និង​តាម​ដាន​ទិន្ន​ន័យ​។ ពួកគេ​យល់​ថា តួលេខ​ដែល​បាន​រាយការណ៍​ អាច​ត្រូវ​បាន​គេ​បំប៉ោង​ហួស​ពី​ការ​ពិត​។

    លោក​ Trump សង្ស័យ​តួលេខ​​ត្រូវ​បាន​គេ​បំប៉ោង​ ខណៈ​មាន​មនុស្ស​ជាង​85,000​នាក់​បាន​ស្លាប់​ដោយ​សារ​COVID-19នៅ​សហរដ្ឋ​អាមេរិក
    ​វេជ្ជ​បណ្ឌិត​ Anthony Fauci និង​លោក​ Trump

    ប្រការ​ខាងលើ​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ការ​យល់​ឃើញ​របស់​អ្នកជំនាញ​កំពូល​ផ្នែក​សុខ​ភាព​​របស់​សហរដ្ឋ​អាមេរិក គឺ​វេជ្ជ​បណ្ឌិត​ Anthony Fauci ដែល​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មធិការ​ដឹកនាំ​​ការ​ទប់​ទល់​នឹង​COVID-19 របស់​សេត​វិមាន​។ លោក​ Fauci មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​គណៈកម្ម​ធិការ​មួយ​នៃ​សភា​ជាន់​ខ្ពស់​អាមេរិកាំង​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា តួលេខ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19​ នាបច្ចុប្បន្ន​ ទំនង​ជា​មិន​ទាន់​បង្ហាញ​អំពី​ភាព​ជាក់ស្ដែង​នោះ​ទេ​ ដោយ​លោក​អះអាង​ថា តួលេខ​អ្នក​ស្លាប់​អាច​ខ្ពស់​ជាង​នេះ​ ដោយសារ​តែ​មាន​អ្នក​ខ្លះ​ស្លាប់​នៅ​ឯផ្ទះ និង​អ្នក​ខ្លះ​ស្លាប់​មុន​ពេល​ធ្វើ​តេស្ត​រក​មេរោគ​។

    វេជ្ជ​បណ្ឌិត​ Anthony Fauci ក៏​បាន​ព្រមាន​ថា ការ​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ​​យ៉ាង​ប្រញាប់​ប្រញាល់​ អាច​ធ្វើ​ឱ្យ​វីរុស​COVID-19​ ផ្ទុះ​ឆ្លង​រាលដាល​សាជា​ថ្មី និង​ “មិន​អាច​គ្រប់​គ្រង​” បាន​។ ក៏ប៉ុន្តែ លោក​ Trump បាន​ទាត់​ចោល​ការ​យល់​ឃើញ​របស់​លោក Anthony Fauci។

    វិទ្យា​ស្ថាន​វាយតម្លៃនិងវាស់វែងផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវ៉ាស៊ីងតោន IHME (Institute for Health Metrics and Evaluation) ថ្មី​ៗ​នេះ បាន​បង្កើន​តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ការ​ព្យាករ​​របស់​ខ្លួន​ ដោយ​សារ​តែ​រដ្ឋ​ជា​ច្រើន​បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​បម្រាម​គោចរ​ និង​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ។ IHME បាន​ព្យាករ​ថា ចំនួន​អ្នកស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​សហរដ្ឋអាមេរិក​អាច​ឡើង​ដល់​147,000​នាក់​នៅដើម​ខែ​សីហា​​ខាង​មុខ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ជិត​298,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជិត​298,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក​

    វីរុស​COVID-19 បាន​សម្លាប់​មនុស្ស​ជិត​298,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​ជាង​4.4​លាន​នាក់​​នៅ​ជុំវិញ​ពិភព​លោក​។

    ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​សកល​លោក​ ត្រូវ​បាន​រាយ​ការណ៍​ថា បាន​រក​ឃើញ​អ្នក​ជំងឺ​COVID-19 សរុប​​ឡើង​ដល់​4,423,902​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នេះ​ចំនួន​297,665​នាក់​​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ ពិភពលោក​ក៏​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ចំនួន​88,081​នាក់​ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​5,364​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​បាន​កើន​ឡើង​ដល់​1,654,891​នាក់​។ នេះ​បើតាម​ស្ថិតិ​របស់​ Worldometer។

    ទ្វីប​អាមេរិក​ជា​សម្បុក​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ធំជាង​គេ​ក្នុង​ពិភពលោក​ ក្នុង​នោះ​អាមេរិក​ខាង​ជើង​មាន​អ្នក​ជំងឺ​1,569,569​នាក់​ អាមេរិក​ខាង​ត្បូង​មាន​355,274​នាក់​ ខណៈ​ទ្វីប​​អឺរ៉ុប​មាន​1,696,322​នាក់​ ទ្វីប​អាស៊ី​មាន​720,802​នាក់​ និង​អាហ្វ្រិក​មាន​​73,832​នាក់​។

    ប្រទេស​ដែល​មាន​អ្នក​ជំងឺ​COVID-19 ច្រើន​ជាង​គេ​ក្នុង​ពិភពលោក នៅ​តែជា​សហរដ្ឋ​អាមេរិក​ដដែល​ ដោយ​មាន​អ្នក​ជំងឺ​សរុប​1.428.993​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​ចំនួន​ 20,357​នាក់​។ អ្នក​ស្លាប់​សរុប​ដោយ​សារ​កូរ៉ូណា​មាន​ចំនួន​85,144​នាក់​ គឺ​កើន​1,719​នាក់​បើធៀប​នឹង​ម្សិលមិញ​។ ប្រទេស​នេះ​ មាន​អ្នក​ជំងឺ​COVID-19 ចំនួន​307.893​នាក់​ហើយ​ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • លោកត្រាំ ឈប់ថ្លែងព័ត៌មានភ្លាមៗ ក្រោយប៉ះពាក្យសម្ដីជាមួយស្ត្រីអ្នកយកព័ត៌មាន រឿងវីរុសកូរ៉ូណា

    លោកត្រាំ ឈប់ថ្លែងព័ត៌មានភ្លាមៗ ក្រោយប៉ះពាក្យសម្ដីជាមួយស្ត្រីអ្នកយកព័ត៌មាន រឿងវីរុសកូរ៉ូណា

    លោកប្រធានាធិបតី ដូណាល់ ត្រាំ របស់សហរដ្ឋអាមេរិក បានបញ្ឈប់ការថ្លែងព័ត៌មាននៅសេតវិមានរបស់លោកយ៉ាងបន្ទាន់ភ្លាមៗ កាលពីថ្ងៃចន្ទ(ទី11 ឧសភា) បន្ទាប់ពីលោកបានប៉ះពាក្យសម្ដីជាមួយស្ត្រីអ្នកយកព័ត៌មាន 2នាក់ គឺអ្នកស្រី វើយ ចៀចៀង នៃ CBS News និង អ្នកស្រី ឃែតឡាន់ ខូលលីនស៍ នៃ CNN។

    អ្នកស្រីចៀង បានសួរលោកត្រាំ ថា ហេតុអ្វីបានជាលោកនិយាយដដែលច្រើនមែនទែន ពាក់ព័ន្ធនឹងចំនួនការត្រួតពិនិត្យវីរុសកូរ៉ូណា ដែលបានដំណើរការរួចហើយនៅក្នុងប្រទេសអាមេរិក?

    អ្នកស្រីចៀង សួរថា “ហេតុអី? តើរឿងនេះមានភាពសំខាន់អ្វីដែរឬ? ហេតុអីបានរឿងនេះក្លាយជាការប្រកួតប្រជែងលំដាប់ពិភពលោកសម្រាប់រូបលោក? បើរៀងរាល់ថ្ងៃ នៅតែមានពលរដ្ឋអាមេរិកាំងស្លាប់ ហើយយើងក៏កំពុងតែបានឃើញករណីថ្មីៗ កើនឡើងរាល់ៗថ្ងៃដែរនោះ?”

    លោកត្រាំ ឆ្លើយថា “ពួកគេឯទៀត ក៏កំពុងតែមានការស្លាប់បាត់បង់ជីវិតនៅគ្រប់ទីកន្លែងក្នុងពិភពលោក និងជួនកាល សំណួរនេះ អ្នកគួរតែទៅសួរចិនណា៎ កុំមកសួរខ្ញុំ យកសំណួរនេះទៅសួរចិនទៅ!”

    លោកត្រាំ បញ្ចប់សេចក្ដី ដោយការងាកទៅហៅអ្នកយកព័ត៌មានដទៃទៀតឱ្យសួរសំណួរបន្តទៀត តែ មិនទាន់បានទទួលការតបស្នងភ្លាមៗឡើយ…។

    “លោកប្រធានាធិបតីចា៎ស ហេតុអីបានលោកនិយាយបែបហ្នឹងជាមួយនាងខ្ញុំ ប្រៀបដូចជាមានចេតនាច្បាស់ៗបែបនេះ?” អ្នកស្រីចៀងបន្តតាមសួរ (អ្នកស្រីចៀង ធ្វើការឱ្យ CBS News ផ្នែកព័ត៌មានរបស់បណ្ដាញទូរទស្សន៍ CBS News របស់សហរដ្ឋអាមេរិក តាំងពីឆ្នាំ2005។ អ្នកស្រីកើតនៅក្នុងទីក្រុងសៀងមឹន ប្រទេសចិន និងភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក ព្រមជាមួយក្រុមគ្រួសាររបស់អ្នកស្រី តាំងពីអ្នកស្រី មានអាយុ 2ឆ្នាំ)។

    លោកត្រាំ ថ្លែងថា លោកនឹងនិយាយបែបហ្នឹងជាមួយ “អ្នកណាក៏ដោយ ដែលសួរសំណួរគួរឱ្យខ្ពើមរអើម”​​ តែ​​ ​អ្នកស្រី​ចៀង​ឆ្លើយតបទៅវិញថា “វាមិនមែនជាសំណួរគួរឱ្យខ្ពើមរអើមទេ…ហេតុអ្វីបានរឿងហ្នឹង លោកគិតថាជារឿងសំខាន់?”

    លោកត្រាំ ឈប់ថ្លែងព័ត៌មានភ្លាមៗ ក្រោយប៉ះពាក្យសម្ដីជាមួយស្ត្រីអ្នកយកព័ត៌មាន រឿងវីរុសកូរ៉ូណា
    លោកប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានធ្វើការថ្លែងព័ត៌មាននៅឯសួនកុលាប របស់សេតវិមាន កាលពីថ្ងៃចន្ទ(ទី11 ឧសភា) ដោយមានការតាំងផ្ទាំងបដាហាយឡាយថា សហរដ្ឋអាមេរិក គឺជាអ្នកនាំមុខគេលើពិភពលោក ក្នុងរឿងការត្រួតពិនិត្យរកអ្នកឆ្លងមេរោគកូវីដ-19 និងដែលវាបានក្លាយជាប្រធានបទដែលត្រូវអ្នកយកព័ត៌មានសួរដេញដោល

    លោកត្រាំ បែរទៅសួរអ្នកយកព័ត៌មានឯទៀតថា មានអ្នកណាមានសំណួរអីទៀតទេ? បន្ទាប់ពីនោះ លោកក៏ប្រាប់ថា “បើអត់ទេ អ៊ីចឹងក៏អូខេ” និងបក់ដៃបណ្ដេញអ្នកស្រី ខូលលីនស៍ របស់ CNN ពេលអ្នកស្រីដើរតម្រង់ទៅរកក្បាលមីក្រូ…។

    អ្នកស្រី ខូលលីនស៍ និយាយតវ៉ា “លោកចង្អុលមកនាងខ្ញុំ”

    លោកប្រធានាធិបតីឆ្លើយថា “ខ្ញុំចង្អុលទៅអ្នកមែន តែអ្នកមិនបានតបស្នងអ្វីសោះ!”

    អ្នកស្រីខូលលីនស៍ អធិប្បាយថា អ្នកស្រីកំពុងទុកពេលវេលាឱ្យអ្នកស្រីចៀង សម្រាប់បញ្ចប់ការសាកសួររបស់គាត់។

    រួចអ្នកស្រីបន្តថា “ឥឡូវ នាងខ្ញុំសុំសួរបានទេ?”

    លុះមកដល់ត្រឹមហ្នឹង លោកត្រាំ ក៏បញ្ឈប់ការថ្លែងព័ត៌មាន ហើយដើរចេញទៅតែម្ដង…។

    អ្នកស្រី វើយ ចៀចៀង អ្នកយកព័ត៌មានប្រចាំសេតវិមាន របស់បណ្ដាញទូរទស្សន៍ CBS News ទាញម៉ាស់អនាម័យរបស់នាងចេញ ក្រោយពីសួរលោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈពេលថ្លែងព័ត៌មាននៅសេតវិមាន កាលពីថ្ងៃចន្ទ(ទី11 ឧសភា) កន្លងទៅ
    អ្នកស្រី វើយ ចៀចៀង អ្នកយកព័ត៌មានប្រចាំសេតវិមាន របស់បណ្ដាញទូរទស្សន៍ CBS News ទាញម៉ាស់អនាម័យរបស់នាងចេញ ក្រោយពីសួរលោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈពេលថ្លែងព័ត៌មាននៅសេតវិមាន កាលពីថ្ងៃចន្ទ(ទី11 ឧសភា) កន្លងទៅ

    អ្នកស្រីចៀង និងអ្នកស្រីខូលលីនស៍ សុទ្ធតែពាក់ម៉ាស់អនាម័យការពារ ខណៈចូលរួមស្ដាប់ការថ្លែងព័ត៌មាននេះ ដូចគ្នានឹងអ្នកយកព័ត៌មានភាគច្រើនដែរ ដោយសារតែមួយរយៈចុងក្រោយនេះ មានរបាយការណ៍កាលពីពេលថ្មីៗថា មានមន្ត្រីនិយោជិត 2នាក់របស់សេតវិមាន មានលទ្ធផលវិជ្ជមានពីការពិនិត្យរកមេរោគវីរុសកូវីដ-19 ដោយទាំង 2នាក់នេះ ម្នាក់ជាជំនួយការរបស់លោកអនុប្រធានាធិបតី ម៉ៃក៍ ផេនស៍ និងម្នាក់ទៀតជាទាហាន មានតួនាទីជាអ្នកបម្រើរបស់លោកប្រធានាធិបតី) ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អនុប្រធានាធិបតី​អាមេរិកាំង​នឹង​ “នៅ​ឆ្ងាយ​” ពី​លោក​ Trump មួយ​រយៈ​

    អនុប្រធានាធិបតី​អាមេរិកាំង​នឹង​ “នៅ​ឆ្ងាយ​” ពី​លោក​ Trump មួយ​រយៈ​

    អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Mike Pence បានសម្រេច​ចិត្ត​ថា​ “នៅ​ឱ្យឆ្ងាយ​” ពី​ប្រធានាធិបតី​ Donald Trump ក្នុង​មួយ​រយៈ​ពេល​ បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​បាន​ឆ្លង​វីរុស​COVID-19។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សេត​វិមាន​។

    “ខ្ញុំ​សូម​បញ្ជាក់​ថា នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​របស់​គាត់​។ ការ​រក្សា​គម្លាត​ប៉ុន្មាន​ថ្ងៃគឺអាស្រ័យទៅ​លើ​អនុប្រធានាធិបតី​”។ លេខា​ផ្នែក​សារ​ព័ត៌មាន​របស់​សេតវិមាន​ លោកស្រី​ Kayleigh McEnany​ បាន​ឱ្យ​ដឹង​បែប​នេះ​ ទាក់​ទិន​នឹងការ​រក្សា​គម្លាត​របស់​​អនុប្រធានាធិបតី​អាមេរិកាំង​​ លោក​ Mike Pence​ ជាមួយ​នឹង​លោក​ Trump។

    ឥរិយាបថ​របស់​អនុប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើងក្រោយ​ពី​ Kate Miller ដែលជា​អ្នក​នាំ​ពាក្យ​របស់​​លោក​ និង​ជា​ភរិយា​របស់​លោក Stephen Miller ដែលជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​ Trump បាន​ឆ្លង​វីរុស​COVID-19។ លោក Trump កាល​ពី​ថ្ងៃទី​8ឧសភា បាន​អះអាង​ថា លោក​មិន​បាន​ទាក់​ទង​ផ្ទាល់​ជា​មួយ​នឹង​ Miller នោះ​ទេ​ក្នុងមួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​លោក​ស្រី​ Kate Miller មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​អនុប្រធានាធិបតី​ Mike Pence។

    លោក​ Trump បាន​និយាយ​បន្ថែម​អំពី​អនុប្រធានាធិបតី​អាមេរិកាំង​ថា “Mike បាន​ធ្វើ​តេស្ត​រក​មេរោគ ដោយ​ទទួល​បាន​លទ្ធ​ផល​អវិជ្ជមាន​”។ មេដឹក​នាំ​កំពូល​របស់​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​រូប​នេះ​ សុទ្ធ​តែ​ត្រូវ​​ធ្វើ​តេស្ត​​រក​វីរុស​COVID-19 ជា​រៀង​រាល់​ថ្ងៃ​។

     អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Mike Pence
    អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Mike Pence

    សូម​រំឭក​ថា មុន​នេះមាន​ទាហាន​ពិសេស​ម្នាក់​មក​ពី​ទ័ព​ជើង​ទឹក​ ដែល​មាន​ភារកិច្ច​បម្រើ​លោក​ Trump ក៏បាន​ឆ្លង​វីរុស​COVID-19 ធ្វើ​ឱ្យ​សេតវិមាន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ឆ្លង​រាល​ដាល​ក្នុង​ជួរ​ស្ថាប័ន​កំពូល​នេះ​។ សមាជិក​ជាន់​ខ្ពស់​3រូប​ដែល​ស្ថិត​ក្នុង​ក្រុម​អ្នកជំនាញ​ការ​ប្រឆាំង​នឹង​COVID-19 របស់​សេតវិមាន ក្នុង​នោះ​មាន​មន្ត្រី​​ជាន់​ខ្ពស់​​​ផ្នែក​សុខាភិបាល​នៅ​សេតវិមាន​ និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់ប្រធានាធិបតី​អាមេរិកាំង​ គឺ​លោក Anthony Fauci ក៏​បាន​បង្ខាំង​ខ្លួន​ឯង​​ផងដែរ​ដើម្បី​ការ​ពារ​ការ​ឆ្លង​មេរោគ​។

    ការិយាល័យគ្រប់​គ្រង​សេតវិមាន​ កាល​ពីថ្ងៃទី​11ឧសភា​បាន​ចេញ​សេចក្ដី​ប្រកាស​ណែនាំ​ឱ្យបុគ្គលិក​នៅ​ទីនេះ​ពាក់​ម៉ាស់​​ជាប់​ជា​និច្ច​ក្នុង​តំបន់​ករិយាល័យ​ប្រធានាធិបតី ទន្ទឹម​នឹង​នេះ​សេតវិមាន​ក៏​ស្នើ​ឱ្យ​គោរព​វិធាន​ការ​រក្សា​គម្លាត​ក្នុង​ទីសាធារណៈ​ផងដែរ​។ ក៏ប៉ុន្តែ លោក Trump ទទួល​បាន​សិទ្ធិ​លើក​លែង​ក្នុង​ករណី​នេះ​ បន្ទាប់​ពី​ជំនួយ​ការ​នានា​នៅ​សេត​វិមាន​បាន​ឱ្យ​ដឹង​ថា លោក Trump ទំនង​ជា​មិន​ព្រម​ពាក់​ម៉ាស់​នោះ​ទេ​។

    នៅសហរដ្ឋ​អាមេរិក​ គិត​មក​ដល់​បច្ចុប្បន្ន មាន​អ្នកជំងឺCOVID-19 ​សរុប​ ​1,407,928​នាក់​​ និង​​អ្នកស្លាប់​សរុប​មាន​ចំនួន​​83,357​នាក់​ ក្នុង​នោះ​​មាន​អ្នក​ជំងឺ​ថ្មី​23,895​នាក់ និង​អ្នក​ស្លាប់​ថ្មី​1,654​នាក់​ដែល​ទើប​បាន​រកឃើញ​​​ក្នុង​ថ្ងៃ​នេះ​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​កើន​ឡើង​ដល់​293,074​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អ្នក​ជំងឺ​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក​កើន​លើស​1.4​លាន​នាក់​! អ្នក​ជំនាញ​ថា​ វីរុស​អាច​ផ្ទុះ​ឆ្លង​ជា​លើក​ទីពីរ​

    អ្នក​ជំងឺ​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក​កើន​លើស​1.4​លាន​នាក់​! អ្នក​ជំនាញ​ថា​ វីរុស​អាច​ផ្ទុះ​ឆ្លង​ជា​លើក​ទីពីរ​

    សហរដ្ឋអាមេរិក​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19ថ្មី​ជិត​24,000​នាក់​ក្នុង​រយៈ​ពេល​24ម៉ោង​ចុង​ក្រោយ​នេះ​ ធ្វើ​ឱ្យ​តួលេខ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ឡើង​ដល់​ជាង​1.4​លាន​នាក់​ ក្នុង​នោះ​មាន​ជាង​83,000​នាក់​បាន​បាត់បង់ជីវិត​។

    តួលេខ​នៃ​អ្នកជំងឺ​សរុប​ និង​អ្នកស្លាប់​សរុប​ដោយ​សារ​វីរុស​COVID-19នៅ​សហរដ្ឋ​អាមេរិក​នា​ពេល​បច្ចុប្បន្ន​គឺ​ 1,407,928​នាក់ និង​83,357​នាក់​ បន្ទាប់​ពី​ប្រទេស​នេះ​​ទើប​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​23,895​នាក់ និង​អ្នក​ស្លាប់​ថ្មី​1,654​នាក់​បន្ថែម​ទៀត​​ក្នុង​ថ្ងៃ​នេះ​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​កើន​ឡើង​ដល់​293,074​នាក់​។ នេះ​បើ​តាម​ Worlddometer ជា​គេហទំព័រ​​ដែល​ធ្វើ​បច្ចុប្បន្ន​ភាពនៃ​ស្ថាន​ភាព​វីរុស​COVID-19 លឿន​ជាង​គេ​បំផុត​។

    អភិបាល​រដ្ឋ​នូវយ៉ក លោក​ Andrew Cuomo កាល​ពីថ្ងៃទី​12​ឧសភា​​(13ឧសភា​នៅ​កម្ពុជា) បាន​ប្រកាស​ថា​ មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​195​នាក់​នៅ​ក្នុង​រដ្ឋ​នីវ​យ៉ក ធ្វើ​ឱ្យ​អ្នកស្លាប់​សរុប​ដោយ​សារ​វីរុស​កូរ៉ូណា​ក្នុង​រដ្ឋ​នេះ​ឡើង​ដល់​21,835​នាក់​ ក្នុង​គ្រា​ដែល​តំបន់​ចំនួន​3​របស់​នីវ​យ៉ក ជិត​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ បន្ទាប់​ពី​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ដែល​លោក Cuomo បាន​ដាក់​ចេញ​។

    ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សុខាភិបាល​របស់​សេតវិមាន​ លោក Anthony Fauci បាន​ព្រមាន​ថា បើ​សិន​ជា​​តំបន់​នានា​ប្រញាប់​ប្រញាល់​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ​ នោះ​អាច​នឹង​មាន​ “ផលវិបាក​ធ្ងន់​ធ្ងរ”។​ លោក​ថា បណ្ដា​រដ្ឋ​ដែល​មើល​ស្រាល​ការ​ព្រមាន​របស់​ក្រុម​អ្នក​ជំនាញ​ការ​ ពួក​គេ​នឹង​មាន​ “ហានិភ័យ​ខ្ពស់​ក្នុង​ការ​ធ្វើ​ឱ្យ​​វីរុស​នេះ​​ផ្ទុះ​ឆ្លង​រាល​ដាល​​​ជា​លើក​ទីពីរ​ដោយ​មិន​អាច​គ្រប់គ្រង​បាន​”៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស​

  • COVID-19​ បាន​សម្លាប់​មនុស្ស​ជាង​292,000​នាក់​​នៅ​ទូទាំង​សកល​លោក​

    COVID-19​ បាន​សម្លាប់​មនុស្ស​ជាង​292,000​នាក់​​នៅ​ទូទាំង​សកល​លោក​

    ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ (COVID-19) សរុប​ជាង​4.3​លាន​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជាង​292,000​នាក់​បាន​បាត់​បង់​ជីវិត​។

    ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ ត្រូវ​បាន​រាយការណ៍​ថា មាន​អ្នក​ជំងឺ​COVID-19 សរុប​4,335,821​នាក់​ និង​អ្នក​ស្លាប់​សរុប​មាន​ចំនួន​292,301​នាក់ ដោយ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ មាន​អ្នក​ជំងឺ​ថ្មី​89,026​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​5,561​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​1,582,901​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldometer។

    ទ្វីប​អាមេរិក​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ ក្នុង​នោះ​អាមេរិក​ខាង​ជើង​មាន​អ្នក​ជំងឺ​សរុប​1,543,974​នាក់ អាមេរិក​ខាង​ត្បូង​មាន​335,624​នាក់ ខណៈ​ទ្វីប​អឹរ៉ុប​មាន​​1,675,742​នាក់​ ទ្វីប​អាស៊ី​មាន​701,532​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​អ្នក​ជំងឺ​សរុប​70,947​នាក់​។

    ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាង​20,000​នាក់​ មាន​5​ប្រទេស​ គឺ​សហរដ្ឋ​អាមេរិក​ អង់គ្លេស​ ​អ៊ីតាលី​ បារាំង​ និង​អេស្ប៉ាញ​។ ចំណែក​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​សរុប​លើស​ពី​200,000​នាក់​ មាន​5​ប្រទេស​ គឺ​សហរដ្ឋ​អាមេរិក​ អេស្ប៉ាញ​ អង់គ្លេស​ រុស្ស៊ី និង​អ៊ីតាលី​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ទឹកសណ្តែក គុណប្រយោជន៍ធំៗចំពោះសុខភាព

    ទឹកសណ្តែក គុណប្រយោជន៍ធំៗចំពោះសុខភាព

    ភេសជ្ជៈដែលបានទាំងសុខភាព និងថែមទាំងញ៉ាំបានគ្រប់ពេលដូចជាទឹកសណ្តែកនេះ អ្នកណាៗក៏ដឹងដែរថា មានប្រយោជន៏ ជួយបង្កើនប្រូតេអុីន តែថ្ងៃនេះយើងនឹងមកស៊ីជម្រៅអំពីប្រយោជន៍របស់ទឹកសណ្តែកយ៉ាងលម្អិតដូចតទៅ។

    ប្រយោជន៍របស់ទឹកសណ្តែក

    សណ្តែកលឿងដែលចម្រាញ់ចេញមក និងស្ងោររហូតក្លាយជាទឹកសណ្តែកនោះ សម្បូរទៅដោយប្រូតេអុីន ដែលអ្នកមានប្រតិកម្មចាញ់ទឹកដោះគោអាចបែរមកទទួលយកប្រូតេអ៊ីនពីទឹកសណ្តែកបាន និងទឹកសណ្តែកថែមទាំងងាយស្រួលរំលាយ គ្មានជាតិខ្លាញ់ ញ៉ាំហើយមានអារម្មណ៍ថាឆ្អែតបែបមិនណែនពោះ រួមទាំងប្រយោជន៍ពីទឹកសណ្តែកដែល ឡារ៉ែនកំពុងណែនាំនេះ បើបានដឹងក៏ប្រហែលជាមិនចម្លែកចិត្តទេដែលនរណាៗក៏លើកតំកើងឱ្យទឹកសណ្តែកជា ស៊ូភើរ៍ហ្វូ៊ត ដែរ។

    1 – មានសារធាតុអាហារគ្រប់ទាំង 5 ប្រភេទក្រុម

    ទឹកសណ្តែកលឿង ឬទឹកសណ្តែកមានសារធាតុអាហារគ្រប់ទាំង 5 ប្រភេទក្រុម ទាំងប្រូតេអុីន ជាតិខ្លាញ់ ខាបូហាយដ្រេត សារធាតុរ៉ែ និងវីតាមីន ជាពិសេសបរិមាណសារធាតុអាហារប្រភេទប្រូតេអ៊ីននៅក្នុងទឹកសណ្តែកមានច្រើនប្រហាក់ប្រហែលនឹងសាច់សត្វឯណោះ។

    2 – មានអាស៊ីតអៈមីណូដែលចាំបាច់ចំពោះរាងកាយគ្រប់ទាំង 10 ប្រភេទ

    ប្រូតេអ៊ីន គ្លោប៊ូលីន ( Globulin ) ដែលប្រទះឃើញនៅក្នុងទឹកសណ្តែក ប្រកបទៅដោយអាស៊ីតអៈមីណូដែលចាំបាច់ចំពោះរាងកាយគ្រប់ទាំង 10 ប្រភេទ និងថែមទាំងជាប្រូតេអុីនប្រភេទដែលរាងកាយបឺតជ្រាបបានងាយ ដោយ 95% របស់ប្រូតេអុីនក្នុងទឹកសណ្តែក រាងកាយអាចបឺតជ្រាបយកទៅប្រើជាប្រយោជន៍បានទាំងអស់។

    ក្រៅពីនេះ ការងារស្រាវជ្រាវពី Molecular Nutrition & Food Research ឆ្នាំ 2011 ក៏បានឱ្យដឹងដែរថា ទឹកសណ្តែកនៅមាន លេកស៊ីទីន ( Lecithin), អូសូហ្វ្លាវ៉ូន ( isoflavone), អូលីហ្គោ ( Oligo) និងហ្វៃប៊ើរ៍ ដែលមានគុណសម្បត្តិជួយពន្យឺតភាពចាស់ជរា ជួយសម្រួលតុល្យភាពរបស់អ័រម៉ូន និងថែមទាំងជួយក្នុងការបន្ទោបង់ និងការពារជំងឺទឹកនោមផ្អែម បញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ រោគធាត់ និងថែបំប៉នសរសៃឈាមក្រហមទៀតផង។

    3 – ជួយបញ្ចុះកូលេស្តេរ៉ូលក្នុងសរសៃឈាម

    ស្ថាប័នអាហារ និងថ្នាំ ព្រមទាំងសមាគមរោគបេះដូងរបស់ប្រទេសអាមេរិក បានបង្ហើបឱ្យដឹងថា ទឹកសណ្តែកលឿងមានអាស៊ីតខ្លាញ់មិនបង្កកខ្លួនក្នុងអត្រាចំណែកដែលខ្ពស់ ដែលអាស៊ីតខ្លាញ់ប្រភេទនេះនឹងជួយបញ្ចុះកូលេស្តេរ៉ូលនៅក្នុងសរសៃឈាម ការពារការប្រមូលសន្សំរបស់ខ្លាញ់នៅក្នុងសរសៃឈាមខាងក្នុង ដែលជាមូលហេតុសំខាន់របស់ការកើតជំងឺបេះដូង និងសម្ពាធឈាមឡើងខ្ពស់បាន។

    4 – ប្រភពរួមវីតាមីន

    ជាពិសេសវីតាមីន B រួម ណៃអាស៊ីន រួមទាំងវីតាមីន A វីតាមីន E វីតាមីន D និងវីតាមីន C ក្នុងបរិមាណបន្តិចបន្តួច តែក៏អាចនិយាយបានថាត្រឹមតែញ៉ាំទឹកសណ្តែកសៀងមួយថង់ក៏ប្រមូលបានគ្រប់វីតាមីនដែរ និងថែមទាំងអ្នកណាដែលចូលចិត្តញ៉ាំទឹកសណ្តែករាល់ថ្ងៃផងនោះ សាច់ស្បែក និងរាងកាយនឹងស្រស់ថ្លា ព្រោះមានវីតាមីនទាំងនេះជួយថែបំប៉នរាងកាយហ្នឹងឯង។

    5 – បំប៉នខួរក្បាល បង្កើនការចងចាំ

    ទឹកសណ្តែកថែមទាំងឧត្តមសម្បូរទៅដោយសារធាតុអាហារផ្សេងៗទៀតជាច្រើន មិនថាតែខាបូហាយដ្រេតដែលផ្តល់កម្លាំងថាមពល កាល់ស្យូម ផូស្វ័រ នឹងជួយបំប៉នទាំងរាងកាយ ទាំងខួរក្បាល និងជួយបង្កើនសមត្ថភាពក្នុងការចងចាំបានទៀតផង។

    6 – ទឹកសណ្តែក បញ្ចុះភាពធាត់

    ទឹកសណ្តែកមានកាឡូរីប្រមាណជា 75 – 200 គីឡូកាឡូរី អាស្រ័យលើភាពផ្អែម និងគ្រឿងដែលផ្សំនៅក្នុងទឹកសណ្តែកមួយកែវៗនោះ រួមទាំងក្នុងទឹកសណ្តែកថែមទាំងគ្មានកូលេស្តេរ៉ូល និងមានអាស៊ីតខ្លាញ់មិនបង្កកខ្លួនទៀតផង។

    ដូច្នេះអ្នកដែលសង្ស័យថា តើញ៉ាំទឹកសណ្តែកហើយធាត់ឬអត់នោះ ប្រហែលជាត្រូវឆ្លើយប្រាប់ពេលនេះហើយថា បើអ្នកញ៉ាំទឹកសណ្តែកបែបមិនសូវផ្អែម មិនថែមគ្រឿង រួមទាំងគ្រប់គ្រងការហូបចុក និងហាត់ប្រាណជាប់ជាប្រចាំនោះ ភាពធាត់នឹងមិនសួររកមុខអ្នកឡើយ៕

  • ប្រកាសអាសន្ន!! ចំនួនឆ្លងកូវីដ-19 ពិតប្រាកដនៅជប៉ុន អាចរាប់សែន…នាំគ្នាជេរ រដ្ឋបាលមានចេតនាមិនពិនិត្យជំងឺប្រជាជន

    ប្រកាសអាសន្ន!! ចំនួនឆ្លងកូវីដ-19 ពិតប្រាកដនៅជប៉ុន អាចរាប់សែន…នាំគ្នាជេរ រដ្ឋបាលមានចេតនាមិនពិនិត្យជំងឺប្រជាជន

    គ្មានអ្នកណាដឹងពីចំនួនពិតប្រាកដរបស់អ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នៅក្នុងប្រទេសជប៉ុនឡើយ…តាមរយៈការដាស់តឿនមួយនៅក្នុងក្រុមគណៈអ្នកជំនាញការតស៊ូនឹងជំងឺរាតត្បាតដ៏ធំរបស់រដ្ឋាភិបាលកាលពីថ្ងៃចន្ទ(ទី11 ឧសភា) ក្រោមសំឡេងរិះគន់យ៉ាងខ្លាំងក្លា និងច្រើនឡើងជារឿយៗថា រដ្ឋបាលមានចេតនាមិនពិនិត្យជំងឺប្រជាជន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន សៅថ៍ ឆាយណា ម៉រនីង ផូស្ត។

    លោក ឈិង៉េរ៊ុ អូមិ ប្រធានគណៈអ្នកជំនាញការតស៊ូនឹងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 របស់រដ្ឋាភិបាល បានប្រាប់ទៅគណៈកម្មាធិការគ្រប់គ្រងថវិការបស់ព្រឹទ្ធសភាថា “ប្រាកដណាស់ថា ចំនួនអ្នកឆ្លងមេរោគពិតប្រាកដ ខ្ពស់ជាងនៅក្នុងរបាយការណ៍ គ្មានអ្នកណាដឹងឡើយ ជួនកាលវាអាចខ្ពស់ជាង 10ដង 12ដង ឬ 20ដង ផងក៏មិនដឹង!?”

    ជប៉ុនបានអះអាងរកឃើញអ្នកឆ្លងមេរោគសរុបចំនួន 15,777នាក់ ក្នុងនោះស្លាប់ 624នាក់ ដោយចំនួននេះ មិនរាប់បញ្ចូលអ្នកដំណើរ 712នាក់ ដែលត្រូវបានរកឃើញថា ឆ្លងមេរោគនេះនៅលើនាវាទេសចរណ៍ ដៃអាម៉ុន ព្រីនសេស ដែលចតនៅកំពង់ផែ និងត្រូវបានដាក់បង្ខាំងឱ្យនៅដោយឡែកនៅក្រៅឆ្នេរសមុទ្រជិតទីក្រុងតូក្យូ តាំងពីខែកុម្ភៈនោះឡើយ។

    យ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់បានប្រាប់ថា តួលេខអ្នកឆ្លងមេរោគពិតប្រាកដអាចខ្ពស់ជាងនេះ ជាង10ដង ព្រមទាំងរិះគន់រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ថា មានចេតនាកំណត់ការពិនិត្យមេរោគប្រជាជន។

    ក្រុមអ្នករិះគន់បានប្រាប់ថា រដ្ឋាភិបាលគិតតែពីខំប្រឹងព្យាយាមក្នុងការដំណើរការរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្ដៅ ដែលទីក្រុងតូក្យូជាម្ចាស់ផ្ទះ ប្ដូរជាមួយការត្រួតពិនិត្យមេរោគប្រជាជនយ៉ាងមានកំណត់ តែនៅទីបំផុតទៅ គណៈកម្មការអូឡាំពិកអន្តរជាតិ និងជប៉ុន ក៏ឯកភាពគ្នានៅថ្ងៃទី24 មីនា សម្រេចពន្យារពេលការរៀបចំការប្រកួតនេះរហូតដល់ឆ្នាំក្រោយ។

    សមាជិករដ្ឋសភា មកពីគណបក្សប្រឆាំង និងក្រុមអ្នកជំនាញការ បានទាមទារ ម្ដងហើយម្ដងទៀត ឱ្យរដ្ឋាភិបាលបន្ថែមបរិមាណការត្រួតពិនិត្យរកមេរោគដល់ប្រជាជន។

    ថេដស៊ីរ៉ូ ហ្វ៊ូគូយ៉ាម៉ៈ លេខាធិការគណបក្សរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យ(Constitutional Democratic Party ឬ CDP) បានប្រាប់ទៅគណៈកម្មាធិការថា ចំនួនប្រជាជនដែលមកសុំការពិនិត្យរកមេរោគ មានច្រើនជាង1លាននាក់ តែមានតែប្រហែល 60,000នាក់ប៉ុណ្ណោះ ដែលបានទទួលការត្រួតពិនិត្យរកមេរោគ។

    ព័ត៌មានរបស់ក្រុមអ្នកស្រាវជ្រាវ Our World in Data នៃមហាវិទ្យាល័យ Oxford បានរកឃើញថា ជប៉ុនបានធ្វើការពិនិត្យមេរោគពីប្រជាជនបានត្រឹមតែ 1.68នាក់ប៉ុណ្ណោះសម្រាប់ចំនួនប្រជាជន 1,000នាក់(មិនដល់ 2នាក់ទេ ក្នុងចំនួនមនុស្ស1,000នាក់) ខណៈដែលកូរ៉េខាងត្បូង មានអត្រាការពិនិត្យមេរោគបាន 12.95(ជិត13នាក់) សម្រាប់ចំនួនប្រជាជន 1,000នាក់។

    កាលពីអំឡុងចុងសប្ដាហ៍កន្លងមក ខាងក្រសួងសាធារណៈសុខាភិបាល ពលករ និងសុវត្ថិភាពសង្គម ទើបតែមានការសម្រេចចិត្តលុបចោលច្បាប់មួយចេញ ដើម្បីអនុញ្ញាតឱ្យប្រជាជនបានចូលទៅដល់ការត្រួតពិនិត្យមេរោគកាន់តែច្រើនឡើង បន្ទាប់ពីកាលពីពេលមុនហ្នឹង ធ្លាប់បានកំណត់ថា បុគ្គលដែលនឹងត្រូវទទួលបានការត្រួតពិនិត្យកូវីដ-19 ត្រូវតែមានសីតុណ្ហភាពរាងកាយលើស 37.5អង្សាC ឬក្ដៅខ្លាំងជាងហ្នឹងរយៈពេល 4ថ្ងៃជាប់គ្នាជាមុនសិន។

    ខាស៊ឺណូប៊ុ ខាតូ រដ្ឋមន្ត្រីក្រសួងសាធារណៈសុខាភិបាល បានធ្វើការអះអាងកាលពីថ្ងៃសុក្រ(ទី8 ឧសភា) ថា ការកំណត់ខាងលើ គឺជា “ការយល់ច្រឡំ” និងជាពាក្យសម្ដីដែលបំប៉ោង និងសំឡេងរអ៊ូរទាំមួម៉ៅរបស់ប្រជាជន ក្នុងខណៈដែលក្រុមអ្នករិះគន់ បានបញ្ជាក់ថា ពួកអ្នករាជការក្នុងក្រសួង មិនហ៊ានពើងទ្រូងទទួលយកភាពបរាជ័យឡើយ។

    កាលពីសប្ដាហ៍កន្លងទៅ លោកនាយករដ្ឋមន្ត្រី អាបេ បានពន្យារពេលការដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតទៅដល់ចុងខែ
    ឧសភា ក្នុងខណៈដែលប្រទេសជប៉ុនត្រូវប្រឈមនឹងតួលេខអ្នកឆ្លងមេរោគថ្មីខ្ទង់រយនាក់ជារៀងរាល់ថ្ងៃ។ ទាំងអស់នេះ រដ្ឋាភិបាលនឹងសម្រេចចិត្តនៅថ្ងៃព្រហស្បតិ៍(ទី14 ឧសភា)ខាងមុខនេះថា តើនឹងមានលុបចោលប្រកាសស្ថានការណ៍គ្រាអាសន្នក្នុងចំណែកខ្លះ ឬក៏អត់?៕

    ប្រភព៖ សាព័ត៌មានបរទេស