Category: សុខភាព

  • ប្រទេស​ណា​មួយដែល​​មាន​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​ COVID-19 ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក​?

    ប្រទេស​ណា​មួយដែល​​មាន​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​ COVID-19 ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក​?

    បើ​ទោះ​ជា​មាន​ប្រជា​ជន​សរុប​ប្រមាណជា​12​លាន​នាក់ ប៉ុន្តែ បែល​ហ្សិក​មាន​អ្នក​ស្លាប់ដោយ​សារ​វីរុស​COVID-19 ដល់​ទៅ​ជាង​9,000​នាក់​ ជិត​ស្មើ​នឹង​2ដង​បើ​ធៀប​នឹង​តួលេខ​អ្នក​ស្លាប់​នៅ​ប្រទេស​ចិន​ ដែល​ជា​ប្រភព​នៃ​មេរោគ​កូរ៉ូណា​ថ្មី​នេះ​។

    អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ប្រទេស​បែល​ហ្សិក​គឺ 16.4% ពោលគឺ​ខ្ពស់ជាង​គេ​បង្អស់​ក្នុង​ពិភព លោក​។​ ប្រទេស​នេះ​​ឈរ​លំដាប់​លេខ​1​ បើ​គិត​អំពី​អត្រា​នៃ​ការ​ស្លាប់​ធៀប​ជាមួយ​នឹង​ចំនួន​​ប្រជា​ជន​ ដោយ​មាន​អត្រា​នៃ​ការ​ស្លាប់​​​ស្មើ​នឹង​78​នាក់​​​/100,000​នាក់​(ក្នុង​100,000​នាក់​គឺ​មាន​78​នាក់់​បាន​ស្លាប់ដោយសារ​ COVID-19​)។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ Johns Hopkins នៃ​សហរដ្ឋ​អាមេរិក។ ចំណែកអត្រា​នេះ​នៅ​សហ​រដ្ឋ​អាមេរិក​គឺ​​ត្រឹម​26/100,000 ខណៈ​អាស្ប៉ាញ​មាន​58/100,000 និង​អ៊ីតាលី​មាន​52​/100,000​។

    ក្រុម​មន្ត្រី​រដ្ឋាភិបាល​បែល​ហ្សិក​បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​អត្រា​នៃការ​ស្លាប់​ដ៏ខ្ពស់គួរ​ឱ្យ​ខ្លាច​បែប​នេះ​ គឺ​មិនមែន​ដោយ​សារ​ប្រព័ន្ធ​សុខាភិបាល​ត្រូវ​ធ្វើ​ការ​លើស​កម្លាំង​ ឬ​ខ្សោយ​នោះ​ទេ តែ​វា​ជា​លទ្ធ​ផល​នៃ​របៀប​​ស្រង់​ស្ថិតិ​។ ខុស​ពី​បណ្ដា​ប្រទេស​ដទៃ បែល​ហ្សិក​បូក​បញ្ចូល​អ្នក​ស្លាប់​នៅក្នុង​មជ្ឈមណ្ឌល​​​​ចាស់​ជរា​ទៅ​ក្នុង​តួលេខ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19ផងដែរ​ សូម្បី​តែ​អ្នក​ស្លាប់​ទាំង​នោះ​មិន​ទាន់ត្រូវ​បាន​បញ្ជាក់​​​ជា​ផ្លូវ​ការ​ថា​បាន​ឆ្លង​វីរុស​កូរ៉ូណា​ក៏ដោយ​។

    Steven Van Gucht ដែលជាអ្នក​ដឹកនាំ​ស្ថាប័ន​​គ្រប់​គ្រង​ជំងឺ​ឆ្លង​ប្រចាំវិទ្យា​ស្ថាន​សុខាភិបាល​សាធារណៈ​ Sciensano របស់​ប្រទេស​បែល​ហ្សិក​ បាន​ឱ្យ​ដឹង​ថា “យើង​តែង​ត្រូវ​បាន​គេ​រិះ​គន់​​ដោយ​សារ​បាន​ធ្វើ​ឱ្យ​បែលហ្សិក​មើល​ទៅ​ហាក់​ដូច​ជា​អាក្រក់​ខ្លាំង​ណាស់​ ប៉ុន្តែ​យើង​គិត​ផ្ទុយ​ពី​នេះ​។ បើ​សិន​ជា​ចង់​ប្រៀប​ធៀប​តួលេខ​របស់​ប្រទេស​យើង​ខ្ញុំ ជាមួយ​នឹង​ប្រទេស​ដទៃ ជា​មូលដ្ឋាន​អ្នក​ត្រូវ​តែ​បន្ថយ​តួលេខ​​ចុះ​ពាក់កណ្ដាល”។

    តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅក្នុង​មជ្ឈមណ្ឌល​​​ចាស់​ជរានានា​​​ប្រមាណជា​95%​ មិន​ទាន់​ទទួល​បាន​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​រក​វីរុស​COVID-19 ប៉ុន្តែ​បែលហ្សិក​បាន​រាប់​តួលេខ​នេះ​ចូល​ទៅក្នុង​តួលេខ​នៃ​អ្នកស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​​​របស់​ខ្លួន​ ដោយ​​​គ្រាន់​តែ​យោង​ទៅ​លើ​អាការ​រោគ​ និង​ប្រវត្តិ​ទំនាក់​ទំនង​របស់​អ្នក​ស្លាប់តែប៉ុណ្ណោះ​​ ក្នុង​បំណង​ធ្វើ​ឱ្យ​មាន​ភាព​ជាក់​លាក់​ក្នុង​ការ​គណនា​អំពី​ឥទ្ធិពល​របស់​មេរោគ​ ក៏ដូចជា​ដើម្បី​អាច​រកឃើញ​សម្បុក​មេរោគ​បាន​ឆាប់​ជាង​ធម្មតា​។ តួលេខ​នៃ​អ្នកស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​នេះ គឺ​មាន​ប្រមាណ​ជា​ពាក់​កណ្ដាល​នៃ​តួលេខសរុប​អំពី​​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19​។

    លោក​ ​Yves Van Laethem ដែល​ជា​អ្នកឯកទេស​ខាង​វីរុស​ និង​ជា​អ្នកនាំ​ពាក្យ​របស់​រដ្ឋាភិបាល​បែល​ហ្សិក​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាល​ពីថ្ងៃទី​15​ឧសភា​កន្លង​ទៅ​ថា “វិធិសាស្ត្រ​ស្រង់​ស្ថិតិ​របស់​យើង​គឺ​ពិត​ជា​សុក្រឹត និង​ស្មោះ​ត្រង់​បើ​គិត​អំពី​វិទ្យា​សាស្ត្រ​”។

    ប្រទេស​ណា​មួយដែល​​មាន​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​ COVID-19 ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក​?យោង​តាម​ទស្សនាវដ្ដី Economist បែល​ហ្សិក​គឺជា​ប្រទេស​ដែល​ទទួល​រង​ផល​ប៉ះពាល់ធ្ងន់​ធ្ងរ​បំផុត​លំដាប់​ទី​3​ក្នុង​ពិភពលោក​ បន្ទាប់​ពី​អង់គ្លេស​ និង​អេស្ប៉ាញ។ ទស្សនាវដ្ដី​នេះ​មិន​បាន​យក​តួលេខ​នៅ​សហរដ្ឋ​អាមេរិក​មក​ប្រៀប​ធៀប​នោះ​ទេ​ ប៉ុន្តែ​​​បាន​គន់​គូរ​ឃើញ​ថា អត្រា​នៃ​ការ​ស្លាប់​ហួស​កម្រិត​នៅ​ទីក្រុងនីវ​យ៉ក​ ខ្ពស់​ជាង​នៅអង់គ្លេស​។

    មន្ត្រី​បែល​ហ្សិក​ក៏​បាន​ទទួល​ស្គាល់​ថា COVID-19 បាន​វាយ​ប្រហារ​ខ្លាំង​ក្លា​មក​លើ​ប្រទេស​នេះ​។ “យើង​ស្រង់​ស្ថិតិ​បាន​ត្រឹម​ត្រូវ​ល្អ​ណាស់​​ ប៉ុន្តែ​ប្រការ​នេះ​មិន​បាន​ជួយ​កាត់​បន្ថយ​​ភាព​ធ្ងន់​ធ្ងរ​ដែល​ប្រទេស​យើស​ខ្ញុំបាន​រង​គ្រោះ​នោះ​ទេ​” នេះ​បើ​តាម​សម្ដី​លោក Van Gucht។

    អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បែល​ហ្សិក​បាន​ឱ្យ​ដឹង​ថា មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​ប្រទេស​នេះ​មាន​លក្ខណៈ​ខ្ពស់​ នោះ​គឺដង់​ស៊ី​តេប្រជា​ជន​មាន​កម្រិត​ខ្ពស់​ជាង​បណ្ដា​ប្រទេស​នៅ​ក្បែរ​ខាង​។ អាកាសយានដ្ឋាន​ Brussels អាច​ជា​កន្លែង​ចម្លង​វីរុស​ឱ្យ​រាល​ដាល​ពាស​ពេញ​រដ្ឋ​ធានី​ដែល​មាន​ប្រជា​ជន​យ៉ាង​ច្រើន​កំពុង​រស់​នៅ​។ ពលរដ្ឋ​បែល​ហ្សិក​ជា​ច្រើន​ ថែម​ទាំង​បាន​ទៅ​លេង​ស្គី​ទឹក​កក​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី​ ដែល​ជា​សម្បុក​មេរោគ​របស់​ប្រទេស​នេះ​ នៅក្នុង​រដូវ​ឈប់​សម្រាក​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។

    មជ្ឈមណ្ឌល​ថែ​ទាំ​ចាស់​ជរា​របស់​បែល​ហ្សិក​ មាន​អ្នក​ស្លាប់​ស្មើ​នឹង​ជាង​ពាក់​កណ្ដាល​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ដោយ​មួយ​ផ្នែក​គឺដោយ​សារ​មនុស្ស​ចាស់នៅ​ប្រទេស​នេះ​​ ចូល​ចិត្ត​រស់​នៅក្នុង​មជ្ឈមណ្ឌល​ចាស់​ជរា​ច្រើន​ជាង​បណ្ដា​ប្រទេស​ផ្សេង​ៗ​នៅ​អឺរ៉ុប។​ មន្ត្រីសុខាភិបាល​​បាន​ទទួលស្គាល់​ថា ពួកគេ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​រកឃើញ​ហានិភ័យ​នៃការ​ឆ្លង​រាលដាល​វីរុស​កូរ៉ូណា​នៅ​តាម​មជ្ឈមណ្ឌល​ចាស់​ជរា​ទាំង​នេះ​៕

    ប្រភព​៖ សារ​ព័ត៌​មាន​បរទេស​

  • ទង្វើ 5 យ៉ាងដែលប្រថុយនឹងជំងឺបេះដូង

    ទង្វើ 5 យ៉ាងដែលប្រថុយនឹងជំងឺបេះដូង

    ជំងឺបេះដូងមិនមែនមានតែនៅក្នុងខ្សែភាពយន្តដែលយើងតែងឃើញតារាសម្តែងចំណាស់ៗវ័យឪពុកម្តាយលើកដៃឡើងក្តោបដើមទ្រូងជាសញ្ញាថាឈឺបេះដូង ហើយទីបំផុតក៏ស្លាប់បាត់បង់ជីវិតនោះ មិនមែនជារឿងខុសប្រក្រតីឡើយ ព្រោះនរណាៗក៏មានសិទ្ធិកើតជំងឺបេះដូងបានទាំងអស់ ថែមទាំងមិនមែនកើតតែចំពោះមនុស្សចាស់អាយុច្រើនប៉ុណ្ណោះទេ យើងគ្រប់គ្នា គ្រប់ភេទ គ្រប់វ័យ សុទ្ធតែអាចកើតជំងឺបេះដូងបានទាំងអស់ បើមិនព្រមបញ្ឈប់ទង្វើដូចខាងក្រោមនេះទេ។

    1 – បរិភោគអាហារដែលមានខ្លាញ់ច្រើន

    ដូចជា ជើងជ្រូក សាច់ជ្រូកបីជាន់ ស្បែកមាន់បំពង សម្លរខ្ទិះខ្លាញ់ៗផ្សេងៗ បើសិនបរិភោគច្រើនជ្រុលពេក អាចនឹងធ្វើឱ្យកើតសភាវជាតិខ្លាញ់ញ៉ុកណែននៅក្នុងសរសៃឈាម ធ្វើឱ្យឈាមបាញ់ចេញទៅចិញ្ចឹមរាងកាយមិនគ្រប់គ្រាន់ រហូតធ្វើឱ្យកើតសភាវបេះដូងខ្វះឈាម និងអាចនាំឆ្ពោះទៅរកសភាវគាំងបេះដូងបាន។

    2 – ជក់បារី

    មនុស្សជាច្រើនអាចនឹងគិតថា ការជក់បារីនឹងធ្វើឱ្យកើតមហារីកសួតតែប៉ុណ្ណោះ តែការពិតវិញ បារីគឺជាមូលហេតុដែលសំខាន់មួយរបស់ជំងឺបេះដូងដូចគ្នាដែរ ព្រោះបារីធ្វើឱ្យបេះដូងខ្សោះឈាម និងកើតជំងឺសរសៃឈាមបេះដូង។

    3 – ធុញថប់តានតឹង

    ដែលយើងធ្លាប់ឃើញនៅក្នុងខ្សែភាពយន្តថា មហាសេដ្ឋីទាំងឡាយធ្វើការច្រើន មានអារម្មណ៍តានតឹងធុញថប់ ត្រូវលីសែងបន្ទុកធ្ងន់ និងមានសម្ពាធផ្លូវចិត្តគ្រប់ពេលវេលារហូតកើតជំងឺបេះដូង នោះគឺជារឿងពិត ព្រោះពេលណាដែលយើងមានអារម្មណ៍ធុញថប់តានតឹង បេះដូងយើងនឹងធ្វើការកាន់តែខ្លាំងឡើង បេះដូងដើរញាប់ឡើង សម្ពាធឈាមខ្ពស់ឡើង រហូតអាចកើតសភាវបេះដូងដើរខុសចង្វាក់រហូតជំរុញអាការរបស់ជំងឺបេះដូងឱ្យកាន់តែធ្ងន់ធ្ងរឡើងបាន(ក្នុងករណីដែលអ្នកជំងឺកំពុងមានភាពប្រថុយប្រថានស្រាប់ហើយ)។

    4 – មិនដែលហាត់ប្រាណ

    ការរត់ រាំអ៊ែរ៉ូប៊ិកឌែនស៍ ឬហាត់ប្រាណបែបខាឌីអូផ្សេងៗប្រៀបដូចជានាំគ្នាជួយឱ្យបេះដូងបានហាត់ប្រាណ បង្កើនភាពរឹងមាំដល់បេះដូងដូច្នោះដែរ បើបេះដូងមិនដែលបានហ្វឹកហាត់ ក៏ទ្រាំនឹងការធ្វើការធ្ងន់មិនរួច នៅពេលដែលយើងស្ថិតក្នុងសភាវបេះដូងត្រូវធ្វើការធ្ងន់តែបេះដូងទទួលមិនរួច អាចនឹងធ្វើឱ្យបេះដូងគាំងបាន។

    5 – កើតជំងឺទឹកនោមផ្អែម រោគធាត់

    បើអ្នកកើតជំងឺទឹកនោមផ្អែម ឬធាត់ស្រាប់ហើយនោះ អ្នកនឹងប្រថុយប្រថាននឹងការកើតជំងឺបេះដូងខ្លាំងឡើងដែរ ព្រោះមានឱកាសខ្ពស់ណាស់ដែលអ្នកនឹងមានជាតិខ្លាញ់នៅក្នុងឈាមខ្ពស់ ធ្វើឱ្យឈាមខាប់ ញ៉ុកណែនសរសៃឈាមដែលចាត់បញ្ជូនឈាមទៅចិញ្ចឹមបេះដូង ធ្វើឱ្យបេះដូងធ្វើការកាន់តែខ្លាំងឡើង រហូតទៅលែងរួច និងគាំងនៅទីបំផុត។

    បានដឹងបែបនេះហើយ គួរឧស្សាហ៍ហាត់ប្រាណ តមជក់បារី កាត់បន្ថយអាហារដែលមានជាតិខ្លាញ់ច្រើន និងរក្សាសុខភាពឱ្យរឹងមាំជាប់ជានិច្ច តែប៉ុនហ្នឹងអ្នកអាចកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតជំងឺបេះដូងបានច្រើនទៅហើយ៕

  • ការសាកល្បង​វ៉ាក់សាំង​ប្រឆាំង​កូវីដ-​19 ​បង្ហាញ​លទ្ធផល​ហើយ!!

    ការសាកល្បង​វ៉ាក់សាំង​ប្រឆាំង​កូវីដ-​19 ​បង្ហាញ​លទ្ធផល​ហើយ!!

    អ្នកវិទ្យាសាស្ត្រអាមេរិកាំង នាំគ្នាស្វាគមន៍យ៉ាងរីករាយ សម្រាប់វិវឌ្ឍនាការជាវិជ្ជមាន ពាក់ព័ន្ធនឹងការសាកល្បងខាងគ្លីនិកព្យាបាលកូវីដ-19 របស់ក្រុមហ៊ុននានា ក្រោមក្ដីកង្វល់ព្រួយចំពោះការឆ្លងរាលដាលរលកទី2 ដែលបណ្ដាលមកពីការបន្ធូរបន្ថយវិធានការបិទទីក្រុង។

    តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនModerna Inc ដែលជាក្រុមហ៊ុនក្នុងធុរកិច្ច Biotech របស់សហរដ្ឋអាមេរិក បានស្ទុះហក់ឡើងខ្លាំង បន្ទាប់ពីមានការថ្លែងការណ៍ថា លទ្ធផលនៃការសាកល្បងខាងគ្លីនិក(ខាងការព្យាបាល)ក្នុងការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-19 របស់ក្រុមហ៊ុនមួយនេះ បានធ្វើឱ្យរាងកាយរបស់ក្រុមអ្នកស្ម័គ្រចិត្តចូលរួមសាកល្បង បានផលិតអង្គបដិបក្ខប្រាណ(Antibody) ដែលអាចកម្ចាត់មេរោគវីរុសនៅក្នុងខ្លួនអ្នកជំងឺកូវីដ-19បាន។

    លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលដំណើរការដោយស្ថាប័នសុខភាពនៃសហរដ្ឋអាមេរិក(NIH) បានរកឃើញថា កម្រិតរបស់អង្គបដិបក្ខប្រាណទាំងនោះ មានចំនួនស្មើ នៅក្នុងគំរូឈាមរបស់អ្នកជំងឺដែលបានជាសះស្បើយពីវីរុសកូរ៉ូណាប្រភេទថ្មី។

    Moderna បានបញ្ជាក់ថា វ៉ាក់សាំងដែលមានឈ្មោះថា mRNA-1273 នេះ មានសុវត្ថិភាព និងតបស្នងបានល្អ ក្នុងការសាកល្បងក្នុងអំឡុងពេលដំបូង ហើយយើងនឹងចាប់ផ្ដើមការសាកល្បងក្នុងដំណាក់កាលបន្តទៀតក្នុងខែកក្កដាខាងមុខ។

    ដុកទ័រ ថាល ហ្ស៊ែកស៍ ប្រធានក្រុមមន្ត្រីពេទ្យរបស់ក្រុមហ៊ុនតិចណូឡូជីសរីរាង្គ “Moderna” បានបញ្ជាក់ថា លទ្ធផលនៃការសាកល្បងវ៉ាក់សាំងកូវីដ-19 ដែល Moderna អភិវឌ្ឍរួមជាមួយស្ថាប័នសុខភាពនៃសហរដ្ឋអាមេរិកនេះ ក្នុងរយៈដំបូង បានបង្ហាញថា អ្នកដែលបានទទួលវ៉ាក់សាំងនេះ បានបង្កើតប្រព័ន្ធប្រឆាំងជំងឺ ឬអង់ទីគ័រ សម្រាប់ប្រឆាំងវីរុសប្រភេទនេះឡើង។

    លោកដុកទ័រ ហ្ស៊ែកស៍ ថ្លែងថា “នេះជាដំណឹងល្អខ្លាំងណាស់ និងជាដំណឹងដែលយើងគិតថា មានមនុស្សជាច្រើនកំពុងរង់ចាំមកយូរហើយ” លោកបានបង្ហើបឱ្យដឹងថា បើការសិក្សាសាកល្បងនាពេលអនាគតដំណើរការទៅយ៉ាងល្អនោះ វ៉ាក់សាំងរបស់ក្រុមហ៊ុននេះ អាចនឹងត្រៀមរួចរាល់សម្រាប់ការចែកចាយនៅក្នុងសង្គម យ៉ាងលឿនបំផុតក្នុងខែមករា ឆ្នាំ2021។

    ព័ត៌មាននេះ ចេញមកពីការសាកល្បងខាងគ្លីនិក ហ្វេសទី1 ដែលបានធ្វើការសិក្សាស្រាវជ្រាវនៅក្នុងក្រុមមនុស្សចំនួនតិច និងតម្រង់ឆ្ពោះទៅរកការស្វែងរកលទ្ធផលថា តើវ៉ាក់សាំងមានសុវត្ថិភាព និងធ្វើឱ្យប្រព័ន្ធការពារជំងឺតបស្នងឬទេ? ដោយសារតែលទ្ធផលនៃការវិភាគក្នុងរយៈដំបូង នៅមិនទាន់ឆ្លងផុតការពិចារណាជាផ្លូវការ ឬបានផ្សព្វផ្សាយក្នុងព្រឹត្តិបត្រវេជ្ជសាស្ត្រណាមួយនៅឡើយ។

    ក្នុងការសាកល្បងលើកនេះគឺ Moderna បានចាក់វ៉ាក់សាំងទៅលើអ្នកស្ម័គ្រចិត្តចូលរួមការសាកល្បងចំនួនរាប់សិបនាក់ និងបានវាស់បរិមាណសារធាតុប្រឆាំងជំងឺក្នុងរាងកាយរបស់អ្នកចូលរួម 8នាក់ ហើយរកឃើញថា ទាំងអស់គ្នាបានផលិតសារធាតុប្រឆាំងជំងឺប្រភេទ “Neutralizing antibody ឬ NA” សម្រាប់ស្ទាក់ចាប់វីរុសមួយនេះក្នុងកម្រិតស្មើ ឬច្រើនជាងកម្រិតដែលរកឃើញនៅក្នុងអ្នកដែលជាសះស្បើយពីការឆ្លងមេរោគកូវីដ-19 តាមធម្មជាតិ។

    លោកដុកទ័រ ហ្ស៊ែកស៍ ថ្លែងថា “យើងបានបង្ហាញឱ្យឃើញហើយថា Antibodyនេះ ការតបស្នងខាងប្រព័ន្ធប្រឆាំងជំងឺនេះ ពិតជាអាចការពារវីរុសមួយនេះបានមែន ខ្ញុំគិតថា នេះជាជំហានដំបូងដែលសំខាន់ខ្លាំងណាស់ ក្នុងការដំណើរការផលិតវ៉ាក់សាំងរបស់យើង”

    វ៉ាក់សាំងរបស់ Moderna គឺជាវ៉ាក់សាំង1 ក្នុងចំណោមជាង 100វ៉ាក់សាំងទៀត ដែលកំពុងស្ថិតក្នុងអំឡុងពេលអភិវឌ្ឍ ដែលមានចេតនាផលិតចេញមក ដើម្បីការពារមនុស្សជាតិ ពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ក្នុងខណៈដែលមេរោគដ៏សាហាវនេះ បានចម្លងចូលទៅក្នុងខ្លួនមនុស្សរួចហើយច្រើនជាង 4.7លាននាក់ និងបានសម្លាប់ជីវិតមនុស្សអស់ជាង 315.500នាក់រួចទៅហើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • វីវរហើយបារាំង!! មានអ្នកឆ្លង​មេរោគ​កូវីដ-19 ​ពី​សាលារៀន ​70​នាក់ ក្រោយ​ពី​បើកបានតែ 1សប្ដាហ៍

    វីវរហើយបារាំង!! មានអ្នកឆ្លង​មេរោគ​កូវីដ-19 ​ពី​សាលារៀន ​70​នាក់ ក្រោយ​ពី​បើកបានតែ 1សប្ដាហ៍

    បារាំង បានរកឃើញអ្នកឆ្លងមេរោគកូវីដ-19ថ្មី 70នាក់ ដែលពាក់ព័ន្ធនឹងសាលារៀននានា ត្រឹមតែ 1សប្ដាហ៍ប៉ុណ្ណោះ ក្រោយពីពួកគេបន្ធូរបន្ថយវិធានការបិទទីក្រុង និងអនុញ្ញាតឱ្យសាលារៀនបើកឡើងវិញខ្លះៗ។

    ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានរាយការណ៍ថា រដ្ឋាភិបាលបារាំងបានបង្ហើបឱ្យដឹងកាលពីថ្ងៃចន្ទ ទី18 ឧសភាថា រកឃើញអ្នកឆ្លងមេរោគកូវីដ-19យ៉ាងតិច 70នាក់នៅក្នុងក្រុមកូនសិស្សតូចៗពីសាលាមត្តេយ្យ និងសាលារៀនបឋមសិក្សាជាច្រើនកន្លែង ចាប់តាំងពីថ្ងៃទី11 ឧសភាមក បន្ទាប់ពីពួកគេបានបន្ធូរបន្ថយវិធានការបិទទីក្រុង និងបើកសាលារៀនឡើងវិញជាង​ 40,000​​កន្លែង​ អនុញ្ញាតឱ្យសិស្សជាង 1.4លាននាក់បានចូលរៀនឡើងវិញជាថ្មី។

    ការរកឃើញអ្នកឆ្លងមេរោគថ្មីទាំងនោះ បានធ្វើឱ្យសាលាមត្តេយ្យ និងសាលាបឋមសិក្សាជាច្រើន ត្រូវបិទទ្វារជាថ្មី ខណៈដែលសិស្សកម្រិតមធ្យមសិក្សាប្រមាណជា 1.5សែននាក់ បានវិលត្រឡប់ទៅសាលារៀនហើយ នៅថ្ងៃទី18 ឧសភាម្សិលមិញ។

    លោក ហ្សង់ មីសេល ប្លង់ រដ្ឋមន្ត្រីក្រសួង អប់រំ និងសិក្សាធិការរបស់ប្រទេសបារាំង បានថ្លែងថា “វាជារឿង​ដែលមិន​អាច​ចៀស​វាងបានឡើយ ដែលមានហេតុការណ៍បែបនេះកើតឡើង តែវាកើតក្នុងចំណែកតូចមួយ ហើយអ្នកឆ្លងមេរោគភាគច្រើន ឆ្លងមកពីខាងក្រៅសាលារៀន” តែយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថា អ្នកឆ្លងមេរោគនោះជាកូនសិស្ស ឬគ្រូនោះទេ។

    លោកប្លង់ បានបញ្ជាក់ថា ការដែលកុមារមិនបានទៅសាលារៀន គឺជារឿងដែលគួរឱ្យកង្វល់ ខ្លាំងជាង​មេរោគវីរុស​កូវីដ-19​ទៅទៀត ព្រោះ​ទោះជាកូនសិស្សប្រមាណជា 70% នៅរៀនពីចម្ងាយនៅតាមផ្ទះក៏ដោយ តែមានកុមារប្រមាណជា ​500,000​នាក់​កំពុង​ប្រថុយប្រថានក្នុងការបោះបង់ចោលការរៀនសូត្រ ជាពិសេសក្រុមកុមារដែលខ្វះឱកាស៕

    ប្រភព៖ សារព័ត៌មានបរទេស

  • តំណាង​​រាស្ត្រ​រួម​នឹង​​​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូបរបស់​រុស្ស៊ី​ បាន​ឆ្លង​​COVID-19 ខណៈ​អ្នក​ជំងឺ​សរុប​ក្នុង​ប្រទេស​នេះ​កើន​លើស​290,000​នាក់​

    តំណាង​​រាស្ត្រ​រួម​នឹង​​​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូបរបស់​រុស្ស៊ី​ បាន​ឆ្លង​​COVID-19 ខណៈ​អ្នក​ជំងឺ​សរុប​ក្នុង​ប្រទេស​នេះ​កើន​លើស​290,000​នាក់​

    តំណាង​រាស្ត្រជា​ច្រើន​រូប​​របស់​សហព័ន្ធ​រុស្ស៊ី​​ ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញ​ថា មាន​ផ្ទុក​មេរោគ​COVID-19 នៅ​ពេល​ប្រទេស​នេះ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​។

    ​ជំនួយ​ការ​ផ្ទាល់​របស់​ប្រធាន​សភា​ជាន់​ទាប​(State Duma)​ របស់​រុស្ស៊ី​​ កាល​ពីថ្ងៃទី​18​ឧសភា​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​តំណាង​រាស្ត្រ​ទាំង​450​រូប​​របស់​សភា​ជាន់​ទាប មាន​​6​រូប​ត្រូវ​បាន​រកឃើញ​ថា​មា​នផ្ទុក​វីរុស​កូរ៉ូណា​។

    នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក Mikhail Mishustin
    នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក Mikhail Mishustin

    Anastasia Kashevarova ដែលជាជំនួយ​ការ​​របស់​​ប្រធាន​សភា​ជាន់​ទាបរុស្ស៊ី​ ថ្លែង​ថា “គិត​មកដល់​​បច្ចុប្បន្ន តំណាង​រាស្ត្រ​6រូប​របស់​សភា​ជាន់​ទាប​​ ទទួល​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជាមួយ​នឹង​វីរុស​COVID-19។ តំណាង​2រូប​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ ចំណែក​2រូប​កំពុង​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ និង​2រូប​ផ្សេង​ទៀត​កំពុង​បង្ខាំង​ខ្លួន​និង​ទទួល​ការ​ព្យាបាល​នៅ​ឯផ្ទះ​រៀង​ៗ​ខ្លួន​”។

    អ្នក​នាំ​ពាក្យ​របស់​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov
    អ្នក​នាំ​ពាក្យ​របស់​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov

    មន្ត្រីជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​​រដ្ឋាភិបាល​រុស្ស៊ី​ ក៏​បាន​ឆ្លង​វីរុស​កូរ៉ូណា​​ក្នុង​អំឡុង​ពេល​​ចុង​ក្រោយ​នេះ​ ក្នុង​នោះ​ក៏មាន​នាយក​រដ្ឋ​មន្ត្រី​ (Mikhail Mishustin) អ្នក​នាំ​ពាក្យ​របស់​វិមាន​ក្រឹម​ឡាំង (លោក Dmitry Peskov) រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ (លោក​ស្រី​ Olga Lyubimova) រដ្ឋមន្ត្រី​ក្រសួង​វិទ្យា​សាស្ត្រ​និង​អប់រំ​​ជាន់​ខ្ពស់​ (លោក​ Valery Falkov) រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន (លោក Vladimir Yakushev) និង​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន (លោក Dmitry Volkov)។

    រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ លោក​ស្រី​ Olga Lyubimova
    រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ លោក​ស្រី​ Olga Lyubimova
    រដ្ឋមន្ត្រី​ក្រសួង​វិទ្យា​សាស្ត្រ​និង​អប់រំ​​ជាន់​ខ្ពស់​ លោក​ Valery Falkov
    រដ្ឋមន្ត្រី​ក្រសួង​វិទ្យា​សាស្ត្រ​និង​អប់រំ​​ជាន់​ខ្ពស់​ លោក​ Valery Falkov
    រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន លោក Vladimir Yakushev
    រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន លោក Vladimir Yakushev
    អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន លោក Dmitry Volkov
    អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន លោក Dmitry Volkov

    ក្នុង​សប្ដាហ៍​កន្លង​​ រុស្ស៊ី​បាន​លោត​រំលង​​អេស្ប៉ាញ​ និង​អ៊ីតាលី​ ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី2​​​នៅ​ក្នុង​​​​ពិភព​​លោក​​ ដោយ​​​​​​មាន​​​​​អ្នក​​​ជំងឺ​​​COVID-19 សរុប​ 290,678​នាក់​​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​​សរុប​2,722​នាក់​។ កាល​ពី​ម្សិល​មិញ​ ប្រទេស​នេះ​ក៏​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​8,926​នាក់​ផងដែរ​៕

    ប្រភព​៖​សារ​ព័ត៌មានបរទេស​

  • ជិត​4.9​លាន​នាក់​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំងពិភពលោក​

    ជិត​4.9​លាន​នាក់​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំងពិភពលោក​

    ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 ជិត​4.9​លាន​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​​ជិត​320,000​នាក់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក​ ត្រូវ​បាន​រាយ​ការណ៍​ថា មាន​អ្នកជំងឺ​COVID-19 ចំនួន​4,885,038​នាក់​ និង​អ្ន​ក​ស្លាប់​​319,779​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ចំនួន​ 86,893​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​3,272​នាក់​ ខណៈ​ដែល​អ្នកជំងឺ​​1,902,554​នាក់​បាន​ជា​សះស្បើយ​។ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldometer។

    ទ្វីប​អាមេរិក​មាន​អ្នកជំងឺ​COVID-19 សរុប​ 2,172,013​នាក់​ ក្នុង​នោះ​អាមេរិក​ខាង​ជើង​មាន​1,710,816​នាក់ អាមេរិក​ខាង​ត្បូង​មាន​461,197​នាក់ ខណៈ​ដែល​ទ្វីប​អឺរ៉ុប​​មាន​1,797,528​នាក់​ អាស៊ី​មាន​818,935​នាក់​ និង​អាហ្វ្រិក​មាន​​90,074​នាក់​។

    អ្នកជំងឺ​COVID-19 សរុប​នៅ​សហរដ្ឋ​អាមេរិក​ បាន​ឡើង​ដល់​1,548,830​នាក់ និង​អ្នក​ស្លាប់​សរុប​កើន​ដលើ​ 91,873​នាក់​ បន្ទាប់​ពី​រកឃើញ​អ្នកជំងឺ​ថ្មី​22,004​នាក់ និង​អ្នកស្លាប់​ថ្មី​ 900​នាក់ នៅ​​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។

    ប្រទេស​រុស្ស៊ី​​មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​ 290,678​នាក់​ ឈរលំដាប់​លេខ​2​ក្នុង​ពិភពលោក​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​សរុប​2,722​នាក់​។ កាល​ពី​ម្សិល​មិញ​ ប្រទេស​នេះ​ក៏​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​8,926​នាក់​ផងដែរ​។

    ចំណែក​អេស្ប៉ាញ​វិញ បាន​រាយ​ការណ៍​ថា បាន​រកឃើញ​អ្នកជំងឺ​ថ្មី​469​នាក់​ និង​អ្នកស្លាប់ថ្មី​59​នាក់ ធ្វើ​ឱ្យ​អ្នកជំងឺ​សរុប​ឡើង​ដល់​278,188​នាក់​ និង​អ្នកស្លាប់សរុប​27,709​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • លោក​ Trump លេប​ថ្នាំ​គ្រុន​ចាញ់​រាល់​ថ្ងៃ​ដើម្បី​ទប់​ស្កាត់​ COVID-19 ដោយ​មិនខ្វល់​ពីការ​ព្រមាន​

    លោក​ Trump លេប​ថ្នាំ​គ្រុន​ចាញ់​រាល់​ថ្ងៃ​ដើម្បី​ទប់​ស្កាត់​ COVID-19 ដោយ​មិនខ្វល់​ពីការ​ព្រមាន​

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ក្នុង​មួយ​ថ្ងៃ​លោក​លេប​ថ្នាំ​​គ្រុន​ចាញ់​ hydroxychloroquine​ 1​ដង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ COVID-19 ដោយ​លោក​មិន​ខ្ចី​អើពើ​ដល់​ការ​ព្រម​មាន​ពី​ក្រុម​អ្នក​វេជ្ជសាស្ត្រ​។

    “ខ្ញុំ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ hydroxychloroquine។ ខ្ញុំ​លេប​ថ្នាំ​នេះ​អស់​រយៈ​ពេល​ប្រហែល​1សប្ដាហ៍​កន្លះ​មក​ហើយ​។ ក្នុង​1​ថ្ងៃ​ 1​គ្រាប់​” លោក Trump បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​បែប​នេះ​​ កាល​ពី​ថ្ងៃ​ទី​18​ឧសភា​កន្លង​ទៅ​។

    ម្ចាស់​សេត​វិមាន​បាន​បន្ថែ​មថា លោក​បាន​សួរ​យោបល់​ពី​វេជ្ជ​បណ្ឌិត​របស់​សេត​វិមាន​អំពី​ការ​ប្រើប្រាស់​ថ្នាំ​ hydroxychloroquine ហើយ​វេជ្ជ​បណ្ឌិត​និយាយ​ថា “បាន​ បើ​សិន​ជា​លោក​ចង់​”។

    លោក​ Trump ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ការ​លេប​ថ្នាំ​ hydroxychloroquine លោក​​ក៏​លេប​ថ្នាំ​ផ្សះ​អង់ទីប៊ីយ៉ូទិក​ និង​ថ្នាំ​​ដែល​មាន​សមាស​ធាតុ​ស័ង្កសី​​ច្រើន​ 1​ដង​ក្នុង​​​1ថ្ងៃ​​ផងដែរ​។ លោក​ Trump ថា “ជា​សរុប​មក ខ្ញុំ​អាច​និយាយ​បាន​ថា រហូត​មក​ដល់​ពេលនេះ ខ្ញុំ​នៅ​តែ​មាន​សុខភាព​ល្អ​”។

    ប្រធានាធិបតី​ Trump ដែល​មាន​វ័យ​73​ឆ្នាំ បច្ចុប្បន្ន​ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​COVID-19 ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​គ្រប់​គ្រង​ស្ថាន​ភាព​ឱ្យ​បាន​ឆាប់​រហ័ស​ជា​ទី​បំផុត​បើ​សិន​ជា​បាន​ឆ្លង​​វីរុស​នេះ​ បន្ទាប់​ពី​បុគ្គលិក​ជា​ច្រើន​រូប​នៅ​សេត​វិមាន​វិជ្ជ​មាន​នឹង​ COVID-19។ ក៏ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ លោក Trump នៅ​តែ​បដិសេធ​មិន​ពាក់​ម៉ាស់​ដដែល។

    លោក​ Trump កន្លង​មក​ក៏​ធ្លាប់​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​ hydroxychloroquine​ ដើម្បី​ព្យាបាល​ COVID-19 បន្ទាប់​ពីមាន​របាយ​ការណ៍​និយាយ​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​នេះ​ក្នុង​ការ​ព្យាបាល​ COVID-19។ ប៉ុន្តែ ក្រោយ​មក​ មាន​ការ​ពិសោធ​​​ជា​ច្រើន​បាន​បង្ហាញ​ថា hydroxychloroquine​ មិន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​ COVID-19 នោះ​ឡើយ​។

    នាយក​ដ្ឋាន​គ្រប់​គ្រង​ឱសថ​និង​អាហារ​របស់​សហរដ្ឋ​អាមេរិក ដែល​ហៅ​ថា​ Food and Drug Administration(FDA)​ បាន​ចេញ​សេចក្ដី​ព្រមាន​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ hydroxychloroquine​។ ក្នុង​របាយ​ការណ៍​1កាល​ពី​ថ្ងៃទី​24​មេសា FDA ឱ្យ​ដឹង​ថា ខ្លួន​ក្ដាប់​បាន​ព័ត៌មាន​ទាក់​ទង​នឹង​បញ្ហា​ចង្វាក់​បេះ​ដូង​ដែល​កើត​ឡើង​នៅលើ​អ្នក​ជំងឺ​ COVID-19 ដែល​បាន​លេប​ថ្នាំ​ hydroxychloroquine​ ឬ​ chloroquine។

    ការ​លើក​ឡើង​របស់​លោក Trump ខាងលើ​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ឡើង​ដល់​ក្បែរ​ ​92,000​នាក់​ ខណៈ​ដែល​អ្នក​ឆ្លង​វីរុស​នេះ​បាន​កើន​ដល់​ជាង​1.5​លាន​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • វិធីសាស្ត្រជួយបង្រៀនក្មេងឱ្យមានការចងចាំល្អពេលមានវិបត្តិ Covid-19

    វិធីសាស្ត្រជួយបង្រៀនក្មេងឱ្យមានការចងចាំល្អពេលមានវិបត្តិ Covid-19

    ក្នុងពេលសិក្សាតាមរយៈបច្ចេកវិទ្យានេះ អាណាព្យាបាលជាច្រើនបានបង្ហាញការព្រួយបារម្ភចំពោះកូនៗព្រោះពួកគាត់​បារម្ភក្រែងកូនមិនចងចាំបានល្អ មិនទាន់ទម្លាប់រៀនជាមួយបច្ចេកវិទ្យា ឬជក់ជាមួយនឹងបច្ចេកវិទ្យាជ្រុលលើសពីការសិក្សាជាដើម។

    នៅក្នុងដំណាក់កាលនេះ អាណាព្យាបាលគួរព្យាយាម​ចូលរួមឱ្យបានកាន់តែច្រើនដើម្បីធ្វើយ៉ាងណាឱ្យការសិក្សារបស់កូនៗអាចប្រព្រឹត្តទៅបានរលូន​។ នៅពេលនេះអ្នកជំនាញនានាបានណែនាំមនុស្សឱ្យ​ធ្វើការផ្លាស់ប្តូររបៀបនៃការរស់នៅក្នុងជីវិតរបស់យើង (new normal life) ដើម្បីការពារសុខភាព តែលើសពីការបង្ការកុំឱ្យឆ្លងមេរោគ មនុស្សក៏គួរតែ​គិតគូរពី​ការផ្លាស់ប្តូរទម្លាប់ក្នុងការប្រាស្រ័យទាក់ទងជាមួយកូន និងការបង្រៀនកូនៗផងដែរ។

    ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួន​ក្នុងការបង្រៀនកូនៗឱ្យមានការចងចាំល្អ បន្ថែមពីការរៀនតាមបច្ចេកវិទ្យា៖

    1. និទានរឿង

    ការនិទានរឿង ត្រូវបានគេមើលឃើញថា​ជាផ្នែកយ៉ាងសំខាន់មួយដែលធ្វើឱ្យកុមារមានការចងចាំបានល្អ ព្រោះធម្មជាតិរបស់កុមារគឺចូលចិត្តស្តាប់ មើល និង​ដាក់អារម្មណ៍រីករាយជាមួយនឹងដំណើររឿងដែលមនុស្សធំបង្ហាញ។ ហេតុនេះ​អាណាព្យាបាលគួរ​ស្វែងរយល់ពីតម្លៃអប់រំនៃ​មេរៀនរបស់កូន បន្ទាប់មក​ស្វែងរក​រឿងនិទានខ្លីៗណាដែល​ត្រូវនឹង​ផ្នត់គំនិតអប់រំនោះដើម្បីនិយាយប្រាប់គេបន្ថែមពីលើអ្វីដែលគ្រូបង្រៀនតាមអនឡាញ។

    វាក៏ជាវិធីសាស្រ្តល្អផងដែរក្នុងការរក្សាទំនាក់ទំនងល្អជាមួយកូន និង​ជាវិធីដើម្បីជំរុញឱ្យ​កុមារមានភាពរីករាយក្នុងពេលសិក្សា​នៅផ្ទះថែមទៀតផង។

    2. ល្បែងកម្សាន្តល្បងប្រាជ្ញា

    កុមារតូចជាវ័យដែលចូលចិត្តលេងបំផុត ហេតុនេះប្រសិនបើអាណាព្យាបាលគ្មានពេលគ្រប់គ្រាន់ដើម្បីលេងជាមួយពួកគេ ឬមិនបានយកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រងការលេងរបស់ក្មេងឱ្យបានល្អ នោះកុមារនឹង​នឹង​អាចក្លាយជាមនុស្សម្នាក់ដែលងាកទៅរកភាពញៀន​ឧបករណ៍អេឡិចត្រូនិក។

    ហេតុនេះអាណាព្យាបាលគួរស្វែងរក Mobile App ឬសៀវភៅទាំងឡាយណាដែលមានល្បែងកម្សាន្ត​បង្កើនភាពឆ្លាតវៃ (IQ) ដើម្បីនាំពួកគេលេង។ បន្ថែមពីលើនេះ បើមានពេលអាណាព្យាបាលក៏អាចបង្កើតកម្មវិធីធ្វើតេសងាយៗពាក់ព័ន្ធនឹងមេរៀន ឬចំណេះដឹងទូទៅដើម្បីឱ្យ​ពួកគេប្រឡងយករង្វាន់ផងដែរ។ វិធីនេះជាវិធីមួយដែលអ្នកអប់រំជាច្រើនណែនាំអាណាព្យាបាលជំរុញកូនឱ្យខំរៀនដោយមិនបាច់បង្ខំ និងមិនប្រើអំពើហិង្សា។

    3. Mind Map

    អ្នកជំនាញចិត្តសាស្ត្រអប់រំ បានមើលឃើញថា នៅក្នុងចំណោម​វិធីសាស្រ្តនានាដើម្បីឱ្យមានការចងចាំបានល្អ ការគូសតារាងសង្ខេបមេរៀន ឬការធ្វើ Mind map ដោយប្រើប្រាស់ពណ៌ ឬរូបសត្វដែលកុមារចូលចិត្ត អាចធ្វើឱ្យគេងាយចងចាំ​បានល្អ។

    ជាធម្មតាក្មេងចូលចិត្តសង្កេត និង​ចូលចិត្ត​រូបភាពដែលមានភាពទាក់ទាញ ហេតុនេះប្រសិនបើអាណាព្យាបាល​អាចឆ្លៀតពេល​គូររូប ឬ​ប្រើប្រាស់រូបភាពស្អាតៗដើម្បីបង្កើតជាតារាងប្រភេទមេរៀនរបស់កូន នោះក្មេងៗនឹងឧស្សាហ៍មើល ហើយចងចាំដោយងាយនៅគ្រប់ទីកន្លែងក្នុងផ្ទះ៕

  • វីរបុរសវេជ្ជបណ្ឌិត សម័យ​មេរោគ​SARS​ អះអាង​ថា បើគ្មានវ៉ាក់​សាំងការពារ ចិនមិនអាចនៅសុខបានទេ…

    វីរបុរសវេជ្ជបណ្ឌិត សម័យ​មេរោគ​SARS​ អះអាង​ថា បើគ្មានវ៉ាក់​សាំងការពារ ចិនមិនអាចនៅសុខបានទេ…

    កាលពីថ្ងៃទី17 ឧសភា លោកវេជ្ជបណ្ឌិត ចុង ណានសាន អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន អ្នកដែលត្រូវបានទទួលស្គាល់ថាជាវីរបុរសកាលពីសម័យមេរោគសារស៍ រាតត្បាតនៅឆ្នាំ2003 បានផ្ដល់បទសម្ភាសជាមួយ CNN ទីភ្នាក់ងារព័ត៌មានធំបំផុតរបស់សហរដ្ឋអាមេរិក ដោយបានព្រមានថា ការខ្វះប្រព័ន្ធការពារមេរោគ នឹងធ្វើឱ្យចិនប្រថុយប្រថាននឹងការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19 ជាថ្មីម្ដងទៀត ដែលនេះជាក្ដីព្រួយបារម្ភដ៏ធំមួយ។

    “ការខ្វះប្រព័ន្ធការពារមេរោគកូវីដ-19 គឺជាបញ្ហាធ្ងន់ធ្ងរ ចិនត្រូវតែប្រញាប់អភិវឌ្ឍវ៉ាក់សាំងការពារមេរោគនេះតទៅទៀត ដោយមានវ៉ាក់សាំង 3ប្រភេទនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងដំណាក់កាលសាកខុស សាកត្រូវនៅឡើយ។ ចំណែកវ៉ាក់សាំងដែលល្អឥតខ្ចោះ ទំនងជាត្រូវប្រើពេលវេលាច្រើនឆ្នាំទៀត”

    វីរបុរសវេជ្ជបណ្ឌិត សម័យមេរោគSARS អះអាងថា បើគ្មានវ៉ាក់សាំងការពារ ចិនមិនអាចនៅសុខបានទេ...
    Dr. Zhongnan San / CGTN

    សម្រាប់តួលេខ អ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មីរបស់ប្រទេសចិនមានជាង 82,000នាក់ ស្លាប់យ៉ាងតិច 4,633នាក់។ ការរស់នៅរបស់ប្រជាជាននៅក្នុងប្រទេសចិនបានវិលត្រឡប់ទៅរកសភាពប្រក្រតីវិញជាបណ្ដើរៗ បន្ធូរបន្ថយការបិទទីក្រុង ហើយសាលារៀន និងរោងចក្រមួយចំនួនត្រូវបានបើកឡើងវិញ តែយ៉ាងណាក្ដី នៅឯមណ្ឌលជីលីន រដ្ឋបាលក្នុងតំបន់ នៅត្រូវបង្ខាំងប្រជាជនយ៉ាងតិច 8,000នាក់ ឱ្យនៅដាច់ដោយឡែក ដើម្បីពិនិត្យមើលមេរោគនៅឡើយ។

    លោកវេជ្ជបណ្ឌិត ចុង ថ្លែងថា អាជ្ញាធរចិន មិនគួរព្រងើយកន្តើយឡើយ ដោយសារតែគ្រោះថ្នាក់ពីការឆ្លងមេរោគរលកទី2 ដែលកំពុងបង្ហាញខ្លួនយ៉ាងទូលំទូលាយជាបណ្ដើរៗហើយ តាមរយៈករណី ក្លាស្ទើរ ឬក្រុមថ្មីនៃអ្នកឆ្លងមេរោគកូវីដ-19 បានបង្ហាញខ្លួនឡើងទូទាំងប្រទេសចិនក្នុងអំឡុង 2-3សប្ដាហ៍កន្លងទៅនេះ ដែលមិនមែនមានតែនៅជីលីនប៉ុណ្ណោះទេ តែរួមទាំងទីក្រុងវូហាន មណ្ឌលហ៊ូពេយ មណ្ឌលកណ្ដាលនៃការឆ្លងរាលដាលដំបូងគេនៅក្នុងប្រទេសចិន និងរួមទាំងមណ្ឌលហ៊ើយ ចៀងលង់ ទៀតផង។

    វីរបុរសវេជ្ជបណ្ឌិត សម័យមេរោគSARS អះអាងថា បើគ្មានវ៉ាក់សាំងការពារ ចិនមិនអាចនៅសុខបានទេ...លោកវេជ្ជបណ្ឌិត ចុង បានបន្តថា “ពលរដ្ឋចិនភាគច្រើនក្នុងអំឡុងពេលនេះ នៅតែទន់ជ្រាយចំពោះការឆ្លងមេរោគកូវីដ-19 នៅឡើយ ដោយសារតែខ្វះប្រព័ន្ធការពារមេរោគ…ខ្ញុំគិតថា ពេលនេះយើងកំពុងតែប្រឈមនឹងការសាកល្បងដ៏ធំមួយ ដែលវាមិនបានល្អជាងប្រទេសក្រៅប៉ុន្មានឡើយ”

    លោកវេជ្ជបណ្ឌិត ចុង បានទទួលការតែងតាំងជាអ្នកដឹកនាំការតស៊ូប្រឆាំងនឹងមេរោគកូវីដ-19 នៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងការឆ្លងរាតត្បាតដំណាក់កាលដំបូងៗ តាំងពីថ្ងៃទី20 មករាមក លោកវេជ្ជបណ្ឌិត បានអះអាងតាមរយៈស្ថានីយទូរទស្សន៍ CCTV ថា វីរុសកូរ៉ូណាប្រភេទថ្មី2019 អាចចម្លងតាមរយៈមនុស្សទៅមនុស្សបាន តែនៅពេលនោះក្រុមមន្ត្រីសាធារណៈសុខាភិបាលក្នុងតំបន់របស់ទីក្រុងវូហាន មិនទាន់បានអះអាងពីការចម្លងពីមនុស្សទៅមនុស្សនៅឡើយ។

    វីរបុរសវេជ្ជបណ្ឌិត សម័យមេរោគSARS អះអាងថា បើគ្មានវ៉ាក់សាំងការពារ ចិនមិនអាចនៅសុខបានទេ...ក្នុងឋានៈជាប្រធានក្រុមអ្នកជំនាញការ ដែលតែងតាំងដោយគណៈកម្មាធិការផ្នែកសុខភាពនៃប្រទេសចិន លោកវេជ្ជបណ្ឌិត ចុង បានចុះទៅទីក្រុងវូហាន នៅថ្ងៃទី18 មករា និងបានបញ្ជាក់ថា ក្នុងខណៈនោះ លោកបានទទួលទូរស័ព្ទជាច្រើនខ្សែពីគ្រូពេទ្យ និងកូនសិស្សរបស់លោកជាច្រើននាក់ ដែលបានប្រាប់លោកថា ស្ថានការណ៍អាក្រក់ខ្លាំងជាងខាងរដ្ឋបាលក្នុងតំបន់ រាយការណ៍ទៅទៀត។

    វីរបុរសវេជ្ជបណ្ឌិត សម័យមេរោគSARS អះអាងថា បើគ្មានវ៉ាក់សាំងការពារ ចិនមិនអាចនៅសុខបានទេ...លោកថ្លែងថា “អាជ្ញាធរក្នុងតំបន់ ក្នុងអំឡុងពេលនោះ ពួកគេមិនត្រូវការនិយាយការពិតទេ ហើយក្នុងអំឡុងពេលចាប់ផ្ដើមដំបូងៗ ក្រុមអាជ្ញាធរបានសម្ងំនៅស្ងៀម តែខ្ញុំបាននិយាយឡើងថា អ្នកឆ្លងមេរោគអាចមានចំនួនច្រើនជាងក្នុងរបាយការណ៍ ព្រោះតែនឹកសង្ស័យឡើងថា តាមរយៈការសង្កេតមើលតួលេខដែលរដ្ឋបាលតំបន់រាយការណ៍ពីស្ថានការណ៍នៅវូហាន នៅពេលនោះមានអ្នកជំងឺតែ 41នាក់ដដែលៗ រយៈពេល10ថ្ងៃ ទាំងដែលបាតុភូតឆ្លងរាលដាលនៅក្រៅប្រទេស បានកើតឡើងទៅហើយ”

    វីរបុរសវេជ្ជបណ្ឌិត សម័យមេរោគSARS អះអាងថា បើគ្មានវ៉ាក់សាំងការពារ ចិនមិនអាចនៅសុខបានទេ...លោកវេជ្ជបណ្ឌិត ចុង បានបន្ថែមថា “ខ្ញុំមិនជឿតួលេខចំនួនអ្នកឆ្លងមេរោគនោះទេ ដូច្នេះទើបខ្ញុំតែងសាកសួរជាប់ជានិច្ចថា អ្នកត្រូវប្រាប់តួលេខអ្នកឈឺពិតប្រាកដមកខ្ញុំ…ខ្ញុំគិតថា ពួកគេនៅស្ទាក់ស្ទើរខ្លាំងណាស់ក្នុងការឆ្លើយនឹងសំណួររបស់ខ្ញុំ”។

    2ថ្ងៃ តមក វូហាន រាយការណ៍ថា មានអ្នកឆ្លងមេរោគខណៈពេលនេះចំនួន 198នាក់ ស្លាប់ 3នាក់ និងមន្ត្រីពេទ្យឆ្លងមេរោគ 13នាក់…តមក យើងបានរៀបចំការប្រជុំក្រុមមន្ត្រីរដ្ឋបាលមជ្ឈិមប៉េកាំង រួមទាំងលោក លី ខឺ ឈាង នាយករដ្ឋមន្ត្រីចិនរួមជាមួយផងដែរ ទើបលោកវេជ្ជបណ្ឌិតលើកសំណូមពរឱ្យបិទទីក្រុងវូហាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរបស់មេរោគវីរុសដ៏សាហាវនេះ។

    វីរបុរសវេជ្ជបណ្ឌិត សម័យមេរោគSARS អះអាងថា បើគ្មានវ៉ាក់សាំងការពារ ចិនមិនអាចនៅសុខបានទេ...តមកទៀត ទីក្រុងវូហានត្រូវបានបិទ 100%នៅថ្ងៃទី23 មករា ជាហេតុការណ៍ដែលមិនធ្លាប់កើតមានឡើងពីមុនមក។ រហូតមកដល់ថ្ងៃទី27 មករា ទើបលោកចូ សៀន វ៉ាង អភិបាលក្រុងវូហាន ទទួលស្គាល់ថា រដ្ឋបាលក្នុងតំបន់របស់ខ្លួន បានបិទបាំងព័ត៌មានវីរុសឆ្លងរាលដាលចំពោះប្រជាជន តាមដែលបានធ្វើតាមៗគ្នាមក និងថា រដ្ឋបាលក្នុងតំបន់អាចបង្ហើបប្រាប់ពីព័ត៌មាននេះបាន លុះត្រាតែមានការអនុញ្ញាតជាមុន។

    យ៉ាងណាក្ដី សម្រាប់ការសង្ស័យដែលថា ស្ថិតិរបស់រដ្ឋបាលចិន នៅតែមិនគួរឱ្យជឿជាក់ដដែល បើទោះជារដ្ឋបាលមជ្ឈិមប៉េកាំង បានចុះមកគ្រប់គ្រងដោយខ្លួនឯងក្នុងអំឡុងចុងខែមករាក្ដី រួមទាំងការតាំងសំណួរដែលបង្ហាញពីការមិនទុកចិត្តអំពីលោក ដូណាល់ ត្រាំ មេដឹកនាំសហរដ្ឋអាមេរិកផងនោះ លោកវេជ្ជបណ្ឌិត ចុង បានបដិសេធថា មិនមែនដូច្នោះទេ។

    លោកវេជ្ជបណ្ឌិតថ្លែងថា “រដ្ឋបាលចិន បានទទួលមេរៀនពីអំឡុងពេលដែលមេរោគសារស៍រាតត្បាតរួចមកហើយ ដែលនៅពេលនោះចិនបានបិទបាំងការឆ្លងរាតត្បាតប្រមាណជា 2 ឬ 3ខែ តែលើកនេះ រដ្ឋបាលចិនបានប្រកាសថា គ្រប់ទីក្រុង គ្រប់សហគមន៍ គួរតែរាយការណ៍ពីតួលេខពិត បើសិនមិនធ្វើតាម នឹងត្រូវដាក់ទោស ដូច្នេះខ្ញុំគិតថា តាំងពីថ្ងៃទី23 មករាមក គ្រប់ព័ត៌មាន សុទ្ធតែត្រឹមត្រូវ”

    វីរបុរសវេជ្ជបណ្ឌិត សម័យមេរោគSARS អះអាងថា បើគ្មានវ៉ាក់សាំងការពារ ចិនមិនអាចនៅសុខបានទេ...

    អ្នកជំនាញការល្បីឈ្មោះរបស់ចិនរូបនេះ ថែមទាំងបានបដិសេធទ្រឹស្ដីដែលលោកដូណាល់ ត្រាំ និងលោកម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ព្យាយាមវាយប្រហារចិនថា វីរុសនេះកើតឡើងនៅក្នុងមន្ទីរពិសោធន៍វូហាននោះទៀតផង។

    លោកថ្លែងថា “កាលនោះ ខ្ញុំបានសួរបញ្ជាក់លោកស្រី ស៊ឺ ជឹង លី អ្នកជំនាញខាងជំងឺរាតត្បាតនៅឯស្ថាប័នជំងឺរាតត្បាតវិទ្យារបស់វូហាន លោកស្រីជាមិត្តភក្តិដ៏ល្អរបស់ខ្ញុំ។ លោកស្រីប្រាប់ថា ការចោទប្រកាន់ដែលសង្ស័យថា មេរោគវីរុសនេះកើតឡើងនៅក្នុងបន្ទប់ពិសោធន៍ដោយឧប្បត្តិហេតុនោះ គឺជារឿងផ្ដេសផ្ដាស់ វាគ្មានអ្វីបែបនោះទេ និងដោយឧបករណ៍ជំនួយភាពងាយស្រួលទាំងឡាយ និងបុគ្គលិកនៅទីនោះ វាមិនអាចទៅរួចសោះឡើយ ដែលថាមានការសាងវីរុសឡើងបាននៅក្នុងពេលនោះ”

    នៅដើមខែកុម្ភៈ មានមន្ត្រីពីក្រុមគ្រប់គ្រងរោគពីផ្នែកមជ្ឈិមរបស់ចិន បានទៅត្រួតពិនិត្យបន្ទប់ពិសោធន៍របស់វូហាន អស់រយៈពេល 2សប្ដាហ៍ តែក៏រកមិនឃើញមានអ្វីខុសប្រក្រតីឡើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

    ប្រែសម្រួលដោយ តាវ៉ែនតា

  • សង្គ្រាម​ពាក្យ​សម្ដី​រវាង​ Trump និង​ Obama កាន់​តែ​ “សាហាវ” ខណៈ​តួលេខ​អ្នក​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ កើន​លើស​90,000​នាក់

    សង្គ្រាម​ពាក្យ​សម្ដី​រវាង​ Trump និង​ Obama កាន់​តែ​ “សាហាវ” ខណៈ​តួលេខ​អ្នក​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ កើន​លើស​90,000​នាក់

    អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Barack Obama ថ្មី​ៗ​នេះ បាន​រិះ​គន់​ជា​បន្ត​បន្ទាប់​ទៅ​លើ​ការ​ដឹក​នាំ​របស់​រដ្ឋបាល​លោក​ Donald Trump ទាក់​ទង​ទៅ​នឹង​ COVID-19 ដែល​នេះ​បាន​បណ្ដាល​ឱ្យ​ប្រធានា​ធិបតី​កំពុងកាន់​អំណាច ​មាន​ប្រតិ​កម្ម​តប​យ៉ាង​ខ្លាំង​ក្លា​។

    ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ សហរដ្ឋអាមេរិក​បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណា​​ថ្មី​ចំនួន​19,053​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​តួលេខ​អ្នកជំងឺ​COVID-19​ នៅ​ប្រទេស​នេះ​ឡើង​ដល់ជាង​​1,526,800​នាក់។ អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​ មាន​​ជាង​90,970​នាក់​​ ក្នុង​នោះ​ អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​860​នាក់​។ សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។

    ទាក់​ទង​នឹង​បញ្ហានៃ​វិធាន​ការ​ទប់​ទល់​នឹង​​វិបត្តិ COVID-19 នៅ​សហរដ្ឋ​អាមេរិក ថ្មី​ៗ​នេះ​ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Barack Obama បាន​បញ្ចេញ​សំឡេង​រិះ​គន់​ទៅ​លើ​រដ្ឋបាល​លោក​ Trump ជា​បន្ត​បន្ទាប់ ធ្វើ​ឱ្យ​លោក​ Trump ឆ្លើយ​តប​ប្រកប​ដោយ​ភាព​ខ្លាំងក្លា​។

    លោក​ Barack Obama ធ្លាប់​បាន​ថ្លែងថា “មេរោគ​រាត​ត្បាត​នេះ​ បាន​កាត់​ផ្ដាច់​យោបល់​ដែល​ថា ថ្នាក់​ដឹក​នាំ​ជា​ច្រើន​បាន​ដឹង​ថា ខ្លួន​កំពុង​ធ្វើអ្វី​។ ក្នុង​ចំណោម​ពួក​គេ​ មាន​ថ្នាក់​ដឹក​នាំ​​មិន​តិច​នោះ​ទេ​​ដែល​មិន​ខ្ចី​ទាំង​ធ្វើ​ពើ​ថា​ខ្លួន​កំពុង​គ្រប់​គ្រង​ (ការ​ងារ​)”។ លោក​ក៏បាន​សង្កត់​ធ្ងន់​ថា COVID-19 ​បាន​បង្ហាញ​អំពី​​ភាព​មិន​ស្មើ​ភាព​គ្នា​​នៃ​ពូជ​សាសន៍​នៅ​ហសរដ្ឋ​អាមេរិក​។ អតីត​ប្រធានាធិបតី​រូប​នេះ​ក៏​បាន​បង្ហាញ​ការ​ខឹង​សម្បា​ខ្លាំង​ចំពោះ​ករណី​បុរស​ស្បែក​ខ្មៅ​វ័យ​25​ឆ្នាំ​ ឈ្មោះ​ Ahmaud Armaud Arbery ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ពេល​កំពុង​ដើរ​ហាត់​ប្រាណ​នៅ​ឯរដ្ឋ​ Georgia​ កាល​ពីថ្ងៃ​ទី​23​កុម្ភៈ​2020​ ដោយ​សារ​តែ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់ក្រុម​មនុស្ស​ដែល​ចេញ​មក​រារាំង​គាត់​។ កាល​ពី​ដើម​ខែ​ឧសភា លោក Obama បាន​ហៅ​វិធាន​ការ​ទប់​ទល់​ COVID-19 របស់​សេត​វិមាន​ថាជា “គ្រោះ​មហន្ត​រាយ​ដ៏ច្របូក​ច្របល់​”​ផង​ដែរ។

    ឆ្លើយ​តប​នឹង​ការ​រិះ​គន់​ខាងលើ​​ លោក​ Trump ក៏​បាន​ចោទ​​លោក​ Obama ថា “ពិត​ជា​គ្មាន​សមត្ថ​ភាព​” ក្នុង​អំឡុង​កាន់​អំណាច។ លោក Trump បន្ត​ថា “ចូរ​គិត​ឡើង​វិញ គាត់​ធ្លាប់​ជា​ប្រធានាធិបតី​អសមត្ថ​ភាព​ នោះ​គឺជា​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​។ គាត់​ជា​មនុស្ស​​អសមត្ថ​ភាពពិត​មែន​”។

    ថ្មី​ៗ​នេះ​ លោក​ Trump បាន​ចាប់​ផ្ដើម​បង្ហោះ​សារ​ជា​បន្ត​បន្ទាប់​​ដើម្បី​រិះ​គន់​អតីត​ប្រធានាធិបតី​អាមេរិកាំង​។ លោក​ Trump បាន​ប្រើ​ប្រាស់​ពាក្យ​ “Obamagate” ជា​ច្រើន​លើក​ ដោយ​ចោទ​លោក Obama ថា បាន​រារាំង​លោក​​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ឡើង​កាន់​អំណាច​ដោយ​ការ​ប្រើ​ប្រាស់ FBI ដើម្បី​ “ដាក់​អន្ទាក់” ចាប់​ទី​ប្រឹក្សា​ផ្នែក​នយោបាយមួយ​ចំនួន​​របស់​លោក​ ដូច​ជា​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ Michael Flynn ជា​ដើម​។ លោក Trump យល់​ថា លោក​ Obama នៅ​ពី​ក្រោយ​ការ​ស៊ើប​អង្កេត​​ទៅ​លើ​ករណី​រុស្ស៊ី​លូក​ដៃ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ បណ្ដាល​ឱ្យ​លោក Flynn ត្រូវ​ជាប់​​ទោស​។

    នៅក្នុង​ប្រតិកម្ម​មួយ​កាល​ពី​ម្សិលមិញ (17ឧសភា) លោក Trump បាន​ស្នើ​ឱ្យ​កាត់​ទោស​លោក Obama និង​លោក​ Joe Biden (បេក្ខភាព​ប្រធានាធិបតី​មក​ពី​បក្ស​ប្រ​ជាធិបតេយ្យ​​ នា​បច្ចុប្បន្ន​) ឱ្យ​ជាប់​ពន្ធ​នាគារ​50​ឆ្នាំ​។ ម្ចាស់​សេត​វិមាន​ បាន​ចោទ​លោក​ Obama និង​លោក Biden ថា ជាប់​ទាក់​ទិន​នឹង​ការ​ស៊ើប​អង្កេត​មួយ​ដែល​លោក​ Trump ហៅ​ថាជា “អំពើ​អាប​ធ្មប់” របស់​ FBI ប្រឆាំង​នឹង​លោក Flynn៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស