Category: សុខភាព

  • “រក្សាគម្លាតឆ្ងាយពីគ្នា – លាង​សម្អាត​ដៃ – ​​ពាក់​ម៉ាស់​ការពារ” ​ជា​បែបបទជីវិតបែបថ្មី ក្រោយស្ងាត់កូវីដ-19…

    “រក្សាគម្លាតឆ្ងាយពីគ្នា – លាង​សម្អាត​ដៃ – ​​ពាក់​ម៉ាស់​ការពារ” ​ជា​បែបបទជីវិតបែបថ្មី ក្រោយស្ងាត់កូវីដ-19…

    ច្រើនជាង 5លាននាក់ហើយ សម្រាប់តួលេខអ្នកឆ្លងមេរោគកូវីដ-19 ទូទាំងពិភពលោក តែទាំងអស់នោះ នៅមិនទាន់ស្មើនឹងចំនួនអ្នកដែលបានទទួលរងផលប៉ះពាល់ពីការឆ្លងរាតត្បាតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីក្នុងគ្រានេះនៅឡើយ ជាពិសេស ផលប៉ះពាល់ខាងសេដ្ឋកិច្ច សង្គម និងបែបបទជីវិតការរស់នៅ…។

    មិនអាចបដិសេធបានឡើយថា កូវីដ-19 គឺជាអ្នកជំរុញប្រតិកម្មសំខាន់ៗ ដែលហុចផលឱ្យមនុស្សម្នាទូទាំងពិភពលោក ត្រូវតែផ្លាស់ប្ដូរទង្វើ និងឡៃហ្វ៍ស្តាយល៍របស់ពួកគេ ពីការនិយមប្រើលុយទិញភាពងាយស្រួលសុខសប្បាយ ដូចជា ការញ៉ាំ ផឹកស៊ី ដើរលេង ដើរទិញទំនិញ រស់នៅក្រៅផ្ទះ ដើរកម្សាន្តយ៉ាងសេរី ដោយបន្ទាប់ពីនេះទៅ មនុស្សម្នាចំនួនដ៏ច្រើន នៅក្នុងប្រទេសជាច្រើន ប្រហែលជាមិនអាចបែរត្រឡប់មករស់នៅបែបដូចកាលពីពេលមុនបានឡើយ និងប្រហែលជាលែងដូចមុនទៀតហើយ ប្រភេទដែលចូលចិត្តដើរឆេកអ៊ីនតាមទីកន្លែងផ្សេងៗ ហើយផូស្តដាក់ហ្វេសប៊ុក ហោះទៅទិញទំនិញនៅបរទេស តាមរយៈក្រុមហ៊ុនអាកាសចរណ៍តម្លៃថោក ឬឡូវ៍ខូសអ៊ែរឡាញ រៀងរាល់ខែ ឬសូម្បីតែការជប់លៀងសប្បាយផ្សេងៗ ក៏ប្រហែលជាពិបាកនឹងធ្វើបានដូចកាលពីមុនខ្លាំងណាស់។

    នោះគឺ ជីវិតបន្ទាប់ពីនេះទៅ នឹងត្រូវរស់នៅក្នុងបន្ទាត់បទដ្ឋានថ្មីមួយ (New Norm) និងវិធីប្រតិបត្តិបែបថ្មី (New Normal)ហើយ។

    New Normal មិនមែនជាវាក្យស័ព្ទបញ្ញត្តិថ្មីនោះទេ តែវាកើតមានឡើងតាំងពីពេលកើតវិបត្តិសេដ្ឋកិច្ច ហ៊ែមប៊ើហ្គើរ នៅក្នុងប្រទេសសហរដ្ឋអាមេរិក ក្នុងឆ្នាំ2007-2009 មកម្ល៉េះ។

    លោក Bill Gross ស្ថាបនិកក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ជនជាតិអាមេរិកាំង គឺជាមនុស្សដំបូងគេដែលនិយាយពាក្យនេះ ដើម្បីដាស់តឿនស្មារតីពលរដ្ឋអាមេរិកាំងទាំងឡាយថា ក្រោយពីវិបត្តិសេដ្ឋកិច្ច គ្រប់យ៉ាងនឹងមិនដូចពីមុនទៀតឡើយ ដូច្នេះ កុំរវល់តែនឹកសង្ឃឹមថា ជីវិតនឹងវិលត្រឡប់មកហ៊ឺហា បានដូចមុន កណ្ដាលបំណុលដ៏ច្រើនមហាសាល និងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះនោះឱ្យសោះ។

    រួចហើយនៅឆ្នាំ2020 នេះ ពាក្យថា New Normal ត្រូវបាននាំយកមកប្រើជាថ្មីម្ដងទៀត ក្នុងវិបត្តិការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19 តែលើកនេះមិនមែនដាស់តឿនត្រឹមតែជនជាតិអាមេរិកាំងប៉ុណ្ណោះទេ តែជាការប្រាប់ទៅមនុស្សទូទាំងពិភពលោកថា ជីវិតបន្ទាប់ពីនេះទៅ នឹងក្លាយជារឿងថ្មីៗ ដែលមិនដូចពីដើម ទាំងរឿងការហូបចុក ការរស់នៅ និងការប្រាស្រ័យទាក់ទងគ្នា។

    រឿងមួយ ក្នុងចំណោមភាពមិនដូចពីដើម ដែលមនុស្សជាច្រើន ចាប់ផ្ដើមកែសម្រួល និងកាន់តែស៊ាំធ្លាប់ខ្លាំងឡើងនោះគឺ ការរក្សាគម្លាតពីគ្នាខាងរាងកាយ ឬ Physical Distancing ដែលអង្គការសុខភាពពិភពលោក បានកំណត់ឱ្យប្រើជំនួសពាក្យថា ការរក្សាគម្លាតខាងសង្គម ឬ Social Distancing។

    លោក Daniel Aldrich សាស្ត្រាចារ្យផ្នែករដ្ឋសាស្ត្រ និងនយោបាយសាធារណៈ នៃមហាវិទ្យាល័យ ណូស អ៊ីស្ទើន ជាមនុស្សម្នាក់ដែលចេញមកគាំទ្រការប្រើពាក្យថា រក្សាគម្លាតពីគ្នាខាងរាងកាយ ព្រោះវាធ្វើឱ្យមើលឃើញទិដ្ឋភាពយ៉ាងច្បាស់ថា ជាគម្លាតខាងរាងកាយ មិនមែនជាការតភ្ជាប់ខាងសង្គម។

    លោក អាលឌ្រិស ប្រាប់ថា ចាំបាច់ត្រូវតែទំនាក់ទំនងឱ្យមនុស្សម្នាយល់ដឹង អំពីភាពខុសប្លែករបស់ពាក្យ 2ប្រយោគនេះ ព្រោះមនុស្សយើងគួរតែមានការតភ្ជាប់ខាងសង្គម ដោយការរក្សាគម្លាតពីគ្នាខាងរាងកាយ។ ការប្រើពាក្យថា គម្លាតខាងសង្គម អាចធ្វើឱ្យកើតមានការយល់ខុសថា ត្រូវកាត់ផ្ដាច់ការទំនាក់ទំនងជាមួយសង្គម ក្រុមគ្រួសារ ឬមនុស្សដែលយើងស្រឡាញ់ ដែលវានឹងធ្វើឱ្យទទួលបានលទ្ធផលផ្ទុយពីអ្វីដែលត្រូវការទំនាក់ទំនង ឬត្រូវការឱ្យកើតមានការផ្លាស់ប្ដូរទង្វើ…។

    លោកបានឱ្យហេតុផលថា ពាក្យថា រក្សាគម្លាតខាងសង្គម ជាពាក្យដែលប្រើក្នុងផ្នែកជំងឺរាតត្បាតវិទ្យា និងសាធារណៈសុខាភិបាល មានន័យថា ជាការសាងទីតាំងរបស់រាងកាយរវាងមនុស្ស 2នាក់ និងចៀសវាងពីការផ្ដុំគ្នាក្នុងចំនួនច្រើន។

    លោកនិយាយថា “ខ្ញុំគិតថា ការព្យាយាមក្នុងការធ្វើឱ្យការឆ្លងរាតត្បាតរបស់វីរុសថយយឺតជាងមុននោះ គួរតែគាំទ្រឱ្យសង្គមស្អិតល្មួតគ្នាខ្លាំងឡើង ដោយគ្រាន់តែរក្សាគម្លាតខាងរាងកាយ”។

    ខណៈដែលអ្នកស្រី Maria Van Kerkhove អ្នកជំនាញខាងជំងឺរាតត្បាត របស់អង្គការសុខភាពពិភពលោក ឬWHO បានប្រាប់ថា តិចណូឡូជី នាពេលបច្ចុប្បន្នបានឈានទៅឆ្ងាយណាស់ហើយ យើងអាចតភ្ជាប់ជាមួយសង្គមបាន ដោយមិនចាំបាច់ត្រូវមានការប៉ះពាល់ ឬនៅជិតស្និទ្ធនឹងគ្នាទេ ហើយអ្វីដែល WHO ប្ដូរមកប្រើពាក្យ រក្សាគម្លាតខាងរាងកាយ ជំនួសពាក្យរក្សាគម្លាតខាងសង្គម នេះ ក៏ព្រោះតែយើងត្រូវការឱ្យមនុស្សម្នាធ្វើការទំនាក់ទំនងឆ្លើយឆ្លងគ្នា។ ដូច្នេះ អ្វីដែលនឹងកើតឡើងបន្ទាប់ពីនេះ យើងនឹងបានឃើញទិដ្ឋភាពមនុស្សអង្គុយកៅអីរំលងចន្លោះពីគ្នាមួយៗ នៅក្នុងយន្តហោះ រថយន្តក្រុង ឬសូម្បីតែសេវាដឹកជញ្ជូនសាធារណៈក្នុងរូបបែបផ្សេងៗគ្នាទៀតផង។

    ការឈរឆ្ងាយពីគ្នាយ៉ាងតិច 1.5 – 2ម៉ែត្រ ក្នុងការរង់ចាំដើម្បីបានប្រើសេវាកម្មភោជនីយដ្ឋាន ហាងផ្សារទំនើប ជាពិសេសក្នុងភោជនីយដ្ឋាន ការអង្គុយញ៉ាំអាហារម្នាក់ៗឯង ឬការរៀបចំតុឱ្យនៅឆ្ងាយៗពីគ្នា និងមិនអង្គុយរួមគ្នាច្រើនៗនាក់ ប្រហែលនឹងក្លាយជាវប្បធម៌ថ្មី ដែលនឹងកើតឡើងបន្ទាប់ពីនេះ។

    ទង្វើរបស់អ្នកប្រើប្រាស់សេវាកម្ម ឬអ្នកបរិភោគ ភាគច្រើននឹងផ្លាស់ប្ដូរ មនុស្សនឹងពាក់ម៉ាស់អនាម័យការពារ និយាយគ្នាច្រើនឡើង ជាការពាក់ម៉ាស់ដើម្បីការពារការចម្លង និងឆ្លងមេរោគ មិនមែនក្នុងន័យប្រៀបធៀបនោះទេ។ ការពាក់ម៉ាស់អនាម័យការពារ គឺ New Normal ពិតប្រាកដ ក្នុងពេលដែលត្រូវធ្វើដំណើរចេញពីផ្ទះគ្រប់គ្រា។

    ជេលអាល់កុល និងទឹកអាល់កុល នឹងក្លាយជាវត្ថុចាំបាច់ដែលត្រូវមានក្នុងកាបូបជាប់រហូត ដូចដែលមនុស្សចាស់ ត្រូវមានប្រេងខ្យល់ ប្រេងកូឡាជាប់ខ្លួនដូច្នោះដែរ។ ដូចគ្នានឹងស្រោមដៃ ហ្វេសស៊ីលដ៍ នឹងក្លាយជាឧបករណ៍ដែលមនុស្សងាកមករកទិញ និងយកមកប្រើជារបស់ធម្មតាប្រក្រតី រួមទាំងការលាងដៃ ដែលជាសុខៈនិស្ស័យ ដែលធ្លាប់មានការព្យាយាមប្រាប់ឱ្យមនុស្សម្នាមានទង្វើលាងដៃឱ្យបានញឹកញាប់ តែមិនបានសម្រេចនោះ ពេលនេះពួកគេនឹងនាំគ្នាងាកមកលាងដៃកាន់តែញឹកញាប់ឡើង ដោយមិនចាំបាច់បង្ខំ ឬណែនាំច្រើនដងឡើយ។

    អ្នកវិភាគបានវាយតម្លៃថា កូវីដ-19 គឺជាអ្នកជំរុញ Trend នាពេលអនាគតឱ្យឆាប់កើតឡើង ដោយអ្វីដែលគេនាំគ្នារំពឹងថា នឹងក្លាយជា New Normal ក្រោយពីវិបត្តិកូវីដ-19 ដូចជា ទង្វើការប្រើអ៊ីនធើណិត ការរៀនតាមអនឡាញ ឬការធ្វើការងារពីផ្ទះ ការប្រជុំតាមអនឡាញ ការកុម្ម៉ង់ទិញទំនិញតាមអនឡាញ ការធ្វើជំនួញខាងហិរញ្ញវត្ថុ ការមើលខ្សែភាពយន្តតាមប្រព័ន្ធអនឡាញ ជាដើម។

    ការគូសខ្សែបែងចែកនៅក្នុងបន្ទប់ជណ្ដើរយន្ត ឱ្យឈរឆ្ងាយពីគ្នា បែរមុខចេញពីគ្នា ចៀសវាងពីការនិយាយគ្នានៅក្នុងបន្ទប់ជណ្ដើរយន្ត ការទំនាក់ទំនងឆ្លើយឆ្លងគ្នាខាងប្រព័ន្ធអេឡិចត្រូនិក ដូចជា តាម Line ឬ Video Call ផ្សេងៗ ជំនួសការទៅជួបគ្នាដោយផ្ទាល់ ការប្រជុំតាមរយៈតិចណូឡូជីក្នុងប្រព័ន្ធ ឬប្លាតហ្វ៉មផ្សេងៗ ជំនួសការប្រជុំ ឬសិក្ខាសាលា រួមទាំងការសម្រេចចិត្តប្រើប្រាស់លុយកាក់ក្នុងការចាយវាយផ្សេងៗ មនុស្សនឹងមានការគិតច្រើនជាងមុន ប្រយ័ត្នប្រយែងច្រើនជាងមុន កាត់បន្ថយការទិញទំនិញខ្ជះខ្ជាយ ដោយអាចនឹងងាកមកទិញការធានារ៉ាប់រងសុខភាព ឬធានារ៉ាប់រងជីវិតកាន់តែច្រើនឡើងផងដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា

  • ជិត​100,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ លោក​ Trump ចេញ​ទៅ​លេង​កីឡា​

    ជិត​100,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ លោក​ Trump ចេញ​ទៅ​លេង​កីឡា​

    សហរដ្ឋ​អាមេរិក​​បាន​​រាយការណ៍​ថា​ អ្នក​ស្លាប់​ថ្មី​ដោយ​សារ​វីរុស​COVID-19 មាន​ចំនួន​ជាង​1,000​នាក់​ នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​ជិត​99,000​នាក់​ក្នុង​ចំណោម​អ្នកជំងឺ​កូរ៉ូណា​ជិត​1.7​លាន​នាក់​​នៅ​ទូទាំង​ប្រទេស​។

    តួលេខ​សរុប​នៃ​អ្នកជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ គឺ 1,666,244​នាក់ និង​98,661​នាក់​ កើន​22,659​នាក់ និង​1,071​នាក់​ ធៀប​នឹង​ម្សិល​មិញ។

    រដ្ឋ​ចំនួន​50​របស់​សហរដ្ឋ​អាមេរិក​ បាន​បន្ធូរ​បន្ថយ​ការរឹត​ត្បិត​លើ​ការ​ដើរ​ហើរ​ក្នុង​កម្រិត​ផ្សេង​ៗ​គ្នា​។ ប្រធានាធិបតី​អាមេរិកាំង​ កាលពី​ថ្ងៃទី22​កន្លង​ទៅ បាន​ចេញ​បទ​បញ្ជា​មួយ​ អនុញ្ញាត​ឱ្យ​មាន​ការ​ជួប​ជុំ​គ្នា​ច្រើន​បំផុត​ត្រឹម​​10​នាក់​​ ឱ្យ​តែ​ពួក​គេ​​គោរព​ទៅ​តាម​វិធាន​ការ​រក្សា​គម្លាត​សង្គម​។

    ថ្ងៃទី​23​ឧសភា មនុស្ស​រាប់​ពាន់​នាក់​បាន​ចេញ​ទៅ​លេង​សមុទ្រ​ និង​តំបន់​ទេសចរណ៍​ផ្សេង​ៗ​​​ក្នុង​ឱកាស​រដូវ​បុណ្យ​ជាតិ​ Memorial Day(ទិវា​ចងចាំ​វីរជន​ពលី​អាមេរិកាំង​) បន្ទាប់​ពី​បាន​ជាប់​ក្នុងបម្រាម​គោចរ​​អស់​មួយ​រយៈ​ពេល​វែង​កន្លង​មក​​នេះ​។

    ក្នុងចំណោម​មនុស្ស​ដែល​បាន​ចេញ​ទៅ​លេង​ខាង​ក្រៅកាល​ពី​ថ្ងៃ​សៅរ៍​​ ក៏​មាន​លោក​ប្រធានាធិបតី​ Trump ផងដែរ​ ដែល​ពេល​នោះ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្លិប​ Trump នៅ​ក្នុង​រដ្ឋ​ Virginia ដើម្បី​លេង​វាយ​កូន​ហ្គោល​។

    លោក Trump ក៏​កំពុង​តែ​ជំរុញ​ឱ្យ​រដ្ឋ​នានា​​បើក​ទ្វារ​សេដ្ឋកិច្ច​ឡើង​វិញ​ដើម្បី​ទប់​ស្កាត់​ឱន​ភាព​សេដ្ឋ​កិច្ច​​នៅមុន​ការ​បោះ​ឆ្នោត​ជាតិ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស​

  • ជិត​5.4​លាន​នាក់​បាន​ឆ្លង​ COVD-19 នៅ​ទូទាំង​ពិភពលោក​ ខណៈ​អ្នក​ស្លាប់​ក៏ចេះ​តែ​កើន​ឡើង​

    ជិត​5.4​លាន​នាក់​បាន​ឆ្លង​ COVD-19 នៅ​ទូទាំង​ពិភពលោក​ ខណៈ​អ្នក​ស្លាប់​ក៏ចេះ​តែ​កើន​ឡើង​

    ពិភពលោក​ទាំង​មូល​ត្រូវ​បាន​រាយ​ការណ៍​ថា បាន​រកឃើញ​មនុស្ស​ជិត​5.4​លាន​នាក់​មាន​ផ្ទុក​វីរុស​COVID-19 ក្នុង​នោះ​មាន​ជាង​343,000​នាក់​បាន​បាត់​បង់​ជីវិត​ ខណៈ​តំបន់​អាមេរិក​ខាង​ត្បូង​​បាន​ក្លាយ​ជា​សម្បុក​មេរោគ​​កូរ៉ូណា​ធំ​ និង​ថ្មីមួយ​​ គួរ​ឱ្យ​ព្រួយ​បារម្ភ​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក​ មានអ្នក​ជំងឺ​COVID-19 សរុប​ ឡើង​ដល់​5,396,970​នាក់​ និង​អ្នក​ស្លាប់​មាន​ចំនួន​343,582​នាក់​ ក្នុង​នោះ​អ្នក​ជំងឺ​ និង​អ្នក​ស្លាប់​ដែល​ទើប​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ មាន​ចំនួន​101,508​នាក់ ​និង​4,262​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​ បាន​កើន​ដល់​2,326,175​នាក់​។

    ទ្វីប​អាមេរិក​មាន​អ្នក​ជំងឺ​COVID-19​សរុប​2,456,635​នាក់ ក្នុង​នោះ​អាមេរិក​ខាង​ជើង​មាន​1,851,746​នាក់​ អាមេរិក​ខាង​ត្បូង​មាន​604,889​នាក់​ ចំណែក​ទ្វីប​អឺរ៉ុប​មាន​1,885,900​នាក់​ អាស៊ី​មាន​936,333​នាក់​ និង​អាហ្វ្រិក​មាន​109,470​នាក់​។

    ក្នុង​ពិភពលោក​ មាន​​ប្រទេស​ចំនួន​12ដែល​មាន​អ្នកជំងឺ​ច្រើន​ជាង​100,000​នាក់​ រួម​មាន​ សហរដ្ឋ​អាមេរិក ប្រេស៊ីល រុស្ស៊ី​ អេស្ប៉ាញ អង់គ្លេស​ អ៊ីតាលី​ បារាំង អាល្លឺម៉ង់​ ទួរគី​ អ៊ីរ៉ង់​ ឥណ្ឌា និង​ប្រទេស​ប៉េរូ។

    ប្រទេស​ដែល​មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​ មាន​ចំនួន​6​ប្រទេស​ រួម​មាន​ សហរដ្ឋ​អាមេរិក​ អង់គ្លេស​ អ៊ីតាលី អេស្ប៉ាញ បារាំង​ និង​ប្រេស៊ីល​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • បង្ខាំងខ្លួននៅតែក្នុងផ្ទះ គេចពីកូវីដ-19 ធ្វើឱ្យសិស្សស្រីជប៉ុន “មានផ្ទៃពោះក្នុងវ័យរៀន” កើនឡើងខ្ពស់

    បង្ខាំងខ្លួននៅតែក្នុងផ្ទះ គេចពីកូវីដ-19 ធ្វើឱ្យសិស្សស្រីជប៉ុន “មានផ្ទៃពោះក្នុងវ័យរៀន” កើនឡើងខ្ពស់

    ទប់ស្កាត់មេរោគ តែមិនទប់ស្កាត់ការលូកលាន់ផ្លូវភេទ!! សិស្សស្រីកម្រិតមធ្យមសិក្សាជនជាតិជប៉ុន ដែលបានទទូចសុំការជួយសង្គ្រោះរឿងការមានគភ៌ដោយមិនបានតាំងចិត្ត បានកើនឡើងច្រើនជាប្រវត្តិសាស្ត្រ ដែលគេសន្និដ្ឋានថា ជាផលប៉ះពាល់ដែលបណ្ដាលមកពីការបង្ខាំងខ្លួននៅតែក្នុងផ្ទះ ដើម្បីទប់ស្កាត់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ធ្វើឱ្យមានឱកាសកើតមានភេទសម្ព័ន្ធ រហូតដល់នាំឆ្ពោះទៅរកការតាំងគភ៌ដែលមិនបានត្រៀមខ្លួន។

    មន្ទីរពេទ្យជិខេ ក្នុងខេត្តឃូម៉ាម៉ូតុះ មន្ទីរពេទ្យជំនាញខាងសម្ភព រោគស្ត្រី និងកុមារ បានបង្ហើបឱ្យដឹងថា ក្នុងខែមេសាកន្លងទៅ ខាងមន្ទីរពេទ្យបានទទួលការសុំប្រឹក្សារឿងការតាំងគភ៌ដោយមិនបានត្រៀមខ្លួនជាមុន ច្រើនដល់ទៅ 592ករណី ជាចំនួនដែលខ្ពស់បំផុត ចាប់តាំងពីមានការកត់ត្រាស្ថិតិមក។ ក្នុងចំនួននេះ មានសិស្សស្រីក្នុងកម្រិតមធ្យមសិក្សាច្រើនដល់ទៅ 75ករណី ឬ 13% កើនឡើងទ្វេដងកាលពីឆ្នាំមុន ដោយសិស្សស្រីដែលមកសុំការប្រឹក្សារឿងការតាំងគភ៌ទាំងនោះ ជាក្រុមអ្នកដែលមានអាយុទាបជាង 20ឆ្នាំ មានចំនួនច្រើនជាងគេបំផុត។

    មន្ទីរពេទ្យជិខេ ក្នុងខេត្តឃូម៉ាម៉ូតុះ បានរៀបចំបង្កើតមជ្ឈមណ្ឌលផ្ដល់ការប្រឹក្សារឿងការតាំងគភ៌ ទាំងតាមរយៈទូរស័ព្ទ និងអ៊ីមេល ពេញ 24ម៉ោង។ មន្ទីរពេទ្យមួយនេះ ត្រូវបានគេស្គាល់ តាមរយៈការបង្កើត “ទូទទួលទារកដែលបោះចោល” ដែលស្ត្រីក្មេងៗដែលតាំងគភ៌ដោយគ្មានចេតនា បាននាំយកទារកមកប្រគល់ឱ្យខាងមន្ទីរពេទ្យដោយមិនចាំបាច់បង្ហាញខ្លួន ដើម្បីស្វែងរកអ្នកមានបំណងយកទៅចិញ្ចឹមបន្ត។

    “ទូទទួលទារកដែលបោះចោល” ដែលស្ត្រីក្មេងៗ ដែលមានគភ៌ដោយអចេតនា នាំយកទារកមកប្រគល់ឱ្យមន្ទីរពេទ្យ

    មន្ត្រីរបស់មន្ទីរពេទ្យបានបញ្ជាក់ថា តាំងពីបើកមជ្ឈមណ្ឌលផ្ដល់ការប្រឹក្សាកាលពីឆ្នាំ2007 មក ឆ្នាំនេះមានសិស្សស្រីក្មេងៗ មកសុំការជួយសង្គ្រោះច្រើនជាប្រវត្តិសាស្ត្រ ធ្វើគេសន្និដ្ឋានថា វាជាលទ្ធផលដែលបណ្ដាលមកពីការប្រកាសសភាវអាសន្ននៃជំងឺកូវីដ-19 ធ្វើឱ្យប្រជាជនត្រូវនៅតែក្នុងផ្ទះ ដែលជាឱកាសធ្វើឱ្យបណ្ដាយុវវ័យប្រុស-ស្រី មានភេទសម្ព័ន្ធ និងកើតការតាំងគភ៌ដោយមិនបានប៉ងប្រាថ្នាឡើង។

    សិស្សស្រីថ្នាក់មធ្យមសិក្សា ដែលមកសុំការប្រឹក្សា មានទាំងប្រាប់ថា “មិនដឹងពីវិធីការពារការតាំងគភ៌” “មានភេទសម្ព័ន្ធលើកដំបូង ក៏ស្រាប់តែតាំងគភ៌តែម្ដង” “មិនអាចចិញ្ចឹមកូនក្នុងវ័យរៀនបាន” លាក់បាំងឪពុកម្ដាយរឿងតាំងគភ៌” “ត្រូវការរំលូតចេញ” ជាដើម ល និងល។

    វេបផេចរបស់មជ្ឈមណ្ឌលផ្ដល់ការប្រឹក្សារឿងការតាំងគភ៌

    ខាងមន្ទីរពេទ្យបានដាស់តឿនថា ការមានផ្ទៃពោះដោយគ្មានចេតនា នឹងនាំឆ្ពោះទៅរកការសម្រេចចិត្តរំលូតកូនចោលបែបខុសច្បាប់ ឬប្រើថ្នាំដែលបង្កគ្រោះថ្នាក់ដល់រាងកាយ កើតក្ដីព្រួយកង្វល់ក្នុងចិត្ត រួមទាំងបញ្ហាខាងសេដ្ឋកិច្ច និងសង្គម ដូច្នេះមន្ទីរពេទ្យសូមណែនាំឱ្យសិស្សស្រីក្មេងៗ ដែលប្រឈមនឹងបញ្ហានេះ កុំលាក់ទុកក្ដីទុក្ខព្រួយតែម្នាក់ឯង ខាងមន្ទីរពេទ្យបានត្រៀមរួចជាស្រេចហើយ ក្នុងការផ្ដល់ការប្រឹក្សា និងរួមគ្នាស្វែងរកវិធីដែលល្អបំផុតសម្រាប់អ្នកទាំងអស់ ដោយមិនបង្ហាញអត្តសញ្ញាណរបស់សិស្សស្រីទាំងអស់នោះឡើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

     

  • បំបាក់មុខលោកត្រាំ!! លទ្ធផលស្រាវ​ជ្រាវ រកឃើញថា ការប្រើថ្នាំគ្រុនចាញ់ការពារកូវីដ-19 តាមការអះអាងរបស់លោកត្រាំ រឹតតែបន្ថែមគ្រោះថ្នាក់ដល់ស្លាប់…

    បំបាក់មុខលោកត្រាំ!! លទ្ធផលស្រាវ​ជ្រាវ រកឃើញថា ការប្រើថ្នាំគ្រុនចាញ់ការពារកូវីដ-19 តាមការអះអាងរបស់លោកត្រាំ រឹតតែបន្ថែមគ្រោះថ្នាក់ដល់ស្លាប់…

    រកឃើញហាយដ្រុកស៊ីក្លូរ៉ូគីន ថ្នាំព្យាបាលជំងឺគ្រុនចាញ់ ដែលបានអួតអាងដោយលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថា អាចការពារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19បាន និងថែមទាំងប្រាប់ថា លោកបានប្រើវាជាប្រចាំ និងណែនាំឱ្យអ្នកឯទៀតធ្វើតាមដែរនោះ មានចំណែកបន្ថែមភាពប្រថុយប្រថានក្នុងការស្លាប់នៅលើអ្នកជំងឺកូវីដ-19 ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ នេះបើតាមរយៈការបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដែលបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រវេជ្ជសាស្ត្រ Lancet។

    នៅក្នុងការសិក្សាស្រាវជ្រាវដែលសង្កេតឃើញអាការអ្នកជំងឺកូវីដ-19 ដែលគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួន 96,000 បានរកឃើញថា ក្រុមអ្នកជំងឺដែលបានទទួលថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន(HydroxyChloriquine) ឬក្លូរ៉ូគីន(Chloriquine) មានភាពប្រថុយប្រថាននឹងការស្លាប់ ខ្ពស់ជាងអ្នកជំងឺដែលមិនបានទទួលថ្នាំនេះ។

    អ្នកសរសេរអត្ថបទនេះផ្សាយនៅក្នុងព្រឹត្តិបត្រខាងលើ បានបញ្ជាក់ថា ពួកគេមិនអាចអះអាងបានថា លទ្ធផលពីការប្រើថ្នាំមួយនេះ នឹងមានប្រយោជន៍ណាមួយចំពោះអ្នកជំងឺវីរុសកូរ៉ូណាប្រភេទថ្មីនេះឡើយ ដូច្នេះហើយទើប “ការអះអាងយ៉ាងបន្ទាន់តាមរយៈការសាកល្បងខាងការព្យាបាល(ឬគ្លីនិក)បែបព្រាវៗ មានភាពចាំបាច់”

    តម្រូវការថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន បានកើនឡើងខ្ពស់បំផុត ខុសពីអំឡុងច្រើនទសវត្សរ៍មុនៗ ក្រោយពីលោកត្រាំ បានជំរុញដដែលជាដដែល ឱ្យប្រើថ្នាំមួយនេះ ដើម្បីការពារវីរុសកូរ៉ូណាប្រភេទថ្មី ព្រមទាំងបង្ខំប្រជាជនឱ្យសាកល្បងប្រើថ្នាំមួយនេះទៀតផង។

    កាលពីអំឡុងពេលចុងសប្ដាហ៍កន្លងទៅ លោកត្រាំបានប្រាប់ថា លោកបានប្រើថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន ក្នុងឋានៈជាថ្នាំការពារ ទោះជាគ្មានភ័ស្តុតាងខាងវិទ្យាសាស្ត្រអះអាងថា ថ្នាំមួយនេះ អាចការពារមេរោគកូវីដ-19បានក៏ដោយ។

    លោកត្រាំ បានអះអាងថា ក្រោយពីបានប្រឹក្សាជាមួយវេជ្ជបណ្ឌិតប្រចាំសេតវិមានហើយ លោកក៏ចាប់ផ្ដើមញ៉ាំថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន ជាប្រចាំរៀងរាល់ថ្ងៃ អស់រយៈ 2-3សប្ដាហ៍មកហើយ ព្រមទាំងបានអះអាងទៀតថា បុគ្គលិកខាងវេជ្ជសាស្ត្រចំនួនដ៏ច្រើន ក៏ទទួលទានថ្នាំនេះជាប្រចាំដូចគ្នា។

    ទាំងអស់នេះ លោកត្រាំថែមទាំងបានអះអាងទៀតថា ថ្នាំនេះមានសុវត្ថិភាព ដោយសារតែជាថ្នាំដែលបានប្រើក្នុងការព្យាបាលជំងឺម៉ាឡារៀ(គ្រុនចាញ់) និងជំងឺផ្សេងៗទៀតជាង 40ឆ្នាំមកហើយ។

    ពាក្យអះអាងរបស់លោកដូណាល់ ត្រាំនេះ បានកើតឡើង បើទោះជាមានលទ្ធផលនៃការស្រាវជ្រាវខាងវេជ្ជសាស្ត្រ និងការជំទាស់ពីអ្នកជំនាញការមួយចំនួន ដែលបានចេញមកបញ្ជាក់ថា ខណៈពេលនេះ នៅមិនទាន់មានភ័ស្តុតាងអះអាងថា ហាយដ្រុកស៊ីក្លូរ៉ូគីន ប្រើសម្រាប់ព្យាបាល ឬការពារកូវីដ-19បានក៏ដោយ តែវាថែមទាំងអាចមានផលប៉ះពាល់បន្ទាប់បន្សំធ្ងន់ធ្ងរ ធ្វើឱ្យសភាវបេះដូងដើរខុសចង្វាក់ទៀតផង។

    អ្នកសរសេរលទ្ធផលស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុង Lancet ខាងលើ បានណែនាំថា មិនគួរប្រើថ្នាំនេះព្យាបាលអ្នកជំងឺកូវីដ-19 ឡើយ លុះត្រាណាតែមានសាកល្បងខាងការព្យាបាល រហូតមានលទ្ធផលពីការសិក្សាស្រាវជ្រាវផ្សេងៗអះអាងថា វាមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺកូវីដ-19 បានមែន ជាមុនសិន។

    អង្គការអាហារ និងថ្នាំរបស់សហរដ្ឋអាមេរិក ធ្លាប់បានណែនាំរួចហើយថា ហាយដ្រុកស៊ីក្លូរ៉ូគីន គួរតែត្រូវបានប្រើសម្រាប់តែអ្នកជំងឺដែលគេងសម្រាកព្យាបាល ឬស្ថិតក្នុងការសាកល្បងខាងគ្លីនិកប៉ុណ្ណោះ ដោយសារតែថ្នាំនេះ មានការពាក់ព័ន្ធទៅនឹងសភាវបេះដូងដើរខុសចង្វាក់ ដែលជាគ្រោះថ្នាក់បំផុតសម្រាប់មនុស្សទូទៅ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កម្ពុជានឹងជួបរលកទី2 នៃ Covid-19 បើប្រជាជននៅតែប្រហែស

    កម្ពុជានឹងជួបរលកទី2 នៃ Covid-19 បើប្រជាជននៅតែប្រហែស

    ក្រោយមានភាពស្ងប់ស្ងាត់មួយរយៈនៃជំងឺ Covid-19 នៅកម្ពុជា ប្រជាជនហាក់ភ្លេចខ្លួន និងមិនសូវយកចិត្តទុកដាក់លើវិធានការការពារ​នោះទេ។ មនុស្សជាច្រើនចាប់ផ្តើមជួបជុំដោយគ្មានការប្រុងប្រយ័ត្ន ទទួលទានគ្រឿងស្រវឹងជុំគ្នាតាមផ្ទះ និងកន្លែងផឹកស៊ីជាធម្មតា ហើយមានមនុស្សមួយចំនួនធំទៀតទៅផ្សារឬទីប្រជុំជនដោយគ្មាន​ពាក់ម៉ាស់ជាដើម។

    ពាក់ព័ន្ធនឹងបញ្ហានេះលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាលបានលើកឡើងថា ប្រសិនបើបុគ្គលគ្រប់រូបភ្លេចខ្លួន ហើយបែរជាគិតថាយើងអស់ Covid-19 ហើយភ្លេចពីវិធានការការពារខ្លួន មិនបានប​ន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នោះការរាតត្បាត ឬការវាយលុក នៃមេរោគនេះ នឹងអាចកើតមានឡើងធ្ងន់ធ្ងរសារជាថ្មី។

    លោកជំទាវបានបញ្ជាក់ថា ស្ថិតក្នុងដំណាក់កាលផុយស្រួយនេះ យើងមិនចង់ឃើញមានការរាលដាលជាលក្ខណៈសហគមន៍នោះទេ។ បច្ចុប្បន្ននេះយើងកំពុងស្ថិតក្នុងបន្ទាត់ក្រហមនៅឡើយទេ ហេតុនេះសូមកុំឆ្លងឱ្យផុតបន្ទាត់នៃឱ្យសោះ។ សូមរក្សាគម្លាត និងអនុវត្តការការពារ​ឱ្យបានខ្ជាប់ខ្ជួនជាពិសេសបទបញ្ជារសម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីការពារប្រជាជនកម្ពុជា។

    លោកជំទាវសង្កត់ធ្ងន់ផងដែរថា រលកទី2 នឹងអាចកើតមានប្រសិនបើយើងធ្វេសប្រហែស៕

  • ព្រឹកនេះកម្ពុជាប្រកាសថាមានអ្នកឆ្លង Covid-19 បន្ថែមម្នាក់ទៀតជាស្ត្រីមកពីអាមេរិក

    ព្រឹកនេះកម្ពុជាប្រកាសថាមានអ្នកឆ្លង Covid-19 បន្ថែមម្នាក់ទៀតជាស្ត្រីមកពីអាមេរិក

    នៅមុននេះបន្តិចក្រសួងសុខាភិបាល បានប្រកាសថាមានអ្នកជំងឺ Covid-19 ម្នាក់ទៀតត្រូវបានរកឃើញ ដែលករណីនេះជាករណីទី 124 ហើយនៅកម្ពុជា។

    តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី 23 នេះបញ្ជាក់ា នៅថ្ងៃទី 22 ម៉ោង 9:30នាទីយប់ ក្រសួងបានរកឃើញអ្នកជំងឺ Covid-19 ថ្មីម្នាក់ទៀត ជាស្ត្រីខ្មែរអាយុ 39ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលទើបតែត្រឡប់មកពីអាមេរិក ឆ្លងកាត់សាធារណរដ្ឋកូរ៉េ និងបានមកដល់កម្ពុជានៅថ្ងៃទី 08 ខែឧសភា ឆ្នាំ2020។ តាមព័ត៌មានផ្តល់ដោយស្ត្រីរូបនេះបានបញ្ជាក់ថា គាត់ទៅទីក្រុងញូយ៉ក តាំងពីខែកុម្ភៈ ឆ្នាំ2020 រួចបន្តនៅទីនោះដោយសារការបិទជើងហោះហើរ។

    ពេលត្រឡប់មកដល់កម្ពុជាវិញ គាត់បានរស់នៅដាច់ដោយឡែកដោយខ្លួនឯង និងបានទៅពិនិត្យសុខភាព និងធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ-សូវៀត នៅថ្ងៃទី 12 ខែឧសភា ឆ្នាំ2020 ដោយសារគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក ដែលទទួលបានលទ្ធផលអវិជ្ជមាន។ គ្រូពេទ្យបានណែនាំឱ្យគាត់ធ្វើចត្តឡីស័កឱ្យគ្រប់ចំនួន 14ថ្ងៃ រហូតដល់ថ្ងៃទី 20 ខែឧសភា អាការៈរបស់គាត់នៅតែមិនទាន់ធូរស្រាល ហើយនៅថ្ងៃទី 22 ខែឧសភា ម្សិលម៉ិញនេះ គាត់ត្រូវបានគ្រូពេទ្យយកវត្ថុសំណាកទៅវិភាគសារជាថ្មីម្តងទៀត ដែលទទួលបានលទ្ធផលវិជ្ជមាន។

    បច្ចុប្បន្នស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី 22 ខែឧសភា ឆ្នាំ2020រួចហើយ៕

  • កុំយល់ច្រឡំ! “ខ្លាញ់ត្រី – ខ្លាញ់ថ្លើមត្រី” ប្រយោជន៍ខុសគ្នា – ញ៉ាំឱ្យត្រូវវិធី

    កុំយល់ច្រឡំ! “ខ្លាញ់ត្រី – ខ្លាញ់ថ្លើមត្រី” ប្រយោជន៍ខុសគ្នា – ញ៉ាំឱ្យត្រូវវិធី

    បច្ចុប្បន្ននេះទំនោរការស្រឡាញ់សុខភាពកំពុងតែពេញនិយមខ្លាំង មិនថាតែការហាត់ប្រាណ ឬញ៉ាំអាហារឱ្យកើតជាប្រយោជ​ន៍នោះទេ ដូច្នេះហើយទើបអាហារបន្ថែមបានក្លាយមកជាជម្រើសដែលកំពុងបានទទួលការពេញនិយម ជាពិសេសខ្លាញ់ថ្លើមត្រីដែលមនុស្សជាច្រើនជ្រើសរើសយកមកបំប៉នរាងកាយឱ្យរឹងប៉ឹងមាំមួន តែក៏នៅមានមនុស្សជាច្រើនទៀតដែរដែលយល់ច្រឡំរវាងខ្លាញ់ត្រី និងខ្លាញ់ថ្លើមត្រី។ ថ្ងៃនេះ អ្នកជំនាញការខាង វេជ្ជភ័ណ្ឌ និងផលិតផលអាហារបំប៉នសូមចូលខ្លួនមកបកស្រាយអំពីការយល់ច្រឡំនេះឱ្យមិត្តអ្នកអានបានជ្រាបទាំងអស់គ្នាដូចតទៅ។

    ការពិតទៅ “ខ្លាញ់ថ្លើមត្រី” នេះ ជាខ្លាញ់ដែលចម្រាញ់បានពីថ្លើមរបស់ត្រីសមុទ្រ ដែលមានវីតាមីន A និង D និយមប្រើជាមួយកុមារ មនុស្សវ័យជំទង់ និងវ័យធ្វើការងារ ដើម្បីបង្កើន និងពង្រឹងឆ្អឹង និងសារធាតុប្រឆាំងអនុមូលឥស្សរៈ ការពារស្បែក និងកែវភ្នែកពីការត្រូវបំផ្លាញដោយបរិស្ថានអាក្រក់ ជួយជំរុញប្រព័ន្ធប្រឆាំងជំងឺរបស់រាងកាយឱ្យធ្វើការបានយ៉ាងមានប្រសិទ្ធិភាព។

    ខណៈដែល “ខ្លាញ់ត្រី” ជាសារធាតុដែលចម្រាញ់ចេញពីសាច់ ក្បាល កន្ទុយ និងស្បែករបស់ត្រីសមុទ្រ ដូជា ត្រី អ៊ែនឆូវី ត្រីសាល់ម៉ុន ត្រីមែកខរេល និងត្រីធូណា ដែលជាប្រភពរួមរបស់អូមេហ្កា3 ដែលមានចំណែកផ្សំសំខាន់របស់ខួរក្បាល ប្រព័ន្ធប្រសាទ ការធ្វើការងាររបស់សរសៃឈាមបេះដូង និងខ្សែភ្នែក ដែលបើសិនជាបានទទួលមិនគ្រប់គ្រាន់នោះ នឹងហុចផលដល់ការចុះខ្សោយរបស់ខួរក្បាល កែវភ្នែក មានសភាវសម្ពាធឈាមឡើងខ្ពស់ និងសរសៃឈាមញ៉ុកណែនដោយសារខ្លាញ់នៅក្នុងឈាមខ្ពស់។

    “បើប្រៀបធៀបនឹងបរិមាណអូមេហ្កា3 ដែលរាងកាយគួរបានទទួលក្នុងមួយថ្ងៃៗហើយនោះ ការញ៉ាំត្រីប្លាធូខ្នាតមធ្យមជាប្រចាំយ៉ាងតិចក្នុងមួយសប្តាហ៍ 3 ក្បាល ដោយមិនចាំបាច់ទៅទិញត្រីថ្លៃៗមកញ៉ាំក៏អាចជំនួសបានដូចគ្នាដែរ តែអ្វីដែលសំខាន់​នោះ អ្នកជំនាញខាងភោជនាហារ និងសុខភាពបានណែនាំឱ្យចម្អិនអាហារបែបស្ងោ ឬចំហុយ ដើម្បីថែរក្សាគុណតម្លៃរបស់អូមហ្កា​3ឱ្យនៅ​ដដែល និងបើញ៉ាំត្រីជាប្រចាំហើយនោះ ក៏មិនចាំបាច់ទៅជ្រើសរើសផលិតផលអាហារបំប៉នណាមកញ៉ាំឡើយ ហើយការញ៉ាំខ្លាញ់ត្រីយ៉ាងស័ក្តិសមនេះ ត្រូវនឹកដល់សភាពរាងកាយរបស់យើង បើជាបុគ្គលទូទៅដែលមានសុខភាពល្អហើយនោះ ខាងសមាគម​ជំ​ងឺបេះដូងរបស់សហរដ្ឋអាមេរិកបានណែនាំឱ្យញ៉ាំអាស៊ីតខ្លាញ់អូមេហ្កា3 ដើម្បីការពារការកើតជំងឺសរសៃឈាមបេះដូងណែនស្ទះ ដោយត្រូវញ៉ាំយ៉ាងតិច 500 មីល្លីក្រាម”។

    ដែលសំខាន់នោះគឺ គួរទទួលទានអាហារឱ្យគ្រប់ 5 ប្រភេទក្រុម ញ៉ាំទឹកស្អាត ហាត់ប្រាណឱ្យបានជាប់ជានិច្ច សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីសុខភាពដែលរឹងប៉ឹងមាំមួនយូរអង្វែង៕

  • ដោយ​សារ​​អ្នក​ដំណើរ​​ពី​កម្ពុជា​ម្នាក់​​​ក្ដៅ​ខ្លួន! វៀតណាម​ដាក់​បម្រាម​គោចរ​ចំណត​រថយន្ត​មួយ​ ពេញ​មួយ​យប់​

    ដោយ​សារ​​អ្នក​ដំណើរ​​ពី​កម្ពុជា​ម្នាក់​​​ក្ដៅ​ខ្លួន! វៀតណាម​ដាក់​បម្រាម​គោចរ​ចំណត​រថយន្ត​មួយ​ ពេញ​មួយ​យប់​

    បុរស​ម្នាក់​ដែល​ធ្វើ​ដំណើរ​ពី​កម្ពុជា​ ត្រឡប់​ទៅ​កាន់​ខេត្ត​ Hau Giang ប្រទេស​វៀត​ណាម​ បាន​បង្ហាញ​អាការ​ក្ដៅ​ខ្លួន​ និង​ក្អក ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​នៅឡើយ ដូច្នេះ នៅ​យប់​​មិញនេះ​ សមត្ថកិច្ច​វៀតណាម​បាន​ដាក់​កម្លាំង​​នគរ​បាល​ដើម្បី​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ចេញ​ចូល​នៅ​ចំណត​រថយន្ត​​មួយ​ដែល​បុរស​នេះ​កំពុង​ស្ថិត​នៅ​។

    ដោយ​សារ​​អ្នក​ដំណើរ​​ពី​កម្ពុជា​ម្នាក់​​​ក្ដៅ​ខ្លួន! វៀតណាម​ដាក់​បម្រាម​គោចរ​ចំណត​រថយន្ត​ពេញ​មួយ​យប់​ កាល​ពី​ព្រឹក​មិញ​នេះ(22ឧសភា) សមត្ថ​កិច្ច​គ្រប់គ្រង​ COVID-19 នៅ​ទីក្រុង​ Can Tho និង​ខេត្ត Hau Giang ប្រទេស​វៀតណាម​បាន​ឱ្យ​ដឹង​ថា បាន​ស្រាវ​ជ្រាវ​រក​ឃើញ​អ្នក​រួម​ដំណើរ​ជាមួយ​​បុរស​ដែល​វិល​ត្រឡប់​ពីកម្ពុជា​នេះ​ហើយ​ ដោយ​ពួកគេ​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​ក្នុង​ខេត្ត​ Hau Giang ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​។

    មុន​នោះ​ ដោយ​សារ​តែ​ឃើញ​បុរស​នេះ​ចូល​មក​វៀតណាម​ដោយ​មិន​ទាន់​ទទួល​បាន​ការ​ពិនិត្យ​សុខភាព និង​សង្ស័យ​ថា​អាច​មាន​ផ្ទុក​វីរុស​COVID-19 សមត្ថកិច្ច​ចម្រុះ​របស់​វៀត​ណាម​ក៏​បាន​ធ្វើការ​ដាក់​​បុរស​នេះ រួម​នឹង​អ្នក​បើក​បរ​រថយន្ត​ និង​អ្នក​រួម​ដំណើរទាំង​អស់​​ ឱ្យ​នៅ​ដាច់​ដោយ​ឡែក​។

    ដោយ​សារ​​អ្នក​ដំណើរ​​ពី​កម្ពុជា​ម្នាក់​​​ក្ដៅ​ខ្លួន! វៀតណាម​ដាក់​បម្រាម​គោចរ​ចំណត​រថយន្ត​ពេញ​មួយ​យប់​រហូត​ដល់​ម៉ោង​1និង​30​នាទី​រំលង​អធ្រាត្រ​​នៃ​ថ្ងៃ​ទី​22​ឧសភា​​នេះ ក្រុម​គ្រូពេទ្យ​បាន​យក​វត្ថុ​វិភាគ​ពី​បុរស​ខាងលើ​ និង​ធ្វើ​ការ​ពិសោធ​ជា​បន្ទាន់​។ មក​ដល់​ពេល​នេះ​ សមត្ថកិច្ច​ចម្រុះ​របស់​វៀត​ណាម បាន​ដក​បម្រាម​គោចរ​​នៅ​ចំណត​រថយន្ត​ខាងលើ​នោះ​ហើយ បន្ទាប់​ពី​បាន​​​ធ្វើ​តេស្ត​បង្ហាញ​ថា បុរស​នោះ​អវិជ្ជមាន​ជាមួយ​នឹង​វីរុស​COVID-19៕

    ប្រភព​៖ សារ​ព័ត៌មាន​វៀតណាម

  • មនុស្ស​ជិត​334,000​នាក់បាន​​ស្លាប់​ដោយ​សារ COVID-19 នៅ​ទូទាំង​ពិភពលោក​

    មនុស្ស​ជិត​334,000​នាក់បាន​​ស្លាប់​ដោយ​សារ COVID-19 នៅ​ទូទាំង​ពិភពលោក​

    ចំនួន​អ្នក​ស្លាប់​​បាន​កើន​ដល់​​ជិត​334,000​នាក់​ ក្នុង​ចំណោម​​អ្នក​ជំងឺ​ COVID-19 ជិត​5.2​លាន​នាក់​នៅ​ទូទាំង​សកល​លោក​។​

    យោង​តាម​ស្ថិតិ​របស់​ Worldometer ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភព​លោក​ ត្រូវ​បាន​រាយ​ការណ៍​ថា​ បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​សរុប​ 5,187,046​នាក់​ និង​អ្នក​ស្លាប់​333,987​នាក់​ ក្នុង​នោះ​មាន​​អ្នក​ជំងឺ​ថ្មី​111,043​នាក់ និង​អ្នក​ស្លាប់​ថ្មី​4,875​នាក់​ដែល​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។

    ទ្វីប​ដែល​មាន​អ្នក​ជំងឺ​ COVID-19 ច្រើន​ជាង​គេ​គឺ​ទ្វីប​អាមេរិក​ ដោយ​មានអ្នកជំងឺ​សរុប​​2,342,459​នាក់​ ក្នុង​នោះ​អាមេរិក​ខាង​ជើង​មាន​1,794,669​នាក់ អាមេរិក​ខាង​ត្បូង​មាន​547,790​នាក់​ ខណៈ​ដែល​អឺរ៉ុប​មាន​1,848,322​នាក់ អាស៊ី​មាន​887,218​នាក់ និង​អាហ្វ្រិក​មាន​101,683​នាក់​។

    ប្រទេស​ចំនួន​3​ដែល​មាន​អ្នក​ជំងឺ​ COVID-19 ច្រើន​ជាង​300,000​នាក់​ រួម​មាន​សហរដ្ឋ​អាមេរិក រុស្ស៊ី និង​ប្រេស៊ីល​។ ចំណែក​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ច្រើន​ជាង​​30,000​នាក់​ ក៏​មាន​ចំនួន​3​ប្រទេស​ គឺ​សហរដ្ឋ​អាមេរិក អង់គ្លេស​ និង​អ៊ីតាលី​។

    នៅ​អាស៊ី​អាគ្នេយ៍ ប្រទេស​សិង្ហ​បុរី​ គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ ដោយ​មាន​អ្នកជំងឺ​សរុប 29.812 នាក់​ និង​អ្នក​ស្លាប់23​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​