Category: សុខភាព

  • ​អ្នក​ស្លាប់​ដោយ​សារ​​វីរុស​ COVID-19 លើស​100,000​នាក់នៅ​អាមេរិក! អ្នក​ជំនាញ​ចិន​ “រន្ធត់​ចិត្ត​”

    ​អ្នក​ស្លាប់​ដោយ​សារ​​វីរុស​ COVID-19 លើស​100,000​នាក់នៅ​អាមេរិក! អ្នក​ជំនាញ​ចិន​ “រន្ធត់​ចិត្ត​”

    អ្នក​ជំនាញ​ផ្នែក​រោគ​ឆ្លង​នៅ​ប្រទេស​ចិន​យល់​ថា សហរដ្ឋ​អាមេរិក​​ខ្វះ​ការ​ត្រៀម​ខ្លួន​ជាមុន​​ចំពោះ​មហា​រោគ​រាតត្បាត​ COVID-19 បើ​ទោះ​ជា​មាន​ប្រព័ន្ធ​សុខាភិបាលទំនើប​​ និង​ស្ថាន​ភាព​អំណោយ​ផល​​ល្អ​ប្រសើរ​។

    យោងតាម​ស្ថិតិ​របស់​ Worldometer គិត​មក​ដល់​បច្ចុប្បន្ន​ តួលេខ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​​ បាន​កើន​ឡើង​ដល់​ជិត​100,500​នាក់​។ តួលេខ​អ្នក​ជំងឺ​កូរ៉ូណា​នៅ​ប្រទេស​នេះ​ក៏​បាន​កើន​លើស​ពី​1.7​លាន​នាក់​ហើយ​ដែរ​។ ជា​មធ្យម​​ក្នុង​1​ថ្ងៃ​ សហរដ្ឋ​អាមេរិក​រកឃើញ​អ្នក​ជំងឺ​​COVID-19 ជិត​20,000​នាក់​។

    សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ស្លាប់​ប្រមាណ​ជា​ជិត​1/3​ នៃ​អ្នក​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក​។ COVID-19 មក​ដល់​ពេល​នេះ​ បាន​ឆ្លង​ទៅ​មនុស្ស​​ជាង​5.6​លាន​នាក់​ ហើយ​វីរុស​នេះ​ក៏​បាន​សម្លាប់​មនុស្ស​ជាង​350,000​នាក់​ផងដែរ​នៅ​ទូទាំង​សកល​លោក​។

    Zhong Nanshan ដែល​ជា​អ្នក​ជំនាញ​ការ​កំពូល​ខាង​រោគ​ឆ្លង​​នៅ​ប្រទេស​ចិន​ បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ជាមួយ​នឹង​តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​។ “កាលពី​7​ឆ្នាំ​មុន​ សហរដ្ឋ​អាមេរិក​ទប់​ទល់​នឹង​រោគ​រាត​ត្បាត​ SARS បាន​យ៉ាង​ល្អ​ ខុស​ទាំង​ស្រុង​ទៅ​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន​។ល។ តួលេខ​នៃ​ការ​ស្លាប់​ខ្ពស់​បែប​នេះ ធ្វើ​ឱ្យ​ខ្ញុំ​រន្ធត់​ណាស់​” លោក Zhong Nanshan ប្រធាន​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ជំងឺ​ផ្លូវ​ដង្ហើម​​ចិន​ថ្លែង​បែប​នេះ​។

    លោក Zhong Nanshan ប្រធាន​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ជំងឺ​ផ្លូវ​ដង្ហើម​​ចិន​

    លោក​ Zhong Nanshan បន្ថែម​ថា ក្រុម​​ដៃ​គូ​​នៅ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ប្រាប់​គាត់​ថា សហរដ្ឋ​អាមេរិក​ខ្វះ​ការ​ត្រៀម​ខ្លួន​សម្រាប់​មហា​អាសន្ន​រោគ​ សូម្បី​តែ​មាន​ប្រព័ន្ធ​សុខាភិបាល​ទំនើប​យ៉ាង​ណា​ក៏​ដោយ​។ លោក​ថ្លែង​ថា ប្រការ​នេះ​គឺដូច​ទៅ​នឹង​ប្រតិកម្ម​ដំបូង​នៅ​ទីក្រុង​ Wuhan​ នៃ​ប្រទេស​ចិន​ដូច្នោះ​ដែរ​ ប៉ុន្តែ បញ្ហា​របស់​អាមេរិកាំង​ នោះ​គឺ​ថា ក្រុម​មេដឹក​នាំ​មាន​ការ​ព្រងើយ​កន្តើយ​ចំពោះ​ការ​ព្រមាន​របស់​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល និង​​មើល​ស្រាល​វីរុស​COVID-19នេះ​ ព្រម​ទាំង​ប្រញាប់​ប្រញាល់​ក្នុងការ​បើក​ទ្វារ​សេដ្ឋ​កិច្ច​។

    លោក Zhong Nanshan បញ្ជាក់​ថា “ការ​ប្រញាប់​ប្រញាល់​ក្នុងការ​បើក​ដំណើរការ​សេដ្ឋ​កិច្ច​ឡើង​វិញ គឺជា​រឿង​គ្រោះ​ថ្នាក់​។ ខ្ញុំគិត​ថា ពួកគេ​គួរ​តែ​គោរព​តាម​លក្ខខណ្ឌ​វិទ្យា​សាស្ត្រ​ និង​បើក​ទ្វារ​សេដ្ឋ​កិច្ច​បន្តិច​ម្ដងៗ​ទើប​ប្រសើរ”។

    បច្ចុប្បន្ន រដ្ឋ​ចំនួន​50​នៅ​សហរដ្ឋ​អាមេរិក​ បាន​បន្ធូរបន្ថយ​បម្រាម​គោចរ​​ដើម្បី​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​។ ​ឆ្នេរសមុទ្រ​នានា​នៅ​ប្រទេស​នេះ​ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​​ សុទ្ធ​តែ​មាន​ទេសចរ​ទៅ​កម្សាន្ត​យ៉ាង​ច្រើន​កុះករ ដោយ​មិន​ខ្វល់​អំពី​ការ​ព្រមាន​ពី​អ្នក​ជំនាញ​ ក៏ដូច​ជា​ពី​វិធាន​ការ​រក្សា​គម្លាត​ក្នុង​ទីសាធារណៈ។

    Anthony Fauci ប្រធាន​វិទ្យា​ស្ថាន​ជាតិ​អាឡែរស៊ីនិង​ជំងឺ​ឆ្លង​​​អាមេរិកាំង​ បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​រលក​រោគ​រាត​ត្បាត​ទី​2 ដែល​នឹង​កើត​មាន​នៅ​ពេល​រដ្ឋ​ប្រញាប់​បើក​ទ្វារ​សេដ្ឋ​កិច្ច​ ប៉ុន្តែ​ការ​ព្រមាន​នេះ​​មិន​អាច​ទប់​ស្កាត់​គម្រោង​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​របស់​រដ្ឋ​បាល​លោក​ Donald Trump នោះ​ទេ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ជិត​352,000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    ជិត​352,000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    ពិភពលោក​មាន​អ្នក​ស្លាប់​ជិត​352,000​នាក់​​ក្នុង​ចំណោម​អ្នក​ជំងឺ​ COVID-19 ជិត​5.7​លាននាក់​ ដោយ​មាន​សម្បុក​មេរោគធំ​​ថ្មី​​នៅ​អាមេរិក​ខាង​ត្បូង​ នោះ​គឺ​ប្រទេស​ប្រេស៊ីល។​

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក​ ត្រូវ​បាន​រាយការរណ៍​ថា​ រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​5,676,850​នាក់​ និង​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​មាន​ចំនួន​351,599​នាក់​។ អ្នក​ជំងឺ​COVID-19 កើន​95,560​នាក់ និង​អ្នក​ស្លាប់​កើន​4,069​នាក់​ បើ​ធៀប​នឹង​តួលេខ​កាល​ពី​ម្សិល​មិញ​។ ចំណែក​អ្នក​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​ជាង​2,426,000​នាក់​។​

    ទ្វីប​អឺរ៉ុប​មាន​អ្នក​ជំងឺ​COVID-19 សរុប​​1,934,081នាក់ តំបន់​អាមេរិក​ខាង​ជើង​មាន​​1,926,612​នាក់​ ទ្វីប​អាស៊ី​មាន​​​1,002,918​នាក់​ តំបន់​អាមេរិក​ខាង​ត្បូង​មាន​​683,742​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​​121,547​នាក់​។

    គិត​មក​ដល់​បច្ចុប្បន្ន មាន​12​ប្រទេសហើយ​​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​100,000​នាក់​ រួម​មាន​សហរដ្ឋ​អាមេរិក​ ប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស​ អ៊ីតាលី បារាំង​ អាល្លឺម៉ង់​ ទួរគី ឥណ្ឌា ​អ៊ីរ៉ង់ និង​ប្រទេស​ប៉េរូ។

    ចំណែក​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 លើស​ពី​20,000​នាក់​ មាន​ចំនួន​6​ប្រទេស​ រួមមាន​ សហរដ្ឋ​អាមេរិក អង់គ្លេស​ អ៊ីតាលី បារាំង​ អេស្ប៉ាញ និង​ប្រទេស​ប្រេស៊ីល​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ដំណឹងល្អមួយទៀតហើយ!! នៅចិន មានវ៉ាក់សាំងថ្មីមួយ កំពុង​សាក​ល្បង​លើ​មនុស្ស ដំណាក់កាលទី2

    ដំណឹងល្អមួយទៀតហើយ!! នៅចិន មានវ៉ាក់សាំងថ្មីមួយ កំពុង​សាក​ល្បង​លើ​មនុស្ស ដំណាក់កាលទី2

    របាយការណ៍នៅក្នុងព្រឹត្តិបត្រខាងវេជ្ជសាស្ត្រ Lancet កាលពីថ្ងៃទី24 ឧសភា បានបញ្ជាក់ឱ្យដឹងថា វ៉ាក់សាំងបែប MRNA ដើម្បីការពារជំងឺកូវីដ-19 របស់ក្រុមហ៊ុន ឃែនស៊ីណូ បៃអូឡូជិក អ្នកផលិតឱសថមកពីប្រទេសចិន កំពុងទទួលបានជោគជ័យក្នុងសាកល្បងលើមនុស្សដំណាក់កាលដំបូង និងកំពុងត្រៀមការសាកល្បងលើមនុស្សក្នុងដំណាក់កាលទី2 នាពេលនេះ។ អាចរាប់បានថា ជារូបមន្តមួយ ក្នុងចំណោមរូបមន្តវ៉ាក់សាំងមិនច្រើនប៉ុន្មានឡើយ ដែលបានឆ្លងចូលដល់ដំណាក់កាលទី2 នាពេលនេះ ដែលរួមមានទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុន ម៉ូឌើណា, វ៉ាក់សាំងរបស់មហាវិទ្យាល័យអុកស្វ៊ើដ, និងវ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ិណូវែក ផងដែរ។

    វ៉ាក់សាំងមួយនេះ មានឈ្មោះហៅថា “អេឌី5-អិនខូហ្វ”(Ad5-nCoV) ទទួលបានជោគជ័យក្នុងការសាកល្បងនៅលើមនុស្ស ដើម្បីរកមើលថា តើវានឹងជំរុញឱ្យកើតមានការតបស្នងរបស់ប្រព័ន្ធប្រឆាំងមេរោគបង្កជំងឺកូវីដ-19 បានឬទេ? ដោយវាស់ពីបរិមាណរបស់ ធី-សេលល៍ (សេលល៍គ្រាប់ឈាមស 1ប្រភេទ) និងបរិមាណរបស់អង់ទីគ័រនៅក្នុងរាងកាយរបស់ក្រុមអ្នកស្ម័គ្រចិត្តសាកល្បង។

    លោក វើយ ឈឹន អ្នកជំនាញការពីស្ថាប័នតិចណូឡូជីជីវសាស្ត្រទីក្រុងប៉េកាំង បានបញ្ជាក់ថា វ៉ាក់សាំងនេះ 1ដូស អាចសាងអង់ទីគ័របណ្ដុះ និងធីសេលល៍ ដែលត្រូវការឡើងបានក្នុងអំឡុងពេល 14ថ្ងៃ ធ្វើឱ្យមានសក្ដានុពលដល់ការស្រាវជ្រាវស្វែងរកការសាកល្បងជាបន្តទៀត តែក៏នៅមានចំណុចគួរឱ្យបារម្ភ និងបញ្ហាដែលត្រូវកែខៃកើតឡើងឱ្យយើងបានឃើញផងដែរ។

    ការចាក់វ៉ាក់សាំងកម្រិត 3ដូស ទៅលើក្រុមអ្នកស្ម័គ្រចិត្ត បានបង្ហាញឱ្យឃើញថា វ៉ាក់សាំងនេះបានបង្កឱ្យកើតមានផលបន្ទាប់បន្សំ ពោលគឺ ភាគច្រើននៃក្រុមអ្នកស្ម័គ្រចិត្តសាកល្បង នឹងកើតអាការគ្រុនក្ដៅ ឈឺក្បាល និងឈឺចុកចាប់តាមរាងកាយ ដំណាលគ្នានោះ ក៏នៅខ្វះភាពទៀងទាត់ក្នុងការបង្កឱ្យកើត ធីសេលល៍ និងអង់ទីគ័រដែលយើងត្រូវការដែរ…នេះគឺជាបញ្ហាធំ ដែលត្រូវកែខៃជាបន្តទៀត ព្រោះវាបានបង្ហាញឱ្យឃើញថា អ្នកទទួលបានវ៉ាក់សាំង អាចមានប្រព័ន្ធប្រឆាំងជំងឺក្នុងពេលវេលាដែលមានកំណត់ រហូតដល់អាចត្រូវបានទទួលការចាក់វ៉ាក់សាំងនេះជាលើកទី2 និងក្នុងពេលជាមួយគ្នា វាក៏បង្ហាញឱ្យឃើញទៀតដែរថា វ៉ាក់សាំងនេះ អាចនឹងទទួលបានលទ្ធផលល្អ ចំពោះតែលើក្រុមមនុស្សក្នុងអាយុណាមួយប៉ុណ្ណោះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • WHO ផ្អាកការសាកល្បងប្រើ​ថ្នាំ​​អួត​អាង​ប្រឆាំង​កូវីដ-19 របស់​ត្រាំ ​ក្រោយ​ពីលទ្ធផល​​ស្រាវ​​​ជ្រាវ​ រកឃើញ​មាន​ហានិភ័យ​ដល់​ស្លាប់!!

    WHO ផ្អាកការសាកល្បងប្រើ​ថ្នាំ​​អួត​អាង​ប្រឆាំង​កូវីដ-19 របស់​ត្រាំ ​ក្រោយ​ពីលទ្ធផល​​ស្រាវ​​​ជ្រាវ​ រកឃើញ​មាន​ហានិភ័យ​ដល់​ស្លាប់!!

    អង្គការសុខភាពពិភពលោក ឬ WHO បានផ្អាកការសាកល្បងប្រើថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន ថ្នាំព្យាបាលជំងឺគ្រុនចាញ់ លើអ្នកជំងឺកូវីដ-19 ដោយសារតែមានក្ដីកង្វល់ខាងសុវត្ថិភាព។ នេះបើតាមរយៈការបង្ហើបឱ្យដឹងរបស់លោក ថេដ្រូស អាដាណូម កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក កាលពីថ្ងៃចន្ទ(ទី25 ឧសភា) មិនយូរប៉ុន្មាន បន្ទាប់ពីលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា វាមានចំណែកបង្កើនភាពប្រថុយប្រថានដល់ថ្នាក់ស្លាប់ ចំពោះអ្នកជំងឺវីរុសកូរ៉ូណាប្រភេទថ្មី។

    លោកថេដ្រូស ប្រាប់ថា ក្រុមអ្នកធ្វើការស្រាវជ្រាវវិភាគដែលហៅថា “Solidarity Trial” ឬ “ការសាកល្បងដែលជារួមគ្នាជាធ្លុងមួយ” របស់អង្គការសុខភាពពិភពលោក ដែលជាគ្រោងការវិភាគខាងវេជ្ជសាស្ត្រអន្តរជាតិ ដើម្បីស្វែងរក និងសាកល្បងឱសថផ្សេង ដែលអាចព្យាបាលកូវីដ-19 បានផ្អាកការសាកល្បងការប្រើថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន ជាបណ្ដោះអាសន្ន ដែលនេះជាផ្នែកមួយនៃវិធានការការពារទុកជាមុន។

    ការសម្រេចចិត្តនេះ បានកើតឡើង បន្ទាប់ពីព្រឹត្តិបត្រខាងវេជ្ជសាស្ត្រ Lancet បានបោះពុម្ពរបាយការណ៍ការសិក្សាស្រាវជ្រាវមួយកាលពីសប្ដាហ៍កន្លងទៅ ដោយបានបញ្ជាក់ថា ការប្រើថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន លើអ្នកជំងឺកូវីដ-19 អាចបន្ថែមភាពប្រថុយប្រថានក្នុងការស្លាប់ចំពោះអ្នកជំងឺទាំងនោះ។

    ហាយដ្រុកស៊ីក្លូរ៉ូគីន ថ្នាំព្យាបាលជំងឺគ្រុនចាញ់ បានទទួលការអួតអាងដោយលោកប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងមនុស្សចំនួនទៀតថា អាចព្យាបាលជំងឺដែលមានប្រភពពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មីបាន និងថែមទាំងប្រាប់ទៀតថា ពួកគេបានប្រើវាជាប្រចាំ និងបានណែនាំឱ្យអ្នកឯទៀតធ្វើតាមទៀតផង។

    លោកថេដ្រូស បានថ្លែងក្នុងអំឡុងពេលថ្លែងការណ៍សរុបតាមអនឡាញថា “មានការផ្អាកអង្គភាពសាកល្បងថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន នៅក្នុង “Solidarity Trial” ក្នុងអំឡុងពេលដែលមានការពិនិត្យមើលឡើងវិញនូវព័ត៌មានស្ដីពីសុវត្ថិភាព ដោយគណៈកម្មការគ្រប់គ្រងពិនិត្យខាងផ្នែកសុវត្ថិភាព តែយ៉ាងណាក៏ដោយ អង្គភាពផ្សេងទៀតរបស់ការសាកល្បងនេះ នឹងដំណើរការជាបន្តទៅទៀត”

    កាលពីពេលមុននេះ អង្គការសុខភាពពិភពលោក ធ្លាប់បានចេញមកណែនាំប្រឆាំងនឹងការប្រើថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន ក្នុងការព្យាបាល ឬការពារការឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី លើកលែងតែ វាជាផ្នែកមួយរបស់ការសាកល្បងខាងការព្យាបាល។

    លោកវេជ្ជបណ្ឌិត ម៉ៃក៍ រ៉ៃអាន់ អគ្គនាយកគ្រោងការបន្ទាន់របស់អង្គការសុខភាពពិភពលោក បានប្រាប់ថា ការសម្រេចផ្អាកសាកល្បងថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន គឺជាការដំណើរការដោយក្ដីប្រុងប្រយ័ត្នជាទីបំផុត៕
    ប្រភព៖ សារព័ត៌មានបរទេស

  • បុគ្គលិក​សុខាភិបាល​អេស្បា៉ញ​រាប់​រយ​នាក់​ ធ្វើ​បាតុកម្ម

    បុគ្គលិក​សុខាភិបាល​អេស្បា៉ញ​រាប់​រយ​នាក់​ ធ្វើ​បាតុកម្ម

    បុគ្គលិក​សុខាភិបាល​ដែល​តម្រូវ​ឱ្យ​ចូល​រួម​បេសក​កម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 នៅ​ប្រទេស​អេស្ប៉ាញ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាងក្រៅ​មន្ទីរ​ពេទ្យ​នានា​ដើម្បី​តវ៉ា​ចំពោះ​ស្ថាន​ភាព​ខ្វះ​សម្ភារការ​​ពារ​ខ្លួន​​។

    ក្រុម​គ្រូពេទ្យ​ និង​គិលានុបដ្ឋាយិកា​ជា​ដើម បាន​នាំ​គ្នា​ធ្វើបាតុកម្ម​នៅ​ខាងក្រៅ​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ Madrid កាលពីម្សិល​មិញ(25ឧសភា)។ ​គ្រូពេទ្យ​ខ្លះ​កាន់​បដាដែល​​សរសេរ​ថា “បុគ្គលិក​សុខាភិបាល​គឺសំខាន់​និង​ចាំបាច់” ឬ “យើង​កំពុងប្រ​យុទ្ធ​ដោយ​មិន​មាន​អាវុធ​” និង​ “អ្នក​ណា​ខ្លះ​យកចិត្ត​ទុក​ដាក់​ដល់​អ្នក​ថែ​ទាំសុខភាព​”។ល។

    Silvia Garcia ដែល​ជា​គិលានុបដ្ឋាកិយា​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ បាន​ឱ្យដឹង​ថា បាតុកម្ម​នេះធ្វើ​ឡើង​​ក្នុង​បំណង​​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ “ការ​ប្រថុយ​ប្រថាន​ក្នុង​ការ​ងារ​” របស់​ពួកគេ​។ Silva Garcia គឺជា​ម្នាក់​ក្នុង​ចំណោម​បាតុករ​រាប់រយ​នាក់​ដែល​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​ Gregorio Maranon នៅ​រាជធានី​ Madrid ប្រទេស​អេស្ប៉ាញ។

    “យើង​ត្រូវ​ការ​​មធ្យោបាយ​ដើម្បី​ថែ​ទាំ​អ្នក​ជំងឺ​។ យើង​ត្រូវ​ការ​ឱ្យ​មាន​ការ​ធានា​ថា ខ្លួន​អាច​ឈប់​សម្រាក​ និងការ​ពារ​ខ្លួន​ដើម្បី​បំពេញ​ការ​ងារ​នៅក្នុង​ស្ថាន​ភាព​ល្អ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​” Victor Aparermo ជា​បុគ្គលិក​សុខាភិបាល​ម្នាក់​នៅ​បន្ទប់​ថែ​ទាំ​សកម្ម​ បាន​និយាយ​បែប​នេះ​។

    ក្រុម​បាតុករ​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​បាក់កម្លាំង​ទៅ​ហើយ ទន្ទឹម​នឹង​នេះ​ក៏បាន​រៀប​រាប់​អំពី​ការ​ខ្វះ​បុគ្គលិក​ និង​សម្ភារ​ការ​ពារ​ខ្លួន​នៅ​ពេល​ទប់ទល់​នឹង​ COVID-19។ ប្រមាណ​ជា​1ភាគ3​នៃ​តួលេខ​អ្នក​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​អេស្ប៉ាញ​ ត្រូវ​បាន​រក​ឃើញ​នៅ​រាជធានី​ Madrid ជា​កន្លែង​ដែល​ប្រព័ន្ធ​សុខាភិបាល​ជិត​នឹង​ដួល​រលំ​នៅ​ពេល​មេរោគ​រាត​ត្បាត​ឡើង​ដល់​ចំណុច​កំពូល​។ ក្រុម​បុគ្គលិក​សុខាភិបាល​ ត្រូវ​ការ​ឱ្យ​អាជ្ញាធរ​​​ក្រុង​បន្ថែម​បុគ្គលិក​ចំនួន​10,000​នាក់​បន្ថែម​ទៀត​ដើម្បី​ជួយ​ទប់​ទល់​នឹង​COVID-19។

    អេស្ប៉ាញ កាល​ពី​ម្សិលមិញ(25ឧសភា) បាន​ចាប់​ផ្ដើម​បន្ធូរបន្ថយ​វិធាន​ការ​ទប់ស្កាត់​វីរុស​។ រាជធានី​ Madrid និង​ទីក្រុង​ Barcelona ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ការ​ដាក់​បម្រាម​គោចរ​តឹង​តែង​បំផុត​ក្នុង​ពិភពលោក​ បាន​អនុញ្ញាត​ឱ្យ​បើក​ទ្វារ​ឧទ្យាន​ និង​ហាង​កាហ្វេ​នៅ​ទី​វាល​ក្នុង​សួន​ច្បារ​នានា បន្ទាប់​ពី​បាន​ផ្អាក​ដំណើរ​ការ​ជាង​2ខែ​កន្លង​មក​នេះ​។

    ឆ្នេរសមុទ្រ​នានា​នៅ​ភាគ​ខាង​ជើង​ប្រទេស​អេស្ប៉ាញ​ និង​តំបន់មួយ​ចំនួន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ​ រួម​មាន​ប្រជុំកោះ​ Canary និង Balearics ក៏​បាន​បើក​ទ្វារ​ដើម្បី​ឱ្យ​ពលរដ្ឋ​មក​ហែល​លេង​ផងដែរ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​​ក្នុង​ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​5.5​លាន​​នាក់​បាន​ឆ្លង​វីរុស​ និង​ជាង​347,000​នាក់​បាន​បាត់​បង់ជីវិត​។ អេស្ប៉ាញ ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី4​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​280,000​នាក់ និង​ជិត​27,000​នាក់​បាន​ស្លាប់​៕

    ប្រភព​៖​សារ​ព័ត៌មាន​បរទេស​

  • ជាង​347,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក

    ជាង​347,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជាង​347,000​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ COVID-19 ជិត​5.7​លាន​នាក់​ ខណៈ​ដែល​អាមេរិកខាង​ត្បូង​កំពុង​ក្លាយ​ជា​សម្បុក​មេរោគ​ធំបំផុត​មួយ​ក្នុង​ពិភពលោក​។

    ប្រទេស​និង​ដែនដី​​ចំនួន​213​ក្នុង​សកល​លោក​ត្រូវ​បាន​រាយការណ៍​ថា​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​សរុប​​5,581,290​នាក់​ និង​អ្នក​ស្លាប់​សរុប​មាន​ចំនួន​347,530​នាក់​ ក្នុង​នោះ​ចំនួន​អ្នក​ជំងឺ​ថ្មី​មាន​​90,097​នាក់ និង​អ្នក​ស្លាប់​ថ្មី​​មាន​​1,204​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​2,360,911​នាក់​។

    សហរដ្ឋ​អាមេរិក​​ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​​ក្នុង​ពិភពលោក​ មាន​អ្នក​ជំងឺ​សរុប​1,705,668​នាក់ និង​អ្នក​ស្លាប់​99,782​នាក់​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ សហរដ្ឋ​អាមេរិក​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​19,232​នាក់​ និង​អ្នក​ស្លាប់​ថ្មី​452​នាក់​។ តួលេខ​នេះ​បាន​ថយ​ចុះ​បន្តិច​បើ​ធៀប​នឹង​ដំណាក់​កាល​កំពូល​របស់​ COVID-19។

    ប្រទេស​ប្រេស៊ីល ទើប​រក​ឃើញ​អ្នក​ជំងឺ​COVID-19 ចំនួន​11,280​នាក់​ និង​អ្នក​ស្លាប់​757​នាក់​បន្ថែម​ទៀត​ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​នេះ​ ធ្វើ​ឱ្យ​តួលេខ​​នៃ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ឡើង​ដល់​374,898​នាក់​ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​23,473​នាក់​ បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា តួលេខ​ពិត​ប្រាកដ​នៃ​ការ​ឆ្លង​វីរុស​COVID-19នៅ​ប្រេស៊ីល ​អាច​ខ្ពស់​ជាង​15​ដង​បើ​ធៀប​នឹង​ទិន្ន​ន័យ​ដែល​បាន​ប្រកាស​ ដោយ​សារ​តែ​សមត្ថ​ភាព​នៃ​ការ​ធ្វើ​តេស្ត​រក​មេរោគ​​របស់​ប្រេស៊ីល​នៅ​មាន​កម្រិត​។

    ចំណែក​ប្រទេស​រុស្ស៊ី​វិញ មាន​អ្នក​ជំងឺ​COVID-19សរុប​ 353,427​នាក់ និង​អ្នក​ស្លាប់​សរុប​3,633​នាក់​ ក្នុង​នោះ​អ្នក​​ជំងឺ​ និង​អ្នក​ស្លាប់​​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​មាន​ចំនួន​ 8,946​នាក់​ និង​92​នាក់​។ រុស្ស៊ី​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • (វីដេអូ)-ថៃ​សាក​ល្បង​វ៉ាក់​សាំង​ប្រឆាំង​​ COVID-19 នៅ​លើ​ស្វា ខណៈ​វ៉ាក់​សាំង​សម្រាប់​សាក​ល្បង​លើ​មនុស្ស​ក៏កំពុង​…

    (វីដេអូ)-ថៃ​សាក​ល្បង​វ៉ាក់​សាំង​ប្រឆាំង​​ COVID-19 នៅ​លើ​ស្វា ខណៈ​វ៉ាក់​សាំង​សម្រាប់​សាក​ល្បង​លើ​មនុស្ស​ក៏កំពុង​…

    វិទ្យាស្ថាន​វ៉ាក់​សាំង​ជាតិ​របស់​ប្រទេស​ថៃ​ បាន​ធ្វើ​ការ​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​ COVID-19 នៅ​លើ​សត្វ​ស្វា​កន្ទុយ​វែង​ចំនួន​13​ក្បាល​ និង​តាម​ដានបរិមាណ​អង្គ​បដិប្រាណ​​ក្នុង​រយៈ​ពេល​3ខែ។

    ក្រុមអ្នកវិទ្យាសាស្ត្រថៃ ចាប់ផ្ដើមសាកល្បងវ៉ាក់សាំង COVID-19 នៅលើសត្វស្វា នៅក្នុងពិសោធន៍ដោយឡែកមួយ។ អ្នកវេជ្ជសាស្ត្របានចាក់ថ្នាំវ៉ាក់សាំងទៅក្នុងរាងកាយរបស់សត្វស្វាកន្ទុយវែងចំនួន13ក្បាល ហើយក្រោយមក ពួកគេ​នឹង​ចាប់​ផ្ដើម​​តាម​ដាន​ និង​វិភាគទៅលើកម្រិត ឬបរិមាណ​នៃអង្គបដិប្រាណដែលកើតឡើងក្នុងរាងកាយសត្វស្វានៅ​ពេលពួកវា​មានផ្ទុក​COVID-19។

    សត្វស្វាទាំងនោះនឹងត្រូវបានចាក់វ៉ាក់សាំងCOVID-19 ចំនួនពីរលើកទៀតក្នុងរយៈពេល3ខែនៃការពិសោធនេះ។ ប្រភេទវ៉ាក់សាំងដែលអ្នកវិទ្យាសាស្ត្រថៃយកមកធ្វើតេស្តនេះ គឺមានប្រើប្រាស់ផ្នែកមួយនៃកូដហ្សែនរបស់វីរុសដើម្បីបង្កើតបានជាអង្គបដិប្រាណនៅខាងក្នុងរាងកាយ។

    សូមបញ្ជាក់ថា ប្រទេសថៃកំពុងតែអនុវត្តគម្រោងអភិវឌ្ឍវ៉ាក់សាំងមួយចំនួនសម្រាប់ប្រឆាំងនឹងCOVID-19។ ក្រុមអ្នកវិទ្យាសាស្រឱ្យដឹងថា នៅពេលកំពុងសាកល្បងនៅលើសត្វ ពួកគេក៏កំពុងតែត្រៀមវ៉ាក់សាំងសម្រាប់ធ្វើការសាកល្បងនៅលើមនុស្សផងដែរ៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • ពលរដ្ឋអាមេរិកាំង នាំគ្នាហែទៅលេងសមុទ្រ ថ្ងៃឈប់សម្រាកយ៉ាងកកកុញ មិនខ្វល់នឹងចំនួន​ស្លាប់​ដោយ​សារ​​វីរុស​កូវីដ-19 ឡើងដល់សែននាក់

    ពលរដ្ឋអាមេរិកាំង នាំគ្នាហែទៅលេងសមុទ្រ ថ្ងៃឈប់សម្រាកយ៉ាងកកកុញ មិនខ្វល់នឹងចំនួន​ស្លាប់​ដោយ​សារ​​វីរុស​កូវីដ-19 ឡើងដល់សែននាក់

    កាលពីថ្ងៃទី24 ឧសភា ម្សិលមិញ ទីភ្នាក់ងារព័ត៌មានAP បានរាយការណ៍ពីបរិយាកាសនៃការសម្រាកលម្ហែរបស់ពលរដ្ឋអាមេរិកាំង ក្នុងអំឡុងថ្ងៃឈប់សម្រាកចុងសប្ដាហ៍ Memorial Day ត្រូវនឹងថ្ងៃដែលបង្ហាញពីសញ្ញានៃការឈានចូលដល់រដូវក្ដៅ យ៉ាងមិនទាន់ផ្លូវការនៅក្នុងសហរដ្ឋអាមេរិកថា នៅតាមឆ្នេរសមុទ្រជាច្រើនកន្លែង ពេញទៅដោយមនុស្សម្នាចំនួនដ៏ច្រើន ដែលទោះជាសហរដ្ឋអាមេរិកនៅតែមានចំនួនអ្នកឆ្លងមេរោគកូវីដ-19 កើនឡើងជារឿយៗ និងមានចំនួនអ្នកស្លាប់ឡើងជិតដល់ 100,000នាក់ហើយក៏ដោយ។

    បណ្ដាអាជ្ញាធរតំបន់ និងអង្គភាពការពារតាមឆ្នេរសមុទ្រ ត្រូវនៅចាំដាស់តឿនប្រជាជនឱ្យរក្សាគម្លាតរវាងគ្នានឹងគ្នា តែក៏ជារឿងមួយ ពិបាកខ្លាំងណាស់ដែរ ដូចជានៅឆ្នេរ ដេយ៍ថូណា ប៊ីជឆ៍ រដ្ឋហ្វ្លរីដាជាដើម នៅទីនោះពេញទៅដោយមនុស្សម្នា មានទាំងធ្វើផារធីជប់លៀងនៅលើឆ្នេរសមុទ្រ ដែលមានមនុស្សចូលរួមជាង 200នាក់ និងថែមទាំងនៅពេលព្រលប់ មានកើតហេតុប៉ះទង្គិចគ្នា មានស្នូរកាំភ្លើងលាន់ឮឡើងនៅក្នុងពិធី និងមានមនុស្សរងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យទៀតផង។

    People visit Pensacola Beach in Pensacola, Fla., Saturday, May 23, 2020, during the coronavirus pandemic. (David Grunfeld/The Advocate via AP)

    ដូចគ្នានឹងទីក្រុងធែមប៉ា រដ្ឋហ្វ្លរីដាដដែលដែរ នៅទីនោះមានប្រជាជនចំនួនដ៏ច្រើនបាននាំគ្នាហែទៅលេងមាត់សមុទ្រ រហូតដល់កន្លែងចតរថយន្ត ពេញណែន។ ចំពោះស្ថានការណ៍នេះ ធ្វើឱ្យលោកស្រីវេជ្ជបណ្ឌិត ដេប្រាហ៍ ប៊ើកស៍ អ្នកទំនាក់ទំនងក្រុមប្រតិបត្តិការទប់ទល់នឹងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ប្រចាំសេតវិមាន និយាយថា ជារឿងដែលគួរឱ្យវិតក្កកង្វល់ជាទីបំផុត។

    People enjoy Pensacola Beach in Pensacola, Fla., Saturday, May 23, 2020, during the coronavirus pandemic. (David Grunfeld/The Advocate via AP)

    លោកស្រីវេជ្ជបណ្ឌិត ថ្លែងថា “យើងចង់ឱ្យច្បាស់លាស់ថា ការរក្សាគម្លាតរវាងគ្នានឹងគ្នា គឺជារឿងសំខាន់ខ្លាំងណាស់ បើអ្នកមិនអាចរក្សាគម្លាតឆ្ងាយពីគ្នាបាន ហើយចេញក្រៅផ្ទះនោះ យ៉ាងហោចណាស់ ក៏ត្រូវពាក់ម៉ាស់អនាម័យការពារដែរ”។

    Revelers celebrate Memorial Day weekend at Osage Beach of the Lake of the Ozarks, Missouri, U.S., May 23, 2020 in this screen grab taken from social media video and obtained by Reuters on May 24, 2020. Twitter/Lawler50/via REUTERS

    នៅឯទីក្រុងនីវយ៉ក ស្ថានការណ៍ការឆ្លងរាលដាលរបស់មេរោគកូវីដ-19 បានធូរស្រាលខ្លះហើយ មានមនុស្សម្នាចេញមកគេងសំដិលថ្ងៃ នៅក្នុងសួនច្បារសាធារណៈ ដែលមានគូសរង្វង់ទុកគម្លាតឆ្ងាយពីគ្នា ដោយអ្នកដែលមកទីនោះបាននាំគ្នានិយាយថា មានអារម្មណ៍ល្អ ដែលបានចេញមកទទួលយកខ្យល់អាកាសក្រៅផ្ទះបែបនេះខ្លះ។

    People in Domino Park are seen in circles painted as guidelines for social distancing during the outbreak of the coronavirus disease (COVID-19) in Brooklyn, New York City, U.S., May 24, 2020. REUTERS/Andrew Kelly

    សម្រាប់សហរដ្ឋអាមេរិក មានអ្នកឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះរួចហើយចំនួន 1.6លាននាក់ មានអ្នកស្លាប់ចូលជិតដល់ 1សែននាក់ហើយ បើប្រៀបធៀបនឹងទ្វីបអឺរ៉ុបទាំងមូល ដែលមានអ្នកស្លាប់ 169,000នាក់។ នីវយ៉ក ថាមស៍ សាព័ត៌មានដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក បានចំណាយផ្ទៃនៅលើទំព័រ1 បោះពុម្ពផ្សាយពីបញ្ជីឈ្មោះអ្នកស្លាប់នៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងដាក់ចំណងជើងធំៗថា “ការបាត់បង់ដែលមិនអាចគណនាបាន”។

    The cover of The New York Times, featuring a headline regarding the approaching 100,000th death of the coronavirus disease (COVID-19), is seen for sale in Manhattan, New York City, U.S., May 24, 2020. REUTERS/Andrew Kelly

    ចំណែកលោកប្រធានាធិបតីដូណាល់ ត្រាំ វិញ បានចំណាយពេលវេលានៃថ្ងៃឈប់សម្រាក ទៅវាយកូនហ្គោល ជាប់ៗគ្នា 2ថ្ងៃនៅឯក្លិបផ្ទាល់ខ្លួនរបស់លោក នៅក្នុងរដ្ឋវើជីនៀ ក្រោយពីមិនបានលេងកីឡានេះជាយូរមកហើយ។

    Second to left: U.S. President Donald Trump participates in a round of golf amid the coronavirus disease (COVID-19) outbreak, in Sterling, Virginia, U.S., May 24, 2020. REUTERS/Tom Brenner

    កាលពីពេលមុននេះ លោកត្រាំ បានបង្ហើបឱ្យដឹងថា លោកខ្លួនឯងបានលេបថ្នាំ ហាយដ្រុកស៊ី ក្លូរ៉ូគីន និងហ្ស៊ិង ដើម្បីការពារមេរោគវីរុសមួយនេះ ដែលធ្វើឱ្យកើតមានការរិះគន់យ៉ាងសន្ធឹកថា តើវាជាវិធីដែលមានសុវត្ថិភាពដែរឬ? ព្រោះថ្នាំមួយនេះ ប្រើសម្រាប់តែការព្យាបាលជំងឺគ្រុនចាញ់(ម៉ាឡារៀ) និងនៅមិនទាន់ការធានារ៉ាប់រងថា វាអាចការពារមេរោគកូវីដ-19 បាននៅឡើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ជាង​99,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ធូរ​បន្ថយ​បម្រាម​គោចរ​

    ជាង​99,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ធូរ​បន្ថយ​បម្រាម​គោចរ​

    រដ្ឋ​ចំនួន​50​របស់​សហរដ្ឋ​អាមេរិក​​បាន​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើការ​ដើរ​ហើរ​ដើម្បី​ចាប់​ផ្ដើមបើក​​ដំណើរ​ការ​សេដ្ឋ​កិច្ច​ទាំង​ស្រុង​ឡើង​វិញ​ បើ​ទោះ​ជា​មាន​ការ​ព្រមាន​ពី​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​ក៏ដោយ។

    យោង​តាម​ស្ថិតិ​របស់​គេហទំព័រ​ Worldometer គិត​មក​ដល់​បច្ចុប្បន្ន តួលេខ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ដល់​ជាង​99,200​នាក់​ គឺ​កើន​ជិត​600​នាក់​បើ​ធៀប​ជាមួយ​នឹង​ម្សិល​មិញ​។ ក្នុង​រយៈ​ពេល​24​ម៉ោង​មក​នេះ សហរដ្ឋ​អាមេរិក​​ក៏បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ជិត​18,000​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ឡើង​ដល់​ជិត​1.7​លាន​នាក់​។

    សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​គឺជា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។​ តួលេខ​នៃ​​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ប្រទេស​នេះ​ ត្រូវ​បាន​គេ​ព្យាករ​ថា​នឹងកើន​ដល់​147,000​នាក់​ នៅ​ដើម​ខែ​សីហា​ខាង​មុខ។​

    គិត​មក​ដល់​បច្ចុប្បន្ន រដ្ឋ​ចំនួន​50​របស់​សហរដ្ឋ​អាមេរិក​បាន​បន្ធូរ​បន្ថយ​បម្រាម​គោចរ​ ខណៈ​ដែល​កាល​ពី​សប្ដាហ៍​មុន​ រដ្ឋ​ចំនួន​11​​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19​ច្រើន​បំផុត​មិន​ធ្លាប់​មានពីមុន​មក ក្នុង​នោះ​រួម​មាន​រដ្ឋ​ Alabama, Arkansas, Minnesota, North Dakota, New Hampshire, Maryland, Maine, Nevada, Utah, Virginia និង​រដ្ឋ​ Wisconsin។

    ក្រុម​មន្ត្រី​រដ្ឋ​ការ​នៃ​សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឱ្យ​ពល​រដ្ឋ​របស់ខ្លួន​ពាក់​ម៉ាស់​នៅ​ពេល​ចេញ​ទៅ​ទី​សាធារណៈ ក៏ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​បាន​ប្រឆាំង​នឹង​ការ​អំពាវ​នាវ​នេះ​។ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ គេ​ឃើញ​មាន​មនុស្ស​តិច​តួច​ណាស់​ដែល​បាន​ពាក់​ម៉ាស់​នៅ​ពេល​ដើរ​លម្ហែ​កាយ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​នៃទីក្រុង​ Ocean City ក្នុង​រដ្ឋ​ Maryland៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស​

  • ជិត​5.5​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជិត​5.5​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​

    ពិភពលោក​ទាំង​មូល​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ចំនួន​ជិត​5.5​លាន​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជាង​346,000​នាក់​បាន​បាត់​បង់​ជីវិត​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក​ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ បាន​រក​ឃើញ​​អ្នក​ជំងឺ​COVID-19​ចំនួន​94,223​នាក់​ និង​អ្នក​ស្លាប់​2,744​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​សរុប​នៃ​អ្នក​ជំងឺ​កូរ៉ូណា​កើន​ឡើង​ដល់​5,491,193​នាក់ និង​អ្នក​ស្លាប់​សរុបដោយ​សារ​វីរុស​នេះ​​​ឡើង​ដល់​346,326​នាក់​។ អ្នកជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​2,298,806​នាក់​។

    ទ្វីប​អឺរ៉ុប​មាន​អ្នកជំងឺ​COVID-19សរុប​​1,901,749​នាក់​ ខណៈ​ដែល​តំបន់​អាមេរិក​ខាង​ជើង​មាន​​1,876,231​នាក់​ ទ្វីប​អាស៊ី​មាន​960,418​នាក់​ តំបន់​អាមេរិក​ខាង​ត្បូង​មាន​​630,661នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​​113,653​នាក់​។

    ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​COVID-19ច្រើន​ជាង​គេ​ រួម​មាន​ សហរដ្ឋ​អាមេរិក​(99,286នាក់​) អង់គ្លេស​(36,793នាក់​) អ៊ីតាលី​(32,785នាក់​) អេស្ប៉ាញ​(28,752នាក់​) បារាំង​(28,367នាក់​) និង​ប្រទេស​ប្រេស៊ីល​(22,666​​នាក់​)៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​