Category: សុខភាព

  • ទាហានកម្ពុជាម្នាក់បាន​ស្លាប់​​​ដោយ​​សារ COVID-19 ក្នុងពេលបំពេញបេសកកម្មនៅបរទេស

    ទាហានកម្ពុជាម្នាក់បាន​ស្លាប់​​​ដោយ​​សារ COVID-19 ក្នុងពេលបំពេញបេសកកម្មនៅបរទេស

    អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាត បានប្រាប់អ្នកសារអ្នកសារព័ត៌មានក្នុង​ស្រុក​នា​ថ្ងៃទី30ឧសភានេះថា ទាហានមួកខៀវរបស់កម្ពុជាម្នាក់បានបាត់បង់ជីវិតនៅប្រទេសម៉ាលី(Mali) កាលពីថ្ងៃទី29ឧសភា ដោយសារតែបានឆ្លងវីរុសCOVID-19។

    នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់ថា ទាហានអង្គការសហប្រជាជាតិដែលបានបាត់បង់ជីវិតនេះ មានឈ្មោះ ស សាវី ជាឧត្តមសេនីយ៍ទោ ដែលត្រូវបានបញ្ជូនទៅបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសម៉ាលី ក្នុងនាមជាទាហានអង្គការសហប្រជាជាតិ។

    គិតមកដល់បច្ចុប្បន្ន កងកម្លាំងមួកខៀវរបស់កម្ពុជាប្រចាំប្រទេសម៉ាលីចំនួន3នាក់ហើយដែលបានឆ្លងវីរុសCOVID-19 ក្នុងនោះមាន2នាក់បានជាសះស្បើយ។

    កម្ពុជាបានបញ្ជូនកងទ័ពរបស់ខ្លួនចំនួនជិត800នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិសុខនៅតាមបណ្ដាប្រទេសដែលកំពុងមានអស្ថិរភាព រួមមាន ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងប្រទេសម៉ាលី។ ក្នុងចំណោមទាហានខាងលើ មានស្ត្រីជិត80នាក់៕

  • ជាង​6​លាន​នាក់​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជាង​6​លាន​នាក់​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​

    ពិភព​លោក​បាន​រក​ឃើញ​អ្នកផ្ទុក​វីរុស​COVID-19 ជាង​6​លាន​នាក់​ និង​366,000​នាក់​បាត់​បង់​ជីវិត​ មនុស្ស​ជា​ច្រើន​បាន​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ ក្នុង​ពិភពលោក​ ត្រូវ​បាន​រាយ​ការណ៍​ថា បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 សរុប​ 6,026,091​នាក់​ និង​អ្នក​ជំងឺ​366,415​នាក់​បាន​ស្លាប់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​146,010​នាក់ និង​អ្នក​ស្លាប់​ថ្មី​5,720​នាក់​។ អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​ កើន​ដល់​2,655,953​នាក់​។

    សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​ដដែល​ ដោយ​មាន​អ្នក​ជំងឺ​សរុប​ 1,793,263​នាក់​ និង​អ្នក​ស្លាប់​​សរុប​104,539​នាក់​។ ប្រទេស​នេះ​បាន​រកឃើញ​អ្នកជំងឺ​ថ្មី ដល់​ទៅ​ 24,802​នាក់​ និង​ស្លាប់​1,209​នាក់​ក្នុង​អំឡុង​24ម៉ោង​ចុង​ក្រោយ​នេះ​។

    ចំណែក​ប្រទេស​ប្រេស៊ីល​វិញ មាន​អ្នក​ជំងឺ​សរុប​ 468,338​នាក់​ និង​ស្លាប់​ 27,944​នាក់​ ខណៈ​ដែល​​​ប្រទេស​រុស្ស៊ី មាន​អ្នក​ជំងឺ​ COVID-19 សរុប​ 387,623​នាក់ និង​អ្នក​ស្លាប់​​​4,374នាក់​។

  • សហរដ្ឋ​អាមេរិក​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ WHO

    សហរដ្ឋ​អាមេរិក​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ WHO

    លោក Donald Trump បាន​ប្រកាស​ថា អាមេរិកាំង​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​នឹង​ WHO ដោយ​សារ​តែ​វិធី​ដោះ​ស្រាយ​បញ្ហា​ COVID-19 របស់​​អង្គ​ការ​នេះ​ និង​ចោទ​ថា​ ស្ថិត​ក្រោម​បង្គាប់​បញ្ជា​ទាំង​ស្រុង​ពី​ចិន​។

    “ដោយ​សារ​តែ​ពួក​គេ​មិន​ធ្វើ​ការ​កែ​ទម្រង់​ដ៏​ចាំបាច់​បំផុត​ដែល​យើង​បាន​ស្នើ​ ថ្ងៃ​នេះ​យើង​នឹង​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​នឹង​អង្គ​ការ​សុខ​ភាព​ពិភពលោក​ (WHO) និង​បង្វែរ​ខ្ទង់​ថវិកា​សម្រាប់​អង្គ​ការ​នេះ ទៅ​កាន់​តម្រូវ​ការ​បន្ទាន់​ផ្នែក​សុខាភិបាល​សាធារណៈ​ដទៃ​ទៀត​ក្នុង​ពិភពលោក​ ដែល​ស័ក្ដិ​សម​ជាង​នេះ​” ប្រធានាធិបតី​អាមេរិកាំង​ លោក​ Donald Trump ថ្លែង​បែប​នេះ​កាល​ពី​ថ្ងៃទី​29​ឧសភា​ នៅ​សេតវិមាន​។

    លោក​ Trump ថ្លែង​នៅ​សេត​វិមាន​កាល​ពី​ថ្ងៃទី​29​កន្លង​ទៅ

    លោក​ Trump ថ្លែង​ថា មន្ត្រី​ចិន​ “មិន​អើពើ​ចំពោះ​កាតព្វកិច្ច​ក្នុង​ការ​រាយការណ៍​” ទៅ​កាន់​ WHO អំពី COVID-19 និង​ដាក់​សម្ពាធ​លើ​អង្គ​ការ​នេះ​ដើម្បី​ “កុហក​ពិភព​លោក​”​។ ប្រធានាធិបតី​អាមេរិកាំង​បន្ថែម​ថា “ចិន​គ្រប់​គ្រង​ WHO ទាំង​ស្រុង​ បើ​ទោះ​​បង់​វិភាគ​ទាន​ត្រឹម​តែ​40​លាន​ដុល្លារ​ ខណៈ​ដែល​អាមេរិកាំង​ចំណាយ​ដល់​ទៅ​450​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ ពិភពលោក​ ត្រូវ​ការ​ចម្លើយ​របស់​ចិន​អំពី​វីរុស​។ យើង​ត្រូវ​ការ​តម្លា​ភាព​”។

    បច្ចុប្បន្ន​ មិន​ទាន់​ដឹង​ថា ការ​សម្រេច​​​របស់​លោក Trump នឹង​ចាប់​ផ្ដើម​មាន​សុពល​ភាព​នៅ​ពេល​ណា​​នៅ​ឡើយ​។ ប៉ុន្តែ សេចក្ដី​សម្រេច​ឆ្នាំ​ 1948​ របស់​សភា​អាមេរិកាំង​ស្ដី​អំពី​សមាជិក​ភាព​របស់សហរដ្ឋ​អាមេរិក​នៅ​​ WHO បាន​សរសេរ​ថា សហរដ្ឋ​អាមេរិក​ “​មាន​សិទ្ធិ​ដក​ខ្លួន​ចេញ​ពី​អង្គ​ការ​​សុខភាព​ពិភពលោក​ បើ​សិន​ជា​បាន​ប្រកាស​ជូន​ដំណឹង​មុន​មួយ​ឆ្នាំ​”។ សហរដ្ឋ​អាមេរិក​គឺជា​សមាជិក​តែ​ម្នាក់​គត់​ដែល​អាច​ដក​ខ្លួន​ចេញ​ពី​ WHO ដោយ​ស្រប​ច្បាប់​។ នេះ​ជា​សិទ្ធិ​ដែល​ប្រទេស​នេះ​បាន​ស្នើ​នៅ​ពេល​ចូល​ជា​សមាជិក​នៃ​អង្គ​ការ​នេះ​។

    លោក Tedros ប្រធាន​អង្គ​ការ​សុខភាព​ពិភពលោក (WHO)

    កាល​ពីថ្ងៃទី​14​មេសា លោក​ Trump បាន​ប្រកាស​ផ្អាក​ការ​បង់​វិភាគ​ទាន​ដល់​ WHO ជាមួយ​នឹង​មូលហេតុ​ថា អង្គ​ការ​នេះ​​ឃុប​ឃិត​ជាមួយ​ចិន​ក្នុង​ការ​លាក់​បាំង​ភាព​ធ្ងន់ធ្ងរ​របស់​ COVID-1 នៅ​ប្រទេស​ចិន​ បណ្ដាល​ឱ្យ​​ប្រទេស​ជា​ច្រើន​ខាត​បង់​ពេល​វេលា​ដ៏សំខាន់​ក្នុង​ការ​ត្រៀម​ទប់​ទល់​នឹង​វីរុស​ ព្រម​ទាំង​បាន​ពន្យារ​ពេល​ក្នុងការ​សម្រេច​ចិត្ត​ដាក់​បម្រាម​គោចរ​។ ចិន​ និង​ WHO បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​។

    ថ្ងៃទី​18​ឧសភា លោក​ Trump បាន​ចេញ​លិខិត​ប្រកាស​រិះ​គន់ និង​ចោទ​ប្រកាន់ WHO ថា​ជា​ “អាយ៉ង”​ របស់​ចិន​ និង​គំរាម​ឈប់​ផ្ដល់​ជំនួយ​ដល់​អង្គ​ការ​នេះ​ជា​រៀង​រហូត​ លើក​លែង​តែ​ WHO អនុវត្ត​ “ការ​កែទម្រង់​នានា​” ក្នុង​រយៈ​ពេល​30​ថ្ងៃ​។

  • កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​​​វីរុស​COVID-19 ម្នាក់​ទៀត​ហើយ​!

    កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​​​វីរុស​COVID-19 ម្នាក់​ទៀត​ហើយ​!

    ព្រឹក​នេះ​ (30ឧសភា) ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ COVID-19 ថ្មី​ម្នាក់​ទៀត​ហើយ​ នាំ​ឱ្យ​ចំនួន​អ្នក​បាន​ឆ្លង​វីរុស​COVID-19 នៅ​កម្ពុជា​ កើន​ដល់​125​នាក់​។

    យោង​តាម​ក្រសួង​សុខាភិបាល​ អ្នកជំងឺ​ថ្មី​នេះ ជា​បុរស​ម្នាក់​មាន​ស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។ បុរស​នេះ​ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ ហើយ​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​COVID-19 ពេល​ចូល​មក​ដល់​​ខេត្ត​បន្ទាយ​មាន​ជ័យ​។

    បច្ចុប្បន្ន បុរស​ខាង​លើ រួម​នឹង​អ្នក​ដំណឹង​ចំនួន​9​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​បន្ទាយ​មាន​ជ័យ​។

    គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​125​នាក់ ក្នុង​នោះ​មាន​ 123​នាក់​បាន​ជា​សះស្បើយ​ និង​2​នាក់​កំពុង​ព្យាបាល​៕

  • មែនឬ? ដែលថា មិនគួរញ៉ាំទឹកក្នុងដបដែលទុកចោលនៅក្នុងឡាន…

    មែនឬ? ដែលថា មិនគួរញ៉ាំទឹកក្នុងដបដែលទុកចោលនៅក្នុងឡាន…

    មិនថាអ្នកមានរថយន្តផ្ទាល់ខ្លួន ឬអត់នោះទេ តែពេលណាក៏ដោយដែលអ្នកជិះនៅក្នុងឡាន អ្នកតែងតែឃិញមានដបទឹកនៅក្នុងឡានជានិច្ច មិនថាតែដបតូច ដបធំ ឬមានទឹកទាំងដបៗដែលជារង្វាន់បានមកពីពេលចាក់សាំងឡាននោះទេ ក្នុងអំឡុងពេលធ្វើដំណើរ បើស្រេកទឹកក៏នឹងស្រវារាវរកពីក្រោមកៅអីយកមកញ៉ាំ។ ការពិតទៅ តើទឹកពិសាដែលទុកចោលនៅក្នុងឡានបែបនេះ នឹងមានគ្រោះថ្នាក់ចំពោះសុខភាពដែរឬទេនោះ ឡារ៉ែនសូមនាំយកចម្លើយមកជម្រាបជូនមិត្តអ្នកអានដូចខាងក្រោម។

    តើទឹកពិសាដែលទុកចោលនៅក្នុងឡាន មានគ្រោះថ្នាក់ចំពោះសុខភាពដែរឬទេ?

    តាមរយៈជំនឿដែលថា ទឹកពិសាដែលទុកចោលនៅក្នុងរថយន្តនោះ ត្រូវចំហាយក្តៅដុត ឬត្រូវពន្លឺថ្ងៃចាំងចំ រហូតធ្វើឱ្យដបជ័រផ្លាស្ទិកឡើងក្តៅ រលាយលាយឡំជាមួយទឹកពិសាដែលនៅក្នុងនោះ ការពិតទៅបច្ច័យប្រថុយនឹងគ្រោះថ្នាក់បែបនេះក៏ត្រូវមកមើលថា តើវាមានតិចច្រើនប៉ុនណា ដូចជា ៈ

    – សីតុណ្ហភាពកំដៅនៅក្នុងរថយន្តក្តៅខ្លាំង តិចប៉ុនណា?

    – ដបទឹកពិសាផ្លាស្ទិក ជាដបជ័រផ្លាស្ទិកប្រភេទណា ធន់កំដៅបានខ្លាំងតិចប៉ុនណា?

    តើដបទឹកពិសាបរិសុទ្ធក្នុងប្រទេសយើង ជាដបផ្លាស្ទិកប្រភេទណា?

    ដបទឹកបរិសុទ្ធក្នុងប្រទេសយើងនេះ ការពិតទៅមានច្រើនប្រភេទណាស់ តែភាគច្រើនៗតែជាដប PET (ដបជ័រថ្លាៗ) ឬ PETE ដែលចាត់ទុកថាជាប្រភេទផ្លាស្ទិកលេខ 1 អាចការពារការជ្រាបចូលរបស់ហ្កាសផ្សេងៗបានយ៉ាងល្អ ទើបត្រូវបាននាំយកមកដាក់ទឹកពិសាបរិសុទ្ធ ទឹកភេសជ្ជៈផ្លែឈើផ្សេងៗ ប្រេងឆា ឬសូម្បីតែទឹកជ្រលក់ផ្សេងៗក៏បាន។ ដបទឹកពិសាបរិសុទ្ធប្រភេទ PET នេះអាចធន់នឹងកំដៅបានខ្ពស់ដល់ទៅ 60 – 95 អង្សាសេលសៀសឯណោះ។

    បើដបផ្លាស្ទិកត្រូវនឹងកំដៅ តើវានឹងបញ្ចេញសារធាតុគ្រោះថ្នាក់ចេញមកលាយឡំជាមួយទឹកដែលនៅក្នុងដបដែរឬទេ?

    នៅមិនទាន់មានការអះអាងច្បាស់លាស់នៅឡើយថា នឹងមានគ្រោះថ្នាក់ដូចដែលគេបាននិយាយនោះដែរឬក៏ឡើយ តែក្នុងករណីដែលយើងទុកដបទឹកពិសាបរិសុទ្ធចោលនៅក្នុងឡាននោះ នឹងគ្មានបញ្ហាអ្វីឡើយ ព្រោះសីតុណ្ហភាពនៅក្នុងរថយន្តនោះមិនដល់ 60 អង្សាសេលសៀសឡើយ។

    តែយ៉ាងណាក៏ដោយ ទឹកពិសាបរិសុទ្ធនៅក្នុងដបជ័រផ្លាស្ទិកដែលយើងញ៉ាំរាលថ្ងៃនេះ ត្រូវបានផលិតឡើងជាដបដែលសម្រាប់ប្រើបានតែម្តង រួចបោះចោលប៉ុណ្ណោះ ដូច្នេះបើចង់ប្រើប្រាស់ម្តងទៀត គួរប្រយ័ត្នប្រយែងរឿងភាពស្អាត និងអនាម័យឱ្យបានល្អជាមុនសិន៕

  • ក្រសួងថា ជំងឺគ្រុនឈាមអាចនឹងកើនឡើងក្នុងពេលខាងមុខ សូមអាណាព្យាបាលប្រុងប្រយ័ត្ន

    ក្រសួងថា ជំងឺគ្រុនឈាមអាចនឹងកើនឡើងក្នុងពេលខាងមុខ សូមអាណាព្យាបាលប្រុងប្រយ័ត្ន

    មកដល់​រដូវវស្សា​នេះ តំបន់​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​ចាប់ផ្តើម​មានទឹក​ដក់ និង​ក៏​ជា​ពេល​ចាប់ផ្តើម​កើតឡើង​វិញ​នូវ​ករណី​ជំងឺគ្រុនឈាម​សម្រាប់​កុមារ​ផងដែរ។

    ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ជំងឺគ្រុនឈាម​ក្នុងអំឡុងពេល 19សប្តាហ៍​ដើមឆ្នាំ 2020 នេះ​បាន​កើតឡើង​ចំនួន 2,172ករណី ដែល​ចំនួន​ករណី​ឈឺ នឹង​អាច​បន្ត​កើនឡើង​នៅតាម​ភូមិ ឃុំ និង​ទីប្រជុំជន​នៃ​បណ្តា​ខេត្ត​នាពេលខាងមុខ។

    ជំងឺ​នេះ​កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ ហើយ​វា​បង្កឡើង​ដោយ​សត្វ​មូស​ខ្លា​ញី​ខាំង​បឺត​ឈាម​ចម្លង​មេរោគ​គ្រុនឈាម​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត។ សត្វ​មូស​ខ្លា​បង្កើតកូន​ក្នុង​ទឹកថ្លា ស្អាត និង​ចូលចិត្ត​រស់នៅ​ជិត​មនុស្ស ហើយ​វា​ហើរ​បាន​ចម្ងាយ​មិន​ដល់ 150ម៉ែត្រ​ទេ​ជុំវិញ​កន្លែង​វា​កើត។

    តាម​ការស្រាវជ្រាវ​ផ្នែក​បាណក​សាស្ត្រ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម បានឱ្យដឹងថា​សត្វ​មូស​ខ្លា​ចូលចិត្ត​បង្កើត​កូនចៅ នៅក្នុង​សំបក​កង់ឡាន និង​សំបក​ម៉ូតូចាស់11ដង ច្រើនជាង​វត្ថុ​សម្រាប់​ប្រើប្រាស់ផ្សេង។ ការសិក្សា​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​បានឱ្យដឹងថា ជំងឺគ្រុនឈាម​ក្នុង​រដូវវស្សា​កើតឡើង​ច្រើនជាង 2ដង បើ​ធៀប​នឹង​រដូវប្រាំង ហើយ​វា​មាន​ទំនាក់ទំនង​យ៉ាងខ្លាំង​ជាមួយនឹង​កត្តា​អាកាសធាតុ​ដូចជា​កម្តៅ ចំនួន​ទឹក​ក្លៀ​ង និង​សំណើម៕

  • ជិត​5.9​លាន​នាក់​​បាន​ឆ្លង​ COVID-19 នៅ​ទូទាំង​សកល​លោក

    ជិត​5.9​លាន​នាក់​​បាន​ឆ្លង​ COVID-19 នៅ​ទូទាំង​សកល​លោក

    ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​​​ជិត​ 5.9លាន​នាក់​ និង​ជាង​ 360,000​នាក់​បាន​បាត់​បង់​ជីវិត​​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ ក្នុង​ពិភពលោក​ ត្រូវ​បាន​រាយការណ៍​ថា មាន​​អ្នក​ឆ្លង​វីរុស​COVID-19 ​សរុប​ 5,880,081​នាក់​ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​360,695​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​​ 99,678​នាក់​ និង​អ្នកស្លាប់​ថ្មី​មាន​ 3,907​នាក់​។ អ្នក​ជំងឺ​ចំនួន​ 2,576,260​នាក់​បាន​ជាសះស្បើយ​។

    ទ្វីប​អាមេរិក​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់ ក្នុង​នោះ​តំបន់​អាមេរិក​ខាង​​ជើង​មាន​អ្នក​ជំងឺ​COVID-19 សរុប​​​1,980,527​នាក់ តំបន់​អាមេរិក​ខាង​ត្បូង​មាន​​757,461​​នាក់​ ខណៈ​​ដែល​ទ្វីប​​អឺរ៉ុប​​មាន​​1,969,899​​នាក់​ អាស៊ី​​​មាន​​​1,051,266​​​នាក់​​ និង​​អាហ្វ្រិក​​មាន​​​131,570​​នាក់​។

    សហរដ្ឋ​អាមេរិក ប្រស៊ីល និង​រុស្ស៊ី​ គឺជា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​COVID-19 ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​។ សហរដ្ឋ​អាមេរិក​មាន​អ្នក​ជំងឺ​សរុប​1,767,571នាក់ និង​អ្នក​ស្លាប់​សរុប​103,302​នាក់​ ចំណែក​ប្រទេស​ប្រេស៊ីល​មាន​អ្នក​ជំងឺសរុប​438,812​នាក់​​ (អ្នក​ជំងឺ​ថ្មី​មាន​24,151​នាក់​) និង​អ្នក​ស្លាប់​សរុប​26,991​នាក់​ (អ្នក​ស្លាប់​ថ្មី​1,294​នាក់​) ខណៈ​ដែល​​ប្រទេស​រុស្ស៊ី​មាន​អ្នក​ជំងឺ​សរុប​ 379,051​នាក់​ (ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ 8,371​នាក់)​ និង​អ្នក​ស្លាប់​សរុប​​4,142​នាក់ (ក្នុង​នោះ​មាន​អ្នក​ស្លាប់​ថ្មី​ ​​174​នាក់​)៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • ជិត​357,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​សកល​លោក​

    ជិត​357,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​សកល​លោក​

    ពិភពលោក​ទាំង​មូល​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​ជិត​5.8​លាន​នាក់​ ក្នុង​នោះ​មាន​ជិត​357,000​នាក់​បាន​ស្លាប់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​សកល​លោក​ត្រូវ​បាន​រាយ​ការណ៍​ថា​មាន​អ្នកជំងឺ​រលាកសួត​ប្រភេទ​ថ្មី​ចំនួន​5,780,403​នាក់​ និង​ស្លាប់​356,788​នាក់​ ក្នុង​នោះ​ថ្ងៃ​នេះ​អ្នក​ជំងឺ​កើន​103,553​នាក់​ និង​អ្នក​ស្លាប់​កើន​5,189​នាក់​​បើ​ធៀប​នឹង​ម្សិល​មិញ​ ខណៈ​​អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​ជិត​2,500,000​នាក់​។

    ទ្វីប​អាមេរិក​មាន​អ្នក​ជំងឺ​ COVID-19 ច្រើន​ជាង​គេ​បង្អស់​ ក្នុង​នោះ​តំបន់​អាមេរិក​ខាង​ជើង​មាន​​1,952,626​នាក់ អាមេរិកខាង​ត្បូង​មាន​719,633​នាក់​ ចំណែក​ទ្វីប​អឺរ៉ុប​មាន​1,950,083​នាក់ អាស៊ី​មាន​1,026,155​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​126,638​នាក់​។

    ប្រទេស​ដែល​ជា​សម្បុក​មេរោគ​ និងជា​​ “វាល​ពិឃាត”​ ធំជាង​គេ​បង្អស់​របស់​ COVID-19 នៅ​តែ​ជា​សហរដ្ឋ​អាមេរិក​ ដោយ​មាន​អ្នកជំងឺ​សរុបជាង​​1,745,000​នាក់​​ និង​អ្នក​ស្លាប់​សរុប​ជាង​102,000​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស​

  • ជំនឿខុសៗ 5 យ៉ាង ពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមដែលអ្នកអាចមិនធ្លាប់ដឹង

    ជំនឿខុសៗ 5 យ៉ាង ពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមដែលអ្នកអាចមិនធ្លាប់ដឹង

    សម័យនៅរៀនធ្លាប់មានមិត្តភ័ក្តិម្នាក់ដែលយើងមើលឃើញថាជាមនុស្សស្អាតគួរឱ្យស្រឡាញ់ សម្បុរស រូបរាងសមសួន និងរាងស្គមស្វែល ដោយជារួមមើលទៅដូចជាមនុស្សមានសុខភាពល្អ តែនៅឆមាសបន្ទាប់មក បែរជាឮដំណឹងថា នាងត្រូវផ្អាករៀនមួយរយៈសិន ដើម្បីទៅព្យាបាលជំងឺប្រចាំកាយរបស់នាង គឺជំងឺ “ទឹកនោមផ្អែម”។

    ទើបធ្វើឱ្យយើងនឹកសង្ស័យឡើងថា អេ៎ រូបរាងក៏ល្អស្អាតយ៉ាងហ្នឹង តែហេតុអីបានកើតជំងឺទឹកនោមផ្អែម និងដល់ថ្នាក់ចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបែបនេះ? ធ្វើឱ្យគិតថា ប្រហែលជាយើងមានការយល់ខុសពីរឿងជំងឺទឹកនោមផ្អែមជាច្រើនរឿងមិនខាន ចុះអ្នកវិញ គិតថាស្គាល់ពីជំងឺទឹកនោមផ្អែមច្បាស់ប៉ុនណាដែរ?

    ជំនឿខុសៗ 5 យ៉ាង ពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមដែលអ្នកអាចមិនធ្លាប់ដឹង ៈ

    1 – មានតែមនុស្សធាត់ប៉ុណ្ណោះដែលកើតជំងឺទឹកនោមផ្អែម

    ដោយសារអ្វីដែលអ្នកយល់ថា ញ៉ាំផ្អែមខ្លាំងនឹងធ្វើឱ្យធាត់ ទើបមនុស្សធាត់កើតជំងឺទឹកនោមផ្អែម ដែលការគិតបែបនេះ មិនខុសទេ តែដែលខុសនោះគឺ មនុស្សស្គមក៏មានសិទ្ធិកើតរោគទឹកនោមផ្អែមបានដូចគ្នា គ្រាន់តែមានភាពប្រថុយប្រថានតិចជាងមនុស្សធាត់តែប៉ុណ្ណោះ។ ដូចករណីរបស់មិត្តភ័ក្តិយើងដែលបានរៀបរាប់ឱ្យស្តាប់កាលពីដំបូងហ្នឹងឯង មើលមួយភ្លែត មិនបានគិតឡើយថាកើតរោគទឹកនោមផ្អែម តែបើសង្កេតមើលពីនិស្ស័យការហូបចុករបស់គេដែលចូលចិត្តញ៉ាំទឹកភេសជ្ជៈកំប៉ុង ញ៉ាំទឹកផ្អែមៗជាប់ជាប្រចាំដែលទោះជារាងកាយមានប្រព័ន្ធដុតបំផ្លាញល្អរហូតរូបរាងមិនធាត់ឱ្យយើងឃើញមែន តែការពិតវិញកម្រឹតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ណាស់ រហូតកើតជំងឺទឹកនោមផ្អែមកម្រឹតធ្ងន់ធ្ងរនៅទីបំផុត។

    2 – ញ៉ាំបន្លែផ្លែឈើមិនបានគ្រប់ប្រភេទ យ៉ាងណាក៏មិនធាត់ដែរ

    ទោះជាយើងដឹងហើយថា បន្លែជាប្រភពរបស់សារធាតុរ៉ែ និងផ្លែឈើជាប្រភពរបស់វីតាមីនមានប្រយោជន៍ចំពោះរាងកាយមែន តែនៅមានបន្លែ និងផ្លែឈើជាច្រើនប្រភេទដែលមិនមែនមានត្រឹមតែសារធាតុ និងវីតាមីនប៉ុណ្ណោះទេ តែនៅមានជាតិស្ករ និងម្សៅខ្ពស់ណាស់ផងដែរ។

    ផ្លែឈើមានជាតិស្ករខ្ពស់ដែលគួរចៀសវាង

    – ទុរេន

    – ស្វាយទុំ

    – ចេកទុំ

    – មៀន

    – ខ្នុរ

    – សាវម៉ាវ

    – ល្មុត

    – ដំណាប់ផ្លែឈើ និងផ្លែឈើចំហុយស្ងួតផ្សេងៗ

    ផ្លែឈើមានជាតិផ្អែមតិចដេលទទួលទានបាន មិនខ្លាចកើតជំងឺទឹកនោម

    – ជម្ពូ

    – ស្រកានាគ

    – ត្របែក

    – ឃែនតាលូប

    – ផ្លែប៉ោម

    – សារ៊ី

    – ស្រ្តប៊ើរី

    – ឪឡឹក

    3 – ម្សៅ និងស្ករពីរមុខគត់ដែលជាមូលហេតុរបស់រោគទឹកនោមផ្អែម

    ការពិតទៅមូលហេតុចម្បងគឺបណ្តាលមកពីទាំងពីរយ៉ាងនេះមែន តែជាតិខ្លាញ់បង្កកខ្លួនដែលមានច្រើននៅក្នុងសាច់ក្រហម ដូចជាសាច់គោ ក្របី ចៀម និងសាច់សត្វកែច្នៃដូចជា សាច់ក្រក ហ៊ែម បូឡូណា បេខន ក៏ជាមូលហេតុរបស់ការកើតជំងឺទឹកនោមផ្អែមបានដូចគ្នា ព្រោះជាតិខ្លាញបង្កកខ្លួនពីសត្វធំៗនឹងចូលទៅទប់ស្កាត់ឱ្យអ៊ីនស៊ូលីនបញ្ចេញឬទ្ធិបានតិច ធ្វើឱ្យកម្រឹតជាតិស្ករក្នុងឈាមថយចុះយឺត ទើបថ្លើមត្រូវធ្វើការខ្លាំងឡើងដើម្បីផលិតអ៊ីនស៊ូលីនចេញមកច្រើនឡើង។ នៅពេលថ្លើមធ្វើការខ្លាំងឡើងជារឿយៗ និងចាប់ផ្តើមចុះខ្សោយសភាពរហូតផលិតអ៊ីនស៊ូលីនបានតិច ទើបជាមូលហេតុឱ្យជាតិស្ករនៅក្នុងឈាមមិនថយចុះ រហូតដល់កើតរោគទឹកនោមផ្អែមនៅទីបំផុត។

    4 – ទឹកនោមផ្អែមជាជំងឺរបស់មនុស្សចាស់

    ទោះវាជាការពិតដែលថា ភាគរយរបស់អ្នកជំងឺទឹកនោមផ្អែមគឺជាមនុស្សចាស់ច្រើនជាងក្មេងមែន តែយើងប្រហែលជាធ្លាប់ឃើញព័ត៌មានហើយថា មានក្មេងអាយុមិនដល់ 10 ឆ្នាំផងកើតជំងឺទឹកនោមផ្អែម ឬមនុស្សវ័យជំទង់ ក៏យើងធ្លាប់ឃើញរួចមកហើយ និងថែមទាំងឈឺធ្ងន់ទៀតផង នេះក៏ដោយសារតែក្មេងៗនៅមិនទាន់ចេះប្រយ័ត្នប្រយែងរឿងអាហារការហូបចុក ញ៉ាំតាមចិត្តចង់ អាហារដែលមានជាតិស្ករខ្ពស់ និងចំណីដែលមានរសជាតិផ្អែមខ្លាំងក៏មានដាក់លក់គ្រប់ទីកន្លែង ទើបក្មេងៗមានភាពប្រថុយប្រថានក្នុងការកើនកម្រឹតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់មិនចាញ់មនុស្សចាស់នោះ។

    5 – ឪពុក ឬម្តាយកើតជំងឺទឹកនោមផ្អែម យើងក៏ច្បាស់ជាកើតដែរមិនខាន

    មិនមែនដូច្នោះជានិច្ចនោះទេ ទោះជាជំងឺទឹកនោមផ្អែមនឹងឆ្លងបន្តខាងពូជអម្បូរមែន តែសូមឱ្យចាំទុកថា មិន 100% នោះទេគ្រាន់តែមានភាពប្រថុយប្រថានខ្លាំងជាងអ្នកដទៃប៉ុណ្ណោះ ដូច្នេះបើអ្នកមើលថែទាំសុខភាពឱ្យល្អ ទទួលទានអាហារដែលមានប្រយោជន៍ គ្រប់គ្រងកម្រឹតជាតិស្ករក្នុងឈាមឱ្យល្អ ហាត់ប្រាណជាប់ជាប្រចាំ និងពិនិត្យឈាម ពិនិត្យសុខភាពជាប្រចាំរៀងរាល់ឆ្នាំនោះ អ្នកក៏មានសិទ្ធិរួចផុតពីជំងឺទឹកនោមផ្អែមបានដែរ៕

  • ពេទ្យជប៉ុនព្រមាន ពាក់ម៉ាស់ការពារមេរោគ អំឡុងពេលធាតុអាកាសក្ដៅខ្លាំង ប្រឈមនឹងអាការខ្យល់គដួល

    ពេទ្យជប៉ុនព្រមាន ពាក់ម៉ាស់ការពារមេរោគ អំឡុងពេលធាតុអាកាសក្ដៅខ្លាំង ប្រឈមនឹងអាការខ្យល់គដួល

    គ្រូពេទ្យជប៉ុន បានព្រមានថា ការពាក់ម៉ាស់អនាម័យការពារការឆ្លងមេរោគ កណ្ដាលធាតុអាកាសដែលកំពុងក្ដៅខ្លាំង អាចប្រថុយប្រថាននឹងការកើតអាការខ្យល់គ និងដួលសន្លប់បាត់ស្មារតី ដោយសាររាងកាយខ្វះជាតិទឹក។

    ខណៈដែលប្រជាជនជប៉ុនស្ទើរតែទាំងអស់ពាក់ម៉ាស់អនាម័យ ដើម្បីការពារការឆ្លងមេរោគកូវីដ-19 សីតុណ្ហភាពនៅក្នុងប្រទេសជប៉ុន ក៏កំពុងចាប់ផ្ដើមកើនកម្ដៅឡើង មុនពេលឈានចូលរដូវក្ដៅក្នុងពេលមិនយូរប៉ុន្មានខាងមុខនេះដែរ។ គ្រូពេទ្យបានព្រមានថា ការពាក់ម៉ាស់ការពារមេរោគក្នុងអំឡុងពេលដែលធាតុអាកាសក្ដៅខ្លាំង ធ្វើឱ្យខ្យល់អាកាសដែលត្រជាក់ មិនអាចចូលទៅក្នុងសួតបាន ប្រព័ន្ធដកដង្ហើម នឹងធ្វើការធ្ងន់ធ្ងរឡើង ព្រោះដកដង្ហើមមិនស្រួល ដែលវានឹងបណ្ដាលឱ្យសីតុណ្ហភាពក្នុងរាងកាយកើនខ្ពស់ឡើង រហូតកើតអាការខ្យល់គ ដួលសន្លប់បាត់ស្មារតីបាន។

    អ្នកជំនាញផ្នែកវេជ្ជសាស្ត្ររបស់ជប៉ុន បានបញ្ជាក់ថា នៅលើផ្ទៃមុខមនុស្សយើង មានបណ្ដាញសរសៃប្រសាទជាច្រើនដែលទន់ជ្រាយចំពោះសីតុណ្ហភាពក្ដៅ-ត្រជាក់ខ្លាំងជាងផ្នែកផ្សេងៗរបស់រាងកាយ ដូច្នេះហើយទើបការបិទបាំងផ្ទៃមុខដោយម៉ាស់ មានភាពប្រថុយប្រថានក្នុងការធ្វើឱ្យរាងកាយមានសីតុណ្ហភាពខ្ពស់ឡើង រហូតដល់មានគ្រោះថ្នាក់ក្នុងរដូវក្ដៅ។

    គ្រូពេទ្យបានព្រមានថា ពេលពាក់ម៉ាសអនាម័យការពារ នឹងធ្វើឱ្យយើងមានអារម្មណ៍ថា មិនសូវស្រេកទឹក ដោយសារតែសំណើមនៅក្រោមក្រណាត់ម៉ាស់ តែខណៈពេលជាមួយគ្នា វាក៏នឹងប្រមូលសន្សំកម្ដៅទុកនៅក្នុងរាងកាយយើងដែរ។ គ្រូពេទ្យបានណែនាំឱ្យញ៉ាំទឹកឱ្យបានច្រើនៗ តែឱ្យចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ព្រោះវានឹងធ្វើឱ្យរាងកាយបណ្ដេញជាតិទឹកចេញកាន់តែច្រើនឡើង បត់ជើងតូចញឹកញាប់ រាងកាយនឹងខ្វះជាតិទឹក។

    ពេទ្យជប៉ុនព្រមាន ពាក់ម៉ាស់ការពារមេរោគ អំឡុងពេលធាតុអាកាសក្ដៅខ្លាំង ប្រឈមនឹងអាការខ្យល់គដួលក្រៅពីនេះ ទោះជាបង្ខាំងខ្លួនឯងនៅតែក្នុងផ្ទះក៏ដោយ ក៏គួរតែធ្វើលំហាត់ប្រាណស្រាលៗ ឱ្យចេញញើស ព្រោះវានឹងជួយធ្វើឱ្យរាងកាយមានអារម្មណ៍សប្បាយស្រួលខ្លួន។

    គ្រូពេទ្យបានណែនាំទៀតថា បើសិនជាត្រូវពាក់មាស់អនាម័យកណ្ដាលធាតុអាកាសក្ដៅហប់ខ្លាំង យើងគួរតែប្រើក្រណាត់ជ្រលក់ទឹកដាក់ស្អំនៅលើកញ្ចឹងក ព្រោះវានឹងជួយបញ្ចុះកម្ដៅក្នុងរាងកាយបាន ក្រៅពីនេះ គួរប្រើម៉ាស៊ីនត្រជាក់ ញ៉ាំទឹក និងបន្ថែមពេលវេលាសម្រាកឱ្យបានយូរឡើង ក្នុងអំឡុងពេលធាតុអាកាសក្ដៅខ្លាំង ជាពិសេសអ្នកដែលធ្វើការនៅផ្ទះ ដែលច្រើនតែសន្សំសំចៃថ្លៃភ្លើង មិនហ៊ានបើកកង្ហារ ឬម៉ាស៊ីនត្រជាក់ អាចនឹងមានគ្រោះថ្នាក់ដោយសារធាតុអាកាសក្ដៅហប់បាន។

    គ្រូពេទ្យជប៉ុនបានដាស់តឿនទៀតថា មិនគួរពាក់ម៉ាស់ខណៈពេលហាត់ប្រាណខ្លាំងៗឡើយ អាចមានគ្រោះថ្នាក់ដល់ជីវិត ព្រោះធ្លាប់មានសិស្សសាលាជនជាតិចិន ដែលពាក់ម៉ាស់អនាម័យ N95 បានស្លាប់ខណៈពេលធ្វើលំហាត់ប្រាណ ដោយសារតែខ្វះអុកស៊ីហ្ស៊ែនរួចមកហើយ៕

    ប្រភព៖ សារព័ត៌មានបរទេស