Category: សុខភាព

  • WHO ថា “សម្បុក​ COVID-19” នៅ​ប៉េកាំង​ ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ ខណៈ​ជាង​8លាន​នាក់​បាន​ឆ្លង​វីរុស​នេះ​នៅ​ទូទាំង​ពិភពលោក

    WHO ថា “សម្បុក​ COVID-19” នៅ​ប៉េកាំង​ ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ ខណៈ​ជាង​8លាន​នាក់​បាន​ឆ្លង​វីរុស​នេះ​នៅ​ទូទាំង​ពិភពលោក

    អង្គ​ការ​សុខភាព​ពិភពលោក​យល់​ថា ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 នៅក្នុង​រដ្ឋ​ធានី​ប៉េកាំង​នៃ​ប្រទេស​ចិន​ កំពុង​កើន​ឡើង​សាជា​ថ្មី​ ក្រោយ​រយៈ​ពេល​ជិត​2ខែ​មក​នេះ គឺពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ និង​ត្រូវ​តែ​ចាត់​វិធាន​ការ​គ្រប់​គ្រង​ឱ្យ​បាន​ត្រឹម​ត្រូវ​។

    នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី​15​ម្សិល​មិញ​ នាយក​កម្មវិធី​បន្ទាន់​របស់​ WHO លោក​ Mike Ryan ថ្លែង​ថា “នៅ​ប្រទេស​ចិន​ ក្រោយ​រយៈ​ពេល​ជាង​50​ថ្ងៃ ហាក់​មិន​មាន​ករណី​ឆ្លង​វីរុស​ណា​មួយ​កើត​ឡើង​ ដូច្នេះ​ករណី​ឆ្លង​តាម​ក្រុមបែប​​នេះ​គឺជា​បញ្ហា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ដែល​ត្រូវ​ការ​ការ​ស្រាវ​ជ្រាវ​ និង​គ្រប់​គ្រង​ជាបន្ទាន់”។

    លោក Mike Ryan បន្ត​ថា “ដូចដែល​យើង​ធ្លាប់​បាន​ឃើញ​កន្លង​មក ការ​បង្ហាញ​វត្តមាន​របស់​សម្បុក​មេរោគ​ថ្មី ពិសេស​គឺ​ករណី​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់​ តែង​តែ​ជា​បញ្ហា​គួរ​ព្រួយ​បារម្ភ​។ ប៉ុន្តែ ប្រការដែល​​យើង​ចង់​ឃើញ​នោះ​គឺ​ការ​ដោះ​ស្រាយ​​ជា​បន្ទាន់​ និងចាត់​​វិធានការ​គ្រប់​បែប​យ៉ាង​”។

    ទាក់​ទិន​នឹង​ព័ត៌មាន​ពី​មន្ត្រី​ចិន​ដែល​យល់​ថា សម្បុក​មេរោគ​ផ្ទុះ​ឡើង​នៅ​ទីក្រុង​ប៉េកាំង​បច្ចុប្បន្ន​មាន​ប្រភព​ពី​ផ្នែក​នាំ​ចូល​ត្រី​សាល​ម៉ុង​ លោក​ Ryan ថ្លែង​ថា មិន​ទាន់​ប្រាកដ​នៅ​ឡើង ហើយ​ត្រូវ​ស្រាវ​ជ្រាវ​បន្ថែម​។

    ជាង​8លាន​នាក់​បាន​ឆ្លង​ COVID-19 នៅ​ទូទាំង​ពិភពលោក! WHO ថា "សម្បុក​មេរោគ" នៅ​ប៉េកាំង​ ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ
    នាយក​កម្មវិធី​បន្ទាន់​របស់​ WHO លោក​ Mike Ryan (ស្ដាំ​បង្អស់)

    លោក​ Ryan សង្កត់​ធ្ងន់​ថា WHO កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​សម្បុក​មេរោគ​ថ្មី​នៅ​ប៉េកាំង​ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ជួយ​ផ្នែក​បច្ចេក​ទេស​ និង​សហការ​ជាមួយ​មន្ត្រី​ចិន​ដើម្បី​គ្រប់​គ្រង​ស្ថាន​ការណ៍​។

    មតិ​ខាង​លើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គ្រា​ដែល​ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 នៅ​ទីក្រុង​ប៉េកាំង​បាន​កើន​ឡើង​79​ករណី​បន្ថែម​ទៀត​ក្នុង​រយៈ​ពេល​ត្រឹម​តែ​4​ថ្ងៃ បន្ទាប់​ពី​រយៈ​ពេល​2​ខែ​ដែល​ស្ទើរ​មិន​មាន​ករណី​ឆ្លង​ណា​មួយ​កើត​ឡើង​។

    ករណី​ឆ្លង​មេរោគ​ថ្មី​នេះ​ ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​គេ​ជឿ​ថា មាន​ជាប់​ទាក់​ទង​នឹង​ផ្សារ​លក់ដុំ​ Xinfadi នៅ​រដ្ឋធានី​ប៉េកាំង​។ តំណាំង​ភាគី​គ្រប់​គ្រង​ផ្សារ​នេះ​ឱ្យ​ដឹង​ថា តាម​ការ​ធ្វើ​តេស្ត​ វីរុស​COVID-19 ហាក់​បាន​ឆ្លង​ពី​តូប​លក់​ត្រីសាល​ម៉ុង​នាំ​ចូល​ពី​បរទេស​មួយ​កន្លែង​នៅ​ក្នុង​ផ្សារ​នេះ​។

    WHO ថា "សម្បុក​ COVID-19" នៅ​ប៉េកាំង​ ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ ខណៈ​ជាង​8លាន​នាក់​បាន​ឆ្លង​វីរុស​នេះ​នៅ​ទូទាំង​ពិភពលោក
    ផ្សារ​លក់ដុំ​ Xinfadi នៅ​រដ្ឋធានី​ប៉េកាំង

    អាជ្ញាធរ​ទីក្រុង​ប៉េកាំង​បាន​ស្នើ​ឱ្យ​បិទ​​ផ្សារ​ខាង​លើ​ រួម​ជាមួយ​នឹង​ផ្សារ​មួយ​ចំនួនដែល​​នៅ​ក្បែរ​ខាង​ ព្រម​ទាំង​ដាក់​បម្រាម​គោចរ​លើ​ទីប្រជុំ​ជន​ដែល​នៅ​ជុំវិញ​តំបន់​ផ្សារ​ទាំងនោះ​ និង​អនុវត្ត​យន្ត​ការ​សម័យ​សង្គ្រាម​ដើម្បី​ទប់​ស្កាត់​វីរុស​ឆ្លង​រាល​ដាល​ក្នុង​បំណង​មិន​ឱ្យ​រដ្ឋធានី​ប៉េកាំង​ក្លាយ​ជា​ “Wuhan ទីពីរ”។

    COVID-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​​ចេញ​ពី​ផ្សារ​ត្រី​និង​សត្វ​ព្រៃ​មួយ​កន្លែងក្នុង​ទីក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​2019​។ បច្ចុប្បន្ន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​ 438,408​នាក់​​ ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង​ 8,103,335​លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​COVID-19 នេះ​ មាន​ចំនួន​ 3,267​នាក់​ និង​អ្នក​ឆ្លង​វីរុស​មាន​ចំនួន​122,268​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ជិត​8​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​សកល​លោក

    ជិត​8​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​សកល​លោក

    ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ ជិត​8​លាន​នាក់​ និង​អ្នក​ស្លាប់​ជាង​435,000​នាក់​។

    ប្រទេស និង​ដែន​ដី​ចំនួន​ 221​ ក្នុង​ពិភពលោក​ បាន​រាយការណ៍​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ COVID-19 សរុប​ 7,981,067​នាក់​ និង​អ្នក​ស្លាប់​សរុប​435,141​នាក់​។ អ្នក​ជំងឺ​កើន​127,998​នាក់​ និង​អ្នក​ស្លាប់​កើន​3,520​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​ មាន​ចំនួន​ 4,096,444​នាក់​។

    ទ្វីប​អាមេរិក​​​បាន​រកឃើញ​អ្នក​ផ្ទុក​វីវុស​COVID-19 សរុប​​ជិត​4​លាន​នាក់​ ខណៈ​ទ្វីប​អឺរ៉ុប​រកឃើញ​ជាង​2,200,000​នាក់​ ទ្វីប​អាស៊ី​រក​ឃើញ​ជាង​1,600,000នាក់​ និង​ទ្វីប​អាហ្វ្រិក​រក​ឃើញ​​ជាង​244,000​នាក់​។

    បើ​គិត​តាម​អត្រា​នៃ​ចំនួន​ប្រជា​ជន​សរុប​ក្នុង​ពិភពលោក​ ក្នុង​ចំណោម​មនុស្ស​1​លាន​នាក់​​ គឺ​មាន​1,024​នាក់​បាន​ឆ្លង​វីរុស​COVID-19 ចំណែក​អ្នក​អត្រា​នៃ​ការ​ស្លាប់​វិញ​ គឺ​ក្នុង​ចំណោម​មនុស្ស​1​លាន​នាក់​គឺមាន​55.8​នាក់​​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​។

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • បន្ទាន់!! ក្រុងប៉េកាំង ប្រកាស “ស្ថានការណ៍អាសន្នសភាវសង្គ្រាម” ក្រោយរកឃើញអ្នកឆ្លងមេរោគកូវីដ-19 នៅក្នុងផ្សារ 45នាក់!!

    បន្ទាន់!! ក្រុងប៉េកាំង ប្រកាស “ស្ថានការណ៍អាសន្នសភាវសង្គ្រាម” ក្រោយរកឃើញអ្នកឆ្លងមេរោគកូវីដ-19 នៅក្នុងផ្សារ 45នាក់!!

    ក្រុមទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍(ទី13មិថុនា) ថា តំបន់ ហ្វឹងថៃ របស់ទីក្រុងប៉េកាំង បានប្រកាស “ស្ថានការណ៍អាសន្នសភាវសង្គ្រាម” ក្រោយពីរកឃើញអ្នកឆ្លងមេរោគវីរុសកូវីដ-19 មកពីផ្សារចំនួនច្រើននាក់។

    របាយការណ៍បញ្ជាក់ថា ការឆ្លងរាលដាលរលកថ្មីនេះ កើតឡើងនៅក្នុងបរិវេណផ្សារស៊ីនហ្វាទី(Xinfadi) ក្នុងតំបន់ហ្វឹងថៃ ដោយតាមរយៈការប្រមូលយកសំណាកដោយការកៀរកំពង់ក (Throat swab) ពីអ្នកដែលមានភាពជិតស្និទ្ធនឹងផ្សារចំនួន 517នាក់ បានរកឃើញថា មានអ្នកឆ្លងមេរោគវីរុសកំណាចនេះដោយមិនបង្ហាញអាការចំនួន 45នាក់។

    កាលពីពេលមុនហ្នឹង នៅថ្ងៃសុក្រ(ទី12មិថុនា) ចិនបានរកឃើញអ្នកឆ្លងមេរោគកូវីដ-19ថ្មី រួមទាំងអស់ 11នាក់ ដោយមាន 6នាក់ ស្នាក់អាស្រ័យនៅក្នុងទីក្រុងប៉េកាំង និង 5នាក់ទៀត ជាអ្នកជំងឺដែលធ្វើដំណើរមកពីក្រៅប្រទេស។

    អ្នកនាំពាក្យរបស់មហាទីក្រុងប៉េកាំងបានថ្លែងថា អ្នកជំងឺថ្មី 6នាក់ ដែលបានទទួលការអះអាងថា មានការឆ្លងមេរោគមែនកាលពីថ្ងៃសុក្រនោះ សុទ្ធតែមានប្រវត្តិធ្លាប់ធ្វើដំណើរទៅផ្សារមួយនោះទាំងអស់។ ទីក្រុងប៉េកាំង បានប្រកាសប្រើវិធានការ ហាមធ្វើដំណើរឆ្លងទីក្រុង និងដាក់បញ្ជាឱ្យផ្អាកកិច្ចការងារខាងការប្រកួតកីឡាគ្រប់ប្រភេទ។

    រដ្ឋបាលក្រុងប៉េកាំង បានបញ្ជាឱ្យបិទផ្សារស៊ីនហ្វាទី រួមទាំងផ្សារបោះដុំទំនិញផ្សេងៗទៀត ក្នុងទីក្រុងនេះរួចហើយ ក្រៅពីនេះ រដ្ឋបាលតំបន់ហ្វឹងថៃ បានបញ្ជាឱ្យបិទព្រំដែនរវាងតំបន់ទីប្រជុំជន 11កន្លែងដែលនៅជិតផ្សរស៊ីនហ្វទីនេះភ្លាមៗផងដែរ។

    សូភើរម៉ារខេត ក្នុងទីក្រុងប៉េកាំង បានយកត្រីសាល់ម៉ុនចេញពីទូថ្នាក់ដាក់បង្ហាញទំនិញ ក្រោយពីមានរបាយការណ៍ថា រកឃើញមេរោគវីរុស នៅលើជ្រញ់ដែលប្រើសម្រាប់ធ្វើត្រីសាល់ម៉ុនក្នុងផ្សារស៊ីនហ្វាទី។

    អាជ្ញាធរក្រុងប៉េកាំង មានបញ្ជាឱ្យអ្នកនៅក្នុងផ្សារជាង 10,000នាក់ ចូលមកទទួលការពិនិត្យដើម្បីរកមេរោគកូវីដ-19 ខណៈពេលជាមួយគ្នា ក៏បានលុបចោលផែនការដែលបម្រុងនឹងឱ្យសិស្សថ្នាក់បឋមសិក្សាឆ្នាំទី1-3 ចូលរៀននៅថ្ងៃចន្ទ(ទី15មិថុនា)ស្អែកនេះផងដែរ។

    ការឆ្លងរាលដាលរលកទី2 របស់មេរោគកូវីដ-19 បានចាប់ផ្ដើមក្លាយជាក្ដីវិតក្កកង្វល់ខ្លាំងឡើងជារឿយៗ បើទោះជាប្រទេសជាច្រើន មើលទៅហាក់ដូចជាអាចទប់ស្កាត់ការឆ្លងសាយភាយរបស់មេរោគនេះបានហើយក៏ដោយ។

    លោគ ផាំង ស៊ឹងហួ មន្ត្រីទីស្នាក់ការគ្រប់គ្រងជំងឺ ប្រចាំក្រុងប៉េកាំង បានបញ្ជាក់ថា “ការវិនិច្ឆ័យ
    រយៈដំបូង បានបង្ហាញថា ការឆ្លងមេរោគ បណ្ដាលមកពីការប៉ះពាល់សភាពបរិស្ថានជុំវិញនៅក្នុងផ្សារ ឬមិនទេ ក៏ឆ្លងមេរោគតាមរយៈការនៅជិតស្និទ្ធនឹងអ្នកដែលឆ្លងមេរោគ…យើងនៅមិនទាន់អាចប៉ាន់ស្មានពីផលប៉ះពាល់ដែលនឹងកើតឡើងនាពេលអនាគតបាននៅឡើយទេ”៕

    ប្រភព៖ សាព័ត៌មានបរទេស

  • កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​2នាក់​ទៀត​ហើយ​

    កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​2នាក់​ទៀត​ហើយ​

    ក្រសួង​សុខភិបាល​កម្ពុជា​នាព្រឹក​ថ្ងៃទី​14​មិថុនា​ ឆ្នាំ2020​នេះ បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​2​នាក់​បន្ថែម​ទៀត​ ដែល​ជា​ករណី​នាំ​ចូល​។

    យោង​តាម​ក្រសួង​សុខាភិបាល​​ គិត​មក​ដល់​បច្ចុប្បន្ន​ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​បង្ក​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី​ COVID-19 សរុប​ 128​នាក់​ ក្នុង​នោះ​មាន​3​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ខណៈ​125​នាក់​បាន​ជាសះស្បើយ​។ កម្ពុជា​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19នេះ​នៅឡើយ​។

    ក្រសួង​សុខាភិបាល​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​រក្សា​គម្លាត​សង្គម​បន្ត​ទៀត តាម​ការ​ពន្យារ​ពេល​ការ​រៀប​អាពាហ៍​ពិពាហ៍​ ការ​ជួប​ជុំ​កម្មវិធី​សប្បាយ​នានា​ជាដើម​។ល។

    គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ធ្វើ​តេស្ត​រកវីរុសCOVID-19 ចំនួន​27274​លើក​ ស្មើ​នឹង​1643​/លាន​នាក់​។

  • ភរិយា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែន​ ឆ្លង​វីរុស​COVID-19 ខណៈ​​ដែល​ពិភពលោក​មាន​អ្នក​ជំងឺ​ជាង​​7.7​លាន​នាក់

    ភរិយា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែន​ ឆ្លង​វីរុស​COVID-19 ខណៈ​​ដែល​ពិភពលោក​មាន​អ្នក​ជំងឺ​ជាង​​7.7​លាន​នាក់

    លោក​ស្រី​ Olena ភរិយា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែន​ Zelenskiy កាល​ពី​ម្សិល​មិញ​បាន​​ប្រាប់​ឱ្យ​ដឹង​អំពី​​លទ្ធ​ផល​វិជ្ជ​មាន​ជាមួយ​នឹង​វីរុស​COVID-19 ដែល​លោក​ស្រី​ទទួល​បាន​ក្រោយ​ពី​ការ​ធ្វើតេស្ត​ ប៉ុន្តែស្វាមី​និង​កូន​ៗ​របស់​លោក​ស្រី​​ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​​ជាមួយ​នឹង​មេរោគ​នេះ​។

    “ថ្ងៃនេះ​ខ្ញុំ​បាន​ទទួល​លទ្ធ​ផលធ្វើ​តេស្ត​​វិជ្ជមាន​ជាមួយ​នឹង​ COVID-19។ ជា​ដំណឹង​ដែល​ខ្ញុំ​មិន​បាន​រំពឹង​ទុក​ទាល់​តែ​សោះ​។ ពិសេស​គឺ​នៅ​ពេល​ដែល​ខ្ញុំ​និង​គ្រួ​សារ​តែង​តែ​គោរព​គោល​ការ​ទាក់​ទិន​នឹង​ការ​ពាក់​ម៉ាស់​ ពាក់​ស្រោម​ដៃ​ និង​កាត់​បន្ថយ​ការ​ទាក់​ទង​ផ្ទាល់​” លោក​ស្រី​ Olena Zelenska ភរិយា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែន​ សរសេរ​បែប​នេះ​នៅ​លើ​ Facebook។

    លោក​ស្រី​ Olena បាន​ឱ្យ​ដឹង​ថា លោក​ស្រី​នៅ​មាន​សុខ​ភាព​ល្អ​ និង​មិន​បាច់​ចូល​ពេទ្យ​ ប៉ុន្តែ​បាន​រក្សា​គម្លាត​ជាមួយ​នឹង​គ្រួសារ​ទាំង​មូល​។

    សូម​រំឭក​ថា កន្លង​មក​ក៏​មាន​មន្ត្រី​ជាន់​ខ្ពស់​របស់​បណ្ដា​ប្រទេស​ជា​ច្រើន​បាន​ឆ្លង​វីរុស​COVID-19នេះ​ ក្នុង​នោះ​មាន​ដូច​ជា​ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ (Boris Johnson) អនុប្រធានាធិបតី​​ទីមួយ​របស់​អ៊ីរ៉ង់ (Eshaq Jahangiri) និង​ឧបនាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ (Carmen Calvo) ចំណែកលោក​ស្រី​​ Sophie Gregoire ដែល​ជា​ភរិយា​របស់​ប្រធានាធិបតី​​កាណាដា​​ក៏ត្រូវ​បាន​បញ្ជាក់​ថា​បាន​ឆ្លង​វីរុស​នេះ​ដែរ​។ ក្រៅ​ពី​នេះ​​​នៅ​មាន​រដ្ឋ​មន្ត្រី​ អនុរដ្ឋមន្ត្រី​ និង​មន្ត្រី​ជាន់​ខ្ពស់នៃ​​​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ក៏​ធ្លាប់​បាន​ឆ្លង​ COVID-19។

    លោក​ស្រី​ Olena Zelenska

    ប្រទេស​អ៊ុយ​ក្រែន​បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​​នានា​ទាក់​ទង​នឹង​ COVID-19 ចាប់​ពី​ចុង​ខែ​ឧសភា​ ក្នុង​នោះ​ក៏​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រកួត​បាល់​ទាត់​ឡើង​វិញ​ផងដែរ​។ ចំណែក​បណ្ដាញ​រថភ្លើង​ក្រោម​ដី​នៅ​ក្នុង​រដ្ឋ​ធានី​ Kiev ក៏​បាន​ដំណើរ​ការ​ឡើង​វិញ​ក្រោយ​ពី​បាន​ផ្អាក​អស់​រយៈ​ពេល​2​ខែ​ដោយ​សារ​វិបត្តិ​សុខភាព​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅក្នុង​ប្រទេស​និង​ដែន​ដី​ចំនួន​221​ក្នុង​ពិភពលោក​ បណ្ដាល​ឱ្យ​មនុស្ស​ជាង​7.7​លាន​នាក់​​បាន​ឆ្លង​វីរុស​ និង​ជាង​428,000​នាក់​បានស្លាប់​។ ប្រទេស​អ៊ុយ​ក្រែន​ បច្ចុប្បន្ន​មាន​អ្នកជំងឺ​COVID-19 ជិត​ 30,000​នាក់​ និង​ជាង​870​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • រឿងរបស់ទឹកមូត្រដែលពាក់ព័ន្ធនឹងសុខភាព

    រឿងរបស់ទឹកមូត្រដែលពាក់ព័ន្ធនឹងសុខភាព

    ទឹកមូត្រជាវត្ថុរាវដែលត្រូវបានបញ្ចេញចោលពីរាងកាយ ដោយក្រលៀននឹងត្រងយកវត្ថុមិនល្អ និងវត្ថុដែលច្រើនជ្រុលពេក ចេញពីឈាមហើយបញ្ចេញមកក្រៅជាទឹកនោម និងរក្សាទុកចំណែកដែលមានប្រយោជន៍នៅក្នុងលោហិត។ ទឹកមូត្រប្រក្រតីនឹងមានពណ៌លឿងស្រាលស្រដៀងពណ៌ចំបើង រាងថ្លា និងទឹកមូត្រដែលចេញមកថ្មីៗនឹងមានក្លិនក្រអូបស្រាលៗ តែបើទុកចោលយូរនឹងនឹងមានក្លិនឆួលពីការដែលមេរោគបាក់តេរីរំលាយយូរៀទៅជាអ៊ែមម៉ូនៀ។

    ទឹកមូត្រខុសប្រក្រតីរបស់កុមារដែលគួរដឹងមានដូចតទៅ ៈ

    1 – ទឹកមូត្រពណ៌ក្រហម

    ទឹកមូត្រពណ៌ក្រហម អាចបណ្តាលមកពីហេម៉ូគ្លោប៊ីន( hemoglobin ) ក្នុងគ្រាប់ឈាមក្រហមដែលបែក ដោយសារតែកើតជំងឺខ្វះ G-6-PD នៅក្នុងគ្រាប់ឈាមក្រហម គ្រាប់ឈាមក្រហមនឹងងាយបែកបើគ្រុនក្តៅខ្លាំង ឬញ៉ាំថ្នាំប្រភេទខ្លះ ដូចជា ស៊ុលហ្វា ខ្លរែមហ្វេហ្វ៊ីខល ជាដើម។ ទឹកមូត្រនឹងមានពណ៌ក្រហមចជាំ ស្រដៀងទឹកកូកាកូឡា ឬទឹកតែចាស់ ក្មេងនឹងស្លេកស្លាំងយ៉ាងឆាប់រហ័ស។ ភាគច្រើនរបស់ទឹកមូត្រពណ៌ក្រហមកើតចេញពីការមានឈាមចេញនៅក្នុងប្រព័ន្ធតម្រងនោម ដោយមានមូលហេតុច្រើនយ៉ាងដូចជា ៈ

    ក – ការឆ្លងមេរោគបាក់តេរី ឬវីរុសនៅក្នុងប្រព័ន្ធតម្រងនោម អាការដែលប្រទះឃើញគឺ ក្មេងច្រើនតែគ្រុនក្តៅខ្លួន នោមញឹកញាប់ នោមផ្សា និងពិបាកនោម ជាដើម។

    ខ – ជំងឺរលាកក្រលៀនភ្លាមៗ

    គ – ក្រួសក្នុងបង្ហួរនោម

    ឃ – កើតឧបត្តិហេតុ ដូចជាជិះកង់ដួល អវយវៈភេទបោកប៉ះនឹងកែបកង់ ជាដើម

    ង – ដុះសាច់នៅក្នុងបង្ហួរនោម តែមានតិចតួចបំផុត

    លក្ខណៈការនោមចេញមកមានឈាម បើឈាមចេញមកពីក្រលៀន ឬបង្ហួរក្នុងក្រលៀន នឹងមានទឹកមូត្រពណ៌ក្រហមរហូតពេញមួយការបន្ទោបង់ តែបើមានឈាម​ចេញមកមិនច្រើន ក៏នឹងឃើញមានទឹកមូត្រមានពណ៌ក្រហមនៅពេលដំបូង បន្ទាប់ពីនោះទឹកម៉ូត្រនឹងមានពណ៌ប្រក្រតីវិញ។ បើមានឈាមចេញពីបង្ហួរនោម ឬរន្ធបើករបស់បង្ហួរនោមនោះ ទឹកនោមនឹងមានពណ៌ក្រហមនៅពេលចេញមកដំបូងៗ តែបន្ទប់ពីនោះមកទឹកនោមនឹងមានពណ៌ប្រក្រតីវិញ។

    បើឪពុកម្តាយផ្តល់ប្រវត្តិការបន្ទោបង់ទឹកនោមយ៉ាងល្អិតល្អន់ រួមទាំងអាការផ្សេងៗទៀតផងនោះ ការព្យាបាលនឹងអាចធ្វើបានយ៉ាងត្រឹមត្រូវ និងឆាប់រហ័ស។

    2 – ទឹកម៉ូត្រល្អក់

    ទឹកម៉ូត្រឡើងល្អក់អាចបណ្តាលមកពីការទម្លាក់កកររបស់សារធាតុហ្វ៉សហ្វេត, យូរេត តែភាគច្រើនច្រើនបណ្តាលមកពីការឆ្លងមេរោគនៅក្នុងប្រព័ន្ធបញ្ចេញទឹកម៉ូត្រ ច្រើនមានមូលហេតុពីមេរោគបាក់តេរីនៅក្នុងពោះវៀនធំ អ្នកជំងឺច្រើនតែមានគ្រុនក្តៅ ពេលខ្លះកម្តៅឡើងខ្ពស់រហូតដល់រងាញាក់ ពិបាកបត់ជើងតូច ឈឺពេលប្រឹងបត់ជើងតូច ទឹកម៉ូត្រមានក្លិនឆួល ពេលខ្លះទឹកម៉ូត្រមានឈាម ឈឺម្តុំៗខាងក្រោមក្បាលពោះបើសិនជាមានការរលាកប្លោកនោម ឬឈឹបរិវេណខ្នងចង្កេះទាំងសងខាងបើសិនជារលាកតម្រងនោម មេរោគបាក់តេរីច្រើនតែចូលក្នុងបង្ហួរនោម និងជួបប្រទះនៅលើក្មេងស្រីច្រើនជាងក្មេងប្រុស។ ការបង្ហាត់ឱ្យក្មេងចេះសម្អាតបរិវេណអវយវៈបន្ទោបង់ និងជូតឱ្យស្ងួតអាចជួយកាត់បន្ថយការឆ្លងមេរោគបាន។

    3 – នោមតិច

    បើញ៉ាំទឹកតិចជាងតម្រូវការរបស់រាងកាយ ក្រលៀននឹងព្យាយាមរក្សាទឹកទុកដើម្បីរក្សតុល្យការទឹករបស់រាងកាយ ធ្វើឱ្យនោមតិច មានពណ៌លឿងចាស់។ បើក្មេងមិននោមលើសពី 12 ម៉ោង ត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ ព្រោះអាចនឹងកើតសភាវគាំងក្រលៀនភ្លាមៗបាន។

    4 – នោមច្រើន

    ការបន្ទោបង់ទឹកនោមច្រើន ច្រើនតែបណ្តាលមកពីការបានទទួលទឹកច្រើនលើសតម្រូវការរបស់រាងកាយ ដោយក្រលៀននឹងបញ្ចេញចំនួនទឹកដែលលើសចេញ ធ្វើឱ្យទឹកនោមមានពណ៌ស្លេក ពេលខ្លះដូចទឹកធម្មតា។ ក្រៅអំពីនេះអាចបណ្តាលមកពីជាតិស្ករ នៅក្នុងទឹកនោម ឬបានទទួលថ្នាំបញ្ចុះទឹកម៉ូត្រ ធ្វើឱ្យក្រលៀនបញ្ចេញតឹកចេញមកច្រើនជាងប្រក្រតី ឬមានភាពខុសប្រក្រតីក្នុងខួរក្បាល ដូចជា ជំងឺ Diabetes insipidus ជាដើម។

    រឿងរបស់ទឹកមូត្រ យើងអាចសង្កេតឃើញភាពខុសប្រក្រតីបានងាយបំផុត តែពេលខ្លះការព្យាបាលក៏មិនមែនងាយស្រួលជានិច្ចនោះដែរ ចូរប្រឹក្សាជាមួយគ្រូពេទ្យភ្លាមៗ ជាពិសេសបើជាកូនចៅរបស់យើងផងនោះ៕

  • ក្នុង​ចំណោមមនុស្ស​​​1​លាន​នាក់​នៅ​លើ​ពិភពលោក​ គឺ​មាន​ជាង​50នាក់​បាន​ស្លាប់ដោយ​សារ​ COVID-19 ​

    ក្នុង​ចំណោមមនុស្ស​​​1​លាន​នាក់​នៅ​លើ​ពិភពលោក​ គឺ​មាន​ជាង​50នាក់​បាន​ស្លាប់ដោយ​សារ​ COVID-19 ​

    ពិភពលោក​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​ជិត​7.6​លាន​នាក់​ ក្នុង​នោះ​មាន​ជិត​423,000​នាក់​បាន​បាត់​បង់​ជីវិត​។

    ប្រទេស​និង​ដែន​ដី​ចំនួន​221​ ក្នុង​ពិភពលោក​ បាន​រាយ​ការណ៍​ថា មាន​អ្នក​ជំងឺ​COVID-19 ចំនួន​ 7,578,973​នាក់​ និង​អ្នក​ជំងឺ​ដែល​បាន​ស្លាប់​ក៏​បាន​ឡើង​​ដល់​ 422,0928​នាក់​។ អ្នក​ជំងឺ​កើន​138,005​នាក់​ និង​អ្នក​ស្លាប់​កើន​4,937​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ ជា​សរុប​ មាន​អ្នកជំងឺ​3,832,706​នាក់​បាន​ជា​សះស្បើយ​។

    ទ្វីប​អាមេរិក​មាន​អ្នក​ជំងឺ​ COVID-19 សរុបជិត​ ​3.7​លាន​នាក់ ខណៈ​ទ្វីប​អឺរ៉ុប​មានជាង​​2.1​លាន​នាក់​ និង​អាស៊ី​មាន​ជិត​1.5​លាន​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​​ជាង​219​,000​នាក់​។

    មក​ដល់​បច្ចុប្បន្ន​ បើ​សិន​​​គិត​ទៅតាម​ចំនួន​ប្រជា​ជន​សរុប​របស់​ពិភពលោក​ គេ​រក​ឃើញ​ថា ក្នុង​ចំណោម​មនុស្ស​ 1,000,000​នាក់​ គឺមាន​973​នាក់​​​​បាន​ឆ្លង​វីរុស​COVID-19​។ ចំណែក​តួលេខ​អ្នក​ស្លាប់​វិញគឺ​មាន​54.3​នាក់​​ក្នុង​ចំណោម​មនុស្ស​1,000,000​នាក់​។

    ប្រទេស​ដែល​មាន​អ្នកជំងឺ​លើស​ពី​100,000​នាក់​ បាន​កើន​ដល់​16​ប្រទេស​ រួម​មាន​ សហរដ្ឋ​អាមេរិក​ ប្រេស៊ីល រុស្ស៊ី អង់គ្លេស​ អេស្ប៉ាញ់​ ឥណ្ឌា​ អ៊ីតាលី​ ប៉េរូ អាល្លឺម៉ង់ អ៊ីរ៉ង់ ទួរគី បារាំង​ ឈីលី​ ម៉ិក​ស៊ិក​ ប៉ាគីស្ថាន​ និង​អារ៉ាប់​ប៊ីសាអ៊ូឌីត​៕

  • កម្ពុជាគ្រោងដាក់ប្រព័ន្ធធនាគារនៅព្រលានយន្តហោះដើម្បីជនបរទេសងាយស្រួលតម្កល់លុយពិនិត្យ Covid-19

    កម្ពុជាគ្រោងដាក់ប្រព័ន្ធធនាគារនៅព្រលានយន្តហោះដើម្បីជនបរទេសងាយស្រួលតម្កល់លុយពិនិត្យ Covid-19

    កម្ពុជា​គ្រោង​នឹងដាក់​ឱ្យមាន​ការរៀបចំ​ប្រព័ន្ធ​ធនាគារឯកជន​នៅក្នុង​ព្រលានយន្តហោះ ដើម្បីឱ្យ​ជនបរទេស​ងាយស្រួល​ក្នុងការ​តម្កល់​ប្រាក់​ពេលមកដល់​កម្ពុជា ដើម្បី​ចំណាយ​លើ​ការធ្វើ​តេស្ត និង​ច​ត្តា​ឡី​ស័ក​ជាដើម។

    ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ប្រសិនបើ​កម្ពុជា​យើង​ដាក់​ឱ្យមាន​ប្រព័ន្ធ​ធនាគារឯកជន​នៅក្នុង​ព្រលានយន្តហោះ​នានា នោះ​យើង​នឹង​ងាយស្រួល​ក្នុងការ​រក្សា​ប្រាក់​តម្កល់​ជូន​ជនបរទេស​ទាំងអស់​ដែល​ចូលមក​ក្នុងប្រទេស​ក្នុងពេលដែល​ជំងឺ Covid-19 កំពុងមាន​វត្តមាន​លើ​ពិភពលោក​នេះ។ ចំពោះ​ប្រជាជន​ខ្មែរ​យើង​វិញ ឯកឧត្តម​បញ្ជាក់ថា យើង​អាច​ចេញចូល និង​ពិនិត្យ​ដោយ​ឥតគិតថ្លៃ ហេតុនេះ​មិន​ទាមទារ​ឱ្យមាន​ការតម្កល់​ប្រាក់​នោះទេ។

    ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់​ផងដែរ​ថា យើង​មិនត្រូវ​រើសអើង​ជាតិ​សាសន៍​ណា​ចូលមក​កម្ពុជា បើ​ពិនិត្យ​ទៅ​មាន​Covid យើង​នឹង​ព្យាបាល​គាត់​ឱ្យ​ជាសះស្បើយ ត្រលប់​ទៅ​ប្រទេស​របស់គាត់​វិញ ដូច​ករណី​អ្នកជំងឺ​Covid-19 ជា​ជន​បទេស​កន្លងទៅ​ដូច្នេះ​ដែរ។ ទន្ទឹមនឹងនោះ យើង​ឃើញ​ហើយ​ថា ជំងឺ​Covid-19 នៅ​កម្ពុជា សុទ្ធ​ជា​ករណី​នាំចូល ដូចនេះ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ជំងឺ​Covid-19 ពី​ក្រៅប្រទេស​ចូលមក​កម្ពុជា បើ​រកឃើញ​អ្នក​វិជ្ជមាន​Covid-19 យើង​នឹង​ចាប់​ឱ្យ​ជាប់ យកទៅ​ព្យាបាល មិនឱ្យ​រីក​រាលដាល​ចូលទៅក្នុង​សហគមន៍​នោះទេ៕

  • 8 សញ្ញាដែលបង្ហាញថា រាងកាយខ្វះសារធាតុដែកហើយ

    8 សញ្ញាដែលបង្ហាញថា រាងកាយខ្វះសារធាតុដែកហើយ

    រឿងចំណីអាហារក្នុងយុគសម័យនេះសំខាន់ចំពោះរាងកាយយើងខ្លាំងណាស់ ព្រោះយើងប្រើប្រាស់រាងកាយរបស់យើងកាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ ទើបយើងចាំបាច់ត្រូវតែមើលថែទាំខ្លាំងឡើងជាលំដាប់ដែរ ថ្ងៃនេះសូមនិយាយអំពីរឿងសារធាតុដែកដែលសំខាន់ចំពោះស្រ្តីម្តង។ ស្រ្តីយើងច្រើនតែខ្វះសារធាតុដែកដោយយើងមិនបានដឹងខ្លួនឡើយ ជាពិសេសអ្នកដែលធ្វើនេះធ្វើនោះជាប់ជានិច្ច តើធ្វើម៉េចយើងនឹងដឹងទៅថា កម្រឹតសារធាតុដែកនៅក្នុងរាងកាយរបស់យើងស្ថិតក្នុងកម្រឹតប្រក្រតី ឬក៏ទាបជាងប្រក្រតីនោះ? បើចង់ដឹងសូមសាកល្បងមើលសញ្ញាដាស់តឿន 8 ចំណុចខាងក្រោមនេះ ៖

    1 – កាន់តែឆាប់នឿយហត់ឡើង

    រាងកាយរបស់យើងប្រើសារធាតុដែកក្នុងការសាងហ៊ីម៉ូគ្លោប៊ីន ជាសារធាតុដែលជួយដឹកនាំអុកស៊ីហ្ស៊ែនក្នុងកោសិកាគ្រាប់ឈាមក្រហម នៅពេលកោសិកាគ្រាប់ឈាមរបស់យើងមិនរឹងមាំ យើងនឹងមានអារម្មណ៍ដឹងថា យើងឆាប់ហត់ និងងងុយគេងញឹកញាប់។

    2 – ខ្វះសមាធិ

    ប្រព័ន្ធទំនាក់ទំនងប្រសាទនឹងធ្វើការយឺត និងចុះខ្សោយនៅលើមនុស្សដែលខ្វះសារធាតុដែក ធ្វើឱ្យប្រសិទ្ធភាពការធ្វើការងារផ្សេងៗថយចុះ និងមានសមាធិតិចទៅតាមនោះដែរ។

    3 – ខ្វះភាពយកចិត្តទុកដាក់ចំពោះអ្វីៗជុំវិញខ្លួន

    មិនគួរឱ្យជឿឡើយថា ការខ្វះសារធាតុដែកនឹងហុចផលច្រើនដល់ថ្នាក់នេះ ក្រៅពីរឿងសមាធិហើយ អាចនឹងធ្វើឱ្យយើងមានអារម្មណ៍មិនខ្វល់ខ្វាយនឹងមនុស្សជុំវិញខ្លួនឡើយ ឬអាចនិយាយបានថា សូម្បីតែអ្វីផ្សេងៗដែលកំពុងធ្វើ ក៏មិនយកចិត្តទុកដាក់ដែរ ឬសូម្បីតែរឿងសំខាន់ៗក៏នឹងមានអារម្មណ៍ថាដូចជារឿងប្រក្រតីធម្មតា និងមិនសូវជាខ្វល់ខ្វាយជាមួយវាប៉ុន្មានឡើយ។

    4 – ពិបាកដកដង្ហើម

    បើយើងចេះតែពិបាកដកដង្ហើមញឹកញាប់ពេលដែលហាត់ប្រាណ ឬសូម្បីតែការដើរលេងៗធម្មតាក៏មានអារម្មណ៍ថា ដកដង្ហើមសឹងតែមិនទាន់ដែរ នោះក៏ព្រោះតែយើងមានសារធាតុដែកនៅក្នុងរាងកាយមិនគ្រប់គ្រាន់ ធ្វើឱ្យរាងកាយខ្វះអុកស៊ីហ្ស៊ែនហ្នឹងឯង។

    5 – ស្បែកស្លេកស្លាំងខុសប្រក្រតី

    សាកល្បងសង្កេតមើលទៅមើល៍ថា តើស្បែករបស់យើងមួយរយៈនេះស្លេកស្លាំងខុសធម្មតាដែរឬទេ? មិនមែនសឡើងនោះទេ តែជាអាការស្លេកស្លាំងដែលអាចកើតចេញពីការហូរវិលរបស់លោហិតមិនល្អគ្រប់គ្រាន់ និងចំនួនកោសិកាគ្រាប់ឈាមក្រហមក៏ថយចុះផងដែរ។

    6 – ក្រចកផុយស្រួយ

    ទោះជាហាងធ្វើក្រចកពូកែៗប៉ុនណាក៏មិនអាចបិទបាំងអាការក្រចកផុយស្រួយនេះបានដែរ យើងអាចមើលឃើញតាមរយៈចុងក្រចកដៃ ក្រចកជើងរបស់យើងបាន ឬអាចសង្កេតបានថា ជាអំឡុងពេលដែលយើងមានក្រចកឆាប់ស្រួយផុយហ្នឹងឯង។

    7 – ឈឺថ្កាត់ញឹកញាប់

    បើច្រើនតែមានបញ្ហារឿងប្រព័ន្ធដកដង្ហើមញឹកញាប់នោះ សាកល្បងនឹកដល់អាការខ្វះសារធាតុដែកខ្លះផង ព្រោះវាក៏ជាមូលហេតុមួយដូចគ្នាដែរ។

    8 – ទឹកមូត្រមានពណ៌ក្រហម ឬផ្កាឈូក

    ជារឿងដែលងាយស្រួលសង្កេតមើលបំផុត និងមើលទៅចម្លែកបំផុតក៏អាចថាបានដែរ នៅលើមនុស្សដែលខ្វះសារធាតុដែកច្រើនតែមានការបឺតជ្រាបយកពណ៌ផ្សេងនៅឯពោះវៀនច្រើនឡើង ដូច្នេះបើទទួលទានមើមប៊ីធ្រូត ហើយមានទឹកមូត្រចេញមកពណ៌ក្រហមៗផ្កាឈូកៗនោះ ចូរវាយតម្លៃតែម្តងទៅថា យើងខ្វះសារធាតុដែកហើយ។

    ដូច្នេះតើយើងនឹងជួយរាងកាយរបស់យើងយ៉ាងណាបានទៅ? យើងប្រហែលជាត្រូវទទួលទានអាហារ និងបន្ថែមអាហារណាដែលមានសារធាតុដែកឱ្យច្រើនឡើងហើយ ឬជួនកាលអាចនឹងទទួលទានអាហារបំប៉នតែម្តងក៏បាន។

    អាហារខាងក្រោមនេះសុទ្ធតែសម្បូរទៅដោយសារធាតុដែកទាំងអស់ សាកល្បងបន្ថែមចូលទៅក្នុងពេលអាហារឱ្យបានច្រើន

    – សាច់សត្វដែលមានពណ៌ក្រហម

    – ស៊ុតក្រហម

    – បន្លែពណ៌បៃតងចាស់ (ខាត់ណា ស្លឹកផ្ទី)

    – ផ្លែឈើក្រៀម (ផ្លែភ្រុន ទំពាំងបាយជូរក្រៀម)

    – អាហារស៊ីរៀលដែលមានចំណែកផ្សំរបស់ធញ្ញជាតិផ្សេងៗ (អាននៅលើស្លាកប្រអប់)

    – អាហារប្រភេទគ្រំ (អយស្ទ័រ ងាវ-ល-)

    – គ្រឿងក្នុងមាន់

    – សណ្តែកផ្សេងៗ

    – ថ្លើម

    ហើយ ឡារ៉ែនចង់ណែនាំពីគន្លឹះល្អៗបន្តិចបន្តួចផងដែរ គឺបើយើងទទួលទានអាហារដែលសម្បូរទៅដោយសារធាតុដែកព្រមជាមួយអាហារដែលមានវីតាមីន C ផងនោះ រាងកាយរបស់យើងនឹងបឺតជ្រាបយកសារធាតុដែកបានកាន់តែល្អឡើង។

    សាកល្បងសង្កេតមើលរាងកាយរបស់យើងទៅមើលថា តើយើងមានអាការទាំងអស់នេះឬទេ? អ្នកខ្លះគិតថា ញ៉ាំអាហារក៏ច្រើនដែរហើយ តែវាអាចនឹងមិនសម្បូរបែបគ្រប់គ្រាន់ ដូច្នេះការយកចិត្តទុកដាក់រឿងអាហារក៏ជារឿងមួយសំខាន់ចំពោះសុខភាពយើងដូចគ្នាដែរ៕

  • តើការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនៅ​តំបន់​អាមេរិក​ឡាទីន​ កាច​សាហាវប៉ុនណា?

    តើការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនៅ​តំបន់​អាមេរិក​ឡាទីន​ កាច​សាហាវប៉ុនណា?

    ខណៈដែលស្ថានការណ៍ការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងតំបន់ជាច្រើនក្នុងពិភពលោក កំពុងចាប់ផ្ដើមល្អប្រសើរឡើងវិញជាបណ្ដើរៗ មិនថាតែទ្វីបអាស៊ី ឬអឺរ៉ុបនោះ អង្គភាពសាធារណៈសុខាភិបាល បានបញ្ជាក់ថា តំបន់អាមេរិកឡាទីន បានក្លាយជាចំណុចកណ្ដាលនៃការឆ្លងរាលដាលថ្មីមួយរបស់ពិភពលោកហើយ។

    ប្រេស៊ីលមានអ្នកឆ្លងមេរោគនេះជិត 8សែននាក់ហើយ ដែលនេះអាចនិយាយបានថា ច្រើនបំផុតលំដាប់លេខ2 របស់ពិភពលោក ឯប្រទេសជិតខាងផ្សេងទៀត ដូចជា មិកស៊ិក និងប៉េរូ ជាដើម ក៏កំពុងព្យាយាមទប់ទល់នឹងការឆ្លងរាលដាលដ៏ធំនេះយ៉ាងវីវក់ដែរ។

    ខណៈដែលតួលេខអ្នកឆ្លងថ្មីនៅសហរដ្ឋអាមេរិក កំពុងចាប់ផ្ដើមនៅនឹង ហើយប្រទេសជាច្រើននៅក្នុងទ្វីបអឺរ៉ុប ក៏កំពុងចាប់ផ្ដើមបន្ធូរបន្ថយវិធានការបិទប្រទេសដែរនោះ តែស្ថានការណ៍នៅក្នុងចំណុចកណ្ដាលនៃការឆ្លងរាលដាលកូវីដ-19 ថ្មី របស់ពិភពលោក បែរជាកំពុងតែធ្ងន់ធ្ងរឡើងៗទៅវិញ។

    សាកសពត្រូវបានទុកចោលនៅតាមចិញ្ចើមថ្នល់ក្នុងទីក្រុង ក្វាយអាគីល ទីក្រុងធំបំផុតរបស់ប្រទេសអេក្វាដ័រ

    អ្នកឆ្លងមេរោគដែលបានទទួលការអះអាងដំបូងគេនៅក្នុងតំបន់អាមេរិកឡាទីន គឺនៅក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃទី26 កុម្ភៈ បើទោះជាអ្នកស្រាវជ្រាវបានប្រាប់ថា មានសញ្ញាបង្ហាញថា ចាប់ផ្ដើមមានអ្នកឆ្លងមេរោគនេះ តាំងពីខែមករា មកម្ល៉េះក៏ដោយ។

    បន្ទាប់ពីនោះមក មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ ក៏ឆ្លងរាលដាលទៅគ្រប់ប្រទេសក្នុងតំបន់អាមេរិកឡាទីន ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគអឺរ៉ុប(European Centre for Disease Control and Prevention) បានកត់ត្រាទុកថា មកដល់ថ្ងៃនេះ មានអ្នកឆ្លងមេរោគច្រើនជាង 1.26លាននាក់ និងមានអ្នកស្លាប់ច្រើនជាង 6ម៉ឺននាក់ហើយ។

    ទោះបីជាតួលេខនេះ តិចជាងនៅក្នុងអឺរ៉ុប និងសហរដ្ឋអាមេរិកមែន តែការត្រួតពិនិត្យនៅក្នុងអាមេរិកឡាទីនមិនទូលំទូលាយឡើយ និងក៏អាចមានការស្លាប់ដែលមិនបានរាយការណ៍ជាផ្លូវការ ជាច្រើននាក់ទៀតផង។

    ប្រេស៊ីល មានអ្នកឆ្លងមេរោគជិត 7សែននាក់ហើយ នេះជាចំនួនដែលច្រើនបំផុតលំដាប់លេខ2 ក្នុងពិភពលោក

    ប្រទេសដែលមានប្រជាជនច្រើនបំផុត 2ប្រទេស ដូចជាប្រេស៊ីល និងមិកស៊ិក មានអ្នកស្លាប់ច្រើនបំផុត ដោយមានចំនួនច្រើនជាង 3.4ម៉ឺននាក់ និង 1.2ម៉ឺននាក់ តាមលំដាប់។

    កាលពីថ្ងៃទី4 មិថុនា ប្រេស៊ីលមានរបាយការណ៍អ្នកស្លាប់ 1,349នាក់ ក្នុងរង្វង់ 24ម៉ោង ដែលនេះជាចំនួនខ្ពស់បំផុតជាប្រវត្តិសាស្ត្រ តែយ៉ាងណាក៏ដោយ ក៏ប្រេស៊ីល នៅមិនទាន់មានរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបំពេញតួនាទីយ៉ាងស្ថិតស្ថេរដែរ។

    កន្លងមក លោកប្រធានាធិបតី សាអ៊ី បូលសូណារ៉ូ របស់ប្រទេសប្រេស៊ីល បានប្រាប់ជាប់រហូតថា កូវីដ-19 មិនមែនជារឿងធ្ងន់ធ្ងរទេ និងក្នុងអំឡុងសប្ដាហ៍កន្លងទៅ លោកទើបតែប្រាប់ទៀតថា ចំនួនអ្នកស្លាប់ដែលកើនឡើងជារឿយៗនៅក្នុងប្រេស៊ីលនោះ គឺជា “កម្មវាសនា” របស់មនុស្សគ្រប់រូប និងបានបន្ទោសបណ្ដាញសារព័ត៌មានថា ជាអ្នកធ្វើឱ្យពលរដ្ឋប្រេស៊ីលភ័យភ្ញាក់ផ្អើល។

    រដ្ឋាភិបាលមិកស៊ិក ត្រូវរងការរិះគន់យ៉ាងខ្លាំង ដែលបានចាប់ផ្ដើមបន្ធូរបន្ថយការបិទប្រទេស និងឱ្យធុរកិច្ចមួយផ្នែកត្រឡប់ទៅបើកដំណើរការឡើងវិញ

    នៅប្រទេសមិកស៊ិក ក៏ដូចគ្នា កាលពីថ្ងៃទី4 មិថុនា មានចំនួនអ្នកស្លាប់ក្នុងរង្វង់ 24ម៉ោង ខ្ពស់បំផុតជាប្រវត្តិសាស្ត្រ 1,092នាក់ ចំណែកតួលេខអ្នកឆ្លងមេរោគប្រចាំថ្ងៃ ក៏ខ្ពស់បំផុតជាប្រវត្តិសាស្ត្រដូចគ្នា គឺ 3,912នាក់។

    យ៉ាងណាក៏ដោយ អាជ្ញាធររដ្ឋបាលបានប្រាប់ថា តួលេខអ្នកឆ្លងមេរោគ និងអ្នកស្លាប់មែនទែន ប្រហែលជាខ្ពស់ជាងនេះច្រើន។ ចំណែករដ្ឋាភិបាល ត្រូវទទួលរងការរិះគន់យ៉ាងខ្លាំង ដែលចាប់ផ្ដើមបន្ធូរបន្ថយវិធានការបិទប្រទេស ឱ្យធុរកិច្ចមួយផ្នែកវិលមកដំណើរការវិញ ធ្វើឱ្យអង្គការសុខភាពប្រចាំភូមិភាគអាមេរិក(Pan American Health Organisation ឬ PAHO) ចេញមកព្រមាន មិនឱ្យរដ្ឋាភិបាល ឆាប់បន្ធូរបន្ថយវិធានការបិទប្រទេសជ្រុលពេក ព្រោះអាចនឹងធ្វើឱ្យស្ថានការណ៍ឆ្លងរាលដាលកាន់តែអាក្រក់ខ្លាំងឡើង។

    លោកប្រធានាធិបតី សាអ៊ី បូលសូណារ៉ូ របស់ប្រទេសប្រេស៊ីល ប្រាប់ថា ចំនួនអ្នកស្លាប់ដែលកើនឡើងជារឿយៗនោះ គឺជា “កម្មវាសនា” របស់មនុស្សគ្រប់រូប និងបន្ទោសសារព័ត៌មានថា ជាអ្នកធ្វើឱ្យពលរដ្ឋប្រេស៊ីលភ័យភ្ញាក់ផ្អើល

    ប្រទេសប៉េរូ មានចំនួនអ្នកឆ្លងមេរោគខ្ពស់បំផុតលំដាប់ទី10 ក្នុងពិភពលោក ដោយមានអ្នកស្លាប់ប្រមាណជា 5ពាន់នាក់ ចំណែកប្រទេសឈីលី មានអ្នកឆ្លងមេរោគថ្មី រាប់ពាន់នាក់ក្នុង 1ថ្ងៃៗ។

    ប្រទេសអេក្វាដ័រ មានអត្រាការស្លាប់ ទល់នឹងចំនួនប្រជាជនខ្ពស់បំផុត ដោយមានអ្នកស្លាប់ប្រមាណជា 20នាក់ ក្នុងចំនួនប្រជាជន 1សែននាក់។

    ធៀបជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប

    ខុសពីសហរដ្ឋអាមេរិក និងប្រទេសភាគច្រើននៅក្នុងទ្វីបអឺរ៉ុប ចំនួនអ្នកស្លាប់ក្នុងបណ្ដាប្រទេសក្នុងអាមេរិកឡាទីន នៅតែកើនខ្ពស់ឡើងជារឿយៗ។ តួលេខអ្នកស្លាប់នៅក្នុងប្រទេសប្រេស៊ីល មិកស៊ិក និងប៉េរូ កើនឡើង 2ដង រៀងរាល់ 2-3សប្ដាហ៍ ក្នុងខណៈដែលចំនួននេះ ត្រូវប្រើពេល 3ខែសម្រាប់ចក្រភពអង់គ្លេស 8ខែសម្រាប់ប្រទេសអ៊ីតាលី និង11ខែសម្រាប់ប្រទេសបារាំង។

    ចំណែកសហរដ្ឋអាមេរិកវិញ មានអ្នកស្លាប់កើនឡើង 2ដង រៀងរាល់ 2ខែ។

    ការងារសិក្សាស្រាវជ្រាវ ដោយមហាវិទ្យាល័យវ៉ាស៊ីនតោន បានបង្ហាញថា ចំនួនអ្នកស្លាប់ក្នុងប្រទេសប្រេស៊ីល អាចខ្ពស់ដល់ 1.25សែននាក់ ក្នុងអំឡុងដើមខែសីហា ដែលនឹងកើនឡើង 4ដង ពីចំនួនដែលកំពុងខ្ពស់ឡើងក្នុងខណៈនេះ។

    វេជ្ជបណ្ឌិត ខារីសា អេតៀង ប្រធានអង្គការសុខភាពពិភពលោកភូមិភាគអាមេរិក បានប្រាប់ថា “គ្មានអ្វីគួរសង្ស័យសោះឡើយថា ខណៈនេះភូមិភាគរបស់យើង បានក្លាយជាមណ្ឌលកណ្ដាលនៃការឆ្លងរាលដាលដ៏ធំថ្មីមួយរបស់ពិភពលោកទៅហើយ”

    អ្នកជំនាញការប្រាប់ថា ច្រើនសប្ដាហ៍ទៀត ទម្រាំតែការឆ្លងរាលដាលនៅក្នុងប្រទេសខ្លះក្នុងអាមេរិឡាទីន នឹងទៅដល់ចំណុចវិបត្តិខ្ពស់បំផុត។

    តើត្រូវទប់ទល់យ៉ាងណា?

    មិកស៊ិក និងប្រេស៊ីល នៅតែមិនប្រើវិធានការបិទប្រទេសដែលម៉ឺងម៉ាត់ ដូចប្រទេសដទៃទៀត។ ​ទាំង 2ប្រទេស សុទ្ធតែបានចេញការណែនាំថា ប្រជាជនគួរតែប្រតិបត្តិខ្លួនយ៉ាងណា តែក៏មិនបានចេញច្បាប់ហាមឃាត់កម្រិតជាតិដែរ ហើយលោកប្រធានាធិបតី សាអ៊ី បូលសូណារ៉ូ របស់ប្រេស៊ីល ក៏បានបញ្ជាក់ជាច្រើនលើកថា កូវីដ-19 មិនមែនជារឿងអាក្រក់ទេ។

    លោក ម៉ាសៀ ខាស្ត្រូ សាស្ត្រាចារ្យផ្នែកសាធារណៈសុខាភិបាល នៅមហាវិទ្យាល័យ ហាវើដ បានបញ្ជាក់ថា វិធានការទប់ទល់របស់ប្រទេសប្រេស៊ីល មិនល្អឡើយ តែពេលនេះគោលបំណងនៃបទបញ្ជាពីមនុស្សលំដាប់អ្នកគ្រប់គ្រងប្រទេស ក៏ច្របូកច្របល់ និងមិនត្រូវគ្នា ខុសពីប្រទេសអាហ្សង់ទីន និងអ៊ុរុហ្កាយ ដែលល្មមអាចគ្រប់គ្រងស្ថានការណ៍បានខ្លះៗហើយ។

    តែយ៉ាងណាក៏ដោយ ទោះជាប្រទេសប៉េរូ នឹងមានវិធានការបិទប្រទេសដ៏ម៉ឹងម៉ាត់តឹងរ៉ឹងបំផុតក្ដី តែតួលេខអ្នកឆ្លងមេរោគ និងអ្នកស្លាប់ ក៏នៅតែកើនឡើងខ្ពស់ជារឿយៗ និងមានបទបញ្ជាឱ្យពន្យារវិធានការបិទប្រទេសរហូតដល់ដំណាច់ខែនេះ។

    ទោះជាប្រទេសឈីលី អាចពិនិត្យរកមេរោគពីប្រជាជនបានច្រើនជាងគេបំផុតក្នុងតំបន់ ដែលស្ថិតក្នុងចំនួនប្រមាណ 32នាក់ ក្នុងចំនួនប្រជាជន 1,000នាក់មែន តែការពិនិត្យរកមេរោគនៅក្នុងតំបន់នេះ ក៏នៅតែអាចរាប់បានថា តិចខ្លាំងណាស់ បើប្រៀបធៀបនឹងតំបន់ផ្សេងៗ ដូចជាប្រទេសមិកស៊ិក ដែលមានការពិនិត្យរកមេរោគ គិតទៅប្រមាណជា 2នាក់ ក្នុងចំនួនប្រជាជន 1,000នាក់ ធៀបនឹង 57នាក់ ក្នុងចំនួនប្រជាជន 1,000នាក់នៅក្នុងសហរដ្ឋអាមេរិក។

    ការវិភាគស្រាវជ្រាវដោយមហាវិទ្យាល័យ សៅប៉ូឡូ បានវាយតម្លៃថា ប្រទេសប្រេស៊ីល អាចមានអ្នកឆ្លងមេរោគមែនទែនច្រើនជាងតួលេខផ្លូវការដល់ទៅ 15ដងឯណោះ តែយ៉ាងណាក៏ដោយ លោកប្រធានាធិបតី បូលសូណារ៉ូ ក៏នៅតែចង់ឱ្យប្រទេសប្រេស៊ីល ត្រឡប់មកស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស កណ្ដាលក្ដីវិតក្កកង្វល់របស់ប្រទេសជិតខាងផ្សេងទៀត៕

    ប្រភព៖ សារព័ត៌មានបរទេស