Category: សុខភាព

  • ជាង​9​លាន​នាក់​​បាន​ឆ្លង​វីរុស​COVID-19​ នៅ​ទូទាំង​ពិភពលោក

    ជាង​9​លាន​នាក់​​បាន​ឆ្លង​វីរុស​COVID-19​ នៅ​ទូទាំង​ពិភពលោក

    ពិភពលោក​ទាំង​មូល​មានមនុស្ស​​ជាង​9​លាន​នាក់​​បាន​ឆ្លង​វីរុស​​​​COVID-19​​ និង​ជិត​470,000​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​។

    ប្រទេស​និង​ដែន​ដី​​ចំនួន​221​​​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​សរុប​ 9,032,065​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​សរុប​ 469,527​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ចំនួន​131,832​នាក់​ និង​អ្នក​ស្លាប់ថ្មី​ចំនួន​3,412​នាក់​ត្រូវ​បាន​រកឃើញ​ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ​។ ចំនួន​អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​បាន​កើន​ឡើង​ដល់​ជិត​5​លាន​នាក់​។

    ទ្វីប​អាមេរិក​មាន​អ្នកជំងឺ​សរុប​4,513,806​នាក់​ ខណៈ​ទ្វីប​អឺរ៉ុ​ប​មាន​2,310,961​នាក់ ទ្វីប​អាស៊ី​មាន​1,900,841​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​309,153​នាក់​។

    ប្រទេស​ដែល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ចាប់​ពី​300,000​នាក់​ឡើង​ទៅ​​ មាន​ចំនួន​5​ប្រទេស​ រួម​មាន សហរដ្ឋ​អាមេរិក​ (2,356,657​នាក់​) ប្រេស៊ីល (1,086,990នាក់​) រុស្ស៊ី​ (584,680​នាក់​) ឥណ្ឌា (426,910​នាក់​) និង​ប្រទេស​អង់គ្លេស​ (304,331​​នាក់​)។

    បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ច្រើន​ជាង​20,000​នាក់​ មាន​ចំនួន​7​ប្រទេស​ រួម​មាន​​សហរដ្ឋ​អាមេរិក​ (122,247​នាក់​) ប្រេស៊ីល (50,659​នាក់​) អង់គ្លេស​ (42,632​នាក់​) ​អ៊ីតាលី​ (34,634នាក់​)​ ​ប្រទេស​បារាំង​ (29,640​នាក់​) ​អេស្ប៉ាញ​ (28,323​នាក់​)​ ម៉ិកស៊ិក (21,825​នាក់​)​ និង​ប្រទេស​ឥណ្ឌា (13,703​នាក់​)៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • COVID-19! ជាង​460,000នាក់​ស្លាប់​នៅ​ទូទាំង​ពិភពលោក​! អ្នក​ជំងឺ​នៅ​ប្រេស៊ីល​​ឡើង​ដល់​ខ្ទង់​លាន​នាក់​

    COVID-19! ជាង​460,000នាក់​ស្លាប់​នៅ​ទូទាំង​ពិភពលោក​! អ្នក​ជំងឺ​នៅ​ប្រេស៊ីល​​ឡើង​ដល់​ខ្ទង់​លាន​នាក់​

    ពិភពលោក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ជាង​8.7​លាន​នាក់​ និង​អ្នក​ស្លាប់​ជាង​460,000​នាក់​ ក្នុង​គ្រា​ដែល​​ស្ថាន​ភាព​វិបត្តិ​សុខភាព​នៅ​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន​នៅតែ​អាក្រក់ឡើង​ៗ​។

    ប្រទេស​និង​ដែន​ដី​ជាង​221ក្នុង​ពិភពលោក​ បាន​រាយ​ការណ៍​ថា បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19​សរុប​ 8,735,990​នាក់ និង​អ្នក​ស្លាប់​​សរុប​461,522​នាក់​ កើន​ជា​បន្ត​បន្ទាប់​គឺ 180,588​នាក់ និង​ 6,322​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ ចំណែក​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​ 4,617,507​នាក់​។

    ទ្វីប​អាមេរិក​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19សរុប​4,348,734​នាក់​ ខណៈ​ទ្វីប​អឺរ៉ុប​រក​ឃើញ​2,283,096​នាក់​ ទ្វីប​អាស៊ី​1,816,317​នាក់​ និង​អាហ្វ្រិក​រកឃើញ​288,812​នាក់​។

    សហរដ្ឋអាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​បាន​រកឃើញ​អ្នក​ជំងឺ​សរុប​2,294,246​នាក់​ និង​អ្នក​ស្លាប់​សរុប​121,379​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​34,257​នាក់និង​អ្នក​ស្លាប់​ថ្មី​836​នាក់​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។

    ស្ថាន​ភាព​ឆ្លង​វីរុស​COVID-19 នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន​កំពុង​តែ​កើន​ឡើង​ខ្លាំង​ ក្នុង​នោះ​ ប្រទេស​​
    ប្រេស៊ីល​ជា​សម្បុក​មេរោគ​COVID-19ធំជាង​គេ​លំដាប់​ទី​ពីរ​បន្ទាប់់​ពី​សហរដ្ឋ​អាមេរិក​។ ប្រទេស​នេះ​រកឃើញ​អ្នកជំងឺ​សរុប​1,038,568នាក់​ និង​​អ្នក​ស្លាប់​សរុប​48,954​នាក់​។ អ្នកជំងឺ​ថ្មី​ដែល​ទើប​រក​ឃើញ​មាន​ចំនួន​49,554​នាក់​ និង​អ្នក​ស្លាប់​ថ្មី​1,085​នាក់​។

    ប្រទេស​រុស្ស៊ី​រកឃើញ​អ្នក​ជំងឺ​ថ្មី​ 7,972​នាក់​ និង​អ្នក​ស្លាប់​ថ្មី​181​នាក់​ នាំ​ឱ្យ​តួលេខ​អ្នក​ជំងឺ​សរុប​ឡើងដល់​​569,063​នាក់​ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​​324,406​នាក់​។

    ឥណ្ឌា​ឈរលំដាប់​ទី​4​នៅក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​​395,812​នាក់​ និង​អ្នក​ស្លាប់​សរុប​12,970​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​14,721​​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​366​នាក់​៕

  • ដំណឹងល្អ!! WHO ជឿជាក់ថា នឹងមានវ៉ាក់សាំងព្យាបាលកូវីដ-19 ប្រមាណជា 200លានដូស នៅចុងឆ្នាំនេះ

    ដំណឹងល្អ!! WHO ជឿជាក់ថា នឹងមានវ៉ាក់សាំងព្យាបាលកូវីដ-19 ប្រមាណជា 200លានដូស នៅចុងឆ្នាំនេះ

    ទីភ្នាក់ងារព័ត៌មាន សៅថ៍ ឆាយណា ម៉រនីង ផូស្ត បានរាយការណ៍ថា អង្គការសុខភាពពិភពលោក(WHO) កាលពីថ្ងៃព្រហស្បតិ៍ ទី18 មិថុនាម្សិលមិញ បានថ្លែងថា ខ្លួនជឿជាក់ថា វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-19 ប្រមាណជា 200លានដូស អាចនឹងត្រូវផលិតចេញមកក្នុងអំឡុងចុងឆ្នាំនេះ និងមានគោលដៅដំបូងគេគឺ ជួយដល់ក្រុមមនុស្សដែលទន់ខ្សោយចំពោះមេរោគវីរុសនេះខ្លាំងជាងគេបំផុតជាមុនសិន។

    អង្គភាពសុខភាពសាធារណៈ នៃអង្គការសហប្រជាជាតិ បានឱ្យដឹងថា ពួកគេកំពុងធ្វើការងារក្រោមការប៉ាន់ប្រមាណដែលថា វ៉ាក់សាំងចំនួន 2,000លានដូស នឹងត្រូវផលិតឡើងនៅក្នុងអំឡុងចុងឆ្នាំ2021 ក្នុងខណៈដែលក្រុមហ៊ុនផលិតឱសថទាំងឡាយ កំពុងនាំគ្នាប្រញាប់រួសរាន់យ៉ាងពេញទំហឹង ក្នុងការព្យាយាមស្វែងរកវ៉ាក់សាំងផ្សេងៗទៀត ដែលអាចព្យាបាលអាការជំងឺដែលបណ្ដាលមកពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មី យ៉ាងមានប្រសិទ្ធភាព។

    លោកស្រីវេជ្ជបណ្ឌិត សូមៀ ស្វាមីណាថាន ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក បានថ្លែងថា ក្រុមអ្នកស្រាវជ្រាវទាំងឡាយកំពុងដំណើរការស្រាវជ្រាវវិភាគអនាគតវ៉ាក់សាំងផ្សេងៗច្រើនជាង 200ប្រភេទទូទាំងពិភពលោក ក្នុងនោះមានប្រមាណជា 10ប្រភេទដែលបានចូលទៅដល់ដំណាក់កាលនៃការសាកល្បងនៅលើមនុស្សហើយ។ លោកស្រីបានថ្លែងតាមរយៈវីដេអូថា “បើយើងសំណាងល្អខ្លាំងនោះ យើងនឹងមានអនាគតវ៉ាក់សាំងដែលទទួលបានជោគជ័យ 1 ឬ 2យ៉ាង មុនដំណាច់ឆ្នាំនេះ”។

    ទាំងអស់នេះ លោកស្រីបានបញ្ជាក់អំពីក្រុមមនុស្ស 3ក្រុម ដែលត្រូវការវ៉ាក់សាំងឈុតដំបូងៗខ្លាំងជាងគេបំផុត ដែលមានដូចជា ទី1 មន្ត្រីដែលប្រតិបត្តិការនៅជួរមុខ ដែលប្រថុយក្នុងការឆ្លងមេរោគខ្ពស់បំផុត ដូចជា គ្រូពេទ្យ និងប៉ូលិស ជាដើម។ ទី2 ក្រុមបុគ្គលដែលទន់ខ្សោយចំពោះមេរោគវីរុសខ្លាំងបំផុត ដូចជា មនុស្សចាស់ជរា និងអ្នកជំងឺទឹកនោមផ្អែម និងទី3 ក្រុមបុគ្គលដែលរស់នៅក្នុងសភាពបរិស្ថានដែលមេរោគអាចសាយភាយបានដោយងាយ ដូចជា ទីប្រជុំជនអនាធិបតេយ្យ និងមណ្ឌលមើលថែទាំមនុស្សចាស់ជរា ជាដើម។

    លោកស្រីវេជ្ជបណ្ឌិត ស្វាមីណាថាន បានថ្លែងថា “អ្នកចាំបាច់ត្រូវចាប់ផ្ដើមដោយក្រុមមនុស្សដែលទន់ខ្សោយបំផុត ហើយបន្ទាប់ពីនោះ វ៉ាក់សាំងក៏នឹងតម្រង់ឆ្ពោះជាបណ្ដើរៗទៅរកក្រុមមនុស្សផ្សេងៗបន្ថែមទៀត…យើងកំពុងធ្វើការក្រោមចំណុចប៉ាន់ប្រមាណដែលថា យើងអាចនឹងមានវ៉ាក់សាំងចំនួន 200លានដូសនៅចុងឆ្នាំនេះ ព្រោះវាកំពុងមានការមើលឃើញបែបវិជ្ជមានច្រើនណាស់”

    “យើងសង្ឃឹមថា ក្នុងឆ្នាំ2021 យើងនឹងមានវ៉ាក់សាំងដែលមានប្រសិទ្ធភាពក្នុងការព្យាបាលប្រមាណជា 1,000 ឬ 2,000 ឬក៏ 3,000លានដូស ចែកចាយទៅទូទាំងពិភពលោក តែក្នុងពេលនេះ ប្រហែលជាត្រូវនៅប្រើពាក្យថា “បើសិន” សិនហើយ ព្រោះថា យើងនៅមិនទាន់ទទួលបានវ៉ាក់សាំងណាមួយ ដែលទទួលបានការពិសោធរួចហើយនៅឡើយ”។ លោកស្រីបានបន្តទៀតថា “តែដោយសារតែគ្រប់ការវិនិយោគ កំពុងឆ្ពោះទៅរកការផលិតវ៉ាក់សាំង ទើបខ្ញុំចង់និយាយថា ក្នុងអំឡុងចុងឆ្នាំ2021 យើងប្រហែលជានឹងមានវ៉ាក់សាំងចំនួន 2,000លានដូសសម្រាប់ប្រជាជន ឬយ៉ាងតិចបំផុត ក៏មានសម្រាប់ចាក់ឱ្យពលរដ្ឋគោលដៅដែរ”។

    ការយល់ឃើញនេះ ស៊ីចង្វាក់គ្នាជាមួយអ្នកគ្រប់គ្រងលំដាប់ខ្ពស់់របស់ក្រុមហ៊ុនផលិតថ្នាំពេទ្យទាំងឡាយ ដែលបានប្រាប់កាលពីខែកន្លងទៅថា ប្រហែលជានឹងមានការបង្ហាញខ្លួនវ៉ាក់សាំងប្រឆាំងកូវីដ-19 មួយ ឬក៏ច្រើនយ៉ាង មុននឹងចូលដល់ឆ្នាំ2021 តែសូមប្រាប់ជាមុនថា អាចចាំបាច់ត្រូវមានវ៉ាក់សាំងរួមគ្នាច្រើនដល់ទៅ 15,000​លាន​ដូសឯណោះ សម្រាប់យកឈ្នះមេរោគវីរុសប្រភេទនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ប្រទេស​ចំនួន​18​ដែល​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 លើស​ពី​100,000​នាក់​ ខណៈ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​ជិត​8.6​លាន​នាក់​នៅ​ទូទាំង​សកល​លោក​

    ប្រទេស​ចំនួន​18​ដែល​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 លើស​ពី​100,000​នាក់​ ខណៈ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​ជិត​8.6​លាន​នាក់​នៅ​ទូទាំង​សកល​លោក​

    ពិភពលោក​​ទាំង​មូល​ត្រូវ​បាន​រាយការណ៍​ថា មាន​អ្នក​ជំងឺ​ COVID-19 ជិត​8.6​លាន​នាក់​ និងជាង​455,000​នាក់​បាន​ស្លាប់​ ហើយ​បើ​គិត​តាម​ចំនួនសរុប​នៃ​​ប្រជា​ជន​របស់​ពិភពលោក​ ​ក្នុង​ចំណោម​មនុស្ស​1000,000​នាក់​គឺ​មាន​​​58.4​នាក់​ស្លាប់​​ដោយ​សារ​វីរុស​នេះ​។

    ប្រទេស​និង​ដែន​ដី​ចំនួន​​221​ក្នុង​ពិភពលោក​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​​ចំនួន​8,555,402​នាក់​ និង​455,200​នាក់​បាន​ស្លាប់​​ដោយ​សារ​COVID-19​​។ ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​នេះ អ្នក​ជំងឺ​COVID-19​ បាន​កើន​165,793​នាក់ និង​អ្នក​ស្លាប់​កើន​4,803​នាក់​​បើ​ធៀប​នឹង​ម្សិល​មិញ​។ ចំណែក​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​4,503,093​នាក់​។

    ទ្វីប​អាមេរិក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​4,235,439​នាក់​ ខណៈ​ទ្វីប​អឺរ៉ុប​រកឃើញ​2,268,136​ ទ្វីប​អាស៊ី​រកឃើញ​1,775,302​នាក់​ និង​ទ្វីប​អាហ្វ្រិក​រកឃើញ​278,677​នាក់​។

    បណ្ដា​ប្រទេស​ដែល​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 លើស​ពី​100,000​នាក់​ បាន​កើន​ដល់​​18​ប្រទេស​ រួម​មាន​សហរដ្ឋ​អាមេរិក​ ប្រេស៊ីល​ រុស្ស៊ី ឥណ្ឌា​ អង់គ្លេស​ អេស្ប៉ាញ ប៉េរូ អ៊ីតាលី ឈីលី អ៊ីរ៉ង់​ អាល្លឺម៉ង់ ទួរគី បារាំង​ ម៉ិក​ស៊ិក ប៉ាគីស្ថាន​ អារ៉ាប់​ប៊ី​សាអូឌីត កាណាដា​ និង​បង់ក្លាដែស។

    បើ​គិត​​ទៅ​តាមចំនួន​​ប្រជា​ជនសរុប​នៅ​​ទូទាំង​ពិភពលោក ក្នុង​ចំណោម​មនុស្ស​1000,000​នាក់​ គឺ​មាន​1,099​នាក់​បាន​ឆ្លង​វីរុស​COVID-19 និង​ក្នុង​ចំណោម​មនុស្ស​1000,000​នាក់​គឺ​មាន​​​58.4​នាក់​បាន​ស្លាប់​​ដោយ​សារ​វីរុស​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • បច្ចុប្បន្ន​ភាព​នៃ​ COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​

    បច្ចុប្បន្ន​ភាព​នៃ​ COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​

    ប្រទេស​និង​ដែន​ដី​ចំនួន​221​ក្នុង​ពិភពលោក​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​ជាង​8.3​លាន​នាក់​ ខណៈ​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ជាង​450,000​​នាក់​។

    បច្ចុប្បន្ន​ភាព​នៃ​ COVID-19 នៅ​​ក្នុង​ពិភពលោក​៖

    ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​8,389,609​នាក់​ និង​អ្នក​ស្លាប់​សរុប​450,397​នាក់​ និង​ជា​សះស្បើយ​​ចំនួន​4,378,701​នាក់​។ អ្នក​ជំងឺ​ថ្មី​ដែលត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ មាន​ចំនួន​141,424​នាក់​ និង​អ្នក​ស្លាប់​5,253​នាក់​។

    បច្ចុប្បន្ន​ភាព​នៃ​ COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​៖

    >ប្រទេស​ចំនួន​4​ដែល​មាន​អ្នក​ជំងឺ​ច្រើន​ជាង​1,000​នាក់​

    ឥណ្ឌូនេស៊ី​បាន​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្រោយ​ពី​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​1,031​នាក់​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ធ្វើ​ឱ្យ​តួលេខ​សរុប​ឡើង​ដល់​41,431​នាក់​ ក្នុង​នោះ​មាន​2,276​នាក់​បាន​ស្លាប់​។ អ្នក​ស្លាប់​កើន​45​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។

    បច្ចុប្បន្ន​ភាព​នៃ​ COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​សិង្ហបុរី​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ សរុប​41,216​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​​​247​នាក់​​ និង​អ្នក​ស្លាប់​សរុប​26​នាក់​។

    ប្រទេស​ម៉ាឡេស៊ី​បាន​រកឃើញ​អ្នក​ជំងឺ​សរុប​8,515​នាក់​ អ្នក​ស្លាប់​សរុប​121​នាក់​ និង​ជា​សះស្បើយ​7,873​នាក់​។ ប្រទេស​នេះ​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​3​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

    ប្រទេស​ថៃ​​៖ អ្នក​ជំងឺ​សរុប​​3,135​ អ្នក​ស្លាប់​58​នាក់​ និង​ជា​សះស្បើយ​​2,996​នាក់​។

    >ប្រទេស​ចំនួន​5​ដែល​មាន​អ្នក​ជំងឺ​ក្រោម​1,000​នាក់

    ប្រទេស​វៀតណាម​៖ អ្នកជំងឺ​សរុប​​335​នាក់​ អ្នក​​ជាសះស្បើយ​325​នាក់​។

    ប្រទេស​ម៉ាឡេស៊ី​៖ អ្នកជំងឺ​សរុប​​262​នាក់​ អ្នក​ស្លាប់​​6​នាក់​ និង​ជា​សះស្បើយ​​185​។

    ប្រទេស​ប៊្រុយ​ណេ​៖ អ្នក​ជំងឺ​សរុប​​141​នាក់​ ស្លាប់​3​នាក់​ និង​ជា​សះស្បើយ​138​នាក់​។

    ​ទីម័រ​ខាង​កើត​​៖ អ្នក​ជំងឺ​សរុប​24​នាក់​ ជា​សះស្បើយ​24​នាក់​។

    ប្រទេស​ឡាវ​៖ អ្នកជំងឺ​សរុប​19​នាក់​ ជាសះស្បើយ​19​នាក់​។

    >ប្រទេស​ចំនួន​4​ដែល​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 រួម​មាន​ កម្ពុជា​ វៀតណាម ឡាវ​ និង​ទីម័រ​ខាងកើត​៕

  • កម្ពុជា​រកឃើញ​អ្នក​ជំងឺ​COVID-19 ម្នាក់​ទៀត​ហើយនៅ​ក្នុង​ថ្ងៃ​ទី​18​មិថុនា​នេះ​​!

    កម្ពុជា​រកឃើញ​អ្នក​ជំងឺ​COVID-19 ម្នាក់​ទៀត​ហើយនៅ​ក្នុង​ថ្ងៃ​ទី​18​មិថុនា​នេះ​​!

    ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​1​នាក់​ទៀត​នៅ​ក្នុង​ថ្ងៃនេះ​។

    យោង​តាម​ទំព័រ​ Facebook របស់​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា​ (CDC) និង​គេហទំព័រ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​ ព្រឹក​នេះ (18​មិថុនា​2020) បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​1​នាក់ទៀត​​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​តួលេខសរុប​នៃ​​អ្នក​ជំងឺ​COVID-19​ ដែល​បាន​រកឃើញ​នៅ​កម្ពុជា​ កើន​ឡើង​ដល់​129​នាក់​។

    អ្នក​ជំងឺ​ថ្មី​នេះ​គឺជា​ ជនជាតិ​ខ្មែរត្រលប់មកពីប្រទេសម៉ាឡេស៊ី​ ដែល​នេះ​គឺជា​ករណី​នាំ​ចូល​។ បច្ចុប្បន្ន​ អ្នក​ជំងឺ​ថ្មី​នេះ រួម​នឹង​អ្នក​ជំងឺ​2​នាក់​ផ្សេង​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​​នៅ​រាជ​ធានី​ភ្នំ​ពេញ​។

    បច្ចុប្បន្ន​ កម្ពុជា​មាន​អ្នក​ជំងឺ​COVID-19 ដែល​កំពុង​ទទួល​ការ​ព្យាបាល​ ចំនួន​3​នាក់​ អ្នក​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​126​នាក់​។ កម្ពុជា​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​COVID-19នេះ​នៅ​ឡើយ។

    កម្ពុជា​បាន​រកឃេីញករណី​ផ្ទុក​វីរុស​COVID-19​ដំបូងបំផុតនៅថ្ងៃទី​27 ខែមករា​ ឆ្នាំ​2020។ កម្ពុជា​បាន​​ធ្វេីតេស្ត​​រកវីរុស​​COVID-19 ចំនួន​​29,248​លើក​ ដែល​ស្មេីនឹង1,761នាក់​ ក្នុង1​លាននាក់។

  • លាងបន្លែយ៉ាងណា ឱ្យមានសុវត្ថិភាពចំពោះសុខភាព

    លាងបន្លែយ៉ាងណា ឱ្យមានសុវត្ថិភាពចំពោះសុខភាព

    ការជ្រើសរើសទិញបន្លែ និងលាងបន្លែគឺជារឿងសំខាន់មួយដែរ ព្រោះពេលខ្លះក៏យើងមិនដឹងថា បន្លែដែលគេយកមកលក់នោះ ជាបន្លៃដែលគ្មានសារធាតុពុល និងថ្នាំសម្លាប់សត្វល្អិតឬក៏មាននោះឡើយ ជំនួសឱ្យការដែលត្រូវមានសុខភាពល្អ វាប្រែក្លាយជាការបង្កសារធាតុពុលនៅក្នុងរាងកាយកាន់តែច្រើនឡើងទៅវិញ ទើបថ្ងៃនេះ ឡារ៉ែនមានវិធី លាងសម្អាតបន្លែឱ្យស្អាត គ្មាននៅសេសសល់សារធាតុពុលមកជម្រាបជូនដូចតទៅ ៈ

    ការលាងបន្លែ ៈ ពេលជ្រើសរើសទិញបន្លែបានមកហើយ មុនទទួលទាន ឬនាំមកចម្អិនជាអាហារនោះ គួរយកមកលាងឱ្យស្អាតជាមុនសិន។ ក្នុងពេលបច្ចុប្បន្ននេះមានអ្នកណែនាំពីវិធីលាងសម្អាតបន្លែជាច្រើនវិធីដើម្បីកាត់បន្ថយបរិមាណសារធាតុពុលសម្លាប់សត្វល្អិតដែលនៅជាប់សេសសល់លើបន្លែនោះឱ្យថយចុះ ដោយមានវិធីជាច្រើនដូចតទៅនេះ ៈ

    1 – ការលាងបន្លែ ដោយប្រើសូដ្យូមបៃខាបូនេត 1 ស្លាបព្រាបាយសម្រាប់ទឹកក្តៅឧណ្ហៗមួយចានដែក(20លិត្រ) ត្រាំបន្លែទុកចោល 15 នាទី វានឹងកាត់បន្ថយសារធាតុពុលបាន 90 – 95% ជាវិធីដែលមានសុវត្ថិភាព។ បន្ទាប់ពីត្រាំបន្លែក្នុងសារធាតុរលាយសូដ្យូមបៃខាបូនេតក្នុងទឹករួចហើយ គួរយកបន្លែនោះទៅលាងទឹកចេញឱ្យបានច្រើនដង ដើម្បីជម្រះយកសារធាតុពុលដែលនៅសេសសល់ចេញឱ្យអស់ តែវាមានបញ្ហានៅត្រង់ថា វិធីនេះនឹងធ្វើឱ្យវីតាមីន A នៅក្នុងបន្លែបាត់បង់អស់ខ្លះ។

    2 – ការត្រាំបន្លែនៅក្នុងទឹកលាយទឹកសាជូរ ដោយប្រើទឹកសាជូររលាយក្នុងទឹក។ ត្រាំបន្លែដែលបេះរួចហើយប្រមាណ 15 នាទី នឹងអាចកាត់បន្ថយបរិមាណសារធាតុពុលបាន 60 – 84%។

    3 – ការត្រាំបន្លែក្នុងទឹកថ្នាំលាងបន្លែ ដោយត្រាំទុកចោលប្រមាណជា 15 នាទី នឹងកាត់បន្ថយបរិមាណសារធាតុពុលសម្លាប់សត្វល្អិតបាន 54 – 68% តែវិធីមិនណែនាំឱ្យប្រើឡើយ ព្រោះទឹកថ្នាំលាងបន្លែនឹងជ្រាបចូលទៅក្នុងបន្លែ អាចបណ្តាលឱ្យមានគ្រោះថ្នាក់បាន។

    4 – ការលាងបន្លែដោយបើកទឹកឱ្យហូរឆ្លងកាត់ បន្លែដែលជាស្លឹកៗ ចូរដាក់នៅក្នុងកញ្រ្ចែងដែលមានប្រឡោះធំៗ រួចបើកទឹកពីក្បាលរ៉ូប៊ីណេឱ្យខ្លាំងល្មម យកដៃជួយដុសសម្អាតលើបន្លែនីមួយៗ ដោយលាងសម្អាតប្រមាណជា 2 នាទី នឹងជួយកាត់បន្ថយសារធាតុពុលសម្លាប់សត្វល្អិតបាន 54 – 63%។

    5 – ការត្រាំបន្លែក្នុងទឹកស្អាត គួរលាងបន្លែឱ្យស្អាតពីវត្ថុកខ្វក់មួយទឹកជាមុនសិន និងបេះជាសន្លឹកៗដាក់ត្រាំនៅក្នុងចានដែកយូរប្រមាណ 15 នាទី នឹងកាត់បន្ថយបរិមាណសារធាតុពុលសម្លាប់សត្វល្អិតបាន 7 – 33%។

    6 – ការស្រុះបន្លែដោយទឹកក្តៅ នឹងកាត់បន្ថយបរិមាណសារធាតុពុលបាន 50% ចំណែកការស្ងោរវិញក៏កាត់បន្ថយសារធាតុពុលបានស្មើនឹងការស្រុះបន្លែដែរ តែ 50% ទៀតនៃសារធាតុពុលបានចេញពីបន្លៃមកក្នុងទឹកសម្ល។

    7 – ការបកសំបក ឬការបកស្រទាប់ក្រៅរបស់បន្លែចេញ ដូចជា ស្ពៃក្តោប ជាដើម បើបកស្រទាប់ខាងក្រៅចេញនឹងមានសុវត្ថិភាពខ្លាំងជាង។

    8 – ការប្រើម្សៅខ្ល័ររីនត្រាំបន្លែ ដើម្បីសម្លាប់មេរោគ និងបំផ្លាញស៊ុតសត្វល្អិត (ព្រូន និងដង្កូវជាដើម) ដោយការរំលាយម្សៅខ្ល័ររីនកន្លះស្លាបព្រាកាហ្វេសម្រាប់ទឹក 20 លិត្រ និងត្រាំទុកចោលប្រមាណ 15 – 30 នាទី នឹងសម្លាប់មេរោគបានល្អណាស់៕

  • ជំងឺ​មួយ​ប្រភេទ​ដែល​មាន​រោគ​សញ្ញា​ស្រដៀង​​ COVID-19 កំពុង​ឆ្លងរាល​ដាល​នៅ​​ New York

    ជំងឺ​មួយ​ប្រភេទ​ដែល​មាន​រោគ​សញ្ញា​ស្រដៀង​​ COVID-19 កំពុង​ឆ្លងរាល​ដាល​នៅ​​ New York

    ជំងឺ​មួយ​ប្រភេទ​ដែល​កើត​ឡើង​ដោយ​សារ​ចៃ​ឆ្កែ​​មួយ​ប្រភេទ មាន​រោគ​សញ្ញា​ស្រដៀង​​​នឹង​ជំងឺ​រលាក​សួត​ដែល​បង្ក​​ឡើង​ដោយ​វីរុស​COVID-19 បច្ចុប្បន្ន​មាន​ការ​កើន​ឡើង​ច្រើន​នៅ​ទីក្រុង​ New York សហរដ្ឋ​អាមេរិក​។

    សារ​ព័ត៌មាន FOX6Now បាន​រាយ​ការណ៍​ថា មជ្ឈមណ្ឌល​គ្រប់​គ្រង​​នឹង​ទប់​ស្កាត់​ជំងឺ​សហរដ្ឋ​អាមេរិក​ CDC (Centers for Disease Control and Prevention) បាន​ឱ្យ​ដឹង​ថា ជំងឺ​ដែល​​ត្រូវ​បាន​គេ​ហៅ​ថា ជំងឺ​ចៃឆ្កែ​ Anaplasmosis នេះ​ គឺ​កើត​ឡើង​ដោយ​សារ​បាក់​តេរី​មួយប្រភេទ​​ដែល​បាន​ឆ្លង​ទៅ​មនុស្សតាម​រយៈ​ស្នាម​ខាំ​​របស់​​ចៃ​ឆ្កែ​ឈ្មោះ​ tick មួយ​ប្រភេទ​។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​មាន​ដូច​ជា​ ក្ដៅ​ខ្លួន​ រងា​ញាក់​ញ័រ​ ឈឺក្បាល​ និង​ឈឺ​សព្វ​សារ​ពាង្គ​​កាយ​។ ​រោគ​សញ្ញា​ទាំង​នេះ​ក៏​ត្រូវ​បាន​ CDC កត់​ត្រា​ថា​ស្រដៀង​ទៅ​នឹង​​ជំងឺ​រលាក​សួត​ដែល​កើត​ឡើង​ដោយសារ​វីរុស​COVID-19ផងដែរ​។

    នាយក​រង​នៃ​​អង្គ​ភាព​គ្រប់​គ្រង់​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល​​នៃ​រដ្ឋ​ New York លោក Byron Backenson បាន​ប្រាប់​សារ​ព័ត៌មាន​ Adirondack Explorer ថា៖ “តួលេខ​នៃករណី​ឆ្លង​ជំងឺ​នេះ​ពិត​ជា​កំពុង​កើន​ឡើង​ខ្ពស់​ ពិសេស​គឺ​នៅ​ក្នុង​តំបន់​ភាគឦសាន​​នៃ​ទីក្រុង​ New York”។

    រោគ​សញ្ញា​របស់​ជំងឺ​ចៃ​ឆ្កែ​ Anaplasmosis នេះ​​ តែង​តែស្ដែង​ឡើង​ក្រោយ​រយៈ​ពេល​ពី ​1-2​សប្ដាហ៍​បន្ទាប់​ពី​បានឆ្លង​បាក់តេរី​​ដោយ​សារ​ចៃ​ឆ្កែ​ខាំ​។ មន្ត្រី​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា បើ​សិនជា​មិន​បាន​ព្យាបាល​ឱ្យ​ទាន់​ពេល​ទេ​ វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​។

    ជំងឺ​មួយ​ប្រភេទ​ដែល​មាន​រោគ​សញ្ញា​ស្រដៀង​​ COVID-19 កំពុង​ឆ្លងរាល​ដាល​នៅ​​ New York
    នេះ​គឺជា​ចៃ​ឆ្កែ​មួយ​ប្រភេទ​ដែល​នៅ​ស្គម

    លោក Byron Backenson បាន​ឱ្យ​ដឹង​ថា នៅក្នុង​ស្ថាន​ភាព​វឹកវរ​នៃ​វិបត្តិ​សុខាភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​COVID-19 សាធារណជន​ពិបាក​​មើល​ឃើញ​អំពី​ការ​កើន​ឡើង​នៃ​ជំងឺ​ចៃ​ឆ្កែ​នេះ​។ លោក​បន្ត​ថា ជំងឺ​នេះ​មិន​ត្រូវ​បាន​គេ​យក​ចិត្ត្​ទុក​ដាក់​ស្មើ​នឹង​ជំងឺ​ Lyme ដែល​ជា​ជំងឺ​មួយ​ប្រភេទ​ឆ្លង​ពី​ចៃ​ឆ្កែ​ដែល​គេ​តែង​ជួប​ជា​ញឹក​ញាប់​នៅ​ទីក្រុង​ New York នោះ​ទេ​។

    យោង​តាម​របាយ​ការណ៍​ ក្រៅ​ពី​ទីក្រុង​ New York ក្នុង​ឆ្នាំ​2009​ នៅ​ទូទាំង​រដ្ឋ​ New York មាន​ករណី​ឆ្លង​ជំងឺ​ចៃ​ឆ្កែ​ Anaplasmosis​​ សរុប​ចំនួន​ជាង​300​នាក់​ ប៉ុន្តែនៅ​ឆ្នាំ​2018 តួលេខ​នេះ​បាន​កើន​ជាង​ទ្វេ​ដង​។

    ការ​សិក្សា​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ក្រុម​វេជ្ជ​បណ្ឌិត​មិន​អាច​ពិនិត្យ​ដឹង​ជំងឺ​ Lyme បាន​ត្រឹម​ត្រូវ​នោះឡើយ​ ចំណែក​ជំងឺ​ចៃ​ឆ្កែ​ Anaplasmosis នេះ​វិញ គឺ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កំណត់​ដឹង​ច្បាស់​។ យោង​តាម​ CDC ជំងឺ​ចៃ​ឆ្កែ​ Anaplasmosis​ តែង​ត្រូវ​បាន​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​មេរោគ​​អង់ទីប៊ីយ៉ូទិក។​

    ជំងឺ​មួយ​ប្រភេទ​ដែល​មាន​រោគ​សញ្ញា​ស្រដៀង​​ COVID-19 កំពុង​ឆ្លងរាល​ដាល​នៅ​​ New York
    ចៃ​ឆ្កែ​មាន​ច្រើន​ប្រភេទ​ និង​ច្រើន​សណ្ឋាន

    មន្ទីរ​សុខាភិបាល​ទីក្រុង​ New York ឱ្យ​ដឹង​ថា ចៃ​ឆ្កែ​​ Anaplasmosis តែង​តែ​ត្រូវ​បាន​រកឃើញ​នៅក្នុង​ព្រៃ​ ឬគុម្ពោត​​ព្រៃ។ ពួក​វា​​​តោង​ជាប់​ទៅ​នឹង​ស្មៅ​ គុម្ពោត​ព្រៃ​ ក៏ដូជា​រស់​នៅ​​​ក្រោម​ស្មៅ​ និង​ក្នុង​សួន​ផ្កា​ ជា​ពិសេស​នៅក្នុង​តំ​បន់​ក្បែរ​ព្រៃ​ និង​នៅ​ក្នុង​គំនរ​បាក់​បែក​ចាស់​ៗ​ ហើយ​នៅ​ពេល​មាន​ឆ្កែ​ទៅ​ដេក​ចំ​កន្លែង​ដែល​ពួក​វា​រស់នៅ​​ ពួក​វា​អាច​តោង​ជាប់​នឹង​រោម​ឆ្កែ​ រួច​ក៏រស់​នៅ​ក្រោម​រោម​ឆ្កែ​ ដោយ​បឺត​ឈាម​ជា​អាហារ​។

    វិធី​ល្អ​បំផុត​ដើម្បី​ទប់ស្កាត់​ជំងឺ​ខាង​លើ យើង​ត្រូវ​តែចៀស​វាងការ​​ប៉ះពាល់​សំរាម​ដែល​មាន​ប្រភព​ពី​ព្រៃ​ គុម្ភោត​ព្រៃ​ និង​ស្មៅ​ ព្រម​ទាំង​ត្រូវ​ងូត​ទឹក​ដុស​សាប៊ូ​ឱ្យ​ឆ្កែ​របស់​លោក​អ្នក​ឱ្យ​បាន​ទៀង​ទាត់​ និង​ឧស្សាហ៍​ពិនិត្យ​មើល​ស្បែក​ឆ្កែ​ ឬ​ស្បែក​របស់​លោក​អ្នក​ ក្រោយ​ពេល​បាន​ឆ្លង​កាត់​កន្លែង​ដែល​សង្ស័យ​ថា​អាច​មាន​មេរោគ​៕

    ប្រភព៖ Epoch Times

  • 5 រឿងដែលហាមធ្វើ ក្រោយពេលទើបញ៉ាំបាយឆ្អែត

    5 រឿងដែលហាមធ្វើ ក្រោយពេលទើបញ៉ាំបាយឆ្អែត

    តើមិត្តអ្នកអានដឹងទេថា ពេលដែលយើងទើបទទួលទានអាហារហើយថ្មីៗ តើមានចំណុចហាមធ្វើអ្វីខ្លះ? ព្រោះថាពេលខ្លះបើយើងធ្វើអ្វីមិនត្រឹមត្រូវនោះ វានឹងហុចផលប៉ះពាល់ដល់រាងកាយរបស់យើងភ្លាមតែម្តង ដូច្នេះដើម្បីសុខភាពល្អ ថ្ងៃនេះយើងនាំគ្នាមកមើលវិញប្រសើរជាងថា តើមានរឿងអ្វីខ្លះដែលយើងមិនគួរធ្វើ ក្រោយពេលទទួលទានបាយឆ្អែតហើយភ្លាម?។

    1 – ញ៉ាំទឹកតែភ្លាមៗ

    ព្រោះការញ៉ាំទឹកតែភ្លាមអាចនាំឆ្ពោះទៅរកការកើតរោគសរសៃឈាមបេះដូងបាន ដោយសារតែសារធាតុផូលីហ្វ៊ីណូលដែលមាននៅក្នុងទឹកតែនឹងចូលទៅរារាំងការបឺតជ្រាបយកសារធាតុដែកពីអាហារ ក្រៅពីនេះជាតិអាស៊ីតនៅក្នុងទឹកតែនៅបានបំផ្លាញប្រូតេអ៊ីនពីអាហារទៀតផង។

    2 – ងូតទឹកភ្លាម

    ការងូតទឹកភ្លាមៗក្រោយពេលញ៉ាំបាយរួច នឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតី ប្រសិទ្ធភាពក្នុងការរំលាយអាហារនឹងថយចុះ ប្រព័ន្ធឈាមនៅក្នុងរាងកាយមិនតុល្យការ វិធីដែលល្អនោះគឺ រង់ចាំយ៉ាងតិចកន្លះម៉ោងដើម្បីឱ្យអាហារបានរំលាយហើយសឹមងូតទឹក។

    3 – គេងលក់ភ្លាម

    ការគេងលក់នឹងធ្វើឱ្យអាហារមិនអាចរំលាយបាន ដោយសារទិសដៅការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារខុសទិសដៅធ្វើឱ្យកើតមានខ្យល់នៅក្នុងក្រពះ និងពោះវៀន រួមទាំងធ្វើឱ្យកើតរោគអាស៊ីតហូរបញ្រ្ចាស់ទៀតផង។

    4 – ហាត់ប្រាណភ្លាម

    ការដើរទៅមក និងការហាត់ប្រាណធ្វើឱ្យពោះវៀនកម្រើកចុះឡើង ហុចផលឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានមិនពេញទំហឹង វិធីដែលល្អគួររង់ចាំយ៉ាងតិចកន្លះម៉ោងដើម្បីឱ្យអាហារបានរំលាយ និងមិនគួរហាត់ប្រាណធ្ងន់ៗឡើយ។

    5 – ញ៉ាំផ្លែឈើ

    ផ្លែឈើធ្វើឱ្យកើតមានខ្យល់នៅក្នុងក្រពះ និងធ្វើឱ្យកើតអាការឆ្អល់ ហើមពោះ គួររង់ចាំប្រមាណជា 1 – 2 ម៉ោង ដើម្បីឱ្យអាហារបានរំលាយអស់សិន ឬគួរទទួលទានមុនពេលបាយប្រមាណជា 1 ម៉ោង ដើម្បីឱ្យរាងកាយទទួលបានប្រយោជន៍ពីផ្លែឈើយ៉ាងពេញទំហឹង។

    បានដឹងយ៉ាងនេះហើយ តទៅទៀតកុំភ្លេចផ្លាស់ប្តូរទង្វើដើម្បីសុខភាពដ៏ល្អរបស់យើងក្នុងរយៈពេលវែង ព្រោះសុខភាពដែលល្អមិនអាចទិញលក់បាននោះឡើយ ស្ថិតនៅលើយើងត្រូវមើលថែទាំឱ្យល្អតាំងពីថ្ងៃនេះតែម្តង៕

  • ចង់ “ធ្មេញស” ត្រូវដឹងគន្លឹះល្អៗដែលជួយអ្នកបាន

    ចង់ “ធ្មេញស” ត្រូវដឹងគន្លឹះល្អៗដែលជួយអ្នកបាន

    អ្នកណាៗក៏ចង់មានធ្មេញសស្អាតដែរ ព្រោះញញឹមឃើញធ្មេញសវាជួយបង្កើនបុគ្គលភាព និងភាពជឿជាក់ក្នុងចិត្ត តែនៅពេលបច្ចុប្បន្ននេះមានច្រើនបច្ច័យណាស់ដែលធ្វើឱ្យធ្មេញសៗក្លាយជាពណ៌លឿងបានយ៉ាងងាយ ទើបមនុស្សជាច្រើនព្យាយាមរិះរកវិធីក្នុងការជួយធ្វើឱ្យធ្មេញសឡើងវិញ។ តើមានវិធីណាខ្លះដែលមានសុវត្ថិភាព និងតើយើងអាចការពារ និងមើលថែទាំធ្មេញឱ្យសយ៉ាងណាបាន?។

    ជាប្រក្រតីទៅធ្មេញទឹកដោះដែលដុះឡើងចំពោះក្មេងតូច នឹងមានពណ៌រាងស ធ្មេញពិតប្រាកដនឹងមានពណ៌រាងលឿងស្រាល ឬលឿងខ្ចី សម្រាប់មូលហេតុដែលធ្វើឱ្យពណ៌ធ្មេញមានការប្រែប្រួល អាចចែកចេញជា 2 ចំណុចគឺ ៈ

    1 – ពណ៌របស់ធ្មេញធម្មជាតិ

    គ្រោងសាងរបស់ធ្មេញប្រកបដោយ ស្រទាប់ស្រោបធ្មេញដែលនៅផ្នែកខាងក្រៅ ជាស្រទាប់ដែលថ្លា គ្មានពណ៌ ចំណែកពណ៌ដែលយើងមើលឃើញ គឺពណ៌របស់ស្រទាប់សាច់ធ្មេញ ដែលនៅលើមនុស្សម្នាក់ៗ ឬធ្មេញនីមួយៗមានកម្រាស់របស់ស្រទាប់ស្រោបធ្មេញមិនស្មើគ្នាទេ ធ្វើឱ្យពណ៌ធ្មេញរបស់មនុស្សម្នាក់ៗមិនដូចគ្នាឡើយ។ ពេលអាយុច្រើនឡើង ធ្មេញដែលត្រូវប្រើការមកយូរហើយនោះ នឹងកើតការសឹករេចរឹល ធ្វើឱ្យស្រទាប់ស្រោបធ្មេញស្តើង មើលឃើញស្រទាប់សាច់ធ្មេញដែលមានពណ៌លឿងកាន់តែច្បាស់ឡើង តែក៏មានករណីដែលធ្មេញពិតប្រាកដដែលដុះឡើងមកហើយមានពណ៌ខុសប្រក្រតីផងដែរ ដូចជា អ្នកដែលបានទទួលថ្នាំប្រភេទ Tetracycline ច្រើន ដូចជាស្រ្តីមានគភ៌ ឬកំពុងបំបៅដោះកូន ឬក្មេងដែលបានទទួលសារធាតុហ្លូ៊អ័ររ៉ាយច្រើនជ្រុលពេកជាដើម។

    2 – កំណកពណ៌ដែលមកជាប់នឹងធ្មេញ

    បណ្តាលមកពីការមើលថែទាំសុខភាព និងអនាម័យក្នុងមាត់មិនល្អគ្រប់គ្រាន់ ធ្វើឱ្យកើតមានកំណកពណ៌ កំណកកំបោឡើងបាន។ ការបានទទួលថ្នាំប្រភេទខ្លះក៏ធ្វើឱ្យកើតកំណកពណ៌ជាប់នៅលើធ្មេញបានដែរ ដូចជា ថ្នាំខ្ពុរមាត់ប្រភេទ Cholrhexidine ជាដើម។

    បើចង់ធ្វើឱ្យធ្មេញសឡើងនោះ យើងអាចធ្វើបាន តែត្រូវវាយតម្លៃជាមុនសិនថា តែពណ៌ធ្មេញដែលស្រអាប់នោះកើតឡើងដោយសារមូលហេតុអី? បើបណ្តាលមកពីកំណកព៌ណ និងកំណកកំបោនោះ គ្រាន់តែកោសកំណកកំបោនិងខាត់ធ្មេញចេញ ក៏អាចធ្វើឱ្យធ្មេញសឡើងបានទៅហើយ តែការព្យាបាលនេះទទួលបានលទ្ធផលខ្លាំងបំផុតត្រឹមតែស្មើនឹងពណ៌ធ្មេញពីធម្មជាតិរបស់សាម៉ីខ្លួនប៉ុណ្ណោះ បើត្រូវការភាពសដែលខ្លាំងជាងពណ៌ធ្មេញពីធម្មជាតិរបស់ខ្លួននោះ ក៏នឹងនាំឆ្ពោះទៅរកការលាងសម្អាតធ្មេញ តែសម្រាប់អ្នកដែលចង់មានធ្មេញសស្អាត ដោយមិនចាំបាច់លាងសម្អាតធ្មេញនោះ អាចធ្វើបានដោយវិធីងាយៗគឺ

    1 – ដុសធ្មេញឱ្យស្អាតយ៉ាងតិចមួយថ្ងៃ 2 ដង គឺ ភ្ញាក់ពីគេង និងមុនចូលគេង បើដុសធ្មេញក្រោយពេលបាយគ្រប់ពេលបានផងនោះ គឺជាការប្រសើរណាស់ តែគួរក្រោយពេលបាយយ៉ាងតិច 30 នាទី បើសិនទទួលទានអាហារពពួកម្សៅ ស្ករ និងអាហារដែលមានភាពជាអាស៊ីតខ្ពស់។

    2 – ប្រើខ្សែអំបោះខាត់ធ្មេញរៀងរាល់ថ្ងៃ យ៉ាងហោចណាស់មួយថ្ងៃម្តង មុនពេលគេង ឬក្រោយពេលបាយគ្រប់ពេលជាការល្អ។

    3 – ចៀសវាងអាហារ បន្លែផ្លែឈើ ភេសជ្ជៈណាដែលមានពណ៌ចាស់ខ្លាំង ព្រោះនឹងងាយកើតកំណកពណ៌តោងជាប់នៅលើស្រទាប់ស្រោបធ្មេញ តែបើត្រូវការទទួលទានវិញនោះ ចូរខ្ពុរមាត់ក្រោយពេលទទួលទានហើយ ញ៉ាំទឹកឱ្យច្រើន និងដុសធ្មេញ ប្រើខ្សែអំបោះខាត់ធ្មេញបន្ទាប់ពីទទួលទានហើយ 30 នាទី។

    4 – ទៅជួបពេទ្យធ្មេញរៀងរាល់ 6 ខែម្តង ដើម្បីពិនិត្យមើលធ្មេញ កោសកំណកកំបោ និងខាត់ធ្មេញ៕