Category: សុខភាព

  • ជំងឺចង្រៃ 4 អាចព្យាបាលបានដោយ ផ្លែ “ត្រប់ពុតលំញង”

    ជំងឺចង្រៃ 4 អាចព្យាបាលបានដោយ ផ្លែ “ត្រប់ពុតលំញង”

    ត្រប់ពុតលំញងនៅគូគ្នាជាមួយជនជាតិខ្មែរយើងយូរមកហើយ ប្រើធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារបានជាច្រើនមុខ ដូចជា សម្លកកូរ បុកលាយជាមួយទឹកគ្រឿង ស្រុះធ្វើជាអន្លក់ក៏បាន ដែលក្រៅពីភាពឆ្ញាញ់ហើយនោះ នៅមានគុណសម្បត្តិអាចប្រឆាំងនឹងជំងឺផ្សេងៗបានទៀតផង បើមិត្តអ្នកអានចង់ដឹងថា តើមានអ្វីខ្លះនោះ សូមតាមឡារ៉ែនមកចុះ។

    1 . ជំងឺទឹកនោមផ្អែម

    ការស្រាវជ្រាវវិភាគបានរកឃើញថា ទឹកភេសជ្ជៈផ្លែត្រប់ពុតលំញងអាចកាត់បន្ថយកម្រឹតអនុមូលឥស្សរៈនៅក្នុងឈាមរបស់សត្វកណ្តុរសាកល្បងដែលកើតជំងឺទឹកនោមផ្អែមបាន ធ្វើឱ្យជាតិខ្លាញ់មិនល្អ និងកម្រឹតជាតិស្ករនៅក្នុងឈាមថយចុះ ដូច្នេះការឱ្យអ្នកជំងឺទឹកនោមផ្អែមទទួលទានផ្លែត្រប់ពុតញងក្នុងអំឡុងពេលព្យាបាលនឹងជួយឱ្យឆាប់ធូរស្រាលបានច្រើនណាស់។

    2 . ជំងឺលើសឈាម និងបញ្ហាគ្រាប់ឈាម

    ការងារស្រាវជ្រាវមួយនៅក្នុងប្រទេស កាមេរូនបានរកឃើញថា ពេលយកផ្លែត្រប់ពុតលំញងមកចម្រាញ់លាយជាមួយអាល់កុលមកសាកល្បងជាមួយសត្វកណ្តុរ គេសង្កេតឃើញថា អត្រាការលោតរបស់បេះដូង និងសម្ពាធឈាមថយចុះ ព្រមទាំងនៅអាចបញ្ឈប់ការផ្តុំខ្លួនរបស់គ្រាប់ឈាមទៀតផង ដូច្នេះទើបវាជួយឱ្យអ្នកជំងឺលើសឈាម និងបញ្ហាគ្រាប់ឈាមមានអាការល្អប្រសើរឡើងបាន។

    3 . សម្បូរទៅដោយសារធាតុប្រឆាំងអនុមូលឥស្សរៈ

    នៅឆ្នាំ 2007 មានការងារស្រាវជ្រាវវិភាគមួយបាននាំផ្លែត្រប់ 11 ប្រភេទក្នុងប្រទេសថៃទៅចម្រាញ់រកសារធាតុប្រឆាំងអនុមូលឥស្សរៈ លទ្ធផលបានបង្ហាញថា ផ្លែត្រប់ពុតលំញងមានសារធាតុប្រឆាំងអនុមូលឥស្សរៈច្រើនជាងគេបំផុតក្នុងបណ្តាផ្លែត្រប់គ្រប់ប្រភេទ។

    4 . ដំបៅក្នុងក្រពះ

    នៅឆ្នាំ 2007 ដដែលនោះ ក្រុមអ្នកស្រាវជ្រាវក្នុងប្រទេស កាមេរូនបានរកឃើញថា ផ្លែត្រប់ពុតលំញងអាចប្រឆាំងនឹងកាកើតដំបៅក្នុងក្រពះបាន ព្រោះនៅក្នុងផ្លែត្រប់ពុតលំញងមានសារធាតុពពួកហ្ល្វាវ៉ូណយដ៍ និងថ្រៃធើរ៍ភីន ដែលមានឬទ្ធិប្រឆាំងការកើតដំបៅក្នុងក្រពះបាយដែលបណ្តាលមកពីជាតិអាល់កុល ឬភាពតានតឹងធុញថប់បាន។

    ឱសថបុរាណរបស់ខ្មែរយើងនេះមានសុទ្ធតែរបស់ល្អៗទាំងអស់ និងថែមទាំងមានតម្លៃមិនថ្លៃទៀតផង ឯគុណសម្បត្តិវិញក៏លើសលុបដែរ តែគួរឱ្យសោកស្តាយខ្លាំងណាស់ បើសិនជាយើងកៀរផ្លែត្រប់ពុតលំញងតូចៗនេះចេញពីចានបាយនោះ ដូច្នេះអ្នកណាដែលមិនធ្លាប់ញ៉ាំ ឬមិនចូលចិត្តនោះ គួរតែងាកមកសាកល្បងញ៉ាំសាកលមើលបន្តិចទៅមើល ជាពិសេសស្រុះជ្រលក់ជាមួយទឹកគ្រឿង ឬបុកលាយក្នុងទឹកគ្រឿងតែម្តង ធានាថាបានទាំងឆ្ងាញ់មាត់ និងទទួលបានគុណប្រយោជន៍ខាងសុខភាពទៀតផង៕

  • ស្រាយចម្ងល់៖ តើ “មូស-រុយ” អាចចម្លងវីរុស កូវីដ-19 បានឬទេ?

    ស្រាយចម្ងល់៖ តើ “មូស-រុយ” អាចចម្លងវីរុស កូវីដ-19 បានឬទេ?

    ក្នុងពេលដែលជំងឺឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នៅតែវាយប្រហារយ៉ាងឥតឈប់ឈរទូទាំងពិភពលោក ព្រមជាមួយការមកដល់នៃរដូវក្ដៅនៅឯតំបន់ប៉ូលផែនដីប៉ែកខាងជើង បានធ្វើឱ្យកើតមានចរន្តវិតក្កកង្វល់ដ៏ធំមួយឡើងថា “មូស និងរុយ” អាចជាភ្នាក់ងារចម្លងមេរោគវីរុសកូរ៉ូណាចូលមកមនុស្សបាន…។

    លោក វ៉ាង លីភឹង អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគក្រុងប៉េកាំង បានថ្លែងកាលពីថ្ងៃទី30 មិថុនាថា ក្ដីភ័យខ្លាចទាំងនោះ មិនមែនកើតឡើងដោយគ្មានហេតុផលនោះទេ ដោយសារតែមូស និងរុយ អាចជាភ្នាក់ងារចម្លងមេរោគឆ្លងមួយចំនួន ដូចជាគ្រុនចាញ់ និងគ្រុនឈាម ជាដើម។

    តែយ៉ាងណាក៏ដោយ លោកវ៉ាង បានចង្អុលបង្ហាញថា មូស និងរុយ មិនមានគ្រឹះខាងជីវវិទ្យារបស់ការចម្លងមេរោគវីរុសកូរ៉ូណាឡើយ ដោយសារទូទាំងពិភពលោកមិនបានរកឃើញភ័ស្តុតាងថា ពួកវា ជាដើមកំណើតនៃការឆ្លងមេរោគកូវីដ-19នោះទេ តែ សូមណែនាំប្រជាជន ឱ្យការពារខ្លួនពីការត្រូវមូសខាំ និងរក្សាទុកដាក់ចំណីអាហារឱ្យផុតពីសត្វរុយនៅក្នុងរដូវក្ដៅ។

    ស្រាយចម្ងល់៖ តើ “មូស-រុយ” អាចចម្លងវីរុស កូវីដ-19 បានឬទេ?
    រូបភាពអ៊ីនហ្វូក្រាហ្វ៊ិក របស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា មេរោគកូវីដ-19 មិនអាចចម្លងសាយភាយតាមរយៈការខាំរបស់សត្វមូសបានទេ

    ក្រៅពីនោះ អង្គការសុខភាពពិភពលោក(WHO) បានជូនដំណឹងថា វីរុសកូរ៉ូណាប្រភេទថ្មី មិនអាចចម្លងសាយភាយតាមរយៈការខាំរបស់សត្វមូសបានទេ ដោយបច្ចុប្បន្នមិនមានទិន្នន័យ ឬភ័ស្តុតាងបង្ហាញថា វីរុសកូរ៉ូណាប្រភេទថ្មីសាយភាយតាមរយៈសត្វមូសទេ។

    អង្គការនេះ បានបញ្ជាក់ទៀតថា វីរុសកូរ៉ូណាប្រភេទថ្មី ជាវីរុសប្រព័ន្ធដង្ហើម ដែលចម្លងសាយភាយតាមរយៈ “លម្អងទឹកល្អិតៗដែលកើតចេញពីអ្នកឆ្លងមេរោគពេលកណ្ដាស់ ឬក្អក ឬល្អងទឹកសំបោរ” ជាចម្បង។

    លោក អាចេ ម៉ុនហ្គោមេរី នាយកផ្នែកគ្រប់គ្រងការកម្ចាត់សត្វមូសនៅក្នុងទីក្រុង ហ៊ីលបូរ៉ូ រដ្ឋហ្វ្លរីដា បានប្រាប់ទៅសារព័ត៌មានប្រចាំតំបន់ថា “រាប់មកដល់ថ្ងៃនេះ មិនមានភ័ស្តុតាងខាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ថា សត្វមូសអាចចម្លងសាយភាយមេរោគកូវីដ-19 ពីសត្វមូស ទៅសត្វមូសផ្សេងទៀតបានឡើយ”

    ស្រាយចម្ងល់៖ តើ “មូស-រុយ” អាចចម្លងវីរុស កូវីដ-19 បានឬទេ?
    មន្ត្រីសុខាភិបាលសាធារណៈកំពុងបាញ់ថ្នាំកម្ចាត់សត្វល្អិត នៅក្នុងផ្សារមួយ របស់ទីក្រុងកាំប៉ាឡា ទីក្រុងធំរបស់ប្រទេសអ៊ូហ្គាន់ដា កាលពីថ្ងៃទី17 មេសា ឆ្នាំ2020

    លោកម៉ុនហ្គោមេរី បានថ្លែងប្រាប់ស្ថានីយទូរទស្សន៍ WTSP ថា សត្វមូស “គឺជាភ្នាក់ងារនាំអតិសុខុមប្រាណបង្កជំងឺយ៉ាងច្រើន តែតាមរយៈអ្វីដែលយើងដឹងក្នុងថ្ងៃនេះគឺ កូវីដ-19 មិនមែនជាអតិសុខុមប្រាណដែលមូសនឹងធ្វើជាភ្នាក់ងារចម្លងសាយភាយមកមនុស្សបានទេ”

    WHO បានណែនាំថា គួរលាងសម្អាតដៃដោយជេលអាល់កុល ឬលាងដៃដោយសាប៊ូ និងទឹកជាប្រចាំ រហូតដល់ចៀសវាងការទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលដែលកំពុងក្អក ឬកណ្ដាស់ ដើម្បីការពារខ្លួនឯងពីរោគរាតត្បាត៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ជាង​11.5​លាន​នាក់​ឆ្លង​COVID-19 នៅ​ទូទាំង​ពិភពលោក​! WHO ព្រមាន​អំពី​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​វីរុស​នេះ

    ជាង​11.5​លាន​នាក់​ឆ្លង​COVID-19 នៅ​ទូទាំង​ពិភពលោក​! WHO ព្រមាន​អំពី​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​វីរុស​នេះ

    ពិភពលោក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ជាង​11.5​លាន​នាក់​ ក្នុង​នោះ​មាន​ជាង​536,000​នាក់​បាន​បាត់​បង់​ជីវិត​។

    ប្រទេស​និង​ដែន​ដី​ចំនួន​ 221​ក្នុង​ពិភពលោក​​បាន​រាយ​ការណ៍​ថា មាន​មនុស្ស​ចំនួន​ 11,537,453​នាក់​បាន​ឆ្លង​វីរុស​COVID-19 និង​ 536,324នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ។ អ្នក​ជំងឺ​ថ្មី​និង​អ្នក​ស្លាប់​ថ្មី​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​មាន​ចំនួន​172,228​នាក់​ និង​3,631​នាក់​ ខណៈ​ដែល​6,526,361​នាក់​បាន​ជា​សះស្បើយ​។

    នៅ​​ទ្វីប​អាមេរិក​ អ្នក​ជំងឺ​បាន​កើន​ដល់​ 4,726,407​នាក់​ ខណៈ​នៅ​អឺរ៉ុប​មាន​​2,354,391​នាក់​ អាស៊ី​មាន​​2,025,200​នាក់​ និង​អាហ្វ្រិក​មាន​​330,003​នាក់​។

    សហរដ្ឋអាមេរិក​ និង​ប្រេស៊ីល​មាន​អ្នក​ជំងឺ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ ក្នុង​នោះ​សហរដ្ឋ​អាមេរិក​មាន​អ្នក​ជំងឺ​​សរុប​ 2,447,441​នាក់​ អ្នក​ស្លាប់​សរុប​​123,934​នាក់​ ចំណែក​ប្រេស៊ីល​មាន​អ្នក​ជំងឺ​សរុប​​1,157,451នាក់​​ និង​អ្នក​ស្លាប់​សរុប​មាន​​52,951​នាក់​។

    ជាង​11.5​លាន​នាក់​ឆ្លង​COVID-19 នៅ​ទូទាំង​ពិភពលោក​! WHO ព្រមាន​អំពី​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​វីរុស​នេះនៅ​អាស៊ីអាគ្នេយ៍​ ឥណ្ឌូនេស៊ី​គឺជាសម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ ដោយ​មាន​អ្នកជំងឺ​សរុប​63,749​នាក់​ និង​អ្នក​ស្លាប់​សរុប​3,171​នាក់​។ ចំណែក​កម្ពុជា​ វៀតណាម ឡាវ និង​ទីម័រ​​ខាង​កើត​គឺជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​ដែល​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​COVID-19​នៅ​ឡើយ​។

    អង្គ​ការ​សុខភាព​ពិភពលោក​ (WHO) បាន​ព្រមាន​ថា មហា​រោគ​រាត​ត្បាត​​កំពុង​តែ​មាន​ការ​ឆ្លង​រាលដាល​កាន់​តែ​​​ខ្លាំង​ជាង​មុន​ ដោយ​ចំនួន​ជាង​ពាក់​កណ្ដាល​នៃ​អ្នក​ជំងឺ​សរុប​នៅ​ទូទាំង​ពិភពលោក ​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​6​ខែ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ​ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​​​100,000​នាក់​​ បាន​កើន​ដល់​​19​ប្រទេស

    ​ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​​​100,000​នាក់​​ បាន​កើន​ដល់​​19​ប្រទេស

    ពិភពលោក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​ជិត​11​លាន​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជិត​523,000​នាក់​បាន​បាត់​បង់​ជីវិត​។ ក្នុង​ចំណោម​មនុស្ស​1លាន​នាក់​គឺ​មាន​​1,212​នាក់​បាន​ឆ្លង​វីរុសCOVID-19នេះ​។

    ប្រទេស​និង​ដែន​ដី​ចំនួន​221​​ក្នុង​ពិភពលោក​ ត្រូវ​បាន​រាយ​ការណ៍​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​ 10,960,668​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​មាន​ចំនួន​522,979​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​182,899​នាក់ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​5,169​នាក់​ត្រូវ​បាន​រកឃើញ​ក្នុងរយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​​នេះ​។ ចំនួន​អ្នកជំងឺ​ដែល​បាន​ជា​សះស្បើយ​ បាន​កើន​ឡើង​ដល់​ 6,127,637​នាក់​។

    ប្រទេស​ដែល​មាន​អ្នក​ជំងឺ​ច្រើន​ជាង​1លាន​នាក់​មានចំនួន​2​ប្រទេស​ គឺ​សហរដ្ឋ​អាមេរិក​ (អ្នកជំងឺ​សរុប​ 2,830,523​នាក់​ អ្នក​ស្លាប់​សរុប​ 131,490​នាក់​) និង​ប្រទេស​ប្រេស៊ីល (អ្នក​ជំងឺ​សរុប 1,157,451នាក់​ និង​អ្នក​ស្លាប់​សរុប 52,951
    ​នាក់​)។

    ចំណែក​ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19ចាប់​ពី​100,000​នាក់​ឡើង​ទៅ​ បាន​កើន​ដល់​​19​ប្រទេស​ រួម​មាន​ សហរដ្ឋ​អាមេរិក​ ប្រេស៊ីល រុស្ស៊ី​ ឥណ្ឌា​ អង់គ្លេស​ អេស្ប៉ាញ ប៉េរូ ឈីលី អ៊ីតាលី អ៊ីរ៉ង់ អាល្លឺម៉ង់ ទួរគី ម៉ិក​ស៊ិក ប៉ាគីស្ថាន អារ៉ាប់​ប៊ីសាអូឌីត បារាំង​ បង់ក្លាដែស ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ និង​ប្រទេស​កាណាដា​។

    បើគិត​ទៅ​តាម​ចំនួន​ប្រជា​ជន​សរុប​នៅ​ទូទាំង​ពិភពលោក​ គេ​រកឃើញ​ថា ក្នុង​ចំណោម​មនុស្ស​1លាន​នាក់​គឺ​មាន​​1,212​នាក់​បាន​ឆ្លង​COVID-19 និង​​​61.9​នាក់​ត្រូវ​បាត់​បង់​ជីវិត​​ដោយ​សារ​វីរុស​នេះ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Covid-19 បានធ្វើឱ្យអាជីវកម្មទេសចរណ៍ត្រូវបិទទ្វាប្រមាណជិត 3,000កន្លែង ប៉ះពាល់ដល់មនុស្សជាង 4ម៉ឺននាក់

    Covid-19 បានធ្វើឱ្យអាជីវកម្មទេសចរណ៍ត្រូវបិទទ្វាប្រមាណជិត 3,000កន្លែង ប៉ះពាល់ដល់មនុស្សជាង 4ម៉ឺននាក់

    កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្តានុពល​ខ្លាំង និង​ទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍​ជាច្រើន​លាន​ដុល្លារ​រៀងរាល់ឆ្នាំ តែ​សម្រាប់​ឆមាស​ទី1 ឆ្នាំ2020 នេះ ដោយសារតែ​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 ក៏បាន​ធ្វើឱ្យ​កម្ពុជា​បាត់បង់​ចំណូល​ច្រើន​លាន​ដុល្លារ​ទៅវិញ។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា​វិបត្តិ​នៃ​ជំងឺ Covid-19 បានធ្វើឱ្យ​ភ្ញៀវទេសចរ​ធ្លាក់ចុះ​យ៉ាងគំហុក ដែល​បង្ករ​ផលប៉ះពាល់​ជាច្រើន​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍។ គិត​ត្រឹម​ដើមខែ​ឧសភា ឆ្នាំ2020 មាន​អាជីវកម្ម​ទេ​សចណ៍​បិទទ្វា និង​បិទ​បណ្តោះអាសន្ន​ចំនួន 2,956ទីតាំង និង​មាន​បុគ្គលិក​បម្រើ​ការងារ​ផ្ទាល់​សរុប 45,405នាក់​រង​ផលប៉ះពាល់។

    ការបាត់បង់​ការងារ​នេះ បានធ្វើឱ្យ​មានការ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​វិស័យសេដ្ឋកិច្ច និង​សង្គម​ជារួម​តាមរយៈ​ឥទ្ធិពល​ដែល​លើសពី​ឥទ្ធិពល​អវិជ្ជមាន​នៅក្នុង​វិស័យ​ធ្វើដំណើរ និង​ទេសចរណ៍​ជាស​កល។ ទោះជា​យ៉ាងនេះ​ក្តី រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បញ្ជាក់ថា ភ្ញៀវទេសចរ​ជាតិ​បានចាប់ផ្តើម​ដំណើរ​កម្សាន្ត​ឡើងវិញ​ហើយ​ក្នុង​ខែ​នេះ តែ​ភ្ញៀវទេសចរ​បរទេស​នៅមាន​ចំនួន​តិចតួច​នៅឡើយ​ដោយសារតែ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ក្នុងអំឡុងពេល Covid-19រាតត្បាត​ពិភពលោក​នេះ៕

  • កូនកំលោះ​ម្នាក់​​បាន​ចម្លង​COVID-19 ទៅ​ភ្ញៀវ​ការ​ជាង​100​នាក់​ ព្រោះ​តែ​មិន​ចង់​ខាត…

    កូនកំលោះ​ម្នាក់​​បាន​ចម្លង​COVID-19 ទៅ​ភ្ញៀវ​ការ​ជាង​100​នាក់​ ព្រោះ​តែ​មិន​ចង់​ខាត…

    កូនកំលោះ​​​ម្នាក់​នៅ​ទីក្រុង​ Paliganj បាន​បាត់​ជីវិត​ក្រោយពី​បាន​ចម្លង​​វីរុស​COVID-19 ទៅ​មនុស្ស​ជាង​100​នាក់​ដែល​បាន​ចូល​រួម​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​កាល​ពីថ្ងៃទី​15​មីថុនាកន្លង​ទៅ​។

    បុរស​ជា​វិស្វករ​ផ្នែក​ទន់​ម្នាក់ ​អាយុ30​ឆ្នាំ មាន​អាការ​​​រាកនិង​ក្ដៅ​ខ្លួន​ខ្លាំង​នៅមុន​ថ្ងៃ​ចូល​រោង​ការ​ ក៏ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​បាន​អើពើ​ដល់​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​នោះ​ឡើយ​ ដោយ​កូន​កំលោះ​​គ្រាន់​តែ​លេប​ថ្នាំ​បន្ថយ​ការ​ឈឺ​ចាប់​​និង​បន្ថយ​កម្ដៅ​ និង​បាន​​ប្រារព្ធ​ពិធី​រៀប​មង្គល​ការ​​ដ៏ធំ​ ដែល​មាន​មនុស្ស​ចូល​រួម​ចំនួន​ជាង​360​នាក់​។

    ពីរ​ថ្ងៃ​បន្ទាប់​ពីពិធីរៀប​អាពាហ៍ពិពាហ៍​នៅទីក្រុង​ Paliganj រដ្ឋ​ Bibar ភាគ​ឦសាន​ប្រទេស​ឥណ្ឌា​ ស្ថាន​ភាព​សុខ​ភាព​របស់​កូន​កំលោះ​ក៏​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​មុន​។ មិន​យូរ​ប៉ុន្មាន​ កូន​កំលោះ​នេះ​ក៏​បាន​ស្លាប់​នៅ​តាម​ផ្លូវ​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​។ សាកសព​ត្រូវ​បាន​បូជា​យ៉ាង​ឆាប់​រហ័ស​ដោយ​មិន​ទាន់​មាន​ការ​ធ្វើ​តេស្ត​រក​វីរុស​COVID-19​។

    កាលពី​ថ្ងៃទី​19​មិថុនា មនុស្សដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹង​កូនកំលោះ​ សុទ្ធ​តែ​ត្រូវ​បាន​ពិនិត្យ​សុខ​ភាព​ ក្នុង​នោះមាន​មនុស្ស​ចំនួន​16​នាក់​ ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជាមួយ​នឹង​COVID-19។ ការ​ធ្វើ​តេស្ត​លើ​ភ្ញៀវ​ទាំង​អស់​ដែល​បាន​ចូល​រួម​ពិធី​មង្គលការ​ខាង​លើ​នៅតែ​បន្ត​ ហើយ​បាន​រកឃើញ​​អ្នក​ផ្ទុក​វីរុស​ចំនួន​86​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​សរុប​កើន​ឡើង​លើស​ពី​100​នាក់​​ ខណៈ​ដែល​​​កូន​ក្រមុំ​ទទួល​បាន​លទ្ធ​ផល​អវិជ្ជមាន​។

    សាច់​ញាតិ​ម្នាក់​របស់​កូន​កំលោះ​ និយាយ​ថា “កាល​ពីថ្ងៃទី​14​មិថុនា​ បើ​ទោះជា​គាត់​បាន​ប្រាប់​ថា​ មិន​ស្រួល​ខ្លួន ហើយ​ចង់​ពន្យារ​ពេល​រៀប​ការ​ ប៉ុន្តែ​មេបា​ទាំង​សង​ខាង​​បាន​ផ្ដល់​យោបល់​ថា មិនគួរ​ធ្វើ​បែប​នេះ ព្រោះ​ថា នឹង​ខាត​បង់​ប្រាក់​យ៉ាង​ច្រើន​ បើ​សិនជា​លុប​ចោល​ពិធី​រៀប​ការ​នេះ​”។

    សាច់​ញាតិ​ម្នាក់​ផ្សេង​ទៀត​ឱ្យ​ដឹង​ថា គ្មាន​អ្នក​ណា​ម្នាក់​គិត​ថា​ កូនកំលោះ​​មាន​ផ្ទុក​វីរុស​COVID-19នោះ​ឡើយ​។ “នៅ​តំបន់​ជនបទ​​ដែល​ហាក់​មិន​មាន​ស្រមោល​របស់​COVID-19 យើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដើរ​ហើរ​”។

    ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅក្នុង​ថ្ងៃ​រៀប​ការ​ កូនកំលោះ​មាន​អាការ​ក្ដៅ​ខ្លួន​ខ្លាំង​ ធ្វើ​ឱ្យ​​សាច់​ញាតិ​ក្នុងគ្រួ​សារ​មាន​ការ​ព្រួយ​បារម្ភ ព្រម​ទាំង​បាន​ “បួង​សួង​សូមឱ្យ​COVID-19​ បរវាស​ចៀស​ឆ្ងាយ​”។ ញាតិ​ម្នាក់​បាន​និយាយ​ថា “គាត់​នៅ​តែ​ធ្វើ​កិច្ច​ទាំង​អស់​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​ ក្រោយពី​បាន​លេប​ថ្នាំ​ប៉ារ៉ា”។

    Chiranjeev Pandey ដែល​ជា​មន្ត្រី​ម្នាក់​នៅមូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​បាន​ដាក់​បម្រាម​គោចរ​តំបន់មួយ​ចំនួន​នៅ​ Paliganj, Meetha Kuan និង​ Khagari។

    គិត​មក​ដល់​បច្ចុប្បន្ន ពិភពលោក​ទាំង​មូល​មាន​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​ 10,777,769នាក់​ ខណៈ​ដែល​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​បាន​កើនឡើង​ដល់​517,810​នាក់​។ ឥណ្ឌា​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​4​ក្នុង​ពិភពលោក​ និង​ធំជាង​គេ​បង្អស់​នៅ​ទ្វីប​អាស៊ី​ ដោយ​មាន​អ្នក​ជំងឺ​ជាង​600,000​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​ មាន​ចំនួន​ជាង​ 17,800​នាក់​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • លោក​ Trump ជឿ​ថា COVID-19 នឹង​បាត់ខ្លួន​ទៅវិញ ខណៈ​​ដែល​មនុស្ស​ជាង​130,000​នាក់​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក!​

    លោក​ Trump ជឿ​ថា COVID-19 នឹង​បាត់ខ្លួន​ទៅវិញ ខណៈ​​ដែល​មនុស្ស​ជាង​130,000​នាក់​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក!​

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជឿថា វីរុស​COVID-19 ចុងក្រោយ​​នឹង​បាត់​ខ្លួន​ទៅវិញ​ ខណៈ​ដែល​តួលេខ​អ្នក​ឆ្លង​វីរុស​នេះ​នៅ​តែ​បន្ត​កើនឡើង​​នៅក្នុង​រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក​នាសប្ដាហ៍​នេះ​។

    ក្នុងកិច្ច​សម្ភាស​មួយ​ជាមួយ​ Fox Business កាលពីថ្ងៃទី​1​កក្កដា ប្រធានាធិបតី​ Donald Trump ថ្លែង​ថា លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​ក្ដីសង្ឃឹម​ដែល​ថា​សេដ្ឋ​កិច្ច​នឹង​ងើប​ឡើង​វិញ​​ក្រោយ​ពី​បាន​បទ​ទ្វារ​អស់​មួយ​រយៈ​ពេល​​ដោយ​សារ​តែ​​COVID-19។ ម្ចាស់សេត​វិមាន​បាន​លើក​ឡើង​អំពី​ទិន្នន័យ​ដ៏​​ល្អ​ប្រសើរ​នា​ពេល​ថ្មី​​ៗ​នេះ​ទាក់​ទិន​នឹង​ចំនួន​ការ​ងារ​ និង​ប្រាក់​ចំណូល​នៃ​ការ​លក់​រាយ​។

    លោក​ Trump បាន​ថ្លែង​ថា “ខ្ញុំ​គិត​ថា​ យើង​កំពុង​តែ​វិលត្រលប់​មក​វិញ​ទៅ​តាម​វិធី​ដ៏​ខ្លាំង​ក្លា​។ ហើយ​ខ្ញុំ​ក៏​គិត​ថា យើង​នៅ​តែ​ទប់​ទល់ទៅ​នឹង​វីរុស​COVID-19 បាន​យ៉ាង​ល្អ។

    នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ថា​​ តើលោក​ជឿទេ​ថា​​ COVID-19​ នឹង​បាត់​ខ្លួន​ លោក​ Trump អះអាង​ថា “ខ្ញុំ​យល់​ថា នៅក្នុង​អំឡុង​ពេល​ណា​មួយ​នោះ​​ វីរុស​នឹង​បាត់ខ្លួន​។ ខ្ញុំ​សង្ឃឹម​បែប​នេះ​។ ខ្ញុំ​ជឿថា​ ប្រាកដ​ជា​បែប​នេះ​។ ដល់​ពេល​កំណត់​ណាមួយ​នោះ វា​នឹង​ទៅ​ជា​យ៉ាង​នេះ ហើយ​យើង​នឹង​មាន​វ៉ាក់​សាំង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​”។

    លោក​ Trump ជឿ​ថា COVID-19 នឹង​បាត់ខ្លួន​ទៅវិញ ខណៈ​ជាង​130,000​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​នៅ​សហរដ្ឋ​អាមេរិក!​ ក្នុងរយៈ​ពេល​ប៉ុន្មានខែ​ចុងក្រោយ​នេះ លោក Trump ធ្លាប់​បាន​អះអាង​ជា​ច្រើន​លើក​ថា លោក​ជឿ​ថា​ វីរុស​COVID-19 នឹង​ “បាត់ខ្លួន​” ខណៈ​ដែល​រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​​នៅ​តែ​បន្ត​រកឃើញ​អ្នក​ផ្ទុក​វីរុស​កាន់​តែ​ច្រើន​ឡើង​ៗ​។

    កាលពី​ចុង​ខែ​កុម្ភៈ លោក​ Trump ប្រកាស​ថា COVID-19 នឹង​បាត់​ខ្លួន​​ “ដូច​ជា​ប្រការ​ដ៏អស្ចារ្យ​មួយ​”។ កាលពី​ខែ​ឧសភា​ លោក​ក៏​ធ្លាប់​បាន​ថ្លែង​ថា វីរុស​COVID-19 នឹង​បាត់​ខ្លួន​ទៅ​វិញ ដោយ​ “មិន​ចាំបាច់​មាន​វ៉ាក់​សាំង​” ផងដែរ។

    ក៏ប៉ុន្តែ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ និង​មន្ត្រី​សុខាភិបាល​​របស់​លោក Trump បាន​ព្យាករ​ថា​ ពល​រដ្ឋ​អាមេរិកាំង​នឹង​ត្រូវ​រស់​នៅ​ជាមួយ​វីរុស​នេះ​ក្នុង​រយៈ​ពេល​វែង​តទៅ​មុខ​ទៀត​ ដែល​យ៉ាង​ហោច​ណាស់​ក៏​រហូត​ដល់​មាន​វ៉ាក់​សាំង​​​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ទូលំទូលាយ​។

    លោក​ Trump ជឿ​ថា COVID-19 នឹង​បាត់ខ្លួន​ទៅវិញ ខណៈ​ជាង​130,000​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​នៅ​សហរដ្ឋ​អាមេរិក!​ ចំនួន​ករណី​ឆ្លង​វីរុស​នៅ​បណ្ដា​រដ្ឋ​ដូច​ជា Texas, Arizona, Florida, California និង​រដ្ឋ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​​នៅ​សហរដ្ឋ​អាមេរិក​​​ គឺជា​សញ្ញា​ដែល​បង្ហាញ​ថា COVID-19 នៅ​តែ​ឆ្លង​រាលដាល​ខ្លាំង​នៅទឹក​ដី​នេះ​។

    គិត​មក​ដល់​បច្ចុប្បន្ន ពិភពលោក​ទាំង​មូល​មាន​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​ 10,777,769នាក់​ ខណៈ​ដែល​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​បាន​កើនឡើង​ដល់​517,810​នាក់​ ក្នុង​នោះ​សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​130,746 ​នាក់​ និង​អ្នក​ជំងឺសរុប​មាន​ចំនួន ​2.773.269​នាក់​៕

    ប្រភព៖ Guardian

  • “អូមេហ្កា 6” សំខាន់មិនចាញ់ “អូមេហ្កា 3” ឡើយ

    “អូមេហ្កា 6” សំខាន់មិនចាញ់ “អូមេហ្កា 3” ឡើយ

    គ្រប់គ្នាប្រហែលជាស្គាល់អូមេហ្កា 3 ច្បាស់ហើយ ព្រោះប្រយោជន៍របស់វាមានច្រើនមែនទែន ទាំងក្នុងរឿងរបស់ការបំប៉នសរសៃប្រសាទ និងខួរក្បាល ខ្សែភ្នែក ប្រព័ន្ធប្រឆាំងជំងឺ រហូតទៅដល់បំប៉នសាច់ស្បែកឱ្យស្រស់ស្អាតភ្លឺថ្លា ទើបមនុស្សនិយមទទួលទានអាហារដែលសម្បូរទៅដោយអូមេហ្កា 3 ដូចជា សាច់ត្រីផ្សេងៗ និងដល់ថ្នាក់ទទួលទានវីតាមីនគ្រាប់ទៀតផង តែមានមនុស្សតិចណាស់ដែលស្គាល់ “អូមេហ្កា 6” ដែលមានប្រយោជន៍ និងមានភាពសំខាន់ចំពោះរាងកាយមិនចាញ់អូមេហ្កា 3 ដូចគ្នា។

    អូមេហ្កា 6 គឺអ្វី?

    អូមេហ្កា 6 គឺអាស៊ីតខ្លាញ់បែបមិនបង្កកខ្លួនដូចអាស៊ីត លិណូឡេអ៊ិក និងអាស៊ីតអៈរ៉ាឃិដូនិក ដែលរាងកាយមិនអាចសាងដោយខ្លួនឯងបានឡើយ ទើបយើងត្រូវទទួលទានចូលទៅដូចអូមេហ្កា 3 ដែរ ដោយភាពសំខាន់របស់អូមេហ្កា 6 គឺជាអ្នកថែរក្សាតុល្យភាពរបស់អូមេហ្កា 3 មួយជាន់ទៀត ដូច្នេះបើលោកអ្នកទទួលទានអូមេហ្កា 3 ចូលទៅនោះ ក៏ត្រូវទទួលទានអូមេហ្កា 6 ដើម្បីឱ្យជួយរក្សាតុល្យភាពក្នុងរាងកាយផងដែរ ដូចជា គុណសម្បត្តិរបស់អូមេហ្កា 3 គឺជួយឱ្យប្រព័ន្ធឈាមរត់ហូរវឹលបានល្អឡើង តែបើសិនទទួលទានច្រើនជ្រុលពេក នឹងមានបញ្ហាដូចជានៅពេលត្រូវវះកាត់ ដកធ្មេញ ជាដើម ដូច្នេះគួរទទួលទានអូមេហ្កា 6 គួបទៅជាមួយផងព្រោះនឹងជួយឱ្យឈាមបង្កកខ្លួនបានល្អឡើង ដើម្បីការពារបញ្ហាឈាមក្រឈប់ហូរក្រោយពេលវះកាត់ ឬដកធ្មេញហ្នឹងឯង។

    តើអូមេហ្កា 6 សំខាន់យ៉ាងណា?

    ដូចដែលបានប្រាប់ទៅហើយថា អូមេហ្កា 6 នឹងជួយរក្សាតុល្យភាពការធ្វើការងាររបស់អូមេហ្កា 3។ អូមេហ្កា 3 ជួយឱ្យប្រព័ន្ធឈាមរត់ហូរវឹលងាយស្រួលឡើង ខណៈដែលអូមេហ្កា 6 នឹងជួយឱ្យឈាមបង្កកខ្លួនបានលឿនឡើង ទើបធ្វើឱ្យរាងកាយមានប្រព័ន្ធឈាមរត់ដែលល្អឥតខ្ចោះបាន ដូច្នេះបើអ្នកណាកំពុងទទួលទានអូមេហ្កា 3 ក៏ត្រូវទទួលទានអូមេហ្កា 6 រួមជាមួយផង ទើបធ្វើឱ្យរាងកាយរឹងមាំឥតខ្ចោះពិតៗ។

    ប្រយោជន៍របស់អូមេហ្កា 6

    1 . ជួយកាត់បន្ថយខូលេស្តេរ៉ូលក្នុងរាងកាយ កាត់បន្ថយខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាម ហុចផលល្អដល់សរសៃឈាម និងបេះដូង។

    2 . ជួយកាត់បន្ថយអាការរលាក និងអាការឈឺចុកចាប់ផ្សេងៗតាមរាងកាយ។

    3 . ថែរក្សាភាពស្រស់ស្រាយឱ្យស្បែក បន្ថយបញ្ហាស្បែកស្ងួត ប្រេះបែក ក្រឹន របក រួមទាំងអង្គេនៅលើស្បែកក្បាល ជ្រុះសក់ ឬជំងឺស្បែកប្រភេទខ្លះបានទៀតផង។

    4 . ប្រឆាំងអនុមូលឥស្សរៈ ជួយពន្យាភាពចុះខ្សោយរបស់កោសិកាផ្សេងៗក្នុងរាងកាយ និងកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតមហារីកទៀតផង។

    5 . បន្ថយអាការជ្រៀតជ្រែកពីសភាវផ្សេងៗនៅលើអ្នកជំងឺទឹកនោមផ្អែម ដូចជា អាការស្ពឹកតាមចុងម្រាមដៃ ម្រាមជើង។

    6 . គ្រប់គ្រងកម្រឹតអ័រម៉ូនក្នុងរាងកាយឱ្យប្រក្រតី។

    តើអូមេហ្កា 6 រកបានពីអាហារប្រភេទណាខ្លះ?

    អូមេហ្កា 6 មាននៅក្នុងប្រេងរុក្ខជាតិផ្សេងៗ ដូចជា ប្រេងសណ្តែកលឿង គ្រាប់ផ្កាឈូករ័ត្ន កន្ទក់ ពោត ឬអាចជាប្រេងរុក្ខជាតិពិសេស ដូចជា ប្រេងភ្រីមរ៉ូស ប្រេងម្កាក់មានអូមេហ្កា 6 ក៏មានអូមេហ្កា 6 ដូចគ្នាដែរ តែតិចជាងប្រេងដែលមកពីរុក្ខជាតិផ្សេងៗ និងល្អសម្រាប់ទទួលទានស្រស់ៗ លាយនៅក្នុងញាំ ឬឆ្លងកាត់កំដៅតិចៗដូចជាឆាជាដើម។

    តើរក្សាតុល្យភាពរបស់អូមេហ្កា 3 និង 6 យ៉ាងណាបាន?

    1 . ក្នុងករណីដែលទទួលទានអូមេហ្កា 3 ពីសាច់ត្រី គួរតែទទួលទានត្រីទឹកសាប និងត្រីសមុទ្រក្នុងបរិមាណប៉ុនៗគ្នា កុំទទួលទានត្រីតែណាមួយឱ្យសោះ ដើម្បីឱ្យបានសារធាតុអាហារដែលសម្បូរបែប។

    2 . គួរទទួលទានត្រីឱ្យបានជាប់លាប់ ទទួលទានឱ្យបានយ៉ាងតិចរៀងរាល់សប្តាហ៍ តែមិនចាំបាច់ទទួលទានគ្រប់ពេលក៏បានដែរ។

    3 . ជ្រើសរើសទទួលទានទាំងប្រេងរុក្ខជាតិសម្រាប់ឆា ឬចៀន និងប្រេងម្កាក់សម្រាប់ទទួលទានជាមួយញាំ ឬឆាបែបឆាប់រហ័ស។

    4 . កុំភ្លេចហាត់ប្រាណឱ្យបានជាប់លាប់ គ្រប់គ្រងទម្ងន់ខ្លួនឱ្យស្ថិតក្នុងកម្រឹតម្រក្រតី។

    គោលការណ៍សំខាន់គឺ ជ្រើសរើសទទួលទានអាហារឱ្យបានសម្បូរបែប មិនមែនអ្វីដែលថាល្អ ក៏គិតតែពីទទួលទានតែមួយមុខនោះទេ ដើម្បីឱ្យយើងបានទទួលទានសារធាតុអាហារគ្រប់ចំនួន មិនខ្វះសារធាតុអាហារប្រភេទណាមួយ ព្រោះរាងកាយរបស់យើងនឹងមានតុល្យភាពបាន ក៏ចាំបាច់ត្រូវតែចាប់ផ្តើមពីការទទួលទានអាហារ និងទង្វើរបស់យើងហ្នឹងឯង៕

  • 5 សំណួរ-ចម្លើយ អំពីទីក្រុងប៉េកាំង និងកូវីដ-19 រលកទី2

    5 សំណួរ-ចម្លើយ អំពីទីក្រុងប៉េកាំង និងកូវីដ-19 រលកទី2

    ក្រុង​ប៉េកាំង បាន​រាយការណ៍​ថា មាន​អ្នក​បានទទួល​ការអះអាង​រួចហើយ​ថា បាន​ឆ្លង​មេរោគ​កូ​វីដ-19 ចំនួន 106នាក់ គិត​ត្រឹម​ពេលមុន​អធ្រាត្រ​នៃ​ថ្ងៃ​ចន្ទ(ទី29 មិថុនា)…សួរថា តើ​ហេតុអ្វី​បានជា​ការឆ្លង​រាលដាល​របស់​មេរោគ កើតឡើង​នៅក្នុង​ក្រុង​ប៉េកាំង និង​ថា តើ​ទីក្រុង​នេះ បានធ្វើ​អ្វីខ្លះ ក្រោយពី​ការឆ្លង​រាលដាល​ចាប់​ផ្ដើមឡើង?

    សំណួរ​ទី1៖ តើន​រណា​ជា​អ្នក​ឆ្លង​មេរោគ​ដំបូង​គេ?

    ក្រោយពី​ក្រុង​ប៉េកាំង​ស្ងប់ស្ងាត់​ពី​វិបត្តិ​ការឆ្លង​រាតត្បាត កន្លងផុតទៅ 56ថ្ងៃ ក្រុង​ប៉េកាំង​បាន​រាយការណ៍​ថា រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី នៅក្នុង​តំបន់ ជា​មនុស្ស​ប្រុស អាយុ 52ឆ្នាំ ឈ្មោះ ថាំង ជា​អ្នក​រស់នៅក្នុង​តំបន់​ស៊ី​ឈឹង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី11 មិថុនា។

    លោក​ថាំង បាន​ចូលទៅ​ទទួល​ការពិនិត្យ​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​តំបន់ នៅ​ថ្ងៃទី10 មិថុនា ដោយសារ​តែមាន​អាការ​គ្រុនក្ដៅ​ជា​បន្តបន្ទាប់ ដោយ​គាត់​មិនបាន​ធ្វើដំណើរ​ចេញ​ក្រៅ​ក្រុង​ប៉េកាំង​ឡើយ ក្នុងអំឡុងពេល 2សប្ដាហ៍​មុន​ហ្នឹង។

    ក្រោយពី​នោះ​តែ 1ថ្ងៃ​គត់ ក្រុង​ប៉េកាំង បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី​ថែមទៀត 6នាក់ ក្នុងចំណោម​ពួកគេ មាន 2នាក់​រស់នៅក្នុង​តំបន់​ហ្វឹ​ង​ថៃ ជា​មិត្តភក្តិ​រួម​ការងារ​នៅក្នុង​ស្ថាប័ន​ត្រួតពិនិត្យ​ផលិតផល​សាច់សត្វ ហើយ​លោក​លីវ ម្នាក់​ក្នុងចំណោម 2នាក់​នោះ បាន​រៀបរាប់ថា គាត់​បានធ្វើ​ដំណើរ​ទៅ​ស៊ី​ង​តៅ ក្នុង​មណ្ឌល​សាន​តុង​របស់​ចិន ក្នុងអំឡុងពេល 2សប្ដាហ៍​កន្លងទៅ។

    ការសាកសួរ​ខាង​ជំងឺឆ្លង​វិទ្យា បាន​រកឃើញថា លោក​លីវ និង​លោក​ថាំង ធ្លាប់​ទៅ​ស៊ីន​ហ្វា​ទី ផ្សារ​លក់​បោះ​ដុំ​ទំនិញ​កសិកម្ម ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់​ហ្វឹ​ង​ថៃ ដោយ​លោក​ថាំង បាន​ទៅ​ទីនោះ​នៅ​ថ្ងៃទី3 មិថុនា និង​លោក​លីវ បាន​ទៅ​ទីនោះ នៅ​ថ្ងៃទី5 មិថុនា។

    លោក អ៊ូ ជុន​យ៉ូ​វ៍ ប្រធាន​ផ្នែក​ជំងឺឆ្លង​វិទ្យា​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​រោគ នៃ​ប្រទេស​ចិន បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ(ទី29មិថុនា)ថា លោក​ថាំង ចាប់ផ្ដើម​មាន​អាការ នៅ​ថ្ងៃទី6 មិថុនា។

    ដោយសារតែ​នៅ​មិនទាន់​ប្រាកដ​ច្បាស់​ថា រកឃើញ​អ្នកក្រុង​ប៉េកាំង​មួយណា​ដែលមាន​អាការ​មុន​លោក​ថាំង​នោះ ទើប​អះអាង​តាមរយៈ​ទិន្នន័យ​ដែលមាន​នៅពេលនេះ​បាន​ថា លោក​ថាំង គឺជា​អ្នក​ឆ្លង​មេរោគ​មុនគេ។

    សំណួរ​ទី2៖ តើ​ត្រី​សាល់​ម៉ុ​ន ជា​ភ្នាក់ងារចម្លងមេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី មែនឬ​យ៉ាងណា?

    ការពិនិត្យ​រក​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ត្រូវបាន​រកឃើញ នៅលើ​ជ្រញ់​ពន្លះ​ត្រី​សាល់​ម៉ុ​ន​នាំចូល នៅក្នុង​ផ្សា​រលក់​ផលិតផល​បោះ​ដុំ​ស៊ីន​ហ្វា​ទី ក្រុង​ប៉េកាំង ហើយ​តាំងពី​ពេល​នោះមក ផ្សារ​ជាច្រើន​ទៀត បាន​ឈប់​លក់​ផលិតផល​សត្វ។

    លោក អ៊ូ ជុន​យ៉ូ​វ៍ ប្រធាន​ផ្នែក​ជំងឺឆ្លង​វិទ្យា នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​រោគ នៃ​ប្រទេស​ចិន បាន​ថ្លែងថា មិនអាច​សរុប​បាន​ថា ត្រី​សាល់​ម៉ុ​ន គឺជា​ដើមហេតុ​នៃ​ការចម្លង​មេរោគ ដោយ​គ្រាន់តែ​ពិនិត្យឃើញ​វីរុស​នៅលើ​ជ្រញ់​នោះទេ។ លោក​ប្រាប់ថា ត្រី​ដែល​រស់​នៅតាម​ធម្មជាតិ គ្មាន​ផ្លូវ​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​បានទេ តែ​យ៉ាងណាក៏ដោយ ត្រី​អាច​ប្រឡាក់ប្រឡូស​មេរោគ តាមរយៈ​ដំណាក់កាលផ្សេងៗ ក្នុងអំឡុងពេល​ចាប់ ឬ​ដឹកជញ្ជូន។

    លោក​អ៊ូ បាន​បន្ត​ប្រាប់ទៀតថា ការឆ្លង​រាលដាល​ជាថ្មី​នេះ អាចមាន​ការអធិប្បាយ ដែល​អាចទៅរួច 2ប្រការ។ ប្រការ​ដំបូង អាចជា​ការនាំ​ចូល​សាច់ និង​អាហារ​សមុទ្រ​ទៅក្នុង​ផ្សារ ពី​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក។ មួយចំណែក អាច​មានការ​ប្រឡាក់ប្រឡូស​ពី​ក្រុមកម្មករ ក្នុងអំឡុងពេល​ការកែច្នៃ​សាច់សត្វ និង​ការដឹកជញ្ជូន ហើយ​បន្ទាប់ពីនោះ វីរុស​ក៏​ត្រូវបាន​បញ្ជូនបន្ត​ពី​ផលិតផល ឆ្ពោះ​មក​មនុស្ស។

    ភាព​អាចទៅរួច​ទី2 គឺ​ការ​បញ្ជូនបន្ត រវាង​បុគ្គល។ លោក​ថ្លែងថា “អ្នក​ឆ្លង​មេរោគ ដែល​នាំ​មេរោគ​វីរុស​ចូលទៅក្នុង​ផ្សារ អាច​មិនមាន​អាការ ឬ​មាន​អា​ការមិន​ធ្ងន់ធ្ងរ ហើយ​ភាព​ប្រញាប់ប្រញាល់ និង​ច្របូកច្របល់​នៅក្នុង​ផ្សារ បាន​នាំ​ឆ្ពោះទៅរក​ការចម្លង​ជា​ក្រុម នៃ​ការឆ្លង​មេរោគ​ជាថ្មី។

    តាមរយៈ​ការរកឃើញ​របស់​ក្រុម​អ្នកស្រាវជ្រាវ​របស់ University College Lodon បាន​រកឃើញថា វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ចម្លង​មេរោគ​តែ​នៅក្នុង​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ប៉ុណ្ណោះ និង​មាន​ភ័ស្តុតាង​បង្ហាញថា អាច​ឆ្លងទៅ​សត្វ​ឆ្មា និង​ឆ្កែ​បាន តែ​មិនមែន​ត្រី សត្វ​ស្លាប ឬ​ឧរង្គសត្វ​ឡើយ។

    សំណួរ​ទី3៖ តើ​វីរុស មកពី​អឺរ៉ុប មែន​ឬទេ?

    លោក ស៊ឹង កួង អ្នកស្រាវជ្រាវ​ជើងចាស់ នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​រោគ នៃ​ប្រទេស​ចិន បាន​ថ្លែងថា ប្រភេទ​វីរុស​ក្នុង​ការចម្លង​រាលដាល​ថ្មី​ចុងក្រោយ​បំផុត​នេះ ខុសប្លែក​ពី​វីរុស​ដែល​រកឃើញ​នៅក្នុង​ប្រទេស​ចិន​កាលពី​ពេលមុន ហើយ​ទិន្នន័យ​ដំបូង បាន​បញ្ជាក់ថា ជា​ប្រភេទ​ដែល​ក្លាយ​ពូជ​មកពី​អឺរ៉ុប។ តែ​យ៉ាងណាក៏ដោយ លោក​ស៊ឹង បាន​សង្កត់ធ្ងន់ថា នៅ​ត្រូវ​ពិនិត្យមើល​បន្ថែមទៀត ដើម្បី​អះអាង​ពី​ប្រភព​របស់​វីរុស​នេះ។

    លោកស្រី យ៉ាង ភឹង អ្នកជំនាញ​មកពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​រោគ នៃ​ទីក្រុង​ប៉េកាំង ថ្លែងថា “ការវិភាគ​បឋម តាមរយៈ​ការរក​កម្រិត​ជី​ណូ​ម បានបង្ហាញ​ឱ្យឃើញថា វីរុស​ត្រូវបាន​នាំចូល មិនមែនជា​វីរុស​ក្នុង​តំបន់​ទេ”

    ប្រភព​កំណើត​របស់​វីរុស នៅតែ​ស្ថិត​ក្នុងអំឡុង​ការត្រួតពិនិត្យ និង​មិនដឹងថា តើ​វីរុស​នេះ ហេតុ​ម៉េច​បានមក​ដល់ទី​ក្រុង​ប៉េកាំង​បាន?

    ទាំងអស់នេះ ការរក​កម្រិត​ជី​ណូ​ម​ទាំងអស់ នឹង​ជួយ​ឱ្យ​អ្នកស្រាវជ្រាវ រៀន​យល់ដឹង​ពាក់ព័ន្ធ​នឹង​ការ​ក្លាយ​ពូជ​របស់​វីរុស​នៅក្នុង​កន្លែងផ្សេងៗ និង​បញ្ជាក់បាន​ពី​ដំណើរ​ផ្លូវ​នៃ​ការចម្លង​សាយភាយ ឧទាហរណ៍​ដូចជា នៅឯ​ប្រ៊ី​ធី​ស​ខូ​ឡាំ​បៀ ប្រទេស​កាណាដា បានប្រកាស​កាលពីពេលថ្មីៗនេះ​ថា វីរុស​ដែល​ចម្លង​សាយភាយ​នៅក្នុង​ប្រទេស ជា​វីរុស​មកពី​សហរដ្ឋអាមេរិក និង​អឺរ៉ុប ជាដើម។

    វីរុស​ក្នុង​ក្រុង​ប៉េកាំង ជា​ប្រភេទ​ក្លាយ​ពូជ​មកពី​អឺរ៉ុប តែ​មិនបាន​ពិសោធ​ច្បាស់​ថា មកពី​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ដោយផ្ទាល់​នោះទេ ព្រោះ​នៅ​ត្រូវការ​ទិន្នន័យ​បន្ថែមទៀត ដោយសារតែ​គ្មាន​កម្រិត RNA ដែល​ដូចគ្នា​នៅក្នុង​ប្រភព​ទិន្នន័យ​វីរុស​ក្នុង​តំបន់​របស់​ចិន។

    សំណួរ​ទី4៖ តើ​ត្រូវ​បិទ​ទីក្រុង ដើម្បី​ការពារ​ការឆ្លង​រាលដាល ឬទេ?

    នៅពេល​មាន​របាយការណ៍ អ្នកជំងឺ​ដែល​បានទទួល​ការអះអាង​ហើយ នៅក្នុង​ខណ្ឌ​ជាច្រើន​ក្នុង​ក្រុង​ប៉េកាំង និង​ក្នុង​មណ្ឌល​ហ៊ើ​ពេ​យ ដែល​នៅ​ជិតខាង លោក ចាង វឹ​ន​ហុង អគ្គនាយក​ផ្នែក​ជំងឺឆ្លង​របស់​មន្ទីរពេទ្យ​ហួ​សាន ក្នុង​ក្រុង​ស៊ា​ង​ហៃ បាន​ថ្លែងថា គ្រប់​ករណី​ដែល​បានទទួល​ការអះអាង​ក្នុង​ការឆ្លង​រាលដាល​ថ្មី​នេះ មាន​ត​ភ្ជាប់​នឹង​ផ្សារ​ស៊ីន​ហ្វា​ទី ដែល​នេះ​ជា​ទិន្នន័យ​សំខាន់ ដែល​ជួយ​ក្នុងការ​ពិចារណា​សម្រេច ដោយ​ទិន្នន័យ​បាន​បង្ហាញថា ការឆ្លង​រាលដាល​នោះ កំពុងស្ថិត​នៅក្នុង​រយៈ​ចាប់ផ្ដើម​ប៉ុណ្ណោះ។ លោក​ថ្លែងថា “ដរាបណា​ដែលមាន​ការរកឃើញ​ទាន់ពេលវេលា ការឆ្លើយតប​ដែល​ឆាប់រហ័ស និង​ការគ្រប់គ្រង​ដែល​ជាក់ច្បាស់ចំៗគោលដៅ ការឆ្លង​រាលដាល​របស់​ជំងឺ នឹងត្រូវ​គ្រប់គ្រង​បាន​ក្នុងពេល​ដ៏​ខ្លី ហើយ​ក្រុង​ប៉េកាំង នឹងមិន​ដូច​វូ​ហាន​ឡើយ”

    សំណួរ​ទី5៖ តើ​មន្ទីរពេទ្យ​បន្ទាន់ សៀវ​ថាំង​សាន ចាំបាច់​ត្រូវ​បើក​ជាថ្មី ឬទេ?

    មន្ទីរពេទ្យ​ប៉េកាំង​សៀវ​ថាំង​សាន ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ2003 ដើម្បី​ព្យាបាល​អ្នកជំងឺ​ដែល​ឆ្លង​មេរោគ​សារស៍ និង​ចាប់ផ្ដើម​ទទួល​អ្នកជំងឺ​កូ​វីដ-19 នៅ​ថ្ងៃទី23 ខែមករា ឆ្នាំ2020 មុននឹង​បិទ​ទៅវិញ នៅពេល​អ្នកជំងឺ​កូ​វីដ-19 ចុងក្រោយ​គេ​បានទទួល​ការព្យាបាល​ជាសះស្បើយ និង​ចាក​ចេញពី​មន្ទីរពេទ្យ​នេះ​កាលពី​ថ្ងៃទី28 ខែមេសា ឆ្នាំ2020។

    លោក​អ៊ូ បាន​ថ្លែងថា “ការមើល​ពិភពលោក​ក្នុងន័យ​វិជ្ជមាន​របស់​យើង​នេះ អាស្រ័យ​លើ​ការត្រៀម​ការ​យ៉ាង​ពេញ​រូប​បែប និង​ការ​ដំណើរការ​តាម​វិធានការ​ការពារ​ការឆ្លង​រាលដាល​យ៉ាង​ពេញ​រូប​បែប​ដូចគ្នា”

    លោក ឡេ ហៃ​ឆៅ ប្រធាន​គណៈកម្មការ​សុខ​ភាព​ជាតិ​ប៉េកាំង បាន​ថ្លែង​កាលពី​ថ្ងៃទី17 ឧសភា​ថា ក្រុង​ប៉េកាំង នឹង​តែ​រក្សាទុក​ប្រព័ន្ធ​បម្រើសេវា​កម្ម​ព្យាបាល “3 + 2” ដែល​ពាក់ព័ន្ធ​ជាមួយ​មន្ទីរពេទ្យ​ទី​ថា​ន មន្ទីរពេទ្យ​យ៉ូ​អាន មន្ទីរពេទ្យ​ទាហាន302 មន្ទីរពេទ្យ​សៀវ​ថាំង​សាន និង​មន្ទីរពេទ្យ​មិត្តភាព​ចិន-ជប៉ុន ក្នុងអំឡុង​ការឆ្លង​រាលដាល​របស់​កូ​វីដ-19 ឱ្យនៅ​ដដែល៕

    ប្រភព៖ សារព័ត៌មាន​បរទេស

    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • មុននេះបន្តិចក្រសួងសុខាភិបាលប្រកាសថា​មានអ្នកឆ្លង Covid-19 ថ្មីចំនួន 9នាក់

    មុននេះបន្តិចក្រសួងសុខាភិបាលប្រកាសថា​មានអ្នកឆ្លង Covid-19 ថ្មីចំនួន 9នាក់

    ក្រសូងសុខាភិបាល នៃកម្ពុជា ទើបតែ​បានប្រកាសនៅមុននេះបន្តិចថា ប្រទេសយើងបានរកឃើញ​ករណីឆ្លងជំងឺ Covid-19 ថ្មី ចំនួន 9នាក់ ខណៈនៅថ្ងៃដដែលនេះមានអ្នកជាសះស្បើយឡើងវិញម្នាក់។

    តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមម៉ោង 7ព្រឹក ថ្ងៃទី 27 ខែមិថុនា ឆ្នាំ2020 នេះ ស្ថានភាពជំងឹ Covid-19 នៅកម្ពុជា មានចំនួនអ្នកជាសះស្បើយ​ 129នាក់ និងអ្នកសម្រាកព្យាបាល​នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ចំនួន 10នាក់។ ជារួម​អ្នកដែលរកឃើញថាមានផ្ទុក​ជំងឺ Covid-19 ទាំងអស់ទូទាំងប្រទេសសរុបចំនួន 139នាក់។

    ចំពោះករណីអ្នកផ្ទុកថ្មីចំនួន 9នាក់ថ្មីនេះ គឺសុទ្ធតែជាអ្នកដំណើរមកពីប្រទេស​ឥណ្ឌូណេស៊ី ដោយក្នុងជើងហោះហើរនេះមានអ្នកដំណើរសរុបចំនួន 40នាក់ ដែលក្នុងចំណោមនោះមានអ្នកដំណើរជនជាតិខ្មែរចំនួន 24នាក់ និង​អ្នកដំណើរជនជាតិ​វៀតណាមម្នាក់ រួមទាំង​អ្នកដំណើរជនជាតិឥណ្ឌូណេស៊ីចំនួន24នាក់។

    អ្នកទាំងអស់នោះកំពុងស្ថិតក្រោមការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕