Category: សុខភាព

  • នៅស្ងៀមៗ ហូរឈាមច្រមុះ អាចមានន័យពីសញ្ញាអាក្រក់របស់ជំងឺដែលបង្កប់នៅខាងក្នុង

    នៅស្ងៀមៗ ហូរឈាមច្រមុះ អាចមានន័យពីសញ្ញាអាក្រក់របស់ជំងឺដែលបង្កប់នៅខាងក្នុង

    ហូរឈាមច្រមុះបណ្តាលមកពីអ្វី? បើអ្នកណានៅរកមូលហេតុដែលឈាមហូរចេញពីច្រមុះមិនទាន់ឃើញ សូមកុំធ្វើព្រងើយឱ្យសោះ ព្រោះអាការហូរឈាមច្រមុះដោយគ្មានមូលហេតុនេះអាចប្រាប់ពីសភាវរបស់ជំងឺ ឬភាពខុសប្រក្រតីរបស់រាងកាយក៏អាចថាបានដែរ បើអ៊ីចឹងយើងនាំគ្នាមកមើលថា ការពិតទៅការនៅសុខៗហូរឈាមច្រមុុះហ្នឹងបណ្តាលមកពីអ្វីខ្លះ?។

    1. គ្រុនផ្តាសាយ អាការប្រតិកម្ម ឬអាការរលាកផ្សេងៗ

    អាការនេះអាចបណ្តាលមកពីការបែកសរសៃឈាមតូចៗនៅក្នុងច្រមុះ ដោយការញើសសំបោខ្លាំងជ្រុលពេក ឬអាការរលាកផ្សេងៗនៅខាងក្នុងច្រមុះ ដែលពេលព្យាបាលអាការទាំងនោះឱ្យជាសះទៅវិញហើយនោះ ឈាមក៏នឹងលែងហូរចេញមកទៀតដែរ។

    2. បញ្ហាសុខភាព

    American Heart Association បានបង្ហើបឱ្យដឹងថា បើសិនអាការហូរឈាមតាមច្រមុះរបស់លោកអ្នកចេញមកព្រមជាមួយអាការឈឺក្បាល ធ្ងន់ក្បាលយ៉ាងខ្លាំង ដកដង្ហើមញាប់ និងមានអាការញ័រដើមទ្រូងនោះ អាចបង្ហាញអំពីសភាវជំងឺបេះដូង ជំងឺថ្លើម រោគក្រលៀន រោគពិសសុរារ៉ាំរ៉ៃ ឬជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធឈាមផ្សេងៗ ដូចជា ជំងឺលើសឈាម និងជំងឺបេះដូង ព្រោះសភាវរបស់ជំងឺទាំងនេះអាចធ្វើឱ្យកើតសម្ពាធឈាមឡើងខ្ពស់លើសពីប្រក្រតី រហូតដល់ឈាមត្រូវតែហូរចេញមកតាមរន្ធច្រមុះដើម្បីបញ្ចុះសម្ពាធឈាមទាំងនោះ។ អាការហូរឈាមច្រមុះបែបនេះ មិនគួរឱ្យទុកចិត្តជាទីបំផុត ព្រោះមានន័យពីអាការរបស់ជំងឺដែលកំពុងកើតចាប់ផ្តើមកម្រើកឡើងហើយ។

    3. ធាតុអាកាសដែលស្ងួតជ្រុលខ្លាំងពេក

    ធាតុអាកាសដែលស្ងួតរហូតជ្រុលពេកអាចធ្វើឱ្យសរសៃឈាមតូចៗនៅក្នុងច្រមុះឡើងស្រួយ និងបែក នាំមកនូវឈាមដែលហូរចេញមកក្រៅឱ្យឃើញ ដែលយើងអាចការពារបានដោយការបន្ថែមសំណើមនៅក្នុងអាកាស ដោយនៅពេលគេងចូរយកទឹកមួយផ្តឹលមកដាក់នៅលើតុក្បាលដំណេកជិតក្បាល ឬទទួលទានផ្លែឈើដែលមានវីតាមីន C ខ្ពស់ ដូចជា ផ្លែក្រូច ត្របែក ប៉េងប៉ោះ ឬម្នាស់ជាប្រចាំ វាអាចជួយការពារការហូរឈាមច្រមុះបាន។

    4. ថ្នាំប្រភេទខ្លះ

    ជាពិសេសថ្នាំបន្ថយការបង្កកខ្លួនរបស់ឈាម ឬថ្នាំប្រឆាំងការលាកដែលអាចជាមូលហេតុរបស់អាការហូរឈាមច្រមុះបាន។

    5. ការក្រហាយផ្សារ ឬអាការរងរបួសក្នុងបរិវេណសាច់ភ្នាសច្រមុះ

    មិនថាតែការខ្វេះច្រមុះ ញីច្រមុះខ្លាំងៗ ការញើសសំបោ ឬការប្រែប្រួលរបស់អាកាសធាតុយ៉ាងឆាប់រហ័ស ដូចជា ខណៈពេលជិះយន្តហោះ ឬកប៉ាល់មុជទឹក ជាដើម។ លក្ខណៈបែបនេះអាចធ្វើឱ្យកើតអាការហូរឈាមច្រមុះបានងាយជាងប្រក្រតី។

    ការបថមព្យាបាលចំពោះអ្នកដែលហូរឈាមច្រមុះ

    1 . ឱ្យអ្នកជំងឺងើយមុខឡើង ឬឱនមុខចុះខ្លាំង ហើយយកដៃច្របាច់ច្រមុះឱ្យយូរប្រមាណជា 5 – 10 នាទី ក្នុងអំឡុងពេលនោះឱ្យអ្នកជំងឺដកដង្ហើមវែងៗតាមមាត់ជំនួសសិន និងអាចដាក់កន្សែងត្រជាក់ ឬថង់ទឹកកកនៅលើក្តោងច្រមុះផងក៏បាន។

    2 . ក្រោយពីមានហូរឈាមច្រមុះក្នុងរយៈពេល 24 – 48 ម៉ោងដំបូង គួរចៀសវាងការញើសសំបោខ្លាំងៗ ការកេះ ឬខ្វេះរន្ធច្រមុះ ការបញ្ចេញកម្លាំងខ្លាំងៗ ការហាត់ប្រាណខ្លាំងៗធ្ងន់ៗ ឬធ្វើកិច្ចការងារណាដែលអាចកើតផលប៉ះពាល់ដល់បរិវេណច្រមុះគ្រប់ប្រភេទ។

    3 . នៅពេលឈាមឈប់ហូរហើយ គួរតែគេងសម្រាក ដោយដាក់ក្បាលឱ្យខ្ពស់ បន្ទាប់ពីនោះយកទឹកកកមកដាក់ស្អំនៅលើថ្ងាស់ ឬបំពង់ក ឬមិនទេក៏អាចបៀមទឹកកក ដើម្បីឱ្យឈាមឈប់ហូរក៏បាន តែការស្អំ ឬបៀមទឹកកកនេះគួរប្រើពេលវេលាត្រឹមតែ ម្តងៗ 10 នាទីបានហើយ ដោយសម្រាក 10 នាទី បន្ទាប់មកសឹមដាក់ស្អំ ឬបៀមទឹកកកជាថ្មីម្តងទៀត។

    4 . ក្នុងករណីដែលធ្វើការបថមព្យាបាលហើយ តែឈាមនៅតែមិនឈប់ហូរ គួរតែប្រញាប់នាំអ្នកជំងឺទៅមន្ទីពេទ្យភ្លាមតែម្តង ភាពខុសប្រក្រតីខាងរាងកាយ ដូចជាការហូរឈាមច្រមុះនេះជាដើម អាចបញ្ជាក់អំពីសភាវជំងឺដង្កាត់របស់រាងកាយបានច្រើនយ៉ាងណាស់ ដូច្នេះគួរតែនាំគ្នាយកចិត្តទុកដាក់មើលថែទាំសុខភាព កុំភ្លេចភ្លាំងឱ្យសោះ ទាំងអស់នេះគឺដើម្បីសុខភាពដ៏ល្អ និងរាងកាយដ៏រឹងប៉ឹងមាំមួន ប្រាសចាករោគភ័យរបស់យើងទាំងអស់គ្នា៕

  • ថៅកែ​មន្ទីរ​ពេទ្យ​ លក់​លិខិត​បញ្ជាក់​ “លទ្ធ​ផល​អវិជ្ជមាន​នឹង​COVID-19 ក្លែង​ក្លាយ”​ ចំណេញប្រាក់​​រាប់​សែន​ដុល្លារ​

    ថៅកែ​មន្ទីរ​ពេទ្យ​ លក់​លិខិត​បញ្ជាក់​ “លទ្ធ​ផល​អវិជ្ជមាន​នឹង​COVID-19 ក្លែង​ក្លាយ”​ ចំណេញប្រាក់​​រាប់​សែន​ដុល្លារ​

    សារ​ព័ត៌មាន​ New York Times កាល​ពី​ថ្ងៃទី​16​កក្កដា បាន​ចេញ​ផ្សាយ​ថា អាជ្ញាធរ​ប្រទេស​បង់ក្លាដែស​ ទើប​តែ​បាន​ចាប់​ខ្លួន​ម្ចាស់​មន្ទីរពេទ្យ​ម្នាក់​ ទាក់​ទិន​នឹង​ការ​​លក់​លទ្ធផល​អវិជ្ជមាននឹង​​ COVID-19 ក្លែង​ក្លាយ​រាប់​ពាន់​សន្លឹក​ទៅ​ឱ្យ​អ្នកដែល​មាន​តម្រូវ​​ការ​។

    ថៅ​កែ​ម្នាក់​របស់​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​បង់ក្លា​ដែស​ ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​បន្លំ​អតិថិជន​ ដោយ​សារ​បាន​ចេញ​លទ្ធ​ផលអវិជ្ជ​មាន​នៃ​ការ​ធ្វើ​តេស្ត​COVID-19 ដើម្បី​បោក​ប្រាស់​អ្នកជំងឺ​ និង​ទទួល​ប្រាក់​ចំណេញ​ប្រមាណ​ជា​350,000​ដុល្លារ​អាមេរិក​។ ករណី​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​ទំនុក​ចិត្ត​របស់​ប្រជាជន​ទៅ​លើ​វិស័យ​សុខាភិបាល​នៃ​ប្រទេស​នេះ​។

    Ashique Billah ដែល​ជា​អ្នក​នាំ​ពាក្យ​នៃ​​ប៉ូលិស​បង់ក្លាដែស​ បាន​ឱ្យ​ដឹង​ថា Mohammad Shahed គឺជា​ម្ចាស់​​បណ្ដាញ​មន្ទីរ​ពេទ្យ​ Regent នៅក្នុង​រដ្ឋធានី​ Dhaka។ ថៅ​កែ​មន្ទីរ​ពេទ្យ​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​កំពុង​ព្យាយាម​រក​វិធី​ឆ្លងទន្លេ​គេចខ្លួន​ទៅ​កាន់​ប្រទេស​ឥណ្ឌា​។

    អ្នក​នាំ​ពាក្យ​ខាង​លើ​បាន​បញ្ជាក់​ថា “មន្ទីរ​ពេទ្យ​របស់​គាត់​នោះ​បាន​ធ្វើ​តេស្ត​រក​វីរុស​COVID-19 ចំនួន​10,500​​លើក​ ក្នុង​នោះ​មាន​លទ្ធផល​ចំនួន​4,200​គឺ​ត្រឹម​ត្រូវ​ ចំណែក​លទ្ធ​ផល​ចំនួន​6,300​ផ្សេង​ទៀត​ត្រូវ​បាន​ប្រគល់​ឱ្យ​អតិថិ​ជន​ ប៉ុន្តែ​មិន​បាន​ធ្វើ​តេស្ត​នោះ​ទេ​”។

    យោង​តាម​ New York Times លិខិត​​បញ្ជាក់​​លទ្ធ​ផល​អវិជ្ជមាន​ក្លែង​ក្លាយ​នេះ ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​59​ដុល្លារ​ក្នុង​មួយ​ច្បាប់​។

    ម្ចាស់​មន្ទីរ​ពេទ្យ​នេះ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ដែរ​ថា បាន​យក​ថ្លៃ​សេវា​ធ្វើ​តេស្ត​ និងព្យាបាល​អ្នកជំងឺ​COVID-19​​ បើ​ទោះ​លោក​ធ្លាប់​បាន​យល់​ព្រម​ជាមួយ​រដ្ឋាភិបាល​ថា​ មន្ទីរ​ពេទ្យ​នានា​របស់​លោក​នៅ​ក្នុង​ទីក្រុង​ Dhaka នឹង​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ​។

    សូម​បញ្ជាក់​ថា Shahed មិន​មែនជា​មនុស្ស​ដំបូង​គេ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​បង់ក្លាដែស​ ដោយ​សារ​សកម្ម​ភាព​​បន្លំ​​ផ្នែក​សុខាភិបាល​​នៅក្នុង​វិបត្តិ​សុខ​ភាព​នេះ​ឡើយ។ កាល​ពី​សប្ដាហ៍​មុន​ ម្ចាស់​គ្លី​និកឯកជន​​​​ដែល​ផ្ដល់​សេវា​កម្ម​ធ្វើ​តេស្ត​រក​វីរុស​COVID-19 មួយ​កន្លែង​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ចេញ​លិខិត​បញ្ជាក់​ការ​ធ្វើ​តេស្ត​​COVID-19 ដោយ​មិន​បាន​ធ្វើ​តេស្ត​អ្វី​សោះ។

    ក្រុម​អ្នកជំនាញ​ការ​មាន​ការ​ព្រួយ​បារម្ភ​ថា អំពើ​បោកប្រាស់​នេះ​អាច​ធ្វើ​ឱ្យ​ប្រជា​ជន​បង់ក្លាដែស​មិន​បាន​ទទួល​ការ​ធ្វើតេស្ត​រក​វីរុស​COVID-19 ដោយ​ត្រឹម​ត្រូវ​ ដែល​នេះ​នឹង​នាំឱ្យ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ឆ្លង​វីរុស​ដែល​ពួកគេ​នឹក​ស្មាន​មិន​ដល់​។

    រាប់​ចាប់​ពី​ខែ​មីនា​រហូត​មក​ដល់​បច្ចុប្បន្ន រដ្ឋាភិបាល​បង់ក្លាដែស​ បាន​ធ្វើ​តេស្ត​រកវីរុស​COVID-19 ជា​មធ្យម​ចាប់​ពី​13,000​ដល់​17,000​នាក់​ក្នុង​1​ថ្ងៃ​ៗ​ ប៉ុន្តែ​តួលេខ​នេះ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​សម្រាប់​ប្រទេស​ដែល​មាន​ប្រជាជន​ជាង​168​លាន​នាក់មួយ​នេះ។

    យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ Johns Hopkins មនុស្ស​ចំនួន​ជាង​193,500​នាក់​នៅ​បង់ក្លាដែស​​ បាន​ឆ្លង​COVID-19​ ក្នុង​នោះ​មាន​ជាង​2,400​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​។ ប៉ុន្តែ​មាន​ការ​សង្ស័យ​ថា តួលេខ​ពិត​ប្រាកដ​ អាច​ខ្ពស់​ជាង​នេះ​ ដោយ​សារ​សមត្ថ​ភាព​នៃ​ការ​ធ្វើ​តេស្ត​​​របស់​ប្រទេស​នេះ​ នៅមាន​កម្រិត​នៅ​ឡើយ​៕

    ប្រភព៖ New York Times

  • ដឹងឬទេ បន្លែ និង ផ្លែឈើអ្វីខ្លះ រឹតតែញ៉ាំ រឹតតែក្តៅ?

    ដឹងឬទេ បន្លែ និង ផ្លែឈើអ្វីខ្លះ រឹតតែញ៉ាំ រឹតតែក្តៅ?

    ប្រធានបទសន្ទនានៅក្នុងក្រុមមិត្តភ័ក្តិមួយរយៈនេះ យ៉ាងណាៗក៏ចៀសមិនផុតពីរឿងធាតុអាកាសក្តៅហប់នៅក្នុងប្រទេសយើងឡើយ ជាពិសេសក្នុងអំឡុងពេលសម្រាកថ្ងៃត្រង់ ដែលយើងគ្រប់គ្នាត្រូវដើរទៅរកកន្លែងលក់បាយ អ្នកខ្លះចៀសវាងពីការប្រយុទ្ធជាមួយកម្តៅថ្ងៃដ៏ក្តៅចង់ឆេះដោយការដាក់បាយពីផ្ទះមកញ៉ាំ ឬទិញអាហារត្រៀមសម្រាប់ពេលថ្ងៃត្រង់ទុកតាំងពីព្រឹក តែសម្រាប់អ្នកដែលគ្មានជម្រើស ឬត្រៀមមិនទាន់ ក៏ត្រូវតែញើសជោកខ្លួន ក្តៅហប់រហូតមុខឡើងក្រហម រឹតតែញ៉ាំអាហារក្តៅចូលទៅទៀតផងនោះសឹងតែនិយាយមកចេញអណ្តាតភ្លើងឯណោះ។

    ហើយនឹងរឹតតែយ៉ាប់ខ្លាំងទៅទៀតបើសិនជាធាតុអាកាសខាងក្រៅក្តៅស្រាប់ហើយ យើងថែមទាំងទទួលទានអាហារដែលប្រកបដោយបន្លែផ្លែឈើដែលមានឬទ្ធិក្តៅចូលទៅទៀតផងនោះ ដល់អ៊ីចឹងវានឹងរឹតតែក្តៅទាំងខាងក្នុង និងខាងក្រៅតែម្តង។ តើមានបន្លែ និងផ្លែឈើប្រភេទណាខ្លះដែលក្នុងអំឡុងពេលធាតុអាកាសក្តៅៗបែបនេះ យើងគួរតែផ្អាកញ៉ាំសឹន?

    បន្លែដែលមានឬទ្ធិក្តៅ

    មើមខ្ជាយ ស្លឹកម្រះព្រៅ ស្លឹកគុយឆាយ ខ្ទឹមស ខ្ញី ម្តេង រមៀត ស្លឹកជីនាងវង ម្ទេស ម្រេច គ្រឿងទេស។

    ផ្លែឈើដែលមានឬទ្ធិក្តៅ

    ផ្លែចេក ផ្លែប៉ាស្យុង ផ្លែខ្នុរទុំ សាវម៉ាវ ត្របែក ធុរេន ទទឹម ទៀប ព្នៅ មៀន ឡុងកុង ម៉ាក់ប្រាង ស្វាយទុំ។

    មូលហេតុដែលត្រូវទទួលទានបន្លែផ្លែឈើទាំងអស់នេះឱ្យតិចជាងមុន

    ដោយសារតែបន្លែផ្លែឈើទាំងនោះ ពេលខ្លះអាចធ្វើឱ្យយើងញ៉ាំហើយមានអារម្មណ៍ថាហឹរ រស់ជាត់ផ្អែមខ្លាំង រហូតធ្វើឱ្យយើងរឹតតែស្រេកទឹកខ្លាំងឡើង ក្រៅពីនេះបើទទួលទានអាហារហឹរ ប៉ះធាតុអាកាសក្តៅ អាចធ្វើឱ្យរាងកាយបាត់បង់ញើសច្រើនជាងប្រក្រតី បើសិនមិនញ៉ាំទឹកឱ្យគ្រប់គ្រងទេនោះ អាចនឹងធ្វើឱ្យរាងកាយខ្វះជាតិទឹកបាន។

    រដូវក្តៅ ញ៉ាំអាហារដែលមានឬទ្ធិត្រជាក់

    បើចង់សម្រួលតុល្យភាពរបស់រាងកាយមិនឱ្យក្តៅតាមធាតុអាកាសខ្លាំងពេក គួរទទួលទានអាហារដែលមានឬទ្ធិត្រជាក់ក្នុងបរិមាណដែលសមរម្យ។

    បន្លែដែលមានឬទ្ធិត្រជាក់

    ផ្កាខាត់ណា ស្ពៃចង្កឹះ ស្ពៃបូកគោ សាលាដ ស្នៀតពោត ស្លឹកតើយ សណ្តែកបណ្តុះ ព្រលឹត ប្រខូលី ត្រប់ ម្រុំ ត្រឡាច។

    ផ្លែឈើដែលមានឬទ្ធិត្រជាក់

    ស្រកានាគ បំពេញរាជ ត្រសក់ស្រូវបារាំង ជម្ពូ ឈើរី ឥឡឹក ត្រសក់ស្រូវ មង្ឃុត កន្ទួត ដូងខ្ចី ទឹកក្រូចឆ្មារ ម្នាស់ សារី ផ្លែប៉ោម។

    ទាំងអស់នេះមិនមែនមានន័យថា ហាមទទួលទានបន្លែផ្លែឈើដែលមានឬទ្ធិក្តៅយ៉ាងដាច់ខាតនោះទេ ចំណុចសំខាន់គឺ ការទទួលទានអាហារដែលសម្បូរបែប ដើម្បីសាងតុល្យការក្នុងរាងកាយ និងឱ្យរាងកាយបានទទួលគុណតម្លៃខាងសារធាតុអាហារដែលសម្បូរបែបដែរ។ សម្រាប់ពេលណាដែលធាតុអាកាសក្តៅនេះ កុំភ្លេចញ៉ាំទឹកឱ្យបានច្រើនៗ ចៀសវាងពីកម្តៅថ្ងៃខ្លាំងៗ ទីកន្លែងដែលធាតុអាកាសក្តៅខ្លាំង និងខ្យល់អាកាសមិនបក់ចេញចូល៕

  • ជាង​143,000​នាក់​ស្លាប់​ដោយ​សារ​COVID-19​ នៅ​សហរដ្ឋ​អាមេរិក លោក​ Trump ចេញ​មុខ​ទទួល​ខុស​ត្រូវ​

    ជាង​143,000​នាក់​ស្លាប់​ដោយ​សារ​COVID-19​ នៅ​សហរដ្ឋ​អាមេរិក លោក​ Trump ចេញ​មុខ​ទទួល​ខុស​ត្រូវ​

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​​ផល​វិបាក​ដែល​កើត​ឡើង​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​លោក​ក៏​នៅ​តែ​ជឿ​ជាក់​ថា វីរុស​រាត​ត្បាត​នេះ​នឹង​បាត់​ខ្លួន​ទៅ​វិញ​ដោយ​ឯក​ឯង​។

    យោង​តាម​ស្ថិតិ​របស់​ Worldometers គិត​ដល់​ដំណាច់​ថ្ងៃទី​19​កក្កដា​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ដល់​ជាង​​143,000​នាក់​ ខណៈ​ដែល​ចំនួន​ករណី​ឆ្លង​វីរុស​នេះ​ក៏​បាន​កើន​ដល់​ជិត​4​លាន​នាក់​ផង​ដែរ​។ ជា​មធ្យម​ ក្នុង​1សប្ដាហ៍​ គឺ​មាន​មនុស្ស​​ប្រមាណ​ជា​5,000​នាក់បាន​​​​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហរដ្ឋ​អាមេរិក​។

    ទាក់​ទិន​នឹង​បញ្ហា​COVID-19 កាល​ពី​ថ្ងៃទី​17​កក្កដា លោក​ Trump បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​វិបាក​ដែល​កើត​ឡើង​ដោយ​សារ​ COVID-19 នៅ​ប្រទេស​របស់​លោក​។ “ខ្ញុំ​តែង​តែ​ទទួល​ខុស​ត្រូវ​គ្រប់​យ៉ាង​ ព្រោះ​ថា ជា​ចុង​ក្រោយ​ វា​នៅ​តែ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​” លោក​ Trump ឆ្លើយ​តប​ដូច្នេះ​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជា​មួយ​ Fox News។

    ប៉ុន្តែ លោក​ក៏​យល់​ថា អភិបាល​រដ្ឋ​នានា​ក៏​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រក្សា​ទុក​សម្ភារៈ​សុខាភិបាល​ និង​ការ​ចេញ​បទ​បញ្ជា​រក្សា​គម្លាត​សង្គម ដូច​ជា​បង្ខំ​ឱ្យ​ពាក់​ម៉ាស់​ជា​ដើម​។ ម្ចាស់​សេត​វិមាន​ឱ្យ​ដឹង​ថា លោក​មិន​គាំទ្រ​ចំពោះ​បទ​បញ្ជា​ឱ្យ​ពាក់​ម៉ាស់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នោះ​ឡើយ​ ព្រោះ​ថា លោក​ចង់​ឱ្យ​ប្រជា​ជន​ “មាន​សេរី​ភាព​ក្នុង​ព្រំ​ដែន​កំណត់​ណាមួយ​”។ ជាង​នេះ​ទៀត លោក​ Trump នៅតែ​យល់​ថា តួលេខ​នៃ​ការ​ឆ្លង​វីរុស​ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នេះ​ក៏ដោយ​សារ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ បាន​បង្កើន​ការ​ធ្វើ​តេស្ត​រក​វីរុស​។ លោក​ Trump ថែម​ទាំង​អះអាង​ថា​ “ជា​ចុង​ក្រោយ​ COVID-19 នឹង​បាត់​ខ្លួន​ទៅ​វិញ​ដោយ​ឯកឯង​​មិន​ខាន”។

    គិត​មក​ដល់​បច្ចុប្បន្ន ប្រទេស​និង​ដែន​ដី​ចំនួន​221ក្នុង​ពិភពលោក​ ត្រូវ​បាន​រាយ​ការណ៍​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​14,622,597​នាក់​ និង​អ្នក​ស្លាប់​សរុប​ចំនួន​608,403​នាក់​ ក្នុង​នោះ​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​ចំនួន​238,295​នាក់​ និង​អ្នក​ស្លាប់​5,161​នាក់​ ត្រូវ​បាន​រកឃើញ​ក្នុងរយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ខណៈ​ដែល​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​ 8,726,028​នាក់​៕

    ប្រភព៖ Reuters

  • អ៊ីស្ត្រាអែល ឱ្យប្រជាជនឱបដើមឈើដើម្បីកាត់បន្ថយអារម្មណ៍ឯកកាដោយសារគម្លាតសង្គម

    អ៊ីស្ត្រាអែល ឱ្យប្រជាជនឱបដើមឈើដើម្បីកាត់បន្ថយអារម្មណ៍ឯកកាដោយសារគម្លាតសង្គម

    ដោយសារតែ​មេរោគ Covid-19 បានធ្វើឱ្យ​មនុស្ស​លើ​ពិភពលោក​ចាប់ផ្តើម​មាន​អារម្មណ៍​កាន់តែ​ឯក​កា​ខ្លាំងឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ។

    ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប្រទេស​អ៊ី​ស្ត្រា​អែល បានអនុញ្ញាត​ឱ្យ​ប្រជាជន​ឱប​ដើមឈើ​ដើម្បី​កាត់បន្ថយ​ភាព​ឯក​កា​ដោយសារតែ​ការរក្សា​គម្លាត​សង្គម។ តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ធម្មជាតិ និង​សួន​សាធារណៈ​នៃ​ប្រទេស​នេះ​បានបង្ហាញ​លើ​បណ្តាញ​សង្គម​ថា មនុស្សម្នាក់ៗគួរ​ចំណាយ​ពេលវេលា​លើ​ធម្មជាតិ​ឱ្យបាន​កាន់តែច្រើន​ដើម្បី​កាត់បន្ថយ​អារម្មណ៍​ស្មុគស្មាញ​នានា។

    តាម​អ្នក​ចិត្តសាស្ត្រ​បានឱ្យដឹងថា ការរក្សា​គម្លាត​សង្គម​នេះ​បានធ្វើឱ្យ​មនុស្ស​មិនដែល​ប៉ះគ្នា​សោះ ដែល​កត្តា​នេះ​ធ្វើឱ្យ​មនុស្ស​មួយចំនួនធំ​កាន់តែ​មាន​ភាព​ឯក​កា ហើយ​ត្រូវការ​ការ​ថ្នាក់ថ្នម។ ភាគច្រើន​នៃ​អ្នក​ដែលមាន​អារម្មណ៍មិនល្អ​ក្នុង​រយៈពេល​ដែល​ត្រូវធ្វើ​គម្លាត​សង្គម គឺ​មនុស្ស​ចាស់។ អ្នកជំនាញ​ថា វ័យ​នេះ​ជា​វ័យ​ដែលមាន​អារម្មណ៍​ប្រែប្រួល​ច្រើន ត្រូវការ​ថ្នាក់ថ្នម និង​ត្រូវការ​ក្តី​ស្រឡាញ់​ពី​មនុស្ស​ជុំវិញខ្លួន។

    តាម​ការបង្ហាញ​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​ឱ្យដឹងថា មនុស្ស​ចាស់​ជាច្រើន​បង្ហាញ​អារម្មណ៍​ថា គាត់​ត្រូវ​នៅ​ឆ្ងាយ​ពី​មនុស្ស​ដែល​គាត់​ស្រឡាញ់ មិនបាន​ឱប​កូន​របស់គាត់ និង​ចៅ​ជាដើម។ ហេតុនេះ​ការ​នៅ​ជាមួយ​ធម្មជាតិ​ដ៏​ស្រស់ស្អាត អាច​រំសាយ​អារម្មណ៍​បាន​មួយចំណែក។ មនុស្ស​វ័យ​ចំណាស់​ជាច្រើន​បានបង្ហាញ​អារម្មណ៍​ថា ការ​ឱប​ដើមឈើ និង​ដាក់​ក្តី​ស្រឡាញ់​លើ​ធម្មជាតិ អាចធ្វើឱ្យ​អារម្មណ៍​ពួកគាត់​ប្រសើរឡើង៕

  • ករណីឆ្លងCOVID-19 នៅ​ទូទាំងពិភពលោក​ បាន​កើន​1​លាន​នាក់​ក្នុង​រយៈ​ពេល​​100​ម៉ោង​ចុង​ក្រោយ​នេះ​

    ករណីឆ្លងCOVID-19 នៅ​ទូទាំងពិភពលោក​ បាន​កើន​1​លាន​នាក់​ក្នុង​រយៈ​ពេល​​100​ម៉ោង​ចុង​ក្រោយ​នេះ​

    សារព័ត៌មាន​ Reuters បាន​រកឃើញ​ជា​លើក​ដំបូងថា ករណីឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​ បាន​កើន​1​លាន​នាក់​ក្នុង​រយៈ​ពេល​ត្រឹម​តែ​100​ម៉ោង​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​តួលេខ​សរុប​បាន​កើន​លើស​​ពី​​14​​លាន​នាក់​​ កាល​ពី​ថ្ងៃទី​17​កក្កដា​កន្លង​ទៅ។

    ក្រោយ​រយៈ​ពេល​3ខែ​ បន្ទាប់​​ពី​ករណី​ឆ្លង​វីរុស​COVID-19 ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន​​កាលពី​ដើម​ខែ​មករា​ ពិភពលោក​ពេល​នោះ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ត្រឹម​តែ​1​លាន​នាក់​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ គិត​ចាប់​ពី​ថ្ងៃទី​13​កក្កដា​ដល់​ថ្ងៃទី​17កក្កដា​ ពោល​គឺ​រយៈ​ពេល​4​ថ្ងៃ​ ពិភពលោក​បាន​រកឃើញ​ករណី​​​ផ្ទុក​វីរុស​ថ្មី​ដល់​ទៅ​1​លាន​នាក់​ ដោយ​កើន​ពី​13​លាន​នាក់​ ឡើង​ដល់​14​លាន​នាក់​។

    យោង​តាម​ការ​ស្រង់​ស្ថិតិ​របស់​ Reuters ដែល​បាន​ដក​ស្រង់​ពី​របាយការណ៍​របស់​រដ្ឋាភិបាល​នានា​ បាន​បង្ហាញ​ថា ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​នេះ​ កំពុង​តែ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ទ្វីប​អាមេរិក​ ដោយ​មាន​ករណី​ឆ្លង​ច្រើន​ជាង​ពាក់​កណ្ដាល​បើ​ធៀប​នឹង​ពិភពលោក​ទាំង​មូល​។

    គិត​មក​ដល់​បច្ចុប្បន្ន​ សហរដ្ឋ​អាមេរិក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​​3,770,012​​នាក់​​ និង​អ្នក​ស្លាប់ដោយ​សារ​វីរុស​នេះ​មាន​ចំនួន​​142,064​នាក់​។

    ប្រទេស​ប្រេស៊ីល​ឈរ​លំដាប់​ទី​2​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ ដោយ​មាន​អ្នកជំងឺជាង​​2,048,600នាក់​ ក្នុង​នោះ​ក៏​មាន​ប្រធានាធិបតី​ Jair Bolsonaro ផងដែរ។ ចំណែក​តួលេខ​អ្នក​ស្លាប់​ដោយ​សារ​COVID-19 របស់​ប្រទេស​នេះ​ មាន​ជាង​78,000នាក់​។

    ឥណ្ឌាដែល​ជា​សម្បុក​វីរុស​COVID-19 ធំជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​ បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​ចំនួន​1,040,457​​នាក់​ ក្នុង​នោះ​មានអ្នក​​ស្លាប់​26,285​នាក់​។ ក្នុង​រយៈ​ពេល​1សប្ដាហ៍​កន្លង​ទៅ​ កំណើន​នៃ​អ្នក​ឆ្លង​វីរុស​បាន​កើន​ជាមធ្យម​30,000​នាក់​ក្នុង​1​ថ្ងៃ​ៗ នៅ​ប្រទេស​នេះ​៕

    ប្រភព​៖ Reuters

  • លោកជំទាវ ឱ វណ្ណឌីន ថាហានិភ័យឆ្លងអាចនឹងខ្ពស់បើការឈប់សម្រាក 5ថ្ងៃខាងមុខប្រជាជនធ្វេសប្រហែស

    លោកជំទាវ ឱ វណ្ណឌីន ថាហានិភ័យឆ្លងអាចនឹងខ្ពស់បើការឈប់សម្រាក 5ថ្ងៃខាងមុខប្រជាជនធ្វេសប្រហែស

    មិនយូរ​ទៀត​ទេ ប្រជាជន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​នឹងត្រូវ​ដល់​ថ្ងៃ​ឈប់សម្រាក​ដែល​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​ឈប់​រហូតដល់​ទៅ 5ថ្ងៃ ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​កាលពី​បុណ្យចូលឆ្នាំថ្មី។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​ព្រមាន​ថា ប្រសិនបើ​ប្រជាជន​យើងទាំងអស់គ្នា​មិន​ប្រុងប្រយ័ត្ន​ក្នុងការ​ការពារ​ខ្លួន​ឱ្យបាន​ខ្ពស់​នោះទេ អត្រា​ឆ្លង​មេរោគ Covid-19 អាច​នៅតែមាន​ខ្ពស់។ លោកជំទាវ​ថា នៅ​ថ្ងៃទី 17 ខែកក្កដា ឆ្នាំ2020នេះ ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19 ចំនួន 5នាក់​បន្ថែមទៀត។ ការរកឃើញ​ចំនួន​អ្នក​ឆ្លង​ថ្មី​នេះ បង្ហាញថា​កម្ពុជា​មិនទាន់​ឆ្លង​ផុត​ហានិភ័យ​ដែល​កើតឡើង​ដោយសារតែ​ជំងឺ Covid-19 នៅឡើយ​ទេ។

    លោកជំទាវ​រដ្ឋលេខាធិកា​រ​ក្រើន​រំ​ឮ​កថា ថ្វីត្បិតតែ​កន្លងមក​អ្នក​ដែល​រកឃើញ​ថ្មី​ថា​មាន​ផ្ទុក​ជំងឺ Covid-19 សុទ្ធតែជា​ករណី​នាំចូល តែ​ប្រជាជន​គ្រប់គ្នា​មិនគួរ​ធ្វេសប្រហែស​នោះទេ។ ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​នេះ​នៅតែ​ខ្ពស់ ព្រោះ​យើង​មិនអាច​មើល​នឹង​ភ្នែក​ទទេ​ដឹងថា​បុគ្គល​ណា​មាន​ផ្ទុកមេរោគ Covid-19 ឬ​មិនមាន​នោះទេ។ ហេតុនេះ​សម្រាប់​ប្រជាជន​ទាំងអស់​ដែល​ទៅ​ស្រុកកំណើត​នៅ​ថ្ងៃ​ឈប់សម្រាក​នាពេលខាងមុខ​នេះ ចាំបាច់​ត្រូវតែ​អនុវត្ត​នូវ​វិធាន​ការពារ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ចំពោះ​រាល់​ការជួបជុំ​នានា៕

  • ប្រយ័ត្នទុកជាមុន…ជំងឺដែលនឹងមកជាមួយរដូវភ្លៀង

    ប្រយ័ត្នទុកជាមុន…ជំងឺដែលនឹងមកជាមួយរដូវភ្លៀង

    មួយរយៈនេះធាតុអាកាសនៅក្នុងប្រទេសយើង តិចក្តៅ តិចរងា ថ្ងៃខ្លះភ្លៀងក៏បង្អុរចុះមកធ្វើឱ្យទទឹកសើមគ្រប់ៗគ្នា តែអ្វីដែលគួរឱ្យបារម្ភនោះ ក៏ប្រហែលជាចៀសមិនផុតពីរឿងជំងឺដង្កាត់ដែលនឹងមកជាមួយទឹកភ្លៀងនោះឡើយ។ ថ្ងៃនេះទំព័រសុខភាព ឡារ៉ែនសូមនាំមិត្តអ្នកអានទាំងអស់គ្នាមកត្រៀមខ្លួនចាំទប់ទល់នឹងរោគាដែលនឹងមកជាមួយទឹកភ្លៀងដូចខាងក្រោមនេះ ៖

    1. ក្រុមជំងឺខាងប្រព័ន្ធដកដង្ហើម

    ក្នុងរដូវភ្លៀង ធាតុអាកាសចាប់ផ្តើមត្រជាក់ និងមានសំណើមខ្លាំង ធ្វើឱ្យមេរោគអាចរីករាលដាលបានយ៉ាងឆាប់រហ័ស បើសិនជាមានមេរោគរីករាលដាលនៅក្នុងធាតុអាកាស ហើយយើងដកដង្ហើមស្រូបចូលទៅក្នុងសួត អាចនឹងបង្កឱ្យកើតជំងឺខាងផ្លូវដង្ហើមបានជាច្រើន ដូចជា ជំងឺផ្តាសាយ គ្រុនផ្តាសសាយធំ រលាកបំពង់ដង្ហើម ដូច្នេះគួរចៀសវាងការស្ថិតនៅក្នុងកន្លែងដែលចង្អៀតហប់ ខ្យល់អាកាសពិបាកចេញចូល និងចៀសវាងការនៅជិតអ្នកដែលកើតជំងឺទាំងនោះ ព្រោះមេរោគអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានតាមរយៈការដកដង្ហើម ទឹកមាត់ សំបោរ ឬកំហាកស្លេស្មរបស់អ្នកជំងឺ ដោយមេរោគនឹងឆ្លងចូលតាមភ្នែក ច្រមុះ និងមាត់ ឬតាមរយៈការដែលមនុស្សបានប៉ះពាល់វត្ថុដែលលាយឡំជាមួយមេរោគ ដូចជា កន្សែងជូតមុខ ស្លាបព្រា កែវទឹក ការថើប ឬការដែលដៃទៅប៉ះមេរោគ ហើយយកទៅញីភ្នែក ឬយកទៅកាន់អ្វីញ៉ាំជាដើម។

    2. ជំងឺគ្រុនឈាម

    នៅពេលធ្លាក់ភ្លៀង នឹងតែងតែមានទឹកដក់នៅតាមទីកន្លែងផ្សេងៗ ធ្វើឱ្យកើតមានការរីករាលដាលពូជរបស់មូសខ្លាដែលជាភ្នាក់ងារចម្លងរោគគ្រុនឈាម។ បើកើតជំងឺគ្រុនឈាម អាចនឹងមានកម្តៅខ្លួនឡើងខ្ពស់រយៈពេល 2 – 3 ថ្ងៃ (អាចក្តៅខ្លាំងដល់ 40 អង្សា C ) មិនឃ្លានបាយ ឈឺក្បាល ឈឺចុករួយពេញខ្លួន មុខឡើងក្រហម ចំពោះអ្នកដែលមានគ្រាប់ឈាមទាប អាចមើលឃើញចំណុចឈាមក្រហមៗនៅលើស្បែក បើឃើញមានអាការដូចដែលបានរៀបរាប់មកនេះ ចូរកុំបង្អង់យូរ ត្រូវប្រញាប់ទៅមន្ទីពេទ្យ និងគួរចៀសវាងពីទីកន្លែងដែលមានមូស ព្យាយាមកុំឱ្យមូសខាំ ប្រើថ្នាំបាញ់សម្លាប់មូស បំផ្លាញប្រភពកំណើតរបស់មូស ដូចជា ផ្កាប់វត្ថុដែលធ្វើឱ្យមានទឹកដក់ និងចាក់ដីលុបកន្លែងដែលមានទឹកដក់ជាដើម។

    3. រោគប៉េស្ត

    ជំងឺប៉េស្ត គឺជាជំងឺឆ្លងដែលកើតចេញពីសត្វកណ្តុរគ្រប់ប្រភេទ ដោយមេរោគនឹងស្ថិតនៅក្នុងទឹកនោមរបស់សត្វកណ្តុរទាំងនោះ ទាំងកណ្តុរស្រែ កណ្តុរព្រៃ កណ្តុរស្រុក កណ្តុរប្រែង និងកណ្តុរប្រមេះ ហើយមេរោគប៉េស្តនេះនឹងចូលមកក្នុងរាងកាយមនុស្សបាន

    តាមរយៈស្នាមដំបៅ ឬរបួស និងស្នាមរលាត់ដាច់ផ្សេងៗលើរាងកាយ។ ជំងឺនេះទោះជាមានថ្នាំព្យាបាលឱ្យជាមែន តែក៏អាចធ្វើឱ្យស្លាប់បានដូចគ្នាដែរ បើបានទទួលការព្យាបាលមិនត្រឹមត្រូវ ឬយឺតយ៉ាវ។ អ្នកជំងឺនឹងមានអាការគ្រុនក្តៅខ្លាំងភ្លាមៗ ឈឺក្បាល ច្រើនតែឈឺសាច់ដុំភ្លៅ និងកំភួនជើងយ៉ាងខ្លាំង និងភ្នែកក្រហម។ ប្រមាណជា 5 – 10 ភាគរយរបស់អ្នកកើតជំងឺនេះ អាចនឹងមានអាការធ្ងន់ធ្ងរ ដូចជា ឌីហ្សាន ក្រលៀនលែងដំណើរការ ឬអាចប្រកាច់ទៀតផង ដូច្នេះគួរចៀសវាងការដើរលុយទឹក លុយភក់ដែលប៉ប៉ិកប៉ប៉ាច់។ អ្នកដែលធ្វើការងារប្រថុយប្រថាននឹងជំងឺនេះ គួរតែពាក់ស្រោមដៃជ័រ ពាក់ស្បែកជើងជ័រកវែង ការពារខ្លួនកុំឱ្យកើតមានរបួស ឬដំបៅនៅលើជើង ឧស្សាហ៍លាងសម្អាតដៃឱ្យបានញឹកញាប់ ងូតទឹកសម្អាតរាងកាយក្រោយពេលចប់ពីការងារ កម្ចាត់សំរាមនៅក្នុងផ្ទះ និងកន្លែងធ្វើការចេញឱ្យ​​អស់ ជាពិសេសកាកសំណល់កំទេចចំណីអាហារ ដើម្បីកុំឱ្យក្លាយជាប្រភពអាហាររបស់សត្វកណ្តុរ។

    4. ជំងឺឆ្លងខាងប្រព័ន្ធរំលាយអាហារដែលជួបញឹកញាប់

    មានដូចជា ជំងឺរាករូសភ្លាមៗ ជំងឺរាកមួល ពុលអាហារ ជាដើម ជំងឺទាំងនេះបណ្តាលមកពីការទទួលទានអាហារដែលមានប្រឡាក់ប្រឡូសមេរោគអតិសុខុមប្រាណដែលបង្កឱ្យកើតរោគនៅក្នុងប្រព័ន្ធរំលាយអាហារនៅក្នុងពោះវៀន ដោយអ្នកជំងឺនឹងមានអាការរាក បន្ទោបង់ចេញមករាវដូចទឹក អាចមានគ្រុនក្តៅខ្លួន ឈឺរមួលនៅក្នុងពោះ និងបើមានឆ្លងមេរោគមួលផងនោះ អាចមានសំបោរ ឬឈាមលាយឡំមកជាមួយលាមកទៀតផង។ ក្រៅពីនេះនៅមានមេរោគវីរុសរលាកថ្លើមប្រភេទ A និង B ដែលអាចឆ្លងបានតាមរយៈការទទួលទានអាហារដែលប្រឡាក់ប្រឡូសមេរោគផងដែរ អ្នកដែលមានអាការរលាកថ្លើមនឹងមានគ្រុនក្តៅខ្លួន ល្វើយអស់កម្លាំង មានអាការខ្លួនឡើងលឿង ភ្នែកលឿង ក្អួតចង្អោរ ដូច្នេះទើបក្នុងរដូវភ្លៀងនេះគួរប្រយ័ត្នប្រយែងរឿងអាហារការហូបចុកជាពិសេស ដោយគួរទទួលទានតែអាហារដែលធ្វើឆ្អឹនថ្មីៗ ស្អាត និងប្រើស្លាបព្រាសម្រាប់ដួសម្ហូបដោយឡែក។

    5. ជំងឺភ្នែកក្រហម

    ជំងឺភ្នែកក្រហម បណ្តាលមកពីមេរោគវីរុសដែលមាននៅក្នុងទឹកកខ្វក់ ខ្ទាតចូលភ្នែក ការប៉ះពាល់ទឹកភ្នែករបស់អ្នកដែលកើតជំងឺភ្នែកក្រហម ហើយយកដៃដែលប្រឡាក់នោះមកប៉ះភ្នែកខ្លួនឯង ឬបានទទួលមេរោគដែលខ្ចាត់ខ្ចាយនៅក្នុងអាកាស ឬក្នុងអាងហែលទឹក។ ជាទូទៅមេរោគនឹងសម្ងំខ្លួន 1 – 2 ថ្ងៃមុននឹងបង្ហាញអាការឡើង។ នៅលើអ្នកដែលកើតជំងឺភ្នែកក្រហមអាចពិនិត្យឃើញមេ

    រោគបង្កជំងឺនៅម្តុំបរិវេណភ្នែក និងក្នុងបំពង់កបានតាំងពីថ្ងៃបង្ហាញអាការ រហូតដល់ 14 ថ្ងៃក្រោយពីចាប់ផ្តើមមានអាការ។ វិធីការការពារគឺ កុំយកដៃដែលមិនស្អាតមកប៉ះ ឬញីភ្នែក លាងសម្អាតដៃគ្រប់ពេលមុននឹងប៉ះពាល់ភ្នែក មិនប្រើប្រាស់កន្សែងជូតមុខ ឬជូតខ្លួនរួមជាមួយអ្នកដែលកើតជំងឺភ្នែកក្រហម សំខាន់បំផុតត្រូវការពារមិនឱ្យជំងឺឆ្លងរាលដាលពីខ្លួនឯងទៅអ្នកដទៃ៕

  • អ្នកជំនាញការបារម្ភ៖ ក្នុងរដូវរងាខាងមុខ វីរុសនឹងរាលដាលខ្លាំង ជីវិតបែបប្រក្រតី ស្ថិតនៅឆ្ងាយនៅឡើយ

    អ្នកជំនាញការបារម្ភ៖ ក្នុងរដូវរងាខាងមុខ វីរុសនឹងរាលដាលខ្លាំង ជីវិតបែបប្រក្រតី ស្ថិតនៅឆ្ងាយនៅឡើយ

    ទីភ្នាក់ងាព័ត៌មានឆៃណាដេលី បានរាយការណ៍ថា អ្នកជំនាញការបាននិយាយថា វីរុសកូរ៉ូណាប្រភេទថ្មី អាចនឹងរាតត្បាតកាន់តែខ្លាំងឡើងនៅក្នុងរដូវរងាខាងមុខនេះ ធ្វើឱ្យទស្សនៈនៃការវិលត្រឡប់មករកជីវិតបែបប្រក្រតីវិញ កាន់តែពិបាក និងត្រូវបន្ថែមភាពចាំបាច់ក្នុងការត្រៀមខ្លួនឱ្យរួចរាល់សម្រាប់សង្គ្រាមប្រឆាំងមេរោគដ៏អូសបន្លាយមួយនេះ។

    អ្នកជំនាញការបានរៀបរាប់ថា “ទោះជាមានភាពប្រថុយប្រថានកើនឡើង តែស្ថានការណ៍ជំងឺរាតត្បាតដែលកើតឡើងនៅក្នុងមណ្ឌលហ៊ូពេយ កាលពីដើមឆ្នាំនេះ នឹងមិនកើតឡើងម្ដងទៀតទេនៅក្នុងប្រទេសចិន ដោយសារតែប្រទេសនេះ បានពិសោធរួចហើយថា ការឆ្លងរាលដាលក្នុងភូមិភាគ អាចបង្ក្រាបបានដោយវិធានការគ្រប់គ្រងដែលឆាប់រហ័ស និងគ្រប់គ្រងចំមុខសញ្ញា”

    តាមរយៈរបាយការណ៍របស់អង្គការសុខភាពពិភពលោក ការឆ្លងរាលដាលរបស់មេរោគ កាន់តែធ្ងន់ធ្ងរឡើងទូទាំងពិភពលោក ដោយមានរបាយការណ៍អ្នកជំងឺថ្មី កើនឡើងខ្ពស់ដល់ 230,370នាក់ ក្នុងថ្ងៃអាទិត្យ(ទី12កក្កដា)កន្លងមក។

    លោក អ៊ូ ជុនយ៉ូវ៍ ប្រធានក្រុមជំនាញខាងជំងឺរាតត្បាត នៃមជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគ នៃប្រទេសចិន បានថ្លែងថា វីរុសបានចម្លងសាយភាយយ៉ាងឆាប់រហ័ស ទូទាំងពិភពលោកតាំងពីខែមីនាមក ហើយការឆ្លងមេរោគថ្មីចុងក្រោយបំផុតដែលកើនឡើងនៅសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូង មានចំណែកច្រើនជាងពាក់កណ្ដាល នៃចំនួនអ្នកឆ្លងមេរោគថ្មីទូទាំងពិភពលោក។

    លោក អ៊ូ បានថ្លែងនៅក្នុងអំឡុងការប្រជុំអនឡាញដែលរៀបចំឡើងដោយទស្សនាវដ្តី ឆៃស៊ីន កាលពីល្ងាចថ្ងៃអាទិត្យ(12កក្កដា)កន្លងទៅថា “ការវិភាគបឋម បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេលដ៏ខ្លីនេះ ការឆ្លងរាលដាលរបស់មេរោគវីរុសនៅតែស្ថិតក្នុងកម្រិតខ្លាំង និងថែមទាំងអាចនឹងកាចសាហាវខ្លាំងឡើងទៀត ក្នុងអំឡុងរដូវរងាដែលកំពុងជិតមកដល់នេះ”

    “ប្រទេសចិនស្ថិតក្រោមសម្ពាធ 2ប្រការ នៃការទប់ទល់នឹងការឆ្លងរាតត្បាតយ៉ាងរហ័សភ្លាមៗ ដែលបណ្ដាលមកពីប្រភពដែលមិនបង្ហាញភ័ស្តុតាង ដូចជាថ្មីៗ ដែលពាក់ព័ន្ធនឹងផ្សារបោះដុំអាហារដ៏សំខាន់មួយក្នុងក្រុងប៉េកាំង រួមទាំងក្រុមអ្នកឆ្លងមេរោគដែលកើតចេញពីករណីនាំចូល ដូចដែលយើងបានឃើញនៅក្នុងទីក្រុងជាច្រើន ក្នុងមណ្ឌលភាគខាងកើតឆៀងខាងជើង ប៉ុន្មានខែកន្លងមកនេះ”

    ទិន្នន័យ ពីទីស្នាក់ការគណៈកម្មការសុខភាព នៃប្រទេសចិនបានបញ្ជាក់ថា ការឆ្លងរាតត្បាតរបស់ជំងឺនៅក្នុងក្រុងប៉េកាំង ដែលបានរកឃើញកាលពីថ្ងៃទី11 មិថុនា ត្រូវបានគ្រប់គ្រប់យ៉ាងពេញលេញ ដោយមិនមានអ្នកជំងឺថ្មី អស់រយៈពេល 8ថ្ងៃ រាប់តាំងពីថ្ងៃចន្ទមក ហើយចំនួនអ្នកជំងឺនៅក្នុងការព្យាបាល ក៏ថយចុះ 297នាក់ដែរ។

    លោកអ៊ូ បានថ្លែងទៀតថា “ការបង្ក្រាបមេរោគបានយ៉ាងឆាប់រហ័សនៅក្នុងទីក្រុងចម្បងនេះ ធ្វើឱ្យចិនមានភាពជឿជាក់លើវិធានការចៀសវាងការឆ្លងមេរោគជាថ្មីម្ដងទៀត”

    លោកបន្តថា “វិធានការរបស់ទីក្រុងប៉េកាំង គឺជាគំរូ សម្រាប់ផ្នែកដែលនៅសេសសល់របស់ប្រទេសចិន និងអាចជាទិន្នន័យអះអាងសម្រាប់ពិភពលោក ដោយរឿងសំខាន់នោះ គឺការពិនិត្យរកឃើញដ៏ឆាប់រហ័ស ការឆ្លើយតបដោយវិធានការបង្ខាំងដ៏ម៉ឺងម៉ាត់ និងការពិសោធយ៉ាងទូលំទូលាយ”

    ការតស៊ូ ដ៏យូរអង្វែងនៅខាងមុខ

    លោក ឈឹន ជឹងមិង សាស្ត្រាចារ្យផ្នែកជំងឺរាតត្បាត នៃមហាវិទ្យាល័យ អុកស្វ៊ើត បានព្រមានថា “វីរុស ដូចជាមិនទាន់បាត់ទៅណាទេ”

    លោកថា “ចំនួនអ្នកឆ្លងមេរោគទូទាំងពិភពលោកច្រើនដល់ទៅ 12.6លាននាក់ ដែលជាការវាយតម្លៃទាបជាងកម្រិតធ្ងន់ធ្ងរ ដោយសារតែការពិសោធដែលមានកំណត់នៅក្នុងភូមិភាគមួយចំនួនដែលមានអ្នកឆ្លងមេរោគ តែមិនបង្ហាញអាការ ដែលធ្វើឱ្យពិនិត្យរកមិនឃើញ”

    “យើងមានការចំណាយខាងសេដ្ឋកិច្ចក្នុងតម្លៃខ្ពស់ខ្លាំងណាស់ សម្រាប់ការផ្លាស់ប្ដូរវិធីរស់នៅរបស់យើង និងការបិទទីក្រុង។ ប្រទេសខ្លះត្រូវសុខចិត្តបន្ធូរបន្ថយវិធានការ ដូចជាប្រទេសជប៉ុន សហរាជអាណាចក្រ និងអ៊ីស្រាអែល ជាដើម…រដូវស្លឹកឈើជ្រុះ និងរដូវរងាខាងមុខនេះ នឹងក្លាយជាការសាកល្បងដ៏សំខាន់”

    យ៉ាងណាក្ដី ទោះជានៅក្នុងប្រទេសចិន ដែលមានស្នាដៃក្នុងការគ្រប់គ្រងការឆ្លងរាលដាលបានដាច់ខាតមែន តែក្នុងអំឡុងការប្រជុំដើម្បីឆ្លើយតបនឹងការឆ្លងរាលដាលរបស់ជំងឺ ការត្រឡប់ឆ្ពោះទៅរកជីវិតយ៉ាងពេញរូបបែប កណ្ដាលការឆ្លងរាលដាលដ៏ធំនេះ យើងទទួលស្គាល់ថា សឹងតែមិនអាចទៅរួចឡើយ និងត្រូវត្រៀមការទប់ទល់នឹងការឆ្លងមេរោគជាថ្មី ជាដំណាក់ៗទៀតផង”

    កាលពីថ្ងៃចន្ទ(ទី13កក្កដា) កន្លងមក លោក ថេដ្រូស អាត់ហាណូម កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានថ្លែងថា “…នឹងមិនអាចវិលត្រឡប់ទៅរកសភាវប្រក្រតី ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះបានទេ” ក្នុងខណៈដែលមេរោគវីរុសនៅតែឆ្លងរាលដាលនៅក្នុងប្រទេសភាគច្រើន ហើយវានៅតែជា “សត្រូវលេខ1” របស់ពិភពលោកនៅឡើយ៕

    ប្រភព៖ សាព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា

  • ក្រសួង​សុខាភិបាល​រកឃេីញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​5​នាក់ទៀត​ហើយ​!

    ក្រសួង​សុខាភិបាល​រកឃេីញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​5​នាក់ទៀត​ហើយ​!

    ក្រសួង​សុខាភិបាល​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី​17​កក្កដា​នេះ​ បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​ករណី​ផ្ទុក​វីរុស​COVID-19 ចំនួន​5​នាក់​បន្ថែម​ទៀត​ ដែលទាំង​នេះ​សុទ្ធ​តែ​ជាករណី​នាំ​ចូល​។

    នៅ​លើ​ទំព័រ​Facebook របស់​CDC នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​ មាន​បង្ហោះ​សេចក្ដី​​​ប្រកាស​មួយ​ឱ្យ​ដឹង​ថា ​ក្នុង​ចំណោម​អ្នក​ផ្ទុក​វីរុសCOVID-19 ​ចំនួន​5​នាក់​​​ដែល​ទើប​ត្រូវ​បាន​រកឃើញ​នេះ មាន​ជនជាតិ​ខ្មែរ​3​នាក់ និង​ជនជាតិ​អាមេរិកាំង​2​នាក់​ ដែល​ធ្វើ​ដំណើរ​ពី​សហរដ្ឋ​អាមេរិក​។

    គិត​មក​ដល់​បច្ចុប្បន្ន​ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​ចំនួន​171​នាក់​ ក្នុង​នោះ​មាន​38​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ និង​អ្នក​ជំងឺ​បានជាសះស្បើយ​មាន​ចំនួន​133​នាក់​។ កម្ពុជា​មិន​ទាន់​មាន​ករណី​បាត់​បង់ជីវិត​ដោយ​សារ​COVID-19នៅ​ឡើយ​។

    ក្រសួង​សុខាភិបាល​រកឃេីញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​5​នាក់ទៀត​ហើយ