Category: សុខភាព

  • លោក​ Trump ទទួល​ស្គាល់ថា ម៉ាស់​ពិត​ជា​មាន​​ប្រសិទ្ធ​ភាព​​ក្នុង​ការ​ទប់​ស្កាត់​COVID-19 ខណៈសហរដ្ឋ​អាមេរិក​មាន​​​​​144,888​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​

    លោក​ Trump ទទួល​ស្គាល់ថា ម៉ាស់​ពិត​ជា​មាន​​ប្រសិទ្ធ​ភាព​​ក្នុង​ការ​ទប់​ស្កាត់​COVID-19 ខណៈសហរដ្ឋ​អាមេរិក​មាន​​​​​144,888​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ ម៉ាស់​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការ​ឆ្លងវីរុស​COVID-19 ព្រម​ទាំង​បាន​អំពាវ​នាវ​ឱ្យ​​ពលរដ្ឋ​​ពាក់​ម៉ាស់ ចំណែក​ខ្លួន​លោក​ផ្ទាល់​​​ក៏​នឹង​ធ្វើ​ដូច្នេះ​ដែរ​។

    “យើង​ស្នើ​ឱ្យ​គ្រប់​គ្នា​ពាក់​ម៉ាស់​នៅ​ពេល​មិន​អាច​រក្សា​គម្លាត​ពី​គ្នា​ក្នុងសង្គម​។ បើ​ទោះជា​អ្នក​ចូលចិត្ត​ ឬ​មិន​ចូល​ចិត្ត​ក៏ដោយ ប៉ុន្តែ​វា (ម៉ាស់​) ​នឹង​បញ្ចេញ​ប្រសិទ្ធ​ភាព​”​ លោក​ Trump ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី​21​កក្កដា​កន្លង​ទៅ​។

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​បាន​ឱ្យ​ដឹង​ថា លោក​បាន​ស៊ាំ​ជាមួយ​នឹង​ការ​ពាក់​ម៉ាស់​បន្តិច​ម្ដង​ៗ​ ហើយ​ថា​ លោក​នឹង​ពាក់​វា​នៅ​ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន​ ឬ​ជិះ​ជណ្ដើរ​ប្រអប់​។ លោក​ Trump បន្ត​ថា “ខ្ញុំ​រីករាយ​នឹង​ប្រើ​ប្រាស់​វា។ អ្វី​ៗ​ទាំង​អស់​ដែល​មាន​ផល​ប្រយោជន៍​ គឺសុទ្ធ​តែ​ជា​ប្រការ​ល្អ”។ ម្ចាស់​សេត​វិមាន​ក៏​បាន​អំពាវ​នាវ​ដល់​យុវជន​​ក្មេង​ៗ​នៅ​អាមេរិក ឱ្យ​ចៀស​វាង​ចូល​បារ​ដែល​មាន​មនុស្ស​ច្រើន​ ជា​កន្លែង​ដែល​COVID-19 ងាយ​នឹង​ឆ្លង​រាល​ដាល​។

    ការ​ប្ដូរ​ផ្លាស់​គំនិត​ស្ទើរ​តែ​360​អង្សា​របស់​លោក​ Trump ចំពោះ​ COVID-19 បានមាន​​កើត​ឡើង​នៅ​ពេល​ដែល​ប្រទេស​របស់​លោក​​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​​ដល់​ទៅ​​​144,888​នាក់​ ក្នុង​ចំណោម​អ្នក​ផ្ទុក​វីរុស​ចំនួន​4,023,947​នាក់​​ បើ​​គិត​មក​ដល់​ថ្ងៃ​នេះ​ (22​កក្កដា)។

    លោក​ Trump ទទួល​ស្គាល់ថា ម៉ាស់​ពិត​ជា​មាន​​ប្រសិទ្ធ​ភាព​​ក្នុង​ការ​ទប់​ស្កាត់​COVID-19 ខណៈសហរដ្ឋ​អាមេរិក​មាន​​​​​144,888​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​
    លោក​ Trump ទទួល​ស្គាល់ថា ម៉ាស់​ពិត​ជា​មាន​​ប្រសិទ្ធ​ភាព​​ក្នុង​ការ​ទប់​ស្កាត់​COVID-19 ខណៈសហរដ្ឋ​អាមេរិក​មាន​​​​​144,888​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​

    នៅ​ទូទាំង​ពិភពលោក​ ​បច្ចុប្បន្ន​មាន​មនុស្ស​ចំនួន​618,265​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ខណៈ​ដែល​ចំនួន​អ្នក​ផ្ទុក​វីរុស​នេះ​បាន​កើន​ដល់​15,071,024​នាក់​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ ពិភពលោក​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​ចំនួន​238,058នាក់​ និង​អ្នក​ស្លាប់​ចំនួន​​5,992​នាក់​ នេះ​បើ​តាម​ស្ថិតិ​របស់ ​Worldometers៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ក្តៅក្នុង កើតឡើងដោយសារអ្វី? តើត្រូវព្យាបាល និងការពារយ៉ាងណា?

    ក្តៅក្នុង កើតឡើងដោយសារអ្វី? តើត្រូវព្យាបាល និងការពារយ៉ាងណា?

    បញ្ហា “ក្តៅក្នុង” មនុស្សជាច្រើនប្រហែលជាធ្លាប់ជួបប្រទះខ្លះៗរួចមកហើយ ដោយនៅសុខៗស្រាប់តែមានពងបែកក្លាយជាដំបៅនៅក្នុងមាត់ លើសាច់ខាងក្នុងថ្ពាល់ ឬលើអណ្តាតតែម្តង ហើយភាគច្រើនមិនដឹងថាមកពីមូលហេតុអ្វីឡើយ ដូច្នេះហើយទើបថ្ងៃនេះ ទំព័រសុខភាពរបស់ទស្សនាវដ្តី ឡារ៉ែន ស្វែងរកចម្លើយមកជូនមិត្តអ្នកអានឱ្យបានជ្រាបទាំងអស់គ្នា។

    ក្តៅក្នុងគឺជាអ្វី?

    ក្តៅក្នុង ជាអាការដែលមានពងបែកក្លាយជាដំបៅនៅក្នុងប្រអប់មាត់ ដោយអាចកើតនៅលើសាច់ថ្ពាល់ខាងក្នុង លើអណ្តាត ឬលើផ្នែកណាមួយនៅក្នុងមាត់ក៏មាន។ ខ្នាតរបស់ដំបៅអាចនឹងតូចកម្រឹតតែមិនប៉ុន្មានមីល្លីម៉ែត្រ រហូតទៅដល់សង្ទីម៉ែត្របាន និងអាចកើតច្រើនជាង 1 ដំបៅបានដូចគ្នា ដោយដំបៅទាំងនោះនឹងមានអាការផ្សា ធ្វើឱ្យទទួលទានអាហារមិនស្រួល។

    ក្តៅក្នុងបណ្តាលមកពីអ្វី?

    មូលហេតុរបស់អាការក្តៅក្នុងបណ្តាលមកពីបច្ច័យជាច្រើន តែដែលជួបប្រទះច្រើននោះគឺ ៖

    – ពូជអម្បូរ

    – ភាពតានតឹងធុញថប់

    – ភ្លេចខ្លួនខាំសាច់ថ្ពាល់ខាងក្នុងខ្លួនឯង

    – ប្រតិកម្មចាញ់សារធាតុគីមីផ្សេងៗ ដូចជា សារធាតុគីមីពីថ្នាំដុសធ្មេញ ទឹកថ្នាំខ្ពុរមាត់ ជាដើម

    – ប្រតិកម្មចាញ់អាហារប្រភេទខ្លះ

    – ខ្វះវីតាមីន និងសារធាតុប្រភេទខ្លះ ដូចជា វីតាមីន B សារធាតុដែល និងស័ង្កសី

    – ឆ្លងមេរោគបាក់តេរីប្រភេទខ្លះ

    – ឆ្លងមេរោគវីរុសមួយចំនួន ដូចជា ជំងឺរើម ជាដើម

    – ញ៉ាំទឹកតិច

    – រាងកាយខ្វះសារធាតុអាហារ

    – បរិភោគអាហារដែលមានរសជាតិខ្លាំងៗជ្រុលពេក

    – បរិភោគអាហារចៀនបំពងច្រើនជ្រុលពេក

    – ជក់បារី

    – រាងកាយកើតមានភាពខុសប្រក្រតីក្នុងប្រព័ន្ធប្រឆាំងជំងឺ អាចគេងសម្រាកមិនបានគ្រប់គ្រាន់រហូតបាត់បង់តុល្យការ

    – អំឡុងពេលដែលស្រ្តីកំពុងមានវដ្តរដូវ អាចហុចផលឱ្យអ័រម៉ូនក្នុងរាងកាយប្រែប្រួល និងអាចកើតអាការក្តៅក្នុងបាន

    ក្តៅក្នុង គ្រោះថ្នាក់ដែរឬទេ?

    ការកើតអាការក្តៅក្នុងនេះ ក្រៅពីកើរអាការឈឺផ្សាក្រហាយខ្លាំង ធ្វើឱ្យពិបាកក្នុងការកម្រើកបបូរមាត់ និងទទួលទានអាហារហើយនោះ គេមិនឃើញមានគ្រោះថ្នាក់អ្វីដែលខ្លាំងក្លាជាងនេះឡើយ ព្រោះភាគច្រើនដំបៅក្តៅក្នុងនេះអាចជាបាត់ទៅវិញដោយឯកឯង ឬបើមិនចង់ពិបាកយូរក៏អាចប្រើថ្នាំជួយឱ្យដំបៅក្តៅក្នុងនេះឆាប់ជាបាត់ទៅវិញបានដែរ តែសំខាន់បំផុតគឺ កុំឱ្យដំបៅឆ្លងមេរោគ ព្រោះអាចត្រូវប្រើពេលវេលាព្យាបាលកាន់តែយូរឡើង។

    វិធីកែអាការក្តៅក្នុង

    ដូចដែលបានរៀបរាប់ពីខាងដើមរួចមកហើយ ដំបៅក្តៅក្នុងតូចៗអាចជាបាត់ទៅវិញបានដោយឯកឯងក្នុងរយៈពេល 1 សប្តាហ៍ តែបើជាដំបៅក្តៅក្នុងដែលមានខ្នាតធំ ឬចង់ឱ្យឆាប់ជាបាត់ទៅវិញនោះ អាចព្យាបាលបានដូចតទៅ ៖

    1 . ខ្ពុរមាត់នឹងទឹកសេរ៉ូម ឱ្យទឹកសេរ៉ូមត្រូវបរិវេណដំបៅ ព្រោះទឹកសេរ៉ូមនឹងជួយសម្រាលអាការក្លាយរលាក ហើមក្រហមបាន។

    2 . ថ្នាំលាបបំបាត់អាការក្តៅក្នុង ជាក្រុមរបស់ពពួកថ្នាំ ស្ទៀរ៉យ ប្រភេទលាប ដើម្បីកាត់បន្ថយអាការរលាកក្លាយ ឈឺ ហើមអាចជាថ្នាំទឹក ជាក្រមួន ឬជាទឹកថ្នាំខ្ពុរមាត់ក៏បាន។

    3 . ឱសថបុរាណដែលមានឬទ្ធិត្រជាក់ មានច្រើនយ៉ាងដែលមានឬទ្ធិព្យាបាលអាការក្តៅក្នុង ដូចជា ស្លឹកត្រចៀកក្រាញ់ ផ្លែម្រះអាចម៏ចាប ត្រសក់ ស្ពៃស មើមឈូក ជាដើម ញ៉ាំទឹកឱសថបុរាណទាំងនេះនឹងជួយសម្រាលអាការក្តៅក្នុងបាន(តែកុំលាយស្ករច្រើនពេក)។

    វិធីការពារអាការក្តៅក្នុង

    1 . មិនទទួលទានអាហារដែលមានរសជាតិខ្លាំងៗ និងអាហារចៀនបំពងច្រើនពេក

    2 . ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ក្នុងមួយថ្ងៃ 6 – 8 កែវ

    3 . គេងសម្រាកឱ្យបានគ្រប់គ្រាន់

    4 . ហាត់ប្រាណជាប់ជាប្រចាំ មិនបណ្តោយឱ្យខ្លួនឯងមានអារម្មណ៍តានតឹងធុញថប់ច្រើនជ្រុលពេក

    5 . រក្សាអនាម័យ និងសម្អាតក្នុងប្រអប់មាត់យ៉ាងប្រយ័ត្នប្រយែង កុំដុសធ្មេញខ្លាំងៗពេក

    6 . បរិភោគអាហារឱ្យគ្រប់ 5 ប្រភេទក្រុម

    7 . ឧស្សាហ៍សង្កេតមើលភាពខុសប្រក្រតីរបស់ខ្លួនឯងជាប់ជានិច្ច ដើម្បីប្រញាប់ទៅជួបគ្រូពេទ្យភ្លាម បើមានភាពចាំបាច់

    អាការក្តៅក្នុងមិនមែនជាបញ្ហាធំទេ តែវាសាងនូវក្តីរំខាន និងលំបាកក្នុងការរស់នៅរបស់អ្នកដែលកើតអាការនេះច្រើនយ៉ាងមិននឹកស្មានដល់ ដូច្នេះការការពារខ្លួនឯងពីអាការក្តៅក្នុងក៏ជាវិធីមួយដែលនឹងជួយឱ្យយើងរស់នៅបានយ៉ាងមានសេចក្តីសុខដោយងាយៗដែរ៕

  • តើមានគ្រោះថ្នាក់ដល់រាងកាយដែរឬទេ បើចៃដន្យច្រឡំញ៉ាំអាហារដែលមានដុះផ្សឹតចូលទៅ?

    តើមានគ្រោះថ្នាក់ដល់រាងកាយដែរឬទេ បើចៃដន្យច្រឡំញ៉ាំអាហារដែលមានដុះផ្សឹតចូលទៅ?

    “នំប៉័ងទើបតែទិញមកសោះ ឥលូវដុះផ្សឹតបាត់ទៅហើយ” រឿងបែបនេះអាចកើតឡើងចំពោះមនុស្សគ្រប់គ្នាបាន ជាពិសេសបំផុតក្នុងអំឡុងពេលដែលធាតុអាកាសទាំងក្តៅផង សើមផងបែបនេះ។ បើមើលឃើញមុនហើយថា នំមួយដុំនោះមានដុះផ្សឹត ហើយបោះវាចោលនោះ មិនអីទេ តែបើញ៉ាំវាចូលទៅក្នុងពោះអស់ទៅហើយ ទើបមើលឃើញជាក្រោយថាមានដុះផ្សឹតនោះ តើនឹងត្រូវធ្វើយ៉ាងណា?។

    អ្នកជំនាញការខាងផ្នែកចំណីអាហាររបស់មហាវិទ្យាល័យ វើម៉ន់ត៍ បានណែនាំថា យើងត្រូវតែចៀសវាងពីការទទួលទាននំប៉័ង និង​អាហារដែលមានលក្ខណៈដូចជាមានដុះផ្សឹត ទោះជាយើងស្ថិតនៅក្នុងយុគសម័យរបស់គ្រប់ចំណីអាហារដែលសុទ្ធតែឆ្លងកាត់កម្មវិធីសម្លាប់​​​មេរោគមកយ៉ាងច្រើនហើយមែនក៏ដោយ តែក៏នៅតែមានឱកាសដែលយើងនឹងជួបមេរោគផ្សឹតនៅក្នុងចំណីអាហារបានដែរ។ បើសង្កេតឃើញថា នៅលើនំប៉័ងមានចំណុចតូចៗដែលអាចជាមេរោគផ្សឹតនោះ ចូរបោះវាចោលទាំងអស់តែម្តងទៅ។

    ព្រោះមេរោគផ្សឹតមានលក្ខណៈជាសរសៃៗដូចសរសៃសក់តូចៗ និងស្តើងខ្លាំងណាស់ វាមានឬស និងរីករាលដាលចេញទៅសូម្បីតែក្នុងស្រទាប់ដែលយើងមើលមិនឃើញទៀតផង ដូច្នេះ បើឃើញមានមេរោគផ្សឹតត្រឹមតែចំណុចតូចមួយនៅលើដុំនំប៉័ង ចូរបោះវាចោលទាំងអស់ទៅ ហើយការចៀសវាងពីការញ៉ាំមេរោគផ្សឹតចូលទៅនោះ មានតែវិធីមួយគត់គឺ ពិនិត្យមើលឱ្យបានច្បាស់។

    តែចុះបើសិនយើងច្រឡំញ៉ាំចំណីអាហារដែលមានមេរោគផ្សឹតចូលទៅបាត់ហើយនោះ តើត្រូវធ្វើយ៉ាងម៉េចស្រួលទៅ?

    មេរោគផ្សឹតនៅលើនំប៉័ងបន្តិចបន្តួច មិនជាគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ អ្នកខ្លះមានកង្វល់ខ្លាំងណាស់ថា មេរោគផ្សឹតគឺជាសារធាតុពុល និងនៅអាចបង្កឱ្យកើតអាការប្រតិកម្មចាញ់ទៀតផង តែមិត្តអ្នកអានជឿដែរទេថា មេរោគផ្សឹតធម្មតាៗមួយប្រភេទដែលហៅថា ផេនីស៊ីលៀម ដែលជាផ្សឹតពណ៌បៃតងៗនៅលើនំប៉័ងនោះ យើងយកវាមកធ្វើជាវត្ថុធាតុដើមរបស់ថ្នាំបដិបក្ខប្រាណដែលមានឈ្មោះថា “ផេនីស៊ីលីន” បានទៀតផង តែសម្រាប់អ្នកដែលមានប្រតិកម្មចាញ់មេរោគផ្សឹត ហើយចៃដន្យច្រឡំញ៉ាំចូលទៅវិញនោះ អាចនឹងមានគ្រោះថ្នាក់បាន អាការប្រតិកម្មចាញ់អាចធ្ងន់ធ្ងរដល់ថ្នាក់សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម រហូតទៅដល់គាំងបេះដូងបានទៀតផង។

    តែបើសិនគ្មានប្រតិកម្មចាញ់ និងច្រឡំញ៉ាំមេរោគផ្សឹតចូលទៅហើយនោះ ក៏មិនចាំបាច់ភ្ញាក់ផ្អើលអ្វីដែរ ព្រោះមេរោគផ្សឹតនឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់រាងកាយយើងបាន លុះត្រាណាតែក្នុងករណីដែលញ៉ាំជាបន្តបន្ទាប់រយៈពេលយូរតែប៉ុណ្ណោះ។

    តើយើងនឹងចៀសវាងពីមេរោគផ្សឹតយ៉ាងណាបាន?

    1 . ការឧស្សាហ៍សង្កេតមើលចំណីអាហារដែលប្រុងទិញ និងមុនពេលទទួលទាន ការហឹតមិនអាចជួយអ្វីបានឡើយ ព្រោះមេរោគផ្សឹតគ្មានក្លិនទេ និងសាកល្បងសង្កេតមើលខ្លួនឯងថា តើមានកើតអាការប្រតិកម្មចាញ់ផ្សេងៗដូចជា តឹងច្រមុះ រមាស់ ហូរទឹកភ្នែក ហៀរសំបោរ រមាស់ផ្ទៃមុខដោយសារការញ៉ាំអាហារដែរឬទេ?។

    2 . គួររក្សាអនាម័យខាងក្នុងផ្ទះឱ្យបានល្អ ព្រោះវាជារឿងដំបូងគេដែលត្រូវធ្វើដើម្បីការពារមេរោគផ្សឹត ក្រៅពីនេះមេរោគផ្សឹតនៅអាចរីកធំធាត់ និងបន្សាយស័្ពរចេញទៅលើរបស់របរផ្សេងៗដែលស្ថិតនៅក្នុងបរិវេណនោះទៀតផង ដូច្នេះនៅក្នុងទូទឹកកក ក្រណាត់ជូតចាន ភាជនៈដាក់ចំណីអាហារ ឬសូម្បីតែតុត្រៀមម្ហូបអាហារនៅក្នុងផ្ទះបាយ ក៏អាចនឹងមានស័្ពររបស់មេរោគផ្សឹតតោងជាប់ដែរ ទើបគួរតែលាងជូតសម្អាតឱ្យបានញឹកញាប់។

    3 . មេរោគផ្សឹតរីកធំធាត់បានល្អណាស់នៅក្នុងកន្លែងដែលសើម បើសិនជាអាចទៅរួច គួរតែគ្រប់គ្រងកម្រឹតភាពសើមខាងក្នុងផ្ទះកុំឱ្យលើស 40 %។

    4 . គួរលាងជូតសម្អាតខាងក្នុងទូទឹកកកឱ្យបានញឹកញាប់ យ៉ាងហោចណាស់ក៏មួយខែ ឬពីរខែម្តងដែរ ដោយការយកម្សៅបេកឃីងសូដា មករលាយជាមួយទឹក ហើយជូតសម្អាត និងចំណុចណាដែលគួរឱ្យសង្ស័យថាមានមេរោគផ្សឹតនោះ ចូរយកទឹកខ្មេះលាយជាមួយទឹក មកដុសខាត់ចេញ។ ចំណែកក្រណាត់ជូតចាន បើចាប់ផ្តើមមានក្លិនហើយ ចូរយកទៅបោះចោលតែម្តងទៅល្អជាងយកមកបោកគក់ហើយប្រើម្តងទៀត ព្រោះវាអាចជាការបើកឱកាសឱ្យមេរោគផ្សឹតរីករាលដាលក្នុងផ្ទះបាន៕

  • ប្រយ័ត្ន! អាហារពេលព្រឹក 5 យ៉ាង រឹតតែញ៉ាំ រឹតតែបំផ្លាញសុខភាព

    ប្រយ័ត្ន! អាហារពេលព្រឹក 5 យ៉ាង រឹតតែញ៉ាំ រឹតតែបំផ្លាញសុខភាព

    ជីវិតក្នុងទីក្រុងច្រើនតែប្រញាប់ប្រញាល់រហូតធ្វើឱ្យយើងខកខានញ៉ាំអាហារពេលសំខាន់បំផុតនៃថ្ងៃនីមួយៗគឺ អាហារពេលព្រឹក ហ្នឹងឯង។ អ្នកខ្លះជ្រើសរើសក្នុងការញ៉ាំអាហារពេលព្រឹកបែបងាយៗ លឿនរហ័ស និងមិនបានយកចិត្តទុកដាក់លើគុណប្រយោជន៍ខាងអាហារដែលបានទទួលនោះប៉ុន្មានឡើយ ដោយនឹកសង្ឃឹមថាញ៉ាំឱ្យតែឆ្អែតៗប៉ុណ្ណោះ។

    តែការពិតវិញ អាហារពេលព្រឹកសំខាន់ខ្លាំងណាស់ និងគួរតែជាពេលញ៉ាំអាហារមួយដែលសង្កត់ធ្ងន់លើសារធាតុអាហារដែលមានប្រយោជន៍បំផុតទៀតផង ព្រោះយើងត្រូវនាំកម្លាំងថាមពលនេះទៅរៀន ធ្វើការ ធ្វើកិច្ចការងារផ្សេងៗពេញមួយថ្ងៃ តែអាហារពេលព្រឹកដែលមនុស្សជាច្រើនជ្រើសរើសទទួលទាននោះ មិនបានផ្តល់ប្រយោជន៍ដល់រាងកាយតាមដែលរាងកាយត្រូវបានទទួលឡើយ ដូច្នេះយើងនាំគ្នាមកមើលវិញល្អជាងថា នៅក្នុងអាហារពេលព្រឹកទាំងនោះ តើមានអាហារមួយណាដែលអ្នកទទួលទានជាប្រចាំខ្លះដែរទេ? បើមានគួរតែផ្លាស់ប្តូរជាបន្ទាន់ហើយ។

    ទឹកដោះគោ

    អ្នកខ្លះអាចនឹងធ្លាប់បានឮថា ទឹកដោះគោមិនគួរទទួលទានពេលពោះទំនេរឡើយ ហ្នឹងគឺជារឿងមួយដែលត្រឹមត្រូវហើយ ព្រោះបើយើងញ៉ាំទឹកដោះគោពេលពោះទំនេរ អាចធ្វើឱ្យឆ្អល់ពោះបាន ឬអ្នកខ្លះអាចទាំងធ្វើឱ្យមានអាការចុកពោះ កូរពោះ និងរាកបានទៀតផង។ វិធីកែបញ្ហានេះ គឺងាយបំផុត គ្រាន់តែកុំញ៉ាំទឹកដោះគោសុទ្ធតែម្យ៉ាង ត្រូវញ៉ាំគូគ្នាជាមួយអាហារដទៃទៀត ដោយញ៉ាំអាហារពេលព្រឹកចូលទៅមុនសឹន ហើយសឹមញ៉ាំទឹកដោះគោទៅតាមក្រោយ តែប៉ុណ្ណឹងក៏ជួយបានច្រើនទៅហើយ តែបើសឹនអ្នកណាដែលមានបញ្ហាជាមួយការញ៉ាំទឹកដោះគោមែនទែន អាចមានន័យថា ទឹករំលាយអាហារក្នុងក្រពះរបស់អ្នកមិនអាចរំលាយទឹកដោះគោបាននោះ គួរតែសាកល្បងទៅជួបគ្រូពេទ្យដើម្បីវិនិច្ឆ័យរោគយ៉ាងលម្អឹត។

    សាចក្រក សាច់ហ៊ែម សាច់បេកខន

    យើងតែងតែឃើញអាហារទាំងនោះនៅលើតុអាហារបែបអាមេរិកាំង ប្រេកហ្វាស់ត៍ ឬអាហារពេលព្រឹកបែបអាមេរិកាំងហ្នឹងឯង។ ដូចដែលមនុស្សជាច្រើនបានដឹងហើយថា អាហារពពួកនេះមិនបានមានសារធាតុអាហារដែលល្អដល់រាងកាយប៉ុន្មានឡើយ បើយូរៗញ៉ាំម្តង មិនអីទេ តែបើសឹនជាញ៉ាំបែបដដែលៗញឹកញាប់ និងគ្មានអាហារផ្សេងទៀតគួបផ្សំជាមួយផង នោះមានន័យថា យើងបានទទួលសារធាតុអាហារនៅពេលព្រឹកត្រឹមតែម្សៅ ប្រូតេអ៊ីនដែលគ្មានគុណភាព និងខ្លាញ់ប៉ុណ្ណោះ ដូច្នេះទើបមិនគួរទទួលទានញឹកញាប់ ឬនៅពេលណាដែលទទួលទានសាច់ក្រក សាច់ហ៊ែម ឬសាច់បេកខន គួរតែទទួលទានគួបផ្សំជាមួយខាបូហាយដ្រេត ប្រូតេអ៊ីន និងសារធាតុរ៉ែពីបន្លែស្រស់ៗផង។

    នំប៉័ងលាបស្ករសូកូឡា

    ផ្ទះអ្នកណាដែលមានក្មេងតូច ក្មេងជំទង់ ឬជាគ្រួសារដែលចូលចិត្តញ៉ាំស្ករសូកូឡា ប្រហែលជាមានសូកូឡាស្ពេ្រដនៅក្នុងផ្ទះមួយដបធំ ទុកលាបនំប៉័ង ហើយញ៉ាំ ឆ្ងាញ់ឆ្អែតត្រូវចិត្តក្មេងតូចមិនខាន តែសារធាតុអាហារដែលទទួលបានវិញនោះ មានត្រឹមតែម្សៅ និងស្ករប៉ុណ្ណោះ ដូច្នេះ ឡារ៉ែនសូមណែនាំឱ្យយូរៗសឹមញ៉ាំម្តង ឬញ៉ាំគួបផ្សំជាមួយស្ទេកសាច់គោ ស៊ុតចៀនជ័រព្នៅ ឬញាំបន្លែផងទើបជាការប្រសើរ។

    អាហារស៊ីរៀល

    ជាអាហារពេលព្រឹកងាយៗ ស្ទីលបរទេសដែលអាចញ៉ាំបានឆ្អែតក្នុងរយៈពេលតែមិនប៉ុន្មាននាទីប៉ុណ្ណោះ តែពេទ្យបែរជារកឃើញថា នៅក្នុងអាហារស៊ីរៀល ជាពិសេសអាហាររបស់កុមារ មានតែម្សៅ និងស្ករ សារធាតុអាហារបែបហូលហ្ក្រេន ឬធញ្ញជាតិផ្សេងនោះមានបរិមាណតិចខ្លាំងណាស់ និងក្រៅពីនោះថែមទាំងមិនគ្រប់ 5 ប្រភេទក្រុមទៀតផង ដូច្នេះ ឡារ៉ែនសុំឱ្យស៊ីរៀលក្លាយជាអាហារជម្រើសក្រោយៗគេក្នុងថ្ងៃដែលប្រញាប់ប្រញាល់បំផុតទៅចុះ។

    នំចាខ្វៃ ជ្រលក់ទឹកដោះគោខាប់

    មនុស្សធំជាច្រើននាក់ជ្រើសរើសទទួលទាននំចាខ្វៃជាមួយទឹកសណ្តែក ព្រោះទឹកសណ្តែកជាអាហារពេលព្រឹកដែលល្អ និងគួរទទួលទានគូគ្នាជាមួយអាហារផ្សេងៗដែលធ្វើពីម្សៅ តែនំចាខ្វៃជាម្សៅដែលជ្រលក់ខ្លាញ់(ដែលមិនល្អ បើសិនជាខ្លាញ់ជ្រូកដែលចៀនបំពងច្រើនដង ហើយមិនបានផ្លាស់ប្តូរ) និងថែមទាំងបំផ្លាញខ្លួនឯងធ្ងន់ធ្ងរទៅទៀតដោយការញ៉ាំជាមួយទឹកដោះគោខាប់ដែលគ្មានអ្វីច្រើនក្រៅពីស្ករនោះឡើយ ដែលវានឹងធ្វើឱ្យយើងកាន់តែឆាប់ហេវខ្លាំងឡើង ក្រៅពីនេះ អ្វីដែលបាត់បង់ទៅនោះគឺ សារធាតុរ៉ែ និងវីតាមីនពីបន្លែផ្លែឈើហ្នឹងឯង ដូច្នេះយូរៗញ៉ាំម្តងប្រសើរជាង។

    យើងនឹងមើលឃើញថា អាហារពេលព្រឹកដែលងាយៗ ឆាប់រហ័ស ស្រួលរកទទួលទានរបស់មនុស្សជាច្រើននោះ អាចនឹងខ្វះសារធាតុរ៉ែ និងវីតាមីនជានិច្ច ដែលវាជារឿងមួយមិនសូវជាល្អប៉ុន្មានឡើយ ព្រោះធ្វើឱ្យយើងបានទទួលសារធាតុអាហារនៅពេលព្រឹកមិនគ្រប់គ្រាន់ អាចធ្វើឱ្យយើងមានពេលព្រឹកដែលមិនស្រស់ស្រាយ មិនស្វាហាប់បាន ដូច្នេះគួរងាកមកទទួលទានអាហារដែលមានប្រយោជន៍គ្រប់ 5 ប្រភេទក្រុមដូចជា ស៊ុបបន្លែសាច់ជ្រូក បបរសាមចូក បបរ-ស នំស៊ែនវិច(ដាក់បន្លែ)វិញម្តង តែប៉ុណ្ណឹងក៏ឆ្អែតឆ្ងាញ់មិនបំផ្លាញសុខភាពបានបាត់ទៅហើយ៕

  • កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​COVID-19 ចំនួន​26​នាក់​ទៀត​ហើយ​ សម្រាប់​ថ្ងៃទី​21​កក្កដា​នេះ

    កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​COVID-19 ចំនួន​26​នាក់​ទៀត​ហើយ​ សម្រាប់​ថ្ងៃទី​21​កក្កដា​នេះ

    ក្រសួង​សុខាភិបាល​កម្ពុជា​នា​ព្រឹក​នេះ​បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​26​នាក់​ទៀត​ ដែល​ទាំង​នេះ​គឺ​ជា​ករណី​នាំ​ចូល​។

    ករណីរកឃើញ​​ថ្មី​ទាំង​26​នាក់​នេះ​ ត្រូវ​បាន​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា​ គឺជា​អ្នក​ដំណើរ​ដែល​វិល​ត្រលប់​មក​ពី​ប្រទេស​រុស្ស៊ី និង​ប្រទេស​អេហ្ស៊ីប។ ដូច្នេះ គិត​មក​ដល់​ព្រឹក​ថ្ងៃទី​21​កក្កដា​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​​197​នាក់​ ក្នុង​នោះ​ ​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​140​នាក់​ ខណៈ​ដែល​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ មាន​ចំនួន​55​នាក់​។

    ក្នុង​ចំណោម​​ករណី​ទាំង​55​នាក់​ដែល​កំពុង​ទទួល​ការ​ព្យាបាល​ មាន​7​នាក់​នៅមន្ទីរពេទ្យ​ខ្មែរ-សូវៀត និង​48​នាក់​នៅ​មជ្ឈមណ្ឌល​សុខភាព​ចក្រ​អង្រែ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​​៕

  • រដ្ឋមន្ត្រី​ប្រទេស​​ប្រេស៊ីល​2រូប​ទៀត ​បាន​ឆ្លង​COVID-19

    រដ្ឋមន្ត្រី​ប្រទេស​​ប្រេស៊ីល​2រូប​ទៀត ​បាន​ឆ្លង​COVID-19

    រដ្ឋមន្ត្រី​ក្រសួង​សិទ្ធិ​ពល​រដ្ឋ​ និង​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​អប់រំ​​របស់​ប្រទេស​ប្រេស៊ីល​ បាន​ប្រកាស​លទ្ធផល​វិជ្ជ​មាន​ជាមួយ​នឹង​វីរុស​COVID-19 នៅ​ក្នុងថ្ងៃ​ជាមួយ​គ្នា​ បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​​រក​វីរុស​ ហើយ​បច្ចុប្បន្ន​កំពុង​បង្ខាំង​ខ្លួន​និង​ព្យាបាល​​ដាច់​​ដោយ​ឡែក​។

    រដ្ឋមន្ត្រី​ក្រសួង​សិទ្ធិ​ពល​រដ្ឋ​ លោក​ Onyx Lorenzoni ដែល​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​របស់​ប្រធានាធិបតី​ Jair Bolsonaro បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ Twitter កាលពី​ថ្ងៃទី​20​កក្កដា​ ឱ្យ​ដឹង​ថា លោក​មាន​អាការរោគ​ស្រាល​ និង​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​គ្រុន​ចាញ់ hydroxychloroquine។

    លោក​ Onyx Lorenzoni បន្ត​ថា “ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ទទួល​ផល​ប៉ះពាល់​ល្អ​ (បន្ទាប់​ពី​បាន​ទទួល​ការ​ព្យាបាល​ដោយ​ប្រាស់​ថ្នាំ​hydroxychloroquine​​)។ ក្រៅ​ពី​ថ្នាំ​ chloroquine លោក​រដ្ឋមន្ត្រី​រូប​នេះ​ក៏​បាន​លេប​ថ្នាំ​ azithromycin និង ivermectin ទៀត​ផង។

    រីឯ​លោក​ Milton Ribeiro ដែល​ទើប​​ត្រូវ​បាន​តែង​តាំង​ជា​​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ក៏​បាន​ប្រកាស​ថា បាន​ឆ្លងវីរុស​COVID-19 និង​កំពុង​សម្រាក​ព្យាបាល​ដាច់​ដោយ​ឡែក​ពី​គេ​ឯង​ផងដែរ​។

    ចំណែក​ប្រធានាធិបតី​ប្រេស៊ីល លោក Bolsonaro ដែល​កំពុង​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​​បន្ទាប់​ពី​បាន​ឆ្លង​COVID-19 ក៏​កំពុង​ប្រើ​ប្រាស់​ថ្នាំ​​ប្រឆាំងជំងឺ​គ្រុន​ចាញ់​ hydroxychloroquine ដើម្បី​ព្យាបាល​ បើ​ទោះ​ប្រសិទ្ធភាព​របស់​ថ្នាំ​នេះ​មិន​ទាន់​ត្រូវ​បាន​ធ្វើ​តេស្តជា​ផ្លូវការ​​​ក្នុងការ​ព្យាបាល​COVID-19 ក៏ដោយ​។ លោក Bolsonaro បាន​បង្ហោះ​សារ​នៅ​លើ​ Twitter កាល​ពី​ថ្ងៃទី​20​កក្កាដា​ ដើម្បី​ការ​ពារ​ការ​ប្រើប្រាស់​ថ្នាំ​ hydroxychloroquine ថា “ប្រការ​ដែល​គួរ​ចងចាំ​ នោះ​គឺថា ការ​ប្រើ​ថ្នាំដែល​​ “មិន​មែនជា​ថ្នាំ​​​ប្រែន​” បាន​នាំ​មក​នូវ​លទ្ធ​ផល​ល្អ​​ប្រសើរ​នៅក្នុង​វេជ្ជសាស្ត្រ ឱ្យ​តែ​អ្នកជំងឺ​យល់​ព្រម​”។

    មុន​នោះ​មួយ​ថ្ងៃ​ ប្រធានាធិបតី​ប្រេស៊ីល បាន​បង្ហាញ​វត្តមាន​នៅ​ក្បែរ​អ្នក​គាំទ្រ​នៅ​ឯទីក្រុង Brasilia ព្រម​ទាំង​បាន​លើក​ប្រអប់ថ្នាំមួយប្រអប់​បង្ហាញ​សាធារណជន​ទៀត​ផងដែរ។

    យោង​តាម​ស្ថិតិ​ថ្មីបំផុត​របស់​ក្រសួង​សុខាភិបាល​ប្រេស៊ីល ប្រទេស​នៅ​អាមេរិក​ខាង​ត្បូង​មួយ​នេះ​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ ជាង​2.1​លាន​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​បាន​ឡើង​ដល់​ជាង​80,000​នាក់​។

    ក្រៅ​ពី​មន្ត្រី​ជាន់​ខ្ពស់​ខាង​លើ ប្រេស៊ីល​ក៏​នៅ​មាន​មន្ត្រី​សំខាន់​ៗ​ផ្សេង​ទៀត​ដែល​បាន​ឆ្លង​វីរុស​នេះ​ ក្នុង​នោះ​ក៏មានលោក Augusto Heleno ដែល​ជា​​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​ Bolsonaro និង​រដ្ឋមន្ត្រី​ក្រសួង​ថាម​ពលប្រេស៊ីល​ លោក​ Bento Costa Lima ផងដែរ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អង្គការ Plain ថាក្មេងស្រីតាមជនបទប្រឈមខ្លាំងនឹងការបោះបង់ការសិក្សា ក្នុងពេលមាន Covid-19

    អង្គការ Plain ថាក្មេងស្រីតាមជនបទប្រឈមខ្លាំងនឹងការបោះបង់ការសិក្សា ក្នុងពេលមាន Covid-19

    ស្ថិតក្នុង​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 នេះ កុមារ​ជាច្រើន​បាន​ប្រឈម​ជាមួយនឹង​ការបោះបង់​ការសិក្សា ដោយសារ​ពួកគេ​មាន​បញ្ហា​ជីវភាព និង​មិនមាន​ឧបករណ៍​គ្រប់គ្រាន់​ក្នុងការ​សិក្សា​តាម Online។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​អង្គការ Plan International Cambodia បាន​លើកឡើងថា អង្គការ Plan បាន​ពិភាក្សា​ជាមួយ​ក្រុម​ក្មេងស្រី​នៅតាម​តំបន់​ការងារ​របស់ខ្លួន ដោយ​ក្នុង​នោះបាន​រកឃើញថា​ក្មេងស្រី​មួយចំនួន​ជាពិសេស​កុមារី​នៅតាម​តំបន់​ដាច់ស្រយាល​នៃ​ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្តសៀមរៀប បាន​ប្រឈម​នឹង​ការបោះបង់ចោល​ការសិក្សា​នៅក្នុង​អំឡុងពេល​មាន​វិបត្តិ Covid-19នេះ។

    លោក យី គឹម​ថា​ន នាយករង​ប្រចាំ​ប្រទេស​កម្ពុជា​ទទួលបន្ទុក​ក​ម្ម​វិធី​នៃ​អង្គការ Plain International Cambodia បានឱ្យដឹងថា សិស្សស្រី​មួយចំនួន​ប្រឈម​នឹង​ការបោះបង់ចោល​ការសិក្សា និង​បាន​ចំណាកស្រុក​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។

    អង្គការ​ខាងលើ​ក៏បាន​លើកឡើង​ផងដែរ​ថា កត្តា​ជីវភាព និង​កង្វះ​មធ្យោបាយ​រៀន​តាម Online ជា​មូលហេតុ​ជំ​រុញឱ្យ​កុមារី​មួយចំនួន​នៅ​តំបន់​ដាច់ស្រយាល​ក្នុងប្រទេស​កម្ពុជា បានសម្រេច​បាន​ងាក​ទៅរក​ការដាំ​បន្លែ ធ្វើ​ចំការ មើល​គោ និង​ក្របី បន្ទាប់ពី​ពួកគេ​សម្រេចចិត្ត​បោះចោល​ការសិក្សា​អំឡុងពេល​នៃ​វិបត្តិ​នេះ៕

  • ទារិកា​ភ្លោះ​​ជាប់​គ្នា​ដែល​​ទទួល​ការ​វះកាត់​​កាល​ពី​5​ថ្ងៃ​មុន​ ពេល​នេះ​អាច​​​កម្រើក​ដៃ​ និង​​ញញឺមបាន​​ហើយ​

    ទារិកា​ភ្លោះ​​ជាប់​គ្នា​ដែល​​ទទួល​ការ​វះកាត់​​កាល​ពី​5​ថ្ងៃ​មុន​ ពេល​នេះ​អាច​​​កម្រើក​ដៃ​ និង​​ញញឺមបាន​​ហើយ​

    វៀតណាម-ទារិកាម្នាក់​ឈ្មោះ​ Dieu Nhi ដែល​ជា​ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​ទារិកា​​ភ្លោះ​ជាប់​គ្នា​ពី​រ​នាក់​ដែល​ទើប​តែ​ទទួល​បាន​ការ​វះកាត់​ផ្ដាច់​ចេញ​ពី​គ្នា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ​ ពេល​នេះ​អាច​ញញឹម​ និង​លើក​ដៃ​បាន​ហើយ​ នៅ​ពេល​អនុប្រធានាធិបតី​វៀត​ណាម​ចូល​ទៅ​សួរសុខ​ទុក្ខ។

    >ព័ត៌មាន​ទាក់​ទង
    វៀតណាម​វះកាត់ទារិកាភ្លោះជាប់គ្នា​ដោយ​ជោគ​ជ័យ! វេជ្ជបណ្ឌិត​និង​ជំនួយ​ការ​​93​នាក់​ចូលរួម​ក្នុងការ​វះកាត់​នេះ​

    ទារិកា​ឈ្មោះ Dieu Nhi បាន​ដឹង​ខ្លួន​ឡើង​វិញ​ និង​អាច​កម្រើក​អវយវៈ​មួយ​ចំនួន​ដូច​ជា​ការលើក​ដៃ​ និង​ញញឺម​ជា​ដើម​ នៅ​ពេល​ដែល​​អនុប្រធានាធិបតី​វៀតណាម លោក​ស្រី​​ Dang Thi Ngoc Thinh លើក​របស់​បរ​ក្មេង​លេង​ បង្ហាញ​ និង​និយាយ​លេង​ជាមួយ​នាង​។ ចំណែក​ទារិកា​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​វះកាត់​ផ្ដាច់​ចេញ​ពី​ Dieu Nhi នៅ​មាន​សុខ​​ខ្សោយ​នៅ​ឡើយ​ និង​នៅ​គេង​ដោយ​ស្ងៀម​ស្ងាត់​។ ទារិកា​ទាំង​នេះ​ កំពុង​ទទួល​ការ​ថែ​ទាំ​នៅក្នុង​បន្ទប់​ជាមួយ​គ្នា​ ប៉ុន្តែគេង​គ្រែ​ដោយ​ឡែក​​ ក្រោយ​ពី​បាន​ទទួល​ការ​វះកាត់​ផ្ដាច់​ចេញ​ពី​គ្នា​កាល​ពី​ថ្ងៃទី​15​កក្កដា នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​នៃ​ទី​ក្រុង​ហូជីមិញ​។

    ក្រោយ​រយៈ​ពេល​5​ថ្ងៃ​​នៃ​ការ​វះកាត់ ទារិកា​ទាំង​ពីរ​នៅ​តែ​បន្ត​ដក​ដង្ហើម​ដោយ​ប្រើ​ម៉ាស៊ីនជំនួយ​ និង​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​ ថ្នាំ​បន្ថយការ​ឈឺ​ចាប់ និង​ត្រូវ​បញ្ចូល​ជីវ​ជាតិ​អាហារ​ទៅ​តាម​សរសៃ​ឈាម​។ អត្រា​នៃ​ការ​រស់រាន​មាន​ជីវិត​គឺ​សុទ្ធ​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ​ប្រសើរ​។ ចំណែក​​អាការ​​ក្ដៅ​ខ្លួន​ក្រោយ​ពី​ការ​វះកាត់​ក៏​បាន​បាត់​ ហើយ​ក៏​មិន​បាន​​ឆ្លង​មេរោគ​ក្នុង​ និង​ក្រោយ​ការ​វះកាត់​នោះ​ដែរ​។

    វេជ្ជបណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ខាង​លើ​ថ្លែង​ថា នៅ​ពេល​វះកាត់​ ក្រុម​វេជ្ជ​បណ្ឌិត​បាន​យក​ពោះ​វៀន​មួយ​ផ្នែក​របស់​ទារិកា​ Dieu Nhi ​តភ្ជាប់​ទៅ​ឱ្យ​ទារិកា​ Truc Nhi ដូច្នេះ តិច​ឬ​ច្រើន​ក៏​នឹង​មាន​ប្រតិកម្ម​ជា​ការ​រលាក​ខ្លះ​ៗ​។ វេជ្ជបណ្ឌិត​បន្ត​ថា អត្រា​ជោគ​ជ័យ​ក្នុង​ការ​វះកាត់​បែប​នេះ​គឺ​មាន​ប្រមាណ​ពី​70ទៅ​75​%។ នៅ​បរទេស ក៏​ធ្លាប់​មាន​ករណី​វះកាត់​បែប​នេះ​ដែរ ហើយ​ក្រោយ​ការ​វះកាត់​បាន​1សប្ដាហ៍​ ពោះ​វៀន​ក៏​បែក​ធ្លាយ​ ទារក​ក៏​បាន​ស្លាប់​ ដូច្នេះ​ហើយ​ ក្រុម​វេជ្ជ​បណ្ឌិត​វៀត​ណាម​មិន​ហ៊ាន​អះអាង​អ្វី​ជា​មុន​ឡើយ។

    ទារិកា​ភ្លោះ​​ជាប់​គ្នា​ដែល​​ទទួល​ការ​វះកាត់​​កាល​ពី​5​ថ្ងៃ​មុន​ ពេល​នេះ​អាច​​​កម្រើក​ដៃ​ និង​​ញញឺមបាន​​ហើយ​មន្ទីរពេទ្យ​កុមារ​ជាតិ​ទីក្រុង​ហូជីមិញ​ បាន​ទទួល​យក​ទារិកា​ Truc Nhi និង Dieu Nhi ពី​មន្ទីរ​ពេទ្យ​​មួយ​ឈ្មោះ​ Hung Vuong បន្ទាប់​ពី​បាន​ចាប់​កំណើត​មិន​គ្រប់​ខែ​ដោយ​ការ​វះកាត់​​។ ទារិកា​ទាំង​ពីរ​នេះ​ ពេល​នោះ​មាន​ទម្ងន់​3.2​គីឡូក្រាម​ មាន​អាការ​ខ្សោយ​ដង្ហើម​ដោយ​សារ​សួត​រីក​ចម្រើន​មិន​ទាន់​ពេញ​លេញ​។ ក្រុម​គ្រូពេទ្យ​បាន​ដាក់​ឧបករណ៍​ជំនួយ​ដង្ហើម​ និង​ចញ្ចឹម​ក្នុង​កែវ​រយៈ​ពេល​1ខែ។

    មក​ដល់​អាយុ​13​ខែ ទើប​ក្រុម​វេជ្ជបណ្ឌិត​សម្រេច​ចិត្ត​ធ្វើ​ការ​វះកាត់​ទារិកា​ភ្លោះ​ជាប់​គ្នា​នេះ​ កាលពីថ្ងៃទី​15​កក្កដា​កន្លង​ទៅ​។ ក្នុងរយៈ​ពេល​13​ម៉ោង​នៃ​ការ​វះកាត់ ទារិកា​ម្នាក់​ៗ​ត្រូវ​ទទួល​ការ​វះកាត់​ធំៗ​ចំនួន​4លើក​ជាប់​ៗ​គ្នា​ រួម​មាន​ ការ​វះកាត់​បំបែក​ចេញ​ពី​គ្នា តភ្ជាប់​ប្រព័ន្ធ​រំលាយ​អាហារ​ ប្រព័ន្ធ​ទឹក​នោម​ គ្រោង​ឆ្អឹង​ល្អាង​ត្រគាក និង​បង្កើត​រន្ធ​គូទ​ជា​ដើម​។

    នៅក្នុង​ការ​វះកាត់​នោះ ក្រុម​វេជ្ជ​បណ្ឌិត​ គ្រូពេទ្យ​ និង​គិលានុបដ្ឋាយិកា​ឆ្នើម​ៗ​បំផុត​ចំនួន​93​រូប​ មក​ពី​មន្ទីរ​ពេទ្យ​នានា​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​​​ បាន​ចូល​រួម​ជួយ​ជ្រោម​ជ្រែងដោយ​ពេញ​ចិត្ត​ជា​ទី​បំផុត៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • គុណវិបត្តិរបស់កាហ្វេ និងផលប៉ះពាល់ចំពោះសុខភាព

    គុណវិបត្តិរបស់កាហ្វេ និងផលប៉ះពាល់ចំពោះសុខភាព

    ជឿថានៅរៀងរាល់ព្រឹករបស់អ្នកដែលនិយមញ៉ាំកាហ្វេច្បាស់ជាមិនខកខានឱកាសក្នុងការស្វែងរកកាហ្វេអ៊ីនមកបន្ថែមភាពស្រស់ស្រាយឱ្យរាងកាយនោះឡើយ។ ដោយភាពក្រអូបឈ្ងុយ និងរស់ជាតិដែលធ្វើឱ្យមានអារម្មណ៍ថាក្លៀវក្លាស្វាហាប់នោះ ទើបវាមិនមែនជារឿងប្លែកឡើយ ដែលកាហ្វេក្លាយជាភេសជ្ជៈកំពូលពេញនិយមដែលមនុស្សជាច្រើនមិនអាចខ្វះបាន។

    តែភេសជ្ជៈដែលមនុស្សមិនអាចខ្វះបាន ដូចជា “កាហ្វេ” នេះ ទោះជាផ្តល់ប្រយោជន៍ក្នុងរឿងភាពស្រស់ស្រាយស្វាហាប់មែន តែបើញ៉ាំច្រើនជ្រុលពេក ក៏ផ្តល់នូវគុណវិបត្តិចំពោះរាងកាយក្នុងរយៈពេលវែងបានដែរ ព្រោះក្រៅពីកាហ្វេមានជាតិ “កាហ្វេអ៊ីន”

    ហើយនោះ លោកអ្នកដឹងឬទេថា តើវានៅមានសារធាតុអ្វីដែលផ្តល់ទោសដល់រាងកាយទៀតដែរឬទេ?។

    សារធាតុដែលផ្តល់នូវគុណវិបត្តិនៅក្នុងកាហ្វេ

    1 . សារធាតុធីអូហ្វ៊ីលលីន ( Theophylline ) ជាសារធាតុនៅក្នុងកាហ្វេអ៊ីនដែលធ្វើឱ្យបំពង់ខ្យល់រីក និងបញ្ចេញឬទ្ធិជំរុញប្រព័ន្ធប្រសាទ។ នៅក្នុងផ្នែកវេជ្ជសាស្រ្តសារធាតុនេះគេប្រើជាមួយអ្នកជំងឺហឺតដង្ហក់ ដើម្បីជំរុញការដកដង្ហើម បើបានទទួលសារធាតុនេះក្នុងបរិមាណច្រើន អាចនឹងហុចផលឱ្យរាងកាយបាត់បង់តុល្យការ ដោយសារតែវាទៅជំរុញប្រព័ន្ធខួរក្បាលផងដែរ ទើបមិនស័ក្តិសមជាមួយអ្នកដែលកើតជំងឺបេះដូងជាទីបំផុត។

    2 . សារធាតុ ស៊ែនធីន អាល់ខាលយដ៍ ( Xanthine Alkaloid ) ជាសារធាតុដែលបញ្ចេញឬទ្ធិជំរុញប្រព័ន្ធប្រសាទផ្នែកកណ្តាល ដែលធ្វើឱ្យមានអារម្មណ៍ក្លៀវក្លា រាងកាយស្វាហាប់ បើសិនបានទទួលក្នុងបរិមាណច្រើន អាចធ្វើឱ្យបេះដូងដើរលឿនខុសប្រក្រតីបាន ទើបសារធាតុនេះត្រូវបានប្រើជាចំណែកផ្សំរបស់ភេសជ្ជៈប៉ូវកម្លាំង និងទឹកភេសជ្ជៈកំប៉ុងផ្សេងៗ។ ជាសារធាតុដែលមាននៅក្នុងកាហ្វេអ៊ីន មានរបាយការណ៍ខ្លះបានប្រាប់ថា សារធាតុនេះប្រើលាយផ្សំនៅក្នុងថ្នាំសម្លាប់សត្វល្អិត ព្រោះកាហ្វេអ៊ីនអាចធ្វើឱ្យសត្វល្អិតស្លាប់បាន។ សារធាតុនេះធ្វើឱ្យប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយធ្លាក់ចុះខ្សោយ។

    សភាវពុលកាហ្វេអ៊ីន

    សភាវពុលកាហ្វេអ៊ីនកើតនៅលើអ្នកដែលញៀនកាហ្វេអ៊ីនខ្លាំងមែនទែន ដែលហុចផលឱ្យកើតដំបៅនៅក្នុងក្រពះ ទើបធ្វើឱ្យអ្នកដែលមានជំងឺក្រពះស្រាប់ហើយ មានអាការចុកពោះនៅពេលញ៉ាំកាហ្វេពេលពោះទំនេរ។ អ្នកដែលកើតសភាវពុលកាហ្វេអ៊ីន នឹងវឹលមុខ មានអារម្មណ៍រសាប់រសល់ និងហុចផលដល់សុខភាពផ្លូវចិត្ត ធ្វើឱ្យងាយកើតអាការធុញថប់តានតឹង។ អាការបន្ទាប់បន្សំដែលជួបប្រទះញឹកញាប់គឺ ការបត់ជើងតូចញឹកញាប់ខុសប្រក្រតី បេះដូងលោតញាប់ខ្លាំងៗ និងគេលលក់មិនស្រួល គ្រោះថ្នាក់ម្យ៉ាងទៀតដែលអាចកើតឡើងបានចំពោះអ្នកញៀនកាហ្វេអ៊ីននោះគឺ សភាវពុលកាហ្វេអ៊ីននៅក្នុងឈាមខ្ពស់ដែលហុចផលឱ្យកើតសម្ពាធឈាមឡើងខ្ពស់ និងធ្វើឱ្យខ្លាញ់នៅក្នុងឈាមកើនឡើងដែរ ដែលជាលទ្ធផលធ្វើឱ្យក្រពះផលិតអាស៊ីតចេញមកបន្ថែម ធ្វើឱ្យងាយកើតដំបៅក្នុងក្រពះខ្លាំងជាងមនុស្សប្រក្រតី។ ចំណែកផលប៉ះពាល់ដែលកើតនៅលើមនុស្សស្រីវិញ កាហ្វេអ៊ីនក្នុងបរិមាណច្រើននឹងធ្វើឱ្យងាយកើត “ដុំគីស” ជាងមនុស្សប្រក្រតី និងប្រថុយប្រថានក្នុងការកើតមហារីក ឬដុះសាច់នៅក្នុងសុដនទៀតផង។

    ញៀនកាហ្វេអ៊ីនខ្លាំងប៉ុនណា…ក៏អាចឈប់បានដោយវិធីខាងក្រោមនេះដែរ

    1 . បន្ថយបរិមាណ ៈ សម្រាប់អ្នកដែលញៀនកាហ្វេ ហើយត្រូវការចង់ឈប់ញ៉ាំកាហ្វេយ៉ាងដាច់ខាតតែម្តងនោះ ដំបូងៗអាចមានអាការឈឺក្បាល និងមានអារម្មណ៍ឡេះឡះនៅពេលមិនបានញ៉ាំកាហ្វេ។ ដំណាក់កាលដំបូងសុំឱ្យសាកល្បងប្តូរពីកាហ្វេខ្មៅសុទ្ធៗមកជាកាហ្វេទឹកដោះគោប្រមាណជាមួយអាទិត្យ រួចហើយសឹមបញ្ចុះមកជាការញ៉ាំទឹកដោះគោឆៅក្តៅឧណ្ហៗលាយកាហ្វេស្តើងៗ។ ក្នុងអំឡុងពេលថ្ងៃចូរប្តូរពីកាហ្វេមកជាកូកូក្តៅជំនួសវិញ ព្រោះកូកូក៏មានកាហ្វេអ៊ីនដូចគ្នាដែរ តែតិចជាងកាហ្វេ។

    ការឈប់ញ៉ាំកាហ្វេបែបដាច់ខាតភ្លាមៗ នឹងហុចផលអាក្រក់ច្រើនជាងផលល្អ និងអាចធ្វើឱ្យកាន់តែពិបាកបញ្ឈប់ការញ៉ាំកាហ្វេខ្លាំងឡើងទៅវិញទេ ដូច្នេះទើបគួរប្រើវិធីការកាត់បន្ថយបរិមាណ ដែលអាចហៅបានថា ជាការដកខ្លួនថយឆ្ងាយពីគុណវិបត្តិរបស់កាហ្វេបន្តិចម្តងៗទើបជាការប្រសើរ។

    2 . ញ៉ាំទឹកតែឱសថបុរាណ និងភេសជ្ជៈក្លិនខារ៉ាមេល ៈ តែប្រភេទខ្លះគ្មានកាហ្វេអ៊ីនឡើយ និងថែមទាំងក្លិនរបស់ទឹកតែឆុងចាស់ៗ នឹងជួយឱ្យមានអារម្មណ៍ស្រស់ថ្លា អាចជំនួសឱ្យការញៀនកាហ្វេបាន។ តែឱសថបុរាណ ដូចជា តែយឹនស៊ឹន តែព្នៅ តែខ្ញី តែបៃតង មានក្លិនក្រអូប និងជួយបំប៉នសុខភាព ជួយសម្រួលតុល្យការឱ្យរាងកាយ។ ការរកអ្វីផ្សេងមកញ៉ាំជំនួសកាហ្វេក៏អាចជួយបានដែរ បើលោកអ្នកមិនចូលចិត្តទឹកតែ ចូរប្តូរមកញ៉ាំទឹកដោះក្រឡុកលាយក្លិនខារ៉ាមេល ឬបាត់ធើរ៍ ស្កត់ ក័ជាភេសជ្ជៈមួយទៀតដែលអាចជំនួសកាហ្វេបានដែរ ព្រោះទាំងខារ៉ាមេល និងបាត់ធើរ៍ ស្កត់នឹងផ្តល់នូវក្លិនស្រដៀងកាហ្វេខ្លាំងបំផុត។

    នៅពេលដឹងពីគុណវិបត្តិរបស់កាហ្វេហើយ ក៏គួរតែបន្ថយបរិមាណការញ៉ាំឱ្យមានតុល្យភាពជាមួយការញ៉ាំអាហារផ្សេងៗគួបផ្សំជាមួយការញ៉ាំបន្លែផ្លែឈើដែលមានប្រយោជន៍ដល់រាងកាយ និងញ៉ាំទឹកស្អាតឱ្យបានញឹកញាប់ឡើងដើម្បីលាងជម្រះឬទ្ធិរបស់កាហ្វេអ៊ីនឱ្យថយចុះខ្លះ៕

  • អ្នកល្មើសនឹងវិធានការចត្តាឡីស័កនឹងទទួលពិន័យ ឬទោសបញ្ញត្តិជាធរមាន

    អ្នកល្មើសនឹងវិធានការចត្តាឡីស័កនឹងទទួលពិន័យ ឬទោសបញ្ញត្តិជាធរមាន

    ក្រោយពេល​មាន​ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិក​មួយរូប​បាន​លួច​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ក្រសួងសុខាភិបាល មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា រាល់​អ្នក​ដែល​ល្មើស​នឹង​វិធានការ​ច​ត្តា​ឡី​ស័ក​នឹងត្រូវ​ទទួលពិន័យ ឬ​ទោស​បញ្ញត្តិ​ជា​ធរមាន។

    លោកជំទាវ ឱ វណ្ណឌី​ន បាន​លើកឡើងថា បុគ្គល​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​គឺ​ចាំបាច់​បំផុត​ត្រូវតែ​គោរព​តាម​ការអនុវត្ត​វិធាន​នេះ​រយៈពេល 14ថ្ងៃ​ឱ្យបាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​បំផុត មិន​ថា​អ្នកនោះ​ជា​ជនជាតិខ្មែរ ឬ​ជនបរទេស​ដែល​មក​រស់នៅ និង​ចូលមក​កម្ពុជា​នោះទេ។ ប្រសិនបើ​មិន​អនុវត្តតាម​វិធាន​ការដែល​ក្រសួងសុខាភិបាល​ដាក់ចេញ​ឱ្យ​អនុវត្ត​នោះទេ បុគ្គល​ដែល​មិន​គោរព និង​មិន​ប្រតិបត្តិ​តាម​វិធានការ​សុខ​ភិ​បាល ឬ​រត់គេច​ពី​ការអនុវត្ត​វិធានការ​នេះ​ដោយ​ចេតនា​ក្តី និង​អ​ចេតនា​ក្តី នឹងត្រូវ​ទទួលទោស​តាមផ្លូវ​ច្បាប់​ជាធរ​មាននៅ​កម្ពុជា។

    ពាក់ព័ន្ធ​នឹង​បញ្ហា​ពិន័យ ឬ​ដាក់ទោស​លើ​ជន​ដែល​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​គឺមាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ 129 អនក្រ.បក ចុះ​ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ2015 ស្តីពី​វិធាន​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ​តាម​ច្រកចេញចូល រួមទាំង​វិធាន​ច្បាប់​មួយចំនួនទៀត៕