Category: សុខភាព

  • វិធីសង្កេតអាការជំងឺគ្រុនឈាម

    វិធីសង្កេតអាការជំងឺគ្រុនឈាម

    លេខនេះ ឡារ៉ែនសូមនាំយកព័ត៌មានពាក់ព័ន្ធនឹងអាការរបស់ជំងឺគ្រុនឈាមមកជម្រាបជូន ដើម្បីជាគន្លឹះក្នុងការសង្កេតមើលភាពខុសប្រក្រតីដែលកើតឡើងនៅលើរាងកាយ ដើម្បីនឹងបានការពារ ឬព្យាបាលឱ្យបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលាមុននឹងអ្វីៗគ្រប់យ៉ាងហួសពេលអស់។

    ដំណាក់កាលទី 1 ៈ ដំណាក់កាលគ្រុនក្តៅខ្លាំង ពី 2 – 7 ថ្ងៃ ទោះជាលេបថ្នាំបញ្ចុះកម្តៅហើយក៏ដោយ ក៏កម្តៅច្រើនតែមិនថយចុះ មានអាការមុខឡើងក្រហម ភ្នែកក្រហម ស្រងូតស្រងាត់ ច្រើនតែធុញទ្រាន់ មិនឃ្លានអាហារ និងមានអាការក្ងួតរួមជាមួយផង​។ ចំពោះអ្នកខ្លះអាចនឹងមានអាការឈឺពោះត្រង់ម្តុំក្រោមចុងដង្ហើម ឬឆ្អឹងជំនីខាងស្តាំ ភាគច្រើនគ្មានអាការតឹងច្រមុំ ហៀរសំបោរ ឬក្អកទេ។ ប្រមាណជាថ្ងៃទី 3 អាចនឹងមានឡើងស្នាមអុចៗក្រហមតូចៗនៅលើផ្ទៃមុខ ដៃ ជើង ប្រឡោះក្លៀក ក្នុងប្រអប់មាត់ អាចស្ទាបប៉ះថ្លើមដែលរីកធំ សង្កត់ទៅឈឺ ចំពោះអ្នកខ្លះអាចមានអាការធ្ងន់ធ្ងរ និងបង្ហាញអាការក្នុងដំណាក់កាលទី 2 ជាបន្ត។

    ដំណាក់កាលទី 2 ៈ ដំណាក់កាលធ្ងន់ធ្ងរ និងមានឈាមចេញ ច្រើនតែកើតឡើងក្នុងអំឡុងថ្ងៃទី 3 – 7 កម្តៅនឹងចាប់ផ្តើមថយចុះ តែអ្នកជំងឺបែរជាមានអាការចុះទ្រុឌទ្រោមធ្ងន់ធ្ងរ មានសភាវគាំង ដូចជា នៅស្ងៀម ខ្លួនប្រាណត្រជាក់ ចេញញើស ជីពចរដើរខ្សោយ ហើយញាប់ សម្ពាធឈាមធ្លាក់ចុះទាប ក្រៅពីនោះអាចមានឈាមចេញមកតាមផ្នែកផ្សេងៗនៃរាងកាយ ដូចជា នៅតាមស្បែក ឈាមច្រមុះ ក្អួត ឬបន្ទោរបង់មានឈាម ជាដើម។ ដំណាក់កាលនេះស៊ីពេលប្រមាណជា 24 – 72 ម៉ោង បើមិនបានទទួលការព្យាបាលជាបន្ទាន់ភ្លាមៗទេនោះ អាចមានគ្រោះថ្នាក់ដល់ជីវិតបាន។

    ដំណាក់កាលទី 3 ៈ ដំណាក់កាលស្តារខ្លួនឡើងវិញ នៅលើអ្នកជំងឺដែលបានទទួលការព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា មានសភាវគាំងមិនធ្ងន់ធ្ងរ អាការផ្សេងៗនឹងចាប់ផ្តើមល្អប្រសើរឡើង អ្នកជំងឺនឹងចាប់ផ្តើមទទួលទានអាហារបានឡើងវិញ ឬក្រោកអង្គុយបាន។

    ការព្យាបាល ៈ បើអាការមិនធ្ងន់ធ្ងរ មានត្រឹមតែគ្រុនក្តៅខ្លួនខ្លាំង ឈឺក្បាល មិនឃ្លានអាហារ នៅមិនទាន់មានអាការចេញឈាម ឬសភាវគាំងទេនោះ គួរប្រតិបត្តិដូចខាងក្រោមនេះ ៈ

    1 ឱ្យអ្នកជំងឺគេងសម្រាកឱ្យបានច្រើន បើមានកម្តៅខ្លួនឡើងខ្ពស់ គួរយកក្រណាត់ជ្រលក់ទឹកមកជូតខ្លួនប្រាណឱ្យបានញឹកញាប់ និងឱ្យលេបថ្នាំ ប៉ារ់ាសេតាម៉ុល (ហាមប្រើថ្នាំ អាស្ពីរីន ជាដាច់ខាត)។ បើអ្នកជំងឺជាកុមារ និងធ្លាប់ប្រកាច់ពីមុនពីមុនផងនោះ គួរឱ្យញ៉ាំថ្នាំការពារប្រកាច់ការពារជាមុន តាមសង្កេតមើលអាការរបស់អ្នកជំងឺយ៉ាងដិតដល់។

    2 . បើអ្នកជំងឺក្អួតខ្លាំង មានសភាវគាំង ឬមានឈាមចេញតាមរាងកាយ គួរប្រញាប់នាំទៅមន្ទីពេទ្យភ្លាម កុំបង្អង់យូរ។

    យើងអាចការពារជំងឺគ្រុនឈាមបានដោយការមើលថែទាំបរិវេណក្នុងផ្ទះ និងជុំវិញផ្ទះឱ្យបានស្អាតជានិច្ច កុំឱ្យមានទឹកដក់យូរ ដើម្បីកុំឱ្យវាក្លាយជាប្រភពបន្តពូជរបស់សត្វមូសខ្លា ត្រឹមតែប៉ុណ្ណឹងយើងក៏អាចចៀសវាងពីជំងឺគ្រុនឈាមបានទៅហើយ៕

  • ក្រសួង​សុខាភិបាល​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​4​​នាក់​បន្ថែម​ទៀត​ហើយ​សម្រាប់​ព្រឹក​នេះ​

    ក្រសួង​សុខាភិបាល​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​4​​នាក់​បន្ថែម​ទៀត​ហើយ​សម្រាប់​ព្រឹក​នេះ​

    ក្រសួង​សុខាភិបាល​កម្ពុជា​​ នា​ព្រឹក​ថ្ងៃទី​24​កក្កដា​នេះ​ បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​4​ករណី​បន្ថែម​ទៀត​កាលពី​ថ្ងៃទី​23​កក្កដា​។ អ្នកជំងឺ​ទាំង​4​នាក់​នេះ​ត្រូវ​បាន​រកឃើញ​បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​រក​វីរុស​ក្នុង​ពេល​ធ្វើ​​ចត្តាឡីស័ក។

    ក្រសួង​បញ្ជាក់​ថា អ្នកជំងឺ​ថ្មី​ទាំង​នេះ​គឺជា​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​។ ករណី​ថ្មី​នេះ​ រួម​មាន​ បុរស​ជនជាតិ​ខ្មែរ​​3​នាក់​ និង​ស្ត្រីជន​ជាតិ​ខ្មែរ​​1​នាក់​។


  • ​ពិភពលោក​មាន​អ្នក​ស្លាប់​​​635,413​នាក់​​ដោយ​សារ​COVID-19

    ​ពិភពលោក​មាន​អ្នក​ស្លាប់​​​635,413​នាក់​​ដោយ​សារ​COVID-19

    ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ជាង​15.6​លាន​នាក់​ និង​អ្នក​ស្លាប់​ចំនួន​ជាង​635,000​នាក់ ខណៈ​អ្នកជំងឺ​បាន​ជាសះស្បើយ​មានចំនួន​9,523,464​នាក់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​221​ក្នុង​ពិភពលោក​ត្រូវ​បាន​រាយ​ការណ៍​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ចំនួន​15,632,711​នាក់ និង​635,413​នាក់​ស្លាប់​ដោយ​សារវីរុស​នេះ​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​ចំនួន​307,505​នាក់ និង​អ្នក​ស្លាប់​​ថ្មី​ចំនួន​​10,680​នាក់​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ អ្នកជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​9,523,464​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​គេហទំព័រ​ Worldometers។

    ប្រទេស​ចំនួន​3​ដែល​បាន​រកឃើញ​អ្នក​ជំងឺ​ច្រើន​ជាង​បង្អស់​គឺ​សហរដ្ឋ​អាមេរិក​ (អ្នកជំងឺ​​4,169,153) ប្រទេស​ប្រេស៊ីល​ (អ្នកជំងឺ​2,289,951​នាក់​) និង​ប្រទេស​ឥណ្ឌ (អ្នកជំងឺ1,288,130​នាក់​)។

    ចំណែកបណ្ដា​​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19​ ច្រើន​ជាង​1ម៉ឺន​នាក់​ មាន​11​ប្រទេស​ រួម​មាន​ ​សហរដ្ឋ​អាមេរិក​ (147,297​នាក់​) ប្រេស៊ីល​ (84,207​នាក់​) អង់គ្លេស​ (45,554​នាក់​) ម៉ិកស៊ិក​ (41,190​នាក់​)​ អ៊ីតាលី​ (អ្នក​ស្លាប់​35,092​នាក់​)​ ឥណ្ឌា (30,645​នាក់​) បារាំង​ (អ្នក​ស្លាប់​30,182​នាក់​) អេស្ប៉ាញ (28,429​នាក់​) ប៉េរូ (17,654​នាក់​) អ៊ីរ៉ង់​ (15,074​នាក់​) រុស្ស៊ី (12,892​នាក់​)៕

  • 7 មូលហេតុដែលធ្វើ “សក់ជ្រុះ” ក្បាលទំពែក

    7 មូលហេតុដែលធ្វើ “សក់ជ្រុះ” ក្បាលទំពែក

    អ្នកជំនាញផ្នែកស្បែកក្បាល និងសរសៃសក់បានដាស់តឿនថា បើលោកអ្នកកើតមានអាការជ្រុះសក់ក្នុងមួយថ្ងៃលើសពី 50 សរសៃនោះ គួរតែទៅជួបប្រឹក្សាជាមួយអ្នកជំនាញដើម្បីឱ្យបានដឹងពីមូលហេតុ និងការការពារ។

    អ្នកជំនាញការបានបញ្ជាក់ថែមទៀតថា ជាប្រក្រតីសរសៃសក់របស់មនុស្សយើងមានប្រមាណជា 80.000 – 1.200.000 សរសៃ លូតលាស់វែងឡើងប្រមាណជា 0,35 មីល្លីម៉ែត្រក្នុងមួយថ្ងៃ និងមានអាយុពី 2 – 6 ឆ្នាំ ដោយជាប្រក្រតីនឹងមានសក់ជ្រុះជាប្រចាំរៀងរាល់ថ្ងៃ តែមិនលើសពី 30 – 50 សរសៃឡើយក្នុងមួយថ្ងៃៗ បើជ្រុះច្រើនជាងនេះ អាចបណ្តាលមកពីភាពខុសប្រក្រតីដែលមានមូលហេតុមកពី ៖

    1 . ជ្រុះសក់ដោយសារពូជអម្បូរ ប្រទះឃើញទាំងនៅលើមនុស្សប្រុស និងមនុស្សស្រី តែភាគច្រើនៗកើតលើមនុស្សប្រុសខ្លាំងជាង ដោយសារតែឬសសក់មានភាពឆាប់រហ័សចំពោះអ័រម៉ូន អ៊ែនត្រូជេនដែលជាអ័រម៉ូនភេទប្រុស ធ្វើឱ្យសរសៃសក់មានអាយុខ្លីជាងប្រក្រតី និងសរសៃសក់ដែលកើតថ្មីមានខ្នាតតូចជាង និងកាន់តែស្តើងទៅ។ ភាគច្រើនៗជ្រុះនៅម្តុំៗកណ្តាលបន្ទូលក្បាល និងលើថ្ងាស ដោយចាប់ផ្តើមសង្កេតឃើញនៅពេលមានអាយុចាប់ពី 20 ឆ្នាំឡើងទៅ។

    ចំណែកមនុស្សស្រីវិញច្រើនបង្ហាញអាការជ្រុះសក់នេះឱ្យឃើញនៅពេលក្រោយវ័យអស់វដ្តរដូវ សក់ជ្រុះដោយសារសក់ឈប់រីកលូតលាស់បណ្តោះអាសន្ន ដោយក្នុងមួយថ្ងៃៗនឹងមានសរសៃសក់ប្រមាណជា 10 – 15 % ឈប់រីកលូតលាស់ និងជ្រុះចេញពីក្បាល តែក្នុងសភាវខ្លះសរសៃសក់ដែលកំពុងរីកលូតលាស់អាចបញ្ឈប់ការរីកលូតលាស់ភ្លាមៗ ធ្វើឱ្យសរសៃសក់ចុះខ្សោយ និងរបូតជ្រុះកើនចំនួនច្រើនឡើងជាងប្រក្រតី ដូចជា ស្រ្តីក្រោយពេលប្រសូតបុត្រ ទារកទើបនឹងកើត ក្រោយពេលក្តៅខ្លួនខ្លាំង ក្រោយពេលវះកាត់ធំៗ មានជំងឺរ៉ាំរ៉ៃ ការបាត់បង់លោហិតច្រើន ការបរិច្ចាគឈាម ការប្រើថ្នាំប្រភេទខ្លះ និងសភាវតានតឹងធុញថប់ខាងផ្លូវចិត្ត។ ជ្រុះសក់ប្រភេទនេះច្រើនតែកើតឡើងក្នុងរយៈពេល 1 – 3 ខែ បន្ទាប់ពីនោះនឹងឈប់ជ្រុះ ហើយដុះឡើងថ្មីតាមប្រក្រតី។

    2 . សក់ជ្រុះជាកញ្ចុំ កើតឡើងដោយមិនដឹងពីមូលហេតុច្បាស់លាស់ ដោយនឹងកើតអាការជ្រុះសក់បែបនេះក្នុងទ្រង់ទ្រាយរាងមូល ឬពងក្រពើ មានព្រំដែនច្បាស់លាស់ ចំកណ្តាលគ្មានសរសៃសក់ ស្បែកក្បាលក្នុងបរិវេណនោះមិនឡើងក្រហម មិនឈឺ មិនរមាស់ មិនកើតអង្គែ ឬរបកឡើយ អ្នកខ្លះអាចឃើញមានសរសៃសក់ពណ៌សដុះឡើងក្នុងបរិវេណនោះ។ អ្នកកើតអាការនេះអាចមាន

    សក់ជ្រុះត្រឹមតែ 1 – 2 កញ្ចុំ ឬអាចច្រើនជាង 10 កញ្ចុំ បើកើតមានច្រើនអាចរាលដាលរហូតដល់ពេញក្បាល។ អ្នកខ្លះអាចមានរោមភ្នែក និងរោមចិញ្ចើមជ្រុះរួមជាមួយទៀតផង។ អ្នកកើតអាការនេះមួយចំនួនអាចជាបាត់ទៅវិញដោយឯកឯងតាមធម្មជាតិ តែអាចស៊ីពេលពេលវេលារាប់ឆ្នាំឯណោះ។ អ្នកខ្លះពេលព្យាបាលជាហើយ អាចកម្រើកឡើងវិញជាថ្មី កើតហើយជាវិញ កើតហើយជាវិញជាច្រើនដង ដែលអាចកើតរួមជាមួយជំងឺក្រពេញថៃរ៉យដ៍ទៀតផង។

    3 . ជ្រុះសក់ដោយសារការដកសក់ អាចជួបប្រទះញឹកញាប់នៅលើកុមារដែលមានបញ្ហាសម្ពាធខាងផ្លូវចិត្តដោយសារមូលហេតុផ្សេងៗ ដូចជា បញ្ហាខាងក្រុមគ្រួសារ បញ្ហាការរៀនសូត្រ និងក្មេងមួយចំនួនអាចដកសក់លេងរហូតក្លាយជាទម្លាប់ ដោយអ្នកកើតអាការនេះនឹងដកសក់ខ្លួនឯងរហូតដល់ឆកក្បាល និងស្បែកក្បាលបរិវេណដែលសក់ជ្រុះនឹងគ្មានកន្ទួលរមាស់ ឬរបកឡើយ ហើយនឹងឃើញមានសរសៃសក់ដែលជាគល់ខ្លីៗជាច្រើន ដោយសារតែអ្នកកើតអាការនេះដកហើយដាច់។

    4 . សក់ជ្រុះដោយសារមេរោគផ្សឹត ជំងឺដុះផ្សឹតលើស្បែកក្បាល (ក្អែលលើស្បែកក្បាល) អាចប្រទះឃើញញឹកញាប់នៅលើក្មេងដែលកើតឡើងដោយសារការឆ្លងមេរោគផ្សឹត។ ជំងឺនេះធ្វើឱ្យជ្រុះសក់ជាកញ្ចុំៗ កើតកន្ទួលក្រហមរមាស់ និងរបក ឬមានអង្គែ ក្រៅពីនេះច្រើនប្រទះឃើញមានស្លាកស្នាមរបស់មេរោគផ្សឹត (ក្អែល) នៅលើដៃ ជើង ដងខ្លួន ឬនៅក្នុងខោអាវទៀតផង។

    5 . សក់ជ្រុះដោយសារការធ្វើសក់ ការធ្វើសក់ដោយការមូរសក់ លាបពណ៌សក់ ពត់សក់ ផ្លុំសក់ ឬវិធីផ្សេងៗក៏អាចធ្ចើឱ្យ​សក់ជ្រុះបានដែរ ដោយសារតែការដែលមានស្បែកក្បាលរលាក ឬសរសៃសក់ផុតស្រួយ។

    6 . ជ្រុះសក់ដោយសារថ្នាំ និងការបាញ់កាំរស្មី ថ្នាំដែលអាចធ្វើឱ្យកើតអាការសក់ជ្រុះមានច្រើនប្រភេទ ដូចជា ថ្នាំព្យាបាលមហារីក ការបាញ់កាំេស្មីក្នុងការព្យាបាលមហារីក ថ្នាំការពារការផ្តុំខ្លួនរបស់ឈាម ថ្នាំព្យាបាលជំងឺពក-កមានជាតិពុល ថ្នាំពន្យារកំណើត ថ្នាំការពារជំងឺសន្លាក់ឆ្អឹងជាដើម។

    7 . ជ្រុះសក់ដោយសារជំងឺផ្សេងៗ ដូចជា ជំងឺ SLE អាចមានអាការជ្រុះសក់ សក់ឡើងស្តើង រួមជាមួយអាការគ្រុនក្តៅរ៉ាំរ៉ៃ ឈឺតាមសន្លាក់ មានកន្ទួលឡើងនៅលើផ្ទៃមុខ និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀតក៏ធ្វើឱ្យសក់ជ្រុះបានដែរ ដូចជា ថៃរ៉យដ៍ ស៊ីហ្វ៊ីលីស ជំងឺថ្លើម និងជំងឺក្រលៀន។

    អ្នកដែលមានបញ្ហាសក់ជ្រុះ គួរតែសម្អាតសរសៃសក់ និងស្បែកក្បាលឱ្យបានជាប់ជានិច្ច មិនគួរអេះ ឬញីស្បែកក្បាលខ្លាំងៗជ្រុលពេកនោះទេ ចៀសវាងការទាញ ឬបោចសក់លេង និងចៀសវាងពីអាការតានតឹងមួម៉ៅធុញថប់ ព្រោះវានឹងជំរុញឱ្យអាការជ្រុះសក់កាន់តែធ្ងន់ធ្ងរឡើង៕

  • ប្រទេសក្រៗ អត់!! អាមេរិកត្រៀមចំណាយ 1,950លានដុល្លារ កក់ថ្លៃវ៉ាក់សាំងប្រឆាំងកូវីដ-19 ជាង 100លានដូស

    ប្រទេសក្រៗ អត់!! អាមេរិកត្រៀមចំណាយ 1,950លានដុល្លារ កក់ថ្លៃវ៉ាក់សាំងប្រឆាំងកូវីដ-19 ជាង 100លានដូស

    រដ្ឋបាលសហរដ្ឋអាមេរិក នឹងចំណាយប្រាក់ចំនួន 1,950លានដុល្លារ សម្រាប់ទិញអនាគតវ៉ាក់សាំងប្រឆាំងកូវីដ-19 របស់ ហ្វៃហ្ស៊ើរ អ៊ិងក៍ ក្រុមហ៊ុនផលិតឱសថ សញ្ជាតិអាមេរិក និងបៃអូអេនថេក ក្រុមហ៊ុនតិចណូឡូជីសរីរាង្គ របស់ប្រទេសអាល្លឺម៉ង់ ចំនួន 100លានដូស បើសិនជាវ៉ាក់សាំងរបស់ពួកគេ បានទទួលការពិសោធរួចហើយថា មានសុវត្ថិភាព និងមានប្រសិទ្ធភាព។

    កិច្ចសន្យាមួយនេះ គឺជាកិច្ចសន្យាដែលមានតម្លៃសរុបខ្ពស់បំផុតមិនធ្លាប់មាន ដែលសហរដ្ឋអាមេរិក យល់ព្រមនឹងចំណាយទៅលើវ៉ាក់សាំងមួយ ដោយសារតែកិច្ចព្រមព្រៀងកន្លងៗមក រដ្ឋបាល ច្រើនតែចុះហត្ថលេខាជួយចេញថ្លៃចំណាយផ្នែកការអភិវឌ្ឍ ទៅបណ្ដាអ្នកផលិតវ៉ាក់សាំងភាគច្រើន។

    យ៉ាងណាក៏ដោយ ក្រោមកិច្ចសន្យានេះ ហ្វៃហ្ស៊ើរ និង បៃអូអេនថេក នឹងមិនបានទទួលប្រាក់អ្វីទាំងអស់ ពីរដ្ឋបាលអាមេរិក រហូតទាល់តែវ៉ាក់សាំងរបស់ពួកគេឆ្លងផុតការពិសោធរួចហើយថា មានសុវត្ថិភាព និងប្រសិទ្ធភាព រួមទាំងទទួលបានជោគជ័យក្នុងផ្នែកការផលិត។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យរបស់ក្រុមហ៊ុន ហ្វៃហ្ស៊ើរ។

    ក្រសួងសុខភាព និងសេវាកម្មមនុស្ស និងក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ថែមទាំងបើកផ្លូវឱ្យសហរដ្ឋអាមេរិក អាចទិញវ៉ាក់សាំងបន្ថែមទៀតបាន 500លានដូស ខណៈដែលក្រសួងសុខភាព និងសេវាកម្មមនុស្ស បានឱ្យដឹងថា ជនជាតិអាមេរិកនឹងទទួលបានវ៉ាក់សាំងដោយមិនចាំបាច់ចំណាយប្រាក់អ្វីទាំងអស់ តែការធានារ៉ាប់រងសុខភាពរបស់ពួកគេ អាចនឹងគិតថ្លៃចាយវាយ។

    ក្នុងការសាកល្បងខាងគ្លីនិក(ការព្យាបាល)គឺ វ៉ាក់សាំងសាកល្បងរបស់ហ្វៃហ្ស៊ើរ និង បៃអូអេបថេក ចាំបាច់ត្រូវប្រើវ៉ាក់សាំង 2ដូសក្នុងការព្យាបាល នោះមានន័យថា តាមរយៈការបញ្ជាទិញ 100ដូស នឹងមានជនជាតិអាមេរិកបានទទួលវ៉ាក់សាំង 50លាននាក់ និងតាមរយៈកិច្ចព្រមព្រៀង បានបញ្ជាក់ថា វ៉ាក់សាំង 2ដូស មានតម្លៃ 39ដុល្លារ។

    បច្ចុប្បន្នទូទាំងពិភពលោក មានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី ច្រើនជាង 150ប្រភេទ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ដោយប្រើតិចណូឡូជីដ៏សម្បូរបែប ក្នុងនោះរួមមាន 24ប្រភេទ បានចូលដល់ដំណាក់កាលសាកល្បងនៅលើមនុស្សហើយ ហើយរដ្ឋបាលនៃប្រទេសផ្សេងៗ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយបណ្ដាអ្នកផលិតថ្នាំ ដើម្បីបញ្ជាទិញអនាគតវ៉ាក់សាំងទាំងនោះជាបណ្ដើរៗហើយ។

    ចំណែកសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងៗ សម្រាប់គាំទ្រគ្រោងការអភិវឌ្ឍន៍វ៉ាក់សាំងរបស់ក្រុមហ៊ុនជាច្រើន ក្នុងនោះរួមទាំង ម៉ូឌើណា, អេស្ត្រាសេនេកា និងណូវ៉ាវ៉េកស៍ ជាដើម។

    តែវ៉ាក់សាំងរបស់ហ្វៃហ្ស៊ើរ និង បៃអូអេនថេក គឺជាវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងដែលត្រៀមចូលទៅរកការសាកល្បងក្នុងក្រុមមនុស្សដ៏ធំ ក្រោយពីវាមានលទ្ធផលចេញមកក្នុងន័យវិជ្ជមាន ក្នុងការសាកល្បងលើមនុស្សក្រុមតូចៗក្នុងដំណាក់កាលដំបូង។

    ហ្វៃហ្ស៊ើរ នឹងប្រគល់វ៉ាក់សាំង បើសិនជាវាបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ឬបានទទួលលិខិតអនុញ្ញាតពីអង្គការអាហារ និងថ្នាំ នៃសហរដ្ឋអាមេរិក ក្នុងករណីដែលវាបានពិសោធហើយថា មានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការសាកល្បងខាងគ្លីនិក(ការព្យាបាល)ក្រុមធំ ឬដំណាក់កាលទី3។

    ក្រុមហ៊ុនទាំង2 (ហ្វៃហ្ស៊ើរ និងបៃអូអេនថេក) រំពឹងថា វ៉ាក់សាំងរបស់ពួកគេ នឹងត្រៀមជាស្រេច សម្រាប់ការសុំការអនុម័តពីអង្គភាពដែលគ្រប់គ្រងច្បាប់ បានយ៉ាងលឿនបំផុតក្នុងខែតុលា បើសិនការសិក្សាស្រាវជ្រាវដែលកំពុងដំណើរការ បានទទួលជោគជ័យ។

    បច្ចុប្បន្ន ខាងហ្វៃហ្ស៊ើរ និង បៃអូអេនថេក រំពឹងថា ពួកគេនឹងអាចផលិតវ៉ាក់សាំងបានខ្ពស់បំផុត 100លានដូសទូទាំងពិភពលោក ក្នុងអំឡុងដំណាច់ឆ្នាំ2020 និងមានភាពអាចទៅរួចក្នុងការអាចផលិតបានច្រើនជាង 1,300លានដូស ក្នុងអំឡុងដាច់ឆ្នាំ2021។

    កាលពីថ្ងៃចន្ទ(ទី20កក្កដា) ហ្វៃហ្ស៊ើរ និង បៃអូអេនថេក បានព្រមព្រៀងក្នុងការចាត់ការស្វែងរកអនាគតវ៉ាក់សាំងប្រឆាំងកូវីដ-19 ចំពោះសហរាជអាណាចក្រ 30លានដូស តែមិនមានការបង្ហើបឱ្យដឹងអំពីតម្លៃឡើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ក្រសួង​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​1​នាក់​ទៀត​ហើយសម្រាប់​ព្រឹក​នេះ​

    ក្រសួង​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​1​នាក់​ទៀត​ហើយសម្រាប់​ព្រឹក​នេះ​

    ព្រឹក​ថ្ងៃទី​23​កក្កដា​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ ចំនួន​1​នាក់​ និង​អ្នកជំងឺ​2​នាក់ទៀត​បាន​ជា​សះស្បើយ​។

    ករណី​រកឃើញ​អ្នក​ជំងឺ​ថ្មី​នេះ​ គឺជា​បុរស​អាយុ​28​ឆ្នាំ មាន​ទីលំនៅ​នៅក្នុង​ភូមិ​គោក​ត្នោត​ ឃុំ​កណ្ដែត​ ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀម​រាប​។ ករណី​នេះ​ត្រូវ​បាន​ក្រសួង​រក​ឃើញ​កាល​ពី​ថ្ងៃទី​22​កក្កដា​ ក្រោយ​ពី​ការ​ធ្វើ​តេស្ត​រក​វីរុស​ជា​លើ​ទី​ពីរ​។

    គិត​ត្រឹម​ព្រឹក​ ថ្ងៃ​ទី​23​កក្កដា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​ 198​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ចំនួន​ 5​នាក់​កំពុង​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ និង​នៅ​ឯមជ្ឈមណ្ឌល​សុខភាព​ចាក់​អង្រែ​ ក្នុង​ទីក្រុង​ភ្នំ​ពេញ​ចំនួន​49​នាក់​។

  • វីតាមីន និងអាហារបំប៉ន តើគួរជ្រើសរើសបែបណាល្អ?

    វីតាមីន និងអាហារបំប៉ន តើគួរជ្រើសរើសបែបណាល្អ?

    វីតាមីន សារធាតុរ៉ែ និងអាហារបំប៉នផ្សេងៗ នៅតែពេញនិយមជាបន្តបន្ទាប់ក្នុងយុគសម័យនេះ ព្រោះមនុស្សងាកមកយកចិត្តទុកដាក់រឿងសុខភាព និងមើលថែទាំខ្លួនកាន់តែច្រើនឡើង ធ្វើឱ្យទីផ្សារលក់ដូរអាហារបំប៉នចាប់ផ្តើមវាយលុកទីផ្សារកាន់តែច្រើនឡើង ធ្វើឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមមិនច្បាស់លាស់ មិនដឹងថាអាហារបំប៉នបែបណាល្អមែន ឬយ៉ាងណាឡើយ?។

    តាមរយៈព័ត៌មានដែលឡារ៉ែនយកមកជម្រាបជូននៅពេលនេះ សូមប្រាប់ថា អាហារបំប៉នដែលមានលក់រៀងរាល់ថ្ងៃនេះ មានទាំងល្អមែន ទទួលបានប្រយោជន៍ និងគ្មានប្រយោជន៍ ឬអាចខ្លាំងជាងហ្នឹងទៅទៀត គឺកើតមានគុណវិបត្តិដល់រាងកាយបានទៀតផង ទើបថ្ងៃនេះឡារ៉ែនសូមនាំយកវិធីសង្កេតមើលព័ត៌មានមុនពេលយើងសម្រេចចិត្តទិញអាហារបំប៉នផ្សេងៗមកប្រើមកជម្រាបជូន។

    1 . សារធាតុអាហារពីអាហារបំប៉ននោះគឺអ្វី?

    2 . ផលិតចេញពីអ្វី? ផ្នែកណារបស់រុក្ខជាតិ ឬវត្ថុធាតុដើមដែលយកមកធ្វើ?

    3 . យកវត្ថុធាតុដើមមកពីប្រភពណា? ប្រទេសណា? ផលិតនៅកន្លែងណា? ក្នុងប្រទេស ឬក្រៅប្រទេស?

    4 . គុណសម្បត្តិដែលរៀបរាប់ល្អជ្រុល់ពេកដែរឬទេ? អាចពិសោធន៍បានតាមរយៈអ្វី?

    5 . ស្តង់ដារការផលិតមានឬទេ? អ្វីខ្លះ ដូចជា GMP , ISO ជាដើម?

    6 . បរិមាណដែលត្រូវទទួលទាន ( Dose ) ប៉ុន្មាន? ច្រើន ឬតិចពេកដែរឬទេ? សម្រាប់ព័ត៌មាននេះអាចត្រូវសួរទៅគញរូពេទ្យ ឱសថការី ឬអ្នកជំនាញការ។

    7 . ក្រោយពេលប្រើហើយ តើមានអាការចម្លែកកើតឡើងចំពោះរាងកាយដែរឬទេ? ញឹកញាប់ប៉ុនណា?

    8 . វិធីការទទួលទាន ញ៉ាំនៅពេលណា? មុន ឬក្រោយពេលបាយ ឬមុន ឬក្រោយពេលចូលគេង?

    9 . ដែលសំខាន់នោះគឺ តម្លៃថ្លៃឬទេ? ព្រោះបើថ្លៃជ្រុលពេក វាក៏ពិបាកក្នុងការដែលយើងនឹងបានប្រើជាបន្តបន្ទាប់រហូតដល់បានឃើញលទ្ធផលដែរ ព្រោះការទទួលទានអាហារបំប៉នខ្លះ ទំរាំតែបានទទួលលទ្ធផល អាចត្រូវប្រើពេលវេលាដល់ទៅ 3 – 4 ខែឯណោះ។

    ចុងក្រោយបំផុតអ្វីដែល ឡារ៉ែនចង់ជម្រាបជូននោះគឺ គ្មានអាហារបំប៉នមួយណាអាចយកមកព្យាបាលជំងឺបានទេ អាហារបំប៉នគឺ អាហារដែលចូលមកបន្ថែម យើងគួរព្យាយាមទទួលទានអាហារចម្បងឱ្យគ្រប់គ្រាន់ និងច្រើនប្រភេទ ដើម្បីឱ្យទទួលបានសារធាតុអាហារដែលរាងកាយត្រូវការឱ្យបានច្រើនបំផុត តែបើចង់ជ្រើសរើសប្រើអាហារបំប៉ន ក៏គួរតែជ្រើសរើសអាហារបំប៉នណាដែលស័ក្តិសមជាមួយខ្លួនយើង សង្កេតមើលថា បំប៉នរឿងអ្វីខ្លះ? ចំណុចណាខ្លះ? ជ្រើសរើសឱ្យត្រូវប្រភេទ បរិមាណទទួលទានដែលត្រឹមត្រូវ មានគុណភាពស្តង់ដារការផលិតដែលល្អ និងបានមកពីប្រភពដែលអាចជឿទុកចិត្តបាន៕

  • ប្រយោជន៍ដ៏អស្ចារ្យ 7 យ៉ាងរបស់ “ផ្លែពោតបារាំងខ្ចី” ដែលយើងអាចមិនដឹង

    ប្រយោជន៍ដ៏អស្ចារ្យ 7 យ៉ាងរបស់ “ផ្លែពោតបារាំងខ្ចី” ដែលយើងអាចមិនដឹង

    បើនឹងប្រាប់ថា ជនជាតិជប៉ុននិយមញ៉ាំផ្លែពោតបារាំងខ្ចី តើមិត្តអ្នកអានជឿដែរឬទេ? ញ៉ាំស្រស់ៗ ស្រុះហើយជ្រលក់ទឹកជ្រលក់ញ៉ាំ និងយកទៅធ្វើជាម្ហូបអាហារផ្សេងៗជាច្រើនមុខទៀតផង ឯនៅប្រទេសវៀតណាមវិញ នៅមានលើកផ្លែពោតបារាំងស្រស់ៗមកញ៉ាំលេងទៀតផង។ មិនមែនត្រឹមតែមានរសជាតិដែលឆ្ងាញ់នោះទេ តែនៅមានគុណប្រយោជន៍ល្អៗដ៏ច្រើនទៀតដែលធ្វើឱ្យអ្នកណាៗក៏នាំគ្នាទិញយកមកញ៉ាំយ៉ាងច្រើន តើផ្លែពោតបារាំងមានគុណប្រយោជន៍ក្នុងផ្នែកណាខ្លះ យើងនាំគ្នាមកមើលដូចតទៅ…។

    គុណប្រយោជន៍ដ៏អស្ចារ្យរបស់ “ផ្លែពោតបារាំងខ្ចី”

    1 . ជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលកំពុងគ្រប់គ្រងជាតិស្ករ និងទម្ងន់ខ្លួន

    2 . កាត់បន្ថយអាការទល់លាមក ព្រោះមានរំអឹលដែលជួយធ្វើឱ្យលាមកឡើងទន់ និងនៅមានកាកសរសៃអាហារដែលល្អដល់ការបន្ទោបង់ទៀតផង។

    3 . បញ្ចុះកូលេស្តេរ៉ូលក្នុងរាងកាយ។

    4 . កាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតជំងឺក្រពះ រលាកសាច់ភ្នាសក្នុងក្រពះ និងរលាកពោះវៀន។

    5 . អ្នកណាដែលកំពុងកើតជំងឺក្រពះស្រាប់ហើយនោះ ការទទួលទានផ្លែពោតបារាំងខ្ចី ដែលមានទឹករំអឹលស្អិតៗថ្លាៗ នឹងចូលទៅស្រោបភ្ជិតដំបៅនៅក្នុងក្រពះបាន។

    6 . ផ្លែពោតបារាំងខ្ចីស្ងោរដាក់អំបិលតិចៗ ពេលញ៉ាំចូលទៅហើយ អាចការពារអាការអាស៊ីតក្នុងក្រពះហូរបញ្ច្រាស់បាន។

    7 . មានហ្វូលេតខ្ពស់ ជួយបង្កើនគ្រាប់ឈាមក្រហម និងជាវត្ថុចាំបាច់ចំពោះវិវឌ្ឍនាការរបស់កូនតូចក្នុងគភ៌ ដូច្នេះទើបផ្លែពោតបារាំងសក្តិសមសម្រាប់ស្រ្តីមានគភ៌ទទួលទានបំផុត។

    វិធីបរិភោគផ្លែពោតបារាំង

    ការពិតទៅផ្លែពោតបារាំងអាចទទួលទានទាំងឆៅបាន ដោយនៅប្រទេសជប៉ុនគេនិយមបរិភោគបែបឆៅៗដោយកាត់ជាកង់​ៗជ្រលក់ជាមួយទឹកឃ្មុំ ទឹកក្រូចឆ្មារ និងអៃស្រ្គីមទៀតផង តែនៅក្នុងប្រទេសយើងវិញគេនិយមយកផ្លែពោតបារាំងមកធ្វើជាម្ហូប ឬដែលពេញនិយមបំផុតនោះគឺ យកមកស្រុសនឹងទឹកក្តៅ ឬអាំងនៅលើភ្លើងហើយជ្រលក់នឹងទឹកជ្រលក់ពិសា៕

  • សុខភាពល្អ 100 % ផ្លូវចិត្តស្រស់ស្រាយ រាងកាយរឹងមាំ

    សុខភាពល្អ 100 % ផ្លូវចិត្តស្រស់ស្រាយ រាងកាយរឹងមាំ

    ប្រហែលមិនមែនជារឿងរបស់សំណាងល្អនោះទេ តែជារឿងរបស់ការមើលថែទាំយកចិត្តទុកដាក់របស់បុគ្គលម្នាក់ៗទៅវិញទេ ព្រោះការមានសុខភាពល្អ យើងត្រូវតែមើលថែទាំ ទើបវានៅជាមួយយើងបានយូរ។ សុខភាពនឹងល្អបានត្រូវប្រកបដោយ 2 បច្ច័យសំខាន់ៗគឺ “បច្ច័យសួនបុគ្គល” និង “បច្ច័យបរិស្ថានជុំវិញខ្លួន”។

    បច្ច័យសួនបុគ្គល

    មានដូចជា ពូជអម្បូរ ភេទ អាយុ និងវិធីការរស់នៅ។ យើងនឹងមើលឃើញថា ពូជអម្បូរគឺជាអ្វីដែលយើងមិនអាចជ្រើសរើសបានទេ ព្រោះបុព្វបុរសឱ្យជាប់ខ្លួនមកតាំងពីកំណើត ភេទ និងអាយុត្រូវដំណើរការទៅតាមធម្មជាតិ ឯ “វិធីការរស់នៅ” គឺជារឿងដែលមានឥទ្ធិពលចំពោះ ពូជអម្បូរ ភេទ អាយុ និងភាពឥតខ្ចោះរបស់សុខភាពខ្លាំងបំផុត ព្រោះថា បើមានវិធីការរស់នៅល្អ ក៏អាចជួយពន្យាររោគភ័យពីពូជអម្បូរ ពន្យារភាពទ្រុឌទ្រោមតាមវ័យបានដែរ និងដែលសំខាន់នោះគឺ យើងអាចកំណត់រូបបែបការរស់នៅបានផ្លាស់ប្តូរបាន និងគ្រប់គ្រងបានដោយខ្លួនឯង។

    បច្ច័យបរិស្ថានជុំវិញខ្លួន

    មិនថាតែធាតុអាកាស ទឹក ប្រព័ន្ធសុខាភិបាល បរិស្ថានខាងសរីរៈ បរិស្ថានខាងសង្គម នោះឡើយ សុទ្ធតែហុចផលដល់សុខភាពរបស់យើងដូចៗគ្នា និងក៏មានទាំងចំណែកដែលយើងអាចគ្រប់គ្រងបាន និងមិនអាចគ្រប់គ្រងបាន។

    មនុស្សយើងនឹងមានសុខភាពល្អបាន ត្រូវមានតុល្យភាពក្នុងអង្គប្រកបផ្សេងៗរបស់ជីវិត

    មិនថាតែរឿងការជ្រើសរើសអាហារការហូបចុក ការហាត់ប្រាណ ការគេងសម្រាក សម្ព័ន្ធភាពក្នុងសង្គម រហូតដល់វិធីការគិតដែលមានផលដល់សុខភាពផ្លូវចិត្តនោះឡើយ ដូច្នេះយើងមើលឃើញថា រឿងទាំងអស់នេះគឺជា “វិធីការរស់នៅ” ដែលមានតួនាទីចំពោះសុខភាពទាំងរាងកាយ និងផ្លូវចិត្តដែលយើងអាចគ្រប់គ្រងបានស្ទើរតែទាំងអស់ ឧទាហរណ៍ដូចជា ឧស្សាហ៍ហាត់ប្រាណជាប់ជាប្រចាំក្នុងមួយអាទិត្យ 3 – 5 ដង គេងលក់ឱ្យគ្រប់គ្រាន់រាល់ថ្ងៃ ការចាត់ការសភាពបរិស្ថានជុំវិញខ្លួន (ដែលអាចគ្រប់គ្រងបាន) ឱ្យល្អ កែសម្រួលទស្សនៈ និងវិធីគិតបែបវិជ្ជមាន បង្កើនផ្លូវចិត្តផ្នែកល្អ រួមទាំងកាត់បន្ថយភាពធុញថប់តានតឹងដោយវិធីផ្សេងៗទៀតផង ទាំងអស់នេះយើងអាចផ្លាស់ប្តូរ និងកែប្រែដើម្បីឱ្យមានគុណភាពជីវិតល្អឡើងបាន។ បើកែសម្រួលវិធីការរស់នៅក្នុងផ្នែកផ្សេងៗបានល្អហើយ តែមិនយកចិត្តទុកដាក់រឿងអាហារការហូបចុក និងនៅតែញ៉ាំតាមចិត្តចង់នោះ ក៏មិនមែនជារឿងល្អដែរ ព្រោះការមានសុខភាពដែលល្អត្រូវរួមទាំងការមានភោជនាហារដែលមានតុល្យការផងដែរ។

    អាហារការហូបចុកនឹងជួយ “ថែរក្សា បង្កើន ការពារសុខភាពរបស់យើងឱ្យមានភាពរឹងប៉ឹងពេញ 100 %

    រក្សា សុខភាពមូលដ្ឋានឱ្យស្ថិតនៅក្នុងកម្រឹតមាត្រដ្ឋាន ដើម្បីប្រព័ន្ធផ្សេងៗរបស់រាងកាយអាចធ្វើការងារបានយ៉ាងមានប្រសិទ្ធភាព។

    បង្កើន ដើម្បីឱ្យមានភាពរឹងមាំខ្លាំងឡើង និងពន្យារភាពចុះខ្សោយឱ្យថយចុះ។

    ការពារ ដើម្បីមិនឱ្យកើតរោគាព្យាធិផ្សេងៗមកបៀតបៀន។

    ទាំងអស់នេះ ការនឹង “រក្សា បង្កើន កាពារសុខភាពរបស់យើង” ឱ្យល្អរហូតទៅបាននោះ ត្រូវតែបានទទួលសារធាតុអាហារ ខាងភោជនាហារយ៉ាងគ្រប់គ្រាន់។ សារធាតុអាហារដែលរាងកាយត្រូវការក្នុងមួយថ្ងៃៗមាន 5 ប្រភេទក្រុម គឺ ប្រូតេអ៊ីន ខ្លាញ់ ខាបូហាយដ្រេត វីតាមីន និងសារធាតុរ៉ែ ព្រមទាំងទឹកផងដែរ៕

  • ខាងក្រោមនេះគឺហេតុផលថា ហេតុអីបានត្រូវទៅជួបទន្តពេទ្យរៀងរាល់ 6 ខែម្តង

    ខាងក្រោមនេះគឺហេតុផលថា ហេតុអីបានត្រូវទៅជួបទន្តពេទ្យរៀងរាល់ 6 ខែម្តង

    កាលពីអតីតកាលមនុស្សទូទៅច្រើនតែមានជំនឿថា នៅពេលអាយុច្រើនឡើងធ្មេញធម្មជាតិក្នុងប្រអប់មាត់នឹងជ្រុះចេញម្តងមួយៗទៅតាមពេលវេលា តែក្នុងយុគសម័យបច្ចុប្បន្ន​ ជំនឿនោះបានផ្លាស់ប្តូរទាំងស្រុង ធ្មេញធម្មជាតិនឹងនៅតែស្ថិតនៅក្នុងប្រអប់មាត់រហូតទៅ មិនថាអាយុរបស់ម្ចាស់ធ្មេញទាំងនោះនឹងច្រើនឡើងប៉ុនណាក៏ដោយ បើសិនជាម្ចាស់ធ្មេញចេះមើលថែទាំធ្មេញយ៉ាងល្អនោះ​។ បច្ចុប្បន្នមូលហេតុចំបងដែលធ្វើឱ្យកើតការបាត់បង់ធ្មេញធម្មជាតិអស់នោះគឺ ជំងឺពុកធ្មេញ និងជំងឺរលាកអញ្ចាញធ្មេញ។

    ជំងឺពុកធ្មេញ ៖ ក្នុងរយៈដំបូងៗនឹងគ្មានអាការអ្វីបង្ហាញចេញមកឡើយ ទើបអ្នកជំងឺច្រើនតែមិនដឹងថា កំពុងមានស្នាមពុកធ្មេញ តែបើបណ្តែតបណ្តោយទុកចោលរហូតស្នាមពុកនោះស៊ីជ្រៅចូលទៅជិត ឬធ្លុះដល់រន្ធសរសៃប្រសាទធ្មេញ នឹងមានអាការឈឺដែលមនុស្សទូទៅហៅថា ធ្មេញពុកដល់សរសៃប្រសាទធ្មេញ ដែលអាចព្យាបាលឱ្យជាបានដោយការព្យាបាលគ្របឬសធ្មេញ ជាវិធីដែលលំបាកជាងការបិទប្រហោងធ្មេញធម្មតាច្រើនណាស់ ដូច្នេះដើម្បីការពារគួរតែទៅជួបទន្តពេទ្យ ដើម្បីពិនិត្យមើលស្នាមពុកធ្មេញ និងសម្អាតធ្មេញរៀងរាល់ 6 ខែ។ បើរកឃើញស្នាមធ្មេញពុក គួរតែភ្ជិតស្នាមពុក និងព្យាបាលភ្លាមៗ មិនគួររង់ចាំឱ្យមានអាការឈឺចាប់សិននោះទេ។

    ការដុសសម្អាតធ្មេញ

    ការដុសសម្អាតធ្មេញ ជាការមើលថែទាំសុខភាពក្នុងប្រអប់មាត់ដែលល្អបំផុត និងអាចធ្វើបានដោយខ្លួនឯង ទាំងងាយស្រួលទាំងសន្សំសំចៃ ដោយការដុសសម្អាតធ្មេញដែលត្រឹមត្រូវតាមវិធីនោះគឺ ការដុសធ្មេញបែប Modified bass technic រួមជាមួយការប្រើច្រាសដុសធ្មេញដែលស័ក្តិសម ថ្នាំដុសធ្មេញដែលលាយហ្វ្ល័រអូរ៉ាយដ៍។ គួរដុសធ្មេញយ៉ាងតិចក្នុងមួយថ្ងៃ 2 ដង គឺពេលព្រឹក និងមុនគេង ម្តងៗ 2 – 3 នាទី។

    បរិវេណដែលត្រូវដុសសម្អាត

    1 . ធ្មេញថ្គាមលើខាងស្តាំផ្នែកក្រៅ ធ្មេញមុខលើផ្នែកក្រៅ ធ្មេញថ្គាមលើខាងឆ្វេងផ្នែកក្រៅ ។

    2 . ធ្មេញថ្គាមលើខាងឆ្វេងផ្នែកក្នុង ធ្មេញមុខលើផ្នែកក្នុង ធ្មេញថ្គាមលើខាងស្តាំផ្នែកក្រៅ។

    3 . ធ្មេញថ្គាមក្រោមខាងស្តាំផ្នែកក្រៅ ធ្មេញមុខក្រោមផ្នែកក្រៅ ធ្មេញថ្គាមក្រោមខាងឆ្វេងផ្នែកក្នុង។

    4 . ធ្មេញថ្គាមក្រោមខាងឆ្វងផ្នែកក្នុង ធ្មេញមុខក្រោមផ្នែកក្នុង ធ្មេញថ្គាមក្រោមខាងស្តាំផ្នែកក្នុង។

    5 . ធ្មេញថ្គាមកន្លែងទំពារអាហារ ៕