Category: សុខភាព

  • 4 រឿងគួរចៀសវាងក្នុងការញ៉ាំផ្លែឈើ ព្រោះនឹងផ្តល់នូវគុណវិបត្តិ…

    4 រឿងគួរចៀសវាងក្នុងការញ៉ាំផ្លែឈើ ព្រោះនឹងផ្តល់នូវគុណវិបត្តិ…

    មនុស្សភាគច្រើនមើលឃើញថា ផ្លែឈើដែលយើងនាំគ្នាទទួលទាននោះសុទ្ធផ្តល់តែប្រយោជន៍ ព្រោះមានវីតាមីនផ្សេងៗដែលជួយបង្កើនឱ្យរាងកាយរឹងមាំ និងយល់ថា ញ៉ាំផ្លែឈើហើយនឹងធ្វើឱ្យយើងមិនធាត់ និងមានសុខភាពល្អ។

    តែនៅក្នុងការពិតវិញ អ្នកដឹងឬទេថា ផ្លែឈើក៏អាចផ្តល់គុណវិបត្តិដល់រាងកាយរបស់មនុស្សយើងបានដូចគ្នា។ យើងគួរបែងចែកប្រភេទរបស់ផ្លែឈើ ព្រោះផ្លែឈើប្រភេទខ្លះក៏មិនស័ក្តិសមសម្រាប់អ្នកជំងឺដែលកើតរោគផ្សេងៗដែរ ដូចជា ៈ

    – អ្នកកើតជំងឺទឹកនោមផ្អែម គួរចៀសវាងផ្លែឈើដែលមានរសជាតិផ្អែម ឬផ្លែឈើដែលមានរសជាតិជូរអែម ឬអាចទទួលទានបានត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។

    – ស្រ្តីកំពុងមានគភ៌ គួរចៀសវាងការទទួលទានផ្លែឈើដែលផ្លែខុសរដូវកាល ព្រោះថាមានភាពប្រថុយប្រថានខ្ពស់ណាស់ក្នុងការបានទទួលសារធាតុគីមី ការប្រើអ័រម៉ូន ជី ឬថ្នាំសម្លាប់សត្វល្អិតក្នុងកម្រិតដែលខ្លាំងជាងប្រក្រតី រហូតអាចហុចផលអាក្រក់ដល់កូននៅក្នុងផ្ទៃបាន។ ក្រៅពីនេះ នៅគួរចៀសវាងការទទួលទានផ្លែឈើខ្ចី និងផ្លែឈើដែលឆ្លងកាត់ការកែច្នៃផងដែរ។

    – ក្នុងរដូវក្តៅ គួរចៀសវាងការទទួលទានផ្លែឈើណាដែលមានឬទ្ធិក្តៅ ជាពិសេសជាមួយមនុស្សចាស់ ព្រោះនឹងធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយឡើងខ្លាំងជ្រុល ដូចជា ផ្លែមៀន ធុរេន រួមទាំងម្ហូបអាហារដែលមានរសជាតិហឹរផងដែរ។

    – អ្នកដែលកំពុងទទួលការព្យាបាលពាក់ព័ន្ធរោគក្រលៀន គួរចៀសវាងការទទួលទានផ្លែស្ពឺ ព្រោះអាចកើតមានការជ្រៀតជ្រែកពីអាការដទៃបាន ព្រោះក្នុងផ្លែស្ពឺមានសារធាតុមួយប្រភេទដែលហៅថា អុកសាលេត ដែលអាចធ្វើឱ្យកើតសភាវគាំងក្រលៀនទាន់ហន់ បណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។

    ទោះជាក្នុងផ្លែឈើប្រភេទនីមួយៗមានវីតាមីនដែលផ្សេងពីគ្នា ទាំងវីតាមីន A . C . E . B1 B2 B6 បេតាឃែរ៉ូទីន កាល់ស្យូម ផូស្វ័រ និងសារធាតុដែកមែន តែប្រភេទខ្លះក៏មានបរិមាណជាតិស្ករ និងម្សៅខ្ពស់ រួមទាំងរសជាតិដែលខុសប្លែកពីគ្នាដែរ។ អ្វីទាំងអស់នេះអាចជាបច្ច័យធ្វើឱ្យកើតរោគផ្សេងៗកើតឡើងបាន បើទទួលទានមិនបានល្មមសមរម្យ។

    ផ្លែឈើផ្តល់ឱ្យទាំងគុណប្រយោជន៍ និងគុណវិបត្តិ ដូច្នេះមុននឹងអ្នកញ៉ាំអ្វីគួរនឹកដល់សុខភាពខ្លួនឯងជាមុន និងដែលសំខាន់គឺការទទួលទានក្នុងបរិមាណដែលសមល្មមនឹងតម្រូវការរាងកាយ៕

  • “គ្រឿងបន្ថែមរសជាតិអាហារ”…ប្រយោជន៍ និងគុណវិបត្តិដែលគួរដឹង

    “គ្រឿងបន្ថែមរសជាតិអាហារ”…ប្រយោជន៍ និងគុណវិបត្តិដែលគួរដឹង

    ស្រ្តីមេផ្ទះដែលធ្វើម្ហូបអាហារប្រហែលជាស្គាល់គ្រឿងបន្ថែមរសជាតិអាហារយ៉ាងច្បាស់មិនខាន តើបងៗស្រ្តីមេផ្ទះដឹងដែរឬទេថា គ្រឿងបន្ថែមរសជាតិអាហារដែលយើងប្រើក្នុងពេលបច្ចុប្បន្ននេះផ្តល់នូវប្រយោជន៍ និងគុណវិបត្តិអ្វីខ្លះដល់រាងកាយយើង?

    គ្រឿងបន្ថែមរសជាតិអាហារដែលប្រើប្រាស់នាពេលបច្ចុប្បន្ន មិនថាតែទឹកត្រី ទឹកស៊ីអ៊ីវម្សៅស៊ុប (ប៊ីចេង) ឬដុំស៊ុបផ្សេងៗនោះឡើយ សុទ្ធតែមានប្រយោជន៍ និងគុណវិបត្តិអាស្រ័យលើវិធី បរិមាណការប្រើប្រាស់ និងការជ្រើសរើសទិញរបស់ស្រ្តីមេផ្ទះ ដែលអាហារនាពេលបច្ចុប្បន្ននេះភាគច្រើនពេញទៅដោយរសជាតិរបស់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅស៊ុប និងដុំស៊ុប ធ្វើឱ្យបាត់បង់រសជាតិដើមអស់ និងបើញ៉ាំម្ហូបអាហារដែលដាក់គ្រឿងច្រើនៗ នឹងធ្វើឱ្យសុខភាពរាងកាយចុះទ្រុឌទ្រោមទៀតផង។

    ប្រយោជន៍របស់គ្រឿងបន្ថែមរសជាតិអាហារ

    ទោះជាមនុស្សភាគច្រើនអាចនឹងមើលឃើញតែគុណវិបត្តិរបស់វាក៏ដោយ តែនៅក្នុងការពិតវិញ វាក៏នៅមានប្រយោជន៍ខ្លះដែរដូចជា ជួយតុបតែងបង្កើនរសជាតិអាហារឱ្យល្អឡើង ឆ្ងាញ់ឡើង និងមានក្លិនឈ្ងុយ ក្រៅពីនេះទឹកត្រី ទឹកស៊ីអ៊ីវសុទ្ធតែប្រកបទៅដោយប្រូតេអ៊ីន ឬអាស៊ីតអៈមីណូដែលជាប្រយោជន៍ចំពោះរាងកាយទៀតផង។

    គុណវិបត្តិរបស់គ្រឿងបន្ថែមរសជាតិអាហារ

    នៅក្នុងចំណែកនៃគុណវិបត្តិវិញ អ្នកខ្លះអាចមានអាការប្រតិកម្មចាញ់ម្សៅស៊ុប គឺមានអាការវិលមុខ ដកដង្ហើមមិនស្រួល មានអាការស្ពឹកៗនៅលើផ្ទៃមុខ និងកញ្ចឹងក ចុកដើមទ្រូង ក្អួតចង្អោរ ដែលបើសិនជាមានអាការទាំងនេះកើតឡើង គួរប្រញាប់ទៅជួបគ្រូពេទ្យ និងបើទទួលទានច្រើនៗ ឬទទួលទានញឹកញាប់ក៏អាចធ្វើឱ្យកើតសភាវធាត់ឡើងបានដែរ។

    គ្រឿងបន្ថែមរសជាតិឱ្យអាហារកាន់តែឆ្ងាញ់ឡើងក៏ពិតមែន តែក៏គួរតែដឹងដែរថា នៅក្នុងគ្រឿងបន្ថែមរសជាតិអាហារនោះមានគ្រឿងផ្សំផ្សេងៗដែលអាចបណ្តាលគ្រោះថ្នាក់ដល់យើងបាន បើទទួលទានក្នុងបរិមាណដែលច្រើនជ្រុលពេក ដូច្នេះបើចៀសបាន ក៏គួរតែធ្វើ ឬបន្ថែមរសជាតិក្នុងបរិមាណដែលសមរម្យក៏អាចជួយបានដែរ ដើម្បីប្រយោជន៍របស់សុខភាពអ្នកខ្លួនឯង មិនដូច្នោះទេរោគានឹងសួររកមុខអ្នកមិនខាន៕

  • សត្វល្អិតចូលត្រចៀក គួរធ្វើយ៉ាងណា?

    សត្វល្អិតចូលត្រចៀក គួរធ្វើយ៉ាងណា?

    ត្រចៀកជាអវយវៈដែលមានតួនាទីច្រើនយ៉ាងក្នុងពេលតែមួយ ទាំងទទួលរលកសំឡេងដែលមកពីខាងក្រៅ និងបំប្លែងជាសញ្ញាបញ្ជូនតឆ្ពោះទៅខួរក្បាល និងថែមទាំងនៅជួយគ្រប់គ្រងការទប់លំនឹងខ្លួនខណៈរាងកាយធ្វើចលនាទៀតផង ដែលបើសិនជាមានអ្វីប្លែកចម្លែកចូលទៅក្នុងត្រចៀក យើងអាចប្រថុយប្រថាននឹងការឈឺចាប់ និងកើតការធ្វើការខុសប្រក្រតី ដូចជា បាត់បង់លំនឹងខ្លួន ឬហ៊ឹងត្រចៀកជាដើម ជាពិសេសសត្វល្អិតដែលចូលទៅទាំងនោះអាចនឹងនាំមេរោគចូលទៅជាមួយផងដែរ។ ថ្ងៃនេះយើងមករៀនយល់ដឹងពីធ្វើបឋមព្យាបាលក្នុងករណីដែលមានសត្វល្អិតចូលត្រចៀក ដើម្បីនឹងបានទប់ទល់ជាមួយវាយ៉ាងត្រឹមត្រូវនៅពេលកើតហេតុបន្ទាន់ឡើង៕

    សត្វល្អិតចូលត្រចៀក គ្រោះថ្នាក់ដែរឬទេ?

    ការដែលមានអ្វីប្លែកចម្លែកចូលទៅក្នុងត្រចៀកអាចធ្វើឱ្យកើតគ្រោះថ្នាក់បាន ជាពិសេសសត្វល្អិត ព្រោះសត្វល្អិតអាចនឹងនាំមេរោគដែលបង្កឱ្យកើតរោគរលាក ឬមេរោគផ្សឹតនៅក្នុងរន្ធត្រចៀកបាន រឹតតែបើសិនជាសត្វចៃឆ្កែផងនោះ រឹតតែមានគ្រោះថ្នាក់ខ្លាំងទៅទៀត ព្រោះទឹកមាត់របស់សត្វចៃនឹងបង្កឱ្យកើតអាការរមាស់យ៉ាងខ្លាំង និងថែមទាំងមានមេរោគបាក់តេរីដែលពេលចូលទៅក្នុងក្រសែឈាមហើយ អាចធ្វើឱ្យកើតការឆ្លងមេរោគនៅក្នុងប្រព័ន្ធឈាមដែលជាគ្រោះថ្នាក់ខ្លាំងបំផុតចំពោះសុខភាព។

    សត្វល្អិតចូលត្រចៀក មានអាការយ៉ាងណា និងមានអារម្មណ៍យ៉ាងណា?

    ពេលមានសត្វល្អិតចូលទៅក្នុងត្រចៀកហើយ អាការដែលយើងសង្កេតឃើញបានច្បាស់នោះគឺ នឹងកើតអាការឈឺត្រចៀកយ៉ាងទាន់ហន់ និងមានអារម្មណ៍ថាដូចមានអ្វីម្យ៉ាងនៅក្នុងត្រចៀក បើសត្វល្អិតនោះនៅមិនទាន់ងាប់ផង នឹងមានអារម្មណ៍ថាដូចមានអ្វីដើរ ឬហោះនៅក្នុងត្រចៀក ធ្វើឱ្យកើតក្តីរំខានយ៉ាងខ្លាំង និងបើសិនជាសត្វល្អិតនោះរាងធំផង អាចនឹងមានអារម្មណ៍ថាណែនៗក្នុងត្រចៀក ឬធ្វើឱ្យហ៊ឺងត្រចៀកអស់មួយរយៈ។

    សត្វល្អិតចូលត្រចៀក តើត្រូវធ្វើបឋមសង្រ្គោះយ៉ាងណា?

    សត្វល្អិតដែលអាចចូលទៅក្នុងត្រចៀកបាននោះ មានច្រើនប្រភេទ មិនថាតែសត្វល្អិតខ្លួនតូចៗ ដូចជា ស្រមោច មមង់ ចៃឆ្កែ ឬសូម្បីតែសត្វល្អិតខ្លួនធំ ដូចជា រុយ កូនកន្លាតជាដើម ហើយវិធីធ្វើបឋមសង្រ្គោះមានដូចតទៅ ៈ

    បើមានសត្វល្អិតចូលត្រចៀក គួរប្រញាប់ផ្អៀងក្បាលឱ្យត្រចៀកខាងដែលសត្វល្អិតចូលនោះនៅខាងលើ ហើយយកបេប៊ីអយល៍ ( Baby oil ) ឬប្រេងច័ន្ទ ឬប្រេងម្កាក់ ឬថ្នាំដាក់ត្រចៀក បន្តក់ចូលទៅក្នុងត្រចៀក ដោយទាញស្លឹកត្រចៀកទៅក្រោយដើម្បីឱ្យរន្ធត្រចៀកត្រង់ចុះទៅក្រោម ងាយស្រួលឱ្យសត្វល្អិតអាចវារឡើង ឬអណ្តែតឡើងមកបាន។ បន្ទាប់ពីនោះត្រូវស្ថិតនៅក្នុងឥរិយាបថបែបនោះប្រមាណជា 15 – 30 នាទីដើម្បីឱ្យសត្វល្អិតនោះអណ្តែតឡើងមក តែបើសិនមានសត្វល្អិតចូលត្រចៀកហើយមានអាការឈឺចាប់ក្នុងត្រចៀក មិនគួរបន្តក់ប្រេងអ្វីចូលត្រចៀកទាំងអស់ ព្រោះអាចនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើង និងថែមទាំងមិនត្រូវយកម្រាមដៃ ឬរបស់អ្វីខ្វេះ ឬខ្វាត្រចៀកឡើយ ព្រោះអាចនឹងធ្វើឱ្យសត្វល្អិតកាន់តែធ្លាក់ទៅជ្រៅជាងមុន និងអាចបណ្តាលឱ្យមានបញ្ហាដល់ក្រដាសត្រចៀកទៀតផង។

    យ៉ាងណាក៏ដោយ បើសត្វដែលចូលត្រចៀកនោះជាសត្វល្អិតតូច ដូចជា ស្រមោច មមង់ ឬមូស និងបើនៅមិនទាន់ស្លាប់ ក៏អាចប្រើវិធីជន្លវាឱ្យចេញមកវិញបានដោយការបញ្ចាំងភ្លើងពិលចូលទៅក្នុងរន្ធត្រចៀកមួយស្របក់ តែវិធីនេះត្រូវស្ថិតនៅក្នុងទីកន្លែងដែលងងឹតគ្មានពន្លឺអ្វីទាំងអស់ទើបមានប្រសិទ្ធភាព។

    តែទាំងអស់នេះ បើធ្វើតាមវិធីខាងលើហើយសត្វល្អិតនៅតែមិនចេញមកទៀត ឬមានអាការផ្សេងទៀតជ្រៀតជ្រែកដូចជា ឈឺត្រចៀកធ្ងន់ធ្ងរ មានឈាម ឬទឹកហូរចេញមកពីត្រចៀក ហ៊ឹងរហូតស្តាប់អ្វីមិនឮនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ កុំបណ្តែតបណ្តោយយូរ ព្រោះអាចកើតការឆ្លងមេរោគរហូតបណ្តាលឱ្យមានអាការធ្ងន់ធ្ងរបាន៕

  • ការចេះជ្រើសរើសទទួលទានអាហារតាមវ័យ នឹងធ្វើឱ្យមានសុខភាពល្អ

    ការចេះជ្រើសរើសទទួលទានអាហារតាមវ័យ នឹងធ្វើឱ្យមានសុខភាពល្អ

    មានឈ្មោះថាអាហារ មិនថាតែអាហារពេលចម្បង ឬបង្អែមនោះឡើយ ឡារ៉ែនជឿថានរណាៗក៏ត្រូវតែបរិភោគដែរ តែតើមានប៉ុន្មានអ្នកទៅដែលចេះជ្រើសរើសអាហារដែលលោកអ្នកត្រូវទទួលទាននោះសក្តិសមនឹងវ័យ និងមានប្រយោជន៍ មានគុណតម្លៃដល់រាងកាយរបស់ខ្លួនឯង? ។ យើងគួរតែយកចិត្តទុកដាក់ក្នុងការជ្រើសរើសទទួលទានអាហារតាមអំឡុងពេលរបស់អាយុ ឬវ័យ ព្រោះក្នុងអំឡុងពេលនៃវ័យនីមួយៗ មានភាពខុសផ្លែកពីគ្នាខាងការវិវឌ្ឍន៍របស់រាងកាយ និងលក្ខណះការរស់នៅ ។

    ក្នុងអំឡុងអាយុចាប់ពី 20 ឆ្នាំឡើងទៅ

    គឺជាអំឡុងពេលដែលរាងកាយមានការវិវឌ្ឍន៍ និងចំរើនធំធាត់ពេញទំហឹង មិនថាតែរឿងការរៀនសូត្រ ការធ្វើការងារឡើយ ហើយក៏ជាវ័យដែលសកម្ម មិនចេះនឿយហត់ និងរឹតតែសកម្មក្នុងជីវិតប្រចាំថ្ងៃ​ច្រើនប៉ុន​ណា រាងកាយក៏រឹតតែដុតបំផ្លាញ និងប្រើប្រាស់កម្លាំងថាមពលច្រើនប៉ុននោះដែរ ដូច្នេះគួរជ្រើសរើសទទួលទានអា​ហារ​​ឲ្យ​បានសក្តិសមនឹងតម្រូវ​ការរបស់រាងកាយ ។

    ចូរជ្រើសរើសទទួលទានពពួកសាច់សត្វ និងសណ្តែកផ្សេងៗ រួមទាំងបាយ និងម្សៅជាលំដាប់ទីមួយ តាមដោយបន្លែ ផ្លែឈើជាលំដាប់ទីពីរ ចំណែកឯទឹកដោះគោ និងអាហារជំនួសជាតិកាល់ស្យូមផ្សេងៗដូចជា តៅហ៊ូ ទឹកសណ្តែកលឿង​បង្កើនកាល់ស្យូមជាលំដាប់ទីបី និងផ្តល់ភាពសំខាន់ចំពោះជាតិខ្លាញ់ជាលំដាប់ក្រោយគេបង្អស់ ។

    សាច់ត្រីជាអាហារជំនួយខួរក្បាលដែលជួយរក្សាព្យាបាលជញ្ជាំងកោសិកាប្រសាទក្នុងខួរក្បាលឲ្យរឹងមាំ មិនឆាប់ភ្លេច ។ បន្លែពណ៌បៃតងដូចជា ត្រកួន កញ្ឆែត ខាត់ណា សណ្តែកកួរ ជួយបំប៉នខ្សែភ្នែក សាងឆ្អឹង និងធ្មេញឲ្យរឹងមាំ ។

    វ័យដែលចាប់ផ្តើមដោយលេខ 3

    អាយុឡើងដល់លេខ 3​ មនុស្សជាច្រើនចាប់ផ្តើមភ័យ តែការចេះជ្រើសរើសទទួលទាន នឹងធ្វើឲ្យអ្នកឯទៀតមិនអាចស្មានដឹងពីអាយុរបស់អ្នកតាមរយះរូបរាងមុខមាត់បានឡើយ ។ ក្នុងអំឡុងវ័យចាប់ផ្តើមជាមនុស្សចាស់ តម្រូវការផ្នែកថាមពលនៅតែមាន ព្រោះជាចន្លោះជីវិតនៃការធ្វើការងារ តែត្រូវបន្ថែមការប្រុងប្រយ័ត្នក្នុងរឿងជាតិខ្លាញ់ និងកូលេស្តេរ៉ូល ព្រោះអាចមានផលប៉ះពាល់ដល់រូបរាងមុខមាត់សំបកក្រៅដែលមើលឃើញមានការប្រែប្រួលបានយ៉ាងច្បាស់ ដូច្នេះគួរចៀសវាងអាហារ​ដែល​​​​មានជាតិខ្លាញ់ និងកូលេស្តេរ៉ូលខ្ពស់ដូចជា សាច់ជ្រូកបីជាន់ ប៊័រដុំ ខ្ទិះ ជាដើម ។

    លោកអ្នកអាចជ្រើសរើសទទួលទានអាហារដែលជួយកាត់បន្ថយជាតិខ្លាញ់ និងកូលេស្តេរ៉ូលបានដូចជា ត្រីសមុទ្ទជួយកាត់បន្ថយសម្ពាធឈាម ពួកគ្រាប់សណ្តែកស្ងួតដូចជា សណ្តែកក្រហម សណ្តែកខៀវ សណ្តែកលឿង ជួយកាត់បន្ថយភាពប្រថុយពីជម្ងឺបេះដូង និងមានប្រូតេអ៊ីនខ្ពស់ និងអាហារដែលមានកាកសសៃខ្ពស់ដែលជួយឲ្យឆ្អែតពោះបានយូរ និងមាន​ផល​​ល្អដល់ប្រព័ន្ធពោះវៀនទៀតផង ។

    វ័យដែលចាប់ផ្តើមដោយលេខ 4

    ដោយសារតែសភាពរាងកាយចាប់ផ្តើមប្រែប្រួល ជាពិសេសចំពោះស្រ្តី ឯបុរសក្នុងវ័យនេះវិញក៏ចាប់ផ្តើមមានរោគផ្សេង​ៗកើតឡើងដែរ តែទាំងអស់នេះការពន្យាវ័យ ឬការការពាររោគផ្សេងៗដែលមកជាមួយវ័យ មិនបានលំបាកលំបឹនហួសពី​យើង​អាច​ធ្វើបាននោះឡើយ ។

    សំរាប់ចន្លោះវ័យនេះតម្រូវការខាងថាមពលនឹងថយចុះ តែតម្រូវការកាល់ស្យូម និងវិតាមីនផ្សេងៗកើនឡើង ដែលរាង​កាយអាចនឹងទទួលបានពីបន្លែផ្លែឈើដែលមានកាកសសៃអាហារខ្ពស់ ហើយថែមទាំងមានសារធាតុប្រឆាំងអនុមូលឥស្សរះទៀតផង ។ ឯវិតាមីន C ពីចំណីអាហារដែលងាយរកទទួលទានបាននោះ មានដូចជា ផ្លែក្រូច ត្របែក ប៉េងប៉ោះ ត្រសក់ស្រូវជាដើម ចំណែកអាហារដែលមានវិតាមីន E គឺ ប្រេងសណ្តែក ប៊័រសណ្តែក សណ្តែកដី និងគ្រាប់អាល់ម៉ុន ។ ក្រៅពីនេះគួរទទួលទានតៅហ៊ូ ប្រូតេអ៊ីនដែលមានជាតិខ្លាញ់ទាបដែលផ្តល់កាល់ស្យូមច្រើនជាងសាច់សត្វផ្សេងៗ និងគួរចៀសវាង​ភេស្ជជះ​​​​​​​​​​​​​​​​​​​​​ដែលមានជាតិអាល់កុល និងកាហ្វេអ៊ីនផង ។

    វ័យដែលចាប់ផ្តើមដោយលេខ 5

    ការឈានចូលដល់វ័យ 50 នោះ មិនមែនមានផលប៉ះពាល់ចំពោះតែរាងកាយម៉្យាងប៉ុណ្ណោះទេ តែនៅមានផលដល់សភាពផ្លូវចិត្តផងដែរ ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយនឹងវ័យនេះ លោកអ្នកគួរយល់ដឹងពីការធ្វើការងាររបស់រាងកាយដែលមានប្រ​សិទ្ធភាព​​ថយ​ចុះ ជាពិសេសប្រព័ន្ធការរំលាយ ការបឺតយកសារធាតុអាហារ ធ្វើឲ្យរាងកាយខ្វះសារធាតុអាហារប្រភេទខ្លះ ។

    ក្នុងអំឡុងវ័យនេះអ្នកអាចមិនសូវមានអារម្មណ៍ស្រេកទឹកប៉ុន្មានទេ តែគួរទទួលទានទឹកឲ្យបានទៀងទាត់ យ៉ាងតិចមួយថ្ងៃ​ 8 – 12 កែវ ដើម្បីការពារការខ្វះជាតិទឹកដោយមិនដឹងខ្លួន គួរទទួលទានខាបូហាយដ្រេតឲ្យតិច សង្កត់ធ្ងន់លើអាហារពួក​សាច់ត្រីដើម្បីកុំឲ្យខ្វះជាតិប្រូតេអ៊ីន និងពួកសាច់សត្វណាដែលងាយរំលាយ ។ គួរទទួលបានកាល់ស្យូមឲ្យគ្រប់គ្រាន់ ហើយអា​ហារដែលមានកាល់ស្យូមខ្ពស់គឺនៅក្នុងទឹកដោះ យ៉ាអួប្រភេទក្រែម និងប៊័រដុំជាដើម ។

    រឿងដែលសំខាន់នោះ គឺមិនថាលោកអ្នកស្ថឹតនៅក្នុងវ័យណាក៏ដោយ គួរយកចិត្តទុកដាក់រឿងការហូបចុកឲ្យបាន​គ្រប៉​​ពេលទោះជាមានជម្ងឺ ឬគ្មានក៏ដោយ ក្រៅពីនេះគួរបង្កើនការធ្វើចលនាក្នុង​​​មួយថ្ងៃៗឲ្យបានច្រើន និងញឹកញាប់ នឹងធ្វើឲ្យ​​មានសុខភាពកាន់តែល្អឡើង និងកាត់បន្ថយភាពធុញថប់ តឹងតែងបានទៀតផង៕

  • លោក​ Trump ៖ សហរដ្ឋ​អាមេរិក​នឹង​អាច​មាន​វ៉ាក់​សាំង​COVID-19​​ នៅ​ចុង​ឆ្នាំ​នេះ​

    លោក​ Trump ៖ សហរដ្ឋ​អាមេរិក​នឹង​អាច​មាន​វ៉ាក់​សាំង​COVID-19​​ នៅ​ចុង​ឆ្នាំ​នេះ​

    ប្រធានាធិបតី​​ Donald Trump បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​​អាច​អភិវឌ្ឍ​វ៉ាក់​សាំង​COVID-19 ដោយ​ជោគ​ជ័យ​នៅ​មុន​កាល​កំណត់​ នៅ​ចុង​ឆ្នាំ​នេះ​ ឬ​ដើម​ឆ្នាំ​2021​។

    “យើង​កំពុង​ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​រវាង​ល្បឿន​និង​សុវត្ថិ​ភាព​។ យើង​កំពុង​តែ​ “ដុត​ដៃដុត​ជើង​” ដើម្បី​មាន​វ៉ាក់​សាំង​នៅក្នុង​ឆ្នាំ​នេះ​ ហើយ​វា​អាច​នឹង​ឆាប់​ជាង​​ចុង​ឆ្នាំ​” លោក​ Trump ថ្លែង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាលពី​ម្សិល​មិញ (3​សីហា)​នៅ​សេតវិមាន​។

    លោក​ Trump បន្ថែម​ថា “យើង​ក៏​កំពុង​តែ​ផលិត​វ៉ាក់​សាំង​​​ជា​ច្រើន​​ដែល​នឹង​នាំ​មក​នូវ​ក្ដីសង្ឃឹម​បំផុត ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ប្រើប្រាស់​ភ្លាម​ៗ​បន្ទាប់​ពី​បាន​អនុម័ត​។ កម្លាំង​ភស្តុភារនៃ​កង​ទ័ព​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយដែរ​”។

    មេដឹកនាំ​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ដល់​ប្រភេទ​វ៉ាក់សាំង​ដែល​មាន​សក្កានុពល​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ Pfizer និង Moderna។ ក្រុម​មន្ត្រីជាន់​​ខ្ពស់​អាមេរិកាំង​បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ទាំង2​នេះ​ បាន​ធ្វើ​ការ​សាកល្បង​ដំណាក់​កាល​ចុង​ក្រោយ​នៅ​​លើ​មនុស្ស​តាំងតែ​​ពី​សប្ដាហ៍​មុន​។ លោក​ Trump អះអាង​ថា “ទាំង​នេះ​មិន​ត្រឹម​តែ​ជា​ក្រុម​ហ៊ុន​ល្បីឈ្មោះ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់ទៀត​ផង”។

    ម្ចាស់​សេតវិមាន​​សង្ឃឹម​ថា ក្រោយពី​មាន​វ៉ាក់សាំង​ សហរដ្ឋ​អាមេរិក​អាច​លុប​បំបាត់​COVID-19 បាន​យ៉ាង​​ឆាប់​រហ័ស​បំផុត​។

    បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​គឺជា​សម្បុកវីរុស​COVID-19 ធំជាង​គេ​បង្អស់ក្នុង​ពិភពលោក​ ដោយ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ចំនួន​ 4,862,285នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​មាន​ចំនួន​ជាង​158,000​នាក់​។

    នៅទូទាំង​ពិភពលោក​ គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ជំងឺ​COVID-19 សរុប​18,467,839នាក់​ អ្នក​ស្លាប់​សរុប​697,876​នាក់​ និង​អ្នកជំងឺ​បាន​ជាសះស្បើយ​មាន​ចំនួន​​11,695,336​នាក់​៕

    ប្រភព៖ CNBC

  • WHO ៖ នឹង​មិនមាន​ “ឱសថ​ទិព្វ” សម្រាប់​ប្រឆាំង​នឹង​COVID-19ឡើយ

    WHO ៖ នឹង​មិនមាន​ “ឱសថ​ទិព្វ” សម្រាប់​ប្រឆាំង​នឹង​COVID-19ឡើយ

    អង្គ​ការ​សុខភាព​ពិភពលោក​ (WHO) យល់​ថា ដំណោះ​ស្រាយ​ក្នុងការ​កម្ចាត់​COVID-19 មិនមែន​គ្រាន់​តែ​ប្រើប្រាស់​វ៉ាក់​សាំង​ដ៏ល្អ​ឥត​ខ្ជោះ​ណាមួយ​នោះ​ឡើយ​។

    នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី​3​សីហា មេដឹកនាំ​ WHO បាន​អះអាង​ថា ផ្លូវ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​COVID-19 នៅ​​វែង​អន្លាយ​ទៅ​មុខ​ទៀត​ ហើយ​ប្រទេស​ជា​ច្រើន​នឹង​ត្រូវ​​បង្កើត​យុទ្ធ​សាស្ត្រ​ថ្មី​ដើម្បី​ទប់​ស្កាត់​វីរុស​នេះ​។

    ប្រធានាអង្គ​ការ​សុខភាព​ពិភពលោក​ លោក Tedros Adhanom Ghebreyesus និង​ប្រធាន​កម្មវិធី​បន្ទាន់​របស់​ WHO លោក​ Mike Ryan បាន​ផ្ដល់​អនុសាសន៍​ ក៏​ដូច​ជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នានា អនុវត្តវិធានការទប់​ស្កាត់​ការ​ឆ្លង​វីរុស​នេះ ដូច​ជា​ការ​ពាក់​ម៉ាស់​ រក្សា​គម្លាត​សង្គម លាង​ដៃ​ជា​ញឹក​ញាប់​ តាម​ដានករណី​សង្ស័យ និង​ការ​ធ្វើ​តេស្ត​រក​មេរោគ​ឱ្យ​បាន​ច្រើន​ជាង​មុន​។ល។

    លោក​ Tedros បាន​សង្កត់​ធ្ងន់​ថា “វ៉ាក់​សាំង​មួយ​ចំនួន​ កំពុង​ស្ថិត​ក្នុង​ការ​សាកល្បង​ដំណាក់​កាល​ទី​3។ ទាំង​អស់​នេះ​សុទ្ធ​តែ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ប្រសិទ្ធ​ភាព​។ ប៉ុន្តែ មិន​មាន​ដំណោះ​ស្រាយ​ងាយ​ស្រួល​ណាមួយ​ដើម្បី​កម្ចាត់​វីរុសនេះ​បាន​ទាំង​ស្រុង​នោះ​ឡើយ ហើយ​លទ្ធ​ភាព​នេះក៏នឹង​មិន​អាច​កើត​មាន​នោះ​ដែរ​”។​

    នៅ​ក្នុងគ្រា​ដែល​ពិភពលោក​កំពុង​តែ​រត់​ប្រណាំង​ក្នុងការ​អភិវឌ្ឍ​វ៉ាក់​សាំង លោក Tedros ថ្លែង​ថា មិន​ទាន់​មាន​ប្រការ​ណា​មួយ​ប្រាកដ​ប្រជា​នោះ​ទេ​។ លោក​សង្កត់​ធ្ងន់​ថា “មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ថា យើង​មិន​អាច​ផលិត​បាន​វ៉ាក់​សាំង​ដែល​មាន​ប្រសិទ្ធ​ភាព​ ឬ​ថា​ការ​ការ​ពារ​របស់​វ៉ាក់​សាំង​នឹង​មាន​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។ នៅ​ពេល​ការ​សាក​ល្បង​ព្យាបាល​មិន​ទាន់​ទទួល​បាន​ជោគ​ជ័យ​ នោះយើង​មិនអាច​សន្និដ្ឋាន​អ្វី​ទាំង​អស់​”។

    ​ប្រធាន​កម្មវិធី​បន្ទាន់​របស់​ WHO លោក​ Mike Ryan បាន​ថ្លែង​ថា “ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​ គួរ​តែ​ថយ​ក្រោយ​មួយ​ជំហាន​ និង​ពិនិត្យ​ឡើង​វិញ​នូវ​យុទ្ធ​សាស្ត្រ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាក់​ទិន​នឹង​ជំងឺ​រាត​ត្បាត​​នៅ​តាម​បន្ទាត់​ព្រំដែន​របស់​ពួកគេ​”៕

    ប្រភព៖ SCMP

  • អ្នកជំងឺ​COVID-19 ម្នាក់​ទៀត​​​បាន​បាត់​បង់​ជីវិត​នៅ​ប្រទេស​វៀត​ណាម

    អ្នកជំងឺ​COVID-19 ម្នាក់​ទៀត​​​បាន​បាត់​បង់​ជីវិត​នៅ​ប្រទេស​វៀត​ណាម

    ស្ត្រី​វ័យ​62​ឆ្នាំ​ម្នាក់​នៅ​ទីក្រុង​ Da Nang ភាគ​កណ្ដាលនៃ​​ប្រទេស​វៀតណាម​ បាន​បាត់​បង់ជីវិត​កាល​ពី​ព្រឹក​មិញ​នេះ ដោយ​សារ​ផល​វិបាក​របស់​COVID-19 បូក​រួម​ជាមួយ​នឹង​ជំងឺប្រចាំ​កាយ​។

    ក្រសួង​សុខាភិបាល​វៀត​ណាម​បាន​ប្រកាស​ថា នេះ​គឺជា​ករណី​ស្លាប់​ទី​7​ ដែល​ទាក់​ទិន​នឹង​ការ​ឆ្លង​វីរុស​COVID-19 នៅ​វៀត​ណាម​។ ក្រសួង​ក៏​បាន​បញ្ជាក់ថា ទន្ទឹម​នឹង​វីរុស​COVID-19 អ្នកជំងឺ​ដែល​បាន​ស្លាប់​នេះ​ ក៏​មាន​រោគ​ខ្សោយ​តម្រង​នោម​ដំណាក់​កាល​ចុង​ក្រោយ​ផងដែរ​។

    អាជ្ញាធរ​វៀតណាម​ឱ្យ​ដឹង​ថា បច្ចុប្បន្ន នៅមាន​អ្នកជំងឺ​ជា​ច្រើន​នាក់​ទៀត​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​សារ​COVID-19 រួម​នឹង​ជំងឺ​ប្រចាំ​កាយ​ និង​​វ័យ​ចំណាស់េរបស់​ពួកគេ​។ កន្លង​មក អ្នកជំងឺ​COVID-19 ចំនួន​6​នាក់​ដែល​បាន​បាត់​បង់​ជីវិត​ មាន​អាយុ​ចាប់​ពី​53​ដល់​86​ឆ្នាំ ក្នុង​នោះ​មាន​ករណី​​ស្លាប់​ចំនួន​5​ជាប់​ទាក​ទិន​នឹង​មន្ទីរ​ពេទ្យក្រុង​​ Na Nang និង​2​ករណី​ទៀត​នៅ​ខេត្ត​ Quang Nam ដែលមាន​ទីតាំង​នៅ​ជាប់​នឹង​ទីក្រុង​ Na Nang។

    គិត​មក​ដល់​ព្រឹក​នេះ តួលេខ​អ្នកជំងឺ​សរុប​នៅ​ប្រទេស​វៀត​ណាម​បាន​កើន​ដល់​ 652​នាក់ ក្នុង​នោះ​មាន​374​បាន​ជាសះស្បើយ 7​នាក់​បាន​ស្លាប់ និង​271​នាក់​កំពុង​ទទួល​ការ​ព្យាបាល​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • តួលេខ​អ្នក​ឆ្លង​COVID-19​ នៅ​កម្ពុជា​ថ្ងៃ​នេះ កើន​ថែម​1នាក់​​ទៀត​ ខណៈ​តួលេខ​នៅ​ទូទាំង​ពិភពលោក​កើន​ថែម​75,039​នាក់​

    តួលេខ​អ្នក​ឆ្លង​COVID-19​ នៅ​កម្ពុជា​ថ្ងៃ​នេះ កើន​ថែម​1នាក់​​ទៀត​ ខណៈ​តួលេខ​នៅ​ទូទាំង​ពិភពលោក​កើន​ថែម​75,039​នាក់​

    ក្រសួង​សុខាភិបាល​កម្ពុជា​ នា​ព្រឹក​នេះ​ (4សីហា) បាន​ប្រកាស​ឱ្យ​ដឹង​ថា បានរកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​1​នាក់​​ទៀត​ ដែល​ករណី​នេះ​ត្រូវ​បាន​រកឃើញ​កាល​ពី​ម្សិល​មិញ (3​សីហា)។

    ដូច្នេះ​ គិត​មក​ដល់​បច្ចុប្បន្ន​ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​ចំនួន​240​នាក់​ ក្នុង​នោះ​​អ្នក​ជំងឺ​បាន​ជាសះស្បើយ​មាន​ចំនួន​196​នាក់​ អ្នក​ជំងឺ​កំពុង​ទទួល​ការ​ព្យាបាល​មាន​ចំនួន44​នាក់​។

    នៅ​ទូទាំង​ពិភពលោក​ មក​ដល់​ពេល​នេះ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ សរុប​ចំនួន​18,302,397​នាក់​ និង​អ្នក​ស្លាប់​សរុប​694,014​នាក់​។ ចំណេក​អ្នក​ជំងឺ​ដែល​បាន​ជាសះស្បើយ​មាន​ចំនួន​11,508,538​នាក់​៕

  • អាការខុសប្រក្រតី 3 យ៉ាងដែលមនុស្សយើងមិនគួរហាត់ប្រាណ

    អាការខុសប្រក្រតី 3 យ៉ាងដែលមនុស្សយើងមិនគួរហាត់ប្រាណ

    ការហាត់ប្រាណមិនមែនសុទ្ធតែជារឿងល្អទាំងអស់នោះទេ យើងគួរតែត្រូវដឹងអំពីស្ថានភាពរបស់រាងកាយ កាលទេសៈ និងវិធី​ដែល​​សមស្របសំរាប់ការហាត់ប្រាណ ព្រោះបើមិនដូច្នោះទេ វាអាចហុចលទ្ធផលមិនល្អដល់រាងកាយបាន ដូចជា ធ្វើឲ្យ​សាច់ដុំរងរបួស ឬភ្លាត់សន្លាក់ឆ្អឹង ជាដើម ដូច្នេះហើយទើបការហាត់ប្រាណមានចំណុចគួរប្រុងប្រយ័ត្ន 3 ចំណុចដូចខាងក្រោម ៖

    1 . សីតុណ្ហភាពរបស់រាងកាយ ៖ ចូរសង្កេតមើលខ្លួនឯង បើមានអាការគ្រុនក្តៅខ្លួន មានអាការភាំងៗ និងឈឺ​ក្បាល គួរតែពន្យាពេលក្នុងការហាត់ប្រាណ ព្រោះបើយើងនៅតែចេញទៅហាត់ប្រាណទៀត វាស្មើនឹងការបន្ថែមកំដៅដល់រាងកាយ​ទ្វេដងឡើងទៀត អាចធ្វើឲ្យខួរក្បាលទ្រាំលែងបាន នឹងកើតអាការប្រកាច់ ឬខ្យល់គដួលបាត់ស្មារតីតែម្តងក៏មានដែរ ។

    2 . ការបន្ទោបង់ ៖ បើមានការបត់ជើងធំលើសពី 3 ដងឡើងទៅ ថ្ងៃនោះអ្នកគួរតែផ្អាកការហាត់ប្រាណសឹនទៅ ​ដោយសារ​តែរាងកាយរបស់យើងបាត់បង់សារធាតុ Dietary mineral ច្រើនពេក អាចមានផលប៉ះពាល់ដល់ការទទួលដឹង និងការ​បញ្ជារបស់​​ សាច់ដុំខុសប្រក្រតី ។

    3 . ការអត់ងងុយ ៖ អ្នកដែលមានទម្លាប់ជាមួយការចូលគេងពេលយប់ជ្រៅ នៅម៉ោង 3 – 4 ភ្លឺ ឬគេងសំរាកមិនបានគ្រប់គ្រាន់(អត់ងងុយ) ឬសេពគ្រឿងស្រវឹងច្រើន ថ្ងៃនោះគួរតែផ្អាកការហាត់ប្រាណសឹន ។

    ប្រការហាមឃាត់ផ្សេងៗទាំងនេះ គឺហាមដើម្បីមិនឲ្យរាងកាយរងរបួសកាន់តែខ្លាំងឡើង ព្រោះផលអាក្រក់ដែលកើត​មកពីការហាត់ប្រាណពេលដែលរាងកាយមានសភាពមិនប្រក្រតីនោះ វាអាក្រក់ជាងការនៅស្ងៀមទៅទៀត ហើយទាំងអស់ខាងលើនេះគឺ ជាមូលហេតុមួយទៀតដែលមនុស្សជាច្រើនអាចនឹងជួបប្រទះរួចមកហើយថា ហេតុអ្វីបានជាពេលខ្លះ យើងហាត់ប្រាណរួចហើយក៏នៅតែទន់ល្វើយ គ្មានកម្លាំងកំហែង ឬមានអារម្មណ៏ថាមិនស្រស់ស្រាយសោះហ្នឹងឯង…៕

  • កណ្តាស់ញឹកញាប់ កុំកន្តើយ អាការនេះបង្ហាញពីរោគសញ្ញាច្រើនណាស់

    កណ្តាស់ញឹកញាប់ កុំកន្តើយ អាការនេះបង្ហាញពីរោគសញ្ញាច្រើនណាស់

    ក្នុងអំឡុងពេលដែលអាកាសធាតុប្រែប្រួល រដូវកាលផ្លាស់ប្តូរ មនុស្សជាច្រើនតែងមានអាការកណ្តាស់ហាច់ឈីសៗ!ជាញឹកញាប់ ដែលប្រាកដណាស់ ច្បាស់ជានឹកភ្លែតឡើងថា ប្រហែលជាកើតផ្តាសាយមិនខាន។ អា៎…កុំអាលគិតថា អាការកណ្តាស់របស់យើងនេះ វាបញ្ចប់ត្រឹមតែជំងឺផ្តាសាយនោះ ព្រោះការពិតទៅ អ្នកណាដែលកណ្តាស់ញឹកញាប់ ព្រឹកក៏កណ្តាស់ ល្ងាចក៏កណ្តាស់ កណ្តាស់ពេញមួយថ្ងៃនេះ អាចបណ្តាលមកពីរាងកាយរបស់យើងមានលាក់បង្កប់ភាពខុសប្រក្រតីអ្វីម្យ៉ាង ឬច្រើនយ៉ាងក៏អាចថាបានដែរ។

    1 . រោគប្រតិកម្មចាញ់អាកាសធាតុ

    ក្នុងករណីដែលមិនមែនជាជំងឺផ្តាសាយ គឺមិនបានកណ្តាស់ និងមានទឹកសំបោរខាប់ស្អិត រួមទាំងគ្មានអាការឈឺក្បាលឡើយ ដូច្នេះវាអាចទៅរួចថា អាការកណ្តាស់ញឹកញាប់របស់អ្នកនេះ អាចបណ្តាលមកពីសភាវរបស់រោគប្រតិកម្មចាញ់ធាតុអាកាស រឹតតែនៅលើមនុស្សដែលមានអាការកណ្តាស់ញឹកញាប់ជាប់ៗគ្នា ឬមានអាការរមាស់ក្នុងភ្នែក ហៀរទឹកភ្នែករួមជាមួយផងនោះ ក៏រឹតតែសង្ស័យថាអាចនឹងកើតរោគប្រតិកម្មចាញ់អាកាធាតុ ឬជំងឺច្រមុះបានដែរ ព្រោះរោគនេះជាអាការដែលកើតឡើងនៅលើសាច់ភ្នាសក្នុងច្រមុះ ដែលសាច់ភ្នាសក្នុងច្រមុះរបស់អ្នកកើតរោគនេះនឹងឆាប់រហ័សមានប្រតិកម្មជាមួយនឹងកត្តាជំរុញជាច្រើនដូចជា សភាពអាកាសធាតុ ធូលីដី លំអងទឹកភ្លៀង កេសរបស់ផ្កា មេរោគផ្សិត រោមសត្វ ឬសូម្បីតែក្លិន និងវត្ថុដែលធ្វើឱ្យរលាកក្រហាយផ្សេងៗរហូតបង្កឱ្យកើតជាអាការកណ្តាស់ហាច់ឈីសៗហ្នឹងឯង។

    2 . រលាកសាច់ភ្នាសច្រមុះ

    សភាវរលាកសាច់ភ្នាសច្រមុះក៏អាចជាមូលហេតុរបស់អាការកណ្តាស់ញឹកញាប់នេះបានដែរ ដោយសាច់ភ្នាសក្នុងច្រមុុះដែលរលាកនោះច្រើនតែបណ្តាលមកពីការឆ្លងមេរោគវីរុសនៅលើប្រព័ន្ធដកដង្ហើម ឬអាចជាការឆ្លងមេរោគបាក់តេរីដែលច្រើនតែកើតនៅលើមនុស្សដែលមានប្រព័ន្ធប្រឆាំងជំងឺទាប ។ ទាំងអស់នេះយើងអាចសង្កេតអាការរលាកសាច់ភ្នាសច្រមុះនេះបានតាមរយៈអាការកណ្តាស់ញឹកញាប់ មិនព្រមបាត់ អ្នកខ្លះអាចមានក្តៅខ្លួនស្ទិញៗរួមជាមួយផង មានទឹកសំបោរពណ៌ប្រផេះ លឿង ដែលបង្ហាញពីអាការឆ្លងមេរោគ ហើយអ្នកខ្លះអាចមានអាការឈឺករួមជាមួយផងដែរ។

    3 . ជំងឺឬសដូងច្រមុះ

    ឬសដូងច្រមុះគឺ សភាវដែលសាច់ភ្នាសក្នុងច្រមុះមានអាការរលាក និងហើម រហូតមានលក្ខណៈលយពកចេញមកដូចជាខ្នែង ដែលច្រើនតែបណ្តាលមកពីការរលាក ឬការឆ្លងមេរោគនៅលើសាច់ភ្នាសច្រមុះរ៉ាំរ៉ៃ ភាពខុសប្រក្រតីរបស់ការតបស្នងចំពោះប្រព័ន្ធប្រសាទដែលគ្រប់គ្រងការធ្វើការរបស់សរសៃឈាមក្នុងផ្នែកដែលចិញ្ចឹមសាច់ភ្នាសច្រមុះ ដែលជាហេតុធ្វើឱ្យកើតអាការហើមលើសាច់ភ្នាសច្រមុះ។ ភាពខុសប្រក្រតីទាំងនោះអាចបង្ហាញចេញមកដោយអាការតឹងណែនច្រមុះ កណ្តាស់ញឹកញាប់ មានទឹកសំបោរថ្លាៗ ឬសំបោរមានពណ៌ព្រមជាមួយក្លិន រួមទាំងមានអាការឈឺពើតនៅត្រង់ក្តោងច្រមុះ និងថ្ពាល់ ឈឺករ៉ាំរ៉ៃ និងអាការឈឺងឿងក្បាលទៀតផង។

    4 . សភាវឌឺថ្នាំ

    ការប្រើថ្នាំប្រភេទដដែលៗជាប់ៗគ្នាយូរ អាចបង្កឱ្យកើតប្រតិកម្មអវិជ្ជមានចំពោះរាងកាយបាន ដោយច្រើនប្រទះឃើញថា ថ្នាំដែលអ្នកជំងឺលេបជាប់ៗគ្នារយៈពេលយូរ ជាហេតុនាំឱ្យកើតអាការរលាក ហុចផលឱ្យកើតអាការកណ្តាស់ញឹកញាប់មិនបាត់បានដូចគ្នា ដោយនឹងមានចំណុចសង្កេតបន្តិចថា អ្នកជំងឺនឹងមានអាការកណ្តាស់ក្រោយពីប៉ះពាល់នឹងអ្វីដែលជាកត្តាជំរុញ ដូចជា ផ្សែងបារី ក្លិនឈួលខ្លាំង ឬផ្សេង និងធូលីជាដើម ៕