Category: សុខភាព

  • មហារីកគ្រាប់ឈាមស…ដឹងច្បាស់ អាចការពារបាន

    មហារីកគ្រាប់ឈាមស…ដឹងច្បាស់ អាចការពារបាន

    មហារីកជាជំងឺកាចសាហាវមួយដែលមានច្រើនជាង 100 ប្រភេទ អាចកើតឡើងបាននៅលើមនុស្សគ្រប់ភេទ គ្រប់វ័យ និងសម្លាប់ជីវិតមនុស្សអស់ជាច្រើនមកហើយ។ លូគីមៀ( Leukemia )ក៏ជាមហារីកមួយប្រភេទដែលកើតឡើងបែបទាន់ហន់ដោយមិនបានដឹងខ្លួនមុនឡើយ ដូច្នេះគួរចៀសវាងពីទង្វើណាដែលប្រថុយប្រថានចំពោះការកើតរោគមហារីកនេះ និងការពិនិត្យសុខភាពរកមហារីករយៈចាប់ផ្តើមដំបូង នឹងបង្កើនឱកាសក្នុងការព្យាបាល និងអាចជាសះស្បើយបានទៀតផង។

    លោកវេជ្ជបណ្ឌិតជំនាញបានរៀបរាប់ថា ជំងឺមហារីកគ្រាប់ឈាមស( Leukemia ) ឬដែលមនុស្សទូទៅច្រើនហៅថា “ជំងឺលូគីមៀ” ជាជំងឺមហារីកមួយប្រភេទរបស់ប្រព័ន្ធឈាមដែលបណ្តាលមកពីកោសិកាគ្រាប់ឈាមសនៅក្នុងខួរឆ្អឹងលូតលាស់ឡើងខុសប្រក្រតី ធ្វើឱ្យមានការសាងគ្រាប់ឈាមសចេញមកច្រើនក្នុងក្រសែឈាម ហុចផលឱ្យការធ្វើការងាររបស់ប្រព័ន្ធគ្រាប់ឈាមបាត់បង់ អាចកើតបែបទាន់ហន់ភ្លាមៗ ឬកើតឡើងជាបណ្តើរៗ។ ជាទូទៅមហារីកគ្រាប់ឈាមសប្រភេទទាន់ហន់ភ្លាមៗនឹងមានអាការខ្លាំងក្លាជាងប្រភេទដែលកើតឡើងយឺតៗ ឬរ៉ាំរ៉ៃ។ មូលហេតុរបស់ជំងឺមហារីកគ្រាប់ឈាមស បច្ចុប្បន្ននៅមិនទាន់ដឹងពិតប្រាកដនៅឡើយទេ តែរកឃើញថា បច្ច័យខាងពូជអម្បូរ និងការឆ្លងមេរោគវីរុសប្រភេទខ្លះ រួមទាំងការបានទទួលសារធាតុគីមីមួយចំនួន ដូចជា ថ្នាំសម្លាប់សត្វល្អិត និងកាំរស្មីវិទ្យុសកម្ម អាចធ្វើឱ្យកើតមហារីគ្រាប់ឈាមសបាន។

    សម្រាប់អ្នកដែលកើតជំងឺមហារីកគ្រាប់ឈាមសនឹងមានអាការបង្ហាញឡើង ដូចជា លោហិតស្លេក ខ្លួនប្រាណឡើងស្លាំងងងឹតមុខ វិលមុខ ឆាប់ហត់ ងាយចេញឈាមនៅលើស្បែក និងអញ្ចាញធ្មេញ មានស្នាមជាំនៅលើដងខ្លួន ក្រពេញទឹករងៃរីកធំ អាចឃើញមានដុំអ្វីម្យ៉ាងនៅក្នុងពោះដោយសារតែ ថ្លើម និងលំពែងរីកធំ ប្រព័ន្ធការពារជំងឺរបស់រាងកាយខុសប្រក្រតី ងាយនឹងឆ្លងរោគ និងមានគ្រុនក្តៅខ្លួន។ បើរកឃើញថា ខ្លួនឯង ឬអ្នកនៅក្បែរខ្លួនណាម្នាក់មានអាការទាំងនេះ គួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីទទួលយកការពិនិត្យវិនិច្ឆ័យរោគ។ សម្រាប់ការព្យាបាលរោគមហារីកគ្រាប់ឈាមស ជាទូទៅច្រើនប្រើការព្យាបាលដោយថ្នាំគីមីជាចម្បង ចំណែកការដាំបណ្តុះខួរឆ្អឹង និងព្យាបាលដោយកាំរស្មីជាការព្យាបាលបន្ថែម ដើម្បីឱ្យលទ្ធផលការព្យាបាលល្អប្រសើរឡើង ឬជាដាច់តែម្តង ដែលវាអាស្រ័យលើប្រភេទរបស់មហារីកគ្រាប់ឈាមស ការតបស្នងចំពោះការព្យាបាលដោយសារធាតុគីមិ និងអាយុរបស់អ្នកជំងឺ។ ទាំងអស់នេះ យើងអាចប្រតិបត្តិខ្លួនដើម្បីការពារ និងកាត់បន្ថយភាពប្រថុយក្នុងការកើតជំងឺមហារីកបានដោយការជ្រើសរើសទទួលទានអាហារដែលមានប្រយោជន៍ ហាត់ប្រាណឱ្យបានជាប់លាប់ ចៀសវាងការប៉ះពាល់នឹងកាំរស្មីវិទ្យុសកម្ម និងសារធាតុគីមីដែលបង្កឱ្យកើតមហារីក។

    វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមហារីកបានរៀបរាប់ថា ជំងឺមហារីកសម្លាប់ជីវិតមនុស្សអស់ចំនួនមិនតិចឡើយ ហើយមូលហេតុរបស់ជំងឺមហារីកភាគច្រើនៗកើតចេញពីទង្វើក្បែរខ្លួនរបស់យើង ជាពិសេសការទទួលទានអាហារ ញ៉ាំស្រា និងជក់បារី និងមូលហេតុមួយផ្នែកទៀតបណ្តាលមកពីពូជអម្បូរ។ សម្រាប់ការព្យាបាលរោគមហារីកវិញ បច្ចុប្បន្នមហារីកប្រភេទខ្លះអាចព្យាបាលឱ្យជា និងធ្វើឱ្យអ្នកជំងឺអាចរស់នៅដូចប្រក្រតីបាន តែទាំងអស់នេះអាស្រ័យលើប្រភេទរបស់មហារីក អវយវៈដែលកើត និងដំណាក់កាលរបស់មហារីកដែលពិនិត្យរកឃើញ។

    ការពិនិត្យឃើញមហារីកក្នុងដំណាក់កាលចាប់ផ្តើមដំបូងនឹងធ្វើឱ្យមានការតបស្នងចំពោះការព្យាបាល និងមានឱកាសជាដាច់ច្រើនជាងក្នុងដំណាក់កាលរីករាលដាល ឬដំណាក់កាលចុងក្រោយ តែភាគច្រើនៗប្រទះឃើញថា ទម្រាំតែអ្នកជំងឺដឹងខ្លួនថាកើតមហារីក អាការក៏ស្ថិតក្នុងដំណាក់កាលរីករាលដាលខ្លាំងណាស់ទៅហើយ។

    ប្រហែលជាល្អមិនស្ទើរឡើយ បើសិនយើងទាំងអស់គ្នាឧស្សាហ៍សង្កេតមើលភាពខុសប្រក្រតីណាមួយក្នុងរាងកាយ ដែលអាចកើតឡើងបានដោយយើងមិនបានដឹងខ្លួន ជាពិសេសសម្រាប់រោគមហារីក រឹតតែឆាប់រកឃើញលឿនពេលណា ជីវិតនឹងរឹតតែមានសុវត្ថិភាពខ្លាំងឡើងប៉ុននោះដែរ៕

  • តួលេខ​អ្នកជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​COVID-19នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​

    តួលេខ​អ្នកជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​COVID-19នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​

    ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រទេស​ហ្វីលីពីន​ ឥណ្ឌូនេស៊ី និង​សិង្ហបុរី​ គឺជា​ចំណុច​ក្ដៅ​នៃ​ការ​រាត​ត្បាត​របស់​វីរុស​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី COVID-19 ខណៈ​ដែល​តួលេខ​សរុប​នៃ​អ្នកជំងឺ​ដែល​ត្រូវ​បាន​រកឃើញ​ក្នុង​តំបន់​នេះ​ បាន​កើន​ដល់​ជាង​324,400​នាក់​។

    ខាងក្រោម​នេះ​គឺជា​ចំណាត់​ថ្នាក់​ ក៏​ដូច​ជា​តួលេខ​នៃ​អ្នកជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍​៖

    1.ហ្វីលីពីន​បច្ចុប្បន្នជា​សម្បុក​វីរុស​ធំជាង​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍ ដោយ​មាន​អ្នកជំងឺ​សរុប​129,913នាក់ និង​អ្នក​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​COVID-19នេះ​ ឡើង​ដល់​​2,270​នាក់​។

    2.ឥណ្ឌូនេស៊ី​បាន​ធ្លាក់​មក​នៅ​លំដាប់​ទី​2 ជាមួយ​នឹង​អ្នកជំងឺ​សរុប​125,396​នាក់ និង​អ្នក​ស្លាប់​សរុប​5,723​នាក់​។

    3.សិង្ហបុរីវិញ រកឃើញ​អ្នក​ផ្ទុក​វីរុស​សរុប​55,104​នាក់​ និង​អ្នក​ស្លាប់​​27​នាក់​។

    4.ម៉ាឡេស៊ី​ រកឃើញ​អ្នកជំងឺ​9,083នាក់​ និង​ស្លាប់​​125​នាក់​។

    5.ប្រទេស​ថៃ រកឃើញ​អ្នកជំងឺ​3,351​នាក់​ និង​ស្លាប់​​58​នាក់​។

    6.វៀតណាម​រកឃើញ​អ្នកជំងឺ​841​នាក់​ និង​ស្លាប់​11​នាក់​។

    7.មីយ៉ាន​ម៉ា​រកឃើញ​អ្នកជំងឺ​360​នាក់​ និង​ស្លាប់​​6​នាក់​។

    8.កម្ពុជា​ឈរលំដាប់​ទី​8 ដោយ​​បាន​រកឃើញ​​អ្នកជំងឺ​COVID-19 សរុប​ចំនួន​​251​នាក់​។

    9.ប៊្រុយ​ណេ​មាន​អ្នក​ជំងឺ​142​នាក់​ និង​ស្លាប់​3​នាក់​។

    10.ទីម័រ​ខាង​កើត​មាន​អ្នកជំងឺ​25​នាក់​។

    11.ប្រទេស​ឡាវមាន​អ្នកជំងឺ​20​នាក់​។

    ដូច្នេះ យោង​តាម​តួលេខ​ខាង​លើ​នេះ គេ​ឃើញ​ថា នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ មាន​អ្នកជំងឺ​COVID-19 សរុប​ឡើង​ដល់​324,486​នាក់​ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​8,474​នាក់​៕

    ប្រភព៖ Worldometers

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​ជាមួយ​COVID-19 ថ្មី​ ចំនួន​3​ករណី​ទៀត ខណៈ​ពិភពលោក​រកឃើញ​6,975​នាក់​ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​ជាមួយ​COVID-19 ថ្មី​ ចំនួន​3​ករណី​ទៀត ខណៈ​ពិភពលោក​រកឃើញ​6,975​នាក់​ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​

    ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃទី​10​សីហា​នេះ​ថា បាន​រកឃើញ​អ្នកផ្ទុក​វីរុស​COVID-19 ចំនួន​3​នាក់​បន្ថែម​ទៀត​ ដែល​អ្នកជំងឺ​ទាំង​នេះ​គឺជា​ជន​ជាតិ​ខ្មែរ​។

    យោង​តាម​គេហទំព័រ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា អ្នក​មាន​ផ្ទុក​វីរុស​COVID-19 ខាងលើនេះ​​សុទ្ធ​តែ​ជា​បុរស​ និង​ជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្តត្បូង​ឃ្មុំ។

    ដូច្នេះ គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​រកឃើញ​​អ្នកជំងឺ​COVID-19 សរុប​ឡើង​ដល់​251​នាក់​។ ក្នុង​នោះ​មាន​32​នាក់​កំពុង​ទទួល​ការ​ព្យាបាល​នៅមន្ទីរពេទ្យ​ និង​219​នាក់​បាន​ជាសះស្បើយ​។

    នៅ​ទូទាំង​ពិភពលោក​ បច្ចុប្បន្ន​បាន​រកឃើញអ្នក​ឆ្លង​វីរុស​COVID-19​ សរុប​20,022,265នាក់​ ខណៈ​តួលេខ​នៃ​អ្នក​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​បាន​ឡើង​ដល់​733,971​នាក់​ ចំណែក​អ្នកជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​12,897,799​នាក់​៕

  • ក្រសួងសាធារណការ និងដឹកជញ្ជូនចេញវិធានការចំពោះការធ្វើដំណើរក្នុងថ្ងៃឈប់សម្រាកសងចូលឆ្នាំ ដើម្បីការពារ Covid-19

    ក្រសួងសាធារណការ និងដឹកជញ្ជូនចេញវិធានការចំពោះការធ្វើដំណើរក្នុងថ្ងៃឈប់សម្រាកសងចូលឆ្នាំ ដើម្បីការពារ Covid-19

    ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ព្រឹក​ថ្ងៃទី 08 ខែសីហា ឆ្នាំ2020 នេះ​បានចេញ​សេចក្តីណែនាំ​ឱ្យមាន​វិធានការ​ការពារ​ជំងឺ Covid-19 ក្នុងអំឡុងពេល​ឈប់សម្រាក​រយៈពេល 5ថ្ងៃ ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​ការងារ​សម្រាប់​បុណ្យចូលឆ្នាំថ្មី។

    នៅក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា ក្រសួង​សូម​ធ្វើការ​ណែនាំ​ឱ្យ​អ្នកដំណើរ ម្ចាស់​ក្រុមហ៊ុន ម្ចាស់​យានយន្ត​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន អ្នកដំណើរ អ្នកបើកបរ និង​អ្នក​បម្រើភ្ញៀវ​លើ​រថយន្ត​ដឹក​អ្នកដំណើរ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​រថយន្ត​ដឹក​អ្នកដំណើរ​ទាំងអស់ សូម​គោរព និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ទៅតាម​គោលការណ៍​ណែនាំ និង​វិធាន​ការការពារ​រាតត្បាត​ជំងឺ Covid-19។

    វិធានការ​ទាំងអស់នោះ​មានដូចជា៖

    • ជៀសវាង​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ ដែលមាន​ផ្ទុក​មនុស្ស​ច្រើន
    • បើ​ចាំបាច់​ត្រូវធ្វើ​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ លោកអ្នក​ត្រូវ​ពាក់​ម៉ាស់​ជានិច្ច រក្សា​គម្លាត​ពី​ម្នាក់​ទៅ​ម្នាក់​ឱ្យបាន​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ និង​ត្រូវ​យកតាម​ខ្លួន​នូវ​ទឹក​អាល់កុល ឬ​ទឹក​ជែ​ល​សម្រាប់​លាងដៃ។
    • ជៀសវាង​ការធ្វើដំណើរ ប្រសិនបើ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម ឬ​មាន​បញ្ហា​សុខភាព
    • សម្រាប់​អ្នកបើកបរ​ត្រូវ៖
      • បើក​បង្អួច​រថយន្ត ឱ្យមាន​ខ្យល់​ចេញចូល ជៀសវាង​ការប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក
      • លើកទឹកចិត្ត​ឱ្យ​អ្នកដំណើរ​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា​ខ្ទប់មាត់ និង​ច្រមុះ ដើម្បី​ជៀសវាង​ការចម្លង​ជាយថាហេតុ​នៃ​ជំងឺ​ផ្តាសាយផ្សេងៗ រួមទាំង Covid-19 ផងដែ
      • ត្រូវ​សម្អាត​រថយន្ត​ជាប្រចាំ
      • ម្ចាស់​រថយន្ត​ត្រូវ​មានទឹក​អាលកុល ឬ​ជែ​ល​លាងដៃ ដើម្បីឱ្យ​អ្នកដំណើរ​លាង​សម្អាត​ដៃ
      • ចំពោះ​អ្នក​បើ​រថយន្ត​ដែលមាន​រោគសញ្ញា​ក្រុនក្តៅ ផ្តាសាយ ឈឺបំពង់ក ពិបាក​ដកដង្ហើម ត្រូវ​ផ្អាក​បើកបរ​ជា​បណ្តោះអាសន្ន និង​ត្រូវ​ទៅ​មន្ទីរពេទ្យ​រដ្ឋ ដើម្បី​ពិនិត្យ​សុខភាព៕
  • កម្ពុជា​បាន​រកឃើញ​អ្នកផ្ទុក​COVID-19​ សរុប​246​នាក់​ ខណៈ​ពិភពលោក​រកឃើញជាង​​19,541,000នាក់

    កម្ពុជា​បាន​រកឃើញ​អ្នកផ្ទុក​COVID-19​ សរុប​246​នាក់​ ខណៈ​ពិភពលោក​រកឃើញជាង​​19,541,000នាក់

    នា​ព្រឹក​ថ្ងៃទី​8​សីហា​នេះ ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19ចំនួន​3​នាក់​បន្ថែម​ទៀត​ នៅក្នុង​គ្រា​ដែល​ពិភពលោក​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​8,687​នាក់​​ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។

    នៅ​កម្ពុជា​ ករណី​ឆ្លង​វីរុស​​ទាំង​3​ខាង​លើ​នេះ​​ ត្រូវ​បាន​ក្រសួង​សុខាភិបាល​​រកឃើញ​​កាល​ពី​ថ្ងៃទី​7​សីហា។ អ្នកជំងឺ​ទាំង​នេះ​គឺជា​ជន​ជាតិ​ខ្មែរ​ ក្នុង​នោះ​មាន​2​នាក់​នៅ​ខេត្ត​កំពង់​ឆ្នាំង​ និង​1​នាក់​នៅ​កំពង់​ចាម​។ ដូច្នេះ​គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​ចំនួន​246​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​215​នាក់​បាន​ជាសះស្បើយ និង​31​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

    នៅទូទាំង​ពិភពលោក​ គិត​មក​ដល់​ពេល​នេះ បាន​រកឃើញ​អ្នកឆ្លង​COVID-19 សរុប​19,541,219​នាក់ អ្នក​ស្លាប់​សរុប​724,050នាក់​ និង​ជា​សះស្បើយ​ចំនួន​12,544,480​នាក់​៕

  • ចង់មាន E.Q. ខ្ពស់ត្រូវតែអាន…5 តិចនិក ការអភិវឌ្ឍ ភាពឆ្លាតវៃខាងអារម្មណ៍

    ចង់មាន E.Q. ខ្ពស់ត្រូវតែអាន…5 តិចនិក ការអភិវឌ្ឍ ភាពឆ្លាតវៃខាងអារម្មណ៍

    បច្ចុប្បន្ននេះដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ក្រៅពីសមត្ថភាពក្នុងការគិតវិភាគ ការប្រើហេតុផល និងការគិតគណនាដែលហៅថា I.Q. ហើយនោះ មនុស្សយើងគួរមានភាពឆ្លាតវៃខាងអារម្មណ៍ ឬដែលហៅថា E.Q. គួបគូគ្នាជាមួយផង ដែលវានឹងជួយឱ្យការដំណើរការជីវិតរស់នៅប្រព្រិត្តទៅយ៉ាងចម្រើន និងមានសេចក្តីសុខ។

    អ្នកដែលមាន E.Q. (Emotional Quotient) ខ្ពស់នឹងមានថាមពលផ្លូវចិត្តដែលល្អ ពឹងពាក់លើខ្លួនឯងបាន មានឥស្សរភាពអាចទទួលដឹង និងយល់ទាំងពីអារម្មណ៍របស់ខ្លួនឯង និងរបស់អ្នកដទៃ រហូតដល់អាចសម្រួល ឬគ្រប់គ្រងអារម្មណ៍បានស័ក្តិសមនឹងស្ថានការណ៍ ដូច្នេះការអភិវឌ្ឍភាពឆ្លាតវាងវៃខាងអារម្មណ៍ជារឿងសំខាន់មួយ ដែលយើងអាចធ្វើបានដោយប្រើតិចនិកដូចខាងក្រោមនេះ ៈ

    ដឹងទាន់ : ហ្វឹកហាត់ឱ្យដឹងទាន់ពីអារម្មណ៍របស់ខ្លួនឯងឱ្យបានញឹកញាប់ ដោយការប្រាប់ខ្លួនឯងឱ្យបានថា ខណៈនេះកំពុងមានអារម្មណ៍យ៉ាងម៉េច និងទទួលដឹងឱ្យបានពីភាពប្រែប្រួលខាងអារម្មណ៍ដែលកំពុងកើតឡើង។

    ចាត់ការអារម្មណ៍ខ្លួនឯង : នៅពេលកើតអារម្មណ៍អវិជ្ជមាន ដូចជា មួម៉ៅ មិនពេញចិត្ត សោកសៅ ខូចចិត្ត ចូរដឹងទាន់ពីអារម្មណ៍ទាំងនោះ និងរិះរកវិធីចាត់ការដែលស័ក្តិសម។

    យល់ពីអារម្មណ៍អ្នកដទៃ : ផ្តល់នូវការយកចិត្តទុកដាក់ ចាប់អារម្មណ៍ចំពោះអារម្មណ៍អ្នកដទៃ រួមទាំងតបស្នងឱ្យដឹងថា យល់ និងយល់ចិត្តអាណិតមេត្តា។

    សាងកម្លាំងដឹកនាំផ្លូវចិត្តដល់ខ្លួនឯង : រំលឹកឡើងវិញនូវអ្វីដែលសំខាន់ចំពោះជីវិត ស្វែងរកប្រយោជន៍ពីឧបសគ្គ សម្លឹងពិភពលោកក្នុងន័យវិជ្ជមាន សាងអត្ថន័យក្នុងជីវិត និងផ្តល់កម្លាំងចិត្តដល់ខ្លួនឯង។

    ស្គាល់ពីសាងសម្ព័ន្ធភាពដែលល្អ : មានទឹកចិត្តល្អ មេត្តាអនុគ្រោះ ចែករំលែក ហ៊ានសម្តែងចេញយ៉ាងស័ក្តិសម និងរៀនយល់ដឹងពីការបង្ហាញគំនិតយោបល់ជំទាស់យ៉ាងរីកចម្រើន។

    អ្នកដែលមានភាពឆ្លាតវៃខាងអារម្មណ៍ នឹងមានប្រៀបជាងអ្នកដទៃក្នុងការរស់នៅ និងដំណើរជីវិតដែលនឹងប្រកបទៅដោយសេចក្តីសុខ សន្តិភាព និងសម្បូរទៅដោយសម្ព័ន្ធមិត្ត និងមានអ្នកគោរពស្ងើចសរសើរច្រើន៕

  • 5 វិធីមើលថែទាំខ្លួនឯងឱ្យចៀសឆ្ងាយពីជំងឺគ្រុនផ្តាសាយ

    5 វិធីមើលថែទាំខ្លួនឯងឱ្យចៀសឆ្ងាយពីជំងឺគ្រុនផ្តាសាយ

    វិធីដំបូងៗដែលជួយឱ្យរួចផុតពីជំងឺគ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំមានច្រើន ដែលអាចធ្វើបានដោយខ្លួនឯងមានដូចតទៅ:

    1 . ចៀសវាងពីការប៉ះពាល់ ឬនៅជិតដិតនឹងអ្នកជំងឺ រួមទាំងមិនប្រើរបស់របរផ្ទាល់ខ្លួនរួមជាមួយអ្នកជំងឺ ដូចជា ចាន សមស្លាបព្រា កែវទឹក កន្សែងជូតមាត់ កន្សែងជូតខ្លួន-ល- បើមានអ្នកជំងឺគ្រុនផ្តាសាយ ឬគ្រុនផ្តាសាយធំនៅក្នុងផ្ទះ គួរណែនាំឱ្យគាត់រកក្រណាត់ម៉ាស់មកពាក់បាំងច្រមុុះ និងមាត់ ឬគួរយកក្រណាត់ ឬក្រដាស់ជូតដៃបាំងមាត់ពេលកណ្តាស់ ឬក្អកជាដើម។

    2 . លាងដៃឱ្យបានញឹកញាប់ដោយទឹក និងសាប៊ូ ឬប្រើអាល់កុលជេលជូតសំអាតដៃបន្ទាប់ពីប៉ះពាល់អ្នកជំងឺ ឬរបស់របរប្រើប្រាស់ក្នុងទីសាធារណៈហើយ ដូចជាការប៉ះពាល់ដៃទ្វារ បង្កាន់ដៃរថយន្តក្រុង ឬបង្កាន់ដៃជណ្តើរជាដើម។

    3 . ក្នុងខណៈដែលមានការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្តាសាយធំ គួរចៀសវាងការចូលទៅនៅក្នុងទីកន្លែងដែលមានមនុស្សច្រើនៗ និងគ្មានខ្យល់អាកាសចេញចូលរយៈពេលយូរ។

    4 . ឧស្សាហ៍មើលថែទាំសុខភាពរាងកាយឱ្យរឹងប៉ឹងជាប់ជានិច្ច ដោយការបរិភោគអាហារដែលមានប្រយោជន៍ ហាត់ប្រាណឱ្យបានជាប់លាប់ សម្រាកឱ្យបានគ្រប់គ្រាន់ រក្សារាងកាយឱ្យនៅកក់ក្តៅជាប់ជានិច្ច។

    5 . ពេលចាប់ផ្តើមមានអាការគ្រុនផ្តាសាយធំ គួរគេងសម្រាកឱ្យបានច្រើន និងញ៉ាំទឹកញឹកញាប់ បើក្តៅខ្លួនខ្លាំង ចូរលេបថ្នាំបញ្ចុះកម្តៅ និងយកក្រណាត់ជ្រលក់ទឹកក្តៅឧណ្ហៗជូតខ្លួន ឬបើអាការមិនល្អប្រសើរឡើង ចូរប្រញាប់ទៅមន្ទីពេទ្យ។

    រឿងសំខាន់យើងគួរយកចិត្តទុកដាក់សិក្សា និងតាមដានព័ត៌មានដែលពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្តាសាយ ជាពិសេសគ្រុនផ្តាសាយធំដែលមានការឆ្លងរាលដាល និងក្លាយពូជជាប្រចាំរៀងរាល់ឆ្នាំ៕

  • រឿងដែលគួរដឹង មុនពិនិត្យសុខភាព តើមានអ្វីខ្លះ?

    រឿងដែលគួរដឹង មុនពិនិត្យសុខភាព តើមានអ្វីខ្លះ?

    និយាយពីរឿង ពិនិត្យសុខភាព មនុស្សជាច្រើនប្រហែលជាធ្លាប់ពិនិត្យរួចហើយ អ្នកខ្លះអាចពិនិត្យនៅកន្លែងធ្វើការ ឬពិនិត្យនៅមន្ទីពេទ្យ ។ ទោះជារឿងការពិនិត្យសុខភាពមានមកយូរហើយក៏ដោយ តែនៅមានមនុស្សជាច្រើនទៀតដែលនៅមិនទាន់ហ៊ាន ឬមិនដឹងថាហេតុអីត្រូវទៅពិនិត្យ ពិនិត្យហើយបានអ្វី?   ហើយបើចង់ទៅពិនិត្យ តើត្រូវធ្វើយ៉ាងណាខ្លះ? ថ្ងៃនេះ ឡារ៉ែន មានចម្លើយចំពោះរឿងនេះមកជម្រាបជូនមិត្តអ្នកអានបានរៀនយល់ដឹងមុនពេលទៅពិនិត្យសុខភាព។

    “ការពិនិត្យសុខភាព” ចែកចេញជា 2 រឿង គឺការស្វែងរកជំងឺដែលបង្កប់នៅក្នុងខ្លួនយើង ដោយដែលយើងនៅមិនទាន់មានចេញអាការខុសប្រក្រតីអ្វី ដែលហៅថា “គ្រោះភ័យលាក់មុខ” ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ខ្លាញ់ក្នុងឈាម មហារីកស្បូន ជាដើម និងមួយទៀតគឺការស្វែងរកទង្វើដែលប្រថុយប្រថាន និងបច្ច័យប្រថុយប្រថានក្នុងការកើតជំងឺផ្សេងៗ ដែលបើសិនជារកឃើញថា មានភាពប្រថុយប្រថាននោះ គ្រូពេទ្យនឹងផ្តល់នូវការណែនាំក្នុងការប្រតិបត្តិខ្លួនយ៉ាងត្រឹមត្រូវ ដើម្បីការពារមិនឱ្យកើតរោគភ័យហ្នឹងឯង។

    អីលូវយើងនាំគ្នាមកមើលវិញប្រសើរជាងថា តើ 6 រឿងគួរដឹងមុនពិនិត្យសុខភាពនេះមានអ្វីខ្លះ?

    1 . ការពិនិត្យសុខភាពជារឿងសំខាន់ ព្រោះមានជំងឺច្រើនប្រភេទដែលជាគ្រោះភ័យលាក់មុខ ដូច្នេះការពិនិត្យតាំងពីរយៈចាប់ផ្តើមដំបូង បើរកឃើញមាន នឹងធ្វើឱ្យងាយស្រួលព្យាបាល និងមានឱកាសជាសះស្បើយបាន។

    2 . ការពិនិត្យសុខភាពកុមារក៏មានភាពសំខាន់ដូចគ្នាដែរ ដោយសង្កត់ធ្ងន់លើការចាក់វ៉ាក់សាំងដើម្បីការពារជំងឺ រួមទាំងមានពិនិត្យមើលការចម្រើនធំធាត់ និងវិវឌ្ឍនាការថា ស័ក្តិសម ឬត្រូវនឹងវ័យដែរឬទេ? ដើម្បីការពារភាពខុសប្រក្រតីផ្សេងៗ និងដែលសំខាន់គឺ ការពិនិត្យសុខភាពតាំងពីក្មេងនឹងធ្វើឱ្យគ្រូពេទ្យបានត្រួតពិនិត្យបច្ច័យប្រថុយប្រថានជ្រៀតជ្រែកផ្សេងៗដែលនឹងកើតចំពោះក្មេង និងធ្វើការព្យាបាលបានទាន់ពេលវេលា។

    3 . ការពិនិត្យសុខភាពត្រូវពិនិត្យឱ្យស័ក្តិសមនឹងខ្លួនយើង បើពិនិត្យលើសពីចាំបាច់ នឹងធ្វើឱ្យខាតបង់ប្រាក់ដោយឥតប្រយោជន៍ និងការពិនិត្យមួយចំនួនអាចនឹងនាំទៅរកសភាវជ្រៀតជ្រែកដែលមានគ្រោះថ្នាក់ដល់ជីវិតបាន។

    4 .”ពិនិត្យសុខភាពប្រចាំឆ្នាំ” គឺជាពាក្យដែលយល់ខុស ព្រោះការពិនិត្យសុខភាពមិនចាំបាច់ត្រូវពិនិត្យរាល់ឆ្នាំនោះទេ តែជាការពិនិត្យតាមដំណាក់កាល តាមភាពចាំបាច់របស់បុគ្គលម្នាក់ៗ អាស្រ័យលើភេទ អាយុ និងោកាសប្រថុយប្រថានក្នុងការឈឺថ្កាត់ ដូចជា ទឹកនោមផ្អែម ជាតិខ្លាញ់ក្នុងឈាមឡើងខ្ពស់ ជាដើម។

    5 . ប្រជាជនច្រើនតែយល់ច្រឡំថា ការពិនិត្យសុខភាព គឺការស្វែងរកជំងឺដោយការពិនិត្យក្នុងបន្ទប់ពិសោធន៍ និងសង្កត់ធ្ងន់លើការព្យបាលអំពីគ្រូពេទ្យ ទើបប្រហែស និងបណ្តែតបណ្តោយការមើលថែទាំសុខភាពរបស់ខ្លួនឯង ដែលការពិតវិញ ការពិនិត្យសុខភាពដែលត្រឹមត្រូវគឺ ផ្តល់ភាពសំខាន់លើការសាកសួរប្រវត្តិដើម្បីស្វែងរកបច្ច័យប្រថុយ ដែលនៅពេលបានដឹងពីបច្ច័យប្រថុយប្រថាននឹងការកើតជំងឺផ្សេងៗហើយនោះ ដំណាក់កាលបន្តទៅទៀត គឺការឱ្យគ្រូពេទ្យពិនិត្យរាងកាយ ដោយនឹងពិនិត្យក្នុងមន្ទីរពិសោធន៍ចំពោះតែអ្វីដែលចាំបាច់ប៉ុណ្ណោះ ដែលពេលខ្លះមិនចាំបាច់ត្រូវពិនិត្យសោះក៏មានដែរ។

    6 . យើងអាចពិនិត្យសុខភាពដោយខ្លួនឯងបាន ដោយការពិនិត្យសង្កេតទង្វើ ទម្ងន់ខ្លួន ការវាស់រង្វង់ជុំចង្កេះថា តើស្ថិតក្នុងសភាវដុះក្បាលពោះដែរឬទេ? ដោយវាស់យកចំណុចកណ្តាលត្រង់ផ្ចិត រួចយកប្រវែងដែលបានមកចែកនឹងកម្ពស់ ដោយមនុស្សប្រក្រតីនឹងមានប្រវែងជុំចង្កេះមិនលើសពាក់កណ្តាលរបស់ប្រវែងកម្ពស់ឡើយ បើលើស បញ្ជាក់ថា ការដុះក្បាលពោះរបស់យើងនេះមានភាពប្រថុយប្រថានក្នុងការកើតជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺត្បៀតសរសៃឈាមបេះដូង ឬខួរក្បាល។

    វិធីការត្រៀមខ្លួនមុនពិនិត្យសុខភាព

    1 . គួរគេងសម្រាក និងលក់ឱ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ 6 ម៉ោងមុនការពិនិត្យសុខភាព ព្រោះ បើសិនជាមិនបានគេង នឹងធ្វើឱ្យលទ្ធផលការពិនិត្យខុសប្រក្រតី ជាពិសេសសម្ពាធឈាម ចង្វាក់បេះដូង សីតុណ្ហភាពរបស់រាងកាយ ដែលអាចធ្វើឱ្យគ្រូពេទ្យមិនអាចវាយតម្លៃបានថា សុខភាពរាងកាយយើងមានភាពខុសប្រក្រតីមែនឬយ៉ាងណាឡើយ។

    2 . តមអាហារ និងភេសជ្ជៈ ចៀសវាងអាហារដែលមានជាតិខ្លាញ់ច្រើនយ៉ាងហោចណាស់ 8 – 10 ម៉ោងមុនពិនិត្យ តមស្រា ឬប៊ីយែរយ៉ាងតិច 24 ម៉ោងមុនពិនិត្យសុខភាព ដោយសារតែភេសជ្ជៈដែលមានជាតិអាល់កុលអាចមានផលប៉ះពាល់ដល់ការពិនិត្យមួយចំនួន ដូច្នេះគួរប្រាប់លោកគ្រូពេទ្យឱ្យបានដឹងមុននឹងពិនិត្យក្នុងករណីដែលបានទទួលទាន។

    3 . បើសិនមានជំងឺប្រចាំកាយ ឬប្រវត្តិសុខភាពផ្សេងទៀត សូមនាំយកលទ្ធផលរបស់ការពិនិត្យកាលពីពេលនោះទៅជាមួយផង ដើម្បីគ្រូពេទ្យនឹងបានវិនិច្ឆ័យបានត្រឹមត្រូវ។

    4 . សម្រាប់ស្រ្តីមិនគួរស្ថិតក្នុងអំឡុងពេលមុន និងក្រោយមានវដ្តរដូវ 7 ថ្ងៃ បើមានវដ្តរដូវប្រចាំខែចូរតមពិនិត្យទឹកមូត្រ ព្រោះឈាមនឹងមានលាយឡំនៅក្នុងទឹកមូត្រ ដែលនឹងមានផលដល់ការបង្ហាញលទ្ធផលការពិនិត្យ។

    5 . ការពិនិត្យចម្រាញ់មហារីកសុដន់ដោយអិចស៍រេយ៍សុដន់ ( Mammogram ) ចៀសវាងការពិនិត្យក្នុងអំឡុងមានវដ្តរដូវប្រចាំខែ ដែលសុដន់មានភាពតឹងណែន ដូច្នេះគួរពិនិត្យក្រោយពេលមានប្រចាំខែ។

    យើងបានឃើញហើយថា ការពិនិត្យសុខភាពមានភាពសំខាន់ និងមិនបានធ្វើឱ្យយើងខាតពេលវេលាច្រើនដូចដែលយើងគិតនោះទេ តែផ្ទុយទៅវិញវាបែរជាជួយសន្សំសំចៃពេលវេលារបស់យើងទៅវិញទេ ព្រោះការរកឃើញភាពប្រក្រតីតាំងពីរយៈផ្តើមដំបូង ការព្យាបាលឱ្យជាសះស្បើយអាចធ្វើបានយ៉ាងល្អប្រសើរ និងគ្មានពាក្យថា “ហួសពេលហើយ” ទៀតផង៕

  • គ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំ ខុសគ្នាត្រង់ណា និង វិធីមើលថែទាំខ្លួន

    គ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំ ខុសគ្នាត្រង់ណា និង វិធីមើលថែទាំខ្លួន

    អំឡុងពេលនេះចាប់ផ្តើមឈានចូលរដូវរងាហើយ ធាតុអាកាសក៏ប្រែប្រួលទៅតាមរដូវកាល បើរាងកាយយើងសម្របសម្រួលខ្លួនមិនទាន់ អាចនឹងធ្វើឱ្យកើតជំងឺផ្សេងៗបាន ដោយជំងឺដែលជួបប្រទះញឹកញាប់ក្នុងរដូវរងាភាគច្រើនគឺ ជំងឺគ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំ ដូច្នេះយើងនាំគ្នាមកត្រៀមរាងកាយឱ្យរួចជាស្រេច ដើម្បីកុំឱ្យឈឺថ្កាត់ទាំងអស់គ្នា។

    វេជ្ជបណ្ឌិតជំនាញសាខាអនាម័យបរិស្ថានវិទ្យា បានអធិប្បាយថា ជំងឺគ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំ កើតដោយសារមេរោគវីរុស អាចចម្លងគ្នាបានយ៉ាងងាយ មេរោគនឹងចូលទៅក្នុងរាងកាយតាមច្រមុះ មាត់ និងភ្នែក។ មេរោគទាំងនេះស្ថិតនៅក្នុងលម្អងទឹកកំហាក សំបោរ ទឹកមាត់របស់អ្នកជំងឺដែលកណ្តាស ឬក្អកចេញមក។ ក្រៅពីនេះមេរោគនៅអាចជាប់នៅលើភាជនៈ របស់ប្រើប្រាស់ផ្សេងៗដែលមានប្រឡាក់លម្អងទឹកសំបោរ ឬទឹកមាត់របស់អ្នកជំងឺ។ ជំងឺនេះអាចរីករាលដាលយ៉ាងទូលំទូលាយបាននៅក្នុងទីកន្លែងដែលមានមនុស្សរស់នៅរួមគ្នាច្រើន និងគ្មានខ្យល់អាកាសបក់ចេញចូល។

    គ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំខុសគ្នាត្រង់ណា

    អាការសញ្ញារបស់គ្រុនផ្តាសាយនឹងចាប់ផ្តើមដោយការមានគ្រុនក្តៅ ឈឺក្បាល ក្អក កណ្តាស់ ឈឺ-ក អាចមានអាការរងាញាក់ទៀតផង តែសម្រាប់អ្នកដែលកើតជំងឺគ្រុនផ្តាសាយធំវិញ នឹងមានអាការធ្ងន់ធ្ងរជាងគឺ ក្តៅខ្លួនខ្លាំង រងាញាក់ ឈឺក្បាល និងវិលមុខខ្លាំង ឈឺនៅតាមឆ្អឹង និងសាច់ដុំ និងច្រើនតែមានអាការក្អួតចង្អោរគួបផ្សំជាមួយផង។ បើបានសម្រាកយ៉ាងគ្រប់គ្រាន់ និងបានទទួលការរក្សាព្យាបាលយ៉ាងត្រឹមត្រូវ អ្នកជំងឺនឹងជាដាច់ពីជំងឺនេះបានក្នុងរយៈពេល 5 – 7 ថ្ងៃ។

    តែអ្នកខ្លះអាចនឹងកើតរោគជ្រៀតជ្រែក ដូចជា រោគហើមសួត រោគរ៉ាំរ៉ៃ ដូចជា ហឺត ជំងឺសួតរ៉ាំរ៉ៃ រោគបេះដូង និងសរសៃឈាម រលាកបំពង់ក រលាកបំពង់ខ្យល់ ដែលអាចមានគ្រោះថ្នាក់ខ្លាំងជាពិសេសក្នុងក្រុមប្រថុយប្រថានដូចជា ស្រ្តីមានគភ៌ ជាដើម៕

  • ទិដ្ឋភាព​ពិភពលោក​ដែល​ត្រូវ​បាន​COVID-19 គ្រប់​គ្រង​ក្នុង​​រយៈ​ពេល​ពី​បីទៅ​បួន​ឆ្នាំ​ទៅ​មុខ

    ទិដ្ឋភាព​ពិភពលោក​ដែល​ត្រូវ​បាន​COVID-19 គ្រប់​គ្រង​ក្នុង​​រយៈ​ពេល​ពី​បីទៅ​បួន​ឆ្នាំ​ទៅ​មុខ

    ប្រជាជន​នឹង​តម្រូវ​ឱ្យ​មាន​កាត​លឿង​មួយ​នៅ​ពេល​ពួកគេ​បង្ហាញខ្លួន​នៅ​ក្នុង​អាកាស​យាន​ដ្ឋាន​ដើម្បី​បញ្ជាក់​ថា​មិន​មាន​ផ្ទុក​វីរុស​ ខណៈ​ដែល​សាលា​រៀន​ ភោជនីយដ្ឋាន​ ពហុកីឡដ្ឋាន​ក៏​នឹង​ត្រូវ​មាន​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​រហ័ស​សម្រាប់​ស្វែង​រក​​COVID-19​ផងដែរ​។

    ក្នុង​រយៈ​ពេល​ពី​បី​ទៅ​បួន​ឆ្នាំ​ខាង​មុខ ពិភពលោក​នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​COVID-19 នៅ​ពេល​ដែល​ចំណុច​ក្ដៅ​របស់​វីរុស​នេះ​បន្ត​លោត​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​កាន់​ប្រទេស​មួយ​ ហើយ​ឥទ្ធិពល​របស់​វីរុស​នេះក៏​នឹង​អូស​បន្លាយ​រាប់​ទសវត្សរ៍​។ នេះ​បើ​តាម​ការ​ព្យាករ​របស់​បណ្ឌិត​ Larry Brilliant អ្នក​ឯក​ទេស​ផ្នែក​រោគ​ឆ្លង​មួយ​រូបនៅ​ California សហរដ្ឋ​អាមេរិក និង​ជា​ប្រធានក្រុមប្រឹក្សា​នៃ​អង្គ​ការ​ Ending Pandemics។ លោក​ធ្លាប់​ជា​សមាជិក​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) ក្នុង​ទសវត្សរ៍​ឆ្នាំ​1970 ដែល​ធ្លាប់​បាន​ចូល​រួម​ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អុត​ធំ (smallpox) ដែល​បង្កឡើង​ដោយ​វីរុស​ Variola major និង Variola minor។

    ក៏ប៉ុន្តែ ស្ថាន​ភាព​ “មិន​អាក្រក់​ខ្លាំង​ណាស់​ណា​នោះ​ទេ​”។ ក្រុម​ហ៊ុន​ឱសថ​រាប់សិប​នៅលើពិភពលោក​នឹង​ផលិត​វ៉ាក់​សាំង​ជា​ច្រើន​ប្រភេទ​ ព្រម​ទាំង​អាច​​រកឃើញ​វិធី​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ រួម​មាន​ទាំង​ការ​ព្យាបាល​ជាមួយ​នឹង​អង្គបដិបក្ខក្នុង​ប្លាស្មាឈាមជាដើម​ ដែល​អាច​ជួយឱ្យ​អ្នកជំងឺ​ជាសះស្បើយ​បាន​ឆាប់រហ័ស​ជាង​បច្ចុប្បន្ន​។

    លោក Brilliant ថ្លែងថា “យើង​នឹង​នៅ​តែ​ស្ថិត​ក្នុង​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​ទល់​​នឹង​COVID19 ក្នុង​រយៈ​ពេល​ប្រហែល​ជា​បួនឆ្នាំ​ទៀត​ ប៉ុន្តែ​មិន​ដូច​បច្ចុប្បន្ន​ឡើយ”។ លោក​បន្ត​ថា “សង្គ្រាម​នោះ​នឹង​ដូច​ទៅ​នឹង​កម្មវិធី​បោស​សម្អាត​ជំងឺ​អុត​ធំ ឬ​ជំងឺ​គ្រុន​ស្វិត​ដៃជើង​។ វា​ដូច​ទៅ​នឹង​ជំងឺ​គ្រុន​លឿង​ (Yellow fever) ដែល​ប្រទេស​ខ្លះ​មាន​ ហើយ​ប្រទេស​ខ្លះ​ទៀត​មិន​មាន​”។

    ទិដ្ឋភាព​ពិភពលោក​ដែល​ត្រូវ​បាន​COVID-19 គ្រប់​គ្រង​ក្នុង​​រយៈ​ពេល​ពី​បីទៅ​បួន​ឆ្នាំ​ទៅ​មុខឧបសគ្គ​នៅ​ចំពោះ​មុខ​ បើ​តាម​លោក​ Brilliant នោះគឺ​ការ​ជួប​ជុំ​ក្នុង​ពិធី​ផ្សេង​ៗ​ សិស្ស​ត្រូវ​ចូល​រៀន​ ការ​ឆ្លង​រាល​ដាល​នៃ​វីរុសបង្ក​ជំងឺ​​គ្រុន​ផ្ដាសាយ​ រួម​នឹង​ការ​ពលរដ្ឋ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ជា​ដើម​។ល។

    សាលា​រៀន​គឺជា​កន្លែង​ដែល​ងាយ​នឹង​ឆ្លង​វីរុស​ ដោយ​សារ​សិស្ស​មួយ​ចំនួន​ធំ​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ និង​តែង​តែ​ជួប​ជុំ​គ្នា​នៅក្នុង​បន្ទប់រៀន​ បរិវេណ​សាលា​ និង​ក្នុង​ពិធី​ផ្សេង​ៗទៀត។ ទាំង​នេះ​សុទ្ធ​តែ​ជា​កត្ដាដែល​នាំ​ឱ្យ​វីរុស​ឆ្លង​រាល​ដាល​លឿន​។ ហាង​កាហ្វេ​ បន្ទប់​ហាត់​ប្រាណ បន្ទប់​ផ្លាស់​សម្លៀក​បំពាក់ សាល​មហោស្រប​ និង​អាង​ហែល​ទឹក​​ក៏ជា​ឧបសគ្គ​ចំពោះ​បេសក​កម្ម​គ្រប់​គ្រង​COVID-19ផងដែរ​។

    បន្ទាប់​ពីបាន​​ឆ្លង​វីរុស​ពី​សាលា​រៀន សិស្ស​នឹង​នាំ​វីរុស​នេះ​មក​ចម្លង​ឱ្យ​មនុស្ស​នៅ​ឯផ្ទះ​។ ស្ថាន​ភាព​នេះ​នឹង​ធ្វើ​ឱ្យ​COVID-19​ រីក​ចម្រើន​បាន​យ៉ាង​លឿន​ និង​បង្ក​ផល​ប៉ះពាល់​ដល់​តំបន់​មួយ​ចំនួន​ដែល​មុន​នេះ​មិន​ធ្លាប់​មាន​វីរុស​។

    ទិដ្ឋភាព​ពិភពលោក​ដែល​ត្រូវ​បាន​COVID-19 គ្រប់​គ្រង​ក្នុង​​រយៈ​ពេល​ពី​បីទៅ​បួន​ឆ្នាំ​ទៅ​មុខ
    បណ្ឌិត​ Larry Brilliant អ្នក​ឯក​ទេស​ផ្នែក​រោគ​ឆ្លង​មួយ​រូបនៅ​ California សហរដ្ឋ​អាមេរិក និង​ជា​ប្រធានក្រុមប្រឹក្សា​នៃ​អង្គ​ការ​ Ending Pandemics

    លោក​ Brilliant ថ្លែង​ថា “យើង​កំពុង​តែ​ស្ថិត​ក្នុង​ផ្លូវ​ដ៏វែង​ឆ្ងាយ និង​មាន​ឧបសគ្គ​ច្រើន​”។

    បណ្ឌិត​រូប​នេះ​បន្ត​ថា វីរុស​នេះ​នឹង​បន្ត​ឆ្លង​រាល​ដាល​រហូត​ដល់​វា​ត្រូវ​បាន​ទប់​ស្កាត់​ដោយ​វ៉ាក់​សាំង​ ឬ​ថ្នាំ​។ លទ្ធផល​នៃការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី JAMA Internal Medicine បាន​ឱ្យ​ដឹង​ថា តួលេខ​នៃ​ការ​ឆ្លង​ជាក់​ស្ដែង​គឺ​ច្រើន​ជាង​តួលេខ​ដែល​ត្រូវ​បាន​ប្រកាសជា​ផ្លូវ​ការ​​រហូត​ដល់​​6ទៅ​24​ដង​ឯណោះ​៕

    ប្រភព៖ USA Today