Category: សុខភាព

  • អ្នក​ជំងឺ​COVID-19 កំពុង​ព្យាបាល​នៅ​កម្ពុជា​កើន​ឡើង​ដល់​48​នាក់​ ក្រោយ​រកឃើញ​2​ករណី​ទៀត​

    អ្នក​ជំងឺ​COVID-19 កំពុង​ព្យាបាល​នៅ​កម្ពុជា​កើន​ឡើង​ដល់​48​នាក់​ ក្រោយ​រកឃើញ​2​ករណី​ទៀត​

    ក្រសួងសុខាភិបាល​កម្ពុជា​នា​ព្រឹក​ថ្ងៃទី​12​សីហា​នេះ បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​ករណី​ឆ្លងវីរុស​COVID-19 ចំនួន​2​នាក់​បន្ថែម​ទៀត​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​តួលេខ​អ្នក​កំពុង​ផ្ទុក​វីរុស​នៅ​កម្ពុជា​ កើន​ឡើង​ដល់​48​នាក់​។

    គិត​ត្រឹម​ព្រឹក​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​សរុប​ចំនួន​268​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ចំនួន​220​នាក់​បាន​ជា​សះស្បើយ​ និង​48​នាក់​កំពុង​ទទួល​ការ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​។ កម្ពុជា​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ដែល​ត្រូវ​បាន​រាយ​ការណ៍​ជា​ផ្លូវ​ការ​នៅ​ឡើយ​។

    តំបន់​ចំនួន​3​ ដែល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ច្រើន​ជាង​គេ​ រួម​មាន​ រាជ​ធានី​ភ្នំ​ពេញ​រកឃើញ​170​នាក់ ខេត្ត​ព្រះសីហនុ​រកឃើញ​40​នាក់​ និង​កំពុង​ចាម​រកឃើញ16​នាក់​។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ខេត្ត​ជា​ច្រើន​ទៀត​ដែល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​ រួម​មាន​ ខេត្ត​បាត់​ដំបង ត្បូង​ឃ្មុំ សៀម​រាប បន្ទាយ​មាន​ជ័យ កែប កំពង់ឆ្នាំង​ កណ្ដាល កោះ​កុង កំពត និង​ព្រះវិហារ​ផងដែរ​។

  • ឯកឧត្តម ម៉ម ប៊ុនហេង៖ កុំឆាប់ជឿទៅលើព័ត៌មានមិនពិត តាមបណ្ដាសង្គម ចៀសវាងបង្កភាពស្លន់ស្លោរ

    ឯកឧត្តម ម៉ម ប៊ុនហេង៖ កុំឆាប់ជឿទៅលើព័ត៌មានមិនពិត តាមបណ្ដាសង្គម ចៀសវាងបង្កភាពស្លន់ស្លោរ

    មួយរយៈ​ពេល​ចុង​ក្រោយនេះ ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី Covid-19 បាន​ក្លាយជា​មាតិកា​ដ៏​ទាក់ទាញ​បំផុត​សម្រាប់​ប្រជ​ន​ខ្មែរ ដែល​ហេតុនេះហើយ​ទើប​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​ចូលចិត្ត​យក​រឿងរ៉ាវ​ទាំងអស់នេះ​ដើម្បី​បង្កើតជា​ព័ត៌មាន​នានា​ដើម្បី​ទាក់ទាញ​អ្នក​ចូល​មើល។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​លើកឡើងថា សូម​ប្រជាពលរដ្ឋ​កុំ​ឆាប់​ជឿ​ទៅលើ​ព័ត៌មាន​មិន​ពិត​នៅតាម​បណ្តាញ​សង្គម​មួយចំនួន ហើយ​កុំ​ចែករំលែក​បន្ត​គ្នា​ទៀត ដើម្បី​ចៀសវាង​ការបង្ករ​ភាព​ស្លន់ស្លោរ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ប្រជាជ​ពលរដ្ឋ។

    ឯកឧត្តម​ថា នៅពេលនេះ​ក្រសួង​ខុស​ភិ​បាល​មិន​បន្ធូរដៃ​ឡើយ​ចំពោះ​ការការពារ​ប្រទេស​យើង​កុំឱ្យ​ឆ្លង​ជំងឺ Covid-19 ចូលទៅក្នុង​សហគមន៍។ តែ​ទោះជា​យ៉ាងនេះ​ក្តី រដ្ឋមន្ត្រីក្រសួង​សុខ​ភិ​បាល​ក៏បាន​អំពាវនាវ​ផងដែរ​កុំឱ្យ​ប្រជាជន​ភ្លេចខ្លួន ព្រោះ​កត្តា​សំខាន់បំផុត​ក្នុងការ​ការពារ​ជំងឺ Covid-19 គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ដែល​កំពុងស្ថិត​ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក។ អ្នក​ទាំងអស់នោះ​ចាំបាច់​ត្រូវគោរព​ទៅតាម​ការណែនាំ របស់​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ និង​អនុវត្ត​វិធាន​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។

    រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ព្រមាន​ថា ហានិភ័យ​អាច​កើតមានឡើង​គ្រប់ពេល ដោយសារ​យើងម្នាក់ៗធ្វើ​ចលនា​គ្រប់​ទីកន្លែង។ ហេតុនេះ​ទើប​ទាមទារ​ឱ្យ​ពលរដ្ឋ​ស្វែងយល់​ឱ្យ​ច្បាស់ ពី​វិធាន​ការការពារ ទប់ស្កាត់ ការចម្លង​ជំងឺ​Covid-19 ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត។ ហើយ​ក្រសួងសុខាភិបាល និង​មន្ដ្រី​ពាក់ព័ន្ធ​ទាំងអស់ នៅតែ​បន្ដ​ពង្រឹង​វិធានការ​ការងារ ការរុករក និង​ចាប់​ឱ្យ​ជាប់ភ្លាមៗនៅនឹងកន្លែង ពិសេស​នៅតាម​ព្រលានយន្ដហោះ និង​ច្រកព្រំដែន​ចេញចូល​ទាំងអស់ ព្រោះ​ករណី​កូ​វីដ១៩កន្លងមកនេះ សុទ្ធតែជា​ករណី​នាំ​ចូល៕

  • លោកជំទាវ ឱ វណ្ណឌីន ថាអ្នកជំងឺ Covid-19 នៅត្បូងឃ្មុំពិតជាលាប់មែន តែស្ថិតក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យយ៉ាងហ្មត់ចត់

    លោកជំទាវ ឱ វណ្ណឌីន ថាអ្នកជំងឺ Covid-19 នៅត្បូងឃ្មុំពិតជាលាប់មែន តែស្ថិតក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យយ៉ាងហ្មត់ចត់

    បន្ទាប់ពី​លេចឮ​ព័ត៌មាន​ថា​មាន​អ្នកជំងឺ Covid-19 លាប់​ឡើងវិញ​នៅ​ខេត្ត​ត្បូងឃ្មុំ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ក៏​ចេញមក​បញ្ជាក់ថា​ករណី​នេះ​ពិតជា​កើតមាន​ពិតប្រាកដ​មែន តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​អ្នកជំងឺ​នោះ​ត្រូវបាន​គ្រប់គ្រង​យ៉ាង​ហ្ម​ត​ចត់។

    លោកជំទាវ ឱ វណ្ណឌី​ន បាន​លើកឡើងថា ពាក់ព័ន្ធ​នឹងមាន​ករណី​លាប់​ជំងឺ Covid-19 នៅ​ខេត្ត​ត្បូងឃ្មុំ ពិត​ជាមាន​ពិតប្រាកដ​មែន ដោយ​ករណីនេះ​មិនមែន​មានតែ​នៅក្នុង​ប្រទេស​យើង​នោះទេ ប្រទេស​ដទៃទៀត​នៅក្នុង​សកលលោក ក៏​ធ្លាប់មាន​ករណី​ដូចនេះ​ដូចគ្នា ហើយ​ករណី​លាប់​នេះ​ផងដែរ​គឺ​ពុំ​ត្រូវបាន​រាប់​ទៅក្នុង​ករណី​ថ្មី​នោះទេ ព្រោះ​ដើម្បី​ចៀសវៀង​ការភ័ន្តច្រឡំ​អំពី​តួលេខ នៃ​ចំនួន​អ្នក​ដែល​រកឃើញ​ថ្មី និង​ចំនួន​អ្នក​កំពុង​ព្យាបាល។

    លោក​ជំ​ទា​វា​ថា តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក រាល់​ករណី​ដែល​ធ្វើតេស្ត​ពិនិត្យ​ទៅ​ឃើញ​អវិជ្ជមាន​ចំនួន​ពីរដង​ជាប់​គ្នា គឺ​ត្រូវបាន​សន្ម​ត់​ថា​ជាសះស្បើយ​ពី​ជំងឺ​Covid-19ហើយ។ ចំពោះ​បុគ្គល​រូបនេះ​ក៏​ដូចគ្នា ក្រោយ​ពិនិត្យឃើញថា​អវិជ្ជមាន​ចំនួន2ដង នឹងត្រូវ​បានអនុញ្ញាត​ឱ្យទៅ​គេហដ្ឋាន​វិញ តែ​ការ​ត្រលប់​ទៅ​គេហដ្ឋាន​វិញ​នេះ ចាំបាច់​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ និង​តាមដាន​សុខភាព​ខ្លួនឯង​ជា​បន្តទៀត មិន​អនុញ្ញាតឱ្យ​មានការ​ធ្វើដំណើ​រ​ទៅ​ទីណា​ផ្តេសផ្តាស​នោះទេ។ បុគ្គល​ដែលជា​សះស្បើយ​នេះ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ចំនួន14 ថ្ងៃ​បន្តទៀត​នៅ​កន្លែង​ដែល​ខ្លួន​រស់នៅ តាមរយៈ​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ ដោយ​បារម្ភ​អំពី​ករណី​លាប់​ជំងឺ​នេះ។

    បុរស​ដែល​លាប់​ជំងឺ​Covid-19នេះ មាន​អាយុ29ឆ្នាំ រស់នៅក្នុង​ខេត្តកណ្តាល។ គាត់​បាន​វិល​ត្រលប់​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពីពេល​កន្លងមក។ បុរស​រូបនេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ចំនួន14 ថ្ងៃ​បន្ទាប់ពី​មកដល់ ហើយ​ត្រូវបាន​រកឃើញថា​មាន​វិជ្ជមាន​Covid-18 និង​បន្ទាប់ពី​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន2លើក គាត់​ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាតឱ្យ​ត្រលប់​ទៅផ្ទះ​នៅ​ខេត្តកណ្តាល​វិញ ប៉ុន្តែ​បុរស​រូបនេះ បាន​សុំ​អនុញ្ញាត​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​បន្ត​នៅផ្ទះ​ឯ​ស្រុកកំណើត នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ។  បន្ទាប់មក​គាត់​ត្រូវបាន​ធ្វើតេស្ត​ឃើញថា​មាន​វិជ្ជមាន​Covid-19ឡើងវិញ កាលពី​ថ្ងៃទី08 ខែសីហា។ ក្រសួង​បញ្ជាក់ថា​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​បុរស​រូបនេះ ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ ប្រមូលយក​សំណាក​ដើម្បី​ទៅធ្វើ​តេស្ត​វិភាគ​រក​មេរោគ​Covid-19 និង​ដាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រួចរាល់​ហើយ៕

  • ជំនឿខុសៗ 9 រឿង ពាក់ព័ន្ធនឹងសុខភាពធ្មេញ ដែលយើងយល់ខុសមករហូត

    ជំនឿខុសៗ 9 រឿង ពាក់ព័ន្ធនឹងសុខភាពធ្មេញ ដែលយើងយល់ខុសមករហូត

    ធ្មេញ គឺជាអវយវៈដែលមនុស្សជាច្រើនមិនសូវផ្តល់នូវការចាប់អារម្មណ៍ប៉ុន្មានឡើយ ដឹងតែថា យើងមានតួនាទីដុសៗវាឱ្យបានស្អាតតែប៉ុណ្ណោះ លុះដល់ពេលនឹកឃើញពីវាម្តងទៀត ធ្មេញយើងក៏ពុកបាត់ទៅហើយ។ ថ្ងៃនេះ ឡា រ៉ែន សូមនាំមិត្តអ្នកអានទាំងអស់មកដឹងពីរឿងរ៉ាវរបស់ធ្មេញឱ្យបានច្រើនឡើង ព្រោះនៅមានជំនឿជាច្រើនរឿងទៀតដែលយើងយល់ខុសអំពីធ្មេញមករហូត។ តើជំនឿទាំងនោះមានអ្វីខ្លះ សូមអានជាបន្ត…។

    1 . ស្ករជាសត្រូវដ៏កំណាចរបស់ធ្មេញ

    មិនមែនជាការពិតទេ យើងគួរតែបន្ទោសមេរោគ “បាក់តេរីចង្រៃ” ដែលផលិតអាស៊ីតធ្វើឱ្យធ្មេញយើងពុកវិញទើបត្រូវ។ សំណល់ខាបូហាយដ្រេតដែលនៅសេសសល់នៅលើធ្មេញរបស់យើង គឺជាអាហារដ៏ល្អសម្រាប់មេរោគបាក់តេរីទាំងនោះ។ ប្រាកដណាស់ ស្ករគឺខាបូហាយដ្រេត តែអាហារផ្សេងទៀតជាច្រើន ឬសូម្បីតែផ្លែឈើ ឬអាហារស៊ីរៀលក៏ស្ថិតក្នុងពពួកដែលធ្វើឱ្យលោកអ្នកពុកធ្មេញបានដែរ។

    2 . ស្រ្តីមានគភ៌មិនគួរទៅជួបទន្តបណ្ឌិតទេ

    មានជំនឿមួយថា ស្រ្តីដែលកំពុងតាំងគភ៌ មិនគួរទៅជួបលោកគ្រូពេទ្យធ្មេញទេ ព្រោះថ្នាំបំបាត់ការឈឺចាប់ និងថ្នាំស្ពឹកអាចធ្វើឱ្យមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ តែនៅក្នុងការពិតវិញ ប្រសិនបើស្រ្តីមានគភ៌កើតមានអាការចម្លែក ឬមិនស្រួលណាមួយនៅក្នុងប្រអប់មាត់ គួរតែប្រញាប់ទៅជួបគ្រូពេទ្យធ្មេញជាបន្ទាន់ ព្រោះក្នុងការព្យាបាលសម័យថ្មីនេះ ពេទ្យធ្មេញនឹងមានថ្នាំធ្វើឱ្យស្ពឹកមិនឈឺចំពោះកន្លែងដែលឈឺតែប៉ុណ្ណោះ មិនបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ (តែអ្វីដែលសំខាន់ សូមកុំភ្លេចប្រាប់ពេទ្យធ្មេញផងថា អ្នកកំពុងមានផ្ទៃពោះ)។

    3 . ធ្មេញទឹកដោះ(ធ្មេញកំណើត) មិនចាំបាច់ទៅចាប់អារម្មណ៍វាទេ បន្តិចទៅនឹងជ្រុះដោយឯកឯង

     

    ធ្មេញទឹកដោះច្រើនតែមានស្រទាប់ធ្មេញស្តើងជាងធ្មេញពិត ទើបវាជាហេតុធ្វើឱ្យសមត្ថភាពក្នុងការការពារមេរោគបាក់តេរីថយចុះ និងងាយធ្វើឱ្យធ្មេញពុក។ មនុស្សជាច្រើនគិតថា មិនមែនជាបញ្ហាធំនោះទេ ព្រោះបន្តិចទៅធ្មេញទឹកដោះនឹងរបូតជ្រុះមកដោយឯកឯង តែការពិតវិញ វាអាចធ្វើឱ្យបរិវេណដែលមានធ្មេញពុកនោះកើតមានការរលាក និងក្លាយជាខ្ទុះ និងហុចផលអាក្រក់ជាបន្តបន្ទាប់ទៅដល់ធ្មេញមែនទែនដែលកំពុងតែជិតដុះឡើងមកជានិរន្តរ៍នោះទៀតផង។

    4 . សរសៃច្រាសដុសធ្មេញរឹងៗ នឹងជួយសម្អាតធ្មេញបានល្អ

    ការពិតទៅ សរសៃច្រាសដែលទន់ៗក៏អាចសម្អាតធ្មេញបានល្អដូចគ្នាដែរ ទន្តបណ្ឌិតមួយចំនួនបានណែនាំឱ្យប្រើច្រាសដែលមានសរសៃទន់ៗដើម្បីមិនធ្វើឱ្យសាច់អញ្ចាញ និងស្រទាប់ធ្មេញរងការខូចខាត ឯច្បាប់របស់ការដុសធ្មេញវិញគឺ ងាយបំផុត ដុសធ្មេញមួយថ្ងៃ 2 ដង និងប្តូរច្រាសដុសធ្មេញរៀងរាល់ 3 – 4 ខែម្តង។

    5 . លោកអ្នកត្រូវតែប្រើឈើចាក់ធ្មេញក្រោយពេលទទួលទានអាហាររួច

    ឈើចាក់ធ្មេញគឺជាវត្ថុដែលបំផ្លាញអញ្ចាញធ្មេញរបស់លោកអ្នកខ្លាំងបំផុត អ្វីដែលលោកអ្នកគួរតែប្រើខ្លាំងបំផុតនោះគឺ ខ្សែអំបោះខាត់ធ្មេញ ដែលវាអាចសម្អាតធ្មេញរបស់លោកអ្នកបានយ៉ាងសព្វទីកន្លែង។

    6 . ដុសធ្មេញញឹកញាប់ នឹងធ្វើឱ្យធ្មេញស្អាតរឹងមាំ

     

    ជំនឿនេះគឺជារឿងមួយដែលខុស ព្រោះការដុសធ្មេញញឹកញាប់អាចធ្វើឱ្យកើតការសឹករេចរិលស្រទាប់ធ្មេញ ដែលជាលទ្ធផលបណ្តាលមកពីថ្នាំដុសធ្មេញដែលលោកអ្នកប្រើ។ ការប្រើទឹកថ្នាំខ្ពុរមាត់ជួយក្នុងអំឡុងពេលដុសធ្មេញក្នុងពេលព្រឹក និងមុនពេលចូលគេងនឹងជួយកម្ចាត់មេរោគបាក់តេរីក្នុងប្រអប់មាត់បាន។

    7 . ឈឺធ្មេញ មានន័យថា ធ្មេញពុក

    មានបច្ច័យជាច្រើនដែលធ្វើឱ្យលោកអ្នកមានអាការឈឺធ្មេញ ដូចជា អាការស្រៀវធ្មេញ រលាកសាច់អញ្ចាញ និងធ្មេញ ឬជួនកាលបញ្ហាក៏មិនបានស្ថិតនៅក្នុងប្រអប់មាត់ដែរ ដូចជា រលាកសៃណឹស ជាដើម ដូច្នេះបើលោកអ្នកត្រូវការដឹងអំពីមូលហេតុនៃបញ្ហាពិតប្រាកដនោះ គួរតែទៅជួបទន្តបណ្ឌិតទើបជាការប្រសើរបំផុត។

    8 . លោកអ្នកត្រូវតែដកធ្មេញថ្គាមដែលនៅខាងក្នុងបំផុតចេញ

    មានជំនឿមួយថា លោកអ្នកត្រូវតែដកធ្មេញថ្គាមគ្រាប់ទី 3 ដែលស្ថិតនៅខាងក្នុងបំផុតនោះចេញ ព្រោះវាអាចសាងបញ្ហាដល់ខ្លួនអ្នកនាពេលអនាគតបាន តែការពិតវិញបើសិនជាវាដុះឡើងមកបែបល្អប្រក្រតីធម្មតានោះ ក៏គ្មានភាពចាំបាច់អីត្រូវទៅដកវាចេញដែរ លើកលែងតែវាដុះឡើងមកមិនល្អ ឬកំពុងសាងបញ្ហាដល់អ្នកនៅពេលនោះ។

    9 . គួរដុសធ្មេញក្រោយពេលញ៉ាំអាហាររួចគ្រប់ពេល

    ជាជំនឿមួយដែលខុសយ៉ាងស្រឡះ ព្រោះក្នុងអំឡុងពេលទទួលទានអាហារ មានឱកាសច្រើនណាស់ដែលធ្មេញរបស់លោកអ្នកនឹងប៉ះជាមួយ “អាស៊ីត” ដែលមាននៅក្នុងអាហារ ដែលនឹងធ្វើឱ្យស្រទាប់ស្រោបធ្មេញទន់ជ្រាយ ដូច្នេះការដុសធ្មេញក្រោយពេលញ៉ាំអាហារហើយភ្លាមគឺជាការបង្កើនឱកាសក្នុងការធ្វើឱ្យធ្មេញកាន់តែឆាប់សឹករេចរិលអស់ទៅទៀត។ វិធីដែលល្អបំផុត គឺការខ្ពុរមាត់ឱ្យស្អាតក្រោយពេលញ៉ាំអាហាររួច ឬបើចង់ដុសធ្មេញ ក៏គួររង់ចាំ 30 នាទីបន្ទាប់មកទើបជាការប្រសើរ៕

  • “ចាក់ថ្នាំ” ឆាប់ជាជាង “លេបថ្នាំ” មែនឬ?

    “ចាក់ថ្នាំ” ឆាប់ជាជាង “លេបថ្នាំ” មែនឬ?

    មនុស្សជាច្រើនដែលឈឺថ្កាត់ ជាពិសេសគ្រុនក្តៅខ្លួន តែងតែចង់ឱ្យឆាប់បាត់ក្តៅខ្លួនលឿនៗ អាចមានការទទូចអង្វរសុំឱ្យគ្រូពេទ្យចាក់ថ្នាំឱ្យទៀតផង ព្រោះគិតថា ថ្នាំចាក់បញ្ចេញឫទ្ធិខ្លាំងជាង លឿនជាង រួចហើយក្រោយពីនោះមកក៏នឹងសុំចាក់ថ្នាំជារឿយៗរហូតមក ទោះជាមានតម្លៃថ្លៃជាងថ្នាំលេបក៏ដោយ តែក៏គិតដោយខ្លួនឯងថា គ្រុនក្តៅពេលណា មានតែចាក់ថ្នាំប៉ុណ្ណោះដែលធ្វើឱ្យឆាប់ជា។ តើរឿងនេះជាការពិតឬយ៉ាងណា? ថ្នាំចាក់ និងថ្នាំលេបខុសគ្នាយ៉ាងណា? បញ្ចេញឫទ្ធិមិនស្មើគ្នាមែនឬ? និងបើសិនប្រើថ្នាំចាក់ញឹកញាប់ នឹងមានគ្រោះថ្នាក់ដល់រាងកាយឬទេ? យើងនាំគ្នាមកមើលចម្លើយដូចតទៅ…។

    ថ្នាំចាក់ VS ថ្នាំលេប

    ការពិតទៅ ថ្នាំចាក់ និងថ្នាំលេប បើមានកម្រិតជាតិថ្នាំស្មើគ្នា វានឹងបញ្ចេញឫទ្ធិបានប៉ុនគ្នា ខុសគ្នាតែរយៈពេលនៃការបញ្ចេញឫទ្ធិប៉ុណ្ណោះ តែជាគោលការណ៍នៃការប្រើថ្នាំវិញនោះ គ្រូពេទ្យនឹងគិតទៅដល់ប្រសិទ្ធភាព និងសុវត្ថិភាពរបស់អ្នកជំងឺជាចម្បងក្នុងការជ្រើសរើសប្រភេទថ្នាំឱ្យទៅអ្នកជំងឺខ្លាំងជាងតម្រង់មុខសញ្ញាទៅរកការបញ្ចេញឫទ្ធិលឿន ឬឆាប់តែម្យ៉ាង ដូច្នេះហើយទើបការប្រើថ្នាំញ៉ាំ ហាក់ដូចជាមានសុវត្ថិភាពជាង។

    គ្រោះថ្នាក់បណ្តាលពីថ្នាំចាក់

    ទោះជាថ្នាំចាក់បញ្ចេញឫទ្ធិលឿនមែន តែក៏មានភាពប្រថុយប្រថានមិនតិចដែរ ព្រោះនៅពេលចាក់ថ្នាំចូលទៅក្នុងសរសៃឈាមហើយ ថ្នាំនឹងចូលឆ្ពោះទៅរកក្រសែឈាមរត់បានភ្លាមតែម្តង បើដឹងថា អ្នកជំងឺមានប្រតិកម្មចាញ់នឹងថ្នាំនោះ ឬបានទទួលថ្នាំខុស ក៏នឹងកើតមានអាការខុសប្រក្រតីយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរជាងថ្នាំលេបខ្លាំងជាងទៀតផង។

    ក្រៅពីនេះ ថ្នាំចាក់ថែមទាំងមានតម្លៃខ្ពស់ជាងថ្នាំលេប ដែលក្រៅពីចំណាយប្រាក់កាសច្រើនទៅលើការប្រើប្រាស់ថ្នាំដោយមិនចាំបាច់ហើយនោះ យើងគួរតែដាស់តឿនខ្លួនឯងផងថា ថ្នាំចាក់គ្រោះថ្នាក់ជាងថ្នាំលេប។

    តើអ្នកជំងឺអាចសុំឱ្យគ្រូពេទ្យចាក់ថ្នាំឱ្យដោយខ្លួនឯងបានឬទេ?

    ការសុំចាក់ថ្នាំ គួរតែត្រូវបានពិចារណាដោយលោកគ្រូពេទ្យតែប៉ុណ្ណោះ ដើម្បីការប្រើប្រាស់ថ្នាំយ៉ាងមានសុវត្ថិភាព ត្រូវនឹងស្ថានភាពជំងឺ និងសមនឹងតម្លៃ។ ដូច្នេះលើកក្រោយ កុំគិតតែខ្លួនឯងថា ទាល់តែចាក់ថ្នាំទើបព្យាបាលជំងឺរបស់ខ្លួនជាឱ្យសោះ ទុកឱ្យលោកគ្រូពេទ្យជាអ្នកពិចារណាថ្នាំដែលស័ក្តិសមក្នុងការព្យាបាលឱ្យយើងវិញទើបជាការប្រសើរជាង៕

  • រុស្ស៊ី​ចាប់​ផ្ដើម​ប្រើ​ប្រាស់​សាក​ល្បង​​វ៉ាក់​សាំង​​ទប់​ស្កាត់​វីរុស​​COVID-19 នៅ​ហ្វីលីពីន

    រុស្ស៊ី​ចាប់​ផ្ដើម​ប្រើ​ប្រាស់​សាក​ល្បង​​វ៉ាក់​សាំង​​ទប់​ស្កាត់​វីរុស​​COVID-19 នៅ​ហ្វីលីពីន

    ប្រទេសរុស្ស៊ី​នឹង​ផ្ដើមប្រើ​ប្រាស់​​​សាកល្បង​​វ៉ាក់សាំង​ទប់​ស្កាត់​ COVID-19 នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ចាប់ពី​ពាក់កណ្ដាល​ខែ​សីហា​2020 ក្នុង​នោះ​ ប្រធានាធិបតី​ហ្វីលីពីន​នឹង​អាចក្លាយ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ដំបូង​គេ​បង្អស់​។

    ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន​ លោក Kirill Dmitriev ដែលជា​ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី (RDIF) បាន​ឱ្យ​ដឹង​ថា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ដៃ​គូ​របស់​រុស្ស៊ី​ក្នុង​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​វ៉ាក់​សាំង​ទប់​ស្កាត់​COVID-19 រដ្ឋាភិបាល​ហ្វីលីពីន​បាន​បង្ក​ភាព​ងាយស្រួល​​ជា​ច្រើន​ដើម្បី​ជួយ​ឱ្យ​ការ​សាកល្បង​វ៉ាក់សាំង​ អាច​ធ្វើ​ឡើង​បាន​យ៉ាង​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​បាន​។ បច្ចុប្បន្ន ដំណាក់​កាល​នៃ​ការ​ត្រៀម​សម្រាប់​ការ​សាកល្បង​នានា​ត្រូវ​បាន​រៀប​ចំ​រួច​រាល់​ហើយ​។ តាម​គម្រោង​ ការ​សាកល្បង​ប្រើប្រាស់​វ៉ាក់សាំង​COVID-19នេះ​ នឹង​ត្រូវ​​ផ្ដើម​ធ្វើ​ឡើង​​ចាប់​ពី​ថ្ងៃទី​15​សីហា​ខាង​មុខ​។

    ទាក់​ទិន​នឹង​ការ​សាក​ល្បង​ប្រើប្រាស់​វ៉ាក់​របស់​រុស្ស៊ី​ខាងលើនេះ ប្រធានាធិបតី​ហ្វីលីពីន​ លោក Rodrigo Duterte បាន​ឱ្យ​ដឹង​ថា លោក​មាន​ក្ដី​សង្ឃឹម​យ៉ាង​ច្រើន​ទៅលើ​លទ្ធផល​នៃ​ការ​ប្រើប្រាស់​សាកល្បង​វ៉ាក់​សាំង​របស់​រុស្ស៊ី​។ ទន្ទឹមនឹង​នេះ លោក​ក៏​បាន​ថ្លែង​ថា ខ្លួន​លោក​ផ្ទាល់​បាន​ត្រៀម​​ជា​ស្រេច​ដើម្បី​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ដំបូង​គេ​បង្អស់​ក្នុង​ការ​សាក​ល្បង​ប្រើប្រាស់វ៉ាក់​សាំង​នេះនៅ​ហ្វីលីពីន​​។ តាមផែន​ការ​ បើ​សិនជា​ទទួល​បាន​ជោគ​ជ័យ​ វ៉ាក់​សាំង​នេះ​ក៏​នឹង​ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ជាមួយ​នឹង​តម្លៃ​សមរម្យ។


    លោក Kirill Dmitriev ដែលជា​ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី RDIF (Russian Direct Investment Fund)

    មូលនិធិ​វិនិយោគ​ផ្ទាល់​ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Gamaleya កំពុង​តែ​ញាប់​ដៃញាប់​ជើង​ក្នុង​កិច្ច​​សហការ​នានា​សម្រាប់​ដំណាក់​កាល​ផលិត​វ៉ាក់​សាំង​COVID-19 ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រើប្រាស់​សាកល្បង​នៅ​លើ​មនុស្ស​។ ការ​សាកល្បង​ប្រើវ៉ាក់​សាំង​នៅ​លើ​មនុស្ស​ បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​នៅ​សាកល​វិទ្យា​ល័យ​ Sechenov កាល​ពី​ថ្ងៃទី​18​មិថុនា​ ជាមួយនឹង​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​38​នាក់​ ហើយ​សុវត្ថិ​ភាព​របស់​វ៉ាក់សាំង​នេះ​ក៏​ត្រូវ​បានទទួល​ស្គាល់​។ អ្នក​ស្ម័គ្រចិត្ត​ទាំង​អស់ សុទ្ធ​តែ​មាន​លទ្ធភាព​ទប់​ទល់​នឹង​វីរុស​COVID-19 បន្ទាប់​ពី​បាន​ចាក់​វ៉ាំង​សាំង​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • តើត្រូវមើលថែទាំខ្លួនយ៉ាងណា នៅពេលកើតជំងឺក្រពះ?

    តើត្រូវមើលថែទាំខ្លួនយ៉ាងណា នៅពេលកើតជំងឺក្រពះ?

    ក្នុងសង្គមបច្ចុប្បន្ននេះមានតែការប្រកួតប្រជែង ធ្វើឱ្យការរស់នៅពីមួយថ្ងៃទៅមួយថ្ងៃរបស់មនុស្សគ្រប់រូបត្រូវតែប្រញាប់ប្រញាល់ទៅតាមនោះដែរ ដែលជាហេតុធ្វើឱ្យសុខភាពរបស់មនុស្សនៅក្នុងសង្គមកាន់តែយ៉ាប់ឡើងៗ ហើយបញ្ហាខាងសុខភាពដែលជួបប្រទះញឹកញាប់នោះគឺ ការកើតដំបៅក្នុងក្រពះ ឬពោះវៀនតូចផ្នែកគល់ ដែលជាទូទៅយើងតែងនាំគ្នាហៅថា “ជំងឺក្រពះ”។

    ជំងឺក្រពះ ជាជំងឺមួយដែលជួបប្រទះញឹកញាប់ ប្រៀបដូចថា មនុស្សទូទៅមានឱកាសកើតរោគនេះក្នុងអំឡុងពេលណាមួយរបស់ជីវិតក៏បាន ដោយការកើតដំបៅក្នុងក្រពះច្រើនជួបនៅលើមនុស្សវ័យកណ្តាល ខណៈដែលការកើតដំបៅនៅលើផ្នែកគល់នៃពោះវៀនតូចច្រើនជួបប្រទះនៅលើមនុស្សវ័យកំលោះក្រមុំ។ យ៉ាងណាក៏ដោយការកើតដំបៅនៅក្នុងក្រពះ ឬដំបៅនៅលើគល់ពោះវៀនតូច អាចកើតឡើងបាននៅលើមនុស្សគ្រប់ភេទ និងគ្រប់វ័យ។

    មូលហេតុ បណ្តាលមកពីការហូរចេញមកនៃអាស៊ីតក្នុងក្រពះច្រើនជ្រុលពេក រួមជាមួយភាពទប់ទល់នឹងអាស៊ីតរបស់សាច់ភ្នាសក្រពះ និងពោះវៀនថយចុះ ទើបធ្វើឱ្យមានដំបៅកើតឡើង និងបច្ចុប្បន្ននៅរកឃើញថា មានបច្ច័យបន្ថែមផ្សេងទៀតជាច្រើនដែលធ្វើឱ្យកើតជំងឺក្រពះបានដែរ។

    អាការរបស់ជំងឺក្រពះច្រើនតែមានអាការឈឺផ្សារ ឈឺអួល ចុកណែននៅម្តុំចុងដង្ហើម។ អាការឈឺចុកទាំងនេះអាចកើតឡើងទាំងមុនពេលញ៉ាំអាហារ ឬក្រោយពេលញ៉ាំអាហាររួចថ្មី និងពេលពោះទំនេរ ដូចជា ពេលឃ្លានបាយ ពេលព្រឹកព្រលឹម ឬពេលយប់ជ្រៅក៏អាចឈឺចុកបានដូចគ្នា។ អាការឈឺបាត់ ឈឺបាត់ កើតឡើងក្នុងមួយថ្ងៃច្រើនដង ឬតាមពេលបាយ និងពេលឈឺចុកម្តងៗយូរប្រមាណជា 15 – 30 នាទី ហើយអាការនឹងធូស្រាលទៅវិញ បើបានញ៉ាំអាហារ ញ៉ាំទឹកដោះគោ ឬញ៉ាំថ្នាំបញ្ចុះជាតិអាស៊ីតក្នុងក្រពះ។

    ការមើលថែទាំខ្លួន

    1 . ទទួលទានអាហារឱ្យទៀងពេល។

    2 . ទទួលទានអាហារណាដែលក្រពះងាយស្រួលរំលាយ និងគួរទំពារឱ្យហ្មត់មុននឹងលេបចូលទៅក្នុងក្រពះ។

    3 . ចៀសវាងពីអ្វីដែលធ្វើឱ្យឈឺក្រហាយក្រពះ ដូចជា ថ្នាំបំបាត់ការឈឺចាប់សន្លាក់ ថ្នាំអាស្ពីរីន ទឹកភេសជ្ជៈដែលមានជាតិហ្កាស អាហារដែលមានរសជាតិខ្លាំង(ហឹរខ្លាំង ប្រៃខ្លាំង ជូរខ្លាំង ជាដើម) ភេសជ្ជៈដែលមានជាតិអាល់កុល និងកាហ្វេអ៊ីន ដូចជា សូកូឡា តែ កាហ្វេ ជាដើម។

    4 . តមជក់បារី។

    5 . អាហារដែលត្រូវទទួលទានក្នុងមួយពេលៗ មិនគួរមានបរិមាណច្រើនជ្រុលពេកទេ។

    6 . បើមានអារម្មណ៍ថា ធុញថប់តានតឹង ចូរព្យាយាមកាត់បន្ថយ ដូចជា ដោយការមើលកុន ស្តាប់ចម្រៀង ធ្វើសមាធិ ហ្វឹកហាត់សម្រួលសាច់ដុំ ជាដើម។

    7 . ឧស្សាហ៍ហាត់ប្រាណ។

    8 . ទទួលទានថ្នាំបញ្ចុះអាស៊ីតក្នុងក្រពះ ថ្នាំទឹក 1 – 2 ស្លាបព្រាបាយ ឬថ្នាំគ្រាប់ 1 – 2 គ្រាប់(ទំពាមុនលេប)មួយថ្ងៃ 4 ដង ព្រឹក ថ្ងៃ ល្ងាចក្រោយពេលបាយ 1 ម៉ោង និងមុនចូលគេង។ ករណីមានអាការចុកពោះមុនពេលត្រូវញ៉ាំថ្នាំ អាចញ៉ាំបន្ថែមបាន និងគួរទទួលទានថ្នាំឱ្យបានទៀងទាត់យ៉ាងហោចណាស់ 4 – 8 សប្តាហ៍។

    9 . បើប្រតិបត្តិតាមចំណុចខាងលើហើយ អាការនៅតែមិនប្រសើរឡើងនោះ គួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យវិនិច្ឆ័យឱ្យបានច្បាស់លាស់៕

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​ជាមួយ​នឹង​COVID-19 ថ្មី ចំនួន​15​នាក់ ខណៈ​ពិភពលោក​​រក​ឃើញ​​7,634​នាក់​​ នៅ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​ជាមួយ​នឹង​COVID-19 ថ្មី ចំនួន​15​នាក់ ខណៈ​ពិភពលោក​​រក​ឃើញ​​7,634​នាក់​​ នៅ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​

    ក្រសួង​សុខាភិបាល​កម្ពុជា​ នា​ព្រឹក​នេះ​បាន​ឱ្យ​ដឹង​ថា កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​​COVID-19​ ថ្មី​ ចំនួន​15​ករណី​បន្ថែម​ទៀត​ ក្នុង​ចំណោម​​នេះ​មាន​ជនជាតិ​ខ្មែរ​ចំនួន​2​នាក់​។

    នាព្រឹក​ថ្ងៃ​ទី​11​សីហា​នេះ កម្ពុជា​បាន​ប្រកាស​ថា បាន​រកឃើញ​ករណី​វិជ្ជមាន​ជាមួយ​នឹង​COVID-19 ចំនួន​15​នាក់​បន្ថែម​ទៀត​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​តួលេខ​អ្នក​ជំងឺ​សរុប​នៅ​កម្ពុជា​កើនឡើង​ដល់​266​នាក់​។ នៅក្នុង​ចំណោម​អ្នកជំងឺ​ថ្មី​ទាំង​15​នាក់​នេះ​ មាន​ជនជាតិ​ខ្មែរ​2​នាក់ និង​ជនជាតិ​ចិន​13​នាក់​។

    គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​266​នាក់ ក្នុង​នោះ​មាន​អ្នកជំងឺ​220​នាក់​បាន​ជា​សះស្បើយ​ និង​46​នាក់​កំពុង​ទទួល​ការ​ព្យាបាល​។

    នៅ​ទូទាំង​ពិភពលោក​ មក​ដល់​ពេល​នេះ​ត្រូវ​បាន​រាយការណ៍​ថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 សរុបចំនួន​​20,247,575នាក់​ ខណៈ​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​13,110,934​នាក់ និង​​​738,701​នាក់​​បាន​បាត់​បង់ជីវិត​៕

  • ស្វាយ…ឆ្ងាញ់មានប្រយោជន៍ដល់សុខភាពទាំងខ្ចី ទាំងទុំ

    ស្វាយ…ឆ្ងាញ់មានប្រយោជន៍ដល់សុខភាពទាំងខ្ចី ទាំងទុំ

    ផ្លែឈើមួយដែលត្រូវចិត្តទាំងជនជាតិខ្មែរយើង និងបរទេស តម្លៃមិនថ្លៃ និងថែមទាំងងាយស្រួលរកទិញបំផុតទៀតផងនោះ ប្រហែលជាគេចមិនផុតពី ផ្លែស្វាយ ដែលអាចឆ្ងាញ់បានទាំងបែបនៅខ្ចី ស្រគាល និងទុំនោះឡើយ ហើយថែមទាំងពូជស្វាយនីមួយៗនៅមានរសជាតិឆ្ងាញ់ខុសប្លែកពីគ្នាទៀតផង។

    ប្រយោជន៍របស់ ផ្លែស្វាយខ្ចី ស្រគាល

    ស្វាយខ្ចី និងស្រគាលមានទាំងរសជាតិផ្អែមម្សៅ និងជូរ ដោយហេតុនេះឯងទើបធ្វើឱ្យផ្លែស្វាយពោរពេញទៅដោយវីតាមីន C មានសារធាតុប្រឆាំងអនុមូលឥស្សរៈ ជួយឱ្យសាច់ស្បែកស្រស់ថ្លាភ្លឺរលោង ក្រចាស់ ជួយការពាររោគគ្រុនផ្តាសាយ បំបាត់ការចេញឈាមតាមជើងធ្មេញ និងបំបាត់អាការក្តៅក្នុង និងស្រេកទឹក។

    ប្រយោជន៍របស់ផ្លែស្វាយទុំ

    ផ្លែស្វាយទុំ នឹងមានពណ៌លឿង ទើបពេញទៅដោយវីតាមីន A និងបេតាឃែរ៉ូធីន ដែលជួយបំប៉នខ្សែភ្នែក ការពារការស្រវាំងភ្នែក មើលឃើញមិនច្បាស់នៅពេលយប់ និងនៅមានឬទ្ធិជាថ្នាំបន្ទន់លាមក មានកាកសរសៃអាហារដែលជួយក្នុងការបន្ទោបង់ទៀតផង។

    ចំណុចគួរប្រយ័ត្នក្នុងការបរិភោគផ្លែស្វាយ

    មនុស្សជាច្រើនអាចមានបញ្ហាឆ្អល់ពោះ ធ្ងន់ពោះនៅពេលបរិភោគស្វាយខ្ចីច្រើនជ្រុលពេក ទើបគួរញ៉ាំមួយចំហៀងផ្លែដែលធំ ឬមួយផ្លែតូចក្រោយពេលបាយ មិនគួរញ៉ាំច្រើនជ្រុលពេកទេ ព្រោះអាចធ្វើឱ្យឆ្អល់ពោះ មានអារម្មណ៍លំបាកដូចអាហារមិនរំលាយ។

    សម្រាប់ផ្លែស្វាយទុំ ជាផ្លែឈើដែលមានជាតិស្ករខ្ពស់ អ្នកជំងឺទឹកនោមផ្អែមគួរចៀសវាង ព្រោះជាផ្លែឈើដែលផ្តល់កម្លាំងថាមពលខ្ពស់ រឹតតែញ៉ាំធ្វើជាបង្អែម ជាមួយបាយដំណើបផងនោះ រឹតតែខ្លាំងទៅទៀត។ សម្រាប់មនុស្សប្រក្រតីដែលគ្មានជំងឺប្រចាំកាយអ្វី អាចញ៉ាំស្វាយទុំបាន 3/4 នៃផ្លៃក្រោយពេលបាយ៕

  • ដុំអាហារ ឬវត្ថុចម្លែកធ្លាក់ចូលជាប់ក្នុងបំពង់ក…យកចេញខុសវិធី អាចប្រថុយនឹងការស្លាប់

    ដុំអាហារ ឬវត្ថុចម្លែកធ្លាក់ចូលជាប់ក្នុងបំពង់ក…យកចេញខុសវិធី អាចប្រថុយនឹងការស្លាប់

    បញ្ហ្ាស្លាក់វត្ថុចម្លែកក្នុងបំពង់ខ្យល់ជាបញ្ហាមួយដែលមានភាពសំខាន់ខ្លាំងណាស់ និងអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។ ច្រើនជួបប្រទះនៅលើកុមារតូចៗអាយុក្រោម 3 ឆ្នាំ ជាវ័យដែលមានភាពចង់ដឹងចង់ឃើញ ចាប់អារម្មណ៍លើអ្វីគ្រប់យ៉ាង ចង់សាកល្បងដោយខ្លួនឯង ទើបច្រើនតែចូលចិត្តយកវត្ថុចម្លែកៗដាក់ចូលទៅក្នុងរន្ធផ្សេងៗរបស់រាងកាយ ជាពិសេសរន្ធប្រព័ន្ធដង្ហើម ដូចជា រន្ធច្រមុះ និងមាត់ គួបផ្សំនឹងធ្មេញថ្គាមដែលនៅមិនទាន់ដុះឡើងគ្រប់ផងនោះ ធ្វើឱ្យមិនអាចទំពារអាហារដុំធំៗឱ្យល្អិតហ្មត់បានឡើយ ទើបអាចកើតការស្លាក់ក្នុងអំឡុងពេលញ៉ាំបាយ ឬពេលកំពុងរត់លេងបាន។

    នៅលើមនុស្សធំក៏អាចកើតបញ្ហាស្លាក់បានដូចគ្នាដែរ នៅពេលដែលព្យាយាមធ្វើកិច្ចការងារច្រើនយ៉ាងក្នុងខណៈពេលញ៉ាំបាយ ឬអាហារ ដូចជា និយាយ សើច ជាដើម។ ជួនកាលធ្មេញក្លែងក្លាយដែលដាក់មិនសូវជាប់ណែន ក៏អាចរបូតធ្លាក់ចូលទៅក្នុងផ្លូវដង្ហើម ឬបំពង់ផ្លូវអាហារបានដោយមិនបានតាំងចិត្តដូចគ្នា។

    សភាវបន្ទាន់ក្នុងករណីផ្លូវដង្ហើមត្រូវបាំងស្ទះ

    នៅពេលមានវត្ថុចម្លែកនៅក្នុងផ្លូវដង្ហើម ជនរងគ្រោះនឹងមានអាការស្លាក់ ក្អកខ្លាំងក្លា និងមានអាការពិបាកដកដង្ហើម តែទាំងអស់នេះអាស្រ័យលើទំហំ រូបរាង និងទីតាំងរបស់វត្ថុចម្លែកនោះដែរ។ វត្ថុចម្លែកទំហំធំច្រើនតែនៅជាប់ក្នុងនោះ និងកើតការបាំងស្ទះក្នុងកម្ពស់ប្រអប់សំឡេង ឬបំពង់ខ្យល់ផ្នែកខាងលើ ធ្វើឱ្យកើតការបាំងស្ទះផ្លូវដង្ហើមយ៉ាងពេញលេញ និងភ្លាមៗតែម្តង។ ជនរងគ្រោះច្រើនតែលើកដៃឱបបំពង់ក និយាយមិនចេញសំឡេង ឆ្លេឆ្លា ដកដង្ហើមមិនចូល បបូរមាត់ឡើងខ្មៅជាំ សភាវនេះហៅថា ជាសភាវអាសន្ន ព្រោះជនរងគ្រោះអាចស្លាប់បានក្នុងរយៈពេលតែមិនប៉ុន្មាននាទីប៉ុណ្ណោះ។

    អ្នកជំនាញបានណែនាំឱ្យប្រើវិធីរបស់ Heimlich ជួយជនរងគ្រោះដែលជាមនុស្សធំ ឬក្មេងធំ ចូរធ្វើក្នុងឥរិយាបថអង្គុយ ឬឈរដោយឱ្យជនរងគ្រោះបង្អោនខ្លួនទៅខាងមុខបន្តិច អ្នកជួយសង្រ្គោះឈរនៅពីខាងក្រោយ យកដៃទាំងពីរឱបជនរងគ្រោះឱ្យជាប់ ដោយដាក់ដៃឆ្វេងពីលើដៃស្តាំដែលក្តាប់យ៉ាងណែនដាក់នៅលើចុងដង្ហើម រួចហើយរឹបកណ្តាប់ដៃស្តាំចូលមករកចុងដង្ហើមយ៉ាងខ្លាំង និងឆាប់រហ័ស ដើម្បីឱ្យកើតជាកម្លាំងសម្ពាធរុញទៅក្នុងប្រអប់ពោះច្រានចូលទៅក្នុងប្រអប់ទ្រូងដើម្បីរុញឱ្យវត្ថុចម្លែកនោះឱ្យខ្ទាតចេញពីបំពង់ខ្យល់។ សម្រាប់ក្មេងតូចអាយុទាបជាង 1 ឆ្នាំ អាចប្រើវិធីទះខ្នង ឬយកបាតដៃដាក់លើដើមទ្រូង ហើយយកម្រាមមេដៃទាំងពីរខាងសង្កត់លើបរិវេណក្រោមចុងដង្ហើមរួចសង្កត់ ឬទាញរឹបចូលមកដើម្បីឱ្យខ្យល់ធាក់វត្ថុចម្លែកដែលបាំងស្ទះបំពង់ខ្យល់នោះចេញមក។

    ចំណុចត្រូវប្រយ័ត្ន

    1 . ឡារ៉ែនមិនណែនាំឱ្យប្រើម្រាមដៃលូកខ្វេះទៅក្នុងបំពង់កក្មេងឡើយ ព្រោះអាចនឹងធ្វើឱ្យវត្ថុចម្លែកនោះរបូតធ្លាក់ជ្រុះទៅបាំងស្ទះបំពង់ខ្យល់កាន់តែខ្លាំងជាងមុនទៅទៀត។

    2 . វិធីរបស់ Heimlich ខាងលើគួរប្រើតែក្នុងករណីដែលជនរងគ្រោះមានការបាំងស្ទះបំពង់ខ្យល់ដង្ហើម 100 ភាគរយប៉ុណ្ណោះ និងអ្នកជួយសង្គ្រោះក៏គួរតែមានភាពចំណានល្មមគួរសមដែរ តែបើនៅលើជនរងគ្រោះដែលនៅមានសតិ នៅដកដង្ហើមខ្លួនឯងបាន គួរប្រញាប់នាំទៅមន្ទីពេទ្យប្រសើរជាង។

    ដំបូន្មានដើម្បីការពារការស្លាក់វត្ថុចម្លែក

    1 . ជ្រើសរើសប្រភេទ និងទំហំខ្នាតរបស់អាហារដែលស័ក្តិសមនឹងកុមារក្នុងវ័យផ្សេងៗ ដើម្បីការពារការស្លាក់អាហារ និងមិនគួរបញ្ចុកអាហារក្មេងក្នុងខណៈដែលក្មេងកំពុងរត់លេងនោះទេ។

    2 . ជ្រើសរើសប្រភេទរូបរាង និងទំហំខ្នាតរបស់របស់លេងឱ្យស័ក្តិសមនឹងវ័យរបស់ក្មេង រួមទាំងរៀបចំទុកដាក់វត្ថុរបស់របរដែលអាចបង្កគ្រោះថ្នាក់ឱ្យមានសុវត្ថិភាពផុតពីដៃក្មេង។

    3 . សម្រាប់នៅលើមនុស្សធំដែលមានបញ្ហារឿងធ្មេញ ត្រូវប្រឹក្សាជាមួយទន្តពេទ្យដើម្បីរៀបចំរកធ្មេញក្លែងក្លាយដែលស័ក្តិសមនឹងខ្លួន ជ្រើសរើសទទួលទានអាហារដែលមិនចាំបាច់ត្រូវទំពារខ្លាំង ទំហំខ្នាតអាហារដែលស័ក្តិសម និងគួរដោះធ្មេញក្លែងក្លាយចេញមុនពេលចូលគេងផង។

    ដំបូន្មានក្នុងករណីដែលកើតការស្លាក់វត្ថុចម្លែកក្នុងបំពង់ខ្យល់ដង្ហើម

    1 . ប្រញាប់បញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យភ្លាម។

    2 . តមញ៉ាំទឹក តមញ៉ាំអាហារភ្លាមតែម្តងនៅពេលកើតមានការស្លាក់។

    3 . ក្នុងករណីជាកុមារ ចូរសាកសួរអ្នកដែលស្ថិតក្នុងហេតុការណ៍ថា តើក្មេងកើតការស្លាក់ក្នុងពេលកំពុងធ្វើអ្វី ដូចជា កំពុងញ៉ាំអាហារ លេងរបស់លេង ជាដើម ព្រមទាំងនាំគំរូរបស់អាហារ នំ ឬវត្ថុដែលសង្ស័យថានាំឱ្យស្លាក់នោះទៅមន្ទីពេទ្យជាមួយផងដើម្បីជាប្រយោជន៍ក្នុងការរៀបផែនការព្យាបាលរបស់គ្រូពេទ្យ៕