Category: សុខភាព

  • ជាង​21.3​លាន​នាក់​ឆ្លង​វីរុស​COVID-19 ​នៅ​ទូទាំង​សកល​លោក​ ខណៈកម្ពុជា​មាន​273​នាក់​

    ជាង​21.3​លាន​នាក់​ឆ្លង​វីរុស​COVID-19 ​នៅ​ទូទាំង​សកល​លោក​ ខណៈកម្ពុជា​មាន​273​នាក់​

    ពិភពលោក​ទាំង​មូល​ត្រូវ​បាន​រាយ​ការណ៍​ថា​ បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​ជាង​21.3​លាន​នាក់​ អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​កើន​ដល់​ជាង​762,000​នាក់​ ក្នុង​នោះ​កម្ពុជា​បាន​រកឃើញ​273​នាក់​។

    ប្រទេស​និងដែន​ដី​ចំនួន​221​ក្នុង​សកល​លោក​ បាន​ធ្វើតេស្ត​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​21,342,162​នាក់​ និង​អ្នក​ជំងឺ​ដែល​បាន​ស្លាប់​ក៏​បាន​កើន​ឡើង​ដល់​762,179​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​270,909 និងអ្នក​ស្លាប់​ថ្មី​ 9,849​នាក់​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​នេះ​។ អ្នកជំងឺ​បាន​ជាសះស្បើយ​មាន​ចំនួន​14,122,473​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់ Worldometers ដែលជា​​គេហទំព័រ​ធ្វើ​បច្ចុប្បន្ន​ភាព​អំពី​តួលេខ​ COVID-19 បាន​លឿន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។

    ចំពោះ​​កម្ពុជាវិញ​ នា​ព្រឹក​ថ្ងៃទី​15​សីហា​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​ផ្សាយ​ថា កម្ពុជា​បាន​ព្យាបាល​អ្នក​ជំងឺ​COVID-19 ជា​សះស្បើយ​ចំនួន​229​នាក់​ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ថ្មី​ចំនួន​4នាក់។ ​អ្នក​ជំងឺ​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ មាន​ចំនួន​44​នាក់​។ គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​​273​នាក់នៅ​ទូទាំង​ប្រទេស​​៕

  • ញ៉ាំថ្នាំខ្លាញ់ត្រីអំឡុងពេលតាំងគភ៌ កូនក្នុងគភ៌នឹងឆ្លាតមែនឬ?

    ញ៉ាំថ្នាំខ្លាញ់ត្រីអំឡុងពេលតាំងគភ៌ កូនក្នុងគភ៌នឹងឆ្លាតមែនឬ?

    ញ៉ាំថ្នាំខ្លាញ់ត្រីក្នុងអំឡុងពេលតាំងគភ៌ ចាំបាច់ឬទេ? កូនក្នុងគភ៌នឹងឆ្លាតមែនឬ?។ ស្រ្តីមានគភ៌គ្រប់រូបប្រហែលជាស្គាល់ច្បាស់ហើយសម្រាប់ថ្នាំខ្លាញ់ត្រី ព្រោះមានព័ត៌មានជាច្រើននិយាយថា គួរតែញ៉ាំក្នុងអំឡុងពេលមានគភ៌ធ្វើជាអាហារបន្ថែមម្យ៉ាងសម្រាប់ស្រ្តីមានគភ៌។ ចំពោះរឿងនេះ យើងនាំគ្នាមកមើលថា តើថ្នាំខ្លាញ់ត្រីចាំបាច់ត្រូវទទួលទានឬទេក្នុងអំឡុងពេលតាំងគភ៌?។

    ថ្នាំខ្លាញ់ត្រី គឺជាអ្វី? ថ្នាំខ្លាញ់ត្រី ឬ Fish oil ជាខ្លាញ់ដែលបានមកអំពីត្រី មិនមែនជាខ្លាញ់ថ្លើមត្រីទេ គឺម្នាក់មួយប្រភេទ។ ខ្លាញ់ត្រី ជាខ្លាញ់ដែលបានពីត្រី ដែលមានអាស៊ីតខ្លាញ់មិនបង្កកខ្លួនដែលចាំបាច់ដល់រាងកាយមនុស្ស គឺជាអាស៊ីតខ្លាញ់ក្នុងក្រុម អូមេហ្កា 3( Omega-3 ) ដែលត្រីសមុទ្រនៅក្នុងប្រទេសដែលមានធាតុអាកាសត្រជាក់នោះនឹងមានអាស៊ីតខ្លាញ់ចាំបាច់ក្នុងបរិមាណខ្ពស់ និងមានខ្លាញ់ប្រភេទកូលេស្តេរ៉ូល និងត្រៃគ្លីស៊ើរ៉ៃដ៍(ខ្លាញ់មិនល្អ)ក្នុងបរិមាណទាប ទើបគេនិយមនាំយកត្រីសមុទ្រពពួកនេះមកចម្រាញ់យកខ្លាញ់។

    សម្រាប់ស្រ្តីមានគភ៌ដែលត្រូវការអាហារបំប៉ន ហើយត្រូវការញ៉ាំថ្នាំខ្លាញ់ត្រីផង ក៏អាចញ៉ាំបានដែរ ព្រោះនឹងទទួលបានប្រយោជន៍ខ្ពស់ តែបានចំពោះតែខ្លួនម្តាយប៉ុណ្ណោះ មិនបានធ្វើឱ្យទារកក្នុងគភ៌ឆ្លាតឡើងដូចពាក្យដែលគេផ្សព្វផ្សាយនោះទេ ព្រោះអ្នកវិភាគជនជាតិអូស្រ្តាលីបានបញ្ជាក់ហើយថា ការញ៉ាំខ្លាញ់ត្រី មិនបានធ្វើឱ្យក្មេងឆ្លាតឡើងទេ និងថា ការញ៉ាំថ្នាំខ្លាញ់ត្រីពេលតាំងគភ៌ មិនមានផលដល់ភាពឆ្លាតរបស់ទារកក្នុងគភ៌ឡើយ។

    របាយការណ៍របស់ BBC ក៏បានអះអាងដែរថា លទ្ធផលនៃការស្រាវជ្រាវវិភាគច្បាប់ថ្មីបានប្រាប់ថា ការញ៉ាំខ្លាញ់ត្រីខណៈពេលតាំងគភ៌ គ្មានផលដល់ការជួយអភិវឌ្ឍខួរក្បាលរបស់ទារកក្នុងគភ៌ឱ្យឆ្លាតឡើងនោះទេ៕

  • ផ្លែល្ពៅ របស់ឆ្ងាញ់ដែលមានប្រយោជន៍គ្រប់យ៉ាង!

    ផ្លែល្ពៅ របស់ឆ្ងាញ់ដែលមានប្រយោជន៍គ្រប់យ៉ាង!

    ល្ពៅឆាសាច់ជ្រូកចិញ្រ្ចាំ…ល្ពៅឆឹងស្ករ…សង្ខ្យាល្ពៅ…ព្រមទាំងបង្អែម និងម្ហូបអាហារជាច្រើនទៀត អាចជាមុខចំណីដែលមនុស្សជាច្រើនចូលចិត្ត ព្រោះក្រៅពីបានឆ្ងាញ់ និងឆ្អែតពោះហើយ បន្លែសាច់លឿងដូចជា​ “ល្ពៅ” នេះនៅមានគុណប្រយោជន៍ល្អៗចំពោះសុខភាពរាងកាយរបស់យើងច្រើនណាស់ ។ អ្នកណាដែលធ្លាប់ស្អប់មិនចូលចិត្តញ៉ាំល្ពៅនោះប្រហែលជាត្រូវប្រញាប់អានអត្ថបទនេះ រួចងាកមកទទួលទានផ្លែល្ពៅវិញហើយមើលទៅ… ។

    -បំប៉នខ្សែភ្នែកឲ្យភ្លឺមុត

    ឃើញជាបន្លែដែលមានសាច់ពណ៌លឿងបែបនេះ ប្រហែលជាដឹងហើយថានៅក្នុងសាច់ផ្លែល្ពៅសម្បូរទៅ​ដោយវិតាមីន A ច្រើនបំផុត ដោយសាច់ល្ពៅកិនហ្មត់មួយកូនចានមានវិតាមីន A ខ្ពស់ដល់ទៅ 200% នៃបរិមាណដែលគ្រូ​ពេទ្យណែនាំឲ្យពិសាក្នុង 1 ថ្ងៃ ។ វិតាមីន A មានចំណែកជួយថែបំប៉នខ្សែភ្នែក ធ្វើឲ្យអាចមើលឃើញបានច្បាស់នៅក្នុងទី​ងងឹត និងថែមទាំងជួយកាត់បន្ថយការចុះខ្សោយរបស់កោសិកាគ្រាប់ភ្នែកទៀតផង ។

    -តួឯកក្នុងការជួយសំរកទម្ងន់

    អ្នកណាដែលកំពុងសម្លឹងរកមើលអាហារសំរកទម្ងន់នោះ ចូរកុំមើលរំលងផ្លែល្ពៅឲ្យសោះ ព្រោះនៅក្នុង​សាច់ផ្លែល្ពៅមានសារធាតុកាកសរសៃខ្ពស់ដល់ទៅ 3 ក្រាមក្នុង 1 កូនចាន ថែមទាំងប្តល់នូវកាឡូរីត្រឹ​មតែ 49 កាឡូរីប៉ុណ្ណោះដែលនឹងធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ក្នុងកាឡូរីតែបន្តិចប៉ុណ្ណោះ ។

    -បង្កើនប្រព័ន្ធការពារជំងឺ

    អ្នកណាថា ផ្លែល្ពៅមានតែវិតាមីន A នោះ? ការពិតទៅផ្លែល្ពៅក៏មានវិតាមីន C ច្រើនគួរសមដែរ ដែលអ្នកណា​ក៏ដឹងដែរថា វិតាមីន C ជួយមើលថែទាំប្រព័ន្ធការពារជំងឺនៅក្នុងរាងកាយរបស់មនុស្សយើង ធ្វើឲ្យមិនងាយកើតជំងឺផ្តា​សាយ ។ សាច់ល្ពៅប្តល់នូវវិតាមីន C ដល់ទៅ 11 មល្លីក្រាម ក្នុង 1 កូនចាន ឬក៏ជិត 20% ដែលគ្រូពេទ្យណែនាំឲ្យស្រ្តីៗបរិភោគក្នុង 1 ថ្ងៃ ។

    -កាត់បន្ថយឱកាសកើតជំងឺមហារីក

    សារធាតុ បេតាឃែរ៉ូធីន ដែលមាននៅក្នុងសាច់ល្ពៅ ក្រៅពីជួយថែរបំប៉នខ្សែភ្នែកហើយ នៅអាចជួយការ​ពារមិនឲ្យកើតរោគមហារីកបានទៀតផង ព្រោះមានលទ្ធផលនៃការស្រាវជ្រាវមួយបានអះអាងថា សារធាតុនេះជួយប្រឆាំងអនុមូលឥស្សរ:ដែលជាប្រភពកំណើតរបស់រោគមហារីក ក្រៅពីនេះនៅមានសារធាតុអាស៊ីត ប្រូផៃអូនិក ដែលមានចំណែក​ជួយធ្វើឲ្យកោសិកាមេរោគមហារីកចុះខ្សោយទៀតផង ។

    -ថែបំប៉នស្បែក

    ដូចដែលបានដឹងហើយថា អនុមូលឥស្សរ: ក្រៅពីធ្វើឲ្យកោសិកាចុះទ្រុឌទ្រោមក្លាយជាមហារីកហើយនោះវាក៏ជាសត្រូវដ៏កំណាចមួយចំពោះស្បែកដែរ ព្រោះវានឹងធ្វើឲ្យស្បែករបស់នារីៗជ្រួញយារ ខ្មៅស្រអាប់ មើលទៅមិនភ្លឺថ្លា តែបើបានញ៉ាំផ្លែល្ពៅដែលមាន ឃែរ៉ូធីណយដ៍ ហើយ វានឹងជួយកាត់បន្ថយភាពចុះខ្សោយរបស់កោសិកាដោយសារអនុមូល ឥស្សរ:បានកាន់តែល្អឡើង ទទួលទានញឹកញាប់ ធានាថាស្បែករបស់នារីៗយើងនឹងមើលទៅស្អាតស្រស់ឡើងមិនខាន ។

    -ការពារបេះដូង

    មិនថាតែគ្រាប់សណ្តែកសំបករឹង គ្រាប់ធញ្ញជាតិ រួមទាំងគ្រាប់ល្ពៅផងដែរ សុទ្ធតែមានសារធាតុពីធម្មជាតិដែលឈ្មោះថា ហ្វ៉ៃតូស្ទើរ៉ូល (Phytosterols)​ ដែលលទ្ធផលនៃការវិភាគបានបញ្ជាក់ច្បាស់ថា សារធាតុនេះជួយកាត់បន្ថយកូ​ឡេស្តេរ៉ូលអាក្រក់ (LDL) ដែលជាប្រភពកំណើតនៃរោគសរសៃឈាម និងបេះដូងហ្នឹងឯង ។

    -បង្កើនថាមពលក្រោយពេលហាត់ប្រាណ

    អ្នកដែលចូលចិត្តហាត់ប្រាណប្រហែលជាធ្លាប់បានឮហើយថា ឲ្យញ៉ាំចេកក្រោយពេលហាត់ប្រាណដើម្បីបង្កើនថាមពលឡើងវិញ តែបើនរណាមិនចូលចិត្តចេក សូមសាកល្បងប្តូរមកទទួលទានល្ពៅចំហុយម្តងវិញលមើល ព្រោះនៅក្នុងសាច់ល្ពៅមាន ប៉ូតាស្យូម ខ្ពស់ដល់ទៅ 564 មិល្លីក្រាម ច្រើនជាងផ្លែចេកទុំដែលមានត្រឹមតែ 422 មិល្លីក្រាមប៉ុណ្ណោះ។

    ដែលប៉ូតាស្យូមនេះ នឹងជួយស្តារស្ថានភាពរាងកាយក្រោយពេលហាត់ប្រាណយ៉ាងខ្លាំងក្លារួចមក ព្រមទាំងមើលថែទាំការធ្វើ​ការ​របស់សាច់​ដុំឲ្យអាចធ្វើការបានល្អដូចដើមទៀតផង ។

    គុណប្រយោជន៍គ្រប់គ្រឿងបែបនេះ បើអ្នកណាមិនទទួលទានផ្លែល្ពៅទៀត ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ តែក៏សូមដាស់តឿនបន្តិចដែរថា ដោយសារតែសាច់ល្ពៅមានឥទ្ធិពលក្តៅ បើទទួលទានច្រើនពេកអាចនឹងធ្វើឲ្យឆ្អល់ពោះ ក្តៅក្នុង និងមានអារម្មណ៍ថាស្រេកទឹក ដូច្នេះគួរពិសាតែសមល្មមបានហើយ ៕

  • កម្ពុជារកឃើញអ្នកផ្ទុកCOVID-19 1ករណីបន្ថែមទៀត ខណៈពិភពលោករកឃើញជិត1ម៉ឺននាក់ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ

    កម្ពុជារកឃើញអ្នកផ្ទុកCOVID-19 1ករណីបន្ថែមទៀត ខណៈពិភពលោករកឃើញជិត1ម៉ឺននាក់ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ

    ក្រសួងសុខាភិបាលកម្ពុជា ព្រឹកនេះបានប្រកាសថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន1ករណីបន្ថែមទៀត ដែលករណីនេះកើតឡើងនៅលើស្ត្រីជនជាតិខ្មែរ។

    ក្រសួងបានប្រកាសថា ករណីថ្មីនេះកើតឡើងនៅលើស្ត្រីជនជាតិខ្មែរម្នាក់ អាយុ51ឆ្នាំ នៅស្រុកថ្មគោល ខេត្តបាត់ដំបង។ ស្ត្រីរូបនេះ គឺជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក និងបានឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង។

    គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុបចំនួន273នាក់ ក្នុងនោះមានអ្នកជំងឺ48នាក់កំពុងទទួលការព្យាបាល និង225នាក់បានជាសះស្បើយ។

    នៅទូទាំងពិភពលោកឯណោះវិញ មានមនុស្សចំនួនជាង21លាននាក់បានឆ្លងវីរុសCOVID-19 ក្នុងនោះមានជាង753,000នាក់បានបាត់បង់ជីវិត និងជាង13,911,000នាក់បានជាសះស្បើយ។ ចំណែកអ្នកកំពុងទទួលការព្យាបាលមានចំនួន6,414,476នាក់ ក្នុងនោះមាន64,490នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

    នៅក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​នេះ ពិភពលោក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ចំនួន​ជាង​9,940នាក់ ​អ្នក​ស្លាប់​ជាង​700​នាក់ និង​ជា​បាន​ជាសះស្បើយ​មាន​ចំនួន​ជិត6,000​នាក់​។

  • វិថីចាប់ផ្ដើមអាជីវកម្មដ៏លំបាក និងជោគជ័យរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងCOVID-19 ឈ្មោះ Moderna

    វិថីចាប់ផ្ដើមអាជីវកម្មដ៏លំបាក និងជោគជ័យរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងCOVID-19 ឈ្មោះ Moderna

    ក្រុមហ៊ុន Moderna ដើមឡើយមានទុនស្ដួចស្ដើងពេក មិនអាចទាក់ទាញបានក្រុមមនុស្សដែលមានទេពកោសល្យខ្ពស់ដូចគេ ហើយម៉្យាងទៀតក៏ទទួលរងការសង្ស័យចំពោះវិធីសាស្ត្រផលិតឱសថបែបថ្មី ដែលមិនធ្លាប់មានពីមុនមក។

    នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី11សីហា ប្រធានាធិបតី Donald Trump បានប្រកាសថា សម្រេចបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Moderna ដែលមានតម្លៃ 1.5ពាន់លានដុល្លារ ក្នុងការផលិតវ៉ាក់សាំងCOVID-19 ចំនួន100លានឈុត។ ក្រុមហ៊ុន Moderna សហការជាមួយនាយកដ្ឋានសុខាភិបាលជាតិសហរដ្ឋអាមេរិក (NIH) កំពុងតែសាកល្បងប្រើប្រាស់វ៉ាក់សាំងCOVID-19 ដំណាក់កាលទី3 ដែលមានឈ្មោះថា mRNA-1273។

    Moderna គឺជាក្រុមហ៊ុនមួយដែលត្រូវបានរួមបង្កើត និងដឹកនាំដោយ Noubar Afeyan។ លោក Noubar Afeyan មានស្រុកកំណើតនៅលីបង់ ក្នុងគ្រួសារមួយដែលមានឪពុកម្ដាយជាជនជាតិអាមេនី (Armenia) ប៉ុន្តែ ពួកគេបានទៅរស់នៅឯប្រទេសកាណាដាកាលពីនៅក្មេង។ ក្រោយពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ លោក Noubar Afeyan បានទៅរៀននៅសហរដ្ឋអាមេរិក រួចក៏ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកជីវសាស្ត្រពីវិទ្យាស្ថានជីវបច្ចេកវិទ្យា Massachusetts (MIT)។ លោក Noubar Afeyan បានបង្កើតក្រុមហ៊ុន Moderna កាលពីលោកនៅមានអាយុ24ឆ្នាំ និងបានគ្រប់គ្រងវាក្នុងរយៈពេល10ឆ្នាំ។

    ក្នុងគ្រានោះ លោកថែមទាំងធ្លាប់ជាស្ថាបនិក និងសហស្ថានិកក្រុមហ៊ុនចំនួន5ផ្សេងទៀតផងដែរ។ ជាសរុប បច្ចុប្បន្ន លោក Afeyan កាន់កាប់ប័ណ្ណកម្មសិទ្ធបញ្ញាចំនួនជាង100 និងជាសហស្ថាបនិកនៃក្រុមហ៊ុនចំនួន38ឯណោះ។ ឆ្នាំ2009 លោកបានចូលរួមបង្កើតក្រុមហ៊ុន Moderna ដែលមានទីស្នាក់ការកណ្ដាលនៅ Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

    វិថីចាប់ផ្ដើមអាជីវកម្មដ៏លំបាក និងជោគជ័យរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងCOVID-19 ឈ្មោះ Moderna
    លោក Noubar Afeyan មានស្រុកកំណើតនៅលីបង់ ក្នុងគ្រួសារមួយដែលមានឪពុកម្ដាយជាជនជាតិអាមេនី (Armenia)

    ក្រុមហ៊ុន Moderna បានរងការសង្ស័យជាច្រើនរាប់ចាប់ពីទើបត្រូវបានបង្កើតឡើងមកម្លេះ ទាក់ទិននឹងវិធីសាស្ត្រថ្មីក្នុងការផលិតឱសថទៅតាមបច្ចេកវិទ្យា mRNA ដែលមិនធ្លាប់មានពីមុនមក និងមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ និងទទួលស្គាល់នៅឡើយ ហើយច្រើនឆ្នាំក្រោយការបង្កើត ក្រុមហ៊ុននេះក៏មិនទាន់បានបញ្ចេញប្រភេទថ្នាំណាមួយទៅក្នុងទីផ្សារនោះដែរ។ កាលពីទើបតែបានបង្កើតក្រុមហ៊ុន លោក Afeyan មានទុនត្រឹមតែ2លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលនេះមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីទាក់ទាញអ្នកវិទ្យាសាស្ត្រឆ្នើមៗមកធ្វើការឡើយ។

    ឆ្នាំ2011 លោក Afeyan បានទៅរក Stéphane Bancel ដែលជាវិស្វករជើងចាស់ ធ្លាប់ធ្វើជាមេដឹកនាំនៅក្នុងក្រុមហ៊ុនផលិតឱសថ Eli Lilly និង bioMerieux។

    ថ្វីបើបានទទួលយកការអញ្ជើញរបស់ Afeyan ប៉ុន្តែ Stéphane Bancel នៅតែមានការសង្ស័យ។ លោក Stéphane Bancel ថ្លែងថា៖ “ខ្ញុំបានពិនិត្យទៅលើបច្ចេកវិទ្យារបស់ពួកគេ ហើយនិយាយថា “មិនអាចទៅរួច”។ Stéphane Bancel បានយល់ព្រមជួយធ្វើកិច្ចការឱ្យ Afeyan ក្រោយពីមានការបញ្ចុះបញ្ចូលថា វិធីសាស្ត្រថ្មីក្នុងការផលិតឱសថនេះ នឹងមានប្រសិទ្ធភាព ហើយ Moderna អាចអភិវឌ្ឍវ៉ាក់សាំងរាប់រយប្រភេទនាពេលខាងមុខ។

    វិថីចាប់ផ្ដើមអាជីវកម្មដ៏លំបាក និងជោគជ័យរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងCOVID-19 ឈ្មោះ Moderna
    លោក Stéphane Bancel បច្ចុប្បន្ន​ជា​ CEO របស់​ក្រុម​ហ៊ុន​ Moderna

    ឆ្នាំ2013 Stéphane Bancel បញ្ចុះបញ្ចូលក្រុមហ៊ុនចែកចាយឱសថ AstraZeneca បានដោយជោគជ័យ ដោយក្រុមហ៊ុននេះ ត្រូវបង់ប្រាក់240លានដុល្លារសម្រាប់កម្មសិទ្ធិបញ្ញានៃឱសថនានាដែលត្រូវបានផលិតចេញពីការស្រាវជ្រាវរបស់ Moderna។ ក្រោយមក Moderna ក៏បានសហការជាមួយ Merk ដើម្បីអភិវឌ្ឍវ៉ាក់សាំងទប់ស្កាត់ជំងឺមហារីក និងវ៉ាក់សាំងជាច្រើនប្រភេទផ្សេងទៀត។ ឆ្នាំ2018 Moderna ប្រមូលទុនបាន500លានដុល្លារពី Pictet Group, Arrowmark Partners, Viking Global Investors និងអ្នកវិនិយោគជាច្រើនទៀត។

    យ៉ាងនេះក្ដី កាលពីដើមឆ្នាំនេះ Moderna នៅតែជាក្រុមហ៊ុនមួយដែលមិនមានគេស្គាល់ច្រើននៅឡើយ រហូតដល់ពួកគេផលិតវ៉ាក់សាំងCOVID-19 ដែលត្រូវបានវាយតម្លៃថា មានសក្តានុពលខ្លាំង និងត្រូវបានយកទៅប្រើប្រាស់សាកល្បងជាមួយនឹងល្បឿនយ៉ាងលឿនមិនធ្លាប់មាន។ Moderna គឺជាឈ្មោះនាំមុខគេនៅក្នុងការ “រត់ប្រណាំង” ដើម្បីផលិតវ៉ាក់សាំងCOVID-19 នៅសហរដ្ឋអាមេរិក ដោយប្រជែងជាមួយនឹងក្រុមហ៊ុនផលិតឱសថធំៗនៅទីនេះ។ Bill Gates ក៏ធ្លាប់បានសរសេរនៅលើទំព័រ Washington Post ថា លោក “ពិតជារំភើប” ជាមួយនឹងបច្ចេកវិទ្យា mRNA នេះខ្លាំងណាស់។

    នៅខាង​ក្នុង​នៃ​មន្ទីរ​ពិសោធន៍​របស់​ក្រុម​ហ៊ុន​ Moderna នៅ​សហរដ្ឋ​អាមេរិក

    បន្ទាប់ពីបាននាំវ៉ាក់សាំងCOVID-19 ទៅប្រើប្រាស់សាកល្បងនៅនាយកដ្ឋាន NIH លោក Bancel បានថ្លែងប្រាប់ Business Insider ថា “បើសិនជា Moderna ប្រើប្រាស់បច្ចេកវិទ្យាបុរាណដើម្បីអភិវឌ្ឍវ៉ាក់សាំង នោះបច្ចុប្បន្នប្រហែលជាក្រុមហ៊ុននេះកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ ហើយវាក៏ប្រហែលជានឹងមិនអាចចាប់ផ្ដើមផលិតដូចអ្វីដែលទទួលបាននាពេលនេះនោះដែរ”។

    ដោយសារតែមានការជឿនលឿនក្នុងការផលិតវ៉ាក់សាំងCOVID-19 មូលបត្ររបស់ Moderna នៅលើផ្សារហ៊ុន Nasdaq បានកើនឡើងខ្ពស់ជាង3ដង បើធៀបនឹងដើមឆ្នាំ2020។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកធ្វើការពេញម៉ោងប្រមាណជា820នាក់ ជាមួយនឹងតម្លៃទុនក្នុងទីផ្សារឡើងដល់27ពាន់លានដុល្លារអាមេរិក៕

    ប្រភព៖ WSJ, Forbes

  • រដ្ឋមន្ត្រីឱ្យមន្ទីរសុខាភិបាលយកចិត្តទុកដាក់បន្ថែមក្នុងការព្យាបាលជំងឺ Covid-19 និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃឈប់សម្រាក

    រដ្ឋមន្ត្រីឱ្យមន្ទីរសុខាភិបាលយកចិត្តទុកដាក់បន្ថែមក្នុងការព្យាបាលជំងឺ Covid-19 និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃឈប់សម្រាក

    ចាប់ពី​ចុង​សប្តាហ៍​នេះ​ទៅ ប្រទេស​កម្ពុជា​យើង​នឹង​ដល់​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នៅ​ទូទាំងប្រទេស​ចំនួន 5ថ្ងៃ។ នៅក្នុង​រយៈពេល​នេះ មន្ត្រីរាជការ បុគ្គលិក​និយោជិត និង​ប្រជាជន​ទាំងអស់​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក ដែល​អាច​នឹងធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី​ក្នុងប្រទេស​កម្ពុជា។

    នៅ​ក្នុងឱកាស​ឈប់សម្រាក​នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខ​ភិ​បាល បានចេញ​លិខិត​ចំពោះ​អភិបាល​រាជធានី​ខេត្ត ឱ្យ​ជំរុញ​ដល់​មន្ទីរ​សុខាភិបាល យកចិត្តទុកដាក់​បន្ថែ​ម​ដើម្បី​ជួយសង្គ្រោះ ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ Covid-19 គ្រោះថ្នាក់​ចរាចរណ៍ និង​ហានិភ័យផ្សេងៗ ក្នុងអំឡុងពេល​ឈប់សម្រាក​ចំនួន 5ថ្ងៃ ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខាងមុខនេះ។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​ផងដែរ​ដល់​ក្រុមគ្រូពេទ្យ​នៅ​ទូទាំងប្រទេស​ដែឡ​បាន​ខិតខំ​យកចិត្តទុកដាក់​សង្គ្រោះ ពិនិត្យ ថែទាំ និង​ព្យាបាល​ជំងឺ​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ជាពិសេស​ចាប់តាំងពី​ដើម​ឆ្នាំ 2020 នៃ​ការ​រាតត្បាត​វីរុស Covid-19 នៅក្នុង​ប្រទេស ក្នុង​តំបន់ និង​នៅលើ​សកលលោក៕

  • តារាង​ចំណាត់​ថ្នាក់ស្ដី​អំពី​តួលេខ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍

    តារាង​ចំណាត់​ថ្នាក់ស្ដី​អំពី​តួលេខ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍

    កម្ពុជា​នា​ព្រឹក​នេះ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​3​នាក់​បន្ថែម​ទៀត​ ដែល​នេះ​បាន​នាំ​ឱ្យ​តួលេខ​អ្នក​ឆ្លង​វីរុស​សរុប​នៅ​កម្ពុជា​កើន​ឡើង​ដល់​272​នាក់​ ខណៈនៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ តួលេខ​សរុប​នៃ​​អ្នក​ឆ្លង​វីរុស​នេះ​ មាន​ចំនួន​​143,749​នាក់​។

    នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ មាន​ប្រទេស​ចំនួន​2​ដែល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ច្រើន​ជាង​1សែន​នាក់​ នោះ​គឺ​​ហ្វីលីពីន​ (143,749នាក់​) និង​ឥណ្ឌូនេស៊ី​ (130,718​នាក់​)។ ប្រទេស​ដែល​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ច្រើន​ជាង​1​ម៉ឺន​នាក់​នៅ​តំបន់​នេះ​ នោះ​គឺ​សិង្ហបុរី​ (55,395​នាក់​)។

    ចំណែក​ប្រទេស​ដែល​មាន​អ្នក​ស្លាប់ដោយសារ​​វីរុស​COVID-19 ច្រើន​ជាង​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍​ គឺ​ប្រទេស​ឥណ្ឌូនេស៊ី​ ដោយ​មាន​រហូត​ដល់​5,903នាក់​។

    សូម​ពិនិត្យ​មើល​តារាង​ចំណាត់​ថ្នាក់​ខាង​ក្រោម​៖

    តារាង​ចំណាត់​ថ្នាក់ស្ដី​អំពី​តួលេខ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍
    តារាង​ចំណាត់​ថ្នាក់ស្ដី​អំពី​តួលេខ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍

    ប្រភព៖ Worldometers

  • ផ្លែឈើដែលហាមញ៉ាំពេលពោះទំនេរ

    ផ្លែឈើដែលហាមញ៉ាំពេលពោះទំនេរ

    ក្នុងពេលកំពុងឃ្លានខ្លាំង រកអ្វីញ៉ាំមិនបាននោះ មនុស្សជាច្រើនៗតែទៅបើកទូទឹកកកចាប់យកផ្លែឈើមកញ៉ាំទ្រាប់ពោះ ដែលវាអាចជួយសម្រន់មិនឱ្យពោះឃ្លានពេកបាន តែ…មុននឹងញ៉ាំផ្លែឈើអ្វីមួយ ត្រូវជ្រើសរើសបន្តិចផង ព្រោះដូចជាផ្លែឈើប្រភេទខ្លះគួរតែចៀស ព្រោះបើញ៉ាំពេលពោះទំនេរ អាចនឹងធ្វើឱ្យក្រពះផ្សាក្រហាយបាន ។

    ផ្លែឈើដែលមិនគួរញ៉ាំពេលឃ្លានខ្លាំង ឬពេលពោះទំនេរមិនទាន់បានញ៉ាំអ្វីនោះមានដូចជា ៖

    1 . ផ្លែទន្លាប់ : ព្រោះពេលពោះនៅទំនេរ ក្រពះរបស់យើងនឹងបញ្ចេញជាតិអាស៊ីតចេញមកច្រើន បើវាទៅរួមគ្នាជាមួយនឹងជ័រ និងសារជាតិអណ្តែតដែលមាននៅក្នុងសាច់ផ្លែទន្លាប់ហើយនោះ វានឹងធ្វើឱ្យយើងមានអាការក្អួតចង្អោ និងឈឺផ្សាក្រពះ ។

    2 . ផ្លែល្ហុង : ព្រោះជាផ្លែឈើដែលមានអង់ហ្ស៊ីមច្រើន ទើបមិនគួរញ៉ាំពេលពោះទំនេរ ។

    3 . ផ្លែម្នាស់ ក្រូច ក្រូចឆ្មារ : មានរសជាតិជូរ អាចធ្វើឱ្យកើតការក្រហាយផ្សាក្នុងក្រពះបាន ។

    តែ ទោះជាយ៉ាងណាក៏ដោយ បើសឹនជាទ្រាំមិនបាន ហើយ​ចង់ញ៉ាំផ្លែឈើទាំង​អស់នេះ​មុនពេលបាយ​មែនទែន​នោះ អាចញ៉ាំត្រឹមតែ 2 – 3 ចំណឹតតូចៗបានហើយ និងគួរលាងឱ្យបានស្អាតជាមុនគ្រប់ពេល ដើម្បីកាត់បន្ថយសារធាតុគីមីដែលនៅជាប់សេសសល់ ។

    ហើយក្នុងរយៈពេលមួយថ្ងៃ តើយើងគួរញ៉ាំផ្លែឈើច្រើន ឬតិចប៉ុនណាដែរ?

    អ្នកជំនាញការផ្នែកអាហារ និងសុខភាពបានបញ្ជាក់ថា ក្នុងមួយថ្ងៃមនុស្សយើងគួរញ៉ាំផ្លែឈើឱ្យបានក្នុងមួយ​ពេល​ៗ​ពី 1 – 2 ចំណែក ទៅតាមប្រភេទផ្លែឈើ ដូចជា ផ្លែល្ហុងទុំ 6 ចំណឹតល្មមៗ សាវម៉ាវ 4 ផ្លែ ត្របែកកន្លះផ្លែ ម្នាស់ 6 ចំណឹត​ល្មមៗ ចេលណាំវ៉ា 1 ផ្លែ ជម្ពូ 2 ផ្លែធំៗ មង្ឃុត 4 ផ្លែខ្នាតកណ្តាល ក្រូច 1 ផ្លែ ។

    ចំណែកអ្នកដែលឧស្សាហ៍មានបញ្ហារឿងការបន្ទោបង់ ត្រូវទទួលទានផ្លែឈើឱ្យបានច្រើនៗ ព្រោះនៅក្នុងផ្លែឈើមានកាកសរសៃអាហារប្រភេទដែលមិនរលាយនឹងទឹក ជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធបន្ទោបង់ធ្វើការកាន់តែល្អឡើង៕

  • WHO ចង់ពិនិត្យទិន្នន័យស្ដីអំពីសុវត្ថិភាពនៃវ៉ាក់សាំងCOVID-19 របស់រុស្ស៊ី

    WHO ចង់ពិនិត្យទិន្នន័យស្ដីអំពីសុវត្ថិភាពនៃវ៉ាក់សាំងCOVID-19 របស់រុស្ស៊ី

    ក្រោយពីប្រទេសរុស្ស៊ី បានអនុម័តទទួលស្គាល់វ៉ាក់សាំងCOVID-19 កាលពីម្សិលមិញ (11សីហា) អង្គការសុខភាពពិភពលោក (WHO) ក៏បានប្រកាសថា វ៉ាក់សាំងCOVID-19 គ្រប់ប្រភេទ ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យទិន្នន័យសុវត្ថិភាព ទើបត្រូវបានទទួលស្គាល់​ជា​ផ្លូវ​ការ​។

    “យើងកំពុងធ្វើការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសុខាភិបាលរុស្ស៊ី ហើយក៏កំពុងពិភាក្សាអំពីបញ្ហាដែលថា តើវ៉ាក់សាំងនេះមានលក្ខណគ្រប់គ្រាន់ដែលអាចឆ្លើយតបនឹងស្ដង់ដារបស់អង្គការសុខភាពពិភពលោកដែរ ឬអត់” អ្នកនាំពាក្យរបស់ WHO លោក Tark Jasarevic បានថ្លែងដូច្នេះ ក្រោយពីរុស្ស៊ីបានប្រកាសថា ខ្លួនជាប្រទេសដំបូងគេក្នុងពិភពលោកដែលបានអនុម័តទទួលស្គាល់វ៉ាក់សាំងCOVID-19 របស់ប្រទេសនេះ ថា “មានសមត្ថភាពយូរអង្វែង” ក្នុងការទប់ស្កាត់COVID-19។

    លោក Tark Jasarevic បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី11សីហា នៅទីក្រុងហ្សឺណែវថា៖ “ការទទួលស្គាល់ជាផ្លូវការស្ដីអំពីគុណភាពនៃវ៉ាក់សាំងគ្រប់ប្រភេទ គឺរួមមានទាំង​ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាង​ម៉ត់​ចត់ទៅលើរាល់ទិន្នន័យសុវត្ថិភាព និងប្រសិទ្ធភាព (របស់​វ៉ាក់​សាំង​) ទៅតាមតម្រូវការ”។

    វ៉ាក់សាំង Sputnik V របស់រុស្ស៊ី ត្រូវបានរកឃើញ និង​អភិវឌ្ឍ​ដោយមន្ទីរស្រាវជ្រាវ Gamaleya សហការជាមួយក្រសួងការពារជាតិរុស្ស៊ី។ យោងតាម WHO បច្ចុប្បន្ន ពិភពលោកមានវ៉ាក់សាំង COVID-19 សរុប 168ប្រភេទដែលកំពុងត្រូវបានអភិវឌ្ឍ ក្នុងនោះមាន28ប្រភេទកំពុងដាក់ឱ្យប្រើប្រាស់សាកល្បងនៅលើមនុស្ស និងក្នុងដំណាក់កាលផ្សេងៗគ្នា។ ក្នុងចំណោមវ៉ាក់សាំងចំនួន28ប្រភេទដែលកំពុងប្រើប្រាស់សាកល្បង ក៏មានវ៉ាក់ចំនួន6ប្រភេទកំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលទី3 ដែលធ្វើឡើងជា​ទ្រង់​ទ្រាយ​ធំ​នៅលើមនុស្ស។

    វ៉ាក់សាំងរបស់ Gamaleya (រុស្ស៊ី) នេះ ក៏ស្ថិតក្នុងចំណោមវ៉ាក់សាំងទាំង28ប្រភេទដែលកំពុងទទួលការវាយតម្លៃ និងចុះបញ្ជីនៅក្នុងដំណាក់កាលទី1។

    លោក Kirill Dmitriev មេដឹកនាំមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ដែលជាស្ថាប័នផ្ដល់ហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍវ៉ាក់សាំងខាងលើ បានឱ្យដឹងថា ដំណាក់កាលទី3នឹងត្រូវចាប់ផ្ដើមធ្វើ​ឡើង​ក្នុងថ្ងៃនេះ (12​សីហា)។ តាមគម្រោង ការផលិតវ៉ាក់សាំងនេះនឹងត្រូវចាប់ផ្ដើមក្នុងខែកញ្ញាខាងមុខ។

    គិតមកដល់ពេលនេះ វ៉ាក់សាំង​ប្រឆាំង​ COVID-19 របស់រុស្ស៊ី ទទួលបានការបញ្ជាទិញសរុបជាង1ពាន់លានឈុត ពីប្រទេសចំនួន20ក្នុងពិភពលោក៕

    ប្រភព៖ AFP

  • គេង…បំបាត់រោគា

    គេង…បំបាត់រោគា

    ការគេងសម្រាកឱ្យលក់ក្រៅពីជាការ​សម្រាកដ៏ល្អបំផុតមួយហើយនោះ ឥរិយាបថដំណេកដែលសក្តិសមនៅអាចបំបាត់អាការឈឺថ្កាត់របស់យើងបានទៀតផង ។

    . ឥរិយាបថគេងផ្ងារ

    គឺជាឥរិយាបថដំណេកដ៏ត្រឹមត្រូវ តែនឹងមិនសក្តិសមជាមួយនឹងអ្នកដែលមានជំងឺបេះដូង និងសួតឡើយ ព្រោះថានៅពេលដែលយើងគេងផ្ងារ សាច់ដុំក្បាំងខ្យល់ដែលឃាំងរវាងប្រអប់ទ្រូង និងប្រហោងពោះនឹងសង្កត់លើសួត ធ្វើឱ្យពិបាកដកដង្ហើម ។

    ចំណែកបេះដូងវិញក៏មិនអាចបឺតបាញ់ឈាមចេញពីបេះដូងបានស្រួលដែរ ធ្វើឱ្យដង្ហក់ និងដកដង្ហើមរាងស្ទះៗ​ តែបើ​សឹនជានៅតែចង់ ឬចាំបាច់ត្រូវតែគេងក្នុងឥរិយាបថនេះ ចូរគេងក្នុងឥរិយាបថស្ទើរគេងស្ទើរអង្គុយ ដោយឱ្យផ្នែកខាងលើនៃ​រាងកាយខ្ពស់ឡើងបន្តិច ។

    . ឥរិយាបថគេងផ្អៀង

    ក្រៅពីជួយកាត់បន្ថយសំឡេងស្រមុកហើយនោះ ឥរិយាបថនេះនៅសក្តិសមជាមួយអ្នកដែលមានអាការឈឺខ្នងទៀតផង ព្រោះបើអ្នកដែលឈឺខ្នងគេងផ្ងារវិញនោះ ច្បាស់ជាបានឈឺឥតឈប់ពេញមួយយប់មិនខាន ។

    តែបើចូលចិត្តគេងផ្អៀងខាងឆ្វេងវិញ គួរឱបខ្នើយឱប និងយកជើងគងពីលើផងនឹងរឹតតែប្រសើរ ព្រោះចំណុចមិនល្អរបស់ឥរិយាបថនេះ គឺធ្វើឱ្យបេះដូងដែលស្ថិតនៅក្នុងប្រអប់ទ្រូងប៉ែកខាងឆ្វេងពិបាកធ្វើការ ហើយអាហារដែលនៅមិនទាន់​រំលាយអស់នឹងសេសសល់នៅក្នុងក្រពះ ធ្វើឱ្យកើតអាការចុកឆ្អល់ឡើងមកចុងដង្ហើមបាន ។ ចំណែកអ្នកដែលចូលចិត្តគេងផ្អៀងខាងស្តាំវិញអាចនិយាយបានថា សំណាងល្អណាស់ ព្រោះជាឥរិយាបថដំណេកដែលល្អបំផុត ព្រោះបេះដូងនឹងធ្វើការបានស្រួល ហើយអាហារក្នុងក្រពះក៏ត្រូវច្របាច់ចុះទៅក្នុងពោះវៀនតូចបានយ៉ាងល្អដែរ និងថែមទាំងជាឥរិយាបថដែលជួយកាត់បន្ថយអាការឈឺខ្នងបានទៀតផង ។

    . ឥរិយាបថគេងផ្កាប់

    មនុស្សភាគច្រើនៗប្រើឥរិយាបថនេះពេលគេងអានសៀវភៅ ចំណុចមិនល្អរបស់ឥរិយាបថនេះគឺ នឹងធ្វើឱ្យឈឺគល់ក តែបើចាំបាច់ត្រូវតែគេងក្នុងឥរិយាបថនេះមែនទែននោះ សូមណែនាំឱ្យរកខ្នើយមកទ្រាប់ក្រោមដើមទ្រូង ដើម្បីកុំឱ្យចុករួយ និងដកដង្ហើមបានស្រួលផង ៕