Category: សុខភាព

  • វីតាមីនគឺជាអ្វី? និងជំនឿខុសៗពាក់ព័ន្ធនឹងវីតាមីន

    វីតាមីនគឺជាអ្វី? និងជំនឿខុសៗពាក់ព័ន្ធនឹងវីតាមីន

    នៅពេលនិយាយអំពីវីតាមីន មនុស្សភាគច្រើនតែងតែនឹកដល់ថ្នាំគ្រាប់ និងច្រើនតែយល់ខុសថា វីតាមីនគឺជាថ្នាំសម្រាប់ព្យាបាលជំងឺ។ ទោះជាវីតាមីននឹងបំពេញតួនាទីបានដូចថ្នាំក៏ដោយ តែក៏វីតាមីនមិនមែនជាថ្នាំព្យាបាលរោគដែេ។ វិតាមីន គឺជា​សារធាតុសរីរាង្គដែលចាំបាច់ចំពោះជីវិត ព្រោះវាជួយឱ្យរាងកាយបំពេញតួនាទីបានតាមប្រក្រតី តែទាំងអស់នេះរាងកាយមិនអាចសាងវីតាមីនឡើងមកដោយខ្លួនឯងបានទេ។

    បើរាងកាយគឺជាគ្រឿងយន្ត វីតាមីនគឺជាប៊ូហ្ស៊ី ដោយវាជាផ្នែកមួយក្នុងប្រព័ន្ធអង់ហ្ស៊ីមដែលធ្វើការស្រដៀងនឹងប៊ូហ្ស៊ីរបស់គ្រឿងយន្តដែរ វាផ្តល់ថាមពល និងគ្រប់គ្រងទហនកម្ម(ការបញ្ឆេះ)ខាងក្នុងរាងកាយ ធ្វើឱ្យយើងមានថាមពល មានកម្លាំងកំហែងក្នុងការធ្វើការងារ។ បើប្រៀបធៀបជាមួយ ប្រូតេអ៊ីន ខ្លាញ់ កាបូហាយដ្រេតវិញ បរិមាណការទទួលបានរបស់វីតាមីនអាចរាប់បានថា តិចខ្លាំងណាស់ តែកុំភ្លេចថា បើសិនជាខ្វះវីតាមីនមួយណាដែលចាំបាច់ចំពោះរាងកាយ ក៏អាចនឹងធ្វើឱ្យកើតមានគ្រោះថ្នាក់ដល់រាងកាយគ្រប់ផ្នែកបានទាំងអស់។

    វិតាមីនមានចំណែកជួយក្នុងការចម្រើនធំធាត់ និងការមានសុខភាពរឹងប៉ឹង ប៉ុន្តែវីតាមីននឹងមាននៅក្នុងអាហារតាមធម្មជាតិត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ដែលនេះហើយជាហេតុផលថា ហេតុអីបានយើងត្រូវទទួលទានអាហារបំប៉ននោះ។ វីតាមីនដែលស្ថិតនៅក្នុងរូបភាពជាផលិតផលអាហារបំប៉នមានច្រើនបែប ដូចជា បែបគ្រាប់ ទឹក ចាហួយ ម្សៅ ឬបែបចាក់ និងទោះវាជាសាធាតុដែលច្នៃចម្រាញ់ឡើងក៏ដោយ តែក៏បានមកពីរុក្ខជាតិ ឬសត្វក្នុងធម្មជាតិដែរ។

    “រាងកាយមនុស្សយើងប្រហែលជាមិនអាចរស់នៅបានទេ បើខ្វះវីតាមីនដែលចាំបាច់គ្រប់ប្រភេទ”

    ជំនឿខុសៗពាក់ព័ន្ធនឹងវីតាមីន

    – វីតាមីនមិនអាចជំនួសអាហារបានទេ

    – វីតាមីនមិនអាចបឺតជ្រាបទៅក្នុងរាងកាយបានទេ បើមិនបានទទួលទានរួមជាមួយអាហារ

    – អ្នកមិនអាចទទួលទានតែវីតាមីន ហើយឈប់ទទួលទានអាហារផ្សេងទៀត ដោយសង្ឃឹមថា នឹងមានសុខភាពល្អបានទេ

    – វីតាមីនមិនមែនជាផ្នែកប្រកបរបស់គ្រោងសាងក្នុងរាងកាយមនុស្សទេ

    – វីតាមីនមិនអាចជំនួសដោយប្រូតេអ៊ីន អំបិលរ៉ែ ទឹក កាបូហាយដ្រេត ឬសូម្បីតែជំនួសគ្នាឯងក៏ដោយ!

    – វីតាមីនមិនមែនជាថ្នាំរម្ងាប់សរសៃប្រសាទទេ និងមិនបានផ្ដល់កម្លាំងថាមពល ឬកាឡូរីដល់រាងកាយឡើយ៕

  • រឿង 7 យ៉ាងដែលអ្នកមិនធ្លាប់ដឹង ពាក់ព័ន្ធនឹងទឹកភ្នែក…

    រឿង 7 យ៉ាងដែលអ្នកមិនធ្លាប់ដឹង ពាក់ព័ន្ធនឹងទឹកភ្នែក…

    មនុស្សយើងគ្រប់រូប ម្នាក់ៗសុទ្ធតែមានសម្ព័ន្ធភាពយ៉ាងស៊ីជម្រៅជាមួយទឹកភ្នែកពេញមួយជីវិត សាកល្បងគិតទៅមើល៍ នៅពេលកើតមកភ្លាម រឿងដំបូងគេដែលយើងធ្វើមុននឹងបើកភ្នែកមើលពិភពលោក គឺការហាមាត់ស្រែកយំ លុះដល់ធំឡើង យើងក៏ប្រើទឹកភ្នែកបង្ហាញពីអារម្មណ៍សោកស្ដាយខូចចិត្ត(ឬត្រេកអរនៅពេលខ្លះ) និងច្រើនដងណាស់ដែលវាហូរចេញមកប្រៀបដូចទឹកបាក់ទំនប់ ដោយសារគ្រាន់តែយើងហាន់មើមខ្ទឹមបារាំង!។

    មើលទៅវាហាក់ដូចជាថា តំណក់ទឹកថ្លាៗដែលហូរចុះមកលើថ្ពាល់របស់យើងនេះ មានរឿងរ៉ាវអាថ៌កំបាំងច្រើនគួរសម…

    ដូច្នេះថ្ងៃនេះយើងនាំគ្នាមកមើលពីរឿង 7 យ៉ាងដែលយើងមិនធ្លាប់ដឹងពាក់ព័ន្ធនឹងទឹកភ្នែកនេះ ធានាថា លោកអ្នកច្បាស់ជានឹកចម្លែកចិត្តមិនខាន។

    1 . ហៅថា “ទឹកភ្នែក” តែមិនមែនជា ទឹក ទេ

    ទឹកដែលហូរចេញមកពីកែវភ្នែក វាត្រូវតែជាទឹកហ្នឹងហើយ!។ មិនខុសទេ! តែក៏មិនបានត្រឹមត្រូវទាំងអស់ដែរ។ ការពិតទៅ ទឹកភ្នែករបស់យើងមានលក្ខណៈដូចជាបន្ទះហ្វ៊ីលម៍ដែលដាក់ពីលើគ្នា 3 ជាន់។

    ជាន់ក្រៅបំផុត ឬ “ស្រទាប់ខ្លាញ់” ( Lipid layer ) មានខ្លាញ់ជាផ្នែកផ្សំចម្បង មានតួនាទីការពារការហើរស្ងួតរបស់ទឹកភ្នែក បញ្ចៀសពន្លឺ និងជួយក្នុងការមើលឃើញ។

    ជាន់ទីពីរ ហៅថា “ស្រទាប់សារធាតុទឹក” ( Aqueous layer ) ប្រាកដណាស់! មានទឹកជាចំណែកផ្សំចម្បង និងនៅមានផ្សំដោយសារធាតុសំខាន់ផ្សេងៗដូចជា អំបិលរ៉ែ ប្រូតេអ៊ីន និងសារធាតុការពារជំងឺផ្សេងៗទៀតផង។ មុខនាទីរបស់ស្រទាប់សារធាតុទឹកភ្នែកដែលសំខាន់បំផុតគឺ ផ្ដល់អុកស៊ីហ្ស៊ែនដល់កែវភ្នែក និងជាប្រភពអាហារសំខាន់របស់កែវភ្នែក។

    ជាន់ក្នុងបំផុត ជា “ស្រទាប់រំអិល” ( Mucous layer ) ប្រកបដោយរំអិល ប្រូតេអ៊ីន និងអំបិលរ៉ែ មានតួនាទីធ្វើឱ្យស្រទាប់កញ្ចក់ភ្នែករាប ជួយឱ្យសម្លឹងមើលឃើញច្បាស់ ជួយរំអិលស្រទាប់ផ្នែកខាងមុខកែវភ្នែក និងស្ទាក់ចាប់វត្ថុប្លែកចម្លែក ជួយការពារមិនឱ្យភ្នែកជាប់មេរោគ។

    2 . ច្រើនជាង 1 តែមានដល់ទៅ 3

    ប្រយោគនេះមិនមែនជាការផ្សាយពាណិជ្ជកម្មលក់ទំនិញទេ តែជាប្រភេទ “ទឹកភ្នែក” របស់មនុស្សយើងហ្នឹងឯង។ ទោះជាមានសភាព និងរូបរាងទ្រង់ទ្រាយដូចគ្នាទាំងអស់មែន តែការពិតវិញ ទឹកភ្នែកមានដល់ទៅ 3 ប្រភេទឯណោះ។

    – Basal Tear ទឹកភ្នែកដែលហូរចេញមកគ្រប់ពេលវេលា ដើម្បីផ្ដល់សំណើមដល់កែវភ្នែក និងការពារធូលីដី។

    – Reflex Tear បើត្រឹមតែមានធូលីដីហើរចូលភ្នែក ហើយចេញទឹកភ្នែកនោះ ហ្នឹងហើយគឺ Reflex Tear។ ជាទឹកភ្នែកដែលហូរចេញមកក្នុងបរិមាណច្រើននៅពេលមានកម្ទេចអ្វីម្យ៉ាងចូលភ្នែក ឬនៅពេលមានអារម្មណ៍ថា ក្ដៅក្រហាយភ្នែក ដូចជា ពេលហាន់មើមខ្ទឹមបារាំង ឬប៉ះនឹងពន្លឺចាំងខ្លាំងៗជាដើម។

    – Emotional Tear ជាទឹកភ្នែកដែលមានតែមនុស្សប៉ុណ្ណោះដែលអាចបង្ហូរចេញមកបាន។ វានឹងហូរចេញមកនៅពេលកើតមានអារម្មណ៍ផ្សេងៗ ដូចជា សោកសៅ ខូចចិត្ត អផ្សុក ខកបំណងស្នេហ៍ ត្រេកអរខ្លាំង ជាដើម តែភាគច្រើន…ប្រាកដណាស់!…ជាទឹកភ្នែកនៃក្ដីសោកស្ដាយខូចចិត្ត។

    3 . មិនយំ មិនមែនមានន័យថា មិនមានទឹកភ្នែកនោះទេ

    កុំអាលភ្ញាក់ផ្អើលអី! ព្រោះអាចនឹងស្ដាប់មើលទៅរាងកម្សត់ តែវាជាសភាវប្រក្រតីរបស់រាងកាយមនុស្សយើង។ ទឹកភ្នែកប្រភេទ Basal Tear របស់យើងនឹងហូរចេញមកដើម្បីថែរក្សាកែវភ្នែកឱ្យមានសំណើមគ្រប់ពេលវេលា តែហូរចេញមកក្នុងបរិមាណតិចបំផុត មួយថ្ងៃត្រឹមតែ 5 – 10 អនស៍ប៉ុណ្ណោះ ហើយនឹងហើរស្ងួតទៅវិញប្រមាណជា 10 – 20%គ្រប់ពេលដែលយើងបើកភ្នែក ទើបយើងស្ទើរតែមិនដឹងឡើយថា មានទឹកភ្នែកកំពុងថែទាំយើង។

    4 . ទឹកភ្នែក និងទឹកសមុទ្រ…ដូចគ្នាទេ?

    ហេតុអីបានជាទឹកភ្នែកមានរសជាតិប្រៃដូចទឹកសមុទ្រដែរ? ជាទឹកតែមួយដូចគ្នាឬយ៉ាងណា?

    ទេ…ខុសគ្នាស្រឡះ! ព្រោះនៅក្នុងទឹកភ្នែក និងទឹកសមុទ្រមានចំណែកផ្សំរបស់ “អំបិល” ឬសូដ្យូមខ្លូរ៉ាយដ៍ដូចគ្នាមែន តែកម្រិតជាតិប្រៃរបស់ទឹកភ្នែកខុសប្លែកពីគ្នាអាស្រ័យលើបច្ច័យជាច្រើន ដូចជា ការយំ និងការត្រេកអរ ឬរំភើបចិត្តជាដើម។

    5 . គ្មានទឹកភ្នែក…អាចនឹងមើលឃើញមិនច្បាស់

    អ្នកណាទៅដឹងថា វត្ថុសំខាន់មួយដែលធ្វើឱ្យមនុស្សយើងមើលឃើញបានច្បាស់នោះគឺ “ទឹកភ្នែក”?។ ក្រៅពីនឹងជួយឱ្យមានសំណើមដល់កែវភ្នែកហើយ ទឹកភ្នែកនៅជួយសម្អាតកញ្ចក់ភ្នែក ធ្វើឱ្យយើងមើលឃើញបានច្បាស់ល្អឡើង។ ដូច្នេះ យើងគួរមើលថែទាំសុខភាពកែវភ្នែកឱ្យមានទឹកភ្នែកចេញមកចិញ្ចឹមកែវភ្នែកជាប់ជានិច្ចដោយការឧស្សាហ៍ប៉ប្រិចភ្នែកឱ្យបានញឹកញាប់ ចៀសវាងពីបរិស្ថាន និងទង្វើដែលធ្វើឱ្យទឹកភ្នែកងាយហើរស្ងួត ដូចជាការប្រើខ្សែភ្នែកយូរៗជាដើម។

    6 . មានអារម្មណ៍តានតឹងពិបាកចិត្ត ក៏យំចេញមក!

    ផ្នែកមួយពីការសិក្សាស្រាវជ្រាវរឿងទឹកភ្នែករបស់លោក William Frey អ្នកជីវគីមីនៃមជ្ឈមណ្ឌលវិភាគកែវភ្នែកបានប្រាប់ថា គ្រប់ពេលដែលយើងទួញយំ សារធាតុអេនដូហ្វ៊ីននឹងហូរចេញមក ជួយកាត់បន្ថយកម្រិតអ័រម៉ូននៃភាពតានតឹងពិបាកចិត្តបាន។ ដោយលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ Frey ក៏បានរកឃើញទៀតថា មនុស្សប្រុសជាង 73% និងស្រ្តីជាង 75% និយាយថា មានអារម្មណ៍ធូរស្រាល និងសប្បាយចិត្តឡើងវិញនៅពេលបានយំរួច។

    7 . តើមនុស្សប្រុស និងមនុស្សស្រីយំដូចគ្នាឬទេ?

    ការសិក្សាស្រាវជ្រាវពីស្ថាប័នជាច្រើនបានរកឃើញថា “ស្រ្តីមានសញ្ញាថានឹងយំញឹកញាប់ជាបុរស” ដោយអ្នកគីមីវិទ្យា William Frey ប្រធានក្រុមអ្នកស្រាវជ្រាវដែលបានប្រើពេលវេលាសិក្សាអំពីទឹកភ្នែកជាពិសេសអស់រយៈពេលដល់ទៅ 15 ឆ្នាំបានរាយក្ារណ៍ថា ក្នុង 1 ខែស្រ្តីយំ 5.3 ដង ចំណែកបុរសវិញយំប្រមាណតែ 1.4 ប៉ុណ្ណោះ។ ភាពញឹកញាប់នៃការយំដែលខុសប្លែកពីគ្នានេះ មួយផ្នែកកើតឡើងពី “អ័រម៉ូនប្រូលែកទីន” ដែលរាងកាយនឹងផលិតចេញមកនៅពេលដែលយើង “មានអារម្មណ៍ខ្លាំងដល់ទីបំផុត” ដូចជា ត្រេកអរបំផុត រំភើបចិត្តបំផុត ខូចចិត្ត ឬសោកស្ដាយបំផុត រហូតទៅដល់មួម៉ៅ តានតឹងតែនិយាយមិនចេញ និងពិបាកចិត្តបំផុត ជាដើម។ ក្នុងអំឡុងអារម្មណ៍បែបនេះ រាងកាយនឹងទម្លាយចេញមកជាដំណក់ទឹកភ្នែក ដើម្បីបញ្ចុះកម្រិតភាពតានតឹង ដោយស្រ្តីនឹងផលិតអ័រម៉ូននេះបានច្រើនជាងបុរសដល់ទៅ 4 ដង ទើបវាជាដើមហេតុឱ្យមនុស្សស្រីមានសញ្ញា និងទំនោរក្នុងការឆាប់ទួញយំ និងរំអួយជាងបុរស តែទាំងអស់នេះ វាអាស្រ័យលើហ្ស៊ែន ខ្នាតរបស់បំពង់បង្ហូរទឹកភ្នែករបស់មនុស្សម្នាក់ៗ និងការចិញ្ចឹមមើលថែរបស់គ្រួសារផងដែរ។​

    ឃើញទេថា ទឹកភ្នែកដែលជាចំណែកតូចមួយរបស់រាងកាយយើង មានអ្វីដែលគួរឱ្យចាប់អារម្មណ៍ច្រើនណាស់ និងថែមទាំងបំពេញតួនាទីចម្បងៗ ជួយឱ្យយើងមើលឃើញបានយ៉ាងមានប្រសិទ្ធភាពទៀតផង។ បានដឹងបែបនេះហើយ ចូរកុំភ្លេចងាកមកយកចិត្តទុកដាក់មើលថែទាំទឹកភ្នែក ដោយឧស្សាហ៍ទៅជួបគ្រូពេទ្យជំនាញខាងភ្នែកដើម្បីទទួលយកការណែនាំក្នុងការមើលថែទាំសុខភាពកែវភ្នែក រួមទាំងពិនិត្យរកមើលអាការខុសប្រក្រតីផ្សេងៗ ដូចជា សភាវភ្នែកឡើងស្ងួត ជាដើម។ល។ ទាំងអស់នេះគឺដើម្បីប្រសិទ្ធភាពក្នុងការមើលឃើញដែលល្អបំផុត៕

  • ស្គាល់ច្បាស់ពី ជំងឺទឹកនោមផ្អែម ដែលមនុស្សវ័យធ្វើការអាយុ 35+ ត្រូវប្រយ័ត្ន!!

    ស្គាល់ច្បាស់ពី ជំងឺទឹកនោមផ្អែម ដែលមនុស្សវ័យធ្វើការអាយុ 35+ ត្រូវប្រយ័ត្ន!!

    សហព័ន្ធការពារ និងប្រឆាំងជំងឺទឹកនោមផ្អែមអន្តរជាតិបានបង្ហើបឱ្យដឹងពីស្ថិតិអ្នកជំងឺទឹកនោមផ្អែមថា នៅឆ្នាំ 2014 នៅទូទាំងពិភពលោកមានអ្នកជំងឺទឹកនោមផ្អែម 415 លាននាក់ និងរៀងរាល់ 6 វិនាទីនឹងមានអ្នកស្លាប់ដោយសារជំងឺនេះ 1 នាក់ និងបានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ 2050 ចំនួនកើតអ្នកជំងឺទឹកនោមផ្អែមនឹងកើនឡើងដល់ទៅ 642 លាននាក់ ហើយអ្នកកើតជំងឺនេះមួយផ្នែកគឺបណ្ដាលមកពីទង្វើនៅក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសក្រុមមនុស្សក្នុងវ័យធ្វើការ អាយុ 35 ឡើងទៅ តែលោកអ្នកអាចកែសម្រួលទង្វើនានារបស់ខ្លួនដើម្បីកាត់បន្ថយភាពប្រថុយប្រថាននេះបាន។

    លោកវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យល្បីល្បាញមួយបានរៀបរាប់ឱ្យស្ដាប់ថា ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលរាងកាយមិនអាចគ្រប់គ្រងកម្រិតជាតិស្ករបាន ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់គ្រប់ពេលវេលា។

    ជំងឺទឹកនោមផ្អែមចែកចេញជា 4 ប្រភេទ

    – ប្រភេទទី 1 ជួបប្រទះនៅលើកុមារ និងមនុស្សវ័យជំទង់ ឃើញច្រើននៅលើជនជាតិលោកខាងលិច ដោយក្រុមនេះរាងកាយខ្វះសារធាតុអ៊ីនស៊ូលីនជាប្រចាំ ត្រូវពឹងលើការចាក់អ៊ីនស៊ូលីនរហូតមួយជីវិត និងរាងកាយហាក់ដូចជារាងស្គម។

    – ប្រភេទទី 2 ជួបប្រទះនៅលើមនុស្សធំ ជារោគទឹកនោមផ្អែមដែលប្រទះឃើញទូទៅ ដោយអ្នកជំងឺនៅក្នុងប្រទេសយើងភាគច្រើនស្ថិតក្នុងប្រភេទនេះ កើតដោយសាររាងកាយឌឺនឹងសារធាតុអ៊ីនស៊ូលីន អ្នកជំងឺច្រើនតែធាត់។

    – ប្រភេទទី 3 រោគទឹកនោមផ្អែមដែលជួបប្រទះក្នុងអំឡុងពេលតាំងគភ៌។ ជាលទ្ធផលមកពីអ័រម៉ូនរបស់ការតាំងគភ៌ សភាវរបស់រោគនេះនឹងល្អប្រសើរឡើងវិញក្រោយការប្រសូត តែស្រ្តីជាម្ដាយនឹងមានភាពប្រថុយប្រថានក្នុងការកើតរោគទឹកនោមផ្អែមនេះទៀត។

    – ប្រភេទទី 4 បណ្ដាលមកពីរោគក្រពេញគ្មានទបង្ហូរ។ រាងកាយផលិតស្ទៀរ៉យដ៍ច្រើនជ្រុល ឬការប្រើប្រាស់ថ្នាំប្រភេទខ្លះដែលមានស្ទៀរ៉យដ៍ តែអាការនេះនឹងជាបាត់ទៅវិញនៅពេលបានព្យាបាល ឬឈប់ប្រើថ្នាំទាំងនោះ។

    តើធ្វើម៉េចទើបដឹងថា រាងកាយចូលដល់ដំណាក់កាលប្រថុយក្នុងការកើតរោគទឹកនោមផ្អែម?

    សាកល្បងសង្កេតមើលថា តើខ្លួនឯងមានអាការទាំងអស់នេះឬទេ? ដូចជា ស្រេកទឹកញឹកញាប់ បត់ជើងតូចញឹកញាប់ និងទឹកមូត្រមានចំនួនច្រើន ធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក និងអំបិលរ៉ែ បណ្ដាលឱ្យទន់ល្វើយគ្មានកម្លាំង និងទម្ងន់ខ្លួនថយចុះ។ អ្នកខ្លះដល់ថ្នាក់គាំងក្រលៀន និងស្លាប់ទៀតផង។ អ្នកខ្លះទៀតនឹងមានឡើងកន្ទាលត្រអាកដែលបណ្ដាលមកពីមេរោគផ្សិតនៅតាមសន្លាក់ដៃជើង មានធ្លាក់ស ភ្នែកស្រវាំង និងស្ពឹកនៅលើចុងដៃចុងជើង។

    រោគដែលនឹងជ្រៀតជ្រែកចូលមកគួរឱ្យកង្វល់

    រឿងដែលគួរវិតក្កកង្វល់ និងជាមូលហេតុនៃការបាត់បង់ជីវិតរបស់អ្នកជំងឺទឹកនោមផ្អែមគឺ រោគជ្រៀតជ្រែករ៉ាំរ៉ៃ ដែលជួបប្រទះញឹកញាប់គឺ ៖

    – រោគជ្រៀតជ្រែករ៉ាំរ៉ៃរបស់ទឹកនោមផ្អែមក្នុងផ្ទាំងកញ្ចក់ប្រសាទភ្នែក ធ្វើឱ្យកញ្ចក់ប្រសាទភ្នែកចុះខ្សោយ មានឈាមចេញនៅក្នុងកែវភ្នែក ហុចផលឱ្យភ្នែកខ្វាក់ ដែលបើសិនមានការពិនិត្យលម្អិតឃើញសភាវទឹកនោមផ្អែម នឹងជួយការពារសភាវខ្វាក់ភ្នែកបាន។

    – រោគជ្រៀតជ្រែករ៉ាំរ៉ៃរបស់ទឹកនោមផ្អែមនៅក្នុងក្រលៀន ឃើញមានប្រូតេអ៊ីនលាយឡំចេញមកជាមួយទឹកមូត្រ បើសិនជាទុកចោលមិនព្យាបាល ក្រលៀននឹងធ្វើការបានកាន់តែតិច ចុះខ្សោយ និងកើតសភាវគាំងក្រៀននៅទីបំផុត។

    – រោគស្ពឹកសរសៃប្រសាទ អ្នកជំងឺនឹងគ្មានអារម្មណ៍ដឹងពីការប៉ះពាល់ នៅពេលកើតការប៉ះទង្គិចខាងរាងកាយនឹងគ្មានអារម្មណ៍ថាឈឺចាប់ ធ្វើឱ្យកើតមានស្នាមរបួសបានយ៉ាងងាយ និងស្នាមរបួសពិបាកព្យាបាល ដោយសារតែការហូរវិលទៅមករបស់ឈាមមិនល្អ។ នៅលើអ្នកខ្លះ ទោះជាគ្មានស្នាមរបួស តែក៏រកឃើញអាការឈាមមិនហូរវិលទៅមកដែរ ទើបធ្វើឱ្យអ្នកជំងឺត្រូវបាត់បង់អវយវៈអស់ជាច្រើន។

    ក្រៅពីនេះនៅជួបប្រទះអាការស្ពឹកមួយកំណាត់ខ្លួន និងជំងឺបេះដូងជាញឹកញាប់នៅលើអ្នកជំងឺទឹកនោមផ្អែមទៀតផង ដោយអ្នកជំងឺទឹកនោមផ្អែមដែលកើតរោគបេះដូងនេះ នឹងគ្មានបង្ហាញអាការឈឺចាប់ដាស់តឿនឱ្យដឹងឡើយ ធ្វើឱ្យកើតអាការគាំងបេះដូងទាន់ហន់នាំឱ្យមានគ្រោះថ្នាក់ជីវិតបាន។

    ក្រុមមនុស្សដែលមានឱកាសកើតរោគទឹកនោមផ្អែម

    អ្នកដែលមានអាយុ 35 ឆ្នាំឡើង មានសភាវធាត់ដុះក្បាលពោះធំ អ្នកដែលមិនហាត់ប្រាណ ឬមិនសូវបានធ្វើចលនា ដែលបុគ្គលិកធ្វើការក្នុងការិយាល័យក៏អាចរាប់បានថា មានសភាវប្រថុយប្រថានដូចគ្នា រួមទាំងអ្នកជំងឺដែលប្រើថ្នាំស្ទៀរ៉យដ៍ អ្នកធ្លាប់មានប្រវត្តិកើតរោគទឹកនោមផ្អែម ឬជាមនុស្សនៅក្នុងគ្រួសារដែលមានប្រវត្តិកើតរោគទឹកនោមផ្អែម ជាដើម។ ទាំងអស់នេះគឺជាក្រុមដែលត្រូវតែត្រួតពិនិត្យលម្អិតទឹកនោមផ្អែម។

    តើត្រូវកែសម្រួលទង្វើយ៉ាងណាទើបចៀសពីទឹកនោមផ្អែមបាន?

    – ហាត់ប្រាណ ឱ្យសាច់ដុំធ្វើចលនាជាបន្តបន្ទាប់រហូតមានចេញញើស និងបេះដូងលោតញាប់ ក្នុងមួយសប្ដាហ៍ 5 ថ្ងៃ។

    – ប្រយ័ត្នប្រយែងលើអាហារកាហូបចុក ជាពិសេសអាហារប្រភេទម្សៅ និងស្ករ ដើម្បីមិនធ្វើឱ្យកើតសភាវធាត់ដុះក្បាលពោះធំ។​

    – ចុងក្រោយ លោកគ្រូពេទ្យសូមណែនាំដល់អ្នកដែលស្ថិតក្នុងក្រុមប្រថុយប្រថានទាំងអស់ គួេពិនិត្យលម្អិតទឹកនោមផ្អែម ដែលអាចធ្វើបានតាមរយៈ 3 វិធីនេះគឺ ពិនិត្យជាតិស្ករមុនទទួលទានអាហារពេលព្រឹក ដោយតមពិសាអាហារយ៉ាងតិច 8 ម៉ោងមុនពិនិត្យឈាម ។ ពិនិត្យឈាមនៅទីណាក៏បាន ដោយមិនបាច់ត្រូវតមអាហារ និងពិនិត្យជាតិស្ករនៅក្នុងគ្រាប់ឈាមក្រហម ព្រោះការរកឃើញសភាវរោគទឹកនោមផ្អែមតាំងពីដំបូងៗ នឹងអាចធ្វើការព្យាបាល និងការពាររោគជ្រៀតជ្រែកបានទាន់ពេលវេលាភ្លាមៗ៕

  • កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​COVID-19​ ថ្មី ចំនួន​1ករណី​ទៀត​ហើយ​

    កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​COVID-19​ ថ្មី ចំនួន​1ករណី​ទៀត​ហើយ​

    ក្រសួង​សុខាភិបាល​កម្ពុជា​ នា​ព្រឹក​ថ្ងៃទី​31​សីហា​នេះ​ បាន​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ចំនួន​1​ករណី​បន្ថែម​ទៀត ទន្ទឹម​នឹង​អ្នក​ជាសះស្បើយ​ចំនួន​1​ករណី​។

    យោង​តាម​ក្រសួង​សុខាភិបាល​កម្ពុជា អ្នក​ជំងឺ​ថ្មី​1​ករណី​ខាង​លើ​នេះ គឺជា​ជនជាតិបារាំង​ វ័យ​30​ឆ្នាំ មាន​ទីលំនៅ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។ អ្នកជំងឺ​នេះបាន​​មកដល់​​កម្ពុជា​នៅ​ថ្ងៃទី​30​កក្កដា ក្រោយ​ពី​​បាន​ធ្វើ​ដំណើរ​ពី​​ប្រទេស​បារាំង​ទៅ​កាន់​កោះ​តៃវ៉ាន់ មុន​នឹង​មក​ដល់​កម្ពុជា​។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លងវីរុស​COVID-19 សរុប​ចំនួន​274​នាក់ ក្នុង​នោះ​មាន​266​នាក់​បាន​ជាសះស្បើយ និង​8​នាក់កំពុង​ទទួល​ការ​ព្យាបាល​។

     

  • ពិភពលោក​​មាន​មនុស្ស​​​ចំនួន​ជាង​6,769,000​​នាក់​កំពុង​​ផ្ទុក​​​COVID-19​ ក្នុង​នោះ​កម្ពុជា​មាន8​នាក់​

    ពិភពលោក​​មាន​មនុស្ស​​​ចំនួន​ជាង​6,769,000​​នាក់​កំពុង​​ផ្ទុក​​​COVID-19​ ក្នុង​នោះ​កម្ពុជា​មាន8​នាក់​

    នាព្រឹក​ថ្ងៃទី​29​សីហា​នេះ ក្រសួង​សុខាភិបាល​​បាន​ប្រកាស​ថា​ កម្ពុជា​មិន​បាន​​រកឃើញ​ករណី​ឆ្លងវីរុស​COVID-19 ​ថ្មី​ ឬ​ករណី​ជាសះស្បើយ​ថ្មី​ណាមួយ​នោះ​ទេ​ ខណៈ​​ពិភពលោក​ទាំង​មូល​ទើប​រក​ឃើញ​អ្នកឆ្លងCOVID-19​ថ្មី​ ចំនួន​6,169​ករណី និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​557​ករណី​។

    ពិភពលោក​ទាំង​មូល​បាន​រក​ឃើញ​អ្នកឆ្លងវីរុស​COVID-19​ សរុប​ចំនួន​24,905,128​នាក់ និង​អ្នកជំងឺ​ចំនួន​841,218​នាក់​បាន​បាត់​បង់​ជីវិត​​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ ប្រទេស​និង​ដែនដី​ជាង​200​បាន​រក​​ឃើញ​ករណី​ឆ្លងវីរុស​​ថ្មី​ចំនួន​6,169​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​557​នាក់​​។ ក្នុង​ចំណោម​អ្នកដែល​បាន​ឆ្លង​វីរុស​នេះ មាន​17,294,597​នាក់​​បាន​ជាសះស្បើយ​ និង​​6,769,313​នាក់​កំពុង​ព្យាបាល ក្នុង​នោះ​ដែរ​ មាន​​61,191​នាក់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​អាក្រក់​។

    នៅកម្ពុជា​ឯណេះ​វិញ ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា កម្ពុជា​បច្ចុប្បន្ន​មាន​អ្នកជំងឺ​ចំនួន​8​នាក់​កំពុង​ទទួល​ការ​ព្យាបាល​ និង​265​នាក់​បាន​ជាសះស្បើយ។ កម្ពុជា​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារវីរុស​COVID-19 ដែល​ត្រូវ​បាន​រាយការណ៍​ជាផ្លូវការ​នៅ​ឡើយ​។ គិត​មក​ដល់​បច្ចុប្បន្ន​ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​273​នាក់​ ក្នុង​នោះ​មាន​171​នាក់​រកឃើញ​នៅ​ភ្នំ​ពេញ 40​នាក់​នៅ​ក្រុង​ព្រះសីហនុ 16​នាក់​នៅ​កំពង់​ចាម​ រួម​នឹងករណី​ជា​ច្រើនទៀត​នៅ​ខេត្ត​ផ្សេង​ៗ​៕

    ប្រភព៖ worldometers,cdcmoh

  • 5 សញ្ញាគ្រោះថ្នាក់របស់ជំងឺក្រលៀន

    5 សញ្ញាគ្រោះថ្នាក់របស់ជំងឺក្រលៀន

    ជំងឺក្រលៀន គឺជំងឺដែលបណ្ដាលមកពីការដែលក្រលៀនធ្វើការខុសប្រក្រតី មានប្រសិទ្ធភាពថយចុះ បង្កឱ្យកើតការដក់ស្ទះនូវវត្ថុកាកសំណល់នៅក្នុងរាងកាយ រហូតហុចផលប៉ះពាល់ដល់ការធ្វើការងារក្នុងប្រព័ន្ធផ្សេងៗទូទាំងរាងកាយ និងអាចហុចផលឱ្យកើតសភាវគាំងក្រលៀនបាន ដែលការពិតទៅវាអាចកើតឡើងបានពីច្រើនមូលហេតុ ទាំងកើតឡើងតាំងពីកំណើត កើតពីការរលាកក្លាយ ឆ្លងមេរោគ ដក់ស្ទះក្នុងតម្រងនោម ឬមានដុះសាច់ជាដើម ដោយវានឹងបង្ហាញអាការចេញមកខុសប្លែកពីគ្នា ដែលយើងអាចសរុបអាការដែលប្រថុយប្រថាននឹងការកើតជំងឺក្រលៀនបានដូចខាងក្រោមនេះ។

    1 . ទឹកមូត្រមានលក្ខណៈខុសប្រក្រតី

    ទាំងការបន្ទោបង់ទឹកមូត្រចេញមកមានលាយឈាម ទឹកមូត្រមានពពុះច្រើន ឬទឹកមូត្រខាប់ជាដើម អាចសន្និដ្ឋានទុកជាមុនបានតែម្ដងថា អាចនឹងប្រថុយប្រថាននឹងការកើតជំងឺក្រលៀនហើយ គួរតែប្រញាប់ទៅជួបលោកគ្រូពេទ្យជាបន្ទាន់បំផុត ជាពិសេសអ្នកដែលបន្ទោបង់ទឹកមូត្រចេញមកមានឈាមចេញមកជាមួយ ព្រមជាមួយមានសរសៃខាប់ៗ(ដូចស៊ុត-ស) ឬមានប្រូតេអ៊ីនចេញមកលាយឡំជាមួយទឹកមូត្រ ជាដើម។

    2 . ឈឺពោះខ្លាំង

    អាចកើតឡើងរួមជាមួយការបន្ទោបង់ចេញមកមានឈាម ទឹកមូត្រខាប់ ឬមានគ្រាប់ខ្សាច់តូចៗ ដោយអាការទាំងអស់នេះប្រថុយប្រថានក្នុងការកើតក្រួសក្នុងតម្រងនោម និងជំងឺពាក់ព័ន្ធនឹងប្រព័ន្ធតម្រងនោម។

    3 . ឃើញមានដុំអ្វីម្យ៉ាងនៅម្ដុំក្រលៀន

    បើសិនជាស្ទាបទៅហើយឃើញមានដុំសាច់អ្វីម្យ៉ាងនៅត្រង់ម្ដុំចង្កេះទាំងសងខាងរបស់អ្នក នេះអាចជាសញ្ញាគ្រោះថ្នាក់មួយរបស់ជំងឺក្រលៀនដែលបណ្តាលមកពីការស្ទះថង់ទឹកមូត្រ ការណែនស្ទះរបស់ក្រលៀន ឬដុះសាច់នៅក្នុងក្រលៀនជាដើម។

    4 . សម្ពាធឈាមឡើងខ្ពស់

    ដោយសារតែក្រលៀនបំពេញតួនាទីសាងសារធាតុគ្រប់គ្រងសម្ពាធឈាម ប្រកបជាមួយក្រលៀនមានតួនាទីរក្សាតុល្យភាពរបស់ទឹក និងអំបិលរ៉ែក្នុងរាងកាយ ដូច្នេះហើយទើបការដែលសម្ពាធឈាមឡើងខ្ពស់អាចបណ្តាលមកពីជំងឺក្រលៀនដោយត្រង់។

    5 . អាការហើម

    អ្នកដែលកើតជំងឺក្រលៀននឹងមានអាការហើម ជាពិសេសនៅលើស្បែកភ្នែកនៅពេលព្រឹក ឬហើមមុខតែម្ដង ដែលបើសិនជាធ្ងន់ធ្ងរនឹងមានអាការហើមនេះពេញទាំងដងខ្លួនតែម្ដង។ តែយ៉ាងណាក៏ដោយ អាការហើមនេះក៏អាចបណ្ដាលមកពីជំងឺថ្លើម ជំងឺបេះដូង ការខ្វះសារធាតុអាហារ ឬភាពខុសប្រក្រតីពាក់ព័ន្ធនឹងអ័រម៉ូនបានដែរ ដូច្នេះគួរប្រញាប់ទៅជួបលោកគ្រូពេទ្យដើម្បីឱ្យបានដឹងពីមូលហេតុពិតប្រាកដ និងដើម្បីទទួលការព្យាបាលមុនពេលអ្វីៗហួសពេលនឹងកែកុន៕

  • ជិត24លាននាក់បានឆ្លងCOVID-19 នៅទូទាំងសកលលោក! កម្ពុជាឈរលំដាប់ទី182ក្នុងចំណោមប្រទេសនិងដែនដីដែលមានអ្នកឆ្លងវីរុស

    ជិត24លាននាក់បានឆ្លងCOVID-19 នៅទូទាំងសកលលោក! កម្ពុជាឈរលំដាប់ទី182ក្នុងចំណោមប្រទេសនិងដែនដីដែលមានអ្នកឆ្លងវីរុស

    ពិភពលោកទាំងមូលបានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុបជិត24លាននាក់ និងអ្នកស្លាប់ដោយសារវីរុសនេះជិត816,000នាក់ ខណៈកម្ពុជាមានអ្នកជំងឺសរុបជាង270នាក់។

    ប្រទេសនិងដែនដីជាង200នៅក្នុងពិភពលោក ត្រូវបានរាយការណ៍ថា មានអ្នកជំងឺCOVID-19 សរុបចំនួន23,806,794នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះក៏បានកើនដល់816,950នាក់ ក្នុងនោះមានអ្នកជំងឺថ្មីជាង202,450នាក់ និងអ្នកស្លាប់ថ្មីជាង3,810នាក់ត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ខណៈដែលជាង16,356,800នាក់បានជាសះស្បើយ។ នេះបើតាមស្ថិតិរបស់ទំព័រ Worldometers។

    សហរដ្ឋអាមេរិកនៅតែជាសម្បុកវីរុសធំជាងគេបង្អស់ក្នុងពិភពលោក ដោយបានរកឃើញអ្នកឆ្លងវីរុសសរុប5,915,630នាក់ អ្នកស្លាប់សរុប181,114នាក់ អ្នកបានជាសះស្បើយសរុប3,217,981នាក់ អ្នកកំពុងព្យាបាល2,516,535នាក់ ក្នុងនោះមានអ្នកជំងឺ16,483នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

    ប្រទេសឥណ្ឌាឈរលំដាប់ទី3ក្នុងពិភពលោក និងលំដាប់ទី1នៅអាស៊ី បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។ ឥណ្ឌាបានរកឃើញអ្នកឆ្លងវីរុសសរុប3,164,881នាក់ អ្នកស្លាប់សរុប58,546នាក់ ជាសះស្បើយ2,403,101​នាក់ ​កំពុង​ព្យាបាល​703,234​នាក់ និងកំពុងប្រឈមនឹងការបាត់បង់ជីវិត8,944នាក់។

    នៅតំបន់អាស៊ីអាគ្នេយ៍វិញ ហ្វីលីពីនគឺជាប្រទេសដែលបានរកឃើញអ្នកឆ្លងវីរុសច្រើនជាងគេលំដាប់ទី1 ដោយមានអ្នកជំងឺសរុប194,252នាក់ និងស្លាប់សរុប3,010នាក់។ ឈរលំដាប់ទី2ក្នុងតំបន់នេះ គឺឥណ្ឌូនេស៊ី ដោយមាន​អ្នក​ជំងឺ​សរុប​155,412​នាក់ ​និងស្លាប់សរុប6,759នាក់។ សិង្ហបូរីជាសម្បូកវីរុសធំជាងគេលំដាប់ទី3 ជាមួយនឹងអ្នកជំងឺ​សរុប​56,404​នាក់ និង​ស្លាប់​សរុប​27​នាក់​។

    កម្ពុជាឈរលំដាប់ទី182ក្នុងចំណោមប្រទេសដែលមានអ្នកជំងឺCOVID-19 ក្នុងពិភពលោក និងឈរលំដាប់ទី8ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានរកឃើញអ្នកឆ្លងវីរុសសរុប273នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន263នាក់ និងអ្នកកំពុងព្យាបាលចំនួន10នាក់។ តំបន់ដែលបានរកឃើញអ្នកឆ្លងវីរុសច្រើនជាងគេរួមមាន ទីក្រុងភ្នំពេញ171នាក់ ទីក្រុងព្រះសីហនុ40នាក់ និងខេត្តកំពង់ចាម16នាក់៕

  • តំបន់លម្ហែសម្រាប់​ក្រុម​អ្នកចូលចិត្តអាក្រាត​កាយ​ធំ​ជាងគេក្នុងពិភពលោក កំពុងរងការរាតត្បាតពីCOVID-19

    តំបន់លម្ហែសម្រាប់​ក្រុម​អ្នកចូលចិត្តអាក្រាត​កាយ​ធំ​ជាងគេក្នុងពិភពលោក កំពុងរងការរាតត្បាតពីCOVID-19

    COVID-19 កំពុងតែវាយលុកតំបន់លម្ហែកាយសម្រាប់អ្នកចូលចិត្តអាក្រាតកាយនៅលើឆ្នេរសមុទ្រ Cap D’Agde នៃទីរួមស្រុក Adge របស់ប្រទេសបារាំង។

    ក្រុមមន្ត្រីសុខាភិបាលបានឱ្យដឹងថា ភូមិ Cap D’Agde នៅតំបន់ Herault របស់ប្រទេសបារាំង បានរកឃើញមនុស្សជិត100នាក់ បានឆ្លងវីរុសCOVID-19 បើគិតចាប់ពីពេលវីរុសបានបង្ហាញវត្តមានរហូតមកដល់ថ្ងៃទី24សីហានេះ។

    អត្រានៃករណីវិជ្ជមានCOVID-19 នៅលើក្រុមមនុស្សដែលមកដើរលម្ហែដោយអាក្រាតកាយក្នុងតំបន់នេះ គឺខ្ពស់ជាងដល់ទៅ4ដង បើធៀបនឹងក្រុមមនុស្សដទៃដែលកំពុងរស់នៅក្នុងភូមិ Cap D’Agde។ ទេសចរជាង50នាក់ត្រូវបានរកឃើញថា បានឆ្លងវីរុសCOVID-19 ក្រោយពីបានមកកាន់តំបន់សម្រាប់អ្នកចូលចិត្តអាក្រាតកាយ Cap D’Agde នាពេលថ្មីៗនេះ។ អត្រានៃករណីឆ្លងវីរុសថ្មីពីតំបន់អាក្រាតកាយនេះ ត្រូវបានគេជឿថា នឹងកើនឡើងច្រើនជាបន្តទៀត បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តនឹងត្រូវបានធ្វើឡើងរួចរាល់នាពេលដ៏ខ្លីខាងមុខ។

    ភូមិ Cap D’Agde ដែលស្ថិតក្នុងទីរួមស្រុក Adge (បារាំង) ដើមឡើយគ្រាន់តែជាតំបន់ដាំដើមអូលីវតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន វាបានក្លាយជាតំបន់ទេសចរណ៍ដ៏សែនទាក់ទាញសម្រាប់ក្រុមមនុស្សដែលចូលចិត្តដើរលម្ហែដោយអាក្រាតកាយ មកពីជុំវិញពិភពលោក។ នៅក្នុងរដូវដែលមានទេសចរច្រើន Cap D’Agde អាចទទួលភ្ញៀវបានដល់ទៅ400,000នាក់។

    តំបន់លម្ហែសម្រាប់អ្នកចូលចិត្តអាក្រាតកាយធំជាងគេក្នុងពិភពលោក កំពុងរងការរាតត្បាតពីCOVID-19
    តំបន់លម្ហែសម្រាប់អ្នកចូលចិត្តអាក្រាតកាយធំជាងគេក្នុងពិភពលោក កំពុងរងការរាតត្បាតពីCOVID-19

    ការកើនឡើងនៃចំនួនអ្នកជំងឺCOVID-19 នៅតំបន់ Cap D’Agde បានកើតមានក្នុងគ្រាដែលប្រទេសបារាំងកំពុងប្រឈមនឹងរលកCOVID-19 បន្ទាប់នាពេលថ្មីៗនេះ។ គិតមកដល់ថ្ងៃទី24សីហា បារាំងបានរកឃើញអ្នកឆ្លងវីរុសសរុបចំនួន242,899នាក់ អ្នកស្លាប់សរុប30,513នាក់ ក្នុងនោះមានអ្នកជំងឺកំពុងទទួលការព្យាបាលចំនួន127,413នាក់ ដែលក្នុងនេះដែរក៏មាន383នាក់កំពុងប្រឈមនឹងការស្លាប់ខ្ពស់ជាងគេ។ បារាំងកំពុងឈរលំដាប់ទី3 ក្នុងចំណោមប្រទេសដែលបានរកឃើញអ្នកជំងឺCOVID-19 ច្រើនជាងគេនៅទ្វីបអឺរ៉ុប បន្ទាប់ពីប្រទេសអង់គ្លេស និងអ៊ីតាលី និងឈរលំដាប់ទី19 នៅទូទាំងពិភពលោក។

    គិតមកដល់ពេលនេះ ពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសសរុប23,593,497នាក់ ក្នុងនោះមាន812,627នាក់បានបាត់បង់ជីវិត និង16,090,981នាក់បានជាសះស្បើយ ខណៈអ្នកជំងឺ6,689,889នាក់កំពុងទទួលការព្យាបាល ក្នុងនោះមាន61,418នាក់ (1%) កំពុងស្ថិតក្នុងស្ថានភាពអាក្រក់៕

    ប្រភព៖ AFP, Worldometers

  • ចិនអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់​សាំង​​COVID-19 ជាបន្ទាន់និងជា​បណ្ដោះ​អាសន្ន

    ចិនអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់​សាំង​​COVID-19 ជាបន្ទាន់និងជា​បណ្ដោះ​អាសន្ន

    ប្រទេសចិនបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ចំពោះវ៉ាក់សាំងCOVID-19 នានាដែលអភិវឌ្ឍដោយបណ្ដាក្រុមហ៊ុនក្នុងស្រុក ដែលវាមិនទាន់ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។

    ប្រការនេះត្រូវបានធ្វើឡើងដោយយោងទៅតាមច្បាប់គ្រប់គ្រងវ៉ាក់សាំងរបស់ប្រទេសចិន ដែលអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងទាំងឡាយណាដែលមិនទាន់ទទួលបានការអនុម័តឱ្យប្រើជាផ្លូវការ ទៅលើក្រុមហ៊ុនមនុស្សទាំងឡាយណាដែលមានហានិភ័យឆ្លងខ្ពស់ ក្នុងរយៈពេលកំណត់ណាមួយ។

    Zheng Zhongwei ដែលជាមេដឹកនាំរបស់ក្រុមអ្នកអភិវឌ្ឍវ៉ាក់សាំងCOVID-19 របស់ប្រទេសចិន បានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិ CCTV កាលពីថ្ងៃទី22សីហាថា៖ “យើងបានគូសវាសជាគម្រោងជាច្រើន រួមមានទាំងសំណុំបែបបទដែលទទួលស្គាល់ដោយផ្នែកសុខាភិបាល គម្រោងតាមដានផលវិបាក គម្រោងសង្គ្រោះ គម្រោងផ្ដល់សំណងជាដើម ដើម្បីធានាឱ្យបានប្រាកដថា ការប្រើប្រាស់បន្ទាន់នេះត្រូវបានគ្រប់គ្រង និងតាមដានបានល្អ”។

    លោក Zheng ឱ្យដឹងថា ប្រទេសចិនបានផ្ដល់ការអនុញ្ញតឱ្យប្រើប្រាស់បន្ទាន់ និងបណ្ដោះអាសន្ននូវវ៉ាក់សាំងCOVID-19 ចាប់តាំងពីថ្ងៃទី22កក្កដា នៅពេលដែលបេក្ខភាពវ៉ាក់សាំងនានាកំពុងប្រើប្រាស់សាកល្បង។ អ្នកដែលត្រូវបានចាក់វ៉ាក់សាំងកាលណោះបានឱ្យដឹងថា ពួកគេទទួលបានផលវិបាកតិចតួចណាស់។

    យោងតាមច្បាប់គ្រប់គ្រងវ៉ាក់សាំងរបស់ប្រទេសចិន នៅពេលដែលមានករណីបន្ទាន់ផ្នែកសុខាភិបាលប្រកបដោយភាពធ្ងន់ធ្ងរកើតឡើង វ៉ាក់សាំងនានាដែលកំពុងប្រើប្រាស់សាកល្បង អាចត្រូវបានយកមកប្រើប្រាស់ជាទ្រង់ទ្រាយមានកំណត់ដើម្បីការពារបុគ្គលិកសុខាភិបាល និងការិយាល័យប្រឆាំងរោគឆ្លង បុគ្គលិកព្រំដែន និងក្រុមមនុស្សដែលធ្វើសកម្មភាពសំខាន់ៗក្នុងទីក្រុង។ នេះបើតាមការបកស្រាយរបស់លោក Zheng។

    សារព័ត៌មាន Global Times មុននេះបានចេញផ្សាយថា បុគ្គលិកនានារបស់ក្រុមហ៊ុនរដ្ឋដែលកំពុងត្រៀមខ្លួនចេញទៅក្រៅប្រទេស និងក្រុមគ្រូពេទ្យជួរមុខ ទទួលបានជម្រើសចំនួនពីរក្នុងការចាក់វ៉ាក់សាំងដែលមិនទាន់ទទួលបានការអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ ដែលអភិវឌ្ឍដោយក្រុមហ៊ុនផលិតឱសថជាតិ (sinopharm) ដើម្បីប្រើប្រាស់ជាបន្ទាន់ និងបណ្ដោះអាសន្ន។ កាលពីថ្ងៃទី20និង21សីហា ក្រុមហ៊ុន Sinopharm បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការទៅលើការប្រើប្រាស់សាកល្បងវ៉ាក់សាំងCOVID-19 នៅក្នុងដំណាក់កាលទី3 ជាមួយនឹងប្រទេសប៉េរូ ប្រទេសម៉ូណាកូ និងអាហ្សង់ទីន។

    លោក Zheng បន្តថា ដើម្បីត្រៀមសម្រាប់ជំហានបន្ទាប់ ក្នុងបំណងទប់ស្កាត់ការផ្ទុះឆ្លងរាលដាលនៅក្នុងរដូវរំហើយ និងរដូវត្រជាក់ ការប្រើប្រាស់វ៉ាក់សាំងនេះនឹងត្រូវបានពង្រីកវិសាលភាពទៅដល់ក្រុមមនុស្សដែលធ្វើការនៅក្នុងផ្សារលក់ស្បៀងអាហារ ប្រព័ន្ធដឹកជញ្ជូន និងបណ្ដាវិស័យឧស្សាហកម្មសេវាកម្មនានាផងដែរ។

    Tao Lina ដែលជាអ្នកជំនាញផ្នែករោគឆ្លងនៅទីក្រុងសៀងហៃ បានឱ្យដឹងកាលពីថ្ងៃទី23សីហាថា ចំនួនមនុស្សដែលត្រូវបានចាក់វ៉ាក់សាំងនៅក្នុងករណីបន្ទាន់ អាចឡើងដល់រាប់សែននាក់នៅពាសពេញប្រទេសចិនដោយមិនគិតថ្លៃ។

    អ្នកស្រី Wu មេដឹកម្នាក់របស់ក្រុមហ៊ុនរដ្ឋចិនមួយ ដែលកំពុងធ្វើការក្នុងគម្រោងនានាទាក់ទិននឹងការសាងសង់នៃគំនិតផ្ដួចផ្ដើមស្ដីអំពីខ្សែក្រវាត់មួយផ្លូវមួយនៅបណ្ដាប្រទេសក្នុងទ្វីបអាស៊ី និងអាហ្វ្រិក បានប្រាប់ថា បុគ្គលិកទាំងអស់របស់អ្នកស្រីត្រូវបានចាក់វ៉ាក់សាំងដោយមិនគិតថ្លៃរួចរាល់ហើយ នៅក្នុងទម្រង់ស្ម័គ្រចិត្ត។ អ្នកស្រី Wu បន្តថា អ្នកស្រីក៏បានចាក់វ៉ាក់សាំងនេះកាលពីថ្ងៃទី7សីហា ហើយពុំមានផលវិបាកណាមួយកើតឡើងនោះឡើយ គឺដូចទៅនឹងបុគ្គលិកផ្សេងៗទៀតរបស់អ្នកស្រីដែរ។

    Yang Xiaoming ដែលជាប្រធានក្រុមហ៊ុន Sinopharm បានអះអាងថា វ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពទប់ទល់នឹងរាល់វីរុសប្រភេទ nCoV ដែលត្រូវបានរកឃើញយ៉ាងហោចត្រឹមពាក់កណ្ដាលខែកក្កដា ហើយវាអាចបង្កផលវិបាកអាក្រក់តិចជាងវ៉ាក់សាំងផ្សេងៗដែលកំពុងត្រូវបានស្រាវជ្រាវ។

    Yang Xiaoming ឱ្យដឹងថា មនុស្សជាង20,000នាក់នៅអារ៉ាប់រួម (UAE) ដែលបានប្រើប្រាស់វ៉ាក់សាំងរបស់ Sinopharm នៅក្នុងការប្រើប្រាស់សាកល្បងក្នុងដំណាក់កាលទី3 បានបង្ហាញថា វាមានសុវត្ថិភាពខ្ពស់។ ប្រសិទ្ធភាពរបស់វ៉ាក់សាំងក៏កំពុងត្រូវបានតាមដានបន្តទៅទៀត។

    “ការប្រើប្រាស់សាកល្បងដំណាក់កាលទី3នៅ UAE មកដល់ពេលនេះ មិនទាន់មានករណីទទួលផលវិបាកណាមួយនៅឡើយ។ ក្រុមអ្នកស្ម័គ្រចិត្តចូលរួមបានលឿនជាងការរំពឹងទុក ហើយវ៉ាក់សាំងនេះពិតជាគួរឱ្យទន្ទឹងរង់ចាំ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ជាង​22​លាន​នាក់បាន​ឆ្លង​COVID-19 នៅ​ទូទាំង​ពិភពលោក​ ​ក្នុង​នោះ​មាន​ជាង​62,000​នាក់​កំពុង​ស្ថិត​ក្នុងស្ថាន​ភាព​អាក្រក់

    ជាង​22​លាន​នាក់បាន​ឆ្លង​COVID-19 នៅ​ទូទាំង​ពិភពលោក​ ​ក្នុង​នោះ​មាន​ជាង​62,000​នាក់​កំពុង​ស្ថិត​ក្នុងស្ថាន​ភាព​អាក្រក់

    ពិភពលោក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​ជាង​22​លាន​នាក់​ និង​អ្នក​ស្លាប់ដោយ​សារ​វីរុស​នេះ​មាន​ចំនួន​ជិត​777,000​នាក់​។ សហរដ្ឋ​អាមេរិក​ រុស្ស៊ី និង​ឥណ្ឌា​ នៅ​តែជា​សម្បុក​COVID-19 ធំជាង​គេ​ក្នុង​ពិភពលោក​។

    ប្រទេស​និង​ដែន​ដី​ចំនួន​221​ក្នុង​សកល​លោក​ ត្រូវ​បាន​រាយ​ការណ៍​ថា បាន​រកឃើញ​អ្នកឆ្លង​COVID-19 សរុប​22,029,475​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​ចំនួន​776,623​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ចំនួន​215,656​នាក់ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​3,393​នាក់​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ ចំណែក​អ្នក​ជំងឺ​កំពុង​​ទទួល​ការ​ព្យាបាល​មាន​ចំនួន​6,483,328​នាក់​ ក្នុង​នោះ​មាន​62,037​នាក់​កំពុង​ស្ថិត​ក្នុងស្ថាន​ភាព​អាក្រក់​។ ​អ្នកជំងឺ​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​​14,772,819​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldometers ជា​គេហ​ទំព័រ​ដែល​ធ្វើ​បច្ចុប្បន្ន​ភាព​តួលេខ​COVID-19 បាន​លឿន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។

    ទ្វីប​អាមេរិក​មាន​អ្នកជំងឺ​សរុប​​ជាង​11,934,000 ទ្វីប​អាស៊ី​មាន​ជាង​5,737,900​នាក់​ ទ្វីប​អឺរ៉ុប​មានជាង​​3,203,000​នាក់​ និង​ទ្វីប​អាហ្វ្រីក​មាន​អ្នកជំងឺ​សរុប​ជាង​1,131,600​​នាក់​។

    សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​ដែល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ច្រើន​ជាង​គេ​លំដាប់​ទី​1​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ឆ្លង​វីរុស​សរុប​5,610,154​នាក់​ និង​អ្នក​ស្លាប់​សរុប​173,660​នាក់។ អ្នក​ជំងឺ​កើន​38,739​នាក់​ និង​អ្នក​ស្លាប់​កើន​533​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។

    ប្រទេស​រុស្ស៊ី បាន​រកឃើញ​អ្នកឆ្លង​វីរុស​សរុប​3,363,235នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​23,038នាក់​ និង​អ្នក​ស្លាប់​សរុប​ 108,654នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ថ្មី​775នាក់​។

    ឥណ្ឌា​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​សរុប​2,701,604នាក់​ និង​អ្នក​ស្លាប់​សរុប​51,925​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​54,288​នាក់ និង​អ្នក​ស្លាប់ថ្មី​​880នាក់​៕

    ប្រភព៖ សារព័ត៌មាន​បរទេស​