Category: សុខភាព

  • ចិនស្នើឱ្យ WHO អនុម័តលើវ៉ាក់សាំងប្រឆាំងCOVID-19 របស់ខ្លួន

    ចិនស្នើឱ្យ WHO អនុម័តលើវ៉ាក់សាំងប្រឆាំងCOVID-19 របស់ខ្លួន

    អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ខ្លួនកំពុងធ្វើការជាមួយប្រទេសចិនទាក់ទិននឹងសំណើអនុម័តទៅលើវ៉ាក់សាំងCOVID-19 នៅថ្នាក់អន្តរជាតិមុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងជាទូទៅ។

    “ការិយាល័យអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសចិន និងការិយាល័យកណ្ដាលនៃអង្គការនេះ កំពុងតែធ្វើការជាមួយនឹងនាយកដ្ឋានគ្រប់គ្រងនានានៃប្រទេសចិន។ យើងបានចែករំលែកព័ត៌មាន ការស្នើឱ្យអន្តរជាតិអនុម័តទៅលើវ៉ាក់សាំង និងកំពុងតែទាក់ទងគ្នាដោយផ្ទាល់” នេះបើតាមសម្ដីរបស់លោកស្រី Mariangela Simao ជំនួយការប្រធានអង្គការសុខភាពពិភពលោក ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី7កញ្ញា។

    ក្រុមហ៊ុនផលិតឱសថចិន Sinovac Biotech កាលពីម្សិលមិញ (8កញ្ញា) បានឱ្យដឹងថា បេក្ខភាពវ៉ាក់សាំងរបស់ពួកគេ ដែលត្រូវបានដាក់ឈ្មោះឱ្យថា CoronaVac ទំនងជាមានសុវត្ថិភាពសម្រាប់មនុស្សពេញវ័យ ដែលនេះគឺយោងទៅតាមលទ្ធផលនៃការប្រើប្រាស់សាកល្បងក្នុងដំណាក់កាលដំបូង និងដំណាក់កាលកណ្ដាល។ ក្នុងនោះ ប្រតិកម្មប្រឆាំងការឆ្លងវីរុសដែលត្រូវបានបង្កើតឡើងដោយវ៉ាក់សាំងនេះនៅលើមនុស្សចាស់ មានសភាពខ្សោយជាងបើធៀបនឹងនៅលើមនុស្សដែលមានវ័យនៅក្មេង។

    បច្ចុប្បន្ន វ៉ាក់សាំង4ប្រភេទក្នុងចំណោម8ប្រភេទនៅលើពិភពលោកដែលកំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលទី3 គឺជារបស់ប្រទេសចិន។

    Liu Peicheng ដែលជាអ្នកនាំពាក្យរបស់ក្រុមហ៊ុន Sinovac Biotech បាននិយាយថា CoronaVac មិនបង្កផលវិបាកធ្ងន់ធ្ងរនោះទេនៅក្នុងការប្រើប្រាស់សាកល្បងក្នុងដំណាក់កាលទី1និងទី2 ដែលត្រូវបានធ្វើឡើងក្នុងខែឧសភាដោយមានអ្នកស្ម័គ្រចិត្តវ័យចាប់ពី60ឆ្នាំឡើងទៅចំនួន421នាក់ បានចូលរួម។ លទ្ធផលនៃការពិសោធខាងលើនេះ មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយ។

    លោកស្រី Mariangela Simao ជំនួយការប្រធានអង្គការសុខភាពពិភពលោក

    CoronaVac កំពុងត្រូវបានពិសោធដំណាក់កាលចុងក្រោយនៅប្រទេសប្រេស៊ីល និងឥណ្ឌូនេស៊ី ដើម្បីឱ្យប្រាកដថា វាមានប្រសិទ្ធភាព និងសុវត្ថិភាពគ្រប់គ្រាន់ដែលអាចទទួលបានការយល់ព្រមឱ្យប្រើប្រាស់ជាផ្លូវការ និងជាទូទៅ។ CoronaVac ត្រូវបានប្រើប្រាស់ទៅលើមនុស្សរាប់ម៉ឺននាក់រួចហើយ ក្នុងនោះមាន បុគ្គលិករបស់ក្រុមហ៊ុន Sinovac Biotech និងក្រុមគ្រួសាររបស់ពួកគេប្រមាណជា90% ដែលនេះត្រូវបានចាត់ទុកដូចជាផ្នែកមួយនៃកម្មវិធីចាក់វ៉ាក់សាំងបង្ការជាបន្ទាន់របស់ប្រទេសចិនដើម្បីការពារក្រុមមនុស្សដែលប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងវីរុស។

    Liu Peicheng និយាយថា តាមការពិសោធបានបង្ហាញថា CoronaVac នៅតែមានប្រសិទ្ធភាពក្នុងរយៈពេល42ថ្ងៃនៅពេលដាក់នៅក្នុងសីតុណ្ហភាព25អង្សា 28ថ្ងៃនៅក្នុងកម្ដៅ37អង្សា និង5ខែនៅក្នុងកម្ដៅចាប់ពី2ដល់8អង្សា។

    បេក្ខភាពវ៉ាក់សាំងរបស់ Sinovac រួមជាមួយនឹងបេក្ខភាពដទៃទៀត ត្រូវបានដាក់តាំងបង្ហាញនៅក្នុងព្រឹតិការណ៍តាំងពិព័រណ៍មួយនៅឯទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី7កញ្ញា2020។ ក្រុមហ៊ុនដែលជាម្ចាស់ផលិតផលទាំងនេះឱ្យដឹងថា ប្រភេទវ៉ាក់សាំងនេះមិនទាន់ត្រូវបានដាក់លក់ក្នុងទីផ្សារនៅឡើយ ប៉ុន្តែ ពួកគេសង្ឃឹមថា វានឹងទទួលបានការអនុញ្ញាតឱ្យចែកចាយក្រោយពីការពិសោធដំណាក់កាលចុងក្រោយត្រូវបានបញ្ចប់នាចុងឆ្នាំនេះ៕

    ប្រភព៖ Reuters

  • ត្រី ប្លាធូ រឹតតែញ៉ាំរឹតតែជួយកាត់បន្ថយការកើតរោគបេះដូង

    ត្រី ប្លាធូ រឹតតែញ៉ាំរឹតតែជួយកាត់បន្ថយការកើតរោគបេះដូង

    សម្រាប់អ្នកនិយមទទួលទានអាហារបែបខ្មែរយើង ប្រហែលជាធ្លាប់សាកល្បងភ្លក្សរសជាតិ “ទឹកគ្រឿងត្រីប្លាធូ” “ស្ងោជ្រក់ត្រីប្លាធូស្រស់” ឬសូម្បីតែត្រីប្លាធូចៀនធម្មតាៗជាមួយបាយក្ដៅៗហើយមើលទៅ។ ទាំងអស់នោះសុទ្ធតែជាម៉ឺនុយដែលនាំឱ្យស្រស់ទឹកមាត់គ្រប់ពេលដែលនឹកឃើញ ហើយប្រាកដណាស់ សម្រាប់ត្រីប្លាធូដែល ឡារ៉ែន នឹងលើកយកមកជម្រាបជូននៅថ្ងៃនេះ មិនមែនមានគុណសម្បត្តិត្រឹមតែភាពឈ្ងុយឆ្ងាញ់តែម្យ៉ាងនោះទេ តែត្រីប្លាធូនៅមានគុណសម្បត្តិ និងប្រយោជន៍ និងសម្បូរទៅដោយគុណតម្លៃខាងភោជនាហារដែលមនុស្សជាច្រើនមិនធ្លាប់ដឹង។

    ប្រយោជន៍ និងគុណតម្លៃខាងអាហារអំពីត្រីប្លាធូ

    ប្លាធូ ជាត្រីដែលមានគុណប្រយោជន៍ និងសារធាតុអាហារដែលគ្រប់គ្រាន់ចំពោះរាងកាយដោយយើងសឹងតែមិនចាំបាច់ញ៉ាំអាហារបំប៉នទៀតផង ព្រោះការញ៉ាំត្រីប្លាធូតែមួយក្បាលនឹងទទួលបានសារធាតុអាហារយ៉ាងច្រើនដូចខាងក្រោមនេះ ៈ

    1 . ត្រីប្លាធូ សម្បូរដោយ EPA និង DHA ដែលជាអាស៊ីតខ្លាញ់មិនបង្កកខ្លួន ដោយសារធាតុទាំងពីរប្រភេទនេះនឹងបំពេញតួនាទីកាត់បន្ថយការផ្ដុំខ្លួនរបស់គ្រាប់ឈាមដែលខុសប្រក្រតី ទើបនៅលើអ្នកខ្លះធ្វើឱ្យកើតសភាវរឹងសរសៃឈាម ឬប្រទះឃើញការរលាក ជាដើម។ ក្រៅពីនោះ ទាំង EPA និង DHA នេះនៅមានចំណែកជួយក្នុងការបញ្ចុះកម្រិតជាតិខ្លាញ់ប្រភេទដែលធ្វើឱ្យកើតកំណកឈាម ឬសរសៃឈាមណែនស្ទះទៀតផង។

    2 . ត្រីប្លាធូមានប្រយោជន៍ព្រោះមានប្រូតេអ៊ីនខ្ពស់ ដោយក្នុងត្រីប្លាធូ 1 ក្បាលនឹងផ្ដល់ប្រូតេអ៊ីនខ្ពស់ដល់ទៅ 20 ក្រាមក្នុងទម្ងន់ត្រី 100ក្រាម ហើយប្រូតេអ៊ីនដែលបានពីត្រីប្លាធូគឺជាប្រូតេអ៊ីនដែលងាយរំលាយ និងរាងកាយអាចនាំយកទៅប្រើជាប្រយោជន៍បានភ្លាមៗតែម្ដង។

    3 . គុណសម្បត្តិរបស់ត្រីប្លាធូមានកាល់ស្យូម និងផូស្វ័រ ដោយបរិមាណកាល់ស្យូមក្នុងត្រីប្លាធូមានច្រើនដល់ទៅ 170 មីលីក្រាមក្នុងត្រីប្លាធូស្រស់ 100 ក្រាម ក្រៅពីនេះនៅសម្បូរទៅដោយផូស្វ័រដែលចាំបាច់ចំពោះរាងកាយ ដោយសារធាតុអាហារទាំងនេះនឹងមានចំណែកជួយក្នុងការបង្កើនភាពរឹងមាំរបស់ឆ្អឹង និងធ្មេញបានយ៉ាងល្អ ជាពិសេសនៅលើកុមារ និងមនុស្សចាស់។

    4 . ត្រីប្លាធូសម្បូរទៅដោយអូមេហ្កា3 និង6 ដែលមានចំណែកជួយក្នុងការធ្វើការរបស់ប្រព័ន្ធប្រសាទ និងខួរក្បាល និងថែមទាំងជាចំណែកប្រកបរបស់សាច់ភ្នាសកោសិកា ជួយបញ្ចុះកូលេស្តេរ៉ូល បន្ថយភាពប្រថុយទាំងជំងឺបេះដូង និងសរសៃឈាម។ ក្រៅពីនេះអូមេហ្កា3 និង6 នៅក្នុងត្រីប្លាធូថែមទាំងជាគ្រោងសាងដ៏សំខាន់របស់សាច់ភ្នាសបរិវេណផ្ទាំងប្រសាទកែវភ្នែក ឬRetina ដែលជួយក្នុងការមើលឃើញទៀតផង។

    ញ៉ាំត្រីប្លាធូរាល់ថ្ងៃល្អចំពោះរាងកាយឬទេ?

    ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ត្រីប្រភេទនីមួយៗមានកម្រិតជាតិខ្លាញ់មិនស្មើគ្នាទេ បើទទួលទានត្រីដែលមានជាតិខ្លាញ់ខ្ពស់រៀងរាល់ថ្ងៃ ច្បាស់ជាហុចផលអាក្រក់ ច្រើនជាងផលល្អ ដូច្នេះបើសិនចង់បរិភោគត្រីឱ្យទទួលបានប្រយោជន៍ គួរជ្រើសរើសប្រភេទរបស់ត្រីឱ្យស័ក្តិសមជាមួយរាងកាយ និងតម្រូវការក្នុងវ័យនីមួយៗ។ ក្នុងផ្នែករបស់ត្រីប្លាធូវិញ យើងនឹងបានឃើញថា ជាត្រីដែលមានបរិមាណជាតិខ្លាញ់មិនខ្ពស់ខ្លាំងទេ ទើបអាចទទួលទានរាល់ថ្ងៃបាន តែយ៉ាងណាក៏ដោយ ដើម្បីឱ្យបានភោជនាហារដែលសម្បូរបែប ទើបគួរទទួលទានត្រីប្រភេទផ្សេង រួមទាំងសាច់សត្វប្រភេទផ្សេងៗរួមជាមួយផង។

    ញ៉ាំត្រីច្រើនប៉ុនណា ទើបហៅថាល្អ?

    ជឿថា ហេតុផលក្នុងការទទួលទានត្រីរបស់មនុស្សជាច្រើន គឺមកពីត្រូវការ “ប្រូតេអ៊ីន” ដែលមាននៅក្នុងសាច់ត្រីស្ទើរតែគ្រប់ប្រភេទ។ ជាធម្មតា មនុស្សយើងមានតម្រូវការប្រូតេអ៊ីនខុសៗពីគ្នាក្នុងអំឡុងវ័យដូចតទៅនេះ ៈ

    ក្មេងតូច-ក្មេងធំ នឹងត្រូវការប្រូតេអ៊ីនពី 1 – 1.1 ក្រាម ក្នុងទម្ងន់ខ្លួន 1 គីឡូក្រាម។

    មនុស្សធំ ត្រូវការប្រមាណ 0.8 ក្រាម

    ស្រ្តីមានគភ៌ ត្រូវការដល់ទៅ 1.3 ក្រាម

    ឧទាហរណ៍ដូចជា បើអ្នកបរិភោគមានទម្ងន់ខ្លួន 60 គីឡូក្រាម រាងកាយនឹងត្រូវទទួលប្រូតេអ៊ីនដល់ទៅ 60 ក្រាមឯណោះ ហើយប្រូតេអ៊ីនដែលបានមកពីសាច់ត្រីឆ្អឹនស្ថិតមានប្រហែលជា 15 – 30 ក្រាមក្នុងទម្ងន់ត្រី 100 ក្រាម ដូច្នេះបើត្រូវការប្រូតេអ៊ីនពីត្រីតែម្យ៉ាងនោះ ត្រូវទទួលទានត្រីយ៉ាងតិច 3 – 4 ក្បាលឯណោះ។ ដូច្នេះ អ្នកទទួលទានគួរតែទទួលទានអាហារប្រភេទផ្សេងទៀតរួមជាមួយផងដើម្បីបន្ថែមប្រតេអ៊ីន មិនថាតែ ស៊ុត ទឹកដោះ សណ្ដែក សាច់មាន់ ឬសូម្បីតែសាច់ជ្រូកដែលមិនជាប់ខ្លាញ់ ឬបើអ្នកណាចង់ទទួលទានតែត្រីម្យ៉ាង ហើយបានប្រូតេអ៊ីនខ្ពស់នោះ គួរតែជ្រើសរើសប្រភេទត្រី និងវិធីចម្អឹនឱ្យល្អ ដូចជា គួរជ្រើសរើសទទួលទានត្រីហាលស្ងួត ដូចជាត្រីប្រឡាក់ ត្រីងៀត ឬទទួលទានបែបចំហុយ ដែលនឹងទទួលបានប្រូតេអ៊ីនច្រើនជាងការស្ងោ អាំង ឬចៀន ជាដើម។

    តាមរយៈព័ត៌មានដែលយើងបាននាំយកមកជូននៅថ្ងៃនេះ សង្ឃឹមថា នឹងធ្វើឱ្យការទទួលទានត្រីប្លាធូរបស់លោកអ្នកកាន់តែឆ្ងាញ់ឡើង និងទទួលបានប្រយោជន៍ច្រើនឡើង បើមិនតិចក៏ច្រើនដែរ។ ចុងក្រោយនេះ ឡារ៉ែនចង់ឱ្យមនុស្សជាច្រើនដែលមិនសូវចូលចិត្តទទួលទានត្រីប្លាធូ បែរមកសាកល្បងភ្លក្សឱ្យបានម្ដង រួចហើយលោកអ្នកនឹងដឹងថា គុណសម្បត្តិ និងប្រយោជន៍របស់ត្រីប្លាធូ គឺជាកំពូលអាហារ និងជារបស់ល្អដែលមិនគួរមើលរំលងសូម្បីតែបន្តិច៕

  • ប្រតិកម្ម៩ យ៉ាងរបស់រាងកាយដែលយើងគិតថាជារឿងប្រក្រតី តែ…

    ប្រតិកម្ម៩ យ៉ាងរបស់រាងកាយដែលយើងគិតថាជារឿងប្រក្រតី តែ…

    ទំព័រសុខភាពលេខនេះ ឡារ៉ែនមានសារៈខ្លឹមសារល្អៗពាក់ព័ន្ធនឹងសុខភាពរាងកាយដែលមិត្តអ្នកអានអាចនឹងមិនធ្លាប់បានដឹងពីមុនមកជម្រាបជូន។

    ជាប្រក្រតីរាងកាយរបស់មនុស្សយើងមានប្រតិកម្មជាច្រើនដែលមនុស្សភាគច្រើនគិតថា វាជារឿងប្រក្រតីធម្មតាដែលកើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃតាមធម្មជាតិ ដូចជា ការស្ងាប ការកណ្ដាស់ ជាដើម ទាំងអស់នោះវាជារឿងអស្ចារ្យម្យ៉ាងរបស់រាងកាយមនុស្សយើង តែការពិតវាជាយន្តការមួយក្នុងការការពារខ្លួនរបស់រាងកាយយើងហ្នឹងឯង ទើបថ្ងៃនេះឡារ៉ែនសូមនាំ ប្រតិកម្ម 9 យ៉ាងរបស់រាងកាយមនុស្សយើងមកជម្រាបជូនមិត្តអ្នកអានទាំងអស់គ្នាបានដឹង។

    1 . កណ្ដាស់ ៈ ជាប្រក្រតីយើងនឹងកណ្ដាស់នៅពេលច្រមុះរបស់យើងមានសារធាតុបង្កប្រតិកម្មចាញ់អ្វីម្យ៉ាង ដូចជា ធូលីដីក្លិនឆួល ឬអ្វីម្យ៉ាងដែលប៉ះពាល់សាច់ភ្នាសច្រមុះខ្លាំងជ្រុលពេក ដូច្នេះទើបការកណ្ដាស់ប្រៀបដូចជាការកម្ចាត់សំរាមចេញពីរាងកាយដែរ។

    2 . ស្ងាប ៈ ជាប្រតិកម្មម្យ៉ាងដែលរាងកាយធ្វើឡើងដើម្បីឱ្យខួរក្បាលត្រជាក់ចុះ បន្ទាប់ពីខួរក្បាលបានទទួលកម្ដៅខ្លាំងជ្រុលពេក។

    3 . ព្រឺសម្បុរ(ព្រឺរោម) ៈ វាជាការបន្ថយបរិមាណកម្ដៅនៅក្នុងរាងកាយតាមរយៈរន្ធរោម ដើម្បីជាការផ្ដល់ភាពកក់ក្ដៅចំពោះរាងកាយក្នុងសភាពអាកាសធាតុមិនអំណោយផល។

    4 . ភ្ញាក់កន្រ្តាក់ពេលគេងលក់ ៈ ជាអាការដែលពេលអ្នកកំពុងគេងលក់ទៅហើយនោះ សុខៗស្រាប់តែកើតអាការភ្ញាក់កន្រ្តាក់ភ្លាមឡើងតែម្ដង។ ជាការកន្រ្តាក់របស់សាច់ដុំ ដែលជួនកាលវាអាចកន្រ្តាក់ខ្លាំងរហូតដល់អ្នកខ្លះសឹងតែធ្លាក់ពីលើគ្រែផងក៏មាន។

    វាជាលទ្ធផលមកពីក្រោយពេលរាងកាយលង់លក់ទៅ ចង្វាក់នៃការដកដង្ហើមនឹងធ្លាក់ចុះទាបភ្លាមៗ និងខណៈពេលជាមួយគ្នា ជីពចរក៏នឹងលោតយឺតដែរ រួមទាំងសាច់ដុំក៏បន្ធូរខ្លួនដែរផងនោះ ដូច្នេះទើបខួរក្បាលត្រូវធ្វើឱ្យរាងកាយស្វាហាប់ឡើងវិញដើម្បីមិនឱ្យប្រព័ន្ធផ្សេងៗធ្វើការយឺតរហូតដល់ឈប់ធ្វើការ ទើបខួរក្បាលបញ្ជូនការងារធ្វើឱ្យរាងកាយអង្រួនឡើងហ្នឹងឯង។ អាចនិយាយបានថា នេះជាភាពអស្ចារ្យមួយរបស់ខួក្បាលមនុស្សយើង។

    5 . ទឹកភ្នែក ៈ ក្រៅពីការបំពេញតួនាទីការពារមិនឱ្យវត្ថុចម្លែកផ្សេងៗចូលមកក្នុងកែវភ្នែកហើយនោះ ទឹកភ្នែកថែមទាំងជាឧបករណ៍ការពារខាងអារម្មណ៍ទៀតផង ដោយអ្នកវិទ្យសាស្រ្តជឿថា ក្នុងស្ថានការណ៍ដែលតានតឹង រាងកាយនឹងសាងចំណាប់អារម្មណ៍ទៅកន្លែងផ្សេងទើបធ្វើឱ្យកែវភ្នែកក្រហាយ និងយំស្រក់ទឹកភ្នែកចេញមក។

    6 . ស្បែកឡើងផុយ ៈ​ ក្រោយពីរាងកាយ ឬស្បែកមនុស្សយើងត្រូវទឹក ឬត្រាំក្នុងទឹកអស់រយៈពេលយូរ គេសង្កេតឃើញថា ស្បែកឡើងជ្រួញផុយ ជាពិសេសនៅលើដៃ និងជើង។ វាជារឿងដែលកើតឡើងបាន បើសិនជារាងកាយបានទទួលភាពទទឹកសើមក្នុងបរិមាណខ្ពស់ ដូច្នេះស្បែកនឹងចាប់ផ្ដើមសម្រួលខ្លួនភ្លាមដើម្បីឱ្យអាចចាប់កាន់វត្ថុរាបស្មើរលោងៗបានយ៉ាងងាយ។

    7 . ការបាត់បង់ការចងចាំ ៈ ច្រើនតែកើតឡើងក្រោយពីបានជួបហេតុការណ៍អាក្រក់បំផុត ដូច្នេះទើបខួរក្បាលធ្វើការលុបការចងចាំនោះចោល។

    8 . ត្អើក ៈ ការញ៉ាំអាហារយ៉ាងរហ័ស លេបអាហារដុំធំៗ ឬញ៉ាំច្រើនជ្រុលពេក នឹងហុចផលរំខានប្រព័ន្ធប្រសាទ Pneumogastric បន្ទាប់ពីនោះប្រព័ន្ធប្រសាទនឹងតភ្ជាប់មករកក្រពៈ និងក្បាំងខ្យល់របស់យើងធ្វើឱ្យកើតការត្អើកឡើង។

    9 . ការពន្យឺត ឬពត់ខ្លួន ៈ តាមសញ្ជាតិញាណ យើងតែងតែពន្យឺត ឬពត់ខ្លួនដើម្បីត្រៀមភាពប្រុងប្រៀបសម្រាប់រាងកាយ តែក្នុងខណៈពេលជាមួយគ្នានោះ ការពន្យឺតសាច់ដុំក៏ជួយស្ដារចរន្តឈាមរត់ និងជួយបង្កើនអារម្មណ៍ឱ្យរាងកាយមានភាពស្វាហាប់ផងដែរ៕

  • ថ្នាំ corticosteroids អាចសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ប៉ុន្តែខាងក្រោមនេះគឺជាមូលហេតុដែលអ្នកមិនគួរទិញវាទុក

    ថ្នាំ corticosteroids អាចសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ប៉ុន្តែខាងក្រោមនេះគឺជាមូលហេតុដែលអ្នកមិនគួរទិញវាទុក

    បច្ចុប្បន្ន WHO គ្រាន់តែណែនាំឱ្យប្រើថ្នាំ corticosteroids ចំពោះអ្នកជំងឺCOVID-19 ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរបំផុតតែប៉ុណ្ណោះ ហើយជាងនេះទៀត ថ្នាំ corticosteroids ក៏មិនមានប្រសិទ្ធភាពក្នុងការទប់ស្កាត់មិនឱ្យឆ្លងវីរុសនោះដែរ។

    ទីបំផុត អង្គការសុខភាពពិភពលោក (WHO) ក៏រកបានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា៖ corticosteroids ដែលជាថ្នាំប្រឆាំងនឹងការរលាកសួត មានប្រសិទ្ធភាពក្នុងការសង្គ្រោះជីវិតអ្នកជំងឺCOVID19 ដែលមានសភាពធ្ងន់ធ្ងរបំផុត។ លទ្ធផលនេះត្រូវបានលើកឡើងបន្ទាប់ពីក្រុមអ្នកជំនាញបានបូកបញ្ចូលគ្នារវាងលទ្ធផលនៃការសាកល្បងប្រើប្រាស់ថ្នាំ corticosteroids ចំនួន7លើកនៅលើអ្នកជំងឺCOVID-19 ដែលត្រូវការម៉ាស៊ីនជំនួយដង្ហើមនៅក្នុងបន្ទប់ព្យាបាលពិសេស ICU។

    កាលពីខែឧសភា ការពិសោធន៍ដំបូងបានបង្ហាញអំពីប្រសិទ្ធភាពយ៉ាងច្បាស់លាស់របស់ថ្នាំ dexamethasone ដែលមានផ្ទុកសារធាតុ corticosteroid សម្រាប់អ្នកជំងឺCOVID-19 ដែលមានអាការធ្ងន់ធ្ងរ។ បន្ទាប់ពីក៏មានការពិសោធន៍ថ្មីទៅលើថ្នាំ corticosteroid មួយប្រភេទទៀតដែលមានគេប្រើប្រាស់ច្រើន នោះគឺថ្នាំ hydrocortisone។ លទ្ធផលបានបង្ហាញថា hydrocortisone មានប្រសិទ្ធភាពខ្ពស់ជាង dexamethasone ទៅទៀត។

    ការពិសោធន៍មួយរបស់អង់គ្លេស បានបង្ហាញដែរថា hydrocortisone អាចកាត់បន្ថយអត្រានៃការស្លាប់ដោយសារCOVID-19 នៅលើអ្នកជំងឺដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតផងដែរ។

    1. Corticosteroids គឺជាថ្នាំអ្វី?

    Corticosteroids គឺជាថ្នាំមួយប្រភេទដែលត្រូវបានវេជ្ជបណ្ដិតនិយមប្រើជាច្រើនទសវត្សរ៍មកហើយសម្រាប់ព្យាបាលជំងឺរលាកសួត។ ប្រការនេះក៏មានន័យថា corticosteroids ក៏ធ្លាប់ត្រូវបានប្រើចំពោះអ្នកជំងឺរលាកសួត ជំងឺវីរុសឆ្លងចូលក្នុងឈាម (septic shock) និងអាការពិបាកដកដង្ហើមធ្ងន់ធ្ងរ។

    ដូច្នេះ ក្រុមអ្នកវិទ្យាសាស្ត្រក៏មានបំណងប្រើប្រាស់សាកល្បងប្រភេទថ្នាំនេះនៅលើអ្នកជំងឺCOVID-19 ដែលមានអាការធ្ងន់ធ្ងរ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពរបស់ថ្នាំនេះថា តើអាចជួយកាត់បន្ថយអត្រានៃការស្លាប់បានដែរ ឬទេ។ ពិសេសជាងនេះ corticosteroids គឺជាថ្នាំដែលមានស្រាប់ មានតម្លៃទាប និងស្ថិតនៅក្នុងបញ្ជីថ្នាំសំខាន់ៗរបស់ WHO។ ប្រការនេះក៏មានន័យថា ប្រទេសទាំងអស់ក្នុងពិភពលោក សុទ្ធតែមានថ្នាំ corticosteroids នេះនៅក្នុងឃ្លាំង ហើយអាចយកមកប្រើបានភ្លាមៗ។

    2. ភ័ស្តុតាងអំពីប្រសិទ្ធភាពរបស់ថ្នាំ corticosteroids

    នៅក្នុងការពិសោធន៍កាលពីខែមិថុនារបស់ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស បានបង្ហាញថា ថ្នាំ corticosteroids មួយប្រភេទដែលមានឈ្មោះថា dexamethasone អាចកាត់បន្ថយអត្រានៃការស្លាប់បានរហូតដល់1/3 ចំពោះអ្នកជំងឺCOVID-19 ដែលត្រូវការម៉ាស៊ីនជំនួយដង្ហើម និង1/5 ចំពោះអ្នកជំងឺដែលត្រូវការអ៊ុកស៊ីហ្សែនបន្ថែម។

    ការពិសោធន៍ប្រហាក់ប្រហែលខាងលើ ដែលត្រូវបានធ្វើឡើងនៅអូស្ត្រាលី និងនូវែលហ្សេឡង់ ក៏បានបង្ហាញថា អ្នកជំងឺCOVID-19 ជាង67% ដែលត្រូវបានព្យាបាលដោយថ្នាំ corticosteroids បានរួចផុតពីការស្លាប់ បន្ទាប់ពីបានលេបថ្នាំនេះក្នុងរយៈពេល28ថ្ងៃ។ នៅក្នុងការប្រៀបធៀប គេឃើញថា អ្នកជំងឺដែលមិនបានទទួលការព្យាបាលដោយថ្នាំ corticosteroids ឬគ្រាន់តែទទួលបានថ្នាំ placebo (ថ្នាំដែលមិនមានសារធាតុថ្នាំ និងមិនមានប្រសិទ្ធភាពជាក់ស្ដែងក្នុងការព្យាបាលជំងឺ) គឺមានចំនួនមិនដល់59% នោះទេ ដែលនៅមានជីវិត។

    ថ្នាំ corticosteroids អាចសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ប៉ុន្តែខាងក្រោមនេះគឺជាមូលហេតុដែលអ្នកមិនគួរទិញវាទុក
    ថ្នាំ dexamethasone ដែលមានផ្ទុកសារធាតុ corticosteroid សម្រាប់​ព្យបាល​អ្នកជំងឺCOVID-19 ដែលមានអាការធ្ងន់ធ្ងរ

    យោងតាមភ័ស្តុតាងពីការសិក្សាស្រាវជ្រាវនានាខាងលើ WHO បានប្រមូលទិន្នន័យនៃការពិសោធន៍លើអ្នកជំងឺCOVID-19 ចំនួន1,703នាក់ដែលបានចូលរួមក្នុងការសាកល្បងប្រើប្រាស់ថ្នាំ corticosteroids ចំនួន7លើកផ្សេងៗគ្នា ហើយបានរកឃើញថា ការព្យាបាលដោយប្រើប្រាស់ថ្នាំ corticosteroids នេះ បានជួយកាត់បន្ថយអត្រានៃការស្លាប់ដល់ទៅ32% ខណៈដែលអ្នកជំងឺប្រមាណជា40% បានស្លាប់បើសិនមិនបានប្រើប្រាស់ថ្នាំនេះ។

    សាស្ត្រាចារ្យ Anthony Gordon មកពីសាកលវិទ្យាល័យ London បានឱ្យដឹងថា នេះគឺជាអត្រាមួយដ៏គួរឱ្យចាប់អារម្មណ៍ ពោលគឺឡើងដល់20%។ ប្រការនេះមានន័យថា បើសិនជាអ្នកព្យាបាលអ្នកជំងឺCOVID-19 ចំនួន100នាក់ ដោយប្រើប្រាស់ថ្នាំ corticosteroids នោះអ្នកនឹងអាចសង្គ្រោះជីវិតពួកគេបាន8នាក់។ នោះពិតជាតួលេខដ៏អស្ចារ្យមួយនៅក្នុងដំណាក់កាលនេះ។

    3. របបនៃការព្យាបាល COVID-19 នឹងត្រូវបានធ្វើបច្ចុប្បន្នភាពភ្លាមៗ

    មេដឹកនាំនៃសេវាកម្មសុខាភិបាលជាតិរបស់អង់គ្លេស (NHS) Simon Stevens បានហៅថ្នាំ corticosteroids នេះថាជា “អាវុធបន្ទាប់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងCOVID-19 នៅទូទាំងពិភពលោក”។ លោក Simon Stevens បានឱ្យដឹងថា NHS នឹងធ្វើបច្ចុប្បន្នភាពនៃការព្យាបាលដើម្បីអនុញ្ញាតឱ្យអ្នកជំងឺCOVID-19 អាចទទួលបានផលប្រយោជន៍ពីការព្យាបាលដោយប្រើថ្នាំ hydrocortisone ដែលដូចទៅនឹងថ្នាំ dexamethasone នាពេលកន្លងមក។

    នៅអូស្ត្រាលីវិញ ក្រុមវេជ្ជបណ្ឌិតក៏បានប្រើប្រាស់ corticosteroids ដើម្បីព្យាបាលអ្នកជំងឺCOVID-19 ដែលត្រូវការអ៊ុកស៊ីហ្សែន។ WHO ក៏បានណែនាំអំពីការព្យាបាលអ្នកជំងឺCOVID-19 ក្នុងនោះ ក៏បានលើកទឹកចិត្តឱ្យប្រើប្រាស់ corticosteroids ដើម្បីព្យាបាលអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ឬកំពុងប្រឈមនឹងការស្លាប់ខ្ពស់។

    4. ប្រជាជនមិនគួររក្សាទុកថ្នាំ corticosteroids ឬប្រើប្រាស់វាដើម្បីការពារការឆ្លងវីរុសCOVID-19នោះទេ

    ប្រការដែលសំខាន់នោះ គឺថា ការរកឃើញថ្មីស្ដីអំពី corticosteroids ពេលនេះត្រូវបានគាំទ្រឱ្យប្រើសម្រាប់អ្នកជំងឺCOVID-19 ដែលកំពុងមានអាការធ្ងន់ធ្ងរតែប៉ុណ្ណោះ។ បច្ចុប្បន្ន មានព៏ត៌មានមួយចំនួនបង្ហាញថា ថ្នាំ corticosteroids នេះ មិនសមស្របសម្រាប់ព្យាបាលអ្នកជំងឺCOVID-19 ដែលមានអាការរោគស្រាលៗ។

    បើទោះជា corticosteroids អាចព្យាបាលអ្នកជំងឺCOVID-19 ប៉ុន្តែ វាមិនមែនជាថ្នាំបង្ការការឆ្លងវីរុសនោះឡើយ។ ថ្នាំ corticosteroids គ្រាន់តែអាចជួយព្យាបាលអាការដែលកើតឡើងដោយសារប្រតិកម្មធ្ងន់ធ្ងររបស់រាងកាយក្រោយពីបានឆ្លងCOVID-19 តែប៉ុណ្ណោះ ហើយវាមិនមែនជាថ្នាំសម្រាប់ព្យាបាល ឬការពារនោះទេ។

    ហេតុដូច្នេះ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលបានណែនាំថា អ្នកទាំងឡាយមិនគួរទិញថ្នាំ corticosteroids យកមកលេបនៅឯផ្ទះ។ ការណែនាំបានបញ្ចាក់ថា corticosteroids ដែលត្រូវបានប្រើនៅក្នុងការពិសោធន៍របស់ក្រុមអ្នកវិទ្យាសាស្ត្រ គឺជាថ្នាំចាក់ចូលតាមសរសៃឈាម ពោលគឺមិនមែនថ្នាំ corticosteroids ប្រភេទគ្រាប់ដែលអាចរកទិញបានពីឱសថស្ថាននោះឡើយ។

    មូលហេតុនេះហើយ គឺមានតែវេជ្ជបណ្ឌិតប៉ុណ្ណោះ ទើបអាចចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំនេះបាន។ ពលរដ្ឋមិនគួរទិញថ្នាំនេះដោយខ្លួនឯង ក្នុងបំណងលេបដើម្បីការពារការឆ្លងវីរុស ឬព្យាបាលCOVID-19 នោះឡើយ៕

    ប្រភព៖ Medicalxpress/WHO

  • 15 នាទីសំខាន់ ជួយមនុស្សគាំងបេះដូង

    15 នាទីសំខាន់ ជួយមនុស្សគាំងបេះដូង

    មានជាច្រើនដងណាស់ដែលយើងតែងបានឮពីព័ត៌មានមនុស្សដែលស្ថិតក្នុងវ័យកំលោះក្រមុំត្រូវស្លាប់បាត់បង់ជីវិតមុនវ័យដោយអាការគាំងបេះដូង ដែលកាលពីពេលមុនយើងធ្លាប់តែនាំគ្នាជឿថា អាការនេះកើតនៅលើតែមនុស្សដែលមានអាយុច្រើនប៉ុណ្ណោះ តែក្នុងពេលបច្ចុប្បន្ន ស្ថានភាពសង្គមដែលផ្លាស់ប្ដូរ វិធីការហូបចុក ការសម្រាករបស់មនុស្សទីក្រុងបានផ្លាស់ប្ដូរខុសពីអតីតកាលយ៉ាងស្រឡះ។

    ខណៈដែលមនុស្សជាច្រើនលើកបន្ទុកក្នុងការព្យាបាលទៅឱ្យគ្រូពេទ្យទាំងក្នុងការពិតវិញនោះ គ្រូពេទ្យ និងបុគ្គលិកខាងវេជ្ជសាស្រ្តគឺជា ចុងផ្លូវនៃការរក្សាជីវិត ព្រោះដើមផ្លូវនៃការរក្សាជីវិតឱ្យរស់នៅបានយ៉ាងល្អតាមអាយុខ័យនោះត្រូវចាប់ផ្ដើមពីយើងខ្លួនឯង ដូច្នេះយើងនាំគ្នាមកស្គាល់ រៀនយល់ដឹង និងការពារ រួមទាំងការជួយសង្គ្រោះអ្នកដែលត្រូវប្រឈមនឹងជំងឺបេះដូង ឬអាការគាំងបេះដូងទាន់ហន់នៅក្នុងបន្ទាត់ខាងក្រោមនេះ។

    អាការគាំងបេះដូង

    “គាំងបេះដូង” មានន័យពី សរសៃឈាមបេះដូងត្រូវស្ទះដោយទាំងអស់ បន្ទាប់ពីនោះសាច់ដុំបេះដូងនឹងចាប់ផ្ដើមឈប់ធ្វើការ អាការអាចនឹងយូរជាង 15 នាទី និងមិនធូរស្រាលដោយសារកោសិកាសាច់ដុំបេះដូងដែលខ្វះឈាមមកចិញ្ចឹមនោះនឹងចាប់ផ្ដើមស្លាប់ក្នុងរយៈពេលមិនប៉ុន្មាននាទីក្នុងម៉ោងដំបូងដែលកើតអាការឈឺចុកក្នុងបេះដូង។ អាការដែលបង្ហាញឱ្យឃើញគឺ ឈឺចុកដើមទ្រូង រាលមកបំពង់ក ដៃ និងធ្គាម នឹងមានញើសចេញមកច្រើនរហូតមានអារម្មណ៍ថារងាមួយកំណាត់ខ្លួនខាងលើ អាចមានអាការវិលមុខ ដកដង្ហើមមិនពេញរួមជាមួយទៀតផង។

    វិធីជួយសង្គ្រោះនៅពេលជួបមនុស្សដែលមានអាការគាំងបេះដូង

    ការជួយជីវិតបែបដែលហៅថា CARDIO-PULMONARY RESUSCITATION (CPR) មានន័យថា ការជំរុញបេះដូង ឬផ្លុំខ្យល់បញ្ចូលសួតដើម្បីឱ្យជនរងគ្រោះមានជីវិតឡើងវិញ។ អាចរាប់ថា ជាការសង្គ្រោះជីវិតដែលសំខាន់ណាស់ ជាពិសេសក្នុងអំឡុងពេល 15 នាទី ដំបូងដែលអ្នកបានជួបមនុស្សមានអាការគាំងបេះដូង អ្នកមានឱកាសជួយឱ្យគេរស់ឡើងវិញបាន។

    ចាប់ផ្ដើមដំបូង ត្រូវព្យាយាមប្រាប់ឱ្យមនុស្សដែលមកចោមរោមមើលជនរងគ្រោះចេញឱ្យឆ្ងាយសិន បន្ទាប់មកពិនិត្យមើលថា ជនរងគ្រោះនៅដកដង្ហើមដែរឬទេ? ចូរដោះខ្សែក្រវាត់ និងឡេវអាវដើម្បីឱ្យជនរងគ្រោះបាត់ភាពថប់តានតឹងឱ្យបានច្រើនបំផុត បន្ទាប់ពីនោះធ្វើការម៉ាស្សាបេះដូង ដោយប្រើបាតដៃដាក់ពីលើគ្នាសង្កត់ទៅលើឆ្អឹងសន្ទះទ្រូង ខាងលើចុងដង្ហើមបន្តិច សង្កត់ហើយលែងជាចង្វាក់មិនតិចជាង 100 ដងក្នុងមួយនាទី ដើម្បីជាការធ្វើម៉ាស្សាបេះដូងឱ្យធ្វើការឡើងវិញ និងត្រូវប្រញាប់ហៅឡានពេទ្យភ្លាមៗនៅពេលឃើញមនុស្សកើតអាការគាំងបេះដូង។

    បើមានភាពប្រថុយប្រថានក្នុងការគាំងបេះដូង និងនៅតែម្នាក់ឯង គួរធ្វើយ៉ាងណា?

    បើលោកអ្នកជាមនុស្សដែលមានភាពប្រថុយប្រថានក្នុងការគាំងបេះដូងទាន់ហន់ ដែលមានន័យថាអ្នកមានអាការរបស់ជំងឺទឹកនោមផ្អែម លើសឈាម ធាត់ជ្រុល ឬធ្លាប់មានអាការនេះពីមុនមកនោះ ការរៀនយល់ដឹងក្នុងការដោះខ្លួនឱ្យរស់ពេលដែលនៅតែម្នាក់ឯងនោះគឺជារឿងសំខាន់។ ការណែនាំដំបូង បើសិនមានអារម្មណ៍ថា ចុកណែនដើមទ្រូង និងមានអាការស្រដៀងនឹងបេះដូងចង់គាំងនោះ ចូរចាប់ផ្ដើមក្អកបែបដែលហៅថា Cough CPR ភ្លាម ដោយដកដង្ហើមចូលឱ្យវែងគ្រប់ពេលមុនការក្អក និងក្អកឱ្យដូចមានស្លេស្ម៍ក្នុងបំពង់ក។

    កាេដកដង្ហើមចូលវែងៗ និងការក្អកត្រូវធ្វើជាបន្តបន្ទាប់រៀងរាល់ 2 វិនាទី និងក្អកជារឿយៗអាចជួសម្រាលអាការធ្ងន់ធ្ងរបាន និងធ្វើបែបហ្នឹងរហូតទាល់តែមានអ្នកមកជួយ ឬក៏បេះដូងដំណើរការជាប្រក្រតីឡើងវិញ និងក្រោយពីនោះត្រូវប្រញាប់ទៅមន្ទីពេទ្យភ្លាមកុំបង្អង់យូរ។

    បើមានថ្នាំ អាស្ពីរីន នៅក្នុងផ្ទះ នៅពេលចាប់ផ្ដើមមានអាការមិនស្រួល ការលេបថ្នាំអាស្ពីរីនអាចជួយឱ្យចរន្តឈាមរត់ហូរវិលបានល្អ មិនផ្ដុំគ្នាជាដុំ តែទាំងអស់នេះ វាត្រឹមតែជាការណែនាំក្នុងករណីដែលលោកអ្នកនៅតែម្នាក់ឯងប៉ុណ្ណោះ ឯវិធីដែលល្អបំផុតនោះគឺព្យាយាម កុំឱ្យខ្លួនឯងស្ថិតក្នុងសភាវប្រថុយប្រថានអីប្រសើរជាង៕

  • ប្រទេសម៉ិកស៊ិកអស់សំបុត្រ​បញ្ជាក់​មរណភាពដោយសារCOVID-19

    ប្រទេសម៉ិកស៊ិកអស់សំបុត្រ​បញ្ជាក់​មរណភាពដោយសារCOVID-19

    ក្រសួងសុខាភិបាលនៃប្រទេសម៉ិកស៊ិកកំពុងស្នើឱ្យរដ្ឋាភិបាលបោះពុម្ភសំបុត្របញ្ជាក់មរណភាពចំនួន1.1លានច្បាប់បន្ថែមទៀត ដោយសារតែតំបន់ជាច្រើនបានអស់ ឬខ្វះ ខណៈដែលតួលេខនៃមរណភាពដោយសារCOVID-19 នៅតែកើនឡើងយ៉ាងឆាប់រហ័ស។

    នៅក្នុងសន្និសីតសារព័ត៌មានមួយកាលពីថ្ងៃទី4កញ្ញា មន្ត្រីសុខាភិបាលម៉ិកស៊ិក លោក Hugo Lopez-Gatell Ramirez ឱ្យដឹងថា រដ្ឋមួយចំនួន ក្នុងនោះមានរដ្ឋម៉ិកស៊ិកផងដែរ កំពុងស្ថិតក្នុងស្ថានភាពអស់សំបុត្របញ្ជាក់មរណភាព។ ក្រុមមន្ត្រីមានសមត្ថកិច្ច កាលពីប៉ុន្មានសប្ដាហ៍មុនបញ្ជូនសំបុត្របញ្ជាក់មរណភាពពីតំបន់មួយចំនួន ទៅឱ្យតំបន់ដែលកំពុងស្វះសំបុត្រនេះ។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា រដ្ឋធានីម៉ិកស៊ិក ក៏ជិតអស់សំបុត្របញ្ជាក់កំណើតនេះហើយដែរ។

    គិតមកដល់ពេលនេះ ប្រទេសម៉ិកស៊ិក មានអ្នកស្លាប់ដោយសារបានឆ្លងវីរុសCOVID-19 ជាង67,000នាក់ ដូច្នេះម៉ិកស៊ិកបានក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារCOVID-19 ច្រើនជាងគេលំដាប់ទី4ក្នុងពិភពលោក បន្ទាប់សហរដ្ឋអាម៉េរិក ប្រេស៊ីល និងឥណ្ឌា។ ម៉ិកស៊ិកក៏បានរកឃើញអ្នកឆ្លងវីរុសសរុបឡើងដល់ 634,023នាក់ និងអ្នកស្លាប់សរុបឡើងដល់67,558នាក់។

    នៅទូទាំងពិភពលោក បច្ចុប្បន្នមានអ្នកស្លាប់ដោយសារឆ្លងវីរុសCOVID-19 ចំនួន887,549នាក់ ខណៈអ្នកបានឆ្លងវីរុសនេះមានចំនួន27,288,595នាក់ ក្នុងនោះមាន59,960នាក់កំពុងប្រឈាមនឹងហានិភ័យនៃការស្លាប់ខ្ពស់ ក្នុងគ្រាដែលអ្នកជំងឺបានជាសះស្បើយបានកើនឡើងដល់19,370,858នាក់៕

    ប្រភព៖ Bloomberg

  • រក្សាទុកថ្នាំពេទ្យនៅក្នុងទូទឹកកក មានគ្រោះថ្នាក់ដែរឬទេ?

    រក្សាទុកថ្នាំពេទ្យនៅក្នុងទូទឹកកក មានគ្រោះថ្នាក់ដែរឬទេ?

    ឡារ៉ែនគិតថា ប្រហែលវាជាគំនិតរបស់មនុស្សជាច្រើនដែលគិតថា ចង់យកស្អីទៅដាក់ក្នុងទូទឹកកកក៏បានដែរ វានឹងធ្វើឱ្យរបស់ទាំងអស់នោះក្រផុតកំណត់ ព្រោះភាពត្រជាក់ក្នុងទូទឹកកកនឹងជួយថ្នមវត្ថុអស់ទាំងនោះឱ្យនៅបានយូរឡើង ដែលថាៗទៅ សម្រាប់វត្ថុជាច្រើនអាចនឹងត្រឹមត្រូវ តែបើសិនជារឿងរបស់ “ថ្នាំពេទ្យ” វិញ តើវានឹងពិតដូចដែលគេនាំគ្នាជឿហ្នឹងឬយ៉ាងណា? ខាងក្រោមនេះគឺជាចម្លើយ…។

    រក្សាទុកថ្នាំពេទ្យនៅក្នុងទូទឹកកក

    គឺជារឿងពិតមួយដែលអាចនិយាយបាន ធាតុអាកាសក្ដៅហប់អាចនឹងធ្វើឱ្យថ្នាំចុះខ្សោយប្រសិទ្ធភាពលឿនជាងប្រក្រតី តែក៏មិនបានមានន័យថា ការរក្សាទុកថ្នាំពេទ្យនៅក្នុងទូទឹកកកនឹងជួយបន្តអាយុរបស់ថ្នាំឱ្យទុកប្រើប្រាស់បានយូរឡើងដែរ ព្រោះក្រៅពីរក្សាទុកថ្នាំក្នុងកន្លែងដែលមានធាតុអាកាសត្រជាក់ខ្លាំងជ្រុលពេក អាចនឹងធ្វើឱ្យថ្នាំចុះខ្សោយប្រសិទ្ធភាពបានដូចគ្នាហើយនោះ នៅធ្វើឱ្យថ្នាំកើតសារធាតុពុលកើនឡើងបានទៀតផង ព្រោះនៅក្នុងទូទឹកកកក៏មានភាពសើបអាប់ខ្ពស់ដូចគ្នាដែរ ហើយភាពសើមអាប់នេះឯងដែលធ្វើឱ្យថ្នាំបាត់បង់ប្រសិទ្ធភាព។

    លើកឧទាហរណ៍ដូចជា ថ្នាំអាស្ពីរីន នៅពេលប៉ះនឹងភាពសើមអាប់នៅក្នុងទូទឹកកកយូរៗទៅ អាចរលាយខ្លួនក្លាយជាអាស៊ីតសាលីស៊ីលិក និងអាស៊ីត អាសេទិក ដែលនឹងធ្វើឱ្យថ្នាំលែងមានប្រសិទ្ធភាព រួមទាំងធ្វើឱ្យកើតមានជាតិពុលធ្វើឱ្យរាងកាយខ្វះអុកស៊ីហ្ស៊ែន ទៅជាប្រកាច់ និងបាត់បង់សតិស្មារតីបានទៀតផងបើរាងកាយទទួលក្នុងបរិមាណច្រើន។

    ការរក្សាទុកដាក់ថ្នាំពេទ្យយ៉ាងត្រឹមត្រូវ

    1 . រក្សាទុកនៅក្នុងកន្លែងដែលមានខ្យល់អាកាសបក់ចេញចូលបានស្រួល មិនក្ដៅ មិនអាប់សើមជ្រុលពេក និងគ្មានពន្លឺថ្ងៃចាំងចូលដល់។

    2 . រៀបចំទុកដាក់តាមប្រភេទថ្នាំនីមួយៗរួមគ្នា និងអាចបែងចែកតាមប្រភេទរបស់ថ្នាំ ដូចជាថ្នាំទឹក ឬថ្នាំគ្រាប់ ថ្នាំសម្រាប់លាបលើស្បែក ឬថ្នាំសម្រាប់លេបព្យាបាលក្នុងខ្លួន(ថ្នាំផ្សះ) ឬអាចបែងចែកតាមក្រុមថ្នាំដែលព្យបាលអាការដូចគ្នា ដូចជា ថ្នាំបំបាត់ការឈឺចាប់(ឈឺក្បាល ឈឺពោះ ឈឺធ្មេញ) និងថ្នាំព្យាបាលរបួស ដំបៅ ជាដើម។

    3 . នៅពេលបានថ្នាំមក គួរពិនិត្យមើលថ្ងៃផុតកំណត់ ឬបើមិនដឹងទេ គួរសរសេរលើក្រដាសបិទលើដប ឬកញ្ចប់ថ្នាំនោះថា បានមកនៅថ្ងៃណា ហើយរកមើលព័ត៌មានថា ថ្នាំប្រភេទនោះអាចរក្សាទុកបានយូរប់ុនណា(ភាគច្រើនបើឃើញមានតែថ្ងៃផលិត ចូររាប់ចាប់ពីថ្ងៃផលិតមក 3 ឆ្នាំទៀត នោះគឺថ្ងៃផុតកំណត់ហើយ តែទាំងអស់នេះអាស្រ័យលើប្រភេទរបស់ថ្នាំដែរ)។

    4 . រៀបចំការប្រើថ្នាំតាមលំដាប់ ពីថ្នាំដែលជិតផុតកំណត់មុនជានិច្ច។

    5 . នៅក្នុងទូថ្នាំ ឬប្រអប់ទុកដាក់ថ្នាំ គួរសរសេរបិទប្រាប់ពីប្រភេទថ្នាំឱ្យបានច្បាស់លាស់ ដើម្បីងាយក្នុងការចាប់យកមកប្រើ។

    6 . ថ្នាំដែលជាបន្ទះ មិនគួរកាត់ចេញមកជាគ្រាប់ ឬឆ្កឹះចេញពីបន្ទះនោះទេ គួររក្សាទុកទាំងបន្ទះ ដើម្បីទុកមើលថ្ងៃផុតកំណត់នៅលើបន្ទះនោះ។

    7 . បើថ្នាំនៅមិនទាន់ផុតថ្ងៃកំណត់ តែសង្កេតឃើញមានភាពខុសប្រក្រតីណាមួយដែលខុសប្លែកពីមុន ដូចជា ប្រែពណ៌ រូបរាងខុសពីមុន មានក្លិន និងរសជាតិប្លែក ជាដើម-ល- មិនគួររក្សាទុកថ្នាំនោះទៀតទេ។

    យ៉ាងណាក៏ដោយ ថ្នាំនីមួយៗអាចនឹងមានវិធីរក្សាទុកដាក់ខុសប្លែកពីគ្នា ដូច្នេះគួររកមើលវិធីថែរក្សាទុកថ្នាំនីមួយៗនោះនៅលើស្លាករបស់ផលិតផល ឬបើជាថ្នាំដែលគ្រូពេទ្យផ្សំមកឱ្យជាឈុតៗនោះ គួរតែទទួលទានតាមវេជ្ជបញ្ជាឱ្យអស់ កុំឈប់កណ្ដាលទីដែលនាំឱ្យថ្នាំនៅសល់ ហើយគិតរក្សាថ្នាំនោះទុកដើម្បីលេបនៅពេលឈឺលើកក្រោយទៀតឱ្យសោះ ព្រោះក្រៅពីថ្នាំនោះអាចនឹងចុះខ្សោយប្រសិទ្ធភាពហើយនោះ នៅធ្វើឱ្យរាងកាយយើងឌឺថ្នាំដោយសារតែលេបមិនគ្រប់ចំនួនតាមគ្រូពេទ្យណែនាំទៀតផង៕

  • តើត្រូវញ៉ាំយ៉ាងណាឱ្យ “ថ្លើម” រឹងប៉ឹង?

    តើត្រូវញ៉ាំយ៉ាងណាឱ្យ “ថ្លើម” រឹងប៉ឹង?

    មិត្តអ្នកអានដឹងឬទេថា “ថ្លើម” ជាអវយវៈមួយក្នុងរាងកាយដែលត្រូវបានបំផ្លាញខ្លាំងបំផុត។ តាមរយៈការរស់នៅដែលមិនសូវជាសមរម្យរបស់មនុស្សយើង ទើបធ្វើឱ្យអត្រាផ្នែកនៃការកើតជំងឺដែលពាក់ព័ន្ធនឹងថ្លើមកើនឡើងខ្ពស់ជារឿយៗ ទាំងជំងឺក្រិនថ្លើម ខ្លាញ់រុំថ្លើម មហារីកថ្លើម ជាពិសេសជំងឺខ្លាញ់រុំថ្លើមតែងជួបប្រទះច្រើនបំផុតនៅលើប្រជាជនក្នុងភូមិភាគអាស៊ីអាគ្នេយ៍កាន់តែច្រើនឡើងជារឿយៗរៀងរាល់ឆ្នាំ។ មូលហេតុមួយ គឺបណ្ដាលមកពីការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុល ដែលអាចធ្វើឱ្យកើតការរលាក ហើយអាចនាំឆ្ពោះទៅរកជំងឺក្រិនថ្លើម ឬថ្លើមធ្វើការខុសប្រក្រតី ដែលបើមិនប្រញាប់ចូលទៅទទួលការព្យាបាលទេនោះ អាចមានផលប៉ះពាល់ដល់ជីវិតបាន។

    អាហារបំផ្លាញថ្លើម ដែលគួរចៀសវាង

    ចម្បងៗមុនគេគឺ អាល់កុល អាហារជ្រក់ត្រាំដែលនឹងមានសារធាតុក្នុងក្រុមណៃត្រេត និងផ្សេងៗទៀតដែលបង្កគ្រោះថ្នាក់ដល់ថ្លើម រួមទាំងអាហារស្ទើរឆៅ ស្ទើរឆ្អិន ដូចជាប្រហុក សាច់ត្រីឆៅ ជាដើម ដែលសុទ្ធតែជាមូលហេតុរបស់ជំងឺសត្វល្អិតនៅក្នុងថ្លើម ដែលអាចនាំឆ្ពោះទៅរកការកើតរោគមហារីកថ្លើម និងរលាកថ្លើមបានដូចគ្នាទាំងអស់។

    ក្រៅពីនេះនៅមានអាហារដែលមានជាតិខ្លាញ់ខ្ពស់ អាហារខ្លាញ់ៗ អាហារចៀនបំពង ដែលនឹងធ្វើឱ្យកើតការប្រមូលសន្សំរបស់ជាតិខ្លាញ់ រួមទាំងអាហារដែលមានការប្រឡាក់ប្រឡូសមេរោគផ្សិត ដូចជា Aflatoxin ជាមេរោគផ្សិតនៅក្នុងសណ្ដែកដែលនឹងធ្វើឱ្យកើតមហារីកថ្លើមបាន។

    អាហារបំប៉នថ្លើម ដែលយើងគួរទទួលទាន

    អាហារដែលយើងគួរទទួលទានគឺ អង្ករសំរូប ព្រោះនៅក្នុងអង្ករសំរូបនឹងមានសារធាតុអាហារច្រើនជាងអង្ករសធម្មតា ជាពិសេសកាកសរសៃអាហារ អាស៊ីតហ្វូលិក វីតាមិនផ្សេងៗ ដូចជា Gamma, Orissanol (សារធាតុប្រឆាំងអនុមូលឥស្សរៈពីគ្រាប់ធញ្ញជាតិ) វីតាមីនE រួមទាំងសារធាតុ Gaba ដែលសុទ្ធជាសារធាតុដែលមានប្រយោជន៍ដល់រាងកាយទាំងអស់។

    ក្រៅពីនេះថែមទាំងគួរទទួលទានរុក្ខជាតិបន្លែផ្លែឈើ ដូចជាស្ពៃក្ដោប មើមការ៉ុត ផ្លែឪឡឹក ទំពាំងបារាំង-ល- ព្រោះបន្លែ និងផ្លែឈើនឹងមានសារធាតុប្រឆាំងអនុមូលឥស្សរៈខ្ពស់ ជួយកាត់បន្ថយការរលាកដែលអាចបណ្ដាលមកពីបំផ្លាញរបស់អនុមូលឥស្សរៈ និងនៅមានកាកសរសៃអាហារច្រើនដែលជួយកាត់បន្ថយការកើតជាតិពុលចំពោះថ្លើមបាន។

    ញ៉ាំថ្លើមសត្វ ជួយបំប៉នថ្លើមមនុស្សឬ?

    ថ្លើមជាប្រភពប្រមូលសន្សំរបស់វីតាមីន A និងមានសារធាតុដែកទៀតផង។ សារធាតុទាំងនេះមានប្រយោជន៍ចំពោះរាងកាយស្រាប់ទៅហើយ តែថ្លើមក៏មានកូឡេស្តេរ៉ូលខ្ពស់ដែរ ដូច្នេះការញ៉ាំថ្លើមសត្វដើម្បីសង្ឃឹមលទ្ធផលក្នុងការបំប៉នថ្លើមមនុស្សយើងជាប់ជាប្រចាំនោះ អាចមានផលមិនល្អក្នុងរឿងជាតិខ្លាញ់ដែលនឹងវិលចូលមកក្នុងរាងកាយ ឬចូលទៅរុំថ្លើមវិញ ដូច្នេះត្រូវទទួលទានយ៉ាងប្រយ័ត្នប្រយែង។

    ញ៉ាំភេសជ្ជៈផ្អែមៗ គឺព្យាបាលថ្លើមឬ?

    អ្នកដែលកើតរោគថ្លើម មានន័យថា ការធ្វើការងាររបស់ថ្លើមនឹងខុសប្រក្រតី ធ្វើឱ្យថ្លើមមិនអាចប្រមូលរក្សាជាតិគ្លុយខូស(ជាតិស្ករ)ទុក និងនាំយកទៅរំលាយឱ្យក្លាយជាកម្លាំងថាមពលបានទេ ទើបធ្វើឱ្យអ្នកមានជំងឺថ្លើមអាចកើតអាការទន់ល្វើយគ្មានកម្លាំង និងចង់តែទទួលទានអាហារផ្អែមៗ ដូច្នេះនៅពេលទទួលទានអាហារផ្អែមៗចូលទៅ ក៏នឹងមានអារម្មណ៍ថាធូរស្រាលឡើង តែគ្រាន់តែជាអាការល្អប្រសើរឡើងបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនជាការព្យាបាលដែលត្រឹមត្រូវនោះទេ។ ក្រៅពីនេះការទទួលទានភេសជ្ជៈផ្អែមៗជាប្រចាំ អាចធ្វើឱ្យកើតជំងឺទឹកនោមផ្អែមតាមក្រោយ ឬជំងឺផ្សេងៗជាច្រើនទៀតផង៕

  • ពុលអាហារ ៈ មូលហេតុ អាការ និងវិធីព្យាបាល

    ពុលអាហារ ៈ មូលហេតុ អាការ និងវិធីព្យាបាល

    ពុលអាហារ ឬញ៉ាំអាហារមានជាតិពុលចូលទៅក្នុងខ្លួនមានន័យអំពី ការរាករូស(បន្ទោបង់ចេញមកជាទឹក) ដោយសារតែបណ្ដាលមកពីការបរិភោគអាហារ ឬញ៉ាំទឹកដែលមានលាយឡំសារធាតុពុល ដែលអាចជាសារធាតុពុលកើតចេញពីមេរោគដែលមានច្រើនប្រភេទ និងសារធាតុគីមី ឬរុក្្ខជាតិពុល ឬសត្វមានជាតិពុល និងច្រើនតែសង្កេតឃើញថា ក្នុងក្រុមអ្នកដែលបរិភោគជាមួយគ្នា នឹងមានអាការពុលដំណាលៗគ្នាច្រើននាក់ និងអាចមានអាការខ្លាំងខ្សោយខុសប្លែកពីគ្នាអាស្រ័យលើបុគ្គល និងបរិមាណដែលញ៉ាំចូលទៅ។

    មូលហេតុរបស់អាការពុលអាហារ

    អាការពុលអាហារភាគច្រើនៗតែបណ្ដាលមកពីការបរិភោគអាហារ ឬញ៉ាំទឹកដែលលាយឡំដោយមេរោគបាក់តេរី ឬមេរោគវីរុស ក្រៅពីនេះនៅអាចប្រទះឃើញមានខ្លះដែរគឺ មានលាយឡំដោយពួកសត្វប៉ារ៉ាស៊ីត ដូចជា អាមីបា( Amoeba )ជាដើម ចំណែកការបរិភោគអាហារដែលមានលាយឡំដោយសារធាតុពុលផ្សេងទៀតដែលមិនមែនជាមេរោគដែលប្រទះឃើញញឹកញាប់នោះគឺ ពុលសារធាតុគីមី (ដូចជា ថ្នាំសម្លាប់សត្វល្អិត សារធាតុសំណ សារធាតុបារ៉ត ជាដើម) រុក្ខជាតិពុល ដូចជា ផ្សិត មើមក្ដួច និងសត្វដែលមានជាតិពុល ដូចជា គីង្គក់ ត្រីកំពត និងអាហារសមុទ្រជាដើម។ល។

    អាការរបស់ការពុលអាហារ

    មេរោគជាច្រើនប្រភេទអាចបញ្ចេញជាតិពុល( Toxin )ចេញមកលាយឡំនៅក្នុងអាហារផ្សេងៗ ហើយនៅពេលមនុស្សបរិភោគអាហារដែលប្រឡាក់ប្រឡូសដោយសារធាតុពុលទាំងនោះចូលទៅនឹងធ្វើឱ្យកើតអាការស្រដៀងៗគ្នាគឺ ចុកពោះរមួលជាដំណាក់ៗ ក្អួត (ច្រើនតែមានកម្ទេចអាហារចេញមកជាមួយ) និងរាកញឹកញាប់។ អ្នកខ្លះអាចមានគ្រុនក្ដៅខ្លួន និងអស់កម្លាំងខ្លាំងរួមជាមួយផង។ អាការទាំងអស់នេះអាចខ្លាំង ឬខ្សោយអាស្រ័យលើភាពតិច ឬច្រើនរបស់ជាតិពុលដែលញ៉ាំចូលទៅ។ ជាទូទៅបើសិនជាតិចតួច មិនធ្ងន់ធ្ងរ អាការផ្សេងៗ ទាំងនោះនឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល 24 – 48 ម៉ោង។ ចំណែកអ្នកដែលធ្ងន់ធ្ងរ អាចនឹងមានអាការក្អួត និងរាករូសខ្លាំងក្លារហូតដល់រាងកាយខ្វះជាតិទឹក និងសារធាតុរ៉ែយ៉ាងធ្ងន់ធ្ងរបាន។

    វិធីព្យាបាលអាការពុលអាហារ

    ការព្យាបាល និងមើលថែទាំខ្លួនឯងជាបឋម អ្នកជំងឺពុលអាហារគួរប្រតិបត្តិតាមការណែនាំខាងក្រោមនេះ៖

    1 . បើមានអាការចុកពោះខ្លាំងក្លា រាករូសធ្ងន់ធ្ងរ(បន្ទោបង់ចេញមកសុទ្ធតែទឹកម្ដងៗច្រើនៗ) ក្អួតខ្លាំង(រហូតដល់ថ្នាក់ញ៉ាំទឹក ញ៉ាំទឹកអំបិលរ៉ែ ឬទឹកបបរលែងកើត) នៅពេលក្រោកអង្គុយហើយមានអាការវិលមុខ និងមានសភាវខ្វះជាតិទឹកធ្ងន់ធ្ងរ(បបូរមាត់ស្ងួត បំង់កស្ងួត ភ្នែករូង បត់ជើងតូចចេញមកតិច ជីពចរលោតញាប់) ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់។

    2 . បើមិនមានអាការធ្ងន់ធ្ងរដូចខាងលើទេ ចូរឱ្យអ្នកជំងឺពុលអាហារញ៉ាំទឹកអំបិលរ៉ែ ឬទឹកស្អាតឱ្យបានញឹកញាប់ដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅដោយសារការក្អួត និងរាក និងញ៉ាំរហូតទាល់តែទឹកមូត្រចេញមកថ្លា ឬអាការរាករូសបានធូរស្រាលឡើងវិញ។

    3 . ហាមលេបថ្នាំដើម្បីបញ្ឈប់ការរាករូស ព្រោះគ្មានប្រយោជន៍ក្នុងការព្យាបាលទេ និងបើប្រើប្រាស់ខុសវិធីផងនោះ អាចបង្កឱ្យកើតគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរបាន។

    4 . បើមានគ្រុនក្ដៅខ្លួន ចូរឱ្យលេបថ្នាំ ប៉ារ៉ាសេតាម៉ុល ដើម្បីបញ្ចុះកម្ដៅ៕

  • កម្ពុជានៅសល់អ្នកជំងឺCOVID-19 តែ2នាក់ទៀតប៉ុណ្ណោះ! តើពួកគេកំពុងនៅទីណា?

    កម្ពុជានៅសល់អ្នកជំងឺCOVID-19 តែ2នាក់ទៀតប៉ុណ្ណោះ! តើពួកគេកំពុងនៅទីណា?

    គិតមកដល់ព្រឹក ថ្ងៃទី4កញ្ញា2020 កម្ពុជាបានព្យាបាលអ្នកជំងឺCOVID-19 ជាសះស្បើយចំនួន272នាក់ ដែលស្មើនឹង99.27% បើធៀបនឹងចំនួនអ្នកបានឆ្លងវីរុសនេះ។

    ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនាព្រឹកនេះថា មានករណីជាសះស្បើយថ្មី1នាក់ទៀតនៅឯមណ្ឌលសុខភាពចក្រអង្រែក្នុងក្រុងភ្នំពេញ ដែលនេះជាអ្នកជំងឺជនជាតិចិន ដែលបានធ្វើដំណើរពីប្រទេសហ្វីលីពីនចូលមកកម្ពុជាកាលពីថ្ងៃទី9សីហា2020។

    បច្ចុប្បន្ន កម្ពុជានៅសល់អ្នកជំងឺCOVID-19 ចំនួន2នាក់ទៀតតែប៉ុណ្ណោះ ដែលពួកគេកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ក្នុងនោះមាន1នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង1នាក់ទៀតនៅឯបណ្ឌលសុខភាពចាក់អង្រែ ក្នុងទីក្រុងភ្នំពេញ។

    រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងCOVID-19 សរុប274នាក់ ក្នុងនោះមានអ្នកជំងឺ272នាក់បានជាសះស្បើយ និង2កំពុងទទួលការព្យាបាល។ កម្ពុជាមិនទាន់មានករណីស្លាប់ដោយសារឆ្លងCOVID-19 ដែលត្រូវបានរាយការណ៍ជាផ្លូវការនៅឡើយ។

    នៅ​ទូទាំង​ពិភពលោក គិត​មក​ដល់​បច្ចុប្បន្ន មាន​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​26,465,221​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​873,108​នាក់ និង​ជា​សះស្បើយ​18,660,112​នាក់​។ ចំណែក​អ្នក​កំពុង​ទទួល​ការ​ព្យាបាល​ មាន​ចំនួន​6,932,001​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​60,749នាក់​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត​៕