Category: សុខភាព

  • មែនឬ…សក់ស្កូវ រឹតតែដក រឹតតែច្រើនឡើង?

    មែនឬ…សក់ស្កូវ រឹតតែដក រឹតតែច្រើនឡើង?

    ធ្លាប់បានឮមិត្តភ័ក្តិ បងប្អូន ឬសូម្បីតែជាងធ្វើសក់ប្រាប់ដែរទេថា ពេលឃើញសក់ស្កូវហើយកុំដកចេញ ព្រោះនឹងធ្វើឱ្យសរសៃសក់នៅក្បែរនោះស្កូវតាមដែរ មិនតែប៉ុណ្ណោះអាចនឹងមានសក់ឡើងស្កូវពាសពេញក្បាលតែម្ដងក៏អាចថាបានដែរ ដូច្នេះហើយទើបមានអ្នកខ្លះត្រូវលួចកាត់ចោលខ្លះទៅ លាបពណ៌ខ្មៅលប់ខ្លះទៅក៏មាន…តែ រឿងពិតវិញ វាយ៉ាងណាដែរ? ដូច្នេះកុំបង្អង់យូរ សូមតាមដានអត្ថបទនេះជាបន្ត…។

    សក់ស្កូវ រឹតតែដក រឹតតែស្កូវឡើងច្រើន?

    មិនពិតទេ ការដកសក់ស្កូវមិនមែនជាបច្ច័យក្នុងការបង្កើនចំនួនសរសៃសក់ដែលស្កូវឡើងពណ៌សនោះទេ។

    សក់ស្កូវ ហេតុដូចម្ដេចបានកើតឡើង?

    កើតឡើងពីគ្រាប់ពណ៌(មេឡានីន)ដែលរាងកាយយើងសាងឡើង មាន 2 ពណ៌គឺ លឿងលាយក្រហម និងប្រផេះលាយខ្មៅ។ ប្រក្រតីឫសសក់នឹងផលិតគ្រាប់ពណ៌បានកាន់តែតិចទៅតាមអាយុរបស់មនុស្ស ដូច្នេះហើយទើបពេលមនុស្សអាយុច្រើនឡើងពណ៌សក់កាន់តែស្លេកឡើងៗជាសន្សឹមៗ រហូតក្លាយជាពណ៌ប្រផេះ ឬសតែម្ដងហ្នឹងឯង។

    តើហេតុម៉េចបានសក់ជ្រុះ?

    ជាប្រក្រតី សរសៃសក់មានចរន្តជីវិតរបស់វាស្រាប់ហើយ អាចរបូតជ្រុះបាន តែក៏មិនរបូតជ្រុះជានិរន្តរ៍ដែរ អាចដុះថែមឡើងមកជាថ្មីបានពីក្រពេញឫសសក់ដែលស្ថិតនៅខាងក្រោមស្បែកក្បាល។

    ហេតុអីបានធ្លាប់ឃើញមានសក់ 2 សរសៃដុះចេញមកពីចំណុចតែមួយ?

    ឫសសក់ 1 សរសៃ សាងសក់បាន 1 សរសៃ តឱ្យកាត់ ឬដកចេញក៏ដោយ ក៏យើងមិនអាចធ្វើឱ្យសរសៃសក់កើនឡើងបានដែរ តែដែលឃើញមានសក់ 2 សរសៃដុះចេញមកពីចំណុចតែមួយនោះ អាចដោយសារតែត្រង់ចំណុចនោះមានក្រពេញឫសសក់ 2 ចំណុចក៏បាន។

    ទោះជាដកសក់ស្កូវចេញ ក៏មិនធ្វើឱ្យសក់ឡើងស្កូវថែមដែរ តែក៏មិនគួរដកចេញឡើយ

    ព្រោះការដកសក់ញឹកញាប់ ជាពិសេសចំពោះអ្នកដែលមានសក់ស្កូវច្រើនរហូតដល់ត្រូវដកញឹកញាប់នោះ អាចធ្វើឱ្យក្រពេញឫសសក់ខូចខាត អាចធ្វើឱ្យលែងមានសក់ដុះឡើងមកថ្មីពីក្រពេញឫសសក់នោះ ធ្វើឱ្យសក់កាន់តែស្ដើង ឬក្បាលទំពែកមុនអាយុតែម្ដងក៏មាន៕

  • 10 វិធីបន្ថយអាការក្អកឱ្យឆាប់បាត់បំផុត

    10 វិធីបន្ថយអាការក្អកឱ្យឆាប់បាត់បំផុត

    កើតជំងឺគ្រុនផ្ដាសាយ ហឺត ស្ងួតក ឆ្លងមេរោគក្នុងប្រព័ន្ធដកដង្ហើម ប្រតិកម្មចាញ់ ជក់បារី របេង បំពង់ខ្យល់រីក និងផលប៉ះពាល់ផ្សេងៗពីថ្នាំមួយចំនួន ទាំងអស់នេះគឺជាមូលហេតុដែលធ្វើឱ្យយើងកើតអាការក្អក ទាំងក្អកស្ងួត ក្អកមានស្លេស្ម៍ ឬក្អករ៉ាំរ៉ៃ ជាដើម តែមិនថាក្អកបែបណាក៏ដោយ ក៏វាសាងនូវក្ដីរំខានដល់យើងរហូតទាំងយប់ទាំងថ្ងៃដែរ។ ពេលខ្លះក្អកឡើងក្រហមមុខ និងថែមទាំងក្អកនៅក្នុងទីសាធារណៈ ដូចជានៅក្នុងរថយន្តក្រុងជាដើម ក៏ខ្លាចគេឯងសម្លឹងមុខទៀតផង។ តែមិនអីទេ ឡារ៉ែន យល់ចិត្តលោកអ្នកចំពោះបញ្ហានេះ ទើបចង់សូមណែនាំពីវិធីបន្ថយអាការក្អកនេះឱ្យថយចុះយ៉ាងលឿនបំផុត ដែលទាំងងាយស្រួល និងបានផលល្អយ៉ាងពិតប្រាកដ។

    1 . ញ៉ាំទឹកឱ្យច្រើនឡើង

    ចាប់ផ្ដើមងាយៗជាមួយនឹងការញ៉ាំទឹកក្នុងមួយថ្ងៃៗឱ្យបានច្រើនឡើង។ អ្នកណាដែលមានស្លេស្ម៍នៅក្នុងបំពង់ក ទឹកនឹងជួយរំលាយស្លេស្ម៍ឱ្យតិចចុះបាន ចំណែកអ្នកណាដែលមានអាការក្អកស្ងួតៗវិញ ទឹកក៏ជួយឱ្យមានសំណើមនៅក្នុងបំពង់កបានដែរ និងធ្វើឱ្យ​អាការឈឺក្រហាយក្នុងបំពង់កថយចុះបានដូចគ្នា។

    2 . ញ៉ាំទឹកក្ដៅឧណ្ហៗ

    បើជ្រើសរើសយកការញ៉ាំទឹកឱ្យច្រើនឡើងហើយនោះ ក៏គួរជ្រើសរើសញ៉ាំទឹកក្ដៅឧណ្ហៗជំនួសការញ៉ាំទឹកត្រជាក់វិញ ព្រោះទឹកក្ដៅឧណ្ហៗនឹងជួយរំលាយស្លេស្ម៍ និងផ្ដល់សំណើមនៅក្នុងបំពង់កបានល្អជាងទឹកត្រជាក់។ ក្រៅពីនេះនៅអាចជ្រើសរើសញ៉ាំទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំ និងក្រូចឆ្មារក្នុងចន្លោះពេលថ្ងៃបានផងដែរ។

    3 . ងូតទឹកក្ដៅឧណ្ហៗ

    ខាងក្នុងកក់ក្ដៅហើយ ខាងក្រៅក៏ត្រូវតែកក់ក្ដៅផងដែរ។ ការងូតទឹកក្ដៅឧណ្ហៗ ក្រៅពីនឹងជួយកាត់បន្ថយសំបោរបានហើយ នៅល្អចំពោះរាងកាយរបស់អ្នកកើតជំងឺផ្ដាសាយ និងកើតប្រតិកម្មចាញ់ផ្សេងៗបានទៀតផង។

    4 . បៀមថ្នាំបំបាត់ក្អក

    កុំគិតថា អាការក្អកនឹងបាត់ទៅវិញដោយឯកឯងឱ្យសោះ។ បើកើតអាការក្អកជាប់ៗគ្នាឡើងកោងខ្លួនដូចបង្គា ក្អកឡើងមិត្តភ័ក្តិជិតខាងធុញទ្រាន់ហើយនោះ គួរប្រញាប់រកថ្នាំបំបាត់ក្អកមកបៀមជាបន្ទាន់ ព្រោះក្នុងថ្នាំបំបាត់ក្អកនឹងមានផ្នែកផ្សំដែលនឹងជួយកាត់បន្ថយអាការក្រហាយនៅក្នុងបំពង់កបាន។

    5 . ប្រើម៉ាស៊ីនធ្វើឱ្យមានសំណើមក្នុងអាកាសធាតុ

    ផ្ទះណាដែលបើកម៉ាស៊ីនត្រជាក់គេង ដល់ពេលយប់ជ្រៅ អាកាសធាតុអាចនឹងស្ងួតរហូតធ្វើឱ្យអាការក្អកធ្ងន់ធ្ងរឡើងជាងមុន និងទោះជាអាកាសធាតុនៅក្នុងផ្ទះយើងហាក់ដូចជាក្ដៅសើមស្រាប់ហើយក៏ដោយ តែសម្រាប់អ្នកជំងឺដែលមានអាការឈឺក្រហាយបំពង់កស្រាប់ហើយនោះ ធាតុអាកាសស្ងួតៗ ត្រជាក់ៗនឹងរឹតតែធ្វើឱ្យអាការក្អកកម្រើកធ្ងន់ធ្ងរឡើងជាងមុន និងអាចមានអាការតឹងច្រមុះរួមជាមួយផង ដូច្នេះបើសិនប្រើម៉ាស៊ីនធ្វើឱ្យមានសំណើមក្នុងបន្ទប់គេងផងនោះ ក៏នឹងជួយសម្រាលអាការក្អក និងឈឺក្រហាយបំពង់កបាន។

    កំណត់សម្គាល់ ៈ ម៉ាស៊ីនធ្វើសំណើម ជាម៉ាស៊ីនដែលដោតភ្លើងអគ្គិសនីហើយមានចំហាយទឹកបាញ់ចេញមក អាចបន្ថែមភាពសើមនៅក្នុងអាកាសធាតុក្នុងបន្ទប់បាន(មន្ទីរពេទ្យមួយចំនួននឹងមានម៉ាស៊ីនបន្ថែមសំណើមនេះនៅក្នុងបន្ទប់អ្នកជំងឺ)។ វានឹងមានក្លិនក្រអូប ឬគ្មានក្លិន ស្រេចតែចំណង់ចំណូលចិត្ត តែបើជ្រើសរើសមានក្លិន ក៏នឹងជួយឱ្យគេងលក់ស្រួល ដូចជាក្លិនផ្កាខាបូម៉ាយដ៍ ក្លិនផ្កាឡាវេនឌើរ ក៏នឹងជួយឱ្យយើងងាយគេងលក់ និងសម្រាកបានពេញទំហឹងទៀតផង។

    6 . តមជក់បារី

    អ្នកណាដែលជក់បារី គួរតមជក់បារីដាច់ខាតក្នុងអំឡុងពេលដែលកើតអាការក្អក ព្រោះការជក់បារីនឹងធ្វើឱ្យក្រហាយបំពង់កកាន់តែខ្លាំងឡើង និងថែមទាំងអាចធ្វើឱ្យកើតស្លេស្ម៍ច្រើនឡើងបានទៀតផង(តែ ឡារ៉ែនចង់ណែនាំឱ្យឈប់ជក់បារីតែម្ដងទៅល្អជាង )។ តែបើលោកអ្នកមិនមែនជាអ្នកជក់បារីទេនោះ ក៏គួរស្ថិតនៅឱ្យឆ្ងាយពីអ្នកជក់បារី ឬក្រុមមនុស្សដែលជក់បារីដូចគ្នា។

    7 . តមប្រើទឹកអប់ និងស្រ្បៃយ៍ផ្សេងៗ


    គ្រឿងផ្សំរបស់ទឹកអប់ និងស្រ្បៃយ៍ផ្សេងៗ(រួមទាំងស្រ្បៃយ៍ក្រអូបដែលបាញ់ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់់ផង)ធ្វើឱ្យរន្ធច្រមុះកើតអាការស្ងួតក្រហាយ និងអាចជាមូលហេតុដែលធ្វើឱ្យកើតមានស្លេស្ម៍ច្រើនឡើង ឬក្អករ៉ាំរ៉ៃបាន។

    8 . ចៀសវាងពីធូលីដី និងផ្សែងផ្សេងៗ

    ក្រៅពីទឹកអប់ និងស្រ្បៃយ៍ហើយ អាកាសធាតុជុំវិញខ្លួន ដូចជាអាកាសធាតុស្ងួតៗពីម៉ាស៊ីនត្រជាក់ក្នុងការិយាល័យ ធូលីផ្សែងពីបំពង់សឺម៉ាំងឡាន ផ្សែងពីការចម្អិនម្ហូបអាហារ ធាតុអាកាសពុលទាំងអស់នេះអាចធ្វើឱ្យកើតអាការស្ងួតក្រហាយរន្ធច្រមុះ និងបំពង់កបាន ដូច្នេះខណៈដែលកើតអាការក្អក គួរពាក់ម៉ាស់បាំងមាត់ និងច្រមុះដើម្បីការពារខ្លួនឯងពីធាតុអាកាសពុលទាំងនោះផង។

    9 . គេងសម្រាកឱ្យបានច្រើនឡើង

    ភាគច្រើនទៅ អាការក្អកដែលអាក្រក់ទៅៗជារឿយៗ ឬមិនងាយជានោះ គឺដោយសារតែរាងកាយមិនមានពេលវេលាក្នុងការជួសជុលខ្លួនឯង ព្រោះយើងប្រើប្រាស់រាងកាយរបស់យើងធ្ងន់ធ្ងរជ្រុលពេក រហូតមានពេលសម្រាកតិចតួចបំផុតហ្នឹងឯង ដូច្នេះបើសិនដឹងខ្លួនថាឈឺ ក្អកខ្លាំង គួរប្រញាប់ចូលគេងតាំងពីក្បាលព្រលប់ តាំងពីធាតុអាកាសនៅមិនទាន់ត្រជាក់ខ្លាំង និងសម្រាកឱ្យបានគ្រប់គ្រាន់។

    10 . ទៅជួបគ្រូពេទ្យ

    វិធីចុងក្រោយដែលអាចពឹងបាន គឺការទៅជួបលោកគ្រូពេទ្យឱ្យដឹងគ្នាតែម្ដងទៅ ព្រោះអាការក្អកដែលយើងកើតមកយូរហើយ និងធ្វើគ្រប់វិធីហើយក៏នៅតែមិនបាត់ទៀតនោះ អាចនឹងមិនមែនជាអាការក្អកធម្មតាៗនោះទេ អាចជាអាការដំបូងដែលជាសញ្ញាដាស់តឿនពីជំងឺគ្រោះថ្នាក់ផ្សេងៗដែលនឹងកើតនៅពេលក្រោយ ដូច្នេះការទៅជួបលោកគ្រូពេទ្យគឺជារឿងចាំបាច់បំផុតសម្រាប់នរណាក៏ដោយដែលមានអាការក្អកមិនធូរស្រាលសោះក្នុងរយៈ 1 – 2 សប្ដាហ៍៕

  • ស្ករ និងអំបិល តើមួយណាបំផ្លាញរាងកាយខ្លាំងជាង?

    ស្ករ និងអំបិល តើមួយណាបំផ្លាញរាងកាយខ្លាំងជាង?

    រាល់ថ្ងៃនេះ យើងតែងបានឮគេនិយាយថា ធ្វើអ្វីក៏ដោយ ចូររក្សាភាពល្មម រក្សាចំណុចកណ្ដាលឱ្យបាន(កុំជ្រុលពេក និងក៏កុំតិចពេកដែរ) ជាពិសេសក្នុងរឿងការទទួលទានអាហារ។ តែពេលនិយាយអំពីរឿងស្ករ និងអំបិលវិញ យើងក៏ធ្លាប់បានឮមកច្រើនដែរថា បើទទួលទានក្នុងបរិមាណច្រើនជ្រុលពេក នឹងហុចផលអាក្រក់ដល់រាងកាយរបស់យើង តែវាប្រាកដណាស់ថា ទាំងស្ករ និងអំបិលគឺសុទ្ធតែមានភាពសំខាន់ចំពោះរាងកាយរបស់យើង ដោយខួរក្បាលត្រូវការស្ករដើម្បីបង្កើនកម្លាំងថាមពល ឯសាច់ដុំក៏ត្រូវការអំបិលដើម្បីសាងតុល្យភាព ជាដើម។

    សាស្រ្តាចារ្យមកពីមហាវិទ្យាល័យ Touro College នៅទីក្រុងញីវយ៉កបាននិយាយថា ការទទួលទានស្ករ និងអំបិលច្រើនជ្រុលពេក នឹងហុចផលប៉ះពាល់ដល់សុខភាពរបស់យើងច្រើនណាស់ ដូច្នេះពេលនេះសូមមកមើលពីផលប៉ះពាល់ដល់រាងកាយដោយសារស្ករវិញប្រសើរជាង។

    ស្ករ

    បើយើងទទួលទានអាហារពីធម្មជាតិ យើងនឹងបានជាតិស្ករក្នុងបរិមាណមិនច្រើនប៉ុន្មានទេ។ អាហារធម្មជាតិដែលមានជាតិស្ករ ច្រើនតែមកពីផ្លែឈើ តែបញ្ហារបស់យើងស្ថិតនៅត្រង់ការទទួលទានជាតិស្ករដែលបានមកពីការចម្រាញ់ ហើយយើងបន្ថែមវាចូលទៅក្នុងអាហារដែលយើងទទួលទាន ដើម្បីបង្កើនរសជាតិ។

    បើយើងសាកល្បងមកមើលអាហារធម្មជាតិ ដូចជា ទឹកដោះ និងទឹកផ្លែឈើ 100% វិញនោះ អាហារពពួកនេះមានជាតិស្ករពីធម្មជាតិ និងមានថាមពលមួយចំនួន ខណៈពេលជាមួយគ្នាក៏មានគុណតម្លៃខាងអាហារផ្សេងៗទៀតផងដែរ ដូចជាវីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីនក្នុងទឹកដោះ និងប៉ូលីហ្វ៊ីណុល ជាដើម។ ចំណែកភេសជ្ជៈដែលលាយស្ករ ដូចជាទឹកក្រូចកំប៉ុង តែ ឬកាហ្វេទឹកដោះគោ ពពួកនេះច្រើនមានស្ករជាចម្បង ខណៈដែលគុណតម្លៃខាងអាហារមានតិចតួច ហើយពួកនំផ្សេងៗក៏ដូចគ្នាដែរ។ អាហារពពួកនេះគ្មានកាកសរសៃអាហារ ប្រូតេអ៊ីន វីតាមិន ឬសារធាតុរ៉ែដែលមានប្រយោជន៍ដល់រាងកាយច្រើនទេ ដូច្នេះទើបមិនមែនជារឿងប្លែកឡើយដែលអ្នកទទួលទានរបស់ប្រភេទនេះចូលទៅច្រើនៗ នឹងកើតរោគធាត់ និងខ្វះសារធាតុអាហារដែលចាំបាច់។

    អ្នកជំនាញខាងភោជនាហារមកពីរដ្ឋ​តិចសាស់បាននិយាយថា ស្ករគ្រប់ប្រភេទ មិនថាតែស្ករស ទឹកស្ករ ឬស្ករត្នោតនោះឡើយ សុទ្ធតែហុចផលដល់រាងកាយមិនខុសគ្នាឡើយ នោះគឺ វានឹងទៅបង្កើនកម្រិតជាតិស្ករនៅក្នុងឈាមដែលជាហេតុនាំឱ្យមានការផលិតអ៊ីនស៊ូលីន ហើយរាងកាយរបស់យើងនឹងបញ្ចេញអ៊ីនស៊ីលីននេះដើម្បីបណ្ដេញជាតិស្ករចេញពីក្នុងឈាមទៅកោសិកាដើម្បីប្រើប្រាស់ក្នុងការផ្ដល់កម្លាំងថាមពល។ កម្មវិធីនេះក៏ជាកម្មវិធីទូទៅមួយរបស់រាងកាយដែរ តែបើសិនជាពេលណាយើងបរិភោគស្ករច្រើនជ្រុលពេក កម្មវិធីប្រមូលសន្សំជាតិខ្លាញ់នឹងធ្វើការច្រើនឡើង រឹតតែរាងកាយសាងអ៊ីនស៊ូលីនច្រើនឡើងពេលណា ក៏នឹងរឹតតែសន្សំខ្លាញ់ច្រើនឡើងពេលនោះដែរ លុះយូរថ្ងៃទៅ ក៏អភិវឌ្ឍទៅជារោគទឹកនោមផ្អែមប្រភេទទី 2 ហើយនឹងបង្កើនភាពប្រថុយប្រថានដល់ការកើតរោគក្រលៀន រោគបេះដូង និងរោគសរសៃឈាមកកស្ទះទៀតផង។

    ការដែលរាងកាយបានទទួលជាតិស្ករច្រើនជ្រុលពេក ជាពិសេសស្ករចម្រាញ់ នឹងធ្វើឱ្យប្រព័ន្ធការរំលាយបឺតជ្រាបអាហាររបស់យើងប្រែប្រួលទៅតាមនោះដែរ។ ការរលាកក្លាយនឹងងាយកើតឡើង និងនាំឆ្ពោះទៅរកជំងឺចង្រៃច្រើនយ៉ាង។ លោក Rachel Head អ្នកជំនាញការដែលធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមបានប្រាប់ថា មានការសិក្សាស្រាវជ្រាវមួយបានរកឃើញភាពពាក់ព័ន្ធគ្នារបស់ការបរិភោគស្ករច្រើនជ្រុលពេក ជាមួយនឹងការមានកម្រិតខ្លាញ់ក្នុងឈាមខុសប្រក្រតី លើសឈាម ជំងឺថ្លើម ជំងឺប្រព័ន្ធរំលាយអាហារ និងជំងឺបេះដូង។

    អំបិល

    យើងនាំគ្នាមកមើលផលអាក្រក់ពីការបរិភោគអំបិលច្រើនជ្រុលពេក(ញ៉ាំប្រៃ)វិញម្ដង។ ប្រាកដណាស់ថា រាងកាយរបស់យើងត្រូវការអំបិលដើម្បីធ្វើការងារដែលតុល្យភាពរបស់កោសិកាក្នុងរាងកាយ តែអំបិលដែលច្រើនជ្រុលពេក ក៏ហុចផលប៉ះពាល់ដល់រាងកាយរបស់យើងបានដូចគ្នា។ អ្នកជំនាញការបាននិយាយថា សម្រាប់មនុស្សដែលមានសុខភាពល្អ ការបានទទួលអំបិលក្នុងបរិមាណមធ្យមដល់ច្រើនបន្តិចក៏ដោយ ក៏រាងកាយរបស់យើងចាត់ការបានដែរ តែបើសិនជាបានទទួលក្នុងបរិមាណដែលច្រើនជ្រុលពេកជាប់ៗគ្នារយៈពេលយូរនោះ វានឹងហុចផលប៉ះពាល់ដល់រាងកាយយ៉ាងពិតប្រាកដ។ មានការណែនាំថា យើងគួរញ៉ាំអំបិលក្នុងមួយថ្ងៃឱ្យតិចជាង 2,300មីល្លីក្រាម ឬប្រមាណជា 1ស្លាបព្រាកាហ្វេតែប៉ុណ្ណោះ។ តែមនុស្សភាគច្រើននាំគ្នាបរិភោគប្រមាណជា 3,400មីល្លីក្រាមក្នុងមួយថ្ងៃ។

    អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលអ្នកជំនាញការជឿថា សូដ្យូមធ្វើឱ្យកើតសភាវសម្ពាធឈាមឡើងខ្ពស់ និងការដែលយើងមិនអាចគ្រប់គ្រងសម្ពាធឈាមបាននោះ នឹងនាំឆ្ពោះទៅរកបញ្ហាសុខភាពជាច្រើន ទាំងជំងឺបេះដូង សរសៃឈាមកកស្ទះ និងរោគក្រលៀន។ វេជ្ជបណ្ឌិតជំនាញបាននិយាយថា រាងកាយរបស់មនុស្សមួយចំនួនមានភាពរហ័សជាមួយអំបិលណាស់ រឹតតែបើសិនជាអ្នកណាដែលមានសភាវសម្ពាធឈាមឡើងខ្ពស់ផងនោះ រឹតតែត្រូវប្រយ័ត្នខ្លាំង។ អាហារដែលយើងទទួលទានតាមភោជនីយដ្ឋានមានអំបិលច្រើន ក្រៅពីនោះនៅពេញទៅដោយខ្លាញ់ និងផ្ដល់ថាមពលខ្ពស់ទៀតផង ដូច្នេះបើសុខភាពរបស់យើងមិនរឹងមាំ មានសភាវសម្ពាធឈាមឡើងខ្ពស់ផងនោះ គួរធ្វើម្ហូបអាហារដោយខ្លួនឯងញ៉ាំនៅផ្ទះវិញប្រសើរជាង។

    ដូច្នេះ បើចង់ឱ្យសរុបនោះគឺ មិនថាតែស្ករ ឬអំបិលនោះទេ បើទទួលទានក្នុងបរិមាណដែលច្រើនជ្រុលពេក គឺនឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយធ្ងន់ធ្ងរប៉ុនៗគ្នាហ្នឹងឯង៕

  • រឿងការញ៉ាំទឹកដែលយើងមិនសូវបានដឹង…

    រឿងការញ៉ាំទឹកដែលយើងមិនសូវបានដឹង…

    ការញ៉ាំទឹកមានភាពសំខាន់ស្មើៗនឹងការញ៉ាំអាហារដែរ ព្រោះរាងកាយរបស់យើងប្រកបទៅដោយជាតិទឹក 50 – 70% បើខ្វះទឹកនឹងធ្វើឱ្យរាងកាយស្លាប់។ យើងបាត់បង់ជាតិទឹកតាមច្រើនផ្លូវ ដូចជា ញើស ទឹកមូត្រ លាមក -ល- ដូច្នេះទើបចាំបាច់ណាស់ដែលរាងកាយត្រូវតែទទួលបានជាតិទឹកមកជំនួសចំណែកដែលបាត់បង់ទៅនោះ។

    តួនាទីរបស់ទឹកនៅក្នុងរាងកាយ

    – ជួយក្នុងការគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយ។

    – ធ្វើឱ្យមានសំណើមដល់សាចភ្នាសរបស់រាងកាយ ដូចជា មាត់ ភ្នែក ច្រមុះ។ល។

    – ជួយឱ្យមានរំអិលនៅតាមសន្លាក់។

    – ការពារអវយវៈខាងក្នុង។

    – ការពារមិនឱ្យកើតមានសភាវទល់លាមក។

    – ជួយបណ្ដេញកាកសំណល់ចេញពីរាងកាយតាមរយៈក្រលៀន។

    – រំលាយសារធាតុអំបិលរ៉ែ និងសារធាតុអាហារ។

    – ដឹកនាំអាហារ និងអុកស៊ីហ្ស៊ែនឆ្ពោះទូទាំងរាងកាយ និងសាច់ភ្នាសទាំងឡាយ។

    តើរាងកាយយើងទទួលបានទឹកប៉ុនណាទើបគ្រប់គ្រាន់?

    ជាសំណួរដែលងាយស្រួល តែពិបាកឆ្លើយ។ ជាប្រក្រតី រាងកាយនឹងទទួលបានជាតិទឹកពី 3 ប្រភព ៈ

    1 . ពីទឹកញ៉ាំធម្មតា ឬភេសជ្ជៈផ្សេងៗ

    2 . ពីអាហារដែលយើងបរិភោគចូលទៅ។

    3 . ពីប្រតិកម្មខាងគីមីនៅក្នុងរាងកាយ

    បរិមាណដែលយើងគួរបានទទួលក្នុងមួយថ្ងៃៗប្រមាណជា 2,5 លិត្រ ដោយបានមកពីទឹកដែលញ៉ាំ 1.8 លិត្រ(ប្រមាណ 6 – 7 កែវ)។ បើធាតុអាកាសក្ដៅ ឬធ្វើលំហាត់ប្រាណច្រើន ការញ៉ាំទឹកក៏អាចកើនឡើងតាមហ្នឹងដែរ។ មិនមានភាពចាំបាច់អីត្រូវញ៉ាំទឹករ៉ែនោះទេ ត្រឹមតែទឹកស្អាតសម្រាប់ពិសាក៏គ្រប់គ្រាន់ហើយ។

    បច្ច័យដែលត្រូវញ៉ាំទឹកបន្ថែម មានដូចជា ៈ

    . ការហាត់ប្រាណ មនុស្សទូទៅដែលហាត់ប្រាណមិនច្រើន ចូរញ៉ាំទឹកពី 1 – 2 កែវមុនពេលហាត់ប្រាណកន្លះម៉ោង តែសម្រាប់អ្នកដែលនឹងហាត់ប្រាណយូរជាង 1 ម៉ោង ដូចជាការរត់ម៉រ៉ាតុងជាដើម ត្រូវត្រៀមខ្លួនញ៉ាំទឹកឱ្យបានគ្រប់គ្រាន់មុននឹងហាត់ប្រាណ1ថ្ងៃ ហើយទឹកទុកញ៉ាំក្នុងអំឡុងពេលហាត់ប្រាណនោះ គួរតែជាទឹករ៉ែ(សម្រាប់តែការហាត់ប្រាណ មិនមែនជា ORS ) ព្រោះអាចជំនួសសារធាតុរ៉ែដែលបានបាត់បង់ទៅ។

    . ធាតុអាកាសក្ដៅ លោកអ្នកត្រូវទទួលទឹកបន្ថែម។

    . នៅលើទីខ្ពស់ជាង 2,500 ម៉ែត្រ រាងកាយនឹងបញ្ចេញជាតិទឹកច្រើន លោកអ្នកត្រូវញ៉ាំទឹកឱ្យបានច្រើនគ្រប់គ្រាន់។

    . ឈឺថ្កាត់ ដូចជា គ្រុនក្ដៅ រាក លោកអ្នកត្រូវបន្ថែមជាតិទឹកភ្លាមៗដោយមិនរង់ចាំឱ្យកើតសភាវខ្វះជាតិទឹកឡើយ។

    . ស្រ្តីមានផ្ទៃពោះគួរបានទទួលទឹកមួយថ្ងៃ 10 កែវ ចំណែកស្រ្តីដែលបំបៅកូនដោយទឹកដោះម្ដាយគួរបានទទួលទឹកមួយថ្ងៃ 12.5 កែវ។

    យើងគួរញ៉ាំ និងមិនគួរញ៉ាំទឹកអ្វី?

    ល្អបំផុតគឺ ទឹកស្អាត ព្រោះគ្មានទាំងស្ករ និងខ្លាញ់។ បើមិនចូលចិត្តរសជាតិ អាចបន្ថែមក្រូចឆ្មារ ឬញ៉ាំទឹកសូដា។

    ទឹកផ្លែឈើ

    មានន័យពីទឹកផ្លែឈើដែលច្របាច់ស្រស់ៗមិនបានថែមថយរសជាតិ។ ទឹកផ្លែឈើនេះនឹងសម្បូរទៅដោយវីតាមីន និងអំបិលរ៉ែដូចផ្លែឈើស្រស់ដែរ។ អង្គការសុខភាពពិភពលោកឱ្យរាប់ទឹកផ្លែឈើស្រស់មួយកែវស្មើនឹង 1 ផ្នែករបស់ 5 ផ្នែកដែលគួរទទួលទានក្នុងមួយថ្ងៃ។ ទឹកផ្លែឈើស្រស់មិនដូចទឹកផ្លែឈើដែលលក់នៅខាងក្រៅនោះទេ ដោយសារតែទឹកផ្លែឈើដែលដាក់លក់ទាំងនោះមានចំណែកផ្សំរបស់ផ្លែឈើត្រឹមតែ 5 ទៅ 28% និងមានលាយស្ករច្រើនដែលជាមូលហេតុរបស់ការពុកខូចធ្មេញចំពោះក្មេងទៀតផង។ ការញ៉ាំទឹកផ្លែឈើ ចូរញ៉ាំដំណាលគ្នាជាមួយអាហារ ទើបអាចកាត់បន្ថយការកើតជំងឺពុកធ្មេញបាន។

    ទឹកដោះ និងផលិតផលពីទឹកដោះ

    ទឹកដោះជាប្រភពរ៉ែ កាល់ស្យូម និងវីតាមីន អ្នកជំនាញសូមណែនាំឱ្យញ៉ាំមួយពេលមួយកែវគឺគ្រប់គ្រាន់ហើយ។ អាយុច្រើនជាង 5 ឆ្នាំអ្នកជំនាញណែនាំឱ្យញ៉ាំទឹកដោះគ្មានជាតិខ្លាញ់។

    ទឹកភេសជ្ជៈ Carbonate soft drink

    ទឹកភេសជ្ជៈមានជាតិហ្កាស មានចំណែកផ្សំដែលសំខាន់ គឺស្ករ និងអាស៊ីតដែលធ្វើឱ្យធ្មេញពុក និងបានទទួលកាឡូរីច្រើនលើស។ ទោះជា Sugar free ក៏ដោយ តែបរិមាណអាស៊ីតក៏មិនបានបន្ថយដែរ ដូច្នេះអ្នកជំនាញបានណែនាំថា មិនគួរញ៉ាំទឹកភេសជ្ជៈមានជាតិហ្កាសទេ។

    ភេសជ្ជៈប៉ូវកម្លាំង

    ជាភេសជ្ជៈដើម្បីធ្វើឱ្យរាងកាយស្រស់ថ្លាក្រោយពេលធ្វើការធ្ងន់ ឬភេសជ្ជៈដែលបំពេញជំនួសជាតិទឹក និងអំបិលរ៉ែក្រោយការហាត់ប្រាណ។ ភេសជ្ជៈនេះនឹងប្រកបដោយ សារធាតុផ្ដល់ថាមពល ដូចជា ស្ករ និងសារធាតុដែលជំរុញឱ្យរាងកាយភ្ញាក់ គឺកាហ្វេអ៊ីន និងសារធាតុ Taurine ។ ភេសជ្ជៈបែបនេះមិនស័ក្តិសមសម្រាប់ស្រ្តីមានផ្ទៃពោះទេ។

    ភេសជ្ជៈកាហ្វេអ៊ីន

    ការហ្វេអ៊ីនមានតួនាទីនៅក្នុងទឹកភេសជ្ជៈច្រើនប្រភេទ ដូចជា ទឹកភេសជ្ជៈកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង ទឹកតែ ជាដើម។ កាហ្វេជាភេសជ្ជៈដែលមានការនិយមទទួលទានទូទាំងពិភពលោក ដោយកាហ្វេអ៊ីននឹងទៅជំរុញបេះដូង ធ្វើឱ្យសម្ពាធឈាមកើនឡើង និងជំរុញខួរក្បាលធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា ដូច្នេះអ្នកជំងឺលើសឈាមគួរចៀសវាង។ ផ្នែកល្អរបស់កាហ្វេដែលមាននៅក្នុងរបាយការណ៍ផ្នែកសុខភាពរាងកាយគឺ កាត់បន្ថយការកើតឡើងនៃក្រួសក្នុងថង់ទឹកប្រមាត់ និងក្នុងក្រលៀន រួមទាំងមហារីកពោះវៀនធំផងដែរ៕

  • គ្រាប់ផ្លែត្របែកទុំ ញ៉ាំហើយប្រថុយនឹងរោគរលាកខ្នែងពោះវៀនមែនឬ?

    គ្រាប់ផ្លែត្របែកទុំ ញ៉ាំហើយប្រថុយនឹងរោគរលាកខ្នែងពោះវៀនមែនឬ?

    “រលាកខ្នែងពោះវៀន” ជាអាការដែលគ្មាននរណាម្នាក់ចង់កើតឡើយ ហើយមនុស្សជាច្រើនប្រហែលជាបានដឹងច្បាស់ហើយថា វាបណ្ដាលមកពីអាការរលាករបស់ខ្នែងពោះវៀនដែលជាអវយវៈតូចមួយនៅជាប់នឹងចុងពោះវៀនធំ ដែលធ្វើឱ្យយើងឈឺពោះរហូតដល់ត្រូវចូលទៅទទួលយកការវះកាត់នៅឯមន្ទីពេទ្យយ៉ាងបន្ទាន់ទៀតផង ហើយមនុស្សដែលមានភាពប្រថុយប្រថាននឹងរោគរលាកខ្នែងពោះវៀននេះមានតាំងពីអាយុ 15 ដល់ 45 ឆ្នាំ ដែលអាចនិយាយបានថា ជាអំឡុងអាយុដែលវែងគួរសម។

    មុននឹងទៅមើលថា តើគ្រាប់ផ្លែត្របែកទុំជាដើមចមរបស់រោគរលាកខ្នែងពោះវៀនមែនឬ? យើងនាំគ្នាមកមើលពីមូលហេតុរបស់ការរលាកខ្នែងពោះវៀនជាមុនសិនប្រសើរជាង។

    មូលហេតុរបស់រោគរលាកខ្នែងពោះវៀន

    រលាកខ្នែងពោះវៀន បណ្ដាលមកពីអាការរលាកដែលកើតឡើងពីកំទេចចំណីអាហារធ្លាក់ចូលទៅសម្ងំនៅក្នុងខ្នែងពោះវៀនរយៈពេលយូររហូតវត្ថុរាវ ឬសារធាតុរំអឹលមិនអាចហូរវិលចូលទៅបានតាមប្រក្រតី ទើបកើតជាអាការរលាក ដោយវត្ថុដែលធ្លាក់ចូលទៅក្នុងខ្នែងពោះវៀននោះអាចជាអ្វីមួយក៏បានដែរដែលក្រពះបានបញ្ជូនទៅក្នុងពោះវៀនធំ ដូចជា កម្ទេចចំណីអាហារ សត្វល្អិត ដុំសាច់ដុះ ក្បាលអង្កាម ដុំក្រួស ឬក្រពេញទឹករងៃនៅបរិវេណនោះមានអាការហើមខ្លាំងរហូតធ្វើឱ្យខ្នែងពោះវៀនកៀបជាប់ណែនស្ទះ បង្កឱ្យរលាក និងឆ្លងមេរោគនៅទីបំផុត។

    គ្រាប់ត្របែក មូលហេតុចម្បងរបស់រោគពោះវៀនដុះខ្នែង?!

    នៅពេលបានដឹងហើយថា អ្វីក៏ដោយដែលរបូតធ្លាក់ចូលទៅញ៉ុកស្ទះក្នុងខ្នែងពោះវៀនរហូតធ្វើឱ្យរលាកនោះ សុទ្ធតែជាមូលហេតុបានទាំងអស់ ដូច្នេះមិនមែនមានតែគ្រាប់ផ្លែត្របែកទុំនោះទេដែលបង្កគ្រោះថ្នាក់ដល់ការញ៉ុកស្ទះរបស់ខ្នែងពោះវៀននោះ។ មិនថា ចំណីអាហារប្រភេទណា ក៏សុទ្ធតែមានភាពប្រថុយប្រថានទាំងអស់ គ្រាន់តែលក្ខណៈរបស់គ្រាប់ត្របែកវាមានខ្នាត និងភាពរឹងងាយក្នុងការចូលទៅញ៉ុកស្ទះក្នុងរន្ធខ្នែងពោះវៀនបានស្រួលហ្នឹងឯង។

    អាការរបស់រោគរលាកខ្នែងពោះវៀន

    ដូចដែលមនុស្សជាច្រើនបានដឹងហើយថា អាការរបស់រោគរលាកខ្នែងពោះវៀនច្រើនតែបង្កឡើងដោយការចុកពោះ អាចនឹងមិនបានចុកពោះនៅលើទីតាំងខាងស្ដាំក្រោមតាំងពីដំបូងតែម្ដងនោះទេ តែអាចនឹងចុកពោះជុំវិញរន្ធផ្ចិតជាមុន បន្ទាប់ពីនោះ 6 – 12 ម៉ោងតមក អាចរំកឹលមកចុកនៅត្រង់ម្ដុំពោះខាងស្ដាំខាងក្រោម តែក៏ធ្លាប់មានខ្លះដែរដែលនឹងចុកនៅម្ដុំកណ្ដាលពោះ ឬខាងស្ដាំលើ អាស្រ័យលើទីតាំងរបស់ខ្នែងពោះវៀនរបស់មនុស្សម្នាក់ៗថា ស្ថិតនៅត្រង់ណា។ រឹតតែអ្នកណាដែលចុកពោះខ្លាំងក្លាទាំងខាងឆ្វេង និងខាងស្ដាំផងនោះ អាចជាសញ្ញាមួយដែលបង្ហាញថា ខ្នែងពោះវៀនអាចនឹងរលាកធ្ងន់ធ្ងររហូតដល់ថ្នាក់ស្អុយរលួយ មានខ្ទុះ ឬបែកធ្លាយខ្ចាត់ខ្ចាយពេញក្នុងពោះរហូតដល់ចាប់ផ្ដើមឆ្លងមេរោគទៅហើយទៀតផង។

    តែមុននឹងចុកពោះខ្លាំងរហូតដល់ត្រូវចូលទៅទទួលយកការវះកាត់បែបបន្ទាន់នោះ វាអាចមានសញ្ញាដាស់តឿនតិចៗដែលមនុស្សជាច្រើនអាចមិនដឹងថា វាពាក់ព័ន្ធនឹងអាការខុសប្រក្រតីរបស់ខ្នែងពោះវៀន ទើបធ្វើឱ្យព្រងើយកន្តើយក្នុងការចូលទៅពិនិត្យរាងកាយនៅមន្ទីរពេទ្យ។

    ដូច្នេះ បើសិនជាអ្នកណាមិនចង់ប្រថុយប្រថាននឹងរោគរលាកខ្នែងពោះវៀននោះ ក្រៅពីត្រូវទទួលទានអាហារដោយទំពាឱ្យបានល្អិតម៉ដ្ឋមុននឹងលេប និងចៀសវាងការញ៉ាំអាហារណាដែលរឹងៗ ដែលពិបាកក្នុងការកិនរំលាយរបស់ក្រពះហើយនោះ ការពិនិត្យសុខភាពប្រចាំឆ្នាំ ពិនិត្យសុខភាពប្រអប់ពោះ និងសង្កេតមើលចំណីអាហារ និងភាពខុសប្រក្រតីរបស់ខ្លួនឯងជាញឹកញាប់រឿយៗ មិនព្រងើយកន្តើយក្នុងការយកចិត្តទុកដាក់មើលថែទាំខ្លួនឯង ក៏អាចជួយកាត់បន្ថយភាពប្រថុយប្រថាននឹងរោគរលាកខ្នែងពោះវៀនបានដូចគ្នាដែរ៕

  • “ហ៊ឹងត្រចៀកភ្លាមៗ” គ្រោះថ្នាក់ដែលអាចឡើងលើមនុស្សគ្រប់រូប គ្រប់កន្លែង គ្រប់ពេល

    “ហ៊ឹងត្រចៀកភ្លាមៗ” គ្រោះថ្នាក់ដែលអាចឡើងលើមនុស្សគ្រប់រូប គ្រប់កន្លែង គ្រប់ពេល

    បើជារោគចង្រៃដែលមានសញ្ញាដាស់តឿនឱ្យយើងបានដឹងជាមុននោះ យើងនៅមានពេលអាចទៅជួបលោកគ្រូពេទ្យបានមុនពេលដែលអាការរបស់រោគនោះបង្ហាញឡើងច្បាស់រហូតរំខានដល់ការរស់នៅរបស់យើងបាន តែបើសំណាងអាក្រក់ វាជារោគដែលកើតឡើងទាន់ហន់ភ្លាមៗបែបមិនបានដឹងខ្លួនមុន និងរកមូលហេតុដែលនាំឱ្យកើតយ៉ាងពិតប្រាកដមិនឃើញផងនោះ ប្រហែលជាធ្វើឱ្យលោកអ្នកត្រូវត្រៀមខ្លួនចាំទប់ទល់នឹងជំងឺលំបាកមិនខាន។

    ក្រៅពីដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងទាន់ហន់ដែលមនុស្សយើងគ្រប់គ្នាស្គាល់ច្បាស់ហើយនោះ នៅមានរោគមួយទៀតជារោគដែលកើតឡើងយ៉ាងទាន់ហន់ និងជួបប្រទះច្រើនដោយរកមូលហេតុមិនឃើញទៀតផង។

    រោគហ៊ឹងត្រចៀកទាន់ហន់

    ជំងឺហ៊ឹងត្រចៀកទាន់ហន់ ឬជំងឺគាំងត្រចៀក គឺជាសភាវដែលបាត់បង់ការបានឮភ្លាមៗ ប្រភេទប្រព័ន្ធប្រសាទទទួលស្ដាប់សំឡេងធ្វើការរអាក់រអួលដែលកើតឡើងភ្លាមៗតែម្ដង។ ប្រទះឃើញនៅលើទាំងភេទស្រី និងភេទប្រុស និងច្រើនជួបនៅក្នុងក្រុមមនុស្សដែលមានអាយុតិច និងវ័យកណ្ដាលមនុស្ស។

    មូលហេតុរបស់រោគហ៊ឹងត្រចៀកទាន់ហន់

    ជារឿងដែលគួរឱ្យស្ដាយណាស់ដែលបច្ចុប្បន្នក៏នៅតែមិនអាចបញ្ជាក់ពីមូលហេតុបានច្បាស់លាស់ថា បណ្ដាលមកពីមូលហេតុអ្វីនៅឡើយ តែគ្រូពេទ្យជំនាញជឿថា អាចបណ្ដាលមកពីមេរោគវីរុស ការញ៉ុកណែនរបស់សរសៃឈាមដែលហូរទៅចិញ្ចឹមស្រទាប់ត្រចៀកខាងក្នុង ការហើមក្នុងក្រដាសត្រចៀក ការមានរន្ធធ្លាយរបស់ទត្រចៀកខាងក្នុង តែអាចកើតពីមូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់បាន ដូចជា ដុះសាច់បរិវេណសរសៃប្រសាទត្រចៀក ឬភាពខុសប្រក្រតីរបស់ខួរក្បាល ជាដើម។

    អាការរបស់រោគហ៊ឹងត្រចៀកទាន់ហន់ដែលជួបប្រទះញឹកញាប់

    1 . បាត់បង់ការបានឮទាន់ហន់ភ្លាមៗ និងច្រើនតែកើតនៅលើត្រចៀកតែម្ខាង

    2 . អាចមានអាការឮសំឡេងខ្លាំងៗរំខាននៅក្នុងត្រចៀកម្ខាងនោះ

    3 . មានអាការវិលមុខរួមជាមួយផង

    វិធីរក្សាព្យាបាលរោគហ៊ឹងត្រចៀកទាន់ហន់

    1 . ព្យាបាលដោយថ្នាំ ដូចជា ថ្នាំកាត់បន្ថយការរលាកក្លាយ ថ្នាំពង្រីកសរសៃឈាម វីតាមីន ឬថ្នាំសម្រាលអាការវិលមុខ។

    2 . អ្នកជំងឺអាចគេងសម្រាកព្យាបាលនៅផ្ទះបាន ឬអ្នកខ្លះអាចត្រូវគេងព្យាបាលនៅក្នុងមន្ទីពេទ្យដើម្បីតាមដានអាការ។

    3 . គ្រូពេទ្យនឹងណាត់ពិនិត្យវាស់កម្រិតការបានឮជាដំណាក់កាលៗដើម្បីវាយតម្លៃលទ្ធផលនៃការព្យាបាល និងតាមដានលទ្ធផលនៃការព្យាបាលក្នុងរយៈពេលវែងជាបន្ត៕

  • 10 វិធី បំបាត់អាការ “ត្អើក” យ៉ាងមានប្រសិទ្ធភាព

    10 វិធី បំបាត់អាការ “ត្អើក” យ៉ាងមានប្រសិទ្ធភាព

    ត្អើក ជាអាការដែលអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា ដែលបណ្ដាលមកពីអាការដែលក្រពះអាហារកើតអាការក្រហាយ ធ្វើឱ្យ​សរសៃប្រសាទត្រូវជំរុញឱ្យធ្វើការខុសប្រក្រតី ហុចផលឱ្យសន្ទះបាំងខ្យល់ ឬសាច់ដុំដែលឃាំងកណ្ដាលរវាងប្រអប់ទ្រូង និងប្រអប់ពោះមានអាការបង្រួញខ្លួនឡើងរឹងជាចង្វាក់ៗ សាច់ដុំឆ្អឹងជំនីបានទទួលរងការញ័ររញ្ជួយឱ្យកើតការបង្រួញខ្លួនឡើងរឹងក្នុងលក្ខណៈដូចគ្នា។

    មូលហេតុរបស់អាការ ត្អើក មានទាំងខាងសភាពរាងកាយ និងខាងអារម្មណ៍។ ខាងរាងកាយមានដូចជា ផលប៉ះពាល់បន្ទាប់បន្សំពីភាពខុសប្រក្រតីរបស់បំពង់ក និងដើមទ្រូង ដូចជាឃើញមានដុំសាច់ដុះ ក្រពេញទឹករងៃរីកធំ ឬភាពខុសប្រក្រតីរបស់ប្រអប់ពោះ ដូចជា រលាកសាច់ភ្នាសប្រអប់ពោះ ឬអាការដែលកើតឡើងក្រោយការវះកាត់។ ចំណែកអាការត្អើកបណ្តាលមកពីខាងអារម្មណ៍ មានដូចជា ការភ្ញាក់ផ្អើលឡើងភ្លាមៗ ឬមានបញ្ហាធុញថប់តានតឹងរ៉ាំរ៉ៃ ជាដើម។

    ក្រៅពីនេះ ការញ៉ាំភេសជ្ជៈដែលមានហ្គាសច្រើន ដូចជាស្រាបៀរ ស្រាសូដា ការទទួលទានអាហារច្រើនជ្រុលពេក ញ៉ាំអាហាររសជាតិហឹរ ឬប្រៃខ្លាំង និងជក់បារីខ្លាំងក៏ជាមូលហេតុរបស់អាការត្អើកបានដូចគ្នា។

    ជាប្រក្រតី អាការត្អើកនឹងបាត់ទៅវិញជាបណ្ដើរៗនៅពេលពេលវេលាកន្លងផុតទៅបានមួយរយៈ តែបើសិនជាមានអាការត្អើកក្នុងអំឡុងពេលសំខាន់ៗ ដូចជា ស្ថិតក្នុងអំឡុងពេលប្រជុំ សម្ភាសចូលធ្វើការ ឬនៅក្នងទីសធារណៈ ជាដើមនោះ យើងច្រើនតែចង់ឱ្យអាការត្អើកនេះឆាប់បាត់ទៅវិញឱ្យលឿនៗ ដូច្នេះចូរសាកល្បងធ្វើតាមវិធីខាងក្រោមទាំងអស់នេះសាកលមើល ៖

    1 . ដកដង្ហើមក្នុងថង់ក្រដាស

    2 . ទំពារនំប៉័ងក្រៀម

    3 . បង្អោនខ្លួនញ៉ាំទឹកពីមាត់កែវដែលនៅខាងមុខ ឬខាងណាដែលនៅជិតបបូរមាត់

    4 . ក្រេបទឹកពីកែវលឿនៗ ច្រើនៗក្អឹក

    5 . លេបទឹកកកដែលកិនម៉ដ្ឋ

    6 . ធ្វើឱ្យភ្ញាក់ផ្អើលខ្លាំង ដូចជា ទះខ្នងស្រាលៗមិនឱ្យដឹងខ្លួនភ្លាមៗ

    7 . ច្របាច់ត្រង់សាច់ប៉ោងក្រោមម្រាមមេដៃរបស់ដៃម្ខាងទៀត ឬសង្កត់ម្ដុំស្នាមចង្អូរលើបបូរមាត់

    8 . យកម្រាមដៃញ៉ុករន្ធត្រចៀកប្រមាណជា 20 – 30 នាទី

    9 . ក្រេបទឹកផ្លែក្រូចឆ្មារស្រស់

    10 . អត់ដង្ហើម ហើយរាប់លេខនៅក្នុងចិត្តពី 1 ដល់ 15

    បើធ្វើអស់គ្រប់វិធីហើយ អាការត្អើកនៅតែមិនបាត់ទៀត សូមធ្វើចិត្តឱ្យត្រជាក់ៗ ហើយអង្គុយរង់ចាំមួយស្របក់ អាការត្អើកនឹងល្អប្រសើរឡើងវិញជាបណ្ដើរៗមិនខាន។ តែបើលោកអ្នកមានអាការត្អើកញឹកញាប់ ឬត្អើកខ្លាំងៗរហូតមានអាការឈឺ-ក ឈឺដើមទ្រូង ឬឈឺខ្នងនោះ គួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យរាងកាយយ៉ាងលម្អិតជាថ្មីម្ដងទៀត៕

  • វ៉ាក់សាំងបង្ការ​វីរុស​ COVID-19 ដែលរុស្ស៊ីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មានប្រទេសជាងម្ភៃចាប់អារម្មណ៍ចង់ទិញ

    វ៉ាក់សាំងបង្ការ​វីរុស​ COVID-19 ដែលរុស្ស៊ីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មានប្រទេសជាងម្ភៃចាប់អារម្មណ៍ចង់ទិញ

    បន្ទាប់ពីបានចុះឈ្មោះ វ៉ាក់សាំង Sputnik V របស់រុស្ស៊ី ទទួលបានចំណាប់អារម្មណ៍ពីប្រទេសជាច្រើនក្នុងពិភពលោក ក្នុងនោះមានដូចជា អារ៉ាប់រួម អារ៉ាប់ប៊ីសាអូឌីត ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ិកស៊ិក ប្រេស៊ីល និងឥណ្ដាជាដើម មានបំណងទិញយកទៅប្រើប្រាស់។

    ឈុតវ៉ាក់សាំងទប់ស្កាត់ Covid-19 មានឈ្មោះថា Sputnik V ដែលត្រូវបានផលិតជាលើកដំបូង ត្រូវបានរុស្ស៊ីប្រកាសដាក់ឱ្យប្រើប្រាស់ ហើយតាមគម្រោងវានឹងត្រូវយកទៅចាក់បង្ការជូនក្រុមអ្នកស្ម័គ្រចិត្តនៅក្នុងអាទិត្យនេះ។

    “ឈុតវ៉ាក់សាំង Sputnik V ដំបូងគេដែលត្រូវបានអភិវឌ្ឍដោយជម្ឈមណ្ឌលស្រាវជ្រាវផ្នែករោគឆ្លង និងអតិសុខុមប្រាណ Gamaleya របស់ក្រសួងសុខាភិបាលរុស្ស៊ី បានឆ្លងផុតដំណាក់កាលសាកល្បងទៅលើគុណភាព និងត្រូវបានដាក់ឱ្យប្រើប្រាស់” នេះបើតាមសេចក្ដីប្រកាសក្នុងថ្ងៃទី8កញ្ញារបស់ក្រសួងសុខាភិបាលរុស្ស៊ី។

    មុននេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី Mikhail Murashko បានប្រកាសថា ការចាក់វ៉ាក់សាំង Sputnik V ដែលស្ថិតក្នុងការប្រើប្រាស់សាកល្បងក្នុងដំណាក់កាលទី3 សម្រាប់ចាក់ឱ្យក្រុមអ្នកស្ម័គ្រចិត្ត នឹងត្រូវចាប់ផ្ដើមនៅក្នុងសប្ដាហ៍នេះ។

    សូមបញ្ជាក់ថា រុស្ស៊ីបានចុះឈ្មោះវ៉ាក់សាំង Sputnik V កាលពីថ្ងៃទី11សីហា ក្រោយពីបានបញ្ចប់ការប្រើប្រាស់សាកល្បងដំណាក់កាលទី1 និងទី2។ ប្រការនេះបានជួយឱ្យរុស្ស៊ីក្លាយជាប្រទេសដំបូងគេដែលបានផ្ដល់ការអនុម័តទៅលើវ៉ាក់សាំង COVID-19។

    វ៉ាក់សាំងបង្ការ COVID-19 ដែលរុស្ស៊ីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មានប្រទេសជាងម្ភៃចាប់អារម្មណ៍ចង់ទិញនៅដើមសប្ដាហ៍នេះ ទស្សនាវដ្ដីវេជ្ជសាស្ត្រ The Lancet ក៏បានចុះផ្សាយអំពីការប្រើប្រាស់សាកល្បងវ៉ាក់សាំង Sputnik V ដំណាក់ទី1 និងទី2។ ទន្ទឹមនឹងនេះ The Lancet ក៏បានសង្កត់ធ្ងន់ថា ការប្រើប្រាស់សាកល្បងក្នុងរយៈពេលវែងក៏នឹងនៅតែត្រូវធ្វើឡើងជាបន្តដើម្បីបញ្ជាក់អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ។

    អភិបាលក្រុងម៉ូស្គូ លោក Sergey Sobyanin បានបង្ហើបឱ្យដឹងថា ការប្រើប្រាស់សាកល្បងក្រោយពីការចុះឈ្មោះរបស់វ៉ាក់សាំង Sputnik V នៅទីក្រុងម៉ូស្គូ អាចប្រើពេលចាប់ពី2ទៅ6ខែ។ ចំណែកកម្មវិធីចាក់វ៉ាក់សាំងបង្ការCOVID-19 ជាទូទៅនៅក្នុងរដ្ឋធានីនៃប្រទេសរុស្ស៊ី ជាកន្លែងដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីCOVID-19 តាមគម្រោងនឹងត្រូវចាប់ផ្ដើមនៅចុងឆ្នាំ2020 ឬដើមឆ្នាំ2021។

    បន្ទាប់ពីបានចុះឈ្មោះ វ៉ាក់សាំង Sputnik V របស់រុស្ស៊ី ទទួលបានចំណាប់អារម្មណ៍ពីប្រទេសយ៉ាងតិចចំនួន​20ក្នុងពិភពលោក ក្នុងនោះមានដូចជា អារ៉ាប់រួម អារ៉ាប់ប៊ីសាអូឌីត ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ិកស៊ិក ប្រេស៊ីល និងឥណ្ដាជាដើម បានសម្ដែងចំណាប់អារម្មណ៍របស់ខ្លួន ព្រមទាំងមានបំណងទិញយកទៅប្រើប្រាស់ទៀតផង។

    ប្រទេសរុស្ស៊ី មានគម្រោងបង្កើនការផលិតវ៉ាក់សាំង Sputnik V ឱ្យបាន200លានឈុតនៅចុងឆ្នាំនេះ ក្នុង​នោះ​មាន​30​លាន​ឈុត​នឹងត្រូវយកទៅប្រើប្រាស់ក្នុងប្រទេស៕

    ប្រភព៖ NDTV

  • បុរសភេទអាចនឹងត្រូវ “ផុតពូជ” ក្នុងអនាគតកាល ដោយសារតែក្រូម៉ូសូម Y (Y chromosome) កំពុងបាត់ខ្លួនបន្តិចម្ដងៗ?

    បុរសភេទអាចនឹងត្រូវ “ផុតពូជ” ក្នុងអនាគតកាល ដោយសារតែក្រូម៉ូសូម Y (Y chromosome) កំពុងបាត់ខ្លួនបន្តិចម្ដងៗ?

    ក្រូម៉ូសូម Y (Y chromosome) គឺជាក្រូម៉ូសូមដែលមានតួនាទីកំណត់ភេទឱ្យទៅជាបុរស ហើយពួកវាមានចំនួនតិចជាង បើធៀបនឹងក្រូម៉ូសូម X។ ការសិក្សាស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា បរិមាណនៃក្រូម៉ូសូម Y កំពុងតែថយចុះគួរឱ្យព្រួយបារម្ភ។

    ក្រូម៉ូសូម Y ទំនងជាកំពុងតែ “ស្លាប់បន្តិចម្ដងៗ” ដែលប្រការនេះបាននាំឱ្យមានការជជែកវែកញែកគ្នាជុំវិញសំណួរដែលសួរថា តើបុរសអាចនឹងផុតពូជទៅតាមក្រូម៉ូសូម Y ដែរ ឬយ៉ាងណា?

    ភេទរបស់មនុស្សម្នាក់ត្រូវបានកំណត់ដោយក្រូម៉ូសូម XX ឬ XY។ ក្រូម៉ូសូម Y មានតួនាទីអភិវឌ្ឍចំណុចពិសេសៗរបស់ភេទឈ្មោល។ ក្រៅពីនេះ ក្រូម៉ូសូម Y ក៏តែងមានផ្ទុកហ្សែនដែលទទួលខុសត្រូវក្នុងការបង្កើតមេជីវិតនៅក្នុងទឹកកាមរបស់បុរស។ នៅក្នុងចំណោមក្រូម៉ូសូមទាំង2នេះ ក្រូម៉ូសូម X មានចំនួនប្រហែលជា1,000ហ្សែន ខណៈដែលក្រូម៉ូសូម Y មានចំនួនត្រឹមតែ45ហ្សែនប៉ុណ្នោះ។ ប្រការដែលគួរឱ្យភ័យខ្លាច នោះគឺ ចំនួនក្រូម៉ូសូម Y កំពុងតែបាត់បង់បន្តិចម្ដងៗ ដែលនេះគឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីបំផុត។

    ក្រូម៉ូសូម X (X Chromosome)

    តាមពេលវេលា ក្រូម៉ូសូម Y បាត់បង់បន្តិចម្ដងៗគឺដោយសារវាមិនសូវមានទំនាក់ទំនងជាមួយនឹងក្រូម៉ូសូម X។ ជាធម្មតា តាំងពីនៅជាទារកក្នុងផ្ទៃ ក្រូម៉ូសូមដទៃទៀតក្នុងបណ្ដាញហ្សែនរបស់មនុស្ស មានការដោះដូរបំណែកនានារបស់ពួកវាជាមួយក្រូម៉ូសូមដូចគ្នា ហើយការដោះដូរនេះបានជួយទប់ស្កាត់ដំណើរការនៃការចុះខ្សោយរបស់ពួកវា។ ដំណាក់កាលនេះ ធ្វើឱ្យខូចខាតដល់ហ្សែន ហើយទំនងមានតែហ្សែនដែលខ្លាំងក្លា និងមិនបង្កផលអាក្រក់ប៉ុណ្ណោះ ទើបអាចត្រូវបានបន្តពូជ។

    ក៏ប៉ុន្តែ មានតែក្រូម៉ូសូម X ប៉ុណ្ណោះ ដែលអាចបំប្លែង ដោះដូរ ឬរួមបញ្ចូលគ្នាបាន ខណៈដែលក្រូម៉ូសូម Y បែរជាមិនមានភាពស្រដៀងគ្នាគ្រប់គ្រាន់ដើម្បីអាចដោះដូរ ឬរួមបញ្ចូលគ្នាបែបនេះ។ មូលហេតុនេះហើយ ដែលយើងគ្រប់គ្នា គ្មាននរណាម្នាក់មានផ្ទុកក្រូម៉ូសូម YY បែបនេះ ទើបក្រូម៉ូសូម Y មិនអាចច្របាច់បញ្ចូលគ្នាជាថ្មី ជាហេតុបណ្ដាលឱ្យបរិមាណនៃក្រូម៉ូសូម Y ចេះតែថយចុះនៅក្នុងរយៈពេលរាប់លានឆ្នាំនៃវិវឌ្ឍន៍របស់ថនិកសត្វ។

    ការសិក្សាស្រាវជ្រាវដែលត្រូវបានធ្វើឡើងដោយ Jennifer Graves មកពីសាកលវិទ្យាល័យ La Trobe នៅទីក្រុង Melbourne បានបង្ហាញថា កាលពី166លានឆ្នាំមុន ក្រូម៉ូសូម Y មានបរិមាណហ្សែនប្រហាក់ប្រហែលនឹងក្រូម៉ូសូម X ពោលគឺប្រមាណជា1,669ហ្សែន។

    ក្រូម៉ូសូម Y (Y chromosome)

    Jennifer Graves ឱ្យដឹងថា ក្រូម៉ូសូមបានបាត់បង់មិនស្មើគ្នាទេ ហើយមកដល់បច្ចុប្បន្នយើងនៅ​​សល់​តែ​45​ហ្សែន​ប៉ុណ្នោះ ដូច្នេះ ក្រូម៉ូសូម Y ទាំងអស់នឹងបាត់ខ្លួនគ្មានសល់ក្រោយរយៈពេល4.5លានឆ្នាំទៀត។

    ការសិក្សាស្រាវជ្រាវបានបង្ហាញថា អត្រានៃការធ្លាក់ចុះបានកើតឡើងយឺតទៅវិញទៅតាមពេលវេលា ហើយក្រូម៉ូសូម Y របស់មនុស្សបានបាត់បង់ត្រឹមតែ1ហ្សែនប៉ុណ្ណោះ រាប់ចាប់ពីមនុស្សជាតិនិងស្វាព្រៃដទៃបានបែកចេញពីគ្នានៅក្នុងការវិវដ្ដ ប្រមាណជា25លានឆ្នាំមុន។

    ប៉ុន្តែ ការបាត់បង់ក្រូម៉ូសូម Y ទាំងស្រុងនៅតែមានលទ្ធភាពកើតឡើង ព្រោះថា វាបានកើតឡើងទៅលើសត្វប្រភេទផ្សេងរួចទៅហើយ ក្នុងនោះមានសត្វប្រភេទកកេរដែលរស់នៅក្នុងដី ដូចជាកណ្ដុរមួយប្រភេទដែលគេហៅថា mole និងកណ្ដុរ percival’s spiny ជាដើម។ យ៉ាងនេះក្ដី មិនមែនមានន័យថា ការដែលភេទឈ្មោលនឹងបាត់បង់ទៅវិញដោយសារក្នុងរាងកាយត្រូវអស់ក្រូម៉ូសូម Y នោះឡើយ។

    បុរសភេទអាចនឹងត្រូវ “ផុតពូជ” ក្នុងអនាគតកាល ដោយសារតែក្រូម៉ូសូម Y (Y chromosome) កំពុងបាត់ខ្លួនបន្តិចម្ដងៗ?Rasmus Nielsen អ្នកជំនាញខាងតំណពូជមកពីសាកលវិទ្យាល័យ California នៅទីក្រុង Berkeley នៃសហរដ្ឋអាម៉េរិក បានឱ្យដឹងថា៖ “មនុស្សភាគច្រើនយល់ថា ភេទគឺជាអ្វីមួយដែលត្រូវបានចាត់ចែងដោយក្រូម៉ូសូម។ បើសិនជាអ្នកមានក្រូម៉ូសូម Y នោះអ្នកនឹងជាមនុស្សប្រុស ហើយបើអ្នកមិនមានក្រូម៉ូសូម Y នោះអ្នកនឹងជាមនុស្សស្រី។ ប៉ុន្តែ ជាក់ស្ដែងគឺមិនដូច្នោះទេ”។

    ជាក់ស្ដែង ហ្សែនចំនួន95% ក្នុងរាងកាយមនុស្សនឹងបញ្ចេញសញ្ញាផ្សេងគ្នារវាងបុរសនិងស្ត្រី ប្រការនេះមិនមែនយោងទៅតាមក្រូម៉ូសូម X និង Y ទាំងស្រុងឡើយ។ Nielsen បានបកស្រាយថា៖ “ការបាត់បង់ក្រូម៉ូសូម Y មិនមែនមានន័យថា បាត់បង់ពូជឈ្មោលទេ។ បើសិនជាក្រូម៉ូសូម Y បាត់បង់ទាំងស្រុង នោះហ្សែនមួយផ្សេងទៀតដែលមានតួនាទីកំណត់ភេទនៅក្នុងដំណើររីកចម្រើនរបស់មនុស្សជាតិនឹងកើតមកជំនួសមិនខាន”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • “ញ៉ាំថ្នាំមុនឱ្យហើយ ខ្លាចឈឺ” ធ្វើបែបហ្នឹងបានដែរឬ?

    “ញ៉ាំថ្នាំមុនឱ្យហើយ ខ្លាចឈឺ” ធ្វើបែបហ្នឹងបានដែរឬ?

    បច្ចុប្បន្ននេះធាតុអាកាសមិនទៀងទាត់ ខែភ្លៀងបែរជាក្ដៅហួតហែង ខែប្រាំងបែរជាមានភ្លៀងធ្លាក់ខុសពីធម្មតា ធ្វើឱ្យមនុស្សយើងងាយនឹងកើតជំងឺបំផុត។ សម្រាប់អ្នកខ្លះនៅពេលមានអារម្មណ៍ថា ខ្លួនហាក់ដូចជារកកលចង់ឈឺហើយនោះ ក៏ប្រញាប់ស្ទុះទៅរកថ្នាំមកលេបភ្លាមតែម្ដង ព្រោះតែជឿថា “ញ៉ាំថ្នាំស្ទាក់មុនឱ្យហើយ ខ្លាចឈឺ” តើរឿងនេះមានភាពពិតប្រាកដ និងអាចធ្វើបានដែរឬទេ? យើងនាំគ្នាទៅមើលចម្លើយទាំងអស់គ្នា…។

    “ញ៉ាំថ្នាំស្ទាក់មុនឱ្យហើយ ខ្លាចឈឺ”

    ជំនឿក្នុងរឿងនេះ “មិនមែនជារឿងពិត” នោះទេ ការលេបថ្នាំព្យាបាលទុកជាមុនក្រោយពីមានអារម្មណ៍ថា ខ្លួនរកកលឈឺ ឬក្រោយពីទទឹកភ្លៀង ឬត្រូវថ្ងៃខ្លាំងរយៈពេលយូរដែលធ្វើឱ្យប្រថុយប្រថានដល់ការកើតជំងឺគ្រុនផ្ដាសាយ ឬមិនស្រួលខ្លួននោះ មិនបានជួយការពាររោគាទាំងនោះមិនឱ្យកើតបានទេ ព្រោះថ្នាំទាំងនោះមានមែនមានឫទ្ធិក្នុងការ “ការពារ” ទេ តែមានឫទ្ធិក្នុងការ “ព្យាបាល” ទៅតាមអាការរោគ ដូច្នេះគួរលេបថ្នាំទាំងនោះនៅពេលណាដែលមានអាការ ឬឈឺថ្កាត់ប៉ុណ្ណោះ។

    ដូចជាថ្នាំ ប៉ារ៉ាសេតាម៉ុល មិនមែនមានឫទ្ធិបំបាត់រោគផ្ដាសាយដោយត្រង់នោះទេ តែមានឫទ្ធិសម្រាលអាការឈឺក្បាល ឈឺចុកចាប់តាមរាងកាយ បញ្ចុះកម្ដៅ ចំណែកថ្នាំព្យាបាលរោគផ្ដាសាយជាបន្ទះៗវិញនោះ ក៏ជាថ្នាំដែលមានចំណែកផ្សំរបស់ប៉ារ៉ាសេតាម៉ុល បូកជាមួយថ្នាំបន្ថយការហៀរសំបោរ ឬថ្នាំព្យាបាលប្រតិកម្មចាញ់ផ្សេងៗ ដែលនឹងបញ្ចេញឫទ្ធិដើម្បីសម្រាលអាការឈឺក្បាល បញ្ចុះកម្ដៅ តឹងច្រមុះ ហៀរសំបោរហ្នឹងឯង។

    ដូច្នេះបើសិនញ៉ាំថ្នាំទាំងនោះចូលទៅដោយមិនបានមានអាការទាំងនោះ និងថែមទាំងទទួលទានបែបហ្នឹងញឹកញាប់ទៀតផងនោះ ច្បាស់ជាមានគ្រោះថ្នាក់ដល់រាងកាយយ៉ាងពិតប្រាកដ ព្រោះការញ៉ាំថ្នាំផ្ដេសផ្ដាស់ ដោយមិនបានញ៉ាំតាមអាការដែលកើតឡើងពិតប្រាកដនោះ មានន័យថា លោកអ្នកកំពុងបានទទួលថ្នាំលើសកម្រិតហើយ ដែលវានឹងមានផលប៉ះពាល់ទៅដល់ថ្លើមដែលត្រូវតែធ្វើការកាន់តែខ្លាំងឡើង និងប្រថុយនឹងការកើតរោគរលាកថ្លើមនាពេលអនាគតទៀតផង។

    តែបើសិនជាលោកអ្នកប្រាប់ថា លោកអ្នកមិនបានទទួលទានថ្នាំទាំងនោះញឹកញាប់ដល់ថ្នាក់នោះទេ វាក៏ប្រហែលជានឹងមិនកើតរោគរលាកថ្លើមនោះដែរ តែក៏សូមកុំភ្លេចចំណុចដំបូងដែលយើងបានប្រាប់ថា ការដែលញ៉ាំថ្នាំទាំងនោះដើម្បីស្ទាក់មិនឱ្យកើតជំងឺមិនអាចជួយការពារបាននោះទេ ដូច្នេះគួរតែបញ្ឈប់ទង្វើបែបហ្នឹងទៅប្រសើរជាង៕