Category: សុខភាព

  • នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    មិនមែនជារឿងងាយស្រួលឡើយ សម្រាប់អ្នកម្ដាយដែលត្រូវមើលថែទាំកូនតូចវ័យកំពុងរពឹស ដំណាលគ្នានឹងការពពោះកូនមួយទៀតដែលនឹងក្លាយជាសមាជិកគ្រួសារថ្មីម្នាក់ទៀតនោះ តែក៏ហត់នឿយល្វើយកាយយ៉ាងមានសេចក្ដីសុខដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី សូមនាំមកជម្រាបជូនបងៗដែលជាឧត្តមមាតាទាំងអស់នូវគន្លឹះល្អៗក្នុងការមើលថែទាំសុខភាពរបស់អនាគតអ្នកម្ដាយកូនញឹកដូចខាងក្រោមនេះ។

    1 . ធ្វើអ្វីថ្នមៗខ្លះផង

    ថ្ងៃនេះបងៗលែងជាអ្នកម្ដាយរបស់អាល្អិតបងតែម្នាក់ឯងទៀតហើយ តែកំពុងតែមានសមាជិកថ្មីថែមមកម្នាក់ទៀតហើយ… អាល្អិតបងគេមិនថាអីទេ បើអ្នកម្ដាយនឹងបែងចែកពេលវេលាទៅឱ្យអាអូននៅក្នុងពោះខ្លះនោះ។ ទោះជាអ្នកម្ដាយនឹងមិនអាចលះបង់ទាំងពេលវេលា​ ទាំងសេចក្ដីស្រឡាញ់ទៅឱ្យអាល្អិតបងបានច្រើនដូចមុនក៏ដោយ តែក៏គេមិនបានមានអារម្មណ៍ថា ខ្វះអ្នកម្ដាយដែរ ដូច្នេះក៏សូមបន្ធូរៗដៃខ្លះទៅ ត្រូវប្រយ័ត្នកុំឱ្យគេលេងជាមួយអ្នកម្ដាយខ្លាំងៗពេក រាប់ថាជាការមើលថែទាំអាអូនតូចដែលនៅក្នុងពោះម្នាក់ទៀតហ្នឹងណា៎។

    2 . ត្រូវរកជំនួយការដែលទុកចិត្តបាន

    ព្រោះបងៗកំពុងតែតាំងគភ៌ ទើបចាំបាច់ត្រូវថែបំប៉ន មើលថែទាំខ្លួនឯង និងកូនតូចនៅក្នុងផ្ទៃ ទើបពេលខ្លះមិនអាចនឹងផ្ដល់ពេលវេលាបានពេញលេញដល់អាល្អិតបងបានដូចមុន ដែលទោះជាអ្នកម្ដាយចង់មើលថែទាំគេឱ្យបានល្អបំផុតក៏ដោយ តែក្នុងអំឡុងពេលនេះ ចាំបាច់បំផុតដែលអ្នកម្ដាយត្រូវតែរកអ្នកជួយម្នាក់មកនៅចាំជួយ អាចជាលោកតា លោកយាយ ឬអ្នកមើលថែក្មេង ដើម្បីនៅមើលថែទាំគេ ដើម្បីអ្នកម្ដាយនឹងបាននៅឆ្ងាយបន្តិចយ៉ាងកក់ក្ដៅក្នុងចិត្ត ដែលនេះជាការល្អចំពោះសុខភាពទាំងអ្នកម្ដាយខ្លួនឯង និងអាតូចដែលកំពុងគេងនៅក្នុងផ្ទៃហ្នឹងឯង។

    3 . យកចិត្តទុកដាក់រឿងសុខភាព និងថែទាំខ្លួនឯងយ៉ាងម៉ឺងម៉ាត់

    ក្រៅពីនឹងត្រូវមើលថែទាំកូនតូចដែលនៅក្នុងផ្ទៃ និងក្រៅផ្ទៃហើយនោះ អ្នកម្ដាយក៏កុំភ្លេចមើលថែទាំខ្លួនឯងដំណាលៗគ្នានឹងមើលថែទាំកូនតូចផង ព្រោះរឹតតែអ្នកម្ដាយមានសុខភាពដែលល្អបរិបូរណ៍មាំទាំខ្លាំងប៉ុនណា អាល្អិតតូចដែលនៅក្នុងគភ៌របស់អ្នកម្ដាយក៏នឹងល្អឥតខ្ចោះតាមនោះដែរ។

    4 . គេងលក់ និងសម្រាក

    អ្នកម្ដាយអាចអាស្រ័យអំឡុងពេលគេងថ្ងៃរបស់អាល្អិតបង ដោយអាចគេងសម្រាកមួយស្រឡេតដំណាលៗជាមួយនឹងគេ និងមិនបាច់ទៅនឹកកង្វល់ចិត្តអ្វីទេអ្នកម្ដាយ ព្រោះយ៉ាងណាអ្នកម្ដាយក៏មានអ្នកជំនួយការនៅជួយមើលថែទាំអាល្អិតបងស្រាប់ហើយ ដូច្នេះអ្នកម្ដាយត្រូវតែគេងសម្រាកឱ្យបានច្រើនដើម្បីកូនក្នុងផ្ទៃ។

    5 . មើលថែទាំអាតូចនៅក្នុងផ្ទៃ និងអាធំនៅក្រៅផ្ទៃដំណាលៗគ្នា

    ពេលខ្លះ ការមើលថែអាល្អិតទាំងនៅក្នុងផ្ទៃ និងក្រៅផ្ទៃរបស់អ្នកម្ដាយ ក៏អាចធ្វើឡើងដំណាលៗគ្នាបានដែរ ដូចជា ការអានរឿងនិទានឱ្យកូនស្ដាប់ ក៏អាចអានឱ្យគេទាំងពីរនាក់ស្ដាប់ក្នុងពេលជាមួយគ្នាបានដែរ។ ក្រៅពីនេះការលេង អ្នកម្ដាយក៏នៅអាចលេងជាមួយកូនទាំងពីរនាក់ដំណាលគ្នាបានផងដែរ។ អ្នកម្ដាយសាកល្បងប្រើតិចនិកនេះលមើល៍ ជាពិសេស បើសិនជាអាល្អិតដែលនៅក្រៅផ្ទៃជាក្មេងធំផងនោះ រឹតតែជាការល្អទៅទៀត គឺឱ្យគេសាកល្បងនិយាយលេងជាមួយប្អូន ស្ដាប់សំឡេងប្អូនរើ និងថែមទាំងអាចធ្វើជាអ្នកជំនួយការដ៏សំខាន់ម្នាក់របស់អ្នកម្ដាយបានទៀតផង។

    6 . ផ្លូវចិត្តរីករាយស្រឡះ

    ស្នាមញញឹមរបស់ម្ដាយធ្វើឱ្យផ្ទះមួយនេះគួរឱ្យចង់រស់នៅ និងកក់ក្ដៅបំផុតសម្រាប់ក្មេងៗ។ សូមកុំភ្លេចថា សុខភាពចិត្តរបស់អ្នកម្ដាយមានផលដល់សភាវខាងអារម្មណ៍របស់កូនតូចខ្លាំងបំផុត ដូច្នេះសូមអ្នកម្ដាយកុំមានអារម្មណ៍មួម៉ៅក្ដៅក្រហាយអ្វីឡើយបើទោះជាមានពេលខ្លះអាល្អិតបងនឹងឌឺរឹងខ្លះ យំរករឿងខ្លះក៏ដោយ ក៏ចូរធ្វើអារម្មណ៍ឱ្យល្អ និងញញឹមជាប់ជានិច្ច។

    ឃើញទេថា គន្លឹះល្អៗដែលបានជម្រាបជូននេះមិនមានអ្វីពិបាកឡើយ មែនទេបងៗស្រ្តីមានគភ៌ទាំងឡាយ? អ្នកគ្រូ ឆវី សូមជួយជាកម្លាំងចិត្តជូនដល់អ្នកម្ដាយទាំងអស់គ្នាណា៎ចា៎ស៕

  • ញ៉ាំត្រី ជួយដល់រឿង IQ និងការគេងលក់របស់កុមារ

    ញ៉ាំត្រី ជួយដល់រឿង IQ និងការគេងលក់របស់កុមារ

    លទ្ធផលនៃការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ក្មេងដែលបានញ៉ាំត្រីយ៉ាងតិចមួយអាទិត្យ 1 ដង ឬច្រើនជាងនេះ នឹងធ្វើឱ្យការគេងល្អប្រសើរឡើង ហើយលទ្ធផលសាកល្បងកម្រិតប្រាជ្ញាស្ថិតក្នុងលំដាប់ដែលល្អជាងក្មេងដែលមិនបានញ៉ាំត្រី ឬញ៉ាំតិចជាមួយសប្ដាហ៍មួយដង។

    គេហទំព័រ CNN បាននាំយករបាយការណ៍មួយដែលបានទទួលការបោះពុម្ពផ្សាយនៅក្នុង The Journal Scientific Report ពាក់ព័ន្ធនឹងលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានបង្ហាញឱ្យឃើញថា អាស៊ីតខ្លាញ់អូមេហ្កា3ដែលគេឃើញមាននៅក្នុងសាច់ត្រីជាច្រើនប្រភេទ ដូចជា ត្រីសាល់ម៉ុន ត្រីសារឌីន និងត្រីប្លាធូ មានចំណែកជួយធ្វើឱ្យកម្រិតភាពឆ្លាតវៃ និងការគេងលក់របស់កុមារល្អប្រសើរឡើង។

    តាមរយៈការសិក្សាស្រាវជ្រាវទៅលើកុមារជនជាតិចិនច្រើនជាង 500នាក់ដែលមានអាយុអំឡុងពី 9 – 11 ឆ្នាំជាមួយនឹងសំណួរថា តើពួកគេញ៉ាំត្រីចំនួនប៉ុន្មានដងក្នុងមួយខែកន្លងមក ជាមួយនឹងចម្លើយឱ្យជ្រើសរើសគឺ “មិនដែលសោះ” និង “យ៉ាងតិចមួយអាទិត្យ 1 ដង”។

    ក្នុងក្រុមកុមារដែលឆ្លើយថា ញ៉ាំត្រីរៀងរាល់សប្ដាហ៍មានពិន្ទុវាស់ IQ 4.8 ខ្ពស់ជាងកុមារដែលឆ្លើយថា មិនញ៉ាំត្រីសោះ ឬញ៉ាំដែរ តែញ៉ាំតិច។ ដោយក្រុមអ្នកស្រាវជ្រាវមិនបានសួរក្មេងៗថា តើត្រីប្រភេទណាដែលពួកគេបានញ៉ាំនោះឡើយ ក្នុងខណៈក្រុមដែលឆ្លើយថា ញ៉ាំត្រីដែរ តែញ៉ាំមិនញឹកញាប់មានពិន្ទុ IQ 3.3។

    ចំណែកចម្លើយពីក្រុមគ្រួសារក្មេងៗពាក់ព័ន្ធនឹងគុណភាពការគេងវិញ បានរកឃើញថា ក្មេងដែលបានញ៉ាំត្រីជាប្រចាំ ច្រើនមានគុណភាពនៃការគេងល្អប្រសើរជាង ព្រោះគ្មានរឿងមករុកកួនរំខានក្នុងអំឡុងពេលគេងលក់ឡើយ។ ក្នុងចំណុចល្អដែលកើតឡើងនេះ ធ្វើឱ្យក្រុមអ្នកវិភាគណែនាំទៅឪពុកម្ដាយអ្នកអាណាព្យាបាលឱ្យបន្ថែមសាច់ត្រីចូលទៅក្នុងមុខម្ហូបរបស់កុមារ និងបង្ហាត់ឱ្យកុមារចេះញ៉ាំត្រីតាំងពីអាយុ 2 ឆ្នាំឡើងទៅ។

    ត្រីជាសត្វដែលមានគុណតម្លៃខាងភោជនាហារខ្ពស់ និងជាអាហារមួយក្នុងចំណោមអាហារដ៏ពេញនិយម ព្រោះនៅក្នុងសាច់ត្រីមានប្រូតេអ៊ីនដែលល្អ និងសម្បូរទៅដោយខ្លាញ់ល្អ ស័ក្តិសមសម្រាប់អ្នកដែលកំពុងស្ថិតក្នុងអំឡុងពេលបញ្ចុះទម្ងន់ ហើយត្រីប្រភេទខ្លះថែមទាំងមានអូមេហ្កា3 ដែលជាអាស៊ីតខ្លាញ់ល្អដែលជួយបង្កើនសុខភាពបេះដូង និងសរសៃឈាម ដែលគេប្រទះឃើញមានច្រើននៅក្នុងត្រីសាល់ម៉ុន ជាពិសេសត្រីសាល់ម៉ុនដែលរស់នៅតាមធម្មជាតិនឹងមានវីតាមីន និងសារធាតុរ៉ែខ្ពស់ណាស់៕

  • តើក្នុងអំឡុងអាយុប៉ុន្មាន ទើបស័ក្តិសមនឹងការមានបុត្រខ្លាំងបំផុត?

    តើក្នុងអំឡុងអាយុប៉ុន្មាន ទើបស័ក្តិសមនឹងការមានបុត្រខ្លាំងបំផុត?

    ដោយយុគសម័យដែលផ្លាស់ប្ដូរ និងតិចណូឡូជីខាងវេជ្ជសាស្រ្តកាន់តែឈានទៅមុខនោះ បានធ្វើឱ្យគូស្នេហ៍ជាច្រើនគូកាន់តែក្ររៀបការ ខុសពីសម័យមុនដែលក្រោយពីរៀនចប់បានតែប៉ុន្មានឆ្នាំក៏នាំគ្នាមានគ្រួសារអស់ទៅហើយ តែមនុស្សនាពេលបច្ចុប្បន្ននេះភាគច្រើនៗតែរង់ចាំឱ្យមានភាពសម្បូរបែបគ្រប់ផ្នែកជាមុនសិន ទើបសម្រេចចិត្តរៀបការ និងមានបុត្រ។

    យ៉ាងណាក៏ដោយ លទ្ធផលនៃការសិក្សាស្រាវជ្រាវពី Royal College of Obstetrics and Gynecology ក្នុងប្រទេសអង់គ្លេសបានរកឃើញថា អំឡុងអាយុដែលស័ក្តិសមក្នុងការមានបុត្រខ្លាំងបំផុតគឺ 20 – 35ឆ្នាំ ព្រោះឱកាសប្រថុយនឹងការរលូតមានតិចតួចបំផុត និងថែមទាំងងាយស្រួលប្រសូតដោយមិនចាំបាច់ពឹងលើការវះប្រសូតដែលត្រូវការពេលវេលាសម្រាកព្យាបាលយូរជាងទៀតផង។

    ក្រៅពីនេះ ក្នុងអំឡុងអាយុខាងលើនៅអាចទប់ទល់នឹងសភាវគេងមិនលក់ ឬគេងមិនឆ្អែតបានល្អជាងអំឡុងអាយុដែលច្រើនជាងនេះពេលដែលត្រូវភ្ញាក់ឡើងមកមើលកូនតូចនៅពេលយប់ព្រលប់ទៀតផង ក្នុងពេលជាមួយគ្នា ការមានបុត្រក្នុងអំឡុងអាយុ 20 – 35ឆ្នាំនេះថែមទាំងរឹងប៉ឹង និងមានកម្លាំងថាមពលខ្លាំងគ្រប់គ្រាន់ក្នុងការរួមធ្វើកិច្ចការងារជាមួយកូនៗក្នុងពេលលេងកីឡានៅពេលដែលពួកគេធំឡើងបានយ៉ាងរីករាយទៀតផង។

    យ៉ាងណាក៏ដោយ លទ្ធផលនៃការស្រាវជ្រាវពីមហាវិទ្យាល័យ Aarhus University ក្នុងប្រទេសដាណឺម៉ាក បានរកឃើញថា អំឡុងអាយុដែលស័ក្តិសមក្នុងការអប់រំចិញ្ចឹមមើលថែកូន គួរតែស្ថិតក្នុងអំឡុងអាយុ 33ឆ្នាំឡើងទៅ ព្រោះស្រ្តីជាម្ដាយនឹងមានវុឌ្ឍិភាពច្រើនគ្រប់គ្រាន់ក្នុងការអប់រំ និងទប់ទល់ជាមួយទង្វើរបស់កូនបាន។ ដោយសារតែក្មេងដែលមានអាយុចន្លោះ 7 – 11ឆ្នាំ ជាអំឡុងពេលដែលពិបាកចិញ្ចឹមមើលថែខ្លាំងបំផុត ដូច្នេះអ្នកម្ដាយដែលមានអាយុច្រើនឡើងបន្តិច នឹងមានភាពអំណត់អត់ធន់ និងចេះអត់ឱនអភ័យឱ្យកូនៗរបស់ខ្លួនបានខ្លាំងជាង ដោយលទ្ធផលនៃការវិភាគបានរកឃើញថា ពួកគាត់ច្រើនតែចៀសវាងពីការដាក់ទោសកូនៗដោយការវាយ ឬប្រើកម្លាំងបាយ៕

  • ប៉ូឡូញ ប្រកាសបង្ហាញថ្នាំព្យាបាល COVID-19 ដំបូងគេបង្អស់ក្នុងពិភពលោក

    ប៉ូឡូញ ប្រកាសបង្ហាញថ្នាំព្យាបាល COVID-19 ដំបូងគេបង្អស់ក្នុងពិភពលោក

    ថ្នាំនេះកំពុងស្ថិតក្នុងការប្រើប្រាស់សាកល្បងក្រោមបែបបទមិនមែនពាណិជ្ជកម្ម ហើយបើសិនជាគ្រប់យ៉ាងដំណើរការបានល្អ នោះប៉ូឡូញអាចក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលមានថ្នាំកម្ចាត់វីរុសCOVID-19។

    កាលពីថ្ងៃទី23កញ្ញា ក្រុមហ៊ុនផលិតឱសថ Biomed Lublin របស់ប្រទេសប៉ូឡូញ បានប្រកាសថា បានផលិតដោយជោគជ័យនូវថ្នាំប្រឆាំងនឹងCOVID-19 ដំបូងគេបង្អស់ ដោយប្រើប្លាស្មា (plasma) របស់អ្នកជំងឺCOVID-19 ដែលបានជាសះស្បើយ។ បច្ចុប្បន្ន ថ្នាំនេះកំពុងត្រូវបានរៀបចំដើម្បីធ្វើការព្យាបាលសាកល្បងក្នុងត្រីមាសទី4 ឆ្នាំ2020។

    តំណាងរបស់ក្រុមហ៊ុនផលិតឱសថខាងលើបានឱ្យដឹងថា ការសិក្សាស្រាវជ្រាវដំបូងរបស់ពួកគេ បានបញ្ជាក់អំពីប្រសិទ្ធភាពប្រកបដោយវិជ្ជមាន។ នៅពេលនេះ ក្រុមហ៊ុន Biomed Lublin កំពុងមានគម្រោងចាប់ផ្ដើមការព្យាបាលសាកល្បងតាមបែបបទមិនមែនពាណិជ្ជកម្ម ហើយបើសិនជាគ្រប់យ៉ាងដំណើរការទៅដោយរលូត នោះប៉ូឡូញអាចក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលមានថ្នាំព្យាបាលជំងឺរលាកសួតប្រភេទថ្មីដែលបង្កឡើងដោយវីរុសCOVID-19 ដោយប្រើប្រាស់ប្លាស្មា (ប្លាស្មា គឺជាអង្គធាតុរាវពណ៌លឿងខ្ចី ហើយវាក៏ជាសមាសធាតុសំខាន់មួយរបស់ឈាមផងដែរ។ ប្លាស្មាមានចំនួនពី 55 ទៅ 65% នៃបរិមាណឈាមសរុបនៅក្នុងខ្លួនរបស់មនុស្ស។) នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

    ប្លាស្មា គឺជាអង្គធាតុរាវពណ៌លឿងខ្ចី ហើយវាក៏ជាសមាសធាតុសំខាន់មួយរបស់ឈាមផងដែរ។ ប្លាស្មាមានចំនួនពី 55 ទៅ 65% នៃបរិមាណឈាមសរុបនៅក្នុងខ្លួនរបស់មនុស្ស

    លោក Marcin Pirog នាយករបស់ក្រុមហ៊ុន Biomed Lublin បានឱ្យដឹងថា ថ្នាំនេះត្រូវបានបង្កើតឡើងដោយវិធីបំបែកជាកំណាត់នូវប្លាស្មារបស់អ្នកមានសុខភាពល្អ ដែលរួមមានទាំងអ្នកកំពុងផ្ទុកវីរុសCOVID-19 ប៉ុន្តែមានអាការរោគស្រាល ឬមិនមានរោគសញ្ញា និងមានផ្ទុក globulin ប្រឆាំងនឹងវីរុសCOVID-19។

    លោក Marcin Pirog និយាយថា ក្រុមហ៊ុនរបស់លោក បានផលិត globulin ប្រឆាំងនឹងវីរុសCOVID-19 ចំនួនជាង3,000អំពូល។ ក្រោយពីទទួលបានជោគជ័យក្នុងការធ្វើតេស្តចាំបាច់នានា ដែលរួមមានទាំងការពិសោធទៅលើកម្រិតនៃស្ថិរភាពរបស់ផលិតផលជាដើម ថ្នាំនេះនឹងត្រូវបានដាក់ឱ្យព្យាបាលសាកល្បងភ្លាមៗនៅក្នុងមជ្ឈមណ្ឌលចំនួន4 នៅ Lublin, Bytom, Białystok និង Warsaw។ តាមគម្រោង ការដាក់ឱ្យព្យាបាលសាកល្បងតាមបែបមិនមែនពាណិជ្ជកម្មនេះ ត្រូវបានគេរៀបផែនការសម្រាប់ដំណើរការនៅក្នុងត្រីមាសទី4 ឆ្នាំ2020នេះ៕

    ប្រភព៖ TFN

  • 5 មូលហេតុនៃការរលូតបុត្រដែលស្រ្តីមានគភ៌ត្រូវដឹង

    5 មូលហេតុនៃការរលូតបុត្រដែលស្រ្តីមានគភ៌ត្រូវដឹង

    និយាយអំពីរឿងរបស់សភាវរលូតបុត្របន្ទាប់ពីការតាំងគភ៌ មិនថាបណ្ដាលមកពីមូលហេតុអ្វីក៏ដោយ គឺសុទ្ធតែជារឿងដ៏គួរឱ្យសោកសៅ និងអាណិតចំពោះស្រ្តីមានផ្ទៃពោះជាខ្លាំង។ អ្នកខ្លះដែលតាំងសេចក្ដីសង្ឃឹមខ្លាំង ក៏អាចនឹងខូចចិត្តសោកស្ដាយដល់ថ្នាក់ញ៉ាំមិនបានគេងមិនលក់ លំបាកដល់ក្រុមគ្រួសារត្រូវនៅចាំមើលថែទាំយ៉ាងជិតដិត ទាំងដែលខាងផ្នែកវេជ្ជសាស្រ្តវិញ សភាវរលូតបុត្រអាចកើតឡើងបានដោយឯកឯង មិនពាក់ព័ន្ធនឹងឧប្បត្តិហេតុ ឬភាពភ្លាំងភ្លាត់របស់ស្រ្តីមានគភ៌ឡើយ ហើយខាងក្រោមនេះគឺជាមូលហេតុនៃការរលូតបុត្រដែលគេអាចជួបប្រទះញឹកញាប់បំផុតក្នុងពេលបច្ចុប្បន្ន។

    1 . ឆ្លងមេរោគបាក់តេរី និងមេរោគវីរុស

    ជាប្រក្រតី នៅពេលទៅពិនិត្យគភ៌លើកដំបូង ពេទ្យតែងតែពិនិត្យរកមើលជំងឺកាមរោគ ឬជំងឺដែលឆ្លងតាមរយៈការមានភេទសម្ព័ន្ធមុនគេបង្អស់ ជាពិសេសមេរោគនៃជំងឺស្វាយ មេរោគវីរុសរលាកថ្លើមប្រភេទ B និងC ដែលអាចហុចផលឱ្យកើតគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃបាន ដូចជាធ្វើឱ្យសាច់ភ្នាសក្នុងស្បូនមានបញ្ហារហូតតួកំណើតមិនអាចចម្រើនធំធាត់តទៅទៀតបាន ឬបើតួកំណើតចម្រើនធំធាត់បាន តែក៏មានផលប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធប្រសាទរបស់ទារក ធ្វើឱ្យពេទ្យត្រូវតែសម្រេចចិត្តបញ្ឈប់ការតាំងគភ៌នៅពេលក្រោយ។

    2 . ភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូម

    សម្រាប់មូលហេតុនៃការរលូតបុត្រក្នុងចំណុចនេះ អាចរាប់បានថា គួរឱ្យអាណិតជាទីបំផុត ព្រោះគ្មានអ្នកណាអាចដឹងមុនបានឡើយថា តើក្រូម៉ូហ្សូមមួយគូណាដែលនឹងកើតមានភាពខុសប្រក្រតីនោះទេ? និងនៅពេលដឹងហើយក៏មិនអាចកែខៃអ្វីបានទាំងអស់។ សម្រាប់សភាវរលូតបុត្រវិញ ច្រើនបណ្ដាលមកពីការដែលក្រូម៉ូហ្សូមមិនអាចតម្រៀបខ្លួនតគ្នាបាន តែបើសិនក្រូម៉ូហ្សូមគូខ្លះមានបញ្ហាខ្វះ ឬលើស ក៏នឹងហុចផលឱ្យកើតភាពខុសប្រក្រតីដែលក៏ជាមូលហេតុឱ្យពេទ្យត្រូវបញ្ឈប់ការតាំងគភ៌ដូចគ្នាដែរ។

    3 . ជក់បារី ញ៉ាំភេសជ្ជៈជាតិអាល់កុល និងសេពគ្រឿងញៀន

    ជារឿងដែលទាំងអស់គ្នាបានដឹងច្បាស់ហើយថា ទង្វើទាំងនេះមានភាពប្រថុយប្រថានក្នុងការធ្វើឱ្យស្រ្តីមានផ្ទៃពោះកើតសភាវរលូតបុត្របានខ្ពស់ណាស់ ជាពិសេសក្នុងអំឡុងពេល 3ខែដំបូង។ ការពិតទៅ មិនចាំបាច់ថា ត្រូវតែសេពចូលទៅដោយផ្ទាល់ប៉ុណ្ណោះទេ ព្រោះមានស្រ្តីមានផ្ទៃពោះជាច្រើនដែលធ្វើការនៅក្នុងបន្ទប់ប្រតិបត្តិការផ្សេងៗដែលមានសារធាតុពុលមួយចំនួនដែលស្រដៀងនឹងថ្នាំញៀន រួមទាំងជាតិអាល់កុលប្រភេទខ្លះផងជាប់រហូត ក៏បណ្ដាលឱ្យកើតសភាវរលូតបុត្រអស់ជាច្រើននាក់រួចមកហើយដែរ ។

    4 . ស្បូនខុសប្រក្រតី

    បញ្ហាស្បូន និងមាត់ស្បូនរបស់ស្រ្តីមានផ្ទៃពោះដែលខុសប្រក្រតីមកពីកំណើត ឬខុសប្រក្រតីដោយសារសភាវមួយចំនួន ក៏ធ្វើឱ្យកើតសភាវរលូតបុត្របានដែរ ដោយសារតែតួកំណើតមិនអាចបង្កប់ខ្លួន ឬចម្រើនធំធាត់បានយ៉ាងល្អហ្នឹងឯង។

    5 . រោគប្រចាំកាយរបស់ស្រ្តីមានផ្ទៃពោះ

    រោគមួយចំនួន ដូចជារោគទឹកនោមផ្អែម រោគក្រពេញថៃរ៉យដ៍មានជាតិពុល អាចធ្វើឱ្យកើតសភាវរលូតបុត្របាន បើមិនបានទទួលការព្យាបាលឱ្យជាដាច់មុនពេលតាំងគភ៌ទេនោះ។

    នៅពេលដឹងថា ចាប់ផ្ដើមតាំងគភ៌ ហើយមិនចង់ប្រថុយប្រថាននឹងសភាវរលូតបុត្រដែលអាចកើតឡើងបានគ្រប់ពេលនោះ ក៏គួរតែប្រញាប់ទៅពិនិត្យគភ៌ជាមួយគ្រូពេទ្យជំនាញឱ្យបានលឿនបំផុត ដើម្បីនឹងបានពិនិត្យរកមើលភាពខុសប្រក្រតីណាមួយ និងការពារសភាវរលូតបុត្របានទាន់ពេលវេលា៕

  • “ថ្នាំចាក់” ឆាប់ជាជាង “ថ្នាំលេប” មែនឬ?

    “ថ្នាំចាក់” ឆាប់ជាជាង “ថ្នាំលេប” មែនឬ?

    មនុស្សជាច្រើនដែលកើតជំងឺគ្រុនក្ដៅ ហើយចង់ឆាប់ជាទៅវិញឱ្យលឿនៗនោះ អាចនឹងសំពះអង្វរសុំឱ្យលោកគ្រូពេទ្យជួយចាក់ថ្នាំឱ្យ ព្រោះគិតថា ថ្នាំចាក់វាបញ្ចេញឥទ្ធិពលខ្លាំងជាង រហ័សជាង ហើយបន្ទាប់ពីនោះ ក៏សុំចាក់ថ្នាំជារឿយៗរហុតមក ទោះជាតម្លៃវារាងខ្ពស់ជាងថ្នាំលេបក៏ដោយ តែក៏ចេះគិតតែខ្លួនឯងថា ឱ្យតែឈឺថ្កាត់ពេលណា មានតែថ្នាំចាក់ទេទើបអាចទប់ទល់បាន…តើរឿងនេះពិតមែនឬទេ? តើថ្នាំចាក់ និងថ្នាំលេបខុសគ្នាយ៉ាងណា? បញ្ចេញឫទ្ធិមិនស្មើគ្នាមែនឬ? ហើយបើសិនចាក់ថ្នាំញឹកញាប់ នឹងមានគ្រោះថ្នាក់ដល់រាងកាយឬទេ? យើងនាំគ្នាមកមើលពីចម្លើយទាំងអស់គ្នាដូចខាងក្រោម…។

    ថ្នាំចាក់ VS ថ្នាំលេប

    ការពិតទៅ ថ្នាំចាក់ និងថ្នាំលេប បើមានកម្រិតថ្នាំស្មើគ្នា វានឹងបញ្ចេញឫទ្ធិស្មើគ្នា ដែលតាមគោលការណ៍ប្រើប្រាស់ថ្នាំវិញនោះ គ្រូពេទ្យនឹងនឹកទៅដល់ប្រសិទ្ធភាព និងសុវត្ថិភាពរបស់អ្នកជំងឺជាចម្បងក្នុងការជ្រើសរើសប្រភេទថ្នាំឱ្យទៅអ្នកជំងឺ ខ្លាំងជាងការគិតតែថា ថ្នាំណាឆាប់បញ្ចេញឥទ្ធិពលជាងតែម្យ៉ាងនោះ ដូច្នេះហើយទើបការប្រើថ្នាំលេបហាក់ដូចជាមានសុវត្ថិភាពល្អជាង។

    គ្រោះថ្នាក់ពីថ្នាំចាក់

    ទោះជាថ្នាំចាក់ឆាប់បញ្ចេញឥទ្ធិពលមែន តែក៏មានភាពប្រថុយប្រថានមិនតិចឡើយ ព្រោះនៅពេលចាក់ថ្នាំចូលក្នុងសរសៃឈាមហើយ ថ្នាំនឹងចូលឆ្ពោះទៅរកក្រសែឈាមរត់បានភ្លាមតែម្ដង ហើយបើរកឃើញថាអ្នកជំងឺមានប្រតិកម្មចាញ់ថ្នាំ ឬបានទទួលថ្នាំខុស ក៏នឹងកើតមានអាការខុសប្រក្រតីយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរជាងថ្នាំលេបទៅទៀត។

    ក្រៅអំពីនេះ ថ្នាំចាក់ថែមទាំងមានតម្លៃខ្ពស់ជាងថ្នាំលេបទៅទៀត ក្រៅតែពីអស់ថ្លៃចាយវាយលើរឿងថ្នាំដោយឥតប្រយោជន៍ហើយនោះ យើងគួរតែដាស់តឿនខ្លួនឯងថា ថ្នាំចាក់មានគ្រោះថ្នាក់ជាងថ្នាំលេប។

    តើអ្នកជំងឺអាចសុំថ្នាំចាក់ពីគ្រូពេទ្យដោយខ្លួនឯងបានឬទេ?

    ការសុំថ្នាំចាក់ គួរត្រូវបានពិចារណាដោយលោកគ្រូពេទ្យតែប៉ុណ្ណោះ ដើម្បីការប្រើប្រាស់ថ្នាំយ៉ាងមានសុវត្ថិភាព និងសមនឹងតម្លៃ។ ដូច្នេះលើកក្រោយ ចូរកុំចេះតែគិតតែខ្លួនឯងថា ទាល់តែចាក់ថ្នាំទើបព្យាបាលជាឱ្យសោះ ទុកឱ្យលោកគ្រូពេទ្យជាអ្នកពិចារណាលើការព្យាបាលឱ្យយើងទើបជាការប្រសើរជាង៕

  • ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    កុំគិតថា កូននៅក្មេងមិនដឹងរឿងអី ឬប្រហែលជាមិនយល់អីឱ្យសោះ ព្រោះការពិតទៅ នៅក្នុងជីវិតប្រចាំថ្ងៃ និងកិច្ចការងារផ្សេងៗដែលបានធ្វើរួមគ្នានោះ សំឡេង និងពាក្យសំដីរបស់ឪពុកម្ដាយមានផលទៅដល់អារម្មណ៍ ការគិត និងការរៀនយល់ដឹងរបស់កូនជានិច្ច។ ខាងក្រោមនេះគឺជាចំណុចល្អៗទទួលបានពីជជែកលេងជាមួយកូន ដែលឪពុកម្ដាយគួរតែប្រតិបត្តិដើម្បីជាប្រយោជន៍ដល់កូន។

    1 . កូនបានរៀនយល់ដឹងពីភាសា ៈ តាមរយៈការធ្វើត្រាប់តាមពាក្យសំដីដែលឪពុកម្ដាយប្រើ តាមរយៈបទសន្ទនាតាមបែបផ្សេងៗដែលបានជជែកឆ្លើយឆ្លងគ្នា រឹតតែយើងបានជជែកគ្នាបានច្រើនប៉ុនណា កូនក៏នឹងរឹតតែស្គាល់ពាក្យពេចន៍ និងបង្កើនជំនាញក្នុងការឆ្លើយឆ្លងទាក់ទងកាន់តែច្រើនឡើងប៉ុននោះដែរ។

    2 . ជំរុញខួរក្បាល ៈ ឪពុកម្ដាយដែលឧស្សាហ៍និទានរឿង ជជែកនិយាយ ឧស្សាហ៍សួរសំណួរ នឹងជួយឱ្យកូនបានហ្វឹកហាត់ប្រើការគិត មានគំនិតច្នៃបង្កើត ចេះបត់បែន និងចេះគិតរឿងរ៉ាវបន្តៗគ្នាបានល្អ។ ក្មេងឆ្លាត ព្រោះមានឱកាសសំលៀងខួរក្បាលញឹកញាប់ហ្នឹងឯង។

    3 . បង្កើនចំណេះដឹង ៈ ចំណេះដឹងមិនមែនបានមកតែពីក្បួនតម្រាប៉ុណ្ណោះទេ តែមួយផ្នែកក៏បានមកពីការជជែកនិយាយគ្នាដែរ។ ខួរក្បាលរបស់កុមារប្រៀបដូចជាឃ្លាំងផ្ទុកទំនិញដែលធំទូលាយ និងអាចពង្រីកទំហំបានយ៉ាងគ្មានដែនកំណត់។ ឧស្សាហ៍និទានរឿង ឧស្សាហ៍បង្រៀន ឧស្សាហ៍បន្ថែមរឿងរ៉ាវល្អៗចូលទៅ នោះនឹងកើតផលល្អមិនខាន។

    4 . យល់ពីខ្លួនឯង យល់ពីអ្នកដទៃ ៈ ការបបួលកូនជជែកគ្នាដើម្បីឱ្យកូនបង្ហាញពីគំនិតយោបល់របស់ខ្លួនឯង ប្រាប់ពីអារម្មណ៍របស់ខ្លួនឯងចេញមកឱ្យបាន។ រឿងនេះនឹងធ្វើឱ្យកូនកើតការទទួលស្គាល់ខ្លួនឯង ចេះសម្រាលអារម្មណ៍ និងនាំឆ្ពោះទៅរកការទទួលស្គាល់ និងយល់ពីអារម្មណ៍អ្នកដទៃជាបន្ត។

    5 . ចេះឆ្លើយឆ្លងទាក់ទង ៈ ចង់ឱ្យកូនក្លាយជាអ្នកនិយាយ និងជាអ្នកស្ដាប់ដ៏ល្អរបស់សង្គម ឪពុកម្ដាយត្រូវជួយគ្នាបង្ហាត់តាំងពីថ្ងៃនេះទៅ ដោយធ្វើជាគំរូដ៏ល្អ និងបង្ហាត់បង្រៀនតាមរយៈការបបួលជជែក មិនថាតែរឿងការចេះទទួលស្ដាប់ពីគំនិតយោបល់របស់អ្នកដទៃ និងការបញ្ចេញគំនិតយោបល់ដែលខុសប្លែកពីគ្នាដោយហេតុផល មិនប្រើអារម្មណ៍ និងជាពិសេស បង្ហាត់កូនៗរបស់យើងឱ្យហ៊ានគិត ហ៊ាននិយាយ តែមិនច្រងេងច្រងាង៕

  • ពិនិត្យសុខភាពទៅមើល! តើអ្នកគួរញ៉ាំ “វីតាមីនបន្ថែម” ឬទេ?

    ពិនិត្យសុខភាពទៅមើល! តើអ្នកគួរញ៉ាំ “វីតាមីនបន្ថែម” ឬទេ?

    នៅពេលអាយុកើនច្រើនឡើង ការមើលថែទាំសុខភាពក៏ត្រូវតែកើនច្រើនឡើងទៅដែរ។ មនុស្សជាច្រើនអាចមានអារម្មណ៍ថា យើងមិនបានរឹងមាំ ក្លៀវក្លាស្វាហាប់ដូចកាលពីសម័យរៀន ឬដូចអំឡុងពេលនៅស្ទាវឡើយ។ ធ្វើការបានមួយរយៈ ក៏ចាប់ផ្ដើមមានរោគាព្យាធិជំងឺដង្កាត់សួររកមុខបែបមិនធ្លាប់មានពីមុនមកឡើយ មិនថាតែឈឺក្បាល វិលមុខ ចុកពោះ ក្រួសតម្រងនោម ឈឺខ្នងចុកស្មា រោគក្រពះអាហារ រហូតទៅដល់ខ្លាញ់រុំថ្លើម ឬកើតដុំគីស្ត ជាដើម។ល។

    ក្រៅពីរោគាព្យាធិជំងឺដង្កាត់ហើយ បញ្ហាដែលចេញមកព្រមជាមួយនឹងវ័យក៏មានដែរ ដូចជា ជ្រុះសក់ ស្លាកស្នាមជ្រីវជ្រួញសម្បុរស្បែកខ្មៅស្រអាប់ ភ្នែកមើលលែងសូវឃើញ ឬមានភាពធុញថប់តានតឹងក្នុងអារម្មណ៍ប្រមូលសន្សំរហូតគេងមិនលក់ក៏ចាប់ផ្ដើមកើតឡើងដែរ ទើបត្រូវពឹងលើវីតាមីនបន្ថែម តែមុននឹងទិញវីតាមីនបន្ថែមមកទទួលទាន យើងគួរពិនិត្យមើលជាមុនសិនថា តើយើងមានបញ្ហាទាំងនោះឬទេ? បើមាន ត្រូវទទួលទានវីតាមីនមួយណា? ដូចជា…ៈ

    សម្បុរស្បែកក្រៀមក្រោះ មានស្លាកស្នាម លែងតឹងណែនរលោង

    វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីនC ខូឡាជេន វីតាមីនA អូមេហ្កា3 និងសារធាតុដែក។

    ជ្រុះសក់ ក្រចកដៃ-ជើងស្រួយ ងាយប្រេះរហែក

    វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីន B2 និងជាតិស័ង្កសី(Zinc)។

    មិនស្រួលខ្លួន កើតជំងឺគ្រុនផ្ដាសាយញឹកញាប់

    វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីនC វីតាមីន B និងសារធាតុដែក។

    សម្រាកមិនបានគ្រប់គ្រាន់ ប្រើខួរក្បាលច្រើន

    វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីន Bរួម និងអូមេហ្កា3។

    ឆ្អឹង និងសន្លាក់តាមរាងកាយចាប់ផ្ដើមឈឺចុករួយ

    វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីនD , K កាលស្យូម និងផូស្វ័រ។

    ភ្នែកចាប់ផ្ដើមឈឺចុករួយ និងស្រវាំងមើលលែងច្បាស់

    វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីនA និងវីតាមិនB2។

    ភាពតានតឹងក្នុងអារម្មណ៍ចាប់ផ្ដើមមានច្រើនឡើង

    វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីន Bរួម វីតាមិនC និងម៉ាញេស្យូម។

    តើយើងចាំបាច់ត្រូវទទួលទានវីតាមិនបន្ថែមឬទេ?

    ជាសំណួរមួយដ៏ល្បីល្បាញដែលមនុស្សជាច្រើនតែងតែលួចគិត…វីតាមីនមួយកំប៉ុងតម្លៃមិនមែនតិចតួចឡើយ តើយើងចាំបាច់ត្រូវតែទទួលទានវីតាមីនបន្ថែមមែនឬយ៉ាងណា?។ ចម្លើយក៏គឺ មិនចាំបាច់ទេ…វីតាមីនបន្ថែមគ្រាន់តែជាវត្ថុជំនួយសម្រាប់អ្នកដែលដឹងច្បាស់ថា ខ្លួនឯងមានភាពប្រថុយប្រថានក្នុងការបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ឬមិនសូវមានពេលវេលាមើលថែទាំខ្លួនឯងច្រើនប៉ុន្មានប៉ុណ្ណោះ។ អាចហៅបានថាជាវត្ថុជំនួយរបស់អ្នកទីក្រុងដែលត្រូវធ្វើការច្រើន រហូតមិនអាចរៀបចំចាត់ចែងម្ហូបអាហារ ចាត់ចែងពេលវេលាហាត់ប្រាណសម្រាប់់់ខ្លួនឯងឱ្យបានតាមតម្រូវការ។

    តែនឹងជាការល្អប្រសើរខ្លាំងណាស់ បើយើងអាចទទួលបានវីតាមីនទាំងអស់តាមរយៈការទទួលទានអាហារដែលចម្អិនស្រស់ៗថ្មីៗ និងមានគុណតម្លៃខាងសារធាតុអាហារគ្រប់ទាំង 5ប្រភេទក្រុម ហាត់ប្រាណយ៉ាងជាប់លាប់ សម្រាកយ៉ាងគ្រប់គ្រាន់ និងរកពេលវេលាបន្ធូរបន្ថយអារម្មណ៍ដោយកិច្ចការងារណាដែលខ្លួនចូលចិត្ត។ តែប៉ុនហ្នឹងអ្នកក៏មិនចាំបាច់អស់លុយទៅទិញវីតាមីនតម្លៃថ្លៃៗមកទទួលទានបានទៅហើយ។

    តែបើសិនកើតមានអាការធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅជួបគ្រូពេទ្យវិញនោះ វីតាមីនបន្ថែមក៏អាចជាជម្រើសមួយដែលនឹងជួយជីវិតអ្នកបានដូចគ្នាដែរ ដូច្នេះអ្នកត្រូវពិនិត្យមើលខ្លួនឯងថា តើរូបអ្នកមានភាពចាំបាច់ក្នុងការត្រូវទទួលទានវីតាមីនបន្ថែមច្រើន ឬតិចប៉ុនណា?។

    ចំណុចមិនល្អនៃការទទួលទានវីតាមីនបន្ថែម

    បើយើងទទួលទានវីតាមីនបន្ថែមជាប់ៗគ្នាក្នុងរយៈពេលយូរខ្លាំងពេក អាចនឹងធ្វើឱ្យរាងកាយបានទទួលវីតាមីននោះច្រើនលើសតម្រូវការ។ ថ្លើម និងក្រលៀនត្រូវធ្វើការយ៉ាងខ្លាំងដើម្បីចម្រាញ់សារធាតុអាហារដែលត្រូវប្រើប្រាស់ និងត្រូវបញ្ចេញចោលនូវអ្វីដែលលើសតម្រូវការ ហើយការទទួលបានវីតាមីនបន្ថែមច្រើនជ្រុលពេក នៅអាចធ្វើឱ្យកើតរោគថែមឡើងបានដូចគ្នា ដូចជា បើទទួលទានកាល់ស្យូមច្រើនជ្រុលពេក អាចប្រថុយនឹងរោគក្រួសក្នុងក្រលៀន ឬឈាមហូរមិនឈប់ ឬឈាមពិបាកក្នុងការឈប់ហូរ បើទទួលទានខ្លាញ់ថ្លើមត្រីច្រើនជ្រុលពេក ជាដើម។

    ដូច្នេះ មុនទទួលទានវីតាមីនបន្ថែម គួរសិក្សាពីវិធី និងបរិមាណដែលគួរទទួលទាន ព្រមទាំងចងចាំចំណុចគួរប្រយ័ត្នឱ្យបានច្បាស់ផង ដើម្បីឱ្យបានទទួលមកតែប្រយោជន៍របស់វីតាមីនបន្ថែមដូចដែលចិត្តយើងចង់បាន៕

  • ចេះស្រឡាញ់ និងចេះជួយកូនយ៉ាងត្រឹមត្រូវ ត្រូវធ្វើបែបណា?

    ចេះស្រឡាញ់ និងចេះជួយកូនយ៉ាងត្រឹមត្រូវ ត្រូវធ្វើបែបណា?

    ឪពុកម្ដាយ ជាមនុស្សដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការអប់រំបណ្ដុះគំនិតនិស្ស័យ និងបុគ្គលិកលក្ខណៈដល់កូន ជាពិសេសក្នុងអំឡុងបឋមវ័យដែលក្មេងនឹងជ្រួតជ្រាបយកអ្វីៗគ្រប់យ៉ាង ទាំងពាក្យសម្ដី ទង្វើ រួមទាំងអ្វីៗដែលឪពុក និងម្ដាយ ឬអ្នកចិញ្ចឹមថែទាំបានធ្វើចំពោះរូបគេ។ នៅពេលកូនធំធាត់ឡើង បទពិសោធក្នុងវ័យកុមារ ក៏នឹងហុចផលដល់ទស្សនគតិ និងទង្វើរបស់គេនៅពេលធំឡើង ដូច្នេះហើយទើបយើងត្រូវដឹងថា តើយើងគួរស្រឡាញ់កូន និងនៅរង់ចាំជួយគេដោយរបៀបយ៉ាងណានោះ។

    ការចិញ្ចឹមកូន និងស្រឡាញ់កូនដែលត្រឹមត្រូវនេះ ត្រូវចាប់ផ្ដើមពីចិត្តគំនិតរបស់ឪពុកម្ដាយជាមុន។ ឪពុកម្ដាយដែលល្អគួរធ្វើខ្លួនឱ្យដូចជាមិត្តភ័ក្ដិដ៏ល្អរបស់កូន ស្ថិតនៅក្បែររូបគេជានិច្ច។ ឪពុកម្ដាយជាច្រើនស្រឡាញ់កូនខ្លាំង រហូតពេលខ្លះខ្លាចកូនលំបាក ខ្លាចកូនហត់ ខ្លាចកូនឈឺ រហូតដល់គិត ឬធ្វើជំនួសកូនគ្រប់សព្វបែបយ៉ាង ក្លាយជាថា នៅពេលកូនធំឡើងកូនក៏ក្លាយជាក្មេងដែលអាត្មានិយម ប្រើតែអារម្មណ៍(មិនចេះគិត) ឬជាក្មេងដែលឌឺរឹង ដែលអ្វីទាំងអស់នេះមិនមែនជារឿងល្អប៉ុន្មានឡើយ។ ឪពុកម្ដាយគួរតែដឹងពីតម្រូវការរបស់កូនថា ក្នុងអំឡុងវ័យនីមួយៗរបស់កូនហ្នឹង ធម្មជាតិរបស់ក្មេងនឹងត្រូវការអ្វីខ្លះ?។

    ខាងក្រោមនេះគឺជាតម្រូវការរបស់ក្មេងតាមអំឡុងវ័យ

    អំឡុងអាយុ និងអ្វីដែលកូនត្រូវការ និងអ្វីខ្លះដែលឪពុកម្ដាយគួរតែប្រតិបត្តិចំពោះកូន ៈ

    វ័យទើបកើតដំបូង ៈ កូនត្រូវការការមើលថែទាំយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់ថ្នាក់ថ្នម ក្ដីបារម្ភ ដូច្នេះហើយទើបឪពុកម្ដាយគួរតែចេះនិយាយ ឬលេងជាមួយកូនដើម្បីឱ្យកូនមានអារម្មណ៍ថា មានសុវត្ថិភាព និងបានទទួលសេចក្ដីស្រឡាញ់។

    អំឡុងវ័យចេះលូនវារ ៈ កូនកំពុងហ្វឹកហាត់អភិវឌ្ឍរាងកាយ អាចនឹងមានរពឹសនៅមិនស្ងៀមខ្លះដែរ(ដូចជា ចូលចិត្តវារទៅនេះទៅនោះ)។ ឪពុកម្ដាយគួរឱ្យកូនសាកល្បងធ្វើ សាកល្បងលូនវារ និងផ្ដល់ពេលវេលាឱ្យកូន លេងជាមួយកូន ផ្ដល់កម្លាំងចិត្តដល់កូនក្នុងការអភិវឌ្ឍរាងកាយ។

    អំឡុងវ័យហាត់ឈរ ៈ ក្នុងវ័យនេះ កូនត្រូវការចង់ហាត់ក្រោកឈរដោយខ្លួនឯង ចូលចិត្តតោងរបស់នេះរបស់នោះដើម្បីលើកខ្លួនឯងឡើង(ព្យាយាមឈរឱ្យបាន)។ ឪពុកម្ដាយគួរយកចិត្តទុកដាក់ថែទាំ និងនៅចាំជួយជិតៗឱ្យកូនបានហាត់ឈរ និងអភិវឌ្ឍសាច់ដុំផ្សេងៗ។

    អំឡុងពេលចាប់ផ្ដើមដើរ ៈ នៅពេលកូនអាចដើរដោយខ្លួនឯងបាន ឪពុកម្ដាយគួរឱ្យកូនហាត់ដើរដោយខ្លួនឯង អាចនឹងដឹកដៃកូនដើរលេងនៅលើវាលស្មៅខាងមុខផ្ទះ ឬតាមសួនច្បារសាធារណៈ។ កុំសូវបី ឬពកូនទៀត តែឱបថើបកូនឱ្យច្រើនឡើង។

    ពេលចាប់ផ្ដើមចូលរៀនសាលាមត្តេយ្យ ៈ កូននឹងចាប់ផ្ដើមចង់ធ្វើអ្វីៗដោយខ្លួនឯង ដូចជាដួសបាយញ៉ាំខ្លួនឯង ញ៉ាំទឹកខ្លួនឯង ជាដើម។ល។ ឪពុកម្ដាយគួរបណ្ដោយឱ្យកូនបានហាត់ធ្វើដោយខ្លួនឯង ទោះជាប្រឡាក់ប្រឡូសខ្លះ ក៏ត្រូវតែបណ្ដោយដែរ និងបង្ហាត់បង្រៀនជាបណ្ដើរៗថា តើត្រូវធ្វើយ៉ាងណាខ្លះ។ មិនគួរប្រញាប់បង្ខំឱ្យកូនត្រូវតែទៅរៀនយល់ដឹងរឿងនេះរឿងនោះតាមដែលឪពុកម្ដាយចង់ឱ្យកូនចេះនោះឡើយ។

    នៅពេលកូនចូលរៀនបឋមសិក្សា ៈ កូននឹងចូលចិត្តលេង មានកិច្ចការងារជាមួយពួកម៉ាកមិត្តភ័ក្តិជាច្រើន។ ឪពុកម្ដាយគួរបណ្ដោយឱ្យកូនលេង និងផ្ដល់កម្លាំងចិត្តក្នុងកិច្ចការងារផ្សេងៗដែលគេមានចំណែករួម។ ឪពុកម្ដាយគួរធ្វើខ្លួនឱ្យដូចពួកម៉ាក បើកូនត្រូវការឱ្យឪពុកម្ដាយចូលរួមក្នុងកិច្ចការងារណាមួយផងដែរនោះ។

    នៅពេលកូនចូលអនុវិទ្យាល័យ ៈ សាកល្បងបណ្ដោយឱ្យកូនមានឥស្សរភាពខាងការគិត បង្ហាត់ឱ្យកូនសាកល្បងពិចារណាពីហេតុផល និងឪពុកម្ដាយត្រូវទទួលស្ដាប់នូវអ្វីដែលកូននិយាយ និងរឿងដែលកូនគិតឱ្យបានច្រើន កុំយកគំនិតរបស់ខ្លួនឯងជាគោល។ បើកូនត្រូវការធ្វើកិច្ចការងារ ឬធ្វើអ្វីមួយ បើជារឿងដែលមិនបង្កគ្រោះថ្នាក់ ឪពុកម្ដាយគួរផ្ដល់កម្លាំងចិត្ត និងនៅចាំធ្វើជាទីប្រឹក្សាដល់កូន។

    នៅពេលកូនឡើងវិទ្យាល័យ ៈ កូននឹងមានគំនិតជារបស់ខ្លួនឯង ចង់រួមក្រុមជាមួយមិត្តភ័ក្តិ ឬទៅណាមកណាជាមួយមិត្តភ័ក្តិកាន់តែច្រើនឡើង។ បើឪពុកម្ដាយមើលថែទាំកូន ធ្វើខ្លួនជាមិត្តដ៏ល្អរបស់កូនមកតាំងពីដំបូង កូននឹងមិនស្រឡាញ់មិត្តភ័ក្តិរហូតដល់ភ្លេចឪពុកម្ដាយនោះទេ ដូច្នេះឪពុកម្ដាយគួរតែនៅតែធ្វើខ្លួនជាមិត្តល្អ ជាទីប្រឹក្សា នៅចាំគាំទ្រ និងលើកទឹកចិត្តកូនជានិច្ច។ កុំធ្វើខ្លួនជាអ្នកកំណត់ជោគជតាជីវិតរបស់កូន ឬហាមធ្វើរឿងនេះ ហាមធ្វើរឿងនោះ។ ការចិញ្ចឹមមើលថែកូនក្នុងវ័យនេះ ត្រូវប្រើការនិយាយស្ដីដោយហេតុ និងផល កុំប្រើអារម្មណ៍មួម៉ៅខឹងសម្បាឱ្យសោះ។

    នៅពេលកូនចូលរបងមហាវិទ្យាល័យ ៈ កូននឹងបានជួបសង្គមដែលកាន់តែធំឡើង បញ្ហាផ្សេងៗក៏នឹងមានច្រើនឡើងដែរ។ ឪពុកម្ដាយគួរខ្លួនធ្វើជាទីប្រឹក្សា ជជែកនិយាយពិភាក្សាគ្រប់រឿងជាមួយកូន។ នៅធ្វើជាកម្លាំងចិត្តដល់កូន កុំឱ្យកូនមានអារម្មណ៍ថា ត្រូវរងសម្ពាធពីសេចក្ដីសង្ឃឹមរបស់ឪពុកម្ដាយ តែគួរធ្វើឱ្យកូនបានដឹងថា ប៉ាម៉ាក់នៅចាំធ្វើជាកម្លាំងចិត្តដល់កូនជានិច្ច។

    នៅពេលឪពុកម្ដាយបានដឹងពីតម្រូវការគោលៗរបស់កូនក្នុងវ័យនីមួយៗហើយ ឪពុកម្ដាយក៏អាចត្រៀមខ្លួនឯងឱ្យព្រមរួចជាស្រេចបានយ៉ាងត្រឹមត្រូវដែរ ហើយកូនរបស់យើងក៏នឹងធំធាត់ឡើងក្លាយជាមនុស្សល្អ មានសភាវអារម្មណ៍ និងចិត្តគំនិតដែលល្អ ដែលទាំងអស់នោះប្រហែលជាអ្វីដែលឪពុកម្ដាយគ្រប់រូបរំពឹងសង្ឃឹមចង់ឱ្យកូនរបស់ខ្លួនក្លាយជាបែបហ្នឹងដូចគ្នា៕

  • រឿងដែលគួរដឹង មុននឹងតម “អាហារខ្លាញ់ៗ”

    រឿងដែលគួរដឹង មុននឹងតម “អាហារខ្លាញ់ៗ”

    ទាំងអស់គ្នាប្រហែលជាបានដឹងច្បាស់ហើយថា បើចង់មានសុខភាពរឹងមាំល្អ និងចង់សម្រកទម្ងន់ឱ្យរាងរៅស្គមស្វែលស្អាតស្លៀកពាក់ខោអាវលេខ M ឬលេខ S បាននោះ ត្រូវតែចេះតម(ឬកាត់បន្ថយ)ការទទួលទានអាហារខ្លាញ់ៗ តែមុននឹងតាំងចិត្តខំប្រឹងប្រែងតមពួកអាហារខ្លាញ់ៗយ៉ាងម៉ឺងម៉ាត់នោះ យើងគួរនាំគ្នាមកមើលពីដំបូន្មានល្អៗជាមុនសិនប្រសើរជាងថា តើយើងគួរត្រៀមខ្លួនយ៉ាងណា និងត្រូវតមអាហារខ្លាញ់យ៉ាងត្រឹមត្រូវយ៉ាងណាខ្លះ?

    រឿងដែលត្រូវដឹងមុនតមអាហារខ្លាញ់

    ដោយសារតែមានបុគ្គលិករបស់ទស្សនាវដ្តី ឡារ៉ែនម្នាក់បានលើកប្រធានបទមួយមកជជែកគ្នាថា តើយើងត្រូវប្រើវិធីណាល្អក្នុងការឈប់ញ៉ាំអាហារខ្លាញ់ៗនោះ ទើបអ្នកគ្រូ ឆវីត្រូវលើកយកចំណុចគួរដឹងសម្រាប់ណែនាំដល់អ្នកដែលចង់សម្រកទម្ងន់ និងចង់មានសុខភាពរឹងមាំមកជម្រាបជូនដូចតទៅ ៈ

    1 . រកមូលហេតុឱ្យឃើញជាមុនសិនថា តើយើងចង់កាត់បន្ថយ និងឈប់ញ៉ាំអាហារខ្លាញ់ៗនេះដើម្បីអ្វី?

    គឺដើម្បីសុខភាពល្អ! រឿងហ្នឹងអ្នកណាក៏គេដឹងដែរ តែគោលដៅក្នុងការកាត់បន្ថយរបស់យើងហ្នឹង គឺដើម្បីសុខភាពលើផ្នែកណាមួយ?

    – រូបរាង?

    – ទម្ងន់?

    – ខ្លាចជំងឺដែលមកជាមួយភាពធាត់?

    – ខ្លាចជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ខុសប្រក្រតី?

    ដែលត្រូវតែដឹងជាមុននោះក៏ព្រោះថា ហេតុនីមួយៗនោះ មានការកាត់បន្ថយមិនដូចគ្នាទេ និងជួនកាលការកត់បន្ថយអាហារខ្លាញ់ អាចនឹងមិនមែនជាការកែសម្រួលហេតុបញ្ហាទាំងនោះទៀតផង។

    – ដូចអ្នកខ្លះ កាត់បន្ថយអាហារខ្លាញ់ដើម្បីសម្រកទម្ងន់…ដោយមិនទាំងបានញ៉ាំវាច្រើន និងមិនបានពិនិត្យមើលថា ឡើងទម្ងន់ដោយសារអ្វីឡើយផង។

    – អ្នកខ្លះត្រូវការកែសម្រួលរូបរាង តែអាផ្នែកដែលត្រូវការកែសម្រួលនោះវាមិនបានពាក់ព័ន្ធនឹងអាហារខ្លាញ់សោះ(ដូចជា ចង់ឱ្យសាច់ដុំដៃមាំមួន ក៏តមលែងញ៉ាំអាហារខ្លាញ់…តែអត់ទៅហាត់ប្រាណ លើកដុំដែក ហើយអ៊ីចឹងម៉េចសាច់ដុំដៃឡើងទៅកើត?)។

    – អ្នកខ្លះត្រូវការបញ្ចុះជាតិខ្លាញ់ដើម្បីសម្រកទម្ងន់ ទាំងដែលបច្ចុប្បន្នដឹងច្បាស់ហើយថា បើសម្រកខ្លាញ់ តែមិនបន្ថយជាតិស្ករ ទោះសម្រកយូរប៉ុនណាក៏មិនបានលទ្ធផលដែរ។

    2 . គោលការណ៍ពេទ្យសម័យទំនើប មិនបានឱ្យអត់អាហារខ្លាញ់នោះទេ

    – ដោយសារខ្លាញ់គឺជាវត្ថុចាំបាច់ចំពោះរាងកាយ តែបានច្រើនពេកក៏មិនល្អ បានតិចពេកក៏មិនល្អ។

    -​ បច្ចុប្បន្ននេះ(ការពិតទៅ តាំងពីឆ្នាំ1980ឯណោះ) វេជ្ជសាស្រ្តសម័យបច្ចុប្បន្ននេះ សង្កត់ធ្ងន់លើការញ៉ាំអាហារយ៉ាងមានតុល្យភាព មិនសង្កត់ធ្ងន់លើការតម្រង់ទៅលើតែគុណប្រយោជន៍ ឬគុណវិបត្តិរបស់សារធាតុអាហារប្រភេទណាមួយនោះទេ។

    – ឧទាហរណ៍ដូចជា អាហារក្រុមតំបន់មេឌីទែរ៉ាណេក៏មានជាតិខ្លាញ់ច្រើនគួរសមដែរ មិនមែនជាអាហារដែលមានជាតិខ្លាញ់ទាបឡើយ។

    3 . តើយើងត្រូវញ៉ាំអាហារខ្លាញ់ប៉ុនណា ដឹងឬនៅ?

    អ្នកខ្លះចង់បន្ថយខ្លាញ់ តែមិនដឹងថា ខ្លួនឯងញ៉ាំខ្លាញ់ប៉ុនណា?

    ដល់មិនដឹងថា ពីដំបូងយើងញ៉ាំវាប៉ុនណា ធ្វើឱ្យពេលកាត់បន្ថយទៅហើយ ពិបាកវាយតម្លៃ ធ្វើឱ្យមិនអាចកំណត់គោលដៅបាន។

    4 . បន្ថយអាហារខ្លាញ់ តែត្រូវប្រយ័ត្នការបន្ថយខ្លាំងជ្រុលពេក

    – គោលការណ៍នៃការតមអាហារខ្លាញ់ គឺត្រូវមិនតមរហូតដល់អត់ញ៉ាំសោះនោះទេ…ព្រោះជាតិខ្លាញ់ក៏ជាវត្ថុមួយដែលរាងកាយត្រូវប្រើប្រាស់ដែរ។

    – បើបន្ថយជាតិខ្លាញ់ខ្លាំង និងកំណត់កម្លាំងថាមពល រាងកាយនឹងសម្រួលខ្លួនចូលទៅនៅក្នុងក្រុមមនុស្សខ្វះអាហារបរិភោគ សាច់ដុំនឹងបាត់អស់ ហើយយូរទៅ រាងកាយងាយនឹងត្រឡប់មកធាត់ជាថ្មីម្ដងទៀត។

    5 – ជាតិខ្លាញ់ដែលគួរបញ្ឈប់មែនទែននោះគឺ ខ្លាញ់ថ្រានស៍( Trans Fat)

    ចំណែកខ្លាញ់ផ្សេងទៀត ដូចជាខ្លាញ់ជ្រូក ខ្លាញ់សត្វ ប្រេងដូង ប្រេងរុក្ខជាតិផ្សេងៗ ញ៉ាំបាន តែត្រូវគ្រប់គ្រងបរិមាណយ៉ាងស័ក្តិសម៕