Category: សុខភាព

  • ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 1)

    ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 1)

    ការសម្រេចចិត្តមានគភ៌(យកបុត្រ)គឺជារឿងមួយដែលស្រ្តីទាំងឡាយបានគិតគូរ ពិចារណា និងថែមទាំងបានពិភាក្សាជាមួយគូជីវិត(ស្វាមី)យ៉ាងល្អិតល្អន់ច្បាស់លាស់ហើយទៀតផង។ ដូច្នេះខាងក្រោមតទៅនេះគឺជាចំណេះដឹងល្អៗដែលស្រ្តីទាំងឡាយគួរតែបានដឹងទុកជាចំណេះដឹងដើម្បីដំណើរជីវិតឱ្យបានល្អក្នុងអំឡុងពេលតាំងគភ៌(រយៈពេល 9ខែ) ព្រោះថា នៅពេលស្រ្តីមានគភ៌មានសុខភាពល្អទាំងកាយ និងចិត្តនោះ កូនសម្លាញ់ដែលនៅក្នុងផ្ទៃក៏នឹងមានសុខភាពល្អដូចគ្នាដែរ។

    1 . ស្រ្តីធាត់ ប៉ះពាល់ផ្លូវចិត្តទារក

    ការតាមដានលទ្ធផលថយទៅក្រោយវិញនៅលើមនុស្សចំនួន 2,303នាក់ដែលមានអាយុជាមធ្យម 20ឆ្នាំ និងមានបុរសជិតពាក់កណ្ដាលនោះ បានរកឃើញថា បន្ទាប់ពីកាត់ឥទ្ធិពលរឿងអាយុរបស់ម្ដាយ ការសិក្សា និងប្រាក់ចំណូល សភាវជ្រៀតជ្រែកនៅពេលប្រសូតចេញហើយ ការដែលពួកគេមានម្ដាយធាត់ ឬមានទម្ងន់ខ្លួនលើសពីកំណត់កម្រិតមុនពេលតាំងគភ៌នោះ បានបង្កើនភាពប្រថុយប្រថានដល់កូនដែលអាចនឹងមានអាការគិត ឬធ្វើអ្វីផ្ដេសផ្ដាស់នៅពេលមានអាយុ 20ឆ្នាំឡើង រហូតដល់ទៅ 54%ឯណោះ។

    យន្តការដែលនៅពីក្រោយសម្ព័ន្ធភាពនេះនៅមិនទាន់ប្រាកដច្បាស់នៅឡើយ តែអាចនឹងពាក់ព័ន្ធនឹងការដែលពួកគេមានម្ដាយធាត់ហើយបង្កើនភាពប្រថុយប្រថានដល់សភាវជ្រៀតជ្រែកនៅពេលកើត ជំងឺពាក់ព័ន្ធនឹងមេតាបូលីហ្ស៊ឹម និងម៉ូលីគុលដែលពាក់ព័ន្ធជាមួយការក្លាយរលាក ជាដើម។ ដូច្នេះហើយទើបការត្រៀមខ្លួនធ្វើជាអ្នកម្ដាយ ត្រូវចាប់ផ្ដើមតាំងពីពេលមុនតាំងគភ៌ឯណោះ ហើយភោជនាហារក៏រាប់ថាជាបច្ច័យមួយដែលនឹងនាំឆ្ពោះទៅរកការតាំងគភ៌ដែលទទួលបានជោគជ័យដែរ។

    2 . តើអាយុមានផលប៉ះពាល់ដល់ការតាំងគភ៌មែនឬ?

    សំណួរ ៈ តើអាយុមានផលប៉ះពាល់ដល់ការតាំងគភ៌មែនឬ? តើអ្វីដែលគេតែងនិយាយថា បើមានកូនពេលអាយុច្រើន កូនប្រសូតចេញមកហើយអាចនឹងមានសតិបញ្ញាមិនសូវល្អ(មិនសូវគ្រប់ទឹក) តើមែនឬទេ? និងព្រោះអ្វី?

    ចម្លើយ ៈ តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា ស្រ្តីដែលតាំងគភ៌ក្រោយអាយុ 35ឆ្នាំឡើងទៅ មានឱកាសកើតបញ្ហាក្នុងការតាំងគភ៌ទាំងលើម្ដាយ និងទារក ច្រើនជាងស្រ្តីដែលតាំងគភ៌ក្នុងអាយុតិចជាង 35ឆ្នាំ ហើយបញ្ហាមួយទៀតនោះក៏គឺ ភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងគភ៌ ដូចជាមានឱកាសក្នុងការកើតមកមានបញ្ហាខាងខួរក្បាល និងរាងកាយបាន ដូច្នេះបើស្រ្តីណាម្នាក់តាំងគភ៌ក្រោយអាយុ 35ឆ្នាំនោះ គ្រូពេទ្យនឹងធ្វើការពិនិត្យទឹកភ្លោះដើម្បីវិនិច្ឆ័យទារកក្នុងគភ៌ថា តើមានភាពខុសប្រក្រតីខាងក្រូម៉ូហ្សូមឬទេ?។

    3 . ចង់បានកូនភ្លោះ ប្រុស1 ស្រី1 តើអាចធ្វើបានទេ?

    សំណួរ ៈ នាងខ្ញុំចង់បានកូនភ្លោះបែបប្រុស1 ស្រី1 តើសម័យនេះអាចធ្វើបានឬទេ?

    ចម្លើយ ៈ ការមានកូនភ្លោះ ជាការតាំងគភ៌ដែលមិនប្រក្រតីតាមធម្មជាតិ ដែលនឹងមានបញ្ហាកើតឡើងជាច្រើនក្នុងអំឡុងការមើលថែទាំគភ៌ ដូច្នេះប្រហែលជាពិបាកខ្លាំងណាស់ដែលនឹងមានលោកគ្រូពេទ្យណាម្នាក់ធ្វើបានតាមស្តង់ដារខាងវេជ្ជសាស្រ្តអាចផ្ដល់សេវាកម្មដល់អ្នកស្រីបានតាមតម្រូវការនេះ។ តែបើតាមទ្រឹស្ដីវិញ គឺអាចធ្វើបានដោយការធ្វើបដិសន្ធិខាងក្រៅរាងកាយ ដែលគេហៅថាទារកបំពង់កែវ និងពិនិត្យមើលក្រូម៉ូហ្សូមភេទពេលដែលនៅជាតួកំណើត មុននឹងដាក់ចូលទៅវិញ។ យ៉ាងណាក៏ដោយ ទោះជាដាក់ចូលទៅវិញមែន តែប្រភេទប្រុស1 ស្រី1នេះក៏មិនបានមានន័យថា ទាំងពីរនឹងចម្រើនធំធាត់ប៉ុនៗគ្នាដែរ អាចនឹងស្វិតមួយ ឬស្វិតទាំងពីរក៏មាន(ពិបាកថែទាំ) ហើយថ្លៃចាយវាយដ៏សែនថ្លៃកប់ពពកនោះក៏នឹងក្លាយជាអាសាឥតការទៅដែរ។

    4 . ផ្សែង និងក្លិនបារីបង្កគ្រោះថ្នាក់ដល់ទារកក្នុងគភ៌

    ក្នុងអំឡុងពេលតាំងគភ៌ ស្រ្តីមានគភ៌មិនគួរនៅជិតអ្នកជក់បារីជាដាច់ខាត ដើម្បីភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងផ្ទៃ ព្រោះសារធាតុផ្សេងៗពីផ្សែងបារិដែលអ្នកបានស្រូបចូលទៅដោយមិនបានជក់ដោយខ្លួនឯងនោះ មានផលប៉ះពាល់ខ្លាំងជាងសេពដោយខ្លួនឯងទៅទៀត ព្រោះវានឹងមានផលប៉ះពាល់ទាំងលើការចម្រើនធំធាត់ និងវិវឌ្ឍនាការរបស់ទារកក្នុងគភ៌យ៉ាងពិតប្រាកដ គ្រាន់តែថាតិច ឬច្រើនតែប៉ុណ្ណឹងឯង។ ក្រៅពីនេះនៅមានការសិក្សាស្រាវជ្រាវនៅលើសត្វពិសោធន៍ដែលបានរកឃើញថា បើសិនទទួលបានសារធាតុពុលពីផ្សែងបារី នឹងធ្វើឱ្យងាយនឹងកើតសភាវរលូតបុត្រខ្លាំងឡើង មានឱកាសប្រសូតបុត្រដែលមិនសមប្រកបមុនពេលកំណត់ឬទារកក្នុងគភ៌អាចនឹងកើតមកពិការតាំងពីកំណើតក៏មាន។ វិធីដែលល្អ អ្នកគួរឱ្យស្វាមីរបស់អ្នកចេញទៅជក់បារីនៅខាងក្រៅផ្ទះ ក្នុងកន្លែងដែលស្រឡះ និងហាមជក់បារីនៅក្នុងផ្ទះជាដាច់ខាត រួមទាំងនៅក្នុងរថយន្តដែលអ្នកជិះជាមួយទៀតផង។

    5 . ស្រ្តីមានគភ៌គេងលក់ស្រួល នឹងធ្វើឱ្យទារកក្នុងគភ៌គេងលក់ស្រួលដែរឬទេ?

    ការគេងលក់របស់មាតា ក្រៅពីនឹងជួយមិនឱ្យនឿយល្វើយអស់កម្លាំងហើយ ក្នុងអំឡុងពេលសម្រាកគេងលក់នោះនៅធ្វើឱ្យឱ្យការហូរវិលរបស់លោហិតក្នុងរាងកាយឆ្ពោះទៅរកស្បូនដំណើរការបានល្អផងដែរ ធ្វើឱ្យទារកក្នុងគភ៌បានទទួលសារធាតុអាហារ និងអុកស៊ីហ្ស៊ែនក្នុងបរិមាណដែលគ្រប់គ្រាន់នឹងតម្រូវការក្នុងការចម្រើនធំធាត់ឡើងនៅក្នុងគភ៌។ ខណៈពេលជាមួយគ្នា នៅពេលដែលស្រ្តីមានគភ៌គេងលក់ស្រួល រាងកាយក៏នឹងសម្រាក ផ្លូវចិត្តក៏នឹងធូរស្រាលដូចគ្នា ទារកពិតជានឹងបានដឹងតាំងពីនៅក្នុងគភ៌អំពីសេចក្ដីសុខរបស់មាតាដែលកំពុងពពោះ ទារកក៏នឹងមានសេចក្ដីសុខសប្បាយទៅជាមួយដែរ ធ្វើឱ្យមានវិវឌ្ឍនាការខួរក្បាលល្អ។ ដូច្នេះហើយទើបកុមារដែលកើតចេញពីម្ដាយដែលមានសេចក្ដីសុខកាយសប្បាយចិត្ត មិនធុញថប់តានតឹងខឹងច្រើន និងគេងសម្រាកបានគ្រប់គ្រាន់គឺជាកុមារដែលងាយស្រួលចិញ្ចឹម និងមានសុខភាពរឹងមាំល្អហ្នឹងឯង៕

    (នៅមានត)

  • ទោះអាយុច្រើន ក៏មានគភ៌ដោយសុវត្ថិភាពបានដែរ…

    ទោះអាយុច្រើន ក៏មានគភ៌ដោយសុវត្ថិភាពបានដែរ…

    ដោយឡៃហ្វ៍ស្តាយល៍របស់ស្រ្តីសម័យថ្មីដែលនៅមានអារម្មណ៍សប្បាយ និងចង់សាកល្បងជាមួយជីវិតការធ្វើការងារឱ្យបានយូរ ឬអ្នកខ្លះទៀតជានាងក្រមុំរើសច្រើនដែលនៅមិនទាន់ជួបបុរសត្រូវចិត្តនោះ ធ្វើឱ្យការសាងក្រុមគ្រួសារ និងការរៀបការក្រកើតឡើង ឱកាសក្នុងការនឹងមានបញ្ហាពាក់ព័ន្ធជាមួយការតាំងគភ៌ និងបញ្ហាផ្នែកសុខភាពរបស់ទារកពិតជាមានភាពអាចទៅរួចខ្ពស់។

    វេជ្ជបណ្ឌិតជំនាញផ្នែកស្រ្តី និងសម្ភពបានឱ្យដឹងថា ស្រ្តីដែលតាំងគភ៌នៅពេលខ្លួនអាយុច្រើន មានភាពប្រថុយប្រថានខ្ពស់ដោយសារកូននឹងកើតភាពខុសប្រក្រតីរបស់ចំនួនក្រូម៉ូហ្សូមដែលនឹងនាំឆ្ពោះទៅរកក្រុមអាការរលូតបាន ដោយសារតែការធ្វើការរបស់សម្បុកស៊ុតញីនឹងចុះខ្សោយនៅពេលស្រ្តីមានអាយុច្រើនឡើង ជាពិសេសក្នុងអំឡុងអាយុ 35ឆ្នាំឡើងទៅ ដោយពេទ្យនឹងផ្ដល់ការណែនាំ ដើម្បីជោះយកទឹកភ្លោះមកពិនិត្យរកមើលភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូមក្នុងអំឡុងអាយុគភ៌ប្រមាណ 17 – 22សប្ដាហ៍។ ស្រ្តីមានគភ៌គួរប្រាប់ និងប្រឹក្សាសុំការណែនាំពីគ្រូពេទ្យដើម្បីបានទទួលព័ត៌មានអំពីការតាំងគភ៌របស់ខ្លួនឱ្យបានច្រើនបំផុត និងពិភាក្សារួមគ្នាអំពីភាពប្រថុយប្រថានដែលអាចនឹងកើតឡើងចំពោះទារក និងការថែទាំរក្សាដែលត្រឹមត្រូវជាបន្ត។

    ក្រៅពីនេះ ការតាំងគភ៌នៅពេលអាយុច្រើន នៅធ្វើឱ្យកើតបញ្ហាទងសុកធ្លាក់ចុះទាប ទងសុករបកមុនពេលប្រសូត អ្នកខ្លះអាចកើតភាពខុសប្រក្រតីរបស់សរសៃឈាមដែលហូរទៅចិញ្ចឹមនៅទងសុក និងខ្លួនទារក ដែលជាហេតុធ្វើឱ្យទារកមានខ្លួនតូច និងមានសភាវក្រធំ ឬធំយឺតនៅក្នុងគភ៌ពិតជាអាចកើតឡើងខ្ពស់ ឬស្រ្តីខ្លះទៀតកើតរោគទឹកនោមផ្អែមខណៈមានគភ៌ដែលនឹងរកឃើញថា ទារកនឹងមានខ្លួនធំ និងពិបាកប្រសូតធ្វើឱ្យធ្លាក់ឈាមច្រើនក្រោយពេលប្រសូតបាន។

    ការពិនិត្យសុខភាពមុនពេលតាំងគភ៌មានភាពចាំបាច់ និងជួយកាត់បន្ថយក្ដីកង្វល់បានច្រើន ដោយសារតែដល់ពេលអាយុច្រើនឡើង ក៏នឹងមានជំងឺលើសឈាម ឬទឹកនោមផ្អែមខណៈពេលមានគភ៌កើតឡើងដែរ ហើយបើមានគភ៌នៅពេលអាយុច្រើនជាង 25ឆ្នាំផងនោះ នឹងកើតជំងឺទឹកនោមផ្អែម និងលើសឈាមខ្លាំងជាងមនុស្សទូទៅដល់ទៅ 2ដង ដូច្នេះការឃុំគ្រងការពារជំងឺមុនការតាំងគភ៌នឹងជួយកាត់បន្ថយជំងឺជ្រៀតជ្រែកទាំងនោះបាន៕

  • ភាពសំខាន់ 5យ៉ាងរបស់ថ្លើម

    ភាពសំខាន់ 5យ៉ាងរបស់ថ្លើម

    «បើនឹងប្រៀបធៀបឱ្យងាយយល់ ថ្លើមប្រៀបដូចជាអាគុយខ្នាតធំបំផុតនៅក្នុងរាងកាយ ដោយមានទម្ងន់ប្រមាណជា 1.2គីឡូក្រាម ជាបន្ទះតគ្នា តែបែងចែកជាបន្ទះខាងស្ដាំ និងបន្ទះខាងឆ្វេង ស្ថិតនៅក្នុងប្រអប់ពោះផ្នែកខាងលើក្រោមឆ្អឹងជំនីខាងស្ដាំ»

    ក្រៅពីលក្ខណៈខាងកាយវិភាគវិទ្យាដែលច្បាស់លាស់ហើយ ថ្លើមនៅមានតួនាទីសំខាន់ជាច្រើនយ៉ាងទៀត ៈ

    1 . ផលិតសារធាតុអាហារ និងសារធាតុចាំបាច់

    នៅពេលថ្លើមទទួលឈាមពីប្រព័ន្ធរំលាយអាហារដោយឆ្លងកាត់សរសៃឈាមខ្មៅធំ(Portal Vein)មកហើយ ឈាមនឹងហូរចូលទៅក្នុងសរសៃឈាមតូចៗ និងប៉ះពាល់ជាមួយកោសិកាថ្លើម កើតការបំប្លែងសារធាតុអាហារ ទាំងកាបូហាយដ្រេត ប្រូតេអ៊ីន ខ្លាញ់ និងវីតាមីន ឱ្យស្ថិតនៅក្នុងរូបរាងដែលរាងកាយអាចយកទៅប្រើការបាន។ បន្ទាប់ពីនោះសារធាតុអាហារដែលបំប្លែងហើយនឹងហូរចេញមកពីថ្លើមតាមរយៈសរសៃឈាម អេប៉ាទិក(Hepatic Vein)ចូលទៅក្នុងបេះដូង និងបឺតបាញ់ទៅចិញ្ចឹមរាងកាយជាបន្ត។

    ឧទាហរណ៍របស់សារធាតុអាហារដែលថ្លើមធ្វើការបំប្លែងដើម្បីឱ្យស័ក្តិសមនឹងការនាំយកទៅប្រើការ មានដូចជា បំប្លែងពីម្សៅ និងស្ករទៅជាគ្លុយខូស បំប្លែងពីខ្លាញ់ទៅជាខូលេស្តេរ៉ូល(ទាំងប្រភេទល្អ និងមិនល្អចំពោះរាងកាយ) រួមទាំងសាងប្រូតេអ៊ីនសំខាន់ៗច្រើនប្រភេទ មានជាអាទិ៍ អ៊ែលបូមីន ឬប្រូតេអ៊ីនស៊ុតស មានតួនាទីសំខាន់ក្នុងការបន្ថយអាការហើមដោយសារទឹក។

    ក្រៅពីសារធាតុអាហារដែលចាំបាច់ដល់ការធ្វើការងាររបស់រាងកាយហើយ ថ្លើមនៅបានផលិតសារធាតុសំខាន់ផ្សេងៗទៀតដូចជា សារធាតុការពារការបង្កកខ្លួនរបស់ឈាម ជាដើម។

    2 . ប្រមូលសន្សំអាហារ

    ក្រៅពីមានតួនាទីផលិតសារធាតុអាហារដើម្បីនាំយកទៅប្រើប្រាស់ហើយ ថ្លើមថែមទាំងជាប្រភពប្រមូលសន្សំអាហារដែលនៅមិនទាន់បានប្រើប្រាស់ទៀតផង ដោយវេជ្ជបណ្ឌិតជំនាញខាងរោគថ្លើមបានអធិប្បាយថា នៅពេលថ្លើមផលិត ក្លុយខូសពីកាបូហាយដ្រេតបានច្រើនជាងបរិមាណដែលរាងកាយត្រូវការប្រើហើយនោះ ថ្លើមនឹងបំប្លែងគ្លុយខូសទាំងនោះទៅជាក្លៃខូជេន(Glycogen) និងសន្សំទុកដើម្បីធ្វើជាថាមពលបម្រុង បើសិននៅពេលណាកម្រិតគ្លុយខូសក្នុងរាងកាយធ្លាក់ចុះទាប ថ្លើមនឹងបំប្លែងក្លៃខូជេនដែលសន្សំទុកនោះទៅជាគ្លុយខូសវិញ និងបញ្ជូនទៅចិញ្ចឹមផ្នែកផ្សេងៗរបស់រាងកាយភ្លាម។

    ក្រៅពីនេះ ថ្លើមថែមទាំងជាប្រភពរក្សាទុកវីតាមីនសំខាន់ៗ ដូចជា វីតាមីន A វីតាមីន D វីតាមីន E វីតាមីន K និងវីតាមីន B12 រួមទាំងសារធាតុរ៉ែដែលចាំបាច់ចំពោះរាងកាយ ដូចជា ស័ង្កសី ដែក ម៉ាញេស្យូម និងទង់ដែង ដោយនឹងបញ្ចេញឆ្ពោះទៅក្រសែឈាមក្នុងគ្រាដែលរាងកាយចាំបាច់ត្រូវប្រើ។

    – ផលិតទឹកប្រមាត់

    ថ្លើមថែមទាំងមានតួនាទីសំខាន់ក្នុងការផលិតទឹកប្រមាត់ទៀតផង។ ទឹកប្រមាត់ពិតជាមានប្រយោជន៍ណាស់ ព្រោះមានតួនាទីជួយរំលាយអាហារប្រភេទខ្លាញ់ជាចម្បង។ ក្រោយពីថ្លើមផលិតទឹកប្រមាត់ហើយ នឹងបញ្ជូនតាមរយៈបំពង់ទឹកប្រមាត់ចេញទៅរួមគ្នានៅក្នុងថង់ទឹកប្រមាត់ ដែលនៅជាប់នឹងពោះវៀនតូចផ្នែកគល់។ នៅពេលញ៉ាំអាហារប្រភេទខ្លាញ់ ថង់ទឹកប្រមាត់នឹងច្របាច់ខ្លួនបញ្ចេញទឹកប្រមាត់ចុះទៅរំលាយខ្លាញ់នៅក្នុងពោះវៀន។

    តាមរយៈតួនាទីសំខាន់នេះ ធ្វើឱ្យអ្នកដែលមានបញ្ហារោគថ្លើមភាគច្រើននឹងឆ្អល់ពោះពេលញ៉ាំអាហារខ្លាញ់ៗ។ បើថ្លើមមិនបញ្ចេញទឹកប្រមាត់ចេញមក វីតាមីនមួយចំនួនក៏ត្រូវបឺតជ្រាបយកដោយខ្លាញ់ ដូចជា វីតាមីន A វីតាមីន D វីតាមីន E វីតាមីន K ក៏នឹងធ្វើឱ្យមានបរិមាណទាបតិចរហូតលែងគ្រប់គ្រាន់សម្រាប់ការនាំយកទៅប្រើ។

    4 . កម្ចាត់វត្ថុសំណល់ និងសារធាតុពុល

    តួនាទីសំខាន់ម្យ៉ាងទៀតរបស់ថ្លើមគឺ ការកម្ចាត់វត្ថុសំណល់ចេញពីរាងកាយ។ ជាប្រក្រតីរាងកាយរបស់យើង មានអវយវៈច្រើនយ៉ាងដែលជួយក្នុងការកម្ចាត់វត្ថុសំណល់ ដូចជាក្រលៀនបញ្ចេញវត្ថុសំណល់តាមទឹកមូត្រ ស្បែកក៏បញ្ចេញតាមរយៈញើស ថ្លើមក៏ដូចគ្នា ដោយបញ្ចេញកាកសំណល់តាមរយៈទឹកប្រមាត់។ ក្រៅពីវត្ថុសំណល់ដែលកើតចេញពីកម្មវិធីខាងក្នុងរាងកាយហើយ ថ្លើមថែមទាំងមានតួនាទីបញ្ចេញសារធាតុពុល ឬតុកស៊ីនដែលកើតចេញពីការដុតបំផ្លាញជាតិអាល់កុល ថ្នាំប្រភេទខ្លះ មេរោគ រួមទាំងសារធាតុពុលពីរុក្ខជាតិទៀតផង។​

    5 . កម្ទេចកោសិកាផុតអាយុ

    ក្រៅពីកម្ចាត់វត្ថុសំណល់ និងសារធាតុពុលផ្សេងៗហើយ ថ្លើមនៅបំពេញតួនាទីជួយប្ដូរសភាពសារធាតុផ្គុំរបស់កោសិកាគ្រាប់ឈាមដែលចុះខ្សោយ ឬខូចឱ្យអាចបញ្ចេញចោលពីរាងកាយតាមលាមកបានទៀតផង។

    ការដែលថ្លើមត្រូវទទួលបន្ទុកភារកិច្ចច្រើនបែបនេះ បើសិនជាថ្ងៃណាមួយកើតមានភាពខុសប្រក្រតីចំពោះថ្លើម តើវានឹងហុចផលប៉ះពាល់ដល់រាងកាយយ៉ាងណាទៅ?៕

  • នៅពេលកូនតូចឈានចូលខែទី 11

    នៅពេលកូនតូចឈានចូលខែទី 11

    ខែទី 11

    លក្ខណៈរបស់កូនតូច

    – ធ្មេញរបស់កូនតូច

    ក្មេងខ្លះដែលធ្មេញដុះឡើងខាងមុខ 2គ្រាប់លើ និង 2គ្រាប់ក្រោមហើយ រយៈពេលនេះនឹងមានធ្មេញដុះឡើងខាងៗ 2គ្រាប់លើទៀត ក្លាយជាធ្មេញលើ 4គ្រាប់ តែក្មេងខ្លះធ្មេញលើ 2គ្រាប់កណ្ដាលនៅមិនទាន់ដុះឡើង ធ្វើឱ្យមានប្រឡោះនៅកណ្ដាល។ តែយ៉ាងណាក៏ដោយ នៅទីបំផុតធ្មេញ 2គ្រាប់កណ្ដាលក៏នឹងដុះឡើង ហើយក្មេងនឹងមានធ្មេញលើ ធ្មេញក្រោមមួយយ៉ាងៗ 4គ្រាប់។

    – ពេលវេលាគេងរបស់កូន

    ពេលវេលាគេងរបស់ក្មេងម្នាក់ៗខុសពីគ្នា។ វ័យនេះមានក្មេងចំនួនដ៏ច្រើនដែលធ្លាប់គេងពេលថ្ងៃ 2ដង ហើយនឹងបន្ថយបន្តិចម្ដងៗមកនៅសល់ត្រឹមតែមួយដង។ ក្មេងខ្លះគេងម្ដងៗកន្លះម៉ោង តែគេងញឹកញាប់មួយថ្ងៃ 3 – 4ដងក៏មាន។ ពេលភ្ញាក់ព្រឹកឡើងក៏ខុសគ្នាដែរ ក្មេងខ្លះបើកភ្នែកឡើងពេលម៉ោង 6ព្រឹក លុះបានមឹមៗហើយក៏លក់បន្តដល់ម៉ោង 8 – 9ព្រឹក។ ក្មេងខ្លះគេងរហូតតាំងពីម៉ោង 10យប់ដល់ម៉ោង 8ព្រឹក។ ក្មេងអាចភ្ញាក់មកនោម ហើយលក់បន្តពេលបានបៅទឹកដោះហើយ តែក្មេងខ្លះគេងលក់ស្រួល ទោះខោ ឬកន្ទបសើម រហូតផ្លាស់ឱ្យក៏មិនភ្ញាក់ដែរ។

    – ដល់ពេលញ៉ាំអាហារបន្ថែម

    អាហារក្នុងវ័យនេះ ខុសគ្នាទៅតាមស្ថានភាពជុំវិញខ្លួន និងតម្រូវការរបស់ក្មេង គ្មានការកំណត់ច្បាស់ៗថា ក្មេងក្នុងវ័យនេះត្រូវតែញ៉ាំបាយប៉ុន្មានកូនចាន ទឹកដោះគោប៉ុន្មានដបនោះទេ តារាងបញ្ជីអាហារបន្ថែមគ្រាន់តែជាការណែនាំសម្រាប់អ្នកម្ដាយប៉ុណ្ណោះ ។ បើកូនមិនញ៉ាំអាហារដូចដែលបានណែនាំ តែកូននៅរឹងប៉ឹងមាំមួនល្អ ទម្ងន់ខ្លួនកើនឡើងជាមធ្យមក្នុងមួយថ្ងៃពី 5 – 10ក្រាម អ្នកម្ដាយក៏មិនចាំបាច់កង្វល់ឡើយ។

    កូនក្នុងវ័យនេះមានទាំងញ៉ាំអាហារបន្ថែម 2ពេល និងម្ហូបគួរសង្កត់ធ្ងន់លើស៊ុត សាច់ត្រី ឬសាច់សត្វកិនម៉ដ្ឋ ដើម្បីកុំឱ្យខ្វះប្រូតេអ៊ីនពីសត្វ។ កូនវ័យនេះនៅឱ្យបៅទឹកដោះក្នុងមួយថ្ងៃមិនតិចជាង 500 cc(កន្លះលិត្រ) អ្វីដែលសំខាន់បំផុតក្នុងការឱ្យញ៉ាំអាហារគឺ “កុំបង្ខំ” គួរឱ្យកូនញ៉ាំយ៉ាងមានសេចក្ដីសុខ និងបន្ថែមបរិមាណសន្សឹមៗតាមតម្រូវការរបស់កូន មិនមែនថា អាយុកើនឡើង ត្រូវតែបន្ថែមអាហារឱ្យប៉ុននេះប៉ុននោះតាមក្នុងតារាងបញ្ជីឡើយ។

    – រឿងដែលត្រូវហាម

    ឪពុកម្ដាយគួរបន្ទោសកូនពេលកូនធ្វើអ្វីដែលមិនល្អ ដូចជា កូនគប់នំប៉័ងដែលកាន់នៅក្នុងដៃទៅដី ឪពុកម្ដាយគួរធ្វើឱ្យកូនដឹងថា ធ្វើបែបហ្នឹងមិនល្អទេ។ លើកដំបូងគួរបន្ទោសដោយទឹកមុខ និងពាក្យសម្ដីថា “ធ្វើអ៊ីចឹងអត់បានទេ” បើកូនធ្វើហាក់ដូចជាចង់ធ្វើទៀត ត្រូវស្រែកដាស់តឧនជាមុនថា “អត់បានទេណា៎”។ ដល់ពេលកូនយល់ពីអ្វីដែលម្ដាយហាម ហើយឈប់គប់នំប៉័ងលេង ម្ដាយត្រូវសរសើរថា “ល្អណាស់”។ សម្រាប់កូនតូចៗ អ្វីល្អ ឬមិនល្អមើលតាមរយៈទឹកមុខម្ដាយថា តើញញឹម ឬធ្វើមុខមាំ។ អ្នកម្ដាយខ្លះមិនបន្ទោស ព្រោះគិតថាទោះជាបន្ទោសទៅ ក៏កូនមិនដឹងរឿងអីដែរ។ ទោះជាកូននៅមិនទាន់ដឹងថា អ្វីល្អ មិនល្អក៏ដោយ តែក៏កូនមានភាពឆាប់ដឹងពីអារម្មណ៍របស់ម្ដាយដែរ តែការធ្វើមុខមាំបន្ទោស សំឡេងបន្ទោសដើម្បីហាមកូនត្រូវយូរៗធ្វើម្ដងទើបបានផលល្អ និងជ្រើសរើសបន្ទោសតែក្នុងរឿងដែលគ្រោះថ្នាក់ប៉ុណ្ណោះ និងមិនគួរប្រើវិធីវាយទះតប់ ឬធ្វើឱ្យកូនឈឺសាច់ពេលធ្វើខុសនោះឡើយ។

    – ពេលកូនមានរបួស

    បើកូនរអិលដួល ធ្លាក់ពីទីខ្ពស់ បោកក្បាលមានរបួស ចូរយកបង់រុំរបួសមកសង្កត់ពីលើស្នាមរបួស ហើយនាំទៅរកពេទ្យ។ បើមានរបួសរលាត់ដាច់ ឬមានឈាមហូរចេញមកសើមៗ ចូរលាងមុខរបួសនឹងសាប៊ូ ប្រើអាល់កុលជូតជុំវិញ ហើយប្រើថ្នាំក្រហមលាបលើមុខរបួស មិនបាច់បិទដោយបង់បិទរបួសទេ។

    – ធាត់លើសកម្រិត

    មានទ្រឹស្ដីមួយនិយាយថា ចំនួនកោសិកាខ្លាញ់ក្រោមស្បែកនឹងត្រូវសាងឡើងក្នុងរយៈពេលមួយឆ្នាំដំបូង បើក្មេងណាធាត់ជ្រុលពេកមុនអាយុ 1ឆ្នាំ ច្រើនតែនឹងក្លាយជាក្មេងងាយធាត់រហូតមួយជីវិត។ គួរថ្លឹងទម្ងន់កូនរៀងរាល់ 10ថ្ងៃម្ដង ទម្ងន់ខ្លួនកើនឡើងជាង 200ក្រាម បានន័យថា ធាត់លឿនពេកហើយ ត្រូវគ្រប់គ្រងអាហារ ដូចជាបន្ថយអាហារពពួកម្សៅ ដូចជាបាយ នំប៉័ង តែម្ហូបអាចនៅឱ្យញ៉ាំប៉ុនពីមុនបាន។

    – នៅពេលកូនថ្នឹកប្រើដៃឆ្វេង

    អ្នកម្ដាយអាចសង្កេតឃើញថា នៅពេលកូនលេងរបស់លេង ហុចដៃមកទទួលនំដែលគេឱ្យ ពេលកាន់ស្លាបព្រា កូនតែងលើកដៃឆ្វេងឡើងមុនជានិច្ច ដែលនេះគឺជារឿងប្រក្រតីរបស់ក្មេង មិនមែនដោយសារតែប្រើដៃឆ្វេងច្រើន ទើបធ្វើឱ្យថ្នឹកដៃឆ្វេងនោះទេ។ អ្នកម្ដាយមិនគួរព្យាយាមឱ្យកូនឈប់ប្រើដៃឆ្វេង ហើយប្រើដៃស្ដាំម្ដងវិញឡើយ ព្រោះការថ្នឹកប្រើដៃឆ្វេង ឬស្ដាំវាជាលក្ខណៈដោយឡែករបស់ក្មេង មិនមែនជារឿងអាក្រក់នោះទេ។ មិនគួរស្ដីបន្ទោសកូន តែគួរបណ្ដោយឱ្យកូនប្រើដៃខាងដែលថ្នឹកនោះទៅ បើចង់ឱ្យហាត់សរសេរអក្សរដោយដៃស្ដាំ ចាំឱ្យហាត់ពេលកូនចូលសាលារៀនហើយក៏បាន។ ដូច្នេះមិនថាកូននឹងប្រើដៃខាងណាក៏ដោយ អ្នកម្ដាយគួរឱ្យកូនបានប្រើយ៉ាងពេញលេញ ទើបជាការគាំទ្រឱ្យកូនកើតមានភាពចង់ធ្វើអ្វីៗក៏ធ្វើដោយខ្លួនបានល្អតទៅទៀត។

    – វិវឌ្ឍនាការរបស់កូន

    . រាងកាយ

    – ប្រើដៃរុញខ្លួនឱ្យក្រោកឡើងមក និងឱនខ្លួនចុះពេលកំពុងឈរបាន។

    – អង្គុយចោងហោងបានកាន់តែថ្នឹកខ្លាំងឡើង។

    – ចាប់ខ្មៅដៃគូសវាសទៅមកបាន។

    – ក្មេងខ្លះអាចទាញស្រោមជើងចេញជើងបានដោយខ្លួនឯង។

    – ចេះប្រើដៃទាំងពីរធ្វើអ្វីៗមិនដូចគ្នាបានហើយ ដូចជា ដៃម្ខាងកាន់របស់លេងមួយ ដៃម្ខាងទៀតលេងរបស់លេង ឬគប់របស់លេងមួយទៀតបាន។

    – សង្គមជុំវិញខ្លួន

    . ស្គាល់អត្ថន័យរបស់ពាក្យថា “ទេ”។

    . កាន់តែពូកែបដិសេធអ្វីដែលខ្លួនឯងមិនត្រូវការខ្លាំងឡើង។

    . ចេះធ្វើត្រាប់សំឡេងបានកាន់តែពូកែឡើង ដូចជានិយាយពាក្យថា “ម៉ាក់ៗ” ឬ “តស់ៗ” ជាដើម។

    – ចេះស្ដាប់ពាក្យបញ្ជាច្រើនឡើង និងចេះបញ្ឈប់ទង្វើរបស់ខ្លួនឯងបាន។

    – លេងជាមួយកូនឱ្យបានញឹកញាប់

    . កូនវ័យនេះចេះប្រើដៃបានថ្នឹកហើយ គួរលេងបោះបាល់ហើយឱ្យកូនរត់តាមទៅយកបាល់មកវិញ ឬរកខ្មៅដៃពណ៌ឱ្យកាន់ និងសាកល្បងចាប់ដៃកូនគូសអូស ផាត់ពណ៌លើក្រដាស។

    . កូនច្រើនតែចូលចិត្តលេងជាមួយរបស់របរប្រើប្រាស់ក្នុងផ្ទះខ្លាំងជាងរបស់លេងដែលទិញមកឱ្យ ក្មេងខ្លះចូលចិត្តមើលរូបភាព ជាពិសេសសៀវភៅដែលមានរូបភាពធំៗស្រួលមើល។

    . បើកូនចាប់ផ្ដើមហាត់ដើរ ចូររកពេលនាំកូនទៅដើរនៅក្នុងបរិវេណសួនច្បារសាធារណៈផង៕

  • “ជ្រុញ” នឹងបង្កគ្រោះថ្នាក់ដល់សុខភាព បើប្រើប្រាស់ និងទុកដាក់មិនត្រូវវិធី

    “ជ្រុញ” នឹងបង្កគ្រោះថ្នាក់ដល់សុខភាព បើប្រើប្រាស់ និងទុកដាក់មិនត្រូវវិធី

    ខណៈដែលការយកចិត្តទុកដាក់លើរឿងសុខភាពកំពុងតែត្រូវបានចាប់អារម្មណ៍ខ្លាំង ហើយមនុស្សជាច្រើនបានងាកយកចិត្តទុកដាក់លើការធ្វើម្ហូបអាហារញ៉ាំដោយខ្លួនឯងនៅក្នុងចង្រ្កានវិញម្ដងនោះ ក្រៅពីឆ្នាំង ចាន ខ្ទះ វែក និងកាំបិតធ្វើបន្លែសាច់ហើយនោះ នៅមានវត្ថុសំខាន់មួយទៀត និងមិនអាចខ្វះបាននោះគឺ “ជ្រុញ”។ តើនៅក្នុងផ្ទះរបស់អ្នក មានជ្រុញប៉ុន្មានដែរ? បើឆ្លើយថា មានតែ 1 គត់! អ្នកគ្រូ ឆវីប្រហែលជាត្រូវប្រាប់ថា នោះគឺជារឿងគ្រោះថ្នាក់ហើយ។

    ព្រោះ “ជ្រុញ” ជាឧបករណ៍ផ្ទះបាយដ៏សំខាន់មួយក្នុងការរៀបចំបន្លែត្រីសាច់ដើម្បីត្រៀមចម្អិន ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអាហារទាំងនៅឆៅ និងឆ្អិនអាចញ៉ាំបានផង ដូច្នេះបើសិនអ្នកត្រៀមម្ហូបអាហារមិនបានមើលថែទាំ សម្អាតជ្រុញឱ្យបានស្អាតល្អទេនោះ ជ្រុញអាចនឹងកខ្វក់ រហូតបង្កើតជាមេរោគឡើង និងអាចធ្វើឱ្យអ្នកបរិភោគម្ហូបអាហារនោះកើតអាការឈឺថ្កាត់បាន។

    “ជ្រុញ” អាចបង្ករោគបានមែនឬ?

    អ្នកជំនាញក្នុងស្ថាប័នភោជនាហារក្នុងប្រទេសថៃ បាននិយាយថា បន្ទះជ្រុញមិនបានបង្កឱ្យកើតមេរោគអ្វីដល់រាងកាយទេ តែវិធីការប្រើប្រាស់ជ្រុញ រួមទាំងការថែទាំរក្សាទុកដាក់ជ្រុញមិនបានល្អ អាចបង្កឱ្យកើតរោគាព្យាធិបាន។ វិធីដែលអាចបង្កឱ្យកើតជាជំងឺគឺ ការហាន់សាច់សត្វឆៅៗនៅលើជ្រុញជាមុន រួចតាមដោយបន្លែ ឬផ្លែឈើស្រស់ៗ អាចធ្វើឱ្យមេរោគពីសាច់សត្វឆៅ(ដែលមិនទាន់ឆ្លងកាត់ការស្ងោរឱ្យឆ្អិនសម្លាប់មេរោគ)មកជាប់នៅលើបន្លែ ឬផ្លែឈើស្រស់ទាំងនោះ ហើយបើទទួលទានបន្លែផ្លែឈើទាំងនោះទាំងស្រស់ ដោយមិនបានឆ្លងកាត់កម្ដៅដែលខ្លាំងគ្រប់គ្រាន់នោះ អាចនឹងធ្វើឱ្យយើងបានទទួលមេរោគ ឬអតិសុខុមប្រាណទាំងនោះចូលមកក្នុងរាងកាយដោយងាយ។

    ក្រៅពីនេះ ជ្រុញដែលចាស់ និងប្រើមកយូរឆ្នាំហើយ បើសិនលាងសម្អាតមិនបានស្អាតល្អ អាចមានភាពប្រថុយប្រថានក្នុងការជួបមេរោគនៅតាមកន្លុកកន្លៀតសាច់ឈើដែលប្រេះបែក ឬតាមស្នាមមុខកាំបិតដែលមុតនៅលើជ្រុញប្លាស្ទិក បើយើងញ៉ាំអាហារដែលប្រឡាក់ប្រឡូសមេរោគពីជ្រុញចូលទៅក្នុងរាងកាយ អាចធ្វើឱ្យយើងមានអាការរាករូស ដូចជា ៈ

    – មេរោគ អ៊ីខូឡៃ ដែលមកពីសាច់សត្វឆៅៗ ធ្វើឱ្យកើតអាការរាករូស។

    – មេរោគ សាល់ម៉ូនេលឡា ដែលមកពីសាច់សត្វស្លាបឆៅ ដូចជា សាច់មាន់ ស៊ុត រួមទាំងសាច់គោ និងបន្លែផ្លែឈើដែលមិនបានលាងសម្អាត អាចបណ្ដាលឱ្យចុកពោះ គ្រុនក្ដៅ ក្អួតចង្អោរបាន។

    – មេរោគដែលសាងសារធាតុពុល ដូចជា អាហ្វ្លាតុកស៊ីន និងបើកើតមានការប្រមូលសន្សំនៅក្នុងរាងកាយយូរទៅ អាចបង្កឱ្យកើតរោគមហារីកបាន។

    -មេរោគ លីស្្ទីរៀ ម៉ូណូសៃតូជីនេស ច្រើនប្រទះឃើញនៅក្នុងអាហារដែលប្រឡាក់ប្រឡូសក្នុងទឹកកខ្វក់ ឬលាមកមនុស្ស និងសត្វ អាចធ្វើឱ្យប្រថុយប្រថានដល់ការកើតរោគ Listeriosis លោហិតមានជាតិពុល និងរលាកសាច់ភ្នាសខួរក្បាល និងបំផ្លាញប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយ។

    ជ្រុញឈើ និងជ្រុញប្លាស្ទិក

    អ្នកជំនាញការបានបញ្ជាក់ថា ជ្រុញមានទាំងធ្វើពីប្លាស្ទិក ឈើ និងអាចធ្វើពីវត្ថុផ្សេងទៀតផងដែរ។ ចំណុចល្អរបស់ជ្រុញប្លាស្ទិកគឺ មានតម្លៃថោក ជាប់បានយូរ តែចំណុចមិនល្អរបស់វាគឺ មានភាពប្រថុយក្នុងការសឹកដាច់ និងមានការលាយឡំសាច់ប្លាស្ទិកចូលទៅក្នុងអាហារ។ ចំណែកឯចំណុចល្អរបស់ជ្រុញឈើគឺ ជ្រុញឈើជាវត្ថុពីធម្មជាតិ នៅពេលមានការសឹកដាច់ ហើយលាយឡំចូលទៅក្នុងអាហារ ក៏រាងកាយរបស់យើងមិនមានគ្រោះថ្នាក់អ្វីដែរ តែចំណុចមិនល្អរបស់ជ្រុញឈើគឺ ឆាប់សឹក សាច់ឈើមានប្រហោង ឬរន្ធច្រើន បៀមសំណើមយូរធ្វើឱ្យមានការប្រមូលសន្សំរបស់មេរោគ ឬអតិសុខុមប្រាណច្រើនជាងជ្រុញប្លាស្ទិក។

    វិធីលាងសម្អាត និងថែរក្សាទុកដាក់ជ្រុញយ៉ាងត្រឹមត្រូវ

    – គួរលាងសម្អាតជ្រុញទាំងមុន និងក្រោយពីប្រើការហើយ។

    – ត្រូវកម្ចាត់កំណកខ្លាញ់នៅលើជ្រុញដោយទឹកសាប៊ូលាងចាន ហើយលាងចេញដោយទឹកស្អាត ឬប្រើទឹកខ្មេះ ទឹកក្រូចឆ្មារក្នុងការសម្លាប់មេរោគដែលតោងជាប់នៅលើជ្រុញ តែមិនគួរប្រើដែកដុសឆ្នាំងដុសសម្អាតលើជ្រុញឡើយ ព្រោះអាចនឹងធ្វើឱ្យកើតមានស្នាមដាច់ជ្រៅនៅលើសាច់ជ្រុញដែលអាចក្លាយជាប្រភពប្រមូលសន្សំមេរោគបាន។

    – ហាមប្រើក្រណាត់កខ្វក់ជូត ព្រោះអាចនឹងក្លាយជាការនាំមេរោគមកប្រឡាក់ជាប់នឹងអាហារបាន។

    – កុំភ្លេច! ត្រូវប្រើជ្រុញផ្សេងៗពីគ្នាសម្រាប់ហាន់សាច់សត្វឆៅ សម្រាប់ហាន់បន្លែផ្លែឈើ និងសម្រាប់ហាន់អាហារដែលចម្អិនឆ្អិនហើយ។

    – ជ្រុញដែលមិនបានប្រើការ គួរមានគម្របគ្របដើម្បីការពារសត្វរុញមករោម និងទុកដាក់នៅលើកន្លែងដែលខ្ពស់។

    – បើជាជ្រុញឈើ ចូរយកទៅដាក់ហាលថ្ងៃឱ្យបានញឹកញាប់ ដើម្បីការពារកុំឱ្យកើតមេរោគផ្សិត និងយកទៅទុកនៅពេលដែលជ្រុញស្ងួតល្អ៕

  • កូនមិនព្រមទៅសាលារៀន ឪពុកម្ដាយគួរធ្វើយ៉ាងណា?

    កូនមិនព្រមទៅសាលារៀន ឪពុកម្ដាយគួរធ្វើយ៉ាងណា?

    មិនព្រមទៅសាលារៀន…ក្មេងជំនាន់ថ្មីនេះមានបញ្ហានេះកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ នេះក៏ដោយសារតែឪពុកម្ដាយចិញ្ចឹមកូនឱ្យរស់នៅស្រួល និងនៅចាំជួយកូនស្ទើរតែគ្រប់រឿង ខណៈពេលជាមួយគ្នាឪពុកម្ដាយខ្លះក៏មានការបង្ខំ ឬប្រញាប់បញ្ជូនឱ្យឆាប់ទៅសាលារៀនពេក ដោយមិនមើលពីសមត្ថភាពរបស់ក្មេងជាចម្បង។ ព្យាយាមបង្ខំ ឬជំរុញឱ្យក្មេងអានសៀវភៅ ឱ្យសរសេរអក្សរច្រើនៗតាំងពីអាយុ 4 – 5ឆ្នាំ ឱ្យគិតលេខឱ្យបាន…ហើយបើយ៉ាងហ្នឹងៗ តើមិនឱ្យក្មេងយំចង់តែនៅផ្ទះ មិនចង់ទៅសាលាយ៉ាងម៉េចនឹងបាន?

    ក្មេងមិនចង់ទៅសាលារៀនមានមូលហេតុមកពីអ្វី?

    1 . វិតក្កកង្វល់ ខ្លាចការព្រាត់ប្រាសពីឪពុកម្ដាយ ខ្លាចប៉ាម៉ាក់លែងស្រឡាញ់។

    2 . រៀនអក្សមិនទាន់ រៀនមិនយល់ គ្រូដាក់ទណ្ឌកម្មធ្ងន់។

    3 . លេងជាមួយពួកម៉ាកមិនសប្បាយ ចូលជាមួយមិត្តភ័ក្តិ និងគ្រូមិនចុះ មិនចេះសម្របខ្លួន។

    4 . ការចិញ្ចឹមថែទាំដែលបណ្ដោយតាមចិត្តកូន ឬធ្វើជំនួសកូនច្រើនពេក រហូតដល់ក្មេងធ្លាប់ខ្លួននឹងទង្វើតាមចិត្តខ្លួនឯង។

    5 . មិនទាន់មានជំនាញគ្រឹះលើផ្នែកការលេង ការនៅរួមជាមួយអ្នកដទៃ និងការកែបញ្ហាចំពោះមុខ។

    កូនមិនព្រមទៅសាលារៀន គួរធ្វើយ៉ាងណាទើបល្អ?

    1 . កែសម្រួលវិធីការចិញ្ចឹមថែទាំ ឱ្យចេះជួយខ្លួនឯង និងចេះជួយធ្វើការងារផ្ទះសួនរួម ដោយមានឪពុកម្ដាយនៅក្បែរ ចាំលើកទឹកចិត្ត តែមិនធ្វើជំនួសកូនទាំងអស់នោះទេ។

    2 . បង្ហាត់ជំនាញគ្រឹះលើផ្នែកការលេង និងការរស់នៅរួមជាមួយអ្នកដទៃ។

    3 . ឱ្យទៅសាលារៀនរាល់ថ្ងៃដោយមិនចាំបាច់ត្រូវឱ្យឈប់ ដោយសុំជំនួយពីគ្រូៗឱ្យមកនៅចាំទទួលនៅកន្លែងទទួលក្មេង ដើម្បីធ្វើឱ្យរយៈពេលបែកគ្នាពេលជូនទៅដល់សាលាខ្លីបំផុត។

    4 . ជួយកូនឱ្យបានលេងជាមួយមិត្តភ័ក្ដិនៅសាលាឱ្យបានច្រើន។

    5 . ទៅទទួលមកផ្ទះវិញឱ្យចំពេលវេលា។

    ពេលព្រឹកមិនគួរអប់រំប្រដៅដាស់តឿនច្រើនទេ នៅពេលក្មេងមានអាកប្បកិរិយាយឺតយ៉ាវ ស្ពឹកស្រពន់។ បើមិនព្រមងូតទឹក ក៏មិនអីដែរ តែត្រូវទៅសាលា ឬបើមិនព្រមញ៉ាំបាយ ក៏យកបាយដាក់ប្រអប់ទៅ។ ខណៈពេលធ្វើដំណើរ ចូរនាំនិយាយពីរឿងសប្បាយៗ ដូចជារៀបផែនការថា នឹងធ្វើអ្វីនៅពេលល្ងាច ជាដើម។ កុំចាប់អារម្មណ៍នឹងពាក្យសម្ដីដដែលៗរបស់កូន កុំខឹង និងកុំធុញទ្រាន់ និងបើនៅតែមិនបានផលល្អទៀតនោះ ចូរទៅប្រឹក្សាជាមួយគ្រូពេទ្យចិត្តសាស្រ្តកុមារ៕

  • ប្រតិបត្តិការសម្រកទម្ងន់ក្រោយពេលប្រសូតបុត្ររួច

    ប្រតិបត្តិការសម្រកទម្ងន់ក្រោយពេលប្រសូតបុត្ររួច

    ស្រ្តីដែលទើបឆ្លងទន្លេរួចជាច្រើននាក់បានរអ៊ូឱ្យស្ដាប់ពាក់ព័ន្ធនឹងទម្ងន់ខ្លួនដែលមើលទៅដូចជាគ្មានសញ្ញាថានឹងស្រកចុះងាយៗនោះឡើយ ធ្វើឱ្យពួកគេពិបាកចិត្តខ្លាំង រហូតលែងចង់ញ៉ាំបាយទៀតផង។ នេះគឺជាបញ្ហាធំមួយរបស់ស្រ្តីដែលទើបប្រសូតបុត្ររួចគ្រប់រូប តែមិនចាំបាច់បារម្ភទេ ព្រោះអ្នកគ្រូ ឆវី មានវិធីគ្រប់គ្រងទម្ងន់ខ្លួនដោយមិនចាំបាច់វេទនាខ្លួនមកជម្រាបជូន ដោយគ្រាន់តែកែសម្រួលនិស្ស័យក្នុងការទទួលទានក៏អាចសម្រកទម្ងន់ខ្លួនបានដែរ។

    – ញ៉ាំអាហារយ៉ាងមានតុល្យភាព ៈ គ្រប់គ្រងចំណែក និងបរិមាណអាហារពពួកបាយ និងម្សៅ បន្លែ ផ្លែឈើ ត្រី សណ្ដែក ស៊ុត ផ្សិត តៅហ៊ូ ផលិតផលធ្វើអំពីទឹកដោះ និងខ្លាញ់ ញ៉ាំឱ្យស័ក្តិសមល្មមក្នុងមួយថ្ងៃៗ។

    – ញ៉ាំអាហារធម្មជាតិ មិនកែច្នៃ ៈ ដូចជា គ្រាប់ធញ្ញជាតិផ្សេងៗ បាយអង្ករសម្រូប ពោត មើមត្រាវ ដំឡូង សណ្ដែកខ្មៅ សណ្ដែកក្រហម និងគ្រាប់ធញ្ញជាតិដែលមានប្រេង ញ៉ាំតែល្មមសមរម្យដើម្បីជាប្រភពផ្ដល់ថាមពល វីតាមីន សារធាតុរ៉ែ និងកាកសរសៃអាហារ។

    – ញ៉ាំបន្លែ និងផ្លែឈើដែលមានរសជាតិមិនផ្អែមខ្លាំង និងគ្រប់ 5ពណ៌ ៈ គឺពណ៌ស្វាយ ក្រហម បៃតង ស លឿងទុំ ដើម្បីបន្ថែមវីតាមីន សារធាតុរ៉ែ និងគីមីធម្មជាតិ សារធាតុគ្រាប់ពណ៌ក្នុងបន្លែផ្លែឈើបង្កើនប្រព័ន្ធការពារជំងឺ។

    – ចេះញ៉ាំ ៈ គឺចេះចៀសវាងពីអាហារដែលមានខ្លាញ់ច្រើន ផ្អែមខ្លាំង និងប្រៃខ្លាំង ចេះញ៉ាំឱ្យតិច និងចេះតមមិនញ៉ាំតែម្ដង។

    – ញ៉ាំអាហារល្មមតែឆ្អែត ៈ ក្នុងមួយពេលៗ មិនបរិភោគច្រើនជ្រុលពេក។ ទទួលទានបែប បន្លែ ៈ បាយ ៈ ក្រុមអាហារមានប្រូតេអ៊ីន = 2 ៈ 1 ៈ 1 ។

    – ញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ ៈ អាហារពេលព្រឹក គឺជាពេលអាហារចម្បងដ៏សំខាន់ ត្រូវទទួលទានរាល់ថ្ងៃ ដើម្បីចែកចាយបរិមាណថាមពលអាហារឱ្យស័ក្តិសមនឹងតម្រូវការរបស់រាងកាយ ក្រៅពីនោះនៅជួយឱ្យរាងកាយមិនឃ្លានខ្លាំងនៅពេលរសៀល និងគ្រប់គ្រងអាហារពេលល្ងាច ដោយញ៉ាំតែបន្តិចបន្តួច។

    – ញ៉ាំអាហារពេលល្ងាចតាំងពីថ្ងៃ ៈ ពេលសម្រាប់អាហារល្ងាច គួរញ៉ាំមុនយ៉ាងតិច 4ម៉ោងមុនពេលចូលគេង ព្រោះមិនដូច្នោះទេ អំឡុងពេលគេងលក់ ប្រព័ន្ធប្រសាទនឹងបញ្ជាឱ្យរាងកាយសម្រាក ដូច្នេះអាហារដែលញ៉ាំចូលទៅមុននឹងបន្តិចនឹងត្រូវរំលាយ និងក្លាយជាជាតិខ្លាញ់ប្រមូលសន្សំក្នុងរាងកាយ។

    បានដឹងបែបនេះហើយ ក៏ត្រូវតែប្រតិបត្តិតាមយ៉ាងម៉ឺងម៉ាត់ផង ដើម្បីស្រ្តីជាម្ដាយវ័យក្មេងថ្មោងថ្មីទាំងឡាយមានរូបរាងស្វែលស្អាតគ្រប់ៗគ្នា និងអាចគ្រប់គ្រងបេះដូងស្វាមីជាប់ក្នុងដៃរហូត៕

  • ក្ដីកង្វល់ កង្វល់ និងកង្វល់របស់ស្រ្តីមានគភ៌…

    ក្ដីកង្វល់ កង្វល់ និងកង្វល់របស់ស្រ្តីមានគភ៌…

    ការតាំងគភ៌សម្រាប់ស្រ្តីគ្រប់រូប ជាសញ្ញានៃក្ដីសោមនស្សរីករាយរបស់ក្រុមគ្រួសារ តែក្រោយពីក្ដីសោមនស្សទាំងនោះកន្លងផុតទៅ រឿងដែលតាមមកគឺ អាការភ័យខ្លាចចំពោះរឿងផ្សេងៗដែលនៅមិនទាន់កើតឡើង ជាពិសេសបើការតាំងគភ៌ក្នុងគ្រានេះ ជាការតាំងគភ៌គ្រាដំបូងផងនោះ អាការវិតក្កកង្វល់រមែងមានច្រើនជាងស្រ្តីដែលធ្លាប់ឆ្លងកាត់ការមានគភ៌រួចមកហើយមិនខាន។ ពេលនេះអ្នកគ្រូ ឆវីសូមនាំស្រ្តីៗយើង(អ្នកមិនទាន់មានស្វាមី និងអ្នកប្រុងប្រៀបចង់មានបុត្រ)មកមើលថា តើអាការវិតក្កកង្វល់ទាំងនោះមានអ្វីខ្លះ និងមានវិធីធ្វើឱ្យអាការទាំងនោះកន្លងផុតទៅយ៉ាងណាខ្លះដូចខាងក្រោម។

    1 . វាច្បាស់ជាឈឺមិនខាន…

    ការឈឺចាប់ គឺជារឿងដំបូងដែលស្រ្តីមានគភ៌ភាគច្រើនតែងនឹកដល់ រឹតតែស្រ្តីមានគភ៌ណាដែលរៀបផែនការទុកជាមុនថា នឹងប្រសូតតាមធម្មជាតិ ហើយបានឮពាក្យរៀបរាប់ប្រាប់ពីអ្នកដែលធ្លាប់ឆ្លងទន្លេពីមុនមកផងនោះ សំដីទាំងអស់នោះនឹងត្រឡប់ចូលមកក្នុងខួរក្បាលជាថ្មីថា វានឹងឈឺបែបនេះ ចុកបែបនោះមិនខាន។ ដូច្នេះពាក្យណែនាំល្អៗសម្រាប់រឿងនេះគឺ វាអាចនឹងមិនមែនឈឺដូចដែលអ្នកបានគិតនោះទេ បើវាឈឺចាប់ខ្លាំងក្លាដល់ថ្នាក់នោះ ស្រីៗជាច្រើនប្រហែលជាមិនសម្រេចចិត្តពពោះ និងឆ្លងទន្លេម្ដងហើយម្ដងទៀតនោះទេ មែនអត់?។

    2 . ស្វាមីនឹងទៅមានស្រីថ្មី(ក្បត់ចិត្ត)

    ដោយសរីរាង្គកាយដែលប្រែប្រួលរបស់ស្រ្តីដែលមានផ្ទៃពោះ ដែលថាៗទៅ គឺវាប្រែប្រួលច្រើនណាស់ ធ្វើឱ្យស្រ្តីជាច្រើនមានកង្វល់ក្នុងរឿងនេះ។ ពីចំណុចមួយនេះ វានឹងរួមទៅដល់រឿងសិចផងដែរ។ ដូចដែលយើងបានដឹងហើយថា រាងកាយក្នុងអំឡុងពេលនេះមិនអំណោយផលដល់ការមានសិច(រួមភេទ)ឡើយ តែកុំទៅកង្វល់ច្រើនពេក ត្រូវកុំភ្លេចថា ការតាំងគភ៌ក្នុងគ្រានេះកើតឡើងពីសេចក្ដីស្រឡាញ់ និងសេចក្ដីត្រូវការទាំងរបស់ស្វមី និងរូបអ្នក ដូច្នេះស្វាមីនឹងស្រឡាញ់អ្នកកាន់តែខ្លាំងឡើង ព្រោះគាត់មើលឃើញថា អ្នកត្រូវលំបាកក្នុងអំឡុងពេលហ្នឹង។

    3 . មិនដឹងថា កូនក្នុងផ្ទៃនឹងមានរូបរាងកាយ និងសុខភាពល្អឬក៏អត់?

    នេះក៏ជាក្ដីកង្វល់មួយទៀតរបស់ស្រ្តីមានគភ៌ដែលយើងជួបប្រទះច្រើន ដែលតែងតែភ័យខ្លាចថា នឹងមានរឿងមិនល្អអ៊ីចេះអ៊ីចុះកើតឡើងចំពោះកូន តែតាមស្ថិតិវិញ មានទារកត្រឹមតែ 3ភាគរយ(100 មានតែ3)ប៉ុណ្ណោះដែលនឹងកើតមកហើយមិនល្អពេញលេញ។ ដោយតិចណូឡូជីខាងវេជ្ជសាស្រ្តបច្ចុប្បន្នធ្វើឱ្យមានការពិនិត្យមើលដោយវិធីផ្សេងៗរហូតពេញមួយរយៈពេលមានគភ៌ និងបើសិនជាមានអ្វីមិនល្អ ក៏នៅមានតិចណូឡូជី ឬការរក្សាព្យាបាលបែបថ្មីអាចជួយបានដែរ។

    4 . បាត់បង់ការគ្រប់គ្រងលើខ្លួនឯង

    អំឡុងពេលកំពុងតាំងគភ៌នេះអាចរាប់បានថាជាអំឡុងពេលដែលអ្វីៗច្រើនយ៉ាងរបស់មនុស្សស្រីមិនប្រក្រតី ទាំងអាការខាងរាងកាយ និងអារម្មណ៍។ អ្នកនឹងដឹងថា ពេលខ្លះខ្លួនឯងឆេវឆាវជ្រុលហួសហេតុ ទួញយំចំពោះរឿងកំប៉ិកកំប៉ុក ភើ ឬដើរខ្យល់(ផោម)ច្រើនបែបមិនដឹងខ្លួន…តែ មិនបាច់បារម្ភអ្វីទាំងអស់ មនុស្សជុំវិញខ្លួនអ្នក គេមិនបន្ទោសអ្នកទេ គេយល់ច្បាស់ណាស់ថា អ្នកមានផ្ទៃពោះតែដូច្នេះឯង…។

    5 . រឿងអាហារការហូបចុក

    ស្រ្តីជាម្ដាយជាច្រើនដែលពេលមិនទាន់តាំងគភ៌ បានដំណើរជីវិតរស់នៅមួយបែបផ្សេង ដូចជាញ៉ាំស្រា ជក់បារី ឬញ៉ាំតែកាហ្វេរសជាតិចាស់ខ្លាំង ជាដើម។ វាជារឿងល្អណាស់ក្នុងការកង្វល់ជាមួយនឹងរឿងពពួកនេះ គួរតែបន្ថយ និងតមឱ្យបាន ព្រោះការញ៉ាំ ឬសេពវត្ថុអស់ទាំងនេះ ជាមូលហេតុដំបូងៗគេនៃការប្រសូតទារកដែលមានភាពខុសប្រក្រតីចេញមក ដូច្នេះបើមានកង្វល់ខ្លាំង ឬខ្លាចថាក្រែងធ្វើមិនបាន សុំទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ។

    6 . ខ្លាចធ្វើជាម្ដាយគេមិនបានល្អ

    ទោះជាស្រ្តីមានសញ្ជាតិញាណនៃភាពជាម្ដាយនៅក្នុងខ្លួនស្រាប់ហើយគ្រប់គ្នាក៏ដោយ តែអាការកង្វល់ថា នឹងក្លាយជាម្ដាយដែលល្អឬអត់នោះក៏នៅតែមាន និងនៅពេលប្រៀបធៀបជាមួយនឹងម្ដាយខ្លួនឯងដែលធ្លាប់ចិញ្ចឹមមើលថែទាំមកយ៉ាងល្អល្អះនោះ រឹតតែធ្វើឱ្យកាន់តែមានកង្វល់ក្នុងចិត្តខ្លាំងឡើង។ ពាក្យណែនាំល្អៗដើម្បីបន្ថយក្ដីកង្វល់ក្នុងរឿងនេះគឺ គ្មាននរណាម្្នាក់ឥតខ្ចោះ គ្មានម្ដាយណាម្នាក់ល្អគ្រប់សព្វបែបយ៉ាងនោះទេ សុំត្រឹមតែអ្នកជឿជាក់ក្នុងចិត្ត និងស្រឡាញ់កូន ធ្វើគ្រប់យ៉ាងដើម្បីកូនយ៉ាងពេញទំហឹង ប៉ុណ្ណឹងក៏រាប់ថា អ្នកជាម្ដាយម្នាក់ដ៏ល្អបាត់ទៅហើយ។

    7 . ត្រូវនៅធាត់កន្រ្ទីលកន្រ្ទលបែបហ្នឹងរហូតទៅ

    ទម្ងន់ខ្លួនដែលកើនឡើងវឹបៗក្នុងអំឡុងពេលមានគភ៌ និងអ្នកខ្លះមើលទៅដូចជាគ្មានសញ្ញាថានឹងថយចុះ ទោះជាឆ្លងទន្លេហើយក៏ដោយ បើគិតថាចង់ត្រឡប់មកមានរូបរាងស្អាតស្វែលដូចដើមវិញនោះ ក្នុងអំឡុងពេលនេះ អ្នកត្រូវរៀបចំផែនការថែទាំខ្លួនឯងក្រោយពេលឆ្លងទន្លេរួច ដូចជា ញ៉ាំអាហារ និងហាត់ប្រាណឱ្យស័ក្តិសម ជាដើម នោះមិនយូរប៉ុន្មានរាងកាយអ្នកក៏នឹងត្រឡប់មកដូចដើមវិញមិនខាន។

    8 . គ្មានពេលវេលាសម្រាប់កូនម្នាក់ទៀត

    សម្រាប់ស្រ្តីដែលមានគភ៌លើកនេះជាលើកទីពីរនោះ រឿងមួយដែលត្រូវកង្វល់គឺ អារម្មណ៍របស់កូនម្នាក់ទៀត ខ្លាចកូននឹងតូចចិត្ត និងទៅជាគិតថា អ្នកលែងស្រឡាញ់គេបាត់ទៅហើយ។ រឿងនេះមិនមែនជាបញ្ហាធំនោះទេ ត្រឹមតែអ្នកបានជជែកនិយាយជាមួយកូន និងព្យាយាមអធិប្បាយពន្យល់ និងឱ្យគេបានចំណែករួមក្នុងការតាំងគភ៌លើកនេះ នោះគ្រប់យ៉ាងនឹងល្អប្រសើរឡើងដោយឯកឯង ឬបើអ្នកមិនសូវជាប៉ឹនប្រសប់ក្នុងរឿងនេះ អាចនឹងឱ្យលោកប្ដីជាអ្នកជួយក៏បាន៕

  • ចិននឹងផលិតវ៉ាក់សាំងCOVID-19 ចំនួន1ពាន់លានឈុតនៅក្នុងឆ្នាំ2021

    ចិននឹងផលិតវ៉ាក់សាំងCOVID-19 ចំនួន1ពាន់លានឈុតនៅក្នុងឆ្នាំ2021

    នេះគឺជាសេចក្ដីប្រកាសមួយរបស់នាយកមជ្ឈមណ្ឌលអភិវឌ្ឍបច្ចេកវិទ្យានិងវិទ្យាសាស្ត្រនៃគណៈកម្មការជាតិសុខាភិបាលចិន ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី25កញ្ញា។

    យោងតាមមន្ត្រីខាងលើដដែល បច្ចុប្បន្ន ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ប្រទេសចិននឹងផលិតបានវ៉ាក់សាំងCOVID-19 ចំនួន610លានឈុត។

    ចិននឹងផលិតវ៉ាក់សាំងCOVID-19 ចំនួន1ពាន់លានឈុតនៅក្នុងឆ្នាំ2021

    នៅចំពោះមុខ ការចែកចាយវ៉ាក់សាំងនឹងត្រូវផ្ដល់អាទិភាពជូនដល់បុគ្គលិកសុខាភិបាល យោធាការពារព្រំដែន និងមនុស្សចាស់ មុនពេលត្រូវផ្ដល់ជូនប្រជាជនទូទៅ។

    លោក Zheng Zhongwei មក​ពី​ គណៈកម្មការជាតិសុខាភិបាលចិន

    បច្ចុប្បន្ន ប្រទេសចិនកំពុងតែជំរុញសកម្មភាពកសាងមូលដ្ឋានសម្រាប់ការសាកល្បងវ៉ាក់សាំង និងរោងចក្រផលិតវ៉ាក់សាំង។ នៅក្នុងពេលនេះ ប្រទេសចិនកំពុងតែពិសោធវ៉ាក់សាំងចំនួន11ប្រភេទនៅលើមនុស្ស។ ក្នុងចំណោមនោះ មានវ៉ាក់សាំងចំនួន4ប្រភេទកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងលើកទី3 ដែលជាដំណាក់កាលចុងក្រោយ។ មួយក្នុងចំណោមនោះ ក៏មានវ៉ាក់សាំងឈ្មោះ CoronaVac ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន SinoVac ដែលបច្ចុប្បន្នត្រូវបានគេ​ទន្ទឹង​រង់​ចាំ​បំផុត៕

    ប្រភព៖ ABC News

  • ញ៉ាំទឹកត្រជាក់ខ្លាំង មានគ្រោះថ្នាក់ដល់សុខភាពឬទេ?

    ញ៉ាំទឹកត្រជាក់ខ្លាំង មានគ្រោះថ្នាក់ដល់សុខភាពឬទេ?

    នៅពេលធាតុអាកាសក្ដៅខ្លាំងម្ដងៗ តើមិនឱ្យញ៉ាំទឹកត្រជាក់ម្ដេចនឹងបានទៅ? តែមានមនុស្សជាច្រើនអាចធ្លាប់បានឮមកថា ទឹកត្រជាក់អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយ អ៊ីចឹងសួរថា ដែលយើងនាំគ្នាញ៉ាំរាល់ដងហ្នឹង តើមានគ្រោះថ្នាក់ចំពោះរាងកាយខ្លាំងប៉ុនណាដែរ ឬក៏មិនមែនជាការពិត? ដូច្នេះសូមមកមើលចម្លើយទាំងអស់គ្នា…។

    តើទឹកត្រជាក់បំផ្លាញរាងកាយយើងយ៉ាងដូចម្ដេច?

    បើនិយាយយ៉ាងងាយៗនោះគឺ ការញ៉ាំទឹកដែលត្រជាក់ខ្លាំងក្នុងរយៈពេលដ៏ឆាប់រហ័ស អាចធ្វើឱ្យកើតអាការ Brain freeze ឬអាការត្រជាក់ខ្លាំងឡើងដល់ខួរក្បាល ធ្វើឱ្យឈឺក្បាលមួយភ្លែតបាន។ គឺជាកម្មវិធីរបស់ខួរក្បាលដែលបញ្ជាការបញ្ជូនឈាមមកសរសៃឈាមនៅម្ដុំដែលត្រជាក់ខ្លាំងភ្លាមៗដើម្បីធ្វើឱ្យសរសៃឈាមនៅម្ដុំនោះកក់ក្ដៅឡើងវិញ និងពង្រីកសរសៃឈាមឱ្យធំឡើង រហូតទៅជំរុញសរសៃប្រសាទផ្នែកដែលទទួលដឹងពីការឈឺចាប់ ទើបកើតអាការឈឺក្បាលភ្លាមៗឡើង តែមិនចាំបាច់បារម្ភទេ អាការនេះកើតឡើងត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ និងមិនបង្កផលប៉ះពាល់រយៈពេលវែងដល់រាងកាយឡើយ។

    តែបើនិយាយពីគ្រោះថ្នាក់ដល់រាងកាយក្នុងរយៈពេលវែងក៏មានដូចគ្នាដែរ។ ការញ៉ាំទឹកដែលត្រជាក់ខ្លាំងនឹងធ្វើឱ្យក្រលៀនត្រូវបំពេញតួនាទីកម្ចាត់ភាពត្រជាក់ចេញពីរាងកាយយ៉ាងឆាប់រហ័ស ដោយការបណ្ដេញទឹកត្រជាក់ចេញមកស្តុកទុកនៅក្នុងប្លោកនោម។ ក្រៅពីក្រលៀននឹងធ្វើការខ្លាំងឡើងហើយ ភាពត្រជាក់នៅធ្វើឱ្យសរសៃឈាមពង្រឹងខ្លួន មិនយឺតយារ ឈាមឡើងខាប់ស្អិត រំកិលខ្លួនយឺត និងលំបាក ធ្វើឱ្យមានកំណកខ្លាញ់ និងរបស់សំណល់នៅក្នុងឈាមតោងជាប់នៅតាមជញ្ជាំងសរសៃឈាម និងអាចប្រមូលសន្សំពូនច្រើនឡើងរហូតក្លាយជាជំងឺត្បៀតសរសៃឈាម។

    ដូច្នេះ បើចង់ចៀសវាងពីគ្រោះថ្នាក់ទាំងនោះ គួរញ៉ាំទឹកក្ដៅឧណ្ហៗ ឬទឹកធម្មតាជំនួសទឹកដែលត្រជាក់ខ្លាំង ឬកាត់បន្ថយការញ៉ាំទឹកត្រជាក់ខ្លះ ទទួលទានអាហារដែលមានជាតិខ្លាញ់តិច គ្រប់គ្រងអាហារពពួកម្សៅ និងស្ករឱ្យសមល្មមនឹងតម្រូវរបស់រាងកាយ ហាត់ប្រាណឱ្យបានជាប់លាប់ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីសម្រួលការធ្វើការងាររបស់អវយវៈខាងក្នុង រួមទាំងសរសៃឈាមឱ្យប្រក្រតីផង៕