Category: សុខភាព

  • 8 អាការដែលប្រថុយនឹងការ “គាំងបេះដូងភ្លាមៗ”

    8 អាការដែលប្រថុយនឹងការ “គាំងបេះដូងភ្លាមៗ”

    1 . ញ័រដើមទ្រូង ៈ បេះដូងលោតញាប់ មិនទៀងទាត់ ពេលខ្លះអាចមានអាការហត់ដង្ហក់រកកល់ខ្យល់គ។

    2 . ឆាប់ហត់ ៈ នៅក្នុងសភាពពិតវិញ អាការឆាប់ហត់ក៏មានច្រើនមូលហេតុដែរ តែក៏ជាអាការមួយក្នុងចំណោមអាការរបស់ជំងឺបេះដូងដូចគ្នា។ ជាអាការហត់ក្នុងលក្ខណៈឆាប់រហ័ស ដកដង្ហើមលឿន ពេលខ្លះដង្ហក់ស្ទើរតែនិយាយមិនកើត។ ត្រូវសង្កេតមើលផងថា តើមានសំឡេងខណៈពេលដកដង្ហើមដែរឬទេ?។ បើមានអាការឆាប់ហត់ជាប់ជាប្រចាំ គឺចូលក្នុងសញ្ញាប្រថុយនឹងជំងឺបេះដូងហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យវិនិច្ឆ័យ និងរកវិធីព្យាបាលតទៅ។

    3 . ហើមជើង ៈ នៅពេលការបឺតបាញ់ឈាមរបស់បេះដូងដំណើរការមិនល្អ ក៏អាចធ្វើឱ្យកើតអាការហើមជើងខុសប្រក្រតី ដែលពេលខ្លះក៏មិនដឹងពីមូលហេតុដែរ។

    4 . ចុកណែនក្នុងដើមទ្រូង ៈ អាការចុកដើមទ្រូង ឬណែនដើមទ្រូងនេះ មនុស្សជាច្រើនអាចច្រឡំនឹងជំងឺទឹកអាស៊ីតក្នុងក្រពះហូរបញ្រ្ចាស់ ដោយសារតែពេលខ្លះក៏អាចមានអារម្មណ៍ថាឈឺចុក ឬចុករាលទៅដល់ដើមដៃបានដូចគ្នា។ លក្ខណៈរបស់ការចុកនឹងប្រៀបដូចមានអ្វីមកសង្កត់ពីលើដើមទ្រូង ដូច្នេះត្រូវចេះសង្កេត និងញែកអាការឱ្យបានត្រឹមត្រូវ។

    5 . ងងឹតមុខ វិល និងខ្យល់គរញឹកញាប់ ៈ ដោយសារតែបេះដូងមានការឈប់ដំណើរការ ទើបធ្វើឱ្យបាត់ស្មារតីមួយខណៈពេល។ បើកើតអាការបែបនេះញឹកញាប់ មិនគួរបណ្ដោយឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ។

    6 . ភ្ញាក់នៅពេលអធ្រាត្រ ព្រោះពិបាកដកដង្ហើម ៈ ជួនកាលយើងក៏ត្រូវការខ្យល់ដកដង្ហើមច្រើនជាងប្រក្រតីដែរ ទើបធ្វើឱ្យគេងមិនបាន ជាហេតុធ្វើឱ្យត្រូវភ្ញាក់ឡើងនៅពេលយប់ជ្រៅដើម្បីដកដង្ហើម ឬក្អកឱ្យមានអារម្មណ៍ថាធូរស្រាលឡើង។

    7 . ពេលគេងផ្ងារហើយពិបាកដកដង្ហើម ៈ ​គ្រប់ពេលដែលទម្លាក់ខ្លួនគេងរាបស្មើ ឬគេងផ្ងារ ច្រើនតែពិបាកដកដង្ហើម ឬមានអារម្មណ៍ណែនថប់រហូតដកដង្ហើមមិនប្រក្រតី។

    8 . ចូលចិត្តចូលបន្ទប់ទឹកកណ្ដាលយប់ ៈ បើភ្ញាក់ឡើងចូលបន្ទប់ទឹកនៅពេលយប់ជ្រៅដែលមិនមែនត្រឹមតែបត់ជើងតូច តែនៅមានអាការផ្សេងរួមជាមួយផងនោះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យពីមូលហេតុនេះហើយ។

    វិធីជួយសង្រ្គោះអ្នកដែលអាចធ្លាក់ក្នុងសភាវគាំងបេះដូងភ្លាមៗ

    នៅពេលជារឿងដែលពាក់ព័ន្ធជាមួយបេះដូង “ភាពលឿនរហ័ស” គឺជារឿងសំខាន់។ ដំបូងគេ អ្នកគួរប្រញាប់ប្រាប់ទៅបុគ្គលិកមន្ទីពេទ្យ ឬអង្គភាពសង្រ្គោះបន្ទាន់ ឬហៅរថយន្តសង្រ្គោះដែលនៅជិតបំផុតដើម្បីដឹកជនរងគ្រោះទៅមន្ទីពេទ្យឱ្យបានលឿនបំផុត។ ក្នុងអំឡុងរង់ចាំការជួយសង្រ្គោះ គួរឱ្យជនរងគ្រោះគេងផ្ងារ បែរមុខទៅម្ខាង(ខាងណាក៏បាន) និងសង្កេតមើលអាការជាដំណាក់ៗ បើចាប់ផ្ដើមមានអាការបេះដូងលែងដើរហើយ ត្រូវប្រញាប់ធ្វើការជួយសង្រ្គោះដោយចលនា CPR ជាបន្ទាន់។

    វិធីការពារសភាវគាំងបេះដូងភ្លាមៗ

    មនុស្សជាច្រើនមានក្ដីប្រហែសក្នុងជីវិត មិនចូលទៅទទួលការពិនិត្យរាងកាយប្រចាំឆ្នាំឡើយ ព្រោះយល់ថា រាងកាយនៅមាំទាំល្អ គ្មានជំងឺដង្កាត់អ្វីឡើយ និងថែមទាំងហាត់ប្រាណជាប្រចាំទៀតផង តែជំងឺនេះក៏មិនមែនថាមិនដែលបង្ហាញសញ្ញាដាស់តឿនមុននោះឡើយ ព្រោះបើអ្នកមានអារម្មណ៍ថាឈឺចុក ឬណែនដើមទ្រូងខណៈពេលហាត់ប្រាណ ដើរ ឬរត់ឡើងជណ្ដើរច្រើនជាន់ រាំរែក ឬចាប់ផ្ដើមធ្វើកិច្ចការណាធ្ងន់ៗនោះ គឺមានន័យថា អ្នកចាប់ផ្ដើមមានសុខភាពបេះដូងលែងមាំទាំហើយ ដូច្នេះគួរប្រញាប់ចូលទៅទទួលយកការត្រួតពិនិត្យបេះដូងជាបន្ទាន់។ ក្រៅពីនេះ រឿងអាហារការហូបចុកក៏សំខាន់ដែរ ព្រោះបើទទួលទានអាហារដែលបង្កឱ្យកើតមានខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាមច្រើនជ្រុលពេក ដូចជា សាច់ជាប់ខ្លាញ់ អាហារដុតអាំង រួមទាំងនំបង្អែមដែលផ្អែមខ្លាំងផ្សេងៗនោះ វាក៏ជាមូលហេតុដែលបង្កើនភាពប្រថុយប្រថានក្នុងការកើតអាការគាំងបេះដូងទាន់ហន់បានដូចគ្នា៕

  • ភាពខុសប្លែករវាងទឹកដោះម្ដាយ និងម្សៅទឹកដោះគោ

    ភាពខុសប្លែករវាងទឹកដោះម្ដាយ និងម្សៅទឹកដោះគោ

    ថ្ងៃនេះ អ្នកគ្រូ ឆវី សូមនាំមកជូននូវរឿងរ៉ាវរបស់ “ទឹកដោះម្ដាយ” ដែលមិនមែនជារឿងឆ្ងាយពីខ្លួនយើងឡើយ ព្រោះយើងគ្រប់គ្នាប្រហែលជាសុទ្ធតែធ្លាប់បៅទឹកដោះម្ដាយរួចមកហើយសឹងតែទាំងអស់គ្នា និងទោះជាពេលនេះយើងនៅមិនទាន់មានបុត្រក៏ដោយ តែនាពេលអនាគត វាក៏មិនប្រាកដដែរ ជួនកាលយើងអាចនឹងបានឃើញមុខកូនតូចរបស់យើងក៏ថាបានដែរ ដូច្នេះវាមិនមែនជារឿងអីខុសទាស់ឡើយ បើសិនជាយើងបានដឹងពីរឿងទាំងអស់នេះទុកជាមុននោះ មានទេស្រីៗយើង?។

    ហេតុផលដែលអ្នកម្ដាយមួយចំនួននិយមឱ្យកូនបៅទឹកដោះគោ(ម្សៅទឹកដោះគោ) ព្រោះតែគិតថា ក្រៅពីវាងាយស្រួលហើយ ម្សៅទឹកដោះគោ ក៏ជាទឹកដោះដូចគ្នាដែរ ហេងស៊យថ្លៃជាងទៀតផង ដូច្នេះបញ្ជាក់ថា វាត្រូវតែមានគុណប្រយោជន៍លំដាប់លេខ1 មិនខាន។ ដោយសារដូច្នេះហើយ ទើបថ្ងៃនេះ អ្នកគ្រូ ឆវី នឹងនាំយកព័ត៌មានលម្អិតមកប្រៀបធៀបឱ្យទាំងអស់គ្នាបានឃើញច្បាស់ៗតែម្ដងអំពីភាពខុសប្លែកគ្នារវាងទឹកដោះម្ដាយ និងម្សៅទឹកដោះគោ។

    ភាពខុសប្លែកគ្នារវាងទឹកដោះម្ដាយ និងម្សៅទឹកដោះគោ

    មកដល់ត្រង់នេះ អ្នកម្ដាយជាច្រើននាក់ប្រហែលជាដឹងខ្លះៗហើយថា តើទឹកដោះម្ដាយល្អប៉ុនណា មែនទេអ្នកម្ដាយដែលកំពុងបំបៅដោះកូនទាំងឡាយ?៕

  • បាក់ឆ្អឹង (Bone fracture) និងការសង្រ្គោះបឋម!

    បាក់ឆ្អឹង (Bone fracture) និងការសង្រ្គោះបឋម!

    បាក់ឆ្អឹង គឺការមានស្នាមដាច់ ស្នាមបែក ឬមានភាពមិនតជាប់គ្នារបស់សាច់ឆ្អឹង ជាសភាវដែលជួបប្រទះញឹកញាប់នៅលើកុមារ និងមនុស្សធំ។ ភាគច្រើនៗបណ្ដាលមកពីគ្រោះថ្នាក់ឧប្បត្តិហេតុដែលមានកម្លាំងប៉ះខ្លាំងរហូតដល់ធ្វើឱ្យឆ្អឹងបាក់ និងបង្កឱ្យកើតអាការឈឺចុកចាប់ ហើម កម្រើក ឬធ្វើចលនាមិនបាន ឬធ្វើចលនាបានដោយខុសប្រក្រតី។ នាពេលបច្ចុប្បន្ននេះការព្យាបាលឆ្អឹងបាក់មានភាពទំនើបជាងមុនឆ្ងាយណាស់ អាចព្យាបាលឱ្យជា និងប្រើប្រាស់បានឡើងវិញក្នុងរយៈពេលដ៏ខ្លី មិនចាំបាច់ពិការដោយសារភាពខុសពីទម្រង់ដើម ឬឆ្អឹងវែងខ្លីដូចកាលពីមុនទៀតឡើយ។

    មូលហេតុរបស់ការបាក់ឆ្អឹង

    ជាប្រក្រតី ឆ្អឹងក្នុងផ្នែកនីមួយៗក្នុងរាងកាយមានភាពរឹងមាំ និងមានតួនាទីទប់ទល់នឹងកម្លាំងប៉ះបុកពីការធ្វើកិច្ចការងារផ្សេង​ៗបានយ៉ាងល្អ តែបើសិនជាបានទទួលកម្លាំងបុកប៉ះយ៉ាងខ្លាំងក្លា ឆ្អឹងក៏អាចបែក និងបាក់បានដែរ ដោយមានមូលហេតុដូចតទៅ ៈ

    – ជួបឧប្បត្តិហេតុ ដូចជា ដួល រថយន្តបុក រថយន្តក្រឡាប់ ដែលបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។

    – ការលេងកីឡាធ្ងន់ៗ ខ្លាំងៗ។

    – ត្រូវវាយ ឬត្រូវរងកម្លាំងបោកប៉ះខ្លាំងក្លា។

    – ធ្លាក់ពីលើទីខ្ពស់ ឬធ្លាក់មកបោកប៉ះនឹងកន្លែងដែលរឹងខ្លាំង។

    – នៅលើមនុស្សចាស់ អ្នកជំងឺពុកឆ្អឹង ឬអ្នកជំងឺមហារីកប្រភេទខ្លះ ពេលប៉ះនឹងកម្លាំងបោកប៉ះត្រឹមតែបន្តិចបន្តួច ក៏អាចបណ្ដាលឱ្យបាក់ឆ្អឹងបានដែរ(ភាគច្រើនឆ្អឹងភ្លៅ ឬឆ្អឹងត្រគាក)។

    អាការរបស់ការបាក់ឆ្អឹង

    – មានការឈឺចាប់នៅត្រង់ឆ្អឹងដែលបាក់ ឬនៅជុំវិញកន្លែងដែលរងរបួស។

    – មានអាការហើមជុំវិញកន្លែងដែលឆ្អឹងបាក់ មានស្នាមជាំខៀវ និងអាចមានឈាមហូរចេញមក។

    – ផ្នែកដែលបាក់ អាចមានលក្ខណៈខុសរូបរាង ខុសទម្រង់ដើមក្រោយការរងរបួស ដូចជា ដៃជើងកោងង ខ្លីវែងជាងខាងដែលប្រក្រតី ឬវៀចរមួលខុសប្រក្រតី។

    – អ្នកខ្លះអាចមានឆ្អឹងដែលបាក់ចាក់ធ្លុះសាច់ចេញមក។

    – មិនអាចកម្រើក ឬប្រើការកន្លែងដែលមានការបាក់ឆ្អឹងនោះបាន។

    – អាចមានឮសូរសំឡេងបាក់ឆ្អឹងនៅពេលរងឧប្បត្តិហេតុ និងជួនកាលបើសាកល្បងសង្កត់ស្រាលៗ អាចឮសូរសំឡេងឆ្អឹងសង្កៀតគ្នា។

    ការធ្វើបឋមព្យាបាលអាការឆ្អឹងបាក់

    ជាមធ្យម មនុស្សយើងនឹងធ្លាប់ទទួលរងការបាក់ឆ្អឹងប្រមាណជា 2ដងក្នុងមួយជីវិត ទោះជានៅក្នុងប្រទេសដែលអភិវឌ្ឍន៍ហើយក៏ដោយ ដូច្នេះទើបវាមិនមែនជារឿងដែលកើតឡើងដោយកម្រនោះទេ។ នៅពេលវាដូច្នេះ យើងគួរផ្ដល់ភាពសំខាន់ក្នុងការរៀនយល់ដឹងពីវិធីការធ្វើបឋមព្យាបាលអាការបាក់ឆ្អឹងយ៉ាងត្រឹមត្រូវដើម្បីទុកជួយសង្រ្គោះខ្លួនឯង ក្រុមគ្រួសារ ឬអ្នកដទៃដែលធ្លាក់ក្នុងស្ថានការណ៍អាសន្នបែបនេះ។

    1 . វាយតម្លៃបរិវេណដែលរងរបួស ព្រោះមុខរបួសពីឧប្បត្តិហេតុមិនបានធានាថា សុទ្ធតែមើលឃើញឆ្អឹងបាក់ទាំងអស់នោះទេ ជាពិសេសនៅលើក្បាល ឆ្អឹងខ្នង ឬឆ្អឹងត្រគាកទាល់តែមានការថត X-Ray ទើបបញ្ជាក់បានច្បាស់ តែបើសិនសង្ស័យថា មានឆ្អឹងបាក់ ឬប្រេះនៅត្រង់បរិវេណទាំងនោះ មិនគួរធ្វើការបំផ្លាស់ទីជនរងគ្រោះជាដាច់ខាត។

    2 . ទូរស័ព្ទហៅរថយន្តសង្រ្គោះឱ្យបានលឿនបំផុត បើសិនឃើញមានមុខរបួសធ្ងន់ធ្ងរ និងគិតថា ប្រហែលជាមានឆ្អឹងបាក់។

    3 . បើឃើញមានចេញឈាម ចូរធ្វើការឃាត់ឈាមជាមុនជានិច្ច មិនថាឆ្អឹងនឹងបាក់ឬក៏អត់នោះទេ ព្រោះថា ការដែលឈាមហូរចេញមកពីសរសៃឈាមធំនឹងធ្វើឱ្យជនរងគ្រោះស្លាប់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។

    4 . តាំងស្មារតី និងពិនិត្យមើលខ្លាចក្រែងជនរងគ្រោះមានអាការភិតភ័យរហូតគាំងបេះដូង ព្រោះប្រតិកម្មភាគច្រើនរបស់ជនរងគ្រោះដែលគេតែងសង្កេតឃើញគឺ មានអារម្មណ៍ភិតភ័យខ្លាំង ភ្ញាក់ផ្អើល និងសន្លប់បាត់ស្មារតី។ អ្នកជួយសង្គ្រោះគួរនិយាយយ៉ាងជឿជាក់ថា ឡានពេទ្យជិតមកដល់ហើយ និងអ្វីគ្រប់យ៉ាងនឹងមានសុវត្ថិភាព។

    ដំបូន្មានសំខាន់ដែលលោកអ្នកចាំបាច់ត្រូវដឹង

    – បើចាំបាច់ត្រូវដោះសម្លៀកបំពាក់ជនរងគ្រោះចេញ គួរប្រើវិធីកាត់តាមគែមថ្នេរខោ ឬអាវ ដោយឱ្យជនរងគ្រោះនៅដេកស្ងៀម ដើម្បីកាត់បន្ថយការធ្វើចលនាឱ្យនៅតិចបំផុត។

    -បើឆ្អឹងបាក់ធ្លុះចេញមកក្រៅសាច់ ហាមទាញឆ្អឹងចូលទៅវិញ ព្រោះនឹងធ្វើឱ្យមេរោគ និងវត្ថុកខ្វក់ផ្សេងៗពីខាងក្រៅចូលទៅក្នុងមុខរបួស តែគួរប្រើក្រណាត់ស្អាតបិទមុខរបួស ហើយចងអប និងរង់ចាំរថយន្តសង្រ្គោះ។

    – ក្នុងករណីជនរងគ្រោះបាក់ឆ្អឹងនៅត្រង់ភ្លៅ ឆ្អឹងខ្នង ក្បាល ឬក ឬឆ្អឹងត្រគាក មិនគួរធ្វើចលនារាងកាយជនរងគ្រោះជាដាច់ខាត និងរង់ចាំរហូតរថយន្តសង្រ្គោះមកដល់ ព្រោះការធ្វើចលនាដែលខុសវិធី នឹងធ្វើឱ្យកន្លែងរបួសកាន់តែធ្ងន់ធ្ងរឡើង។

    – តមឱ្យជនរងគ្រោះញ៉ាំទឹក ឬចំណីអាហារ រហូតទាល់តែដល់ដៃគ្រូពេទ្យ ព្រោះជនរងគ្រោះខ្លះអាចចាំបាច់ត្រូវធ្វើការវះកាត់​ ភ្លាមៗ៕

  • នៅពេលកូនតូចឈានចូលខែទី 12 (អាយុ 1ឆ្នាំ)

    នៅពេលកូនតូចឈានចូលខែទី 12 (អាយុ 1ឆ្នាំ)

    ខែទី 12

    លក្ខណៈរបស់កូនតូច

    នៅពេលកូនអាយុជិតគ្រប់ 1ឆ្នាំ ភាពរពឹសរបស់កូនក៏រឹតតែខ្លាំងក្លាទ្វេគុណឡើងដែរ ទោះជាក្មេងខ្លះនៅមិនទាន់អាចដើរបានក៏ដោយ តែក៏អាចវារបានលឿនរហូតឪពុកម្ដាយដេញតាមចាប់មិនទាន់ក៏មាន។ កាលនៅជាក្មេងតូច ការចិញ្ចឹមមើលថែក្មេងប្រុស និងក្មេងស្រីមិនទាន់មានភាពខុសប្លែកពីគ្នាប៉ុន្មានឡើយ តែពេលមកដល់វ័យនេះ នឹងហាក់ដូចជាមើលឃើញច្បាស់លាស់ហើយ ដូចជា ក្មេងប្រុសនឹងមានសញ្ញារពឹសចេញឱ្យឃើញយ៉ាងច្បាស់តែម្ដង ធ្វើចលនារហ័សរហួន ចំណែកក្មេងស្រីនឹងហាក់ដូចជារាងនឹងធឹងបន្តិច ខ្លាំងទៅខាងបញ្ចេញសំឡេង ចង់និយាយស្ដីច្រើនជាង ដែលទាំងអស់នេះជាវិវឌ្ឍនាការប្រក្រតីរបស់ក្មេង។

    វ័យនេះ ក្ដីចង់ដឹងចង់ឃើញកើនឡើងកាន់តែច្រើន ដូច្នេះអ្នកម្ដាយហាមភ្លេចខ្លួនជាដាច់ខាត មិនថាតែតោងឡើងជណ្ដើរ មួលបើកចង្រ្កានហ្គាស ទាញឌុយភ្លើង បើកគម្របដបលេង សុទ្ធតែជារឿងដែលគួរឱ្យចាប់អារម្មណ៍សម្រាប់កូនតូចទាំងអស់។

    ដល់វ័យត្រូវប្ដូរទឹកដោះឱ្យហើយ

    អ្នកម្ដាយគួរចាប់ផ្ដើមប្ដូរពីទឹកដោះគោម្សៅទៅជាទឹកដោះគោប្រអប់បានហើយ ដោយឱ្យបឺតពីប្រអប់ដោយបំពង់បឺតតែម្ដង ឬចាក់ដាក់កែវញ៉ាំក៏បាន ព្រមទាំងចាប់ផ្ដើម(ឱ្យផ្ដាច់)ឱ្យឈប់រវល់ជាមួយដបទឹកដោះគោបានហើយ។ នៅពេលកូនធ្វើបានសម្រេច ក៏កុំភ្លេចសរសើរ និងបញ្ចេញកាយវិការត្រេកអរឱ្យកូនបានឃើញផង កូននឹងមានមោទនភាព។ វិធីផ្ដាច់ដបទឹកដោះគោគឺ ដំបូងៗអ្នកម្ដាយគួរគេងជាមួយកូន និយាយរឿងនិទានឱ្យកូនស្ដាប់ ឬបំពេរកូនរហូតដល់គេងលក់ ព្រោះបើមានអ្នកម្ដាយនៅគេងជាមួយ កូនច្រើនតែមិននឹកឃើញដបទឹកដោះគោទេ។ នៅពេលធ្វើដូច្នេះបានមួយរយៈពេលហើយ ចូរយកដបទឹកដោះគោទៅលាក់ទុកកុំឱ្យកូនឃើញរហូតតែម្ដង។

    នៅពេលកូនមិនព្រមញ៉ាំបាយ

    ប្រយោជន៍ដែលបានមកពីបាយគឺ ម្សៅ និងជាតិស្ករ និងប្រូតេអ៊ីន ឬញ៉ាំនំប៉័ង និងគុយទាវក៏ទទួលបានម្សៅ និងជាតិស្ករដូចគ្នា ចំណែកត្រី ស៊ុត និងសាច់សត្វវិញផ្ដល់ប្រូតេអ៊ីនច្រើនជាងបាយ ដូច្នេះទោះជាកូនមិនព្រមញ៉ាំបាយមែន តែបើបានអាហារផ្សេងគ្រប់គ្រាន់ក៏មិនមានបញ្ហាអ្វីដែរ តែបើមិនព្រមញ៉ាំបាយ ហើយញ៉ាំតែនំពេញមួយថ្ងៃដែលមានតែម្សៅ និងស្ករក្នុងបរិមាណច្រើន នឹងធ្វើឱ្យកូនឆ្អែត មិនចង់ញ៉ាំបាយ ធ្វើឱ្យខ្វះសារធាតុអាហារ។ បើកូនមានទម្លាប់បែបនេះ ចូរបបួលកូនវារ ឬរត់លេង ឬលេងបិទពួនដេញចាប់ឱ្យបានច្រើន នោះកូនក៏នឹងញ៉ាំបាយបានច្រើនឡើងដោយឯកឯង ដោយអ្នកម្ដាយមិនចាំបាច់បង្ខំឡើយ ព្រោះការដែលកូនបានរត់លេងច្រើននេះ វាប្រៀបដូចជាការហាត់ប្រាណម្យ៉ាងដែរ។ ឯក្មេងដែលឪពុក ម្ដាយ តា យាយតឹងរ៉ឹងខ្លាំង មិនសូវបណ្ដោយឱ្យចេញទៅរត់លេងក្រៅផ្ទះ ច្រើនតែជាក្មេងដែលស្ពឹកស្រពន់ មិនសូវញ៉ាំ មិនសូវមានកម្លាំង និងឈឺញឹកញាប់។ តែយ៉ាងណាក៏ដោយ អ្នកម្ដាយត្រូវចេះសង្កេតមើលថា តើកូនមិនព្រមញ៉ាំបាយដោយសារអ្វី ទើបអាចកែបញ្ហាបានត្រូវ។

    អាការដែលអាចកើតឡើង

    . ធ្មេញកូននៅមិនទាន់ដុះឡើង

    ទោះជាដឹងថា ក្មេងខ្លះឆាប់ដុះធ្មេញ និងក្មេងខ្លះក្រដុះធ្មេញក៏ដោយ តែបើកូនអាយុមួយខួបហើយនៅមិនទាន់ឃើញមានធ្មេញផុសឡើងមួយគ្រាប់ណាសោះនោះ ឪពុកម្ដាយប្រហែលជានឹកកង្វល់ចិត្តមិនតិចឡើយ។ ការពិតទៅ កូនមានធ្មេញនៅក្រោមអញ្ចាញរួចរាល់ហើយ គ្រាន់តែក្រផុសឡើងមកលើសាច់អញ្ចាញប៉ុណ្ណោះ ដូច្នេះអ្នកម្ដាយមិនគួរនឹកកង្វល់ច្រើនពេកឡើយ គួររង់ចាំពេលវេលាបន្តិចទៀត។ មិនគួរទិញថ្នាំវីតាមីនបន្ថែមមកឱ្យកូនញ៉ាំដោយមិនបានប្រយ័ត្នប្រយែងនោះឡើយ ព្រោះនឹងធ្វើឱ្យកូនបានទទួលវីតាមីនច្រើនជ្រុល រហូតកើតអាការធុញទ្រាន់ទឹកដោះគោ ចង់ញ៉ាំតែទឹក ទឹកផ្លែឈើ និងអាចមានអាការជ្រៀតជ្រែកផ្សេងទៀតដូចជា ក្អួតចង្អោរ ហើមពោះ នោមច្រើន និងញឹកញាប់ ទាល់តែឈប់ឱ្យញ៉ាំវីតាមីនទើបបាត់ជាដើម ហើយការឱ្យកូនញ៉ាំកាល់ស្យូម ក៏មិនបានជួយឱ្យធ្មេញឆាប់ដុះឡើងដែរ។

    វិវឌ្ឍនាការរបស់កូន

    – រាងកាយ

    . ឡើងចុះជណ្ដើរកាន់តែពូកែឡើង។

    . ចេះរុញរបស់ផ្សេងៗចេញឆ្ងាយពីខ្លួនបាន។

    . ក្មេងខ្លះអាចដោះខោខ្លួនឯងបានហើយ។

    . ចេះប្រើដៃចាប់នេះ ចាប់នោះបានកាន់តែពូកែឡើង។

    . អាចកាន់វត្ថុ2 នៅក្នុងដៃតែម្ខាងបាន។

    . ចេះចាប់ស្លាបព្រាដើម្បីដួសអាហារដាក់ចូលមាត់បានខ្លះហើយ។

    . ព្យយាមចាប់របស់របរបង្វិលលេង និងចូលចិត្តមើលរបស់ដែលវិលបាន។

    – សង្គមជុំវិញខ្លួន

    . ចេះធ្វើត្រាប់តាមអាកប្បកិរិយាមនុស្សធំបានច្រើនឡើង។

    . ចេះនិយាយមួយម៉ាត់ៗបានច្រើនឡើង តែក្មេងស្រីនឹងឆាប់ចេះនិយាយជាងក្មេងប្រុស។

    . ដឹងពីអារម្មណ៍របស់អ្នកដទៃបានច្រើនឡើង។

    . ខ្លាចមនុស្សមិនដែលស្គាល់(ប្លែកមុខ) និងទីកន្លែងថ្មីៗ ប្លែកៗដែលមិនធ្លាប់ស្គាល់។

    . យល់ដឹងពីហ្គេមដែលកំពុងលេងច្រើនជាងមុន និងចេះលេងហ្គេមបានច្រើនមុខហើយ។

    . កាន់តែចេះបដិសេធការញ៉ាំខ្លាំងជាងមុន និងចាប់ផ្ដើមហួងហែងរបស់លេងខ្លះៗហើយ។

    – លេងជាមួយកូនឱ្យបានញឹកញាប់

    . គួរឱ្យកូនហាត់ដើរដោយខ្លួនឯង ដោយរៀបចំបរិវេណជុំវិញទីនោះឱ្យមានសុវត្ថិភាព កុំឱ្យកូនមានគ្រោះថ្នាក់នៅពេលដួល។ របស់ជ្រុងៗ ស្រួចៗត្រូវប្រមូលទុកឱ្យអស់។ ពេលរៀបចំទីកន្លែងរួចហើយ មិនចាំបាច់ដើរតាមកូនគ្រប់ពេលនោះទេ កូនដួលខ្លះ អីខ្លះគឺជារឿងធម្មតាបើមានកម្រាលព្រំពីក្រោម តែដែលត្រូវប្រយ័ត្នគឺ កម្រាលឥដ្ឋ ឬក្ដារឈើ។

    . អ្នកម្ដាយគួរឧស្សាហ៍និយាយឈ្មោះអវយវៈផ្សេងៗឱ្យកូនបានស្ដាប់ ព្រមទាំងចង្អុលបង្ហាញផង ដើម្បីកូនបានរៀនយល់ដឹងអំពីរាងកាយរបស់ខ្លួនឯងច្រើនឡើង។

    . កុំនិយាយពាក្យថា “កុំ” ជាមួយកូនតូចគ្រប់តែរឿងពេកបើជារឿងដែលមិនមានគ្រោះថ្នាក់ ឧស្សាហ៍ឱ្យកូនបានធ្វើដោយខ្លួនឯង ដើម្បីឱ្យកូនបានរៀនយល់ដឹង៕

  • លោក Trump ធ្លាប់ត្រូវដកដង្ហើមពីប្រព័ន្ធជំនួយអ៊ុកស៊ីហ្សែន ដោយសារកំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមថយចុះ ព្រោះតែក្ដៅខ្លួនខ្លាំង

    លោក Trump ធ្លាប់ត្រូវដកដង្ហើមពីប្រព័ន្ធជំនួយអ៊ុកស៊ីហ្សែន ដោយសារកំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមថយចុះ ព្រោះតែក្ដៅខ្លួនខ្លាំង

    វេជ្ជបណ្ឌិតមកពីសេតវិមាន គឺលោក Sean Conley បានទទួលស្គាល់ថា បានព្យាយាមលាក់បាំងការពិតដែលថា លោក Trump ត្រូវដកដង្ហើមដោយមានជំនួយពីប្រព័ន្ធអ៊ុកស៊ីហ្សែន នៅពេលកំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមថយចុះ ដោយសារតែក្ដៅខ្លួនខ្លាំង។

    “ស្ថានភាពសុខភាពរបស់ប្រធានាធិបតីកំពុងល្អប្រសើរឡើងជាបណ្ដើរៗ ហើយលោកអាចចេញពីមន្ទីរពេទ្យយ៉ាងឆាប់បំផុតគឺនៅថ្ងៃទី5តុលា” នេះបើតាមវេជ្ជបណ្ឌិតរបស់សេតវិមាន លោក Sean Conley ដែលបាននិយាយកាលពីថ្ងៃទី4តុលា នៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីអំពីស្ថានភាពសុខភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

    លោក Conley ឱ្យដឹងថា លោក Trump ត្រូវប្រើថ្នាំ dexamethasone បន្ថែមពីលើថ្នាំដែលកំពុងព្យាបាល ដែលនេះបានធ្វើឱ្យការព្រួយបារម្ភខ្លាំងអំពីប្រតិកម្មនៃការរលាកដែល COVID-19 ធ្វើឱ្យកើតមាននៅក្នងសួត និងអាការផ្សេងទៀត។

    លោក Trump កំពុងទទួលការព្យាបាលដោយប្រើថ្នាំ remdesivir ជាថ្នាំប្រឆាំងនឹងវីរុស ទប់ទល់នឹងការឆ្លងរោគដោយសារCOVID-19។ Sean Dooley ដែលជាវេជ្ជបណ្ឌិតម្នាក់ផ្សេងទៀត បានឱ្យដឹងថា លោក Trump “មិនមានអាការក្ដៅខ្លួន ចាប់តាំងពីព្រឹកថ្ងៃទី2តុលា។ សញ្ញានៃការរស់រានរបស់លោក នៅតែល្អប្រសើរ ហើយលោកនៅតែស្ថិតក្នុងបន្ទប់ស្អាត អាចដើរដោយខ្លួនឯងបានដោយមិនចាំបាច់មានអ្នកជួយ”។

    ក៏ប៉ុន្តែ នៅចំពោះមុខការសួរជីកឫសជីកគល់របស់ក្រុមអ្នកសារព័ត៌មាន លោក Conley ក៏បានបង្ហើបប្រាប់ថា លោក Trump ធ្លាប់ក្ដៅខ្លួនខ្លាំង និងកំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមត្រូវថយចុះក្រោម94% (ធម្មតាគឺ96 ឬខ្ពស់ជាងនេះ) កាលពីព្រឹកថ្ងៃទី2តុលា។

    វេជ្ជបណ្ឌិត​ Sean Coley និង​ក្រុម​ការ​ងារ​

    លោក Conley បញ្ជាក់ថា ដោយសារមូលហេតុខាងលើ ក្រុមវេជ្ជបណ្ឌិតក៏បានស្នើឱ្យលោក Trump ដកដង្ហើមពីបំពង់អ៊ុកស៊ីហ្សែន ប៉ុន្តែដំបូងឡើយលោកបានប្រកែក ហើយក្រោយមកក៏បានយល់ព្រម។ បន្ទាប់ពីទទួលបានអ៊ុកស៊ីហ្សែនបន្ថែម កំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមរបស់គាត់ក៏បានឡើងដល់កម្រិតធម្មតាដោយប្រើពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ នៅចុងថ្ងៃនោះដែរ លោក Trump ក៏បានឡើងឧទ្ធម្ភាគច្រើន ធ្វើដំណើរទៅកាន់ Walter Reed។

    លោក Conley ទទួលស្គាល់ថា បានចៀសវាងការឆ្លើយត្រង់ទៅនឹងសំណួររបស់ក្រុមអ្នកយកព័ត៌មាន ព្រោះតែ “កំពុងព្យាយាមបង្ហាញអំពីភាពជឿជាក់របស់ក្រុមវេជ្ជបណ្ឌិតដែលកំពុងធ្វើការព្យាបាល និងប្រធានាធិបតី នៅក្នុងដំណាក់កាលលោកមានជំងឺ។ លោក Conley បន្តថា៖ “ខ្ញុំមិនចង់ផ្ដល់ព័ត៌មានណាដែលនាំឱ្យមានការយល់ច្រឡំអំពីស្ថានភាពជំងឺ ដែលប្រការនេះ បាននាំឱ្យយើងព្យាយាមលាក់បាំងព័ត៌មានខ្លះដែលមិនចាំបាច់ត្រូវនិយាយការពិត”។

    នៅពេលត្រូវបានសួរអំពីលទ្ធភាពដែលប្រព័ន្ធសួតរបស់លោក Trump ត្រូវរងរបួស ឬត្រូវឆ្លងរោគ លោក Conley និយាយថា៖ “យើងកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ ហើយមានបញ្ហាខ្លះបានកើតឡើងដូចការគិត ប៉ុន្តែមិនមានអ្វីគួរឱ្យព្រួយបារម្ភឡើង”៕

    ប្រភព៖ AP

  • សារធាតុអាហារដែលចាំបាច់ដើម្បីសុខភាពបុរស ៈ បង្កើនភាពរឹងមាំ ស្រស់ថ្លា ក្នុងវ័យកំលោះ និងវ័យធ្វើការ

    សារធាតុអាហារដែលចាំបាច់ដើម្បីសុខភាពបុរស ៈ បង្កើនភាពរឹងមាំ ស្រស់ថ្លា ក្នុងវ័យកំលោះ និងវ័យធ្វើការ

    អ្នកកំលោះតូច កំលោះធំវ័យកំពុងធ្វើការក្នុងយុគសម័យបច្ចុប្បន្ននេះត្រូវធ្វើការងារយ៉ាងមមាញឹក ដើម្បីបំពេញតម្រូវការក្នុងជីវភាពប្រចាំថ្ងៃដែលកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ និងតាមឱ្យទាន់ស្ថានការណ៍សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដូច្នេះប្រាកដណាស់ ការធ្វើការដ៏ធ្ងន់ធ្ងរបែបនេះនឹងធ្វើឱ្យសុខភាពរាងកាយសម្រួលសភាពមិនទាន់ វានឹងហុចផលឱ្យរាងកាយយើងចាប់ផ្ដើមទ្រុឌទ្រោម និងបង្ហាញអាការចេញមក ដូចជា ៈ

    – ភ្ញាក់ឡើងពេលព្រលឹម មុនមាត់មិនស្រស់ថ្លា មិនក្លៀវក្លាស្វាហាប់ ដូចគេងមិនបានឆ្អែត។

    – យើងភ្ញាក់ហើយ តែអាប្អូនប្រុសមិនភ្ញាក់មកគោរពទង់ជាតិដូចសព្វដង។

    – ពេលខ្លះ គ្មានតម្រូវការខាងផ្លូវភេទ។

    – មានបរិមាណទឹកមេជីវិតតិច។

    – ផ្ទៃមុនមិនស្រស់ថ្លា ខ្មៅស្រអាប់ កើតមុន ឬងាយកើតដំបៅក្លាយ។

    – ឈឺថ្កាត់ មិនស្រួលខ្លួន ងាយកើតផ្ដាសាយ ឬដែលគេហៅងាយៗថា ប្រព័ន្ធប្រឆាំងជំងឺចុះខ្សោយ។

    – ខួរក្បាលមិនរស់រវើក គិតការងារមិនសូវចេញ។

    – ជ្រុះសក់ ស្បែកស្ងួត ក្រចកដៃជើងផុយស្រួយ ងាយដាច់រហែក ឆាប់ឡើងកន្ទាលត្រអាក។

    – ពេលយប់ ដល់ម៉ោងគេង ក៏គេងមិនសូវលក់។

    – មានអារម្មណ៍ធុញៗ មិនចង់ធ្វើការងារ។

    នៅពេលបុរសៗយើងបានសាកល្បងពិនិត្យមើលហើយឃើញថា មានអាការស្រដៀងៗនឹងអ្វីដែលបានរៀបរាប់មកខាងលើនោះដែរ នោះគឺជាសញ្ញាដែលបញ្ជាក់ប្រាប់ថា រាងកាយរបស់អ្នកត្រូវការវីតាមីនបំប៉នដែលចាំបាច់មកជួយបន្ថែមឱ្យមានសុខភាពដែលល្អប្រសើរឡើងហើយ។

    ដូច្នេះវីតាមីន និងសារធាតុរ៉ែចាំបាច់ៗដែលចង់ឱ្យអ្នកកំលោះទាំងឡាយបានស្គាល់នោះគឺ ៈ

    សារធាតុរ៉ែ ស័ង្កសី (zinc)

    ស័ង្កសីជាសារធាតុរ៉ែអាហារបន្ថែមដែលប្រទះឃើញមានច្រើនក្នុងធម្មជាតិ គឺគ្រំអយស្ទ័រ ឬដែលអ្នកខ្លះហៅថា ជាថ្នាំប៉ូវផ្លូវភេទហ្នឹងឯង ដោយបរិមាណដែលគួរទទួលទានក្នុងមួយថ្ងៃ មិនគួរលើសពី 30 – 40 mg នោះទេ។ សារធាតុរ៉ែអាហារបន្ថែមមួយនេះ អាចជួយជួសជុលរាងកាយ ជាពិសេសកោសិកាតូចៗក្នុងរាងកាយដែលត្រូវការសារធាតុរ៉ែប្រភេទនេះខ្លាំង ដូចជាស្បែក សក់ ក្រចក និងទឹកមេជីវិតនឹងរីកចម្រើនធំធាត់បានល្អ។ សម្រាប់បុរសៗដែលត្រូវការចង់បានបុត្រ ក៏គួរជ្រើសរើសយកសារធាតុរ៉ែនេះមកបំប៉នរាងកាយ។

    វីតាមីន B រួម (Vitamin B)

    ជាវីតាមីនដែលចាំបាច់របស់រាងកាយមួយប្រភេទទៀត ព្រោះជាអ្នកជួសជុល និងបំប៉នចុងប្រព័ន្ធប្រសាទទាំងអស់របស់រាងកាយឱ្យមានប្រសិទ្ធភាព និងធ្វើការបានល្អខ្លាំងឡើង ជាពិសេសនៅពេលមានការតបស្នងល្អប្រសើរឡើង កោសិកាទាំងឡាយក៏នឹងធ្វើការបានល្អ តបស្នងបានរហ័ស ស្រស់ស្រាយ ជាពិសេសចុងប្រព័ន្ធប្រសាទខួរក្បាល ធ្វើឱ្យមានអារម្មណ៍ធូរស្រាល មិនធុញថប់តានតឹង ខួរក្បាលគិតអ្វីបានលឿន។ ជាពិសេសបំផុត វីតាមីន B9 (Folic) និងវីតាមីន B12 ជាផ្នែកផ្គុំដ៏សំខាន់របស់ប្រព័ន្ធសាងសរសៃឈាម ព្រោះនៅពេលសរសៃឈាមក្នុងរាងកាយរឹងមាំខ្លាំងឡើង វានឹងហុចផលឱ្យកោសិកាក្នុងរាងកាយបានទទួលសារធាតុអាហារពីសរសៃឈាមបានពេញលេញ ធ្វើឱ្យប្រសិទ្ធភាពក្នុងការធ្វើការងារផ្សេងៗរបស់កោសិកាកាន់តែល្អឡើងដូចគ្នា។

    វីតាមីន C (Vitamin C)

    ជាវីតាមីនដែលពួកយើងស្គាល់យ៉ាងច្បាស់ ព្រោះមុខនាទីការងារចម្បងរបស់វាគឺ ជាវីតាមីនដែលជួយបង្កើនការធ្វើការងាររបស់ប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយឱ្យធ្វើការតស៊ូជាមួយមេរោគដែលចូលមកធ្វើបាបរាងកាយ ដែលយើងអាចសង្កេតឃើញតាមរយៈ

    ការមានសុខភាពរឹងមាំ មិនសូវកើតផ្ដាសាយ ឬងាយឈឺថ្កាត់ដោយសារសភាវធាតុអាកាសប្រែប្រួល ហើយគុណសម្បត្តិរបស់វីតាមីន C ថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការសាង និងផ្លាស់កោសិកាស្បែកថ្មីរបស់ខូឡាជេនក្នុងរាងកាយ ដូច្នេះអ្នកដែលជ្រើសរើសទទួលទានវីតាមីន C ជាប្រចាំនឹងធ្វើឱ្យផ្ទៃមុខស្រស់ថ្លាផូរផង់។

    វីតាមីន E (Vitamin E)

    ជាវីតាមីនដែលប្រឆាំងអនុមូលឥស្សរៈដ៏ល្អមួយប្រភេទទៀត ធ្វើឱ្យផ្នែកផ្សេងៗក្នុងរាងកាយពន្យារភាពចុះខ្សោយសមត្ថភាព ឬនិយាយងាយៗថា ធ្វើឱ្យកោសិកាក្នុងរាងកាយក្រចាស់(មិនងាយឆាប់ចាស់) និងរឹតតែធ្វើការងារបានល្អឡើង នៅពេលបានធ្វើការគូគ្នាជាមួយវីតាមីន C នឹងរឹតតែហុចផលធ្វើឱ្យមនុស្សក្រចាស់ និងតតាំងអនុមូលឥស្សរៈបានកាន់តែខ្លាំងទ្វេឡើង។

    ដូច្នេះ បើវីតាមីនទាំង 4ប្រភេទនេះអាចមកនៅក្នុងគ្រាប់ថ្នាំតែមួយ វានឹងក្លាយជាអាហារបន្ថែមដ៏ល្អមួយប្រភេទទៀតដែលផលិតឡើងដើម្បីបង្កើនភាពសុខសប្បាយដល់មនុស្សប្រុសជាខ្លាំង និងស័ក្តិសមចំពោះជីវិតមនុស្សប្រុស ធ្វើឱ្យមានសុខភាពរាងកាយរឹងមាំ ក្លៀវក្លាស្វាហាប់ អារម្មណ៍ស្រស់ស្រាយ មុខមាត់ស្រស់ថ្លា មើលទៅស្អាតរៀងរាល់ព្រឹក កាត់បន្ថយបញ្ហា និងឧបសគ្គរំខានចិត្តក្នុងរឿងសុខភាព អាចភ្ញាក់ទៅធ្វើការបានយ៉ាងជឿជាក់ក្នុងចិត្តឥតហ្មងសៅ៕

  • កម្ពុជា​រក​ឃើញ​ករណី​ផ្ទុក​ COVID-19 ថ្មី​ចំនួន​2​នាក់​ ខណៈ​ពិភព​លោក​រកឃើញ​ជាង​4​ពាន់​នាក់​បន្ថែម​ទៀត

    កម្ពុជា​រក​ឃើញ​ករណី​ផ្ទុក​ COVID-19 ថ្មី​ចំនួន​2​នាក់​ ខណៈ​ពិភព​លោក​រកឃើញ​ជាង​4​ពាន់​នាក់​បន្ថែម​ទៀត

    ក្រសួង​សុខាភិបាល​កម្ពុជា​ នា​ព្រឹក​នេះ​ (5តុលា) ​បាន​ប្រកាស​ថា បាន​រកឃើញ​ករណី​ផ្ទុក​វីរុស​COVID-19ថ្មី​ចំនួន​2​នាក់​បន្ថែម​ទៀត​កាល​ពី​ម្សិល​មិញ​។

    ករណី​ផ្ទុក​វីរុស​COVID-19 ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​ខាង​លើ​នេះ​ កើត​ឡើង​ចំពោះបុរស​​ជនជាតិ​បារាំង​ម្នាក់​មាន​អាយុ​27​ឆ្នាំ ស្នាក់​នៅ​ក្នុង​ខេត្ត​សៀម​រាប និងស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់​មាន​អាយុ​34​ឆ្នាំ​​ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​នា​​ទីក្រុង​​ នៅ​ភ្នំ​ពេញ​។

    ដូច្នេះ គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​280​នាក់​ ក្នុង​នោះ​មាន​6​ករណី​កំពុង​ទទួល​ការ​ព្យាបាល​ 274​ករណី​បាន​ជា​សះស្បើយ។

    ដោយ​ឡែក​នៅ​ទូទាំង​សកល​លោក​ បច្ចុប្បន្ន តួលេខស្ដី​អំពី​​អ្នក​បាន​ឆ្លង​វីរុស​នេះ​ បាន​កើន​ដល់​35,393,800​នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​4,106​នាក់​ ករណី​ស្លាប់សរុប​​1,041,780នាក់​ និង​ជា​សះស្បើយ​26,619,892នាក់​ ចំណែក​អ្នក​ជំងឺ​កំពុង​ទទួល​ការ​ព្យាបាល​ មាន​ចំនួន​7,732,128​នាក់ ក្នុង​នោះ​មាន​66,503​នាក់​កំពុង​ប្រឈម​នឹង​​ហានិភ័យ​បាត់​បង់​​​ជីវិត៕

    ប្រភព៖ ក្រសួង​សុខាភិបាល, Worldometers

  • ជំនួយការផ្ទាល់ម្នាក់ទៀតរបស់លោក Trump ឆ្លងវីរុសCOVID-19

    ជំនួយការផ្ទាល់ម្នាក់ទៀតរបស់លោក Trump ឆ្លងវីរុសCOVID-19

    Nicholas Luna ជាជំនួយការផ្ទាល់ម្នាក់ដែលតែងធ្វើការនៅក្បែរប្រធានាធិបតី Donald Trump បានលទ្ធផលវិជ្ជាមានជាមួយនឹងCOVID-19 ក្រោយពីបានធ្វើតេស្តរកមេរោគ ដែលដំណឹងនេះ ត្រូវបានមន្ត្រីសេតវិមានម្នាក់ សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN។

    លោក Nicholas Luna គឺជាជំនួយការជិតស្និទ្ធម្នាក់របស់លោក Donald Trump ដែលតែងតែអមដំណើរលោកទាំងថ្ងៃ ទាំងយប់។ ភារកិច្ចរបស់លោក Nicholas Luna មានច្រើន រាប់ចាប់ពីត្រួតពិនិត្យឯកសារ ការពិនិត្យទៅលើសុន្ទរកថានានារបស់លោក Trump ការសង្ខេបដំណឹងពីសារព័ត៌មាននិងសៀវភៅសម្រាប់ម្ចាស់សេតវិមាន ឬត្រៀមប៊ិកសម្រាប់លោក Trump ចុះហត្ថលេខា។ល។

    ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី1តុលា បានប្រកាសថា លោកនិងលោកស្រី Melania វិជ្ជមានជាមួយនឹង COVID-19 ហើយក្រោយមកក៏បានចូលពេទ្យនៅ Maryland ដើម្បីព្យាបាលជំងឺ។

    Nicholas Luna និង​លោក​Trump

    លោក Sean Conley ដែលជាវេជ្ជបណ្ឌិតរបស់លោក Trump បានឱ្យដឹងថា ប្រធានាធិបតី “នៅមានសុខភាពល្អ និងបានធូរស្រាលជាងមុន”។ លោក Conley បន្តថា លោក Trump មិនមានអាការក្រៅខ្លួន ហើយក៏មិនត្រូវការអ៊ុកស៊ីហ្សែនបន្ថែមនោះដែរ។ បើទោះជា Conley បញ្ជាក់ថា លោក Trump “មិនទាន់ឆ្លងផុតគ្រោះថ្នាក់” ប៉ុន្តែក្រុមគ្រូពេទ្យនៅតែសង្ឃឹមចំពោះស្ថានភាពសុខភាពរបស់លោក។

    នៅក្នុងវីដេអូពីមន្ទីរពេទ្យយោធា Walter Reed ជាកន្លែងដែលលោក Trump កំពុងទទួលការព្យាបាលជំងឺCOVID-19 ប្រធានាធិបតីរូបនេះបានឱ្យដឹងថា លោកមានអារម្មណ៍ថាបានប្រសើរជាងមុន ទន្ទឹមនឹងនេះ លោកក៏បានប្រកាសថា “នឹងត្រឡប់មកវិញ” ក្នុងពេលឆាប់ៗនេះ៕

    ប្រភព៖ CNN

  • បងច្រណែនប្អូន ប្អូនច្រណែនបង ឪពុកម្ដាយត្រូវធ្វើដូចម្ដេច?

    បងច្រណែនប្អូន ប្អូនច្រណែនបង ឪពុកម្ដាយត្រូវធ្វើដូចម្ដេច?

    គ្រួសារណាដែលមានកូន 2នាក់ ហើយអាយុខុសគ្នាប្រមាណ 2 – 3ឆ្នាំនោះ ច្រើនតែជួបនឹងបញ្ហាដ៏គួរឱ្យពិបាកចិត្តក្នុងរឿងរបស់បងច្រណែនប្អូន ប្អូនច្រណែនបងខ្លះៗមិនខាន បើមិនតិចក៏ច្រើនដែរ។ ភាពខុសប្លែកគ្នាក្នុងរឿងអាយុ និងភេទ ជាមូលហេតុចម្បងដែលធ្វើឱ្យក្មេងកើតក្ដីច្រណែនគ្នាបាន ដូចជា កូនច្បងច្រណែននឹងកូនពៅដែលឪពុកម្ដាយផ្ដល់ភាពសំខាន់លើកូនពៅខ្លាំងជាងខ្លួនជាដើម។

    រឿងដែលសំខាន់ខ្លាំងបំផុតនោះគឺ ឪពុកម្ដាយត្រូវតែយល់ដឹងអំពីរឿងរបស់ភាពស្មើភាពគ្នាក្នុងការផ្ដល់ពេលវេលាដល់កូនៗយ៉ាងស្មើៗគ្នា មិនឱ្យទៅនរណាម្នាក់ច្រើនពេក ឬតិចពេក មិនជ្រើសរើសប្រណិបត្តិខុសគ្នាជាមួយកូនក្នុងរឿងតែមួយដូចគ្នា ឬក្នុងហេតុការណ៍ដែលស្រដៀងគ្នា ដូចជា ពេលកូនប្អូនមិនប្រមូលទុកដាក់របស់លេង ក៏ប្រាប់ថា មិនអីទេ ចាំម៉ាក់ប្រមូលទុកឱ្យ តែដល់កូនបងលេងវិញម្ដង អ្នកក៏ប្រាប់ថា បើលេងហើយ ចូរប្រមូលទុកដាក់ក្នុងឡាំងឱ្យស្រួលបួលផង។ បើកូនបងមិនធ្វើតាមម្ដាយប្រាប់ ម្ដាយបែរជាលែងឱ្យកូនបងលេងរបស់លេងនោះតទៅទៀត ជាដើម។ ប្រាកដណាស់ថា អ្វីដែលអ្នកនិយាយ កូននឹងលើកយកមកគិតយ៉ាងពិតប្រាកដថា ពេលប្អូន ហេតុអីលេងហើយ ម៉ាក់ជាអ្នកប្រមូលទុកដាក់ឱ្យ? ចុះដល់រូបគេលេងម្ដង ម៉េចបានម៉ាក់ឱ្យប្រមូលទុកដាក់ខ្លួនឯង?។ បែបនេះមិនមែនជារឿងល្អចំពោះកូនច្បងឡើយ ព្រោះគេនឹងចាប់ផ្ដើមមានអារម្មណ៍មិនល្អជាមួយនឹងប្អូនមិនខាន ទីបំផុតអាចក្លាយជា បងស្អប់ប្អូនតែម្ដងក៏មានដែរ។

    ការប្រណិបត្តិខ្លួនជាមួយកូនៗរបស់ឪពុកម្ដាយនឹងជួយឱ្យកើតមានភាពយល់ចិត្តរវាងគ្នានឹងគ្នាបានល្អបំផុត ព្រោះបញ្ហាកើតចេញពីខ្លួនឪពុកម្ដាយផ្ទាល់ហ្នឹងឯង។ អ្វីដែលឪពុកម្ដាយត្រូវនឹកដល់ឱ្យច្រើនបំផុតនោះគឺ រឿងសភាពផ្លូវចិត្តរបស់កូនច្បង។ លោកអ្នកត្រូវយកចិត្តទុកដាក់គេឱ្យបានច្រើន បែងពេលវេលាមកជជែកលេងជាមួយកូន ឬការផ្ដល់ពេលវេលារួមគ្នាជាមួយកូនៗ ទាំងកូនច្បង និងកូនពៅ វានឹងជួយចងសម្ព័ន្ធភាពរវាងបងប្អូនបានយ៉ាងល្អ និងថែមទាំងជួយឱ្យពួកគេបានធំធាត់ឡើងព្រមជាមួយសេចក្ដីស្រឡាញ់ដែលមានចំពោះគ្នាទៅវិញទៅមកទៀតផង។ ការបង្រៀនឱ្យកូនចេះចែករំលែកសេចក្ដីស្រឡាញ់ទៅដល់អ្នកដទៃខ្លះ នឹងជួយឱ្យគេសុខចិត្តធ្វើជាបងធំដែលលះបង់ឱ្យប្អូនៗជានិច្ច។ ការបង្រៀនកូនបែបនេះ មានផលល្អទៅដល់អនាគតខាងមុខរបស់គេ ព្រោះចុងក្រោយទៅ គេនឹងក្លាយជាមនុស្សដែលមានចិត្តល្អ ចេះសណ្ដោសប្រណី ទន់ភ្លន់ជាមួយមនុស្សជុំវិញខ្លួនជានិច្ច និងទីបំផុតទៅ រឿងដែលយើងគិតថា គេជាក្មេងដែលប៉ឹនច្រណែននោះ នឹងរលាយបាត់អស់បន្តិចម្ដងៗជាមិនខាន តែទាំងអស់នេះក៏អាស្រ័យលើការអប់រំប្រៀនប្រដៅយ៉ាងត្រឹមត្រូវអំពីឪពុកម្ដាយផងដែរ៕

    Got to Know

    ក្មេងៗគ្រប់រូបមានភាពជាឯកលក្ខណៈរបស់ខ្លួន ក្មេងៗមានរឿងខ្លះដែលខ្លួនគេមានមោទនភាព ដូច្នេះចូរព្យាយាមបង្ហាត់បង្រៀនជាប់ជានិច្ចតាំងពីពួកគេនៅតូចៗថា យើងនឹងមិនប្រៀបធៀបរូបគេទៅនឹងបង ឬប្អូនឡើយ ព្រោះម្នាក់ៗមានភាពលេចធ្លោម្យ៉ាងៗនៅក្នុងខ្លួន។ ការធ្វើឱ្យគេមានមោទនភាពចំពោះអ្វីដែលគេមាន នឹងជួយកាត់បន្ថយការប្រកួតប្រជែង ឬភាពច្រណែនឫស្យាក្នុងចិត្តរបស់ក្មេងៗបាន។ លោកអ្នកអាចនឹងចង់ដឹងថា តើយើងមានវិធីយ៉ាងណាក្នុងការធ្វើឱ្យកុមារមានអារម្មណ៍មោទនភាពចំពោះខ្លួនឯង… ចម្លើយក៏គឺ លោកអ្នកត្រូវព្យាយាមរករឿងមួយនេះពីក្នុងខ្លួនគេ តាមរយៈការសង្កេត ជជែកនិយាយជាមួយគេមួយទល់នឹងមួយ ឬធ្វើកិច្ចការងាររួមគ្នាឱ្យបានញឹកញាប់ និងផ្ដល់ពេលវេលាយ៉ាងគ្រប់គ្រាន់ជាមួយកូនៗម្នាក់ៗ។ ការផ្ដល់ពេលវេលាចំពោះកូនម្នាក់ៗនឹងធ្វើឱ្យឪពុកម្ដាយយល់ដឹងថា កូនម្នាក់នេះអាចនឹងរៀនពូកែ តែម្នាក់ទៀតអាចនឹងលេងកីឡាពូកែ ឬម្នាក់ទៀតអាចពូកែនិយាយ ជាដើម។ « ចុងបញ្ចប់នេះ អ្នកគ្រូ ឆវីចង់ប្រាប់ថា ៈ ភាពពូកែរបស់ក្មេងៗមិនដូចគ្នាទេ ដូច្នេះសូមមេត្តាកុំប្រៀបធៀបរឿងដូចគ្នាជាមួយកូនៗអី ព្រោះកូនម្នាក់ៗប្រៀបដូចជាផ្កាប្រភេទផ្សេងៗ មិនអាចប្រៀបធៀបគ្នាបានឡើយ»៕

  • អ្នក​ណា​ខ្លះ​ដែល​បាន​​នៅ​ក្បែរ​លោក​ Trump រយៈ​ពេល​7​ថ្ងៃនៃ​សប្ដាហ៍​មុន​​​? អ្នក​ណា​ខ្លះ​បានឆ្លង​​ ឬ​​មិន​បាន​ឆ្លង​COVID-19 ពី​លោក​ Trump?

    អ្នក​ណា​ខ្លះ​ដែល​បាន​​នៅ​ក្បែរ​លោក​ Trump រយៈ​ពេល​7​ថ្ងៃនៃ​សប្ដាហ៍​មុន​​​? អ្នក​ណា​ខ្លះ​បានឆ្លង​​ ឬ​​មិន​បាន​ឆ្លង​COVID-19 ពី​លោក​ Trump?

    យ៉ាង​ហោច​ណាស់​​ក៏​មាន​មនុស្ស​ចំនួន​27​នាក់​ដែល​ធ្លាប់​បាន​នៅក្បែរ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump​ កាល​ពី​​​សប្ដាហ៍​មុន​ ក្នុង​នោះ​មាន​4​នាក់​បាន​ឆ្លង​វីរុស​COVID-19 និង​​13​នាក់​ទទួល​បាន​លទ្ធ​ផល​អវិជ្ជមាន​ ចំណែក​10​នាក់​ផ្សេង​ទៀត​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៃការ​ធ្វើ​តេស្ត​នៅ​ឡើយ។

    ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​​ស្ដីអំពី​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ទៅ​លើ​ក្រុម​មនុស្ស​ដែល​ធ្លាប់​បាន​នៅក្បែរ​លោក Trump ក្នុងអំឡុង​​​7​ថ្ងៃ​នៃ​សប្ដាហ៍​មុន​៖

    ក្រុម​មនុស្ស​ដែល​ “វិជ្ជមាន” ​ជាមួយ​នឹង​ COVID-19


    ក្រុម​មនុស្ស​ដែល​ “អវិជ្ជមាន​” ជាមួយ​នឹង​ COVID-19

    ក្រុម​មនុស្សដែល​ “មិន​ទាន់​ទទួលបាន​លទ្ធផល” ​នៃ​ការ​ធ្វើ​តេស្ត​

    ប្រភព​៖ Washington Post