Category: សុខភាព

  • ប្រធានាធិបតី​ចិន ​“ក្អក”​ ច្រើន​ដង ​នៅ​ពេល​កំពុង​ថ្លែង​ការណ៍​ ធ្វើ​ឱ្យ​មហា​ជន​ព្រួយ​បារម្ភ​ខ្លាំង (វីដេអូ)

    ប្រធានាធិបតី​ចិន ​“ក្អក”​ ច្រើន​ដង ​នៅ​ពេល​កំពុង​ថ្លែង​ការណ៍​ ធ្វើ​ឱ្យ​មហា​ជន​ព្រួយ​បារម្ភ​ខ្លាំង (វីដេអូ)

    ប្រធានាធិបតីចិន លោក Xi Jinping មានអាការក្អកច្រើនដង នៅពេលកំពុងថ្លែងការណ៍នៅទីក្រុង Shenzhen នាំឱ្យពលរដ្ឋប្រទេសនេះមានការព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់លោក។

    នៅក្នុងពេលធ្វើសេចក្ដីថ្លែងការមួយដែលត្រូវបានផ្សាយផ្ទាល់នៅទីក្រុង Shenzhen កាលពីថ្ងៃទី14តុលាដើម្បីជំរុញការអភិវឌ្ឍនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ប្រទេសចិនបន្តរីកចម្រើនទៅមុខទៀត ប្រធានាធិបតី Xi Jinping មានអាការក្អកជាបន្តបន្ទាប់។

    ប្រធានាធិបតីចិន “ក្អក” ច្រើនដង ពេលកំពុងថ្លែងការណ៍ ធ្វើឱ្យមហាជនព្រួយបារម្ភខ្លាំងនៅពេលលោកឈប់និយាយដោយសារតែអាការក្អក ទូរទស្សន៍ជាតិចិន (CCTV) ក៏បានបែរកាមេរ៉ាទៅរកតំណាងរាស្ត្រផ្សេងទៀត។ យ៉ាងនេះក្ដី គេនៅតែឮសំឡេងក្អករបស់លោក និងសំឡេងលោកលើកកែវទឹកមកពិសាដើម្បីផ្សើមបំពង់ក។

    វីដេអូដែលបង្ហាញអំពីសកម្មភាពខាងលើនេះ ក៏ត្រូវបានគេចុះផ្សាយ និងចែករំលែកយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គមចិន អមជាមួយនឹងការព្រួយបារម្ភអំពីសុខភាពរបស់ប្រធានាធិបតីចិន។ សារព័ត៌មាន CNN យល់ថា អាការក្អកនេះអាចបណ្ដាលមកពីមេដឹកនាំចិនស្ងួតបំពង់ក ព្រោះតែបានថ្លែងការណ៍ជិត1ម៉ោង។ លោក Xi Jinping ក៏ធ្លាប់បានក្អកពេលដែលលោកកំពុងថ្លែងការណ៍កាលពីឆ្នាំ2019ផងដែរ។

    https://www.youtube.com/watch?v=INNJi9Ax3w8

    លោក Xi Jinping ដែលមានអាយុ67ឆ្នាំ ធ្លាប់បានបង្ហាញឱ្យឃើញជាច្រើនលើកថា លោកជាមនុស្សចូលចិត្តធ្វើកីឡា ដូចជាការហាត់ប្រាណ ហែលទឹក និងឡើងភ្នំជាដើម។ កាលពីនៅកំលោះ បុរសនេះធ្លាប់ហាត់ប្រដាល់ ទាត់បាល់ និងចូលចិត្តបាល់ទះផងដែរ៕

    ប្រភព៖ CNN

  • ប្រទេស​ចិន​បញ្ចេញ​វ៉ាក់​សាំង ​Covid-19​ ប្រភេទ​សាក​ល្បង ​ដែល​មាន​តម្លៃ​ក្រោម​60​ដុល្លារ

    ប្រទេស​ចិន​បញ្ចេញ​វ៉ាក់​សាំង ​Covid-19​ ប្រភេទ​សាក​ល្បង ​ដែល​មាន​តម្លៃ​ក្រោម​60​ដុល្លារ

    ប្រទេសចិនចាប់ផ្ដើមផ្ដល់វ៉ាក់សាំងប្រភេទសាកល្បងដល់ពលរដ្ឋមួយចំនួននៅក្នុងទីក្រុង Jiaxing នៃខេត្ត Zhejiang ភាគខាងកើតប្រទេសនេះ ក្នុងតម្លៃ60ដុល្លារអាមេរិក។

    អាជ្ញាធរទីក្រុង Jiaxing កាលពីថ្ងៃទី15តុលា បានឱ្យដឹងថា ពលរដ្ឋដែលមានវ័យចាប់ពី18ដល់59ឆ្នាំ ដែលមានតម្រូវការចាំបាច់ អាចសុំប្រឹក្សាយោបល់នៅមន្ទីរពេទ្យដើម្បីទិញវ៉ាក់សាំងប្រឆាំង Covid-19 របស់ក្រុមហ៊ុន Sinovac Biotech ដែលអាជ្ញាធរកំពុងផ្ដល់សម្រាប់ក្រុមមនុស្សមួយចំនួន ដូចជាបុគ្គលិកសុខាភិបាលជាដើម។

    មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការរោគឆ្លងនៃទីក្រុង Jiaxing មិនបានបញ្ជាក់ថា “តម្រូវការចាំបាច់” គឺជាអ្វីខ្លះនោះ​ទេ។ ចំណែកក្រុមមន្ត្រីក៏មិនបានឱ្យដឹងថា មានមនុស្សប៉ុន្មាននាក់នៅក្នុងទីក្រុងនេះបានចាក់វ៉ាក់សាំងនេះនោះដែរ។ វ៉ាក់សាំងនេះ ត្រូវចាក់ជាពីរលើក និងឃ្លាតពីគ្នា28ថ្ងៃ។ អាជ្ញាធរឱ្យដឹងថា វ៉ាក់សាំងនេះមានតម្លៃ​400​យុន ប្រហែលនឹង59ដុល្លារអាមេរិក។

    យោងតាមអាជ្ញាធរក្រុង Jiaxing ប្រទេសចិនបានផ្ដល់វ៉ាក់សាំងដល់ពលកររាប់សែននាក់នៅក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជានៅកំពង់ផែ មន្ទីរពេទ្យ និងនៅតាមតំបន់ដែលប្រឈមនឹងហានិភ័យឆ្លងវីរុសខ្ពស់។

    ប្រទេសចិន បើទោះជាមានវ៉ាក់សាំងចំនួន11ប្រភេទបានឈានដល់ដំណាក់កាលប្រើប្រាស់សាកល្បង ក្នុងនោះមាន4ប្រភេទស្ថិតក្នុងដំណាក់កាលទីបីក៏ដោយ ប៉ុន្តែមិនទាន់មានវ៉ាក់សាំងណាមួយត្រូវបានផ្ដល់អាជ្ញាប័ណ្ណដើម្បីអាចដាក់លក់ក្នុងទីផ្សារនៅឡើយ។

    ប្រទេសចិនបានអនុញ្ញាតឱ្យប្រើប្រាស់ប្រភេទវ៉ាក់សាំងមួយចំនួននៅក្នុងករណីចាំបាច់នាពេលកម្លងមក ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ណាមួយបង្ហាញថា មានករណីប្រតិកម្មអាក្រក់ក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ។ ទី​ក្រុង​ប៉េកាំងបានព្យាករថា ប្រទេសចិននឹងមានការផ្ដល់វ៉ាក់សាំងជាទ្រង់ទ្រាយធំនៅចុងឆ្នាំនេះផងដែរ។

    នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែមុន ក្រុមមន្ត្រីចិនបានប្រកាសថា ប្រទេសនេះអាចផលិត​វ៉ាក់​សាំង​បាន​ចំនួន​610​លាន​អំពូលនៅចុងឆ្នាំ2020 និងបានសង្កត់ធ្ងន់ថា វានឹងមានតម្លៃសមរម្យ។ ចំណែកប្រធានាធិបតី​ចិន លោក Xi Jinping ក៏ធ្លាប់បានប្រកាសថា វ៉ាក់សាំងចិន នឹងក្លាយជា “ផលិតផលសាធារណៈនៅទូទាំងពិភពលោក”។

    សូមបញ្ជាក់ថា ប្រទេសចិនបានចុះឈ្មោះចូលរួមការដេញថ្លៃមួយដែលត្រូវបានដឹកនាំដោយអង្គការសុខភាពពិភព​លោក (WHO) ដើម្បីធានាឱ្យបានប្រាកដថា វ៉ាក់សាំង Covid-19 នឹងត្រូវបានចែកចាយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍនៅក្នុងពិភពលោក។ ទីក្រុងប៉េកាំងមិនបាននិយាយលម្អិតអំពីខ្ទង់ប្រាក់ដែលខ្លួនបានសន្យានៅក្នុងកិច្ចព្រមព្រៀងមួយនេះទេ។ កិច្ចព្រមព្រៀងនេះមានគោលដៅដើម្បីបង្កើតមូលនិធិមួយដែលនឹងមានតម្លៃ​2​ពាន់លានដុល្លារអាមេរិក ក្នុងបំណងផ្ដល់វ៉ាក់សាំង Covid-19 ទៅឱ្យប្រទេសក្រីក្រចំនួន92 ក្នុងពិភពលោកដែលមានចំណូល​ទាប និងមធ្យម៕

    ប្រភព៖ AFP

  • កូន​ប្រុស​​ពៅ​​របស់​​លោក​​ Trump​ ឆ្លង​ ​COVID-19 ខណៈ​អ្នក​​បាន​ឆ្លង​សរុប​នៅ​អាមេរិក​ ឡើង​ដល់​8,148,083​នាក់​

    កូន​ប្រុស​​ពៅ​​របស់​​លោក​​ Trump​ ឆ្លង​ ​COVID-19 ខណៈ​អ្នក​​បាន​ឆ្លង​សរុប​នៅ​អាមេរិក​ ឡើង​ដល់​8,148,083​នាក់​

    ជំទាវ​ទី​មួយ​ Melania បាន​ឱ្យ​ដឹង​ថា Barron Trump ដែល​មាន​អាយុ​14​ឆ្នាំ វិជ្ជមាន​ជាមួយ​នឹង​COVID-19 ប៉ុន្តែ បច្ចុប្បន្ន លោក​ស្រី និង​កូន​ប្រុស​លែង​មាន​វីរុស​ហើយ​។

    ក្រោយ​ពី​ប្រធានាធិបតី Trump និង​លោក​ជំទាវ​វិជ្ជមាន​ជាមួយ​នឹង​វីរុស​COVID-19 កាល​ពី​2​សប្ដាហ៍​មុន​ ពេល​នោះ​ Barron មាន​លទ្ធ​ផល​អវិជ្ជមាន​ នេះ​បើ​តាម​បទ​អធិប្បាយ​ដែល​មាន​ចំណង​ជើង​ថា “បទ​ពិសោធន៍​ឯក​ជន​របស់​ខ្ញុំ​ចំពោះ​ COVID-19” របស់​លោក​ជំទាវ​ Melania ដែល​ត្រូវ​បាន​ប្រកាស​​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី​14​តុលា​។

    លោក​ស្រី​ Melania ឱ្យ​ដឹងថា​៖ “ប៉ុន្តែ ដូច​ទៅ​នឹង​ការ​គិត​របស់​ឪពុក​ម្ដាយ​នានា​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ ខ្ញុំ​ក៏​មិន​អាច​មិន​គិត​អំពី​ថា “តើ​ថ្ងៃ​ស្អែក​ ឬ​ខាន​ស្អែក​នឹង​ទៅ​ជា​យ៉ាង​ណា​?” នោះ​ឡើយ។ ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ​បាន​ក្លាយជា​ការ​ពិត​ នៅ​ពេល​កូន​របស់​ខ្ញុំ​ត្រូវ​បាន​ធ្វើតេស្ត​ម្ដង​ទៀត​ និង​បាន​ទទួល​លទ្ធផល​វិជ្ជមាន​”។

    លោក​ស្រី​បន្ត​ថា​៖ “សំណាង​ល្អ​ណាស់​ដែល​ Barron ជា​យុវជន​ដែល​មាន​កម្លាំង​មាំមួន​ និង​មិន​មាន​​អាការ​រោគ​នោះ​ទេ​”។

    ខណៈ​នោះ​ដែរ លោក​ស្រី​ Melania មាន​រោគ​សញ្ញា​ស្រាល​ៗ​ ដូច​ជា​ ឈឺចាប់​ក្នុង​រាង​កាយ ក្អក ឈឺក្បាល និង​អស់​កម្លាំង​។ ប៉ុន្តែ លោក​ជំទាវ​ទីមួយ​ បាន​ប្រកាស​ថា បច្ចុប្បន្ន លោក​ស្រី​និង​កូន​ ទើប​តែ​ទទួល​បាន​លទ្ធ​ផល​អវិជ្ជមាន​នឹង​COVID-19​។ លោកស្រី​ឱ្យ​ដឹង​ថា៖ “ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ នៅ​ពេល​យើង​ទាំង​បី​នាក់​​បាន​ឆ្លង​កាត់​បញ្ហា​នេះ​ ហើយ​អាច​ថែ​រក្សា​គ្នា​ និង​អាច​នៅ​ក្បែរ​គ្នា​បាន​”។ លោក​ស្រី​សង្ឃឹម​ថា​ “នឹង​បន្ត​ភារ​កិច្ច​របស់​ខ្លួន​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​”។

    គិត​មក​ដល់​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​ឡើង​ដល់​​8,148,083​នាក់​​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​221,818​នាក់​ និង​2,656,624​កំពុង​ព្យាបាល​ អ្នក​ជំងឺ​បាន​ជាសះស្បើយ​ មាន​ចំនួន​5,269,641​នាក់​៕

    ប្រភព៖ AFP

  • 14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម(តពីលេខមុន)

    14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម(តពីលេខមុន)

    8 . ហាមញ៉ាំអាហារដែលគ្មានប្រយោជន៍

    អាហារគ្មានប្រយោជន៍ដែលថានេះ ក្រៅពីនឹងបំផ្លាញសុខភាពស្រ្តីមានគភ៌ហើយ អាហារខ្លះថែមទាំងបំផ្លាញខួរក្បាលទារកក្នុងគភ៌ទៀតផង។ អាហារទាំងនោះមានដូចជា ស្រា(ជាតិអាល់កុល) កាហ្វេអ៊ីន អាហារដែលមានរសជាតិផ្អែមខ្លាំង ខ្លាញ់ច្រើន ហឹរខ្លាំង ស្ទើរឆៅស្ទើរឆ្អិន អាហារជ្រក់ត្រាំ អាហារកំប៉ុង និងម្សៅប៊ីចេង។

    9 . ហាមធ្វើដំណើរឆ្ងាយពេលជិតដល់ថ្ងៃប្រសូត

    សម្រាប់ស្រ្តីមានគភ៌ក្នុងត្រីមាសចុងក្រោយ ជាពិសេសស្រ្តីដែលមានអាយុគភ៌ 32សប្ដាហ៍ឡើងទៅ គួរតម ឬផ្អាកធ្វើដំណើរផ្លូវឆ្ងាយ ព្រោះក្នុងអំឡុងពេលនេះ មានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគ និងអាចប្រសូតមុនកាលកំណត់បានយ៉ាងងាយ។

    10 . ហាមញ៉ាំទឹកដោះច្រើនលើសពី 2កែវក្នុងមួយថ្ងៃ

    ស្រ្តីមានគភ៌ជាច្រើននាក់សម្រុកញ៉ាំទឹកដោះគោដើម្បីបំប៉នគភ៌តាំងពីពេលដឹងថា ខ្លួនមានគភ៌។ តាមគោលការណ៍ភោជនាហារ គួរចាប់ផ្ដើមញ៉ាំទឹកដោះគោបំប៉នគភ៌នៅពេលឈានចូលត្រីមាសទី2 នៃការតាំងគភ៌ព្រោះអំឡុងពេលនោះ ទារកបានទាញយកកាល់ស្យូមពីម្ដាយទៅប្រើច្រើនឡើង អាចធ្វើឱ្យខ្លួនស្រ្តីជាម្ដាយបាត់បង់ជាតិកាល់ស្យូមច្រើនជាងប្រក្រតី តែ…ការញ៉ាំទឹកដោះគោក្នុងមួយថ្ងៃ 1កែវ ឬទឹកសណ្ដែកលឿងមួយថ្ងៃ 2កែវ គឺល្មមគ្រប់គ្រាន់ហើយ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ស្រ្តីមានគភ៌ដែលទឹកដោះគោច្រើនជ្រុលលើសភាពចាំបាច់ នឹងធ្វើឱ្យទារកមានភាពប្រថុយនឹងការកើតប្រតិកម្មចាញ់បានយ៉ាងងាយ ដូចជា ប្រតិកម្មប្រូតេអ៊ីនក្នុងទឹកដោះគោ ជាដើម។

    11 . ហាមស្លៀកសម្លៀកបំពាក់រឹបខ្លួនខ្លាំងជ្រុលពេក

    ស្រ្តីមានគភ៌គួរស្លៀកសម្លៀកបំពាក់ណាដែលធូររលុងៗ សប្បាយៗ ខ្យល់អាកាសចេញចូលស្រួល ដោយសារតែក្នុងអំឡុងពេលតាំងគភ៌មានការប្រែប្រួលកម្រិតអ័រម៉ូនក្នុងរាងកាយយ៉ាងខ្លាំង ជាពិសេសអ័រម៉ូនភេទ ធ្វើឱ្យស្រ្តីមានគភ៌មានក្លិនខ្លួន និងក្លិនអវយវៈភេទខ្លាំងជាងមុន។ ការស្លៀកសម្លៀកបំពាក់ដែលរឹតណែន ធ្វើឱ្យកាន់តែកើតមានក្លិនអាប់ខ្លាំងឡើង និងនៅធ្វើឱ្យប្រព័ន្ធឈាមរត់ដំណើរការមិនបានស្រួល ធ្វើឱ្យពិបាកដកដង្ហើម ងងឹតមុខ ឬខ្យល់គរបានទៀតផង។

    12 . ហាមលូកលាងរន្ធស្បូន និងប្រើថ្នាំកម្ចាត់ក្លិន

    ក្នុងអំឡុងពេលមានគភ៌ មានការប្រែប្រួលអ័រម៉ូនច្រើន ហុចផលឱ្យអវយវៈភេទមានក្លិនខ្លាំងឡើង ទើបស្រ្តីមានគភ៌ធ្វើការលូកលាងសម្អាតរន្ធស្បូន និងជ្រើសរើសប្រើផលិតផលកម្ចាត់ក្លិន។ ទង្វើនេះជាការនាំមកនូវមេរោគឱ្យចូលទៅក្នុងរន្ធស្បូនដោយផ្ទាល់ ព្រោះជាធម្មតា នៅបរិវេណនោះនឹងមានមេរោគល្អនៅប្រចាំការចាំស្ទាក់ចាប់មេរោគផ្សេងៗដែលចូលទៅក្នុងរន្ធស្បូន ដូច្នេះហើយទើបមនុស្សប្រក្រតីមិនកើតការឆ្លងមេរោគដោយងាយៗនោះទេ តែបើពេលណាមានការលូកលាងរន្ធស្បូន ឬប្រើទឹកថ្នាំ ឬសាប៊ូដែលមានកម្រិតខ្លាំងៗ នឹងធ្វើឱ្យស្លាប់មេរោគល្អទាំងនោះ ហើយធ្វើឱ្យមេរោគចង្រៃផ្សេងៗហូរចូលទៅក្នុងរន្ធស្បូនបាន ធ្វើឱ្យប្រអប់ស្បូនកើតការឆ្លងមេរោគទាំងម្ដាយ និងកូនយ៉ាងងាយស្រួល។

    13 . ហាមលើករបស់ធ្ងន់ៗ ឬតោងឡើងទីខ្ពស់ៗ

    នៅពេលលើករបស់ធ្ងន់ៗខ្លាំងពេក កម្លាំងប្រឹងនឹងធ្លាក់ទៅនៅត្រង់ស្បូន ព្រោះជាចំណុចកណ្ដាល។ កម្លាំងប្រឹងខណៈពេលខំលើករបស់ធ្ងន់ៗ ប្រថុយប្រថាននឹងការធ្វើឱ្យរលូតបុត្របាន។ ការលើករបស់ធ្ងន់ៗ ឬការតោងឡើងទីខ្ពស់ៗ ប្រថុយនឹងការបាត់បង់លំនឹង ធ្វើឱ្យដួលបោកនឹងដីបានដូចគ្នា។

    14 . ហាមស្វាមីមានក្នុង មានក្រៅ

    ចំណុចនេះត្រូវតែ Tag ឬ Coppy ឱ្យស្វាមីអានឱ្យបាន។ តាមរយៈរបាយការណ៍វេជ្ជសាស្រ្តបានរកឃើញថា ស្វាមីក្បត់ចិត្តភរិយាច្រើនបំផុតក្នុងអំឡុងពេលភរិយាតាំងគភ៌ មានតាំងពីជាមួយស្រ្តីបម្រើសេវាផ្លូវភេទ មានភេទសម្ព័ន្ធជាមួយស្រីផ្សេងជាច្រើននាក់។ ទង្វើនេះអាចហុចផលប៉ះពាល់ដល់ភរិយា និងកូនតូច ព្រោះប្រថុយប្រថាននឹងការឆ្លងរោគពីក្រៅ ដូចជារោគអេដស៍ ស្វាយប្រមេះជាដើម។ គ្រប់រោគដែលរៀបរាប់មកនេះអាចហុចផលធ្វើឱ្យទារកពិការ ឬប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបាន។ ឯការការពារ ៈ ស្រ្តីមានគភ៌កុំព្រងើយកន្តើយក្នុងការផ្ដល់សេចក្ដីសុខជាមួយស្វាមី ព្រោះពេញមួយរយៈ 9ខែ ពេទ្យមិនបានហាម ឬកម្រិតការមានភេទសម្ព័ន្ធឡើយ អ្នកអាចប្រព្រឹត្តបានតាមប្រក្រតីក្នុងឥរិយាបទដែលមិនប្រថុយគ្រោះថ្នាក់ខ្លាំងពេកប៉ុណ្ណោះ។

    ការមើលថែទាំសុខភាពគភ៌នេះសំខាន់ណាស់ ព្រោះមិនមែនសម្រាប់តែស្រ្តីមានគភ៌ខ្លួនឯងប៉ុណ្ណោះទេ ទារកដែលនៅក្នុងគភ៌ក៏ត្រូវតែមានសុខភាពល្អបរិបូរណ៍ដែរ ដូច្នេះបើមានហេតុខុសប្រក្រតីណាមួយកើតឡើង ត្រូវទៅជួបគ្រូពេទ្យភ្លាមជាបន្ទាន់៕

  • រឿងក្បែរៗខ្លួនដែលស្រ្តីមានគភ៌គួរដឹង

    រឿងក្បែរៗខ្លួនដែលស្រ្តីមានគភ៌គួរដឹង

    នៅពេលដែលដឹងខ្លួនថាតាំងគភ៌ហើយ មានរឿងចាំបាច់ច្រើនយ៉ាងណាស់ដែលស្រ្តីត្រូវរៀនយល់ដឹង និងធ្វើដើម្បីសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ។ ថ្ងៃនេះឡារ៉ែនមានរឿងក្បែរខ្លួនដែលសំខាន់ៗសម្រាប់ស្រ្តីមានគភ៌ដែលត្រូវប្រតិបត្តិមកជម្រាបជូនដូចខាងក្រោម។

    ការសម្រាក ៈ ស្រ្តីមានគភ៌ត្រូវការគេងក្នុងអំឡុងពេលយប់ពី 8 – 10ម៉ោង ឬគេងឱ្យបានច្រើនរហូតទាល់តែអ្នកមានអារម្មណ៍ថា ស្រួលកាយសប្បាយខ្លួន មិននឿយល្វើយ និងខណៈពេលគេង ស្រ្តីមានគភ៌គួរគេងផ្អៀងខាងឆ្វេង ព្រមទាំងអង្កុញជង្គង់បន្តិច ដើម្បីចៀសវាងមិនឱ្យស្បូនដែលមានទំហំធំនោះទៅសង្កត់លើសរសៃឈាម ដែលជាហេតុបណ្ដាលឱ្យ ឈាមហូរមកចិញ្ចឹមទងសុកមិនបានល្អ។ ការគេងមួយស្រឡេតនៅពេលថ្ងៃរសៀលនឹងជួយដល់ស្រ្តីមានគភ៌បានច្រើនណាស់ និងទោះជាការគេងនោះមិនលក់ក៏ដោយ តែការគេង និងការសម្រាកបន្ធូរសាច់ដុំ គឺជារឿងល្អសម្រាប់ស្រ្តីមានគភ៌។

    ការស្លៀកសម្លៀកបំពាក់ និងស្បែកជើង ៈ ស្រ្តីមានគភ៌អាចត្រូវការទិញសម្លៀកបំពាក់ស្លៀកក្នុងអំឡុងពេលមានគភ៌ រឿងសំខាន់ដែលស្រ្តីមានគភ៌មិនគួរភ្លេច ក៏គឺសម្លៀកបំពាក់ទាំងនោះត្រូវធ្វើឱ្យខ្លួនមានអារម្មណ៍សប្បាយស្រួលខណៈស្លៀក។ អាវឈុតគ្របផ្ទៃពោះគួរតែជាសម្លៀកបំពាក់ដែលស្លៀកសប្បាយស្រួលខ្លួន និងងាយស្រួលថែរក្សា រួមទាំងអាវទ្រនាប់ផង គួរប្រើអាវសម្រាប់ស្រ្តីមានគភ៌ ឬបំបៅដោះកូន ខណៈពេលជាមួយគ្នា គួរពាក់ស្បែកជើងកែងទាប ព្រោះខណៈពេលតាំងគភ៌ ការទប់លំនឹងខ្លួនរបស់ស្រ្តីមានគភ៌នឹងមិនល្អដូចប្រក្រតីនោះទេ។ ការពាក់ស្បែកជើងកែងខ្ពស់ៗអាចធ្វើឱ្យស្រ្តីមានគភ៌ងាយនឹងឈឺខ្នង រួមទាំងងាយនឹងកើតឧប្បត្តិហេតុទៀតផង ជាពិសេសនៅពេលអាយុគភ៌ចាប់ពី 7ខែឡើងទៅ ។

    ការមើលថែទាំរក្សាសុខភាពធ្មេញ និងប្រអប់មាត់ ៈ ស្រ្តីមានគភ៌គួរផ្ដល់ការចាប់អារម្មណ៍លើសុខភាពធ្មេញ និងប្រអប់មាត់របស់ខ្លួនជាពិសេស ដោយសារតែក្នុងចន្លោះពេលនេះ ស្រ្តីមានគភ៌ច្រើនតែទទួលទានអាហារញឹកញាប់ ឬចង់ញ៉ាំអាហារផ្អែមខ្លាំងជាងប្រក្រតី។ អ័រម៉ូនដែលប្រែប្រួលក្នុងអំឡុងការតាំងគភ៌ច្រើនតែធ្វើឱ្យអញ្ចាញធ្មេញរបស់ស្រ្តីមានគភ៌ងាយក្នុងការរលាកឆ្លងមេរោគ និងការក្អួតចង្អោរក្នុងអំឡុងពេលចាញ់កូនដែលច្រើនតែមានអាស៊ីតពីក្រពះចេញមកច្រើនជាដើម ទាំងអស់ដែលរៀបរាប់មកនេះ នឹងធ្វើឱ្យធ្មេញរបស់ស្រ្តីមានគភ៌ងាយនឹងពុកខូចជាងប្រក្រតី ដូច្នេះស្រ្តីមានគភ៌ត្រូវឧស្សាហ៍មើលថែទាំ និងរក្សាអនាម័យសុខភាពមាត់-ធ្មេញដោយការសម្អាតអញ្ចាញធ្មេញ ធ្មេញ និងប្រអប់មាត់ឱ្យបានជាប់ជាប្រចាំ៕

  • អស់បញ្ហារឿងគេងលក់មិនគ្រប់គ្រាន់! និង15 វិធីជួយឱ្យឆាប់គេងលក់

    អស់បញ្ហារឿងគេងលក់មិនគ្រប់គ្រាន់! និង15 វិធីជួយឱ្យឆាប់គេងលក់

    ដូចដែលយើងបានដឹងច្បាស់ហើយថា ការគេងលក់សម្រាកគឺជាចំណែក 1ភាគ3នៃជីវិតប្រចាំថ្ងៃរបស់យើង ដូច្នេះហើយទើបយើងត្រូវតែគេងលក់សម្រាកឱ្យបានមួយថ្ងៃពី 6 – 8ម៉ោង ទើបហុចផលល្អដល់រាងកាយ តែបើអ្នកមានបញ្ហាក្នុងការគេង ដូចជាគេងមិនសូវលក់ ឬពិបាកក្នុងការគេងលក់ ចូរសាកល្បងធ្វើតាម “វិធីធ្វើឱ្យគេងលក់” របស់យើងលមើល៍ ធានាថាអ្នកនឹងលង់លក់សប្បាយយ៉ាងពិតប្រាកដ។

    1. ហាត់ប្រាណជាប្រចាំ ឬមួយសប្ដាហ៍ 3ដង ម្ដងៗយ៉ាងតិច កន្លះម៉ោង តែមិនគួរហាត់ប្រាណមុនពេលគេងឡើយ។
    2. មិនគួរគេងលក់នៅពេលថ្ងៃ ឬពេលល្ងាចនោះទេ ព្រោះនឹងធ្វើឱ្យខួរក្បាលយល់ច្រឡំថា រាងកាយបានគេងលក់រួចហើយ លុះដល់ពេលត្រូវគេងមែនទែន ក៏នឹងធ្វើឱ្យពិបាកគេងលក់ តែបើចង់គេងសម្រាកពេលថ្ងៃខ្លាំងមែនទែននោះ ចូរគេងមួយស្រឡេតមិនឱ្យលើសកន្លះម៉ោងបានហើយ។
    3. តមភេសជ្ជៈ តែ កាហ្វេ សូកូឡា និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងបារី។
    4. តមអាហារពេលយប់ជ្រៅ និងមិនគួរញ៉ាំទឹកច្រើននៅពេលព្រលប់ទេ ព្រោះជាប្រក្រតី រាងកាយមិនបញ្ចេញទឹករំលាយអាហារនៅពេលយប់ឡើយ។
    5. មិនគួរធ្វើកិច្ចការងារណាដែលធ្វើឱ្យផ្លូវចិត្តបានទទួលការជំរុញមុនពេលគេង ដូចជា មើលកុន អានសៀវភៅ ជជែកគ្នា រឿងដែលធ្វើឱ្យអារម្មណ៍តឹងតែង ជំរុញផ្លូវចិត្តឱ្យរំភើបញាប់ញ័រ ខំប្រឹង និងធុញថប់ឡើយ។
    6. តមលេងឧបករណ៍អេឡិចត្រូនិក ទូរស័ព្ទស្មាតហ្វូនមុនពេលចូលគេង ព្រោះឧបករណ៍ទាំងនោះមានផលធ្វើឱ្យពិបាកគេងលក់ ដោយសារតែពន្លឺពណ៌ផ្ទៃមេឃក្នុងអេក្រង់ ធ្វើឱ្យរាងកាយបានដឹងថា មិនទាន់ងងឹត និងបញ្ចេញសារធាតុ មេឡាតូនីន ធ្វើឱ្យពិបាកគេងលក់ ហើយយើងថែមទាំងទទួលបានព័ត៌មានចូលមកជាប់ជានិច្ច ធ្វើឱ្យខួរក្បាលមិនបានសម្រាក និងគេងលក់មិនបានពេញលេញ រលកខួរក្បាលមិនស្រឡះ ធ្វើឱ្យគេងលក់មិនស្កប់។
    7. ព្យាយាមរៀបចំពេលវេលាសម្រាប់ការសម្រាកដើម្បីបន្ធូររាងកាយ និងខួរក្បាលឱ្យស្រឡះមុនចូលគេង ដូចជា ស្ដាប់បទភ្លេងដែលជួយសម្រួលឱ្យគេលលក់បានកាន់តែស្រួលឡើង ឬអង្គុយតាំងសមាធិ សូត្រមន្តឱ្យផ្លូវចិត្តបានស្ងប់សប្បាយ ធូរស្រាល ឬនឹកដល់ធម្មជាតិ។
    8. សម្រួលបន្ទប់គេងឱ្យស័ក្តិសមទាំងសីតុណ្ហភាព ពន្លឺ និងភាពស្រទន់ស្រួលខ្លួន។
    9. គ្រែមានទុកសម្រាប់គេង មិនគួរធ្វើកិច្ចការងារផ្សេងៗលើគ្រែ ដូចជាទូរស័ព្ទ ញ៉ាំអាហារ ឬអានសៀវភៅឡើយ។
    10. ពេលផ្ដេកខ្លួនគេងហើយ ចូរឈប់គិតរឿងដែលតានតឹង មិនសប្បាយចិត្ត ដូច្នេះមុនពេលគេង ចូរសរសេរកត់ត្រាអ្វីដែលមិនសប្បាយចិត្តចូលទៅក្នុងក្រដាសថា អ្វីដែលយើងកែខៃបាន និងអ្វីដែលយើងកែខៃមិនបាន ព្រោះការសរសេរដែលច្បាស់លាស់នឹងធ្វើឱ្យខួរក្បាលស្រឡះឡើង ផ្លូវចិត្តសប្បាយឡើង។
    11. មិនគួរញ៉ាំទឹកច្រើនក្រោយពេលបាយល្ងាច ព្រោះនឹងធ្វើឱ្យភ្ញាក់ឡើងបត់ជើងតូច និងដាច់ចង្វាក់ការកំពុងគេងលក់ស្រួល ដូច្នេះមុននឹងចូលគេងគួរចូលបន្ទប់ទឹកឱ្យរួចរាល់ ឬបើចាំបាច់ត្រូវភ្ញាក់ឡើងចូលបន្ទប់ទឹកក៏មិនចាំបាច់កង្វល់ដែរ ចូរត្រឡប់មកគេងវិញយ៉ាងមានអារម្មណ៍ធូរស្រាល។
    12. មិនគួរមានអារម្មណ៍កង្វល់ ឬតានតឹងនៅពេលគេងមិនលក់នោះទេ បើការចូលគេងកន្លងទៅ 30នាទីហើយនៅតែមិនទាន់លក់ទៀត ចូររកកិច្ចការងារបន្ធូរអារម្មណ៍ធ្វើ រហូតទាល់តែមានអារម្មណ៍ថាងងុយ សឹមចូលទៅគេងវិញម្ដងទៀត។
    13. កុំវិតក្កកង្វល់ ហើយមើលនាឡិកាញឹកញាប់ ព្រោះវានឹងក្លាយជាការដាក់សម្ពាធលើខ្លួនឯង ធ្វើឱ្យមានអារម្មណ៍តានតឹង និងគេងមិនលក់នៅទីបំផុត។
    14. បើអ្នកគេងជាមួយលោកអ្នកជាមនុស្សគេងស្រមុក និងធ្វើឱ្យលោកអ្នកពិបាកនឹងគេងលក់ ចូរលោកអ្នករកអ្វីមកបិទត្រចៀក និងនាំដៃគូរបស់អ្នកទៅជួបគ្រូពេទ្យ ដើម្បីព្យាបាលអាការគេងស្រមុក តែបើលោកអ្នកនៅតែគេងមិនលក់ទៀត ចូរចែកគ្រែគ្នាគេងបណ្ដោះអាសន្ន ដើម្បីឱ្យលោកអ្នកបានគេងលក់សម្រាកយ៉ាងគ្រប់គ្រាន់។
    15. គួរភ្ញាក់ពីដំណេកឱ្យទៀងពេលវេលារៀងរាល់ថ្ងៃ ទោះជាលោកអ្នកចូលគេងនៅម៉ោងប៉ុន្មានក៏ដោយ ព្រោះនឹងធ្វើឱ្យចរន្តការគេងលក់របស់លោកអ្នកមានតុល្យភាព និងមិនគួរភ្ញាក់ពីដំណេកក្រោយម៉ោង 8ព្រឹកឡើយ ព្រោះរាងកាយមនុស្សមានសម្ព័ន្ធជាមួយព្រះអាទិត្យរះ និងលិច៕
  • កូនៗឈ្លោះគ្នា ឪពុកម្ដាយត្រូវធ្វើម៉េច?

    កូនៗឈ្លោះគ្នា ឪពុកម្ដាយត្រូវធ្វើម៉េច?

    “ម៉ាក់អ៊ើយ អាបងចូលមកក្នុងបន្ទប់កូនទៀតហើយ!”

    “ម៉ាក់!! អាអូនមិនព្រមឱ្យកូនលេងរបស់លេងដែរទេ”

    “ឱ្យប្អូនលេងសិនទៅ”

    “អត់ទេ! កូនលេងមុន!”

    “ដណ្ដើមហ្អេ៎? នេះនែ!!(ផាច់ៗ…វាយគ្នា)”

    ស្ថានការណ៍បែបហ្នឹង ធ្លាប់ជួបទេ? បើសិនជាផ្ទះរបស់អ្នកមានអាល្អិតយ៉ាងតិច 2នាក់រស់នៅក្រោមដំបូលតែមួយ ប្រាកដណាស់ថា ហេតុការណ៍ស្រដៀងៗដែលអ្នកគ្រូ ឆវី លើកជាឧទាហរណ៍ខាងលើនេះ ប្រហែលជាធ្លាប់កើតឡើងចំពោះអ្នកខ្លះមិនខាន។ ការឈ្លោះទាស់ទែងគ្នារវាងបង-ប្អូន គឺជារឿងប្រក្រតីដែលកើតឡើងគ្រប់ផ្ទះ ហើយបើសិនជាលោកឪពុកអ្នកម្ដាយចេះទប់ទល់យ៉ាងត្រូវវិធី វានឹងជួយកាត់បន្ថយបញ្ហាដែលអាចនឹងកើតឡើងក្នុងរយៈពេលវែងបាន។ ខាងក្រោមនេះគឺ វិធី និងគន្លឹះល្អៗដើម្បីឱ្យឪពុកម្ដាយអាចដោះស្រាយបញ្ហាកូនៗឈ្លោះគ្នាបានយ៉ាងត្រឹមត្រូវ និងល្អប្រសើរ…។

    • បំបែកជើងខ្លាំងទាំងពីរចេញពីគ្នា ទុករហូតទាល់តែស្ងប់អារម្មណ៍ ៈ ក្នុងករណីខ្លះអាចត្រឹមតែឱ្យកូនទាំងពីរឈប់និយាយ និងឈប់ធ្វើអ្វីគ្រប់យ៉ាងសិន មុននឹងលោកអ្នកចូលទៅកែបញ្ហាជម្លោះទាស់ទែងនោះ តែបើលោកអ្នកត្រូវការឱ្យរឿងហ្នឹងក្លាយជាបទពិសោធដែលកូនៗនឹងបានរៀនយល់ដឹង គួរតែរង់ចាំរហូតទាល់តែអារម្មណ៍របស់ពួកគេស្ងប់ទៅវិញសិន សឹមអប់រំពួកគេ។
    • កុំដាក់សម្ពាធ ឬព្យាយាមរកអ្នកខុស ៈ នៅពេលកូនទាំង 2នាក់ឈ្លោះគ្នា រឿងដែលកើតឡើងក្មេងទាំងពីរត្រូវតែទទួលខុសត្រូវរួមគ្នា។
    • ព្យាយាមសាងស្ថានការណ៍ដែលគ្រប់គ្នាទទួលបានប្រយោជន៍ ៈ ដូចជាហៅថា ស្ថានការណ៍ឈ្នះ-ឈ្នះ(win-win situation)ដើម្បីឱ្យគ្រប់គ្នាបានរៀនយល់ដឹងពីអ្វីម្យ៉ាង ដូចជា នៅពេលដែលកូន 2នាក់ត្រូវការលេងរបស់លេងតែមួយដូចគ្នា អ្នកអាចនឹងប្ដូរទៅជាឱ្យកូនៗបានលេងហ្គេមណាដែលអាចលេងដំណាលគ្នាបានទាំងពីរនាក់ជំនួសវិញ ជាដើម។

    កែសម្រួលនិស្ស័យ បង-ប្អូនត្រូវតែមិនឈ្លោះគ្នា

    តទៅនេះ គឺជារឿងងាយៗដែលលោកអ្នកអាចធ្វើបាននៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីកាត់បន្ថយជម្លោះរវាងបង-ប្អូន។

    • ដាក់ច្បាប់ ជាពិសេសក្នុងរឿងទង្វើ ៈ ប្រាប់កូនៗថា ក្មេងៗមិនគួរនិយាយពាក្យអាក្រក់ស្ដាប់ ស្រែកគំហកដាក់មុខគ្នា ឬធ្វើមុខមាំកាចដាក់គ្នាទេ និងអធិប្បាយឱ្យស្ដាប់ថា នឹងមានអ្វីកើតឡើងបើសិនជាកូនល្មើសច្បាប់ដោយការបញ្ចេញទង្វើដែលមិនគួរឱ្យប្រាថ្នាផ្សេងៗចេញមក ដើម្បីឱ្យក្មេងៗបានដឹងថា គេត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់គេ។
    • កុំបណ្ដោយឱ្យកូនៗធ្វើឱ្យអ្នកគិតថា អ្នកត្រូវតែបង្ហាញពីភាពយុត្តិធម៌គ្រប់ពេលឱ្យសោះ ព្រោះក្នុងករណីខ្លះ អាល្អិតម្នាក់ក៏នឹងចាំបាច់ត្រូវទទួលខុសត្រូវលើទង្វើរបស់ខ្លួនច្រើនជាងអាល្អិតម្នាក់ទៀតដែរ។
    • ផ្ដល់នូវការចាប់អារម្មណ៍ចំពោះកូនៗយ៉ាងស្មើភាពគ្នាជាប់ជានិច្ច ជាពិសេសក្រោយការឈ្លោះទាស់ទែងគ្នា។ បើកូនបងចង់ចេញទៅដើរលេង ក៏គួរតែនាំគេទៅ តែពេលត្រឡប់មកវិញ បើកូនប្អូនត្រូវការឱ្យអ្នកនិយាយរឿងនិទានឱ្យស្ដាប់ អ្នកក៏ត្រូវតែធ្វើដែរ។
    • ប្រាកដក្នុងចិត្តថា កូនម្នាក់ៗមានទីកន្លែងផ្ទាល់ខ្លួន និងមានពេលវេលាផ្ទាល់ខ្លួនដែលគេអាចនឹងបានលេងដូចដែលគេត្រូវការដោយមិនចាំបាច់មានបង ឬប្អូនតាមជាប់ទៅជាមួយផង។
    • សម្ដែងឱ្យកូនឃើញ និងអធិប្បាយឱ្យកូនយល់ថា សម្រាប់រូបអ្នក សេចក្ដីស្រឡាញ់ជារឿងដែលត្រូវមានព្រំដែន។
    • ធ្វើឱ្យកូនដឹងថា ពួកគេមានភាពសំខាន់ និងនឹងបានទទួលការមើលថែទាំឱ្យមានសុវត្ថិភាព រួមទាំងតម្រូវការទាំងឡាយដែលស្ថិតលើហេតុផលរបស់កូនដែលនឹងបានទទួលការតបស្នង។
    • ធ្វើកិច្ចការងាររួមគ្នាទាំងគ្រួសារ ព្រោះវានឹងជួយកាត់បន្ថយភាពតានតឹងរវាងបងប្អូនដែលឈ្លោះគ្នាបាន ព្រោះក្នុងកិច្ចការងារទាំងនោះ គ្រប់គ្នានឹងបានទទួលការយកចិត្តទុកដាក់យ៉ាងស្មើៗគ្នា។
    • បើកូនឈ្លោះគ្នាដដែលៗ ក្នុងរឿងដដែលៗ ដូចជាដណ្ដើមគ្នាប្រើកុំព្យូទ័រ ជាដើម អាណាព្យាបាលគួរតែធ្វើតារាងកាលវិភាគការប្រើការរឿងអ្វីមួយនោះសម្រាប់កូនម្នាក់ៗ តែបើនៅតែឈ្លោះគ្នាទៀត ពួកគេទាំងពីរនឹងលែងទទួលបានឱកាសនោះទៀត។
    • បើកូនៗនៅតែឈ្លោះគ្នាញឹកញាប់ លោកអ្នកគួរណាត់ថ្ងៃនិយាយគ្នាក្នុងក្រុមគ្រួសារ ដើម្បីរំឭកអំពីច្បាប់ដែលប្រើក្នុងគ្រួសារ និងរំឭកឡើងវិញនូវភាពជោគជ័យក្នុងការកែបញ្ហាឈ្លោះទាស់ទែងដែលទាំងអស់គ្នាអាចធ្វើបានកាលពីពេលកន្លងៗមក។ លោកអ្នកអាចសាកល្បងប្រើវិធីឱ្យរង្វាន់នៅពេលកូនអាចលេង ឬធ្វើការអ្វីមួយរួមគ្នាបានដោយមិនមានជម្លោះ ដូចជាបើកូនមិនមានឈ្លោះគ្នាសោះក្នុងមួយថ្ងៃ កូនៗនឹងបានជ្រើសទិញនំដែលខ្លួនឯងចូលចិត្តញ៉ាំ ឬមិនមានឈ្លោះគ្នាមួយសប្ដាហ៍ ប៉ាម៉ាក់នឹងនាំទៅដើរលេង ជាដើម។
    • កុំភ្លេចថា ក្មេងៗម្នាក់ៗត្រូវការពេលវេលានៅឆ្ងាយពីបងប្អូន និងក្រុមគ្រួសារខ្លះដែរ ដូច្នេះលោកអ្នកអាចនឹងរៀបចំឱ្យកូនៗបានទៅលេងផ្ទះមិត្តភក្តិជិតដិត ឬឱ្យកូនម្នាក់ៗទៅដើរលេងតែម្នាក់ឯងជាមួយអ្នកក៏បាន។

    *** ខណៈដែលកូនៗរៀនយល់ដឹងក្នុងការចេះរម្ងាប់អារម្មណ៍ គេក៏ថែមទាំងបានរៀនយល់ដឹងពីជំនាញសំខាន់ដែលនឹងប្រើប្រាស់ក្នុងការរស់នៅ ដូចជារឿងការទទួលយកគំនិតយោបល់របស់អ្នកដទៃ ការសម្រុះសម្រួល ការតវ៉ា និងការគ្រប់គ្រងទង្វើច្រងេងច្រងាងរបស់ខ្លួនឯង ជាដើម។

    ប៉ាម៉ាក់មិននៅ កូនៗមិនឈ្លោះគ្នា

    កុំភ្លេចណា៎ថា ការដែលអាល្អិតៗរបស់លោកអ្នកឈ្លោះគ្នា ពេលខ្លះក៏ដើម្បីទាមទារការចាប់អារម្មណ៍អំពីលោកឪពុកអ្នកម្ដាយដែរ ដូច្នេះ នៅពេលដែលវាអ៊ីចឹង លោកអ្នកក៏គួរតែរកមើលពេលវេលាទំនេរខ្លះដើម្បីឱ្យខ្លួនឯងបានធ្វើអ្វីម្យ៉ាងដែលជាការងារផ្ទាល់ខ្លួនដោយគ្មានកូនៗនៅក្បែរខ្លះផង ព្រោះ…ជឿអ្នកគ្រូ ឆវី ចុះថា នៅពេលដែលលោកអ្នកមិននៅ កូនៗនឹងរស់នៅជាមួយគ្នាបានយ៉ាងល្អប្រសើរ៕

  • ក្មេងធាត់ ប្រថុយប្រថាននឹងជំងឺ ឪពុកម្ដាយកុំបណ្ដោយ

    ក្មេងធាត់ ប្រថុយប្រថាននឹងជំងឺ ឪពុកម្ដាយកុំបណ្ដោយ

    សង្គមទីក្រុងនាពេលបច្ចុប្បន្នមានការផ្លាស់ប្ដូរខុសកាលពីអតីតកាលច្រើនណាស់ ទាំងសភាវការរស់នៅ និងការទទួលទានអាហារ ដែលការផ្លាស់ប្ដូរ និងប្រែប្រួលនេះមិនមែនកើតឡើងតែជាមួយមនុស្សធំនោះទេ តែនៅកើតមានចំពោះកុមារផងដែរ។ ដោយសារតែសភាវជុំវិញខ្លួនក្នុងពេលសព្វថ្ងៃនេះត្រូវប្រញាប់ប្រញាល់ និងប្រណាំងជាមួយពេលវេលា អាណាព្យាបាល ឬឪពុកម្ដាយអាចគ្មានពេលវេលាត្រៀមរៀបចំម្ហូបអាហារដែលមានគុណតម្លៃខាងភោជនាហារគ្រប់គ្រាន់សម្រាប់កូនៗ ទើបធ្វើឱ្យត្រូវសម្លឹងមើលអាហារសម្រេច ឬអាហារឆ្អិនស្រាប់កាន់តែច្រើនឡើង ដែលអាចធ្វើឱ្យក្មេងបានទទួលសារជាតិអាហារប្រភេទខ្លះច្រើនជ្រុលពេក ហុចផលឱ្យក្មេងកើតរោគធាត់បាន។

    គ្រូពេទ្យជំនាញខាងជំងឺកុមារបានរៀបរាប់ថា បច្ចុប្បន្នមានសញ្ញាក្នុងការរកឃើញថា មានសភាវធាត់កើតនៅលើកុមារកើនឡើង ដោយសារបច្ច័យខាងផ្នែកពូជអំបូរ អ័រម៉ូន ទង្វើក្នុងការរស់នៅ ការញ៉ាំអាហារដែលមិនត្រឹមត្រូវ និងខ្វះការហាត់ប្រាណ ដែលអាណាព្យាបាលអាចសង្កេតបានថា កូនៗមានសភាវធាត់ឬទេតាមរយៈការសាកល្បងប្រៀបធៀបជាមួយក្មេងក្នុងវ័យដូចគ្នា។

    បើរកឃើញថា កូនស្ថិតក្នុងសភាវប្រថុយនឹងការកើតរោគធាត់ យើងណែនាំឱ្យកូននាំទៅជួបគ្រូពេទ្យដើម្បីពិនិត្យវាយតម្លៃថា តើមានសភាវជ្រៀតជ្រែកពីរោគធាត់ហើយឬនៅ? ដូចជា វាស់សម្ពាធឈាម ពិនិត្យឈាមដើម្បីមើលកម្រិតជាតិខ្លាញ់ក្នុងឈាម ឬវាយតម្លៃថា មានអាការគេងស្រមុក និងឈប់ដកដង្ហើមខណៈគេងលក់ដែរឬទេ?។

    ផលអាក្រក់ពីការធាត់តាំងពីវ័យក្មេងខាងផ្នែករាងកាយ គឺការបង្កឱ្យកើតរោគ ដូចជារោគលើសឈាម រោគបេះដូង រោគឆ្អឹង និងសន្លាក់ និងផលអាក្រក់មួយផ្នែកទៀតគឺ បាត់បង់ភាពស្អាតសង្ហា និងការត្រូវសើចចំអកពីសំណាក់មិត្តភក្តិ អាចធ្វើឱ្យក្មេងមានអារម្មណ៍ថាជាចំណុចអាក្រក់របស់ខ្លួន។ ទាំងអស់នេះ បើនៅមិនទាន់រកឃើញសភាវជ្រៀតជ្រែកពីរោគផ្សេងៗទេនោះ រោគធាត់អាចការពារបានដោយការសាងទម្លាប់និស្ស័យស្រឡាញ់សុខភាពក្នុងការញ៉ាំដែលល្អតាំងពីតូចៗ។ ឪពុកម្ដាយអាចជួយសម្រកទម្ងន់ដល់កូនបាន ដោយការលើកទឹកចិត្តកូន កែសម្រួលទង្វើការញ៉ាំអាហារ មិនញ៉ាំអាហារផ្អែមខ្លាំង ប្រៃខ្លាំង ឬអាហារដែលមានខ្លាញ់ច្រើនជ្រុលជាដើម។

    ក្រៅពីនេះនៅអាចរួមគ្នាធ្វើកិច្ចការងារក្នុងក្រុមគ្រួសារដើម្បីឱ្យកូនបានហាត់ប្រាណ ដូចជាការបោសជូតសម្អាតផ្ទះ ការលេងកីឡា ជាដើម។ ទាំងអស់នេះ បើមនុស្សនៅក្នុងគ្រួសាររួមចិត្តរួមកាយគ្នាកែសម្រួលទង្វើក្នុងរឿងនៃការញ៉ាំអាហារ និងហាត់ប្រាណយ៉ាងជាប់លាប់ លើកទឹកចិត្តគ្នាទៅវិញទៅមក នោះកូនៗដែលអ្នកស្រឡាញ់នឹងឃ្លាតឆ្ងាយពីរោគធាត់ មានសុខភាពល្អ និងរឹងប៉ឹងបានជារៀងរហូត៕

  • ចង់ឱ្យកូនឆ្លាត មានវិវឌ្ឍនាការល្អ ឪពុកត្រូវជួយចិញ្ចឹមមើលថែកូនតាំងពីពេលកើត

    ចង់ឱ្យកូនឆ្លាត មានវិវឌ្ឍនាការល្អ ឪពុកត្រូវជួយចិញ្ចឹមមើលថែកូនតាំងពីពេលកើត

    ចង់ឱ្យកូនឆ្លាត អ្នកណាៗក៏ចង់ដែរ។ តួនាទីចិញ្ចឹមមើលថែកូនក្នុងយុគបច្ចុប្បន្ន មនុស្សជាច្រើនមើលឃើញថា មិនមែនជាតួនាទីផ្ដាច់មុខរបស់មនុស្សស្រីតែម្នាក់ឯងនោះទេ។ នៅក្នុងជីវិតពិត តួនាទីចិញ្ចឹមមើលថែកូន ឪពុកក៏អាចជួយបានដែរ ថែមទាំងចិញ្ចឹមថែទាំកូនបានល្អទៀតផង…ជឿឬមិនជឿ សាកល្បងអានអត្ថបទខាងក្រោមនេះសិន។

    ចង់ឱ្យកូនឆ្លាត ឪពុកអាចជួយបាន

    តាមរយៈការសិក្សាស្រាវជ្រាវរបស់ប្រទេសអង់គ្លេសបានបង្ហាញថា ពេលដែលឪពុកមានបដិសម្ព័ន្ធជាមួយកូនតូចច្រើនឡើងក្នុងអំឡុងពីរបីខែដំបូងដែលប្រសូតចេញមក រឿងទាំងអស់នោះនឹងហុចផលដល់វិវឌ្ឍនាការខាងផ្នែកការគិតរបស់ក្មេង។

    អ្នកសិក្សាស្រាវជ្រាវមកពីស្ថាប័នល្បីៗពីរបានសហការគ្នាដើម្បីសិក្សាពីសម្ព័ន្ធភាពរវាងឪពុក និងកូនតូចវ័យ 3ខែ ដែលលទ្ធផលបានបង្ហាញថា លោកឪពុកថ្មោងថ្មីច្រើនតែមានភាពក្លៀវក្លាក្នុងការចិញ្ចឹមមើលថែកូន លេងជាមួយកូន និងមិនគួរឱ្យជឿថា ការមានចំណែករួមរបស់ឪពុកថ្មោងថ្មីនេះ នឹងជួយធ្វើឱ្យកូនតូចឆ្លាតឡើងនៅពេលដែលគេមានអាយុបាន 2ឆ្នាំ។

    ហេតុម្ដេចបានអ្នកសិក្សាស្រាវជ្រាវទាំងអស់នោះដឹង?

    អ្នកសិក្សាស្រាវជ្រាវបានធ្វើការសាកល្បងដោយសង្កេតមើលទង្វើរបស់ក្មេងតូចក្នុងអំឡុងពេលដែលពួកគេបានមើលសៀវភៅ និងប្រើលក្ខណៈវិនិច្ឆ័យរឿងការស្គាល់ពណ៌ និងរូបរាងបានល្អប៉ុនណា មកប្រើក្នុងការវាស់ និងប៉ាន់ស្មានវិវឌ្ឍនាការរបស់ខួរក្បាលរបស់ក្មេងតូច។

    តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ Infant Mental Health Journal បានបង្ហាញថា លទ្ធផលដែលទទួលបានមានផលវិជ្ជមានចំពោះក្មេងទាំងប្រុសទាំងស្រី និងថែមទាំងបានបញ្ជាក់ទៀតថា បើឪពុកជាមនុស្សស្លូត មានចិត្តត្រជាក់ និងទន់ភ្លន់ដាក់កូនច្រើនប៉ុនណា វិវឌ្ឍនាការផ្នែកខួរក្បាលរបស់កូនតូចក៏នឹងរឹតតែល្អខ្លាំងឡើងប៉ុននោះដែរ។

    រឿង 5យ៉ាងដែលលោកឪពុកថ្មោងថ្មីអាចធ្វើបាន

    1. ពកូនដើម្បីឱ្យភើ ៈ ក្រោយពេលកូនតូចមឹមទឹកដោះម្ដាយរហូតដល់ឆ្អែតហើយ រឿងបន្ទាប់មកដែលឪពុកម្ដាយគួរធ្វើ គឺពកូនឡើងដើម្បីឱ្យកូនបានភើ តែតួនាទីជាស្វាមីអាចជួយសម្រាលបន្ទុករបស់ភរិយាសរសៃខ្ចីបាន ដោយវិធីដ៏ងាយៗ គឺគ្រាន់តែចេះព ឬបីកូនក៏គ្រប់គ្រាន់ហើយ។
    2. លេងជាមួយកូន ៈ វិធីលេងជាមួយកូនមានច្រើនណាស់ ស្រេចតែលើលោកឪពុកជ្រើសរើសលេង ទាំងយករបស់លេងដែលមានសំឡេងក្រឺងៗមកគ្រវី និទានរឿង លេងផ្លុំក្បាលពោះកូន ឬនាំកូនលេងហោះក៏បាន។ តែប៉ុណ្ណឹងកូនតូចក៏មានសេចក្ដីសុខខ្លាំងទៅហើយ តែសូមជឿចុះថា អ្នកដែលមានសេចក្ដីមិនចាញ់កូនប៉ុន្មាននោះ គឺលោកប៉ាខ្លួនឯងហ្នឹងតែម្ដង។
    3. ងូតទឹកឱ្យកូន ៈ ឪពុកជាច្រើននាក់មានការភ័យខ្លាចពេលដែលត្រូវងូតទឹកឱ្យកូនតូច ខ្លាចរបូតដៃធ្លាក់កូន ធ្វើឱ្យបង្ហាញអាការឆ្គងៗ ភ័យៗ ខ្លាចៗ តែកុំទៅកង្វល់អីច្រើនពេក គ្រាន់តែលោកប៉ាទៅជួយម៉ាក់ៗក៏គ្រប់គ្រាន់ណាស់ទៅហើយ។ ពេលចាប់ផ្ដើមធ្លាប់ និងថ្នឹកហើយ សឹមចាត់ការនាំកូនទៅងូតទឹកតែម្នាក់ឯង។
    4. ប្ដូរក្រណាត់កន្ទប ឬខោទឹកនោម ៈ ក្នុងមួយថ្ងៃៗ កូនតូចអ៊ឹសៗ និងស៊ូចៗញឹកញាប់ណាស់ ធ្វើឱ្យចាំបាច់ត្រូវផ្លាស់ក្រណាត់កន្ទបជាញឹកញាប់ដែរ។ សម្រាប់លោកប៉ាមួយចំនួនគ្រាន់តែដឹងថាកូនអ៊ឹសៗ ក៏ស្រែកចាចបាត់ទៅហើយ ឬបើដឹងថាកូនខ្លួនឯងជាស្រីផងនោះ ក៏លែងហ៊ានផ្លាស់កន្ទបឱ្យតែម្ដង។ អ្នកគ្រូ ឆវីចង់ប្រាប់លោកប៉ាថា លើកដំបូងវារាងពិបាកធ្វើចិត្តបន្តិចហើយ តែយូរទៅវានឹងស៊ាំហើយ(ហេស)។
    5. បញ្ចុកទឹកដោះកូន ៈ មកដល់អំឡុងពេលមួយដែលកូនតូចត្រូវហាត់ញ៉ាំទឹកដោះពីដប ពេលហ្នឹងឯងដែលស្វាមីអាចជួយភរិយាបាន គ្រាន់តែយកទឹកដោះដែលភរិយាច្របាច់ទុករួចស្រេចហើយនោះមកកម្ដៅ រួចដាក់ចូលដបទឹកដោះឱ្យកូនរូចបានមឹម ហើយបំពេកូនឱ្យគេងជំនួសម៉ាក់ៗផង។ ហ្អ!…ហើយកុំភ្លេចពកូនឱ្យភើផងណា ពេលកូនមឹមឆ្អែតហើយ។

    5 រឿងនេះ លោកប៉ាអាចជួយម៉ាក់ៗចិញ្ចឹមមើលថែកូនបានហើយ អាចនឹងមិនបានទាំងអស់មែន តែក៏ហាត់ៗបណ្ដើរៗទៅ ធានាថាលោកប៉ាច្បាស់ជាធ្វើបានល្អក្នុងគ្រប់រឿងមិនខាន និងរង្វាន់ដែលប៉ាៗបានទទួល ក៏មិនមែនអ្វីផ្សេងដែរ គឺសម្ព័ន្ធភាពដ៏ល្អរវាងឪពុក និងកូន ស្នាមញញឹម សំឡេងសើច និងជួនកាលកូនអាចនឹងតាមប៉ាៗខ្លាំងជាងម៉ាក់ៗក៏ថាបានដែរ អ្នកណាទៅដឹងណោះ?!។

    អ្នកគ្រូ ឆវី នៅចាំជួយលើកទឹកចិត្តលោកប៉ាថ្មោងថ្មីគ្រប់រូបណាចា៎ស…

  • ស្រ្តីក្រោយពេលប្រសូតបុត្ររួច តើរាងកាយនឹងប្រែប្រួលយ៉ាងណាខ្លះ?

    ស្រ្តីក្រោយពេលប្រសូតបុត្ររួច តើរាងកាយនឹងប្រែប្រួលយ៉ាងណាខ្លះ?

    ស្រ្តីជាច្រើនក្រោយពេលប្រសូតបុត្ររួច អាចនឹងមិនទាន់បានដឹងនៅឡើយថា រាងកាយរបស់ខ្លួននឹងត្រូវប្រែប្រួលយ៉ាងណាខ្លះនោះ។ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ការតាំងគភ៌មានផលប៉ះពាល់ដល់រាងកាយ និងផ្លូវចិត្តរបស់យើងខ្លាំងប៉ុនណា ដូច្នេះបើខ្លួនអ្នកក៏ទើបតែប្រសូតបុត្រហើយមិនយូរប៉ុន្មាននោះ​ ចូរត្រៀមខ្លួនជួបនឹងភាពផ្លាស់ប្ដូរប្រែប្រួលខាងរាងកាយដូចតទៅ ៈ

    រងាញ័រញាក់

    អាការរងាញ័រញាក់នឹងកើតឡើងភ្លាមៗក្រោយពេលប្រសូត និងអាចនឹងកើតឡើងក្នុងអំឡុងពេលឆ្លងកាត់របស់ការប្រសូតក្នុងដំណាក់កាលផ្សេងៗ ដែលស្រ្តីខ្លះអាចសង្កេតឃើញថា ក្បាលជង្គង់របស់ខ្លួនញ័រញាក់យ៉ាងខ្លាំងក្រោយពេលប្រសូតកូនដំបូងចេញមក និងមានអារម្មណ៍រងាញ័រញាក់យ៉ាងខ្លាំងក្នុងអំឡុងដែលគ្រូពេទ្យប្រសូតកំពុងធ្វើការដេរស្នាមរបួសឱ្យ…ដែលវាទៅជាយ៉ាងនេះ ក៏ ព្រោះតែអ័រម៉ូនការតាំងគភ៌ ជាអ័រម៉ូនដែលធ្វើការប្រមូលសន្សំទឹកនៅក្នុងរាងកាយដើម្បីទុកជំនួសឱ្យការបាត់បង់ឈាមដែលធ្លាប់មានយ៉ាងច្រើនកាលពីពេលមុន នឹងថយចុះទៅវិញយ៉ាងឆាប់រហ័ស ទើបធ្វើឱ្យអ្នកម្ដាយថ្មោងថ្មីកើតអាការរងាញាក់។ ក្រោយការប្រសូតប្រមាណជា 2 – 3ថ្ងៃ ឬយ៉ាងយូរបំផុតមិនលើស 6សប្ដាហ៍ អាការនេះនឹងបាត់ទៅវិញដោយឯកឯង។

    ចេញញើសច្រើន

    នេះជាវិធីដែលរាងកាយបណ្ដេញវត្ថុរាវដែលកើតពីការតាំងគភ៌ចេញពីរាងកាយ ដែលអាចមានវត្ថុរាវហូរចេញមកពីសុដន់របស់អ្នកទៀតផង។ ក្រៅពីនេះនៅអាចមានអាការឈាមហូរចេញមកក្រោយប្រសូតតទៅទៀតប្រហែលជា 6សប្ដាហ៍។ ជាប្រក្រតី អាការលេចនោម អាការចេញញើសនៅពេលកណ្ដាលយប់ និងការដែលត្រូវងើបមើលថែទាំកូនតូចដែលតែងតែនោមញឹកញាប់នោះ នឹងធ្វើឱ្យអ្នកត្រូវភ្ញាក់ឡើងបែបខ្លួនសើមជាប់រហូតប្រមាណជា 2សប្ដាហ៍ ដូច្នេះចូរត្រៀមក្រណាត់ការពារសើមពូកទុកជាស្រេចផង ឬការប្រើកន្សែងពោះគោច្រើនបន្ទះក្រាលពីលើពូកក៏អាចជួយអ្នកបានដែរ។

    ការឈឺចាប់ក្រោយពេលប្រសូត

    អាការឈឺចាប់ក្រោយប្រសូត ច្រើនតែបណ្ដាលមកពីការបង្រួមខ្លួនរបស់ស្បូនឱ្យត្រឡប់ទៅរកទំហំដើមវិញ ហើយអាការឈឺចាប់នឹងរឹតតែខ្លាំងក្លាឡើងបើអ្នកធ្លាប់ប្រសូតបុត្រច្រើនដង។ ក្រៅពីនេះអ្នកអាចមានអារម្មណ៍ឈឺយ៉ាងខ្លាំងខណៈពេលបំបៅដោះកូន ដែលនេះរាប់ថាជារឿងប្រក្រតី។ អាការឈឺចាប់បែបនេះនឹងកើតឡើងប្រមាណជា 5 – 7ថ្ងៃ តែមានស្រ្តីខ្លះដែលមានកូនច្រើននឹងមានអាការឈឺចាប់ក្រោយប្រសូតពីការប្រសូតកូនទីបី កូនទីបួន ឬកូនទីប្រាំនឹងមានការឈឺចាប់ខ្លាំងជាងពេលឈឺពោះមុនប្រសូតទៅទៀត ដូច្នេះអ្នកម្ដាយដែលមានកូនច្រើនទាំងឡាយ គួរតែត្រៀមខ្លួនជួបនឹងការឈឺចាប់បែបនេះទុកជាមុនផង។

    លេចនោមញឹកញាប់

    ស្រ្តីក្រោយពេលប្រសូតច្រើនតែមានអាការលេចនោម ឬទឹកមូត្រហៀរប្រឡាក់ខោញឹកញាប់ ជាពិសេសបំផុតពេលលោត ឬសូម្បីតែពេលដើរឡើងជណ្ដើរក៏ដោយ។ មូលហេតុគឺបណ្ដាលមកពីកម្លាំងសង្កត់របស់សាច់ដុំម្ដុំត្រគាកក្នុងអំឡុងពេលពពោះ និងប្រសូតបុត្រកើតមានភាពទន់ជ្រាយ ធ្វើឱ្យរាងកាយពិបាកគ្រប់គ្រងប្លោកនោម។ តែសំណាងល្អណាស់ដែលអាការបែបនេះ​នឹងបាត់ទៅវិញដោយឯកឯងក្រោយពេលប្រសូតរួច 2 – 3សប្ដាហ៍។

    ស្នាមសង្វារអាចនឹងនៅជាប់ជានិរន្តរ៍

    ក្នុងអំឡុងពេលកំពុងតាំងគភ៌ ស្រ្តីជាច្រើននាក់នឹងសង្កេតឃើញថា មានស្នាមប្រេះកើតឡើងនៅលើស្បែកក្បាលពោះ ត្រគាក សុដន់ និងភ្លៅ និងទោះជាស្នាមប្រេះនៅលើស្បែកទាំងនោះ នឹងមើលទៅហាក់ដូចជារលុបបាត់ខ្លះក្រោយពេលប្រសូតបុត្ររួចក្ដី តែស្នាមប្រេះដែលហៅថា “សង្វារ” នេះនឹងមិនរលុបបាត់អស់ឡើយ ដែលបញ្ហានេះធ្វើឱ្យស្រ្តីភាគច្រើនទទួលយកមិនសូវជាបានប៉ុន្មានឡើយ។ តែមិនថា អ្នកមានអារម្មណ៍យ៉ាងម៉េចក៏ដោយ ក៏គ្មានផ្លូវក្នុងការលុបស្នាមសង្វារនេះចេញបានដែរ។ វិធីដែលល្អបំផុត គឺ អ្នកគួរតែធ្វើចិត្តទទួលយកវាឱ្យបាន និងគិតថាស្នាមសង្វារទាំងនេះ គឺជាភាពជោគជ័យម្យ៉ាងនៃភាពជាម្ដាយទៅចុះ៕