Category: សុខភាព

  • ហេតុអ្វីបានយើងគួរបន្ថែម “ប្រូតេអ៊ីន” នៅក្នុងអាហារពេលព្រឹកឱ្យច្រើន?

    ហេតុអ្វីបានយើងគួរបន្ថែម “ប្រូតេអ៊ីន” នៅក្នុងអាហារពេលព្រឹកឱ្យច្រើន?

    “អាហារពេលព្រឹកដែលសម្បូរទៅដោយប្រូតេអ៊ីនដែលល្អ ជួយកាត់បន្ថយភាពឃ្លានអាហារនៅចន្លោះពេលថ្ងៃបាន” សម្រង់ពីរបាយកាណ៍ការសិក្សាស្រាវជ្រាវរបស់ Journal of Diary Science កាលពីខែតុលា ឆ្នាំ2018កន្លងទៅ។

    ក្រុមអ្នកស្រាវជ្រាវបានឱ្យមនុស្សធំរាងកាយរឹងមាំប្រក្រតីទទួលទានអាហារពេលព្រឹក 2ចំណែក។ ចំណែកដំបូង ជាអាហារស៊ីរៀលដែលមានកាបូហាយដ្រេតខ្ពស់ មួយចំណែកទៀតជាទឹកដោះគោ 1កែវដែលមានប្រូតេអ៊ីន 12.4ក្រាម រួចហើយពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាមម្ដង។ បន្ទាប់ពីអាហារពេលព្រឹក 2 – 3ម៉ោង គ្រប់គ្នាបានទទួលទានអាហារថ្ងៃត្រង់ដែលមានកាបូហាយដ្រេតខ្ពស់ និងពិនិត្យកម្រិតជាតិស្ករក្នុងឈាមម្ដងទៀត បន្ទាប់ពីនោះអ្នកស្រាវជ្រាវនឹងចាប់ផ្ដើមសួរនាំអំពីកម្រិតភាពឃ្លានអាហារយ៉ាងលម្អិត។

    អ្នកស្រាវជ្រាវរកឃើញថា អ្នកដែលទទួលទានប្រូតេអ៊ីនច្រើនជាងអ្នកឯទៀតក្នុងអាហារពេលព្រឹក មានកម្រិតជាតិស្ករក្នុងឈាមទាបចុះ និងកម្រិតភាពឃ្លានអាហារថយចុះផងដែរក្នុងថ្ងៃតែមួយ។

    មូលហេតុព្រោះ ប្រូតេអ៊ីនប្រើពេលរំលាយយូរជាងកាបូហាយដ្រេត ទើបវាជាប្រភពកំណើតនៃភាពឃ្លានអាហារដែលថយចុះទៅដែរ តែការស្រាវជ្រាវនេះបានណែនាំថា រឹតតែទទួលទានប្រូតេអ៊ីនច្រើនឡើង ពេលវេលានៃការរំលាយអាហារក៏រឹតតែយូរឡើងដែរ ដូច្នេះហើយទើបការទទួលទានប្រូតេអ៊ីនឱ្យច្រើនឡើងហុចផលល្អដល់អ្នកដែលត្រូវធ្វើកិច្ចការងារជាប់ ឬធ្វើការក្នុងអំឡុងពេលថ្ងៃយូរដែលមានពេលទទួលទានអាហារតិច ឬតែមួយដង រួមទាំងអ្នកដែលត្រូវការសម្រកទម្ងន់ទៀតផង តែកុំទទួលទានប្រូតេអ៊ីនច្រើនជ្រុលពេកក្នុងអំឡុងពេលមុនចូលគេង ព្រោះអាចហុចផលឱ្យរាងកាយធ្វើការខ្លាំងដើម្បីរំលាយអាហារក្នុងអំឡុងពេលដែលរាងកាយត្រូវគេងសម្រាក រហូតធ្វើឱ្យយើងគេងមិនលក់។

    ទោះជាប្រូតេអ៊ីនដែលប្រើក្នុងការស្រាវជ្រាវនេះជាទឹកដោះគោដែលមានប្រូតេអ៊ីនច្រើន ហើយអ្នកស្រាវជ្រាវប្រាប់ថា ប្រូតេអ៊ីនដែលយើងគួរទទួលទានបន្ថែមនៅពេលព្រឹកជាប្រូតេអ៊ីនប្រភេទណាក៏បានក្ដី តែសុំឱ្យជាប្រូតេអ៊ីនដែលល្អ មានជាតិខ្លាញ់តិចក៏គ្រប់គ្រាន់ហើយ ដែលអាចមានដូចជា សាច់មាន់ ត្រី សណ្ដែកលឿង ឬស៊ុតក៏បាន៕

  • ដឹងទេ…ម្ដាយដែលបំបៅដោះកូន ហាមញ៉ាំអ្វីខ្លះ?

    ដឹងទេ…ម្ដាយដែលបំបៅដោះកូន ហាមញ៉ាំអ្វីខ្លះ?

    ក្នុងអំឡុងពេលដែលអ្នកម្ដាយបំបៅដោះកូន ការទទួលទានអាហាររបស់អ្នកម្ដាយជារឿងមួយដែលត្រូវប្រយ័ត្នប្រយែងខ្លាំងជាងពេលប្រក្រតី ព្រោះសារធាតុអាហារប្រភេទខ្លះអាចបញ្ជូនបន្តទៅក្នុងទឹកដោះម្ដាយដែលអាចធ្វើឱ្យទឹកដោះរបស់អ្នកម្ដាយមានរសជាតិប្រែប្រួល ឬអាចមានសារធាតុគីមីប្រមូលសន្សំនៅក្នុងរាងកាយរបស់កូនតូចបាន ដូច្នេះយើងនាំគ្នាមកមើលថា តើម្ដាយដែលបំបៅដោះកូន គេហាមញ៉ាំអ្វីខ្លះ?

    របស់ 5យ៉ាងដែលម្ដាយបំបៅដោះមិនគួរទទួលទាន

    1 . ថ្នាំឱសថបុរាណមួយចំនួន ឬថ្នាំចិនសែប្រភេទខ្លះ និងស្រាថ្នាំ…

    មិនគួរទទួលទានទេ ព្រោះអាចធ្វើឱ្យកូនតូចឆ្អល់ពោះ រាក យំរករឿង ឬបន្ទោបង់ខុសប្រក្រតី។

    2 . ហាមទទួលទានអាហារជ្រក់ត្រាំ ឬគ្រឿងភេសជ្ជៈដែលមានជាតិអាល់កុល…

    តែបើចាំបាច់ត្រូវតែទទួលទានមិនអាចខានបាន ដូចជាទៅចូលរួមកម្មវិធីក្នុងសង្គម ជាដើមនោះ ចូរទទួលទានក្រោយពេលបំបៅកូនរួចហើយ និងបញ្ឈប់បំបៅដោះកូនមួយពេលដើម្បីច្របាច់ ឬបឺតបញ្ចេញចោលមុននឹងឱ្យកូនបៅលើកបន្តបន្ទាប់ទៅទៀត ព្រោះជាតិអាល់កុលហុចផលប៉ះពាល់ដល់ខួរក្បាលរបស់កូន។

    3 . អាហារដែលមានរសជាតិហិរខ្លាំង គួរតមសិន…

    ព្រោះនឹងហុចផលឱ្យកូនតូចបានទទួលរសជាតិហិរពីទឹកដោះម្ដាយដែរ និងអាចធ្វើឱ្យឈឺពោះបានដូចគ្នា តែបើសិនជាអាហារដែលប្រកបដោយឱសថបុរាណ ដូចជាស្លឹកម្រះព្រៅ ខ្ញី ម្រេច ជាដើម ម្ដាយបំបៅដោះកូនអាចទទួលទានបាន ព្រោះជាអាហារដែលមានរសជាតិក្ដៅ ដែលខុសពីរសជាតិហិរ ហើយអាហារឱសថបុរាណដែលមានរសជាតិក្ដៅទាំងនោះថែមទាំងជួយបំប៉នទឹកដោះម្ដាយទៀតផង។

    4 . បន្លែដែលមានជាតិហ្គាសច្រើន…

    ដូចជាស្ពៃក្ដោប ផ្កាខាត់ណា ឬបន្លែស្រស់ប្រភេទខ្លះ គួរតមទទួលទានសិន ព្រោះអាចធ្វើឱ្យកូនតូចកើតអាការឆ្អល់ និងហើមពោះបាន ឬបើត្រូវការទទួលទានបន្លែទាំងនោះដោយខានមិនបាន ក៏គួរទទួលទានបន្លែដែលចម្អិនឆ្អិនហើយប្រសើរជាង។

    5 . ថ្នាំប្រភេទខ្លះមានផលប៉ះពាល់ដល់កូនតាមរយៈទឹកដោះ…

    ដូច្នេះបើអ្នកម្ដាយកើតអាការឈឺថ្កាត់ និងត្រូវការប្រើថ្នាំ ចូរប្រឹក្សាជាមួយឱសថការី ឬវេជ្ជបណ្ឌិតជាមុនសិនគ្រប់ពេល និងបើទិញថ្នាំពីឱសថការី ត្រូវប្រាប់ជាមយនជានិច្ចថា កំពុងស្ថិតក្នុងអំឡុងពេលបំបៅកូន៕

  • ប្រយោជន៍ល្អៗ 10យ៉ាងរបស់ “ជីវ៉ាន់ស៊ុយ”…អ៊ីចឹងបានជាជនជាតិជប៉ុនចូលចិត្តញ៉ាំម្ល៉េះ!

    ប្រយោជន៍ល្អៗ 10យ៉ាងរបស់ “ជីវ៉ាន់ស៊ុយ”…អ៊ីចឹងបានជាជនជាតិជប៉ុនចូលចិត្តញ៉ាំម្ល៉េះ!

    បច្ចុប្បន្ននេះនៅឯប្រទេសជប៉ុន “ជីវ៉ាន់ស៊ុយ” បានក្លាយជាបន្លែដែលមនុស្សជាច្រើននាំគ្នានិយមចូលចិត្តទទួលទានយ៉ាងខ្លាំង នាំគ្នាញ៉ាំទាំងក្ដាប់ៗ(ទាំងតម្លៃជីវ៉ាន់ស៊ុយនៅប្រទេសគេមិនមែនថោកៗដូចស្រុកយើងផង) ដល់ថ្នាក់មានអ្នកចម្រៀងប៊យប៊ែនដ៍របស់ជប៉ុនតែងបទចម្រៀងច្រៀងដែលមានឈ្មោះថា “ជីវ៉ាន់ស៊ុយ ហេវិន”(ជីវ៉ាន់ស៊ុយស្ថានសួគ៌)ដែលបង្ហាញអំពីការនិយមចូលចិត្តញ៉ាំជីវ៉ាន់ស៊ុយដ៏ខ្លាំងក្លារបស់ជនជាតិជប៉ុនទៀតផង។

    តាមរយៈការចូលចិត្តញ៉ាំជីវ៉ាន់ស៊ុយដ៏ខ្លាំងក្លានេះ ទើបធ្វើឱ្យនៅប្រទេសជប៉ុនមានភោជនីយដ្ឋានដែលល្បីល្បាញរឿងមុខម្ហូបដែលមានបន្លែជីវ៉ាន់ស៊ុយជាចំណែកផ្សំចម្បង មិនមែនគ្រាន់តែហាន់តូចៗរោយពីលើម្ហូបអាហារដូចនៅស្រុកយើងនោះទេ។ ពួកគេនាំគ្នាញ៉ាំជីវ៉ាន់ស៊ុយទាំងបាច់ៗតែម្ដង និងថែមទាំងមានភោជនីយដ្ឋានដែលលក់តែមុខម្ហូបដែលផ្សំតែពីបន្លែជីវ៉ាន់ស៊ុយសុទ្ធទៀតផង។ ក្រៅពីនេះ មុខម្ហូបជីវ៉ាន់ស៊ុយ ថែមទាំងជាមុខម្ហូបប្រចាំឆ្នាំរបស់ប្រទេសជប៉ុន(ឆ្នាំ2016)ដែលបញ្ជាក់ច្បាស់ពីការនិយមចូលចិត្តញ៉ាំជីវ៉ាន់ស៊ុយរបស់ជនជាតិជប៉ុនយ៉ាងច្បាស់ទៀតផង។

    បើនិយាយអំពីរសជាតិ ប្រហែលជារឿងពិសេសដោយឡែកពិតៗមិនខាន ព្រោះអ្នកខ្លះអាចនឹងចូលចិត្ត អ្នកខ្លះទៀតអាចនឹងមិនចូលចិត្ត ដូចគ្នានឹងផ្លែទុរេននៅប្រទេសយើងដែរ ដែលអ្នកណាចូលចិត្ត ក៏ចូលចិត្តខ្លាំង តែអ្នកដែលមិនចូលចិត្ត ក៏ស្អប់តែម្ដង ព្រោះរសជាតិ និងក្លិនរបស់វាដែលខ្លាំងក្លា និងជាឯកលក្ខណៈពិសេសដោយឡែកពិតៗហ្នឹងឯង។ តែបើនិយាយអំពីប្រយោជន៍របស់ជីវ៉ាន់ស៊ុយវិញនោះ សូមជម្រាបថា មានច្រើនណាស់ រហូតដល់មិត្តអ្នកអានអាចនឹងត្រូវងាកមកនិយមចូលចិត្តញ៉ាំជីវ៉ាន់ស៊ុយខ្លាំងដូចជនជាតិជប៉ុនដែរមិនខាន។

    សារធាតុអាហារនៅក្នុងបន្លែជីវ៉ាន់ស៊ុយ

    • វីតាមីន A
    • វីតាមីន B
    • វីតាមីន C
    • សារធាតុដែក
    • បេតាឃែរ៉ូធីន
    • កាល់ស្យូម និងផ្សេងៗទៀតជាច្រើន។

    ប្រយោជន៍ល្អៗរបស់ “ជីវ៉ាន់ស៊ុយ”

    1. ជួយបញ្ចុះជាតិស្ករនៅក្នុងឈាម ត្រូវនឹងអ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលកំពុងសម្រកទម្ងន់
    2. ការពារជំងឺផ្ដាសាយ
    3. បំបាត់អាការស្រេកទឹក
    4. តតាំង ប្រឆាំងមេរោគផ្សេងៗនៅក្នុងពោះវៀន
    5. ជួយបណ្ដេញខ្យល់នៅក្នុងក្រពះអាហារ
    6. មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតជំងឺមហារីក
    7. ជាឱសថបន្ទន់លាមក ជួយឱ្យបន្ទោបង់ស្រួល
    8. បំបាត់អាការវិលមុខ
    9. ថែបំប៉នភ្នែក
    10. ជួយជំរុញការធ្វើការងាររបស់ឈាម និងសាច់ដុំ

    ទោះជាបន្លែជីវ៉ាន់ស៊ុយមានក្លិនហាក់ដូចជាឈួលខ្លាំង តែក៏មិនចាំបាច់ទៅកង្វល់អ្វីដែរ ព្រោះក្លិនរបស់បន្លែជីវ៉ាន់ស៊ុយនេះនឹងត្រូវបញ្ចេញចោលមកតាមទឹកមូត្រ និងបើមិនទទួលទានក្នុងបរិមាណច្រើនជ្រុលពេកទេនោះ វានឹងមិនធ្វើឱ្យធំក្លិនខ្លួនដូចដែលមនុស្សជាច្រើនអាចធ្លាប់បានឮនោះទេ តែទោះជាយ៉ាងណាក៏ដោយ ការនឹងនាំគ្នាងាកមកទទួលទានបន្លែជីវ៉ាន់ស៊ុយដើម្បីឱ្យទទួលបានប្រយោជន៍ល្អៗដល់រាងកាយនោះ ក៏មិនគួរទទួលទានច្រើនជ្រុលពេកដែរ ព្រោះមិនថាអាហារប្រភេទណាដែលថាល្អៗនោះទេ បើយើងទទួលទានច្រើនជ្រុលពេក ក៏វាហុចគុណវិបត្តិដល់យើងដែរ៕

  • កម្ពុជារកឃើញអ្នកផ្ទុកCovid-19​ ចំនួន​2នាក់​បន្ថែម​ទៀត ក្នុង​គ្រា​ដែល​ពិភពលោក​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ 12,266​​នាក់​

    កម្ពុជារកឃើញអ្នកផ្ទុកCovid-19​ ចំនួន​2នាក់​បន្ថែម​ទៀត ក្នុង​គ្រា​ដែល​ពិភពលោក​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ 12,266​​នាក់​

    ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនាព្រឹកថ្ងៃទី20តុលានេះថា កម្ពុជាបានរកឃើញអ្នកវិជ្ជមានជាមួយនឹង Covid-19 ចំនួន2ករណីបន្ថែមទៀត នេះឱ្យតួលេខនៃអ្នកជំងឺ Covid-19 ដែលត្រូវបានរកឃើញនៅកម្ពុជា កើនឡើងដល់285នាក់។

    ករណីថ្មីនេះត្រូវបានរកឃើញកាលពីម្សិលមិញ (19តុលា) ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅរាជធានីភ្នំពេញ។ អ្នកជំងឺថ្មីទាំង2ករណីនេះគឺជាប្ដីប្រពន្ធនឹងគ្នា និងមានអាសយដ្ឋាននៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ពួកគេបានធ្វើដំណើរពីប្រទេសអ៊ីរ៉ាក់ ឆ្លងកាត់ទីក្រុងដូហា បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មុននឹងមកដល់កម្ពុជានៅថ្ងៃទី18តុលា2020។

    អ្នកដំណើរចំនួន106នាក់ផ្សេងទៀតដែលធ្វើដំណើរតាមយន្តហោះជាមួយនឹងអ្នកជំងឺខាងលើ ក៏កំពុងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ។

    គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុប ចំនួន285នាក់ ក្នុងនោះមាន280នាក់បានជាសះស្បើយ និង5នាក់កំពុងទទួលការព្យាបាល។ ក្នុងចំណោមអ្នកជំងឺទាំង5នាក់ដែលកំពុងសម្រាកព្យាបាលនេះ មានជនជាតិខ្មែរ3នាក់ និងជនបរទេសចំនួន2នាក់។

    នៅ​ទូទាំង​ពិភពលោក ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ថ្មី​ចំនួន​12,266​នាក់ ដែល​នេះ​ឱ្យ​​អ្នក​បាន​ឆ្លង​វីរុស​Covid-19 កើន​ឡើង​ដល់​​​40,647,566​នាក់​ ក្នុង​នោះ​មាន​1,122,984​នាក់​បាន​ស្លាប់​ និង​30,352,918​​នាក់​បាន​ជា​សះស្បើយ​​៕

    ប្រភព៖ ក្រសួង​ព័ត៌មាន​, Worldometers

     

     

  • តើស្រ្តីមានគភ៌ធ្វើការមុខកុំព្យូទ័រពេញមួយថ្ងៃមានគ្រោះថ្នាក់ដល់កូនឬទេ?

    តើស្រ្តីមានគភ៌ធ្វើការមុខកុំព្យូទ័រពេញមួយថ្ងៃមានគ្រោះថ្នាក់ដល់កូនឬទេ?

    បច្ចុប្បន្នកុំព្យូទ័រមានតួនាទីជាមួយជីវិតរបស់មនុស្សស្ទើរតែគ្រប់ផ្នែក និងប្រាកដណាស់ស្រ្តីមានគភ៌ជាច្រើននាក់ត្រូវធ្វើការងារដោយមានកុំព្យូទ័រជាឧបករណ៍ប្រើការក្បែរកាយ និងត្រូវនៅជាមួយវត្ថុមួយនេះជាច្រើនម៉ោងជាប់ៗគ្នាក្នុងមួយថ្ងៃ។

    ស្រ្តីមានគភ៌មួយចំនួនចាប់ផ្ដើមនឹកបារម្ភក្នុងចិត្តថា តើកុំព្យូទ័រដែលកំពុងប្រើការនេះនឹងមានផលអាក្រក់អ្វីដល់កូនក្នុងផ្ទៃដែរឬទេ? ដែលតាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវមកជាយូររបស់អ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យសម្ភពមកពីគ្រប់ទិសទីក្នុងពិភពលោកបានផ្ដល់នូវចម្លើយដែលធ្វើឱ្យស្រ្តីមានគភ៌ទាំងឡាយបានសប្បាយចិត្តថា កុំព្យូទ័រមិនមានបង្កគ្រោះថ្នាក់អ្វីដល់កូនតូចក្នុងផ្ទៃឡើយ…តែការអង្គុយធ្វើការនៅមុខកុំព្យូទ័ររយៈពេលយូរៗទៅវិញទេដែលមានផលប៉ះពាល់ដល់សុខភាពរបស់ស្រ្តីមានគភ៌ ដែលរឹតតែត្រូវអង្គុយធ្វើការយូរប៉ុនណា ប្រព័ន្ធឈាមរត់នឹងហូរបញ្រ្ចាស់ត្រឡប់ឡើងទៅផ្នែកខាងលើ ធ្វើឱ្យឈាមហូរទៅចិញ្ចឹមរាងកាយយឺតយ៉ាវ ដែលអាចធ្វើឱ្យហើមជើង ងាយវិលមុខ ឆាប់ហត់ និងឈាមដែលហូរត្រឡប់ចូលបេះដូងទៅចិញ្ចឹមកូនតូចក៏នឹងថយចុះ។

    ដូច្នេះស្រ្តីមានគភ៌ដែលត្រូវអង្គុយធ្វើការនៅមុខកុំព្យូទ័រគួរមើលថែទាំខ្លួនឯងដូចតទៅនេះ…ៈ

    ការអង្គុយ

    ស្ត្រីមានគភ៌គួរអង្គុយឱ្យត្រូវតាមវិធី ដោយឥរិយាបទអង្គុយដែលត្រឹមត្រូវបំផុតក៏គឺ អង្គុយចូលទៅក្នុងឱ្យពេញកៅអី និងខ្នងពឹងនឹងបង្អែកកៅអី ចន្លោះរវាងភ្លៅ និងកៅអីគួរនៅសល់ចន្លោះប៉ុនម្រាមដៃអាចស៊កចូលទៅបាន ដើម្បីកាត់បន្ថយសង្កត់ និងឱ្យឈាមហូរវិលបានស្រួលឡើង។ បើស្ត្រីមានគភ៌ស្ថិតក្នុងអំឡុងត្រីមាសចុងក្រោយ ទំហំក្បាលពោះដែលធំខ្លាំងនោះនឹងធ្វើឱ្យផ្ទៃពោះហុចលយមកខាងមុខ ស្រ្តីមានគភ៌អាចប្រើខ្នើយមកដាក់កល់ខ្នង ក៏អាចជួយកាត់បន្ថយភាពតឹងរបស់សាច់ដុំបានដែរ។

    ថែទាំកែវភ្នែក

    ស្រ្តីមានគភ៌គួរសម្រួលរយៈចម្ងាយ និងកម្ពស់របស់អេក្រង់កុំព្យូទ័រឱ្យស័ក្តិសមល្មមនឹងកម្រិតកម្ពស់ខ្សែភ្នែករបស់អ្នកផង។ គួរឱ្យអេក្រង់កុំព្យូទ័រស្ថិតក្នុងកម្ពស់ទាបជាងកម្រិតខ្សែភ្នែកប្រមាណជា 10 – 20អង្សា សម្រួលភាពភ្លឺរបស់អេក្រង់ឱ្យសមល្មម នឹងជួយឱ្យស្រ្តីមានគភ៌មិនឈឺភ្នែក អានអក្សរបានកាន់តែងាយស្រួលឡើង។ មិនគួរសម្លឹងមើលអេក្រង់កុំព្យូទ័រក្នុងរយៈពេលយូរ និងគួរសាកល្បងសម្រាកខ្សែភ្នែកប្រមាណជា 10នាទីក្នុងរយៈពេល 1ម៉ោងនៃការធ្វើការ នឹងកាត់បន្ថយអាការឈឺកែវភ្នែករបស់ស្រ្តីមានគភ៌បានច្រើន។

    ដូច្នេះស្រ្តីមានគភ៌ដែលត្រូវធ្វើការនៅមុខកុំព្យូទ័រពេញមួយថ្ងៃនោះ កុំភ្លេចផ្លាស់ប្ដូរឥរិយាបថឱ្យបានញឹកញាប់ កុំសម្លឹងអេក្រង់កុំព្យូទ័រយូរៗពេក គួរងាក ឬបែរទៅមើលអ្វីផ្សេងខ្លះផង និងមិនគួរអង្គុយក្នុងឥរិយាបថដដែលយូរពេកឡើយ គួរក្រោកដើរទៅនេះទៅនោះឱ្យយឺតសរសៃសរសូងរៀងរាល់ម៉ោងខ្លះផងទើបជាការប្រសើរបំផុត៕

  • ទម្ងន់ខ្លួនទារកក្នុងគភ៌ក្នុងត្រីមាសនីមួយៗដែលម្ដាយគួរដឹង…

    ទម្ងន់ខ្លួនទារកក្នុងគភ៌ក្នុងត្រីមាសនីមួយៗដែលម្ដាយគួរដឹង…

    ទម្ងន់ខ្លួនរបស់ទារកក្នុងគភ៌ម្ដាយ នឹងបញ្ជាក់ប្រាប់ថា តើកូននៅក្នុងផ្ទៃម្ដាយនោះបរិបូរណ៍ឥតខ្ចោះប៉ុនណា? និងគួរបន្ថែមការបំប៉នគភ៌យ៉ាងណាដើម្បីឱ្យទារកក្នុងគភ៌មានទម្ងន់ខ្លួនដែលល្អបរិបូរណ៍ត្រូវតាមក្បួន។ ដូច្នេះទើបរឿងទម្ងន់ខ្លួនរបស់ទារកក្នុងគភ៌ គឺជារឿងសំខាន់មួយដែលស្រ្តីមានគភ៌ទាំងឡាយគួរតែជ្រាប…។

    ត្រីមាសដំបូង ៈ ចាប់ផ្ដើមតាំងពី 8សប្ដាហ៍ – 12សប្ដាហ៍ ទម្ងន់ខ្លួនទារកនឹងស្ថិតក្នុងទម្ងន់ប្រមាណជា 1 – 15ក្រាម ហើយទម្ងន់របស់ទារកនឹងចាប់ផ្ដើមកើនឡើងជារឿយៗរហូតដល់សប្ដាហ៍ទី16។

    ត្រីមាសទី2 ៈ  ចាប់ពីអំឡុងសប្ដាហ៍ទី17 – 20 ទម្ងន់របស់ទារកនឹងកើនឡើងម្ដងៗ 50ក្រាម និងនៅពេលចប់ត្រីមាសនេះ ទារកនឹងមានទម្ងន់ប្រមាណជា 600ក្រាម។

    ត្រីមាសទី3 ៈ ក្នុងអំឡុងពេលចុងក្រោយនៃការតាំងគភ៌នេះ ទម្ងន់ខ្លួនរបស់ទារកនឹងចាប់ផ្ដើមកើនឡើងច្រើនគឺ 6ដងពីត្រីមាសទី2 ដោយទម្ងន់ខ្លួនរបស់ទារកនឹងកើនឡើងក្នុងមួយសប្ដាហ៍ 200ក្រាម និងកើនឡើងជារឿយៗរហូតដល់ប្រមាណជា 3,400 – 3,700ក្រាម នៅពេលគ្រប់កំណត់ប្រសូត។

    ទម្ងន់ខ្លួនទារកច្រើន ឬតិចជ្រុលពេក អាចបញ្ជាក់ប្រាប់ពីភាពខុសប្រក្រតីរបស់ទារកបានដូចខាងក្រោមនេះ ៈ

    ទម្ងន់ខ្លួនរបស់ទារកតិចជ្រុលពេក ៈ អាចបណ្ដាលមកពីភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូម ឬទងសុកមានបញ្ហា ឬអាចកើតពីទារកខ្លួនឯង អាចធ្វើឱ្យការបញ្ជូនអុកស៊ីហ្ស៊ែន ឬសារធាតុអាហារទៅឱ្យទារកខុសប្រក្រតី ធ្វើឱ្យទារកបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់នឹងតម្រូវការ ជាហេតុបណ្ដាលឱ្យទារកមានទំហំខ្លួនតូច ទម្ងន់តិច ដែលចំណុចនេះបើមិនបានទទួលការរក្សាព្យាបាលយ៉ាងត្រូវវិធីទេនោះ អាចធ្វើឱ្យទារកស្លាប់បាត់បង់ជីវិតបាន តែបើបណ្ដាលពីខ្លួនអ្នកម្ដាយវិញ អាចដោយសារតែអ្នកម្ដាយមានអាការគភ៌មានជាតិពុល លើសឈាម ឬទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ជាពិសេសប្រូតេអ៊ីន។

    ទារកមានទម្ងន់ខ្លួនច្រើនជ្រុលពេក ៈ បញ្ហាច្រើនតែបណ្ដាលមកពីការដែលស្រ្តីមានគភ៌ញ៉ាំច្រើនជ្រុលពេក ធ្វើឱ្យកូនក្នុងគភ៌មានទម្ងន់ខ្លួនច្រើន ហើយស្រ្តីមានគភ៌ថែមទាំងប្រថុយប្រថាននឹងការកើតជំងឺទឹកនោមផ្អែមខណៈពេលតាំងគភ៌ទៀតផង។ ក្រៅពីនេះពេលដល់វេលាប្រសូតអាចធ្វើឱ្យពិបាកប្រសូត អាចនឹងត្រូវប្រើឧបករណ៍ខាងវេជ្ជសាស្រ្តជួយសម្រាល ឬបើទារកមានខ្លួនធំជ្រុលពេកអាចនឹងធ្វើឱ្យស្បូនរហែក ឬអាចត្រូវធ្វើការវះកាត់សម្រាលបុត្រ។ ក្មេងដែលកើតមកមានទម្ងន់ខ្លួនច្រើនតាំងពីពេលប្រសូតនឹងមានឱកាសកើតរោគធាត់នាពេលអនាគតបាន ព្រោះកោសិកាខ្លាញ់ក្នុងរាងកាយមានខ្នាតធំតាំងពីពេលប្រសូតដំបូងហ្នឹងឯង៕

  • ដឹងឬទេ? “អេដស៍”(AIDS) និង “អេច អៃ វី”(HIV) ខុសគ្នាដូចម្ដេច?

    ដឹងឬទេ? “អេដស៍”(AIDS) និង “អេច អៃ វី”(HIV) ខុសគ្នាដូចម្ដេច?

    ឡារ៉ែនគិតថា វិនាទីនេះប្រហែលជាគ្មាននរណាម្នាក់មិនស្គាល់ជំងឺអេដស៍នោះទេ។ វាជាជំងឺឆ្លងតាមរយៈការរួមភេទដែលនៅមិនទាន់មានថ្នាំព្យាបាលយ៉ាងពិតប្រាកដនៅឡើយ មានត្រឹមតែថ្នាំដែលជួយទប់ទល់អាការរបស់អ្នកជំងឺឱ្យអាចនៅមានជីវិតរស់នៅបានយ៉ាងរឹងមាំបានជាច្រើន(សិប)ឆ្នាំទៀតប៉ុណ្ណោះ តែអ្នកជំងឺត្រូវមានវិន័យក្នុងការទទួលទានថ្នាំ និងទៅជួបគ្រូពេទ្យតាមពេលវេលាកំណត់។ ក្រៅពីឈ្មោះជំងឺថា “អេដស៍” ហើយ នៅមានឈ្មោះដែលយើងហៅថា “អេច អៃ វី” មួយទៀតដែរ។ តើពាក្យ2នេះ ខុសគ្នាដូចម្ដេច? ថ្ងៃនេះ ឡារ៉ែនមានចម្លើយមកអធិប្បាយជម្រាបជូនមិត្តអ្នកអានទាំងអស់គ្នា។

    អត្ថន័យរបស់ “អេច អៃ វី”(HIV)

    មេរោគ HIV (Human Immunodeficiency Virus) គឺ មេរោគវីរុសដែលនឹងចូលទៅខាំស៊ីបំផ្លាញកោសិកាគ្រាប់ឈាមស ធ្វើឱ្យប្រព័ន្ធប្រឆាំងជំងឺមិនសមប្រកប។

    អត្ថន័យរបស់ “AIDS”

    AIDS (Acquied Immunodeficiency Syndrome) គឺក្រុមអាការរបស់ការឆ្លងមេរោគជ្រៀតជ្រែកផ្សេងៗនៅពេលប្រព័ន្ធប្រឆាំងជំងឺរបស់រាងកាយត្រូវមេរោគអេច អៃ វីបំផ្លាញរហូតមិនអាចតតាំងមេរោគដែលចូលមកក្នុងរាងកាយទាំងអស់នោះបាន។

    ឆ្លងមេរោគ អេច អៃ វី # ជំងឺអេដស៍

    បើអ្នកជំងឺឆ្លងមេរោគអេច អៃ វី មិនមែនសុទ្ធតែត្រូវកើតជំងឺអេដស៍ជានិច្ចនោះទេ ព្រោះបើសិនឆាប់ពិនិត្យរកឃើញថាឆ្លងមេរោគតាមរយៈការពិនិត្យឈាមភ្លាមៗហើយ គេអាចព្យាបាលបានដោយការលេបថ្នាំប្រឆាំងមេរោគវីរុស។ នៅពេលធ្វើការព្យាបាលហើយ អាចនឹងពិនិត្យមិនឃើញមានមេរោគអេច អៃ វីនៅក្នុងឈាមទៀតទេ ហើយនៅពេលដែលពិនិត្យមិនឃើញមានមេរោគ នោះគឺមានន័យថា មិនមានមេរោគចម្លងទៅអ្នកដទៃទេ។

    ក្រៅពីនេះ បើអ្នកជំងឺឆ្លងមេរោគអេច អៃ វីបានធ្វើការព្យាបាលដោយថ្នាំប្រឆាំងមេរោគយ៉ាងត្រឹមត្រូវ និងជាប់លាប់ នឹងមានសុខភាពរាងកាយរឹងមាំល្អ មានអាយុយ៉ឺនយូរដូចអ្នកដែលគ្មានមេរោគដូច្នោះដែរ និងអាចមិនចាំបាច់ត្រូវលេបថ្នាំប្រឆាំងមេរោគជាប់រហូតទៀតផង ព្រោះបើពិនិត្យលែងឃើញមានមេរោគទៀតហើយនោះ ក៏អាចឈប់ញ៉ាំថ្នាំបានតែម្ដង តែគ្រូពេទ្យអាចនឹងណាត់ជួបដើម្បីពិនិត្យរាងកាយជាដំណាក់ៗនៅពេលក្រោយ។

    “អេច អៃ វី ឆាប់ដឹង អាចព្យាបាលជា”

    ការចម្លងរបស់មេរោគ អេច អៃ វី ពីមនុស្សទៅមនុស្ស មេរោគ អេច អៃ វី អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈឈាមរបស់អ្នកកើតជំងឺដែលចូលទៅក្នុងរាងកាយមនុស្សម្នាក់ទៀតតាមរយៈការប្រើម្ជុលចាក់ថ្នាំរួមគ្នា ជ្រៀតចូលក្នុងស្នាមរបួសថ្មីៗ ការបំបៅដោះកូនពីម្ដាយដែលមានមេរោគទៅកូន ជាដើម តែឱកាសក្នុងការឆ្លងមេរោគក៏មិន 100%ជានិច្ចនោះដែរ។

    ចំណែកឯការឱបថើប(ក្នុងករណីគ្មានស្នាមរបួស ឬដំបៅនៅក្នុងមាត់ ឬជាការថើបជញ្ជក់មាត់ប្ដូរទឹកមាត់គ្នា) ញ៉ាំបាយរួមគ្នាក្នុងចានតែមួយ ប្រើសមស្លាបព្រា កែវទឹករួមគ្នា ប្រើសាប៊ូដុសខ្លួន សាប៊ូកក់សក់ ថ្នាំដុសធ្មេញរួមគ្នា ឬការមានភេទសម្ព័ន្ធដោយប្រើស្រោមអនាម័យ(ដែលនៅថ្មីល្អ)មិនធ្វើឱ្យកើតការឆ្លងមេរោគ អេច អៃ វី ឡើយ។

    វិធីការពារការឆ្លងមេរោគ អេច អៃ វី

    1 . ពាក់ស្រោមអនាម័យរាល់ពេលមានភេទសម្ព័ន្ធ។

    2 . បើចង់បានបុត្រ គួរមានភេទសម្ព័ន្ធតែជាមួយគូស្នេហ៍របស់ខ្លួនតែម្នាក់ប៉ុណ្ណោះ និងកុំភ្លេចពិនិត្យរាងកាយដើម្បីការរៀបផែនការគ្រួសារជាមុន។

    3 . មិនផ្លាស់ប្ដូរដៃគូដំណេកញឹកញាប់ និងគួរស្នេហាស្មោះស្ម័គ្រមួយទល់នឹងមួយ។

    4 . មិនប្រើម្ជុលចាក់ថ្នាំរួមជាមួយអ្នកដទៃ។

    5 . បើសិនរកឃើញថា រាងកាយឆ្លងមេរោគ អេច អៃ វីហើយ គួរប្រញាប់ទៅប្រឹក្សាគ្រូពេទ្យដើម្បីធ្វើការព្យាបាលឱ្យបានលឿនបំផុត…រឹតតែលឿន រឹតតែងាយព្យាបាល។

    6 . បើជាអ្នកដែលឆ្លងមេរោគពីម្ដាយ គួរចូលទៅទទួលការព្យាបាលជាមួយគ្រូពេទ្យតាំងពីក្មេង និងមានវិន័យក្នុងការព្យាបាលយ៉ាងម៉ឺងម៉ាត់។

    7 . មិនគួរសង្ឃឹមបានពិនិត្យឈាមដោយការបរិច្ចាគឈាមនោះទេ ព្រោះវាជាការរំខានដល់ការធ្វើការរបស់មន្រ្តីទទួលបរិច្ចាគ និងមិនជាប្រយោជន៍ដល់អ្នកដែលរង់ចាំទទួលឈាមដើម្បីការព្យាបាលឡើយ៕

  • ធ្លាប់នឹកឆ្ងល់ទេថា ហេតុអីបានជាទារកចូលចិត្តគេងលើកជើង?

    ធ្លាប់នឹកឆ្ងល់ទេថា ហេតុអីបានជាទារកចូលចិត្តគេងលើកជើង?

    ហេតុអីបានទារកចូលចិត្តគេងលើកជើង ហើយការលើកជើងឡើងបែបនេះបានន័យថាម៉េច? ឬក៏កូនតូចកំពុងមានអារម្មណ៍ឈឺចាប់អ្វីម្យ៉ាងទេដឹង?…ឥឡូវសូមអ្នកម្ដាយថ្មោងថ្មីទាំងអស់នាំគ្នាមកមើលពីមូលហេតុដែលកូនតូចចូលចិត្តគេងលើកជើងមកដល់ទ្រូងថា តើហេតុអីបានកូនតូចសម្លាញ់របស់យើងលើកជើង?

    1 . មូលហេតុដែលទារកចូលចិត្តលើកជើងឡើងមកដល់ទ្រូង ព្រោះថា…

    …ពេលនៅក្នុងផ្ទៃម្ដាយ ទីធ្លានៅក្នុងផ្ទៃមានកំណត់ ឥរិយាបថនេះ ជាឥរិយាបថដែលទារកធ្វើញឹកញាប់បំផុតពេលនៅក្នុងពោះម្ដាយ ដូច្នេះហើយទើបកូនចូលចិត្តលេងចាប់ចុងជើងខ្លួនឯង និងលើកមកដល់ទ្រូងដោយសារការស៊ាំធ្លាប់ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ក្មេងខ្លះលើកជើងមកហើយ ដាក់ម្រាមជើងមកដល់មាត់ រួចបឺតលេងយ៉ាងសប្បាយអារម្មណ៍ទៀតផង។

    2 . អាចបណ្ដាលមកពីអាការឈឺពោះ

    ការលើកជើងរបស់កូនតូច អាចធ្វើឱ្យកូនបានបញ្ចេញខ្យល់ហ្គាសចេញមកតាមរន្ធទ្វារធំ ព្រោះមានខ្យល់នៅក្នុងក្រពះច្រើនពេក ដែលការលើកជើងឡើងនេះ អាចធ្វើឱ្យកូនមានអាការធូរស្រាល និងស្រួលខ្លួនឡើង។ បើកូនតូចលើកជើងឡើងដោយសារតែអាការឈឺពោះព្រោះមានខ្យល់នៅក្នុងក្រពះច្រើននោះ ចូរអ្នកម្ដាយសាកស្ទាបអង្អែលក្បាលពោះរបស់កូន និងសង្កត់ចុះតិចៗ ថ្នមៗ ហើយលុញជារាងរង្វង់មូល(ដូចទ្រនិចនាឡិកាដើរ) ឬចាប់កូនដាក់ឱ្យគេងផ្កាប់ ដើម្បីបណ្ដេញខ្យល់ចេញក៏បាន។ ទង្វើទាំង2 យ៉ាងនេះនឹងធ្វើឱ្យខ្យល់ចេញពីក្នុងពោះកូនបានស្រួល និងធ្វើឱ្យកូនតូចបានធូរស្រាលពីអាការឈឺពោះបានច្រើនទៀតផង។

    3 . អាការឈឺពោះបែបខ្លាំងក្លា

    ដូចជា ពោះវៀនព័ន្ធគ្នា ឬមានដំបៅនៅក្នុងក្រពះ ចូរសង្កេតមើលអាការ ដូចជា ស្រែកយំយ៉ាងខ្លាំង បន្ទោបង់មកមានឈាម ឬមួល គ្រុនក្ដៅខ្លួន ក្អួត ស្រែកយំខ្លាំងឡើងៗជារឿយៗ…បើឃើញមានអាការបែបនេះ ចូរអ្នកម្ដាយប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម កុំបង្អង់យូរ។

    តែភាគច្រើន ការដែលក្មេងតូចចូលចិត្តលើកជើងទាំង 2ខាងឡើងមកដល់ទ្រូង គឺគ្រាន់តែជាប្រឡែងលេងជាមួយខ្លួនឯងដើម្បីសប្បាយរីករាយ និងជាទម្លាប់ ឬភាពស៊ាំធ្លាប់តាំងពីពេលនៅក្នុងពោះម្ដាយប៉ុណ្ណោះឯង…មានភាគតិចណាស់ដែលបង្ហាញពីអាការឈឺពោះ ហើយលើកជើងទាំង2 ឡើងនោះ៕

  • “ប្រតិកម្មចាញ់អាហារ” និងគ្រប់រឿងដែលអ្នកអាចមិនទាន់ដឹង និងគួរតែដឹង

    “ប្រតិកម្មចាញ់អាហារ” និងគ្រប់រឿងដែលអ្នកអាចមិនទាន់ដឹង និងគួរតែដឹង

    ប្រតិកម្មចាញ់ចំណីអាហារ (Food Allergy) ជាប្រតិកម្មដែលខុសប្រក្រតីរបស់រាងកាយចំពោះចំណីអាហារ ដែលមានមូលហេតុមកពីប្រព័ន្ធការពារជំងឺរបស់រាងកាយ ជាអាការដែលហាក់ដូចជាជួបប្រទះញឹកញាប់ និងជាបន្តទៅនេះ គឺជាអត្ថបទដែលមិត្តអ្នកអានគួរតែដឹងពាក់ព័ន្ធនឹងអាការប្រតិកម្មចាញ់ចំណីអាហារ…។

    មូលហេតុរបស់ប្រតិកម្មចាញ់ចំណីអាហារ

    ប្រតិកម្មចាញ់ចំណីអាហារកើតឡើងដោយសារតែរាងកាយឆាប់មានប្រតិកម្មជាមួយគុណភាពចំណីអាហារខ្លាំងជ្រុលពេក រហូតដល់រាងកាយសាង Antibody ដែលមានតួនាទីក្នុងការកែខៃ និងតតាំងវត្ថុប្លែកចម្លែកដែលចូលមកក្នុងរាងកាយ។ នៅក្នុងកម្មវិធីនេះ រាងកាយនឹងមានការបញ្ចេញសារធាតុបង្កប្រតិកម្មចាញ់(Histamine)និងសារធាតុផ្សេងទៀតដែលធ្វើឱ្យកើតអាការចាញ់ តែយ៉ាងណាក៏ដោយ កម្មវិធីការពិនិត្យចាប់សារធាតុដែលរាងកាយមិនត្រូវការនេះ មានភាពខុសប្លែកពីគ្នានៅលើបុគ្គលម្នាក់ៗ ដូច្នេះមនុស្សម្នាក់ៗក៏នឹងមានអាការប្រតិកម្មចាញ់សារធាតុខុសៗគ្នា ជាមូលហេតុដែលជួបប្រទះញឹកញាប់របស់ជំងឺដែលកើតពីចំណីអាហារ។

    មនុស្សជាច្រើនយល់ខុសថា ប្រតិកម្មចាញ់កើតឡើងនៅពេលដែលចំណីអាហារនោះជាចំណីអាហារចម្លែកៗ តែការពិតគឺថាចំណីអាហារទូទៅក៏អាចជាសារធាតុបង្កប្រតិកម្មចាញ់បានដែរ។ ការកើតប្រតិកម្មចាញ់ចំណីអាហារមានភាពពាក់ព័ន្ធខ្លាំងបំផុតជាមួយប្រូតេអ៊ីនក្នុងទឹកដោះគោ ស៊ុត គ្រាប់សណ្ដែក គ្រាប់ល្ង ម្សៅសាលី សណ្ដែកគ្រាប់រឹង និងអាហារសមុទ្រ-ល- ក្រៅពីនេះ ពណ៌លាយចំណីអាហារ សារធាតុការពារផ្អូមក្នុងចំណីអាហារ និងសារធាតុតុបតែងចំណីអាហារក្នុងអំឡុងពេលកែច្នៃចំណីអាហារ ក៏ជាបច្ច័យដែលធ្វើឱ្យកើតអាការប្រតិកម្មចាញ់ចំណីអាហារបានដែរ។ ប្រតិកម្មចាញ់ចំណីអាហារ អាចមានអាការមិនធ្ងន់ធ្ងរ និងកើតឡើងក្នុងរយៈពេលខ្លី តែក៏អាចធ្វើឱ្យកើតសភាវខាងសុខភាពធ្ងន់ធ្ងរ និងមានគ្រោះថ្នាក់ដល់ជីវិតបានដូចគ្នា។

    អាការរបស់ប្រតិកម្មចាញ់ចំណីអាហារ

    អាការប្រតិកម្មចាញ់ចំណីអាហារអាចមានអាការណាមួយ ឬអាការច្រើនរួមគ្នាដូចខាងក្រោម ៈ

    . មានឡើងកន្ទាលត្រអាក និងរមាស់

    . រមាស់ច្រមុះ និងភ្នែក

    . កណ្ដាស់ និងហៀរសំបោរ

    . មានអាការរមាស់ និងហើមនៅជុំវិញបបូរមាត់ និងមាត់ ជាពិសេសបំផុតនៅពេលប៉ះពាល់នឹងចំណីអាហារដោយផ្ទាល់

    . ក្អួតចង្អោរ

    . មានអាការហើមបែបជាប៉គ្រីវកាច់

    . រាក និងក្អួត

    អាការប្រតិកម្មចាញ់ធ្ងន់ធ្ងរ

    អាការប្រតិកម្មចាញ់ធ្ងន់ធ្ងរ( Anaphylaxis is) ជាអាការប្រតិកម្មចាញ់ចំណីអាហារដែលធ្ងន់ធ្ងរបំផុត និងអាចធ្វើឱ្យស្លាប់បាត់បង់ជីវិតបាន។ បច្ច័យប្រថុយប្រថានរបស់អាការប្រតិកម្មចាញ់ធ្ងន់ធ្ងរ មានដូចជា អ្នកជំងឺហឺត ជាពិសេសបំផុតនៅលើអ្នកជំងឺហឺតដែលមិនបានទទួលការព្យាបាល។ ជារឿងគ្រោះថ្នាក់ខ្លាំងណាស់ បើសិនពិនិត្យមិនឃើញមានអាការប្រតិកម្មចាញ់ក្នុងរយៈដំបូងៗ ការយឺតយ៉ាវក្នុងការប្រើប្រាស់ថ្នាំ ឬការមិនប្រើប្រាស់ថ្នាំព្យាបាលអ្នកជំងឺប្រតិកម្មចាញ់ចំណីអាហារបន្ទាន់ឱ្យបានទាន់ពេលវេលា ដែលអាចធ្វើឱ្យកើតអាការដែលធ្ងន់ធ្ងរឡើងបាន។

    បើសិនរាងកាយរបស់លោកអ្នកកើតមានអាការប្រតិកម្មចាញ់ទាំងអស់ដូចខាងលើ ចូរឈប់ទទួលទានអាហារណាមួយដែលលោកអ្នកសង្ស័យថា ធ្វើឱ្យកើតអាការប្រតិកម្មចាញ់ចំណីអាហារ ក្រៅពីនេះ លោកអ្នកគួរពិចារណាប្រើថ្នាំបំបាត់អាការប្រតិកម្មចាញ់(Antihistamines)។ មិនថាលោកអ្នកកើតអាការប្រតិកម្មចាញ់ធ្ងន់ធ្ងរ ឬមិនធ្ងន់ធ្ងរក៏ដោយ លោកអ្នកនៅតែត្រូវតែចូលទៅទទួលការព្យាបាល ដើម្បីរកមូលហេតុ និងការព្យាបាលផងដែរ។

    បច្ច័យច្រើនប្រការដែលបង្កើនភាពប្រថុយប្រថាន មានដូចជា ៈ

    . ការបញ្ជូនបន្តខាងពូជអម្បូរពីកំណើត

    . អាយុ ដោយអាការប្រតិកម្មចាញ់ចំណីអាហារតែងជួបប្រទះច្រើនបំផុតនៅលើក្មេងតូច

    . ជំងឺហឺត

    ដើម្បីការពារ និងកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតប្រតិកម្មចាញ់ចំណីអាហារ លោកអ្នកចាំបាច់ត្រូវមានចំណេះដឹងពាក់ព័ន្ធនឹងប្រតិកម្មចាញ់ចំណីអាហារ និងអាការប្រតិកម្មចាញ់ចំណីអាហារ។ ចូរព្យាយាមចៀសវាងពីអាហារដែលលោកអ្នកកើតប្រតិកម្មចាញ់ ក្រៅពីនេះ លោកអ្នកគួរចៀសវាងការប៉ះពាល់ដែលមានចំពោះស្បែក ឬហិតស្រូបក្លិនចំណីអាហារដែលលោកអ្នកមានប្រតិកម្មចាញ់៕

  • ដឹងភេទកូនក្នុងផ្ទៃដោយតិចនិកងាយៗតាមបែបចាស់ៗបុរាណ

    ដឹងភេទកូនក្នុងផ្ទៃដោយតិចនិកងាយៗតាមបែបចាស់ៗបុរាណ

    អ្នកម្ដាយសម័យថ្មីនាពេលបច្ចុប្បន្ន បើចង់ដឹងពីភេទរបស់កូនក្នុងផ្ទៃ ក៏អាចធ្វើបានដោយមិនលំបាកឡើយ ដោយការប្រើតិចណូឡូជីសម័យថ្មី តាមរយៈការឆ្លុះមើលអេកូ ដែលមិនមែនជារឿងលំបាក ឬចម្លែកអ្វីឡើងនាពេលបច្ចុប្បន្ននេះ តែក៏នៅមានក្រុមស្រ្តីមានគភ៌មួយចំនួននៅតែចង់អ៊ុតមើលភេទរបស់កូនក្នុងផ្ទៃរបស់ខ្លួនរហូតដល់ថ្ងៃប្រសូតដូចគ្នា។ អ្នកខ្លះទៅឆ្លុះមើលអេកូជាច្រើនដងហើយ ក៏នៅតែមិនទាន់ឃើញច្បាស់ ក៏ព្យាយាមស្វែងរកវិធីផ្សេងៗដែលនឹងធ្វើឱ្យបានដឹងពីភេទរបស់កូននៅក្នុងផ្ទៃក៏មានដែរ ដូច្នេះថ្ងៃនេះ ឡារ៉ែនមានវិធីសង្កេតមើលពោះ និងអាការផ្សេងៗតាមក្បួនតម្រាចាស់ៗសម័យបុរាណមកជម្រាបជូនដូចខាងក្រោម។

    1 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈការសង្កេតមើលរន្ធផ្ចិតរបស់ស្រ្តីតាំងគភ៌

    ជាជំនឿពីបុរាណមួយតាមក្បួនតម្រាអ្នកមានផ្ទៃពោះ ការមើលពីលក្ខណៈរបស់រន្ធផ្ចិតរបស់ស្រ្តីមានគភ៌ដោយការសង្កេតពីលក្ខណៈរបស់ផ្ចិតផ្នែកខាងលើ បើលៀនចេញមក ឬរន្ធផ្ចិតផ្កាប់ និងស្រ្តីតាំងគភ៌មានពោះប៉ោងមូលក្លុំ តាមតម្រាចាស់បុរាណប្រាប់ថា ប្រហែលជានឹងបានកូនស្រី…។

    សម្រាប់ស្រ្តីតាំងគភ៌ណាមានលក្ខណៈផ្ចិតផ្នែកខាងក្រោមលៀនចេញមកជារន្ធផ្ចិតផ្ងារឡើង និងមានផ្ទៃពោះរាងស្រួចនោះ មានភាពអាចទៅរួចខ្លាំងថា ប្រហែលជានឹងបានកូនប្រុស…។

    2 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈការរើរបស់កូននៅក្នុងគភ៌

    អ្នកម្ដាយភាគច្រើននឹងមានអារម្មណ៍ថា កូនចាប់ផ្ដើមរើក្នុងអំឡុងសប្ដាហ៍ទី20 នៃការតាំងគភ៌ តែបើស្រ្តីមានគភ៌មានអារម្មណ៍ថា កូនឆាប់រើលឿនជាងរយៈពេលនោះ ចាស់ៗបុរាណជឿថា អាចនឹងបានកូនប្រុស និងបើស្រ្តីមានគភ៌មានអារម្មណ៍ថា កូនរើខ្លាំងជាងប្រក្រតី មានញាក់ៗ ឬធាក់ក្បាលពោះរហូតមានអារម្មណ៍ថាឈឺផងនោះ អាចនឹងមានភាពទៅរួចខ្ពស់ថា នឹងបានកូនប្រុសខ្លាំងជាងកូនស្រី ព្រោះកូនស្រីច្រើនតែរើញឹកញាប់ជាង និងរើខ្សោយជាង។

    តាមគោលការណ៍វិទ្យាសាស្រ្ត ក្រូម៉ូហ្សូម XX របស់ទារកភេទស្រីនឹងមាននឹងនរជាងក្រូម៉ូហ្សូម XY របស់ភេទប្រុស ដូច្នេះបើកូនក្នុងផ្ទៃរើញាប់ៗ គឺជាសញ្ញាថា នឹងបានកូនស្រី។

    3 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈអាការចាញ់កូនរបស់ស្រ្តីមានគភ៌

    មនុស្សសម័យមុនច្រើននាំគ្នាជឿថា អ្នកមានផ្ទៃពោះដែលមានអាការចាញ់កូនខ្លាំងក្លា នឹងបានកូនស្រី ឯអ្នកដែលកើតអាការចាញ់កូនតែបន្តិចបន្តួច ឬមិនមានសោះតែម្ដងនោះ កូនក្នុងផ្ទៃនឹងជាកូនប្រុស។

    4 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈសញ្ជាតិញាណរបស់អ្នកមានផ្ទៃពោះ

    ចាស់ៗសម័យមុនប្រាប់ថា សញ្ជាតិញាណ(ការដឹងដោយឯងៗ)របស់ស្រ្តីមានគភ៌ច្រើនតែមានភាពទៀងត្រង់(ឆុត)ខ្លាំង ដោយមានការរៀបរាប់ប្រាប់តៗគ្នាថា បើអ្នកមានផ្ទៃពោះមានការគិត និងជឿជាក់ថា ផ្ទៃពោះនេះបានកូនភេទអី ឱកាសក្នុងការកើតមកដូចការគិតនោះមានភាពអាចទៅរួចដល់ទៅ 70%ឯណោះ។

    5 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈអាការត្រជាក់បាតជើង

    ចាស់សម័យបុរាណបានប្រាប់តៗគ្នាមកថា បើអ្នកមានផ្ទៃពោះណាមានអាការត្រជាក់បាតជើង នឹងបានកូនប្រុស តែបើអ្នកណាមិនមានអាការត្រជាក់បាតជើងទេ គឺមានកម្ដៅធម្មតាប្រក្រតី ឬក្ដៅឧណ្ហៗនោះ បញ្ជាក់ថា នឹងបានកូនស្រី។ ដែលទៅជាដូច្នោះ ក៏ព្រោះថា ស្រ្តីដែលតាំងគភ៌បានកូនប្រុស នឹងធ្វើឱ្យឈាមនៅក្នុងរាងកាយហូរវិលមិនសូវល្អ ចំណែកអ្នកដែលតាំងគភ៌បានកូនស្រីវិញ លំហូរវិលរបស់ឈាមនឹងល្អប្រសើរជាងហ្នឹងឯង។

    សម្រាប់ជំនឿ និងការទស្សន៍ទាយតាមរយៈវិធីការសង្កេត​ទាំងអស់ខាងលើនេះ អាចនឹងមិនសូវជាត្រឹមត្រូវដូចការគិតប៉ុន្មានទេ។ អាចនិយាយថា ចេះតែទាយទុកលេងៗក្នុងចន្លោះពេលរង់ចាំកូនតូចបើកភ្នែកមើលពិភពលោកតែប៉ុណ្ណោះឯង ព្រោះស្រ្តីមានគភ៌ម្នាក់ៗមានបច្ច័យផ្សេងៗខុសប្លែកពីគ្នា ដូចជាជំងឺប្រចាំកាយរបស់ស្រ្តីមានគភ៌ ភាពរឹងប៉ឹងរបស់រាងកាយ សភាពបរិស្ថានជុំវិញខ្លួន អាយុ រួមទាំងការទទួលទានអាហាររបស់ស្រ្តីមានគភ៌ម្នាក់ៗទៀតផង៕