Category: សុខភាព

  • កម្ពុជា​រក​​ឃើញ​​អ្នក​​ផ្ទុក​​Covid-19 ​ចំនួន​​1​ករណី​​ទៀត​​ហើយ

    កម្ពុជា​រក​​ឃើញ​​អ្នក​​ផ្ទុក​​Covid-19 ​ចំនួន​​1​ករណី​​ទៀត​​ហើយ

    ក្រសួង​សុខាភិបាល​កម្ពុជា​ នា​ព្រឹក​ថ្ងៃទី​27​​តុាលា​នេះ បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​Covid-19 ចំនួន​1​ករណី​បន្ថែម​ទៀត​ ដែល​នេះ​បាន​កើត​ឡើង​ចំពោះ​ស្ត្រី​ជន​ជាតិ​បារាំង​។

    តាម​រយៈ​ទំព័រ Facebook និង​គេហទំព័រ​របស់​ខ្លួន ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា អ្នក​ជំងឺ​ថ្មី​ខាងលើ​នេះ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំ​ពេញ​ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង​ ឆ្លងកាត់​ប្រទេស​សឹង្ហបុរី​ មុន​ពេល​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​25​តុលា​2020​។ បច្ចុប្បន្ន​ ស្ត្រី​អ្នកជំងឺ​នេះ​ កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ នៅរាជ​ធានី​ភ្នំ​ពេញ​។

    គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នកផ្ទុកវីរុស​Covid-19 សរុប​288​នាក់​ ក្នុង​នោះ​មាន​283​នាក់បាន​ជា​សះស្បើយ​ និង​5​នាក់​ផ្សេង​ទៀត​កំពុង​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ ដែល​ក្នុង​នោះ​ដែរ មាន​ជនជាតិ​ខ្មែរ2​នាក់ និង​បរទេស​3​នាក់​៕

     

  • ជិតគ្រប់ខែ កូនក្នុងផ្ទៃលែងសូវរើ អាការនេះស្រ្តីមានគភ៌ត្រូវតែដឹង…

    ជិតគ្រប់ខែ កូនក្នុងផ្ទៃលែងសូវរើ អាការនេះស្រ្តីមានគភ៌ត្រូវតែដឹង…

    ស្រ្តីមានគភ៌ដែលកំពុងជិតគ្រប់ខែគ្រប់រូបធ្លាប់នឹកឆ្ងល់ ឬសង្ស័យដែរឬទេថា ការរើរបស់កូននៅក្នុងផ្ទៃអាចបញ្ជាក់ប្រាប់ពីអាការផ្សេងៗបានជាច្រើន មិនថាតែអាការជិតប្រសូត ឬសូម្បីតែអាការខុសប្រក្រតីដែលកើតឡើងចំពោះទារកនៅក្នុងគភ៌ជាដើម។ ស្រ្តីមានគភ៌ភាគច្រើនៗតែមើលរំលងអំពីរឿងនេះ ឬអាចកំពុងនឹកឆ្ងល់ថា តើកូនតូចនៅក្នុងផ្ទៃដែលលែងសូវរើ ពាក់ព័ន្ធនឹងភាពខុសប្រក្រតី និងជិតដល់ពេលប្រសូតឬទេ? ថ្ងៃនេះ ឡារ៉ែននឹងជម្រាបជូនអំពីរឿងឱ្យបានដឹងទាំងអស់គ្នា។

    អាការជិតប្រសូត គឺជាយន្តការធម្មជាតិរបស់រាងកាយដែលធ្វើឱ្យអនាគតអ្នកម្ដាយចាប់ផ្ដើមមានអារម្មណ៍ថាមានការប្រែប្រួលផ្សេងៗកើតឡើង ដើម្បីនឹងបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រសូតដែលនឹងមកដល់នាពេលអនាគតដ៏ឆាប់ៗនេះ ហើយដែលការរើរបស់កូនតូចនៅក្នុងផ្ទៃនេះអាចពាក់ព័ន្ធនឹងអាការទាំងនោះបាន។

    ពេលចូលដល់រយៈពេលចុងក្រោយនៃការតាំងគភ៌ ឬក្នុងមិនប៉ុន្មានសប្ដាហ៍ទៀតមុនដល់ពេលប្រសូត នឹងមានអាការសំខាន់ៗមួយចំនួនដែលអនាគតអ្នកម្ដាយត្រូវតាមសង្កេតមើល ដែលមួយនៅក្នុងនោះគឺ ការរើរបស់កូនតូចនៅក្នុងផ្ទៃហ្នឹងឯង។ ដូច្នេះហើយទើបមិនមែនជារឿងប្លែកឡើយដែលស្រ្តីមានគភ៌រកឃើញថា កូនរើ(ធាក់)តិចជាងប្រក្រតីក្នុងអំឡុងត្រីមាសចុងក្រោយនៃការតាំងគភ៌។ មូលហេតុនោះបណ្ដាលមកពីទារកនៅក្នុងគភ៌មានទំហំខ្លួនធំឡើងរហូតពេញទីតាំងក្នុងស្បូនរបស់ម្ដាយហ្នឹងឯង ទើបធ្វើឱ្យការរើខ្លួនរបស់កូនតូចប្រព្រឹត្តឡើងរាងពិបាកជាងពេលមុនៗ។

    ជាប្រក្រតី ទារកនឹងរើខ្លាំងឡើងជារឿយៗរហូតដល់គភ៌ជិតមានអាយុ 32សប្ដាហ៍។ ទារកនឹងរើប្រមាណជា 575ដងក្នុងរយៈពេល 12ម៉ោង តែបើពេលណាក៏ដោយដែលអាយុគភ៌ចូលដល់សប្ដាហ៍ទី 40ហើយនោះ ទារកក្នុងគភ៌រើនៅសល់ត្រឹមតែ 282ដងក្នុងរយៈពេល 12ម៉ោងនោះ អាការបែបនេះគួរឱ្យបារម្ភខ្លាំងណាស់។ ក្រៅពីនេះ បើអាយុគភ៌របស់អនាគតអ្នកម្ដាយមិនបានស្ថិតក្នុងត្រីមាសចុងក្រោយទេនោះ ចូរសង្កេតមើលថា តើអាការរើរបស់កូនតូចគួរឱ្យបារម្ភ ឬក៏អត់នោះតាមរយៈរឿងខាងក្រោមនេះ ៈ

    • ក្នុងរយៈពេល 4ម៉ោង កូនតូចរើមិនដល់ 10ដង។
    • បើស្រ្តីមានគភ៌កត់ត្រាចំនួនការរើរបស់កូនជាប្រចាំរៀងរាល់ថ្ងៃ ហើយសង្កេតឃើញថា កូនរើតិចជាងមុនច្រើន ខុសពីប្រក្រតី។
    • ក្នុងរយៈពេល 4ម៉ោងដែលរាប់នោះ កូនមិនមានរើសោះ និងថែមទាំងមានអាការឈឺពោះ និងមានឈាមហូរចេញមកពីរន្ធស្បូនផង។

    បើស្រ្តីតាំងគភ៌មានអាការដូចដែលបានរៀបរាប់ខាងលើនេះ សូមកុំបង្អង់យូរ ចូរប្រញាប់ទៅជួបគ្រូពេទ្យជំនាញភ្លាម និងបើសិនវាជាភាពខុសប្រក្រតីមែននោះ តើអ្វីគឺជាមូលហេតុដែលធ្វើឱ្យកូនរើតិចជាងមុន?

    1. ដូចដែលបានជម្រាបមកពីខាងដើមហើយថា មូលហេតុដែលធ្វើឱ្យកូនរើតិចជាងមុននោះគឺ មួយ បណ្ដាលមកពីអនាគតអ្នកម្ដាយស្ថិតក្នុងអំឡុងពេលជិតប្រសូត ឬអាចមកពីការដែលអនាគតអ្នកម្ដាយតាំងគភ៌យូរជ្រុលពេករហូតធ្វើឱ្យហួសកំណត់ពេលប្រសូត ជាហេតុធ្វើឱ្យទងសុករបស់ម្ដាយចុះខ្សោយសមត្ថភាពទៅតាមអាយុគភ៌ដែលកើនច្រើនឡើង អាហារ និងអុកស៊ីហ្ស៊ែនដែលបញ្ជូនតាមទងសុកទៅដល់កូនមានបរិមាណថយចុះ។ បើសិនជាដូច្នោះមែន អាចនឹងប្រថុយប្រថានដល់ជីវិតរបស់ទារកក៏ថាបានដែរ។
    2. ប្រអប់ស្បូនរបស់ម្ដាយតូចចង្អៀត ធ្វើឱ្យទារកមិនអាចកម្រើកបានដូចកាលពីពេលមុន ឬអាចបណ្ដាលមកពីភាពខុសប្រក្រតីណាមួយចំពោះទារកក្នុងគភ៌ធ្វើឱ្យមិនមានកម្លាំងរើ។ បើស្រ្តីមានគភ៌បណ្ដោយឱ្យស្ថិតសភាពបែបនោះយូរ អាចប្រថុយប្រថានដល់ជីវិតទារកក្នុងគភ៌។

    ដូច្នេះ មិនថាមកពីមូលហេតុអ្វីនោះទេ ការលែងសូវរើ ឬការរើតិចជាងមុនរបស់កូន គឺជារឿងដែលគួរឱ្យវិតក្កកង្វល់ទាំងអស់ ព្រោះបើសិនវាជាសភាវជិតប្រសូតមែននោះ អនាគតអ្នកម្ដាយក៏គួរត្រៀមខ្លួនជាស្រេចដើម្បីចាំទប់ទល់នឹងអាការជិតប្រសូតនេះផង តែបើសិនជាកូនតូចក្នុងផ្ទៃមិនសូវរើ ឬរើតិចជាងមុន ទាំងអាយុគភ៌មិនបានស្ថិតក្នុងសភាវដូចខាងលើនោះ ចូរកុំនៅបង្អង់យូរ ព្រោះអាការនោះអាចរាប់បានថាជាអាការមួយដែលអាចសន្និដ្ឋានបានថា មានភាពខុសប្រក្រតីអ្វីម្យ៉ាងកើតឡើងចំពោះទារកហើយ៕

  • លែងឆ្ងល់! ភាពខុសគ្នារវាងគ្រុនផ្ដាសាយធម្មតា និងគ្រុនផ្ដាសាយធំ…

    លែងឆ្ងល់! ភាពខុសគ្នារវាងគ្រុនផ្ដាសាយធម្មតា និងគ្រុនផ្ដាសាយធំ…

    ទាំងអស់គ្នាប្រហែលជាធ្លាប់កើតជំងឺគ្រុនផ្ដាសាយមកខ្លះៗហើយ តែក៏មិនមែនគ្រប់គ្នាសុទ្ធតែធ្លាប់កើតជំងឺផ្ដាសាយធំដែរ ព្រោះជំងឺគ្រុនផ្ដាសាយធំមានគ្រោះថ្នាក់ជាងជំងឺគ្រុនផ្ដាសាយធម្មតាច្រើនណាស់។ ក្រៅពីអាការជំងឺនឹងធ្ងន់ធ្ងរជាង ក្រជាជាងហើយ នៅមានគ្រុនផ្ដាសាយអម្បូរថ្មីៗដែលអាចសម្លាប់ជីវិតមនុស្សបានគ្រប់ពេលទៀតផង ដូច្នេះសួរថា តើពេលណាដែលយើងអាចដឹងថា គ្រុនផ្ដាសាយដែលយើងកំពុងកើតនេះ ជាគ្រុនផ្ដាសាយធម្មតា ឬគ្រុនផ្ដាសាយធំ? តើនៅពេលណាដែលយើងអាចទិញថ្នាំមកលេបដោយខ្លួនឯងបាន? ឬពេលណាដែលយើងត្រូវតែទៅជួបគ្រូពេទ្យ?

    ឡារ៉ែនមានវិធីសង្កេតងាយៗមកជម្រាបជូន…

    1 . អាការគ្រុន

    គ្រុនផ្ដាសាយធម្មតា – ក្ដៅខ្លួនស្ទិញៗ លេបថ្នាំបំបាត់គ្រុន 1-2ថ្ងៃនឹងបាត់ទៅវិញ និងមិនលាប់ឡើងវិញទេ។

    គ្រុនផ្ដាសាយធំ – ក្ដៅខ្លួនខ្លាំង និងយូរដល់ទៅជាង 3-4ថ្ងៃឡើងទៅ។ កម្ដៅនឹងស្រកចុះតែនៅពេលលេបថ្នាំប៉ុណ្ណោះ។

    2 . ឈឺក្បាល

    គ្រុនផ្ដាសាយធម្មតា – អាចឈឺក្បាលតែបន្តិចបន្តួច ឬអាចគ្មានអាការឈឺក្បាលតែម្ដង។

    គ្រុនផ្ដាសាយធំ – អាចឈឺក្បាលខ្លាំងជាងប្រក្រតី។

    3 . ឈឺចុកចាប់តាមរាងកាយ

    គ្រុនផ្ដាសាយធម្មតា – មានអាការឈឺចុកចាប់តាមរាងកាយត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។

    គ្រុនផ្ដាសាយធំ – ឈឺចុកចាប់តាមរាងកាយខ្លាំងណាស់។

    4 . នឿយល្វើយ

    គ្រុនផ្ដាសាយធម្មតា – មានអាការនឿយល្វើយបន្តិចបន្តួច និងមិនយូរឡើយ ត្រឹមតែ 1-2ថ្ងៃប៉ុណ្ណោះ។

    គ្រុនផ្ដាសាយធំ – នឿយល្វើយខ្លាំង អាចកើតអាការនេះយូររាប់សប្ដាហ៍ក៏មាន។

    5 . អាការក្អក

    គ្រុនផ្ដាសាយធម្មតា – មិនក្អកច្រើនទេ ក្អកស្ងួតៗ។

    គ្រុនផ្ដាសាយធំ – ក្អកខ្លាំង ក្អកញឹកញាប់ និងមានស្លេស្ម៍ខាប់ស្អិត។

    6 . សំបោរ

    គ្រុនផ្ដាសាយធម្មតា – ទឹកសំបោរថ្លាៗ រាវ ឬអាចគ្មានសំបោរសោះក៏មាន។

    គ្រុនផ្ដាសាយធំ – ទឹកសំបោរខាប់ ស្អិត។

    7 . ឈឺ-ក

    គ្រុនផ្ដាសាយធម្មតា – ឃើញមានអាការឈឺ-កញឹកញាប់ក្នុងអំឡុងពេលគ្រុនដំបូងៗ។

    គ្រុនផ្ដាសាយធំ – អាចមិនឃើញមានអាការឈឺ-ក ឬឃើញមានតិចតួចបំផុត។

    8 . ជំងឺជ្រៀតជ្រែក

    គ្រុនផ្ដាសាយធម្មតា – សៃណឹស ឬអំបៅអំបែក។

    គ្រុនផ្ដាសាយធំ – រលាកបំពង់ដង្ហើម ឬហើមសួត។

    9 . ការរក្សាព្យាបាល

    គ្រុនផ្ដាសាយធម្មតា – គ្មានថ្នាំព្យាបាលដោយត្រង់នោះទេ អាចធ្វើបានត្រឹមតែលេបថ្នាំព្យាបាលតាមអាការប៉ុណ្ណោះ។

    គ្រុនផ្ដាសាយធំ – ព្យាបាលដោយថ្នាំពេទ្យ ឬទៅជួបគ្រូពេទ្យពេលដឹងខ្លួនថា កើតជំងឺគ្រុនផ្ដាសាយធំ។

    10 . ការបង្ការជំងឺ

    គ្រុនផ្ដាសាយធម្មតា – គ្មានវិធីបង្ការដោយត្រង់ទេ។

    គ្រុនផ្ដាសាយធំ – ចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្ដាសាយធំ។

    តែយ៉ាងណាក៏ដោយ វិធីចៀសវាងពីអាការគ្រុនផ្ដាសាយ មិនថាប្រភេទណាក៏ដោយ គឺថែរក្សាសុខភាពរាងកាយឱ្យរឹងប៉ឹងមាំមួនជាប់ជានិច្ច ញ៉ាំអាហារដែលមានប្រយោជន៍(ជាពិសេសអាហារដែលមានវីតាមីន C ខ្ពស់) ហាត់ប្រាណឱ្យបានជាប់លាប់ និងសម្រាកឱ្យបានគ្រប់គ្រាន់…តែប៉ុណ្ណឹង ជីវិតក៏នឹងឃ្លាតឆ្ងាយពីជំងឺគ្រុនផ្ដាសាយបានដោយងាយ៕

  • ពាក្យសម្ដី 12ប្រយោគ លើកទឹកចិត្តកូន…គ្រាដែលកូនបាក់ទឹកចិត្ត

    ពាក្យសម្ដី 12ប្រយោគ លើកទឹកចិត្តកូន…គ្រាដែលកូនបាក់ទឹកចិត្ត

    បើលោកឪពុកអ្នកម្ដាយមើលឃើញថា កូនសម្លាញ់របស់យើងកំពុងធ្លាក់ក្នុងភាពសោកសៅខូចចិត្ត មិនថាតែមានមូលហេតុដែលបណ្ដាលមកពីការប្រឡងធ្លាក់ ការរៀនសូត្រ ឬសូម្បីតែកំពុងតែអស់សង្ឃឹមក្នុងរឿងអ្វីម្យ៉ាងក៏ដោយនោះ អ្នកគ្រូ ឆវីសូមណែនាំឱ្យលោកឪពុកអ្នកម្ដាយបង្ហាញពីការយល់ចិត្តអាណិតអាសូរឱ្យកូនបានឃើញថា អ្នកកំពុងដឹងថា កូនកំពុងតែមានអារម្មណ៍យ៉ាងម៉េច និងកំពុងតែខូចចិត្តខ្លាំងប៉ុនណា បន្ទាប់ពីនោះសឹមនិយាយជាមួយកូនសន្សឹមៗថា អ្វីដែលកូនបានធ្វើនោះ គឺល្អ និងត្រឹមត្រូវហើយ គ្មានអ្វីដែលត្រូវកង្វល់ឡើយ អាចនឹងមានខកបំណងខ្លះ តែយ៉ាងហោចណាស់ក៏កូនមិនបាននៅតែម្នាក់ឯងដែរ «យើងនឹងដើរឆ្លងអារម្មណ៍លំបាកនេះទៅជាមួយគ្នា ណា៎កូនសម្លាញ់ណា៎»

    “កូនពូកែណាស់…” ៈ មិនថាកូនទទួលបាននិទ្ទេសមិនល្អ ប្រឡងមិនជាប់ ឬមិនបានជាប់លេខ1ក្ដី តែទាំងអស់នោះមិនបានមានន័យថា ជីវិតទាំងមូលរបស់កូននឹងត្រូវចប់នៅត្រឹមប៉ុណ្ណឹងទេ មែនទេ? បើអ៊ីចឹងហេតុអីបានយើងត្រូវទៅតវ៉ាថាឱ្យកូនធ្វើអី? ម្យ៉ាងទៀតកាលពីសម័យមុនយើងអាចនឹងធ្វើមិនបានល្អប៉ុនកូនផង…ដូច្នេះ ជំនួសឱ្យការបន្ថែមក្ដីអស់សង្ឃឹមទៅកូន ហេតុអីយើងមិនប្ដូរមកជាកោតសរសើរកូនវិញ វាមិនល្អជាងឬ?

    “បំពេញតួនាទីរបស់យើងឱ្យល្អបំផុត រឿងល្អៗនឹងកើតឡើងដោយឯកឯង” ៈ បើសិនកូនអស់សង្ឃឹម លែងមានកម្លាំងចិត្ត និងមានអារម្មណ៍ថាអ្នកដទៃធ្វើបានល្អជាងខ្លួននោះ ជំនួសឱ្យការដែលឪពុកម្ដាយចង់ស្ដីបន្ទោសបន្ថែមដោយការយកកូនទៅប្រៀបធៀបជាមួយអ្នកដទៃនោះ ចូរសាកល្បងប្ដូរមកជានិយាយជាមួយកូនក្នុងជ្រុងដែលថា មនុស្សម្នាក់ៗមានសមត្ថភាពដោយឡែកពីគ្នា កូនមិនចាំបាច់ត្រូវយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃនោះទេ ព្រោះមិនថាយ៉ាងណាក៏ដោយ បើយើងបានបំពេញតួនាទីរបស់យើងបានល្អបំផុតហើយនោះ ពេលនោះរឿងល្អៗដែលយើងចង់បាន និងកំពុងរង់ចាំនោះ នឹងមករកយើងដោយឯកឯង។

    “ចូរមានមោទនភាពចំពោះខ្លួនឯងឱ្យបានច្រើន” ៈ បង្រៀនកូន ប្រាប់ពួកគេឱ្យយល់ថា មនុស្សយើងគ្រប់ៗគ្នា ទម្រាំនឹងចាប់ផ្ដើមធ្វើអ្វីបានម្យ៉ាងនោះ ត្រូវតែយកឈ្នះភាពភ័យខ្លាចនៅក្នុងចិត្តខ្លួនឯងឱ្យបានជាមុនសិន ដូច្នេះ រឿងដែលកូនកំពុងធ្វើនោះ មិនមែនជារឿងងាយស្រួលទេ។ ទោះជាថ្ងៃនេះនៅមិនទាន់ទទួលបានជោគជ័យមែន តែក៏មិនបានមានន័យថា យើងនឹងត្រូវមើលងាយខ្លួនឯងដែរ ព្រោះអ្នកដែលយកឈ្នះចិត្តខ្លួនឯងបាន គឺជាអ្នកដែលពូកែបំផុត ណា៎កូន។

    “កុំនិយាយថា មិនបាន បើមិនទាន់គិតចាប់ផ្ដើមធ្វើ” ៈ ក្មេងៗភាគច្រើនៗតែមានពាក្យនិយាយរត់មាត់ថា “កូនធ្វើមិនបានទេ” ដែលពាក្យសម្ដីនេះ បើសិនជាឪពុកម្ដាយបណ្ដោយឱ្យកូនចេះតែនិយាយទៅជារឿយៗនោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វាប្រៀបដូចជា ការបណ្ដុះគំនិតរបស់កូនថា ពួកគេមិនអាចធ្វើបាន ហើយវាក៏នឹងក្លាយជាបែបនោះមែន។ ដូច្នេះពាក្យសម្ដីផ្ដល់កម្លាំងចិត្តកូនក្នុងស្ថានការណ៍នេះគឺ “កូនសម្លាញ់ កុំនិយាយថា យើងធ្វើមិនបាន គ្មានអ្វីដែលយើងធ្វើមិនបាននោះទេ គ្រប់យ៉ាងស្ថិតលើការចាប់ផ្ដើម និងការហ្វឹកហាត់ដូចគ្នាទាំងអស់”។

    “ម៉ាក់ជឿថា កូនធ្វើបាន” ៈ ពេលណាក៏ដោយដែលកូនមានអារម្មណ៍មិនប្រាកដក្នុងចិត្តថា ពួកគេនឹងធ្វើបាននោះ ឪពុកម្ដាយតែងមានគំនិតមួយថា បើយើងរឹតតែមើលងាយកូន បន្ទោសកូនដដែលៗនោះ ពួកគេអាចនឹងមានកម្លាំងចិត្តខំប្រឹងឡើង រហូតធ្វើបានសម្រេចយ៉ាងពិតប្រាកដ…តែនេះអាចមិនមែនជាគំនិតដែលស័ក្តិសមសម្រាប់ក្មេងគ្រប់រូបនោះទេ ដូច្នេះជំនួសឱ្យការដែលយើងនឹងធ្វើបែបនោះ ហេតុអ្វីយើងមិនសាកល្បងប្ដូរមកជា បង្ហាញនូវភាពជឿជាក់លើខ្លួនកូនជំនួសវិញ ពិសេសបំផុតជាមួយនឹងពាក្យថា “ម៉ាក់ជឿថា…កូនធ្វើបាន”។ ខ្លីៗត្រឹមតែប៉ុណ្ណឹង កូនក៏នឹងមានកម្លាំងក្នុងការឈានឆ្លងឧបសគ្គដែលនៅពីមុខនោះបានបាត់ទៅហើយ។

    ពោលពាក្យអរគុណកូន ៈ ក្នុងពេលខ្លះ កូនអាចនឹងមានអារម្មណ៍ចង់ជួយធ្វើនេះធ្វើនោះឪពុកម្ដាយខ្លះដែរ តែដោយភាពជាកូនក្មេង ទើបពួកគេមិនដឹងថា គួរនឹងចាប់ផ្ដើមពីត្រង់ណា និងតែងតែនឹកតូចចិត្តខ្លួនឯងដែលមិនអាចជួយអ្វីបាន ដូច្នេះ អ្វីដែលឪពុកម្ដាយគួរនិយាយ និងធ្វើនោះគឺ ចាប់ផ្ដើមឱ្យកូនបានជួយការងារផ្ទះក្នុងរឿងណាមួយ។ ឧទាហរណ៍ដូចជា លើកចាន រៀបចំតុបាយ ជាដើម និងនៅពេលមើលឃើញថា កូនអាចធ្វើបានសម្រេចហើយ ទោះជារឿងតូចតាចក៏ដោយ ឪពុកម្ដាយគួរតែពោលពាក្យអរគុណកូន ព្រមទាំងកោតសរសើរថា “នេះបើមិនបានកូនជួយទេ ប៉ា និងម៉ាក់ប្រហែលជាមិនអាចធ្វើបានសម្រេចទេ អរគុណណា៎កូនណា៎”។

    លើកឧទាហរណ៍ជាស្ថានការណ៍ឱ្យកូនបានឃើញទិដ្ឋភាពដែលកាន់តែងាយយល់ឡើង ៈ ឧទាហរណ៍ដូចជា កូនមានការភ័យខ្លាចក្នុងការត្រូវនៅតែម្នាក់ឯងក្នុងបន្ទប់ងងឹតៗ។ ជំនួសឱ្យការដែលឪពុកម្ដាយចង់និយាយថា “ខ្លាចស្អី!? រឿងស្រួលៗប៉ុណ្ណឹងសោះ ខ្លាចស្អី! ធំឡើងធ្វើការរកស៊ីស្អីកើតទៅ?!”…តែលោកឪពុកអ្នកម្ដាយគួរតែនិយាយនូវប្រយោគដែលមានប្រយោជន៍ ដូចជាថា កូនឃើញទ្វារនៅត្រង់នោះទេ តើកូនដឹងទេថាមានអ្វីនៅខាងក្រោយហ្នឹង? បើមិនដឹង និងមិនដែលឃើញមានអ្វីទេនោះ ហេតុអីកូនត្រូវខ្លាច? ព្រោះថា បើកូននៅតែកើតមានក្ដីភ័យខ្លាចបែបនេះ កូននឹងត្រូវស្ថិតនៅតែត្រង់ហ្នឹង នៅតែក្នុងទីកន្លែងដដែលៗ កូននឹងគ្មានឱកាសបានដឹង ឬបានឃើញពន្លឺភ្លឺដែលនៅពីក្រោយទ្វារនោះឡើយ ដូច្នេះបើកូនចង់ឃើញ កូនត្រូវតែឈានឆ្លងឱ្យផុតក្ដីភ័យខ្លាចនេះទៅឱ្យបាន។

    “កូនកំពុងគិតអីហ្នឹង?” ៈ បើកូនកំពុងតែសោកសៅ ស្រងូតស្រងាត់ អង្គុយរលីងរលោងទឹកភ្នែកតែម្នាក់ឯង បើលោកអ្នកឃើញបែបនោះ សូមកុំដើរគេចចេញពីកូនជាដាច់ខាត។ ចូរលោកឪពុកអ្នកម្ដាយសម្ដែងចេញដោយការចូលទៅនិយាយជាមួយ និងសួររកការពិតពីកូនយ៉ាងសន្សឹមៗថា តើគេកំពុងតែគិតពីអ្វី? ខ្លាចអ្វីម្យ៉ាង ឬមិនមែនទេ? បើមែន ចូរលោកឪពុកអ្នកម្ដាយលួងលោមសួរកូន ព្រមជាមួយសាកល្បងធ្វើតាមពាក្យណែនាំតាមចំណុចផ្សេងៗរបស់អត្ថបទនេះលមើល៍ ជួនកាលអាចនឹងរកឃើញចំណុចដែលត្រូវដូចចិត្ត និងអាចប្រើជាពាក្យសម្ដីដើម្បីលើកទឹកចិត្តកូនក៏អាចថាបានដែរ។

    “ទៅរកអីលេង ឬក៏ទៅអានសៀវភៅជាមួយគ្នា ល្អដែរទេកូន?” ៈ ការរស់នៅក្នុងសភាពបរិស្ថានដដែលៗ ក៏អាចបង្កឱ្យកើតភាពធុញថប់តានតឹង និងក្ដីកង្វល់ចិត្តរបស់កូនចាប់ផ្ដើមមានច្រើនឡើងបានដែរ។ ការនិយាយបបួលកូនឱ្យទៅរួមធ្វើកិច្ចការងារផ្សេងៗ ឬសូម្បីតែការនាំកូនចេញមកឱ្យផុតពីចំណុចត្រង់នោះ ក៏អាចជួយធ្វើឱ្យកូនមានអារម្មណ៍ល្អឡើងបានដោយមិនពិបាកដែរ។

    “គ្មានអ្នកណាដែលមិនធ្លាប់ដួលនោះទេ” ៈ កូនកំពុងខកបំណង អស់សង្ឃឹម ខូចចិត្តជាមួយនឹងអ្វីដែលពួកគេខំប្រឹងព្យាយាមយ៉ាងពេញទំហឹងហើយ តែមិនបានសម្រេច។ ក្រៅពីការលួងលោមកូនហើយនោះ ចង់ឱ្យលោកឪពុកអ្នកម្ដាយសាកល្បងប្រាប់ទៅកូនលមើលថា “កូនសម្លាញ់…មនុស្សដែលកូនមើលឃើញថា ពួកគេជាអ្នកមាន ពួកគេទទួលបានជោគជ័យនោះ កូនដឹងទេថា គេត្រូវជួបនឹងសេចក្ដីខកបំណង អស់សង្ឃឹម ខូចចិត្តយ៉ាងច្រើនប៉ុនណា ទម្រាំនឹងឈានមកដល់ចំណុចនេះបាន ដូច្នេះបើយើងចង់ទទួលបានជោគជ័យ ទោះជាដួលរលំទីងណាត់ទីងណែងប៉ុន្មានដងក៏ដោយ បើយើងមានក្ដីពុះពារព្យាយាម ភាពជោគជ័យនឹងស្ថិតនៅក្បែរខ្លួនយើងជានិច្ច”។

    “កំហុស គឺជាគ្រូ” ៈ អធិប្បាយពន្យល់ឱ្យកូនបានយល់ថា សេចក្ដីអស់សង្ឃឹម ខកបំណង គឺជាលោកគ្រូដែលនឹងមកជួយបង្ហាត់បង្រៀនយើងឱ្យបានស្គាល់ពីជីវិតកាន់តែច្រើនឡើង។ គ្មានអ្វីដែលនឹងសុខសមបំណងគ្រប់យ៉ាងនោះទេ ដូច្នេះ ចូរត្រេកអរដែលថ្ងៃនេះយើងមានឱកាសបានស្គាល់វា(កំហុសឆ្គង)។ “ជំនួសឱ្យការដែលយើងគិតតែពីបន្ទោសខ្លួនឯង គិតច្រើន តូចចិត្ត និងលង់នៅតែជាមួយរឿងមួយនោះ ហេតុអ្វីបានកូនមិនសាកល្បងយករឿងនោះមកធ្វើជាមេរៀន មកធ្វើជាគ្រូ ដើម្បីកុំឱ្យយើងបានធ្វើខុសក្នុងរឿងដដែលៗទៀត?។

    បើសិនជាលោកឪពុកអ្នកម្ដាយអាចនាំយក ប្រយោគលើកទឹកចិត្តទាំង 12 ដែលបានរៀបរាប់មកដូចខាងលើនេះមកកែច្នៃប្រើជាមួយកូនៗនោះ កូនៗច្បាស់ជានឹងលែងមានអារម្មណ៍ភ័យខ្លាច ឬកង្វល់ចិត្តតទៅទៀតជាមិនខាន៕

  • តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ?

    តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ?

    តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ? ជាសំណួរមួយដែលជួបប្រទះជាញឹកញាប់ថា តើបើឈឺបែបហ្នឹងឱ្យកូនបៅដោះតាមប្រក្រតីបានទេ? ហើយបើឱ្យកូនបៅដោះម្ដាយដែលកំពុងឈឺ តើកូននឹងឈឺតាមម្ដាយឬទេ?។ ដោយសារតែក្មេងតូចមានប្រព័ន្ធការពារជំងឺតិចជាមនុស្សធំ ដូច្នេះអ្នកម្ដាយគួរបង្កើនប្រព័ន្ធការពាជំងឺដល់កូនដោយឱ្យកូនបានបៅទឹកដោះម្ដាយឱ្យបានច្រើនបំផុត តែ…ចុះបើម្ដាយកំពុងឈឺវិញ? សូមឆ្លើយនៅពេលនេះតែម្ដងចុះថា អ្នកម្ដាយអាចឱ្យកូនរូចបៅដោះបានតាមប្រក្រតី។

    ក្នុងខណៈដែលម្ដាយឈឺ ឬប្រព័ន្ធការពារជំងឺថយចុះ គ្រាប់ឈាមសនឹងបញ្ជូនសញ្ញាទៅក្រពេញទឹករងៃ បន្ទាប់ពីនោះរាងកាយក៏នឹងប្រញាប់ផលិតប្រព័ន្ធការពារជំងឺចេញមក ហើយប្រព័ន្ធការពារជំងឺនេះក៏នឹងត្រូវបញ្ចេញមកតាមសុដន់ម្ដាយភ្លាមៗ ដូច្នេះពេលកូនបៅទឹកដោះម្ដាយចូលទៅ ក៏នឹងទទួលបានប្រព័ន្ធការពារជំងឺទៅជាមួយដែរ។

    ឧទាហរណ៍ដូចជា អ្នកម្ដាយកើតជំងឺកញ្ជ្រិល ដែលបណ្ដាលមកពីមេរោគវីរុស វ៉ារិសេលឡាក៏អាចឱ្យកូនតូចបៅដោះបានតាមប្រក្រតី គ្រាន់តែប្រយ័ត្នប្រយែងកុំឱ្យពងអុចកញ្រ្ជិលទៅប៉ះនឹងខ្លួនកូនប៉ុណ្ណោះ។ រឹតតែស្រ្តីជាម្ដាយណាកើតរោគប្រតិកម្មចាញ់ រឹតតែត្រូវឱ្យកូនបៅដោះឱ្យយូរ និងច្រើនបំផុត។

    តែបើសិនជាឈឺធ្ងន់រហូតដល់អាចត្រូវញ៉ាំថ្នាំ អ្នកម្ដាយអាចញ៉ាំថ្នាំបាន។ ថ្នាំដែលអ្នកម្ដាយអាចញ៉ាំបាន ភាគច្រើនជាថ្នាំធម្មតាទូទៅដែលញ៉ាំដើម្បីព្យាបាលរោគ ឬអាការឈឺថ្កាត់ផ្សេងៗ ដូចជាផ្ដាសាយ ឈឺក ថ្នាំបញ្ចុះកម្ដៅ បំបាត់ការឈឺចាប់ វីតាមីន និងថ្នាំអង់ទីប៊ីយ៉ូទិក។ ថ្នាំពពួកនេះជាថ្នាំដែលមិនមានផលគ្រោះថ្នាក់ដល់ម្ដាយ និងកូនតូចឡើយ លើកលែងតែថ្នាំមួយប្រភេទដែលមានឈ្មោះថា តេត្រាស៊ីគ្លីន( Tetracycline) ព្រោះថ្នាំនេះនឹងធ្វើឱ្យធ្មេញកូនតូចឡើងពណ៌លឿង។

    ដូចដែលបានរៀបរាប់មកហើយ អាការឈឺថ្កាត់របស់ម្ដាយគ្មានផលប៉ះពាល់អ្វីជាមួយការឱ្យកូនបៅដោះទេ ព្រោះទឹកដោះម្ដាយមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូន។ ការឱ្យកូនតូចបៅទឹកដោះម្ដាយមានចំណុចលើកលែងមិនច្រើនប៉ុន្មានទេ ដូចជារឿងការទទួលទានអាហារ និងការញ៉ាំថ្នាំប្រភេទខ្លះតែប៉ុណ្ណោះ៕​

  • ប្រយោជន៍ល្អៗ 5យ៉ាងរបស់យ៉ាអួ ដែលស្រ្តីៗដូចពួកយើងមិនគួរខកខាន

    ប្រយោជន៍ល្អៗ 5យ៉ាងរបស់យ៉ាអួ ដែលស្រ្តីៗដូចពួកយើងមិនគួរខកខាន

    យ៉ាអួ(ទឹកដោះគោជូរ)គឺជាអាហារមួយប្រភេទដែលល្អចំពោះសុខភាពមនុស្សយើង ដោយយើង(ជាពិសេសស្រ្តី)អាចទទួលទានច្រើនប៉ុនណាក៏បាន ឬអាចនឹងដាក់បញ្ចូលទៅក្នុងអាហារគ្រប់ពេលរបស់យើងក៏បាន ដែលក្រៅពីវាមានរសជាតិដ៏គួរឱ្យឆ្ងាញ់ជាប់ចិត្តហើយនោះ វានៅមានប្រយោជន៍ចំពោះសុខភាពរាងកាយយ៉ាងច្រើនទៀតផង។

    ខាងក្រោមនេះគឺ 5ហេតុផលដែលរៀបរាប់ថា ហេតុអ្វីបានជាលោកអ្នក(ជាពិសេសនារីៗ)ត្រូវតែទទួលទានយ៉ាអួ…អានចប់ហើយ ប្រញាប់ទៅរកទិញយ៉ាអួញ៉ាំតែម្ដង!

    1 . យ៉ាអួសាងប្រព័ន្ធការពារជំងឺ

    យ៉ាអួជួយបង្កើនសមត្ថភាពរបស់ប្រព័ន្ធការពារជំងឺក្នុងរាងកាយរបស់យើង និងថែមទាំងទៅជួយការពារ ឬសម្រាលអាការគ្រុនផ្ដាសាយ ជំងឺខាងប្រព័ន្ធដកដង្ហើម រោគស្លេកស្លាំង ជំងឺក្រលៀន រោគថ្លើម ជំងឺបេះដូង និងដំបៅនៅក្នុងក្រពះបានយ៉ាងល្អប្រសើរទៀតផង។

    2 . យ៉ាអួជួយសម្រកទម្ងន់

    ការទទួលទានយ៉ាអួជាប្រចាំ នឹងអាចជួយសម្រកទម្ងន់ដែលលើស(ស័ក្តិសមចំពោះនារីៗណាដែលចង់សម្រកទម្ងន់) និងសម្រាលអាការឈឺពោះរបស់យើងបាន។

    3 . យ៉ាអួមានប្រយោជន៍ចំពោះសុខភាពនារីច្រើនណាស់

    តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញថា សុភាពនារីណាដែលទទួលទានយ៉ាអួជាប់ជាប្រចាំចំនួន 4កែវក្នុងមួយសប្ដាហ៍ នឹងជួយធ្វើឱ្យរាងកាយអាចប្រឆាំងតតាំងនឹងមេរោគផ្សិត និងការឆ្លងមេរោគនៅក្នុងរន្ធស្បូន ព្រមទាំងថែរក្សាសភាពជាអាស៊ីតតនៅក្នុងរន្ធស្បូនបានទៀតផង។

    4 . យ៉ាអួជួយកម្ចាត់ក្លិនមាត់បាន

    យ៉ាអួអាចជួយកាត់បន្ថយបញ្ហាក្លិនមាត់របស់លោកអ្នកបានដោយការទទួលទានយ៉ាអួត្រឹមតែ 2ពែងក្នុងមួយថ្ងៃប៉ុណ្ណោះ។

    5 . យ៉ាអួជួយសម្រាលអាការរោគពុកឆ្អឹង

    នៅក្នុងយ៉ាអួ ឬទឹកដោះគោជូរ សម្បូរទៅដោយកាល់ស្យូមជាច្រើន ដែលអាចរាប់បានថា ជារឿងដែលសំខាន់ខ្លាំងណាស់ដល់ការចម្រើនធំធាត់ និងវិវឌ្ឍនាការរបស់ឆ្អឹង និងនៅអាចញ៉ាំដើម្បីការពាររោគឆ្អឹងពុកបានទៀតផង៕

  • ជំនួយ​ការ​យ៉ាង​តិច​5​នាក់​របស់​អនុប្រធានាធិបតី​អាមេរិក​ បាន​ឆ្លង​Covid-19

    ជំនួយ​ការ​យ៉ាង​តិច​5​នាក់​របស់​អនុប្រធានាធិបតី​អាមេរិក​ បាន​ឆ្លង​Covid-19

    យ៉ាងហោចណាស់មានជំនួយការចំនួន5នាក់របស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានឆ្លងវីរុសCovid-19 ក្នុងនោះក៏មានប្រធានការិយាល័យ Marc Short និងជំនួយការ Zach Bauer ផងដែរ។

    ប្រភពព័ត៌មានមួយដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្រុមមន្ត្រីរដ្ឋាភិបាលមានការព្រួយបារម្ភថា នឹងមានមនុស្សកាន់តែច្រើនដែលស្និទ្ធនឹងអនុប្រធានាធិបតី សហរដ្ឋអាមេរិក Mike Pence វិជ្ជមាននឹងវីរុសCovid-19 នាពេលខាងមុខ។

    អនុប្រធានាធិបតី Mike Pence និងភរិយា Karen Pence ទទួលបានលទ្ធផលវិជ្ជមាននឹងCovid-19 កាលពីថ្ងៃទី25តុលា នេះបើតាមមន្ត្រីម្នាក់នៅសេតវិមាន។ បើទោះជាបានទាក់ទងផ្ទាល់ជាមួយនឹងអ្នកដែលវិជ្ជមាននឹងCovid-19 ជាច្រើននាក់ក៏ដោយ លោក Pence នៅតែបដិសេធការធ្វើចត្តាឡីស័ក ដោយមិនអើពើដល់ការណែនាំពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងនិងទប់ស្កាត់រោគឆ្លងសហរដ្ឋអាមេរិក (CDC)។

    ការិយាល័យអនុប្រធានាធិបតី Pence កាលពីយប់ថ្ងៃទី24តុលា បានប្រកាសថា ប្រធានការិយាល័យ Short បានឆ្លងវីរុស។ ក្រោយមកបន្តិច ប្រភពព័ត៌មានមួយបាននិយាយប្រាប់ CNN ថា Marty Obst ដែលជាទីប្រឹក្សាខាងក្រៅសេតវិមានរបស់លោក Pence រួមនឹងបុគ្គលិកក្នុងការិយាល័យនេះយ៉ាងតិចចំនួន3នាក់ទៀតបានឆ្លងវីរុស។

    ជំនួយការ Bauer របស់អនុប្រធានាធិបតី ដែលតែងតែអមដំណើរលោក Pence ទាំងយប់ទាំងថ្ងៃ ទទួលបានលទ្ធផលវិជ្ជមានកាលពីថ្ងៃទី24តុលា។

    អនុប្រធានាធិបតី Mike Pence ដែលជាមេដឹកនាំកម្លាំងទល់ទល់នឹងCovid-19 របស់សេតវិមាន មានគម្រោងបន្តធ្វើដំណើរទៅកាន់រដ្ឋមួយចំនួន ដើម្បីធ្វើការឃោសនារកសំឡេងឆ្នោតនៅប៉ុន្មានថ្ងៃចុងក្រោយនៃរដូវឃោសនាបោះឆ្នោតអាណត្តិនេះ ប៉ុន្តែ Mark Meadows ប្រធានការិយាល័យសេតវិមានបានឱ្យដឹងថា លោក Pence នឹងពាក់ម៉ាស់ ក៏ដូចជារក្សាគម្លាតសង្គមចាប់ពីពេលនេះតទៅ។

    Covid-19 បានចាប់ផ្ដើមវាយលុកចូលសេតវិមានកាលពីខែកញ្ញា បណ្ដាលឱ្យប្រធានាធិបតី Donald Trump និងភរិយា រួមនឹងកូនប្រុសពៅរបស់គ្រួសារ Trump ត្រូវឆ្លងវីរុស។ ជំនួយការកំពូលៗជាច្រើនរូបរបស់លោក Trump មានដូចជា ប្រធានយុទ្ធនាការរកសំឡេងឆ្នោត លេខាផ្នែកសារព័ត៌មាន និងប្រធានាគណៈកម្មធិការជាតិបក្សសាធារណរដ្ឋ ក៏បានឆ្លងវីរុសCovid-19នេះដែរ៕

    ប្រភព៖ CNN

  • ហោះហើរដើរលេងសប្បាយ តាមនិស្ស័យអ្នកម្ដាយពពោះ

    ហោះហើរដើរលេងសប្បាយ តាមនិស្ស័យអ្នកម្ដាយពពោះ

    រៀបផែនការប្រុងទៅហាន់នីមូនលើកទី2 ជាមួយស្វាមីជាច្រើនខែមកហើយ និងសង្ស័យប្រហែលជាបេប៊ីចង់ទៅដើរលេងដែរហើយមើលទៅ ទើបមកចាប់កំណើតចំពេលហ្នឹងតែម្ដង តែក៏មិនខូចផែនការដែរ…សុំពេលឱ្យម៉ាក់ត្រៀមខ្លួនថែមបន្តិច ម៉ាក់នឹងនាំកូន(ក្នុងផ្ទៃ)ហោះទៅដើរលេងជាមួយដែរមិនខាន។

    អ្នកជំនាញខាងសរសេរអត្ថបទស្រ្តីមានផ្ទៃពោះ និងទារកបានគាំទ្រថា “អ្នកនឹងគ្មានថ្ងៃបានធ្វើដំណើរយ៉ាងងាយស្រួល និងមានសេចក្ដីសុខស្មើនឹងពេលនេះទៀតឡើយ ដូច្នេះចូរទៅដើរលេងសម្រាកកម្សាន្ត និងធ្វើឱ្យខ្លួនឯងមានសេចក្ដីសុខ ខណៈដែលគ្រប់យ៉ាងនៅល្អប្រសើរ(ពោះនៅតូច)នៅឡើយ” បើអ្នកគ្មានចំណុចអ្វីគួរឱ្យប្រយ័ត្នប្រយែងដែលនឹងធ្វើឱ្យមិនគួរធ្វើដំណើរដោយយន្តហោះ ដូចជា សភាវស្បូនធ្លាក់ចុះទាបមាត់ស្បូនយារ ឬមានប្រវត្តិធ្លាប់រំខានដោយការរលូតបុត្រនោះ ក៏ទៅប្រឹក្សាគ្រូពេទ្យសម្ភពផ្ទាល់ខ្លួនម្ដងទៀត រួចហើយត្រៀមខ្លួនហោះទៅដើរលេងកម្សាន្តបានតែម្ដង។

    អំឡុងពេល

    ប៉ាន់ប្រមាណអំឡុងពេលហោះហើរទៅដើរលេងកម្សាន្តក្នុងចន្លោះត្រីមាសទី 2 ព្រោះស្រ្តីមានគភ៌ភាគច្រើននឹងចាប់ផ្ដើមស៊ាំធ្លាប់នឹងការមានគភ៌ហើយ អាការចាញ់កូនក៏ធូរស្រាលចុះ ថែមទាំងក្បាលពោះក៏នៅមិនទាន់ធំ និងធ្ងន់រហូតទៅណាមកណាលំបាក ឬប្រថុយប្រថាននឹងការប្រសូតមុនកំណត់ដូចត្រីមាសទី 3ដែរ(ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនៗតែហាមបម្រើសេវាហោះហើរឆ្លងប្រទេសសម្រាប់ស្រ្តីតាំងគភ៌ចាប់ពី 28 – 30សប្ដាហ៍ឡើងទៅ)។

    ប្រវត្តិ/ធានាសុខភាព

    ស្រ្តីមានគភ៌គួរដាក់សៀវភៅប្រវត្តិការតាមដានផ្ទៃពោះតាមខ្លួនទៅជាមួយផង ដើម្បីក្រែងលោឈឺថ្កាត់អ្វី នឹងបានយកប្រវត្តិនោះទៅឱ្យគ្រូពេទ្យនៅក្នុងប្រទេសដែលខ្លួនទៅសម្រាកកម្សាន្តនោះពិនិត្យមើលដើម្បីប្រកបក្នុងការវិនិច្ឆ័យ និងបើគ្មានពេលរៀបចំទេនោះ គួរយកលេខទូរស័ព្ទរបស់លោកគ្រូពេទ្យដែលពិនិត្យគភ៌ជាប្រចាំទៅជាមួយផងក៏បាន។

    ជ្រើសរើសកៅអីអង្គុយ

    កៅអីអង្គុយជាប់ផ្លូវដើរ ជាជម្រើសដែលស័ក្តិសមបំផុត ព្រោះស្រ្តីមានគភ៌នឹងត្រូវក្រោកទៅចូលបន្ទប់ទឹកញឹកញាប់ជាងមនុស្សឯទៀត(ខានទស្សនាទេសភាពដែលអង្គុយនៅជាប់មាត់បង្អួចសិនទៅ) និងបើជ្រើសរើសបាន គួរជ្រើសរើសអង្គុយកៅអីជួរមុខដែលអាចសណ្ដូកជើងបានស្រួលផង។ នៅពេលអង្គុយលើកៅអីហើយ កុំភ្លេចបំពាក់ខ្សែក្រវាត់សុវត្ថិភាពក្រោមពោះផង។

    ការពារអាការខ្វះជាតិទឹក

    អាកាសធាតុនៅក្នុងយន្តហោះនឹងស្ងួតជាងប្រក្រតី ស្រ្តីមានគភ៌គួរការពារអាការខ្វះជាតិទឹកដោយការញ៉ាំទឹកឱ្យបានញឹកញាប់ តែបើសិនខ្លាចថាអ្នកបម្រើលើយន្តហោះដើរមកចាក់ទឹកឱ្យញឹកញាប់នោះ អ្នកអាចដាក់តាមខ្លួននូវបំពង់ទឹកតូចមួយក្នុងកាបូបស្ពាយទៅជាមួយ និងគ្រាន់តែសុំឱ្យបុគ្គលិកលើយន្តហោះជួយចាក់ទឹកឱ្យពេញទុកញ៉ាំក៏បាន។

    ការពារប្រគ្រីវកាច់ / ហើមជើង

    ស្លៀកសម្លៀកបំពាក់ណាដែលសប្បាយៗស្រួលខ្លួន ចៀសវាងខោណាដែលរឹតតឹងណែនភ្លៅ និងកំភួនជើង ដោះស្បែកជើងចេញ ហើយដាក់ជើងលើភ្នាក់ជើង ឬដាក់កាបូបធ្វើដំណើរនៅខាងក្រោមកៅអីខាងមុខ ហើយដាក់ជើងគងសម្រាកលើនោះក៏បាន។ ក្រោកឡើងដើរទៅ-មកនៅតាមផ្លូវដើរដើម្បីផ្លាស់ប្ដូរឥរិយាបថរៀងរាល់ 1ម៉ោងម្ដង និងសណ្ដូកជើងដើម្បីឱ្យយឺតសរសៃរៀងរាល់កន្លះម៉ោងម្ដង។ អ៎! កុំភ្លេចត្រៀមស្រោមជើងស្ដើងៗ ឬស្បែកជើងផ្ទាត់ទៅជាមួយទុកពាក់ដើរទៅ-មកផងក៏រឹតតែល្អទៅទៀត៕

  • កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​Covid-19 1​ករណី​ និង​ជា​សះស្បើយ​3​ករណី​ ខណៈ​ពិភពលោក​មាន​ករណី​វិជ្ជមាន​​​42,469,950​​នាក់​​

    កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​Covid-19 1​ករណី​ និង​ជា​សះស្បើយ​3​ករណី​ ខណៈ​ពិភពលោក​មាន​ករណី​វិជ្ជមាន​​​42,469,950​​នាក់​​

    ក្រសួង​សុខាភិបាល​ បាន​ប្រកាស​ឱ្យ​ដឹង​នាព្រឹក​ថ្ងៃ​ទី​24​នេះ​ថា កម្ពុជា​ទើប​តែ​បាន​រក​ឃើញ​អ្នក​ផ្ទុក​​​Covid-19 ចំនួន​1​ករណីបន្ថែម​ទៀត​ និង​ជា​សះស្បើយ​ចំនួន​3​ករណី​ផងដែរ​។

    ករណី​វិជ្ជមាន​ដែល​បាន​រកឃើញ​ខាងលើ​នេះ កើត​ឡើង​ចំពោះ​បុរស​ជនជាតិ​បារាំង​​អាយុ​37​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ​។ បុរស​នេះ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង​ និង​ឆ្លង​កាត់​កោះតៃវ៉ាន់​មុន​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​11​តុលា​។ បច្ចុប្បន្ន អ្នក​ជំងឺ​រូប​នេះ​កំពុង​សម្បាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​មាន​ខ្មែរ-សូវៀត​ក្នុង​ទីក្រុង​ភ្នំ​ពេញ​។

    គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ 287​នាក់ ក្នុង​នោះ​មាន283​នាក់​បាន​ជាសះស្បើយ និង​4​នាក់​ទៀត​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ដែល​ក្នុង​នោះ​ដែរ​ មាន​ជនជាតិ​ខ្មែរ​3​នាក់ និង​បារាំង​1​នាក់​។

    នៅ​ទូទាំង​ពិភព​លោក​ គិត​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ 42,469,950​នាក់ ក្នុង​នោះ​អ្នក​ស្លាប់​បាន​ឡើង​ដល់​1,149,142​នាក់​ អ្នក​បាន​ជាសះស្បើយ​​​31,423,036​នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន​9,897,772​នាក់​៕

    ប្រភព៖ ក្រសួង​សុខាភិបាល​, Worldometers

  • 7 សញ្ញាគ្រោះថ្នាក់ដែលប្រាប់ថា ដល់ពេលព្យាបាល “ឫសធ្មេញ” ហើយ

    7 សញ្ញាគ្រោះថ្នាក់ដែលប្រាប់ថា ដល់ពេលព្យាបាល “ឫសធ្មេញ” ហើយ

    អាការឈឺធ្មេញ អាចបញ្ជាក់ប្រាប់អំពីអាការខុសប្រក្រតីរបស់ធ្មេញបានច្រើនយ៉ាង មិនថាតែធ្មេញពុក ធ្មេញទាល់ ធ្មេញបែក ឬរលាកអញ្ចាញធ្មេញនោះឡើយ តែបើជាអាការដែលបង្ហាញថា ឫសធ្មេញរបស់លោកអ្នកដល់ពេលវេលាត្រូវចូលទៅទទួលការជួសជុលជាបន្ទាន់វិញនោះ ច្រើនតែមានសញ្ញាគ្រោះថ្នាក់ដែលខ្លាំងជាងគ្រាន់តែឈឺធ្មេញធម្មតា។

    សញ្ញាគ្រោះថ្នាក់…ដល់ពេលត្រូវព្យាបាល “ឫសធ្មេញ” ហើយ

    1. កើតអាការឈឺធ្មេញពើតៗ តាមចង្វាក់លោតរបស់ជីពចរ។
    2. ឈឺធ្មេញខ្លាំងពេលទំពា និងខាំអាហារ។
    3. ឈឺ និងហើមអញ្ចាញដោយសារអាការអញ្ចាញធ្មេញឆ្លងមេរោគ។
    4. ឈឺនៅពេលធ្មេញប៉ះគ្នា។
    5. ឈឺធ្មេញដោយមិនដឹងមូលហេតុ។
    6. ឈឺធ្មេញ សូម្បីតែពេលគេងនៅពេលយប់។
    7. ឈឺធ្មេញដោយមិនចាំបាច់មានអ្វីមកជំរុញ ដូចជាទឹកត្រជាក់ ឬអាហារដែលមានរសជាតិផ្អែម(នំ ឬបង្អែម)។

    ហេតុអ្វីយើងត្រូវព្យាបាលឫសធ្មេញ?

    ដោយសារឫសធ្មេញអាចមានភាពខុសប្រក្រតីដោយសារការឆ្លងមេរោគ ការរលាក តាមរយៈអាការធ្មេញពុកធ្លុះទៅដល់បណ្ដុំប្រសាទធ្មេញ មានធ្មេញដែលប្រេះ ឬបែករហូតទៅដល់បណ្ដុំសរសៃប្រសាទធ្មេញ ធ្មេញបានទទួលការបុកប៉ះខ្លាំងរហូតខូចខាតដោយសារគ្រោះថ្នាក់ឧប្បត្តិហេតុ រហូតធ្វើឱ្យមេរោគចូលទៅបំផ្លាញបណ្ដុំសរសៃប្រសាទធ្មេញនៅខាងក្នុងបាន។

    តើត្រូវធ្វើដូចម្ដេច នៅពេលត្រូវព្យាបាលឫសធ្មេញ?

    បច្ចុប្បន្នមានវិធីព្យាបាលឫសធ្មេញជាច្រើនដែលពាក់ព័ន្ធ វាអាស្រ័យលើភាពធ្ងន់ធ្ងររបស់ឫសធ្មេញដែលត្រូវបំផ្លាញ និងការពិនិត្យវិនិច្ឆ័យរបស់លោកគ្រូពេទ្យ។ ចាប់ផ្ដើមតាំងពីការរ៉ធ្មេញដើម្បីបើកផ្លូវចូលឆ្ពោះទៅរកបណ្ដុំសរសៃប្រសាទធ្មេញ កម្ចាត់សាច់ភ្នាសដែលមានឆ្លងមេរោគចោល លាងសម្អាតចង្អូរឫសធ្មេញដើម្បីមិនឱ្យមេរោគត្រឡប់ចូលមកជាថ្មីទៀត។ បន្ទាប់ពីនោះទើបងាកមកស្ដារសភាពឫសធ្មេញជាបណ្ដើរៗឡើងវិញ ដែលមានតាំងពីការដាក់ដាំបង្គោលធ្មេញ ការបណ្ដុះឆ្អឹង បណ្ដុះសាច់អញ្ចាញ(បើសិនចាំបាច់) រួមទៅដល់ការបិទប្រហោងធ្មេញ ធ្វើឱ្យធ្មេញត្រឡប់មកមានរូបរាងលក្ខណៈដូចដើមវិញ ជាដើម ដែលអ្នកជំងឺនឹងអាចប្រើប្រាស់ធ្មេញទំពាអាហារ និងមើលថែទាំសម្អាតដោយការដុសធ្មេញ និងប្រើអំបោះខាត់ធ្មេញបានដូចប្រក្រតី។

    ការថែរក្សាធ្មេញយ៉ាងត្រឹមត្រូវ ដើម្បីការពារបណ្ដុំសរសៃប្រសាទធ្មេញដែលត្រូវបំផ្លាញ

    1. សម្អាតធ្មេញដោយការដុសធ្មេញ និងប្រើអំបោះខាត់សម្អាតធ្មេញយ៉ាងត្រូវតាមវិធី យ៉ាងតិចក្នុងមួយថ្ងៃ 2ដង ព្រឹក-ល្ងាច ឬប្រើអំបោះខាត់សម្អាតធ្មេញគ្រប់ពេលក្រោយបរិភោគអាហារ។
    2. មិនប្រើធ្មេញខាំត្របាក់ ខាំបំបែករបស់រឹងៗ ឬខាំទាញវត្ថុស្វិតៗ ព្រោះអាចធ្វើឱ្យធ្មេញរងការខូចខាត។
    3. បើទទួលគ្រោះថ្នាក់ឧប្បត្តិហេតុដែលធ្វើឱ្យធ្មេញបាក់បែកខូចខាត ដូចជារបើកធ្មេញ ប្រេះ បែក ជាដើមនោះ គួរប្រញាប់ទៅជួបលោកគ្រូពេទ្យដើម្បីធ្វើការព្យាបាលទាន់ពេលវេលា។
    4. បើមានអាការឈឺធ្មេញ ឈឺអញ្ចាញធ្មេញ ឬមានភាពខុសប្រក្រតីផ្សេងៗ ដូចជាមានក្លិនមាត់មិនល្អខ្លាំង ជាដើម គួរប្រញាប់ទៅជួបទន្តពេទ្យ។
    5. ទៅជួបទន្តពេទ្យរៀងរាល់ 6ខែម្ដង៕