Category: សុខភាព

  • ញ៉ាំថ្នាំយ៉ាងណា ឱ្យត្រឹមត្រូវ និងមានសុវត្ថិភាព?

    ញ៉ាំថ្នាំយ៉ាងណា ឱ្យត្រឹមត្រូវ និងមានសុវត្ថិភាព?

    ការប្រើថ្នាំឱ្យត្រូវនឹងរោគដែលលោកអ្នកកំពុងឈឺថ្កាត់នោះគឺជារឿងត្រឹមត្រូវ តែរឿងសំខាន់បំផុតគឺ “ការប្រើថ្នាំឱ្យត្រូវវិធី” ដោយសារថ្នាំដែលវេជ្ជបណ្ឌិតបញ្ជាឱ្យប្រើនោះ មានទាំងថ្នាំមុនញ៉ាំបាយ ក្រោយញ៉ាំបាយ និងមានចំណុចហាមឃាត់ផ្សេងទៀតក្នុងការញ៉ាំថ្នាំប្រភេទខ្លះ ហើយត្រូវញ៉ាំថ្នាំយ៉ាងណាឱ្យត្រឹមត្រូវតាមស្លាកបង្ហាញ។ ថ្ងៃនេះ ឡារ៉ែនមានចម្លើយមកជម្រាបជូន…។

    វិធីការប្រើថ្នាំតាមស្លាកណែនាំឱ្យបានត្រឹមត្រូវ សម្រាប់ថ្នាំញ៉ាំមុនពេលបាយ

    នៅពេលឃើញពាក្យថា “ថ្នាំញ៉ាំមុនពេលបាយ” នៅលើស្លាកណែនាំ មនុស្សជាច្រើនអាចយល់ថា ចាំនៅសល់4-5នាទី មុនក្រោកទៅញ៉ាំបាយ សឹមយកថ្នាំនោះមកលេបក៏បាន តែនេះគឺជាការយល់ខុសហើយ ព្រោះថ្នាំញ៉ាំមុនពេលបាយ ការពិតទៅគឺជាថ្នាំដែលលោកអ្នកត្រូវញ៉ាំមុនពេលបាយប្រមាណជា 30-60នាទី និងគួរញ៉ាំខណៈដែលពោះទំនេរ(មិនមានអាហារនៅក្នុងពោះ)។

    ថ្នាំញ៉ាំក្រោយពេលបាយ

    ក្រោយពេលញ៉ាំបាយរួច លោកអ្នកមិនទាន់ចាំបាច់ត្រូវយកកញ្ចប់ថ្នាំមកបើកដើម្បីលេបនោះទេ ចូរអង្គុយលេងឱ្យបាយធ្លាក់ចូលក្នុងក្រពះឱ្យរួចរាល់ប្រមាណជា 15-30នាទីសិន សឹមក្រោកទៅញ៉ាំថ្នាំតាមវេជ្ជបញ្ជាក៏បាន។

    ថ្នាំញ៉ាំដំណាលពេលបាយ

    បើសិនជាស្លាកណែនាំប្រាប់ថា “ថ្នាំញ៉ាំដំណាលពេលបាយ” នោះមានន័យថា បន្ទាប់ពីអ្នកញ៉ាំបាយមួយម៉ាត់ដំបូងហើយ អ្នកត្រូវញ៉ាំថ្នាំនោះចូលទៅភ្លាម ឬអ្នកអាចញ៉ាំថ្នាំនោះបន្ទាប់ពីញ៉ាំបាយអស់ពាក់កណ្ដាលហើយក៏បាន។

    ថ្នាំសម្លាប់មេរោគ

    ពេលឈឺថ្កាត់ មនុស្សជាច្រើនដើរទ្រេតទ្រោតទៅរកពេទ្យ ពេលបានថ្នាំមកទទួលទានឱ្យអាការធូរស្រាលហើយ ក៏មានអារម្មណ៍ថា អាការឈឺថ្កាត់របស់យើងបានជាសះស្បើយហើយ មិនចាំបាច់ត្រូវញ៉ាំថ្នាំទៀតទេ…នេះគឺជារឿងដែលខុស ព្រោះថ្នាំសម្លាប់មេរោគ ដូចជាថ្នាំព្យាបាលការរលាកក្លាយ ជាថ្នាំដែលអ្នកជំងឺត្រូវតែទទួលទានបន្តទៀតតាមវេជ្ជបញ្ជា ដើម្បីការពារការឌឺថ្នាំរបស់មេរោគ ព្រោះបើកើតមានអាការឌឺថ្នាំហើយ វានឹងហុចផលនៅលើកក្រោយៗទៀតដែលមិនអាចប្រើថ្នាំដដែល កម្រិតដដែលក្នុងការព្យាបាលបានទៀតទេ។

    ថ្នាំញ៉ាំមុនពេលគេង

    សម្រាប់ថ្នាំញ៉ាំមុនពេលចូលគេងវិញ បើលោកអ្នកដឹងខ្លួនថា កំពុងប្រុងបិទទូរទស្សន៍ បិទភ្លើងគេងហើយនោះ ក៏គួរតែក្រោកឡើងមកទទួលទានថ្នាំមុនពេលចូលគេងប្រមាណជា 15-30នាទី។

    ថ្នាំដែលត្រូវញ៉ាំមួយសប្ដាហ៍ 1ដង

    បើគ្រូពេទ្យ ឬឱសថការីមិនបានបញ្ជាក់ថ្ងៃទីឱ្យបានច្បាស់នោះ លោកអ្នកអាចជ្រើសរើសដោយខ្លួនឯងថា ត្រូវការញ៉ាំថ្នាំនោះនៅថ្ងៃណា ដូចជា ចាប់ផ្ដើមញ៉ាំថ្នាំនៅថ្ងៃពុធ ក៏សុំឱ្យញ៉ាំថ្នាំនោះរៀងរាល់ថ្ងៃពុធជាដើម។

    ថ្នាំព្យាបាលតាមអាការ

    ដូចជា ថ្នាំប៉ារ៉ាសេតាម៉ុល ដែលប្រើសម្រាប់បំបាត់អាការគ្រុនក្ដៅ និងអាការឈឺចុកចាប់ជាដើម ភាគច្រើនត្រូវបានកំណត់ទុកថា មនុស្សធំ បើមានអាការឈឺថ្កាត់ ចូរលេបម្ដង 2គ្រាប់ រៀងរាល់ 4ម៉ោងម្ដង ដូច្នេះបើលេបថ្នាំហើយ កន្លងទៅប្រមាណជា 2-3ម៉ោងនៅតែមានអាការឈឺថ្កាត់ដដែល ក៏យើងនៅមិនទាន់អាចលេបថ្នាំបន្ថែមទៀតបានដែរ ព្រោះបើលេបថែមទៀតភ្លាមៗ អាចធ្វើឱ្យមានបញ្ហាពុលថ្នាំដោយសារការលេបថ្នាំលើសកម្រិតបាន។

    បើភ្លេចលេបថ្នាំ…

    ជឿថា មនុស្សជាច្រើនប្រហែលជាធ្លាប់ភ្លេចលេបថ្នាំជាញឹកញាប់ លុះពេលនឹកឃើញ ក៏ប្រញាប់ស្ទុះទៅយកថ្នាំមកលេបភ្លាមតែម្ដង តែបើសិនអំឡុងពេលដែលអ្នកភ្លេចលេបថ្នាំនោះជិតដល់ពេលដែលត្រូវលេបម្ដងទៀតនោះ ក៏សុំឱ្យលេបរំលងពេលដែលភ្លេចនោះចោលទៅ កុំគិតប្រុងលេបថែមជំនួសពេលដែលភ្លេចដោយការបន្ថែមចំនួនថ្នាំជា 2ដងនៅពេលដែលនឹកឃើញនោះអី៕

  • តែ 3 ចំណុចគត់! រឿងសំខាន់ដើម្បីចិញ្ចឹមកូនប្រុសឱ្យក្លាយជា “ក្មេងមិនសូវចេះខឹង”

    តែ 3 ចំណុចគត់! រឿងសំខាន់ដើម្បីចិញ្ចឹមកូនប្រុសឱ្យក្លាយជា “ក្មេងមិនសូវចេះខឹង”

    ពេលចិញ្ចឹមកូនប្រុស មានអ្នកម្ដាយជាច្រើននាក់គិតតែពី “កង្វល់រឿងអនាគតរបស់កូន…” ដោយមិនបាននឹកទៅដល់ភាពច្រងេងច្រងាង ឬអំពើហិង្សា ឬពេលធ្វើការងារអ្វីមួយជាក្រុម ដែលយើងប្រហែលជាមិនចង់ឱ្យកូនប្រុសក្លាយជា “ក្មេងឆេវឆាវ” ពេលមានអ្វីមួយមិនត្រូវចិត្ត ក៏ប្រើកម្លាំងបាយទៅលើមិត្តភក្តិ ឬស្រែកឡូឡានោះឡើយ។ ដូច្នេះតើត្រូវធ្វើយ៉ាងណាដើម្បីចិញ្ចឹមកូនឱ្យក្លាយជា “ក្មេងដែលមិនងាយខឹង”? ថ្ងៃនេះ ឡារ៉ែននឹងបង្ហាញជូននូវរឿងសំខាន់ 3ចំណុចក្នុងការចិញ្ចឹមកូនប្រុសឱ្យក្លាយជា “ក្មេងមិនងាយខឹង” នាពេលអនាគត។

    ចំណុចទី1 ៈ ឱ្យនិយាយឱ្យបានច្រើន

    ពេលមានរឿងដែលមិនត្រូវចិត្ត ឬមិនដូចនឹងអ្វីដែលខ្លួនឯងគិត ក៏ទ្រគោះបោះបោក ឬគប់គ្រវែងវត្ថុរបស់របរ ស្រែកឡូឡាផងក៏មាន។ ដូចយើងដឹងហើយថា ទង្វើ “ខឹងក្រេវក្រោធ” ជាប្រភពកំណើតនៃការខ្វះភាពខាំមាត់អត់ទ្រាំសង្កត់ចិត្ត។ អាចនិយាយបានថា ក្មេងៗជាមនុស្សដែលមិនមានភាពខាំមាត់អត់ទ្រាំ ហើយពិសេសក្មេងប្រុសច្រើនតែច្រងេងច្រងាង ឬប្រើអំពើហិង្សាជាធម្មតា ដូច្នេះចាប់តាំងពីអាយុបាន 2ឆ្នាំឡើងទៅ គេនឹងយល់ដឹងពីភាសា និងចាប់ផ្ដើមចេះនិយាយបានហើយ អ្នកម្ដាយគួរហ្វឹកហាត់ឱ្យកូនតូចចេះគ្រប់គ្រងសតិស្មារតីរបស់ខ្លួនឯងឱ្យបាន ដែលកូនសោក្នុងការបណ្ដុះភាពខាំមាត់អត់ទ្រាំនេះ ការពិតទៅក៏គឺ “ពាក្យសំដី” ហ្នឹងឯង។

    មនុស្សយើងអាចបញ្ចេញពីតម្រូវការរបស់ខ្លួនបានមួយខណៈពេល តាមរយៈការនិយាយនូវអ្វីដែលខ្លួនឯងគិត។ បើបាននិយាយអ្វីដែលខ្លួនឯងកង្វល់ ឬដក់ជាប់ក្នុងចិត្តប្រាប់ទៅនរណាម្នាក់ហើយ ផ្លូវចិត្តក៏នឹងភ្លឺស្រឡះឡើង ក្មេងៗក៏ដូចគ្នាដែរ។ បើកូនចេះនិយាយបានហើយ ចូរឱ្យគេនិយាយឱ្យបានច្រើន ឱ្យហាត់និយាយប្រាប់ពីអារម្មណ៍របស់ខ្លួនឯងចេញមក។ ជាទូទៅក្មេងស្រីនឹងឆាប់ចេះនិយាយជាងក្មេងប្រុស និងពូកែនិយាយ(និយាយច្រើន) ដែលអាចនិយាយបានថា ការដែលក្មេងស្រីមានភាពអត់ទ្រាំខ្លាំងជាងក្មេងប្រុសនោះ គឺដោយសារតែការ “និយាយច្រើន” ហ្នឹងឯង។

    ចំណុចទី2 ៈ “ដាក់សំណួរ” មិនស្ដីបន្ទោសដោយមិនសួរពីហេតុផល

    នៅពេលកូនឆេវឆាវមួម៉ៅប្រើកម្លាំងបាយ សូមកុំអាលជេរស្ដីបន្ទោសដោយមិនសួរពីហេតុផលឱ្យសោះ សូមឱ្យអង្គុយចុះបែរមុខរកគ្នា ហើយសួរកូនថា “ហេតុអីបានជាអម្បាញ់មិញនេះកូនគប់របស់របរអ៊ីចឹង?” និងឱ្យគេហ្វឹកហាត់និយាយពីអ្វីដែលគេកំពុងគិតនៅក្នុងចិត្ត និងគិតថា នឹងមានរឿងដែលកូនចង់និយាយចេញមកច្រើន ដូចជា “មិនចូលចិត្តត្រូវគេដណ្ដើមរបស់លេង” ឬ “ចង់ញ៉ាំទឹកផ្លែឈើទៀត” ជាដើម។

    មុនដំបូង ចូរទទួលស្ដាប់ពាក្យសំដីរបស់កូនសិន ហើយណែនាំថា “លើកក្រោយ សាកល្បងប្រាប់ម៉ាក់សិនមក មុននឹងគប់គ្រវែងរបស់របរ ល្អទេកូន?” បើបង្ហាត់របៀបនេះយ៉ាងជាប់លាប់ជារឿយៗ កូនតូចនឹងមានភាពខាំមាត់អត់ទ្រាំសង្កត់ចិត្តបានច្រើនឡើងមិនខាន។

    ចំណុចទី3 ៈ ឪពុកម្ដាយត្រូវធ្វើជា “មនុស្សចាស់ដែលមិនងាយខឹង”

    កូនៗច្រើនតែមើលពីឥរិយាបថរបស់ឪពុកម្ដាយ។ បើចង់ឱ្យកូនក្លាយជាក្មេងដែលមិនឆាប់ខឹងឆេវឆាវ លោកឪពុកអ្នកម្ដាយខ្លួនឯងត្រូវតែធ្វើជា “មនុស្សចាស់ដែលមិនងាយខឹង”។ ការចិញ្ចឹមកូនប្រុស តាមរយៈការរពឹសរបស់គេ ពេលខ្លះអាណាព្យាបាលអាចនឹងខឹងតូងឡើងក៏មាន តែសូមឱ្យរម្ងាប់អារម្មណ៍នោះឱ្យបាន។ មុននឹងស្រែកជេរស្ដីបន្ទោសកូនដោយសំឡេងខ្លាំងៗ ចូរដកដង្ហើមចូលវែងៗឱ្យបានមួយដង ហើយព្យាយាមនិយាយយ៉ាងចិត្តត្រជាក់។

    កូនប្រុសច្រើនតែចង់ធ្វើតាមអាកប្បកិរិយារបស់ឪពុកខ្លាំងជាងរបស់ម្ដាយ ដូច្នេះហើយទើបចង់សុំអង្វរលោកឪពុកទាំងឡាយសូមព្យាយាមកុំស្រែកស្ដីបន្ទោសកូនដោយមិនសួរពីហេតុផលមុនឱ្យសោះ។ ការដែលក្មេងប្រុសនិយាយគំរោះគំរើយ ប្រើហិង្សា មួយចំណែកក៏មកពីសញ្ជាតិញាណដែរ ទើបវាជារឿងមួយដែលមិនអាចជួយបាន តែភាពខាំមាត់សង្កត់ចិត្តអត់ទ្រាំ យើងអាចបង្ហាត់បង្រៀន និងបណ្ដុះបណ្ដាលបាន អាស្រ័យលើវិធីការប្រតិបត្តិរបស់ឪពុកម្ដាយ ព្រោះការអប់រំប្រៀនប្រដៅត្រូវប្រើពេលវេលា ត្រូវប្រតិបត្តិយូរជាបន្តបន្ទាប់ ដូច្នេះទើបចង់ឱ្យលោកឪពុកអ្នកម្ដាយព្យាយាមធ្វើចិត្តឱ្យត្រជាក់ៗ និងប្រើពេលវេលា មិនមែនចិត្តក្ដៅចង់ឃើញលទ្ធផលភ្លាមៗនោះទេ៕

  • ប្រយោជន៍ដែលទទួលបានពីការដើរគ្រប់ 10,000ជំហានក្នុង 1ថ្ងៃ

    ប្រយោជន៍ដែលទទួលបានពីការដើរគ្រប់ 10,000ជំហានក្នុង 1ថ្ងៃ

    នៅមានមនុស្សជាច្រើនដែលចង់ហាត់ប្រាណ តែអាចមិនអំណោយផលលើរឿងជាច្រើនក្នុងការចាប់ផ្ដើមរត់ ចូលក្លិបហាត់ប្រាណ ឬការហាត់ប្រាណក្នុងលក្ខណៈផ្សេងៗ ទាំងរឿងរបស់សារពាង្គកាយដែលអាចនឹងធាត់ជ្រុលពេកក្នុងការចាប់ផ្ដើមរត់ ការចាយវាយទៅលើឧបករណ៍ហាត់ប្រាណដែលថ្លៃខ្ពស់ពេក ឬវិធីការហាត់ប្រាណម្យ៉ាងៗដែលអាចនឹងធ្វើឱ្យនឿយហត់ខ្លាំងពេក ជាដើម…តែបើសិនជាការ “ដើរ” ហាត់ប្រាណវិញ ឡារ៉ែនជឿថា មនុស្សជាច្រើនគួរតែអាចធ្វើបានដោយមិនពិបាកឡើយ។

    ការដើរហាត់ប្រាណ មិនមែនត្រឹមតែចុះទៅដើរ 10ជំហាន រួចត្រឡប់មកអង្គុយលើកៅអីសាឡុងទន់ល្មើយដូចមុនហើយចង់ហៅថាជាការហាត់ប្រាណដែរនោះទេ ព្រោះទោះបីជាថា ការដើរហាត់ប្រាណវាងាយស្រួលមែន តែបើចង់ដើរហាត់ប្រាណឱ្យបានប្រយោជន៍ដល់រាងកាយនោះ ក៏ត្រូវតែមានគន្លឹះល្អៗបន្តិចបន្តួចដែរ ដើម្បីឱ្យរាងកាយបានទទួលប្រយោជន៍ពីការដើរហាត់ប្រាណឱ្យបានច្រើនបំផុត។

    ដើរហាត់ប្រាណយ៉ាងណាឱ្យបានប្រយោជន៍?

    • ដើរឱ្យបានរយៈចម្ងាយប្រមាណ 10,000ជំហាន នៅពេលដើរម្ដងៗ។
    • ចម្ងាយផ្លូវដែលអាចប្រៀបធៀបបាន បើមិនចង់រាប់ជំហានគឺ 6-8គីឡូម៉ែត្រ ឬប្រមាណ 15-20ជុំតារាងបាល់ទាត់។
    • មុនដើត គួរកម្ដៅរាងកាយដោយការយឺតសរសៃសរសូង បន្ធូរសាច់ដុំ ដើម្បីការពារការឈឺចាប់ផ្សេងៗ។
    • ស្លៀកពាក់ខោអាវដែលអាចបំភាយខ្យល់អាកាសបានល្អ ងាយស្រួលដើរ រួមទាំងស្បែកជើងដែលល្មមនឹងជើង មិនសាងការឈឺចាប់ដល់ប្រអប់ជើង បើជាស្បែកជើងបាតាសម្រាប់រត់ផង រឹតតែប្រសើរ។
    • ខណៈពេលដើរ ព្យាយាមរក្សាល្បឿនឱ្យនៅស្មើ មិនដើរបែបលម្ហែ ឬដើរៗឈប់ ដើរៗឈប់ ឬដើរលឿនពេកនោះទេ។ សង្កេតមើលភាពនឿយហត់របស់ខ្លួនឯងឱ្យស្ថិតក្នុងអាការហត់បន្តិចៗ មានញើសជ្រាបចេញមក តែនៅដកដង្ហើមទាន់ និងនិយាយបាន។
    • ជ្រើសរើសផ្លូវដើរដែលមានស្ថានភាពរាបស្មើ ដើម្បីកាត់បន្ថយភាពប្រថុយប្រថានក្នុងជំពប់ជើងដួល។
    • បើមានកើតហេតុខុសប្រក្រតីក្នុងអំឡុងពេលដើរ ដូចជា ងងឹតមុខ ស្រវាំងភ្នែក ឬបេះដូងលោតញាប់ខ្លាំងពេក-ល- គួរឈប់ភ្លាម ហើយអង្គុយសម្រាក។ បើមិនបានធូរស្រាលឡើងទេ គួរប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យរាងកាយ។

    ប្រយោជន៍ដែលបានពីការដើរហាត់ប្រាណ

    1 . ជួយបង្កើនភាពរឹងមាំដល់សាច់ដុំ ដោយមានភាពប្រថុយនឹងអាការរងរបួសតិចបំផុត។

    2 . បង្កើនភាពស្វាហាប់ដល់ឆ្អឹង និងសន្លាក់។

    3 . ជួយដុតបំផ្លាញកម្លាំងថាមពល និងជាតិស្លាញ់ដែលលើសបានល្អ។

    4 . ជួយឱ្យការធ្វើការងាររបស់បេះដូង និងសួតដំណើរការល្អឡើង។

    5 . ជួយសម្រួលកម្រិតជាតិស្ករក្នុងឈាម និងសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតល្អ។

    ចំណុចគួរប្រយ័ត្នក្នុងការដើរហាត់ប្រាណ

    គួរជ្រើសរើសទីកន្លែងដើរហាត់ប្រាណដែលមានសុវត្ថិភាព មិនស្ថិតនៅជិតផ្លូវថ្នល់ដែលមានរថយន្ត និងកង់ម៉ូតូបើកបរទៅមកច្រើន។ សម្រួលកម្រិតល្បឿនក្នុងការដើរឱ្យសមល្មមនឹងរាងកាយរបស់ខ្លួនឯង មិននឿយហត់ខ្លាំងជ្រុលពេក និងគួរដើរហាត់ប្រាណតែនៅពេលដែលរាងកាយស្ថិតក្នុងសភាពមាំទាំល្អប៉ុណ្ណោះ(គ្មានអាការគ្រុនក្ដៅ ឬមានរោគប្រចាំកាយដែលកំពុងញាំញីខ្លាំង)៕

  • បច្ចុប្បន្ន​ភាព​នៃ​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​ Covid-19​ នៅ​កម្ពុជា​ និង​ពិភព​លោក

    បច្ចុប្បន្ន​ភាព​នៃ​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​ Covid-19​ នៅ​កម្ពុជា​ និង​ពិភព​លោក

    ពិភពលោកទាំងមូល បានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុបជាង47លាននាក់ ក្នុងនោះកម្ពុជាបាន​រក​ឃើញ​ចំនួន​292​នាក់។

    គិតមកដល់ថ្ងៃទី3វិច្ឆិកា ឆ្នាំ2020នេះ ប្រទេសទាំងឡាយនៅទូទាំងសកលលោកត្រូវបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសCovid19 សរុបចំនួន47,313,006នាក់ ក្នុងនោះមានអ្នកជំងឺចំនួន​1,211,003​នាក់​បាន​បាត់​បង់​ជីវិត​ ខណៈ​អ្នក​ជំងឺ​​34,025,787​នាក់​បាន​ជាសះស្បើយ និង12,076,216នាក់កំពុងទទួលការព្យាបាល។

    ប្រទេសដែលកំពុងរងការរាតត្បាតខ្លាំងជាងគេពីវីរុសCovid-19 គឺសហរដ្ឋអាមេរិក ដោយ​មាន​អ្នក​ឆ្លង​ដល់​ទៅ​9,567,071​នាក់​ ក្នុង​នោះមានអ្នកស្លាប់236,983នាក់ និងកំពុងព្យាបាល 3,159,248នាក់។ ឈរលំដាប់ទីពីរគឺប្រទេសឥណ្ឌា ដោយមានអ្នកជំងឺសរុបចំនួន8,266,914នាក់ ក្នុងនោះអ្នកស្លាប់បានកើនដល់​123,139​នាក់ និងអ្នកជំងឺកំពុងព្យាបាលមានចំនួន542,346នាក់។ ចំណែកប្រទេសដែលមានអ្នកឆ្លងវីរុសច្រើនជាងគេលំដាប់ទីបី គឺប្រទេសប្រេស៊ីល ដោយមានអ្នកជំងឺសរុប5,554,206នាក់ អ្នកស្លាប់សរុប​160,272​នាក់​ និង​អ្នក​ជំងឺ​កំពុង​ទទួល​ការ​ព្យាបាល​មាន​ចំនួន​412,992​នាក់។

    ដោយឡែក នៅប្រទេសកម្ពុជាឯណេះវិញ ក្រសួងសុខាភិបាលទើបបានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស​Covid-19 សរុប292នាក់ ក្នុងនោះមានអ្នកជំងឺ283នាក់បានជាសះស្បើយ ខណៈ9នាក់ផ្សេងទៀតកំពុងទទួល​ការ​ព្យាបាល។ គិត​មក​ដល់​ថ្ងៃ​ទី​3​វិច្ឆិកា​នេះ ​កម្ពុជា​មិនទាន់មានអ្នកជំងឺCovid-19ណាម្នាក់ត្រូវបានគេរាយការណ៍​ថា​ បានបាត់បង់ជីវិតនៅឡើយ៕

    ប្រភព៖ Worldometers, ក្រសួងសុខាភិបាល

     

  • សញ្ជាតិញាណ 5យ៉ាងរបស់ទារកទើបកើត

    សញ្ជាតិញាណ 5យ៉ាងរបស់ទារកទើបកើត

    ក្រោយពីអ្នកម្ដាយបានផ្ដល់កំណើតកូនតូចចេញមកពិភពខាងក្រៅរួចរាល់ហើយ បន្ទាប់ពីនោះអ្នកម្ដាយថ្មោងថ្មីក៏ត្រូវហ្វឹកហាត់រៀនយល់ដឹងអំពីតម្រូវការរបស់កូនតូចថា ​តើគេត្រូវការអ្វី? ចំណែកទារកខ្លួនឯងក៏ត្រូវរៀនយល់ដឹង និងសម្របខ្លួនជាមួយការរស់នៅដូចគ្នាដែរ…តែរឿងដែលអ្នកម្ដាយអាចមិនដឹងនោះគឺ ទារកទើបនឹងកើតមានសមត្ថភាពក្នុងការទទួលដឹង ធ្វើ និងតបស្នងចំពោះរឿងមួយចំនួនបានដោយមិនចាំបាច់មានការរៀនយល់ដឹង ឬឆ្លងកាត់បទពិសោធពីមុនមកដែលយើងហៅរឿងទាំងនោះថា “សញ្ជាតិញាណ”(ការដឹង-ចេះដោយឯកឯង)។ ប្រតិកម្មតបស្នងតាមសញ្ជាតិញាណនឹងជួយឱ្យកូនតូចអាចរស់នៅបាននៅពេលកើតសភាវអាសន្ន តើមានអ្វីខ្លះនោះ…តោះ តាមអ្នកគ្រូ ឆវីមក!

    ប្រតិកម្មតបស្នងតាមសញ្ជាតិញាណ 5យ៉ាងរបស់ទារកទើបកើត មានដូចតទៅ ៈ

    1 . ប្រព័ន្ធដកដង្ហើម

    ប្រតិកម្មតាមធម្មជាតិកម្រិតដំបូងបំផុត។ នៅពេលទារកប្រសូតចេញមកហើយ លែងមានថង់ទឹកភ្លោះនៅជុំវិញខ្លួនប្រាណ រាងកាយរបស់កូនតូចនឹងបញ្ជាឱ្យប្រព័ន្ធការដកដង្ហើមធ្វើការភ្លាមតែម្ដង។ ចំណែកអត្រាការដកដង្ហើមរបស់ទារកម្នាក់ៗក៏ខុសប្លែកពីគ្នាទៅតាមតម្រូវការរបស់ទារកខ្លួនឯងដែរ លើកលែងតែទារកដែលមានបញ្ហាក្រោយពីប្រសូតភ្លាមដែលក្រុមគ្រូពេទ្យអាចយកទារកចូលទៅក្នុងទូកញ្ចក់ដើម្បីថែរក្សាព្យាបាលជាបន្ត។

    2 . ការមើលឃើញ

    ក្រោយប្រសូត ទារកតូចៗនៅមិនទាន់បើកភ្នែកភ្លាមទេ ព្រោះកែវភ្នែកមិនទាន់សម្រួលស្ថានភាពទល់នឹងពន្លឺខាងក្រៅបាននៅឡើយ ដោយសារតែការរស់នៅក្នុងគភ៌មាតាមិនបង្កើតប្រតិកម្មដល់ការមើលឃើញឡើយ តែក្នុងរយៈពេលមិនលើស 3ថ្ងៃឡើយយ កូនតូចនឹងចាប់ផ្ដើមបើកភ្នែក អាចនឹងប្រិចភ្នែកញឹកញាប់ ព្រោះកែវភ្នែកមិនទាន់សម្រួលទល់នឹងសភាពពន្លឺបានល្អនៅឡើយ។ ការកម្រើកកែវភ្នែក គឺជាប្រតិកម្មតបស្នងដើម្បីការពារកែវភ្នែកដែលសែនផុយស្រួយពីពិភពខាងក្រៅ។

    3 . ការបឺត-លេបវត្ថុផ្សេងៗ

    នៅពេលអ្នកម្ដាយចាប់ផ្ដើមបំបៅដោះកូន រឿងដែលទារកធ្វើបានភ្លាមៗដោយឯកឯងនោះគឺ បឺតជញ្ជក់ និងលេបទឹកដោះដោយស្វ័យប្រវត្តិ ឬលោកឪពុកកំពូលលេងច្រើនដែលសាកល្បងដាក់ចង្អុលដៃលើមាត់កូនតូច ក៏កូនតូចសម្លាញ់នឹងបឺតជញ្ជក់ភ្លាមដូចគ្នា។ អំឡុងពេលហ្នឹងក្រុមគ្រួសារត្រូវប្រយ័ត្នប្រយែងវត្ថុរបស់របរដែលអាចបង្កជាគ្រោះថ្នាក់ដែលកូនតូចអាចនឹងលេបចូលទៅក្នុងរាងកាយបាន។

    4 . ការបែររកក្បាលដោះ

    ការបង្ហាត់កូនតូចឱ្យចេះបែរមុខរកក្បាលដោះ អ្នកម្ដាយសាកល្បងយកដៃប៉ះថ្ពាល់កូនថ្នមៗ សញ្ជាតិញាណរបស់ទារកនឹងបែរមុខមករកភ្លាមតែម្ដង។ អ្នកម្ដាយមិនចាំបាច់ត្រូវចាប់ក្បាលកូនតូចបែរមករកខ្លួនឡើយ គ្រាន់តែប៉ះថ្ពាល់គេថ្នមៗ កូនសម្លាញ់នឹងកើតក្ដីចង់ដឹង ចង់ឃើញ និងងាកក្បាលមករកយ៉ាងងាយស្រួល។

    5 . ការស្រវាចាប់ដោយដៃ

    នៅពេលអ្នកម្ដាយយកម្រាមដៃទៅប៉ះលើបាតដៃរបស់កូនតូច គេនឹងស្រវាចាប់ម្រាមដៃរបស់អ្នកភ្លាម តែបើមានអ្វីដែលធ្វើឱ្យភ្ញាក់ កូនតូចក៏នឹងមានសញ្ជាតិញាណកន្រ្តាក់ខ្លួនព្រើត ដោយម្រាមដៃទាំងអស់ក៏នឹងលារចេញលែងដៃអ្នកម្ដាយចេញភ្លាមដូចគ្នា។

    អ្វីទាំងអស់នេះគឺជារឿងធម្មជាតិរបស់ទារកទើបកើត ដែលអ្នកម្ដាយអាចមិនដឹងថា វាគឺជា សញ្ជាតិញាណ ដើម្បីការមានជីវិតរស់នៅក្នុងអំឡុងវ័យនេះ តែទោះជាកូនតូចនឹងមានប្រតិកម្មទាំងនោះក៏ដោយ យ៉ាងណាក៏អ្នកម្ដាយគួរតែយកចិត្តទុកដាក់ថែទាំគេឱ្យបានយ៉ាងល្អ ព្រោះត្រូវតែមិនភ្លេចឡើយថា ការដែលកូនតូចចេញមកនៅក្នុងពិភពខាងក្រៅនេះ វាខុសប្លែកពីការនៅក្នុងផ្ទៃរបស់អ្នកម្ដាយច្រើនណាស់៕

  • បុរស​ជន​ជាតិ​ខ្មែរ​2​នាក់​បាន​ឆ្លង​​វីរុស​Covid-19 ​បន្ទាប់​ពី​វិល​ត្រលប់​មក​ពី​ប្រទេស​ជប៉ុន

    បុរស​ជន​ជាតិ​ខ្មែរ​2​នាក់​បាន​ឆ្លង​​វីរុស​Covid-19 ​បន្ទាប់​ពី​វិល​ត្រលប់​មក​ពី​ប្រទេស​ជប៉ុន

    កម្ពុជាបានធ្វើតេស្តរកឃើញអ្នកផ្ទុកវីរុសCovid-19 ចំនួន2នាក់បន្ថែមទៀតកាលពីថ្ងៃទី27តុលា ដែលនេះបាននាំឱ្យតួលេខនៃអ្នកឆ្លងCovid-19 សរុបឡើងដល់290នាក់។

    ក្រសួងសុខាភិបាលកម្ពុជាឱ្យដឹងថា បុរសទាំង2នាក់ដែលវិជ្ជមានជាមួយនឹងវីរុសCovid-19នេះ បានធ្វើ​ដំណើរ​ពី​ប្រទេស​ជប៉ុន​ ឆ្លងកាត់កូរ៉េខាងត្បូង មុននឹងមកដល់កម្ពុជានៅថ្ងៃទី26តុលា។ ក្នុងចំណោមអ្នកជំងឺខាងលើ មានម្នាក់មានអាយុ23ឆ្នាំ មានអាសយដ្ឋាននៅស្រុកបាកាន ខេត្តពោធិសាត់ និងម្នាក់ទៀតអាយុ34ឆ្នាំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។

    បច្ចុប្បន្ន អ្នកជំងឺទាំង2រូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងទីក្រុងភ្នំពេញ។ ចំណែកអ្នករួមដំណើរជាមួយនឹងអ្នកជំងឺខាងលើ ដែលមានចំនួន37 ក៏កំពុងត្រូវបានដាក់ធ្វើចត្តាឡីស័កនៅក្នុងវិទ្យាល័យពោចិនតុង និងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

    គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុប 290នាក់ ក្នុងនោះមាន283នាក់បានជាសះស្បើយ និង7នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • វេនេហ្ស៊ុយឡា​ ប្រកាស​ថា​ បាន​រក​ឃើញ​ថ្នាំ​ប្រឆាំង​Covid-19 ​ប្រសិទ្ធ​ភាព​100% ​និង​ត្រូវ​បាន​អ្នក​ជំនាញ​ផ្ទៀត​ផ្ទាត់​រួច​ហើយ

    វេនេហ្ស៊ុយឡា​ ប្រកាស​ថា​ បាន​រក​ឃើញ​ថ្នាំ​ប្រឆាំង​Covid-19 ​ប្រសិទ្ធ​ភាព​100% ​និង​ត្រូវ​បាន​អ្នក​ជំនាញ​ផ្ទៀត​ផ្ទាត់​រួច​ហើយ

    ប្រធានាធិបតី Maduro បានថ្លែងថា ថ្នាំនេះមានប្រសិទ្ធភាពបំបាត់ការឆ្លងរាលដាលរបស់វីរុសCovid-19 បានដល់100% ឯណោះ។

    វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រវេនេហ្ស៊ុយឡា (IVIC) បានរកឃើញថ្នាំមួយប្រភេទដែលអាចព្យាបាលជំងឺCovid-19 នេះបើតាមប្រធានាធិបតីវេនេហ្ស៊ុយឡា ដែលបានប្រកាសកាលពីថ្ងៃទី25តុលា។ លោកបានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិវេនេហ្ស៊ុយឡា de Television ថា ថ្នាំប្រឆាំងCovid-19 នេះ អាចបំបាត់លទ្ធភាពឆ្លងរបស់វីរុស​Covid-19 បានដល់100%។

    លោក Maduro ថ្លែងថា៖ “ការស្រាវជ្រាវដែលមានរយៈពេល6ខែរបស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រវេនេហ្ស៊ុយឡា បាន​បញ្ជាក់អំពីប្រការនេះ។ ហើយការសិក្សាស្រាវជ្រាវនេះក៏ត្រូវបានក្រុមអ្នកជំនាញធ្វើការផ្ទៀងផ្ទាត់រួចហើយដែរ”។

    ប្រធានាធិបតីរូបនេះ បញ្ជាក់ថា ប្រភេទថ្នាំប្រឆាំងនឹងCovid-19 នេះ មានផ្ទុកម៉ូលេគុល DR10 ដែលធ្លាប់ត្រូវបានប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺរលាកថ្លើមប្រភេទ C រួមនឹង Ebola និង HPV ផងដែរ។

    លោក Maduro សង្ឃឹមថា អង្គការសុខភាពពិភពលោក (WHO) នឹងទទួលស្គាល់លទ្ធផលស្រាវជ្រាវដែល IVIC បានរកឃើញ។ បន្ទាប់មក ប្រទេសនេះនឹងចាប់ផ្ដើមផលិតថ្នាំនេះក្នុងបរិមាណច្រើន ហើយផ្គត់ផ្គង់ដល់ពិភព​លោក។

    សូមបញ្ជាក់ថា ចាប់តាំងពី Covid-19 បានវាយលុក វេនេហ្ស៊ុយឡា បានរកឃើញអ្នកផ្ទុកវីរុសចំនួន 89,565នាក់ ក្នុងនោះមាន 83,947នាក់បានជាសះស្បើយ និង 773នាក់បានបាត់បង់ជីវិត៕

    ប្រភព៖ Sputnik

  • នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 9

    នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 9

    នៅក្នុងខែនេះ អាចហៅបានថាជាខែចុងក្រោយនៃការតាំងគភ៌ហើយ វិវឌ្ឍនាការផ្សេងៗរបស់ទារកក្នុងផ្ទៃមានដូចជា ប្រវែងខ្លួននឹងមានប្រមាណជា 20អ៊ិញ ទម្ងន់ខ្លួនប្រមាណជា 3,000 – 3,400ក្រាម អវយវៈគ្រប់ផ្នែក រួមទាំងសួតផងមានភាពពេញលេញល្អត្រៀមជាស្រេចក្នុងការប្រសូតហើយ។ ផ្នែកនាំមុខ ឬក្បាលនឹងរំកិលចុះមករកម្ដុំឆ្អឹងត្រគាក និងទារកក្នុងផ្ទៃមានការកម្រើកតិចជាងមុន។

    ក្នុងខែទី 9 នៃការតាំងគភ៌នេះនឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីមានផ្ទៃពោះអាចមានអារម្មណ៍ដឹងដូចតទៅ…ៈ

    – ទារកលែងសូវរើ។

    – ធ្លាក់សច្រើនឡើង និងរអិលខាប់។ ពេលខ្លះមានឈាមស្លេកៗហូរចេញមកក្រោយការពិនិត្យគភ៌ ឬក្រោយពេលមានភេទសម្ព័ន្ធរួច។

    – ឈឺផ្សាក្នុងក្រពះ អាហារមិនរំលាយ ឆ្អល់ពោះ។

    – ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងកើតខ្យល់ញឹកញាប់។

    – តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀកខ្លះៗ។

    – មានឈាមចេញតាមជើងធ្មេញពេលដុសសម្អាតធ្មេញ។

    – កើតប្រគ្រីវកាច់នៅលើជើង។

    – ហើមកជើង និងខ្នងជើង និងអាចមានហើមលើមុខ និងដៃផងដែរ។

    – រមាស់នៅលើស្បែកក្បាលពោះ។

    – កាន់តែឈឺខ្នងឡើង និងឈឺខ្លាំងឡើងៗ។

    – កើតសភាវសរសៃឈាមត្បៀតនៅលើជើង។

    – កើតឬសដូងបាត។

    – ដកដង្ហើមរាងញាប់ឡើង។

    – គេងមិនលក់ ឬលក់មិនបានយូរ។

    – មានអារម្មណ៍ថា ស្បូនបង្រួញខ្លួនញាប់ឡើង ខ្លាំងឡើង ជួនកាលមានអាការឈឺចាប់ទៀតផង។

    – អ៊ីកអ៊ាក ពិបាកកម្រើកខ្លួន និងប្រថុយប្រថាននឹងការរអិលដួល។

    – មានទឹកដោះពណ៌លឿងស្លេកៗហូរចេញមកពីក្បាលដោះច្រើនឡើង។

    – ឆាប់ហត់ ឬមានអារម្មណ៍ថាមានកម្លាំងថាមពលខ្លាំងឡើង ឬមានទាំង 2យ៉ាងឆ្លាស់គ្នា។

    – ឆាប់ឃ្លាន ឬឃ្លានញឹកញាប់ ញ៉ាំច្រើន ឬធុញទ្រាន់ចំណីអាហារ ញ៉ាំបានតិចៗ(មិនទៀង)។

    – មានអារម្មណ៍ញាប់ញ័រ វិតក្កកង្វល់ ឬភ័យខ្លាចខ្លាំងឡើង។

    – មានអារម្មណ៍ធូរស្រាលខ្លាំងឡើង ព្រោះជិតដល់ពេលប្រសូតហើយ។

    – ឆាប់មួម៉ៅ ឆាប់ទន់ជ្រាយនឹងពាក្យសំដីរបស់អ្នកនៅជិតៗខ្លួន ជាពិសេសរឿងពាក់ព័ន្ធនឹងការប្រសូត។

    – ឆាប់ខឹង និងមានអារម្មណ៍វិលវល់។

    រឿងដែលពេទ្យអ្នកពិនិត្យតាមដានគភ៌របស់អ្នកចង់ឱ្យអ្នកធ្វើក្នុងអំឡុងខែនេះ មានដូចជា…ៈ

    1 . ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។

    2 . ពិនិត្យជាតិស្ករ និងសារធាតុស៊ុតសនៅក្នុងទឹកមូត្រ។

    3 . ស្ដាប់ចង្វាក់បេះដូងរបស់ទារកក្នុងគភ៌។

    4 . ពិនត្យមើលទំហំ និងរូបឬាងរបស់ស្បូន និងឥរិយាបថរបស់ទារកក្នុងគភ៌។

    5 . កម្ពស់របស់ស្បូន។

    6 . អាការហើមនៅលើដៃ និងជើង និងសរសៃឈាមនៅលើជើង។

    7 . វាយតម្លៃសភាពស្បូនដោយការពិនិត្យផ្ទៃក្នុង។

    8 . ភាពញឹកញាប់ឆ្ងាយពីគ្នា និងភាពខ្លាំងខ្សោយនៃការបង្រួញខ្លួនរបស់ស្បូន។

    9 . អាការខុសប្រក្រតីផ្សេងៗដែលអាចកើតឡើង។

    រឿងដែលត្រូវមើលថែទាំជាពិសេសនៅក្នុងខែនេះ

    – ការជ្រើសរើសវិធីប្រសូតបុត្រថា តើត្រូវការប្រសូតតាមបែបធម្មជាតិ ឬការវះកាត់ប្រសូត។

    – សាងទម្លាប់ជាមួយមន្ទីពេទ្យ និងបន្ទប់ប្រសូត ដូចជាអាចនឹងដើរទៅមើលទារកទើបនឹងកើត បន្ទប់សម្រាកក្រោយប្រសូត ឬសុំពេទ្យមើលពីខ្សែវីដេអូពាក់ព័ន្ធនឹងបន្ទប់ប្រសូត ដើម្បីឱ្យមានភាពស៊ាំធ្លាប់ជាមួយវាខ្លាំងឡើង។

    – ទារកហួសកំណត់ប្រសូត គឺតាំងគភ៌យូរលើស 42សប្ដាហ៍។ ការតាំងគភ៌ដែលយូរជាងប្រក្រតី គឺយូរលើស 39សប្ដាហ៍ឡើង គ្រូពេទ្យដែលពិនិត្យតាមដានគភ៌នឹងពិចារណាជាពិសេសថា នឹងត្រូវធ្វើយ៉ាងណាបន្តទៀត។ បើសិនជាគ្រប់ 42សប្ដាហ៍ គ្រូពេទ្យនឹងជំរុញឱ្យកើតការប្រសូតតាមធម្មជាតិ ឬអាចនឹងត្រូវវះកាត់តាមតែករណីនីមួយៗ។

    – ការបែកទឹកភ្លោះ ជាទូទៅច្រើនតែមានការបែកមុនមួយខែ គឺនឹងមានការជ្រាបចេញមកបន្តិចបន្តួច ជាពិសេសពេលក្រោកអង្គុយ ឬខណៈពេលធ្វើចលនា ដូច្នេះទើបមិនចាំបាច់ភ័យព្រួយទេ ព្រោះមានតិចតួចណាស់ដែលបែកចេញមកច្រើន។

    ពេលវេលាស័ក្តិសមដែលគួរទៅមន្ទីពេទ្យដើម្បីប្រសូត អាចពិចារណាបានដូចខាងក្រោម ៈ

    1 . នៅពេលចាប់ផ្ដើមមានការឈឺពោះឆ្លងទន្លេមែនទែន ដោយការឈឺនោះនឹងឈឺជាប់រហូត និងឈឺខ្លាំងឡើងៗជារឿយៗ។

    2 . ការឈឺពោះប្រសូតមិនអាចជ្រើសពេលវេលា ឬដឹងមុនបានឡើយ ដូច្នេះ មិនថានៅទីណា ឬកំពុងធ្វើអ្វីនោះឡើយ គួរប្រញាប់ទៅមន្ទីពេទ្យ មិនចាំបាច់រង់ចាំឱ្យដល់ពេលម៉ោងពេទ្យធ្វើការនោះទេ។

    3 . បើមានឈឺពោះតិចៗ គួរសម្រាកនៅផ្ទះ 4 – 8ម៉ោង ដើម្បីឱ្យប្រាកដក្នុងចិត្តថា ពិតជាឈឺពោះឆ្លងទន្លេមែនហើយ ឬអាចនឹងទូរស័ព្ទសុំការណែនាំពីគ្រូពេទ្យ ឬឆ្មបបាន៕

  • រឿងពិតដ៏អស្ចារ្យ 5យ៉ាងរបស់ច្រមុះ និងការដឹងក្លិនរបស់មនុស្សយើង

    រឿងពិតដ៏អស្ចារ្យ 5យ៉ាងរបស់ច្រមុះ និងការដឹងក្លិនរបស់មនុស្សយើង

    ច្រមុះ ជាអវយវៈម្យ៉ាងដែលស្ថិតនៅលើផ្ទៃមុខរបស់មនុស្សយើង ដែលបំពេញតួនាទីរបស់ជីវិតដ៏សំខាន់ មានសម្ព័ន្ធភាពរវាងការទទួលដឹងក្លិន និងសុខភាពជារួម។ សម្ព័ន្ធភាពដែលថានេះ បានបង្ហាញឱ្យឃើញតាមរយៈចំនួនក្លិនដែលច្រមុះបានដឹង។ អត្ថបទនេះនឹងធ្វើឱ្យមិត្តអ្នកអានបានដឹងពាក់ព័ន្ធនឹងរឿងពិត 5យ៉ាងរបស់ច្រមុះ និងការទទួលដឹងក្លិនដែលអាចធ្វើឱ្យលោកអ្នកនឹងចម្លែកចិត្តមិនខាន។

    រឿងពិតទី 1 ៈ មនុស្សយើងអាចញែកក្លិនដែលខុសប្លែកគ្នាបានយ៉ាងតិច 1លានក្លិន

    ការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗនេះពីមហាវិទ្យាល័យ រ៉ក់គី ហ្វេលលើរ៍ សហរដ្ឋអាមេរិក បានឱ្យដឹងថា មនុស្សយើងអាចហិតក្លិនដែលប្លែកៗពីគ្នាបាន យ៉ាងតិច 1លានក្លិន។ អ្នកវិទ្យាសាស្រ្តបានអធិប្បាយថា នៅពេលក្លិនចូលទៅក្នុងច្រមុះ ក្លិននឹងធ្វើដំណើរឆ្ពោះទៅរន្ធច្រមុះផ្នែកខាងលើ ចូលទៅចង្អូរទទួលក្លិន ដែលកោសិកាប្រសាទទទួលក្លិននៅក្នុងទីនោះ មានតួទទួលក្លិនដ៏ច្រើន ដែលអាចពិនិត្យចាប់ក្លិនផ្សេងៗពីគ្នា។ ពេលសរសៃប្រសាទត្រូវបានជំរុញ វានឹងបញ្ជូនសញ្ញាទៅខួរក្បាល ដែលធ្វើឱ្យកើតក្លិនដោយឡែកដែលអាចពិនិត្យចាប់បាន ដូចជា ក្លិនវ៉ានីលឡា ក្លិនក្រូចក្នុងរូបបែបមួយចំនួន ក្លិនប្រហើរ និងក្លិននំឃុកគីស្ថិតនៅក្នុងក្រុមក្លិនដែលប៉ងប្រាថ្នាខ្លាំងបំផុត។

    រឿងពិតទី 2 ៈ លោកអ្នកអាចដឹងក្លិនក្ដីភ័យខ្លាច និងក្ដីស្អប់ខ្ពើម

    តាមរយៈការស្រាវជ្រាវកាលពីឆ្នាំ2012 យើងអាចដឹងក្លិនក្ដីភ័យខ្លាច និងស្អប់ខ្ពើមតាមរយៈញើស ហើយអាចដឹងពីអារម្មណ៍បែបដូចគ្នាបាន។ មានការប្រមូលគំរូញើសពីមនុស្សប្រុសខណៈពេលមានអារម្មណ៍ភ័យខ្លាច និងស្អប់ខ្ពើម បន្ទាប់ពីនោះ អ្នកស្រាវជ្រាវបានឱ្យក្រុមអ្នកសាកល្បងដែលជាស្រ្តី ហិតក្លិនគំរូញើសដោយមិនឱ្យដឹងខ្លួន និងចាំសង្កេតមើលការធ្វើចលនាកែវភ្នែក និងការបញ្ចេញទឹកមុខ។ តាមរយៈការសង្កេតលទ្ធផលការស្រាវជ្រាវបានរកឃើញថា ស្រ្តីដែលធំក្លិន “ញើសនៃក្ដីភ័យខ្លាច” បានបើកភ្នែកធំៗ ដែលបង្ហាញពីក្ដីភ័យខ្លាច និងក្រុមស្រ្តីដែលធំក្លិន “ញើសនៃក្ដីស្អប់ខ្ពើម” ក៏សម្ដែងទឹកមុខដែលបង្ហាញពីក្ដីស្អប់ខ្ពើមដូចគ្នា។

    រឿងពិត ទី 3 ៈ ច្រមុះជាអ្នកកំណត់សំឡេង

    សំឡេងកើតឡើងនៅក្នុងប្រអប់សំឡេង តែយ៉ាងណាក៏ដោយ សំឡេងនោះគ្រាន់តែជាសំឡេងដែលបន្លឺឡើងស្រាលៗ ហើយសំឡេងដែលយើងបានឮពីអ្នកដទៃពេលពួកគេនិយាយ ឬច្រៀង ភាគច្រើនសម្ព័ន្ធជាមួយគ្រោងសាងដែលញ័ររញ្ជួយនៅក្រោមបំពង់ក និងច្រមុះ។ វិធីដែលសំឡេងត្រូវសាងចេញមកពីលើប្រអប់សំឡេង គឺបច្ច័យដែលកំណត់ភាពក្រអៅក្រអួនរបស់សំឡេង កម្មវិធីនេះកើតឡើងនៅក្នុងច្រមុះ និងបំពង់ក។ អ្នកដែលកើតជំងឺគ្រុនផ្ដាសាយ ឬជំងឺប្រតិកម្មចាញ់ និយាយដោយសំឡេងដែលឡើងទៅច្រមុះ ដោយសារតែខ្យល់អាកាសមិនអាចឆ្លងកាត់ចេញមកខាងច្រមុះបាន ធ្វើឱ្យបាត់បង់ការខ្ទរសំឡេងក្នុងប្រហោងច្រមុះ។ សៃណឹស ដែលជាគ្រោងសារដែលពេញទៅដោយខ្យល់អាកាសដែលនៅក្នុងក្បាល មានសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធជាមួយច្រមុះ ព្រោះសៃណឹសជាផ្នែកដែលសំខាន់ក្នុងខ្ទរតបរបស់សំឡេង។

    រឿងពិតទី 4 ៈ មនុស្សស្រីមានការទទួលក្លិនល្អជាងមនុស្សប្រុស

    អ្នកវិទ្យាសាស្រ្តបានឱ្យដឹងថា មនុស្សស្រីមានការទទួលក្លិនល្អជាង និងមានការញែកក្លិនល្អជាងមនុស្សប្រុស។ ហេតុផលមួយដែលអធិប្បាយអំពីរឿងនេះ អាចដោយសារតែមនុស្សស្រីមានខួរក្បាល Cortex ស្រទាប់ថ្ងាសផ្នែកខាងមុខ( Orbital Prefrontal)ដែលអភិវឌ្ឍខ្លាំងជាង។ ចំណុចមានប្រៀបជាងនេះ ធ្វើឱ្យស្រ្តីមានសមត្ថភាពក្នុងការស្វែងរកមនុស្សដែលនឹងក្លាយជាគូគ្រងដែលល្អបំផុតបាន និងមានភាពពាក់ព័ន្ធ រួមទាំងយល់ដឹងជាមួយទារកល្អជាងទៀតផង។

    រឿងពិតទី 5 ៈ ការទទួលក្លិនដែលថយចុះ អាចទស្សន៍ទាយបានពីការស្លាប់ក្នុងពេលឆាប់ៗសម្រាប់មនុស្សចាស់

    តាមរយៈការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗនេះ អ្នកដែលមានសមត្ថភាពក្នុងការដឹងក្លិនថយចុះ អាចជារឿងដែលធ្វើឱ្យអាចទស្សន៍ទាយបានអំពីការស្លាប់ក្នុងរយៈពេល 5ឆ្នាំ។ ការសិក្សាស្រាវជ្រាវនេះបានដំណើរការជាមួយក្រុមអ្នកសាកល្បងដែលជាជនជាតិអាមេរិកាំងចំនួនជាង 3,000នាក់ដែលមានអាយុចាប់ពី 57 ដល់ 85ឆ្នាំ អ្នកស្រាវជ្រាវរកឃើញថា អ្នកដែលមិនអាចដឹងក្លិនផ្សេងៗបាន ដូចជាក្លិនផ្កាកុលាប ក្លិនក្រូច និងក្លិនពេបពើមិនត៍ មានភាពប្រថុយប្រថានខ្ពស់ដល់ 3ដងក្នុងស្លាប់ក្នុង 5ឆ្នាំខាងមុខ៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែយ៉ាងណាខ្លះ? អ្នកម្ដាយត្រូវដឹង…

    វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែយ៉ាងណាខ្លះ? អ្នកម្ដាយត្រូវដឹង…

    វិវឌ្ឍនាការរបស់កុមារអាយុ 18ខែ ឬវ័យ 1ឆ្នាំកន្លះនេះ លោកឪពុកអ្នកម្ដាយប្រហែលជាល្មមមើលឃើញពីនិស្ស័យ ឬទេពកោសល្យរបស់កូនតូចខ្លះៗហើយថា តើមានបុគ្គលិកលក្ខណៈយ៉ាងណាខ្លះ?។ ក្មេងម្នាក់ៗមានចំណាប់អារម្មណ៍ផ្សេងៗពីគ្នា មានរូបបែបនៃការរៀនយល់ដឹងមិនដូចគ្នា បុគ្គលិកភាពក៏មិនដូចគ្នា ដូច្នេះទើបលោកឪពុកអ្នកម្ដាយមិនគួរប្រៀបធៀបកូនយើងជាមួយកូនរបស់អ្នកដទៃឡើយ។ ថ្ងៃនេះ ឡារ៉ែនសូមអញ្ជើញលោកឪពុកអ្នកម្ដាយមកមើលពីវិវឌ្ឍនាការក្នុងផ្នែកនីមួយៗរបស់កូនតូចវ័យ 18ខែនេះវិញប្រសើរជាង…។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែករាងកាយ

    ក្មេងវ័យ 18ខែ មានវិវឌ្ឍនាការខាងបណ្ដុំសាច់ដុំធំ ខ្លាំងជាងបណ្ដុំសាច់ដុំតូចៗ។ ក្មេងភាគច្រើននឹងចេះដើរបានចំណានហើយ និងថែមទាំងចូលចិត្តដើរបានពេញមួយថ្ងៃ ហើយក្មេងខ្លះថែមទាំងអាចចេះដើរថយក្រោយបានទៀតផង។ ក្មេងវ័យនេះនឹងចូលចិត្តលេងតោងឡើងលើកៅអី តុ គ្រែ និងចាប់ផ្ដើមចេះលោតបានខ្លះហើយ តែជាការលោតជើងទាំងពីរដំណាលគ្នា។ អាចឈានឡើងកាំជណ្ដើរបានដោយខ្លួនឯង តែនៅត្រូវមានអ្នកជួយទាញដៃម្ខាងឡើង។ ចំណែកពេលចុះវិញ នឹងនៅតែប្រើក្បាច់វារយកគូទចុះមុនដដែល ហើយការចាប់កាន់ក៏ធ្វើបានល្អហើយ ដោយសារតែភ្នែក និងដៃធ្វើការសហការគ្នាបានល្អហ្នឹងឯង និងអាចប្រើដៃមួលបើកបិទដៃទ្វារ ឬក្បាលរ៉ូប៊ីណេទឹកដោយដៃខាងដែលថ្នឹកបានហើយ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    ពីអំឡុងអាយុ 18ខែដល់ 2ឆ្នាំ កូននឹងចាប់ផ្ដើមអភិវឌ្ឍចំណេះដឹងអំពីការមាន និងការបាត់ទៅវិញរបស់មនុស្ស និងវត្ថុរបស់របរផ្សេងៗដែលគេធ្លាប់ឃើញ ឬធ្លាប់លេងហើយ។ កូនតូចនឹងចាប់ផ្ដើមចេះចាំចំណាំបាន និងដឹងពីវត្ថុដែលគេធ្លាប់ឃើញ ទោះជាមិនឃើញនៅពីមុខគេនៅពេលហ្នឹងក៏ដោយ ក៏គេនឹងនៅតែដឹងថា នៅមាន ហើយនឹងព្យាយាមរករបស់ ឬវត្ថុនោះ(ឬមនុស្ស ដូចជាម្ដាយ)បានដែរ។ ដូចជាបើលោកអ្នកយកវត្ថុណាមួយឱ្យគេមើល រួចហើយយកទៅលាក់នៅក្រោមភួយ ដោយធ្វើឱ្យគេមើលឃើញនៅនឹងមុខនោះ គេនឹងដឹងភ្លាមថា វត្ថុនោះនៅក្រោមភួយ ហើយនឹងប្រញាប់យកដៃចាប់ទាញភួយចេញដើម្បីឱ្យបានឃើញវត្ថុនោះជាមិនខាន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែកភាសា និងការទំនាក់ទំនង

    កូនចាប់ផ្ដើមយល់ពីពាក្យដែលនឹងប្រើសម្រាប់ប្រាប់ជាភាសាបានច្រើនឡើងហើយ ទោះជាបញ្ចេញសំឡេងចេញមកបានមិនអស់គ្រប់ពាក្យក៏ដោយ និងចេះនិយាយជាប្រយោគខ្លីបាន ដូចជាទៅដើរលេង ញ៉ាំទឹក ម៉ាក់ព…ជាដើម។ អ្នកម្ដាយចាំបាច់ត្រូវបង្កើន និងជំរុញវិវឌ្ឍនាការដល់កូនជាបន្តបន្ទាប់យ៉ាងជាប់លាប់ ដោយជំរុញឱ្យកូននិយាយឱ្យបានញឹកញាប់ បង្ហាត់ឱ្យគេចេះហៅឈ្មោះវត្ថុនោះគ្រប់ពេល ឬសួរជាសំណួរដើម្បីឱ្យកូនមានឱកាសបានរំឭកពីអ្វីដែលបានរៀនយល់ដឹងកន្លងមកដើម្បីឆ្លើយចេញមកជាពាក្យសំដីបាន។

    ឪពុកម្ដាយគួរចាប់ផ្ដើមបង្រៀនកូនឱ្យស្គាល់ “ខុស-ត្រូវ” និង “គួរ-មិនគួរ” ផង ដោយការធ្វើខ្លួនជាគំរូ និងសម្ដែងចេញពីក្ដីសុភាព ក្ដីគោរព និងភាពអនុគ្រោះចំពោះអ្នកដទៃ។ មិនគួរប្រើអំពើហិង្សា ដូចជាការវាយ ឬការស្រែកជេរបញ្ចោរថាឱ្យក្មេងធ្វើជាការបង្ហាត់បង្រៀនកុមារឡើយ ព្រោះអំពើហិង្សាដែលមនុស្សធំធ្វើទៅលើក្មេង មិនបានជួយធ្វើឱ្យអ្វីៗល្អប្រសើរឡើងឡើយ តែវាថែមទាំងធ្វើឱ្យគ្រប់យ៉ាងកាន់តែអាក្រក់ទៅ ក្មេងនឹងរឹតតែតតាំងខ្លាំងឡើង ហើយនឹងរៀនយល់ដឹងថា ការប្រើកម្លាំងបាយជារឿងធម្មតា ដែលគេក៏អាចប្រើកម្លាំងបាយទៅលើអ្នកដទៃបានដូចគ្នាដើម្បីឱ្យបាននូវអ្វីដែលខ្លួនត្រូវការ ព្រោះគេធំធាត់ឡើងមកក្នុងសភាវបែបហ្នឹង ដែលនេះគឺជាបញ្ហាធំមួយនៅពេលអនាគត៕