Category: សុខភាព

  • តើទឹកដាំពុះច្រើនដង “ប្រថុយនឹងរោគា” មែនឬ?

    តើទឹកដាំពុះច្រើនដង “ប្រថុយនឹងរោគា” មែនឬ?

    ផ្ទះអ្នកណាគេដែលនិយមដាំទឹកញ៉ាំ អាចដោយសារតែគ្មានម៉ាស៊ីនចម្រោះទឹក ឬក៏ជឿថា ការដាំទឹកនឹងជួយសម្លាប់មេរោគបាននោះ អាចនឹងមានអារម្មណ៍ភ័យខ្លាចបន្តិចបន្តួច នៅពេលបានឮព័ត៌មានថ្មីមួយថា ទឹកដែលដាំពុះច្រើនៗដង អាចប្រថុយប្រថាននឹងជំងឺផ្សេងៗនោះ។ តើការពិតយ៉ាងណា ទំព័រសុខភាពនៃទស្សនាវដ្តី ឡារ៉ែន មានចម្លើយមកជម្រាបជូន។

    ទឹកដាំពុះច្រើនដង “ប្រថុយនឹងរោគា” មែនឬ?

    អ្នកវិទ្យាសាស្រ្តដែលជំនាញខាងចំណីអាហារ និងថ្នាំ បានបញ្ជាក់ប្រាប់ពីការយកទឹកឆៅពីក្បាលរ៉ូប៊ីណេ(ទឹកម៉ាស៊ីន)មកដាំឱ្យពុះច្រើនៗដងដោយមិនផ្លាស់ទឹកថ្មីនោះដូចតទៅ ៖

    “តាមដែលមានការផ្សព្វផ្សាយព័ត៌មានថា ការយកទឹកចេញពីក្បាលរ៉ូប៊ីណេមកដាំឱ្យពុះច្រើនៗដង ដោយមិនប្ដូរទឹកថ្មីនោះ នឹងធ្វើឱ្យសារធាតុ ស៊ីលវើរណៃត្រេត ក្នុងទឹកម៉ាស៊ីននោះ ក្លាយទៅជាសារធាតុ ស៊ីលវើណៃត្រៃត៍ ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ រឿងនេះមិនមែនជារឿងពិតឡើយ ព្រោះនៅក្នុងទឹកម៉ាស៊ីនគ្មានសារធាតុ ស៊ីលវើរណៃត្រេត នេះទេ ហើយការដាំទឹកឱ្យពុះក៏មិនធ្វើឱ្យសារធាតុ ស៊ីលវើរណៃត្រេត ប្រែទៅជា ស៊ីលវើរណៃត្រៃត៍ ដែរ”។

    តែយ៉ាងណាអ្នកវិទ្យាសាស្រ្តជំនាញបានបញ្ជាក់ថា បើសិនជាចង់ប្រើវិធីដាំទឹកឱ្យពុះមុនយកមកញ៉ាំ ឬចម្អិនអាហារនោះ អ្នកខាងចំណីអាហារ និងថ្នាំ បានណែនាំដូចតទៅនេះ ៖

    “ការប្រើឆ្នាំង ឬកំសៀវដាំទឹកម៉ាស៊ីន បើមានការប្ដូរទឹក(មិនដាំទឹកដែលធ្លាប់ពុះម្ដងហើយ) និងលាងសម្អាតឆ្នាំង ឬកំសៀវជាប់ជាប្រចាំ នឹងធ្វើឱ្យយើងប្រាកដក្នុងចិត្តបានថា នឹងមិនកើតមានការប្រមូលសន្សំកំណកកកររបស់វត្ថុកខ្វក់ដែលអាចនឹងប្រឡូកប្រឡាក់មកនៅក្នុងទឹកនោះបានឡើយ”។

    ដាំទឹកឱ្យពុះច្រើនៗដង មានគ្រោះថ្នាក់ឬទេ?

    ទោះជាមិនបានមានជាតិពុលពី ស៊ីលវើរណៃត្រៃត៍ ក៏ពិតមែន តែការដាំទឹកពុះ រួចទុកចោលរហូតដល់ត្រជាក់ ហើយដាំតទៀតជាច្រើនដង ដូចអ្នកដែលប្រើកំសៀវដាំទឹកដើម្បីឆុងតែ ឬកាហ្វេនោះ វេជ្ជបណ្ឌិតជំនាញបានផ្ដល់ព័ត៌មានថា ៖

    “បើទឹកដែលលោកអ្នកយកមកដាំនោះជាទឹកធម្មជាតិ ដូចជា ទឹកអណ្ដូង ទឹកស្ទឹងទន្លេ ឬទឹកម៉ាស៊ីនដែលមានជាតិអាស៊ីតក្នុងឆ្នាំង ឬកំសៀវលោហៈនោះ បើសិនជាដាំច្រើនៗដង ក៏នឹងរឹតតែធ្វើឱ្យទឹកនោះរម្ងាស់ខ្លាំង និងកើតជាដុំរឹងៗតូចៗតោងជាប់នៅក្នុងកំសៀវ ឬហៅថា កំណកកំបោរធ្លាក់លាយឡំមកក្នុងទឹកច្រើនឡើង រួមទាំង “ទឹករ៉ែ” បែបដែលអ្នកមានលុយចូលចិត្តនាំគ្នាញ៉ាំ ព្រោះគិតថាស្អាតបរិសុទ្ធនោះ ក៏ត្រូវតែប្រយ័ត្នដែរ ព្រោះដាំយូរៗទៅ ក៏នឹងបានកំណកកំបោរដូចគ្នា”

    “ដូច្នេះហើយទើបយើងមិនគួរញ៉ាំទឹកដែលដាំពុះច្រើនដងនោះទេ។ វិធីដែលល្អ គួរដាំទឹកក្នុងម្ដងៗឱ្យល្មមតែសម្រាប់ញ៉ាំបានហើយ និងចាំបាច់ត្រូវចាក់ទឹកចាស់ចោល និងប្ដូរទឹកថ្មីគ្រប់ពេល បើត្រូវការដាំទឹកឱ្យពុះជាថ្មី។ សម្រាប់កំសៀវដាំទឹកដើម្បីឆុងកាហ្វេ ក៏មិនគួរដាក់ចោលនៅលើភ្លើងឱ្យទឹកពុះជាប់រហូតដែរ ព្រោះអាចធ្វើឱ្យសារធាតុកំណកដែករលាយធ្លាក់ចូលមកក្នុងទឹកបាន និងឧស្សាហ៍បើកគម្របកំសៀវមើលផង បើឃើញមានកំណកកំបោរ គួរលាងសម្អាតចេញភ្លាម”៕

  • អ្នកម្ដាយដឹងទេ…មួយម៉ាត់ដំបូងរបស់កូន សំខាន់ខ្លាំងប៉ុនណា?

    អ្នកម្ដាយដឹងទេ…មួយម៉ាត់ដំបូងរបស់កូន សំខាន់ខ្លាំងប៉ុនណា?

    មួយម៉ាត់ដំបូងរបស់កូន គឺជាអ្វីដែលម្ដាយៗផ្ដល់ភាពសំខាន់ និងហាក់ដូចជាពិបាកចិត្ត ដោយបញ្ហាដែលជួបប្រទះញឹកញាប់ក៏គឺ ម្ដាយថ្មោងថ្មីជាច្រើនមិនបានដឹងថា តើនឹងចាប់ផ្ដើមពេលបំបៅទឹកដោះលើកដំបូងយ៉ាងណា? ដូចគ្នានឹងការមិនដឹងថា តើគួរចាប់ផ្ដើមអាហារបន្ថែមដល់កូនតូចនៅពេលណាល្អ?

    ជាធម្មជាតិ ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធបន្ទោបង់របស់ទារកនឹងត្រៀមរួចជាស្រេចសម្រាប់ការញ៉ាំអាហារប្រភេទផ្សេងទៀតក្រៅពីទឹកដោះ។ អ្នកម្ដាយអាចចាប់ផ្ដើម មួយម៉ាត់ដំបូងរបស់កូនបាន នៅពេលកូនតូចអាយុឈានចូលខែទី6 ឬរាងកាយបញ្ជូនសញ្ញាឡើងថា ត្រៀមរួចរាល់ហើយ ដូចតទៅនេះ៖

    -បញ្ឈរបំពង់កឡើងត្រង់បាន ៈ ការដែលកូនតូចសម្លាញ់មានសាច់ដុំករឹងមាំ អាចដកកបញ្ឈរត្រង់បានដោយខ្លួនឯង ជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការស្លាក់អាហារដែលមានភាពរឹងជាងទឹកដោះបានច្រើនជាងក្មេងតូចដែលសាច់ដុំកនៅមិនទាន់រឹងមាំ។

    -បង្ហាញអាការថា ចង់ម៉ាំៗអាហាររបស់ប៉ាម៉ាក់ ៈ ពេលខ្លះកូនអាចនឹងធ្វើមាត់ចឹបៗ ជញ្ជក់អណ្ដាតជុបៗ ពេលឃើញមនុស្សធំញ៉ាំអាហារ។ ចូរសាកល្បងយកកូនស្លាបព្រាតូចៗដួសអាហាររាវ ឬមានសាច់ទន់ៗផុយៗបញ្ចុកឱ្យញ៉ាំ ហើយគ្នាការរុញអាហារចេញមកវិញ។

    -ទម្ងន់ខ្លួនកើនឡើង 2ដងនៃទម្ងន់ខ្លួនពេលកើតដំបូង និងមានអាការឃ្លានម៉ាំញឹកញាប់ ស្រែកទារបៅទឹកដោះញឹកញាប់ឡើង នោះបង្ហាញថា រាងកាយត្រូវការអាហារច្រើនឡើងហើយ។

    មួយម៉ាត់ដំបូងរបស់កូន កំណត់សុខភាពពេញមួយជីវិត

    តើអ្នកម្ដាយទាំងឡាយដឹងទេថា អាហារដែលក្មេងៗញ៉ាំក្នុងអំឡុងរាងកាយកំពុងចម្រើនធំធាត់ ហុចផលដល់សុខភាពទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង មិនថាតែរឿងរបស់គ្រោងសាងរាងកាយ ការតភ្ជាប់គ្រោងបណ្ដាញសរសៃប្រសាទ និងខួរក្បាល រហូតដល់ការបណ្ដុះចរិតនិស្ស័យខាងសុខភាពល្អៗក្នុងការញ៉ាំ ដែលនឹងនៅដិតជាប់ខ្លួនរហូតដល់ធំ។ ដូច្នេះការជ្រើសរើសអាហារពេលដំបូងឱ្យកូនសម្លាញ់ ម្ដាយៗគួរផ្ដល់ភាពសំខាន់ជាមួយសារធាតុអាហារដែលរាងកាយកូនក្នុងវ័យ 6ខែឡើងទៅត្រូវការ ដែលមានដូចជា ប្រូតេអ៊ីន អូមេហ្គា(3 និង6) កាល់ស្យូម សារធាតុដែក កាកសរសៃអាហារ វីតាមីនA និងវីតាមីន C មុនគេបង្អស់ ដោយមានតិចនិកការចាប់ផ្ដើមអាហារបន្ថែមដូចខាងក្រោម ៈ

    1. ចាប់ផ្ដើមម្ដងបន្តិច ៈ ឱ្យកូនតូចញ៉ាំម្ដងបន្តិច ពី 1ស្លាបព្រាកាហ្វេ 1ស្លាបព្រាបាយ 1ថ្ងៃ1ពេល គួបផ្សំនឹងការបៅទឹកដោះម្ដាយ។
    2. ម៉ាំៗម្ដងមួយយ៉ាង ៈ ចាប់ផ្ដើមពីបន្លែ ឬផ្លែឈើ ដើម្បីឱ្យកូនស៊ាំធ្លាប់ជាមួយរសជាតិរបស់បន្លែផ្លែឈើតាំងពីក្មេង និងចាំសង្កេតមើលថា តើកូនមានប្រតិកម្មចាញ់អាហារប្រភេទនោះដែរឬទេ? មុននឹងប្ដូរសន្សឹមៗទៅជាអាហារប្រភេទផ្សេងៗតទៅទៀត។
    3. ចៀសវាងការបន្ថែមរសជាតិ ៈ ដើម្បីការពារកុំឱ្យកូនញៀនរសជាតិផ្អែម ប្រៃ ខ្លាញ់ពីការបន្ថែមរសជាតិ។
    4. ថ្មី ស្អាត មានសុវត្ថិភាព ៈ ព្រោះក្មេងៗនៅទន់ខ្សោយចំពោះការប៉ះពាល់មេរោគបាត់តេរីផ្សេងៗ។ បើជាទឹក ឬសាច់របស់បន្លែផ្លែឈើស្រស់ គួរឱ្យកូនម៉ាំក្នុងរយៈពេល 15នាទី ចំណែកអាហារដែលត្រូវឆ្លងកាត់កម្ដៅ គួរកម្ដៅឱ្យក្ដៅសិនមុននឹងបញ្ចុកគ្រប់ពេល។

    ព្រោះម្ដាយដឹងថា ធម្មជាតិ គឺ អាហារដែលល្អបំផុត

    សារធាតុអាហារពីធម្មជាតិ ជាពិសេស បន្លែ ផ្លែឈើ និងធញ្ញជាតិ ជាសារធាតុអាហារដែលមានភាពបរិសុទ្ធ រឹតតែជារុក្ខជាតិដែលដាំបែបគ្មានសារធាតុពុលផងនោះ រឹតតែល្អចំពោះសុខភាពក្នុងរយៈពេលវែង ព្រោះមានសុវត្ថិភាពពីសារធាតុគីមីផ្សេងៗ ក្រៅពីនេះសារធាតុអាហារពីរុក្ខជាតិនៅមានកាកសរសៃខ្ពស់ដែលល្អចំពោះប្រព័ន្ធបន្ទោបង់របស់កូនតូច ថែមទាំងគ្មានកូលេស្តេរ៉ូល មានសារធាតុអ៊ែនទីអុកស៊ីឌែនត៍ខ្ពស់ និងមានជាតិខ្លាញ់បង្កកខ្លួនទាប។ សារធាតុអាហារដែលគ្រប់គ្រឿងទាំងនេះ នឹងជួយបង្កើនភាពរឹងមាំរបស់រាងកាយ អភិវឌ្ឍប្រព័ន្ធប្រសាទ និងខួរក្បាល៕

  • កម្ពុជារកឃើញករណីវិជ្ជមានជា​មួយ​Covid-19 ចំនួន1នាក់ទៀតដែលជាករណីនាំចូល ខណៈ​ពិភព​លោក​រក​បាន​ជាង​6,000​នាក់​

    កម្ពុជារកឃើញករណីវិជ្ជមានជា​មួយ​Covid-19 ចំនួន1នាក់ទៀតដែលជាករណីនាំចូល ខណៈ​ពិភព​លោក​រក​បាន​ជាង​6,000​នាក់​

    ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី11វិច្ឆិកានេះ បានប្រកាសនៅលើទំព័រ Facebook ថា បានរកឃើញអ្នកផ្ទុកវីរុសCovid-19 ចំនួន1ករណីទៀត ដែលនេះបានកើតឡើងលើស្ត្រីជនជាតិអាមេរិកាំង។

    អ្នកជំងឺដែលមានអាយុ35ឆ្នាំខាងលើ ស្នាក់នៅក្នុងសណ្ឋាគារមួយនាទីក្រុងភ្នំពេញ បន្ទាប់ពីបានធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាងត្បូងមុននឹងមកដល់កម្ពុជានៅថ្ងៃទី4វិច្ឆិកា។ បច្ចុប្បន្ន ស្ត្រីជនជាតិអាមេរិកាំងរូបនេះ កំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅភ្នំពេញ។

    គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុប 301នាក់ ក្នុងនោះមានអ្នកជំងឺចំនួន13នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង 288នាក់បានជាសះស្បើយ។

    ដោយ​ឡែក​ នៅ​ទូទាំង​ពិភពលោក​ គិត​មក​ដល់​បច្ចុប្បន្ន មាន​មនុស្ស​ចំនួន​ 51,802,767នាក់​​បាន​ឆ្លង​វីរុស​Covid-19 ក្នុង​នោះ​មាន​1,279,159​នាក់​បាន​ស្លាប់​ និង​36,390,908​នាក់​បាន​ជា​សះស្បើយ​ ខណៈ​ដែល​ 14,132,700​នាក់​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ពិភព​លោក​បាន​រកឃើញ​ករណីវិជ្ជមាន​ថ្មី​ជាង​6,000​នាក់​៕

  • ខណៈម្ដាយឈឺពោះរង់ចាំប្រសូត តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី?

    ខណៈម្ដាយឈឺពោះរង់ចាំប្រសូត តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី?

    ពេញមួយរយៈពេល 9ខែដែលកូនអណ្ដែតនៅក្នុងទឹកភ្លោះខាងក្នុងផ្ទៃម្ដាយ កូននឹងត្រឡប់បង្វិលខ្លួនទៅមកតាមដែលកូនត្រូវការ ជួនកាលបែរក្បាលទៅផ្នែកខាង ជួនកាលដាក់ក្បាលទៅខាងលើ។ កូននឹងមានអារម្មណ៍ចូលចិត្តខ្លាំងណាស់ដែលបាននៅក្នុងផ្ទៃម្ដាយ ព្រោះនៅក្នុងផ្ទៃម្ដាយកក់ក្ដៅ បង្វិលខ្លួនលេងជុំវិញ និងថែមទាំងមានអារម្មណ៍ថាមានសុវត្ថិភាពទៀតផង។ តែនៅពេលជិតប្រសូត ឬក្នុងអំឡុងពេលខែចុងក្រោយមកដល់ កូននឹងលែងសូវរើច្រើនទៀតហើយ ព្រោះខ្លួនកូនធំពេញពោះម្ដាយ និងថែមទាំងស្ថិតក្នុងឥរិយាបថត្រៀមប្រសូតទៀតផង នោះគឺ សំយុងក្បាលចុះក្រោមហ្នឹងឯង។

    ខណៈម្ដាយឈឺពោះរង់ចាំប្រសូត តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី?

    នៅពេលដល់វេលាដែលម្ដាយឈឺពោះប្រុងប្រសូត…តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី? ឡារ៉ែនចង់ឱ្យអ្នកម្ដាយគ្រប់រូបគិតថា ខណៈដែលអ្នកម្ដាយកំពុងឈឺពោះជិតប្រសូត កូនក៏កំពុងព្យាយាមក្នុងស្ថានភាពរបស់គេដូចគ្នាដែរ នោះគឺ ព្យាយាមរុញខ្លួនឯងចេញមកតាមផ្លូវប្រសូត ដោយសារតែស្បូនបានច្របាច់ខ្លួនដើម្បីឱ្យកូនបានប្រសូតចេញមកក្រៅហ្នឹងឯង។ ការពិតទៅ កូនក៏មានចំណែកធ្វើឱ្យម្ដាយឈឺពោះប្រសូតផងដែរ ព្រោះក្នុងរយៈពេលជិតប្រសូតនេះ កូននឹងបញ្ចេញអ័រម៉ូនម្យ៉ាង ដើម្បីឱ្យអ្នកម្ដាយឈឺពោះឱ្យខ្លាំងបំផុត។ បើអ្នកម្ដាយមិនឈឺចាប់រហូតសឹងតែទ្រាំមិនបានទេនោះ អ្នកម្ដាយនឹងមានអារម្មណ៍ថា កូនព្យាយាមរំកិលខ្លួនធ្លាក់ចុះទាបឆ្ពោះមកដើម្បីត្រៀមប្រសូត តែអ្នកម្ដាយនឹងមានអារម្មណ៍ដូចកូនរំកិលខ្លួនចេញមកជាដំណាក់ៗយ៉ាងថ្នមៗ។

    នៅពេលអ្នកម្ដាយមានអារម្មណ៍ឈឺពោះខ្លាំងឡើង នោះបញ្ជាក់ថា កូនត្រៀមខ្លួនរួចហើយក្នុងការប្រសូតចេញមក ក្បាលរបស់កូននឹងរំកិលសន្សឹមៗចេញមកដើម្បីពង្រីកមាត់ស្បូនឱ្យបើកធំឡើង ហើយក្នុងចន្លោះពេលនេះ ស្បូនក៏នឹងច្របាច់ខ្លួនខ្លាំងឡើងជាដំណាក់ៗដែរ។ អ្នកម្ដាយមិនចាំបាច់ភ័យខ្លាចថា កូននឹងរងការឈឺចាប់នោះទេ ព្រោះនេះគឺជាយន្តការនៃការប្រសូតបែបធម្មជាតិដែលសាងឡើងដើម្បីអ្នកម្ដាយ និងកូនតូចក្នុងផ្ទៃ។

    ទម្រាំតែកូនតូចចេញមកបាន ត្រូវរង់ចាំឱ្យរន្ធស្បូនបើកធំឡើងម្ដងមួយសង់ទីម៉ែត្រ ដែលចំពោះស្រ្តីមានគភ៌កូនដំបូង មាត់ស្បូននឹងបើកឡើងប្រមាណជា 1ម៉ោង 1សង់ទីម៉ែត្រ ដូច្នេះការដែលកូនរំកិលខ្លួនបន្តិចម្ដងៗចេញមកតាមផ្លូវប្រសូតនោះ កូននឹងបានហ្វឹកហាត់ការដកដង្ហើម និងជំរុញឱ្យសួតធ្វើការបានពេញទំហឹង។ ក្មេងៗដែលប្រសូតតាមបែបធម្មជាតិ សួតនឹងរឹងប៉ឹងល្អជាងក្មេងដែលប្រសូតមុនកំណត់ ឬក្មេងដែលប្រសូតដោយការវះកាត់។

    អំឡុងពេលដែលស្រ្តីមានគភ៌ឈឺពោះរង់ចាំប្រសូតនេះ ស្រ្តីមានគភ៌នឹងមានអារម្មណ៍ថា ពេលវេលាហាក់ដូចជាកន្លងទៅយឺត និងការឈឺចាប់ហាក់ដូចជាយូរអង្វែងមែនទែន តែនៅពេលក្បាលរបស់កូនចេញមកផុតផ្លូវប្រសូតហើយ អ្នកម្ដាយនឹងមានអារម្មណ៍ធូរស្បើយ និងនៅពេលកូនប្រសូតចេញមកបានពេញលេញហើយនោះ អ្នកម្ដាយនឹងលែងមានអារម្មណ៍ឈឺចាប់ ហើយនៅពេលអ្នកម្ដាយបានឃើញមុខកូន អ្នកម្ដាយនឹងត្រេកអរ និងភ្លេចក្ដីឈឺចាប់ទាំងនោះអស់តែម្ដង៕

  • ប្រយោជន៍ចំពោះសុខភាព 6ប្រការ ដែលបានពីការដើរទេសចរណ៍កម្សាន្ត

    ប្រយោជន៍ចំពោះសុខភាព 6ប្រការ ដែលបានពីការដើរទេសចរណ៍កម្សាន្ត

    ការធ្វើទេសចរណ៍ដើរលេងកម្សាន្តដើម្បីសម្រាកលម្ហែ មិនមែនត្រឹមផ្ដល់នូវភាពសប្បាយរីករាយដ៏សែនជក់ចិត្តប៉ុណ្ណោះទេ តែនៅហុចផលល្អដល់ទាំងសុខភាពកាយ និងសុខភាពចិត្តរបស់មនុស្សយើងទៀតផង។ មិនថាំតែការទៅទស្សនាទីក្រុងថ្មីៗ ចេញទៅទស្សនាទេសភាពដ៏ស្រស់ត្រកាល ឬទៅស្រូបខ្យល់អាកាសបរិសុទ្ធនៅទីជនបទនោះទេ បើលោកអ្នកមានឱកាសធ្វើរឿងទាំងអស់នេះ នោះគឺហេតុផលដែលលោកអ្នកគួរតែរៀបចំវ៉ាលីសធ្វើដំណើរហើយ។

    1 . ការដើរលេងកម្សាន្តហុចផលល្អដល់បេះដូង

    មិនថាការដើរលេងនៅក្នុងទីក្រុង ឬក្នុងធម្មជាតិនោះទេ កិច្ចការងារនេះនឹងជួយឱ្យលោកអ្នកបានដើរដល់ 10,000ជំហានក្នុងមួយថ្ងៃ ឬប្រមាណ 6.5គីឡូម៉ែត្រ ដែលរាប់បានថា ជាការហាត់ប្រាណកម្រិតមធ្យមដែលល្អបំផុត។

    ការធ្វើទស្សនាចរបែបដើរមើលទេសភាព បូកជាមួយការធ្វើការងារផ្សេងៗទៀតផងនោះ ហុចផលល្អដល់សុខភាពជារួម ជាពិសេសបំផុតចំពោះបេះដូង។

    2 . ការដើរលេងកម្សាន្តជួយឱ្យមានអារម្មណ៍ដូចបានវិលត្រឡប់ទៅវ័យកំលោះក្រមុំម្ដងទៀត

    របាយការណ៍របស់អង្គការ Global Coalition on Aging បានបញ្ជាក់ថា ភាពតានតឹងធុញថប់ ជាបច្ច័យជំរុញឱ្យមនុស្សឆាប់ចាស់ជរា។ ការធ្លាក់ចូលក្នុងសភាវធុញថប់តានតឹងអារម្មណ៍ ប្រៀបដូចជាការដែលយើងចាក់អ័រម៉ូន Cortisol ដែលជាអ័រម៉ូននៃភាពធុញថប់តានតឹងចូលទៅក្នុងរាងកាយរាល់ថ្ងៃ ហុចផលឱ្យប្រព័ន្ធការពារជំងឺចុះទន់ខ្សោយ និងបង្កើនឱកាសដល់ជំងឺដង្កាត់ផ្សេងៗដូច្នោះដែរ។

    យ៉ាងណាក្ដី ការសម្រាកលម្ហែដោយការដើរលេងកម្សាន្តអាចជួយព្យាបាលបញ្ហាសុខភាពទាំងអស់នោះបាន។

    3 . ការដើរលេងកម្សាន្តជួយឱ្យសតិបញ្ញាមុតស្រួច

    ការដើរលេងកម្សាន្តបើកឱកាសឱ្យយើងបានជួបនឹងស្ថានការណ៍ផ្សេងៗដែលជួយជំរុញខួរក្បាលរបស់យើងដូចជា ម្ហូបអាហារ និងបរិស្ថានជុំវិញខ្លួនថ្មីៗ ឬភាសាដែលយើងមិនដែលធ្លាប់ជួប ជាដើម។ របាយការណ៍របស់អង្គការ Global Coalition on Aging បញ្ជាក់ថា ការបានជួបនឹងវប្បធម៌ប្រពៃណីជនបទ និងការបានឃើញទីកន្លែងថ្មីៗ មិនត្រឹមតែធ្វើឱ្យយើងកាន់តែឆ្លាតឡើងនោះទេ តែនៅជួយពន្យារជំងឺខាងខួរក្បាលផ្សេងៗបាន ដូចជា ជំងឺ អាល់ហ្សៃមើរ៍ ជាដើម។

    វេជ្ជបណ្ឌិតជំនាញនៃប្រទេសសហរដ្ឋអាមេរិកបានពោលថា “ការដើរលេងកម្សាន្ត គឺជាឱសថដ៏ល្អឯក” ព្រោះការបានជួបនឹងបទពិសោធ និងបរិស្ថានថ្មីៗ ជួយសំលៀងខួរក្បាលឱ្យមានការគិត និងសតិបញ្ញាមុតស្រួចជាប់ជានិច្ច។ អាចហៅបានថា ជាកិច្ចការងារសំខាន់មួយដែលជួយបង្កើនសុខភាពខួរក្បាល និងធ្វើឱ្យខួរក្បាលមានភាពរហ័សរហួន វាងវៃរហូតមួយជីវិត។

    4 . ការដើរលេងកម្សាន្តជួយជំរុញការគិតបែបចម្រើន

    “បើអ្នកចង់បានគំនិតល្អៗ អ្នកត្រូវឈប់គិតអំពីវា” នេះគឺជាពាក្យណែនាំដែលអាចផ្ទុយនឹងការនឹកឃើញរបស់មនុស្សភាគច្រើន ដែល ចេមស៍ វេបប៍ យ៉័ង អ្នកគ្រប់គ្រងក្រុមហ៊ុនផលិតភាពយន្តពាណិជ្ជកម្មដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកបានសរសេរទុកនៅក្នុងសៀវភៅបង្រៀនអំពីតិចនិកការបង្កើតគំនិតថ្មីៗឈ្មោះ A Technique for Producing Ideas។

    ខណៈពេលជាមួយគ្នា គាត់ក៏មិនបានមានន័យថា កម្លាំងជំរុញចិត្តក្នុងការគិតការងារផលិតភាពយន្តពាណិជ្ជកម្មរបស់គាត់ វាធ្លាក់ចុះមកពីលើមេឃយ៉ាងគួរឱ្យអស្ចារ្យក្នុងចិត្តដែរ។ តែផ្ទុយទៅវិញ គាត់នឹងពិនិត្យពិច័យពាក់ព័ន្ធនឹងការងារនោះជាដំបូង តែចង្វាក់ដែលគាត់ “នឹកឃើញអៃឌៀភ្លែតឡើង” ច្រើនតែកើតឡើងនៅពេលក្រោយ នៅពេលដែលគាត់បង្វែរចំណាប់អារម្មណ៍ទៅធ្វើអ្វីផ្សេង ដូចជាការមើលកុន ជាដើម។

    បច្ចុប្បន្ន អ្នកជំនាញខាងប្រព័ន្ធប្រសាទវិទ្យាបានដឹងហើយថា បរិស្ថានជុំវិញ និងបទពិសោធថ្មីៗ ជួយជំរុញការតភ្ជាប់របស់សរសៃខួរក្បាលថ្មីៗបាន និងជួយបំផុសការគិតឱ្យឈ្លាសវៃជាប់ជានិច្ច។

    5 . ការដើរលេងកម្សាន្តជួយបង្កើនប្រសិទ្ធភាពការធ្វើការងារ

    អាការនឿយហត់ក្នុងការធ្វើការងារ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលគេប្រទះឃើញយ៉ាងច្រើននៅក្នុងកន្លែងធ្វើការ។ បញ្ហានេះមិនបានហុចផលអាក្រក់តែលើនិយោជិតប៉ុណ្ណោះទេ តែវាថែមទាំងជាបន្ទុករបស់ប្រព័ន្ធផ្ដល់សេវាសុខភាពរបស់រដ្ឋ រួមទាំងក្រុមហ៊ុន និងស្ថាប័នទូទាំងពិភពលោកទៀតផង(ដែលកើតការខាតបង់ខាងធុរកិច្ច ពីការដែលបុគ្គលិកសុំឈប់សម្រាក មានបញ្ហាក្នុងការធ្វើការងារ ជាដើម)។

    លោកវេជ្ជបណ្ឌិត ឈិមិ ខាំង អ្នកដឹកនាំការសិក្សាស្រាវជ្រាវរឿង ប្រព័ន្ធប្រសាទវិទ្យាសាស្រ្តនៃសេចក្ដីសុខ និងសុខភាពល្អឥតខ្ចោះ បានបញ្ជាក់ថា ការឱ្យខួរក្បាលបានសម្រាកលម្ហែដើម្បីឱ្យត្រឡប់ទៅរកសភាវការធ្វើការដូចដើមនោះ នឹងជួយលើផ្នែកខាងការគិតកែបញ្ហា និងតភ្ជាប់ការគិតផ្សេងៗឱ្យចូលជាមួយគ្នា។

    6 . ការដើរលេងកម្សាន្តជួយជំរុញការអភិវឌ្ឍខ្លួនឯង

    បើអ្នកស្ថិតក្នុងវ័យកំលោះក្រមុំ និងមានឱកាសបានផ្លាស់ទៅរស់នៅប្រទេសក្រៅ​មួយរយៈនោះ ចូរកុំបណ្ដោយឱ្យឱកាសនោះរបូតផុតពីដៃឱ្យសោះ ព្រោះការងារស្រាវជ្រាវមួយបានចង្អុលបង្ហាញថា បទពិសោធទាំងនោះនឹងហុចផលល្អយ៉ាងខ្លាំងក្នុងការអភិវឌ្ឍខ្លួនឯង។

    លទ្ធផលនៃការសិក្សាស្រាវជ្រាវបានរកឃើញថា និស្សិតដែលបានទៅជួបនឹងជីវិតនៅក្រៅប្រទេស ច្រើនតែមានចំណាប់អារម្មណ៍លើអ្វីៗជុំវិញខ្លួនខ្លាំងជាងអ្នកឯទៀត។ អ្នកដែលត្រឡប់មកពីបរទេស ច្រើនតែមានសញ្ញាថា នឹងមានការគិតដែលបើកទូលាយចំពោះបទពិសោធថ្មីៗ និងភាពនឹងនរខាងអារម្មណ៍។

    អ្នកស្រាវជ្រាវបញ្ជាក់ថា “មនុស្សទាំងនោះ ភាគច្រើនៗតែមានការរិះគិតល្អិតល្អន់ ចិត្តទូលាយ និងមានភាពនឹងនរខាងអារម្មណ៍ច្រើនជាងក្នុងអំឡុងពេលនៃការផ្លាស់ប្ដូរពីយុវជនទៅជាមនុស្សចាស់”។

    ដូច្នេះ មិនថាអ្នកស្ថិតក្នុងវ័យណា ឬចូលចិត្តការដើរលេងកម្សាន្តបែបណាក៏ដោយ គឺសុទ្ធតែនឹងបានទទួលប្រយោជន៍ពីការរកពេលវេលាទំនេរទៅដើរលេងធ្វើទេសចរណ៍កម្សាន្តទាំងអស់ បើមិនច្រើន ក៏តិចដែរ៕

  • កំពូលអាហារ 10យ៉ាង ដែលមានគុណតម្លៃភោជនាហារខ្ពស់សម្រាប់អ្នកមានផ្ទៃពោះ

    កំពូលអាហារ 10យ៉ាង ដែលមានគុណតម្លៃភោជនាហារខ្ពស់សម្រាប់អ្នកមានផ្ទៃពោះ

    ធម្មជាតិរបស់ស្រ្តីមានគភ៌តែងតែទទួលទានអាហារច្រើនដើម្បីបង្កើនកម្លាំងថាមពល និងដើម្បជាសាធាតុអាហារសម្រាប់វិវឌ្ឍនាការរបស់កូនតូចនៅក្នុងផ្ទៃ ដែលអ្នកសិក្សាស្រាវជ្រាវបានណែនាំថា ស្រ្តីមានគភ៌គួរតែបរិភោគឱ្យបានច្រើនឡើងប្រមាណជា 340កាឡូរីក្នុង​ 1ថ្ងៃ។

    ក្នុងអំឡុងត្រីមាសទី2 នឹងកើនឡើងដល់ 450កាឡូរីក្នុង 1ថ្ងៃ រហូតដល់ត្រីមាសទី3 ទើបគ្រប់គ្រាន់។ តែទាំងអស់នេះ គួរតែពិចារណាជ្រើសរើសញ៉ាំអាហារដែលល្អបំផុតចំពោះសុខភាព មានគុណតម្លៃខាងភោជនាហារដែលល្អ ហើយអ្នកស្រាវជ្រាវនៅបានរកឃើញទៀតថា អ្វីដែលស្រ្តីមានគភ៌ញ៉ាំក្នុងអំឡុងពេលតាំងគភ៌នឹងសាងចរិតនិស្ស័យការហូបចុកទៅដល់កូននៅពេលប្រសូតចេញមក ទៀតផង ដូច្នេះហើយទើបចង់បញ្ជាក់ថា គួរតែចៀសវាងភេសជ្ជៈស្រវឹង កាហ្វេ អាហារដែលមានជាតិស្ករខ្ពស់ខ្លាំងជាដើម។

    កំពូលអាហារ 10យ៉ាង ដែលមានគុណតម្លៃភោជនាហារខ្ពស់សម្រាប់អ្នកមានផ្ទៃពោះ មានដូចតទៅ ៈ

    1 . គ្រាប់ល្ពៅ(បង្កើនសារធាតុដែក) ៈ រាងកាយត្រូវការសារធាតុដែកចំនួនច្រើនក្នុងអំឡុងពេលមានគភ៌ ដើម្បីផលិតឈាមដែលដឹកជញ្ជូនសារធាតុអាហារ និងអុកស៊ីហ្ស៊ែនទៅទងសុក ទើបច្រើនតែធ្វើឱ្យកើតសភាវខ្វះសារធាតុដែកនៅលើស្រ្តីមានគភ៌ ដូច្នេះស្រ្តីមានគភ៌ចាំបាច់ត្រូវបន្ថែមសារធាតុដែកឱ្យបានច្រើនជាពិសេសតាំងពីសប្ដាហ៍ទី 20តទៅ។

    2 . យ៉ាអួ(ទឹកដោះគោជូរសម្បូរជាតិកាល់ស្យូម) ៈ កាលស្យូមមិនមែនសំខាន់ត្រឹមតែជាមួយវិវឌ្ឍនាការរបស់កូនតូចប៉ុណ្ណោះទេ តែនៅជួយការពារឆ្អឹងរបស់ស្រ្តីជាម្ដាយទៀតផង។ ដោយសារតែកាល់ស្យូមរបស់ម្ដាយនឹងត្រូវនាំយកទៅប្រើជាមួយទារកក្នុងគភ៌ និងក្រៅពីនេះ ប្រយោជន៍ពីកាល់ស្យូមនៅជួយការពារសភាវគភ៌មានជាតិពុលបានទៀតផង។

    3 . ប្រូតេអ៊ីនសណ្ដែក ៈ ប្រូតេអ៊ីននេះមកពីអាស៊ីតអាមីណូ ដែលពាក់ព័ន្ធជាមួយការកសាងកោសិការបស់រាងកាយរបស់ទារកក្នុងគភ៌ និងខ្លួនអ្នកម្ដាយក្នុងពេលជាមួយគ្នា ដោយប្រូតេអ៊ីននឹងមានតួនាទីសំខាន់ណាស់ក្នុងអំឡុងពេលតាំងគភ៌ត្រីមាសទី2 និងត្រីមាសទី3 ជាអំឡុងពេលដែលទារកធំធាត់លឿនបំផុត។

    4 . ស្ករសូកូឡា(សម្បូរជាតិស័ង្កសី) ៈ Zinc ជាសារធាតុរ៉ែដែលមាននៅក្នុងស្ករសូកូឡា សំខាន់ជាមួយការចម្រើនធំធាត់របស់កោសិកាក្នុងអំឡុងពេលតាំងគភ៌ ក្រៅពីនោះនៅជួយបង្កើនប្រព័ន្ធប្រឆាំងជំងឺ កែសម្រួលប្រព័ន្ធប្រសាទប៉ះពាល់ ដូចជាការដឹងរសជាតិ ក្លិន និងជួយជួសជុលមុខរបួសទៀតផង។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានរកឃើញថា Zinc មានភាពពាក់ព័ន្ធជាមួយទម្ងន់ខ្លួនរបស់ទារកទើបកើតដំបូងដែលទាបជ្រុល និងជួយការពារការប្រសូតមុនពេលកំណត់។

    5 . ម្ទេសក្រហម(សម្បូរវីតាមីន C) ៈ វីតាមីន C នៅក្នុងផ្លែម្ទេសនោះចាំបាច់ជាមួយការចម្រើនធំធាត់ និងការជួសជុលសាច់ភ្នាស ការព្យាបាលស្នាមរបួស និងការផលិតខូឡាជេនដែលធ្វើឱ្យស្បែកមានសុខភាពល្អ ជួយទ្រទ្រង់ប្រព័ន្ធប្រឆាំងជំងឺរបស់រាងកាយ និងប្រឆាំងរ៉ាឌីកាល់សេរីដែលនឹងទៅបំផ្លាញកោសិកា។ ក្រៅពីនេះនៅជួយបឺតយកសារធាតុដែកពីអាហារដែលស្រ្តីជាម្ដាយបានបរិភោគទៀតផង។

    6 . បន្លែផ្ទី(សម្បូរជាតិអាស៊ីតហ្វូលិក) ៈ ក្នុងអំឡុង 3ខែដំបូងរបស់ការតាំងគភ៌ ចាំបាច់ត្រូវប្រើប្រាស់អាស៊ីតហ្វូលិកដើម្បីជួយក្នុងការវិវឌ្ឍនៃប្រព័ន្ធប្រសាទរបស់ទារកប្រមាណជា 400ក្រាមក្នុង 1ថ្ងៃ ដោយវានឹងជួយកាត់បន្ថយភាពប្រថុយប្រថានដែលទារកនឹងប្រសូតចេញមកមានពិការភាពខាងខួរក្បាលដោយសារភាពខុសប្រក្រតីរបស់បំពង់ប្រព័ន្ធប្រសាទ(Meural Tube Defect)។

    7 . សណ្ដែកប្រេស៊ីល(សម្បូរសារធាតុ ស៊ីលីនៀម) ៈ អ្នកស្រាវជ្រាវនៅសហរាជអាណាចក្រ(UK)រកឃើញថា ការបង្កើនកម្រិតសារធាតុ ស៊ីលីនៀមបន្តិចបន្តួចនឹងជួយការពារសភាវគភ៌មានជាតិពុលបាន។ តាមរយៈការស្រាវជ្រាវបានចង្អុលបង្ហាញថា ការដែលបានទទួល ស៊ីលីនៀមគ្រប់គ្រាន់ក្នុងអំឡុងពេលតាំងគភ៌ អាចជួយការពារជំងឺសោកសៅក្រោយពេលប្រសូត( Post-natal Depression)បាន ដោយសារធាតុរ៉ែស៊ីលីនៀមនេះមានច្រើននៅក្នុងគ្រាប់សណ្ដែកប្រេស៊ីល។

    8 . ផ្លែប៊័រ ឬអាវ៉ូខាដូ(សម្បូរជាតិម៉ាញ៉េស្យូម) ៈ ជាតិម៉ាញ៉េស្យូមនៅក្នុងផ្លែប៊័រ ជួយជួសជុលចំណែកដែលសឹករេចរិលរបស់រាងកាយដែលច្រើនតែជួបនឹងសភាវខ្វះខាតយ៉ាងធ្ងន់ធ្ងរខណៈតាំងគភ៌ ដែលនឹងនាំទៅរកសភាវគភ៌មានជាតិពុល និងទារកមានវិវឌ្ឍនាការមិនល្អ។

    9 . សណ្ដែកកូនមាន់(Chickpeas) ៈ សម្បូរវីតាមីន B6 ដែលចាំបាច់ដល់ការអភិវឌ្ឍខួរក្បាល និងប្រព័ន្ធប្រសាទរបស់ក្មេង ដោយការស្រាវជ្រាវបានចង្អុលបង្ហាញថា វានឹងជួយសម្រាលអាការចាញ់កូន ទោះជាមិនដឹងពីហេតុផលពិតប្រាកដក៏ដោយ។

    10 . ត្រីសាឌីន(សម្បូរវីតាមីន D) ៈ ត្រីសាឌីនមានវីតាមីន D ដែលជួយក្នុងកម្មវិធីការបង្កើនកាល់ស្យូមនៅក្នុងឆ្អឹង ដែលបើសិនជាខ្វះវីតាមីន D វានឹងធ្វើឱ្យការបឺតយកកាល់ស្យូមបានមិនគ្រប់គ្រាន់ ដែលនឹងនាំឆ្ពោះទៅរកការកើតជំងឺធ្មេញមិនរឹងមាំ ឆ្អឹងទន់នៅលើទារកបាន៕

  • Heat Stroke រោគដែលកើតក្នុងអំឡុងរដូវក្ដៅ

    Heat Stroke រោគដែលកើតក្នុងអំឡុងរដូវក្ដៅ

    បច្ចុប្បន្នសភាវពិភពលោកឡើងកម្ដៅជាបញ្ហាដែលមនុស្សគ្រប់រូបផ្ដល់ការយកចិត្តទុកដាក់ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ សីតុណ្ហភាពពិភពលោកមានសញ្ញាថានឹងកើនខ្ពស់ឡើងៗជារឿយៗ។ សម្រាប់ប្រទេសយើងវិញ ខណៈនេះសភាពធាតុអាកាសក្ដៅខ្លាំងជាងរាល់ឆ្នាំ ធ្វើឱ្យប្រជាជនមានភាពប្រថុយប្រថានក្នុងការធ្លាក់ខ្លួនឈឺថ្កាត់ដោយជំងឺជាច្រើន ដូចជាជំងឺខាងប្រព័ន្ធរំលាយអាហារ ដែលកើតពីការទទួលទានអាហារ និងទឹកដែលមានមេរោគប្រឡាក់ប្រឡូសញឹកញាប់បំផុត តែជំងឺដែលមានការនិយាយដល់តិចបំផុត តែមានអ្នកកើតញឹកញាប់បំផុតក្នុងរដូវក្ដៅនោះគឺ “ជំងឺ ហ៊ីត ស្រ្តូក” (Heat Stroke)ឬ “ជំងឺខ្យល់គដោយសារកម្ដៅថ្ងៃ”ហ្នឹងឯង។

    អាការរបស់ជំងឺ ហ៊ីត ស្រ្តូក

    ហ៊ីត ស្រ្តូក ជាជំងឺដែលបណ្ដាលមកពីរាងកាយបានទទួលកម្ដៅខ្លាំងជ្រុលពេក រហូតធ្វើឱ្យកម្ដៅក្នុងរាងកាយ(Core Temperature)ខ្ពស់ជាង 40អង្សាC។ អាការជាដំបូង មានដូចជា អស់កម្លាំង នឿយល្វើយ មិនឃ្លានអាហារ ក្អួតចង្អោរ វិតក្កកង្វល់ វិលវល់ សម្ពាធឈាមធ្លាក់ចុះ ងងឹតមុខ និងអាចមានអាការបន្ថែមទៀត ដូចជា សភាវខ្វះជាតិទឹក ដង្ហក់ បេះដូងដើរខុសចង្វាក់ប្រកាច់ លែងដឹងខ្លួន ដែលទាំងអស់នេះ បើមិនបានទទួលការព្យាបាលភ្លាមៗទេនោះ អាចនឹងនាំទៅដល់ការស្លាប់បាត់បង់ជីវិតបាន។

    បុគ្គលដែលមានភាពប្រថុយប្រថានថានឹងកើតជំងឺ ហ៊ីត ស្រ្តូក

    បុគ្គលដែលមានភាពប្រថុយប្រថានថានឹងកើតជំងឺ ហ៊ីត ស្រ្តូក មានដូចជា ទាហានដែលកំពុងហ្វឹកហាត់ដោយមិនបានត្រៀមរាងកាយក្នុងការប្រឈមនឹងសភាពធាតុអាកាសក្ដៅ រួមទាំងបណ្ដាអ្នកកីឡាស្ម័គ្រចិត្ត និងអ្នកដែលធ្វើការងារក្នុងសភាពធាតុអាកាសដែលក្ដៅខ្លាំង(កម្មករសំណង់) មនុស្សចាស់ កូនក្មេង អ្នកមិនបានគេងសម្រាក អ្នកទទួលទានស្រាច្រើន និងអ្នកដែលកើតជំងឺលើសឈាម ជាដើម។

    សញ្ញាសំខាន់ៗរបស់ជំងឺ ហ៊ីត ស្រ្តូក

    សញ្ញាសំខាន់ៗរបស់ជំងឺ ហ៊ីត ស្រ្តូក គឺគ្មានចេញញើស ខ្លួនប្រាណក្ដៅឡើងជារឿយៗ មានអារម្មណ៍ស្រេកទឹកខ្លាំង វិលមុខ ងងឹតមុខ ភាំងៗ ក្អួតចង្អោរ ដង្ហក់ ដែលទាំងអស់នេះមានសភាពខុសប្លែកពីការនឿយហត់ដោយសារកម្ដៅថ្ងៃទូទៅដែលមានញើសចេញមក។ បើមានកើតអាការដូចខាងដើម ត្រូវឈប់ធ្វើការងារភ្លាម និងសម្រាកជាបន្ទាន់។

    បើប្រទះឃើញអ្នកកើតជំងឺខ្យល់គដោយសារកម្ដៅថ្ងៃ(ហ៊ីត ស្រ្តូក) យើងអាចជួយបឋមព្យាបាលបានតាមរយៈ ៖

    • នាំអ្នកដែលកើតអាការនោះចូលក្នុងម្លប់ ដាក់ឱ្យគេងរាប លើកជើងទាំងសងខាងឡើងខ្ពស់ ដោះសម្លៀកបំពាក់ចេញ។
    • យកកន្សែងជ្រលក់ទឹកត្រជាក់ ឬទឹកកកមកដាក់ស្អំតាមខ្លួនប្រាណ ជាពិសេសនៅត្រង់ បំពង់ក ក្លៀក ត្រគាក ក្បាល រួមជាមួយការបើកកង្ហារឱ្យបក់ជួយបំភាយកម្ដៅផង។
    • ចាក់ទឹកត្រជាក់ស្រោចលើខ្លួនប្រាណ ដើម្បីបញ្ចុះសីតុណ្ហភាពរាងកាយឱ្យធ្លាក់ចុះឱ្យបានឆាប់បំផុត ហើយប្រញាប់នាំទៅមន្ទីរពេទ្យ។

    វិធីការពារជំងឺខ្យល់គដោយសារកម្ដៅថ្ងៃ គឺ

    • បើសិនដឹងខ្លួនថា ត្រូវទៅធ្វើការនៅកណ្ដាលសភាពអាកាសដែលក្ដៅ គួរតែត្រៀមខ្លួនដោយការហាត់ប្រាណនៅកណ្ដាលវាលឱ្យបានជាប់លាប់ យ៉ាងហោចណាស់ 1សប្ដាហ៍ 3ដង ម្ដងៗយ៉ាងតិច 30នាទី ដើម្បីឱ្យរាងកាយស៊ាំធ្លាប់ជាមួយសភាពធាតុអាកាសក្ដៅ។
    • ញ៉ាំទឹក 1-2កែវ មុនចេញពីផ្ទះក្នុងថ្ងៃដែលមានធាតុអាកាសក្ដៅខ្លាំង និងបើសិនត្រូវស្ថិតនៅកណ្ដាលសភាពធាតុអាកាសក្ដៅ ឬហាត់ប្រាណកណ្ដាលសភាពអាកាសក្ដៅ គួរញ៉ាំទឹកឱ្យបាន 1ម៉ោង 1លីត្រ។ ទោះជាមិនសូវមានអារម្មណ៍ស្រេកទឹកក៏ដោយ និងទោះជាធ្វើការនៅក្នុងទីម្លប់ក៏ដោយ ក៏គួរតែញ៉ាំទឹកឱ្យបានយ៉ាងតិច 1ថ្ងៃ 6-8កែវដែរ។
    • ស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស្រាលៗ មិនក្រាស់ មានទម្ងន់ស្រាល និងអាចបំភាយកម្ដៅបានល្អ។
    • មុនចេញពីផ្ទះ គួរលាបឡេការពារកម្ដៅថ្ងៃ។
    • ចៀសវាងពីការស្ថិតនៅកណ្ដាលវាល ក្នុងថ្ងៃដែលធាតុអាកាសក្ដៅខ្លាំង។
    • ចៀសវាងការញ៉ាំថ្នាំបំបាត់ប្រតិកម្មចាញ់ ថ្នាំផ្ដាសាយ ជាពិសេសមុនពេលហាត់ប្រាណ ឬស្ថិតនៅកណ្ដាលសភាពធាតុអាកាសក្ដៅរយៈពេលយូរ។
    • ចៀសវាងពីភេសជ្ជៈដែលមានជាតិអាល់កុល និងគ្រឿងញៀនគ្រប់ប្រភេទ។
    • ចំពោះក្មេងតូច និងមនុស្សចាស់ជរា គួរបានទទួលការមើលថែទាំជាពិសេស ត្រូវរៀបចំឱ្យស្ថិតនៅក្នុងបន្ទប់ដែលមានខ្យល់អាកាសចេញចូលល្អ និងកុំបណ្ដោយឱ្យកូនក្មេង និងជនជរាស្ថិតនៅក្នុងរថយន្តដែលបិទជិតតែម្នាក់ឯង៕
  • ចង់ចិញ្ចឹមកូនតូចឱ្យពូកែ 2ភាសា(ឬច្រើនជាងហ្នឹង)ត្រូវធ្វើយ៉ាងណា?

    ចង់ចិញ្ចឹមកូនតូចឱ្យពូកែ 2ភាសា(ឬច្រើនជាងហ្នឹង)ត្រូវធ្វើយ៉ាងណា?

    ឪពុកម្ដាយមួយចំនួនចង់ឱ្យកូនតូចៗពូកែភាសាអង់គ្លេស(ឬភាសាផ្សេងទៀត)មួយទៀត តែក៏នឹកភ័យបារម្ភ(គិតតែខ្លួនឯង)ថា តិចលោនិយាយអង់គ្លេសផង និយាយខ្មែរផង នឹងធ្វើឱ្យកូនវិលវល់យល់ច្រឡំ និងក្លាយជាការក្រចេះនិយាយ ឬមិនយល់ពីភាសា ជាដើម-ល- តែ ឡារ៉ែនសូមឱ្យលោកឪពុកអ្នកម្ដាយទាំងអស់យល់ដឹងជាថ្មីឡើងវិញថា ទារកចាប់ពីពេលកើតដំបូងរហូតដល់អាយុ 3ឆ្នាំនឹងមានការសាងកោសិកាខួរក្បាល និងវិវឌ្ឍនាការផ្នែកខួរក្បាលឆាប់រហ័សណាស់ ដូច្នេះបើយើងចង់បង្ហាត់កូន ក៏ត្រូវតែបង្ហាត់ក្នុងអំឡុងពេលនេះ ព្រោះនឹងងាយស្រួលបង្ហាត់ និងឆាប់មើលឃើញលទ្ធផលបំផុត។

    តើកូនស្រីប្រើប្រាស់ភាសាបានល្អជាងកូនប្រុសមែនឬ?

    ជាទូទៅ ក្មេងស្រីនឹងប្រើប្រាស់ភាសាបានល្អ និងចំណានជាងក្មេងប្រុស(បើប្រៀបធៀបអាយុប៉ុនគ្នា) ដោយសារតែថា ខួរក្បាលផ្នែកឆ្វេង(ដែលមានតួនាទីគ្រប់គ្រងលើការប្រើភាសា)របស់ក្មេងស្រីនឹងចាប់ផ្ដើមធ្វើការបានលឿនជាងក្មេងប្រុស ធ្វើឱ្យកូនស្រីច្រើនតែនិយាយបានលឿនជាងកូនប្រុស តែទាំងអស់នេះមិនមែនមានន័យថា យើងនឹងមិនអាចចិញ្ចឹមកូនប្រុសឱ្យពូកែ 2ភាសា(ឬច្រើនជាងហ្នឹង)បាននោះឡើយ គ្រាន់តែឪពុកម្ដាយត្រូវយល់ដឹងលើផ្នែកនេះផងតែប៉ុណ្ណោះ។

    ចិញ្ចឹមកូនឱ្យពូកែ 2ភាសា(ឬច្រើនជាងហ្នឹង) ឪពុកម្ដាយត្រូវធ្វើយ៉ាងណា?

    នៅពេលឪពុកម្ដាយតាំងចិត្តឱ្យកូនពូកែ 2ភាសា(ឬច្រើនជាងនោះ)ហើយ គួរតែចាប់ផ្ដើមភ្លាមតែម្ដង ដោយចាប់ផ្ដើមតាំងពីអំឡុងពេលកើតដំបូងរហូតដល់អាយុ 3ឆ្នាំ ដោយឪពុក និងម្ដាយគួរតែឯកភាពគ្នាជាមុនសិនថា នឹងឱ្យអ្នកណានិយាយភាសាមួយណា ដូចជាឪពុកនិយាយភាសាខ្មែរ ម្ដាយនិយាយភាសាអង់គ្លេសជាដើម។ ពេលចិញ្ចឹមកូនក៏គួរតែនិយាយជាមួយកូនតាមភាសាដែលខ្លួនឯងបានឯកភាពគ្នារួចហើយនោះ។ បន្ទាប់ពីនោះ គួរត្រៀមវត្ថុផ្សេងៗដែលបង្ហាញពី 2ភាសា ដូចជាសៀវភៅដែលនឹងអានឱ្យកូនស្ដាប់ របស់លេងផ្សេងៗដែលមានទាំងអក្សរខ្មែរ និងអង់គ្លេសជាដើម។ល។ ការរស់នៅបច្ចុប្បន្នក៏នៅតែដំណើការទៅមុខ តែរឿងដែលសំខាន់បំផុតនោះគឺ ការជជែកនិយាយជាមួយកូនដោយភាសាដែលបានឯកភាពគ្នានោះ ឪពុកម្ដាយមិនគួរនឹកកង្វល់ថា តើកូននឹងយល់ពីអ្វីដែលខ្លួនឯងកំពុងទំនាក់ទំនងជាមួយកូនឬក៏អត់?នោះទេ តែរឿងដែលគួរផ្ដល់ភាពសំខាន់នោះគឺ ភាពច្បាស់លាស់របស់ពាក្យ និងសំនៀងសូរស័ព្ទដែលនិយាយចេញទៅ ព្រោះកូននឹងចងចាំពីអ្វីដែលគេបានឮនោះឯង។

    ការចង់ជំរុញឱ្យកូនមានជំនាញផ្នែកភាសា មិនមែនត្រឹមតែការចាក់បទចម្រៀង ឬខ្សែភាពយន្តភាសាអង់គ្លេសឱ្យកូនមើលនោះទេ តែអ្វីដែលបានផលល្អខ្លាំងជាងគឺ ការជជែកនិយាយ ការឆ្លើយឆ្លងទៅមកផ្សេងៗ ព្រោះជាការទំនាក់ទំនងបែប 2ផ្លូវ។ ក្មេងនឹងអាចរៀនយល់ដឹង និងអភិវឌ្ឍជំនាញផ្នែកភាសាបានលឿនជាងការទំនាក់ទំនងតែមួយផ្លូវ(ស្ដាប់បទចម្រៀង មើលកុន អាចរាប់បានថាជាការទំនាក់ទំនងតែមួយផ្លូវ)។

    ការនឹងចិញ្ចឹមកូនឱ្យពូកែច្រើនភាសា ឪពុកម្ដាយត្រូវប្រើភាពអត់ធន់ខ្ពស់បន្តិច ព្រោះថា បើឪពុកម្ដាយមិនមែនជាម្ចាស់ភាសានោះពិតប្រាកដ(ជនបរទេស) ដូចជា ឪពុកម្ដាយជាជនជាតិខ្មែរទាំងពីរនាក់ តែមានម្នាក់ត្រូវនិយាយភាសាបរទេសនោះ គឺអាចជារឿងមួយដែលទាមទារឱ្យទាំងពីរនាក់អត់ធន់គួរសមដែរ៕

  • វ៉ាក់សាំង Covid-19 របស់ Pfizer មានប្រសិទ្ធភាព90% និងអាចប្រើប្រាស់នៅពាក់កណ្ដាលដើមឆ្នាំក្រោយ

    វ៉ាក់សាំង Covid-19 របស់ Pfizer មានប្រសិទ្ធភាព90% និងអាចប្រើប្រាស់នៅពាក់កណ្ដាលដើមឆ្នាំក្រោយ

    ជាមួយនឹងប្រសិទ្ធភាពទប់ស្កាត់ឡើងដល់90% បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទីពីរបាន1សប្ដាហ៍ វ៉ាក់សាំងរបស់ Pfizer បាននាំមកនូវក្ដីសង្ឃឹមថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសCovid-19។

    ការប្រកាសព័ត៌មានកាលពីថ្ងៃទី9វិច្ឆិការបស់ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូ BioNTech បានឱ្យដឹងថា នេះគឺជា “ថ្ងៃមួយដ៏អស្ចារ្យរបស់វិទ្យាសាស្ត្រ និងមនុស្សជាតិ”។

    94នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តជាង43,500នាក់ ដែលបានចូលរួមក្នុងការពិសោធវ៉ាក់សាំងដំណាក់កាលទីបី ត្រូវបានចែកជា2ក្រុម៖ ចាក់វ៉ាក់សាំង និងប្រើថ្នាំ placebo (ថ្នាំដែលមិនមែនជាថ្នាំ)។ ក្រុមអ្នកជំនាញមកពីគណៈកម្មការតាមដានទិន្នន័យ ដែលមិនស្ថិតក្នុងក្រុមស្រាវជ្រាវ ធ្វើការវិភាគទៅលើលទ្ធផលដែលទទួលបាន។

    វ៉ាក់សាំងមានប្រសិទ្ធភាពទប់ស្កាត់វីរុសដល់ទៅ90% ក្នុងចំណោមអ្នកស្ម័គ្រចិត្តចូលរួមក្នុងការពិសោធ។ ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ បានកើតឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងលើកទីពីរ។ និយាយរួម វ៉ាក់សាំងរបស់ Pfizer ចាប់ផ្ដើមការពាររាងកាយមនុស្សក្រោយរយៈពេល28ថ្ងៃបន្ទាប់ពីបានចាក់វ៉ាក់សាំងលើកទីមួយ។

    លទ្ធផលចុងក្រោយស្ដីអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer អាចផ្លាស់ប្ដូរ នៅពេលក្រុមអ្នកវិទ្យាសាស្ត្របន្តប្រមូលបានទិន្នន័យថ្មីៗនាពេលខាងមុខ។

    ប្រធាន និងជានាយកប្រតិបត្តិរបស់ Pfizer បណ្ឌិត Albert Bourla អះអាងថា៖ “ខ្ញុំគិតថា ចុងក្រោយយើងក៏បានមើលឃើញពន្លឺនៅខាងចុងផ្លូវរូង។ សន្និដ្ឋានដំបូងពីការពិសោធវ៉ាក់សាំងប្រឆាំងCovid-19 ដំណាក់កាលទីបី បាននាំមកនូវភ័ស្ដុតាងដំបូងបង្ហាញអំពីលទ្ធភាពទប់ស្កាត់Covid-19 របស់វ៉ាក់សាំង Pfizer”។

    យោងតាម Bourla វ៉ាក់សាំង Pfizer កំពុងតែឆ្ពោះទៅកាន់ដំណាក់កាលសំខាន់នៅក្នុងកម្មវិធីអភិវឌ្ឍវ៉ាក់សាំង ក្នុងគ្រាដែលពិភពលោកកំពុងត្រូវការវ៉ាក់សាំងជាទីបំផុត។ ជាមួយនឹងអត្រាប្រសិទ្ធភាពជាង90% មនុស្សជាតិកំពុងតែធ្វើដំណើរជិតដល់ដំណាក់កាលដែលត្រូវបញ្ចប់វិបត្តិសុខភាពនៅទូទាំងពិភពលោក។

    William Gruber ដែលជាអនុប្រធានជាន់ខ្ពស់ គ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងរបស់ Pfizer យល់ថា លទ្ធផលនេះគឺជា “ដំណឹងល្អបំផុតសម្រាប់ពិភពលោក ក៏ដូចជាសហរដ្ឋអាមេរិក និងវិស័យសុខាភិបាលសាធារណៈ” ដែលនេះបានលើសពីប្រការល្អបំផុតដែលលោកធ្លាប់បានសង្ឃឹម។

    នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BioNTech លោក Ugur Sahin ឱ្យដឹងថា “វីរុស Covid-19 នឹងត្រូវបានគ្រប់គ្រង។ នេះគឺជាជ័យជំនះរបស់ក្រុមអ្នកវិទ្យាសាស្ត្រ”។

    ភាគីខាង Pfizer និង BioNTech បានបញ្ជាក់ថា 42% នៃអ្នកស្ម័គ្រចិត្តនៅក្នុងការពិសោធរបស់ពួកគេនៅទូទាំងពិភពលោករបស់ គឺជាការពិសោធចម្រុះជាតិសាសន៍ ហើយមិនទាន់មានបញ្ហាធ្ងន់ធ្ងរណាមួយត្រូវបានរាយការណ៍នៅឡើយ។

    វ៉ាក់សាំងCovid-19 របស់ Pfizer ប្រើប្រាស់បច្ចេកវិទ្យាវត្ថុតំណពូជ ដែលប្រើ Messenger RNA (mRNA) ផ្ដល់ព័ត៌មាន និង “ណែនាំ” ឱ្យប្រព័ន្ធការពាររបស់រាងកាយ ប្រតិកម្មប្រឆាំងនឹងមេរោគ។

    ក្រុមហ៊ុនឱសថខាងលើកំពុងតែរៀបគម្រោងដាក់ពាក្យសុំលិខិតអនុញ្ញាតក្នុងការប្រើប្រាស់វ៉ាក់សាំងនេះជាបន្ទាន់ នៅពេលបានប្រមូលទិន្នន័យគ្រប់គ្រាន់នៅក្នុងសប្ដាហ៍ទីបីនៃខែវិច្ឆិកានេះ។

    តាមគម្រោង Pfizer និង BioNTech នឹងផលិតវ៉ាក់សាំងនេះចំនួន50លានអំពូលនៅក្នុងឆ្នាំ2020 និង1.3ពាន់លានអំពូលនៅក្នុងឆ្នាំ2021។

    ក្រុមមន្ត្រី និងក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកសង្ឃឹមថា វ៉ាក់សាំងនេះអាចត្រូវបានចែកចាយចាប់ពីពាក់​កណ្ដាល​ដើម​ឆ្នាំ​2021​ខាង​មុខ។ បើសិនជាគ្រប់យ៉ាងដំណើរការរលូនទៅតាមផែនការ វ៉ាក់សាំងរបស់ Pfizer និងក្លាយជាវ៉ាក់សាំងដែលចំណាយពេលខ្លីបំផុតនៅក្នុងការផលិត (12-18ខែ បន្ទាប់ពីCovid-19 ត្រូវបានរកឃើញដំបូងនៅប្រទេសចិន)។ រហូតមកដល់បច្ចុប្បន្ន វ៉ាក់សាំងប្រឆាំងនឹងជំងឺស្រឡទែន Mumps គឺជាវ៉ាក់សាំងដែលប្រើប្រាស់ពេលវេលាអភិវឌ្ឍលឿនបំផុត ដែលត្រូវបានផ្ដល់ការអនុញ្ញាតឱ្យប្រើប្រាស់កាលពីឆ្នាំ1967 បន្ទាប់ពីបានសិក្សាស្រាវជ្រាវអស់រយៈពេល4ឆ្នាំ។

    មកទល់នឹងបច្ចុប្បន្ន ពិភពលោកបានរកឃើញវ៉ាក់សាំងប្រឆាំងCovid-19 ចំនួន11ប្រភេទ ដែលបានឈាន​ដល់​ការ​សាក​ល្បង​ដំណាក់​កាល​ទីបី ខណៈដែលវ៉ាក់សាំងចំនួន43ប្រភេទផ្សេងទៀតកំពុងស្ថិតក្នុងដំណាក់កាលទីមួយ និងទីពីរ។ បណ្ដាវ៉ាក់សាំងដែលត្រូវបានគេវាយតម្លៃថា មានសក្ដានុពលបំផុត គឺជាវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស និងចិន ដែលត្រូវបានអភិវឌ្ឍដោយប្រើបច្ចេកវិទ្យាចំនួនបីប្រភេទ គឺបច្ចេកវិទ្យា virus vector បច្ចេកវិទ្យា inactivated virus និងបច្ចេកវិទ្យាហ្សែន (genetic technology)។

    គិតមកដល់ពេលនេះ វីរុសCovid-19 បានសម្លាប់មនុស្សជាង 1.269.000នាក់ ក្នុងចំណោមអ្នកជំងឺជាង 51,239,000នាក់នៅទូទាំងពិភពលោក៕

    ប្រភព៖ Bloomberg/Worldometers/CNBC

  • 6វិធី កាពារខ្លួនឯងពីការតាំងគភ៌ក្រៅស្បូន…

    6វិធី កាពារខ្លួនឯងពីការតាំងគភ៌ក្រៅស្បូន…

    ការតាំងឮគភ៌ក្រៅស្បូន ឬមានកូនក្រៅស្បូនមានគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃខ្លាំងណាស់ និងឱកាសស្លាប់បាត់បង់ជីវិតមានខ្ពស់ ព្រោះសភាពជុំវិញខ្លួននៅក្នុងផ្នែករបស់ដៃស្បូន ឬប្រអប់ពោះមិនស័ក្តិសមសម្រាប់ទារកយ៉ាងប្រាកដ។ ភាគច្រើន ទារកមានឱកាសស្លាប់បាត់បង់ជីវិតតាំងពីត្រីមាសទី2 ម្ល៉េះ បើម្ដាយមិនយកចិត្តទុកដាក់ ក៏នឹងមិនដឹងថា ខ្លួនឯងមានគភ៌ដែរ។

    ការការពារ និងថែទាំខ្លួនពីសភាវតាំងគភ៌ក្រៅស្បូន

    1. មិនមានដៃគូរួមភេទច្រើន រួមទាំងការមានភេទសម្ព័ន្ធដោយសុវត្ថិភាពដោយការប្រើស្រោមអនាម័យដើម្បីជាការជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការឆ្លងរោគតាមការមានភេទសម្ព័ន្ធ(នៅពេលមិនបានត្រៀមខ្លួនក្នុងការមានបុត្រ)។
    2. បើកើតជំងឺរលាកបំពង់បញ្ជូនស៊ុត ឬប្រអប់ឆ្អឹងត្រគាក គួរទៅជួបគ្រូពេទ្យជំនាញ និងព្យាបាលឱ្យជាដាច់។ មិនគួរទិញថ្នាំមកទទួលទានដោយខ្លួនឯងទេ ព្រោះអាចកើតការឆ្លងមេរោគរ៉ាំរ៉ៃ និងធ្វើឱ្យកើតស្បែកភ្នាសស្ដើងៗជាច្រើននៅក្នុងប្រអប់ឆ្អឹងត្រគាក។
    3. ពិនិត្យសុខភាពយ៉ាងជាប់លាប់ បើរកឃើញថា មានឆ្លងមេរោគខាងភេទសម្ព័ន្ធ ចូរប្រញាប់ព្យាបាលភ្លាមៗកុំបង្អង់យូរ។
    4. ហាត់ប្រាណជាប់ជានិច្ច ដើម្បីឱ្យរាងកាយរឹងប៉ឹង។
    5. មិនគួរញ៉ាំស្រា និងជក់បារីឡើយ។
    6. មើលថែទាំសុខភាពឱ្យរឹងប៉ឹងជាប់ជានិច្ច។

    ការព្យាបាលនៅពេលកើតការតាំងគភ៌ក្រៅស្បូន

    ព្យាបាលដោយថ្នាំ ដែលបច្ចុប្បន្នការព្យាបាលដោយថ្នាំនេះបានកើនឡើងជារឿយៗ អាចប្រើបានក្នុងករណីដែលអ្នកជំងឺនៅមិនទាន់មានការបែករបស់បំពង់ទម្លាក់ស៊ុត ឬបែកបន្តិចបន្តួច និងឈាមធ្លាក់មកតិចតួច ឬបាត់ទៅវិញ និងការព្យាបាលដោយការវះកាត់ គឺជាវិធីព្យាបាលដែលត្រូវចំចំណុចបំផុត។

    បើអ្នកធ្លាប់តាំងគភ៌ក្រៅស្បូនហើយ បើមិនធ្វើការព្យាបាលដោយបកស្បែកភ្នាសស្ដើងៗទាំងនោះចេញ ឬព្យាបាលដោយការវះកាត់ទេនោះ ឱកាសប្រថុយក្នុងការតាំងគភ៌ក្រៅស្បូនក៏នឹងកើតឡើងម្ដងទៀតបាន៕