Category: សុខភាព

  • ជំងឺផ្លូវចិត្ត ឬជំងឺសោកសៅ(Depression Disorder)

    ជំងឺផ្លូវចិត្ត ឬជំងឺសោកសៅ(Depression Disorder)

    នរណាដែលមិនធ្លាប់សោកសៅខ្លះ? ប្រហែលជាគ្មានទេ ព្រោះអារម្មណ៍សោកសៅជាអារម្មណ៍ដែលមាននៅក្នុងខ្លួនមនុស្សគ្រប់រូប និងក្នុងមួយថ្ងៃៗកម្រិតរបស់អារម្មណ៍ក៏មានឡើង មានចុះ និងមានច្រើនបែប ផ្លាស់ប្ដូរគ្រប់ពេលវេលាតាមរឿងរ៉ាវដែលចូលមកប៉ះពាល់អារម្មណ៍ និងការដឹងឮរបស់មនុស្សម្នាក់ៗ។

    សោកសៅគឺជាអ្វី?

    “សោកសៅ” ខាងវេជ្ជសាស្រ្តហៅថា Clinical Depression មានន័យពីសភាវសោកសៅដែលមានខ្លាំងជាងអារម្មណ៍កម្សត់ ជាសភាវម្យ៉ាងដែលប្រទះឃើញនៅក្នុងជំងឺផ្លូវចិត្តជាច្រើន ជាពិសេសជំងឺខាងអារម្មណ៍ ជំងឺសោកសៅ ជំងឺ Bipolar Disorder និងសារធាតុថ្នាំមួយចំនួនក៏អាចធ្វើឱ្យកើតអាការសោកសៅយ៉ាងធ្ងន់ធ្ងរបានដែរ។

    មូលហេតុនៃជំងឺសោកសៅ

    ជំងឺសោកសៅ អាចរាប់បានថាជាជំងឺខាងផ្នែកផ្លូវចិត្តដែលប្រទះឃើញច្រើនក្នុងលំដាប់មុខៗគេរបស់ពិភពលោក បណ្ដាលមកពីមូលហេតុចម្បងៗ 2យ៉ាងគឺ បច្ច័យខាងសរីរៈ ឬពូជអម្បូរ និងបច្ច័យផ្នែកផ្លូវចិត្ត ឬបរិស្ថានជុំវិញ។

    បច្ច័យខាងសរីរៈ ឬពូជអម្បូរ ដោយសារតែមានការប្រែប្រួលរបស់សារធាតុទំនាក់ទំនងប្រព័ន្ធប្រសាទក្នុងខួរក្បាល ឬភាពច្រឡំបល់របស់កម្រិតអ័រម៉ូនដែលសំខាន់។

    ចំណែកបច្ច័យផ្នែកផ្លូវចិត្ត ឬបរិស្ថានជុំវិញដែលហៅថាបច្ច័យខាងអារម្មណ៍ ជាលទ្ធផលបណ្ដាលមកពីស្ថានការណ៍ភាពតានតឹងខាងអារម្មណ៍ ដូចជា បើជាសភាវសោកសៅក្នុងវ័យកុមារ អាចមានមូលហេតុពីភាពតានតឹងក្នុងគ្រួសារ ហេតុការណ៍រំជួលចិត្តយ៉ាងធ្ងន់ធ្ងរ សភាវសោកសៅក្នុងជំងឺសរសៃប្រសាទ ដែលអាចរកឃើញតម្រុយថា ត្រូវបានកៀបសង្កត់យ៉ាងខ្លាំងក្លាកាលនៅក្មេង ហើយផ្ទុះចេញមកក្នុងអំឡុងជីវិតនៅពេលក្រោយៗ។ សភាវសោកសៅព្រោះតែភាពចាស់ជរា មានជីវិតឯកោ និងសភាវរំជួលចិត្តក្រោយចូលនិវត្តន៍(បាត់បង់គុណតម្លៃលើខ្លួនឯង អត់ការងារធ្វើ មានអារម្មណ៍ថា គ្មានសមត្ថភាព)ជាដើម។

    សង្កេតអាការ

    នៅពេលមនុស្សក្នុងក្រុមគ្រួសារ ឬអ្នកជិតដិតណាម្នាក់ហាក់ដូចជាសោកសៅ គោលការណ៍សង្កេតងាយៗ គឺសង្កេតមើលទង្វើដូចតទៅនេះ៖

    1. ទង្វើដែលកើតពីការផ្លាស់ប្ដូរខាងការគិត គឺច្រើនតែមានការគិតទៅខាង Negative Thinking ឬការគិតដែលអវិជ្ជមានគ្រប់ពេលវេលា។ ច្រើនតែមានអារម្មណ៍អស់សង្ឃឹម មើលឃើញជុំវិញខ្លួនសុទ្ធរឿងអាក្រក់ មានអារម្មណ៍ថាខុស ថាខ្លួនឯងគ្មានតម្លៃ គ្មានន័យ និងគិតថាគ្មានថ្នាំព្យាបាលឱ្យជា ទីបំផុតក៏គិតចង់បំផ្លាញខ្លួនឯង នឹកឃើញតែរឿងស្លាប់ និងព្យាយាមសម្លាប់ខ្លួន។
    2. ទង្វើដែលកើតចេញពីការប្រែប្រួលខាងការរៀនយល់ដឹង ឬការធ្វើការងារ មិនខ្វល់នឹងអ្វីៗជុំវិញខ្លួន មានអារម្មណ៍នឿយល្វើយ ធ្វើការងារយឺតយ៉ាវ ការងារចុះខ្សោយ គ្មានសមាធិ ការចងចាំចុះខ្សោយ ការសម្រេចចិត្តក៏យ៉ាប់យ៉ឺន។
    3. ទង្វើដែលកើតចេញពីផ្លាស់ប្ដូរខាងអារម្មណ៍ គឺច្រើនតែមានអារម្មណ៍សោកសៅ កង្វល់គ្រប់ពេលវេលា ច្រើនតែមួម៉ៅឆេវឆាវ ឆាប់ខឹង នៅមិនសុខ រសាប់រសល់ ជាដើម។
    4. ទង្វើដែលប្រែប្រួលយ៉ាងមើលឃើញច្បាស់ ដូចជា គេងមិនលក់ ឆាប់ភ្ញាក់ ឬអ្នកខ្លះគេងលក់ខ្លាំងជ្រុលពេក អ្នកខ្លះធុញទ្រាន់ចំណីអាហារ ធ្វើឱ្យស្រកទម្ងន់។ មានអាការខាងរាងកាយ ព្យាបាលដោយថ្នាំធម្មតាមិនបាត់ ដូចជា អាការឈឺក្បាល ណែនក្នុងពោះ ឈឺរ៉ាំរ៉ៃ សម្ព័ន្ធភាពជាមួយអ្នកដទៃកាន់តែមិនល្អ។

    ការមើលថែទាំខ្លួនឯងពេលកើតជំងឺសោកសៅ

    1. កុំតាំងគោលដៅក្នុងការធ្វើការងារ កុំប្រតិបត្តិខ្លួនដែលធ្វើឱ្យលំបាកខ្លាំងជ្រុល ឬទទួលខុសត្រូវច្រើនជ្រុល។
    2. ញែកបំបែកបញ្ហាធំៗឱ្យទៅជាផ្នែកតូចៗ ព្រមទាំងចាត់រៀងតាមលំដាប់ភាពសំខាន់មុនក្រោយ និងចាប់ផ្ដើមធ្វើតាមដែលអាចធ្វើទៅបាន។
    3. ព្យាយាមធ្វើកិច្ចការងារផ្សេងៗរួមជាមួយបុគ្គលដទៃ ប្រសើរជាងនៅតែម្នាក់ឯង។
    4. ជ្រើសរើសធ្វើកិច្ចការងារណាដែលសាងនូវអារម្មណ៍ល្អៗ ឬជក់ចិត្ត និងមិនធ្ងន់ធ្ងរខ្លាំងពេក ដូចជា មើលកុន ហាត់ប្រាណស្រាលៗ និងការចូលរួមធ្វើកិច្ចការងារក្នុងសង្គម ជាដើម។
    5. កុំសម្រេចចិត្តក្នុងរឿងដែលសំខាន់ចំពោះជីវិតច្រើនពេក ដូចជា ការសុំឈប់ពីការងារ ការរៀបការ ឬការលែងលះ ដោយមិនបានប្រឹក្សាជាមួយជិតដិតដែលស្គាល់គ្នាច្បាស់ និងត្រូវតែបុគ្គលដែលអាចពិចារណាហេតុការណ៍នោះយ៉ាងទៀងត្រង់ មានភាពជាកណ្ដាល និងប្រាសចាកការអគតិដែលកើតពីអារម្មណ៍មកបិទបាំង។ បើអាចទៅរួច និងល្អបំផុតនោះគឺ លើកពេលសម្រេចចិត្តទៅថ្ងៃក្រោយ រហូតទាល់តែសភាវសោកសៅរលាយបាត់ ឬល្អប្រសើរឡើងច្រើនហើយ។
    6. មិនគួរទិតៀន ឬដាក់ទោសខ្លួនឯងដែលមិនអាចធ្វើបានដូចដែលត្រូវការ ព្រោះមិនមែនជាកំហុសរបស់ខ្លួនឯងទេ និងគួរធ្វើតាមដែលខ្លួនឯងអាចធ្វើបាន។

    ការមើលថែទាំអ្នកកើតជំងឺសោកសៅ

    1. យល់ចិត្ត ៈ ការយល់ដឹងពីជំងឺដែលអ្នកជំងឺកំពុងជួបប្រទះ អាចជួយឱ្យសាច់ញាតិកាត់បន្ថយសេចក្ដីរំពឹង ភាពមួម៉ៅក្ដៅក្រហាយ និងភាពទើសទាល់ក្នុងចិត្តចំពោះអ្នកជំងឺបាន។
    2. ទទួលស្ដាប់ ៈ ការស្ដាប់អ្នកជំងឺដោយការយល់ចិត្ត យកចិត្តទុកដាក់ និងមិនប្រកាន់ នឹងជួយឱ្យអារម្មណ៍របស់អ្នកជំងឺល្អប្រសើរឡើង។
    3. ទម្លាយអារម្មណ៍ ៈ នៅពេលអ្នកជំងឺបានទម្លាយគំនិត និងអារម្មណ៍ដែលមិនល្អផ្សេងៗចេញមក ជាពិសេសគំនិតចង់ធ្វើអត្ថឃាតនោះ នឹងជួយបន្ធូរបន្ថយភាពធុញថប់តានតឹងនៅក្នុងចិត្តបាន។
    4. ហាត់ប្រាណ ៈ ការហាត់ប្រាណ ជួយឱ្យរាងកាយរបស់អ្នកជំងឺរឹងមាំ ចិត្តគំនិតស្រស់ថ្លា។ បើសិនបានហាត់ប្រាណរួមជាមួយអ្នកដទៃផងនោះ នឹងរឹតតែជួយបង្កើនការចូលក្នុងសង្គមមនុស្ស និងមិនមានអារម្មណ៍ថាឯកោ។
    5. ផ្លាស់ប្ដូរបរិយាកាស ៈ គួរនាំអ្នកជំងឺទៅដើរកម្សាន្តដើម្បីផ្លាស់ប្ដូរបរិយាកាស នឹងជួយឱ្យចិត្តគំនិតរបស់អ្នកជំងឺស្រស់ថ្លាឡើងមួយកម្រិតដែរ។
    6. ការពារការធ្វើបាបខ្លួនឯង ៈ សាច់ញាតិត្រូវប្រយ័ត្នអ្នកជំងឺធ្វើបាបខ្លួនឯង ដោយត្រូវប្រមូលទុកដាក់ឧបករណ៍ដែលអ្នកជំងឺអាចយកមកធ្វើបាបខ្លួនឯងឱ្យនៅឆ្ងាយពីអ្នកជំងឺ។
    7. សង្កេតមើលអាការ ៈ ឧស្សាហ៍សង្កេតមើលអាការអ្នកជំងឺថា តើមានរឿងសោកសៅ ធុញថប់ ឬគិតប្រុងធ្វើបាបខ្លួនឯងដែរឬទេ? បើនិយាយណែនាំហើយមិនល្អប្រសើរឡើងនោះ គួរប្រញាប់នាំទៅជួបគ្រូពេទ្យដើម្បីប្រឹក្សាពីអាការ។
    8. មើលថែទាំកិច្ចការងារប្រចាំថ្ងៃ តាមដានការញ៉ាំថ្នាំ ៈ សាច់ញាតិគួរជួយមើលថែទាំកិច្ចការងារប្រចាំថ្ងៃរបស់អ្នកជំងឺ ដូចជា ញ៉ាំអាហារឱ្យបានសមរម្យ ភ្ញាក់ និងគេងឱ្យបានទៀងពេល រួមទាំងតាមដានការញ៉ាំថ្នាំឱ្យត្រឹមត្រូវតាមវេជ្ជបញ្ជា និងស៊ូទ្រាំ ព្រោះការព្យាបាលឱ្យទទួលបានលទ្ធផលល្អ ត្រូវប្រើពេលវេលាយូរ៕
  • ស្រ្តីមានគភ៌ ត្រូវត្រៀមខ្លួនឱ្យបានស្រេច 1ខែ មុនពេលប្រសូត…

    ស្រ្តីមានគភ៌ ត្រូវត្រៀមខ្លួនឱ្យបានស្រេច 1ខែ មុនពេលប្រសូត…

    នៅសល់ពេល 1ខែទៀតមុនឆ្លងទន្លេ គឺជាអំឡុងពេលនៃការទន្ទឹងរង់ចាំរបស់ស្រ្តីមានគភ៌គ្រប់រូប ដែលមានទាំងការរំភើបចិត្តផង ទាំងត្រេកអរផង ព្រោះជិតបានឃើញមុខកូនសម្លាញ់ តែខណៈពេលជាមួយគ្នាក៏មានអារម្មណ៍នឹកភ័យខ្លាចនឹង​ក្តីឈឺចាប់ដែលនឹងកើតមានឡើង ហើយនិងរឿងផ្សេងៗជាច្រើនទៀត។ តែអ្វីទាំងអស់នេះ គ្រូពេទ្យជំនាញខាងសម្ភពនឹងមកជម្រាបអនាគតអ្នកម្តាយថ្មោងថ្មី ដែលនៅមិនទាន់មានបទពិសោធក្នុងរឿងនេះថា តើត្រូវត្រៀមខ្លួនយ៉ាង​ណាខ្លះមុនពេលប្រសូតដូចខាងក្រោមនេះ៖

    ឈានចូលដល់ខែទី 9

    ក្នុងអំឡុងពេលនេះ គ្រូពេទ្យនឹងណាត់ឱ្យទៅពិនិត្យគភ៌កាន់តែញឹកញាប់ឡើងរៀងរាល់សប្តាហ៍ ដើម្បី​​​​ពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចរបស់ស្រ្តីមានគភ៌ និងអាការផ្សេងៗដែលកើតមានឡើងថា តើប្រក្រតី ឬក៏អត់?។ ក្នុងអំឡុងពេលនេះ ស្រ្តីមានគភ៌​នឹងមានអាការឈឺពោះរាងធ្ងន់ៗនៅម្តុំក្រោមផ្ចិតនៅពេលដើរ ជើងនឹងហើមឡើង មានអារម្មណ៍ឈឺផ្សាៗនៅត្រង់ចុងដង្ហើមដោយ​សារតែអាស៊ីតរំលាយអាហារហូរបញ្រ្ចាស់ឡើង ព្រោះទំហំក្បាលពោះដែលធំឡើង ធ្វើឱ្យក្រពះត្រូវបានរុញឡើងមកលើ អា​ហារមិនសូវរំលាយ ឆ្អល់ណែនពោះ និងជួនកាលអាចត្រូវភ្ញាក់ឡើងកណ្តាលយប់ ព្រោះតែប្រគ្រីវកាច់ជើង រហូតដល់ត្រូវដាស់លោកប្តីឱ្យជួយរឺតជើងឱ្យទៀតផង។

    ត្រៀមខ្លួនជាស្រេច មុនពេលប្រសូត

    ការត្រៀមរួចជាស្រេចទាំងរាងកាយ ផ្លូវចិត្ត និងរបស់របរប្រើប្រាស់ផ្សេងៗ នឹងជួយឱ្យស្រ្តីមានគភ៌ទៅប្រសូតបុត្របានយ៉ាងជឿជាក់ក្នុងចិត្ត និងមានអារម្មណ៍ធូរស្រាល ដូច្នេះ តើត្រូវត្រៀមរឿងអ្វីខ្លះនោះ សូមតាមដានជាបន្ត…ៈ

    1 .មន្ទីរពេទ្យ

    • ប្រឹក្សាជាមួយគ្រូពេទ្យជានិច្ច បើសិនមានបញ្ហាអ្វីគួរឱ្យសង្ស័យពាក់ព័ន្ធនឹងគភ៌របស់ខ្លួន។
    • អាចនឹងត្រូវសាកល្បងជិះរថយន្ត ដើម្បីប៉ាន់ស្មានរយ:ពេលធ្វើដំណើរពីផ្ទះទៅមន្ទីរពេទ្យ ឬរកមើលផ្លូវណាផ្សេងដែលងាយស្រួល និងលឿនជាងគេ ទុកបម្រុងនៅថ្ងៃឈឺពោះប្រសូតឱ្យរួចជាស្រេច។

    2 .ត្រៀមរាងកាយ

    • រឿងអាហារការហុបចុក គួរបរិភោគអាហារណាដែលមានប្រូតេអ៊ីនច្រើន ​ តែកាត់បន្ថយអាហារណាដែលមាន​រស​​ជាតិខ្លាំងៗ ដូចជា ប្រៃខ្លាំង ជូរខ្លាំង ជាពិសេស ហឹរ ព្រោះវានឹងធ្វើឱ្យស្រ្តីមានគភ៌ហើម។ គួរទទួលបន្លែផ្លែឈើរួមជាមួយ​ផង ដើម្បីកាត់បន្ថយអាការណែនឆ្អល់ពោះ។
    • គួរញ៉ាំថ្នាំបំប៉នតាមដែលគ្រូពេទ្យឱ្យមកឱ្យគ្រប់ ដូចជា ថ្នាំបំប៉នលោហិត វីតាមីនរួម និងកាល់​ស្យូម ជាដើម ព្រោះក្នុងអំឡុងពេលប្រសូត អ្នកម្តាយត្រូវបាត់បង់ឈាមច្រើន ហើយការញ៉ាំថ្នាំបំប៉ននឹងជួយធ្វើឱ្យអ្នកម្តាយឆាប់​ស្រួលខ្លួនឡើងវិញផង។
    • រកទិញរបស់របរប្រើប្រាស់ចាំបាច់ៗ ទាំងរបស់ម្តាយ និងរបស់កូនតូចទុកជាស្រេ​ច ព្រោះក្រោយពេលប្រសូតរួច ម្តាយមិនអាចមានពេលទៅដើររកទិញបានទេ។

    3 .ត្រៀមខ្លួនប្រសូត

    • ក្នុងករណីដែលស្ត្រីមានគភ៌មិនមានលក្ខណៈខុសប្រក្រតីខាងរាងកាយ ឬខាងវេជ្ជសាស្រ្តណាដែលតម្រូវឱ្យប្រសូតដោយការវះកាត់ទេនោះ ស្ត្រីមានគភ៌គួរតែប្រសូតតាមវិធីធម្មជាតិ។
    • កំណត់ផែនការក្រោយពេលប្រសូតទុកជាមុនថា តើត្រូវពន្យារកំណើត ឬលែងយកបុត្រទៀត ឬយ៉ាងណា? បើត្រូវពន្យារកំណើត(លែងយកបុត្រទៀត) គួរតែប្រាប់គ្រូពេទ្យឱ្យបានដឹងជាមុន ដើម្បីភាពងាយស្រួលក្នុងការត្រៀមខ្លួនរបស់គ្រូពេទ្យ ក្នុងការបំពេញតម្រូវការរបស់អ្នកប្រសូត។

    4 .ត្រៀមចិត្ត ត្រៀមថ្លើមទុកជាស្រេច

    • ស្រ្តីមានគភ៌(ពេលគ្រប់ខែ)ត្រូវត្រៀមខ្លួនទប់ទល់នឹងសភាវសោកសៅក្នុងចិត្តដែលអាចកើតឡើងក្រោយពេលប្រសូតរួច ដែលមានដូចជា អាចនឹងយំខ្សឹកខ្សួលពេញមួយថ្ងៃ ភ័យខ្លាចប្តីលែងស្រឡាញ់ និងត្រូវបោះបង់ចោល ខ្លាចខ្លួនលែងស្អាតដូច​កាលពីពេលមុន ជាដើម-ល និងកុំភ្លេចសួរពីវិធីកែបញ្ហានេះជាមួយគ្រូពេទ្យដើម្បីទុកប្រតិបត្តិតាមផង។

    អាការប្រាប់ឱ្យដឹងខ្លួន មុនពេលប្រសូតដែលស្រ្តីមានគភ៌ត្រូវតែដឹង…

    1. ឈឺពោះយ៉ាងខ្លាំងជាប់ជានិច្ច រៀងរាល់ 3នាទីម្ដង និងឈឺម្តងៗប្រហែលជា 40វិនាទី។
    2. មានឈាមចេញមកតាមរន្ធស្បូន (អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវទៅមន្ទីរពេទ្យដែរ)។
    3. មានទឹកភ្លោះហូរចេញមកតាមរន្ធស្បូន (អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវប្រញាប់ទៅមន្ទីរ​ពេទ្យដែរ) ព្រោះថង់ទឹកភ្លោះអាចបែកទៅហើយ បើទុកចោលយូរអាចនឹងធ្វើឱ្យឆ្លងមេរោគទៅដល់ទារកបាន។

    សភាវជ្រៀតជ្រែកមិនល្អដែលអាចកើតឡើង នៅពេលគ្រប់ខែ(មុនជិតដល់ពេលប្រសូត)…

    1. មានធ្លាក់ឈាម ជាសភាវដែលសុកធ្លាក់ចុះមកទាប ដោយសុកនឹងរំកឹលមកតោងនៅម្តុំមាត់​ស្បូន ឬផ្នែកក្រោមរបស់មាត់ស្បូន ធ្វើឱ្យមាត់ស្បូនដាច់រហែក ហើយមានឈាមហូរជ្រាបចេញមក។
    2. សម្ពាធឈាមឡើងខ្ពស់ ជាដើមហេតុរបស់សភាវគភ៌មានជាតិពុល នឹងធ្វើឱ្យអ្នកម្តាយហើមជើង ហើមមុខ អ្នកខ្លះមានឈឺក្បាលទៀតផង ដែលជាហេតុអាចបណ្ដាលឱ្យស្រ្តីមានគភ៌ប្រកាច់ ឬបែកសរសៃឈាមក្នុងខួរក្បាល។
    3. ទារកក្នុងគភ៌លែងសូវរើ ដែលអាចមានមូលហេតុមកពីសុកចាប់ផ្តើមធ្វើការខ្សោយ ឬខ្សែទងសុករុំ-កទារក ដែលជាសភាវគ្រោះថ្នាក់ចំពោះទារកខ្លាំងណាស់ ពេលជួបអាការដែលរៀបរាប់មកខាងលើនេះ ចូរប្រញាប់ទៅជួបគ្រូ​​ពេទ្យ​​ភ្លាមជាបន្ទាន់ ។

    នៅពេលត្រៀមរាងកាយរួចរាល់ ត្រៀមចិត្តរួចរាល់ហើយ…ពេលនេះអនាគតអ្នកម្ដាយថ្មោងថ្មីអាចទៅប្រសូតបុត្រដោយភាពជឿជាក់បានហើយ។ ក្តីឈឺចាប់ដែលកើតឡើងក្នុងពេលប្រសូត នឹងរលាយបាត់អស់ នៅពេលដែលអ្នកម្តាយថ្មោងថ្មីបានឃើញមុខកូន​សម្លាញ់ ហើយវានឹងក្លាយជាក្តីរំភើបសោមនស្សពេញក្នុងចិត្តវិញមិនខាន(អ្នកគ្រូ ឆវី សូមជួយជាកម្លាំងចិត្ត) និងខាងក្រោមនេះគឺ ការត្រៀមសម្ភារសម្រាប់ចូលមន្ទីសម្ភព…ៈ

    .សម្រាប់អនាគអ្នកម្តាយ

    1. ប័ណ្ណពិនិត្យសុខភាពគភ៌ និងអត្តសញ្ញាណប័ណ្ណ
    2. សំឡីអនាម័យ និង អាវក្នុងសំពាក់បំបៅកូន
    3. សម្លៀកបំពាក់ម្តាយសម្រាប់ស្លៀកពេលចេញពីមន្ទីរពេទ្យ
    4. អាហារ និងភេស្ជជៈ (ព្រោះក្រោយពេលឆ្លងទន្លេរួច អ្នកម្តាយនឹងឃ្លានខ្លាំងណាស់)
    5. កូនកាបូបតូចមួយសម្រាប់ដាក់គ្រឿងសម្អាង
    6. កន្សែងជូតមុខ និងកន្សែងពោះគោសម្រាប់ជូតខ្លួន
    7. កាមេរ៉ាថតរូប ក្នុងករណីដែលខាងមន្ទីរពេទ្យអនុញ្ញាតឱ្យថតរូបបាន។

    .សម្រាប់ទារក

    1. ក្រណាត់កន្ទប
    2. ខោអាវកូនតូច (សម្រាប់ទារកទើបកើត)
    3. ទឹកសាប៊ូសម្រាប់បោកជម្រះផ្សេងៗ
    4. កូនខ្នើយសម្រាប់ទ្រាប់ក្បាលកូនពេលបីបំបៅដោះ
    5. ក្រណាត់ ឬកន្សែងសម្រាប់រុំខ្លួនកូនសម្លាញ់ពេលត្រឡប់ទៅផ្ទះវិញ៕
  • ហេតុអីបានយើងចាក់ក្រឡេកខ្លួនឯងមិនរសើប?

    ហេតុអីបានយើងចាក់ក្រឡេកខ្លួនឯងមិនរសើប?

    ធ្លាប់នឹកឆ្ងល់ដែរឬទេថា ហេតុអីបានពេលយើងប៉ះខ្លួនឯង មានអារម្មណ៍មិនដូចអ្នកផ្សេងគេប៉ះយើង? នេះជាមូលហេតុមួយដែលធ្វើឱ្យយើងមានអារម្មណ៍សប្បាយស្រួលខ្លួននៅពេលមានអ្នកមកធ្វើម៉ាស្សាច្របាច់ឱ្យយើង និងជាមូលហេតុដែលធ្វើឱ្យយើងមិនអាចរសើបដោយខ្លួនឯងបាន។

    Rebecca Bohme អ្នកប្រព័ន្ធប្រសាទវិទ្យានៃមហាវិទ្យាល័យ Linkoping ក្នុងប្រទេសស៊ុយអែដ បានបញ្ជាក់ថា “នៅពេលយើងប៉ះពាល់ខ្លួនឯង អវយវៈជាច្រើនផ្នែករបស់រាងកាយយើងនឹងបន្ថយកិច្ចការងារផ្សេងៗដែលកំពុងធ្វើ”

    ខណៈពេលជាមួយគ្នា ការប៉ះពាល់ពីអ្នកដទៃ ជាការធ្វើឱ្យខួរក្បាលរបស់យើងជំរុញប្រព័ន្ធប្រសាទប៉ះពាល់របស់យើងខ្លាំងជាង។

    ការប៉ះពាល់ពីអ្នកដទៃ ប្រៀបដូចជាការទំនាក់ទំនងគ្នារវាងយើងជាមួយអ្នកម្ខាងទៀត មិនថាការទាមទារចំណាប់អារម្មណ៍ ផ្ដល់ការគាំទ្រ ឬជាការបង្ហាញសេចក្ដីស្រឡាញ់នោះទេ ការប៉ះពាល់នីមួយៗសុទ្ធតែមានភាពពិសេស ដែលប្រព័ន្ធប្រសាទប៉ះពាល់របស់យើងអាចញែកបានយ៉ាងលម្អិត ដូច្នេះហើយទើបខួរក្បាលរបស់យើងអាចកាត់បន្ថយការផ្ដល់ភាពសំខាន់ជាមួយការប៉ះពាល់ពីយើងខ្លួនឯងបាននោះ។

    “ទោះបីជាមានការប៉ះពាល់ពីអ្នកដទៃនៅក្នុងចំណុចតែមួយ ក្នុងលក្ខណៈដូចគ្នា តែខួរក្បាលអាចញែកដាច់បានយ៉ាងលម្អិតថា ការប៉ះពាល់នីមួយៗខុសប្លែកពីគ្នា ឬការប៉ះពាល់ណាសំខាន់ជាង ដោយខួរក្បាលនឹងផ្ដល់ភាពសំខាន់ជាមួយការប៉ះពាល់ពីអ្នកដទៃខ្លាំងជាងការប៉ះពាល់ពីខ្លួនឯង”

    ខួរក្បាល នឹងការចាក់ក្រឡេកខ្លួនឯង

    ខណៈពេលជាមួយគ្នា នៅពេលខួរក្បាលជាអ្នកបញ្ជាថា ការប៉ះពាល់ណាដែលសំខាន់តិច សំខាន់ខ្លាំងនោះ តើពេលខួរក្បាលមិនប្រក្រតី ដូចជាអ្នកកើតជំងឺវិកលចរិត(ឆ្កួត) តើគេអាចចាក់ក្រឡេកខ្លួនឯងឱ្យរសើបបានសម្រេចឬទេ?។ តាមរយៈរបាយការណ៍សិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា អ្នកជំងឺដែលមានបញ្ហាខាងការធ្វើការងាររបស់ខួរក្បាល(ឆ្កួត ឬឡប់ស្មារតី) អាចចាក់ក្រឡេកខ្លួនឯងឱ្យរសើបបាន ព្រោះខួរក្បាលមិនអាចញែកភាពសំខាន់របស់ការប៉ះពាល់ម្ដងៗនោះបានឡើយ រួមទាំងរូបភាពស្រមើស្រមៃផ្សេងៗដែលអ្នកជំងឺវិកលចរិតបានឃើញ បានដឹង រហូតដល់មិនអាចញែកដាច់រវាងរឿងដែលនឹកឡើងដោយឯកឯង និងរឿងដែលកើតឡើងពិតបានទៀតផង។

    ទោះជាយើងមិនអាចចាក់ក្រឡេកខ្លួនឯងឱ្យរសើបបានក៏ដោយ តែយើងអាចបានទទួលការប៉ះពាល់ពីអ្នកដទៃបាន និងមានអារម្មណ៍ពិសេសខ្លាំងជាងការប៉ះពាល់ខ្លួនឯងទៅទៀត មិនថាតែការចាប់ដៃ ឱប អង្អែលក្បាលឡើយ…ដូច្នេះ កុំភ្លេចផ្ដល់ការប៉ះពាល់ដ៏សែនពិសេសទាំងនេះទៅមនុស្សដែលអ្នកស្រឡាញ់ផងណា៎៕

  • សម្ដេចតេជោ ច្រានចោលពាក្យចចាមអារ៉ាមដែលថា “កម្ពុជានឹងមានការបិទប្រទេស ឬតំបន់ណាមួយ ដោយសារCovid-19”

    សម្ដេចតេជោ ច្រានចោលពាក្យចចាមអារ៉ាមដែលថា “កម្ពុជានឹងមានការបិទប្រទេស ឬតំបន់ណាមួយ ដោយសារCovid-19”

    នៅលើទំព័រ​បណ្ដាញ​សង្គម ​សម្ដេច​តេជោ បាន​ធ្វើ​ការ​បដិសេធ​ទៅនឹង​ការ​លើក​ឡើង​ដែល​ថា កម្ពុជា​នឹង​មាន​ការ​បិទ​ប្រទេស​ ឬ​ខេត្ត​ក្រុង​ និង​តំបន់​ណា​មួយ​។

    “ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ” សម្ដេចតេជោ​ ហ៊ុន​សែន​ បានសរសេរលើទំព័រ​បណ្តាញសង្គមរបស់សម្តេចនាព្រឹកថ្ងៃទី12 វិច្ឆិកាយ៉ាង​ដូច្នេះ​។

    សម្តេចបន្ថែមថា “ការឃោសនាអកុសលរបស់ពួកអាក្រ​ក់ទាំងនេះ សំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ”។

    សម្ដេច​តេជោ បាន​បន្ថែម​ថា ពលរដ្ឋ​គ្រប់​រូប​គួរ​តែ​ការពារ​ខ្លួន​ ដោយការ​ពាក់​ម៉ាស់ ការ​លាង​ដៃ​ ​ការ​រក្សា​គម្លាត​ពី​គ្នា​ និង​មិន​ត្រូវ​មាន​ការ​​ជួប​ជុំ ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។

    ទាក់​ទង​នឹង​ការ​ទប់​ស្កាត់​វីរុស​Covid-19 ដោយ​ការ​ពាក់​ម៉ាស់ សម្ដេច​តេជោ បាន​បញ្ជាក់​ថា “នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់” ផងដែរ ដោយ​កាល​ពី​ថ្ងៃ​ទី​11​វិច្ឆិកាកន្លង​ទៅ​ សម្ដេច​ បាន​បញ្ជា​ឱ្យ​បញ្ចេញ​ម៉ាស់​ចំនួន​2លាន​បន្ទះ​​ពី​ឃ្លាំង​យុទ្ធ​សាស្ត្រ​ ដើម្បី​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​។

    ចំណែក​​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅតាម​ផ្ទះ​ សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ធ្វើ​ការ​តាម​ដាន​ និង​ជួយ​ដោះ​ស្រាយ​ជីវ​ភាព​របស់​គ្រួសារ​ក្រី​ក្រផងដែរ​៕

     

  • កម្ពុជារកឃើញអ្នក​វិជ្ជមាននឹង​Covid-19 ចំនួន​4ករណី ក្នុងរយៈ​ពេល​7​ថ្ងៃ​​កន្លងទៅនេះ បន្ទាប់​ពី​បាន​ធ្វើតេស្ត​​​វត្ថុ​សំណាក​​ចំនួន​2,497​ករណី

    កម្ពុជារកឃើញអ្នក​វិជ្ជមាននឹង​Covid-19 ចំនួន​4ករណី ក្នុងរយៈ​ពេល​7​ថ្ងៃ​​កន្លងទៅនេះ បន្ទាប់​ពី​បាន​ធ្វើតេស្ត​​​វត្ថុ​សំណាក​​ចំនួន​2,497​ករណី

    ក្រសួងសុខាភិបាលកម្ពុជានាព្រឹកថ្ងៃទី12វិច្ឆិកានេះ បានឱ្យដឹងថា កម្ពុជាមិនបានរកឃើញអ្នកផ្ទុកវីរុសCovid-19 ទេ នៅក្នុងថ្ងៃទី11វិច្ឆិកា ប៉ុន្តែក្រសួងបានបញ្ជាក់ថា បានរកឃើញអ្នកវិជ្ជមានចំនួន4ករណីនៅក្នុងរយៈពេល7ថ្ងៃកន្លងទៅនេះ។

    គិតចាប់ពីថ្ងៃទី4ដល់ទៅ11វិច្ឆិកា កម្ពុជាធ្វើតេស្តបាន2,497ករណី ក្នុងនោះមាន817ករណីបានធ្វើតេស្តលើកទីពីរ ហើយការធ្វើតេស្តនេះបានរកឃើញអ្នកវិជ្ជមានចំនួន4នាក់ ដែលអ្នកទាំងនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    គិតមកដល់បច្ចុប្បន្ន (12វិច្ឆកា) កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសសរុប 301នាក់ ក្នុងនោះមាន288នាក់បានជាសះស្បើយ និង13នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    កម្ពុជារកឃើញអ្នក​វិជ្ជមាននឹង​Covid-19 ចំនួន​4ករណី ក្នុងរយៈ​ពេល​7​ថ្ងៃ​​កន្លងទៅនេះ បន្ទាប់​ពី​បាន​ធ្វើតេស្ត​លើ​វត្ថុ​សំណាក​ចំនួន​2,497ករណី
  • អាការបន្តិចឈឺនេះ បន្តិចឈឺនោះ គួរឱ្យធុញទ្រាន់ក្នុងអំឡុងពេលមានគភ៌

    អាការបន្តិចឈឺនេះ បន្តិចឈឺនោះ គួរឱ្យធុញទ្រាន់ក្នុងអំឡុងពេលមានគភ៌

    មានមិត្តភ័ក្តិរបស់នាងខ្ញុំ(អ្នកគ្រូ ឆវី)ម្នាក់តែងតែរអ៊ូឱ្យនាងខ្ញុំបានឮជាញឹកញាប់ថា គាត់ទើបតែចាប់ផ្តើមពពោះទេ តែហេតុអីបានជាចេះតែឈឺក្បាល ឈឺខ្នង ឈឺស្មា ឆ្អល់ពោះ អាហារមិនសូវរំលាយ លនិងល មិនឈប់ឈរសោះដូច្នេះ?។ ពេល​បានឮហើយ ធ្វើឱ្យនឹកអាណឹតអ្នកមានផ្ទៃពោះមែនទែន ព្រោះទម្រាំតែឆ្លងផុតរយៈពេល 9ខែនៃការពពោះជាទីស្រឡាញ់មួយនេះបាន អ្នក​ម្តាយគ្រប់រូបសុទ្ធតែត្រូវឆ្លងកាត់ឧបសគ្គដែលធ្វើឱ្យមានកង្វល់ និងរៀនយល់ដឹងពីវិធីបន្ធូរបន្ថយ និងសម្រាលអាការដែលកើតឡើងនេះ​ឱ្យ​បានសឹងតែគ្រប់គ្នាទាំងអស់ ដូច្នេះមិនមែនត្រឹមតែជាការមើលថែទាំរាងកាយ និងសុខភាពឱ្យរឹងមាំប៉ុណ្ណោះទេ តែត្រូវមើលថែទាំផ្លូវចិត្តឱ្យរឹងប៉ឹង​ផង​ដែរ។

    លេខនេះ ទស្សនាវដ្តី ឡារ៉ែន នឹងជម្រាបស្ត្រីមានគភ៌ទាំងឡាយអំពីវិធីបន្ធូរបន្ថយ និងសម្រាលអាការដែលធ្វើឱ្យមានកង្វល់ និងរំខានចិត្តដែលកើតឡើងក្នុងអំឡុងពេលមានគភ៌នេះ ដើម្បីឱ្យទាំងអស់គ្នាបានសប្បាយចិត្តក្នុងការពពោះរយ:​ពេល 40​សប្តាហ៍​​​​​ចាប់ពីពេលនេះទៅ ។

    អាការរំខានចិត្តរបស់ស្ត្រីមានផ្ទៃពោះ៖

    .អាការក្អួតចង្អោរ : អាចកើតឡើងដោយសារតែកម្រិតអ័រម៉ូនផ្សេងៗដែលកើនឡើងខ្ពស់ក្នុងអំឡុង​ពេល​​មាន​គភ៌ ដូចជា អ័រម៉ូន hCG, និងអ័រម៉ូន អេសត្រូជេន ជាដើម ដោយអ័រម៉ូនទាំងនេះមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទការដឹងក្លឹន ធ្វើឱ្យ​ស្រ្តីមានគភ៌ធំក្លិនអ្វីក៏មិនបាន ច្រើនតែមានអាការក្អួតចង្អោរ វឹលមុខក្នុងអំឡុងពេលពពោះដំបូងៗ។

    ការមើលថែទាំខ្លួនឯង : ស្រ្តីមានគភ៌គួរចៀសវាងពីអ្វីដែលជំរុញដល់ប្រព័ន្ធប្រសាទការដឹងក្លិន ដូចជាក្លិន​អា​ហារ ជាដើម ។ អ្នកជំនាញការខាងភោជនាហារបានរកឃើញថា ក្លិនរបស់ក្រូចឆ្មារ អាចជួយបន្ធូរបន្ថយអាការក្អួតចង្អោរ​នេះ​បានយ៉ាងឆាប់រហ័ស ដូច្នេះបើស្រ្តីមានគភ៌កើតអាការក្អួតចង្អោរនោះ មិនគួរទទួលទានថ្នាំផ្តេសផ្តាស់ដោយគ្មានការ​អនុញ្ញាតពីគ្រូពេទ្យ​ឡើយ ។

    .អាការថប់ៗដង្ហើម ដកដង្ហើមមិនស្រួល និងវិលមុខ : ស្រ្តីមានគភ៌តែងមានចង្វាក់នៃការដកដង្ហើមលឿន ហើយវែង ខណៈពេលជាមួយគ្នា ស្បូនដែលពង្រីកខ្លួនតាមការរីកចម្រើនធំធាត់របស់ទារកក៏នឹងខឹតចូលទៅបៀតសួត និងក្បាំងខ្យល់របស់អ្នកមានផ្ទៃពោះ ធ្វើឱ្យទីកន្លែងដែលទទួលផ្ទុកខ្យល់អុកស៊ីហ្ស៊ែននៅសល់តិច ធ្វើឱ្យពេលខ្លះអ្នកមានគភ៌មាន​អារម្មណ៍ថា ដកដង្ហើមមិនស្រួលបាន។

    ការមើលថែទាំខ្លួនឯង : នៅពេលមានអារម្មណ៍ថា ដកដង្ហើមមិនស្រួល ចូរអង្គុយសម្រាក ហើយដកដង្ហើមចេញចូលយឺតៗ មួយៗ។ បើមានអារម្មណ៍ថា រកកល់ងងឹតមុខ ហាក់ដូចជាចង់ខ្យល់គ ចូរអង្គុយចុះ ហើយ​ឱន​​​​ក្បាលចុះនៅត្រង់ចន្លោះក្បាលជង្គង់ទាំងសងខាង ដើម្បីជួយឱ្យឈាមហូរឡើងមកចិញ្ចឹមខួរក្បាលឱ្យបានកាន់តែលឿនឡើង នឹងធ្វើឱ្យស្រ្តីមានគភ៌មានអារម្មណ៍ស្រួលឡើងវិញ។ អាការនេះកើតឡើងដោយសារតែកម្រិតជាតិស្ករនៅក្នុងឈាមថយចុះ ដូច្នេះពេលមានផ្ទៃពោះចូរឧស្សាហ៍ទទួលទានអាហារបង្អែម ចម្អាបឱ្យបានញឹកញាប់ ដើម្បីរក្សាកម្រិតជាតិស្ករនៅក្នុងឈាម។

    .អាការតឹងឆ្អល់ក្នុងពោះ : អ័រម៉ូនដែលរាងកាយបញ្ចេញមកក្នុងអំឡុងពេលមានគភ៌ ហុចផលឱ្យសាច់ដុំបន្ទះបង្រួញខ្លួន ធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការយឺត ជាហេតុធ្វើឱ្យស្រ្តីមានគភ៌ងាយនឹងកើតអាការឆ្អល់ណែន​ក្នុង​ពោះ រួមជាមួយមូលហេតុផ្សេងទៀតក្នុងការទទួលទានអាហារផងដែរ។

    ការមើលថែទាំខ្លួនឯង : អ្នកមានផ្ទៃពោះគួរទទួលទានអាហារដែលមានកាកសរសៃឱ្យបានច្រើន ដូចជា បន្លែ និងផ្លែឈើស្រស់ រួមទាំងគ្រាប់ធញ្ញជាតិផងដែរ។ ពិសាទឹកឱ្យបានច្រើន ហើយបើសិនជាអាការណែនឆ្អល់ពោះនោះមានកម្រិតខ្លាំង ស្ត្រីមានគភ៌គួរតែទៅប្រឹក្សានឹងគ្រូពេទ្យដែលពិនិត្យគភ៌ ព្រោះគ្រូពេទ្យនឹងផ្តល់នូវពាក្យណែនាំបានយ៉ាងត្រឹម​ត្រូវអំពីអាការនេះ ។

    .អាការប្រគ្រីវកាច់ជើង : អាចបណ្តាលមកពីការខ្វះជាតិកាល់ស្យូម និងបញ្ហានៃលំហូរវិលរបស់ឈាម។

    ការមើលថែទាំខ្លួនឯង : ក្នុងខណ:កើតអាការប្រគ្រីវកាច់នោះ ចូរចាប់ក្តោបចុងជើងឱ្យជាប់ ហើយ​ទាញវាមករកស្មងជើងឱ្យខ្លាំង ដើម្បីជួយយឹតសាច់ដុំបរិវេណកំភួនជើងឱ្យត្រង់ឡើងវិញ។ មិនគួរសណ្តូកជើង នៅពេលម្រាមជើងចង្អុលត្រង់​ទៅ​ខាងមុខឡើយ ព្រោះនឹងរឺតតែធ្វើឱ្យសាច់ដុំកំភួនជើងកើតអាការរឹងខ្លាំងឡើង និងកើតប្រគ្រីវកាច់កាន់តែខ្លាំងឡើងដែរ ហើយនៅពេលគេងពេលយប់អ្នកមានផ្ទៃពោះគួរតែពាក់ស្រោមជើង ដើម្បីឱ្យចុងជើងកក់ក្តៅ វាអាចជួយកាត់បន្ថយអាការប្រគ្រីវកាច់បាន។

    .អាការឈឺខ្នង : ស្រ្តីភាគច្រើនតែងតែមានអាការឈឺខ្នងកើតឡើងក្នុងអំឡុងពេលតាំងគភ៌។ ទាំងអស់នេះ​ មានមួយចំណែកបណ្តាលមកពីទំហំរបស់គភ៌ដែលចេះតែរីកធំឡើង និងទម្ងន់ខ្លួនរបស់ទារកនៅក្នុងគភ៌ដែលទៅបង្កើន​កម្លាំង​សង្កត់លើឆ្អឹងកងខ្នង ហុចផលឱ្យរាងកាយមិនកើតមានតុល្យភាពខាងទម្ងន់។

    ការមើលថែខ្លួនឯង : ដើម្បីឱ្យអ្នកមានផ្ទៃពោះមានអារម្មណ៍កាន់តែសប្បាយស្រួលខ្លួន រួចផុតពីការឈឺខ្នងនេះ ពេលអង្គុយ គួរតែមានខ្នើយមួយកល់នៅត្រង់ចង្កេះផ្នែកខាងក្រោម លើកជើងដាក់លើកូនកៅអីសំរាប់ទ្រជើង ជាដើម។ ពេលឈរ គួរដាក់​ជើងម្ខាងនៅលើកូនកៅអីទាបៗមួយ និងឧស្សាហ៍ផ្លាស់ជើង ម្តងខាងឆ្វេង ម្តងខាងស្តាំផង វានឹងជួយឱ្យអាការឈឺខ្នងបានធូរស្រាលឡើង៕

  • ម៉ាសចំនួន​2​លាន​បន្ទះ​នឹង​ត្រូវ​បាន​បញ្ចេញ​ពី​ឃ្លាំង​យុទ្ធ​សាស្ត្រ ​ដើម្បី​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ

    ម៉ាសចំនួន​2​លាន​បន្ទះ​នឹង​ត្រូវ​បាន​បញ្ចេញ​ពី​ឃ្លាំង​យុទ្ធ​សាស្ត្រ ​ដើម្បី​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ

    ក្រសួងសុខាភិបាលកម្ពុជានាល្ងាចថ្ងៃទី11វិច្ឆិកានេះ បានប្រកាសឱ្យដឹងថា ក្រសួងនឹងបញ្ចេញម៉ាសចំនួន2លានបន្ទះពីឃ្លាំងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីប្រគល់ជូនឯកឧត្តមអភិបាលក្រុងភ្នំពេញ សម្រាប់យកទៅចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងបំណងការពារការឆ្លងរាលដាលនៃវីរុសCovid-19។

    ការបញ្ចេញម៉ាសពីឃ្លាំងយុទ្ធសាស្ត្រនេះ ត្រូវបានធ្វើឡើងដោយឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយអនុវត្តទៅតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញបទបញ្ជានារសៀលថ្ងៃទី11វិច្ឆិកានេះ។

    សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCovid-19 ចំនួន301នាក់ ក្នុងនោះមាន288នាក់បានជាសះស្បើយ និង13នាក់កំពុងទទួលការព្យាបាល។ កម្ពុជាមិនទាន់មានករណីបាត់បង់ជីវិតដោយសារជំងឺរលាកសួតដែលបង្កឡើងដោយវីរុសCovid-19 នេះនៅឡើយ។

    ម៉ាសចំនួន2លានបន្ទះនឹងត្រូវបានបញ្ចេញពីឃ្លាំងយុទ្ធសាស្ត្រ ដើម្បីយកទៅចែកជូនពលរដ្ឋក្រីក្រ
  • 4ទង្វើ បំផ្លាញ “ខួរក្បាល” ដោយមិនដឹងខ្លួន

    4ទង្វើ បំផ្លាញ “ខួរក្បាល” ដោយមិនដឹងខ្លួន

    ខួរក្បាល ជាអវយវៈមួយផ្នែកដែលសំខាន់ចំពោះរាងកាយខ្លាំងណាស់ ព្រោះក្រៅពីពេញទៅដោយខ្សែសរសៃប្រសាទដែលមានភាពស្មុគស្មាញរាប់លានសរសៃហើយនោះ បើខួរក្បាលធ្វើការខុសប្រក្រតី នឹងហុចផលប៉ះពាល់ទៅដល់អវយវៈផ្នែកផ្សេងៗក្នុងរាងកាយ និងមិនអាចរកខួរក្បាលថ្មីមកផ្លាស់ប្ដូរ ឬដូរដោះបានឡើយ។

    ខួរក្បាល អាចរាប់បានថាជាអវយវៈដ៏សំខាន់របស់រាងកាយ ដោយមានតួនាទីជាមជ្ឈមណ្ឌលកណ្ដាលគ្រប់គ្រងកម្មវិធីផ្សេងៗដែលកើតឡើងក្នុងរាងកាយមនុស្ស មិនថាតែការលោតរបស់បេះដូង ការធ្វើចលនាផ្សេងៗ ឬការដកដង្ហើមជាដើម ដោយខួរក្បាលនឹងគ្រប់គ្រង និងបញ្ជារាងកាយឱ្យធ្វើការតាមការគិត ដើម្បីឱ្យមនុស្សអាចបំពេញការងារក្នុងជីវិតប្រចាំថ្ងៃបានយ៉ាងប្រក្រតី។ ខួរក្បាលធ្វើការងារគ្រប់ពេលវេលា ដូច្នេះហើយទើបការយកចិត្តទុកដាក់លើទង្វើដែលគួរប្រតិបត្តិ ដើម្បីឱ្យខួរក្បាលធ្វើការបានល្អ គឺជារឿងដែលមនុស្សគ្រប់គ្នាគួរផ្ដល់ភាពសំខាន់ ដើម្បីសុខភាពដ៏ល្អរបស់ខួរក្បាល និងចៀសវាងពីទង្វើអាក្រក់ៗដែលអាចបំផ្លាញខួរក្បាលបាន។

    4ទង្វើបំផ្លាញខួរក្បាល

    1. ភាពធុញថប់តានតឹង ៈ ជាផលអាក្រក់ដល់ស្ថានភាពផ្លូវចិត្ត និងហុចផលប៉ះពាល់ដល់ខួរក្បាល ធ្វើឱ្យខូចសមាធិ ឬអ្នកខ្លះអាចឈានទៅរកសភាវសោកសៅ និងមានបញ្ហាផ្លូវចិត្តបានទៀតផង។
    2. បរិស្ថានដែលមានខ្យល់អាកាសមិនល្អ ៈ ការស្ថិតនៅក្នុងខ្យល់អាកាសដែលល្អ នឹងធ្វើឱ្យខួរក្បាលបានទទួលអុកស៊ីហ្ស៊ែនគ្រប់គ្រាន់ ដូច្នេះគួរចៀសវាងការស្នាក់អាស្រ័យនៅក្នុងទីកន្លែងដែលខ្យល់អាកាសមិនបរិសុទ្ធ ឬពេញទៅដោយពិសពុលខាងអាកាសគ្រប់ពេលវេលា។
    3. ជក់បារី ៈ អ្នកដែលជក់បារីជាប់ជាប្រចាំ ក្រៅពីធ្វើឱ្យកើតរោគមហារីកសួតហើយ នៅធ្វើឱ្យរាងកាយ និងខួរក្បាលបានទទួលអុកស៊ីហ្ស៊ែនកាន់តែតិច និងជាមូលហេតុរបស់ជំងឺសរសៃឈាមខួរក្បាល។
    4. ជំងឺប្រចាំកាយប្រភេទខ្លះ ដូចជា ៈ ទឹកនោមផ្អែម លើសឈាម ខ្លាញ់ក្នុងឈាមខ្ពស់ ជាបច្ច័យប្រថុយប្រថានរបស់ជំងឺខួរក្បាលជាច្រើន ដូច្នេះ បើរកឃើញថាខ្លួនឯងមានជំងឺប្រចាំកាយ គួរព្យាបាលតាំងពីដំបូងៗ ដើម្បីការពារមិនឱ្យកើតផលអាក្រក់ ព្រោះការព្យាបាលនៅពេលកើតការបំផ្លាញខួរក្បាលហើយ នឹងមិនអាចធ្វើឱ្យខួរក្បាលត្រឡប់មកធ្វើការបានពេញលេញដូចប្រក្រតីបានឡើយ ហើយផ្លូវចិត្តក៏នឹងធ្វើការខុសប្រក្រតីដែរ។

    5វិធីបំប៉នខួរក្បាល

    វេជ្ជបណ្ឌិតជំនាញខាងប្រព័ន្ធប្រសាទវិទ្យាបាននិយាយថា ខួរក្បាលមានភាពពាក់ព័ន្ធជាមួយអារម្មណ៍ និងការរៀនយល់ដឹង ដូច្នេះហើយទើបទាំងអស់នេះ មនុស្សគួរបែរមកយកចិត្តទុកដាក់លើទង្វើអភិវឌ្ឍខួរក្បាល ដែលមានទង្វើល្អៗ 5យ៉ាងដូចខាងក្រោម ៈ

    1. បរិភោគល្អ គឺទទួលទានអាហារដែលមានប្រយោជន៍គ្រប់ទាំង 5ប្រភេទក្រុម កាត់បន្ថយចំណីអាហារប្រភេទខ្លះ ជាពិសេសអាហារដែលមានស្ករច្រើនដែលអាចនឹងប្រថុយប្រថានក្នុងការកើតជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមខួរក្បាល។
    2. ហាត់ប្រាណល្អ ការហាត់ប្រាណនឹងធ្វើឱ្យរាងកាយជារួម និងសរសៃឈាមរឹងមាំ គ្មានសភាវលើសទម្ងន់។
    3. គេងសម្រាកល្អ ការគេងសម្រាកឱ្យបានគ្រប់គ្រាន់នឹងជួយឱ្យរាងកាយមានពេលសម្រាកដើម្បីជួសជុលខ្លួនឯង ដូច្នេះគួរមានពេលវេលាសម្រាក គេងលក់ឱ្យបានយ៉ាងតិច 6-8ម៉ោងក្នុងមួយថ្ងៃ។
    4. គិតល្អ ការហ្វឹកហាត់គិត ហ្វឹកហាត់ចាប់ផ្ដើមធ្វើ នឹងជួយឱ្យខួរក្បាលកើតការរៀនយល់ដឹង និងអភិវឌ្ឍកម្មវិធីការគិតឱ្យកាន់តែលឿនឡើង។
    5. សន្ទនាល្អ ការហ្វឹកហាត់សន្ទនា ជជែកនិយាយជាមួយអ្នកដទៃជាប្រចាំ និងជាប់លាប់ នឹងជួយឱ្យខួរក្បាលមានការហ្វឹកហាត់ក្នុងការចេះកែបញ្ហាល្អ។ ចំណែកឯអ្នកដែលសម្ងំនៅតែឯង មិនចូលចិត្តជួបមនុស្សម្នា គេរកឃើញថា ខួរក្បាលមានកម្មវិធីការធ្វើការលើការកែបញ្ហាផ្សេងៗយឺតយ៉ាវ៕
  • បង្ហាត់កូនតូចឱ្យមានការវិវឌ្ឍទាំងរាងកាយ និងផ្លូវចិត្តដ៏ល្អតាំងពីនៅក្នុងគភ៌

    បង្ហាត់កូនតូចឱ្យមានការវិវឌ្ឍទាំងរាងកាយ និងផ្លូវចិត្តដ៏ល្អតាំងពីនៅក្នុងគភ៌

    ក្តីស្រឡាញ់ និងសម្ព័ន្ធទាក់ទងរវាងម្តាយ និងកូន…ចាប់ផ្តើមឡើងតាំងពីអ្នកម្តាយមានគភ៌ថ្មីៗ ភ្លាមៗម៉្លេះ អ្វីៗ​​​​គ្រប់​យ៉ាងដែលពាក់ព័ន្ធជាមួយអ្នកម្តាយសុទ្ធតែហុចផលទៅដល់កូនតូចក្នុងគភ៌ជានិច្ច ទាំងខាងរូបកាយ អារម្មណ៍ និងផ្លូវចិត្ត។ បើសិនជាស្ត្រីមានគភ៌មានសុខភាពផ្លូវចិត្តល្អ កូនតូចដែលនៅក្នុងគភ៌ក៏មានការវិវឌ្ឍល្អដែរ តែផ្ទុយទៅវិញ…បើស្ត្រីមានគភ៌ស្ថិតក្នុងសភាវផ្លូវចិត្តដែលមានភាពតឹងតែងធុញថប់ ឆាប់ខឹង ឬឆាប់ភ័យបារម្ភជាប់ជាប្រចាំ ​ដែលមួយចំណែកបណ្តាលមកពីកម្រិតអ័រម៉ូននៅក្នុងរាងកាយមានការប្រែប្រួល និងមួយចំណែកទៀតមកពីអារម្មណ៍ដែលចេះតែគិតថា ខ្លួនឯងនឹងចុះអន់ថយទាំងខាងរូបរាងកាយ មុខមាត់ និងការចងចាំនៅពេលតាំងគភ៌នោះ កូនតូចនៅក្នុងគភ៌ក៏នឹងបានទទួលផលប៉ះពាល់មិនល្អ រហូតដល់មានការវិវឌ្ឍយឺតយ៉ាវទៅតាមនោះដែរ។

    ដូច្នេះហើយទើបការត្រៀមខ្លួនធ្វើជាអ្នកម្តាយដ៏ល្អ គឺជារឿងមួយសំខាន់បំផុត និងអាចធ្វើបានយ៉ាងងាយៗដូចខាងក្រោមនេះ៖

    .ធ្វើចលនារាងកាយ…

    ជួយអភិវឌ្ឍខួរក្បាលកូន…ការធ្វើចលនានៅទីនេះមានន័យថា ធ្វើចលនារាងកាយយ៉ាងសមល្មមដែលនឹងហុច​ផលល្អដល់ទឹកភ្លោះនៅក្នុងស្បូន និងសភាពជុំវិញខ្លួនកូនតូចនៅក្នុងគភ៌ ធ្វើឲ្យកូនតូចមានអារម្មណ៍ដូចបានទទួលការប៉ះពាល់​ដោយដៃរបស់អ្នកម្តាយផ្ទាល់ ជួយអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទទទួលដឹង និងអារម្មណ៍ ហើយថែមទាំងមានការពត់ពេនខ្លួន​ប្រាណ​​​​​​​​ទៅតាមចង្វាក់ការធ្វើចលនារបស់ម្តាយទៀតផង។ តែចំណុចគួរប្រយ័ត្ន គឺកុំធ្វើចលនាខ្លាំងៗ និងច្រើន ឬយូរជ្រុល​ពេក ព្រោះនឹងធ្វើឱ្យកូនតូចមិនបានសម្រាក និងហត់តាមម្ដាយដែរ ហើយទារកនៅក្នុងគភ៌អាចនឹងបញ្ចេញអាការធាក់ ឬរើយ៉ាងធុញថប់ជាដើម។

    .សំឡេង…

    ជួយអភិវឌ្ឍអារម្មណ៍របស់កូន…ដោយសារប្រព័ន្ធសរសៃប្រសាទខាងការស្តាប់របស់កូនតូចក្នុងគភ៌ចាប់ផ្តើមធ្វើការពេលអាយុបាន 18សប្តាហ៍ និងការបានឮនឹងវិវឌ្ឍបន្តទៅទៀតជារឿយៗតាមលំដាប់នោះ រលកសំឡេងដែលមានគ្រោងសាងដ៏សក្តិសមល្អនឹងជួយជំរុញបណ្តាញសរសៃប្រសាទដែលពាក់ព័ន្ធជាមួយការបានឮឱ្យអភិវឌ្ឍប្រព័ន្ធការងារបានកាន់តែលឿនឡើង។ នៅពេលកូនតូចប្រសូតចេញមកហើយនឹងធ្វើឱ្យសមត្ថភាពក្នុងការរៀងលំដាប់ការគិតនៅក្នុងខួរក្បាល មានអារម្មណ៍ធូរស្រាល និងអាចចងចាំរឿងរ៉ាវផ្សេងៗបានយ៉ាងល្អ។

    ទារកនឹងមានការអភិវឌ្ឍសមត្ថភាពក្នុងការទទួលដឹងពាក់ព័ន្ធនឹងចង្វាក់របស់សំឡេងតាំងពីនៅក្នុងគភ៌ម្ដាយ អាចឆ្លើយតបនឹងសំឡេងដែលមានចង្វាក់លឿន និងយឺតបាន។ ចេះបែងចែកសំឡេងដែលធ្លាប់ស្គាល់តាំងពីនៅក្នុងគភ៌ម្ដាយ ដូចជាសំឡេង​ម៉ាក់ សំឡេងប៉ា ដែលបើសិនជាសំឡេងដែលល្អៗផងនោះ ទារកនឹងកើតក្តីសប្បាយចិត្ត និងមានអារម្មណ៍ល្អ។ ការដែលស្ត្រីមានគភ៌ឧស្សាហ៍និយាយជាមួយកូនតូចក្នុងផ្ទៃ រួមទាំងការបើកបទភ្លេងបំពេរផងនោះនឹងជួយសាងសម្ព័ន្ធភាពដ៏ល្អរវាងម្តាយ និងទារកបាន។

    .អាហារ…

    ជួយបង្កើនការអភិវឌ្ឍរបស់កូន…អាហារដែលអ្នកម្តាយទទួលទានចូលទៅ នៅមិនទាន់បញ្ជូនទៅដល់​ទារកភ្លាមៗទេ តែសារជាតិអាហារផ្សេងៗទាំងនោះនឹងស្ថិតនៅក្នុងខ្លួនអ្នកម្តាយ ព្រោះលំហូរវឹលនៃឈាមរបស់អ្នកម្តាយ និងកូននៅផ្សេងពីគ្នា តែមានចំណុចតភ្ជាប់គ្នាតាមរយ:ទងសុក ហើយសារធាតុអាហារដែលល្អៗនឹងត្រូវបឺតជញ្ជក់ទៅឱ្យកូនតាមរយ:ទងសុកនេះឯង។ ដូច្នេះបើអ្នកម្តាយចង់ឱ្យកូនបានទទួលសារធាតុអាហារដែលល្អ មានផលល្អដល់ការវិវឌ្ឍរបស់ទារកនោះ គួរតែទទួលទានអាហារឱ្យគ្រប់ 5ប្រភេទក្រុម ដើម្បី​ឱ្យកូនតូចអាចទាញយកទៅប្រើប្រាស់ក្នុងបរិមាណដែលគ្រប់គ្រាន់ ។

    ការដែលទារកអាចបឺតជញ្ជក់យកសារធាតុអាហារបានល្អ ឬមិនល្អនោះ វាអាស្រ័យនៅលើ​​​​​ទងសុកដែរ បើទងសុកមានទំហំ​តូច ការបឺតជញ្ជក់អាហារនឹងបានតិចជាងទងសុកដែលមានទំហំធំ តែវិធីដែលល្អបំផុតនោះគឺ អ្នកម្តាយត្រូវទទួលទានអា​ហារ​​ដែលមានប្រយោជន៍ឱ្យបានច្រើនបំផុត ដើម្បីមានផលល្អដល់ការវិវឌ្ឍរបស់ទារកនៅក្នុងគភ៌ ។

    ទារកនៅក្នុងគភ៌…គឺជាវ័យនៃការពឹងពាក់លើអ្នកម្តាយ មិនទាន់អាចជួយ ឬឆ្លើយតបនឹងតម្រូវការរបស់ខ្លួន​ឯង​បាន​​ទេ ដូច្នេះបើអ្នកម្តាយចិញ្ចឹម និងថែទាំយ៉ាងត្រឹមត្រូវនោះ វានឹងហុចផលឱ្យកូនតូចកើតមានអារម្មណ៍កក់ក្តៅ ជឿជាក់លើសុវត្ថិភាព រហូតដល់មានការវិវឌ្ឍដ៏ល្អឡើងតាមលំដាប់ជាមិនខាន៕

  • 22ចំណុច ដែលមនុស្សចាស់គួរធ្វើ ដើម្បីថ្នមរាងកាយខ្លួនឯង បើមិនចង់ឈឺថ្កាត់

    22ចំណុច ដែលមនុស្សចាស់គួរធ្វើ ដើម្បីថ្នមរាងកាយខ្លួនឯង បើមិនចង់ឈឺថ្កាត់

    អាច​និយាយបានថា នរណាៗក៏​មិន​ចង់​ឈឺ​ថ្កាត់​ដែរ រឹតតែ​អាយុ​ច្រើន រោគាព្យាធិ​រឹតតែ​សួររក​មុខ ដោយសារតែ​រាងកាយ​យើង​ចុះខ្សោយ។ តែ…តើ​វា​នឹង​ប្រសើរ​ជាង​ទេ បើសិនជា​យើង​អាច​ផ្លាស់ប្ដូរ​ទង្វើ​មួយចំនួន​ដើម្បីឱ្យ​វា​មាន​តុល្យភាព​ជាមួយនឹង​តម្រូវការ​របស់​រាងកាយ និង​កាត់បន្ថយ​បញ្ហា​ការឈឺ​ថ្កាត់​នោះ? ដូច្នេះហើយ​ទើប​ថ្ងៃនេះ ឡា​រ៉ែ​ន​សូម​នាំយក 22ចំណុច ដែល​មនុស្ស​អាយុ​ច្រើន​គួរតែ​ធ្វើ ដើម្បី​ថ្នម​រាងកាយ​ខ្លួនឯង មក​ជម្រាប​មិត្ត​អ្នកអាន(ជាពិសេស​មនុស្ស​ចាស់)ដើម្បី​មាន​សុខភាព​ល្អ និង​អាយុ​យឺនយូរ។

    1. ឆាប់​ចូល​គេង…ការ​គេង​លក់​សម្រាក​យ៉ាងតិច 6 – 8ម៉ោង​ក្នុង 1ថ្ងៃ នឹង​ជួយ​ឱ្យ​រាងកាយ​អាច​ជួសជុល​ផ្នែក​ដែល​សឹករេចរឹល​ក្នុងអំឡុងពេល​យើង​គេង​លក់បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ក្នុងពេលដែល​យើង​គេង​លក់​នោះ រាងកាយ​នឹង​បញ្ចេញ​សារធាតុ​មេ​ឡា​ថូ​នី​ន ដែល​វា​នឹង​នៅចាំ​គ្រប់គ្រង​ការធ្វើការងារ​របស់​ប្រព័ន្ធផ្សេងៗក្នុង​រាងកាយ ដូចជា ប្រព័ន្ធ​ការបន្ត​ពូជ ប្រព័ន្ធ​ប្រសាទ ប្រព័ន្ធ​ការពារ​ជំងឺ។ល។
    2. ធ្វើ​អ្វី​ឱ្យយឺតៗជាង​មុន​បន្តិច…ត្រូវ​ប្រយ័ត្នប្រយែង​ឱ្យ​ខ្លាំង មិនថាតែ​ចង់​អង្គុយ ឈរ ឬ​ដើរ​នោះទេ ព្រោះ​រឹតតែ​ចាស់​ខ្លួន ឧប្បត្តិហេតុ​អាច​កើតឡើង​ចំពោះ​រាងកាយ​តើ​ង​បាន​យ៉ាង​ងាយ។
    3. ញ៉ាំ​អាហារ​ឱ្យ​តិចជាង​មុន​បន្តិច…ដើម្បី​ថ្នម​ប្រព័ន្ធ​ការរំលាយ​អាហារ ព្រោះ​រាងកាយ​យើង​នឹង​ចាប់ផ្ដើម​ធ្វើអ្វីៗបាន​កាន់តែ​តិច​ទៅ រួមទាំង​ការរំលាយ​អាហារ​ផងដែរ ដូច្នេះហើយ​ទើប​គួរ​ញ៉ាំ​តែ​ល្មម​ឆ្អែត និង​ទំពារ​ឱ្យ​ល្អិត​ផង។
    4. ញ៉ាំ​អាហារ​ឱ្យបាន​ច្រើន​ប្រភេទ​បន្តិច…ទទួលទាន​អាហារ​ឱ្យបាន​ច្រើន​ប្រភេទ ឱ្យ​គ្រប់ 5ប្រភេទ​ក្រុម ដើម្បី​ទទួលបាន​សារធាតុ​អាហារ​ដែល​នឹង​សាង​ប្រយោជន៍​ដល់​រាងកាយ។
    5. ញ៉ាំ​អាហារ​ពេល​ល្ងាច ពី​ភ្លឺ​បន្តិច។
    6. ញ៉ាំ​អាហារក្ដៅៗឱ្យបាន​ច្រើន​បន្តិច។
    7. ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​បន្តិច។
    8. ញ៉ាំ​អំបិល​តិចជាង​មុន​បន្តិច។
    9. ហាត់ប្រាណ​ឱ្យបាន​ច្រើន​បន្តិច…ក្រៅពី​ភាព​រឹងប៉ឹង​ដែល​ទទួលបាន​ហើយ នៅ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ជំងឺ​ដល់​រាងកាយ ឱ្យ​ប្រព័ន្ធ​អ៊ិម​មូ​ន​រឹងមាំ​ឡើង និង​ដែល​សំខាន់ គឺ​ធ្វើឱ្យ​យើង​អាច​បណ្ដេញ​ជាតិពុល និង​ខ្លាញ់​លើស​ចេញពី​រាងកាយ​បាន​ទៀតផង។
    10. បើក​ចិត្ត​ឱ្យ​ទូលាយ​ឡើង​បន្តិច។
    11. មាន​អារម្មណ៍​រ៉ូ​មែន​ទិ​ក​ឱ្យបាន​ច្រើន​បន្តិច។
    12. និយាយ​ពី​កេរ្តិ៍ឈ្មោះ​កិត្តិយស និង​ផលប្រយោជន៍​របស់ខ្លួន​ឯង​ឱ្យ​តិចជាង​មុន​បន្តិច។
    13. ស្គាល់​ពី​ភាព​ល្មម​គ្រប់គ្រាន់​ឱ្យបាន​ច្រើន​បន្តិច។
    14. បំភ្លេច​អាយុ​ខ្លួនឯង​ខ្លះទៅ។
    15. រវីរវល់​នឹង​រឿង​កំប៉ិកកំប៉ុក​ឱ្យ​តិចជាង​មុន​បន្តិច។
    16. មិន​ថា​រឿង​អ្វី​ក៏ដោយ ទុកចោល​ខ្លះទៅ…កុំទៅ​ប្រកាន់ខ្ជាប់ ឬ​ធុញថប់​តានតឹង​ជាមួយនឹង​រឿង​ណាមួយ​ខ្លាំងពេក ទម្លាក់ចោល​ខ្លះទៅ ដើម្បី​ភាពសប្បាយ​ចិត្ត​របស់ខ្លួន​ឯង។
    17. សេពគប់មិត្តភក្តិឱ្យបានច្រើន ព្រោះថា មិត្តភក្តិនេះឯងដែលនឹងជួយបំបាត់ភាពអផ្សុក សាងសំឡេងសើចសប្បាយ និងចែករំលែករឿងរ៉ាវផ្សេងៗរវាងគ្នាទៅវិញទៅមក។
    18. ញញឹមឱ្យច្រើនបន្តិច ព្រោះការញញឹមវានឹងជួយឱ្យមើលទៅឃើញនៅក្មេង។ រឹតតែញញឹម រឹតតែក្រចាស់ ធ្វើឱ្យរាងកាយរបស់យើងនៅបានយូរ ឬហៅថា អាយុវែងហ្នឹងឯង។
    19. រកការងារផ្សេងៗធ្វើឱ្យបានច្រើនបន្តិច ដើម្បីបន្ធូរបន្ថយភាពធុញទ្រាន់។
    20. តែងខ្លួនឱ្យស្អាតៗ ឱ្យមើលទៅឃើញល្អ ព្រោះនៅពេលដែលយើងល្អ និងស្រស់ស្អាតហើយ យើងនឹងមានសេចក្ដីសុខជាមួយការរស់នៅ ធ្វើឱ្យមើលទៅស្រស់ស្រាយមានជីវិតជីវ៉ា។
    21. ដើរលេងឱ្យបានច្រើនបន្តិច ព្រោះការចេញទៅដើរលេងធ្វើឱ្យបានជួបនូវអ្វីដែលថ្មីៗ បរិយាកាសថ្មីៗ មិត្តភក្តិថ្មីៗមិនដដែលៗ។
    22. បណ្ដោយខ្លួនតាមសប្បាយបន្តិច មិនចាំបាច់ទៅកំណត់ច្បាប់ទម្លាប់អ្វីចំពោះខ្លួនឯងច្រើនពេកទេ បណ្ដោយតាមសប្បាយៗ។

    យ៉ាងម៉េចដែរ? 22ចំណុចនេះ មិនពិបាកធ្វើតាមទេ បើអ្នកស្រឡាញ់ខ្លួនឯង។ ធ្វើរហូតទាល់តែក្លាយជាទម្លាប់ដើម្បីរាងកាយរឹងប៉ឹង និងរស់នៅជាមួយកូនចៅបានយូរតទៅទៀត ព្រោះថា ការមិនមានជំងឺឈឺថ្កាត់ គឺជាលាភដ៏ប្រសើរបំផុត ខ្លាំងជាងមានទ្រព្យសម្បត្តិលុយកាក់ធំប៉ុនភ្នំទៅទៀត៕