Category: សុខភាព

  • ជាង 64 លាន​នាក់​បាន​ឆ្លង Covid-19 នៅ​ទូទាំង​ពិភពលោក! WHO ព្រមាន​អំពី​មហា​រោគ​រា​ត​ត្បត​នាពេល​អនគ​ត

    ជាង 64 លាន​នាក់​បាន​ឆ្លង Covid-19 នៅ​ទូទាំង​ពិភពលោក! WHO ព្រមាន​អំពី​មហា​រោគ​រា​ត​ត្បត​នាពេល​អនគ​ត

    នៅក្នុង​ពិភពលោក​ទាំងមូល ករណី​ឆ្លង​វីរុស Covid-19 បាន​កើន​ដល់ 64 លាន​នាក់ និង​ជិត 1.5 លាន​នាក់​បាន​ស្លាប់ ស្រប​ពេលដែល WHO បាន​ព្រមាន​អំពី​មហា​រោគរាតត្បាត​ផ្សេងទៀត បើសិនជា​មិន​ដក​បទពិសោធន៍​នាបច្ចុប្បន្ន។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 2ធ្នូ​នេះ ពិភពលោក​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 64,169,941 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 44,428,048 នាក់ អ្នកស្លាប់​ចំនួន 1,485,672 នាក់ អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន 18,256,167 នាក់ ដែល​ក្នុង​នេះដែរ​មាន​អ្នកជំងឺ​ចំនួន 105,687 នាក់​កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត​ដោយសារ​មាន​អាការ​ធ្ងន់ធ្ងរ។ នេះ​បើតាម​ស្ថិតិ Worldometers ដែលជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​តួលេខ Covid-19 លឿង​ជាងគេ​បំផុត។

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី 30 ខែវិច្ឆិកា លោក Mike Ryan ប្រធាន​កម្មវិធី​សុខាភិបាល​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក បានឱ្យដឹងថា ពិភពលោក​មាន​ហានិភ័យ​ប្រឈម​នឹង​រោគរាតត្បាត​ផ្សេងទៀត​នៅ​ថ្ងៃ​អនាគត បើសិនជា «ភ្លេច​ស្មារតី» និង​មិនបាន​ដក​បទពិសោធន៍​ពី​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ Covid-19 នាពេលនេះ។

    លោក Ryan ព្រមាន​ថា៖ «ខ្ញុំ​ធ្លាប់បាន​ឃើញនឹងភ្នែក​នូវ​ការ​ភ្លេចខ្លួន ក្រោយពី​ព្រឹត្តិការណ៍​ដ៏​ឈឺចាប់​មួយ​បាន​កន្លងផុតទៅ។ ប្រការនេះ គេ​អាច​យល់បាន។ ប៉ុន្តែ ក្រោយ​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​វីរុស SARS, H5N1, H1N1 បើសិនជា​យើង​នៅតែ​ធ្វើ​ព្រងើយ​ចំពោះ​ហានិភ័យ​ពី​ប្រភព​មេរោគ​គ្រោះថ្នាក់​ដែល​កំពុង​ងើបឡើង យើង​នឹងត្រូវ​ឆ្លងកាត់​ស្ថានភាព​ប្រហាក់ប្រហែល​នេះ ឬក៏​អាក្រក់​ជាង​នេះ សាជាថ្មី​ម្ដងទៀត​មិន​ខាន»៕

    ប្រភព៖ AFP, Reuters, Worldometers

  • ទង្វើមិនល្អ 5យ៉ាងប៉ះពាល់ដល់សុខភាព ដែលបុរសជាច្រើនអាចមិនទាន់ដឹង…

    ទង្វើមិនល្អ 5យ៉ាងប៉ះពាល់ដល់សុខភាព ដែលបុរសជាច្រើនអាចមិនទាន់ដឹង…

    មនុស្សជាច្រើនដែលស្រឡាញ់សុខភាព និងមើលថែទាំខ្លួនឯងជាប់ជានិច្ចនោះ អាចគិតថា បើបានហាត់​ប្រាណជាប្រចាំរៀងរាល់ថ្ងៃ​ និងជ្រើសរើសទទួលទានតែអាហារដែលមានប្រយោជន៍ ប្រហែលជាមានសុខភាពល្អ​មិនខាន។ មេរោគផ្សេង​ៗដែលជាមូលហេតុធំរបស់ជំងឺទាំងឡាយ ច្បាស់ជាគ្មានផ្លូវអាចធ្វើអ្វីរូបគេបានឡើយ។

    តែការពិតទៅ ទង្វើមួយចំនួនដែលយើងនាំគ្នាធ្វើជាប្រក្រតីរៀងរាល់ថ្ងៃ​នេះឯង ដែលជាតួឯកសំខាន់អាចធ្វើ​ឱ្យសុខភាពរបស់យើងរងការប៉ះពាល់ និងធ្លាក់ចុះដុនដាបយ៉ាប់យ៉ឺននោះ។ ថ្ងៃនេះទស្សនាវដ្តី ឡា រ៉ែន បានទៅស្រាវជ្រាវរករឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយ​ចំនួន​​ដែល​ពាក់​ព័ន្ធនឹងទង្វើប្រចាំថ្ងៃ​ មកជម្រាបជូនមិត្តអ្នកអានដែលជាសុភាពបុរសឱ្យបានជ្រាបដូចខាងក្រោម…។

    1.ប្រើសាប៊ូជេលលាងសម្អាតដៃញឹកញាប់ជ្រុលពេក

    បើអ្នក គឺជាមនុស្សម្នាក់ដែលស្ថិតក្នុងប្រភេទដែលត្រូវតែលាងដៃ ឬប្រើក្រដាសអនាម័យជូតសម្អាតដៃ​យ៉ាងហ្មត់ចត់រៀងរាល់ក្រោយពេលចាប់ឃីបតកុំព្យូទ័រ ចាប់បង្កាន់ដៃជណ្តើរ ចាប់ដៃទ្វារបន្ទប់បង្គន់ហើយ ប្រភេទមិនទុកឱកាសឱ្យមេរោគ​កខ្វក់ណាមកតោងជាប់ដៃបានយូរនោះ វាគឺជារឿងល្អមួយហើយដែលអ្នកស្រឡាញ់ភាពស្អាតបាតមានអនាម័យបែបនោះ តែការពិត​វិញ សាប៊ូជេល និងក្រដាសជូតដៃប្រភេទសើមនេះហើយដែលជាមេក្លោងធ្វើឱ្យស្បែករបស់អ្នកទៅជាស្ងួតខ្លាំងនោះ ព្រោះឧបករណ៍លាងសម្អាតដៃទាំងអស់នោះ មានចំណែកផ្សំរបស់ត្រៃខ្លូសាន (Triclosan) ជាសារធាតុមួយមានគុណសម្បត្តិក្នុងការ​​ទប់ស្កាត់មេរោគបាក់តេរីរួមជាមួយដែរ ដោយស្បែកនឹងបឺតយកសារធាតុនេះចូលទៅបានយ៉ាងងាយស្រួល ហើយលទ្ធផលដែលតាមមក គឺស្បែកនឹងឡើងស្ងួតក្រៀមហ្នឹងឯង។ វិធីដែលល្អបំផុត គឺចូលបន្ទប់ទឹកលាងសម្អាតដៃជាមួយនឹងសាប៊ូ និងទឹកស្អាតធម្មតាប្រសើជាង។

    2.ញ៉ាំទឹកបរិសុទ្ធទាំងដប(មិនដែលចាក់ចូលកែវញ៉ាំ)

    យើងជឿថា បុរសភាគច្រើនសុទ្ធតែជ្រើសរើសញ៉ាំទឹកដោយវិធីនេះទាំងអស់ ព្រោះវាងាយស្រួល រហ័ស ហើយថែមទាំងមិនបាច់ខាតពេលលាងសម្អាតកែវទៀតផង តែអ្នកដឹងទេថា កម្មវិធីផលិតទឹកពិសានៅក្នុងដបប្លាស្ទិកផ្សេងៗនេះធ្វើឱ្យសារធាតុរ៉ែសំខាន់ៗនៅក្នុងទឹកបាត់បង់អស់ ហើយវានឹងចូលទៅរាំងស្ទះប្រព័ន្ធការធ្វើការងារក្នុងផ្នែកសាងកម្លាំងថាមពល និងប្រព័ន្ធការជួសជុលសាច់ដុំឱ្យធ្វើការមិនបានពេញសមត្ថភាពទៀតផង។

    3.ឈប់ហាត់ប្រាណបែបការ៍ឌីយោ ហើយបែរទៅហាត់ប្រាណលើកទម្ងន់វិញ

    អ្នកណាដែលប្រាប់ថា វិធីហាត់ប្រាណបែបការ៍ឌិយោ មិនបានជួយបញ្ចុះទម្ងន់ស្មើនឹងការបញ្ចេញកម្លាំង​លើកទម្ងន់(ដុំដែក)នោះ ប្រហែលជាត្រូវគិតឡើងវិញជាថ្មីហើយ ព្រោះទោះជាការលើកទម្ងន់វាជួយផ្លាស់ប្តូរដុំខ្លាញ់ជ្រាយៗឱ្យក្លាយទៅ​ជា​​សាច់ដុំបានមែន តែបើមិនធ្វើលំហាត់ប្រាណបែបការ៍ឌិយោរួមជាមួយផងទេនោះ លទ្ធផលដែលទទួលបាន ប្រហែលជា​មិនសូវមើលឃើញច្បាស់លាស់ប៉ុន្មានទេ។ ដូច្នេះចូរសាកល្បងបែងចែកពេលវេលាមករត់ មកហែលទឹក ឬក៏ធាក់កង់រួមជាមួយផង ធានា​ថា ទម្ងន់ខ្លួនដែលលើសនោះ នឹងរលាយបាត់ជាសន្សឹមៗនៅទីបំផុត។

    4.ដុសសម្អាតធ្មេញភ្លាមៗក្រោយពេលបាយរួច

    មនុស្សភាគច្រើន ច្រើនតែធ្វើតាមការណែនាំក្នុងរឿងការសម្អាតធ្មេញថា ត្រូវតែដុសសម្អាតធ្មេញ 2ដង គឺពេលព្រឹក និងមុនចូលគេងរៀងរាល់ថ្ងៃ​ ក្នុងខណ:ដែលអ្នកខ្លះខ្លាចធុំក្លឹនមាត់ ឬខ្លាចមានកម្ទេចអាហារនៅជាប់តាមជើងធ្មេញ​នោះ ក៏សម្រេចចិត្តដុសសម្អាតធ្មេញ​ និងមាត់ភ្លាមៗតែម្តងក្រោយពេលញ៉ាំបាយហើយរួចរាល់។ តែអ្នកដឹងទេថា ទង្វើនេះ វាហុចនូវផលអាក្រក់ដល់សុខភាពធ្មេញរបស់អ្នកលើសមុនទៅទៀត ដោយសារតែអាស៊ីតខ្លាញ់ដែលនៅសេសសល់ជាប់នៅលើធ្មេញ និងក្នុងប្រអប់មាត់ 0វានឹងទៅបំផ្លាញស្រទាប់ស្រោបខាងក្រៅរបស់ធ្មេញ ហើយបើសិនជាធ្វើបែបនោះញឹកញាប់ទៅ ស្រទាប់ក្រៅរបស់ធ្មេញនឹងត្រូវ​បំផ្លាញ​​​​​ជានិរន្តរ៍បានយ៉ាងងាយ ក្រៅពីនេះនៅមានអាការស្រៀវធ្មេញតាមមកទៀតផង។ តែបើសិនជាទ្រាំមិនបាន ចង់តែដុសសម្អាតធ្មេញមែននោះ ឡារ៉ែនសុំណែនាំឱ្យរង់ចាំយ៉ាងតិចណាស់ 1ម៉ោងក្រោយ សឹមធ្វើការដុសសម្អាតធ្មេញចុះ។

    5.ពាក់ស្បែកជើងផ្ទាត់ដើរពេញ 1ថ្ងៃ

    សូមទទួលស្គាល់ថា ស្បែកជើងផ្ទាត់ គឺជាស្បែកជើងដែលពាក់ស្រួល និងសប្បាយស្រួលជើងជាទីបំផុត តែមាននរ​ណាដឹងខ្លះទេថា ការពាក់ស្បែកជើងផ្ទាត់ចេញពីផ្ទះ ដើរទៅនេះ ដើរទៅនោះពេញ 1ថ្ងៃនោះ​ បែរជាហុចផលអាក្រក់ដល់សុខភាពជើង​យ៉ាងខ្លាំងទៅវិញ(ជាពិសេសបរិវេណបាតជើង) ដូច្នេះបើសិនជាអាចទៅរួច ឡារ៉ែនចង់ណែនាំឱ្យងាកទៅពាក់ស្បែកជើងបែបផ្សេងខ្លះ ដូចជាស្បែកជើងបាតា ជាដើម ទោះជាវាមិនសូវសប្បាយជើងដូចស្បែកជើងផ្ទាត់មែន តែយ៉ាងហោចណាស់ក៏វាមិនបំផ្លាញសុខភាពជើងខ្លាំងពេក​ដែរ៕

  • ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស​មួយចំនួន​ដែល​លក់​ក្នុង​បណ្ដាញ​សង្គម ត្រូវបាន​ក្រសួង​ហាមឃាត់​ជាបន្ទាន់

    ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស​មួយចំនួន​ដែល​លក់​ក្នុង​បណ្ដាញ​សង្គម ត្រូវបាន​ក្រសួង​ហាមឃាត់​ជាបន្ទាន់

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​រសៀល​ថ្ងៃទី 1ធ្នូ​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ឱ្យដឹងថា ក្រសួង​បាន​រកឃើញថា មាន​ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស​មួយចំនួន​ត្រូវបាន​ផ្សព្វផ្សាយ​លក់​នៅលើ​បណ្ដាញ​សង្គម Facebook ដោយ​មិនមាន​ការអនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល។

    ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​សង្កេតឃើញ និង​ជូនដំណឹង​ថា គណនី Facebook ឈ្មោះ M-Shop, ពិភព បុរស​ពិត, ពិភព​ក្ដី​សុខ​បុរស, ZoZo បង្កើន​ថាមពល, ZO-ខ្លាំង​ពិត, Zozo-ហាង​បុរស, Xoxo plus man, Bro ManTher និង​គណនី​ឈ្មោះ Zozo swiss កំពុងតែ​ផ្សាយ​លក់​ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស​ដែលមាន​ឈ្មោះថា ZOZO និង XOXO ដោយ​មិនមាន​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល រាប់​ចាប់ពី​ថ្ងៃទី វិច្ឆិកា2020។

    ដូច្នេះ ក្រសួង​ក៏​តម្រូវឱ្យ​ម្ចាស់​គណនី​ខាងលើ​បញ្ឈប់​សកម្មភាព​លក់​ផលិតផល​ដែលមាន​ឈ្មោះថា ZOZO និង XOXO ជាបន្ទាន់ ហើយ​ថា​ក្រសួង​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ខាងលើ។

    ដោយយោង​ទៅតាម​ច្បាប់​ស្ដីអំពី​ការគ្រប់គ្រង​ឱសថ រួម​នឹង​ច្បាប់​ដែល​ពាក់ព័ន្ធ រាល់​ឱសថ ឬ​ផលិតផល​ដែលមាន​គុណភាព​ស្រដៀង​នឹង​ឱសថ ត្រូវតែមាន​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល។ ក្រសួង​បាន​អំពាវនាវ​ដល់​សាធារណជន​ដែលជា​អ្នកប្រើប្រាស់ ឱ្យមាន​ការពិនិត្យ​ត្រឹមត្រូវ​មុននឹង​សម្រេចចិត្ត​ទិញ​ផលិត​អ្វីមួយ។

    សូមបញ្ជាក់ថា ឱសថ ឬ​ផលិតផល​បំប៉ន​សុខភាព​គឺជា​កាំ​បិតមុខ​ពីរ ហើយ​ពួកវា​ក៏​អាចជា​របស់​ក្លែងក្លាយ​ក៏​ថា​បាន បើសិន​ជាមាន​លេខ​បញ្ជិកា​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល។ ដូច្នេះ ដើម្បី​ការពារ​សុវត្ថិភាព​សុខភាព អ្នកប្រើប្រាស់​ចាំបាច់​ត្រូវតែ​ស្គាល់​ថា ឱសថ ឬ​ថ្នាំ​បំប៉ន​ដែល​នឹង​ទិញយក​មកប្រើប្រាស់​នោះ គឺជា​របស់​ពិត ឬ​ក្លែងក្លាយ ចៀសវាង​ការប្រើប្រាស់​ផលិតផល​ខុសច្បាប់​ដែល​អាច​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព។ ដើម្បី​ច្បាស់​អំពី​ប្រការនេះ ក្រសួង​បាន​បញ្ជាក់ថា “ឱសថ​ដែល​ស្របច្បាប់​គឺមាន​លក្ខណ​ដូចតទៅ៖ ទីមួយ​គឺ ផ្នែក​ខាងលើ​មានឈ្មោះ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ និង​ទី​ពីរ​គឺ ផ្នែក​ខាងក្រោម​មាន​លេខ​បញ្ជិកា​ដូច​គំរូ​ដែលមាន​ភ្ជាប់​មកជា​មួយ”៕

    ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស​មួយចំនួន​ដែល​លក់​ក្នុង​បណ្ដាញ​សង្គម ត្រូវបាន​ក្រសួង​ហាមឃាត់​ជាបន្ទាន់

  • អាការហើមតាមរាងកាយរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌

    អាការហើមតាមរាងកាយរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌

    ស្រ្តីដែលកំពុងមានគភ៌ តែងជួបនឹងអាការហើមតាមរាងកាយ រហូតធ្វើឱ្យមានការព្រួយកង្វល់ថា តើវាអាចនឹងមានផលប៉ះពាល់អ្វីដល់រាងកាយខ្លួនឯង និងកូននៅក្នុងផ្ទៃដែរឬទេ? ថ្ងៃនេះឡា រ៉ែនមានចម្លើយចំពោះចម្ងល់នេះមកជម្រាបជូន។

    អាការហើម ឬមានអារម្មណ៍ថា ខ្លួនឯងប៉ោងធំជាងមុនក្នុងអំឡុងពេលមានគភ៌នេះ គឺជាប្រតិកម្មខាងធម្មជាតិដែលមាន​ចំពោះ​បរិមាណរបស់វត្ថុរាវក្នុងរាងកាយដែលកើនឡើង ដែលស្ត្រីមានគភ៌ត្រូវទទួលបន្ទុកនេះទៅគ្រប់ទីកន្លែង។ ស្ត្រីមានគភ៌ភាគច្រើននឹងមាន​អារម្មណ៍ថា ហើមនៅម្តុំុំកជើង និងប្រអប់ជើងបើសិនជាត្រូវឈរក្នុងរយៈពេលយូរ ស្ត្រីខ្លះមានអារម្មណ៍ដឹងថាចិញ្ចៀនដែលពាក់នៅនឹងម្រាមដៃ កាន់តែតឹងណែនឡើង ឬផ្ទៃមុខក៏ហើមឡើងដែរ ជាដើម។

    អាការហើមដែលចេះតែកើនឡើងជារឿយៗក្នុងអំឡុងពេលថ្ងៃ​ និងកាន់តែហើមខ្លាំងឡើងនៅពេលល្ងាចនេះ ​ច្រើនតែកើត​ចេញពីការធ្វើកិច្ចការងារផ្សេងៗក្នុង 1ថ្ងៃៗរបស់ស្ត្រីមានគភ៌ ឬមកពីសភាពធាតុអាកាសដែលក្តៅហប់។ ទោះជាអាការហើមតាមរាង​កាយនេះអាចធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថា ទើសទែងមែន តែជាទូទៅវិញ អាការហើមក្នុងអំឡុងពេលមានគភ៌ដែលប្រាសចាកអាការជ្រៀតជ្រែកផ្សេងៗទៀតនោះ មិនមែនជារឿងគួរឱ្យព្រួយបារម្ភ ឬកង្វល់ និងគ្មានគ្រោះថ្នាក់អ្វីដល់ខ្លួនឯង និងកូនក្នុងគភ៌ឡើយ តែបើសិនជាហើមខ្លាំងជ្រុលពេក ជួនកាលអាចកើតឡើងដោយសារតែសម្ពាធឈាមខ្ពស់ឡើង ដូច្នេះត្រូវឧស្សាហ៍សង្កេតមើលអាការ និងទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ឬមន្ទីរសម្ភព បើសិនជាស្ត្រីមានគភ៌មានអារម្មណ៍ព្រួយបារម្ភ។

    វិធីកាត់បន្ថយអាការហើមតាមរាងកាយក្នុងអំឡុងពេលមានគភ៌

    • ការទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព អាចជួយកាត់បន្ថយអាការហើមឱ្យស្រកចុះទៅវិញបាន។ គេជឿថា មើមខ្ទឹម​ស មើមខ្ទឹមក្រហមស្រស់ៗ និងផ្លែប៉ោមមានប្រសិទ្ធភាពល្អពិសេស និងគួរចៀសវាងអាហារដែលមានរសជាតិប្រៃ ដែលអាចធ្វើ​ឱ្យស្ត្រីមានគភ៌ខ្វះជាតិទឹកបាន។
    • ព្យាយាមហាត់ប្រាណឱ្យបានជាប់ជានិច្ច ជាពិសេស ការហាត់ប្រាណដោយការដើរ។
    • ញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ ក្នុង 1ថ្ងៃយ៉ាងតិចពី 6 – 8កែវ ឬព្យាយាមទទួលទានបន្លែ ឬផ្លែឈើណាដែលមានជាតិទឹកច្រើន ព្រោះបើស្ត្រីមានគភ៌ញ៉ាំទឹកមិនបានគ្រប់គ្រាន់នឹងតម្រូវការទេនោះ រាងកាយអាចនឹងខំប្រឹងស្ទាក់ទឹកទុកនៅក្នុង​រាងកាយកាន់តែច្រើនឡើង ដែលនឹងធ្វើឱ្យខ្លួនប្រាណកាន់តែហើមខ្លាំងឡើងហ្នឹងឯង។
    • រកពេលវេលាសម្រាកឱ្យបានច្រើននៅពេលថ្ងៃ ពេលណាក៏ដោយឱ្យតែមានឱកាស ដោយកល់ជើងដាក់ឱ្យខ្ពស់ជាងចង្កេះ។
    • ចៀសវាងពីការឈរក្នុងរយៈពេលយូរ។
    • ការធ្វើម៉ាស្សាបែបបន្ធូរអារម្មណ៍ ក៏អាចកាត់បន្ថយអាការហើមបានដែរ។
    • គួរគេងផ្អៀងខាងឆ្វេងដើម្បីចៀសពីការទម្លាក់ទម្ងន់ខ្លួនទៅសង្កត់សរសៃឈាមខ្មៅធំដែលមានឈ្មោះថា វេណាខាវ៉ា(Ve​na​​cava)​៕
  • ទម្លាប់ និងនិស្ស័យល្អៗ 6យ៉ាងដែលធ្វើឱ្យមនុស្សអាយុវែង…តើអ្នកមានគ្រប់ចំណុចដែរឬទេ?

    ទម្លាប់ និងនិស្ស័យល្អៗ 6យ៉ាងដែលធ្វើឱ្យមនុស្សអាយុវែង…តើអ្នកមានគ្រប់ចំណុចដែរឬទេ?

    ពេលណាបានឮថា មានលោកតា លោកយាយណាម្នាក់មានអាយុវែងជាង 100ឆ្នាំ សារព័ត៌មាននានាបាននាំគ្នាទៅ​សម្ភាស និងសួរនាំអំពីវិធីការមើលថែទាំខ្លួនរបស់គាត់ នេះគឺដោយសារតែមនុស្សយើងគ្រប់គ្នាសុទ្ធតែចង់មានជីវិតរស់នៅលើពិភពលោកនេះឱ្យបានយូរបំផុតតាមដែលអាចយូរបានហ្នឹងឯង តែក្រៅពីការមើលថែទាំសុខភាពរាងកាយរបស់ខ្លួនឯងឱ្យនៅល្អហើយនោះ លទ្ធផលនៃការស្រាវជ្រាវវិភាគមួយបានបញ្ជាក់ប្រាប់ថា ទម្លាប់ និងទង្វើរបស់ខ្លួនយើងផ្ទាល់ក៏មានចំណែកធ្វើឱ្យយើងមានអាយុវែងបានដែរ និងថែមទាំងជួយឱ្យយើងមានជីវិតរស់នៅសុខសប្បាយនៅពេលចាស់ទៀតផង។ ចំណែកឯសំណួរដែលថា តើទម្លាប់ ទង្វើ និងលក្ខណៈនិស្ស័យដែលធ្វើឱ្យមនុស្សយើងមានអាយុវែងនោះ មានអ្វីខ្លះ? សូមតាមដានដូចតទៅ៖

    1.មានសតិស្មារតី ភាពម៉ឺងម៉ាត់ហ្មត់ចត់ និងភាពប្រយ័ត្នប្រយែង

    នៅឆ្នាំ2012 សៀវភៅ The Longevity Project បានធ្វើការស្រាវជ្រាវពិនិត្យនៅលើមនុស្សដែលមានអាយុ​លើស​​ 80​​​ឆ្នាំ ហើយបានរកឃើញថា អ្នកដែលមានលក្ខណៈ​និស្ស័យម៉ឺងម៉ាត់ហ្មត់ចត់ល្អិតល្អន់ រស់នៅប្រកបដោយសតិបញ្ញានឹងមាន​អាយុ​​​កាន់តែ​វែង​ឡើង។ អ្នកស្រាវជ្រាវបានចង្អុល​បង្ហាញតទៀតថា បុគ្គលភាព និងលក្ខណៈនិស្ស័យកាលពីវ័យ​កុមារអាច​ប្រាប់ពីអំឡុងពេលនៃជីវិតរបស់មនុស្សយើងបាន។ មនុស្សដែលស្ថិតនៅក្នុងវ័យកំលោះ ក្រមុំម្នាក់ណាដែលរស់នៅយ៉ាង​មានសតិ​ស្មារតី មានភាពម៉ឺងម៉ាត់ហ្មត់ចត់ និងមានភាពទទួលខុសត្រូវលើខ្លួនឯង ច្រើនតែមានអាយុវែងជាងគេបំផុត នេះគឺដោយសារតែមនុស្សដែលមានចរិតលក្ខណៈនិស្ស័យបែបនេះចេះមើលថែទាំជីវិតខ្លួនឯងបានយ៉ាងល្អ និងចេះចៀសគេចពីភាពប្រថុយប្រថានក្នុងជីវិតទៀតផង។

    2.អារម្មណ៍ល្អ និងងាយសើចសប្បាយ

    អ្នកស្រាវជ្រាវពីមហាវិទ្យាល័យ យេស៊ីវ៉ា បានធ្វើការពិសោធលើរឿងការមានអាយុវែងនេះ ដោយបានតាម​ដាន​​​សង្កេតមើលទង្វើ និងទម្លាប់របស់ក្រុមមនុស្សចាស់ៗ ហើយបានរកឃើញថា មនុស្សវ័យចំណាស់ភាគច្រើន ច្រើនតែមានអារម្មណ៍ល្អ និង​ជា​​​មនុស្សដែលងាយអស់សំណើច ហើយអ្នកដែលមានអាយុលើស 100​ឆ្នាំជាង 230នាក់ក៏មាននិស្ស័យឆាប់អស់សំណើចបែប​នេះដូចគ្នាដែរ ដែលរឿងនេះធ្វើឱ្យគេល្មមអាចវាយតម្លៃបានថា អាការងាយញញឹម និងងាយសើចនេះ គឺជាគុណសម្បត្តិលេចធ្លោមួយ​​ដែល​​​ឆ្លុះបញ្ចាំងឱ្យឃើញពីទស្ស​នគតិដ៏ល្អរបស់បុគ្គលម្នាក់នោះ ហើយការរស់នៅប្រកបដោយទស្សនគតិដែលល្អនេះ នឹងធ្វើឱ្យ​អារម្មណ៍ ​​​និងផ្លូវចិត្តភ្លឺថ្លាស្រឡះ ដែលវានឹងទៅពាក់ព័ន្ធជាមួយនឹងសុខភាពក្នុងចំណុចល្អៗជាច្រើនទៀតផង។

    3.មានទំនាក់ទំនង និងអំណោយទានល្អ

    លទ្ធផលនៃការវិភាគស្រាវជ្រាវដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី PloS Medicine កាលពីឆ្នាំ 2010 បានបង្ហាញឱ្យឃើញថា ក្រុមមនុស្សដែលមានទំនាក់ទំនងល្អ និងមានអំណោយទានល្អ អាចមានអាយុវែងឡើងរហូតដល់ 50% ដោយអត្ថបទនោះបានអធិប្បាយទៀតថា ការចងសម្ព័ន្ធភាពរវាងបុគ្គល មិនមែនមានផលប្រយោជន៍តែខាងផ្នែកផ្លូវចិត្តរបស់យើងប៉ុណ្ណោះទេ តែនៅមានផលប្រយោជន៍ល្អៗខាងផ្នែកសុខភាពរាងកាយទៀតផង ព្រោះការបានចេញទៅនៅក្នុងសង្គមដែលសម្បូរបែប នឹងធ្វើឱ្យយើងទទួលបានទស្សនៈថ្មីៗ បានដឹងពីព័ត៌មាន និងសារៈសំខាន់ផ្សេងៗ និងថែមទាំងបានរួម​ផ្លាស់​​ប្តូរ​​​​អារម្មណ៍រវាងគ្នាទៅវិញទៅមកទៀតផង។

    4.សម្លឹងមើលអ្វីៗជុំវិញខ្លួនក្នុងន័យវិជ្ជមាន

    មនុស្សដែលមានលក្ខណៈនិស្ស័យសម្លឹងអ្វីៗជុំវិញខ្លួនក្នុងន័យល្អ ក៏មានសញ្ញាថានឹងមានអាយុវែងដូចគ្នា​ដែរ ដោយអ្នកវិភាគទាំងនោះបានធ្វើការអធិប្បាយគាំទ្រលទ្ធផលនៃការវិភាគរបស់ខ្លួនថា បុគ្គលភាព និងលក្ខណៈនិស្ស័យសម្លឹងអ្វីៗជុំវិញខ្លួនក្នុងន័យល្អនេះ នឹងធ្វើឱ្យយើងមានទស្សនគតិបែបវិជ្ជមាន ហុចផលឱ្យផ្លូវចិត្ត និងសុខភាពរាងកាយបានទទួល​ប្រយោជន៍ល្អផងដែរ។

    5.មានសេចក្តីសុខជាប់ជានិច្ច

    គេនិយាយថា មនុស្សដែលមានសេចក្តីសុខជាប់ជានិច្ច ផ្លូវចិត្តក៏នឹងភ្លឺថ្លាដែរនោះ គឺជារឿងពិត…មនុស្សអាយុ​ច្រើនដែល​មាន​​សេចក្តីសុខជាប់ជានិច្ច មានអត្រានៃការស្លាប់ថយចុះ 35% ឬមានអាយុវែងថែមឡើងទៀត 5ឆ្នាំ។ អ្នកវិភាគស្រាវជ្រាវបានវាយតម្លៃលើមនុស្សអាយុច្រើនជាង 3,000នាក់ ដោយបានធ្វើការសង្កេតអត្រាសេចក្តីសុខរបស់ពួកគេរហូតពេញ 1ថ្ងៃ​ និង​ទន្ទឹងរង់ចាំ និងសង្កេតមើលលទ្ធផលនៃការវិភាគ 5ឆ្នាំតមកទៀត ទីបំផុតលទ្ធផលនៃការវិភាគនោះបានធ្វើឱ្យពួកគេនឹកស្ងើចក្នុងចិត្តយ៉ាងខ្លាំង ដោយសារតែសេចក្តីសុខអាចធ្វើឱ្យមនុស្សចាស់កាន់តែមានអាយុវែងឡើងបានពិតប្រាកដមែន សូម្បីតែអ្នកដែលកំពុងមានជំងឺរ៉ាំរ៉ៃ ក៏​នៅអាចប្រគងជីវិតខ្លួនបានឱ្យរស់បាន 5ឆ្នាំទៀតដែរ។

    6.ចូលចិត្តចូលរួមក្នុងសង្គម

    នៅឆ្នាំ2009 លទ្ធផលនៃការស្រាវជ្រាវមួយត្រូវបានផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តីមនុស្សចាស់របស់សហរដ្ឋអាមេរិក ដែលបានរាយការណ៍ថា អ្នកដែលមានអាយុវែងលើស 100ឆ្នាំ ដែលភាគច្រើន ច្រើនតែមានទង្វើចូលចិត្តចូលរួមក្នុងសង្គម មាន​អត្រា​​ប្រថុយនឹងការកើតរោគសរសៃប្រសាទតិចបំផុត និងមានភាពស្ថិតស្ថេររឹងមាំខាងអារម្មណ៍ខ្ពស់ ធ្វើឱ្យចេះចាត់ការនឹងសភាវធុញថប់តានតឹងបានល្អជាងអ្នកដែលចូលចិត្តតែសម្ងំខ្លួនមិនចូលចិត្តចេញទៅក្រៅ៕

  • អ្នកស្លាប់​ដោយសារ Covid-19 កើន​ដល់​ជិត 1.5លាន​នាក់ នៅ​ទូទាំង​ពិភពលោក! WHO ថា​នឹង​រកឱ្យឃើញ​ប្រភព​របស់​វីរុស​នេះ

    អ្នកស្លាប់​ដោយសារ Covid-19 កើន​ដល់​ជិត 1.5លាន​នាក់ នៅ​ទូទាំង​ពិភពលោក! WHO ថា​នឹង​រកឱ្យឃើញ​ប្រភព​របស់​វីរុស​នេះ

    ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ឡើងដល់ 63,584,784នាក់ ក្នុងនោះ​អ្នក​ដែល​បាន​បាត់​បង់ជីវិត​ មាន​ចំនួន​ 1,473,741​នាក់​​ និង 43,980,097នាក់​ផ្សេង​ទៀត​​​បានជា​សះស្បើយ ខណៈដែល​អង្គការ​សុខ​ភាព​​ពិភព​លោក​​បាន​សន្យាថា នឹង “ធ្វើ​គ្រប់យ៉ាង” ដើម្បី​ស្វែងរក​ប្រភព​របស់​វីរុស​នេះ។

    សហរដ្ឋអាមេរិក​នៅតែ​ជា​សម្បុក​វីរុស​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយបាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ចំនួន 13,919,870នាក់ និង​អ្នកស្លាប់​ចំនួន 274,332នាក់។

    បន្ទាប់ពី​សហរដ្ឋអាមេរិក ក៏​នៅមាន​ប្រទេស​ចំនួន 11ផ្សេងទៀត​ដែលមាន​អ្នកជំងឺ Covid-19 លើសពី 1លាន​នាក់ រួមមាន៖ ឥណ្ឌា ប្រេ​ស៊ី​ល រុស្ស៊ី បារាំង អេ​ស្ប៉ា​ញ អង់គ្លេស អ៊ីតាលី អា​ហ្ស​ង់​ទីន កូ​ឡុំ​ប៊ី ម៉ិ​ក​ស៊ិ​ក និង​អាល្លឺម៉ង់។

    ចំណែក​ប្រទេស​ដែលមាន​អ្នកស្លាប់​លើសពី 1សែន​នាក់​ដោយសារ​វីរុស​នេះ មាន​ចំនួន 4ប្រទេស រួមមាន សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល ឥណ្ឌា និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក។

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អះអាងថា​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​រកឱ្យឃើញ​ប្រភព​នៃ​សត្វ​ដែល​បាន​ចម្លង​វីរុស Covid-19 មក​មនុស្ស។ លោក​ថ្លែងថា ការយល់ដឹង​អំពី​វា គឺជា​គន្លឹះ​ដើម្បី​ទប់ស្កាត់​រោគរាតត្បាត​នៅ​ថ្ងៃ​អនាគត។ ក្រៅពីនេះ លោក Tedros ក៏បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី បញ្ឈប់​ការ​លាប​ពណ៌​គ្នា ឬ​ការចោទប្រកាន់​ទៅលើ​ការដែល WHO ស្វែងរក​ជំនួយ​ពី​ចិន​ដើម្បី​ស៊ើបអង្កេត​លើ​ប្រភព Covid-19៕

    ប្រភព៖ Reuters, Worldometers

  • កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី ចំនួន 3នាក់​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍28វិច្ឆិកា

    កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី ចំនួន 3នាក់​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍28វិច្ឆិកា

    ក្រសួងសុខាភិបាល​បានប្រកាស​ឱ្យដឹងថា កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ចំនួន 3ករណី​ទៀត ដែល​នេះ​បាន​នាំឱ្យ​អ្នក​ឆ្លង​វីរុស​នេះ​នៅ​កម្ពុជា​ឡើងដល់ 326នាក់។

    ក្រៅពី​រកឃើញ​អ្នក​ឆ្លង​វីរុស​ថ្មី​ខាងលើ កម្ពុជា​ក៏មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ Covid-19 ចំនួន 3នាក់​ទៀតផង​ដែរ។

    ចំពោះ​ករណី​វិជ្ជមាន​ថ្មី​ចំនួន 3នាក់​នេះ រួមមាន​ដូចខាងក្រោម៖

    ទី1. ស្ត្រីជន​ជាតិខ្មែរ​អាយុ 64ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​ទំពូង1 ខណ្ឌចំការមន ទីក្រុង​ភ្នំពេញ ដែល​ជាប់ទាក់ទង​នឹង​អនុប្រធាននាយកដ្ឋាន​ព​ន្ធ​នាគារ​នៃ​ក្រសួងមហាផ្ទៃ​ដែល​បាន​ឆ្លង Covid-19 មុននេះ។

    ទី2 និង​ទី3៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ 25ឆ្នាំ និង​ទារក​ម្នាក់​អាយុ 7ខែ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នកជំងឺ Covid-19 សរុប​ឡើងដល់ 326នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 304នាក់ ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន 22នាក់៕

  • តើគួរធ្វើយ៉ាងណា បើរៀបការហើយ ស្រាប់តែមានគភ៌ដោយមិនបានតាំងចិត្ត?

    តើគួរធ្វើយ៉ាងណា បើរៀបការហើយ ស្រាប់តែមានគភ៌ដោយមិនបានតាំងចិត្ត?

    ក្រោយពីរៀបការរួចហើយ គូស្នេហ៍ជាច្រើនគូអាចកំពុងតែនឹកស្រមៃដល់ផែនការការធ្ចើដំណើរទេសចរណ៍ទៅទីឆ្ងាយៗ ផែនការទិញផ្ទះ កែសម្រួលគេហដ្ឋាន ឬសន្សំលុយទិញឡានថ្មីជាដើម តែ ស្រាប់តែមកដឹងខ្លួនថា ខែនេះអ្នកកំពុងតែជិតក្លាយខ្លួនជាអ្នកម្តាយថ្មីម្នាក់ទៅវិញ នោះគឺការមានគភ៌ដោយមិនបានតាំងចិត្ត ដែលវាអាចកើតឡើងដោយសារការពន្យារកំណើតខុសឆ្គង។ ទាំងអស់នេះ វាអាចធ្វើឱ្យគូស្វាមីភរិយា​​ខ្លះ​ស្រាប់តែកើតមានសភាវតានតឹងក្នុងអារម្មណ៍ដោយមិនដឹងខ្លួន ឬមិនដឹងជារៀបចំខ្លួនយ៉ាងណាជាមួយនឹង​ការជិត​មាន​សមាជិក​ថ្មីម្នាក់​នៅក្នុងផ្ទះ។

    ថ្ងៃនេះឡា រ៉ែនមានដំបូន្មានល្អៗអំពីរឿងនេះមកជម្រាបជូនដូចខាងក្រោម៖

    តាំងស្មារតី

    អាចមិនមែនជារឿងងាយប៉ុន្មានឡើយក្នុងការរៀបចំផ្លូវចិត្តដើម្បីទទួលយកការប្រែប្រួលដ៏ធំធេងលើកនេះ ដូច្នេះអ្វីដែលល្អបំផុត​គឺ សូមកុំភ្ញាក់ផ្អើល ឬភិតភ័យអ្វីខ្លាំងជ្រុលពេក។ អាចនឹងសុំឈប់សម្រាកពីការងារ 1ថ្ងៃ ដើម្បីពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចក្នុង​ផ្នែកផ្សេងៗ ដែលទោះជាជួនកាលអាចមើលឃើញថា មិនទាន់ពេញលេញល្អប៉ុន្មានក្ដី ទាំងរឿងប្រាក់ចំណូល ពេលវេលា ឬលក្ខណៈ​​ការងារក៏ដោយ តែគួរសម្លឹងមើលក្នុងន័យវិជ្ជមានជាមុនសិន ព្រោះជួនកាលការមានសមាជិកថ្មីនៅក្នុងផ្ទះ អាចជាអ្វីមួយដែលក្រុមគ្រួសាររបស់អ្នកប្រាថ្នាចង់បានស្រាប់ទៅហើយ គ្រាន់តែបន្ថយពេលវេលាឱ្យឆាប់ជាងមុន និងពិភាក្សាគ្នាដើម្បីកែសម្រួលផែនការជីវិតជាថ្មីប៉ុណ្ណោះ ដូច្នេះចូរនាំគ្នាគិតម្តង 1ចំណុចៗ ជឿថា អ្វីៗគ្រប់យ៉ាងនឹងមិនមែនជារឿងពិបាកឡើយ។

    ប្រឹក្សាជាមួយមនុស្សចាស់ និងអ្នកជិតដិត

    កុំសន្សំទុកភាពតានតឹងនៅក្នុងខ្លួនតែម្នាក់ឯង បើមានអារម្មណ៍ថាខ្លាចក្នុងការបង្ហើបប្រាប់ទៅមិត្តរួមការងារ សាច់ញាតិ ឬមនុស្ស​ក្នុងគ្រួសារ ក្នុងករណីដែលអ្នកមិនធ្លាប់ប្រាប់ពួកគេពីមុនមកថា មានផែនការចង់បានបុត្រនោះ ចូរគិតជាប់ជានិច្ចថា អ្វីៗគ្រប់យ៉ាងសុទ្ធតែមានការប្រែប្រួលជានិច្ច ហើយមនុស្សដែលសំខាន់បំផុតគឺ ខ្លួនអ្នកហ្នឹងឯង។ បើការមានគភ៌ គឺជាដំណឹងល្អរបស់អ្នក ចូរព្យា​យាមរកពេលវេលាល្អៗប្រាប់ទៅអ្នកដទៃ និងជឿថា គ្រប់គ្នានឹងច្បាស់ជាសប្បាយចិត្តដែរមិនខាន បើខ្លួនអ្នកមានសេចក្តីសុខ រួចហើយ​ចូរកុំភ្លេចសុំពាក្យណែនាំ ឬដំបូន្មានល្អៗពីមនុស្សចាស់ដែលធ្លាប់មានបទពិសោធពីមុនផង។

    ទៅពិនិត្យរាងកាយភ្លាម

    នេះគឺជារឿងទី1 ដែលត្រូវតែធ្វើ បន្ទាប់ពីដឹងខ្លួនថាមានគភ៌ ដែលវាមានភាពសំខាន់ខ្លាំងណាស់ចំពោះការសម្រេចចិត្តថាតើអ្នកមានភាពត្រៀមខ្លួនជាស្រេចសម្រាប់ការមានគភ៌នេះឬទេ? ជាពិសេសភាពត្រៀមជាស្រេចរបស់រាងកាយ ដែលកម្មវិធីការពិនិត្យនោះ នឹងមានទាំងការពិនិត្យឈាម ពិនិត្យរកមើលរោគប្រចាំកាយ និងផ្សេងៗទៀត ដើម្បីគ្រូពេទ្យបានផ្តល់នូវពាក្យណែនាំដែលល្អៗបំផុតសម្រាប់ការមើលថែទាំគភ៌របស់អ្នកម្តាយ។

    ទៅពិនិត្យគភ៌ក្នុងអំឡុង 2 – 3 ខែ

    ការពិនិត្យគភ៌ មិនត្រឹមតែនឹងធ្វើឱ្យអ្នកដឹងពីការប្រែប្រួលរបស់គភ៌ប៉ុណ្ណោះទេ​ តែនៅបានដឹងពីពាក្យណែនាំក្នុងការថែទាំគភ៌ ការថែទាំខ្លួនរបស់ស្ត្រីក្នុងអំឡុងពេលមានគភ៌រហូតដល់ពេលប្រសូត្រ។ ការកែបញ្ហាសភាវជ្រៀតជ្រែកផ្សេង​​​ៗ និងបានទទួល​ការ​ពិនិត្យ​គភ៌ជាដំណាក់​កាលយ៉ាងជាប់លាប់ទៀតផង។ ក្នុងករណីដែលកូននៅក្នុងផ្ទៃមានភាពខុសប្រក្រតីណាមួយ ក៏នឹង​អាចជួយកែ​បញ្ហា​បានទាន់ពេលវេលា។

    រៀបចំតារាងពេលវេលារង់ចាំទទួលកូនសម្លាញ់

    កត់ជាកំណត់ហេតុទុកនូវគ្រប់រឿងរ៉ាវដែលកើតឡើង និងសាកល្បងគិតទៅដល់ 9ខែខាងមុខទៀត ដើម្បីរាប់ពេលវេលាថយក្រោយថា ក្នុងខែនីមួយៗ ក្នុងអំឡុងពេលនីមួយៗ តើអ្នកត្រូវត្រៀមអ្វីខ្លះ ដើម្បីផ្តល់ពេលវេលាមួយរយៈសម្រាប់ការត្រៀមខ្លួនជាស្រេច។ ឡារ៉ែនជឿថា ទំរាំតែដល់ថ្ងៃនោះ អ្នកនឹងមានភាពត្រៀមខ្លួនជាស្រេច និងមានសេចក្តីសុខសម្រាប់ការប្រសូតសមាជិកតូចមួយចេញមក ដោយគ្មានអ្វីមួយរញ៉េរញ៉ៃ ឬតក់ក្រហល់ឡើយ៕

  • លេបថ្នាំពន្យារកំណើតពេលមានគភ៌ តើប្រថុយនឹងគ្រោះថ្នាក់ប៉ុនណា?

    លេបថ្នាំពន្យារកំណើតពេលមានគភ៌ តើប្រថុយនឹងគ្រោះថ្នាក់ប៉ុនណា?

    ការមានផ្ទៃពោះ ឬការតាំងគភ៌ គឺជារឿងដែលគួរឱ្យរីករាយសោមនស្សខ្លាំងណាស់…តែសម្រាប់មនុស្សមួយចំនួនដែលលេបថ្នាំពន្យារកំណើតមករហូត តែបែរជាមានផ្ទៃពោះវិញនោះ អាចក្លាយជារឿងដែលត្រូវនឹកព្រួយកង្វល់ក្នុងចិត្តយ៉ាងខ្លាំង ព្រោះទម្រាំតែដឹងថាខ្លួនឯងមានផ្ទៃពោះ អាយុគភ៌ក៏ឈានចូល 1ខែ ឬ 2ខែបាត់ទៅហើយ ហើយអា 1ខែ 2ខែដែលថាហ្នឹង សាមីខ្លួនក៏លេបថ្នាំពន្យារកំណើតមករហូតទៀត…តើកូននឹងកើតអ្វីដែរឬទេ? មានផលប៉ះពាល់ធ្ងន់ធ្ងរដែរឬទេ?

    យើងនាំគ្នាមកមើលចម្លើយទាំងអស់គ្នា…

    លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ តើកូននឹងពិការដែរឬទេ?

    ការលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះនេះ នៅមិនទាន់មានការអះអាងពីរបាយការណ៍ណាមួយថា នឹងធ្វើឱ្យទារកក្នុងផ្ទៃពិការឬយ៉ាងណានៅឡើយទេ តែបើសិនជាដឹងខ្លួនថា មានគភ៌ហើយ គួរបញ្ឈប់ការលេបថ្នាំពន្យារកំណើតភ្លាមតែម្ដង។

    លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ នឹងធ្វើឱ្យរលូតកូនមែនឬ?

    ថ្នាំពន្យារកំណើតជាថ្នាំដែលធ្វើឱ្យស្បូនមានរំអិល(ស្លែ)ច្រើនឡើង ជញ្ជាំងស្បូនមានភាពស្ដើង រារាំងបង្អាក់ការបំផ្លាស់ទីរបស់មេជីវិតដែលនឹងហែលចូលទៅរកស៊ុតញី ហើយបើសិនជាហែលចូលទៅចាប់បដិសន្ធិជាមួយស៊ុតញីបានក៏ដោយ តែក៏មិនអាចបង្កប់ខ្លួននៅនឹងស្បូនបានដែរ ព្រោះស្បូនមានជញ្ជាំងដែលស្ដើង ហើយបើសិនច្រឡំលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ ឬមានផ្ទៃពោះទៅហើយក្ដី ក៏គ្មានផលប៉ះពាល់ដល់កូនតូចដែរ មិនធ្វើឱ្យរលូតកូនដូចដែលគេនិយាយនោះទេចា៎ស…។

    លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ នឹងធ្វើឱ្យប្រសូតបុត្រមុនកំណត់មែនឬ?

    តាមរយៈការសិក្សាស្រាវជ្រាវមួយចំនួនបានអះអាងថា ការលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ អាចប្រថុយប្រថាននឹងការប្រសូតបុត្រមុនកំណត់ ឬទារកកើតមកមានទម្ងន់ខ្លួនតិច-ល- តែនៅមិនទាន់មានភ័ស្តុតាងដែលបញ្ជាក់ច្បាស់ប្រាកដនៅឡើយទេ។ ខាងគ្រូពេទ្យតែងតែប្រាប់ជានិច្ចថា បើដឹងថា ខ្លួនមានគភ៌ហើយ គួរបញ្ឈប់ការលេបថ្នាំពន្យារកំណើតភ្លាម។

    លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ ប្រថុយនឹងការមានកូនក្រៅស្បូនមែនឬ?

    ចំណុចនេះសូមឆ្លើយថា មែន!…ព្រោះមានរបាយការណ៍អំពីការលេបថ្នាំពន្យារកំណើតប្រភេទអ័រម៉ូនតែឯង និងថ្នាំពន្យារកំណើតបន្ទាន់ថា បើសិនលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ អាចបង្កើនឱកាសធ្វើឱ្យកើតការមានគភ៌កូនក្រៅស្បូនបាន។

    ប្រហែលជាបាត់ឆ្ងល់ បាត់សង្ស័យ និងលែងមានការព្រួយកង្វល់ហើយមែនទេ?…ការលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ មិនមែនជារឿងគួរឱ្យភ័យខ្លាចដូចការគិតនោះទេ ប៉ុន្តែដើម្បីក្ដីសប្បាយចិត្តរបស់ស្ត្រីមានគភ៌ខ្លួនឯង និងដើម្បីសុខភាពរបស់កូនក្នុងផ្ទៃ បើសង្ស័យថា ខ្លួនឯងប្រហែលជាតាំងគភ៌ ឬដឹងថាកំពុងតែតាំងគភ៌ហើយនោះ ត្រូវប្រញាប់បោះថ្នាំពន្យារកំណើតចោលទៅ ហើយងាកមកថែបំប៉នសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃដោយភោជនាហារ អាហារការហូបចុកដែលល្អ និងគ្រប់គ្រាន់សម្បូរបែបវិញប្រសើរជាង ណាចា៎ស៕

  • ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ចេញ​បទបញ្ជា​ផ្អាក​ការជួបជុំ​មនុស្ស​លើស​ពី​20នាក់ និង​កាត់បន្ថយ​ការ​ចេញទៅ​ក្រៅ​ផ្ទះ

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ចេញ​បទបញ្ជា​ផ្អាក​ការជួបជុំ​មនុស្ស​លើស​ពី​20នាក់ និង​កាត់បន្ថយ​ការ​ចេញទៅ​ក្រៅ​ផ្ទះ

    នៅ​ល្ងាច​ថ្ងៃទី 30 ខែវិច្ឆិកា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​បទបញ្ជា​បន្ទាន់​មួយ​ទាក់ទង​នឹង​បញ្ហា Covid-19 ក្នុងនោះ​មានការ​ស្នើឱ្យ​ផ្អាក​ការជួបជុំ​មនុស្ស​ដែលមាន​ចំនួន​ច្រើនជាង​ម្ភៃ​នាក់ រួមទាំង​ពិធី​រៀបការ​ផងដែរ។

    ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​សារព័ត៌មាន​ក្នុងស្រុក​ទទួលបាន និង​បាន​ចុះផ្សាយ បញ្ជាក់ថា ការ​ផ្អាក​ការ​ជួប​ជុំ​ខាងលើ​នេះ ត្រូវ​ធ្វើឡើង​រយៈ​ពេល​ 15 ថ្ងៃ ដោយ​រាប់​ចាប់​ពី​ពេល​នេះ​តទៅ​។ បទ​បញ្ជា​នេះ​ សំដៅ​ទៅ​លើ​​​រាជធានី​ភ្នំ​ពេញ និង​​ខេត្ត​សៀម​រាប​។

    សម្រាប់​ការជួបជុំ​ដែលមាន​មនុស្ស​ចាប់ពី 20 នាក់​ចុះ​ក្រោយ អាចធ្វើ​ទៅបាន ប៉ុន្តែ ត្រូវតែ​ធានា​ឱ្យបាន​ថា នឹង​ប្រព្រឹត្ត​​ទៅដោយ​គោរព​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងនោះ​មានដូចជា ការរក្សា​គម្លាត​សុវត្ថិភាព ការពាក់​ម៉ាស ឬ​សម្អាត​ដៃ​ដោយ​អាល់កុល ឬ​សាប៊ូ។ល។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 323 នាក់ ក្នុងនោះ​មាន 22 នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង 301 នាក់​ទៀត​បានជា​សះស្បើយ។

    ដោយឡែក នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​វីរុស​នេះ​សរុប 63,087,137នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 1,465,368 នាក់ អ្នក​បានជា​សះស្បើយ 43,557,257 នាក់ ខណៈដែល​អ្នក​កំពុង​ផ្ទុក​វីរុស​មាន​ចំនួន 18,064,512 នាក់៕