Category: សុខភាព

  • អគារ​កាណាឌីយ៉ា ត្រូវបាន​ក្រសួងសុខាភិបាល​បិទ​បណ្ដោះអាសន្ន ក្រោយពី​រកឃើញ​បុគ្គលិក​ធនាគារ​ម្នាក់​វិជ្ជមាន​នឹង Covid-19

    អគារ​កាណាឌីយ៉ា ត្រូវបាន​ក្រសួងសុខាភិបាល​បិទ​បណ្ដោះអាសន្ន ក្រោយពី​រកឃើញ​បុគ្គលិក​ធនាគារ​ម្នាក់​វិជ្ជមាន​នឹង Covid-19

    ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាស​បិទ​ធនាគា​រ​កាណាឌីយ៉ា​ដែលមាន​ទីតាំង​ជិត​ផ្លូវភ្លោះ​វត្តភ្នំ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ជា​បណ្ដោះអាសន្ន ក្រោយពី​បាន​រកឃើញ​បុរស​ជនជាតិខ្មែរ​ម្នាក់​ជា​បុគ្គលិក​ធនាគារ​ចិន វិជ្ជមាន​នឹង Covid-19។

    កាលពី​យប់មិញ ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ផ្ទុក​វីរុស Covid-19 ម្នាក់ ដែលជា​បុរស​ជនជាតិខ្មែរ និង​ជា​បុគ្គលិក​ធនាគារ​ចិន (Bank of China) ដែលមាន​ការិយាល័យ​នៅក្នុង​អគារ​កាណាឌីយ៉ា​ខាងលើ ដូច្នេះ ក្រសួងសុខាភិបាល​ក៏​សម្រាប់​បិទ​អគារ​នេះ​ជា​បណ្ដោះអាសន្ន​ដើម្បី​ស្រាវជ្រាវ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ។ បុគ្គលិក​ធនាគារ​ចិន​ខាងលើនេះ មាន​ទីលំនៅ​នៅក្នុង​សង្កាត់​វាល​ស្បូ​ប ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ នេះ​បើតាម​សារព័ត៌មាន FN ដែល​បាន​ដកស្រង់​សម្ដី​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។

    ដូច្នេះ គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្ល​ងី​វីរុស Covid-19 សរុប​ចំនួន 331នាក់ ក្នុងនោះ​មាន​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន 27នាក់ និង​ជាសះស្បើយ​ចំនួន 304នាក់៕

  • កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី​ចំនួន 2 ករណី​បន្ថែមទៀត ក្នុង​នោះ​មាន​បុគ្គលិក​ធនាគារ​ផងដែរ

    កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី​ចំនួន 2 ករណី​បន្ថែមទៀត ក្នុង​នោះ​មាន​បុគ្គលិក​ធនាគារ​ផងដែរ

    នៅ​ព្រឹក​ថ្ងៃទី 3 ខែធ្នូ​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid—19 ថ្មី ចំនួន 2នាក់​បន្ថែមទៀត ដែល​នេះ​មាន​ជាប់ទាក់ទង​នឹង​ករណី​ផ្ទុក​វីរុស​របស់​ភរិយា​លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ។

    ករណី​ឆ្លង​ខាងលើ​រួមមាន៖ ទីមួយ៖ ស្ត្រីជន​ជាតិខ្មែរ អាយុ 23ឆ្នាំ នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែលមាន​ស្វាមី​ជា​អនុប្រធាននាយកដ្ឋាន​ព​ន្ធ​នាគារ​នៃ​ក្រសួងមហាផ្ទៃ។ ទី​ពីរ៖ ស្ត្រីជន​ជាតិខ្មែរ អាយុ 21ឆ្នាំ នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ទីក្រុង​ភ្នំពេញ ដែលជា​ប្អូនបង្កើត​របស់​ស្ត្រី​ខាងលើ និង​ជា​បុគ្គលិក​របស់​ធនាគារ​កា​ធេ​យូ​ណាយ​ធី​ត នៅ​ភ្នំពេញ។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 3ធ្នូ​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្ល​ងី​វីរុស Covid-19 សរុប​ចំនួន 331នាក់ ក្នុងនោះ​មាន​អ្នក​កំពុង​ទទួល​ការព្យាបាល​ចំនួន 27នាក់ និង​ជាសះស្បើយ​ចំនួន 304នាក់៕

     

  • ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 តើត្រូវត្រៀមរួចជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

    ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 តើត្រូវត្រៀមរួចជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

    ត្រូវតែទទួលស្គាល់ថា ពិភពលោកសព្វថ្ងៃនេះវិលលឿនមែនទែន មិនដូចសម័យយើងកាលពីអតីតឡើយ។ ក្មេងដែលកើត និងធំធាត់ឡើងក្នុងយុគសតវត្សរ៍ទី21 នេះ កំពុងជួបនឹងយុគសម័យដែលមានការផ្លាស់ប្ដូរលឿនបំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ លោកឪពុក អ្នកម្ដាយខ្លួនឯងក៏កំពុងប្រឈមនឹងភាពសាកល្បងដែលមិនធ្លាប់កើតមានពីមុនមកដូចគ្នាដែរ ឧទាហរណ៍ដូចជា មុខរបរអាជីពជាច្រើនក្នុងអតីតកាល ត្រូវបានរលាយបាត់ ខណៈពេលជាមួយគ្នា ក៏មានមុខរបរអាជីពថ្មីៗដែលមិននឹកស្មានដល់បានកើតឡើងដែរ ដូចជា Youtuber ឬ Caster ការសរសេរកូដ ឬ Coding របស់លេង ឬវិធីការរៀនយល់ដឹងបែបថ្មីៗ ដែលធ្វើឱ្យពេលខ្លះបទពិសោធកាលពីអតីតកាលរបស់ឪពុកម្ដាយ លែងអាចជួយក្នុងការចិញ្ចឹមមើលថែកូនបានតទៅទៀត។ល។

    រឿងតែមួយគត់ដែលឪពុកម្ដាយក្នុងយុគសតវត្សរ៍ទី21 នេះធ្វើបានល្អបំផុត គឺការត្រៀមរួចជាស្រេចសម្រាប់កូនជាមួយការរៀនយល់ដឹង និងប្រឈមជាមួយបញ្ហាគ្រប់ស្ថានការណ៍ដែលកើតឡើង ដើម្បីអ្វីដែលថា ទោះជាគេ(កូនៗ)នឹងជួបរឿងអ្វីនាពេលអនាគត ក៏អាចទប់ទល់បានយ៉ាងទាន់ពេលវេលា និងត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗដែលកើតឡើង បានយ៉ាងមានប្រសិទ្ធភាពបំផុត។

    តើឪពុកម្ដាយអាចត្រៀមភាពប្រុងប្រៀបរួចជាស្រេចឱ្យកូនយ៉ាងណា?

    1.បង្ហាត់កូនឱ្យចេះជួយខ្លួនឯង

    អាចបង្ហាត់បង្រៀនបានតាំងពីកូននៅតូច ដូចជាញ៉ាំបាយ ងូតទឹក ដុសសម្អាតធ្មេញ…ធ្វើឱ្យកូនមានអារម្មណ៍ថា ខ្លួនគេអាចទៅរួច ធ្វើអ្វីក៏បាន ស្រឡាញ់ និងមានមោទនភាពលើខ្លួនឯង ឬដែលហៅថា Self-esteem ដែលជាដំណាក់កាលដំបូងរបស់ការអភិវឌ្ឍខួរក្បាល។

    2.បណ្ដោយឱ្យកូនលេង ព្រោះការលេង គឺជាការងាររបស់ក្មេង

    ក្នុងអំឡុងពេលដែលកូនលេង នឹងកើតមានការតាំងគោលដៅរយៈពេលខ្លីម្ដងម្កាលដោយធម្មជាតិ។ មានការប្រើម្រាមដៃទាំង10 និងប្រព័ន្ធប្រសាទប៉ះពាល់ទាំង5 ធ្វើឱ្យខួរក្បាលផ្នែកខាងមុខបានទទួលការអភិវឌ្ឍ។ ឧទាហរណ៍ការលេងដែលជួយជំរុញខួរក្បាលរបស់កូន ដូចជាការផាត់ពណ៌ សូនរូបជាមួយដីឥដ្ឋ លេងតម្រៀបដុំឈើ និងលេងតោងឡើង ជាដើម។

    3.សាងសម្ព័ន្ធភាពដ៏ល្អដោយការចិញ្ចឹមមើលថែកូនបែបវិជ្ជមាន

    ដោយការបង្ហាត់បង្រៀនកូនដោយហេតុផល បើកឱកាសឱ្យកូនចេះគិតវិភាគ យល់ដឹង ដោះស្រាយកែខៃបញ្ហាដោយខ្លួនឯង ដែលទាំងអស់នេះនឹងជួយអភិវឌ្ឍ “ខួរក្បាលផ្នែកខាងគិត” បន្តឆ្ពោះទៅរកការរៀនយល់ដឹង។ ការសម្លុត ការទិតៀន ការបញ្ជួសបន្សោក ឬការដាក់ទោសឱ្យរាងចាល នឹងធ្វើឱ្យកូនមានអារម្មណ៍ថា គ្មានសុវត្ថិភាព និងខួរក្បាលមិនបានទទួលការអភិវឌ្ឍ។

    4.យកចិត្តទុកដាក់រឿងភោជនាហារ

    ជាពិសេសបំផុតសារធាតុអាហារដែលប្រើក្នុងការអភិវឌ្ឍខួរក្បាលកូន មានដូចជា ប្រូតេអ៊ីន អាស៊ីតខ្លាញ់ចាំបាច់ DHA និងARA សារធាតុដែក អ៊ីយ៉ូដ វីតាមីនA និងវីតាមីនB12 ដែលអ្នកម្ដាយអាចធ្វើបានតាំងពីកើតដំបូងតាមរយៈការចិញ្ចឹមកូនដោយទឹកដោះម្ដាយរយៈពេលយ៉ាងតិច 6ខែ តាមដោយការមើលថែទាំកូនឱ្យបានទទួលសារធាតុអាហារទៅតាមវ័យដែលស័ក្តិសម ដូចជា ស៊ុត ត្រីសមុទ្រ បន្លែល្ពៅ ការ់ុត បន្លែស្លឹកបៃតង និងទឹកស៊ុបដែលមានប្រយោជន៍ជាដើម។

    ជាសរុបទៅក៏គឺ បើសួរថា តើការចិញ្ចឹមកូនក្នុងសម័យនេះ មានអ្វីដែលខុសប្លែកពីមុនខ្លះនោះ?…ចម្លើយគឺ គោលការណ៍គ្រឹះមិនខុសគ្នាទេ តែនឹងខុសគ្នាក៏ត្រង់រឿងតិចណូឡូជី ដូច្នេះយើងត្រូវត្រៀមឱ្យកូនឱ្យរួចជាស្រេចក្នុងការរៀនយល់ដឹងគ្រប់ពេលវេលា។ សង្គត់ធ្ងន់លើការអភិវឌ្ឍជំនាញគ្រប់ផ្នែក ទាំងជំនាញការដោះស្រាយបញ្ហាឱ្យបាន និងជំនាញការរស់នៅ រួមទាំងយកចិត្តទុកដាក់រឿងភោជនាហារដែលមានផលប្រយោជន៍ដល់ខួរក្បាល ដើម្បីឱ្យកូនអាចរស់នៅក្នុងសង្គមបានយ៉ាងមានសេចក្ដីសុខ និងក្លាយជាបុគ្គលដែលទទួលបានជោគជ័យក្នុងសតវត្សរ៍ទី21 នេះ៕

  • វិធីដាស់កូនឱ្យភ្ញាក់ពីគេង ដែលអាណាព្យាបាលសម័យថ្មីមិនគួរធ្វើ និងគួរធ្វើ…

    វិធីដាស់កូនឱ្យភ្ញាក់ពីគេង ដែលអាណាព្យាបាលសម័យថ្មីមិនគួរធ្វើ និងគួរធ្វើ…

    ឪពុកម្តាយតែងតែចង់ឱ្យកូនតូចភ្ញាក់ពីគេងភ្លាមៗបន្ទាប់ពីបានឮសំឡេងដាស់លើកដំបូងរបស់ខ្លួន តែបើសិនជាកូននៅតែគេងតទៅ​ទៀត​នោះ វិធីការដាស់ជាបន្តទៅទៀតនឹងច្រើនតែមានអានុភាពខ្លាំងក្លាឡើងជារឿយៗ ដែលទាំងអស់នេះ ឡារ៉ែនចង់ប្រាប់ថា​ វិធីការដាស់កូនឱ្យភ្ញាក់គេងបែបនេះ អាចនឹងមានផលអាក្រក់ចំពោះសុខភាពរបស់កុមារ។

    ព្រោះការដាស់ឱ្យភ្ញាក់ពីគេងដោយការធ្វើឱ្យភ្ញាក់ផ្អើល វានឹងទៅបំផ្លាញកម្មវិធីការចាប់ផ្តើមធ្វើការរបស់ប្រព័ន្ធខាងក្នុងយ៉ាងត្រឹមត្រូវរបស់រាងកាយ និងនៅពេលៗវេលាកន្លងទៅ ការដាស់ដោយវិធីខ្លាំងក្លាផ្សេងៗនេះ នឹងមានសញ្ញាដែលនឹងនាំឆ្ពោះទៅរកភាពមិននឹង​នរ​ខាងអារម្មណ៍ ហើយនិងធ្វើឱ្យកុមារកើតមានការតបស្នងយឺតយ៉ាវ អាចរាប់បានថា ជាការដាស់ឱ្យភ្ញាក់ពីគេង​បែបលស់ព្រលឹងក៏​អាច​​​​​ថា​បាន​ដែរ។

    វិធីការដាស់កូនឱ្យភ្ញាក់ពីគេង តទៅនេះ អាចហៅបានថា ជាគំរូនៃការដាស់ដែលកាត់បន្ថយជីវិតរបស់កូនលោកអ្នក គឺៈ

    • ចូលទៅស្រែកដាស់ខ្លាំងៗ បែបមួម៉ៅក្តៅក្រហាយនៅក្នុងបន្ទប់គេងៈ អាចហៅបានថា ជាការដាស់តាមតួនាទីដោយ​អារម្មណ៍មួម៉ៅ និងសម្លេងខ្លាំងៗមាំៗ នឹងធ្វើឱ្យអ្នកដែលកំពុងគេងលក់ស្រួលនោះមានអារម្មណ៍ថា ខ្វះសុវត្ថិភាព។
    • ទាញកញ្ឆក់ភួយចេញពីកូនខ្លាំងៗៈ ធ្វើឱ្យសីតុណ្ហភាពប្រែប្រួលយ៉ាងទាន់ហន់ អាចមានផលប៉ះពាល់ដល់ការបំផ្លាញប្រព័ន្ធប្រសាទបាន។
    • វាយខ្នង ឬគូទដើម្បីឱ្យកូនភ្ញាក់ដឹងខ្លួនៈ ស្ថិតក្រោមសតិសម្បជញ្ញៈខណៈកំពុងគេងលក់នោះ នឹងធ្វើឱ្យកើតមានទង្វើតបស្នងឡើងដោយសារការត្រូវវាយទាំងនោះយ៉ាងរហ័ស និងពេលយូរៗទៅ កុមារអាចនឹងមានការតបស្នងក្នុងការធ្វើកិច្ចការងារផ្សេងៗយឺតយ៉ាវបាន។
    • រអ៊ូមិនឈប់រហូតទាល់តែកូនភ្ញាក់ៈ មនុស្សគ្រប់គ្នាត្រូវការពេលវេលាខុសប្លែកពីគ្នាក្នុងការត្រៀមរាងកាយដើម្បីធ្វើការ​ងារ ដូច្នេះការរអ៊ូ ឬការនិយាយមិនឈប់ វានឹងទៅបំផ្លាញដំណាក់កាលការត្រៀមរាងកាយ និងបែរជាធ្វើឱ្យការដាស់បែបនោះកាន់តែពិបាកជាងមុនទៅវិញទេ។
    • ដាស់ដោយសំឡេងដែលឮខ្លាំងៗ និងរំខានៈ ដូចជាការដើរក្ឌុងក្ឌាំង សំឡេងនាឡិការោទ៍ឮខ្លាំងៗ ឬសំឡេងនិយាយគ្នា ជាដើម។ សំឡេង​ទាំង​អស់នេះធ្វើឱ្យមនុស្សមានអារម្មណ៍ធុញទ្រាន់ និងពេលភ្ញាក់ឡើងមកហើយនោះ នឹងមានអារម្មណ៍ឆាប់មួម៉ៅ។

    វិធីការដាស់កូនឱ្យភ្ញាក់គេងដែលឡារ៉ែនចង់ណែនាំ ៈ

    1. ប្រាប់ទុកមុនឱ្យហើយៈ អាណាព្យាបាលគួរប្រាប់មុនពេលកូនចូលគេងឱ្យហើយថា ស្អែកនេះ ម៉ាក់ចង់ឱ្យកូនសម្លាញ់ភ្ញាក់ម៉ោងប៉ុន្មាន…។
    2. ភ្ញាក់ដោយពន្លឺដែលចាំងចូលមកៈ សម្រួលពន្លឺភ្លើងឱ្យភ្លឺសន្សឹមៗឡើង ឬបើកមាត់បង្អួចឱ្យពន្លឺចាំងចូលមកយ៉ាងស្ងាត់ៗ ស្រទន់ៗ ដែលពន្លឺបែបនោះនឹងធ្វើឱ្យកុមារអាចដឹងខ្លួនឡើងដោយឯកឯង។
    3. ឱ្យក្លិនក្រអូបឈ្ងុយឆ្ងាញ់របស់អាហារពេលព្រឹកដាស់កូនឱ្យភ្ញាក់ឡើង។
    4. បើកបទភ្លេងឱ្យឮរងំៗៈ ដែលនឹងធ្វើឱ្យមានអារម្មណ៍ធូរស្រាលជំនួសសំឡេងដាស់ដែលគួរឱ្យរំខាន។
    5. ប៉ះ ឬអង្អែលខ្លួនប្រាណកូនយ៉ាងថ្នមៗឱ្យដឹងខ្លួនឡើង។

    ពេលរកឃើញវិធីដែលស័ក្តិសមល្អសម្រាប់ការដាស់កូនឱ្យភ្ញាក់ពីគេងបានហើយនោះ ចូរប្រើវិធីដដែលនោះដាស់ជាប្រចាំ ដើម្បីឱ្យកូនស៊ាំធ្លាប់​ និងមិនគួរផ្លាស់ប្តូរវិធីដាស់ញឹកញាប់ពេកឡើយ…តែសរុបទៅ ការដាស់កូនឱ្យភ្ញាក់ពីគេងដែលល្អបំផុតនោះគឺ ការដាស់ដែលទន់ភ្លន់ និងត្រូវមាន​ភាពអត់ទ្រាំ និងចិត្តត្រជាក់ជានិច្ច៕

  • មូល​ប​ត្រ​ក្រុមហ៊ុន​ផលិត​ថ្នាំ​បាញ់​ច្រមុះ​ប្រឆាំង Covid-19 កើនឡើង​ជិត 500% ក្នុង​រយៈពេល​តែមួយ​ថ្ងៃ

    មូល​ប​ត្រ​ក្រុមហ៊ុន​ផលិត​ថ្នាំ​បាញ់​ច្រមុះ​ប្រឆាំង Covid-19 កើនឡើង​ជិត 500% ក្នុង​រយៈពេល​តែមួយ​ថ្ងៃ

    មូល​ប​ត្រ​របស់ Auris Medical ដែលជា​ក្រុមហ៊ុន​មួយ​មាន​ទីស្នាក់ការ​កណ្ដាល​នៅលើ​ទឹកដី Bermuda បាន​កើនឡើង​យ៉ាង​លឿន​ពី​តម្លៃ 1.1 ដុល្លារ​អាមេរិក​ក្នុងការ​ជួញដូរ​កាលពី​ថ្ងៃទី 30 វិច្ឆិកា ឡើងដល់​ជាង 5 ដុល្លារ/ហ៊ុន នៅក្នុង​ការជួញដូរ​កា​លពី​ម្សិលមិញ។ល។

    ក្នុងការ​ជួញដូរ​កាល​ពីថ្ងៃ​ទី 1 ខែធ្នូ តម្លៃ​មូល​ប​ត្រ​របស់ Auris Medical បាន​កើន​ឡើងដល់ 480% បន្ទាប់ពី​មាន​ព័ត៌មាន​ថា ថ្នាំ​បាញ់​ច្រមុះ AM-301 ដែល​ក្រុមហ៊ុន​នេះ​បាន​ផលិតឡើង មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ការពារ​ការឆ្លង​វីរុស Covid-19។

    មុន​នោះ Auris Medical បានធ្វើ​ការពិសោធ​ដោយ​ប្រើប្រាស់​ថ្នាំ AM-301 នេះ បាញ់​ទៅលើ​កោសិកា​ក្នុង​ច្រមុះ​របស់​មនុស្ស​សិប្បនិម្មិត​ដែល​ត្រូវបាន​គេ​បង្កើតឡើង​ដើម្បី​ជា​តំណាង​មនុស្ស​នៅក្នុង​បន្ទប់ពិសោធន៍។ លទ្ធផល​បាន​បង្ហាញថា កោសិកា​ដែល​ត្រូវបាន​បាញ់ថ្នាំ AM-301 មាន​ផ្ទុក​វីរុស Covid-19 តិចជាង 90% បើ​ធៀប​នឹង​កោសិកា​ដែល​មិនបាន​បាញ់ថ្នាំ​នេះ​ក្រោយ​រយៈពេល 48 ម៉ោង។ ប្រសិទ្ធភាព​នេះ​បាន​កើនឡើង 99.2% បន្ទាប់ពី​បាន​បាញ់ថ្នាំ​នេះ​រយៈពេល 72 ម៉ោង។ ប្រការនេះ​បង្ហាញថា ថ្នាំ​ប្រភេទ​បាញ់ AM-301 មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ទប់ទល់​នឹង​ការឆ្លង​វីរុស Covid-19។

    ស្ថាបនិក និង​ជា CEO របស់ Auris Medical លោក Thomas Meyer បានឱ្យដឹងថា៖ «យើង​ពិតជា​មានការ​សប្បាយចិត្ត​ជាមួយនឹង​ប្រសិទ្ធភាព​របស់ AM-301 នៅក្នុង​ការប្រឆាំង​នឹង​វីរុស Covid-19 ក្រោយពី​ថ្នាំ​នេះ​ត្រូវបាន​ពិសោធ​នៅក្នុង​បរិស្ថាន​សិប្បនិម្មិត​ស្រដៀង​ទៅនឹង​ច្រមុះ​មនុស្ស​ពិត»។

    លោក Thomas Meyer បន្ថែមថា៖ «ជាមួយនឹង​រូបមន្ត​ប្រភេទ​បាញ់​ថ្មី យើង​មាន​ភ័ស្ដុតាង​ផ្ទាល់​បង្ហាញថា AM-301 អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​តាមរយៈ​ភ្នាស​ក្នុង​រន្ធ​ច្រមុះ។

    លោក Meyer ក៏បាន​និយាយថា Auris Medical នឹងធ្វើ​ការពិសោធ​បន្ថែម​ទៅលើ​ថ្នាំ​បាញ់​ច្រមុះ AM-301 ហើយ​តាម​ផែនការ ក្រុមហ៊ុន​នេះ​នឹងដាក់​ពាក្យសុំ​ចុះ​បញ្ជិកា​នៅ​ឆ្នាំ2021។ AM-301 កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ Altamira Medica ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Auris Medical។

    ក្រុមហ៊ុន Auris Medical ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2003 និង​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង Hamilton នៃ​កោះ Bermuda ដែលជា​ទឹកដី​មួយ​របស់​ចក្រភព​អង់គ្លេស នៅ​កណ្ដាល​មហាសមុទ្រ​អា​ត្ល​ន់​ទិ​ក​ខាងជើង។ មូល​ប​ត្រ​របស់ Auris Medical Holding Ltd បច្ចុប្បន្ន​ត្រូវបាន​ដាក់ឱ្យ​ជួញដូរ​នៅលើ​ផ្សារ​ហ៊ុន Nasdaq ដោយ​ប្រើ​ឈ្មោះ «EARS»៕

  • នៅពេលរាងកាយខ្វះ “វីតាមីន” នឹងហុចផលអាក្រក់ដល់សុខភាពរបស់យើង

    នៅពេលរាងកាយខ្វះ “វីតាមីន” នឹងហុចផលអាក្រក់ដល់សុខភាពរបស់យើង

    វីតាមីន និងសារធាតុរ៉ែ ជាសារធាតុអាហារដែលចាំបាច់ខ្លាំងណាស់ចំពោះការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗក្នុងរាងកាយមនុស្សយើង ហើយបើទោះជារាងកាយនឹងត្រូវការវីតាមីន និងសារធាតុរ៉ែត្រឹមតែបន្តិចបន្តួចក៏ដោយ ក៏នៅតែមិនអាចខ្វះបានជាដាច់ខាត ព្រោះបើសិនរាងកាយរបស់អ្នកមិនបានទទួលវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់នោះ វាអាចធ្វើឱ្យរូបអ្នកឈឺថ្កាត់បានភ្លាមៗតែម្ដង ហើយខាងក្រោមនេះ គឺអាការដែលបង្ហាញថា រាងកាយរបស់អ្នកខ្វះវីតាមីនហើយ…។

    1.ស្បែកស្ងួត រឹងគ្រើម

    ស្បែកស្ងួត រឹងគ្រើម អាចបញ្ជាក់បានថា រាងកាយខ្វះវីតាមីន និងសារធាតុរ៉ែច្រើនប្រភេទ ដូចជាវីតាមីនA វីតាមីនC វីតាមីនE និងអាស៊ីដហ្វូលិក ដោយវីតាមីនA នឹងមានតួនាទីសំខាន់សម្រាប់ការពង្រឹងភាពរឹងមាំរបស់កោសិកាស្បែក ជួយព្យាបាលសភាពសាច់ភ្នាសស្បែកដែលជួយការពារអាការស្បែកស្ងួត រឹង គ្រើមបាន។ ចំណែកវីតាមីន C និង E ក៏មានចំណែកជួយក្នុងការសាងខលឡាជេន ថែបំប៉នសាច់ស្បែក និងជួយព្យាបាលមុខរបួសនៅលើសាច់ទៀតផង។

    2.គេងមិនលក់

    បើលោកអ្នកត្រូវការគេងសម្រាក តែមិនអាចលង់លក់បាន ឬលក់បែបមិនស្និទ្ធនោះ វានឹងធ្វើឱ្យមានអារម្មណ៍ថាទន់ល្វើយអស់កម្លាំង ឆាប់ខឹងមួម៉ៅ ឈឺក្បាល គ្មានសមាធិ(អារម្មណ៍មិននឹងនរ)។ ទាំងអស់នេះ គឺបណ្ដាលមកពីការដែលរាងកាយមានកម្រិតម៉ាញេស្យូមទាប ព្រោះម៉ាញេស្យូមមានតួនាទីសំខាន់ក្នុងការជួយបន្ធូរភាពធុញថប់តានតឹង ជួយឱ្យសាច់ដុំបានធូរស្រាល ដែលនឹងធ្វើឱ្យលោកអ្នកអាចគេងលក់បានកាន់តែងាយស្រួលឡើង។

    3.នឿយល្វើយ សាច់ដុំគ្មានកម្លាំង និងឈឺតាមសន្លាក់

    អាការនឿយល្វើយ សាច់ដុំគ្មានកម្លាំង និងឈឺតាមសន្លាក់ គឺជាសញ្ញាបង្ហាញថា រាងកាយខ្វះវីតាមីនC។ ដោយសារតែ វីតាមីនC មានភាពពាក់ព័ន្ធនឹងការកសាងសារធាតុខូឡាជេន ដែលជាចំណែកប្រកបរបស់សាច់ភ្នាសភ្ជាប់នៅក្នុងរាងកាយបរិវេណឆ្អឹងខ្ចី សាច់ដុំ សរសៃឈាម និងស្បែក ដែលការពិតទៅ អាការទាំងអស់នេះគឺជាអាការសម្គាល់របស់សភាវរោគដែលបណ្ដាលមកពីការខ្វះវីតាមីនC ដោយនៅលើអ្នកដែលមានអាការធ្ងន់ធ្ងរ នឹងមានចេញឈាមមកតាមជើងធ្មេញ មានស្នាមអុចៗពណ៌ឈាមនៅតាមស្បែក សឹកសាច់អញ្ចាញ និងជ្រុះធ្មេញរួមជាមួយទៀតផង។

    4.សាច់ដុំរួញតឹង ញាក់ជើង និងរមួលក្រពើញឹកញាប់          

    រាងកាយត្រូវការប៉ូតាស្យូម​ដើម្បីសាងសាច់ដុំ និងប្រូតេអ៊ីន ការដេលមានប៉ូតាស្យូមទាប អាចធ្វើឱ្យកើតរមួលក្រពើបានជាពិសេសនៅម្ដុំកំភួនជើង និងថែមទាំងអាចបញ្ជាក់ប្រាប់អំពីសភាវដែលរាងកាយមានកម្រិតជាតិកាល់ស្យូមដែលថយចុះទាបទៀតផង។ ដោយសារតែកាល់ស្យូមមានតួនាទីក្នុងការព្យាបាល ការតបស្នងរបស់កោសិកាប្រសាទ និងសាច់ដុំ នៅពេលកាល់ស្យូមថយចុះ នឹងធ្វើឱ្យកោសិកាទាំងនោះត្រូវបានជំរុញយ៉ាងងាយ ធ្វើឱ្យកើតការបង្រួញខ្លួន ឡើងរឹង និងកើតរមួលក្រពើ។

    5.ងាយនឹងឈាមច្រមុះ និងឈាមមិនងាយឈប់ហូរ

    ដោយសារតែវីតាមីនK មានចំណែកសំខាន់ក្នុងកម្មវិធីការបង្កកខ្លួនរបស់ឈាមក្នុងរាងកាយ ដូច្នេះហើយការដែលរាងកាយខ្វះវីតាមីនK នឹងធ្វើឱ្យឈាមមិនងាយឈប់ហូរ រួមទាំងអាចនឹងមានអាការចេញឈាមខុសប្រក្រតី ដូចជាមានចេញឈាមតាមច្រមុះ មានចេញឈាមនៅក្នុងប្រព័ន្ធរំលាយអាហារ និងមានស្នាមអុចៗក្រហមៗដូចឈាមនៅលើស្បែកទៀតផង។

    6.មុន

    មុន គឺជាជំងឺស្បែកម្យ៉ាងដែលសាងក្ដីរំខានចិត្តដល់មនុស្សជាច្រើន ជាពិសេសនារីៗ ដោយមនុស្សភាគច្រើនយល់ថា មុន កើតឡើងដោយសារការមិនចេះសម្អាតស្បែកមុខ ញ៉ាំអាហារចៀនបំពងច្រើន រួមទាំងសភាវកខ្វក់ក្នុងខ្យល់អាកាស តែការពិតវិញ ការខ្វះវីតាមីន A ឬវីតាមីន D ក៏អាចបណ្ដាលឱ្យកើតពងបែកតូចៗស្រដៀងនឹងមុនបានដូចគ្នាដែរ ព្រោះការខ្វះវីតាមីន A មានចំណែកជួយក្នុងការការពារការកើតមុន លុបបំបាត់ស្នាមអុចខ្មៅលើស្បែកមុខ និងកាត់បន្ថយការរលាកក្លាយរបស់មុនបាន ដូច្នេះនៅពេលរាងកាយមានកម្រិតវីតាមីន A ធ្លាក់ចុះទាប នឹងធ្វើឱ្យមានពាក់ព័ន្ធនឹងការកើតមុន។

    7.ជ្រុះសក់

    សភាវការខ្វះសារធាតុដែកស័ង្កសី អាចជាមូលហេតុមួយដែលធ្វើឱ្យកើតអាការជ្រុះសក់ សក់ស្ដើង ដោយសារតែស័ង្កសី ជាសារធាតុរ៉ែដែលមានភាពសំខាន់ដល់ការចម្រើនធំធាត់ ការសាងសាច់ភ្នាស រួមទាំងការបំបែកខ្លួនរបស់កោសិកាឫសសក់ទៀតផង។

    (នៅមានត)

  • កែនិស្ស័យកូនចូលចិត្តប្រកែក…

    កែនិស្ស័យកូនចូលចិត្តប្រកែក…

    ខាងក្រោមនេះ គឺជាសំណួររបស់អ្នកម្តាយម្នាក់ដែលកំពុងតែព្រួយបារម្ភអំពីនិស្ស័យមិនល្អរបស់កូនប្រុស ដែលបានសួរទៅអ្នកជំនាញខាងចិត្តវិទ្យាកុមារ ព្រោះតែខ្លាចវាក្លាយទៅជាទម្លាប់អាក្រក់នៅពេលដែលគេធំឡើង នាពេលអនាគត។ សូមប្រីយមិត្តអ្នកអាន ជាពិសេសមាតា-បិតា និងអាណាព្យាបាលដែលមានកូនតូចទាំងឡាយ តាមដាន និងយកធ្វើជាចំណេះដឹងក្នុងការមើលថែទាំ និងអប់រំកូនៗដូចតទៅ ៖

    ខាងក្រោមនេះគឺជាបញ្ហា និងសំណួរដែលអ្នកម្ដាយរបស់កូនប្រុសអាយុ 4ឆ្នាំម្នាក់បានសួរទៅគ្រូពេទ្យជំនាញ…

    «-នាងខ្ញុំសុំការណែនាំអំពីវិធីកែនិស្ស័យកូនដែលចូលចិត្តប្រកែក និងរឹងឌឺ ព្រោះនាងខ្ញុំខ្លាចកូនធ្លាប់ខ្លួន យកនិស្ស័យមិនល្អនេះទៅប្រើនៅឯសាលារៀន។

    សំណួរ : កូនប្រុសនាងខ្ញុំ អាយុ 4ឆ្នាំហើយ ជាក្មេងប៉ឹនសម្ដីណាស់(ពូកែនិយាយ) តែចូលចិត្តលួចរឹង និងឌឺស្ងាត់ៗ។ ពេលប្រាប់គេឱ្យទៅធ្វើអ្វីមួយ គេចូលចិត្តតែប្រកែកជានិច្ច។ នាងខ្ញុំខ្លាចពេលចូលសាលារៀនហើយ ខ្លាចគេទៅប្រកែកជាមួយអ្នកគ្រូ និងមិត្តភ័ក្តិ និងខ្លាចក្រែងគេចូលមិនចុះជាមួយអ្នកឯទៀត។ សួរថា តើនាងខ្ញុំត្រូវកែសម្រួល ឬកែនិស្ស័យនេះយ៉ាងណាស្រួលទៅ?

    ពីអ្នកម្តាយ អូន ប៊យ / នៅភ្នំពេញ»

    ចម្លើយ : ក្មេងប៉ឹនសម្ដី គឺជាមនុស្សដែលមានមន្តស្នេហ៍ មនុស្សចាស់ដែលបាននិយាយលេងជាមួយកុមារបែបនេះ នឹងកើតមានអារម្មណ៍ស្រឡាញ់ និងអាណិត ជាពិសេសសម្រាប់មនុស្សចាស់ បើមានកូនចៅប៉ឹនសម្ដី ចេះនិយាយ​លេងនៅជាមួយផងនោះ នឹងមានសេចក្តីសុខខ្លាំងណាស់។ រឿងប៉ឹនសម្ដីនេះ ភាគច្រើន ជាលក្ខណ:ចរិតរបស់ក្មេងស្រីច្រើនជាងក្មេងប្រុស តែក៏មិនមែនជារឿងប្លែកអ្វីដែរ ដែលក្មេងប្រុសខ្លះមាននិស្ស័យប៉ឹនសម្ដីបែបនោះ ព្រោះមួយចំណែកនៃការក្លាយ​ជាក្មេងប៉ឹនសម្ដីនោះ គឺកើតចេញពីស្ថានភាពជុំវិញខ្លួន និងបុគ្គលដែលនៅជុំវិញខ្លួនកុមារនោះ។

    អាយុ 3-4ឆ្នាំ គឺជាវ័យដែលចាប់ផ្តើមចេះមានការគិត និងមានហេតុផលរបស់ខ្លួនឯងហើយ ក្មេងៗច្រើនតែនិយាយ និងធ្វើផ្ទុយពីអ្វីដែលមនុស្សធំប្រាប់។ ចាប់ផ្តើមដោយពាក្យបដិសេធខាងដើមថា “ទេ” “កូនមិនធ្វើទេ” “កូនអត់ងូតទឹកទេ” ឬ “កូនមិនចង់ញ៉ាំទេ” ជាដើម។ល។ បន្ទាប់ពីពាក្យថា “ទេ” ភាសារបស់កុមារនឹងវិវឌ្ឍ ហើយចាប់ផ្តើមរៀនយល់ដឹងកាន់តែច្រើនឡើង បូកជាមួយនឹងហេតុផលដែលខ្លួនមានច្រើនឡើងផងដែរនោះ ទើបកុមារចេះបញ្ចេញគំនិត តម្រូវការ និងអារម្មណ៍មកជាភាសានិយាយ។ មកដល់ពេលនេះការប៉ឹននិយាយមាន 2រូបបែប គឺការនិយាយបែបមានមន្តស្នេហ៍ និងការនិយាយដែលមនុស្សធំហៅថា “ប្រកែក”។ កូនអ្នកស្រីមិនមែនជាក្មេងរឹងឌឺទេ តែអ្នកជំនាញយល់ថា កូនកំពុងតែមានការចេះគិត មានហេតុផល ដូច្នេះអ្នកម្តាយត្រូវធ្វើចិត្តត្រជាក់ៗ បើកូនប្រកែកពេលអ្នកម្តាយប្រាប់ឱ្យធ្វើអ្វីមួយនោះ ចូរកុំបន្ទោស ឬដាក់ទោសកូនដោយការវាយឱ្យ​សោះ ព្រោះកូននៅមិនទាន់យល់ដឹងថា ការនិយាយតមាត់ ការនិយាយប្រកែកនឹងម្តាយនេះ ហេតុអីបានជាគេមិនអាចធ្វើបាន? ផ្ទុយទៅវិញ បើកូនប្រកែកហើយ អ្នកម្តាយសើច​ ហើយនិយាយប្រកែកទៅវិញនោះ កូនអាចនឹងគិតថា គេអាចធ្វើបែបនេះជាមួយម្តាយបាន ដូច្នេះការកែសម្រួល ឬកែនិស្ស័យបែបនេះ អ្នកជំនាញខាងចិត្តវិទ្យារបស់កុមារសូមណែនាំដូចតទៅ ៖

    -កូនជាក្មេងប៉ឹនសម្ដី អ្នកម្តាយគួរបង្កើន និងរិះរកកិច្ចការណាដែលពាក់ព័ន្ធនឹងការនិយាយឱ្យកូនបានធ្វើញឹកញាប់ ដូចជាឱ្យកូនបាននិយាយរៀបរាប់រឿងរ៉ាវផ្សេងៗ ឬនិយាយរឿងនិទានឱ្យអ្នកដែលនៅជាមួយជិតដិតបានស្តាប់ ដើម្បីឱ្យកូនមានឱកាសបានស្គាល់ពាក្យស័ព្ទថ្មីៗដែលគេចង់ប្រើ ព្រមទាំងឆ្លៀតឱកាសបង្រៀនកូនអំពីសុជីវធម៌ក្នុងការនិយាយ និងប្រាប់ឱ្យកូនបាន​ដឹង​​ថា សម្ដីណាខ្លះដែលមិនគួរប្រើជាមួយមនុស្សចាស់ ការប្រើសំឡេងនិយាយជាមួយអ្នកដទៃយ៉ាងណា ទើបគួរឱ្យចង់ស្តាប់ជាដើម។ល។

    ពេលដែលកូនប្រកែក អ្នកម្តាយគួរឈប់ ដើម្បីស្តាប់សិន ដោយធ្វើទឹកមុខ និងអាកប្បកិរិយាធម្មតា កុំត​មាត់ ទាំងអស់នេះ គឺដើម្បីឱ្យកូនបានដឹងថា ទង្វើដែលគេកំពុងធ្វើនេះមិនសមគួរទេ។ នៅពេលកូនឈប់ប្រកែក សឹមអ្នកម្ដាយប្រាប់ពីវិធីថា កូនគួរតែនិយាយយ៉ាងម៉េចវិញ ទើបជាការប្រសើរជាង។

    នៅពេលណាដែលគំនិតរបស់អ្នកម្តាយ និងកូនមិនត្រូវគ្នា យើងគួរប្រើវិធីនិយាយជជែកពិភាក្សាគ្នា ដើម្បីឱ្យកូនបានបង្ហាញពីអារម្មណ៍ និងគំនិតរបស់គេចេញមកយ៉ាងសេរី ហើយអ្នកម្តាយក៏គួរនិយាយប្រាប់កូនអំពីគំនិត និងអារម្មណ៍របស់ខ្លួនឱ្យកូនបានដឹងដែរ ដើម្បីឱ្យកូនបានរៀនយល់ដឹងពីវិធីកែបញ្ហាដែលត្រឹមត្រូវ៕

  • អាការឈឺខ្នង 5យ៉ាង អាចប្រាប់យើងពីជំងឺគ្រោះថ្នាក់ផ្សេងៗបាន

    អាការឈឺខ្នង 5យ៉ាង អាចប្រាប់យើងពីជំងឺគ្រោះថ្នាក់ផ្សេងៗបាន

    មនុស្សវ័យកំលោះ ក្រមុំជាច្រើននាក់មានអាការឈឺខ្នង ដែលអ្នកខ្លះគិតថា អាចបណ្ដាលពីមូលហេតុដែលអង្គុយយូរជ្រុលពេក ឬក៏ទៅធ្វើអ្វី​មួយ​ខុសឥរិយាបថ ជាដើម តែទាំងអស់គ្នាមិនបានដឹងឡើយថា អាការឈឺខ្នងមិនមែនមានន័យត្រឹមតែអាការខុសប្រក្រតីរបស់ឆ្អឹងប៉ុណ្ណោះទេ។

    អាការឈឺខ្នង ជាទូទៅអាចជាអាការឈឺខ្នងដែលបណ្តាលមកពីការអង្គុយច្រើនពេក លើករបស់របរធ្ងន់ពេក ឬហាត់ប្រាណខ្លាំងជ្រុលពេក ដោយអាការដែលយើងអាចដឹងបាននោះគឺ ការឈឺចុករួយ ឬសាច់ដុំឡើងតឹង ជាដើម-ល- តែជួនកាលអាការឈឺដែលយើងគិតថា ឈឺខ្នងនោះ វាអាចមិនមែនបណ្តាលមកពីសាច់ដុំ ឬឆ្អឹងរហូតនោះទេ។ មានលក្ខណៈរបស់អាការឈឺខ្នងខ្លះជាសញ្ញាប្រកាសអាសន្នពីជំងឺដែលកើតនៅលើអវយវៈខាងក្នុង និងចាំបាច់ត្រូវតែប្រញាប់ទៅទទួលការព្យាបាលពីគ្រូពេទ្យជាបន្ទាន់ទៀតផង។

    1.អាការឈឺខ្នងរួមជាមួយអាការដៃជើង ស្ពឹកគ្មានកម្លាំង

    ទ្រាំទប់បត់ជើងតូច និងទ្រាំទប់លាមកមិនបាន…លក្ខណៈរបស់អាការទាំងនោះអាចបណ្តាលមកពីខួរឆ្អឹងខ្នងទទួលរងរបួស។ វិធីដែលល្អបំផុត គឺត្រូវប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការថតអេកស៍រេយ៍(X-RAY)ពិនិត្យមើលឆ្អឹងកងខ្នង និងរកមើលចំណុចដែលរងរបួស។ អ្នកខ្លះ​ត្រឹមតែគេងសម្រាកព្យាបាលខ្លួនក៏អាចជាសះស្បើយពីអាការនេះដែរ តែសម្រាប់អ្នកខ្លះ​ទៀតអាចចាំបាច់ត្រូវតែចូលទទួលការវះកាត់។

    2.ឈឺខ្នងត្រង់ម្តុំចង្កេះ និងមានគ្រុនក្តៅរងា

    មូលហេតុរបស់អាការនេះអាចបណ្តាលមកពីការឆ្លងមេរោគរលាកនៅក្នុងក្រលៀន ឬអាចជាជំងឺរលាកតម្រងនោម ដោយមូល​ហេតុទាំងនេះកើតឡើងបានដោយសារតែការទទួលទានទឹកក្នុង 1ថ្ងៃៗតិចពេក និងការទ្រាំទប់នោម។

    ការព្យាបាល គ្រូពេទ្យនឹងប្រើថ្នាំសម្លាប់មេរោគ និងថ្នាំផ្សេងៗទៀតអាស្រ័យលើការវិនិច្ឆ័យរោគ រួមទាំងណែនាំឱ្យទទួលទាន​ទឹកឱ្យបានច្រើន ផ្លាស់ប្តូរទង្វើទ្រាំទប់នោម ហើយនៅពេលព្យបាលក្រលៀនជាប្រក្រតីឡើងវិញហើយ អាការឈឺខ្នងក៏បាត់ទៅវិញ​ដែរ។

    3.ឈឺខ្នងផ្នែកខាងលើចង្កេះទាំងសងខាង

    បើសិនជាមានអាការឈឺខ្នងផ្នែកខាងលើចង្កេះទាំងសងខាង រួចនៅពេលទៅជួបគ្រូពេទ្យ គ្រូពេទ្យអាចនឹងស្ទាបប៉ះដុំសាច់នៅលើខ្នងត្រង់កន្លែងម្តុំៗក្រលៀន រួមទាំងមានឈាមលាយឡំនៅក្នុងទឹកមូត្រ មានសម្ពាធឈាមឡើងខ្ពស់ និងមានសភាវលោហិតស្លេករួមជា​មួយ​​​ផងនោះ ក្នុងករណីនេះ គឺជាសញ្ញាបញ្ជាក់ពីរោគកើតថង់ទឹកនៅក្នុងក្រលៀន ជាជំងឺដែលអាចចម្លងតំណពូជបាន។

    នៅពេលមានថង់ទឹកនៅក្នុងក្រលៀន នឹងធ្វើឱ្យក្រលៀនធ្វើការបានតិច នៅពេលក្រលៀនធ្វើការថយចុះ ហុចផលអាក្រក់ដល់រាងកាយ។ កើតជម្ងឺឡើងឈាម ក្រលៀនអាចនឹងងាយឆ្លងមេរោគ និងលែងធ្វើការរ៉ាំរ៉ៃ រហូតដល់គាំងលែងធ្វើការតែម្តង និងក្រៅពីបញ្ហានៅលើក្រលៀនហើយ នៅអាចធ្វើឱ្យកើតថង់ទឹកនៅក្នុងអវយវៈផ្សេងទៀតបាន ដូចជាថ្លើម ដៃស្បូន ពងស្វាស និងកើតសរសៃឈាមជំងឺរីកប៉ោងទៀតផង។

    4.អាការឈឺខ្នងដែលកើតនៅលើស្រ្តីមានគភ៌

    អាចជាផលប៉ះពាល់ដែលបណ្ដាលមកពីបច្ច័យច្រើនយ៉ាង ដូចជាអ័រម៉ូនក្នុងរាងកាយកើតការប្រែប្រួលធ្វើឱ្យសរសៃពួរ និងសាច់ដុំដែល​យឹតតោងឆ្អឹងយារធូរ។ សម្រាប់ស្រ្តីមានគភ៌មានការទ្រទម្ងន់ដែលចេះតែកើនឡើងរបស់ទារក ឬស្បូនដែលរីកធំឡើងទៅសង្កត់ពីលើសរសៃប្រសាទធ្វើឱ្យឈឺខ្នងរហូតឈឺរាលចុះទៅរកជើងបាន។

    5.ឈឺខ្នងរ៉ាំរ៉ៃយូររាប់ខែ និងកាន់តែឈឺខ្លាំងឡើងជារឿយៗ

    បើសិនកើតនៅលើមនុស្សធាត់ ឬមនុស្សដែលមានអាយុច្រើនជាង 45ឆ្នាំនោះ អាចកើតឡើងដោយសាររោគរលាកខួរ​សន្លាក់ ឬឆ្អឹងកងខ្នងសឹករេចរឹល។ ការព្យាបាលក្នុងករណីនេះ គ្រូពេទ្យនឹងឱ្យថ្នាំបំបាត់ការឈឺចាប់មកញ៉ាំ និងធ្វើការព្យាបាលដោយការ​ធ្វើចលនា ហើយគ្រូពេទ្យនឹងណែនាំឱ្យទទួលទានអាហារដែលមានជាតិកាល់ស្យូមខ្ពស់។ បើកើតនៅលើមនុស្សដែលធាត់ខ្លាំង ត្រូវឱ្យធ្វើការបញ្ចុះទម្ងន់។

    បើអ្នកណាដែលកំពុងមានអាការឈឺខ្នង ចូរប្រញាប់ពិនិត្យមើលខ្លួនឯងជាបន្ទាន់ ឬបើមិនប្រាកដក្នុងចិត្ត ចូរទៅជួបគ្រូពេទ្យដើម្បីវិនិច្ឆ័យរោគ ព្រោះជួនកាលបើបណ្តោយឱ្យឈឺរ៉ាំរ៉ៃយូរទៅ អាចនឹងហុចផលអាក្រក់ដល់រាងកាយ ធ្វើឱ្យសុខភាពចុះទ្រុឌទ្រោមក៏អាចថា​បាន​ដែរ៕

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ចំនួន 3 នាក់​បន្ថែមទៀត

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ចំនួន 3 នាក់​បន្ថែមទៀត

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​នេះ​បានប្រកាសថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ចំនួន 3ករណី​បន្ថែមទៀត ដែលនាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​បាន​ឆ្លង​វីរុស​នេះ ឡើងដល់ 329 នាក់។

    ករណី​វិជ្ជមាន​នឹង Covid-19 ដែល​ទើប​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ មាន​ចំនួន 3 ករណី ដែល​នេះ​គឺជា​ករណី​នាំចូល ក្នុងនោះ​រួមមាន៖ ទីមួយ៖ បុរស​ជនជាតិខ្មែរ អាយុ 26ឆ្នាំ​ម្នា​ក់នៅ​ខេត្តកំពត បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន ដោយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង។ ទី​ពីរ៖ បុរស​ជនជាតិខ្មែរ អាយុ 46ឆ្នាំ នៅ​ខេត្តកណ្ដាល ធ្វើដំណើរ​ពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​កូរ៉េខាងត្បូង។ ទី​បី៖ ស្ត្រីជន​ជាតិខ្មែរ អាយុ 35ឆ្នាំ នៅ​ខេត្តកំពត ធ្វើដំណើរ​ពី​ប្រទេស​ចិន។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 2 ខែធ្នូ​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 329 នាក់ ខណៈ​អ្នក​បានជា​សះស្បើយ​មាន​ចំនួន 304 នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​មាន​ចំនួន 25 នាក់។ នៅក្នុង​ចំណោម​អ្នក​កំពុង​ទទួល​ការព្យាបាល មាន 20 នាក់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត និង 5 នាក់​នៅ​ម​ណ្ឌ​ល​សុខភាព​ចាក់អង្រែ នា​រាជធានី​ភ្នំពេញ៕

  • ការសរសេរអក្សរ និងបញ្ហារបស់កុមារ…រឿងសំខាន់ដែលឪពុកម្តាយគួរដឹង

    ការសរសេរអក្សរ និងបញ្ហារបស់កុមារ…រឿងសំខាន់ដែលឪពុកម្តាយគួរដឹង

    រឿងការសរសេរអក្សររបស់កុមារ អាចគ្រាន់តែជារឿងតូចតាចមួយសម្រាប់ឪពុកម្តាយមួយចំនួន ព្រោះគិតថា ភាព​ខុស​​ផ្លែកពីគ្នារបស់តួអក្សរ គឺជាស្ទីលការសរសេររបស់ក្មេងម្នាក់ៗ អាចស្អាតខ្លះទៅ ឬមិនស្អាតខ្លះទៅ ជារឿងធម្មតា ទើបមិនសូវជាយកចិត្តទុកដាក់ល្អិត​ល្អន់អ្វីប៉ុន្មានឡើយ។ តែការពិតទៅ រឿងការសរសេរ និងតួអក្សរសរសេរដៃរបស់កូន មានភាពសំខាន់មិនអន់ជាងរឿងដទៃទៀតឡើយ ព្រោះវាជាផ្នែកមួយដែលជួយបង្ហាញឱ្យឃើញថា កុមារកំពុងមានបញ្ហាមួយដែលឪពុកម្តាយគួរតែផ្តល់នូវការជួយណែនាំ មុន​នឹងបញ្ហាផ្សេងៗទៀតកើតឡើង។ ដូច្នេះថ្ងៃនេះយើងនាំគ្នាមកមើលថា តើអក្សរសរសេរដៃរបស់កូនៗរបស់​លោកអ្នក​បង្ហាញ​​ឱ្យ​ឃើញពីរឿងអ្វី និងមានវិធីកែខៃយ៉ាងណាខ្លះ?។

    1. មូលហេតុដែលធ្វើឱ្យកុមារមានបញ្ហាពាក់ព័ន្ធនឹងការសរសេរ

    អ្នកស្រីវេជ្ជបណ្ឌិត អេមី បាអេជ អ្នកព្យាបាលដោយការធ្វើចលនា និងជាអ្នកនិពន្ធម្ចាស់ជយលាភីប្រភេទសៀវភៅអក្សរផ្ជង់​បានអធិប្បាយថា អារម្មណ៍ និងការវិវឌ្ឍរបស់កុមារអាចនាំឆ្ពោះទៅរកបញ្ហារឿងតួអក្សរសរសេរដៃរបស់កុមារបានដូចគ្នា ដូចជាបើកុមារនោះធ្លាប់មានបទពិសោធដែលមិនល្អពាក់ព័ន្ធនឹងការប៉ះពាល់ រហូតធ្វើឱ្យគេបដិសេធ ឬចៀសពីការប៉ះពាល់វត្ថុផ្សេងៗដែលខុសផ្លែកពីរបស់ដែលគេធ្លាប់បានស្គាល់ជាដើម។ មូលហេតុទាំងនោះហុចផលឱ្យឱកាសក្នុងការវិវឌ្ឍរបស់ម្រាមដៃ និងការសរសេរក្មេង​ អន់​ថយចុះទៅតាមនោះដែរ។

    1. វិធីសង្កេតមើលបញ្ហា តាមរយ:អក្សរសរសេរដៃរបស់កុមារ

    ការដែលកុមារសរសេរអក្សរមិនស្អាត គឺជាបញ្ហាមួយដែលលោកឪពុកអ្នកម្តាយមិនគួរព្រងើយកន្តើយឡើយ ជាពិសេសអក្សរសរសេរដៃរបស់កុមារដែលពិបាកអាន ឬដែលស្ទើរតែមិនមែនជាតួអក្សរ ព្រោះវាជាសញ្ញាសំខាន់មួយដែលកំពុងតែប្រាប់ដល់​ឪពុកម្តាយឱ្យបានដឹងថា កូនរបស់អ្នកកំពុងតែមានបញ្ហាដែលអ្នកត្រូវប្រញាប់កែសម្រួល ដែលឪ​ពុកម្តាយអាចត្រួត​ពិនិត្យ​មើលនៅ​រយ:ដំបូងបាន ដោយសង្កេតមើលតាមរយ:អាការរបស់កុមារដូចតទៅ ៖

    • – តួអក្សរមិនច្បាស់លាស់ ពិបាកអាន
    • ធ្វើចុងខ្មៅដៃបាក់ញឹកញាប់(សរសេរសង្កត់ខ្លាំង)
    • ប្រើដៃចាប់កាន់ខ្មៅដៃម្តងៗមិនដូចគ្នា ដូចជា ម្តងកាន់ដៃខាងឆ្វេង ម្តងកាន់ដៃខាងស្តាំ​-ល-
    • ចាប់កាន់ខ្មៅដៃខុសទំនង និងមិនព្រមប្តូររបៀបចាប់
    • មិនព្រមដាក់កដៃសង្កត់លើក្រដាសសរសេរ
    • មានអារម្មណ៍ធុញទ្រាន់ពេលត្រូវសរសេរ
    • សរសេរលេខ ឬអក្សរឆ្លាស់គ្នា ទោះជារៀនថ្នាក់បថម ឬថ្នាក់ខ្ពស់ជាងហ្នឹងហើយក៏ដោយ
    • ច្រើនតែសរសេររំលង ឬខ្វះពាក្យ ឬតួអក្សរ ទោះជាចម្លងតាមគេក៏ដោយ
    1. វិធីការជួយកែបញ្ហា

    សម្រាប់ឪពុកម្តាយដែលសង្កេតឃើញភាពខុសប្រក្រតីរបស់កូនដូច 8ចំណុចខាងលើនេះ ឪពុកម្តាយអាចជួយកូនៗរបស់លោកអ្នកបានដោយការនាំពួកគេទៅជួបនឹងគ្រូពេទ្យដែលមានជំនាញក្នុងផ្នែកនេះ ដើម្បីឱ្យគ្រូពេទ្យត្រួត​ពិនិត្យភាពខុសប្រក្រតី និងប្រាប់ពីលទ្ធផលនៃការពិនិត្យដែលច្បាស់លាស់មកលោកអ្នកវិញ និងគួរឱ្យគ្រូពេទ្យបានទៅ​ពិនិត្យមើលអាការរបស់កូនដល់ផ្ទះផង ដើម្បីឱ្យគ្រូពេទ្យ​បានបង្ហាត់ក្មេងៗជាមួយ​នឹងឧបករណ៍សម្រាប់​ជួយកែសម្រួលដល់ការ​សរសេរ​របស់កូនបានយ៉ាងស័ក្តិសម។

    តើលោកអ្នកជឿទេថា អក្សរសរសេរដៃរបស់កុមារមានភាពសំខាន់ចំពោះពួកគេមិនតិចឡើយ ព្រោះវាអាចប្រាប់បានអំពីបញ្ហាដែលបង្កប់នៅក្នុងខ្លួនកុមារ ដូច្នេះបើឪពុកម្តាយរឹតតែឆាប់សង្កេតឃើញភាពខុសប្រក្រតីនៃការសរសេរអក្សររបស់កូនបានលឿនប៉ុនណា នឹងរឹតតែឆាប់បានជួយឱ្យកូនៗរបស់លោកអ្នករួចផុតពីបញ្ហានេះបានលឿនប៉ុននោះដែរ និងថែមទាំងអាចជួយឱ្យកូនៗ​មានវិវឌ្ឍនាការដ៏ល្អស័ក្តិសមទៅតាមវ័យបានទៀតផង៕