Category: សុខភាព

  • ហេតុអីត្រូវទៅពិនិត្យគភ៌? បើមិនទៅពិនិត្យគភ៌ តើមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃយ៉ាងណា?

    ហេតុអីត្រូវទៅពិនិត្យគភ៌? បើមិនទៅពិនិត្យគភ៌ តើមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃយ៉ាងណា?

    អនាគតអ្នកម្ដាយថ្មីថ្មោងតែងមានការនឹកសង្ស័យថា ពេលមានផ្ទៃពោះ តើចាំបាច់ប៉ុនណាត្រូវទៅពិនិត្យផ្ទៃពោះ និងបើមិនទៅពិនិត្យផ្ទៃពោះបានឬទេ? ទិញថ្នាំបំប៉នមកញ៉ាំដោយខ្លួនឯងបានទេ? ព្រោះពេលខ្លះមិនងាយស្រួលក្នុងការធ្វើដំណើរទៅពិនិត្យផ្ទៃពោះតាមការណាត់របស់គ្រូពេទ្យ និងស្រ្តីមានគភ៌ខ្លះអាងហេតុផលថា ពិបាកក្នុងការសុំច្បាប់ឈប់ពីការងារ ជាដើម។ល។ តែស្រ្តីមានគភ៌ទាំងឡាយដឹងទេថា បើមិនបានទៅពិនិត្យគភ៌ នឹងមានគ្រោះថ្នាក់ដល់ខ្លួនឯង និងកូនក្នុងផ្ទៃខ្លាំងណាស់…សេចក្ដីលម្អិតមានដូចខាងក្រោមនេះ ៈ

    4ហេតុផលល្អៗថា ហេតុអីត្រូវទៅពិនិត្យគភ៌?

    1. ពេលអនាគតអ្នកម្ដាយទៅពិនិត្យគភ៌ អ្នកម្ដាយនឹងបានដឹងពីព័ត៌មាន និងការណែនាំក្នុងការប្រតិបត្តិខ្លួនក្នុងអំឡុងពេលមានគភ៌ រហូតដល់រយៈពេលក្រោយការប្រសូត ដោយសារតែក្នុងអំឡុងពេលតាំងគភ៌ សរីរៈ និងរាងកាយរបស់ស្រ្តីមានគភ៌មានការប្រែប្រួលច្រើន។ ស្រ្តីមានគភ៌លើកដំបូងមួយចំនួនអាចនឹងមិនយល់ និងកើតក្ដីកង្វល់ជាមួយនឹងការប្រែប្រួលទាំងនោះ ដូច្នេះគ្រូពេទ្យអ្នកពិនិត្យគភ៌នឹងផ្ដល់ការណែនាំក្នុងរឿងផ្សេងៗ​ទាំងនោះបានយ៉ាងល្អ។
    2. នៅក្នុងការពិនិត្យគភ៌ ស្រ្តីមានផ្ទៃពោះនឹងបានទទួលការវាយតម្លៃយ៉ាងលម្អិតអំពីឱកាសកើតសភាវជ្រៀតជ្រែកពីជំងឺផ្សេងក្នុងខណៈតាំងគភ៌ ហើយក្នុងករណីដែលស្រ្តីមានគភ៌មានភាពប្រថុយប្រថានខ្ពស់ក្នុងការកើតមានសភាវជ្រៀតជ្រែកនេះ គ្រូពេទ្យអ្នកពិនិត្យគភ៌នឹងអធិប្បាយ និងណែនាំវិធីក្នុងការការពារសភាវផ្សេងៗទាំងនោះទៀតផង។
    3. សម្រាប់ស្រ្តីដែលមានរោគ ឬសភាវជ្រៀតជ្រែកពីជំងឺផ្សេងៗកើតឡើងក្នុងខណៈមានផ្ទៃពោះ ការពិនិត្យគភ៌គឺជារឿងសំខាន់ និងចាំបាច់បំផុត។ តើស្រ្តីទាំងឡាយជ្រាបដែរឬទេថា មានជំងឺមួយចំនួនដែលភាពធ្ងន់ធ្ងររបស់វានឹងកើនខ្លាំងឡើងក្នុងខណៈដែលអ្នកមានផ្ទៃពោះ ដែលវានឹងហុចផលប៉ះពាល់ដល់សុខភាពរបស់ម្ដាយ និងកូនតូចក្នុងផ្ទៃ ដូច្នេះ ក្នុងការពិនិត្យគភ៌ គ្រូពេទ្យនឹងមើលថែទាំ និងផ្ដល់ការរក្សាព្យាបាលផ្សេងៗដែលកើតឡើងពេញមួយរយៈពេលនៃការមានផ្ទៃពោះរបស់អ្នក។
    4. ហេតុផលចុងក្រោយដែលស្រ្តីមានផ្ទៃពោះគួរតែទៅពិនិត្យគភ៌នោះគឺ ដើម្បីឱ្យទាំងម្ដាយ(ខ្លួនឯង) និងកូនតូចក្នុងផ្ទៃមានសុខភាពរឹងមាំឥតខ្ចោះ ប្រាសចាករោគភ័យ និងសភាវជ្រៀតជ្រែកអ្វីៗទាំងអស់ហ្នឹងឯង។

    អនាគតស្រ្តីជាម្ដាយមួយចំនួនអាចនឹងមានអារម្មណ៍កង្វល់អំពីរឿងការពិនិត្យផ្ទៃពោះនេះ មិនដឹងថានឹងទៅពិនិត្យនៅទីណា? ទៅហើយ ត្រូវធ្វើអ្វីខ្លះ? គ្រូពេទ្យ និងអ្នកជំនួយការគ្រូពេទ្យនឹងស្ដីបន្ទោសឬអត់? ត្រូវជោះឈាមយកទៅពិនិត្យច្រើនដងអត់?-ល- ដូច្នេះពេលនេះ ឡារ៉ែនសូមប្រាប់ទៅចុះថា កុំទៅព្រួយកង្វល់ធ្វើអី ចូរទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ដើម្បីកូនជាទីស្រឡាញ់របស់អ្នក…៕

  • សុខភាពស្រស់ថ្លា…ដោយសារផ្កាស្រស់

    សុខភាពស្រស់ថ្លា…ដោយសារផ្កាស្រស់

    បុប្ផាស្រស់ៗជាវត្ថុជាទីស្រឡាញ់របស់មនុស្សជាច្រើន ក្រៅពីភាពស្រស់ស្អាតហើយ ផ្កាស្រស់នៅអាចជួយធ្វើឱ្យសុខភាព​យើង​​កាន់​​​​តែ​​​ល្អប្រសើរឡើង​បានទៀតផង…តើមានផ្កាអ្វីខ្លះ និងពណ៌អ្វីខ្លះដែលជួយដល់សុខភាពទាំងកាយ និងចិត្តរបស់មនុស្សខ្លះ? សូមប្រិយមិត្តអ្នកអានតាមដានជាមួយនឹងអត្តបទខាងក្រោម​នេះ​​​ទាំងអស់គ្នាដូចតទៅ ៖

    1.ក្រហម ស ផ្កាឈូក…ផ្កាកុលាប

    ទោះជាមានបន្លាមុតស្រួចមែន តែកុលាបក៏មានពណ៌ស្រស់ស្អាតជាច្រើនដែរ ទាំងពណ៌ក្រហម ស ផ្កាឈូក និងលឿងទៀតផង ដែលផ្កាកុលាប​ពណ៌នីមួយៗសុទ្ធតែធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយមិនចេះធុញទ្រាន់ទាំងអស់ ក្រៅ​ពីនេះ ក្លិនរបស់កុលាបនៅអាចជួយគ្រប់គ្រងកម្រិតអ័រម៉ូនភេទស្រីបានទៀតផង ព្រោះក្លិនរបស់ផ្កាកុលាបមានចំណែកពាក់ព័ន្ធនឹង​ប្រព័ន្ធបន្តពូជរបស់មនុស្សស្រី រួមទាំងជាចំណែកផ្សំមួយនៅក្នុងគ្រឿងសម្អាង ដែលច្រើនឃើញមាននៅក្នុងគ្រីមថែបំប៉ន​ស្បែក លុបបំបាត់ស្លាកស្នាម ជួយឱ្យស្បែកឡើងតឹង និងធ្វើឱ្យសរសៃឈាមរឹងមាំទៀតផង។

    2.ស…ផ្កាម្លិះ

    ផ្កាពណ៌សបរិសុទ្ធ ផ្តល់នូវអារម្មណ៍ស្ងប់ស្ងាត់ សប្បាយចិត្ត ក្លិនក្រអូបត្រជាក់ ជួយប្រឆាំងអាការសោកសៅ ធ្វើឱ្យផ្លូវចិត្តរីកស្រស់ស្រាយ។ ក្រៅពីនេះ ផ្កាម្លិះនៅត្រូវបានគេប្រើប្រាស់ក្នុងការផលិតជាទឹកអប់ដែលប្រកបដោយក្លិនក្រអូបរំជួលចិត្ត និងត្រូវបានគេនិយមប្រើប្រាស់ក្នុងរូបភាពជាផលិតផលបង្កើនសម្រស់សម្រាប់មនុស្សស្បែកស្ងួតទៀតផង។

    3.ក្រហម ផ្កាឈូក…ផ្កាជើរ៉ានៀម (Geranium)

    ពណ៌ក្រហម ពណ៌ផ្កាឈូក ជួយបង្កើតបរិយាកាសឱ្យស្រស់ថ្លា និងគួរឱ្យថ្នាក់ថ្នម។ ទឹកប្រេងក្រអូបហើរតាមខ្យល់ដែលចម្រាញ់ចេញពីក្លិនផ្កា ជើរ៉ានៀមនេះ​ មានគុណសម្បត្តិជួយធ្វើឱ្យមនុស្សយើងមានអារម្មណ៍នឹងនរ ត្រជាក់ និងជាចំណែកផ្សំសំខាន់មួយដែលគេតែងឃើញនៅក្នុងសាប៊ូ ឡេគ្រីម និងទឹកអប់ទៀតផង។ ផលិតផលរបស់ផ្កាជើរ៉ានៀមនេះ ត្រូវនឹងស្បែកមនុស្សស្រីគ្រប់ប្រ​ភេទ។

    4.ស្វាយ…ផ្កាឡាវេនឌើរ៍ (Lavender)

    គឺជាពណ៌ស្វាយមួយដែលមើលទៅមិនសៅហ្មង តែបែរជាផ្តល់នូវអារម្មណ៍សប្បាយៗ និងរ៉ូមែនទិកបន្តិចៗទៀត​ផង។ ក្លិនក្រអូបរបស់ផ្កា ឡាវេនឌើរ៍ ជួយធ្វើឱ្យផ្លូវចិត្តនឹងនរ ស្ងប់ត្រជាក់ មានគុណសម្បត្តិជួយកាត់បន្ថយភាពធុញថប់តានតឹងក្នុងអារម្មណ៍ និងបន្ធូរអាការឈឺក្បាល ជួយឱ្យគេងលក់ស្រួល និងត្រូវបានគេនិយមយកទៅប្រើនៅក្នុងផលិតផលរក្សាសម្ផស្ស ជួយឱ្យស្បែកនៅក្មេង-សខ្ចី និងថែមទាំងប្រើក្នុងការព្យាបាលជំងឺរលាកស្បែក និងជាថ្នាំព្យាបាលមុនបានទៀតផង។

    5.លឿងទឹកមាស…ផ្កាស្បៃរឿង

    ពណ៌លឿងច្រាល សម្លឹងឃើញហើយធ្វើឱ្យភាពធុញថប់តានតឹងក្នុងអារម្មណ៍ថយចុះភ្លាមតែម្ដង។ សារធាតុដែលចម្រាញ់បានពីផ្កាស្បៃរឿង (សារធាតុ ខាលេនឌូឡា Calendula) ជួយកែបញ្ហាស្បែក ដូចជាជំងឺរលាកស្បែក សន្លាកស្នាម និងស្បែកស្ងួតប្រេះ ជាដើម។ ស្រទាប់ផ្កាស្បៃរឿងអាចប្រើប្រាស់ធ្វើជាថ្នាំលាងភ្នែក ហើយក្លិនក្រអូបឈួលរបស់វាធ្វើឱ្យបរិ​យាកាសក្នុងផ្ទះ​ស្រស់​​ថ្លា ប្រឆាំង​នឹងថាមពលដែលចេញពីកុំព្យូទ័រដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងរាងកាយបាន​ទៀតផង ។

    6.លឿងស្រាល…ផ្កាក្តាំងងា

    ស្រទាប់ផ្កាមើលទៅទន់ម៉ដ្ឋខៃ គួរឱ្យស្រឡាញ់ មានពណ៌លឿងស្រាលគួរឱ្យគយគន់។ ក្លិនរបស់វាជួយធ្វើឱ្យរាងកាយផលិតសារធាតុ សេរ៉ូថូនិន (Serotonin) ដែលជាសារធាតុគីមីក្នុងខួរក្បាលដ៏សំខាន់បំផុត ធ្វើឱ្យមានសេចក្តីសុខ អារម្មណ៍ស្ងប់ស្ងាត់ មិនវិលវល់ បន្ធូរភាពនឿយល្វើយ ជួយឱ្យខួរក្បាលធ្វើការបានល្អ ការពាររោគម៉ៃក្រេន និងរោគធុញថប់បាន។

    គ្រាន់តែចេះជ្រើសរើសប្រើពណ៌ស្អាតៗ និងក្លិនក្រអូបៗរបស់ផ្កាស្រស់ ក៏អាចជួយឱ្យអ្នកនាងកញ្ញាទាំង​ឡាយបានធូរស្រាលអារម្មណ៍ និងមានសុខភាពល្អទាំងកាយ និងចិត្តបានដែរ។

    …ទាំងស្អាត ទាំងល្អបែបនេះ តើឱ្យទប់ចិត្តមិនលង់ស្នេហ៍បុប្ផាទាំងនោះម្ដេចនឹងបានទៅ…មែនទេមិត្តអ្នកអាន?

  • បង្ហាត់កូនតូចឱ្យមានសុជីវធម៌ពេលញ៉ាំអាហារ

    បង្ហាត់កូនតូចឱ្យមានសុជីវធម៌ពេលញ៉ាំអាហារ

    ម្តងទៀតហើយដែលកូនសម្លាញ់យកដៃប្រឡូកលេងក្នុងចានស្ប៉ាហ្គេតទីដ៏សែនឆ្ងាញ់ដែលអ្នកម្តាយខំឆាឱ្យកូនញ៉ាំ…មិនត្រឹមតែប៉ុណ្ណឹងទេ កូនសម្លាញ់ថែមទាំងយកដៃចាប់សរសៃស្ប៉ាហ្គេតទីដាក់ចូលមាត់ឡើងប្រឡាក់ពេញមាត់ទៀតផង។

    ហើយដែលអាក្រក់ជាងអ្វីទាំងអស់នោះ គឺពេលដែលកូនតូចធ្វើសរសៃមីស្ប៉ាហ្គេតទីខ្ទាតទៅប្រឡាក់អាវពណ៌សរបស់ប៉ាដែលអង្គុយញ៉ាំនៅក្បែរនោះទៀតផង។ បើតែយ៉ាងនេះ គម្រោងដែលគិតថា ចង់នាំកូនសម្លាញ់ទៅជប់លៀងឆ្លងឆ្នាំថ្មីនៅផ្ទះ​លោកនាយ​ ប្រហែលជាត្រូវលុបចោលហើយមើលទៅ…។

    តែឈប់សិន…អ្នកម្តាយមិនចាំបាច់លុបចោលគម្រោងជប់លៀងឆ្លងឆ្នាំថ្មីនោះក៏បានដែរ បើសិនជាអ្នកម្តាយចេះ​បង្ហាត់សុជីវធម៌ដល់កូនតូចនៅពេលញ៉ាំបាយ តាំងពីពេលកូនចាប់ផ្តើមអង្គុយញ៉ាំអាហារនៅលើកៅអីខ្ពស់សម្រាប់ក្មេង(High Chair)បាននោះ។ ​

    ដោយដំណាក់កាលងាយៗក្នុងការបង្ហាត់កូនឱ្យមានសុជីវធម៌ពេលញ៉ាំអាហារជាមួយមនុស្សធំនេះ គួរចាប់ផ្តើមពីពេលឱ្យកូនតូចអង្គុយញ៉ាំបាយរួមតុជាមួយឪពុកម្ដាយ ដើម្បីឱ្យកូនបានមើលឃើញពីសុជីវធម៌ដ៏ត្រឹមត្រូវពីលោកឪពុក និងអ្នកម្តាយរបស់គេជាមុនសិន ព្រោះវិធីធ្វើឱ្យកូនមើលឃើញជាឧទាហរណ៍នេះ ជាវិធីមួយដែលទទួលបានលទ្ធផលល្អណាស់ ដោយលោកឪពុកអ្នកម្តាយអាចចាប់ផ្តើមតាំងពីការលាងសម្អាតដៃមុនពេលបរិភោគអាហារ…ប្រើស្លាបព្រា-សមដួសម្ហូបអាហារយ៉ាងសុភាព…ពោលពាក្យថា “អរគុណ”រាល់ពេលដែលមានអ្នកដួសម្ហូបដាក់ឱ្យ…មិនអានសៀវ​ភៅ ឬមើលទូរទស្សន៍ ឬលេងទូរស័ព្ទក្នុងពេលទទួលទានអាហារ ជាដើម-ល- បន្ទាប់ពីនោះ ប្រាកដណាស់ កូនតូចដែលតែងតែចង់ឱ្យលោក​ប៉ា និងអ្នកម៉ាក់ពេញចិត្តនោះ នឹងកត់ចំណាំទង្វើទាំងនោះ ហើយនិងធ្វើតាមជាមិនខាន។

    ពេលកូនតូចចាប់ផ្តើមប្រត្តិបត្តិតាមអ្វីដែលអាណាព្យាបាលសម្តែងឱ្យគេឃើញហើយនោះ លោកឪពុក-អ្នកម្តាយក៏មិនគួរសរសើរកូនសម្លាញ់ជ្រុលពេកឡើយ ព្រោះវិធីនេះអាចធ្វើឱ្យកូនគិតថា គេគឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍គ្រប់ពេលដែលដល់ពេលចូលតុបាយ និងដែលសំខាន់នោះ គឺកុំនឹកសង្ឃឹមថា កូននឹងសម្តែងសុជីវធម៌ដ៏សមស្របទាំងនោះបានក្នុងរយៈពេលដ៏ខ្លីឱ្យសោះ ព្រោះពេលខ្លះកូនតូចក្នុងវ័យនេះ នៅតែសប្បាយរីករាយជាមួយអាហារដែលងាយស្រួលចាប់កាន់ញ៉ាំ(Finger Food)ដដែល ។

    ក្នុងអំឡុងពេលដែលលោកឪពុក-អ្នកម្តាយកំពុងព្យាយាមបង្រៀនរឿងសុជីវធម៌ពេលញ៉ាំបាយដល់កូនតូចនោះ ប្រហែលជាមានពេលខ្លះហើយ ដែលកូនតូចនៅតែប្រឡូកប៉ូកប៉ាក់ប្រឡាក់ពេញមុខ ឬមានទង្វើដែលមិនស័ក្តិសមខ្លះមិនខាន…ស្ថិតក្នុងស្ថានការណ៍បែបនេះ អាណាព្យាបាលមានជម្រើស 2ចំណុច គឺទី1​ ធ្វើជាមិនចាប់អារម្មណ៍នឹងទង្វើទាំងអស់នោះ មិនថា​កូន​​ព្រួសបាយពេញតុ ស្រែកចេចចាច ឬខ្ជាក់បាយដាក់ក្នុងចាន ជាដើមក្ដី សូមលោកឪពុក-អ្នកម្តាយធ្វើព្រងើយ ធ្វើដូចជាគ្មានអ្វី​កើត​​ឡើងអ៊ីចឹង ទីបំផុត កូននឹងបញ្ឈប់ទង្វើទាំងនោះដោយឯកឯង នៅពេលដែលគេមើលឃើញថា អ្វីដែលគេធ្វើនោះមិនអាចទាក់ទាញចំណាប់អារម្មណ៏ពីលោកប៉ា-អ្នកម៉ាក់បាន។ ចំណុចទី2​ គឺរិះរកវិធីកែបញ្ហា ដូចជាជូតមាត់ឱ្យកូន រាល់ពេលដែលកូនខ្ជាក់បាយមកប្រឡាក់មាត់ រហូតទាល់តែកូនតូចឈប់ខ្ជាក់ដោយឯកឯង ឬក៏ពេលដែលគេប្រើដៃចាប់អាហារ អ្នកក៏យកស្លាបព្រាដាក់ក្នុងដៃកូន ជាដើម។ ក្នុងពេលជាមួយគ្នានេះដែរ លោកឪពុក-អ្នកម្តាយខ្លះ អាចនឹងនាំកូនតូចចេញពីតុបាយមួយភ្លែតសិន ដើម្បីនាំទៅអធិប្បាយប្រាប់ពីកិរិយាមារយាទដែលសមរម្យរបស់កូនតូចក៏អាចធ្វើបានដែរ។

    តែដែលសំខាន់លើសអ្វីទាំងអស់ក្នុងការបង្រៀនឱ្យកូនតូចមានសុជីវធម៌ក្នុងពេលញ៉ាំបាយនោះ ប្រហែលជាចៀសមិនផុតពីភាពយល់ចិត្តអាណិតអាសូររបស់ឪពុក-ម្តាយចំពោះកូនតូចសម្លាញ់ឡើយ៕

  • កម្ពុជា​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ចំនួន 4 ករណី​បន្ថែម​ទៀតហើយ​នៅក្នុង​រយៈពេល 24ម៉ោង​ចុង​ក្រោយនេះ

    កម្ពុជា​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ចំនួន 4 ករណី​បន្ថែម​ទៀតហើយ​នៅក្នុង​រយៈពេល 24ម៉ោង​ចុង​ក្រោយនេះ

    ក្នុង​រយៈពេល 24ម៉ោង​កន្លងទៅនេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ចំនួន 4នាក់​បន្ថែមទៀត ដែល​នេះ​គឺ​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ 28វិច្ឆិកា ដែល Covid-19 បានចាប់ផ្ដើម​ឆ្លង​ចូល​សហគមន៍។

    ករណី​វិជ្ជមាន​ចំនួន 4 នាក់​ថ្មី​នេះ រួមមាន ៖ ទីមួយ បុរស​ជនជាតិខ្មែរ​អា​យុ 39ឆ្នាំ នៅ​បុរី​លឹម​ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ក្រុងភ្នំពេញ។ ទី​ពីរ ស្ត្រីជន​ជាតិខ្មែរ អាយុ 32ឆ្នាំ ជា​ភរិយា​របស់​បុរស​អ្នកជំងឺ​ខាងលើ និង​ទី​បី​គឺ​កុមារា​ជនជាតិខ្មែរ អាយុ3ឆ្នាំ ត្រូវជា​កូន​របស់​អ្នកជំងឺ​ខាងលើ។ ទី​បួន គឺ​បុរស​ជនជាតិខ្មែរ អាយុ22ឆ្នាំ នៅ​សង្កាត់​ចាក់អង្រែលើ ក្រុងភ្នំពេញ។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 335នាក់ ក្នុងនោះ​មាន 304​នាក់​បានជា​សះស្បើយ និង 31នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ នា​រាជ​ធី​នី​ភ្នំពេញ។

  • ឪពុកម្ដាយសម័យថ្មី កុំភ្លេចជួយជំរុញកូនតូចឱ្យចេះសរសេរ ព្រោះជាវិវឌ្ឍនាការសំខាន់របស់កុមារតូច

    ឪពុកម្ដាយសម័យថ្មី កុំភ្លេចជួយជំរុញកូនតូចឱ្យចេះសរសេរ ព្រោះជាវិវឌ្ឍនាការសំខាន់របស់កុមារតូច

    ទោះជាបច្ចុប្បន្នជាយុគសម័យនៃបច្ចេកវិទ្យាទំនើប ដែលងាកទៅខាងណាក៏ឃើញតែស្មាតហ្វូន និងកុំព្យូទ័រក៏ដោយ តែការបង្ហាត់កូនតូចឱ្យចេះកាន់ប៊ិច ឬខ្មៅដៃសរសេរ គឺជារឿងមួយសំខាន់ណាស់សម្រាប់ក្មេងវ័យមុនចូលរៀនមត្តេយ្យ ព្រោះការសរសេរមានចំណុចល្អច្រើនណាស់សម្រាប់កុមារតូចៗ ដូចជាការជួយហ្វឹកហាត់សាច់ដុំប្រអប់ដៃរបស់កុមារ ជួយឱ្យកុមារចេះសង្កេត និងចេះប្រើខួរក្បាលផងដែរ។ ខាងក្រោមនេះជាដំណាក់កាលនៃការចេះកាន់ខ្មៅដៃសរសេរ ឬគូសវាសរបស់កុមារតូចៗតាមវ័យដែលអាណាព្យាបាលគួរតែដឹង។

    ដំណាក់កាលទី1 គូសវាស (ក្មេងតូចវ័យ 2 – 3ឆ្នាំ) គ្រវាសគ្រវាត់គ្មានគោលដៅ។ ចាប់ខ្មៅដៃបាន ក៏គូសវាសជាខ្សែផ្សេងៗជំពាក់វាក់វ័ណ្ឌគ្នាពេញក្រដាស ទាំងភ្នែកអាចនឹងមិនបានមើលដៃ ឬក្រដាស(ដែលខ្លួនឯងសរសេរ)ផង។

    ដំណាក់កាលទី2 គ្រប់គ្រងការគូសវាស (អាយុ 3ឆ្នាំ) ទោះជាស្នាមគូសវាសមិនខុសគ្នាពីដំណាក់កាលដំបូងមែន តែយ៉ាងហោច​ណាស់ ក៏គេចាប់ផ្តើមចេះគ្រប់គ្រងការធ្វើចលនារបស់សាច់ដុំដៃរបស់ខ្លួនឯងបានហើយ និងចេះសរសេរយ៉ាងមានទិសដៅច្រើនជាងមុនបន្តិចហើយ។

    ដំណាក់កាលទី3 (អាយុ 3 – 4 ឆ្នាំ) កូនតូចនឹងចូលចិត្តគូសតាមស្នាមពង្រាងអុចៗ ឬគូសជាន់ពីលើតាមតួអក្សរដែលគេចង់សរសេរ តែឪពុកម្ដាយក៏កុំទៅនឹកសង្ឃឹមថា កូនតូចនឹងសរសេរជាន់ពីលើពង្រាងនោះបានស្អាតល្អឱ្យសោះ ព្រោះវានៅតែវៀចទៅឆ្វេង ទៅស្តាំ និងទ្រេតទ្រោតដដែល ដូច្នេះអ្នកម្តាយគួរកុំគិតតែពីទិញសៀវភៅគំរូហាត់សរសេរឱ្យកូនហាត់សរសេរច្រើនពេកអី និងកុំភ្លេចថា ការចូលចិត្តរបស់កូនតូច វាគ្រាន់តែជាវិវឌ្ឍនាការមួយអំឡុងពេលប៉ុណ្ណោះ មិនដូច្នោះទេកូនអាចនឹងធុញទ្រាន់ និងហត់បានដូចគ្នា។

    ដំណាក់កាលទី4 អាចសរសេរឈ្មោះខ្លួនឯងបាន សរសេរតាមពាក្យផ្សេងៗបាន (អាយុ 4ឆ្នាំ) ចាប់ផ្តើមសរសេរពាក្យដែលមាន​អត្ថន័យចំពោះខ្លួនឯងបាន ដូចជាឈ្មោះរបស់ខ្លួនឯង ឬប្រយោគដែលអ្នកគ្រូ(សាលាមត្តេយ្យ)ធ្លាប់និយាយប្រាប់ ហើយគេចង់សរសេរ(រឿងនិទាន ឬទីកន្លែងដែលគេចូលចិត្ត) ពេលអ្នកគ្រូសរសេរឱ្យមើល គេនឹងព្យាយាមសរសេរតាម។

    ដំណាក់កាលទី5 គិតរកនឹកសរសេរពាក្យ (អាយុ 4 – 5ឆ្នាំ) ពេលកូនតូចបានឮ បានស្តាប់ពាក្យអ្វីមក ដូចជា ស្រឡាញ់ម៉ាក់ ជាដើម គេនឹងយក​ពាក្យនោះ​មកគិត និងសរសេរលើក្រដាស់ថា “ស្រឡាញ់ម៉ាក់” ទោះជាអក្សរមិនសូវស្អាតមែន តែក៏អាចនិយាយបានថា កូនតូចចេះសរសេរហើយ។

    ដំណាក់កាលទី6 សរសេរបានយ៉ាងត្រឹមត្រូវ (អាយុ 5 – 7ឆ្នាំ) ពេលអ្វីគ្រប់យ៉ាងត្រៀមជាស្រេចរួចហើយ ពេលនោះគេនឹង​សរសេរ​ពាក្យ​ផ្សេងៗបានដោយខ្លួនឯងយ៉ាងចំណាន និងកាន់តែត្រឹមត្រូវឡើងទៀតផង។

    ទម្រាំតែគេអភិវឌ្ឍឡើងបានជាដំណាក់ៗបែបនេះ មិនមែនចេះតែត្រឹមត្រូវទៅតាមអាយុប៉ាច់ៗនោះទេ។ កូនតូចអាចនឹងវិវឌ្ឍយឺត-លឿនមិនស្មើគ្នាទេ អាស្រ័យលើបទពិសោធដែលក្មេងម្នាក់ៗប្រមូលសន្សំបានមក។ ការហ្វឹកហាត់វិវឌ្ឍនាការនេះ មាននៅក្នុងកិច្ច​ការងា​រ​​ប្រចាំ​ថ្ងៃបែបងាយៗដូចជា ការហែកក្រដាស កាត់ក្រដាស ជួយម៉ាក់ដួសបាយ កៀបដុំទឹកកក បើក-បិទគម្របដប និងកិច្ចការ​ងារដែលធ្វើរួមគ្នា មិនថាតែការអានសៀវភៅ និយាយរឿងនិទាន លេងហ្គេមដែលពាក់ព័ន្ធនឹងពាក្យ ដូចជាលេងតពាក្យចុងជួន សង្កេត​ពាក្យដែលដូចគ្នាតាមស្លាកឃោសនាពាណិជ្ជកម្មនៅតាមផ្លូវថ្នល់ ជាដើម។

    ធ្វើកិច្ចការងារបែបនេះឱ្យក្លាយទៅជារឿងប្រក្រតី ពេលនោះកុមារនឹងសរសេរបានដោយខ្លួនឯង និងសរសេរយ៉ាងមាន​សេចក្តី​សុខទៀតផង៕

  • នាំគ្នាទៅពិនិត្យសុខភាព ដើម្បីឱ្យមានអាយុវែងវិញ ប្រសើរជាង…

    នាំគ្នាទៅពិនិត្យសុខភាព ដើម្បីឱ្យមានអាយុវែងវិញ ប្រសើរជាង…

    សុខភាពរាងកាយរបស់យើង គឺជាទ្រព្យសម្បត្តិដែលមានតម្លៃដ៏មហាសាលលើសពីអ្វីៗទាំងអស់។ តើថ្ងៃនេះ លោកអ្នកមានយកចិត្តទុក​ដាក់មើលថែទាំសុខភាពខ្លួនឯងហើយឬនៅ?

    ការធ្វើការងាររបស់អវយវៈ និងប្រព័ន្ធផ្សេងៗនៅក្នុងរាងកាយមនុស្សយើង ប្រៀបដូចជាការធ្វើការរបស់គ្រឿងចក្រ ឬម៉ាស៊ីន​រថយន្តដែលត្រូវតែទទួលបាននូវការត្រួតពិនិត្យមើលសភាពការប្រើការយ៉ាងជាប់ជានិច្ចថា តើមានចំណែកណាមួយសឹករេចរឹល ខូចខាតដែរឬក៏អត់ ដើម្បីធ្វើការព្យាបាលបំប៉នរក្សាឱ្យស្ថិតនៅក្នុងសភាពដែលល្អបំផុត និងមានអាយុប្រើការបានយូរបំផុត។

    ការមានជីវិតរស់នៅនាពេលបច្ចុប្បន្ននេះត្រូវប្រឈមនឹងបញ្ហាខាងសារធាតុពុលផ្សេងៗជាច្រើន រាងកាយបានទទួលសារ​ធាតុ​ពុល និងកើតមានការប្រមូលសន្សំនៅខាងក្នុងរាងកាយដោយយើងមិនបានដឹងខ្លួនឡើយ។ វាអាចបង្កឱ្យកើតជាជំងឺមួយចំនួនដែល​នៅ​មិនទាន់បញ្ចេញអាការមកក្រៅឱ្យយើងឃើញ និងដឹងនៅឡើយ និងសម្រាប់រោគខ្លះ ទម្រាំតែយើងបានដឹង វាអាចនឹងហួសពេលកែកុនទៅហើយក៏មានដែរ។

    ក្នុងរយៈពេល 1ឆ្នាំៗ យើងគួរតែរៀបចំពេលវេលាឱ្យខ្លួនឯងក្នុងការទៅពិនិត្យសុខភាពប្រចាំឆ្នាំ ដើម្បីពិនិត្យមើលការធ្វើការងាររបស់អវយវៈ និងប្រព័ន្ធផ្សេងៗរបស់រាងកាយយ៉ាងលម្អិត ព្រោះការពិនិត្យសុខភាពនឹងជួយកាត់បន្ថយអត្រាការបាត់បង់ជីវិតពីជំងឺមួយចំនួនបាន ដូចជា ជំងឺបេះដូង ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជាដើម និងវាថែមទាំងបានប្រាប់ឱ្យយើងដឹងពីសញ្ញារបស់ជំងឺ ឬរោគផ្សេងៗ មុននឹងវារីករាលដាលធ្ងន់ធ្ងររហូតពិបាកនឹងព្យាបាល ឬខាតបង់ប្រាក់កាសច្រើនក្នុងការព្យបាលទៀតផង។

    ព័ត៌មានដែលមានប្រយោជន៍តាមរយៈការពិនិត្យសុខភាព

    1. វាស់សម្ពាធឈាម ជីពចរ និងពិនិត្យរាងកាយដោយគ្រូពេទ្យ(PE) : ដើម្បីពិនិត្យមើលកម្រិតសម្ពាធឈាមថា តើស្ថិតនៅក្នុងកម្រិតប្រក្រតីឬទេ? ហើយយលោកគ្រូពេទ្យនឹងពិនិត្យមើលរាងកាយជាទូទៅថា តើលក្ខណៈ និងអវយវៈផ្សេងៗ ដូចជា ត្រចៀក ក ច្រមុះ សួត និងការធ្វើការរបស់បេះដូងនៅប្រក្រតីឬទេ?។
    1. ភាពខុសប្រក្រតីរបស់គ្រាប់ឈាម និងកំហាប់របស់ឈាម(CBC) : ដើម្បីឱ្យបានដឹងថា តើមានកើតរោគលោហិតស្លេកឬទេ? បរិមាណ និងប្រភេទរបស់គ្រាប់ឈាមសដែលខុសប្រក្រតី អាចនាំទៅរកការងាយឆ្លងមេរោគ និងដើម្បីពិនិត្យរកមើលមេរោគមហារីកនៅក្នុងគ្រាប់ឈាមផងដែរ។
    1. កម្រិតជាតិស្ករនៅក្នុងឈាម(FBS) : ដើម្បីពិនិត្យរកមើលភាពប្រថុយប្រថាននឹងការកើតជំងឺទឹកនោមផ្អែម ជាពិសេសអ្នកដែលមានទម្ងន់ខ្លួនច្រើន(ធាត់) ឬគ្រួសារ​ដែលមានប្រវត្តិកើតរោគទឹកនោមផ្អែម។
    1. ការធ្វើការរបស់ក្រលៀន(BUN) : ជាការវាស់កម្រិតសារធាតុគីមីនៅក្នុងឈាម ដើម្បីមើលពីសមត្ថភាពរបស់ក្រលៀនក្នុងការបញ្ចេញវត្ថុកខ្វក់ និងពិនិត្យរកសភាវក្រលៀនចុះខ្សោយ ឬឈប់ធ្វើការ។
    1. ការធ្វើការរបស់ថ្លើម(SGOT & SGPT) : ដើម្បីពិនិត្យមើលបរិមាណអង់ហ្ស៊ីមក្នុងថ្លើមថា តើខុសប្រក្រតីឬទេ? បើសិនជាមានកម្រិតខ្ពស់ជាងប្រក្រតីនោះ បញ្ជាក់ថា អាចនឹងមានអាការរលាកថ្លើម។
    1. ពិនិត្យមើលការធ្វើការរបស់ថ្លើមយ៉ាងលម្អិត(Alkaline Phosphatase & Bilirubin) : ដើម្បីពិនិត្យរកមើលភាពខុសប្រក្រតីរបស់ថ្លើម ដូចជាខាន់លឿង ឬបំពង់ទឹកប្រមាត់ណែនស្ទះ ជាដើម។
    1. ខ្លាញ់ កូលេស្តេរ៉ូល(Cholesterol) : ដើម្បីពិនិត្យមើលកម្រិតជាតិខ្លាញ់​ កូលេស្តេរ៉ូលក្នុងឈាមថា តើមានបរិមាណខ្ពស់ជ្រុលពេកឬទេ? បើកម្រិតជាតិខ្លាញ់ឡើងខ្ពស់ វានឹងធ្វើឱ្យ​សរសៃឈាមណែនតាន់ ដែលជាដើមហេតុរបស់ជំងឺបេះដូង សម្ពាធឈាមឡើងខ្ពស់ ស្ពឹកពិការមួយកំណាត់ ឬមួយចំហៀង​ខ្លួន ជាដើម។

    (នៅមានត)

  • កាល់ស្យូមគឺជាអ្វី ហេតុម៉េចបានសំខាន់សម្រាប់កូនតូច?

    កាល់ស្យូមគឺជាអ្វី ហេតុម៉េចបានសំខាន់សម្រាប់កូនតូច?

    កុមារនៅក្នុងអាយុ 1 – 3 ឆ្នាំ គឺជាវ័យមួយដែលមានការប្រែប្រួល និងការវិវឌ្ឍខាងរាងកាយខ្លាំងណាស់ អ្វីដែល​​​​​​​​យើងច្រើនសង្កេតឃើញបានយ៉ាងច្បាស់នោះគឺ ការវិវឌ្ឍខាងផ្នែកការធ្វើចលនា តាំងពីការវារ ឈរ ដើរ រហូតទៅដល់អាច​រត់​​​បានយ៉ាងស្ទាត់ជំនាញ ហើយនិងការប្រែប្រួលខាងការញ៉ាំ ដែលការវិវឌ្ឍខាងការទំពាលេប ក៏ជាអ្វីមួយដែលកូនតូចត្រូវ​ធ្វើជាប្រចាំក្នុងមួយថ្ងៃៗដែរ។ គ្រោងសាងរាងកាយដែលមានចំណែកសំខាន់ក្នុងការបង្កើនដល់ការធ្វើចលនា និងការទំពា​លេបរបស់កូនឱ្យធ្វើការបានយ៉ាងមានប្រសិទ្ធភាពនោះគឺ អវយវៈដែលមានឈ្មោះថា “ឆ្អឹង” និង “ធ្មេញ”   ដូច្នេះដើម្បីជួយ​ឱ្យ​​កូន​​តូចមានគ្រោងសាងរបស់ឆ្អឹង និងធ្មេញដែលរឹងមាំនោះ ទើបសារជាតិអាហារចាំបាច់ដូចជា “កាល់ស្យូម” មានតួនាទី​យ៉ាងសំខាន់ចំពោះរាងកាយកូនតូចខ្លាំងសម្បើមណាស់។

    “កាល់ស្យូម” គឺជា​សារជាតិអាហារប្រភេទអំបិលរ៉ែមួយប្រភេទដែលមាននៅក្នុងរាងកាយច្រើនបំផុត ជាពិ​សេសឆ្អឹង និងធ្មេញ អាចនិយាយបានថា ជាកន្លែងប្រមូលសន្សំជាតិកាល់ស្យូមដែលធំជាងគេបំផុតនៅក្នុងរាងកាយ។ មុខនាទីសំខាន់របស់កាល់ស្យូម គឺនាំយកមកប្រើប្រាស់ក្នុងការសាង និងជួសជុលចំណែកដែលសឹករេចរឹលរបស់ឆ្អឹង និងធ្មេញ ក្រចកដៃ-ជើង និងសរសៃសក់ឱ្យរឹងមាំ ក្រៅពីនេះនៅមានចំណែកជួយគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំ ប្រព័ន្ធប្រសាទ ការបង្កកខ្លួនរបស់ឈាម ចង្វាក់របស់បេះដូង ការធ្វើការងាររបស់ប្រព័ន្ធទឹករំលាយអាហារ ការបឺតជញ្ជក់យកវីតាមីន និងជំរុញការ​បញ្ចេញរបស់អ័រម៉ូន ។

    តើនឹងទៅជាយ៉ាងណា…នៅពេលកូនតូចខ្វះជាតិកាល់ស្យូម?

    កុមារដែលទទួលបានជាតិកាល់ស្យូមមិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ នឹងមានផលប៉ះពាល់ដល់ភាពរឹង​-ក្រាស់របស់ឆ្អឹងទាំងមូល ធ្វើឱ្យកើតជំងឺទន់ឆ្អឹង ឬឆ្អឹងកោង-ង ហើយការវិវឌ្ឍខាងផ្នែករាងកាយ ដូចជាការអង្គុយ វារ ដើរ នឹងដំណើរទៅមុខយ៉ាងយឺត។ ក្រៅពីនេះ គ្រោងសាងឆ្អឹងដែលទន់ខ្សោយ នឹងបង្កឱ្យកើតភាពខុសប្រក្រតីរបស់រាងកាយបាន ដូច​​​​​​ជា ក្លាយជាកុមារជើងកោង-ង និងខ្លួនទាបតឿខុសប្រក្រតីជាដើម។

    កាល់ស្យូមនៅឯណា…តើរកញ៉ាំបានពីអាហារអ្វី?

    • ទឹកដោះ និងផលិតផលដែលធ្វើអំពីទឹកដោះ ដូចជា ឈីស ប៊័ររឹង ប៊័រស្រស់ យ៉ាអួ អៃស្រ្គីម-ល- ព្រោះទឹក​ដោះ​​ស្រស់ គឺជាប្រភពអាហារដ៏កំពូលដែលមានជាតិកាល់ស្យូមច្រើនបំផុត ទើបចាំបាច់ខ្លាំងណាស់ដែលកុមារត្រូវតែញ៉ាំទឹកដោះគោស្រស់ឱ្យបានយ៉ាងហោចណាស់ 1ថ្ងៃ 2កែវ។
    • គ្រាប់ធញ្ញជាតិ ដូចជាគ្រាប់សណ្តែកស្ងួត និងផលិតផលដែលធ្វើពីគ្រាប់សណ្តែក ដូចជាតៅហ៊ូ ទឹកសណ្តែកលឿង សៀង គ្រាប់ល្ងស-ខ្មៅ គ្រាប់សណ្តែកក្រហម-ខៀវ គ្រាប់អាល់ម៉ុន គ្រាប់ឈូក និងគ្រាប់ផ្កាឈូករត្នជាដើម។
    • សាច់សត្វដែលញ៉ាំទាំងមូល ឬទាំងឆ្អឹង ដូចជា ត្រីតូចៗ កម្ពឹស បង្គា បង្គាក្រៀម ត្រីខកំប៉ុង។ល។
    • បន្លែស្លឹកបៃតង ដូចជាខាត់ណា ស្ពៃចង្កឹះ ប្រូខូលី ស្លឹកបាស ផ្លែពពាយ សណ្តែកហោឡាន់តាវ ត្រប់ពុតលំ​ញង។ល។

    នៅពេលបានដឹងបែបនេះហើយ សមាជិកនៅក្នុងគ្រួសារទាំងអស់សូមកុំភ្លេចបន្ថែមជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយឱ្យបានជាប់ជានិច្ច ព្រោះមិនថាស្ថិតក្នុងវ័យណាក៏ដោយ ក៏កាល់ស្យូមនៅតែជាសារជាតិរ៉ែ​ដ៏សំ​ខាន់មួយ​​ដែលទាំងកុមារ និងមនុស្សចាស់នៅតែចាំបាច់ត្រូវតែទទួលបានជារៀងរាល់ថ្ងៃ៕

  • ការចិញ្ចឹម និងថែទាំដែលកាចសាហាវ នឹងធ្វើឱ្យកុមារធំឡើងក្លាយជាមនុស្សឈឺច្រើន

    ការចិញ្ចឹម និងថែទាំដែលកាចសាហាវ នឹងធ្វើឱ្យកុមារធំឡើងក្លាយជាមនុស្សឈឺច្រើន

    យើងធ្លាប់បានឮតែពាក្យថា កុមារដែលត្រូវបានចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ ធំឡើងនឹងក្លាយ​ជាមនុស្សល្អនៅថ្ងៃខាងមុខ តែលទ្ធផលនៃការវិភាគថ្មីៗបំផុតរបស់មហាវិទ្យាល័យ UCLA សហរដ្ឋអាមេរិក ធ្វើយើងអាចបន្ថែមពាក្យចូលទៅទៀតថា ការមើលថែទាំ និងការផ្ដល់នូវសេចក្តីស្រឡាញ់ដល់កុមារយ៉ាងល្អល្អះ នឹងធ្វើឱ្យគេធំ​ឡើងក្លាយជាមនុស្សដែលមានសុខភាពល្អ និងផ្ទុយទៅវិញ កុមារដែលត្រូវបានចិញ្ចឹមមើលថែបែបខ្វះភាពកក់ក្តៅ និងទទួលរង​ដោយអំពើហិង្សា នឹងក្លាយជាមនុស្សធំដែលឈឺច្រើន ថែមទាំងប្រថុយនឹងការកើតជម្ងឺបេះដូង និងសរសៃឈាមច្រើនជាង​អ្នក​​ផ្សេងទៀតផង។

    ការស្រាវជ្រាវវិភាគបានធ្វើឡើងក្នុងរូបបែបនៃការសាកសួរពីអ្នកចូលរួមចំនួន 756នាក់ក្នុងប្រធានបទរឿងភាពប្រថុយប្រថានក្នុងការកើតជម្ងឺបេះដូងខ្វះឈាមនៅក្នុងវ័យកំលោះ-ក្រមុំ ដោយវាយតម្លៃតាមរយ:សញ្ញាដែលបញ្ជាក់ពី​សុខភាពទូទាំងរាងកាយ 18ប្រការដែលមានជាអាទិ សម្ពាធឈាម កម្រិតកូលេស្តេរ៉ូលនៅក្នុងសរសៃឈាម ទំហំចង្កេះ និងទម្ងន់ខ្លួនជាដើម។ បន្ទាប់ពីនោះទើបយកព័ត៌មានដែលទទួលបានមកសរុបលទ្ធផលថា តើមនុស្សម្នាក់ៗមានភាពប្រថុយប្រថាន​ដល់​ការ​វិវឌ្ឍឆ្ពោះទៅរកជំងឺបេះដូងខ្វះឈាមខ្លាំងប៉ុនណា?។

    ប៉ុន្តែក្រៅពីការវាយតម្លៃតាមបែបបទសុខភាពទាំងនោះហើយ អ្នកធ្វើការស្រាវជ្រាវនៅបានរកឃើញទៀតថា ប្រវត្តិនៃការចិញ្ចឹមមើលថែដែលបានមកពីការសាកសួរអ្នកចូលរួមធ្វើការស្រាវជ្រាវវិភាគទាំងនោះ នៅបានហុចលទ្ធផលដ៏មានអត្ថន័យ​សំខាន់​ដល់​​សុខភាពមនុស្សម្នាក់ៗទៀតផង នោះគឺមនុស្សដែលធំឡើងជាមួយនឹងការចិញ្ចឹមថែទាំបែបឱ្យតែរួចៗពីដៃតាំងពីវ័យទារកមកនោះ គឺជាក្រុមមនុស្សដែលមានកម្រិតសុខភាពអន់ខ្សោយ ដូចជាទំហំចង្កេះក្រាស់ធំ មានកូលេស្តេរ៉ូលច្រើន សម្ពាធ​ឈាមខ្ពស់-ល- ខុសប្លែកពីក្រុមមនុស្សដែលធំឡើងនៅក្នុងក្រុមគ្រួសារដែលមើលថែចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់ យ៉ាងគួរឱ្យចាប់អារម្មណ៍។

    ដូច្នេះហើយទើបយើងអាចមើលឃើញបានថា បទពិសោធនៃការដែលត្រូវបានចិញ្ចឹមនៅក្នុងវ័យកុមារ​ មានផលប៉ះពាល់ដល់ការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗទូទាំងរាងកាយ។ ក្រុមមនុស្សដែលត្រូវបានចិញ្ចឹមឱ្យធំឡើងយ៉ាងខ្ជីខ្ជា គ្មានការយកចិត្តទុកដាក់ ឬអាចដល់ថ្នាក់ប្រើអំពើហិង្សា មិនថាតែខាងផ្លូវកាយ និងផ្លូវចិត្តផងនោះ នឹងធ្វើឱ្យការធ្វើការងារ​របស់ប្រព័ន្ធផ្សេងៗខុសពីធម្មតា ហុចផលឱ្យពេលធំឡើងក្លាយជាមនុស្សឈឺច្រើន ឬឆាប់ធ្លាក់ខ្លួនឈឺដោយងាយ និងមានអ្នកខ្លះចូលក្នុងលក្ខណៈប្រថុយប្រថាននឹងរោគបេះដូង និងសរសៃឈាមទៀតផង។ ខុសគ្នាស្រឡះពីក្រុមមនុស្សដែលត្រូវបានចិញ្ចឹម​មើលថែ​ទាំ​​​​​​មក​យ៉ាងល្អ បានទទួលភាពកក់ក្តៅពេញទំហឹង គឺច្រើនតែមានសុខភាពរឹងប៉ឹងល្អ មានប្រព័ន្ធស៊ាំនឹងជំងឺផ្សេងៗ​រឹង​​​មាំល្អទៀត​ផង។

    លោកស្រីវេជ្ជបណ្ឌិត ថេរេហ្សា ស៊ីមែន សាស្រ្តាចារ្យផ្នែកវិជ្ជាវេជ្ជសាស្រ្តមនុស្សចាស់ ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកដឹកនាំការវិភាគស្រាវជ្រាវនេះ បានរៀបរាប់ថា លោកស្រីសង្ឃឹមថា លទ្ធផលនៃការស្រាវជ្រាវវិភាគដែលទទួលបានក្នុងគ្រានេះ នឹងជួយជំរុញឱ្យមនុស្សសង្កេតឃើញពីភាពពាក់ព័ន្ធគ្នារបស់បញ្ហាថា ការចិញ្ចឹមមើលថែទាំកូននៅក្នុងវ័យកុមារនឹង​ហុចផលដល់សុខភាពនៅក្នុងវ័យមនុស្សធំយ៉ាងដូចម្ដេចខ្លះ? និងមានការកែបញ្ហានេះយ៉ាងមានប្រសិទ្ធភាព។ ការជំរុញ និង​បំ​ផុសឱ្យឪពុកម្តាយ ឬអ្នកមើលថែទាំក្មេងបានដឹង បានយល់ពីការមើលថែ និងចិញ្ចឹមកុមារយ៉ាងត្រឹមត្រូវ ទាំងក្នុងរឿងការហូបចុក ការរស់នៅ សុខភាពផ្លូវកាយ និងផ្លូវចិត្ត រួមទាំងការបានទទួលនូវភាពកក់ក្តៅ ការមើលថែទាំយកចិត្តទុកដាក់យ៉ាងពេញ​ទំហឹងនោះ វានឹងជួយកាត់បន្ថយបរិមាណមនុស្សធំដែលក្លាយជាអ្នកមានជំងឺមួយថ្ងៃកាត់មួយថ្ងៃកោរបានយ៉ាងងាយនាពេល​​អ​នាគត និងកាត់បន្ថយបញ្ហាពាក់ព័ន្ធនឹងការមើលថែទាំអ្នកជំងឺបេះដូង និងសរសៃឈាម ដែលជាជំងឺមួយក្នុងចំណោមជំងឺដ៏​កាច​សា​ហាវបានទៀតផង៕​

  • ទីផ្សារ​វ៉ាក់សាំង​ប្រឆាំង Covid-19! តើ​ប្រទេស​ណាខ្លះ​ដែល​បាន​បញ្ជា​ទិញ​មុន ច្រើនជាងគេ?

    ទីផ្សារ​វ៉ាក់សាំង​ប្រឆាំង Covid-19! តើ​ប្រទេស​ណាខ្លះ​ដែល​បាន​បញ្ជា​ទិញ​មុន ច្រើនជាងគេ?

    ប្រទេស​អ្នកមាន​ជាងគេ​ចំនួន 32 ក្នុង​ពិភពលោក បាន​បញ្ជា​ទិញ​ជាមុន (pre-order) ជាង​ពាក់កណ្ដាល​នៃ​បរិមាណ​សរុប​របស់​វ៉ាក់សាំង Covid-19 នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ ប្រទេស​ទាំងនេះ មាន​ប្រជាជន​ត្រឹមតែ 13% ប៉ុណ្ណោះ​នៃ​ប្រជាជន​សរុប​ក្នុង​ពិភពលោក។

    យោងតាម​លទ្ធ​នៃ​ការប្រើប្រាស់​សាកល្បង​វ៉ាក់សាំង Covid-19 ដំណាក់កាល​ទី​បី និង​សេចក្ដីប្រកាស​អំពី​ផលិតភាព​ដែល​បានគ្រោង​ទុក​ពី​បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង យើង​អាច​នឹងមាន​វ៉ា​ក់​ស៊ាំ​ង Covid-19 គ្រប់គ្រាន់​សម្រាប់​ចាក់ឱ្យ​ប្រជាជន​ចំនួន 1/3 ក្នុង​ពិភពលោក​នៅ​ចុងឆ្នាំ 2021។ ប៉ុន្តែ ពលរដ្ឋ​ជាច្រើន​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ អាច​នឹងត្រូវ​រង់ចាំរ​ហូត​ដល់​ឆ្នាំ 2023 ឬ 2024 ទើប​អាចមាន​វ៉ាក់សាំង​ដើម្បី​ចាក់​នឹង​គេ។ នេះ​គឺជា​ទិដ្ឋភាព​ដែល​ត្រូវបាន​ព្យាករ​ដោយ​មជ្ឈមណ្ឌល​កែប្រែ​សុខាភិបាល​សកល Duke ដែលមាន​ទីស្នាក់ការ​នៅ​តំបន់ Durham ក្នុង​រដ្ឋ Carolina ខាងជើង​នៃ​សហរដ្ឋអាមេរិក។

    មើល​ទៅលើ​ក្រុមហ៊ុន​ចំនួន 3 ដែល​កំពុង​កាន់កាប់​បេក្ខភាព​វ៉ាក់សាំង Covid-19 ដែលមាន​សក្ដានុពល​បំផុត គឺ​ក្រុម​ហ៊ុន​ AstraZeneca, Pfizer និង Moderna។ តាម​ការ​គណនា បរិមាណ​សរុប​នៃ​ផលិតផល​របស់​ពួកគេ អាច​ធានា​ការផ្គត់ផ្គង់​វ៉ាក់សាំង Covid-19 ចំនួន 5.3 ពាន់​លាន​អំពូល​នៅក្នុង​ឆ្នាំ 2021។

    តាម​ការ​គណនា បរិមាណ​វ៉ាក់សាំង​នេះ​អាច​ចាក់ឱ្យ​មនុស្ស​ចាប់ពី 2.6 ដល់ 3.1 ពាន់​លាន​នាក់​នៅលើ​ពិភពលោក អាស្រ័យទៅលើ​វ៉ាក់សាំង​របស់ ក្រុមហ៊ុន AstraZeneca ដែល​អាច​ចាក់​ទៅតាម​សេណា​រី​យ៉ោ 1.5អំពូល ឬ 2អំពូល​សម្រាប់​មនុស្សម្នា​ក់។

    ទីផ្សារវ៉ាក់សាំងប្រឆាំង Covid-19! តើប្រទេសណាខ្លះដែលបានបញ្ជាទិញមុន ច្រើនជាងគេ?ក្រៅពី​បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ខាងលើ ក៏​នៅមាន​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត ដូច្នេះ រុស្ស៊ី​ជាដើម។ មូលនិធិ​វិនិយោគ Russia Direct ឱ្យដឹងថា ពួកគេ​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង Covid-19 ទៅឱ្យ​មនុស្ស​ចំនួន 500លាន​នាក់​នៅក្រៅ​ប្រទេស​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ 2021។

    នៅក្នុង​ពិភពលោក មាន​ប្រទេស​ចំនួន 32 ហើយ​ដែល​បាន​បញ្ជា​ទិញ​ជាង​ពាក់កណ្ដាល​នៃ​បរិមាណ​វ៉ាក់សាំង​សរុប​ក្នុង​ពិភពលោក ដែល​ប្រទេស​ទាំងនេះ​មាន​ប្រជាជន​សរុប​ប្រហែល 13% ប៉ុណ្ណោះ បើ​ធៀប​នឹង​ប្រជាជន​សរុប​ទូទាំង​សកលលោក។ កាណាដា បច្ចុប្បន្ន​គឺជា​ប្រទេស​ដែល​ឈរលើ​កំពូល​តារាង ដោយ​ប្រជាជនម្នាក់ៗរបស់​ប្រទេស​នេះ អាច​នៅសល់​វ៉ាក់សាំង​ដែល​អាច​ចាក់​បាន​រហូតដល់ 9ដង​ឯណោះ។

    ប្រការ​ខាងលើនេះ នឹង​នាំឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ ជួប​ការលំបាក​ខ្លាំង​ដោយសារតែ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​​ការ​បញ្ជា​ទិញ​​ជា​មុន​​នូវ​វ៉ាក់សាំង​ដែលមាន​សក្ដានុពល។ ក៏ប៉ុន្តែ បណ្ដា​ប្រទេស​ក្រីក្រ នៅមាន​ក្ដីសង្ឃឹម​ផ្សេង​មួយទៀត នោះ​គឺ​ការរំពឹង​ទៅលើ​ការរួមចំណែក​របស់ COVAX ដែលជា​មូលនិធិ​បែងចែក​វ៉ាក់សាំង​ស្មើភាព​គ្នា។

    ទីផ្សារវ៉ាក់សាំងប្រឆាំង Covid-19! តើប្រទេសណាខ្លះដែលបានបញ្ជាទិញមុន ច្រើនជាងគេ?COVAX ត្រូវបាន​បង្កើតឡើង និង​ដំណើរការ​ដោយ​អង្គការ​ចំនួន 3 រួមមាន សម្ព័ន្ធ​ផ្លាស់ប្ដូរ​ត្រៀម​សម្រាប់​ការ​ទប់​ទល់នឹង​រោគរាតត្បាត (CEPI) អង្គការ​សុខភាព​ពិភពលោក (WHO) និង Gavi ដែលជា​សម្ព័ន្ធ​វ៉ាក់សាំង និង​ជា​អង្គ​ការមិន​ស្វែងរក​កម្រៃ​ឯកជន ដែល​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ផ្ដល់ជំនួយ​វ៉ាក់សាំង​ទៅឱ្យ​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប។

    រហូតមកដល់​ពេលនេះ COVAX បាន​បញ្ជា​ទិញ​ជាមុន​នូវ​វ៉ាក់សាំង Covid-19 ចំនួន 700លាន​អំពូល ហើយ​បើតាម​គម្រោង អង្គការ​នេះ​នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន 2 ពាន់​លាន​អំពូល​នៅក្នុង​ឆ្នាំ 2021 ដើម្បី​ជួយ​ដល់​ប្រជាជន​យ៉ាងតិច 20% នៅក្នុង​បណ្ដា​ប្រទេស​ដែល​បាន​ចូលរួម​ជាមួយ​អង្គការ​នេះ។ បច្ចុប្បន្ន មាន​ប្រទេស​ជាង 198 ដែល​បាន​ចុះឈ្មោះ​ចូលរួម​ជាមួយនឹង​អង្គការ COVAX ដោយ​រួមមាន​ទាំង​បណ្ដា​ប្រទេស​អ្នកមាន​ផងដែរ។

    ក្រៅពីនេះ ក្ដីសង្ឃឹម​មួយ​ផ្សេងទៀត​ដែល​បណ្ដា​ប្រទេស​ក្រីក្រ​អាច​រង់ចាំ នោះ​គឺ​ការផ្ដល់​ជំនួយ​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស​អ្នកមាន​ដែល​ពួកគេ​ប្រើប្រាស់​វ៉ាក់សាំង​មិន​អស់។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​យល់ថា ក្ដីសង្ឃឹម​នេះ ពិតជា​ស្ដួចស្ដើង​ខ្លាំងណាស់៕

    ប្រភព៖ Nature

  • 8វិធី កម្ចាត់ក្លិនមាត់បានយ៉ាងល្អ ដែលជនជាតិជប៉ុនណែនាំ

    8វិធី កម្ចាត់ក្លិនមាត់បានយ៉ាងល្អ ដែលជនជាតិជប៉ុនណែនាំ

    ក្លិនមាត់បានសាងនូវភាពលែងជឿជាក់លើខ្លួនឯងចំពោះសាមីខ្លួនយ៉ាងខ្លាំង ទោះជាខំថែរក្សាព្យាបាលប្រអប់មាត់ និងធ្មេញល្អល្អះប៉ុនណាក្ដី តែជួនកាលក៏នៅតែមានក្លិនមាត់សាយភាយចេញមកបែបមិនដឹងខ្លួនដែរ ដូច្នេះពេលនេះ យើងនាំគ្នាមកដឹងពីមូលហេតុជាច្រើនប្រការដែលធ្វើឱ្យកើតក្លិនមាត់ និងវិធីការកម្ចាត់ក្លិនមាត់ឱ្យបានលទ្ធផលល្អដែលជនជាតិជប៉ុនណែនាំមកដូចខាងក្រោមនេះ…។

    មូលហេតុរបស់ការកើតមានក្លិនមាត់

    ក្លិនមាត់ មានមូលហេតុមកពីច្រើនរឿងណាស់ ទាំងពីការញ៉ាំកាហ្វេ និងស្រា ការទទួលទានអាហារដែលប្រកបដោយខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ទឹមស និងគ្រឿងទេស ជាដើម តែមូលហេតុចម្បងវិញ បណ្ដាលមកពីការដុសសម្អាតធ្មេញមិនបានស្អាត ធ្វើឱ្យមេរោគបាក់តេរីក្នុងប្រអប់មាត់ទៅរំលាយកម្ទេចកម្ទីអាហារដែលនៅជាប់សេសសល់ក្នុងប្រអប់មាត់ និងបំពង់ក ដែលក្រៅពីនឹងធ្វើឱ្យកើតក្លិនស្អុយហើយ នៅបង្កឱ្យមានបញ្ហាក្នុងប្រអប់មាត់ទៀតផង ដូចជាមានបន្ទះផ្សឹតពណ៌សៗនៅលើអណ្ដាត និងគល់អណ្ដាតផ្នែកខាងក្នុង ពុកធ្មេញ ជំងឺរលាកអញ្ចាញដោយសារកំណកអតិសុខុមប្រាណ និងកំណកកំបោរប្រមូលសន្សំនៅតាមមុខតំណរបស់អញ្ចាញ និងធ្មេញ។ បើមិនបានទទួលការព្យាបាលទេ ជំងឺរលាកអញ្ចាញធ្មេញនឹងរីករាលដាលខ្លាំងឡើង ក្លាយជាជំងឺរលាកជុំវិញធ្មេញដែលនឹងបង្កឱ្យមានក្លិនកាន់តែស្អុយខ្លាំងឡើង។

    មូលហេតុសំខាន់ 1ប្រការទៀតរបស់ការកើតមានក្លិនមាត់គឺ សភាវមាត់ស្ងួត មានទឹកមាត់តិច ដែលកើតពីការញ៉ាំទឹកមិនបានគ្រប់គ្រាន់។ នៅពេលមានទឹកមាត់តិច មេរោគផ្សេងៗជាច្រើននឹងនៅសេសសល់ក្នុងប្រអប់មាត់ ធ្វើឱ្យកើតមានក្លិនមិនប៉ងប្រាថ្នាកាន់តែច្រើនឡើង។ ក្រៅពីនេះ ក៏មានមូលហេតុមកពីប្រព័ន្ធរំលាយអាហារដែលមានមេរោគបាក់តេរីប្រភេទមិនល្អក្នុងក្រពះ និងពោះវៀនតូចដែលបង្កឱ្យកើតអាការឆ្អល់ណែនក្នុងពោះ និងភើមានក្លិនស្អុយចេញមក រួមទាំងអាការទល់លាមកច្រើនៗថ្ងៃ ក៏ធ្វើឱ្យកើតមានក្លិនមាត់មិនល្អបានដែរ។

    វិធីកម្ចាត់ក្លិនក្នុងប្រអប់មាត់

    វិធីកម្ចាត់ក្លិនក្នុងប្រអប់មាត់ អាចប្រើវិធីណាមួយ ឬប្រើរួមទាំងអស់ក៏បាន…

    1-ប្រើម្សៅបេកឃីងសូដា

    វិធីនេះនឹងជួយសម្លាប់មេរោគបាក់តេរីខាងក្នុងមាត់ អាចធ្វើបានដោយការលាយម្សៅបេកឃីងសូដា(អាចរកទិញបាននៅក្នុងផ្សារទំនើប) កន្លះស្លាបព្រាកាហ្វេក្នុងទឹក 1កែវ ហើយខ្ពុរក្នុងមាត់រយៈពេល 30វិនាទី រួចខ្ជាក់ចេញ។

    2-ប្រើប្រទាលកន្ទុយក្រពើ

    ប្រទាលកន្ទុយក្រពើ ក្រៅពីមានគុណសម្បត្តិក្នុងការព្យាបាលមុខរបួសរលាកភ្លើង ឬទឹកក្ដៅហើយ វាក៏មានគុណសម្បត្តិក្នុងការបំបាត់ក្លិនមាត់បានដោយការកាត់បន្ថយបរិមាណមេរោគបាក់តេរីក្នុងប្រអប់មាត់ និងជួយបង្កើនបរិមាណទឹកមាត់។ វិធីងាយៗ គឺគ្រាន់តែខ្ពុរមាត់ដោយទឹកប្រទាលកន្ទុយក្រពើ 1ថ្ងៃ 2ដង ព្រឹក និងល្ងាច។

    3-ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់

    ការញ៉ាំទឹកតិច នឹងធ្វើឱ្យលំហូរវិលរបស់ទឹកមាត់មានតិច និងនាំឆ្ពោះទៅរកការមានក្លិនមាត់មិនល្អ។ ក្នុង 1ថ្ងៃ គួរញ៉ាំទឹកឱ្យបានញឹកញាប់ ដើម្បីបង្កើនលំហូរវិលរបស់ទឹកមាត់នៅក្នុងប្រអប់មាត់។

    4-ញ៉ាំស្រាទំពាំបាយជូរក្រហម 1ថ្ងៃ 1កែវ

    តាមរយៈការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ការញ៉ាំស្រាទំពាំងបាយជូរក្រហម 1ថ្ងៃ 1កែវ នឹងជួយកាត់បន្ថយការរីកចម្រើនរបស់មេរោគបាក់តេរីក្នុងប្រអប់មាត់ តែទាំងអស់នេះ ដើម្បីការពារពណ៌របស់ស្រាក្រហមប្រឡាក់ជាប់ធ្មេញ គួរដុសសម្អាតធ្មេញ ឬខ្ពុរមាត់ក្រោយពេលញ៉ាំស្រានេះរួច។

    5-ទទួលទានបន្លែ និងផ្លែឈើដែលសម្បូរដោយជាតិកាកសរសៃ

    ការទំពាបន្លែ ឬផ្លែឈើដែលសម្បូរទៅដោយកាកសរសៃអាហារ ដូចជាស្ពៃក្ដោប សាលាដ ការ៉ុត ឃឹនឆាយ ផ្លែប៉ោម និងផ្លែត្របែក ក្រៅពីបានសាងនូវភាពស្រស់ថ្លាដល់ពេលហូបអាហារហើយ ការទំពាបន្លែ និងផ្លែឈើទាំងនោះ នឹងជួយលាងជម្រះវត្ថុកខ្វក់នៅក្នុងមាត់ និងបន្ថែមការបញ្ចេញទឹកមាត់ទៀតផង។

    6-ទទួលទានក្រូចឆ្មារ និងផ្លែបួយត្រាំ

    ផ្លែក្រូចឆ្មារ និងផ្លែបួយត្រាំមានអាស៊ីតអតិសុខុមប្រាណដែលជួយបង្កើនការបញ្ចេញទឹកមាត់ និងបង្កើនការរំលាយរបស់ប្រូតេអ៊ីនដែលជាប្រភពធ្វើឱ្យកើតក្លិនអាក្រក់ក្នុងមាត់ និងថែមទាំងជួយការពារមិនឱ្យកម្ទេចអាហារដែលជាប់នៅក្នុងកន្លៀតធ្មេញរលួយស្អុយក្នុងករណីដែលមិនបានដុសសម្អាតធ្មេញក្រោយពេលបាយបានភ្លាមៗ។

    7-ញ៉ាំទឹកតែ

    ទឹកតែភាគច្រើនប្រកបដោយសារធាតុ ហ្វ្លាវ៉ូណយដ៍ ដែលមានឫទ្ធិក្នុងការកាត់បន្ថយក្លិនមាត់ និងជួយកម្ចាត់មេរោគបាក់តេរីក្នុងប្រអប់មាត់។ វិធីការដែលមានប្រសិទ្ធភាពក្នុងការជួយកាត់បន្ថយក្លិនមាត់បានល្អបំផុត គឺការញ៉ាំទឹកតែក្រោយពេលបាយរួច។

    8-ទទួលទានយ៉ាអួ(ទឹកដោះគោជូរ)ជាប្រចាំ

    មួយក្នុងចំណោមមូលហេតុសំខាន់របស់ក្លិនមាត់ គឺការមានមេរោគបាក់តេរីច្រើនលើសនៅក្នុងក្រពះ និងពោះវៀនតូច ដែលធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតី។ ការទទួលទានយ៉ាអួជាប្រចាំ នឹងជួយកែសម្រួលប្រព័ន្ធទូទៅក្នុងពោះវៀនឱ្យល្អឡើង ហើយមានការស្រាវជ្រាវមួយបានរកឃើញថា ការទទួលទានយ៉ាអួជាប្រចាំរៀងរាល់ថ្ងៃ 1ថ្ងៃ 1ពែង នឹងជួយបន្ថយបរិមាណសារធាតុដែលធ្វើឱ្យកើតក្លិនស្អុយក្នុងមាត់ ដូចជា ហៃដ្រូចេនសាល់ហ្វៃដ៍ បានទៀតផង។

    បើសិនជាបានដុសសម្អាតធ្មេញ និងមើលថែទាំសុខភាពប្រអប់មាត់បានល្អហើយ តែក៏នៅតែមានអារម្មណ៍ថា នៅតែមានក្លិនមាត់មិនល្អទៀតនោះ ចូរសាកល្បងប្រើវិធីណាមួយដូចខាងលើ-លមើលក៏បាន​៕