Category: សុខភាព

  • កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកម្តងទៀតឬទេ?

    កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកម្តងទៀតឬទេ?

    ឡារ៉ែន ជឿថានៅរៀងរាល់ពេលបញ្ចុកថ្នាំក្នុងពេលដែលកូនតូចមានអាការឈឺថ្កាត់ម្តងៗនោះ គឺពិតជារឿងមួយដែលធ្វើឱ្យឪពុក-ម្តាយឈឺក្បាលវិលមុខមិនស្ទើរឡើយ ព្រោះណាមួយកូនមិនព្រមញ៉ាំ ឬលេបថ្នាំនោះសោះ និងមួយទៀត គឺលេបចូល​ទៅហើយ តែក្អួតចេញមកវិញអស់ ធ្វើឱ្យឪពុក-ម្តាយកើតមានការស្ទាក់ស្ទើរក្នុងចិត្តថា តើគួរបញ្ចុកម្តងទៀតឬយ៉ាងណា?

    ដូច្នេះ ខាងក្រោមនេះ គឺជាចម្លើយចំពោះចម្ងល់នេះ។

    មូលហេតុកូនក្អួតក្រោយពេលបញ្ចុកថ្នាំរួច

    អាការក្អួតរបស់កូនក្រោយពេលត្រូវប៉ាម៉ាក់បញ្ចុកថ្នាំរួច ជាបញ្ហាដែលជួបញឹកញាប់ និងកើតឡើងដដែលៗ។ កូនក្អួតក្រោយការបញ្ចុកថ្នាំ ច្រើនតែបណ្តាលមកពីការស្រែកយំយ៉ាងខ្លាំងក្លា ព្រោះតែមិនចូលចិត្តរសជាតិរបស់ថ្នាំ មិនចូលចិត្តក្លិនរបស់ថ្នាំ និងកូនត្រូវការបដិសេធ ទើបព្យាយាមធ្វើឱ្យកើតអាការក្អួត ឬកើតពីតិចនិកក្នុងការបញ្ចុកថ្នាំមិនល្អ ធ្វើឱ្យរសជាតិថ្នាំទៅប៉ះនឹងបរិវេណគល់អណ្តាតនាំឱ្យកើតប្រតិកម្មការខ្ជាក់ចេញមកវិញដោយស្វ័យប្រវត្តិ ដែលខាងវេជ្ជសាស្រ្តហៅថា gag reflex ធ្វើឱ្យក្មេងក្អួតចេញមក។

    កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកថ្នាំម្តងទៀតឬទេ?

    1. ត្រូវបញ្ចុកឡើងវិញម្តងទៀត ៈ ក្នុងករណីបញ្ចុកហើយក្អួតភ្លាម(មិនមែនក្អែចេញមកបន្តិចបន្តួចទេ) ចូរអ្នកម្តាយបញ្ចុកថ្នាំក្នុងបរិមាណដដែលឡើងវិញម្តងទៀត ក្រោយពីកូនឈប់ក្អួតហើយ។
    2. មិនបាច់បញ្ចុកម្តងទៀតទេ ៈ ក្នុងករណីដែលកូនក្អួត បន្ទាប់ពីការបញ្ចុកថ្នាំកន្លងផុតទៅអស់រយៈពេលយូរក្រែលហើយ ឬចាប់ពីកន្លះម៉ោងឡើងទៅនោះ មិនចាំបាច់បញ្ចុកឡើងវិញម្តងទៀតទេ ព្រោះថ្នាំមួយចំនួនអាចត្រូវបានបឺតជ្រាបចូលទៅក្នុងរាងកាយកូនខ្លះហើយ តែត្រូវបញ្ចុកតាមពេលវេលាដែលពេទ្យកំណត់នៅលើកក្រោយៗទៀត។

    តិចនិកការបញ្ចុកថ្នាំ ឱ្យកូនបានទទួលថ្នាំគ្រប់ចំនួនតាមវេជ្ជបញ្ជា

    1. បញ្ចុកថ្នាំសម្រេចគ្រប់ពេល ត្រូវមានអារម្មណ៍ល្អតាំងពីលើកដំបូង។ លើកដំបូងរបស់ការបញ្ចុកថ្នាំ ត្រូវបបួលកូនតូចលេង ឱ្យមើលនេះមើលនោះ ចាប់ កាន់ ឧបករណ៍ផ្សេងៗ។ បើស្ថិតក្នុងវ័យយល់ដឹងខ្លះហើយ ត្រូវអធិប្បាយ ទុកពេលវេលា និងកុំបង្ហាញអាការធុញថប់តានតឹងឱ្យកូនឃើញឱ្យសោះ។
    2. ឧបករណ៍សម្រាប់បញ្ចុកក៏សំខាន់ដែរ ត្រូវជ្រើសរើសឱ្យស័ក្តិសម ដូចជាថ្នាំដែលមានរសជាតិល្វីង ឡារ៉ែនសូមណែនាំឱ្យប្រើបំពង់(សេរ៉ាំង)ចាក់ថ្នាំ បាញ់ទឹកថ្នាំបញ្ចូលមាត់កូនតែម្តង រួចឱ្យញ៉ាំទឹកតាមក្រោយ។ ចំណែកថ្នាំដែលមានរសជាតិផ្អែមអាចប្រើស្លាបព្រាបញ្ចុកបាន។
    3. ឥរិយាបថរបស់កូនក្នុងពេលបញ្ចុក ក៏សំខាន់ដូចគ្នាដែរ។ កុំបញ្ចុុកដោយឱ្យកូនគេងរាបស្មើ ព្រោះកូននឹងលេបមិនទាន់ ធ្វើឱ្យក្អួតព្រួសចេញមកវិញ ឬអាចនឹងឈ្លក់ថ្នាំបាន គួរបញ្ចុកថ្នាំកូនក្នុងឥរិយាបថដែលក្បាលនៅខ្ពស់ជាងខ្លួន។
    4. ត្រូវត្រៀមទឹកទុកជាមុនបន្តិចបន្តួច បន្ទាប់ពីបញ្ចុកថ្នាំហើយ ចូរឱ្យទឹកញ៉ាំបន្តិច ព្រោះថ្នាំប្រភេទទឹកស៊ីរ៉ូ នឹងធ្វើឱ្យស្អិតក្នុងបំពង់ក អាចធ្វើឱ្យកូនក្អក ហើយការឱ្យញ៉ាំទឹកបន្តិច អាចការពារអាការក្អកបាន។
    5. ប្តូររសជាតិរបស់ថ្នាំ ពីល្វីងឱ្យទៅជាផ្អែម តែត្រូវសួរនាំលោកគ្រូពេទ្យជាមុនសិន ព្រោះថ្នាំខ្លះ អាចកើតប្រតិកម្មខាងគីមីជាមួយទឹកស៊ីរ៉ូ អាចមានផលប៉ះពាល់ដល់ការបឺតជ្រាបរបស់រាងកាយបាន។

    បានដឹង និងស្គាល់ពីតិចនិកល្អៗពាក់ព័ន្ធនឹងវិធីបញ្ចុកថ្នាំកូនហើយ ឡារ៉ែនសង្ឃឹមថា ក្មេងតូចៗទាំងឡាយនឹងលែងសូវក្អួត ឬព្រួសថ្នាំចេញទៀតហើយ តែអាការក្អួតនេះក៏អាចបណ្តាលមកពីការកើតប្រតិកម្មចាញ់ថ្នាំដែលញ៉ាំនោះបានដែរ ដូច្នេះអ្នកម្តាយគួរសង្កេតមើលអាការរួមផ្សេងទៀតផង ដូចជាកូនមានឡើងកន្ទួលរមាស់ ភ្នែកហើម មាត់ហើម ពិបាកដកដង្ហើមជាដើម បើឃើញកូនតូចកើតមានអាការទាំងនេះ ក្រោយពេលបញ្ចុកថ្នាំរួច អ្នកម្តាយគួរប្រញាប់នាំកូនទៅមន្ទីពេទ្យជាបន្ទាន់កុំបង្អង់យូរ៕

  • មាន “ស្លេស្ម៍” នៅក្នុងបំពង់កជាប់រហូត គួរធ្វើយ៉ាងណា?

    មាន “ស្លេស្ម៍” នៅក្នុងបំពង់កជាប់រហូត គួរធ្វើយ៉ាងណា?

    ការដែលក្នុងបំពង់ករបស់យើងមានស្លេស្ម៍ជាប់រហូត 1ឆ្នាំទល់ 1ឆ្នាំ(Chronic secretion in the throat)ជួនបាត់ ជួនមាន វាពិតជាគួឱ្យរំខានណាស់មែនទេ? ដូច្នេះ បើចង់បាត់ តោះ យើងទៅចម្លើយទាំងអស់គ្នា…។

    ស្លេស្ម៍នោះ គឺកើតមកពីការដែលមានមេរោគ ឬវត្ថុចម្លែកចូលទៅធ្វើឱ្យរលាកបំពង់ខ្យល់ ហើយបំពង់ខ្យល់មិនត្រូវការឱ្យវត្ថុនោះធ្លាក់ចូលទៅក្នុងសួត ទើបបង្កើតសម្បកមកចាប់ស្លេស្ម៍ចេញមកពីក្រពេញសាងទឹករំអិលដែលស្ថិតនៅក្នុងសាច់ភ្នាសផ្លូវដង្ហើម។ ការដែលមានស្លេស្ម៍នៅក្នុងបំពង់ករ៉ាំរ៉ៃនេះ អាចបណ្ដាលមកពីជំងឺ ឬសភាវមួយចំនួនដូចខាងក្រោមនេះ៖

    1. ជំងឺរលាកច្រមុះដោយប្រតិកម្មចាញ់ និងរលាកច្រមុះប្រភេទមិនមានប្រតិកម្មចាញ់
    2. ជំងឺរលាកសៃណឹស
    3. ជំងឺអាស៊ីតរំលាយអាហារហូរបញ្ច្រាស់
    4. ការប្រើសំឡេងខុសវិធី
    5. ជំងឺរលាកបំពង់ខ្យល់រ៉ាំរ៉ៃ និងជំងឺហឺត
    6. ការឆ្លងមេរោគរ៉ាំរ៉ៃនៅក្នុងបំពង់ក
    7. ការក្រហាយរលាក និង/ឬការមានរបួសរ៉ាំរ៉ៃនៅក្នុងបំពង់ក

    បើមិនត្រូវការឱ្យមានស្លេស្ម៍ ក៏ត្រូវការពារពីដើមហេតុ

    1. មិនបណ្ដោយឱ្យមេរោគ ឬវត្ថុចម្លែកចូលទៅក្នុងបំពង់ខ្យល់ ដោយការពាក់ម៉ាស់បិទច្រមុះ។ បើមានអារម្មណ៍ថា ទើសទាល់ អាចប្រើប្រេងខ្យល់បន្តក់នៅលើក្រណាត់ម៉ាស់បាន ធានាថា អាការនេះនឹងល្អប្រសើរឡើងមិនខាន។
    2. បើស្លេស្ម៍ខាប់ និងស្អិត អាចញ៉ាំទឹកក្ដៅឧណ្ហៗ ដើម្បីជួយរំលាយស្លេស្ម៍បាន។ មិនគួរញ៉ាំទឹកត្រជាក់ទេ ព្រោះមេរោគនឹងចូលចិត្ត ប្រព័ន្ធប្រឆាំងជំងឺនឹងធ្លាក់ចុះ ហើយនឹងឆ្លងមេរោគកាន់តែច្រើនឡើង។
    3. ហាត់ប្រាណឱ្យបានជាប់ជាប្រចាំ៕
  • វៀតណាម​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង Covid-19 ដល់​ដំណាក់​កាលណា​ហើយ?

    វៀតណាម​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង Covid-19 ដល់​ដំណាក់​កាលណា​ហើយ?

    ក្រុមហ៊ុន Nanogen បាន​សាកល្បង​វ៉ាក់សាំង Covid-19 នៅលើ​សត្វ​កណ្ដុរ និង​ស្វា ដោយ​ជោគជ័យ​កាលពី​ខែមិថុនា ឆ្នាំ2020 បន្ទាប់មក ក្រុមហ៊ុន​នេះ​នឹង​សហការ​ជាមួយ​មន្ទីរ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​យោធា ដើម្បី​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ចូលរួម​ក្នុងការ​ធ្វើតេស្ត​វ៉ាក់សាំង Covid-19 របស់​វៀតណាម ក្នុងដំណាក់កាល​ទីមួយ នៅ​ថ្ងៃទី 10 ខែធ្នូ​ខាងមុខ។

    បច្ចុប្បន្ន វៀតណាម​មាន​ក្រុមហ៊ុន​ចំនួន 3 ដែល​បាន​ដំណើរ​ការផលិត​វ៉ាក់សាំង Covid-19 សម្រាប់​ការសាកល្បង​នៅក្នុង​មន្ទីរពិសោធន៍ នោះ​គឺ​ក្រុមហ៊ុន IVAC, Vabiotech និង Nanogen។ ក្រុមហ៊ុន​ទាំងនេះ កំពុងស្ថិត​ក្នុងដំណាក់កាល​វាយតម្លៃ​អំពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នៅលើ​សត្វ។ ដោយឡែក ក្រុមហ៊ុន Nanogen បាន​ឆ្លង​ផុត​ដំណាក់កាល​ខាងលើ និង​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការប្រើប្រាស់​សាកល្បង​នៅលើ​មនុស្ស​ដំណាក់កាល​ទីមួយ។

    ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន Nanogen លោក Ho Nhan បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​បានចាប់ផ្ដើម​ស្រាវជ្រាវ និង​អភិវឌ្ឍ​វ៉ាក់សាំង Covid-19 តាំងពី​ដើមខែ​មិនា ឆ្នាំ2020 ក្នុង​គ្រា​ដែល​វីរុស​នេះ​កំពុង​ឆ្លង​រាលដាល​នៅ​ប្រទេស​ចិន។ ខែឧសភា2020 ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា បានប្រគល់​ភារកិច្ច​ក្នុងការ​ស្រាវជ្រាវ​វ៉ាក់សាំង​ប្រឆាំង Covid-19 មកឱ្យ Nanogen ជា​ផ្លូវការ។

    ថ្ងៃទី 15 ខែឧសភា ក្រសួង​ខាងលើ​បាន​បន្ត​ប្រគល់​កិច្ចការ​អភិវឌ្ឍ​ផ្នែក​ផលិត​វ៉ាក់សាំង Covid-19 ដោយ​បច្ចេក​វិទ្យា​ប្រូតេអ៊ីន​ផ្សំ​ដើម្បី​បង្កើត​ប្លា​កែ​ត​ដូច​វីរុស និង​ប្លា​កែ​ត​ណា​ណូ ទៅឱ្យ​ក្រុមហ៊ុន​ខាងលើ។ ថ្ងៃទី 21ឧសភា ប្រធាន​បទ​ស្រាវជ្រាវ​វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន Nanogen ទទួលបាន​ការអនុម័ត​យល់​ព្រមឱ្យ​ដំណើរការ​ពី​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វៀតណាម។

    វៀតណាម​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង Covid-19 ដល់​ដំណាក់​កាលណា​ហើយ?
    ក្រុមហ៊ុន Nanogen បានឆ្លងផុតដំណាក់កាលវាយតម្លៃអំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនៅលើសត្វ និងត្រៀមសាកល្បងនៅលើមនុស្សដំណាក់កាលទីមួយ។

    លោក Ho Nhan បញ្ជាក់ថា ក្រុមហ៊ុន​របស់លោក បាន​វិនិយោគ​ជាង 200ពាន់​លាន​ដុង (8,662,600 ដុល្លារ​អាមេរិក) សម្រាប់​ពង្រីក​រោងចក្រ​ចំនួន3 ទិញ​វត្ថុធាតុដើម និង​ប្រព័ន្ធ​ផលិត​វ៉ាក់សាំង។ ក្រុមហ៊ុន Nanogen ឱ្យដឹងថា របាយការណ៍​វាយតម្លៃ​អំពី​ប្រសិទ្ធភាព បង្ហាញថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន​នេះ ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ប្រឆាំងនឹង Covid-19។ ដោយយោង​ទៅលើ​លទ្ធផល​នេះ Nanogen ក៏បាន​ធ្វើ​លិខិតស្នាម​រួចរាល់​ហើយ សម្រាប់​បញ្ជូន​ឡើងទៅ​កាន់​ក្រសួងសុខាភិបាល ដើម្បី​សុំ​ការអនុញ្ញាត​បន្ត​ដំណាក់កាល​បន្ទាប់។

    តំណាង​របស់ Nanogen និយាយថា វ៉ាក់សាំង​របស់​វៀតណាម​នឹងមាន​តម្លៃ​មិន​លើសពី 500,000 ដុង (21.5 ដុល្លារ​អាមេរិក) នៅក្នុង​មួយ​ម្ជុល (ដូ​ស) នោះទេ នៅពេល​ត្រូវបាន​បញ្ចេញ​លក់​ក្នុង​ទីផ្សារ៕

  • ចម្លើយលើចំណុចសង្ស័យ 7រឿងដែលស្ត្រីមានគភ៌ចង់ដឹងបំផុត

    ចម្លើយលើចំណុចសង្ស័យ 7រឿងដែលស្ត្រីមានគភ៌ចង់ដឹងបំផុត

    ស្ត្រីដែលទើបតែមានគភ៌ជាលើកដំបូងដែលកើតមានក្តីសង្ស័យ និងមិនប្រាកដក្នុងចិត្តថា តើក្នុងអំឡុងពេលមានគភ៌នោះ ត្រូវមើលថែទាំអ្វីខ្លះទៀត ក្រៅពីការជ្រើសរើសចំណីអាហារត្រូវតាមភោជនាការរបស់ស្ត្រីមានគភ៌ហើយ ហាត់ប្រាណយ៉ាងត្រឹមត្រូវ និងសម្រាកយ៉ាងគ្រប់គ្រាន់ហើយ តើនៅមានរឿងអ្វីដែលគួរធ្វើបន្ថែមទៀតឬទេ? និងតើមានរឿងអ្វីខ្លះដែលគួរចៀសវាង? និងកិច្ចការងារពីមុនដែលធ្លាប់ធ្វើ តើអាចធ្វើបានទៀតឬទេ? ឬហុចផលអាក្រក់ប៉ុនណា?។ ចំណុចសង្ស័យទាំងនេះ សុទ្ធតែជារឿងដែលអ្នកមានផ្ទៃពោះនៅសង្ស័យច្រើនគ្នាណាស់ ដូច្នេះយើងនាំគ្នាមកបកស្រាយចំណុចសង្ស័យទាំងនេះទាំងអស់គ្នា។

    1-ទម្ងន់ខ្លួនដែលស័ក្តិសមសម្រាប់អ្នកមានគភ៌

    បើអ្នកមានគភ៌ទទួលទានអាហារតាមការណែនាំហើយ (ប្រូតេអុីន វិតាមីន សារធាតុរ៉ែ អុីយ៉ូដ កាល់ស្យូម ហ្វូលេត សារធាតុដែក)នោះ ទម្ងន់ខ្លួននឹងកើនឡើងប្រមាណជា 12 -15គីឡូក្រាម ជាមធ្យមកើន 1ខែ 2គីឡូក្រាម តែក្នុងត្រីមាសដំបូងទម្ងន់ខ្លួនអាចថយចុះ ដោយសារតែអាការចាញ់កូនដែលធ្វើឱ្យក្អួតចង្អោរញឹកញាប់ ឬមិនអាចញ៉ាំអាហារបានច្រើន។ ក្នុងត្រីមាសទី2 ជាអំឡុងពេលអស់អាការចាញ់កូនហើយ ស្ត្រីមានគភ៌អាចហាត់ប្រាណបានយ៉ាងត្រឹមត្រូវ ដើម្បីគ្រប់គ្រងកុំឱ្យទម្ងន់ខ្លួនកើនឡើងលឿនជ្រុលពេក។ ចំណែកត្រីមាសចុងក្រោយ ត្រូវប្រយ័ត្នប្រយែងបន្តិច ព្រោះឱកាសប្រសូតមុនកំណត់មានខ្ពស់ណាស់ បើសិនបញ្ចេញកម្លាំងធ្វើអ្វីមួយខ្លាំងជ្រុលពេក។ ក្នុងត្រីមាសនេះ ទម្ងន់ខ្លួនអ្នកម្តាយនឹងកើនឡើងខ្ពស់បំផុត។

    2-បើចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ក្នុងអំឡុងពេលមានគភ៌ត្រីមាសដំបូងដោយសារតែមិនដឹង តើនឹងមានគ្រោះថ្នាក់អ្វីដែរទេ?

    បើវ៉ាក់សាំងដែលចាក់នោះជាវ៉ាក់សាំងការពារតេតាណូស គ្រុនផ្តាសាយធំ ឬកញ្រ្ជឹល មិនជាគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ និងជាការសាងប្រព័ន្ធការពារជំងឺឱ្យខ្លួនទារកទៀតផង។​ ពេញមួយរយៈពេល 9ខែ ស្ត្រីមានគភ៌អាចត្រូវចូលទៅទទួលយកការចាក់វ៉ាក់សាំងការពារជំងឺយ៉ាងត្រឹមត្រូវ ដើម្បីទារកចម្រើនធំធាត់ រឹងប៉ឹង និងពេញលេញ ប្រាសចាកជំងឺតម្កាត់។

    3-តើវីតាមីនបន្ថែម ចាំបាច់ដែរឬទេ?

    សារធាតុអាហារដែលអ្នកមានគភ៌គួរទទួលទានបន្ថែមនោះគឺ សារធាតុដែកដែលជួយគាំទ្រការធ្វើការងាររបស់ហ៊ីម៉ូគ្លោប៊ីនក្នុងគ្រាប់ឈាមក្រហម ដែលជាអ្នកនាំអុកស៊ីហ្ស៊ែនឆ្ពោះទៅទារកដែលនៅក្នុងផ្ទៃ បើអ្នកមានគភ៌បានទទួលសារធាតុដែកមិនគ្រប់គ្រាន់ នឹងធ្វើឱ្យកើតសភាវលោហិតស្លេកស្លាំង ហុចផលឱ្យកើតអាការនឿយល្វើយ ហត់ និងដកដង្ហើមមិនស្រួល។ ទាំងអស់នេះ ការទទួលទានសារធាតុដែកគួរស្ថិតក្នុងបរិមាណដែលសមល្មមតាមដែលរាងកាយត្រូវការ ចំណែកវិតាមីន និងសារធាតុអាហារផ្សេងទៀត បើទទួលទានអាហារគ្រប់ 5ប្រភេទក្រុមតាមពាក្យណែនាំរបស់គ្រូពេទ្យហើយនោះ មិនចាំបាច់ទទួលទានវីតាមីនបន្ថែមក៏បានដែរ តែគួរញ៉ាំទឹកដោះគោជាប្រចាំ ដើម្បីបង្កើនភាពរឹងមាំដល់ឆ្អឹងរបស់ទារកនៅក្នុងផ្ទៃ មិនគួរទទួលទានថ្នាំសារធាតុដែកលាយគ្នាជាមួយទឹកដោះគោឡើយ ព្រោះវាធ្វើឱ្យមានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។

    4-ស្វាមីទ្រាំមិនបាន សុំមានភេទសម្ព័ន្ធក្នុងអំឡុងពេលមានគភ៌

    ការមានភេទសម្ព័ន្ធ មិនមែនជារឿងគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ លើកលែងតែខាងប្រុសមានជំងឺកាមរោគ។ ក្នុងអំឡុងត្រីមាសទី3 សូមឱ្យលោកប្ដីអត់ទ្រាំបន្តិច ព្រោះជាដំណាក់កាលសំខាន់ណាស់ គភ៌របស់ភរិយាមិនគួរទទួលរងកម្លាំងញ័ររញ្ជួយអ្វីទាំងអស់ ដើម្បីការពារការប្រសូតមុនកំណត់ និងអាចធ្វើឱ្យទារកមិនរឹងប៉ឹងបាន។ បើត្រីមាសទី1 និង 2 ស្ត្រីមានគភ៌គួរសង្កេតមើលផងថា តើមានអាការខុសប្រក្រតីអ្វីឬទេ? ដូចជា ឈឺពោះមុនពេលកំណត់ និងមានឈាមធ្លាក់ចេញពីមាត់ស្បូន ជាដើម។ បើមានអាការទាំងនេះ គួរបញ្ឈប់ការមានភេទសម្ព័ន្ធ និងប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

    5-ទឹកដោះដែលគួរញ៉ាំ

    ក្នុងអំឡុងពេលមានគភ៌ ស្ត្រីអាចញ៉ាំទឹកដោះបានគ្រប់ប្រភេទ ទាំងទឹកដោះគោ ទឹកដោះពពែ ឬទឹកសណ្តែកលឿង (មិនចាំបាច់តែទឹកដោះសម្រាប់ស្រ្តីមានគភ៌ក៏បានដែរ) និងគួរញ៉ាំឱ្យបានទ្វេដង ព្រោះរាងកាយរបស់អ្នកមានគភ៌ត្រូវការកាល់ស្យូម និងកូនតូចក៏ត្រូវការកាល់ស្យូមដែរ ព្រោះកាល់ស្យូមនេះជួយការពារសភាវលើសឈាមបាន។

    6-មុនប្រើថ្នាំក្នុងអំឡុងពេលមានគភ៌…

    …គួរប្រឹក្សាជាមួយគ្រូពេទ្យសម្ភព គឺជាវិធីដែលល្អបំផុត ព្រោះថ្នាំប្រភេទខ្លះមានគ្រោះថ្នាក់ដល់ទារក ដូចជាស្ត្រីមានគភ៌ដែលរក្សាសម្ផស្ស ត្រូវការញ៉ាំថ្នាំព្យាបាលមុន និងថ្នាំព្យាបាលមុនខ្លះជាប្រភេទលាប និងខ្លះទៀតជាប្រភេទលេប ដែលអាចចាត់ទុកថាជាប្រភេទថ្នាំគ្រោះថ្នាក់ ដែលមានផលប៉ះពាល់ទៅដល់ទារកនៅក្នុងគភ៌ អាចធ្វើឱ្យកើតពិការភាពបាន ដូច្នេះមុននឹងប្រើថ្នាំគួរប្រឹក្សាជាមួយគ្រូពេទ្យ និងត្រូវប្រាប់គ្រូពេទ្យគ្រប់ពេលថា ខ្លួនឯងមានគភ៌ ដើម្បីបានទទួលការផ្តល់ថ្នាំដែលត្រឹមត្រូវ។

    7-មានដុំសាច់ដុះលើរាងកាយក្នុងអំឡុងពេលមានគភ៌

    ភាពគ្រោះថ្នាក់ អាស្រ័យលើទីតាំង និងលក្ខណៈរបស់សាច់ដុះនោះ។ នៅពេលស្ទាបប៉ះ ស្ត្រីមានគភ៌គួរទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីវាយតម្លៃពីដុំសាច់ដុះនោះ និងធ្វើការព្យាបាលជាបន្ត។ យ៉ាងណាក៏ដោយ ការត្រៀមខ្លួនជាស្រេចមុនពេលមានគភ៌ គឺជារឿងចាំបាច់ ដូចជា ពិនិត្យរកមើលសាច់ដុះ និងធ្វើការព្យាបាលឱ្យជាសះស្បើយមុនពេលសម្រេចចិត្តមានគភ៌ វានឹងជួយកាត់បន្ថយសភាវគភ៌ប្រថុយប្រថានបាន។

    ការមើលថែទាំគភ៌យ៉ាងត្រឹមត្រូវតាមគោលភោជនាហារ និងពាក្យណែនាំរបស់ពេទ្យ ទារកនឹងធំធាត់ឡើងយ៉ាងល្អឥតខ្ចោះ និងរឹងប៉ឹង។ នៅពេលគេធំឡើង ឪពុក-ម្តាយនឹងមានមោទនភាពដែលបានមើលថែទាំគភ៌យ៉ាងល្អ។ បើមានចំណុចសង្ស័យអ្វីផ្សេងក្រៅពីនេះ ការប្រឹក្សាជាមួយពេទ្យសម្ភព នឹងទទួលបានការណែនាំយ៉ាងត្រឹមត្រូវ ព្រោះរាងកាយស្ត្រីម្នាក់ៗ មិនដូចគ្នាទេ ដូច្នេះហើយការទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញពេញមួយរយៈពេល 9ខែនោះ នឹងយល់បានច្បាស់ល្អជាង៕

  • អាការគេងលក់សង្កៀតធ្មេញ មានគ្រោះថ្នាក់ឬទេ?

    អាការគេងលក់សង្កៀតធ្មេញ មានគ្រោះថ្នាក់ឬទេ?

    តើមិត្តអ្នកអានដែលសង្កេតមើលអ្នកគេងនៅជិតៗយើងខ្លះទេថា ហេតុអីបានគេសង្កៀតធ្មេញនៅពេលគេងលក់? មានការ​សិក្សាស្រាវជ្រាវដែលព្យាយាមអធិប្បាយអំពីមូលហេតុរបស់អាការគេងលក់សង្កៀតធ្មេញ នឹងមានផលប៉ះពាល់ចំពោះសុខភាពយ៉ាងណា និងមានភ័ស្តុតាងអះអាងហើយថា ស្ថានភាពរបស់ផ្លូវចិត្ត និងអារម្មណ៍ មានចំណែកពាក់ព័ន្ធជាមួយការគេងសង្កៀតធ្មេញដែលបាន​និយាយខាងលើ។ កម្រិតរបស់ការគេងសង្កៀតធ្មេញ នឹងមានភាពខុសប្លែកពីគ្នាខ្លាំងនៅលើមនុស្សម្នាក់ៗ ដោយនឹងមានចំណែក​ពាក់ព័ន្ធជាមួយភាពតានតឹងធុញថប់ សភាវរបស់អារម្មណ៍ និងសភាវអាសន្នដែលមាននៅក្នុងជីវិតប្រចាំថ្ងៃ ដូចជា ការលែងលះគ្នា ការអត់ការងារធ្វើ ឬក្នុងអំឡុងពេលប្រឡងជ្រើសរើសអ្វីមួយ។

    មានមនុស្សមួយចំនួននិយាយថា អ្នកដែលមានអាការគេងសង្កៀតធ្មេញនេះ ស្ទើរតែគ្មានភាពខុសប្រក្រតីខាងផ្នែកផ្លូវចិត្តឡើយ តែនឹងមានបុគ្គលិកភាពដែលមានសញ្ញាថានឹងកើត ឬងាយនឹងកើតភាពតានតឹងធុញថប់បានខ្លាំងណាស់។ ជាមនុស្សដែលមាន​អារម្មណ៍ច្រងេងច្រងាង និងជាមនុស្សដែលវិតក្កកង្វល់ ឬ Hyperactive បានយ៉ាងងាយ តែច្រើនតែមិនឃើញមានភាពខុសប្រក្រតីរបស់ប្រព័ន្ធប្រសាទចូលមកពាក់ព័ន្ធឡើយ។ អាការគេងសង្កៀតធ្មេញនេះអាចមានមូលហេតុមកពីថ្នាំដែលទទួលទានក៏អាចថា​បាន​ដែរ តែស្ថិតក្នុងភាគរយតិចបំផុត ក្រៅពីនេះនៅមានរបាយការណ៍ដោយឡែកមួយទៀតថា ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុល ក៏អាចធ្វើឱ្យកើតអាការគេងសង្កៀតធ្មេញបានដែរ។

    អ្នកគេងសង្កៀតធ្មេញជាច្រើនមិនបានដឹងថា ខ្លួនឯងមានអាការគេងសង្កៀតធ្មេញនេះឡើយ គេសង្កេតឃើញថា មានត្រឹមតែ 10%នៃចំនួនមនុស្សធំ និង 5%នៃចំនួនកុមារដែលគេងសង្កៀតធ្មេញប៉ុណ្ណោះ ដែលដឹងថាខ្លួនឯងមានអាការគេងសង្កៀត​ធ្មេញ ដោយមនុស្សទាំងនោះច្រើនតែដឹងថា ខ្លួនឯងគេងសង្កៀតធ្មេញតាមរយៈការឮសូរសំឡេងខាំសង្កៀតធ្មេញរបស់ខ្លួនឯង ពីមិត្ត​ភ័ក្តិ ឬអ្នកដែលគេងក្បែរប្រាប់ឱ្យដឹង។ យ៉ាងណាក៏ដោយ ក្នុងចំណោមអ្នកដែលមានអាការគេងសង្កៀតធ្មេញទាំងអស់ នឹងមាន​ត្រឹមតែ 20% ប៉ុណ្ណោះដែលកើតមានសំឡេងធ្វើឱ្យអាចឮបាន ដូច្នេះការដែលនឹងវិនិច្ឆ័យថា ខ្លួនឯងគេងសង្កៀតធ្មេញមែនឬអត់នោះ ចាំបាច់​ត្រូវអាស្រ័យលើការពិនិត្យយ៉ាងល្អិតល្អន់ពីគ្រូពេទ្យធ្មេញ ដោយគ្រូពេទ្យធ្មេញនឹងពិចារណាពីអង្គប្រកបជាច្រើនទៀត ដូចជា លក្ខណៈ​ការ​សឹករបស់ធ្មេញ លក្ខណៈរបស់សាច់ដុំ និងផ្សេងៗទៀត ជាពិសេសអាការឈឺចុករួយនៃសាច់ដុំធ្គាមពេលភ្ញាក់ពីគេងជាដើម។

    មូលហេតុរបស់ការគេងសង្កៀតធ្មេញៈ គឺមកពីភាពតានតឹងធុញថប់ និងមូលហេតុមួយទៀត មកពីប្រអប់មាត់ដោយផ្ទាល់ ដែលធ្មេញរវាងជួរខាងក្រោមជាមួយជួរខាងលើ មានចន្លោះដោយសារការធ្វើធ្មេញ ប៉ះធ្មេញ ឬទៅពត់តម្រង់ធ្មេញជាដើម ទើបធ្វើឱ្យនៅពេលគេងលក់ ធ្មេញព្យាយាមកម្ចាត់ចំណុចទាបខ្ពស់មិនស្មើគ្នានៅត្រង់នោះ។

    ផលអាក្រក់ពីការគេងសង្កៀតធ្មេញៈ នឹងធ្វើឱ្យធ្មេញសឹករេចរឹលអស់ជារឿយៗក្នុងករណីដែលសង្កៀតធ្មេញខ្លាំង ធ្មេញនឹង​សឹកចូលដល់ប្រហោងប្រសាទធ្មេញ ធ្វើឱ្យស្រៀវធ្មេញ ឈឺធ្មេញ រហូតដល់ត្រូវព្យាបាលឬសធ្មេញនៅទីបំផុត។

    វិធីការពារព្យាបាល អាការគេងសង្កៀតធ្មេញៈ ក្នុងករណីដែលបណ្តាលមកពីភាពតានតឹងធុញថប់ ចូរព្យាយាមបន្ធូរបន្ថយ​អារម្មណ៍ និងឧស្សាហ៍ហាត់ប្រាណដើម្បីបញ្ចេញសារធាតុអេនដូហ្វ៊ីន ឱ្យរាងកាយបញ្ចេញសារធាតុនៃសេចក្តីសុខ។ អាការគេង​សង្កៀត​ធ្មេញនេះ លោកគ្រូពេទ្យមិនអាចព្យាបាលឱ្យជាដាច់ 100% បានទេ តែជាការជួយសម្រាល មិនឱ្យធ្មេញសឹករេចរឹលខ្លាំងឡើងតែ​ប៉ុណ្ណោះ​។

    លោកគ្រូពេទ្យបានណែនាំថា បើមិនដឹងថា តើខ្លួនឯងគេងសង្កៀតធ្មេញ​ ឬក៏អត់ទេនោះ ចូសួរអ្នកដែលគេងក្បែរ ឬទៅជួប​លោកគ្រូពេទ្យដើម្បីពិនិត្យមើលថា តើធ្មេញមានសឹក ឬបែកបាក់ដែរឬទេ? និងវិធីមួយទៀតដែលអាចពិនិត្យមើលដោយខ្លួនឯងបាននោះ គឺនៅពេលភ្ញាក់ឡើង មានអារម្មណ៍ឈឺចុករួយធ្គាមដែរឬទេ? ជួនកាលអាចឈឺរាលឡើងទៅដល់ក្បាល ឬមានអារម្មណ៍ថា ចុករួយក ដែលអ្នកខ្លះអាចនឹងគិតថា ដោយសារតែគេងធ្លាក់ពីលើខ្នើយ ឬគេងខុសឥរិយាបថ តែមូលហេតុពិតប្រាកដវិញ គឺបណ្តាលមកពីគេងសង្កៀតធ្មេញខ្លាំងៗហ្នឹងឯង៕

  • អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ ​ថ្លែង​ថា វ៉ាក់សាំង​មិន​អាច​បញ្ចប់​ការ​ចម្លង​ Covid-19 ទាំង​ស្រុង​បាន​ឡើយ

    អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ ​ថ្លែង​ថា វ៉ាក់សាំង​មិន​អាច​បញ្ចប់​ការ​ចម្លង​ Covid-19 ទាំង​ស្រុង​បាន​ឡើយ

    នៅក្នុង​សារ​ជា​សំឡេង​មួយ ដែល​ត្រូវបាន​ចែករំលែក​នា​ព្រឹក​ថ្ងៃទី 9ធ្នូ​នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន មានប្រសាសន៍ថា វ៉ាក់សាំង​មិនអាច​បញ្ចប់​ការចម្លង Covid-19 ទាំងស្រុង​ឡើយ។

    រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ទំនងជា​មានការ​ព្រួយបារម្ភ​ថា អាច​នឹងមាន​ពលរដ្ឋ​ភាគច្រើន​យល់ច្រឡំ​ថា នៅពេល​បាន​ចាក់​វ៉ាក់សាំង Covid-19 ហើយ ពួកគេ​នឹង​លែង​បារម្ភ​អ្វី​ទាំងអស់ ដែលនាំឱ្យ​ពួកគេ​មានការ​ធ្វេសប្រហែស និង​លែងមាន​ការយកចិត្តទុកដាក់​លើ​ការការពារ​ខ្លួន​នៅ​ចំពោះមុខ​វីរុស​នេះ។

    លោកជំទាវ វេជ្ជបណ្ឌិត បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់រូប មិនត្រូវ​ភ្លេច​អនុវត្ត​នូវ​វិធានការ​ការពារ​ខ្លួនចម្បងៗចំនួន3 ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19 ក្នុងនោះ​មានដូចជា ការ​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ឱ្យបាន​យ៉ាងតិច 1.5ម៉ែត្រ និង​ពាក់​ម៉ាស​ឱ្យបាន​ត្រឹមត្រូវ។

    ទាក់ទង​នឹង​វ៉ាក់សាំង Covid-19 នៅ​កម្ពុជា សម្ដេច​តេ​ជោ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានប្រកាស​កាលពីពេលថ្មីៗនេះ​ថា នៅពេល​កម្ពុជា ទិញ​បាន​វ៉ាក់សាំង​នេះ នោះ​រដ្ឋាភិបាល នឹង​ចែកជូន​ដល់​ពលរដ្ឋ​ទាំងអស់ ដោយ​ឥតគិតថ្លៃ ក៏ប៉ុន្តែ​ក្រុម​គោលដៅ​អាទិភាព​ដំបូង​គេ​បង្អស់ នោះ​គឺ​ក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ។

  • សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងសុខភាពពេលមានគភ៌ ដែលស្រ្តីទាំងអស់គួរដឹង…(តចប់)

    សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងសុខភាពពេលមានគភ៌ ដែលស្រ្តីទាំងអស់គួរដឹង…(តចប់)

    ឡារ៉ែនជឿថា នារីៗយើងទាំងអស់ អ្នកណាៗក៏ត្រូវតែមានគ្រួសារ(ស្វាមី) និងត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះដូចគ្នា ដូច្នេះដើម្បីជាចំណេះដឹងសម្រាប់ត្រៀមខ្លួនក្នុងការមានគភ៌ និងដើម្បីថែរក្សាសុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃក្នុងអំឡុងពេលតាំងគភ៌នោះ ខាងក្រោមនេះគឺជាសំណួររបស់ស្ត្រីមានគភ៌ និងចម្លើយរបស់គ្រូពេទ្យជំនាញ ដែលឡារ៉ែនសូមលើកយកមកជម្រាបជូនសម្រាប់ស្ត្រីដែលកំពុងត្រៀមខ្លួនធ្វើជាម្ដាយថ្មោងថ្មីទុកជាចំណេះដឹង…។

    បារម្ភ កូនមិនសូវរើ

    Q . មានផ្ទៃពោះបាន 20សប្តាហ៍ហើយ តែគ្មានទទួលអារម្មណ៍ថា កូនរើបន្តិចសោះ។ ពេលខ្លះមានអារម្មណ៍រាងទុលៗ តែក៏​មិនប្រា​កដក្នុងចិត្តធាកូនកំពុងរើដែរ ព្រោះស្រាលៗមែនទែន។ ខំព្យាយាមសង្កេតមើលក្រោយពេលញ៉ាំបាយហើយ តែក៏ស្ងាត់ឈឹង ចង់សួរថា តើបែប​ហ្នឹងខុសប្រក្រតី ឬក៏អត់?

    A . ជាប្រក្រតីស្ត្រីមានគភ៌​ នឹងមានអារម្មណ៍ដឹងថា កូនរើលើកតំបូងបង្អស់ នៅក្នុងអំឡុងពេលដែលផ្ទៃពោះមានអាយុពី 16 – 20សប្តាហ៍ តែអារម្មណ៍របស់ស្ត្រីមានផ្ទៃពោះម្នាក់ៗ តែងខុសប្លែកពីគ្នា ដូច្នេះមិនចាំបាច់ថា ត្រូវតែមានអារម្មណ៍ដឹងពីអា​ការ​​​​​​​កូនរើឱ្យត្រឹមត្រូវតាមពេលវេលា និងម៉ោងពេលនៃការធ្វើចលនារបស់ទារកនៅក្នុងផ្ទៃរបស់អ្នកនោះទេ។

    មានកង្វល់រឿងថ្នាំហ្វូលេត សម្រាប់អ្នកមានផ្ទៃពោះ

    Q . ពេលមានគភ៌កូនដំបូង លោកគ្រូពេទ្យចែកថ្នាំហ្វូលេតឱ្យញ៉ាំរៀងរាល់ខែ(គ្រាប់ពណ៌លឿង)ហើយជាប្រក្រតីនឹងទទួលបាន កាល់ស្យូម វិតាមីនរួម និងហ្វូលេត តែខែកន្លងទៅនេះ បានទទួលតែកាល់ស្យូម និងវិតាមីនរួម អត់មានហ្វូលេតទៀតទេ ធ្វើឱ្យខ្ញុំមានកង្វល់ក្នុងចិត្តជាខ្លាំង ខ្លាចកូនក្នុងពោះមានសុខភាពមិនល្អ ព្រោះតែខ្វះខាតជាតិហ្វូលេត។

    A . ហ្វូលេតសម្រាប់អ្នកមានផ្ទៃពោះ មានតួនាទីក្នុងការផលិតគ្រាប់ឈាមក្រហម និងមានប្រយោជន៍ក្នុងការ​ការ​​ពារភាពខុសប្រក្រតីនៃការសាងប្រព័ន្ធសរសៃប្រសាទខួរក្បាល និងសសៃប្រសាទឆ្អឹងកងខ្នងរបស់ទារកនៅក្នុងគភ៌ ដែល​មានដូចជា សភាវបំពង់ប្រសាទបើក ( Neural Tube Defect ឬ NTD ) សភាវគ្មានខួរក្បាល ( Anencephaly ) ឆ្អឹងកងខ្នងបិទមិនជិតល្អ ( Spina Bifida )ជាដើម ហើយបរិមាណហ្វូលេតដែលត្រូវទទួលទាននោះ ចែកចេញជា៖

    1. ករណីដែលស្ត្រីមានគភ៌លើកដំបូង ឬគ្មានប្រវត្តិធ្លាប់ប្រសូតបុត្រដែលមានរោគបំពង់ប្រសាទបើក សភាវ​គ្មាន​ខួរក្បាល ឬឆ្អឹងកងខ្នងបិទមិនជិតល្អទេនោះ សូមណែនាំឱ្យទទួលទានមុនពេលមានគភ៌រយៈពេល 3ខែ រហូតដល់គភ៌​មានអាយុ 12 សប្តាហ៍ ក្នុង 1ថ្ងៃ​ 400មីល្លីក្រាម។
    2. ក្នុងករណីដែលស្រ្តីមានគភ៌ ធ្លាប់មានប្រវត្តិប្រសូតបុត្រមកមានរោគបំពង់ប្រសាទបើក ឬសភាវគ្មានខួរក្បាល ឬឆ្អឹងកងខ្នងបិទមិនជិតល្អនោះ សូមណែនាំឱ្យទទួលទានមុនពេលមានគភ៌រយៈពេល 3ខែ រហូតដល់គភ៌​មានអាយុ 12សប្តាហ៍ ក្នុង1ថ្ងៃ​ 400មីល្លីក្រាម។
    3. ក្នុងករណីស្រ្តីមានគភ៌មានភាពខុសប្រក្រតីរបស់រោគមិនសូវមានឈាមក្រហម ថាឡាស់ស៊ិមៀ អាចទទួលទាន​បានក្នុង 1ថ្ងៃ 400មីល្លីក្រាម រហូតក្នុងរយៈពេលនៃការមានគភ៌ ក្រៅពីនេះនៅអាចជ្រើសរើសបរិភោគអាហារដែលបរិមាណហ្វូលេតខ្ពស់ ដែលមានដូចជា បន្លែស្លឹកបៃតង ឈីស ថ្លើម សាច់សត្វ ទឹកដោះ សណ្តែក ទំពាំង ផ្សឹត និងដំឡូងបារាំង ។

    ធ្វើលំហាត់ប្រាណដង្ហើម ដើម្បីឱ្យប្រសូតបុត្របានងាយស្រួល

    Q . ចង់ឱ្យមាត់ស្បូនងាយបើកក្នុងថ្ងៃ​ឆ្លងទន្លេ គួរធ្វើយ៉ាងណា?

    A . ជាប្រក្រតី អ្នកម្តាយមានផ្ទៃពោះគ្រប់រូប រយៈតំបូងបំផុតនៃការប្រសូតបុត្រ គឺជារយៈពេលដែលមានការបើកធំឡើងរបស់មាត់ស្បូន ចាប់ផ្តើមតាំងពីការឈឺពោះប្រសូតមែនទែន មាត់ស្បូននឹងចាប់ផ្តើមបើក និងបើករហូតដល់អាចប្រសូតបុត្របាន។ រយៈពេលនេះ នឹងត្រូវបញ្ចប់ដោយប្រើពេលវេលាប្រមាណជា 8 – 12ម៉ោង ក្នុងការឆ្លងទន្លេលើកដំបូង និង 6 – 8ម៉ោងក្នុងការឆ្លងទន្លេកូនបន្ទាប់(កូនទី2)។

    ការហ្វឹកហាត់បញ្ជាខ្យល់ដង្ហើមយ៉ាងទៀងទាត់ តាំងពីស្រ្តីចាប់ផ្តើមតាំងគភ៌ នឹងជួយឱ្យស្ត្រីមានគភ៌មានអារម្មណ៍ធូរស្រាល ហើយពេលដល់ពេលប្រសូត នឹងជួយឱ្យប្រសូតបានងាយស្រួល។ វិធីហ្វឹកហាត់ដោយការគេងផ្ងារ​រាបស្មើនឹងដី យកខ្នើយទ្រក្បាលឱ្យខ្ពស់បន្តិច បិទភ្នែក និងកំណត់ខ្យល់ដង្ហើមចូល-ចេញឱ្យវែងៗយ៉ាងទៀងទាត់ រួមទាំង​ការបន្ធូរសម្រួលសាច់ដុំ ក្បាល ក ផ្ទៃមុខ និងថ្ងាស ដោយយកដៃអង្អែលស្រាលៗដើម្បីបណ្តេញភាពធុញថប់តានតឹង។

    ហាត់ប្រាណក្រោយពេលប្រសូតបុត្ររួច

    Q . ប្រសូតបុត្រដោយការវះ តើអាចធ្វើលំហាត់ប្រាណបានឡើងវិញនៅពេលណាទៅ? ហើយខ្សែឆ្នូតៗពណ៌ក្រហម​ៗ​​នៅលើក្បាល​ពោះ និងក្លៀកឡើងខ្មៅនោះ តើពេលណាទើបរលុបបាត់ទៅវិញ? តើត្រូវធ្វើយ៉ាងណាខ្លះទៅ?

    A . ស្ត្រីដែលឆ្លងទន្លេតាមបែបធម្មតា ក្រោយពេលប្រសូតរួចអាចធ្វើលំហាត់ប្រាណបានភ្លាមនៅពេលបាត់ឈឺ​មុខរបួសហើយនោះ តែបើស្ត្រីដែលឆ្លងទន្លេដោយការវះកាត់វិញ គួររង់ចាំយ៉ាងតិចពី 4 – 6សប្តាហ៍ក្រោយពេលប្រសូតរួច បន្ទាប់មកសឹមចាប់ផ្តើមធ្វើលំហាត់ប្រាណសន្សឹមៗ ដោយសារតែបញ្ហាស្នាមរបួសវះហ្នឹងឯង។ ចំណែកឯស្នាមខ្សែពណ៌ក្រហមៗនៅចំកណ្តាលពោះ ស្នាមខ្មៅនៅក្រោមក្លៀក និងជុំវិញក្បាលសុដន់នោះ កើតឡើងដោយសារអ័រម៉ូននៅក្នុងរាង​កាយមានការប្រែប្រួលក្នុងអំឡុងពេលមានគភ៌ តែក្រោយពេលប្រសូតបុត្ររួច ស្នាមជាំខ្មៅផ្សេងៗ នឹងរលុបបាត់អស់ទៅវិញជាបណ្តើរៗមិនខាន ៕

  • ក្រសួង​រកឃើញ​ករណី​វិជ្ជមាន​​នឹង​ Covid-19 ថ្មី ចំនួន 4នាក់​ទៀត ដែល​ទាក់ទង​នឹង​ព្រឹត្តិ​ការណ៍​​សហគមន៍​28​វិច្ឆិកា​

    ក្រសួង​រកឃើញ​ករណី​វិជ្ជមាន​​នឹង​ Covid-19 ថ្មី ចំនួន 4នាក់​ទៀត ដែល​ទាក់ទង​នឹង​ព្រឹត្តិ​ការណ៍​​សហគមន៍​28​វិច្ឆិកា​

    នា​ព្រឹក​ថ្ងៃទី 9 ធ្នូ ឆ្នាំ 2020 នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​ប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 4 នាក់​បន្ថែមទៀត នាំឱ្យ​តួលេខ​អ្នក​ឆ្លង​វីរុស​នេះ​សរុប ឡើងដល់ 354នាក់។

    ក្នុង​រយៈពេល 24ម៉ោង​ចុង​ក្រោយនេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន 4 នាក់​ទៀត រួមមាន៖

    ទីមួយ គឺ​បុរស​ជនជាតិខ្មែរ ឈ្មោះ អិត កុ​ម៉ា​ល អាយុ 35ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹង​កេងកង3 ខណ្ឌ​បឹង​កេងកង ទាក់ទង​នឹង​ការឆ្លង​នៅ​ហាង Zando បឹង​កេងកង។

    ទី​ពីរ គឺ​បុរស​ជនជាតិខ្មែរ ឈ្មោះ សន សាន់​បញ្ញា​រិ​ទ្ធ អាយុ 20ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បុគ្គលិក​ហាង Pedro នៅ​ផ្លូវ​ព្រះសីហនុ។

    ទី​បី​គឺ ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ឡុង សុខ​នី អាយុ33ឆ្នាំ នៅ​សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បុគ្គលិក​ហាង Pedro នៅ​ផ្លូវ​ព្រះសីហនុ។

    ទី​បួន​គឺ បុរស​ជនជាតិខ្មែរ​ឈ្មោះ ទៅ គឹម​ហុក អាយុ 27ឆ្នាំ ស្នាក់នៅ​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ Covid-19 ឈ្មោះ ញិ​ល សុខ​កូ​ឡា ទាក់ទង​នឹង​ហាង Pedro។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 354នាក់ ក្នុងនោះ​មាន 307នាក់​បានជា​សះស្បើយ និង 47នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ នា​រាជធានី​ភ្នំពេញ៕


  • វិធីការពារកូនតូចឱ្យចៀសឆ្ងាយពីរោគគ្រុនផ្ដាសាយ រោគល្បីល្បាញប្រចាំរដូវភ្លៀង

    វិធីការពារកូនតូចឱ្យចៀសឆ្ងាយពីរោគគ្រុនផ្ដាសាយ រោគល្បីល្បាញប្រចាំរដូវភ្លៀង

    ពេលនេះចូលដល់រដូវភ្លៀងហើយ ធាតុអាកាសក៏ចាប់ផ្ដើមប្រែប្រួល ធ្វើឱ្យលោកឪពុកអ្នកម្ដាយចាប់ផ្ដើមមានកង្វល់ពាក់ព័ន្ធនឹងសុខភាពរបស់កូនតូច រួមទាំងជំងឺផ្សេងទៀតផង ហើយជំងឺដ៏ល្បីល្បាញប្រចាំរដូវភ្លៀង ក៏ប្រហែលជាគេចមិនផុតពី “ជំងឺគ្រុនផ្ដាសាយ” យ៉ាងពិតប្រាកដ។ លោកឪពុកអ្នកម្ដាយទាំងឡាយធ្លាប់នឹកឆ្ងល់ខ្លះទេថា ហេតុអីបានជាកូនក្មេងតូចៗងាយកើតជំងឺគ្រុនផ្ដាសាយម្ល៉េះ? ហើយបើកើតហើយ តើត្រូវធ្វើយ៉ាងណាស្រួល?

    …កុំអាលភ័យបារម្ភអី…មុនអ្វីទាំងអស់ យើងនាំគ្នាមកមើលពីមូលហេតុទាំងអស់គ្នាសិនថា ហេតុអីបានកូនតូចងាយកើតជំងឺគ្រុនផ្ដាសាយក្នុងរដូវភ្លៀងម្ល៉េះ?

    មូលហេតុចម្បងៗដែលធ្វើឱ្យកូនតូចកើតរោគគ្រុនផ្ដាសាយក្នុងអំឡុងរដូវភ្លៀង

    ជំងឺគ្រុនផ្ដាសាយ ភាគច្រើនមានមូលហេតុមកពីការឆ្លងមេរោគវីរុស ដែលអាចសាយភាយ និងចម្លងទៅមនុស្សជុំវិញខ្លួនដោយឆ្លងកាត់ប្រព័ន្ធដកដង្ហើម ការកណ្ដាស់ ការក្អក សំបោរ ទឹកមាត់ ការប៉ះពាល់វត្ថុដែលមានមេរោគគ្រុនផ្ដាសាយ។ ច្រើនប្រទះឃើញនៅលើក្មេងដែលមានប្រព័ន្ធប្រឆាំងជំងឺខ្សោយ ជាពិសេសក្មេងអាយុតិចជាង 6ឆ្នាំ ហើយរឹតតែជាទារកផង រឹតតែកើតការឆ្លងបានងាយទៅទៀត ហើយថែមទាំងក្នុងអំឡុងរដូវភ្លៀង អាកាសធាតុប្រែប្រួលញឹកញាប់ បន្តិចក្ដៅ បន្តិចត្រជាក់ផងនោះ រឹតតែធ្វើឱ្យក្មេងៗកើតជំងឺ្រុនផ្ដាសាយបានយ៉ាងងាយទៅតាមហ្នឹងដែរ…តែលោកឪពុកអ្នកម្ដាយកុំអាលទៅកង្វល់ព្រួយធ្វើអ្វី ព្រោះថា យើងអាចការពារជំងឺគ្រុនផ្ដាសាយឱ្យកូនៗបាន តាមចំណុចៗដូចខាងក្រោមនេះ ៈ

    វិធីការពារកូនតូចឱ្យចៀសឆ្ងាយពីជំងឺគ្រុនផ្ដាសាយក្នុងអំឡុងរដូវភ្លៀង មិនពិបាកឡើយ ចូរធ្វើតាមដូចតទៅនេះ ៈ

    • នាំកូនៗហាត់ប្រាណ ឬកម្រើកដៃជើង ធ្វើចលនារាងកាយឱ្យបានជាប់ជាប្រចាំ ដើម្បីសាងភាពកក់ក្ដៅដល់រាងកាយ ធ្វើឱ្យមានប្រព័ន្ធប្រឆាំងជំងឺដែលរឹតតែល្អឡើង។
    • ទទួលទានអាហារឱ្យបានគ្រប់ 5ប្រភេទក្រុម ដោយសង្កត់ធ្ងន់លើការញ៉ាំបន្លែ និងផ្លែឈើឱ្យបានច្រើន ជាពិសេសផ្លែឈើដែលមានវីតាមីន C ខ្ពស់ ដើម្បីឱ្យកូនមានប្រព័ន្ធប្រឆាំងជំងឺខ្លាំងក្នុងការតតាំងនឹងជំងឺគ្រុនផ្ដាសាយ។
    • ចំពោះទារក គួរឱ្យបៅទឹកដោះម្ដាយ ព្រោះទឹកដោះម្ដាយមានប្រព័ន្ធប្រឆាំងជំងឺដ៏ល្អ។
    • សម្រាកឱ្យបានគ្រប់គ្រាន់។ លោកឪពុកអ្នកម្ដាយត្រូវនាំកូនចូលគេងឱ្យបានទៀងពេល និងគេងឱ្យបានគ្រប់គ្រាន់តាមអំឡុងវ័យ។
    • អំឡុងពេលដែលអាកាសធាតុប្រែប្រួលញឹកញាប់ មានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃ គួរចៀសវាងការនាំកូនចេញទៅក្រៅផ្ទះ ព្រោះបើកូនត្រូវលម្អងទឹកភ្លៀង ក៏អាចធ្វើឱ្យកូនកើតជំងឺគ្រុនផ្ដាសាយបានដូចគ្នាដែរ និងកុំភ្លេចត្រៀមឆត្រ និងអាវភ្លៀងផងបើចាំបាច់ត្រូវនាំកូនចេញទៅក្រៅដោយខានមិនបាន។
    • បើកូនទទឹកទឹកភ្លៀង សម្លៀកបំពាក់ទទឹក ឬសើម ចូរប្រញាប់ផ្លាស់ចេញ និងប្រញាប់នាំទៅងូតទឹក ព្រោះខណៈពេលនៅហាលភ្លៀង រាងកាយនឹងផ្លាស់ប្ដូរសីតុណ្ហភាពយ៉ាងឆាប់រហ័ស ទើបចាំបាច់ត្រូវងូតទឹកដើម្បីសម្រួលសីតុណ្ហភាពដល់រាងកាយ។
    • ចៀសវាងការនាំកូនទៅជិតអ្នកដែលកើតជំងឺគ្រុនផ្ដាសាយ រួមទាំងត្រូវលាងដៃឱ្យកូនគ្រប់ពេលមុនទទួលទានអាហារដើម្បីការពារមេរោគ។

    បើលោកឪពុកអ្នកម្ដាយការពារហើយ ធ្វើគ្រប់យ៉ាងហើយ តែកូននៅតែកើតគ្រុនផ្ដាសាយ ក៏មិនបាច់ទៅកង្វល់អ្វីដែរ ព្រោះទោះជាកូនគ្រុនក្ដៅខ្លួន មានហៀរសំបោរ កណ្ដាស់ញឹកញាប់ ដកដង្ហើមមិនស្រួលក៏ដោយ ក៏លោកឪពុកអ្នកម្ដាយនៅតែអាចមើលថែទាំកូន ជួយសម្រាលអាការទាំងនោះបានដោយការប្រើវត្ថុជំនួយការល្អដូចខាងក្រោមនេះបានដែរ ៈ

    • ឱ្យកូនគេងសម្រាកឱ្យបានច្រើន កុំរំខាន ឬបញ្ចេញសំឡេងខ្លាំងៗខណៈកូនកំពុងគេងសម្រាក។
    • ឱ្យកូនញ៉ាំទឹកដោះគោ ញ៉ាំអាហារទន់ៗ ដូចជាបបរ ឬទឹកស៊ុប ជាដើម ព្រោះអំឡុងពេលហ្នឹង កូនអាចមានអាការឈឺករួមជាមួយផង ទើបធ្វើឱ្យពិបាកក្នុងការលេបអាហាររឹងៗ ក្រៅពីនេះ គួរឱ្យកូនញ៉ាំទឹកឱ្យបានញឹកញាប់ ដើម្បីឱ្យមានស្លេស្ម៍ស្អិត។
    • បើកូនក្ដៅខ្លួន 37.5 – 38អង្សា ចូរសម្រាលអាការនេះដោយការយកក្រណាត់សើមមកជូតខ្លួនកូន តែបើកូនក្ដៅខ្លួនខ្លាំងចាប់ពី 38អង្សាឡើង ចូរឱ្យកូនញ៉ាំថ្នាំបញ្ចុះកម្ដៅ(ប៉ារ៉ាសេតាម៉ុល)រៀងរាល់ 4ម៉ោងម្ដង។
    • បើកូនមានអាការក្អក កណ្ដាស់ តឹងច្រមុះ ចូរឱ្យកូនញ៉ាំថ្នាំបំបាត់សំបោរ និងថ្នាំបំបាត់ក្អកសម្រាប់ក្មេងតូច។

    និងបើកូននៅតែក្ដៅខ្លួនមិនបាត់ ដាក់ថ្នាំ និងមើលថែទាំហើយនៅតែមិនបានធូរស្រាលនោះ ចូរប្រញាប់នាំកូនទៅជួបគ្រូពេទ្យ ឬទៅមន្ទីរពេទ្យដើម្បីពិនិត្យរកមូលហេតុពិតប្រាកដរបស់ជំងឺ និងសភាវជ្រៀតជ្រែកពីជំងឺផ្សេងទៀត

  • នាំគ្នាទៅពិនិត្យសុខភាព ដើម្បីឱ្យមានអាយុវែងវិញ ប្រសើរជាង…(តចប់)

    នាំគ្នាទៅពិនិត្យសុខភាព ដើម្បីឱ្យមានអាយុវែងវិញ ប្រសើរជាង…(តចប់)

    សុខភាពរាងកាយរបស់យើង គឺជាទ្រព្យសម្បត្តិដែលមានតម្លៃដ៏មហាសាលលើសពីអ្វីៗទាំងអស់។ តើថ្ងៃនេះ លោកអ្នកមានយកចិត្តទុក​ដាក់មើលថែទាំសុខភាពខ្លួនឯងហើយឬនៅ?។ កាលពីលេខមុន យើងបានដឹងខ្លះរួចហើយអំពីការទៅពិនិត្យសុខភាពដើម្បីឱ្យមានអាយុវែង ដូច្នេះលេខនេះ ឡារ៉ែន សូមរៀបរាប់ជាបន្តទៀតដូចតទៅ…។

    8 . ជាតិខ្លាញ់ ត្រៃគ្លីស៊ើរ៉ាយដ៍(Triglyceride) : ដើម្បីពិនិត្យរកមើលជាតិខ្លាញ់ក្នុងសរសៃឈាមដែលអាចជាមូលហេតុរបស់ជំងឺបេះដូងត្បៀត និងសរសៃឈាមខួរក្បាល​រួម​តូច។

    9 . អាស៊ីត យូរិកក្នុងឈាម(Uric Acid) : ដើម្បីពិនិត្យមើលរោគឈឺតាមឆ្អឹងសន្លាក់ដៃជើង បើកម្រឹតជាតិអាស៊ីត យូរិក ឡើងខ្ពស់ជាងប្រក្រតី អាចនឹងបង្កឱ្យកើត​ក្រួសនៅក្នុងប្រព័ន្ធបង្ហូរទឹកនោម។

    10 . ទឹកនោម(Urine) : ដើម្បីពិនិត្យរកមើលភាពខុសប្រក្រតីរបស់ប្រព័ន្ធបញ្ចេញទឹកនោម ដែលអាចធ្វើឱ្យកើតជំងឺរលាកប្លោកនោម ឬជំងឺក្រលៀន រហូតដល់ការសេសសល់នៃសារជាតិគ្រឿងញៀនផ្សេងៗទៀតផង។

    11 . លាមក(Stool Examination) : ដើម្បីពិនិត្យរកសត្វល្អិត ឬព្រូនផ្សេងៗ និងប្រព័ន្ធបន្ទោបង់ថា តើខុសប្រក្រតីឬទេ ដោយអាចសង្កេតបានតាមរយៈលាមកដែលមានប្រឡាក់ឈាម ដែលអាចបណ្តាលមកពីភាពខុសប្រក្រតីរបស់ពោះវៀនធំ ឬមានជំងឺឬសដូងបាត។

    12 . ឆ្លុះអិចស៍រេយ៍សួត និងបេះដូង(Chest X-ray) : ដើម្បីពិនិត្យមើលស្ថានភាពសួត សាច់ភ្នាសស្រោបសួត បេះដូង និងឆ្អឹងប្រអប់ទ្រូង ជាពិសេសអ្នកដែលជក់បារី ឬអ្នកដែលទទួលរងសារជាតិពុលដែលមានមេរោគ អាចធ្វើឱ្យសួតខុសប្រក្រតីដែលជាមូលហេតុនៃជំងឺរបេង ជំងឺថង់ខ្យល់ហើម។

    13 . ដំណើរបេះដូង(EKG) : ដើម្បីពិនិត្យមើលការលោតរបស់បេះដូងថា តើមានភាពខុសប្រក្រតីដែរឬទេ ដើម្បីរកមូលហេតុនៃការកើតជំងឺបេះដូង​ប្រភេទផ្សេងៗ ដូចជា សាច់ដុំបេះដូងខ្វះឈាមមកចិញ្ចឹម ជាដើម។

    14 . អាល់ត្រាសោនដ៍ក្នុងពោះផ្នែកខាងលើ(Ultrasound Upper Abdomen) : ដើម្បីពិនិត្យមើលអវយវៈខាងក្នុងពោះផ្នែកខាងលើថា តើមានភាពខុសប្រក្រតីឬទេ ដែលមានដូចជា ថ្លើម លំពែង ថង់ទឹក​ប្រមាត់ ក្រលៀន និងសរសៃឈាមខ្នាតធំដោយប្រើគោលការណ៍ស្តាប់សម្លេងខ្ទរមកវិញរបស់រលកសម្លេង។

    15 . អិចស៍រេយ៍ប្រព័ន្ធរំលាយអាហារផ្នែកតំបូង(Upper GI) : គឺជាការអិចស៍រេយ៍ដើម្បីពិនិត្យរកមើលភាពខុសប្រក្រតីរបស់បំពង់អាហារ ក្រពះ និងពោះវៀនតូចផ្នែកដំបូងថា តើមាន​សាច់ដុះ រលាក ឬមានលក្ខណៈខុសប្រក្រតីណាមួយឬក៏អត់?៕