Category: សុខភាព

  • វ៉ាក់សាំង COVID 19 «made in Vietnam» នឹងមាន​តម្លៃ 120,000ដុង​ក្នុង​មួយ​ដូ​ស

    វ៉ាក់សាំង COVID 19 «made in Vietnam» នឹងមាន​តម្លៃ 120,000ដុង​ក្នុង​មួយ​ដូ​ស

    ក្រុមហ៊ុន​អភិវឌ្ឍ និង​ផលិត​ឱសថ​របស់​វៀតណាម​ដែលមាន​ឈ្មោះថា Nanogen បានប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​អំពី​គម្រោង​តម្លៃ​របស់​វ៉ាក់សាំង Covid-19 «made in Vietnam» ដែល​ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍ។

    សារព័ត៌មាន​វៀតណាម បាន​ដកស្រង់​ប្រភពព័ត៌មាន​ពី​ក្រុមមន្ត្រី​របស់​ក្រុមហ៊ុន​ផលិត​ឱសថ Nanogen ឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​អាច​ផលិត​វ៉ាក់សាំង Covid-19 បាន​ប្រមាណ​ពី 10-20 លាន​ដូ​ស​នៅក្នុង​មួយឆ្នាំ។ ក្នុងដំណាក់កាល​នៃ​ការប្រើប្រាស់​សាកល្បង​នៅលើ​មនុស្ស ក្រុមហ៊ុន​នេះ​នឹង​បង្កើន​បរិមាណ​នៃ​ការផលិត​ឱ្យបាន​ចាប់ពី 50-70 លាន​ដូ​ស​ក្នុង​មួយឆ្នាំ ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​អាច​នាំ​ចេញទៅ​ក្រៅប្រទេស។

    តំណាង​របស់ Nanogen និយាយថា វ៉ាក់សាំង​របស់​វៀតណាម​នេះ នឹងមាន​តម្លៃ​មិន​លើសពី 500,000 ដុង (21.5 ដុល្លារ​អាមេរិក) នៅក្នុង​មួយ​ដូ​ស នៅពេល​ត្រូវបាន​បញ្ចេញ​លក់​ក្នុង​ទីផ្សារ។ ក៏ប៉ុន្តែ ក្រោយមក ស្ថានីយទូរទស្សន៍​ជាតិ​វៀតណាម VTV Go បានចេញ​ផ្សាយ​ថា ក្រុមហ៊ុន Nanogen បានប្រកាស​ជា​ផ្លូវការ​ថា វ៉ាក់សាំង​ប្រឆាំង Covid-19 «made in Vietnam» របស់​ក្រុមហ៊ុន​នេះ នឹងត្រូវ​បាន​លក់​ក្នុងតម្លៃ​ប្រហែល 120,000 ដុង/ដូ​ស (5.22 ដុល្លារ​អាមេរិក)។

    វ៉ាក់សាំង COVID 19 «made in Vietnam» នឹងមានតម្លៃ 120,000ដុងក្នុងមួយដូស

    ដូច្នេះ មនុស្ស​ម្នាក់​នឹងត្រូវ​ចំណាយ​ប្រាក់​សរុប 240,000 ដុង (10.44 ដុល្លារ​អាមេរិក/42,070 ​រៀល) សម្រាប់​ការចាក់​វ៉ាក់សាំង​ចំនួន 2ដូ​ស ដើម្បី​មាន​អង្គ​បដិបក្ខ​គ្រប់គ្រាន់​សម្រាប់​ប្រឆាំងនឹង Covid-19៕

    ប្រភព៖ VTV Go

  • ករណី​ឆ្លង Covid-19 ក្នុង​លោក កើន​លើស 70លាន​នាក់! ទ្វីបអាហ្វ្រិក​អំពាវនាវ​ឱ្យ​ចែករំលែក​វ៉ាក់សាំង

    ករណី​ឆ្លង Covid-19 ក្នុង​លោក កើន​លើស 70លាន​នាក់! ទ្វីបអាហ្វ្រិក​អំពាវនាវ​ឱ្យ​ចែករំលែក​វ៉ាក់សាំង

    មនុស្ស​ជិត 1.6 លាន​នាក់​បាន​ស្លាប់ ក្នុងចំណោម​មនុស្ស​ជាង 70លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ដែល​បាន​ឆ្លង​វីរុស Covid-19 នាំឱ្យ​ប្រទេស​អ្នកមាន​ជាច្រើន បាននិងកំពុង​បញ្ជា​ទិញ​ជាមុន​នូវ​វ៉ាក់សាំង​ក្នុង​បរិមាណ​លើសពី​តម្រូវការ​ជាក់ស្ដែង ជាហេតុ​ធ្វើឱ្យ​ទ្វីបអាហ្វ្រិក​អំពាវនាវ​ឱ្យមាន​ការចែករំលែក​វ៉ាក់សាំង​ទៅឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ​របស់​ទ្វីប​នេះ។

    គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 70,711,368នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 1,588,247នាក់ និង​អ្នក​កំពុង​ព្យាបាល 19,983,563នាក់។ នេះ​បើតាម Worldometers ដែលជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​អំពី​តួលេខ Covid-19 បាន​លឿង​ជាងគេ​បង្អស់។

    ទាក់ទិន​នឹង​បញ្ហា​វ៉ាក់សាំង Covid-19 នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី 10ធ្នូ ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់​ទ្វីបអាហ្វ្រិក លោក John Nkengasong ថ្លែង ថា៖ «ប្រទេស​ជាច្រើន​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​លើសពី​តម្រូវការ​ជាក់ស្ដែង​រប​ស់​ពួកគេ ពី 4 ទៅ 5 ដង​ឯណោះ»។ ក៏ប៉ុន្តែ លោក មិនបាន​បង្ហាញ​ឈ្មោះ​នៃ​ប្រទេស​ទាំង​នោះទេ។

    លោក John Nkengasong បញ្ជាក់ថា ទ្វីបអាហ្វ្រិក​ពិតជា​ពិបាក​ក្នុង​ការធានា​ឱ្យបាន​គ្រប់គ្រាន់​នូវ​បរិមាណ​វ៉ាក់សាំង​ដែល​ទ្វីប​នេះ​ត្រូវការ នៅក្នុង​គ្រា​ដែល​ប្រទេស​ជាច្រើន​បានចាប់ផ្ដើម​ទទួលរង​រលក​នៃ​ការឆ្លង​រាលដាល​ជា​លើក​ទី​ពីរ។ លោក​បន្តថា ភាគច្រើន​នៃ​ប្រទេស​នៅក្នុង​ទ្វីប​នេះ កំពុងតែ​រង់ចាំ​គម្រោង​បែងចែក​វ៉ាក់សាំង​ជា​សកល​ដែលមាន​ឈ្មោះថា COVAX ដែល​ជំរុញ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។

    ករណីឆ្លង Covid-19 ក្នុងលោក កើនលើស 70លាននាក់! ទ្វីបអាហ្វ្រិកអំពាវនាវឱ្យចែករំលែកវ៉ាក់សាំង
    ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ទ្វីបអាហ្វ្រិក លោក John Nkengasong

    COVAX ត្រូវបាន​បង្កើតឡើង និង​ដំណើរការ​ដោយ​អង្គការ​ចំនួន 3 រួមមាន សម្ព័ន្ធ​ផ្លាស់ប្ដូរ​ត្រៀម​សម្រាប់​ការ​ទប់​ទល់នឹង​រោគរាតត្បាត (CEPI) អង្គការ​សុខភាព​ពិភពលោក (WHO) និង Gavi ដែលជា​សម្ព័ន្ធ​វ៉ាក់សាំង និង​ជា​អង្គ​ការមិន​ស្វែងរក​កម្រៃ​ឯកជន ដែល​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ផ្ដល់ជំនួយ​វ៉ាក់សាំង​ទៅឱ្យ​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប។

    រហូតមកដល់​ដើមខែ​ធ្នូ 2020 នេះ COVAX បាន​បញ្ជា​ទិញ​ជាមុន​នូវ​វ៉ាក់សាំង Covid-19 ចំនួន​ជាង 700លាន​ដូ​ស។ តាម​ផែនការ អង្គការ​នេះ​នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន 2 ពាន់​លាន​អំពូល​នៅក្នុង​ឆ្នាំ 2021 ដើម្បី​ជួយ​ដល់​ប្រជាជន​យ៉ាងតិច 20% នៅក្នុង​បណ្ដា​ប្រទេស​ដែល​បាន​ចូលរួម​ជាមួយ​អង្គការ​នេះ។ បច្ចុប្បន្ន មាន​ប្រទេស​ជាង 198 ដែល​បាន​ចុះឈ្មោះ​ចូលរួម​ជាមួយនឹង​អង្គការ COVAX ដោយ​រួមមាន​ទាំង​បណ្ដា​ប្រទេស​អ្នកមាន​ផងដែរ។

    ក្រៅ COVAX ក្ដីសង្ឃឹម​មួយ​ផ្សេងទៀត​ដែល​បណ្ដា​ប្រទេស​ក្រីក្រ​នៅ​អាហ្វ្រិក ក៏ដូចជា​នៅ​ពាសពេញ​ពិភពលោក​អាច​រង់​ចាំបាន នោះ​គឺ​ការផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស​អ្នកមាន​ដែល​ប្រើប្រាស់​វ៉ាក់សាំង​មិន​អស់។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​យល់ថា ក្ដីសង្ឃឹម​នេះ ពិតជា​ស្ដួចស្ដើង​ខ្លាំងណាស់៕

    ប្រភព៖ Reuters, Worldometers, Nature

  • វិធី 6យ៉ាង ជួយអភិវឌ្ឍខាងភាសានិយាយដល់កូនតូច

    វិធី 6យ៉ាង ជួយអភិវឌ្ឍខាងភាសានិយាយដល់កូនតូច

    ពេលកូនតូចអាយុគ្រប់ 1ខួប កូននឹងចាប់ផ្តើមមានការវិវឌ្ឍខាងការនិយាយបានច្រើនជាងមុនហើយ។ លោកវេជ្ជបណ្ឌិត Richard Woolfson អ្នកជំនាញខាងផ្នែកការវិវឌ្ឍរបស់កុមារបឋមវ័យបានប្រាប់ទុកថា ឪពុកម្តាយអាចជួយបង្កើនការវិវឌ្ឍខាងភាសា​និយាយដល់កូនតូចបានតាមរយ:៖

    1. ឧស្សាហ៍និយាយឱ្យកូនស្តាប់ធ្វើជាគំរូ : ព្រោះកូនៗនឹងរៀនយល់ដឹង និងចងចាំតាមរយ:ការនិយាយ ការបញ្ចេញ សំឡេង​របស់យើង។
    2. កុំបង្ខំ : បើចង់ស្តាប់កូននិយាយពាក្យដំបូង ចូរកុំបដិសេធក្នុងការឱ្យរបស់ដែលគេចង់បាន ទោះជាគេនៅមិនទាន់អាច​ប្រាប់ឈ្មោះវត្ថុនោះបានក៏ដោយ។
    3. និយាយលេងជាមួយកូន : ព្រោះធម្មជាតិក្នុងការរៀនយល់ដឹងពីការនិយាយ ត្រូវចាប់ផ្តើមពីការស្តាប់ជាមុនសិន រួចទើបកើតការបញ្ចេញសំឡេងធ្វើត្រាប់តាមជាក្រោយ។
    4. អានសៀវភៅឱ្យកូនស្តាប់ ដើម្បីជាការជំរុញ : កូនៗនឹងសម្លឹងមើលមុខអ្នក ខណ:ពេលអ្នកកំពុងអាន និងស្តាប់ជាមួយផង គឺជាកលយុទ្ធមួយដើម្បីឱ្យកូនចាប់អារម្មណ៍ចង់និយាយដែរ។
    5. បង្ហាញភាពចាប់អារម្មណ៍ពេលកូនចាប់ផ្តើមចង់និយាយ : កូនតូចៗមានតម្រូវការក្នុងការនិយាយ និងចង់ឱ្យយើងស្តាប់គេនិយាយម្តងដូចគ្នា ដូច្នេះចូរព្យាយាមសម្តែងឱ្យកូនដឹងថា អ្នកកំពុងតាំងចិត្តចង់ស្តាប់អ្វីដែលគេនិយាយផង។
    6. ឧស្សាហ៍ច្រៀង និងនិយាយពាក្យដែលមានចង្វាក់ចុងជួន : ដូចជាចម្រៀង ឬកំណាព្យ នឹងជួយឱ្យកូនមានអារម្មណ៍​សប្បាយនឹងស្តាប់ ធ្វើឱ្យងាយចាំ និងចង់និយាយដែរ៕
  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី ចំនួន 1នាក់​ទៀត ដែលជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី ចំនួន 1នាក់​ទៀត ដែលជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    នា​ព្រឹក​ថ្ងៃទី 11ធ្នូ ឆ្នាំ2020 នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី 1ករណី​បន្ថែមទៀត នាំឱ្យ​តួលេខ​សុ​រប​នៃ​អ្នក​បាន​ឆ្លង​វីរុស​នេះ​នៅ​កម្ពុជា កើន​ដល់ 357នាក់។

    ករណី​ឆ្លង Covid-19 ថ្មី​នេះ បាន​កើតឡើង​ចំពោះ​ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ទឹម ស្រី​ពេជ្រ អាយុ 26ឆ្នាំ ស្នាក់​នៅក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹ​ត្រិ​ការណ៍28វិច្ឆិកា ដែលជា​ការចាប់ផ្ដើម​ឆ្លង Covid-19 ក្នុង​សហគមន៍​នៅ​កម្ពុជា។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 357នាក់ ក្នុងនោះ​មាន 307នាក់​បានជា​សះស្បើយ និង 50នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ នា​រាជធានី​ភ្នំពេញ៕

  • តើត្រូវឱ្យកុមារតូចញ៉ាំខ្លាញ់ប្រភេទណាទើបល្អចំពោះសុខភាព

    តើត្រូវឱ្យកុមារតូចញ៉ាំខ្លាញ់ប្រភេទណាទើបល្អចំពោះសុខភាព

    អ្នកដែលខ្លាចធាត់ ច្រើនតែខ្លាចអាហារដែលមានខ្លាញ់ច្រើន តែសម្រាប់កុមារតូចៗវិញ ខ្លាញ់សំខាន់ និងចាំបាច់ចំពោះរាងកាយមិនមែនធម្មតាឡើយ ជាពិសេសក្នុងអំឡុងពេលចាប់ផ្តើមដំបូងនៃជីវិតដែលរាងកាយ និងខួរក្បាលកំពុងវិវឌ្ឍនោះ។

    កុមារតូចៗក្នុងអំឡុងវ័យ 2ខួបដំបូង ត្រូវការកម្លាំងថាមពល និងសារធាតុខ្លាញ់ច្រើនជាងមនុស្សធំ ដើម្បីឱ្យទាន់នឹងអត្រា​នៃ​ការរីកចម្រើនធំធាត់របស់រាងកាយ និងខួរក្បាលដែលកំពុងតែស្ទុះឡើងខ្លាំង ដែលចាំបាច់កុមារត្រូវតែ :

    1. ទទួលបានកម្លាំងថាមពលមួយចំណែកពីសារធាតុខ្លាញ់
    2. ប្រើប្រាស់សារធាតុខ្លាញ់ទៅជួយថែទាំសុខភាពស្បែក
    3. មានសារធាតុខ្លាញ់ជួយបឺតជ្រាបវិតាមីនដែលសំខាន់ៗ មានដូចជា A , D , E , K ចូលក្នុងរាងកាយ
    4. បានទទួលសារធាតុខ្លាញ់ដែលចាំបាច់សម្រាប់យកទៅប្រើប្រាស់ក្នុងការសាង និងពង្រីកកោសិកាខួរក្បាល ដើម្បីត្រៀមទទួលការរៀនយល់ដឹង និងការវិវឌ្ឍផ្នែកផ្សេងៗ(ចំណុ​ចនេះសំខាន់ខ្លាំងណាស់)។

    ដូច្នេះដើម្បីឱ្យរាងកាយ មានការវិវឌ្ឍឡើង រួមទាំងការរៀនយល់ដឹងរបស់កូនតូចដំណើរការទៅយ៉ាងល្អនោះ យើងនាំគ្នាមកជ្រើសរើសប្រភពសារធាតុខ្លាញ់ដែលល្អ និងមានប្រយោជន៍ឱ្យកូនៗវិញប្រសើរជាង :

    1. សារធាតុខ្លាញ់នៅក្នុងទឹកដោះម្តាយ គឺជាសារធាតុខ្លាញ់ល្អមានប្រយោជន៍មុនគេបំផុតដែលកូនតូចគួរតែបានទទួល ព្រោះមានសារធាតុអាស៊ីតខ្លាញ់ចាំបាច់ដែលជួយបង្កើនដល់ការវិវឌ្ឍរបស់ខួរក្បាល រួមទាំងសារធាតុអាស៊ីតខ្លាញ់ផ្សេងៗទៀតជាង 160ប្រភេទ ដែលទោះជានៅមិនទាន់ដឹងពីមុខនាទីការងាររបស់វាក៏ដោយ តែក៏គេទទួលស្គាល់រួចហើយដែរថា វាមានប្រយោជន៍ក្នុងការវិវឌ្ឍរបស់ខួរក្បាលកុមារយ៉ាងខ្លាំង។
    2. ពេលដល់វ័យដែលកុមារអាចញ៉ាំអាហារបានដូចមនុស្សធំហើយនោះ អ្នកម្តាយត្រូវជ្រើសរើសអាហារដែលជាប្រភពនៃ​សារធាតុខ្លាញ់មានប្រយោជន៍ឱ្យមកទទួលតួនាទីបន្តពីទឹកដោះម្តាយ និងមិនត្រូវភ្លេចរឿងភាពសម្បូរបែបរបស់អាហារនោះឡើយ ព្រោះគ្រប់ចំណែករបស់រាងកាយត្រូវដំណើរការទៅមុខព្រមៗគ្នា។
    3. សារធាតុខ្លាញ់នេះមាននៅក្នុងសាច់ត្រីសមុទ្រ ដូចជា ត្រីឆ្ពុង ត្រីប្លាធូ ត្រីតុកកែ ត្រីសាល់ម៉ុន និងត្រីធូណាជាដើម ឬសូម្បីតែត្រីទឹកសាបប្រភេទខ្លះក៏មានសារធាតុអាស៊ីតខ្លាញ់ចាំបាច់ប្រភេទនេះដែរ ដូចជា ត្រីរ៉ស់ ត្រីដំរី ត្រីប្រា -​ ល -​ រួមទាំងប្រេងឆាប្រភេទផ្សេងៗផងដែរ ដូចជា ប្រេងសណ្តែកលឿង ប្រេងកន្ទក់ ប្រេងគ្រាប់ផ្កាឈូករត្ន និងលើកលែងតែប្រេងដូងមួយចេញ ។

    សារធាតុខ្លាញ់ល្អទាំងនេះ មិនមែនមានប្រយោជន៍ចំពោះតែខួរក្បាលរបស់កូនប៉ុណ្ណោះទេ តែវានៅជួយ​ការពារសភា​វជាតិខ្លាញ់​កើនលើសដែលជាបញ្ហាចម្បងរបស់កុមារសម័យនេះបានទៀតផង៕

  • ចង់មានសុខភាពល្អ ត្រូវតែអាន “រឿង 7 យ៉ាងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាព”

    ចង់មានសុខភាពល្អ ត្រូវតែអាន “រឿង 7 យ៉ាងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាព”

    បច្ចុប្បន្ននេះ​រោគា​ទាំងឡាយ​ក្លាយជា​រឿងក្បែរៗខ្លួន ដែល​ចាំតែ​សួររក​មុខ​យើង​ជានិច្ច ដូច្នេះហើយ​ទើប​យើង​ត្រូវតែ​មើលថែទាំ​សុខភាព​ឱ្យបាន​ល្អជា​ពិសេស អ្នកខ្លះ​អាច​នឹង​ស្វែងរក​អាហារ​បន្ថែម ឬ​អាហារ​បំប៉នផ្សេងៗដើម្បី​បំប៉ន​រាងកាយ​ឱ្យមាន​សុខភាព​ល្អ ទាំង​ការពិតទៅ ការ​មាន​សុខ​ភាពល្អ​អាចជា​រឿង​ងាយ​ជាង​លោកអ្នក​គិត​ទៅទៀត ដូចដែល​ថ្ងៃនេះ​ជាដើម ឡា​រ៉ែ​ន​សូម​នាំយក​រឿង​ដែល​គួរឱ្យ​យល់ដឹង​ពាក់ព័ន្ធ​នឹង​សុខភាព​ដ៏​ល្អ មក​ជម្រាប​មិត្ត​អ្នកអាន​ដូចខាងក្រោម “ចង់​មាន​សុខភាព​ល្អ ត្រូវតែ​អាន។

    ចេកទុំ ជួយកាត់បន្ថយអាការឆ្អល់ពោះបាន

    មុននឹងទៅមើលថា តើយ៉ាងម៉េចបានផ្លែចេកជួយកាត់បន្ថយអាការឆ្អល់ពោះបាននោះ យើងមកស្គាល់ពីអាការឆ្អល់ពោះជាមុនសិន…ឆ្អល់ពោះ គឺជាអាការដែលកើតមានហ្កាសច្រើននៅក្នុងក្រពះ ជួនកាលកើតឡើងដោយសារការទទួលទានជាតិសូដ្យូមច្រើនជ្រុលពេក ហើយផ្លែចេកនេះឯងដែលនឹងជួយធ្វើឱ្យអាការឆ្អល់ពោះធូរស្រាលបាន ព្រោះចេកមានបរិមាណប៉ូតាស្យូមខ្ពស់ ដែលនឹងទៅចាត់ការផលប៉ះពាល់ដែលកើតឡើងដោយសារសូដ្យូមដែលលើសនោះ ធ្វើឱ្យអាការឆ្អល់ពោះថយចុះបាន។

    ទឹកនៅក្នុងរាងកាយនឹងធ្វើឱ្យទម្ងន់ខ្លួនរបស់អ្នកឡើង-ចុះយ៉ាងតិច ក្នុង 1ថ្ងៃ 1-2គីឡូក្រាម

    តើលោកអ្នកធ្លាប់នឹកឆ្ងល់ខ្លះទេថា ហេតុអីបានយើងថ្លឹងទម្ងន់នៅពេលព្រឹក និងនៅពេលល្ងាច ទម្ងន់ចេញមកខុសគ្នា ទាំងយើងមិនទាន់មិនបានញ៉ាំអីច្រើនផងនោះ? នេះគឺដោយសារតែទម្ងន់របស់ទឹកនៅក្នុងរាងកាយដែលចេញមកពីអាហារដែលមានរសជាតិប្រៃ ឬសភាវមានវដ្តរដូវប្រចាំខែរបស់អ្នកដែលធ្វើឱ្យទម្ងន់ខ្លួនឡើង ឬចុះគ្រប់ពេលវេលា។ បើអ្នកចង់ចាត់ការរឿងទឹកដែលនៅក្នុងរាងកាយនេះ អ្នកគួរតែទៅប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីប្រើថ្នាំបញ្ចុះទឹកនោមក៏បាន។

    ការអង្គុយនៅមួយកន្លែងក្នុង 1ថ្ងៃៗ យូរជាង11ម៉ោង នឹងធ្វើឱ្យអាយុខ្លី

    ការអង្គុយធ្វើការនៅនឹងតុរហូត ដោយមិនក្រោកទៅណាពេញមួយថ្ងៃ អាចនឹងធ្វើឱ្យអ្នកអាយុខ្លីដោយមិនដឹងខ្លួន នោះគឺដោយសារតែ នៅពេលដែលរាងកាយរបស់យើងមិនបានកម្រើក ឬធ្វើចលនាទៅណា វាអាចបង្កឱ្យកើតមានបញ្ហាសុខភាពបាន មិនថាតែបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធដុតបំផ្លាញក្នុងរាងកាយ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបន្ទោបង់ ឬសូម្បីតែប្រព័ន្ធឈាមរត់ក៏ដោយ ដូច្នេះបើចង់មានអាយុវែង គួរឧស្សាហ៍ក្រោកចេញពីតុធ្វើការខ្លះផង គ្រាន់តែក្រោកទៅចូលបន្ទប់ទឹកក៏ជួយបានច្រើនដែរ។

    តែបៃតងជួយបង្កើនការធ្វើការរបស់ខួរក្បាលបាន

    យើងដឹងច្បាស់ហើយថា តែបៃតងមានប្រយោជន៍ច្រើនណាស់ ជាពិសេសតែបៃតងនេះ មានសារធាតុប្រឆាំងអនុមូលឥស្សរៈខ្ពស់ ទើបវាជួយការពារការកើតជំងឺមហារីកបាន តែប្រយោជន៍មួយទៀតដែលសំខាន់នោះគឺ តែបៃតងជួយបង្កើនការធ្វើការងាររបស់ខួរក្បាលបានទៀតផង ដោយមានការសឹក្សាស្រាវជ្រាវមួយបានរកឃើញថា អ្នកដែលញ៉ាំតែបៃតងជាប់ជាប្រចាំ នឹងធ្វើឱ្យមានការចងចាំល្អជាងអ្នកដែលមិនធ្លាប់ញ៉ាំសោះ។

    ស្ករ ធ្វើឱ្យអាការក្នុងអំឡុងពេលមានវដ្តរដូវកាន់តែអាក្រក់

    ស្ត្រីជាច្រើន ច្រើនតែគិតថា ការទទួលទានបង្អែមនៅក្នុងអំឡុងពេលមានរដូវប្រចាំខែ នឹងជួយឱ្យអាការផ្សេងៗដែលកើតឡើងក្នុងអំឡុងពេលនោះថយចុះ តែការពិតវិញ ជាតិស្ករហ្នឹងឯងដែលជាបច្ច័យអាក្រក់ធ្វើឱ្យអាការទាំងនោះកាន់តែអាក្រក់ឡើង ព្រោះការទទួលទានស្ករ(ជាតិផ្អែម)ច្រើនពេកនឹងធ្វើឱ្យជាតិម៉ាញេស្យូមក្នុងរាងកាយថយចុះ ធ្វើឱ្យឆ្អល់ពោះ ដែលអាការឆ្អល់ពោះនេះ គឺជាអាការមួយដែលស្ត្រីមិនចង់ឱ្យកើតមានក្នុងអំឡុងពេលមានរដូវឡើយ ដូច្នេះបើពេលមានរដូវប្រចាំខែ គួរប្តូរពីបង្អែមមកទទួលទានផ្លែឈើវិញប្រសើរជាងបាយ​អង្ករ​ស្រូវ​សាលី​ជួយ​ឱ្យ​អារម្មណ៍ល្អ៍ល្អជឿថា អ្នកណាៗក៏ចង់មានពេលព្រឹក និងថ្ងៃធ្វើការដ៏ស្រស់ថ្លាដែរ ដូច្នេះឡា រ៉ែនចង់ប្រាប់ថា បាយអង្ករស្រូវសាលីអាចជួយបាន ព្រោះអង្ករស្រូវសាលីនឹងទៅជួយបង្កើនកម្រិតរបស់អ័រម៉ូនសេរ៉ូថូនិន(Serotonin)នៅក្នុងខួក្បាល ដោយសារធាតុមួយនេះគឺជាសារធាតុដែលជួយធ្វើឱ្យមនុស្សមានអារម្មណ៍ល្អ។ ដូច្នេះពេលព្រឹកថ្ងៃស្អែកនេះ សាកល្បងរកបាយអង្ករស្រូវសាលីមកញ៉ាំធ្វើជាអាហារពេលព្រឹកម្តងមើល៍…។

    ការហាត់ប្រគួរប្តូរពីបង្អែមមកទទួលទានផ្លែឈើវិញប្រសើរជាង។ពេលខ្លួនចាស់ទៅ

    ការចាប់ផ្តើម​ហាត់ប្រាណ​តាំងពី​វ័យ​កំលោះ​ក្រមុំ ក្រៅពីនឹងធ្វើឱ្យសុខភាពរឹងមាំល្អជាបន្តរហូតទៅដល់អនាគតហើយនោះនៅមាន​ផល​វិជ្ជមាន​ដល់​ខួរក្បាលព្រោះ​មា​ន្រោះ​មានការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​ការហាត់​ប្រាណ​ជាប្រចាំ​ក្នុងអំឡុង​អាយុង​អំឡុង​អាយុ 20ឆ្នាំ​រហូតមក នឹង​ជួយ​ឱ្យមាន​ការចងចាំ​ល្អ ទោះជាវ័យហួសទៅដល់ 40 ឬ 50ឆ្នាំហើយក៏ដោយសុខភាព​រាងកាយ​ង​កាយ​របស់​យគឺជា​រឿង​សំខាន់ា​ន់ បើ​ើ​យើង​ចេះ​មើលថែទាំ​វា​ឱ្យបាន​ល្អ នឹងជួយឱ្យសុខភាពផ្លូវចិត្តរបស់យើងល្អទៅតាមនោះដែរ តែបើអ្នកព្រងើយកន្តើយ វាអាចនឹងធ្វើឱ្យទាំងរាងកាយ និងផ្លូវចិត្តរបស់អ្នកកាន់តែយ៉ាប់យ៉ឺនទៅ បន្ទាប់ពីនោះរោគាផ្សេងៗនឹងតាមមក ដូច្នេះគួរនាំគ្នាថែរក្សាសុខភាពឱ្យបានល្អប្រសើរជាង៕

  • បង្រៀនកូនឱ្យចេះ “តស៊ូ”

    បង្រៀនកូនឱ្យចេះ “តស៊ូ”

    ពាក្យថា “តស៊ូ” នៅក្នុងអត្ថបទនេះ មិនមែនជាការវាយតប់ ឬធ្វើបាបគ្នាខាងរាងកាយ មិនមែនជាការកែបញ្ហាដោយប្រើកម្លាំងកាយនោះទេ តែជាការបង្រៀនឱ្យកូនដែលស្ថិតក្នុងវ័យមតេ្តយ្យ ចេះគិត ចេះកែបញ្ហា និងសម្របសម្រួលខ្លួនឱ្យរស់នៅក្នុងសង្គមបានយ៉ាងស័ក្តិសម។

    តស៊ូ ដែលត្រឹមត្រូវ

    ការតស៊ូក្នុងកុមារវ័យនេះ គឺការសម្តែងចេញដើម្បីរក្សាការពារសិទ្ធិរបស់ខ្លួនឯង តាំងពីសិទ្ធិលើរាងកាយ វត្ថុរបស់របរ រួមទៅដល់សិទ្ធិដែលមាននៅក្នុងសង្គមរបស់ខ្លួនឯង ដូចជាសិទ្ធិក្នុងការមិនត្រូវគេមកឈរកាត់មុខ ពេលតម្រង់ជួរធ្វើអ្វីមួយ គៃប្រវ័ញ្ចយកប្រៀប ខ្សែលើ មិនថាតែនៅក្នុងសង្គមសាលារៀន ឬសង្គមក្រៅផ្ទះនោះឡើយ។

    តស៊ូ ខាងកាយ

    គឺការចេះកែបញ្ហា ក្នុងករណីដែលកូនមានអារម្មណ៍ថា ខ្លួនឯងត្រូវបានល្មើសសិទ្ធិ ត្រូវបានរំលោភបំពាន ឬមានអារម្មណ៍ថាគ្មានសុវត្ថិភាព។

    -គូជម្លោះជាមនុស្សធំ ឬក្មេងដែលធំជាង ៈ ចំពោះក្មេងតូច ឡារ៉ែនសូមណែនាំឱ្យអាណាព្យាបាលបង្រៀនកូនរឿងការសុំការជួយយកអាសាពីមនុស្សម្នាដែលនៅជុំវិញខ្លួន ដូចជា ឱ្យរត់ទៅរកមនុស្សចាស់ណាម្នាក់ ដែលមើលទៅគួរឱ្យទុកចិត្ត ស្រែកដើម្បីឱ្យមនុស្សចូលមកជួយ ជាដើម។

    -គូជម្លោះជាក្មេងវ័យស្របាលគ្នា ៈ ទុកឱកាសឱ្យក្មេងចរចា កែបញ្ហាដោយខ្លួនឯងជាមុនសិន។ បង្រៀនឱ្យកូនប្រើពាក្យសម្តី និងជំនាញការចរចាតវ៉ា តែត្រូវមិនប្រើអំពើហិង្សាទាំងខាងរាងកាយ និងវាចាឡើយ។ បើចរចាហើយ មិនបានលទ្ធផល ឬមិត្តភ័ក្តិចាប់ផ្តើមប្រើអំពើហិង្សាតបមកវិញនោះ ចូរបង្រៀនឱ្យកូនចេះដើរចេញទៅសុំការជួយយកអាសាពីមនុស្សចាស់។

    តស៊ូ ខាងផ្លូវចិត្ត

    មានន័យពីផ្លូវចិត្តដែលរឹងប៉ឹង ព្យាយាមក្នុងអ្វីដែលខ្លួនតាំងចិត្តចង់ធ្វើ ទទួលស្គាល់លទ្ធផលរបស់ទង្វើរបស់ខ្លួនឯង ចេះចាត់ការជាមួយអារម្មណ៍ខកបំណង សោកស្តាយ ឬខឹងសម្បាបានយ៉ាងសមរម្យ។ ចេះសម្របសម្រួលខ្លួនជាមួយស្ថានការណ៍ និងមានភាពព្យាយាមកែខៃចំណុចខុសឆ្គងដែលកើតឡើង រួមទៅដល់ការចេះអភ័យទោសឱ្យខ្លួនឯង និងអ្នកដទៃទៀតផង។

    OLYMPUS DIGITAL CAMERA

    5ចំណុច ជួយឱ្យកូនក្លាយជាអ្នកតស៊ូ

    ចំពោះក្មេងតូច រឿងដែលបានទទួលលទ្ធផលច្រើនជាងការអប់រំប្រៀនប្រដៅដោយវាចានោះ គឺការដែលឪពុកម្តាយមានទង្វើជាគំរូដ៏ល្អត្រឹមត្រូវ ឱ្យកូនបានឃើញជាប្រចាំជាប់ជានិច្ច និងជួយក្នុងការសាងឬសគល់ដើម្បីបង្រៀនឱ្យកូនចេះ “តស៊ូ”។

    • សាងកូនឱ្យមានមោទនភាព និងជឿជាក់លើខ្លួនឯង ៈ បង្រៀនឱ្យកូនចេះមើលថែទាំខ្លួនឯងបានទៅតាមវ័យ ដូចជា ស្លៀកពាក់ ញ៉ាំបាយខ្លួនឯងបាន ជាមូលដ្ឋានគ្រឹះឱ្យកូនមានអារម្មណ៍ថា អាចធ្វើអ្វីផ្សេងៗបានដោយខ្លួនឯង បង្ហាត់ឱ្យមានភាពទទួលខុសត្រូវខ្លួនឯង។
    • សាងទស្សនៈចំពោះខ្លួនឯងដែលស័ក្តិសម និងត្រឹមត្រូវ ៈ នឹងជួយឱ្យកូនស្គាល់ពីខ្លួនឯង ដឹងថាត្រូវ ត្រូវការអ្វី វាយតម្លៃសមត្ថភាពថា ធ្វើអ្វីបានប៉ុនណា? និងពេលណាដែលត្រូវសុំជំនួយពីអ្នកដទៃ?។
    • សម្លឹងមើលជុំវិញខ្លួនក្នុងន័យវិជ្ជមាន តាមស្ថានភាពពិត ៈ ជួយឱ្យក្មេងមានអារម្មណ៍ថា ខ្លួនឯងស្ថិតក្នុងបរិស្ថានដែលមានសុវត្ថិភាព មានអ្នកមានចេតនាល្អច្រើនជាងមនុស្សមិនល្អ មានអ្នកចាំជួយយកអាសាគាំទ្រ ការពារ និងជួយលើកទឹកចិត្ត តែក៏ត្រូវឱ្យចេះប្រយ័ត្នប្រយែងផងដែរ ដោយឪពុកម្តាយអាចប្រតិបត្តិធ្វើជាគំរូ ឱ្យកូនបានឃើញ រៀនយល់ដឹង ដោយការមានទស្សនៈចំពោះរឿងផ្សេងៗ ជុំវិញខ្លួនដែលសម្បូរបែប ដូចជា ឃើញគេបើកឡានជ្រែពីមុខលឿនឆ្វេចឆ្វាច អាចនិយាយឱ្យកូនបានឮថា បើកឡានបែបនេះមានគ្រោះថ្នាក់ណាស់ មិនគួរឱ្យចូលចិត្តសោះ សង្ស័យគេប្រហែលជារឿងចាំបាច់ប្រញាប់ហើយទើបភ្លេចខ្លួនបើកឡានលឿនបែបនេះ…។
    • ស្គាល់សិទ្ធិតួនាទី មិនល្មើសសិទ្ធិអ្នកដទៃ ៈ បង្រៀនឱ្យក្មេងបានដឹងថា ខ្លួនឯងមានសិទ្ធិក្នុងរឿងណា ដូចជាសិទ្ធិលើរាងកាយរបស់ខ្លួនឯង អ្នកដទៃក្រៅពីឪពុកម្តាយគ្មានសិទ្ធិមកប៉ះពាល់រាងកាយរបស់ខ្ញុំក្នុងលក្ខណៈមិនសមរម្យ ខណៈពេលជាមួយគ្នា ខ្ញុំក៏ត្រូវស្គាល់ពីតួនាទីដែលត្រូវទទួលខុសត្រូវមើលថែទាំរាងកាយរបស់ខ្លួនឱ្យស្អាតបាត និងមានសុខភាពល្អផងដែរ។
    • ឱ្យមានចិត្តចេះជួយយកអាសា ៈ បង្រៀនឱ្យកូនយល់ដឹងថា ការជួយកអាសាអ្នកដទៃដោយមិនសង្ឃឹមសំណងមកវិញនោះ ធ្វើឱ្យកើតអារម្មណ៍ល្អចំពោះខ្លួនឯង និងមានអារម្មណ៍ថា ខ្លួនឯងមានប្រយោជន៍ មានតម្លៃ បើមានអ្នកណាត្រូវការជំនួយ ហើយយើងអាចជួយបានដោយខ្លួនឯងមិនមានបញ្ហានោះ ក៏គួរតែជួយ។

    ការបង្រៀនបែបនេះនឹងជួយឱ្យកូនបានសម្តែងនូវចេតនាល្អ និងរៀនយល់ដឹងពីការគោរពសិទ្ធិរបស់អ្នកដទៃផងដែរ៕

  • តើ “ប៊ីចេង” ធ្វើឱ្យជ្រុះសក់មែនឬ?

    តើ “ប៊ីចេង” ធ្វើឱ្យជ្រុះសក់មែនឬ?

    ធ្វើម្ហូប កុំដាក់ប៊ីចេងច្រើនពេក ប្រយ័ត្នជ្រុះសក់ ធ្លាប់បានឮប្រយោគនេះមកតាំងពីក្មេង មែនទេ? មនុស្សចាស់តែងតែហាមមិនឱ្យក្មេងៗដូចយើងធ្វើម្ហូប ឬញ៉ាំអាហារដែលមានដាក់ប៊ីចេងច្រើន។ សួរថា តើញ៉ាំប៊ីចេងច្រើន ធ្វើឱ្យជ្រុះសក់មែន ឬមិនមែន? បើមានផលអាក្រក់ដល់ថ្នាក់នោះ តើហេតុអីនៅតែមានប៊ីចេងជាគ្រឿងផ្សំរបស់ម្ហូបអាហារជាច្រើននៅលើទីផ្សារ? ក្រៅពីធ្វើឱ្យសក់ជ្រុះហើយ តើប៊ីចេងនៅមានផលអាក្រក់ផ្សេងទៀតឬទេ? ថ្ងៃនេះ ទំព័រសុខភាពឡារ៉ែន មានចម្លើយមកជម្រាបជូន។

    ប៊ីចេង ជាអ្វី?

    ម្សៅប៊ីចេង ឬម៉ូណូសូដ្យូម គ្លុយតាម៉េដ ប្រកបដោយសូដ្យូម(អំបិល) និងអាស៊ីត គ្លុយតាមិក(អាស៊ីតអាមីណូមួយប្រភេទ)។ ម្សៅប៊ីចេងបានមកពីការផ្អាប់កាកស្ករពីដើមអំពៅ ឬស្ករពីម្សៅដំឡូងមី ដែលជាវត្ថុធាតុដើមធម្មជាតិ ដោយផលិតផលចុងក្រោយដែលបាន នឹងជាគ្រាប់ដុំពណ៌ស ងាយរលាយក្នុងទឹក និងចូលជាមួយអាហារបានគ្រប់ប្រភេទ។

    ម្សៅប៊ីចេង ជាទីពេញនិយមក្នុងការធ្វើជាគ្រឿងផ្សំដែលជួយបង្កើនរសជាតិរបស់អាហារឱ្យរឹតតែល្អឡើង ឬភាសាអ្នកស្រុកហៅថា ធ្វើឱ្យអាហារកាន់តែឆ្ងាញ់ត្រូវមាត់ខ្លាំងឡើង ដូច្នេះហើយទើបយើងឃើញមានប៊ីចេងតាំងពីក្នុងហាងលក់អាហារតាមចិញ្ចើមផ្លូវ រហូតដល់រោងចក្រសិប្បកម្មផលិតអាហារ និងនំផ្សេងៗជាច្រើន។

    ប៊ីចេង ញ៉ាំច្រើនជ្រុះសក់??

    ការទទួលទានប៊ីចេងច្រើនៗ មិនបានធ្វើឱ្យជ្រុះសក់ ក្បាលទំពែកទេ គ្មានការអះអាងនៅក្នុងរបាយការណ៍ខាងវេជ្ជសាស្ត្រ ឬលទ្ធផលនៃការស្រាវជ្រាវណាមួយទាំងអស់។ មនុស្សជាច្រើននាំយកអាការជ្រុះសក់មកពាក់ព័ន្ធ ដើម្បីរកមូលហេតុដែលអាចកើតឡើងបានពីការញ៉ាំអាហារ ទើបម្សៅប៊ីចេងត្រូវក្លាយជាជនជាប់ចោទតាមជំនឿដែលបានទទួលមកតាំងពីជំនាន់ឪពុកម្ដាយមក តែការពិតវិញ មូលហេតុធំៗរបស់ការជ្រុះសក់ គឺកើតចេញពីភាពខុសប្រក្រតីរបស់រន្ធរោមនៅលើស្បែកក្បាល និងសរសៃសក់ទៅវិញទេ ដូច្នេះជំនឿនេះ មិនមែនជារឿងពិតទេ។

    គ្រោះថ្នាក់ពីម្សៅប៊ីចេង

    ទោះជាម្សៅប៊ីចេងមិនបានធ្វើឱ្យសក់ជ្រុះមែន តែដែលយើងត្រូវបានហាមប្រាមតាំងពីក្មេងៗនោះ ព្រោះតែមានរបាយការណ៍ខាងវេជ្ជសាស្ត្រ បានឱ្យដឹងពីអាការខុសប្រក្រតីរបស់អ្នកដែលទទួលទានអាហារដែលមានដាក់ប៊ីចេងជាគ្រឿងផ្សំច្រើនៗ តាំងពីអាការខុសប្រក្រតីបន្តិចបន្តួច រហូតដល់អាការធ្ងន់ធ្ងរ…ៈ

    • ស្ងួតក ស្រេកទឹក
    • មានអាការប្រតិកម្ចាញ់ម្សៅប៊ីចេង មាត់ស្ងួត ស្ពឹកអណ្ដាត ដៃ ខ្នង និងក មានអាការស្ពឹក សាច់ដុំទន់កម្លាង ញ័រទ្រូង មុខក្រហម រហូតដល់ថ្នាក់ខ្យល់គ ក៏មាន។
    • ជំរុញអាការហឺតដង្ហក់ និងឈឺក្បាលម៉ៃក្រេនឱ្យកម្រើកឡើង តែទោះជាយ៉ាងណា ក៏នៅតែមិនអាចសរុបប្រកាសបានថា អាការខុសប្រក្រតីទាំងនោះ បណ្ដាលមកពីម្សៅប៊ីចេងតែម្យ៉ាងនោះទេ ព្រោះតាមរយៈហេតុការណ៍ពិតៗដែលកើតឡើង និងតាមរយៈការពិសោធ ឃើញថាមានបច្ច័យផ្សេងទៀតចូលមកពាក់ព័ន្ធជាច្រើន ដូចជាគ្រឿងផ្សំផ្សេងៗរបស់អាហារនៅក្នុងចាននោះដែលអាចហុចផលដល់អាការទាំងនោះបានដូចគ្នា។

    តែគ្រោះថ្នាក់បណ្ដាលពីម្សៅប៊ីចេងដែលកើតឡើងពីអំបិលសូដ្យូមនៅក្នុងម្សៅប៊ីចេង មានដូចតទៅ ៈ

    • ប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយថយចុះ
    • កើតការវិលវល់ក្នុងខួរក្បាលរបស់ក្មេង ធ្វើឱ្យធំឡើងមកមានអាការមិនគ្រប់ទឹក ឬមានអាការប្រកាច់សន្លប់
    • មានគ្រោះចំពោះអ្នកជំងឺក្រលៀន លើសឈាម ជំងឺបេះដូង និងជំងឺផ្សេងទៀតដែលពេទ្យហាមទទួលទានប្រៃ ភាគច្រើនអ្នកបរិភោគ ឬសូម្បីតែអ្នកផលិត ច្រើនតែមិនសូវប្រយ័ត្នប្រយែងចំពោះបរិមាណការដាក់ម្សៅប៊ីចេងចូលទៅក្នុងអាហារ ព្រោះម្សៅប៊ីចេងមិនមានរសជាតិប្រៃច្បាស់លាស់ដូចអំបិលសម្លធម្មតានោះទេ។ ការដាក់ប៊ីចេងច្រើនៗ ក៏អាចធ្វើឱ្យមិនសូវទទួលដឹងពីរសជាតិប្រៃបានច្បាស់លាស់ដែរ ទើបអាចធ្វើឱ្យភ្លេចខ្លួនដាក់ច្រើនជ្រុល រហូតធ្វើឱ្យរាងកាយបានទទួលប៊ីចេងច្រើនជ្រុលដោយមិនដឹងខ្លួន។

    តើគួរទទួលទានប៊ីចេងប៉ុនណា ទើបមិនមានគ្រោះថ្នាក់ដល់រាងកាយ?

    មនុស្សមួយចំនួនដែលមិនអាចកាត់ប៊ីចេងចេញពីម្ហូបអាហារបានយ៉ាងដាច់ខាតនោះ គួរទទួលទានបានមិនលើសពី 1ថ្ងៃ 2ស្លាបព្រាកាហ្វេ ឬបើត្រូវការឱ្យរសជាតិអាហារមានភាពឈ្ងុយឆ្ងាញ់ស្រដៀងនឹងការដាក់ប៊ីចេងដែរនោះ អាចដាក់វត្ថុធាតុដើមពីធម្មជាតិបាន ដូចជាសារាយ និងទឹកស៊ុបឆ្អឹងជ្រូក ជាដើម។ល។

    ទោះជារឿងម្សៅប៊ីចេងធ្វើឱ្យសក់ជ្រុះជារឿងមិនពិតក្ដី តែដែលមនុស្សចាស់ហាមមិនឱ្យយើងញ៉ាំប៊ីចេងច្រើនជ្រុលពេកពេលនៅក្មេងនោះ ក៏នៅតែជារឿងពិតដែលគួរតែធ្វើ និងទោះជាម្សៅប៊ីចេងបង្កប់ដោយគ្រោះថ្នាក់ជាច្រើនក្ដី តែបើប្រើក្នុងបរិមាណដែលស័ក្តិសម ក៏អាចផ្ដល់ប្រយោជន៍ដល់អ្នកទទួលទានដូចជាយើងគ្រប់គ្នាបានដែរ៕

  • ការឱ្យរង្វាន់កូន ពេលកូនធ្វើអំពើល្អ

    ការឱ្យរង្វាន់កូន ពេលកូនធ្វើអំពើល្អ

    “ការទទួលស្គាល់របស់ឪពុក-ម្តាយ នឹងជួយឱ្យកូនកើតមានមោទនភាពចំពោះខ្លួនឯង និងធ្វើឱ្យគេអាចធ្វើរឿងផ្សេងៗបានល្អដូចគ្នាដែរ”

    នៅពេលកូនធ្វើអំពើល្អ ឬមានស្នាដៃក្នុងការធ្វើអ្វីមួយគួរជាទីពេញចិត្តនោះ ឪពុក-ម្តាយកុំភ្លេចពោលពាក្យសរសើរ ឬឱ្យរង្វាន់ជាការតបស្នងទៅវិញផង ព្រោះរូបកូនខ្លួនឯងក៏ត្រូវការការទទួលស្គាល់ចំពោះខ្លួនគេដែរថា គេអាចធ្វើបាន ដូច្នេះពាក្យរីករាយសរសើរ ឬរង្វាន់ ក៏ប្រៀបដូចជាកម្លាំងដឹកនាំចិត្តមួយដែរ។

    តែការឱ្យរង្វាន់ មិនមែនជាការសូកប៉ាន់កូននោះទេ មានជាច្រើនដងណាស់ដែលឪពុក-ម្តាយតែងប្រើរង្វាន់ធ្វើជា រឿងជន្លរចិត្តឱ្យកូនធ្វើនូវរឿងអ្វីម្យ៉ាងឱ្យបាន ឬបញ្ឈប់ទង្វើដែលមិនល្អ ដូចជា បើកូនញ៉ាំបាយអស់ពីចាន ម៉ាក់នឹងទិញសៀវភៅតុក្កតារឿងថ្មីមកឱ្យ ឬបើកូនឈប់យំ ម៉ាក់នឹងនាំទៅទិញនំញ៉ាំ ឬក៏ បើកូនប្រឡងបានលេខ1 ម៉ាក់នឹងទិញកង់ថ្មីឱ្យជាដើម។

    រឿងទាំងអស់នេះ នឹងហុចផលឱ្យកុមាររៀនយល់ដឹង និងជ្រួតជ្រាបថា ការនឹងធ្វើអ្វីក៏ដោយ តែងតែមានចំណុចដូរដោះគ្នា ឬផលតបស្នងដែលគេពេញចិត្តជានិច្ច បើគ្មានរង្វាន់ គេនឹងមិនធ្វើទេ ដូច្នេះយើងហៅទង្វើបែបហ្នឹងថា ការសូកប៉ាន់កូន។

    ការឱ្យរង្វាន់ មិនគួរឱ្យផ្ដេសផ្ដាស់ ឬមិនចាំបាច់ត្រូវតែជារបស់របរ វត្ថុ ឬលុយកាក់ជានិច្ចនោះទេ អាចជាការសរសើរដោយវាចាក៏បាន គួរឱ្យរង្វាន់នៅពេលដល់ពេលវេលាដែលស័ក្តិសម និងតាមភាពសមរម្យ។ គ្រប់ពេលដែលឱ្យ គួរប្រាប់ពីហេតុផលផងថា ដោយសារហេតុអីទើបកូនគួរតែបានទទួលរង្វាន់នេះ ដើម្បីឱ្យរង្វាន់នេះក្លាយជារង្វាន់ដែលមានតម្លៃ និងស័ក្តិសិទ្ធិ ត្រូវនឹងមនុស្សដែលស័ក្តិសមនឹងវាដូចគ្នា ដូចជា នៅពេលកូនបានជួយលើកមិត្តភ័ក្តិដែលជំពប់ជើងដួលរងរបួសនៅក្នុងទីលានក្មេងលេង ហើយក្រោកឡើងវិញមិនរួចជាដើមនោះ ឪពុក-ម្តាយគួរឱ្យរង្វាន់ដោយការនិយាយសរសើរ និងលើកតម្កើងនូវអ្វីដែលកូនបានធ្វើ ដែលវានឹងធ្វើឱ្យកូនមានមោទនភាពលើខ្លួនឯង និងរៀនយល់ដឹងក្នុងការធ្វើល្អតទៅទៀតដែរ៕

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 2ករណី​បន្ថែមទៀត ជា​ករណី​នាំចូល និង​ឆ្លង​ក្នុង​សហគមន៍

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 2ករណី​បន្ថែមទៀត ជា​ករណី​នាំចូល និង​ឆ្លង​ក្នុង​សហគមន៍

    ក្នុង​រយៈពេល 24ម៉ោង​កន្លងទៅនេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន 2ករណី​ទៀត ដែលនាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នេះ​នៅ​កម្ពុជា ឡើងដល់ 356នាក់។

    ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ខាងលើនេះ រួមមាន៖

    ទីមួយ៖ បុរស​ជ​ជនជាតិខ្មែរ ឈ្មោះ យ៉េ វាសនា អាយុ 29ឆ្នាំ នៅ​ខេត្តកណ្ដាល ជា​ករណី​នាំចូល ដោយបាន​ធ្វើដំណើរ​ពី​ប្រទេស​ជប៉ុន ឆ្លងកាត់​តាម​កូរ៉េខាងត្បូង។

    ទី​ពីរ៖ បុរស​ជនជាតិខ្មែរ ឈ្មោះ ខន ប្រសើរ អាយុ 37ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងកក់2 ខណ្ឌទួលគោក ក្រុងភ្នំពេញ ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ 28វិច្ឆិកា។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប 356នាក់ ក្នុងនោះ​មាន 307នាក់​បានជា​សះស្បើយ និង 49នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ នា​រាជធានី​ភ្នំពេញ៕