Category: សុខភាព

  • និស្ស័យល្អ 10យ៉ាង ដែលឪពុកម្ដាយសម័យថ្មីគួរបង្រៀនដល់កូន

    និស្ស័យល្អ 10យ៉ាង ដែលឪពុកម្ដាយសម័យថ្មីគួរបង្រៀនដល់កូន

    ការបង្ហាត់កុមារឱ្យមានទស្សនគតិ និងឧបនិស្ស័យក្នុងការរស់នៅឱ្យបានល្អត្រឹមត្រូវ ទាំងរឿងការចូលក្នុងសង្គម និងចេះ​ហាត់មើលថែទាំសុខភាពតាំងពីអាយុនៅតិចៗ នឹងធ្វើឱ្យរឿងល្អៗទាំងអស់នេះនៅដក់ជាប់នឹងខ្លួនគេរហូតមួយជីវិត ហើយ​ខាង​​​ក្រោមនេះ គឺជារឿងសំខាន់ៗដែលអាណាព្យាបាលសម័យថ្មីគួរតែបង្រៀនឱ្យកូនៗប្រត្តិបត្តិឱ្យក្លាយជាទម្លាប់និស្ស័យ ៖

    1.ញើសសំបោរឱ្យអស់

    រឹតតែបង្ហាត់ឱ្យកុមារឆាប់ចេះញើសសំបោរលឿនប៉ុនណា បញ្ហាសុខភាពរបស់ពួកគេនឹងឆាប់បានថយចុះលឿនប៉ុននោះដែរ ព្រោះច្រមុះដែលពោរពេញដោយសំបោរ គឺជាផ្នែកមួយនៃបញ្ហាត្រចៀក និងរោគផ្សេងទៀតជាច្រើន។

    2.បរិភោគអាហារពេលព្រឹករាល់ថ្ងៃ

    អាហារពេលព្រឹក គឺជាពេលអាហារដ៏សំខាន់បំផុត ព្រោះនឹងជួយឱ្យក្មេងគិត និងរៀនបានកាន់តែល្អឡើង អាណា​ព្យា​​បាលគួ​រ​​រក​​នឹកអាហារពេលព្រឹកប្លែកៗថ្មីៗ ដើម្បីឱ្យកូនៗមានអារម្មណ៍ចង់ញ៉ាំ ដោយសាកល្បងប្តូរពីបាយសាច់ជ្រូក មកជានំសាំងវិច ឬនំប៊ើហ្គ៊ើជាដើម។

    3.ការពារស្បែករបស់ខ្លួនឯង

    អ្នកដែលកើតរោគមហារីកស្បែកភាគច្រើន ច្រើនតែកើតដោយសារការហាលកម្ដៅថ្ងៃ​ដែលសន្សំបន្តិចម្តងៗតាំងពីវ័យកុមារមកម្ល៉េះ។ ចូរបង្រៀនឱ្យកុមារយល់ដឹងអំពីរឿងនេះ និងលាបឡេការពារកម្ដៅថ្ងៃ​ មុនពេលចេញក្រៅផ្ទះគ្រប់ពេល។

    4.កម្រើករាងកាយ និងហាត់ប្រាណ

    កុមារៗឥឡូវនេះច្រើនតែចូលចិត្តអង្គុយលេងហ្គេមកុំព្យូទ័រ ឬមើលទូរទស្សន៍យូរៗដោយមិនកម្រើកខ្លួនទៅណា ធ្វើឱ្យអាចកើតជម្ងឺផ្សេងៗជាញឹកញាប់ ដូច្នេះឪពុកម្ដាយគួរបង្ហាត់ឱ្យគេចេះធ្វើកិច្ចការឯទៀតខ្លះផង ដូចជាបង្ហាត់ឱ្យចេះហាត់ប្រាណតាមរយ:ការធាក់កង់ ឬលេងបាល់បោះជាដើម។

    5.ថែទាំសុខភាពមាត់ធ្មេញរបស់ខ្លួនឯង

    បង្រៀនកូនៗថា ការមិនដុសសម្អាតធ្មេញ ឬបណ្តោយឱ្យធ្មេញពុក នឹងមានជំងឺអាក្រក់ផ្សេងទៀតកើតឡើង។ បង្រៀនឱ្យគេចេះដុសធ្មេញឱ្យបានត្រឹមត្រូវ និងនាំទៅទិញច្រាសដុសធ្មេញម៉ូដណាដែលគេស្រឡាញ់ ដើម្បីជាការជំរុញឱ្យគេកាន់តែចង់ដុសធ្មេញឡើង។

    (នៅមានត)

  • ថែទាំសុខភាពឱ្យល្អ ដើម្បីបានដើរលេងក្នុងរដូវរងាយ៉ាងរីករាយ

    ថែទាំសុខភាពឱ្យល្អ ដើម្បីបានដើរលេងក្នុងរដូវរងាយ៉ាងរីករាយ

    ធាតុអាកាសចាប់ផ្តើមត្រជាក់ហើយ អ្នកខ្លះប្រហែលកំពុងត្រៀមរៀបចំកាបូបធ្វើដំណើរទៅដើរកម្សាន្ត​នៅ​តាមទីរួមខេត្តផ្សេងៗហើយមែនទេ? តែមុននឹងទៅ ទស្សនាវដ្តី ឡារ៉ែន ចង់ឱ្យមិត្តអ្នកអានត្រៀមខ្លួនមើលថែទាំសុខភាពបន្តិចសិន ដើម្បីឱ្យដំណើរកម្សាន្តរបស់លោកអ្នកប្រព្រឹត្តទៅយ៉ាង Happy មិនឈឺថ្កាត់ក្នុងពេលធ្វើដំណើរ ឬក៏វេចខ្ចប់ជំងឺគ្រុនផ្តាសាយត្រឡប់មកវិញហ្នឹងឯង។ ខាងក្រោមនេះ គឺជាការណែនាំរបស់លោកគ្រូពេទ្យជំនាញ ដែលបានផ្តល់ដំបូន្មានដ៏គួរឱ្យចាប់អារម្មណ៍ដូចខាងក្រោម ៖

    សម្រា់ដំណើរកម្សាន្តក្នុងរដូវរងានេះ លោកអ្នកត្រូវត្រៀមខ្លួនជាស្រេចក្នុងរឿងសុខភាពឱ្យបានល្អ ដោយវិធីដូចខាងក្រោមនេះ ៖

    • ថែរក្សាសុខភាពឱ្យនៅរឹងមាំជានិច្ច ដោយកាទទួលទានអាហារដែលមានប្រយោជន៍ឱ្យគ្រប់ 5 ប្រភេទក្រុម ញ៉ាំទឹកឱ្យបានច្រើន ហាត់ប្រាណជាប់ជានិច្ច និងគេងសម្រាកឱ្យបានគ្រប់គ្រាន់មុនពេលចេញដំណើរទៅកម្សាន្ត។
    • ចៀសវាងការនៅក្បែរនឹងអ្នកជំងឺដែលកើតរោគផ្តាសាយ និងមិនគួរប្រើប្រាស់របស់រួមគ្នា ដូចជាកន្សែង​ជូតមុខ កែវទឹក ចាន ឬស្លាបព្រា ជាដើមឡើយ។
    • គួរនៅក្នុងទីកន្លែងដែលមានខ្យល់អាកាសចេញចូលល្អ មិនគួរចូលទៅក្នុងកន្លែងដែលមានមនុស្ស​ច្រើនណែន​​​ណាន់តាន់តាប់ឡើយ។
    • បើកើតជំងឺគ្រុនផ្តាសាយធម្មតា ឬគ្រុនផ្តាសាយធំ គួរមានក្រណាត់ម៉ាស់ខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ និងកុំទៅប្រឡូកជាមួយអ្នកដទៃ។
    • ចៀសវាងការជក់បារី ផឹកស្រា។ល។
    • គួរលាងដៃឱ្យបានញឹកញាប់ដោយប្រើសាប៊ូធម្មតា រយ:ពេល 15វិនាទី ដើម្បីការពារការប៉ះពាល់មេរោគនៅតាមទីកន្លែងសាធារណៈផ្សេងៗ ដោយមិនដឹងខ្លួន ដូចជា បង្កាន់ដៃជណ្តើរ ដៃទ្វារ តុ កៅអី ឬកែវទឹក ជាដើម។
    • ក្នុងអំឡុងពេលដំណើរកម្សាន្ត គួរមើលថែទាំរាងកាយឱ្យបានកក់ក្តៅជាប់ជានិច្ច ជាពិសេសបំផុតនៅក្នុងទី​កន្លែងដែលមានធាតុអាកាសប្រែប្រួល ឬបើធាតុអាកាសត្រជាក់ខ្លាំង គួរស្លៀកខោអាវក្រាស់ៗ ពាក់ស្រោមដៃ ស្រោមជើង និងពាក់មួក និងបន្ទាប់ពីងូតទឹករួច គួរលាបឡេថែបំប៉នស្បែកផង។
    • ក្នុងករណីដែលមានបញ្ហាប្រេះ ឬក្រៀមបបូរមាត់ គួរលាបដោយក្រែមលីបបាមល៍ និងមិនគួរលិទ្ធបបូរមាត់ញឹកញាប់ឡើយ។
    • សម្រាប់អ្នកដែលមានជំងឺប្រចាំកាយ ត្រូវយកថ្នាំទៅជាមួយ ដើម្បីទុកពិសាតាមវេជ្ជបញ្ជាផង។

    ចំណែកឯជំនឿដែលនាំគ្នាជឿថា ការញ៉ាំស្រាអាចធ្វើឱ្យបាត់រងានោះ ​ គ្រូពេទ្យជំនាញបានបញ្ជាក់​ថា គឺជាជំនឿមួយដែលមិនត្រឹមត្រូវទេ ព្រោះទោះជាការញ៉ាំស្រាចូលទៅថ្មីៗ វាអាចធ្វើឱ្យសរសៃឈាមតូចៗនៅក្រោមស្បែក​ពង្រីក​​ខ្លួន រហូតធ្វើឱ្យយើងមានអារម្មណ៍ថា ខ្លួនប្រាណឡើងក្តៅភាយៗមែន តែកម្ដៅនោះនឹងត្រូវបន្សាយចេញពីរាងកាយច្រើនឡើងដោយមិនដឹងខ្លួនដែរ ជាហេតុធ្វើឱ្យសីតុណ្ហភាពរបស់រាងកាយថយចុះដដែល។ បើញ៉ាំស្រាក្នុងបរិមាណច្រើន ឥទ្ធិពលរបស់ជាតិអាល់កុលនឹងទៅសណ្តំប្រព័ន្ធប្រសាទផ្នែកកណ្តាល ធ្វើឱ្យមានអាការស្រវឹង អាចនឹងលង់លក់ទៅដោយមិនដឹងខ្លួន ហើយបើមានគ្រឿងដណ្តប់ខ្លួនប្រាណមិនបានកក់ក្តៅគ្រប់គ្រាន់ផងនោះ រាងកាយដែលហាលខ្យល់ត្រជាក់យូរនោះអាចនឹងធ្វើឱ្យស្លាប់បាត់បង់ជីវិតបាន ។

    ដូច្នេះ សូមកុំភ្លេចត្រៀមសុខភាពរាងកាយឱ្យបានស្រេច មុននឹងចេញទៅប៉ះនឹងខ្យល់រងានារដូវដើមឆ្នាំថ្មី​នេះ!៕

  • WHO ថា វ៉ាក់សាំងជិត 1 ​ពាន់​លាន​ដូស ​ត្រូវ​បាន​បញ្ជា​ទិញរួចហើយ សម្រាប់ផ្គត់ផ្គង់ដល់បណ្ដាប្រទេសក្រីក្រ

    WHO ថា វ៉ាក់សាំងជិត 1 ​ពាន់​លាន​ដូស ​ត្រូវ​បាន​បញ្ជា​ទិញរួចហើយ សម្រាប់ផ្គត់ផ្គង់ដល់បណ្ដាប្រទេសក្រីក្រ

    គិត​មកដល់​ព្រឹក​ថ្ងៃទី 14ធ្នូ ឆ្នាំ2020នេះ ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 72,638,964នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ចំនួន 1,618,750 នាក់​បាន​ស្លាប់ និង 50,859,438 នាក់​បានជា​សះស្បើយ ខណៈ 20,160,776 នាក់​កំពុង​ទទួល​ការព្យាបាល​ដោយសារ​បាន​ឆ្លង​វីរុស​នេះ។

    ដោយឡែក កម្ពុជា បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 359នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 309នាក់ និង 50នាក់​ផ្សេងទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ក្នុង​រយៈ​ពេល 24​ម៉ោង​ចុង​ក្រោយ​នេះ កម្ពុជា​​មាន​អ្នក​ជំងឺ​ចំនួន​ 2​នាក់ បាន​ជា​សះស្បើយ​​ និង​មិន​មាន​អ្នក​វិជ្ជមាន​ថ្មី​នោះ​ទេ​។

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពី​ថ្ងៃទី 12ធ្នូ បានឱ្យដឹងថា វ៉ាក់សាំង​ដែលមាន​សក្ដានុពល​ជិត1ពាន់​លាន​ដូ​ស ត្រូវបាន​បញ្ជា​ទិញ​ជាមុន (pre-order) រួចហើយ ដើម្បី​ធានា​ឱ្យបាន​ប្រាកដថា បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម នឹង​ទទួលបាន​ការផ្គត់ផ្គង់​គ្រប់គ្រាន់​ទៅតាម​កម្មវិធី COVAX។

    COVAX គឺជា​កម្មវិធី​ដែល​ត្រូវបាន​បង្កើតឡើង​ដំបូង​ដោយ​អង្គការ​សុខភាព​ពិភពលោក ដោយមាន​គោលដៅ​បែងចែក​វ៉ាក់សាំង Covid-19 ឱ្យបាន​រហ័ស និង​ស្មើភាព​គ្នា​នៅ​ទូទាំង​សកលលោក បន្ទាប់ពី​វ៉ាក់សាំង​នេះ​ត្រូវបាន​ទទួលស្គាល់ និង​ចាប់ផ្ដើម​ដាក់លក់​ក្នុង​ទីផ្សារ៕

    ប្រភព៖ Reuters/ AFP

  • បិតា-មាតាត្រូវចិញ្ចឹមកូនឱ្យក្លាយជា មនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

    បិតា-មាតាត្រូវចិញ្ចឹមកូនឱ្យក្លាយជា មនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

    សង្គមយើងបច្ចុប្បន្ននេះ ផ្លាស់ប្តូរខុសពីមុនច្រើនណាស់​ ការជួយយកអាសារគ្នា ការចែករំលែក ការអាណិតមេត្តាចំពោះគ្នាទៅវិញទៅមកដូចកាលពីអតីតកាលនោះ ស្ទើរតែលែងឃើញមានទៅហើយ ថ្ងៃនេះ ឡារ៉ែន សូមជូននូវអត្តបទដាស់ស្មារតីមួយ​សម្រាប់លោកឪពុក-អ្នកម្តាយ ឬអាណាព្យាបាលសម័យថ្មីនេះ ក្នុងការចិញ្ចឹមមើលថែកូនចៅថា តើគួរធ្វើ​បែបណាដើម្បីឱ្យសង្គមរបស់​យើងរស់នៅ​ជុំ​គ្នាបានយ៉ាងសុខសប្បាយ ចេះសណ្តោសប្រណី ចេះអាណិតមេត្តាចំពោះគ្នាទៅវិញទៅមក ព្រមទាំងបង្ហាត់កូនឱ្យចេះធ្វើអំពើល្អ និង​អាណិត​ស្រឡាញ់​កូនឱ្យស្មើៗគ្នា ផ្តល់នូវភាពយុត្តិធម៌ដល់កូន ដើម្បីឱ្យកូនៗរបស់យើងបានរៀនយល់ដឹង និងប្រតិបត្តិតាមដូចខាង​ក្រោម ៖

    1.ពេលកូននៅជាទារក ឪពុកម្តាយត្រូវយល់ដឹងអំពីកូនជាមុន

    តាំងពីពេលកូនស្ថិតក្នុងវ័យមិនទាន់ចេះនិយាយ មិនទាន់អាចប្រាប់បានថា គេត្រូវការអ្វី ឬចង់បានអ្វីនោះ ឪពុកម្តាយមួយចំនួន ពូកែខ្លាំងណាស់ បានឮត្រឹមតែសំឡេងកូនយំ ក៏អាចដឹងបានភ្លាមថា កូនចង់ឱ្យឪពុកម្តាយឱប ឬឃ្លាន ឬរងារ ឬអផ្សុក ចង់ឱ្យប៉ាម៉ាក់​លេង​​​ជាមួយ ជាដើម។ នេះគឺការស្មានដឹងពីចិត្តរបស់កូន ហើយបើកូនបានទទួលការតបស្នងតាមតម្រូវការក្នុងចំណុចដំបូងៗនេះផងនោះ កូននឹងមានអារម្មណ៍ដឹងនិងស្គាល់ពី “ដួងចិត្ត” របស់ប៉ាម៉ាក់បានដូចគ្នា ដូចដែលគេនិយាយថា ចេញពីបេះដូងមួយ ចូលទៅបេះដូងមួយទៀត ហ្នឹងឯង។ នៅពេលកូនធំឡើង ការបង្ហាត់បង្រៀននឹងប្រែប្រួលទៅតាមអាយុ ដូចជាពេលកូនច្បងអាយុបាន 3ឆ្នាំ កូនច្បងចេះលួងលោមបំពេរលួងលោម ពេលប្អូនដែលមានអាយុ 7-8ខែស្រែកយំជាដើម គឺជាការបង្ហាញឱ្យឃើញពីចំណុចដើមទីនៃព្រហ្មវិហារធម៌ទាំង 4 របស់កូនតូចវ័យ 3ឆ្នាំ។ ម្តាយគួរពោលពាក្យ​សរសើរថា “កូនចិត្តល្អណាស់ ត្រូវអាណិតប្អូនណា៎…” ពេលនោះកូននឹងកាន់តែអភិវឌ្ឍអារម្មណ៍បែបនេះច្រើនឡើងនៅពេលគេធំឡើងមិនខាន។

    2.ជជែកលេង និងនិយាយរឿងជាមួយកូនឱ្យបានច្រើន

    ដូចជាម្តាយរៀបរាប់ពីឧទាហរណ៍របស់មនុស្សល្អដែលចេះជួយដល់អ្នកដទៃដោយការលះបង់កន្លែងអង្គុយរបស់ខ្លួននៅក្នុងរថយន្តក្រុង ​​ឱ្យទៅលោកយាយចំណាស់ម្នាក់ដែលឈរតោងបង្កាន់ដៃ(គ្មានកន្លែងអង្គុយ) ឬប៉ូលីសដែលយាមនៅមុខសាលារៀនដឹកដៃនាំស្រ្តីម្នាក់ និងកូនដើរឆ្លងថ្នល់ ឬក៏អ្នកបើកឡានតាក់ស៊ីយកកាបូបលុយដែលភ្ញៀវភ្លេចនៅក្នុងឡាន​ ទៅឱ្យម្ចាស់គេវិញជាដើម។ រឿងទាំងអស់នេះ អ្នកម្តាយគួរនិយាយសរសើរពីពួកគេទាំងនោះឱ្យកូនបានស្តាប់ផងដែរ។

    3.បងប្អូនក្នុងវ័យ 2-3ឆ្នាំ តែងតែឈ្លោះគ្នាដណ្តើមរបស់លេងជារឿងធម្មតា

    វ័យ Toddler ហៅថា ជាវ័យ “It’s mine” អ្វីៗក៏ជារបស់ខ្ញុំដែរ គឺក្មេងៗមានភាពអត្មានិយមខ្ពស់ណាស់។ “ខ្ញុំរើសបាន វាជារបស់ខ្ញុំ” អ្នកណាចង់យកទៅណា មិនបានទេណា៎ តែបើវាបែកបាក់ហើយ លែងល្អហើយនោះ “វាមិនមែនជារបស់ខ្ញុំទេ”។ ទាំងអស់​នេះ ដោយសារតែកុមារដែលស្ថិតក្នុងវ័យនេះ ខួរក្បាលកំពុងវិវឌ្ឍទៅមុខលឿន តែការត្រិះរិះគិតដោយហេតុផល ទៅតាមមិនទាន់ ប្រៀបដូចឡានថ្មី ម៉ាស៊ីនខ្លាំង តែហ្រ្វាំងមិនទាន់ធ្វើការអុីចឹងដែរ ទើបធ្វើឱ្យកើតសង្គ្រាមដណ្តើមរបស់លេង ឬដណ្តើមម៉ាក់គ្នាឡើងជារៀងរាល់ថ្ងៃ តែនៅពេលធំទៅ ពួកគេនឹងល្អឡើងវិញដោយឯកឯង បើសិនអ្នកម្តាយប្រាប់ថា “ផ្លាស់គ្នាលេងម្តងម្នាក់ក៏បានដែរកូន” ឬបងទៅអានរឿងនិទានជាមួយម៉ាក់ ទុកឱ្យប្អូនលេងមុនទៅ បន្តិចទៀតចាំផ្លាស់គ្នាលេង។ កូនស្រីបងអាយុ 3 -4ឆ្នាំដែលសុខចិត្តចុះចាញ់ប្អូននោះ ភ្នែកឡើងក្រហម ពេបមាត់ចង់យំ អ្នកម្តាយគួរពោលសរសើរថា “កូនជាក្មេងល្អណា៎កូន” ព្រមទាំងឱបថើបកូនផង និងលួងលោមថា បន្តិចទៀត ប្អូននឹង​យក​តម្រាប់តាម និងធ្វើតាមបងមិនខាន។ នេះគឺជាចំណុចចាប់ផ្តើមនៃការធ្វើជាមនុស្សល្អ ដូចគ្នានឹង​ពេលដែលកូន​ទៅសាលាមត្តេយ្យ​ ជួបនឹងពួកម៉ាកដែលមិនស្រួលខ្លួន ក៏នឹងដឹកដៃពួកម៉ាកនោះទៅរកអ្នកគ្រូ ជាដើម។ នោះបញ្ជាក់ថា កូនចេះមានចិត្តអាណិតមេត្តាដ៏ប្រពៃហើយ ចេះអាណិត​ពួក​ម៉ាកដែលឈឺ ឬដែលមានមាឌតូចជាងខ្លួនជាដើម។

    4.បង្រៀនកូនឱ្យនិយាយពាក្យពីរោះៗ

    មានបិយវាចា(សម្តីគួរឱ្យស្រឡាញ់ សម្តីសុភាព) ចេះពោលពាក្យជម្រាបសួរ សាធុ សុំទោសនៅពេលធ្វើខុស និងអរគុណព្រមជាមួយការលើកដៃសំពះយ៉ាងស្អាត និងបង្អោនខ្លួនចុះ រួមទាំងចេះឱនលំទោនជាមួយមនុស្សចាស់ កូននឹងក្លាយជាក្មេងដ៏គួរឱ្យស្រឡាញ់ចូលចិត្តរបស់អ្នកដែលបានឃើញ និងទទួលបានការសរសើរថា ជាក្មេងដែលមានការអប់រំល្អ។

    5.បង្ហាត់កូនឱ្យស្គាល់គំរូល្អៗតាមបែបខ្មែរ

    ថ្ងៃចូលឆ្នាំខ្មែរមហាសង្រ្កាន្ត ថ្ងៃចូលឆ្នាំថ្មីសកល ថ្ងៃខួបកំណើតរបស់ចាស់ទុំ នាំកូនទៅក្រាបសំពះលោកតា លោកយាយចាស់ៗ ទៅធ្វើបុណ្យជាមួយគ្នា ឱ្យកូនៗជួយប៉ាម៉ាក់រៀបចំរបស់របរទៅធ្វើបុណ្យ ឬរៀបចំរបស់របរទៅសួរសុខទុក្ខចាស់ៗ ជាដើម។

    6.កុមារបឋមវ័យត្រូវចេះជួយកាងារខ្លះទៅតាមវ័យរបស់កូន

    គេនឹងមានចិត្តអាសាស្ម័គ្រ និងមានចិត្តមេត្តាអ្នកដទៃនៅពេលធំឡើង ដូចជាធ្វើកិច្ចការងារតូចតាចនៅក្នុងផ្ទះ ជួយបង ប្អូន និងប៉ាម៉ាក់។ បង្រៀនឱ្យកូនចេះស្រឡាញ់ធម្មជាតិដោយការដាំដើមឈើ មើលថែទាំដើមផ្កាឱ្យរីកធំធាត់ មើលបក្សីបក្សា មេអំបៅ ដង្កូវ មើលថែទាំសត្វចិញ្ចឹម និងឱ្យចំណីត្រី ជាដើម។

    7.ក្មេងប្រុស ក្មេងស្រី ត្រូវបង្រៀន និងអប់រំឱ្យដូចៗគ្នា

    អ្នកខ្លះយល់ខុសថា ក្មេងប្រុសកុំទៅទន់ជ្រាយពេក​ “ប្រយ័ត្នទៅជាខ្ទើយ” ឱ្យចេះស្វាហាប់ រាងកាចតិចៗ ទើបសមជាមនុស្ស​ប្រុស។ តែការពិតវិញ ភាពទន់ភ្លន់ មិនមែនជាភាពទន់ជ្រាយទេ “អំពើល្អមានមេត្តាចំពោះគ្នា មិនបែងចែកភេទទេ” ព្រោះយើងជាមនុស្សរស់នៅលើផែនដីតែមួយរួមគ្នា។ យើងមិនចូលចិត្តបុរសដែលកាចឃោរឃៅ តែយើងកោតសរសើរបុរសដែលជាមនុស្សល្អ សម្តីពិរោះ មានទឹកចិត្ត​ល្អ មានការប្រព្រឹត្តល្អ ព្រោះយើងត្រូវការមនុស្សល្អនៅក្នុងសង្គម។

    ពិភពលោកនឹងគួរឱ្យរស់នៅសម្រាប់កូនក្នុងពេលនេះ និងក្នុងពេលអនាគតដែលមានភាពរីកចម្រើនយ៉ាងខ្លាំងខាងផ្នែកតិចណូឡូជី និងសភាពជុំវិញខ្លួនដែលកាន់តែកាចសាហាវខ្លាំងឡើង បើកូនមានប្រព័ន្ធការពារល្អខាងផ្លូវចិត្ត ជាមនុស្សល្អ កូននឹង​មានជីវិតរស់នៅប្រកបដោយសេចក្តីសុខ និងអាចជួយយកអាសាអ្នកដទៃបានទៀតផង៕

  • កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី ចំនួន 2ករណី​ទៀតហើយ!

    កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី ចំនួន 2ករណី​ទៀតហើយ!

    ក្នុង​រយៈពេល 24ម៉ោង​កន្លងទៅនេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 2នាក់​បន្ថែមទៀត ដែលជា​ករណី​នាំចូល។

    ករណី​វិជ្ជមាន​ចំនួន 2នាក់​នេះ​រួមមាន៖

    ទីមួយ៖ បុរស​ជនជាតិ​ហ្ស៊​កដា​នី អាយុ 47ឆ្នាំ ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ហ្ស៊​កដា​នី ឆ្លងកាត់​តាម​កូរ៉េខាងត្បូង មុននឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី10ធ្នូ 2020។

    ទី​ពីរ៖ បុរស​ជនជាតិខ្មែរ អាយុ 32ឆ្នាំ ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ម៉ាលី បន្ត​ជើងហោះហើរ​នៅ​កូរ៉េខាងត្បូង និង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី11ធ្នូ 2020។

    គិត​មកដល់​ថ្ងៃទី 13ធ្នូ​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 359នាក់ ក្នុងនោះ​មាន 307នាក់​បានជា​សះស្បើយ និង 52នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។


  • ជាង 71លាន​នាក់​បាន​ឆ្លង Covid-19! WHO ព្រមាន​ថា បុណ្យ​ណូអែល​ឆ្នាំនេះ​អាច​ក្លាយជា​មហាទុក្ខ

    ជាង 71លាន​នាក់​បាន​ឆ្លង Covid-19! WHO ព្រមាន​ថា បុណ្យ​ណូអែល​ឆ្នាំនេះ​អាច​ក្លាយជា​មហាទុក្ខ

    ពិភពលោក​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ជាង 71លាន​នាក់ ខណៈដែល​បុណ្យ​ណូអែល​ជិត​ចូលមក​ដល់ នាំឱ្យ WHO ព្រមាន​អំពី​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​វីរុស​នេះ នៅ​ចុងឆ្នាំ។

    នៅ​ទូទាំង​ពិភពលោក មនុស្ស​ចំនួន 71,398,029 នាក់​បាន​ឆ្លង Covid-19 ក្នុងនោះ​មាន 1,600,194 នាក់​បាន​ស្លាប់ និង 49,585,375 នាក់​បានជា​សះស្បើយ ខណៈ 20,212,460 នាក់​កំពុង​សម្រាក​ព្យាបាល ក្នុងចំណោម​នេះដែរ ក៏មាន​អ្នកជំងឺ 106,566 នាក់​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការស្លាប់​ខ្ពស់។

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អំពាវនាវ​ឱ្យ​គ្រប់គ្នា​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​អំពី​គម្រោង​កំសាន្ត​នៅក្នុង​ឱកាស​បុណ្យ​ណូអែល​ខាងមុខ។ «ឱកាស​ឈប់សម្រាក​ថ្ងៃបុណ្យ​ដើម្បី​ជប់លៀង កំសាន្ត​សប្បាយ ប៉ុន្តែ វា​អាច​ក្លាយទៅជា​សោកនាដកម្ម​យ៉ាង​ឆាប់រហ័ស បើសិន​យើង​មិនមាន​វិធានការ​ទប់ស្កាត់​ត្រឹមត្រូវ» ប្រធាន​អង្គការ WHO លោក Tedros Adhanom Ghebreyesus មានប្រសាសន៍​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ម្សិលមិញ (11ធ្នូ 2020)។

    ប្រធាន​អង្គការ WHO លោក Tedros Adhanom Ghebreyesus

    លោក Tedros បន្ថែមថា «នៅពេល​លោកអ្នក​ជប់លៀង កំសាន្ត​សប្បាយ​នា​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ សូម​ពិចារណា​ឱ្យបាន​ល្អិត​ស្អ​ន់​អំពី​គម្រោង​នេះ។ បើសិន​អ្នក​រស់នៅក្នុង​តំបន់​ដែលមាន​ហានិភ័យ​ឆ្លង​វីរុស​កម្រិត​ខ្ពស់ ចូរ​អនុវត្ត​វិធានការ​ទប់ស្កាត់​ដើម្បី​រក្សា​សុវត្ថិភាព​សម្រាប់​ខ្លួនឯង និង​អ្នកដទៃ។ កាដូ​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ជូន​ដល់​គ្រួសារ និង​អ្នកដទៃ (នៅក្នុង​ឱកាស​បុណ្យ​ណូអែល) នោះ​គឺ​កាដូ​សុខភាព»៕

    ប្រភព៖ AFP/Reuters

  • សញ្ញាអាក្រក់ចំពោះសុខភាព មិនមែនគ្រាន់តែជាសញ្ញាគំរាមលេងៗទេ

    សញ្ញាអាក្រក់ចំពោះសុខភាព មិនមែនគ្រាន់តែជាសញ្ញាគំរាមលេងៗទេ

    មុននឹងកើតរឿងហេតុធំឡើង វាតែងតែមានសញ្ញាប្រកាសអាសន្នប្រាប់ជាមុនមិនខាន ប្រៀបដូចមុននឹងកើតមានព្យុះរលកស៊ូណាមិ គេតែងឃើញមានត្រីសមុទ្រទឹកជ្រៅហែលគេចពីសេចក្តីស្លាប់មកទើលើឆ្នេរខ្សាច់អ៊ីចឹងដែរ ចំណែករោគចង្រៃ និងរោគប្លែកៗដែលកើតឡើង នឹងធ្វើឱ្យយើងភិតភ័យដូចគ្នានឹងគ្រានោះដែរ។ ការពិតទៅ វាមិនមែនជាការវាយលុកចូលមកមិនឱ្យយើងដឹងខ្លួននោះទេ តែដោយសារតែយើងបណ្តាយខ្លួនឱ្យក្លាយជាភ្នាក់ងារទទួលមេរោគដោយខ្លួនឯងទៅវិញទេ។

    មុនកើតជំងឺចង្រៃនៅក្នុងរាងកាយយើង វាច្រើនតែមកសម្ងំពង្រីកខ្លួនយ៉ាងរីករាយនៅក្នុងខ្លួនយើងមុនមួយរយៈរួចមកហើយ មិនមែននៅស្ងៀមៗវាកើតឡើងតែម្តងនោះទេ ឧទាហរណ៍ដែលមើលឃើញច្បាស់នោះគឺ ជំងឺមហារីក ទំរាំតែរីកធំឡើងក្លាយជាដុំសាច់ដែលយើងស្ទាបដឹងនោះ វាត្រូវពង្រីកខ្លួនបង្កើតកូនចៅរាប់លានក្បាល រហូតចូលទៅនៅក្នុងសរសៃឈាមបានហើយ ទើបដុះចេញមកជាដុំសាច់ឱ្យយើងមើលឃើញនោះ។

    សញ្ញាប្រកាសអាសន្នទាំងនេះ លោកអ្នកអាចប្រើការសង្កេតមើលខ្លួនឯងក៏បាន មិនពិបាកឡើយ ដូចជា៖

    1. លែងចង់ញ៉ាំអាហារ
    2. ចុះស្គមខុសប្រក្រតី(ទម្ងន់ខ្លួនស្រកចុះជាង 2គីឡូក្រាមក្នុង 1ខែ)
    3. ឆាប់មួម៉ៅ អារម្មណ៍ងាយប្រែប្រួល
    4. ចុករួយតាមរាងកាយគួរឱ្យរំខាន
    5. ងឿងក្បាលបែបមិនស្រឡះសោះ
    6. មានអាការគ្រុនបែបក្តៅៗរងាៗ
    7. មុខមាត់ត្រចៀកមើលទៅឡើងក្រហម ហាក់ដូចជាមានកម្តៅក្តៅគគុកនៅក្នុងរាងកាយ។

    សរុបងាយៗថា បើនៅសុខៗមានភាពប្រែប្រួលដែលមិនធ្លាប់កើតមានកើតឡើង មិនថាតែចំពោះរាងកាយ ឬសូម្បីតែក្នុងអារម្មណ៍ និងផ្លូវចិត្តក៏ដោយនោះ សម្តែងថា ច្បាស់ជាមាន “ហេតុភេទ” មិនល្អអ្វីម្យ៉ាងកើតឡើងហើយ ដូច្នេះវាជាតួនាទីរបស់យើងហើយដែលត្រូវតែស្វែងរក “ជនពាល” នោះឱ្យឃើញយ៉ាងឆាប់រហ័ស កុំបណ្តោយឱ្យវានៅសម្ងំពង្រីកខ្លួនក្នុងរាងកាយរបស់យើងរហូតដល់កើតបញ្ហាធំលែងអាចព្យាបាលបានឱ្យសោះ៕

  • វ៉ាក់សាំងប្រឆាំង​ Covid-19 របស់​វៀត​ណាម នឹងត្រូវ​ផលិត​ជា​ផ្លូវការ​ចាប់ពី​ខែឧសភា2021 បើសិន​ពិសោធ​លើ​មនុ​ស្សបាន​ជោគជ័យ​ដូច​នៅលើ​សត្វ

    វ៉ាក់សាំងប្រឆាំង​ Covid-19 របស់​វៀត​ណាម នឹងត្រូវ​ផលិត​ជា​ផ្លូវការ​ចាប់ពី​ខែឧសភា2021 បើសិន​ពិសោធ​លើ​មនុ​ស្សបាន​ជោគជ័យ​ដូច​នៅលើ​សត្វ

    បន្ទាប់ពី​ដំណើរការ​កម្មវិធី​ពិសោធន៍​វ៉ាក់សាំង Covid-19 ដែលមាន​ឈ្មោះថា Nanocovax នៅលើ​មនុស្ស​ដំណាក់កាល​ទីមួយ វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​យោធា​របស់​វៀតណាម ទទួលបាន​ពាក្យ​ចុះឈ្មោះ​ចូលរួម​ពី​អ្នកស្ម័គ្រចិត្ត​ចំនួន​ជាង 100នាក់។

    ក្រោយពី​បាន​ចុះឈ្មោះ ក្រុម​អ្នក​ស្ម័គ្រ​នឹងត្រូវ​បាន​ចម្រាញ់ ដោយ​ការប្រើប្រាស់​លក្ខខណ្ឌ​ចំនួន 5 រួមមាន អាយុ និង​សុខភាព។ល។ ហើយ​បន្ទាប់មក នឹងត្រូវ​បាន​បែង​ចែកជា​ក្រុម និង​ចាក់​វ៉ាក់សាំង រួចហើយ​ធ្វើការ​តាមដាន​សុខភាព។

    បន្ទាប់ពី​ត្រូវបាន​ជ្រើសរើស អ្នកស្ម័គ្រចិត្ត​នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​នៅក្នុង​ថ្ងៃ​ជ្រើសរើស​នោះ​តែម្ដង។ តាម​គម្រោង ការចាក់​វ៉ាក់សាំង​ពិសោធន៍​ដំបូង​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 17 ខែធ្នូ​ខាងមុខ។

    អនុប្រធាននាយកដ្ឋាន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​បណ្ដុះបណ្ដាល នៃ​ក្រសួងសុខាភិបាល​វៀតណាម បានឱ្យដឹងថា ការពិសោធ​លើ​មនុស្ស​ដំណាក់កាល​ដំបូង​នឹងមាន​ការវាយតម្លៃ​លើ​សុវត្ថិភាព និង​ការវាយតម្លៃ​ជា​លើ​កបំ​បូ​ង​អំពី​សមត្ថភាព​នៃ​ការបង្កើត​អង្គ​ប​ដិ​ប្រាណ​របស់​វ៉ាក់សាំង។

    វ៉ាក់សាំង Covid-19 «made in Vietnam» នឹងត្រូវ​ផលិត​ជា​ផ្លូវការ​ចាប់ពី​ខែឧសភា2021 បើសិន​ពិសោធ​លើ​មនុ​ស្សបាន​ជោគជ័យ​ដូច​នៅលើ​សត្វនៅពេល​បានបញ្ចប់​ការធ្វើ​តេស្ត​វ៉ាក់សាំង​លើ​មនុស្ស​ក្នុងដំណាក់កាល​ទីមួយ ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹង​អាច​វាយតម្លៃ​បាន​ថា បរិមាណ​ថ្នាំ​កម្រិតណា​មាន​សុវត្ថិភាព​បំផុត រួម​នឹង​សមត្ថភាព​នៃ​ការបង្កើត​អង់​ទី​ក័​រ ក៏ដូចជា​ការប្រមូល​ទិន្នន័យ​ដំបូង​ដើម្បី​ឈានដល់​ការពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​ពីរ។ ដំណាក់កាល​ទី​ពីរ​នឹងត្រូវ​ប្រើប្រាស់​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ដំណាក់កាល​ទីមួយ​ដើម្បី​អនុវត្ត និង​បន្ថែម​ក្រុម​គោលដៅ​ជា​កុមារ​អាយុ​ក្រោម 12ឆ្នាំ ឬ​មនុស្ស​ចាស់​អាយុ​ចាប់ពី 60ឆ្នាំ​ឡើងទៅ។

    លោក Ho Nhan អគ្គនាយក​នៃ​ក្រុមហ៊ុន​អភិវឌ្ឍ​ឱសថ Nanogen ដែលជា​អ្នកស្រាវជ្រាវ​រកឃើញ​វ៉ាក់សាំង Nanocovax បាន​និយាយថា លទ្ធផល​នៃ​ការពិសោធ​វ៉ាក់សាំង Covid-19 នៅលើ​សត្វ​កណ្ដុរ ស្វា និង​ទន្សាយ នៅឯ​វិទ្យាស្ថាន​ជាតិ​អនាម័យ​និង​រោគរាតត្បាត បានទទួល​លទ្ធផល​ល្អ។

    បើសិនជា​ការពិសោធ​នៅលើ​មនុស្ស ប្រព្រឹត្ត​ទៅដោយ​រលូន ដូច​ការពិសោធ​នៅលើ​សត្វ នោះ​ក្រុមហ៊ុន Nanogen នឹង​អាច​បញ្ចប់​ការពិសោធ​របស់ខ្លួន​នៅក្នុង​ខែឧសភា ឆ្នាំ2021 និង​ដាក់​ពាក្យសុំ​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ដើម្បី​ផលិត​វ៉ាក់សាំង​នេះ​ជាបន្ទាន់។

    វ៉ាក់សាំង Covid-19 «made in Vietnam» នឹងត្រូវ​ផលិត​ជា​ផ្លូវការ​ចាប់ពី​ខែឧសភា2021 បើសិន​ពិសោធ​លើ​មនុ​ស្សបាន​ជោគជ័យ​ដូច​នៅលើ​សត្វNanocovax គឺជា​វ៉ាក់សាំង​ប្រឆាំង Covid-19 ដំបូង​របស់​វៀតណាម ដែល​បាន​ពិសោធ​នៅលើ​មនុស្ស។ បច្ចុប្បន្ន ប្រទេស​នេះ​នៅមាន​បេក្ខភាព​វ៉ាក់សាំង Covid-19 ចំនួន 3 ទៀត ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ពិសោធន៍​នៅលើ​សត្វ៕

    ប្រភព៖ VNexpress

  • យុគសម័យថ្មីនេះ ការបង្ហាត់កូនតូចចាប់ពីវ័យ 1ខួបឡើង ឱ្យចេះជួយខ្លួនឯង គឺជារឿងដែលឪពុកម្ដាយត្រូវធ្វើ

    យុគសម័យថ្មីនេះ ការបង្ហាត់កូនតូចចាប់ពីវ័យ 1ខួបឡើង ឱ្យចេះជួយខ្លួនឯង គឺជារឿងដែលឪពុកម្ដាយត្រូវធ្វើ

    កូនតូចក្នុងវ័យ 1ខួបឡើងទៅ អ្នកម្តាយអាចបង្ហាត់ឱ្យគេចេះជួយខ្លួនឯងក្នុងរយៈដំបូងបានខ្លះហើយ មិនថាតែការញ៉ាំ​អាហារ ឬការប្រមូលរៀបចំចានដែលញ៉ាំរួចហើយជាដើម ទោះជាក្មេងនៅក្នុងវ័យនេះនៅមានសាច់ដុំតូចៗដែលមិនទាន់រឹងមាំ និងចាប់កាន់របស់របរអ្វីមិនទាន់ជាប់មាំក៏ដោយ តែការបង្ហាត់ឱ្យកូនតូចបានចាប់ផ្តើមធ្វើអ្វីដោយខ្លួនឯងនេះ​ មួយផ្នែកគឺ ជាការជួយអភិវឌ្ឍសាច់ដុំតូចៗរបស់គេឱ្យរឹងមាំឡើងបាន។ ឪពុក-ម្តាយខ្លះគិតថា កូនតូចអាយុត្រឹមតែប៉ុណ្ណឹង នៅមិនទាន់ដល់ពេលទេ ខ្លាចថា ​បើបណ្តោយឱ្យកូនតូចធ្វើអ្វីមួយដោយខ្លួនឯង វាអាចនឹងកំពប់ និងប្រឡេកប្រឡាក់ខ្លួនអស់ តែលោកអ្នកដឹងទេថា លោកអ្នកកំពុងតែយល់ខុសហើយ…។

    “ការបណ្តោយឱ្យកូនតូចចេះជួយខ្លួនឯងនេះ នឹងរឹតតែធ្វើឱ្យកូនមានវិវឌ្ឍនាការរបស់សាច់ដុំតូចៗនោះកាន់តែរឹងមាំឆាប់រហ័សឡើង ហើយលទ្ធផលបន្ទាប់ដែលទទួលបានពីការបង្ហាត់ឱ្យកូនធ្វើអ្វីដោយខ្លួនឯងនេះ នឹងធ្វើឱ្យកូនមានភាពទទួលខុសត្រូវ និងស្គាល់ពីតួនាទីរបស់ខ្លួនឯងទៀតផង”

    នៅពេលកូនដល់វ័យចូលរៀន ឪពុក-ម្តាយគួរឱ្យកូនចេះមើលថែទាំខ្លួនឯងខ្លះផង ដូចជាស្លៀកពាក់ដោយខ្លួនឯងមិនថាតែការបិទឡេវខោ ឡេវអាវ ឬពាក់ស្រោមជើង និងស្បែកជើងដោយខ្លួនឯង និងរៀបចំកាតាបដាក់សៀវភៅខ្លួនឯង ជាដើម។ អ្វីផ្សេងៗទាំងអស់នេះ នឹងជួយអភិវឌ្ឍជាបន្ត ឱ្យកូនចេះប្រើប្រព័ន្ធប្រសាទការប៉ះពាល់ រួមជាមួយសាច់ដុំដុំតូចៗ ដោយឱ្យខួរក្បាលជាអ្នកដឹកនាំ​ក្នុងការគិត ​ធ្វើឱ្យកូនចេះគិតជាប្រព័ន្ធ យល់ពីអ្វីគួរធ្វើមុន ឬក្រោយ រៀនយល់ដឹងក្នុងការកែបញ្ហាចំពោះមុខបាន និងមានភាពត្រៀមជានិច្ចក្នុងការរៀនយល់ដឹងពីអ្វីដែលថ្មីៗ និងគួរបង្ហាត់ឱ្យកូនធ្វើរៀងរាល់ថ្ងៃ រហូតក្លាយជាមុខនាទីដែលគេត្រូវទទួលខុសត្រូវ។

    កុមារដែលមិនចេះជួយខ្លួនឯងសោះ ច្រើនតែមានឧបនិស្ស័យអត្មានិយម ទើបធ្វើឱ្យមិនមានភាពត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីអ្វីដែលថ្មីៗ ការសម្រេចចិត្តចំពោះមុខភ្លាមៗក៏មិនពូកែ ព្រោះមិនដែលរៀនយល់ដឹងក្នុងការកែបញ្ហា មិនចេះស៊ូទ្រាំចំពោះក្តីលំបាកលំបិនព្រោះមិនធ្លាប់ធ្វើអ្វីបានដោយខ្លួនឯង មានតែអ្នកធ្វើឱ្យជានិច្ច និងខ្វះជំនាញក្នុងការចូលសង្គមនៅថ្ងៃអនាគតទៀតផង៕

  • ប្រយោជន៍របស់ផ្លែទទឹម

    ប្រយោជន៍របស់ផ្លែទទឹម

    ផ្លែទទឹមឧត្តមសម្បូរទៅដោយគុណប្រយោជន៍ជាច្រើន ពេលនេះយើងនាំគ្នាមកមើលពីគុណប្រយោជន៍របស់ផ្លែទទឹមវិញប្រសើរជាង…។

    1. ផ្លែទទឹម មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីច្រើនប្រភេទ ដែលមានប្រសិទ្ធភាពខ្ពស់ណាស់។
    2. ទឹកផ្លែទទឹមដែលចម្រាញ់ចេញគ្រាប់ផ្លែទទឹម ក្រៅពីមានក្លិនក្រអូបគួរឱ្យចង់ញ៉ាំហើយនោះ នៅសម្បូរទៅដោយវិតាមីន A , C , E និងសារធាតុដែក កាល់ស្យូម និងម៉ាញេស្យូម ជាសារធាតុសំខាន់ដែលរាងកាយត្រូវការទៀតផង។
    3. អាចកាត់បន្ថយសភាវការប្រមូលសន្សំជាតិខ្លាញ់ក្នុងជញ្ជាំងសរសៃឈាម ការពាររោគបេះដូងខ្វះឈាម។
    4. ធ្វើឱ្យសរសៃឈាមដែលក្រាស់ បន្ថយកម្រាស់ចុះ និងកាត់បន្ថយជាតិខ្លាញ់មិនល្អដែលប្រមូលសន្សំនៅក្នុងសរសៃឈាមទៀតផង។
    5. បើយកទឹកផ្លែទទឹមប្រមាណ 1ស្លាបព្រាកាហ្វេ មកលាបនៅលើផ្ទៃមុខ ទុកចោល 10នាទី ហើយលាងចេញដោយទឹកត្រជាក់ និងធ្វើបែបនេះជាប់ប្រចាំនោះ ស្បែកមុខរបស់អ្នកនឹងឡើងតឹងណែន និងមើលទៅឃើញកាន់តែក្មេងជាងវ័យឡើងទៀតផង ។
    6. បំប៉នបេះដូងចំពោះអ្នកដែលកើតជំងឺបេះដូងខ្វះឈាម ដោយបង្កើនការហូរវិលនៃឈាមឱ្យល្អឡើង។
    7. អាចជួយការពារស្បែកពីការបំផ្លាញរបស់កាំរស្មី អ៊ុលត្រា វីយ៉ូឡេ(UV) បាន។
    8. ជួយពង្រឹងគ្រោងសាងសាច់ភ្នាសក្រោមស្រទាប់ស្បែក។
    9. បញ្ចុះសម្ពាធឈាម បានប្រមាណ 5ភាគរយ។
    10. បំប៉នថ្លើម ការពារការកើតជាតិពុលចំពោះថ្លើមបាន។
    11. សារធាតុប្រឆាំងរ៉ាឌីកាល់សេរីរបស់ទឹកផ្លែទទឹម ជួយទប់ស្កាត់មហារីកសុដន់បាន។
    12. សារធាតុចម្រាញ់ចេញពីផ្លែទទឹម ជួយទប់ស្កាត់កោសិកាមហារីកក្រពេញពងស្វាសរបស់បុរសបាន។

    បច្ចុប្បន្ននេះ មនុស្សភាគច្រើនងាកមកយកចិត្តទុកដាក់រឿងសុខភាពកាន់តែខ្លាំងឡើង ហើយទឹកផ្លែទទឹមក៏ជាជម្រើសមួយសម្រាប់អ្នកស្រឡាញ់សុខភាពដែរ សាកល្បងបែរមកញ៉ាំទឹកផ្លែទទឹមជំនួសទឹកភេស្ជជៈកំប៉ុង ឬកាហ្វេវិញម្តង សុខភាពរបស់អ្នកច្បាស់ជាល្អឡើងមិនខាន៕