Category: សុខភាព

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ចំនួន 12 នាក់​បន្ថែមទៀត ក្នុង​រយៈ​ពេល​ 24​ ម៉ោង​ចុង​ក្រោយ​នេះ​

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ចំនួន 12 នាក់​បន្ថែមទៀត ក្នុង​រយៈ​ពេល​ 24​ ម៉ោង​ចុង​ក្រោយ​នេះ​

    ព្រឹក​ថ្ងៃទី 1 ខែមករា ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាសថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 12 នាក់​បន្ថែមទៀត នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នេះ​នៅ​កម្ពុជា​ឡើងដល់ 378 នាក់។

    ​អ្នក​វិជ្ជមាន​ទាំង 12 នាក់​នេះ សុទ្ធ​តែ​ជា​ពលករ​ ពលការិនី​ដែល​បាន​ត្រលប់​មក​ពី​ប្រទេស​ថៃ​។ សម្រាប់​ព័ត៌មាន​លម្អិត​ស្ដីអំពីករណី​វិជ្ជមាន​ទាំង​នេះ​ សូម​អាន​ទិន្នន័យ​ក្នុង​តារាង​របស់​ក្រសួងសុខាភិបាល​កម្ពុជា​ដែល​មាននៅ​ខាងក្រោម​នៃ​អត្ថបទ​នេះ។

    គិត​មកដល់​ថ្ងៃទី 1 ខែមករា ឆ្នាំ 2021 កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 378 នាក់ ក្នុងនោះ​មាន 362 នាក់​បានជា​សះស្បើយ និង 16 នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

  • សិង្ហ​បុរី បានចាប់ផ្ដើម​ចាក់​វ៉ាក់សាំង Covid-19​ ដល់​ពលរដ្ឋ​អាទិភាព

    សិង្ហ​បុរី បានចាប់ផ្ដើម​ចាក់​វ៉ាក់សាំង Covid-19​ ដល់​ពលរដ្ឋ​អាទិភាព

    ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី 30 ខែធ្នូ បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន Pfizer ដល់​ពលរដ្ឋ​របស់ខ្លួន ដោយ​ផ្ដល់​អាទិភាព​ដំបូង​គេ​ដល់​បុគ្គលិក​សុខាភិបាល និង​ពលរដ្ឋ​វ័យ​ចំណាស់។

    តាម​គម្រោង រដ្ឋាភិបាល​ប្រទេស​នេះ​នឹងមាន​វ៉ាក់សាំង​ក្នុង​បរិមាណ​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ 5.7 លាន​នាក់ នៅក្នុង​ត្រីមាស​ទី 3 នៃ​ឆ្នាំ 2021 ក្នុងនោះ ពលរដ្ឋ​សិង្ហ​បុរី និង​ជនបរទេស​ដែល​រស់នៅ​យូរអង្វែង​ក្នុងប្រទេស​នេះ​នឹង​ទទួលបាន​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ។

    គិត​មកដល់​បច្ចុប្បន្ន សិង្ហ​បុរី បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 58,569 នាក់ ក្នុងនោះ​មាន 29 នាក់​បាន​ស្លាប់ និង 58,411 នាក់​បានជា​សះស្បើយ។ ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ សិង្ហ​បុរី​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 27 ករណី​បន្ថែមទៀត។

    នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 នេះ មាន​មនុស្ស​ចំនួន 83,060,556 នាក់​បាន​ឆ្លង​វីរុស Covid-19 ក្នុងនោះ​មាន​អ្នកស្លាប់ 1,812,050 នាក់ និង​អ្នក​បានជា​សះស្បើយ​​ចំនួន 58,862,045 ខណៈ​អ្នក​កំពុង​ព្យាបាល​​ចំនួន 22,386,461 នាក់៕

  • កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី 2 នាក់​បន្ថែមទៀត

    កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី 2 នាក់​បន្ថែមទៀត

    ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស Covid-19 ចំនួន 2 នាក់​បន្ថែមទៀត​កាលពី​ថ្ងៃទី30ខែធ្នូ នាំឱ្យ​តួលេខ​សរុប​នៃ​ករណី​ឆ្លង​នៅ​កម្ពុជា​ឡើងដល់ 366នាក់។

    ករណី​វិជ្ជមាន​ថ្មី​ចំនួន 2 នាក់​ខាងលើនេះ​គឺជា​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ រួមមាន៖ ស្ត្រី​ម្នាក់​អាយុ 36 ឆ្នាំ នៅ​ខេត្តបាត់ដំបង និង​ស្ដ្រី​ម្នាក់ទៀត​អាយុ 33 ឆ្នាំ នៅ​ខេត្ត​ប៉ៃលិន។

    គិត​មកដល់​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 366 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 361 នាក់ និង​អ្នក​កំពុង​ព្យាបាល 5 នាក់។

  • ស្ថានភាព Covid-19 នៅ​កម្ពុជា និង​ពិភពលោក សម្រាប់​ថ្ងៃទី 30ធ្នូ 2020

    ស្ថានភាព Covid-19 នៅ​កម្ពុជា និង​ពិភពលោក សម្រាប់​ថ្ងៃទី 30ធ្នូ 2020

    ពិភពលោក​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ជាង 82,291,830 នាក់ ក្នុងនោះ​កម្ពុ​ជាមាន 364 ករណី។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2020 នេះ កម្ពុជា​បានធ្វើ​តេស្ត​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 364 នាក់ ក្នុងនោះ​មាន 361 នាក់​បានជា​សះស្បើយ និង 3 នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​កាល​ពី​ថ្ងៃទី 29​ ខែ​ធ្នូ បាន​បង្ហាញ​ថា ពុំ​មាន​ករណី​ឆ្លង​ថ្មី​នោះ​ទេ​ ប៉ុន្តែ មាន​អ្នក​ជា​សះ​ស្បើយ​ចំនួន​ 1​ នាក់​បន្ថែម​ទៀត​។ ​កម្ពុជា​ពុំទាន់​មាន​ករណី​បាត់បង់​ជីវិត​ដោយសារ​ការឆ្លង​វីរុស Covid-19 នៅឡើយ។

    នៅ​ទូទាំង​ពិភពលោក​ឯណោះ​វិញ គិត​ត្រឹម​ព្រឹក​នេះដែរ មាន​អ្នក​វិជ្ជមាន​សរុប​ចំនួន 82,291,833 នាក់ ក្នុងនោះ​មាន​អ្នកជំងឺ 1,795,172 នាក់​បាន​ស្លាប់ និង58,311,965 នាក់​បានជា​សះស្បើយ ខណៈដែល​អ្នកជំងឺ 105,936 នាក់​កំពុងមាន​អាការ​ធ្ងន់ធ្ងរ​នៅក្នុង​ចំណោម​អ្នកជំងឺ​ទាំង 22,184,696 នាក់ ដែល​កំពុង​សម្រាក​ព្យាបាល។

    ប្រទេស​ដែលមាន​អ្នកជំងឺ Covid-19 លើសពី 1 លាន​នាក់ មាន​ចំនួន 18 ប្រទេស រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេ​ស៊ី​ល រុស្ស៊ី បារាំង អង់គ្លេស ទួរគី អ៊ីតាលី អេ​ស្ប៉ា​ញ អា​ល្លី​ម៉​ង់ កូ​ឡុំ​ប៊ី អា​ហ្ស​ង់​ទីន ម៉ិ​ក​ស៊ិ​ក ប៉ូឡូញ អ៊ីរ៉ង់ អ៊ុយ​ក្រែ​ន អាហ្វ្រិក​ខាងត្បូង និង​ប្រទេស​ប៉េ​រូ៕

    ប្រភព៖ ក្រសួង​សុខាភិបាល​កម្ពុជា, Worldometers

  • តើអ្នកដឹងទេថា វីតាមីនសំខាន់ចំពោះមនុស្សខ្លាំងប៉ុនណា?

    តើអ្នកដឹងទេថា វីតាមីនសំខាន់ចំពោះមនុស្សខ្លាំងប៉ុនណា?

    តារាស្រីហូលីវូដ ហ៊ីឡារី ស្វ៊ែងក៍ ញ៉ាំវីតាមីនបន្ថែមក្នុង 1ថ្ងៃ 45គ្រាប់ ដោយសារតែមកពីការចង់សម្រកទម្ងន់ (Diet) ដូច្នេះទើបកើតមានជាសំណួរមួយឡើងថា តើការញ៉ាំវីតាមីនបន្ថែមនោះសំខាន់ប៉ុនណា? គួរញ៉ាំយ៉ាងណា? តើមនុស្សបែបណាខ្លះដែលគួរញ៉ាំ? និងវីតាមីនជួយអ្វីដល់យើងខ្លះ? ចំពោះរឿងនេះ លោកវេជ្ជបណ្ឌិតជំនាញមានចម្លើយសម្រាប់មិត្តអ្នកអានទាំងអស់។

    តើវីតាមីន មានភាពចាំបាច់ចំពោះសុខភាពយ៉ាងណា? អាហារ 5ប្រភេទក្រុមដែលរាងកាយត្រូវការនោះគឺ ខាបូហាយដ្រេត ប្រូតេអ៊ីន វីតាមីន ជាតិខ្លាញ់ និងសារធាតុរ៉ែ ប្រៀបដូចជាថាមពលបញ្ឆេះឱ្យរាងកាយ និងអង់ហ្ស៊ីមផ្សេងៗធ្វើការបានតាមប្រក្រតីដូច្នោះដែរ។

    តើវីតាមីនបន្ថែម មានភាពចាំបាច់សម្រាប់អ្នកណាខ្លះ? បើស្ថិតក្នុងស្ថានភាពដែលអាចញ៉ាំបន្លែ និងផ្លែឈើ រួមទាំងញ៉ាំអាហារផ្សេងៗក្នុងចំណែកដែលត្រឹមត្រូវបាននៅឡើយនោះ ក៏គ្មានភាពចាំបាច់អ្វីត្រូវបន្ថែមវីតាមីនទេ លើកលែងតែក្នុងករណីដែលមិនអាចញ៉ាំអាហារបានគ្រប់តាមតម្រូវការដែលរាងកាយត្រូវការ និងស្ថិតក្នុងសភាវដែលរាងកាយត្រូវការវីតាមីនជាពិសេស ដូចជា ពេលឈឺថ្កាត់ និងត្រូវការឱ្យរាងកាយស្វាហាប់ឡើងវិញប៉ុណ្ណោះ។ តែសម្រាប់មនុស្សទូទៅដែលញ៉ាំអាហារបានតាមប្រក្រតី អាចប្រើតិចនិកផ្សេងទៀតដែលនឹងធ្វើឱ្យយើងញ៉ាំបន្លែ និងផ្លែឈើមិនច្រើនជ្រុលពេក ដូចជា កាត់បន្ថយអាហារលាងជាតិពុល ក្នុង 1សប្តាហ៍ 1ដង ឬ 2សប្តាហ៍ម្តងដោយការញ៉ាំផ្លែឈើពេញ 1ថ្ងៃ ដើម្បីឱ្យរាងកាយបានទទួលវីតាមីនពីផ្លែឈើ តែត្រូវមានលក្ខខណ្ឌមួយថា ត្រូវតែជាផ្លែឈើដែលគ្មានជាតិម្សៅ និងរសជាតិដែលមិនផ្អែមខ្លាំងពេក។

    អាការខ្វះវីតាមីនរ៉ាំរ៉ៃ ជាសភាវម្យ៉ាងដែលមិនត្រូវបានរាប់ចូលក្នុងក្រុមជំងឺឈឺថ្កាត់ទេ ដូចជាការខ្វះវីតាមីនC នឹងធ្វើឱ្យចេញឈាមតាមជើងធ្មេញ ឬការខ្វះវីតាមីនB1 នឹងធ្វើឱ្យកើតអាការស្ពឹកស្រពន់ជាដើម តែមិនមែនដល់ថ្នាក់ខ្វះវីតាមីន រហូតដល់កើ់តជំងឺនោះទេ គ្រាន់តែអាចមានអារម្មណ៍ថា មិនសូវស្រស់ស្រាយដោយមិនដឹងមូលហេតុ ឬអស់កម្លាំងល្វើយតែប៉ុណ្ណោះ។

    យ៉ាងម៉េចទើបហៅថា ការញ៉ាំវីតាមីនដែលត្រឹមត្រូវ? ការញ៉ាំវីតាមីនតាមប្រភេទនីមួយៗក៏ខុសប្លែកពីគ្នាដែរ ដូចជា បេតាឃែរ៉ូធីន គួរជ្រើសរើសយកប្រភេទដែលចម្រាញ់ពីធម្មជាតិទើបប្រសើរជាង។ ចំណែកវីតាមីនច្នៃប្រឌិត ក៏មានចំណុចគួរប្រយ័ត្នដែរ ព្រោះនឹងមានភាពប្រថុយប្រថានក្នុងការកើតជំងឺមហារីកសួតច្រើន។ ចំណែកឯវីតាមីនE ជាវីតាមីនរលាយក្នុងខ្លាញ់ដូចគ្នានឹងវីតាមីនK. A និងD ដែរ តែមានចំណុចកំណត់ថា ថ្នាំ ឬវីតាមីនដែលរលាយក្នុងខ្លាញ់ ងាយនឹងប្រមូលពូនផ្ដុំច្រើនណាស់ ដូច្នេះទើបត្រូវកំណត់បរិមាណក្នុងការទទួលទាន។

    តើវីតាមីនជួយអ្វីដល់រាងកាយមនុស្សខ្លះ?

    • វីតាមីនA ជួយដល់ការមើលឃើញនៅពេលយប់ និងជួយការពារការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបន្ទោបង់ទឹកមូត្រ និងប្រព័ន្ធដង្ហើម។
    • វីតាមីនB1 សំខាន់ចំពោះសាច់ដុំ ប្រព័ន្ធប្រសាទ និងការធ្វើការរបស់បេះដូង។
    • វីតាមីនB12 ចាំបាច់ចំពោះការចម្រើនធំធាត់ ជួយសាងគ្រាប់ឈាមក្រហម និងជំរុញប្រព័ន្ធប្រសាទ។
    • វីតាមីនC មានសារធាតុ អ៊ែនទីអុកស៊ីឌែនត៍ ការពារការឆ្លងមេរោគ ធ្វើឱ្យមុខរបួស ឬដំបៅឆាប់ជាសះ និងជួយបឺតជ្រាបសារធាតុដែក តែអ្វីដែលសំខាន់នោះគឺ ជួយផលិតខូឡាជេន ដែលនឹងជួយឱ្យស្បែកតឹងណែនមិនឆាប់ចាស់។
    • វីតាមីនE ជួយបំប៉នគ្រាប់ឈាមក្រហម ការពារសួត និងសាច់ភ្នាសផ្សេងៗ៕
  • តើអាណាព្យាបាល គួរជ្រើសរើសត្រីបែបណាឱ្យកូនតូចញ៉ាំ?

    តើអាណាព្យាបាល គួរជ្រើសរើសត្រីបែបណាឱ្យកូនតូចញ៉ាំ?

    អ្នកម្តាយជាច្រើន ប្រហែលជាធ្លាប់បានឮញឹកញាប់ហើយថា បើចង់ឱ្យកូនឆ្លាត ត្រូវឱ្យញ៉ាំត្រីឱ្យបានច្រើនៗ ហើយក៏​ប្រហែលជាមាន​សំណួរ​នៅ​​ក្នុងចិត្តតទៅទៀតដែរថា តើត្រីប្រភេទណាដែលគួរឱ្យកូនញ៉ាំ ដូច្នេះក្នុងលេខនេះឡារ៉ែនមានចម្លើយចំពោះរឿង​នេះ​មកជម្រាបជូន ៈ

    ត្រី 3ប្រភេទដែលល្អសម្រាប់កូនតូច

    ដំបូងយើងត្រូវដឹងជាមុនសិនថា សាច់ត្រីមានគុណសម្បត្តិពិសេសជាងអាហារដែលផ្តល់ប្រូតេអុីនប្រភេទផ្សេងទៀត នៅត្រង់ដែលសាច់ត្រីមានប្រូតេអុីន និងអាស៊ីតខ្លាញ់ដែលចាំបាច់ចំពោះរាងកាយ ដែលល្អជាមួយការរីកចម្រើនធំធាត់របស់កុមារ និងដែលសំខាន់គឺ ងាយរំលាយ ព្រោះត្រីមានសរសៃសាច់តូចៗដែលមិនស្វិត មានជាតិខ្លាញ់បង្កប់នៅក្នុងសាច់ត្រី តិចជាងសាច់ជ្រូក និងសាច់មាន់ ហើយ​ថែមទាំងងាយរកទិញបានទៀតផង បើដូច្នេះ តើមិនឱ្យកូនញ៉ាំត្រីយ៉ាងម៉េចនឹងបានទៅ?។ ជាថ្មីម្ដងទៀត ថ្ងៃនេះឡារ៉ែនសូមណែនាំត្រី 3ប្រភេទ ដែលជាតួឯកសំខាន់ៗឱ្យអ្នកម្តាយទាំងអស់គ្នាបានស្គាល់ និងដឹងថា តើត្រីនីមួយៗ​មានចំណុចលេចធ្លោខុសប្លែកគ្នាយ៉ាងណាខ្លះ។

    1-ត្រីសណ្តាយ

    គួរចាប់ផ្តើមឱ្យកូនញ៉ាំនៅពេលកូនតូចអាយុបាន 8 – 10ខែ

    គុណសម្បត្តិពិសេស ៈ សាច់ទន់ផុយ មានរសជាតិឆ្ងាញ់ មានភាពផ្អែមនៅក្នុងសាច់ច្រើន និងមានបរិមាណសាច់ច្រើនគ្រប់គ្រាន់ក្នុងការយកទៅធ្វើជាម្ហូបអាហារ ដែលទោះជាកោសយកតែសាច់ ចោលស្បែក ក៏នៅតែមានបរិមាណច្រើនដែរ ​បើប្រៀបធៀបជាមួយត្រី​ប្រភេទ​ផ្សេង​ទៀតដែលទំហំប៉ុនៗគ្នា។

    ការជ្រើសរើសទិញ ៈ ត្រូវរើសយកត្រីសណ្តាយណាដែល ភ្នែកនៅថ្លា ស្រកីនៅក្រហម សាច់សង្កត់ទៅហើយមិនទ្រុឌចុះនៅតឹងណែន តែបើភ្នែកមិនថ្លា ត្រូវសង្កេតមើលស្រកី និងពោះមិនមានពណ៌ខៀវ ឬបែកធ្លាយ។

    2-ត្រីប្លាធូ

    ជាត្រីសមុទ្រដែលគួរចាប់ផ្តើមឱ្យកូនតូចញ៉ាំ ពេលអាយុបាន 10ខែឡើងទៅ ព្រោះក្មេងខ្លះអាចនឹងមានប្រតិកម្មចាញ់ត្រីសមុទ្រ និងអាហារសមុទ្រច្រើនជាងត្រីទឹកសាប។

    គុណសម្បត្តិពិសេស ៈ ជាត្រីសមុទ្រដែលមានតម្លៃថោកបំផុតក្នុងចំណោមត្រីសមុទ្រដូចគ្នា ងាយរកទិញ សាច់ទន់ យកទៅ​ចៀនល្មមតែស្បែកឡើងតឹងៗ រួចបេះយកតែសាច់ទៅធ្វើជាស៊ុបត្រីប្លាធូ សាច់នឹងផ្អែមឆ្ងាញ់ខ្លាំងណាស់។

    ការជ្រើសរើសទិញ ៈ គួររើសយកត្រីប្លាធូចំហុយ ដែលសាច់មិនបែក ខ្លួននៅមូល ស្បែកមិនរបក និងមានពន្លឺតិចៗ តែបើត្រីប្លាធូស្រស់វិញ ក៏ត្រូវប្រើវិធីជ្រើសរើសដូចត្រីទូទៅដែរ។

    3-ត្រីរ៉ស់

    ជាត្រីទឹកសាបដែលគួរចាប់ផ្តើមឱ្យកូនញ៉ាំពេលអាយុបាន 6 – 8ខែ

    គុណសម្បត្តិពិសេស ៈ ជាត្រីទឹកសាបដែលមាន អូមេហ្កា3 ច្រើនជាងត្រីទឹកសាបប្រភេទផ្សេងៗទៀត ពេលចម្អិនជាអាហារហើយ សាច់នឹងទន់ផ្អែមឆ្ងាញ់។

    ការជ្រើសរើសទិញ ៈ ភាពស្រស់របស់ត្រីរ៉ស់ យើងត្រូវសង្កេតមើលទៅលើស្រកី ដែលមានពណ៌ក្រហមស្រស់ រៀងគ្នាស្មើ មិនរបូតដាច់ចេញពីគ្នា។

    ញ៉ាំត្រីហើយ តើកូនឆ្លាតមែនឬ?

    “សូមជម្រាបជាមុនសិនថា មិនដែលមានការស្រាវជ្រាវវិភាគណាមួយអះអាងថា កុមារដែលញ៉ាំត្រីតែម្យ៉ាង ហើយឆ្លាតនោះ​ឡើយ ព្រោះគ្មានអាហារប្រភេទណាលើពិភពលោក ដែលញ៉ាំតែមួយប្រភេទ ហើយបានទទួលសារធាតុអាហារតាមដែលរាងកាយត្រូវ​ការបានគ្រប់ចំនួននោះទេ តែបើសិនញ៉ាំត្រី វានឹងល្អនៅត្រង់ដែលមានសុវត្ថិភាពចំពោះសុខភាពខ្លាំងជាង ព្រោះត្រីមានជាតិខ្លាញ់នៅក្នុង​សាច់​តិច ធ្វើឱ្យកាត់បន្ថយភាពប្រថុយប្រថាននឹងជំងឺជាតិខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាម ឬជំងឺបេះដូង ចំណែករឿងភាពឆ្លាតវាងវៃវិញនោះ ក្រៅពីចំណីអាហារហើយ ពូជអម្បូរ និងស្ថានភាពបរិស្ថានជុំវិញកូន ក៏មានផលដែរ”

    ត្រីដែលមិនគួរឱ្យកូនតូចញ៉ាំ

    ចំពោះការបញ្ចុកសាច់ត្រីឱ្យកូនតូចញ៉ាំ រឿងដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ និងប្រយ័ត្នប្រយែងបំផុតនោះគឺ ឆ្អឹងត្រីហ្នឹងឯង…ដូច្នេះត្រីដែលមិនគួរនាំយកមកចម្អិនជាអាហារឱ្យកូនតូចញ៉ាំនោះគឺ ត្រីដែលមានឆ្អឹងច្រើន ដូចជា ត្រីឆ្ពឹន ត្រីលិញ ត្រីរៀល ជាដើម ព្រោះទោះជាឆ្អឹងត្រីធំ តូច ឬយកទៅស្ងោរឡើងទន់ផុយហើយក៏ដោយ តែម៉ាស៊ីនកិនក្រឡុកក៏នៅតែមិនអាចកិនឱ្យម៉ដ្ឋបានដែរ ដូច្នេះ វិធីដែលល្អបំផុត គឺអ្នកម្តាយគួរជ្រើសរើសត្រីដែលមានឆ្អឹងតិច សាច់ច្រើន ខ្លាញ់តិច និងយកឆ្អឹងចេញឱ្យអស់ដោយការញេច ឬកិនដោយត្រងដោយកន្រ្តងក៏បាន។

    យ៉ាងណាក៏ដោយ រឿងមួយដែលអ្នកម្តាយត្រូវផ្តល់ភាពសំខាន់មិនតិចជាងតិចនិកការចម្អិននោះគឺ ការជ្រើសរើសទិញត្រីដែលនៅស្រស់ ស្អាត បើជាត្រីសមុទ្រផងនោះ ត្រូវយកចិត្តទុកដាក់រឿងសារធាតុគីមីដែលគេដាក់ត្រាំត្រជាក់ពេលដឹកជញ្ជូនមកផង ចូរទន្ទេញឱ្យចាំជាប់ក្នុងចិត្តថា ត្រីរឹតតែស្រស់ថ្មីប៉ុនណា រឹតតែល្អប៉ុននោះ៕

  • តើត្រូវនិយាយជាមួយកូនយ៉ាងណាស្រួល? រឿងកិច្ចការផ្ទះ…

    តើត្រូវនិយាយជាមួយកូនយ៉ាងណាស្រួល? រឿងកិច្ចការផ្ទះ…

    នៅក្នុងបន្ទប់ទទួលភ្ញៀវ ម្តាយដើរចូលទៅរកកូនដោយទឹកមុខញញឹមញញែម តែពេលឃើញកូនប្រុសធ្វើមុខស្លេកស្លាំងជាមួយ​នឹងគំនរសៀវភៅមេរៀន និងសៀវភៅកិច្ចការផ្ទះមុខវិជ្ជាគណិតវិទ្យានោះ អ្នកម្តាយក៏ហាក់ដូចជានឹកសង្ស័យ ក៏អើតមុខចូលទៅជិត ហើយឆ្លៀតឱកាសបើកសៀវភៅកិច្ចការផ្ទះរបស់កូនមើលភ្លាម…។ ក្នុងនោះអ្នកម្តាយឃើញមានសុទ្ធ​តែសញ្ញាខ្វែងដោយប៊ិចក្រហម ​ដែល​ជាសញ្ញាបញ្ជាក់ថា ខុស! ដែលជាកំណែរបស់អ្នកគ្រូពេញក្នុងសៀវភៅទាំងអស់ រួចហើយអ្នកម្តាយក៏កើតអាការទប់លែងជាប់ និងបញ្ចេញអារម្មណ៍​ក្រេវ​ក្រោធឡើងភ្លាមតែម្តង…។

    សាកល្បងតាមដានមើលជាបន្តទៅមើល៍ថា បើជួបនឹងហេតុការណ៍បែបនេះ តើម្តាយនឹងប្រើពាក្យសម្តីជាមួយកូនថា​យ៉ាង​ណាខ្លះ?

    • កិច្ចការផ្ទះងាយៗប៉ុនហ្នឹង ក៏ធ្វើខុសដែរ ធំឡើងធ្វើស្អីកើតទៅ!
    • ម៉ាក់បង្រៀនលេខប៉ុន្មានដងហើយ ហេតុអីបានមិនចេះចាំសោះអ៊ីចឹង?! គ្មានឃើញពិបាកអីត្រង់ណាសោះ!
    • ម៉ាក់ប្រាប់ហើយថា កុំឱ្យធ្វើបែបហ្នឹង កុំឱ្យគិតបែបហ្នឹង ថ្ងៃក្រោយហាមធ្វើខុសទៀតដាច់ខាត យល់ទេ?!
    • ហ៊ឺ…ធ្វើខុសទៀតហើយ ឃើញទេ? ហេតុអីបានជាខួរក្បាលដូចអាចម៍រណាម្ល៉េះហ្ន៎ កូនមួយនេះ?!
    • ប្រាប់ប៉ុន្មានដងហើយថា កុំឱ្យគិតលេខបែបហ្នឹង កូនឯងក៏នៅតែធ្វើខុសដដែលៗអ៊ីចឹងរហូត ធុញទ្រាន់មែនទែន!

    ហេតុការណ៍ដូចគ្នានេះមួយទៀត នៅក្នុងបន្ទប់ទទួលភ្ញៀវ ឬនៅក្នុងកន្លែងណាមួយក្នុងផ្ទះ ដែលកូនតែងតែអង្គុយធ្វើកិច្ចការផ្ទះជា​ប្រចាំ។ ម្តាយដើរចូលទៅរកកូនប្រុសដោយទឹកមុខញញឹមញញែមដូចគ្នា តែពេលឃើញកូនធ្វើមុខស្លេកស្លាំង អ្នកម្តាយក៏បើក​សៀវភៅកិច្ចការផ្ទះគណិតវិទ្យា ដោយសុំអនុញ្ញាតកូនជាមុនសិន មុននឹងបើក។ ពេលឃើញមានសុទ្ធតែសញ្ញាខុសពេញនោះ​ទាំងអស់ ម្តាយក៏ភ្ញាក់ផ្អើលដូចគ្នាដែរ តែទប់អារម្មណ៍បាន រម្ងាប់អារម្មណ៍ក្រេវក្រោធក្តៅក្រហាយនោះទុកសិន ហើយ​និយាយទៅកាន់កូនដោយអារម្មណ៍ត្រជាក់ស្ងប់ភ្លាមថា ៈ

    • ធ្វើលេខខុសហើយ អាចធ្វើឡើងវិញបានតើ សាកល្បងគិតមើលឱ្យច្បាស់ៗបន្តិចទៅណា៎ កូន…
    • ញញឹមបន្តិចមើល៍កូន ម៉ស់! យើងមកសាកល្បងគិតលេខហ្នឹងឡើងវិញម្ដងទៀត យ៉ាងម៉េចដែរ? ម៉ាក់ជឿថា កូនអាចធ្វើបានណា៎…
    • ម៉ាក់ចង់ឃើញកូនម៉ាក់ចិត្តត្រជាក់ៗ តាំងសមាធិឱ្យល្អ កុំប្រញាប់ ហើយសឹមធ្វើវាឡើងវិញ ម្តង 1ចំណុចៗ ណា៎កូន
    • មិនអីទេកូន…ឯណាមើល៍ ប្រាប់ម៉ាក់បានទេថា កូនមិនយល់ត្រង់ណាខ្លះ?
    • ព្យាយាមអានចំណោទឱ្យយល់បន្តិចទៀត កូនច្បាស់ជាធ្វើបានមិនខាន ជឿម៉ាក់ចុះ!

    “តាមរយៈហេតុការណ៍របស់អ្នកម្តាយទាំង 2រូបនេះ យើងមកសាកល្បងប្រៀបធៀបគ្នាទៅមើល៍ និងអាចប្រាប់បានទេថា តើក្មេងៗគ្រប់គ្នាចង់ស្តាប់ប្រយោគ និងពាក្យសម្តីបែបណាខ្លាំងជាងគេ?។ ឡារ៉ែនជឿថា អ្នកម្តាយជាច្រើននាក់ប្រហែលជាជ្រើសរើសយកហេតុ​ការណ៍ទី2 ដែលជាប្រយោគការនិយាយគួរឱ្យចង់ស្តាប់ជាងមិនខាន។ កុមារនឹងក្លាយមនុស្សដែលជួបនឹងភាពបរាជ័យ ឬជួប​នឹង​ភាព​ជោគជ័យ​នៅ​ពេលធំឡើង ឬយ៉ាងណានោះ គឺអាស្រ័យលើពាក្យសម្តីដែលជាកម្លាំងចិត្តរបស់ឪពុកម្តាយ ព្រោះពាក្យសម្តីរបស់ឪពុកម្តាយ ឬ​មនុស្ស​ដែល​​កុមារស្រឡាញ់ វានឹងត្រូវជ្រួតជ្រាបចូលទៅក្នុងសតិសម្បជញ្ញៈដែលនឹងចាក់ឬសយ៉ាងជ្រៅ ប្រភេទដែលអាចធ្វើឱ្យកុមារធំធាត់ឡើងក្លាយជាមនុស្សល្អ មនុស្សមិនល្អ មនុស្សពូកែ មនុស្សមិនពូកែ មនុស្សដែលទទួលបានជោគជ័យ មនុស្សដែលមិនទទួលបានជោគជ័យបាន…ដូច្នេះមនុស្សដែលជាឪពុកម្តាយ គួរតែនាំគ្នាងាកមកប្រយ័ត្នប្រយែងពាក្យសម្តីឱ្យបានល្អឡើងហើយ”៕

  • នាំគ្នាទៅពិនិត្យសុខភាព ដើម្បីឱ្យមានអាយុវែងវិញ ប្រសើរជាង…(តចប់)

    នាំគ្នាទៅពិនិត្យសុខភាព ដើម្បីឱ្យមានអាយុវែងវិញ ប្រសើរជាង…(តចប់)

    សុខភាពរាងកាយរបស់យើង គឺជាទ្រព្យសម្បត្តិដែលមានតម្លៃដ៏មហាសាលលើសពីអ្វីៗទាំងអស់។ តើថ្ងៃនេះ លោកអ្នកមានយកចិត្តទុក​ដាក់មើលថែទាំសុខភាពខ្លួនឯងហើយឬនៅ?។ កាលពីលេខមុន យើងបានដឹងខ្លះរួចហើយអំពីការទៅពិនិត្យសុខភាពដើម្បីឱ្យមានអាយុវែង ដូច្នេះលេខនេះ ឡារ៉ែន សូមរៀបរាប់ជាបន្តទៀតដូចតទៅ…។

    1. ជាតិខ្លាញ់ ត្រៃគ្លីស៊ើរ៉ាយដ៍ (Triglyceride)

    ដើម្បីពិនិត្យរកមើលជាតិខ្លាញ់ក្នុងសរសៃឈាមដែលអាចជាមូលហេតុរបស់ជំងឺបេះដូងត្បៀត និងសរសៃឈាមខួរក្បាល​រួម​តូច។

    1. អាស៊ីត យូរិកក្នុងឈាម (Uric Acid)

    ដើម្បីពិនិត្យមើលរោគឈឺតាមឆ្អឹងសន្លាក់ដៃជើង បើកម្រឹតជាតិអាស៊ីត យូរិក ឡើងខ្ពស់ជាងប្រក្រតី អាចនឹងបង្កឱ្យកើត​ក្រួសនៅក្នុងប្រព័ន្ធបង្ហូរទឹកនោម។

    1. ទឹកនោម (Urine)

    ដើម្បីពិនិត្យរកមើលភាពខុសប្រក្រតីរបស់ប្រព័ន្ធបញ្ចេញទឹកនោម ដែលអាចធ្វើឱ្យកើតជំងឺរលាកប្លោកនោម ឬជំងឺក្រលៀន រហូតដល់ការសេសសល់នៃសារជាតិគ្រឿងញៀនផ្សេងៗទៀតផង។

    1. លាមក (Stool Examination)

    ដើម្បីពិនិត្យរកសត្វល្អិត ឬព្រូនផ្សេងៗ និងប្រព័ន្ធបន្ទោបង់ថា តើខុសប្រក្រតីឬទេ ដោយអាចសង្កេតបានតាមរយៈលាមកដែលមានប្រឡាក់ឈាម ដែលអាចបណ្តាលមកពីភាពខុសប្រក្រតីរបស់ពោះវៀនធំ ឬមានជំងឺឬសដូងបាត។

    1. ឆ្លុះអិចស៍រេយ៍សួត និងបេះដូង (Chest X-ray)

    ដើម្បីពិនិត្យមើលស្ថានភាពសួត សាច់ភ្នាសស្រោបសួត បេះដូង និងឆ្អឹងប្រអប់ទ្រូង ជាពិសេសអ្នកដែលជក់បារី ឬអ្នកដែលទទួលរងសារជាតិពុលដែលមានមេរោគ អាចធ្វើឱ្យសួតខុសប្រក្រតីដែលជាមូលហេតុនៃជំងឺរបេង ជំងឺថង់ខ្យល់ហើម។

    1. ដំណើរបេះដូង (EKG)

    ដើម្បីពិនិត្យមើលការលោតរបស់បេះដូងថា តើមានភាពខុសប្រក្រតីដែរឬទេ ដើម្បីរកមូលហេតុនៃការកើតជំងឺបេះដូង​ប្រភេទផ្សេងៗ ដូចជា សាច់ដុំបេះដូងខ្វះឈាមមកចិញ្ចឹម ជាដើម។

    1. អាល់ត្រាសោនដ៍ក្នុងពោះផ្នែកខាងលើ (Ultrasound Upper Abdomen)

    ដើម្បីពិនិត្យមើលអវយវៈខាងក្នុងពោះផ្នែកខាងលើថា តើមានភាពខុសប្រក្រតីឬទេ ដែលមានដូចជា ថ្លើម លំពែង ថង់ទឹក​ប្រមាត់ ក្រលៀន និងសរសៃឈាមខ្នាតធំដោយប្រើគោលការណ៍ស្តាប់សម្លេងខ្ទរមកវិញរបស់រលកសម្លេង។

    1. អិចស៍រេយ៍ប្រព័ន្ធរំលាយអាហារផ្នែកតំបូង (Upper GI)

    គឺជាការអិចស៍រេយ៍ដើម្បីពិនិត្យរកមើលភាពខុសប្រក្រតីរបស់បំពង់អាហារ ក្រពះ និងពោះវៀនតូចផ្នែកដំបូងថា តើមាន​សាច់ដុះ រលាក ឬមានលក្ខណៈខុសប្រក្រតីណាមួយឬក៏អត់?៕

  • កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ព្រោះការចិញ្ចឹមកូន មិនអាចធ្វើតាមគ្នាបានទេ

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ព្រោះការចិញ្ចឹមកូន មិនអាចធ្វើតាមគ្នាបានទេ

    កុំចិញ្ចឹមកូនតាមអ្នកដទៃ ព្រោះការចិញ្ចឹមកូន មិនអាចធ្វើតាមគ្នាបានទេ មិនថាទ្រឹស្តីណា ឬការចិញ្ចឹមកូនបែបណាដែលគេនាំគ្នានិយាយ ឬចែករំលែកតគ្នាថា វាល្អ វាប្រពៃផុតកំពូលក៏ដោយ តែសម្រាប់ Lifestyle របស់លោកឪពុកអ្នកម្ដាយ បើវាត្រឹមត្រូវ ក៏គឺត្រឹមត្រូវ តែបើវាមិនត្រូវនឹងយើង យ៉ាងណាក៏នៅតែមិនត្រូវនឹងយើងដែរ…។

    កូនរបស់អ្នកណា កូនរបស់អ្នកហ្នឹង

    តើអ្នកម្ដាយទាំងឡាយធ្លាប់ទេ ជាពិសេសអ្នកម្ដាយថ្មោងថ្មី ដែលអានអត្ថបទពីគ្រូពេទ្យ ពីគ្រូពេទ្យចិត្តសាស្ត្រ ពីឪពុកម្ដាយដែលសរសេរពីអត្ថបទចិញ្ចឹមកូន ដែលគេថាធ្វើយ៉ាងនេះ វាល្អយ៉ាងនោះ ចិញ្ចឹមបែបនេះ បានកូនឆ្លាត និងទទួលបានជោគជ័យ ឬត្រូវចិញ្ចឹមកូនបែបនេះ ទើបកូនធំឡើងក្លាយជាអ្នកមាន ជាដើម ល និងល។ តែការពិតទៅ ការចិញ្ចឹមកូនបែបនេះ ឬបែបនោះ វាមិនស័ក្តិសមជាមួយក្មេងគ្រប់រូបនោះទេ ព្រោះក្មេងម្នាក់ៗមានភាពខុសប្លែកពីគ្នា មានភាពជាខ្លួនឯងមិនដូចគ្នា មិនអាចធ្វើតាមគ្នាបានទេ តឱ្យជាកូនភ្លោះនឹងគ្នា ដែលទោះជាយើងធ្លាប់ឃើញពួកគេស្លៀកខោអាវដូចគ្នាក៏ដោយ តែការពិតទៅ កូនរបស់យើងអាចនឹងមិនចង់ដូចអ្នកណា ក៏អាចថាបានដែរ មែនទេអ្នកម្ដាយទាំងឡាយ?។

    ព្រោះវាគ្មានអ្វីមកធានាបានថា បើយើងបង្ហាត់បង្រៀនកូនរបស់យើង ដោយយកវិធីរបស់អ្នកដទៃមកប្រើ នឹងទទួលបានជោគជ័យដូចគេនោះឡើយ ព្រោះវាមានបច្ច័យជុំវិញខ្លួនផ្សេងៗដែលចូលមកធ្វើជាអ្នកជំរុញ និងប្រាកដណាស់! យ៉ាងហោចណាស់ក៏ចរិតនិស្ស័យរបស់កូនយើង និងកូនគេ មិនបានដូចគ្នាគ្រប់ប្រការដែរ។

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ត្រូវចិញ្ចឹមកូនយើង ឱ្យក្លាយជាកូនយើង

    ក្មេងៗនឹងធំធាត់ឡើង ក្លាយជាមនុស្សដែលជឿជាក់លើខ្លួនឯង បើឪពុកម្ដាយទទួលស្គាល់លើភាពជាខ្លួនឯងរបស់កូន។ ទិដ្ឋភាពពិតរបស់ក្មេងនឹងបង្ហាញច្បាស់ឡើង នឹងរឹងមាំឡើង គឺនៅពេលដែលឪពុកម្ដាយមានចន្លោះឱកាសឱ្យកូនបានបង្ហាញពីភាពជាខ្លួនឯងរបស់កូនបានយ៉ាងពេញទំហឹង ទោះជារឿងទាំងអស់នោះ អាចនឹងមើលទៅថាដូចជាត្រូវប្រើចិត្តវិញ្ញាណខ្ពស់ក៏ដោយ។ ដូច្នេះបើឪពុកម្ដាយ មិនមែនជាគ្រូពេទ្យចិត្តសាស្ត្រ តើអាចធ្វើបានទេ? ចម្លើយគឺ ប្រាកដណាស់ ពិតជាបាន! តែអាចនឹងពិបាកវេទនាខ្លះ ដោយសារតែឪពុកម្ដាយ ក៏ទើបតែក្លាយជាឪពុកម្ដាយ នៅពេលកូនកើតឡើងហ្នឹងឯង…មិនថាអ៊ីចឹងហ្អេ៎?។

    ការប្រៀបធៀប មិនដែលជារឿងល្អឡើយ

    ជាពិសេសបំផុត ការប្រៀបធៀបកូនខ្លួនឯងជាមួយក្មេងឯទៀត ឬការប្រៀបធៀបកូន ជាមួយខ្លួនយើង។ ប្រាកដណាស់ថា ការប្រៀបធៀប វានឹងល្អ ក៏នៅពេលណាដែលយើងប្រៀបធៀបពីតម្លៃនៃរបស់របរមួយៗ តែមិនមែនជាមួយវត្ថុមានជីវិត មានចិត្តគំនិត ដូចជាមនុស្សនោះទេ ជាពិសេសមនុស្សនោះ គឺជាកូនរបស់យើង។ ឪពុកម្ដាយ គឺពិភពលោកទាំងមូលរបស់កូន គឺជាអ្វីៗគ្រប់យ៉ាងរបស់កូន ត្រឹមតែពាក្យសម្ដីដែលឪពុកម្ដាយអាចនឹងគិតមិនទាន់ ក៏អាចនឹងធ្វើឱ្យក្លាយជាចំណុចខ្សោយមួយរបស់កូនរហូតដល់កូនធំ។

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ កូនមិនមែនជាខ្លួនយើង យើងមិនមែនជាខ្លួនកូន

    តើធ្លាប់ដែរទេ ដែលគិតថា កូនយើងល្ងង់ ស៊ូក្មេងដទៃមិនបាន ឬកូនយើងច្បាស់ជាមានអ្វីខុសប្រក្រតី? រៀនក៏ដូចអ្នកឯទៀត នាំទៅរៀនកួរពិសេស ក៏ច្រើនជាងក្មេងឯទៀត តែកូនយើងនៅតែមានលទ្ធផលការរៀនទាបជាងមិត្តភក្តិក្នុងថ្នាក់។

    ការប្រៀបធៀបកូនជាមួយក្មេងដទៃ ឪពុកម្ដាយខ្លះមិនបានធ្វើទេ តែធ្វើដោយមិនដឹងខ្លួនជាមួយការប្រៀបធៀបខ្លួនឯងជាមួយកូន។ ធ្វើអារឿងដែលឪពុកម្ដាយយើងធ្លាប់ធ្វើជាមួយយើង គិតអ្វីៗជំនួសកូនទាំងអស់ សង្ឃឹមលទ្ធផលខ្ពស់ដូចដែលយើងធ្លាប់ជួបមក។ សួរថា តើកូនយើង ដូចខ្លួនយើង 100ភាគរយឬយ៉ាងណា? បើមិនដូចទេ ហេតុអីបានគិតថាវិធីនោះនឹងទទួលបានលទ្ធផលល្អ?។

    តើត្រូវចិញ្ចឹមកូនយ៉ាងម៉េច? និងតាមវិធីណាល្អ?

    ដែលរៀបរាប់មកទាំងអស់នោះ មិនមែនឱ្យឪពុកម្ដាយឈប់ធ្វើតាមពាក្យណែនាំរបស់អ្នកដទៃនោះទេ តែវា គឺការស្គាល់កូនខ្លួនឯងឱ្យច្បាស់បំផុត…ត្រូវហើយ! ព្រោះលោកអ្នកគឺ ឪពុកម្ដាយរបស់គេ ដូច្នេះចូរសាកល្បងយកពាក្យណែនាំទាំងនោះមកសាកល្បងធ្វើតាម វិធីណាមិនបានលទ្ធផល ក៏ប្ដូរវិធីថ្មី កុំប្រកាន់ខ្ជាប់តែលើវិធីតែមួយ។ វិធីណាបានផលល្អ ក៏អាចនឹងប្រកាន់យកវិធីនោះធ្វើជាគំរូបែប ហើយកែសម្រួលឱ្យស័ក្តិសមជាមួយកូនរបស់យើង។

    ទ្រឹស្ដីនៅលើពិភពលោកនេះមានច្រើនណាស់ តាមអ្នកចិត្តវិទ្យា តាមឪពុកម្ដាយដែលមានកូនរាប់សិបនាក់ តាមគ្រូអ្នកជំនាញ ឬតាមអ្នកជំនាញការ អាចនឹងទៅរួចដូចគ្នាដែលគ្រប់ទ្រឹស្ដីទាំងនោះមិនទទួលបានលទ្ធផលល្អជាមួយកូនយើងសោះឡើយ ដូច្នេះតើវានឹងលំបាកប៉ុនណាទៅ បើសិនកូនជាមនុស្សដំបូងដែលនឹងសាកល្បងទ្រឹស្ដីថ្មីដែលឪពុកម្ដាយគិតឃើញឡើងដោយខ្លួនឯង?។ វាមិនមានអ្វីខុសឡើយក្នុងការទទួលបានផល ព្រោះកូនយើងមានតែមួយគត់ក្នុងលោកនេះ ដែលមានមុខមាត់អ៊ីចឹង ចរិតនិស្ស័យអ៊ីចឹង រពឹសខ្លាំងបែបហ្នឹង គួរឱ្យស្រឡាញ់បែបហ្នឹង គួរឱ្យចង់ខោកក៏មាន គួរឱ្យរំភើបចិត្តខ្លាំងក៏ច្រើន។ល។

    • ចិញ្ចឹមកូនឱ្យក្លាយជាក្មេងដែលជះពន្លឺចេញពីខាងក្នុងមកខាងក្រៅ
    • ចិញ្ចឹមកូនដោយគោរពក្នុងភាពជាកូនរបស់យើង
    • ចិញ្ចឹមកូនដោយវិធីដែលស័ក្តិសមបំផុតជាមួយរូបគេ
    • កុំទៅខ្វល់សំឡេងអ្នកដទៃ ដរាបណាដែលយើងមិនបានសាងភាពមួម៉ៅក្ដៅក្រហាយចំពោះអ្នកណា
    • ចូរចិញ្ចឹមកូនតាមបែបកូនជាកូនរបស់យើងឱ្យបានខ្លាំងបំផុត៕
  • អ្នកជំនួញ​ថៃ​ដែល​ធ្វើអត្តឃាតព្រោះតែ Covid-19​៖ «បើ​មាន​ជាតិ​ក្រោយមែន ខ្ញុំ​នឹង​ត្រលប់​មក​សង​បំណុល​ឱ្យ​អស់!»

    អ្នកជំនួញ​ថៃ​ដែល​ធ្វើអត្តឃាតព្រោះតែ Covid-19​៖ «បើ​មាន​ជាតិ​ក្រោយមែន ខ្ញុំ​នឹង​ត្រលប់​មក​សង​បំណុល​ឱ្យ​អស់!»

    ឈ្មួញ​បង្កង​ម្នាក់​នៅ​ខេត្ត Sa Kaeo ប្រទេស​ថៃ បានធ្វើ​អត្តឃាត ក្រោយពី​ក្ស័យធន​នៅពេល​ស្ថិតក្នុង​រលក​នៃ​ការធ្វើ​ពហិការ​មិន​ទទួលទាន​ជលផល​ដែល​ទាក់ទង​នឹង​សម្បុក​វីរុស Covid-19 ថ្មី​បំផុត​របស់​ប្រទេស​នេះ។

    នាយករដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha កាលពី​ចុង​សប្ដាហ៍​មុន បាន​ណែនាំ​ឱ្យ​សមាជិក​ទាំង​អស់នៃ​គណៈរដ្ឋមន្ត្រី​​​របស់លោក ទទួលទាន​បង្កង​ដើម្បី​ជួយ​ស្ដារឡើងវិញ​នូវ​ជំនឿ​របស់​ប្រជាជន​ចំពោះ​អាហារ​នេះ ក្រោយពី​មាន​រលក​នៃ​ការ​ធ្វើពហិការ​ទូទាំងប្រទេស​ចំពោះ​បង្កង​មកពី​ខេត្ត Samut Sakhon ជា​កន្លែង​ដែល​ទើបតែ​មាន​រលក​នៃ​ការផ្ទុះ​ឆ្លង​រាលដាល​របស់​វីរុស Covid-19។

    ការណែនាំ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Chawalit Inchan ដែលជា​ឈ្មួញ​បង្កង​ម្នាក់ អាយុ 31 ឆ្នាំ បាន​ចងក​សម្លាប់ខ្លួន​កាលពី​ថ្ងៃទី 25 ខែធ្នូ នៅ​ខេត្ត Sa Keo។ នៅក្នុង​វីដេអូ​ថត​ដោយ​ខ្លួនឯង​នៅមុន​ការធ្វើអត្តឃាត Chawalit Inchan និយាយថា របរ​លក់ដូរ​បង្កង​របស់គាត់​បាន​ក្ស័យធន ហើយ​គាត់​មិនអាច​សងបំណុល​ចំនួន 60,000 បាត ​(ប្រហែល​ 2,000​ដុល្លារ​​អាមេរិក) ​បាន​ឡើង។

    Chawalit Inchan បញ្ជាក់ថា «ខ្ញុំ​មិនអាច​បន្តទៀត​បាន។ បើសិន​មាន​ជាតិ​ក្រោយ​ពិតមែន ខ្ញុំ​នឹង​ត្រលប់មក​សងបំណុល​ទាំងនេះ​ឱ្យអស់​មិន​ខាន»។

    ករណី​ធ្វើអត្តឃាត​ខាងលើ បាន​កើតឡើង​ក្នុង​គ្រា​ដែល​ពលរដ្ឋ​ថៃ កំពុងមាន​ការភ័យខ្លាច​ចំពោះ​ការឆ្លង​រាលដាល​ថ្មី​នៃ Covid-19 ដែល​ចាប់​ផ្ដើមឡើង​ដោយ​ករណី​ឆ្លង​នៅលើ​អ្នកលក់​បង្កង​នៅ​ផ្សារ​ត្រី​មួយកន្លែង​ក្នុង​ខេត្ត Samut ​Sakhon។ ក្នុង​រយៈពេល 10 ថ្ងៃ​កន្លងទៅនេះ ប្រទេស​ថៃ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស Covid-19 ថ្មី​ដល់​ទៅ​ជាង 1,300 ករណី។

    បុគ្គលិក​សុខាភិបាល​ថៃ កំពុង​ធ្វើ​ការ​​ស្រាវ​​ជ្រាវ​លើ​ប្រវត្តិ​ដើរ​ហើរ​របស់​ពលករ​មក​ពី​ប្រទេស​មីយ៉ានម៉ា​ កាល​ពីថ្ងៃទី 25​ ខែ​ធ្នូ នៅឯ​ទីក្រុង​ ​Nakhon Si Thammarat

    ការដែល​ពលរដ្ឋ​ថៃ​ជាច្រើន​មានការ​ព្រួយបារម្ភ​ថា ការទទួល​ទាន​បង្កង ឬ​គ្រឿង​សមុទ្រ អាច​នាំឱ្យ​ឆ្លង​វីរុស​នេះ បាន​បណ្ដាលឱ្យ​ទីផ្សារ​បង្កង​ត្រូវ​ជួប​ការលំបាក​ខ្លាំង។ «ការភ័យខ្លាច​មាន​លក្ខ​ណ​ជ្រុល​ហួស» Taweesin Wisanuyothin ដែលជា​អ្នកនាំពាក្យ​នៃ​មជ្ឈមណ្ឌល​ចាត់ការ​ស្ថានការណ៍ Covid-19 របស់​រដ្ឋាភិបាល​ថៃ បាន​និយាយ​កាលពី​ថ្ងៃទី 25 ខែធ្នូ។ ក្រុមមន្ត្រី​ថៃ កំពុងតែ​ព្យាយាម​ពន្យល់​ឱ្យ​ពលរដ្ឋ​យល់ថា ការទទួល​ទាន​បង្កង​នឹង​មិនអាច​នាំឱ្យ​ឆ្លង Covid-19 នោះទេ បើសិន​វា​ជា​អាហារ​ឆ្អិន។

    ក្រៅពី​ការភ័យខ្លាច​ចំពោះ​បង្កង ពលរដ្ឋ​ថៃ​មួយចំនួន​ក៏មាន​ការព្រួយបារម្ភ​ខ្លាច​ឆ្លង Covid-19 ពី​ពលករ​មកពី​ប្រទេស​មី​យ៉ាន​ម៉ា ជា​ក្រុមមនុស្ស​ដែល​ត្រូវ​ថៃ​ជឿថា ជា​ប្រភព​ចម្លង Covid-19 នៅក្នុង​ខេត្ត Samut Sakhon ទៀតផង៕

    ប្រភព៖ Khaosod