Category: សុខភាព

  • តើអ្នកដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗ តាំងពីនៅក្នុងគភ៌ម្តាយម្ល៉េះ

    តើអ្នកដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗ តាំងពីនៅក្នុងគភ៌ម្តាយម្ល៉េះ

    តើស្ត្រីមានគភ៌ទាំងឡាយដឹងដែរឬទេថា ទារកដែលនៅក្នុងគភ៌ អាចទទួលដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅគភ៌បាន និងពេលប្រសូតចេញមកហើយ ថែមទាំងចេះត្រៀមខ្លួនជាស្រេច ក្នុងការរៀនយល់ដឹងរឿងផ្សេងៗក្នុងសភាពបរិស្ថានជុំវិញខាងក្រៅបានយ៉ាងល្អទៀតផង។ ឥឡូវនេះ យើងនាំគ្នាមកមើលថា តើទារករៀនយល់ដឹងពីអ្វីខ្លះពេលនៅក្នុងគភ៌ម្តាយ?។

    1-រៀនយល់ដឹងពីការស្តាប់ និងឮ

    កូននៅក្នុងស្បូនដែលនៅក្នុងគភ៌ម្តាយមួយជាន់ទៀតនោះ ក៏បានឮសំឡេងដែលនៅជុំវិញ និងសំឡេងដែលនៅក្នុងរាងកាយរបស់អ្នកម្តាយយ៉ាងច្បាស់ដែរ ដូចជា សំឡេងកូរពោះរបស់ម្តាយ សំឡេងបេះដូង សំឡេងរញេរញ៉ៃជុំវិញខ្លួនម្ដាយរបស់គេ ឬសំឡេងនៅលើផ្លូវថ្នល់ ជាដើម​។ ស្ត្រីមានគភ៌អាចសាកល្បងបានយ៉ាងងាយ គឺនៅពេលណាដែលកូនរើខ្លាំងៗ ចូរអ្នកម្តាយអង្អែលក្បាលពោះ និងនិយាយជាមួយកូនយ៉ាងទន់ភ្លន់ កូននឹងស្ងប់ស្ងាត់ទៅវិញ ព្រោះចាំសំឡេងម្តាយបាន។

    2-ប្រែភាសាបានទៀតផង

    ពិតប្រាកដណាស់ នៅពេលកូនបានឮ កូនក៏នឹងអាចដឹងអំពីភាសា និងអត្ថន័យនៃពាក្យនោះបានដែរ។ ស្ត្រីមានគភ៌អាចសង្កេតមើលបានថា ពេលកូនប្រសូតចេញមកហើយ កូននឹងអាចយល់ដឹងពីភាសាដើមក្នុងតំបន់ ដែលគេធ្លាប់បានឮញឹកញាប់ ដូច្នេះហើយទើបមានការណែនាំឱ្យស្ត្រីមានផ្ទៃពោះស្តាប់បទភ្លេងដែលបើកតិចៗ ពីរោះៗ ឬអ្នកណាដែលចង់និយាយភាសាអង់គ្លេសជាមួយកូន ក៏ស្តាប់បទភ្លេងភាសាអង់គ្លេសដើម្បីឱ្យចងចាំសំនៀងភាសាបាន។

    3-អាចមើលឃើញពន្លឺភ្លើងបានហើយ

    ទារកនឹងមើលឃើញពន្លឺបានច្បាស់នៅពេលមានអាយុក្នុងគភ៌ខែទី 7 បើមានពន្លឺចាំងខ្លាំងមកចំពីមុខ ទារកនឹងបែរខ្លួនចេញ ព្រោះពន្លឺភ្លឺខ្លាំងជ្រុលពេក។ ស្ត្រីមានគភ៌មួយចំនួនដែលធ្វើអាល់ត្រាសោនដ៍ក្នុងអំឡុងពេលជិតប្រសូត អាចនឹងបានឃើញកូនតូចបើកភ្នែកឱ្យមើលទៀតផង។

    4-រៀនយល់ដឹងពីរសជាតិ

    ទារកនៅក្នុងគភ៌អាចដឹងពីរសជាតិអាហារដែលម្តាយទទួលទាន ចាប់តាំងពីសប្តាហ៍ទី 7 – 8 និងដឹងគ្រប់រសជាតិចាប់តាំងពីសប្តាហ៍ទី14 ឡើងទៅ។ ក្រៅពីអាហារដែលមានរសជាតិហឹរ ជូរ ផ្អែម ល្វីង ដែលម្តាយលេបចូលទៅហើយនោះ កូនតូចនៅបានភ្លក្សទឹកភ្លោះដែលអណ្តែតនៅជុំវិញខ្លួនគេទៀតផង។ យើងអាចសង្កេតឃើញបានថា នៅពេលដែលកូនតូចប្រសូតចេញមកហើយ កូនអាចទទួលយករសជាតិអាហារក្នុងបែបផ្សេងៗបានទាំងអស់ នៅពេលដល់វ័យដែលស័ក្តិសមនឹងញ៉ាំ។

    5-ចាំក្លិនម្តាយបានមុនគេទាំងអស់

    ក្រៅពីចាំរសជាតិអាហារបានហើយ ទារកនៅអាចចាំក្លិនអាហារបានទៀតផង តែអ្វីដែលគេចាំបានល្អបំផុតនោះគឺ ក្លិនរបស់ម្តាយ ដោយយើងអាចសង្កេតឃើញបានថា បន្ទាប់ពីប្រសូតចេញមក កូនអាចបែរមុខទៅរកម្តាយ ឬបញ្ជាក់ពីមនុស្សជាម្តាយបានភ្លាមៗតែម្តង ហើយរឹតតែចិញ្ចឹមយូរទៅបានមួយរយៈហើយ កូននឹងដឹងភ្លាមតែម្តងថា តើម្តាយនៅជិត ឬក៏អត់ទៀតផង។ ក្មេងខ្លះអាចដល់ថ្នាក់យំងង៉ក់រករឿងទៀតផង ពេលមិនបានធុំក្លិនម្តាយនៅជិតខ្លួន។

    6-ចេះយល់សប្តិតាំងពីនៅក្នុងពោះម្ល៉េះ

    មានលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ទារកដែលស្ថិតនៅក្នុងអាយុគភ៌ 32សប្តាហ៍ឡើងទៅ អាចចេះយល់សប្តិបានហើយ ដោយសារតែគ្រូពេទ្យបានសាកល្បងពិនិត្យមើលលទ្ធផលនៃការស្រាវជ្រាវក្នុងការធ្វើអាល់ត្រាសោនដ៍ទារកជាច្រើនដង ហើយរកឃើញថា កែវភ្នែក និងរាងកាយរបស់ទារកមានការធ្វើចលនាយ៉ាងរហ័សនៅពេលគេងលក់នៅក្នុងផ្ទៃម្តាយ។

    7-ត្រៀមខ្លួនជាស្រេចដើម្បីចេញឆ្ពោះមករកពិភពដ៏ធំខាងក្រៅ

    លទ្ធផលស្រាវជ្រាវបានរកឃើញទៀតថា ទារកដែលមានអាយុនៅក្នុងគភ៌ 20សប្តាហ៍ឡើងទៅ នឹងរៀនយល់ដឹងអ្វីផ្សេងៗបានឆាប់រហ័សណាស់ ដូចជា ការបឺតទឹកដោះម្តាយបានភ្លាមៗក្រោយពេលប្រសូតចេញមក។ ស្ត្រីមានគភ៌ខ្លះដែលធ្វើអាល់ត្រាសោនដ៍ ថែមទាំងបានឃើញកូនតូចកំពុងជញ្ជក់ម្រាមដៃខ្លួនឯងតាំងពីនៅក្នុងគភ៌ទៀតផង ដែលទាំងនោះអាចនិយាយបានថា ជាការហាត់បឺតជញ្ជក់របស់កូនតូចតាំងពីពេលនៅក្នុងផ្ទៃ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការរស់នៅ ក្រោយពេលកើតចេញមកហ្នឹងឯង៕

  • សុខភាពផ្លូវចិត្ត ៈ ខាងក្រោមនេះ គឺអ្វីដែលអ្នកមានសេចក្តីសុខ តែងធ្វើក្នុង 5នាទីដំបូង ពេលភ្ញាក់ពីគេង

    សុខភាពផ្លូវចិត្ត ៈ ខាងក្រោមនេះ គឺអ្វីដែលអ្នកមានសេចក្តីសុខ តែងធ្វើក្នុង 5នាទីដំបូង ពេលភ្ញាក់ពីគេង

    តើសេចក្តីសុខនៅទីណា? អ្នកណាៗក៏ចង់ដឹងដែរ ចុះមិត្តអ្នកអានវិញ គិតថា រាល់ថ្ងៃនេះខ្លួនឯងមានសេចក្តីសុខក្នុងកម្រិតណាដែរ? ឥឡូវនេះ យើងនាំគ្នាមកមើលពីកិច្ចការងារដែលអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តប្រាប់ថា បើមិត្តអ្នកអានជាមនុស្សដែលមាន​សេចក្តី​សុខ មិត្តអ្នកអាននឹងធ្វើនូវរឿងខាងក្រោមនេះក្នុងពេល 5 នាទីដំបូងចាប់ពីពេលភ្ញាក់ឡើងនៅពេលព្រឹក។

    -នាឡិការោទ៍មិនឃើញចាំបាច់អីជាមួយជីវិតសោះ (ខ្ញុំអាចភ្ញាក់ដោយខ្លួនឯងបានយ៉ាងស្រួល)

    បើលោកអ្នកចាំបាច់ត្រូវភ្ញាក់ដោយសារនាឡិការោទ៍ដាស់នោះ សូមប្រាប់ទៅចុះថា យ៉ាងណាក៏លោកអ្នកប្រហែលជាមិនមែន​ជាមនុស្ស ដែលមានសេចក្តីសុខយ៉ាងពិតប្រាកដនោះទេ។ ដោយសារតែលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ បានអះអាង​ហើយថា ការរំកិលម៉ោងរោទ៍ទៅមុខបន្តិច ដើម្បីឱ្យបានគេងបន្តបន្តិចទៀតនោះ រឹតតែធ្វើឱ្យលោកអ្នកមានអារម្មណ៍ថា ទន់ល្វើយខ្លាំងជាងមុន​ទៅ​ទៀត។ ព្រោះថា សភាវក្រោយពេលត្រូវដាស់ដោយសំឡេងនាឡិកាហើយនោះ រាងកាយនឹងត្រូវបានធ្វើឱ្យភ្ញាក់ឡើងដោយខ្លួនឯងជាធម្មជាតិរួចទៅហើយ ដូច្នោះដែលគិតថា បានគេងតបន្តិចទៀតយ៉ាងសប្បាយនោះ ការពិតវិញ វាជាសភាវស្ទើរភ្ញាក់ស្ទើរលក់ ស្រដៀងៗនឹងសភាវអត់ងងុយ ដែលនឹងនាំលោកអ្នកឆ្ពោះទៅរកជំងឺគេងលក់មិនពេញលេញនៅពេលក្រោយទៅវិញទេ។ ប៉ុន្តែ បើលោកអ្នកអាច​ភ្ញាក់ដោយខ្លួនឯងបាន ដោយមិនចាំបាច់ពឹងសំឡេងនាឡិការោទ៍ នោះ គឺមានន័យស្មើនឹងបានគេចផុតពីសភាវសុខភាពនៃការគេងលក់មិនបានពេញលេញ និងជំរុញឱ្យរាងកាយមានអារម្មណ៍ស្វាហាប់ទៀតផង។

    -នឹកសរសើរខ្លួនឯងតាំងពីព្រឹក (វ៉ាវ! ខ្ញុំនេះពិតជាអស្ចារ្យមែននៅលើប្រឹថពីនេះ!!)

    ចាប់ផ្តើមថ្ងៃថ្មីដោយការផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង មិនថាតែការកោតសរសើរខ្លួនឯង ឬសូម្បីតែបានដឹង ឬបានឃើញពីអ្វីដែលល្អៗ វានឹងក្លាយជាថ្ងៃល្អៗមួយ ដែលមានអារម្មណ៍ថា ស្រឡះភ្លឺថ្លា និងត្រៀមជាស្រេចដើម្បីទប់ទល់គ្រប់ស្ថានការណ៍…បើយ៉ាងនេះហើយ តើនរណាទប់មិនញញឹមបាន?។

    -បន្ថែមភាពស្រស់ស្រាយដោយការងូតទឹក (អីយ៉ា! ខ្លួនខ្ញុំក្រអូបប្រហើរតែម្តង…)

    នៅក្នុងផ្នែកចិត្តវិទ្យា ការងូតទឹក គឺជាវិធីធ្វើសមាធិដ៏ល្អមួយ ដែលបើកឱកាសឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ធូរស្បើយ និងថែមទាំងភ្លេចៗខ្លួន ការស្ថិតនៅក្នុងបន្ទប់ទឹកតែម្នាក់ឯងនេះ អាចនឹងជួយឱ្យអ្នកនឹកដល់សេចក្តីសុខចាស់ៗពីមុនមកក៏អាចថា​បានដែរ។ យ៉ាងនេះឯង ទើបមិនចាំបាច់ប្រាប់ឡើយថា តើការងូតទឹកនឹងបង្កើនសេចក្តីសុខដល់រូបអ្នកបានយ៉ាងណានោះ?។

    -ព្រឹកនេះ សុំរឿងមួយទៅចុះ គឺកុំអាលប៉ះទូរស័ព្ទបានអត់? Ok!

    បើត្រូវភ្ញាក់ឡើងមក ដើម្បីជួបនឹងអុីមែលរបស់លោកនាយ ឬឃើញផូស្តតវ៉ាផ្ចាញ់ផ្ចាលគ្នា តាមរយៈប្រព័ន្ធបណ្តាញសង្គមនោះ ជីវិតនាពេលព្រឹកនេះ ប្រហែលជាគួរឱ្យអាណឹតមិនស្ទើរទេមើលទៅ… ដូច្នេះហើយ អ្នកដែលចង់មានសេចក្តីសុខនាពេលព្រឹកទាំងឡាយ…សុំតែម្តងទៅចុះថា នៅឱ្យឆ្ងាយពីស្មាតហ្វូនមួយភ្លែតបានអត់?។

    -ឆែកមើលបន្តិចមើល៍ ថាថ្ងៃនេះមានអីដែលត្រូវធ្វើខ្លះ?

    តារាងជីវិតក្នុង​ 1ថ្ងៃៗ គួរតែត្រូវដឹងថា តើមានអ្វីត្រូវធ្វើខ្លះ មិនដូច្នោះទេអាចនឹងត្រូវឈឺក្បាលវិលមុខជាមួយនឹងរឿងរញេ​រញ៉ៃ​ជុំវិញខ្លួន ហើយសេចក្តីសុខកាយសប្បាយចិត្ត ក៏ប្រហែលជាអណ្តែតទៅបាត់ តាមខ្សែវាយោយ៉ាងមិនអាចជួយបានមិនខាន។

    -បញ្ចេញកម្លាំងតាំងពីព្រឹកព្រលឹម (មកពីចង់បង្អួតភាពមាំមួនរបស់រាងកាយហ្នឹងណា៎)

    ការហាត់ប្រាណតាំងពីព្រឹកព្រលឹម មិនមែនត្រឹមតែជួយឱ្យរាងកាយ រឹងប៉ឹងមាំមួនតែមួយមុខនោះទេ ព្រោះមានតែអ្នកដែលហេពភី​ជាមួយ​ជីវិតប៉ុណ្ណោះ ទើបដឹងថា ការក្រោកពីព្រលឹមដើម្បីមកហាត់ប្រាណនេះ អាចជួយកាត់បន្ថយក្តីតានតឹងធុញថប់ក្នុងអារម្មណ៍ បង្កើន​ប្រសិទ្ធ​ភាពការធ្វើការងាររបស់រាងកាយ រួមទាំងដាស់ភាពស្រស់ស្រាយឡើងវិញបានមួយរយភាគរយទៀតផង។

    -អាហារពេលព្រឹកនេះ មិនអាចអត់បានទេ

    អ្នកណាក៏ដឹងដែរថា អាហារពេលព្រឹកមានប្រយោជន៍ខ្លាំងណាស់។ មុនគេបង្អស់គឺ កាពារជំងឺក្រពះ រោគអាល់ហ្សៃមើរ៍ និងដែលសំខាន់នោះ គឺនៅបានជួយដល់ការធ្វើការងាររបស់ប្រព័ន្ធខួរក្បាលទៀតផង។

    មនុស្សយើងតែងតែសួររកនិយមន័យរបស់សេចក្តីសុខក្នុងជីវិតដោយវិធីការផ្សេងៗ ទាំងការពិតទៅ គ្រាន់តែគ្មានអារម្មណ៍កើតទុក្ខ ក៏ស្មើនឹងមានសេចក្តីសុខយ៉ាងខ្លាំងបាត់ទៅហើយ មិនថា អ៊ីចឹងហ្អីមិត្តអ្នកអាន?៕

  • ចិន​រារាំង​មិនឱ្យ​អ្នកជំនាញ​របស់ WHO ស្រាវជ្រាវ​ប្រភព Covid-19 នៅលើ​ទឹកដី​របស់ខ្លួន

    ចិន​រារាំង​មិនឱ្យ​អ្នកជំនាញ​របស់ WHO ស្រាវជ្រាវ​ប្រភព Covid-19 នៅលើ​ទឹកដី​របស់ខ្លួន

    អាជ្ញាធរ​ចិន​បានប្រកាសថា មិន​ផ្ដល់​ទិដ្ឋាការ​ដល់​ក្រុម​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក សម្រាប់​ការចូល​មកកាន់​ទីក្រុង Wuhan ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​របស់​វីរុស Covid-19 បើ​ទោះ​សមាជិក​មួយចំនួន​បានចេញ​ដំណើរ​រួចហើយ​ក្ដី។

    ប្រតិភូ​នៃ​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) មាន​គម្រោង​ទៅកាន់​ទីក្រុង Wuhan នៃ​ខេត្ត Hubei របស់​ប្រទេស​ចិន ជា​កន្លែង​ដែល​ត្រូវគេ​ជឿថា ជា​ប្រភព​នៃ​វីរុស Covid-19 ដើម្បី​ធ្វើការ​ស្រាវជ្រាវ​លើ​ករណីដំបូងៗនៃ​ការឆ្លង​វីរុស​នេះ។ ក្រុម​អ្នកជំនាញ​នេះ មិន​មានបំណង​ស្រាវជ្រាវ​លើ​ទ្រី​ស្ដី​ដែលថា Covid-19 មាន​ប្រភព​ចេញពី​បន្ទប់ពិសោធន៍​នៅ Wuhan ដែល​ធ្លាប់​ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​បដិសេធ​នាពេល​កន្លង។

    វេជ្ជបណ្ឌិត Mike Ryan នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​សុខាភិបាល​បន្ទាន់​របស់ WHO បានឱ្យដឹងថា ប្រតិភូ​នេះ​រួមមាន ក្រុម​អ្នកជំនាញ​មកពី​ប្រទេស​នានា​ដែល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ចិន​ទាក់ទង​នឹង​គម្រោង​ទៅកាន់​ប្រទេស​ចិន។ លោក Ryan បាន​និយាយ​កាលពី​ថ្ងៃទី 5 ខែមករា​ថា៖ «ក្រុម​នេះ​នឹង​ចាប់​ផ្ដើមធ្វើ​កិច្ចការ​នៅ​ថ្ងៃស្អែក»។

    ក៏ប៉ុន្តែ នៅពេល​សមាជិក​ពីរ​នាក់​ដែល​នៅ​ឆ្ងាយ​បានចេញ​ដំណើរ ក្រុម​អ្នកស្រាវជ្រាវ​នេះ​ក៏បាន​ទទួល​ព័ត៌មាន​ថា ទិដ្ឋាការ​របស់​ពួកគេ​មិន​ត្រូវបាន​មន្ត្រី​ចិន​អនុញ្ញាត​នោះឡើយ។ សមាជិក​ម្នាក់​បាន​ត្រលប់​ក្រោយ​វិញ ខណៈ​ម្នាក់ទៀត​កំពុង​ឆ្លងកាត់​ប្រទេស​ទី​បី។

    លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​សម្ដែង​ការខកចិត្ត​ចំពោះ​ព័ត៌មាន​ខាងលើនេះ និង​ឱ្យដឹងថា បាន​អំពាវនាវ​ឱ្យ​ប្រទេស​ចិន អនុញ្ញាតឱ្យ​ក្រុម​អ្នកជំនាញ​បាន​ចូល​ស្រុក។

    លោក Tedros ថ្លែងថា៖ «ខ្ញុំ​បាន​ទាក់ទង​ទៅកាន់​ក្រុមមន្ត្រី​ចិន និង​បានធ្វើឱ្យ​ប្រាកដ​អំពី​ភារកិច្ច​ថា នេះ​គឺជា​អាទិភាព​មួយ​របស់ WHO និង​ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ»។

    ជាច្រើន​ខែ​មកហើយ WHO បាន​ប្រឹងប្រែង​ដើម្បី​អាច​បញ្ជូន​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ទៅកាន់​ប្រទេស​ចិន។ ពួកគេ​ចាប់ផ្ដើម​ពិភាក្សា​ជាមួយ​ក្រុមមន្ត្រី​ចិន​តាំងពី​ខែកក្កដា ដើម្បី​រក​ផ្លូវ​ចូលទៅ​កាន់​ទីក្រុង Wuhan ក្នុង​បំណង​ស្រាវជ្រាវ​ឱ្យដឹង​ប្រាកដថា តើ​វីរុស Covid-19 បាន​ឆ្លង​ពីស​ត្វ​មក​មនុស្ស​ដោយ​របៀប​ណាខ្លះ។

    Ilona Kickbusch ប្រធាន​មជ្ឈមណ្ឌល​សុខាភិបាល​សកល​នៅ​ទីក្រុង​ហ្សឺ​ណែវ យល់់ថា កត្តា​ភូមិសាស្ត្រ​នយោបាយ​បាននិងកំពុង​រារាំង​បណ្ដា​ប្រទេស​ក្នុងការ​សហការគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង Covid-19 ហើយ​អរិភាព​ដែល​កើតឡើង​អាចជា​ឧបសគ្គ​នៃ​យុទ្ធនា​ការស្វែងយល់​អំពី​ប្រភព និង​ដំណើរការ​នៃ​រោគរាតត្បាត។

    Kickbusch ថ្លែងថា៖ «ខ្ញុំ​គិតថា នឹងមាន​ការលំបាក​ខ្លាំង​នៅក្នុង​ការស្វែងរក​ប្រភព​របស់​វីរុស ព្រោះថា ពេលវេលា​​បាន​​កន្លង​ផុត​ទៅ​​យូរ​ណាស់​មកហើយ»។

    ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​របស់ WHO សង្ឃឹមថា ការដែល​ចិន​បដិសេធ​មិនឱ្យ​ពួកគេ​ចូល​ប្រទេស​នេះ គ្រាន់តែ​ជា​បញ្ហា​​បន្ទាប់​បន្សំ​​ប៉ុណ្ណោះ​ ហើយ​ថា «បញ្ហា​ការិយាធិបតេយ្យ​នឹង​ត្រូវបាន​ដោះស្រាយ​យ៉ាង​ឆាប់រហ័ស»៕

    ប្រភព៖ Guardian

  • ប្រទេស​ដែល​ចាក់​វ៉ាក់សាំង Covid-19 ជូន​ពលរដ្ឋ​​ បើ​ទោះ​មិនមាន​អ្នក​ឆ្លង​សូម្បីតែ​ម្នាក់

    ប្រទេស​ដែល​ចាក់​វ៉ាក់សាំង Covid-19 ជូន​ពលរដ្ឋ​​ បើ​ទោះ​មិនមាន​អ្នក​ឆ្លង​សូម្បីតែ​ម្នាក់

    សាធារណរដ្ឋ​ផៅ​ឡូ អាច​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​បណ្ដា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 បើទោះជា​មិនទាន់មាន​អ្នក​ឆ្លង​វីរុស​នេះ​ក៏ដោយ។

    សាធារណរដ្ឋ​ផៅ​ឡូ (Palau) ដែលជា​ប្រទេស​កោះ​មួយ​មាន​ប្រជាជន​សរុប 18,000 នាក់ កាលពី​ថ្ងៃទី 2 ខែមករា បានទទួល​វ៉ាក់សាំង Covid-19 លើកទីមួយ​ពី​ក្រុមហ៊ុន​អាមេរិក Moderna។ ក្រសួងសុខាភិបាល​ប្រទេស​នេះ បានប្រកាស​នៅលើ​ទំព័រ Twitter ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​បានចាប់ផ្ដើម​ចាប់ពី​ថ្ងៃទី 3 ខែមករា ឆ្នាំ 2021។

    វ៉ាក់សាំង​ចំនួន 2,800 ដូ​ស​ដំបូង ដែល​បាន​បញ្ជូន​ដល់​ប្រទេស​នេះ ត្រូវបាន​ចាក់​ជូន​ក្រុមមនុស្ស​អាទិភាព​ដំបូង រួមមាន បុគ្គលិក​សុខាភិបាល​ជួរមុខ ក្រុមមន្ត្រីសំខាន់ៗ និង​ក្រុម​ពលរដ្ឋ​ងាយ​រងគ្រោះ ក្នុងនោះ ម្នាក់ៗនឹងត្រូវ​បាន​ចាក់​ពីរ​ម្ជុល​ដែលមាន​គម្លាត​ពីគ្នា 28 ថ្ងៃ។

    អង្គការ​សុខា​ភាព​ពិភពលោក (WHO) បានឱ្យដឹងថា សាធារណរដ្ឋ​ផៅ​ឡូ គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ភាគតិច​ក្នុង​ពិភពលោក​ដែល​មិនទាន់មាន​អ្នក​ឆ្លង​វីរុស Covid-19 និង​អ្នកស្លាប់​ដោយសារ​វីរុស​នេះ។ កាលពី​ខែមករា ឆ្នាំ 2020 នៅពេល Covid-19 បានចាប់ផ្ដើម​រាតត្បាត​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ផៅ​ឡូ គឺជា​ប្រទេស​ដែល​បានចាប់ផ្ដើម​ប្រើប្រាស់​វិធានការ​រឹតបន្តឹង​ព្រំដែន​យ៉ាង​តឹងរ៉ឹង​បំផុត។

    ផៅ​ឡូ​បានចាប់ផ្ដើម​បិទ​ច្រកព្រំដែន​នៅក្នុង​ខែមីនា និង​ចាប់ផ្ដើម​ធ្វើតេស្តរ​កវី​រុស Covid-19 ជូន​ពលរដ្ឋ​នៅក្នុង​ខែមេសា។ វិធានការ​ទាំងនេះ​បានរួម​ចំណែក​ជួយ​ឱ្យ​ប្រទេស​កោះ​មួយ​នេះ រួច​ផុតពី​ការ​រាតត្បាត​របស់ Covid-19។ នេះ​បើតាម​ការចែករំលែករ​បស់​ឯកអគ្គរដ្ឋទូត​ប្រទេស​ផៅ​ឡូ​នៅ​អង្គការសហប្រជាជាតិ​កាលពី​ខែឧសភា ឆ្នាំ 2020។

    ជា​ប្រទេស​ឯករាជ្យ និង​មាន​ទំនាក់ទំនង​សេរី​ជាមួយ​សហរដ្ឋអាមេរិក ផៅ​ឡូ បានទទួល​ផលប្រយោជន៍​ពី​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក ឬ​ហៅថា យុទ្ធនា​ការអភិវឌ្ឍ​វ៉ាក់សាំង​មហា​លឿន​ដែលមាន​ឈ្មោះថា Operation Warp Speed (OWS)។

    Sylvia Osarch អាយុ 60 ឆ្នាំ ជា​វេជ្ជបណ្ឌិត​ផ្នែក​មនុស្ស​ចាស់ គឺជា​មនុស្ស​ដំបូង​គេ​នៅ​ផៅ​ឡូ ដែល​បានទទួល​ការចាក់​វ៉ាក់សាំង Covid-19

    ប្រទេស​កោះ ផៅ​ឡូ មាន​ផ្ទៃដី​ត្រឹមតែ 459 គីឡូម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ ដែល​នេះ​ស្មើនឹង 1/6 នៃ​ទំហំ​ផ្ទៃដី​របស់ Rhode Island ជា​រដ្ឋ​តូច​បំផុត​នៅ​សហរដ្ឋអាមេរិក។ ជាមួយនឹង​ផ្ទៃក្រឡា​តូច​បែបនេះ ផៅ​ឡូ អាច​ក្លាយជា​ប្រទេស​ដំបូង​គេ​មួយ​ក្នុង​ពិភពលោក​ដែល​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19។

    តាម​គម្រោង​ដំបូង ផៅ​ឡូ នឹង​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅក្នុង​ខែឧសភា ប៉ុន្តែ Ritter Udui អ្នកទទួលខុសត្រូវ​លើ​ស្ថានភាព​បន្ទាន់​របស់​ក្រសួងសុខាភិបាល បាន​និយាយថា ដំណាក់កាល​បញ្ចប់​យុទ្ធនាការ​នេះ​អាច​នឹង​យឺត​ជាង​ការគ្រោងទុក ដោយសារតែ​មានការ​ពន្យា​រ​ពេល​ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ពី​សហរដ្ឋអាមេរិក។

    «ការចាក់​វ៉ាក់សាំង​មិន​ត្រូវបាន​ចាប់បង្ខំ​នោះទេ ដូច្នេះ​ទើប​គោលដៅ​របស់​យើង​គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យបាន 80% នៃ​ប្រជាជន​សរុប» Udui ថ្លែង​បែបនេះ។

    Sylvia Osarch អាយុ 60 ឆ្នាំ ជា​វេជ្ជបណ្ឌិត​ផ្នែក​មនុស្ស​ចាស់ គឺជា​មនុស្ស​ដំបូង​គេ​នៅ​ផៅ​ឡូ ដែល​បានទទួល​ការចាក់​វ៉ាក់សាំង Covid-19 ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 3 ខែមករា។

    ផៅ​ឡូ​បានជ្រើសរើស​វ៉ាក់សាំង​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Moderna របស់​សហរដ្ឋអាមេរិក ព្រោះថា​វា​អាច​ត្រូវបាន​រក្សាទុក​ក្នុង​ទូទឹកកក​ប្រភេទ​ស្ដង់ដា ជំនួស​ឱ្យ​ការរក្សា​ទុក​ក្នុង​សីតុណ្ហភាព -70 អង្សា​សេ​ដូចជា​វ៉ាក់សាំង​របស់ Pfizer។ ប៉ុន្តែ ក្រុមមន្ត្រី​ប្រទេស​នេះ​បានឱ្យដឹងថា ផៅ​ឡូ បានទទួល​ឃ្លាំង​ត្រជាក់​មួយ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ2020 ដែល​អាច​រក្ស​ទុក​វ៉ាក់សាំង 5,000 ដូ​សរ​បស់​ក្រុមហ៊ុន Pfizer៕

    ប្រភព៖ CNN

  • ស្ត្រីមានគភ៌ដែលចាញ់កូនខ្លាំង កូននៅក្នុងផ្ទៃ ច្បាស់ជារឹងប៉ឹងខ្លាំងដែរ

    ស្ត្រីមានគភ៌ដែលចាញ់កូនខ្លាំង កូននៅក្នុងផ្ទៃ ច្បាស់ជារឹងប៉ឹងខ្លាំងដែរ

    តាមរយៈការពិនិត្យសម្រាប់ស្រ្តីមានផ្ទៃពោះ 85% ក្នុងអំឡុងត្រីមាសដំបូង នឹងមានអាការចាញ់កូនយ៉ាងខ្លាំងក្លា អ្នកខ្លះដល់ថ្នាក់ញ៉ាំអ្វីមិនបាន ញ៉ាំហើយក្អួតចេញមកវិញអស់ អ្នកខ្លះទៀតចាញ់កូនធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅគេងព្យួរសេរ៉ូមនៅឯមន្ទីរពេទ្យក៏មាន…តែសូមជឿចុះថា អាការចាញ់កូនធ្ងន់ធ្ងររបស់អ្នកតាំងគភ៌នេះ គឺជាការបញ្ជាក់ឱ្យដឹងថា កូនមានសុខភាពរាងកាយរឹងមាំល្អតាំងពីនៅក្នុងពោះហ្នឹងឯង។

    លទ្ធផលនៃការតាមដានពិនិត្យមើលស្ត្រីមានគភ៌ជាង 850,000នាក់ បានឱ្យដឹងថា ស្រ្តីមានគភ៌ដែលមានអាការ​ចាញ់កូន មិនថាតែចាញ់ខ្លាំង ឬចាញ់តិចនោះទេ ច្រើនតែប្រសូតត្រូវចំកំណត់ពេល ហើយទារកដែលប្រសូតចេញមក ក៏មានសុខភាពរាងកាយរឹងមាំល្អដែរ តែសម្រាប់ស្ត្រីមានគភ៌ដែលគ្មានអាការចាញ់កូនសោះនោះ គិតជាភាគរយ 9.5% ច្រើនតែប្រសូតមុនពេលកំណត់ និងទារកខ្លះអាចនឹងស្លាប់បាត់បង់ជីវិតតាំងពីនៅក្នុងគភ៌ផងក៏មាន។

    អាការចាញ់កូនកើតឡើងបានចំពោះអ្នកមានគភ៌គ្រប់រូប កើតឡើងដោយសារតែការដែលអ័រម៉ូនក្នុងរាងកាយប្រែប្រួលយ៉ាងឆាប់រហ័ស រហូតធ្វើឱ្យរាងកាយត្រូវបញ្ជូនសញ្ញាអ្វីម្យ៉ាងចេញមក ដូចជា ក្អួត អស់កម្លាំងល្វើយ ចង់តែគេងសម្រាករហូត ឆាប់ទទួលដឹងក្លិនលឿនជាងសព្វដង មានកង្វល់ មិនសប្បាយក្នុងខ្លួន ជាដើម តែអាការចាញ់កូនទាំងនេះនឹងកើតធ្ងន់ធ្ងរចំពោះតែក្នុងត្រីមាសដំបូងប៉ុណ្ណោះ លុះឈានចូលដល់អំឡុងត្រីមាសទី2 អាការចាញ់កូនទាំងនេះនឹងបាត់អស់ទៅវិញ ឬមានអាការស្រួលខ្លួនឡើងវិញជាងមុន។ បើស្ត្រីមានគភ៌មានអាការចាញ់កូន មិនថាច្រើន ឬក៏តិចយ៉ាងណានោះទេ គួរតែប្រាប់ទៅគ្រូពេទ្យឱ្យបានដឹងគ្រប់ពេលដែលទៅពិនិត្យរាងកាយ ដើម្បីគ្រូពេទ្យនឹងបានវាយតម្លៃសុខភាពទារកក្នុងគភ៌របស់អ្នកម្តាយបាន។

    បើស្ត្រីមានគភ៌ម្នាក់ណាមានអាការចាញ់កូនខ្លាំង អាចញ៉ាំអាហារខាងក្រោមនេះ ដើម្បីសម្រាលអាការបាន ដូចជា ៈ

    1. ទឹកខ្ញីក្តៅៗ ឬត្រជាក់ ដែលមានរសជាតិផ្អែមតិចៗ។
    2. បែងអាហារដែលចង់ទទួលទានចេញជាពេលអាហារតូចៗ ដើម្បីទទួលទានក្នុងពេលថ្ងៃ។
    3. រៀបចំនំឃុកគី ឬនំគ្រែកឃើរ៍ ដុំតូចៗទុកយកមកញ៉ាំក្នុងពេលថ្ងៃ។
    4. ញ៉ាំទឹកឱ្យបានច្រើនៗ និងសម្រាករាងកាយឱ្យបានគ្រប់គ្រាន់។

    សម្រាប់អាការចាញ់កូន អាចនិយាយបានថា ជារឿងប្រក្រតីសម្រាប់អ្នកមានគភ៌ ចូរគិតថា ចាញ់កូនខ្លាំង កូនរឹងប៉ឹងខ្លាំង ព្រោះបានបញ្ចេញអ័រម៉ូនការមានជីវិតចេញមកច្រើន តែសម្រាប់ស្រ្តីមានគភ៌ដែលគ្មានអាការចាញ់កូនសោះនោះ ក៏មិនចាំបាច់កង្វល់ដែរ បើពិនិត្យរាងកាយគ្រប់យ៉ាងប្រក្រតីនោះ ក៏បញ្ជាក់ថា អ្នកជាម្តាយដែលសំណាងល្អមែនទែន ដែលមិនចាំបាច់នឿយហត់ជាមួយអាការចាញ់កូន៕

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី 1នាក់​ទៀត ខណៈ​តួលេខ​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ពិភព​លោក ចេះ​តែ​បន្ត​កើន​ឡើង​

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី 1នាក់​ទៀត ខណៈ​តួលេខ​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ពិភព​លោក ចេះ​តែ​បន្ត​កើន​ឡើង​

    ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាសថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 1 នាក់​ទៀត នាំឱ្យ​តួលេខ​អ្នក​ឆ្លង​វីរុស​នេះ​សរុប​ឡើងដល់ 362 នាក់។

    អ្នក​វិជ្ជមាន​ថ្មី​នេះ​គឺជា​បុរស​ជនជាតិខ្មែរ អាយុ 28 ឆ្នាំ នៅ​ខេត្ត​ប៉ៃលិន ជា​ពលករ​ដែល​ទើប​ត្រលប់​មកពី​ប្រទេស​ថៃ។ ព័ត៌មាន​លម្អិត សូម​អាច​តារាង​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 6 មករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 383 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 362 នាក់ និង​អ្នក​កំពុង​ទទួល​ការព្យាបាល​មាន​ចំនួន 21 នាក់។

    នៅ​ទូទាំង​ពិភពលោក​ឯណោះ​វិញ បច្ចុប្បន្ន តួលេខ​នៃ​អ្នក​បាន​ឆ្លង​វីរុស​នេះ បាន​កើន​ឡើងដល់ 86,806,579 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ដល់​ទៅ 1,874,318 នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន 61,520,911 នាក់ ខណៈ​អ្នក​កំពុង​ទទួល​ការព្យាបាល​មាន​ចំនួន 23,411,350 នាក់ ហើយ​ក្នុងចំណោម​នេះ​ក៏មាន​អ្នកជំងឺ 107,872 នាក់ កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត​ដោយសារ​មាន​អាការ​ធ្ងន់ធ្ងរ៕

  • សារធាតុអាហារដែលចាំបាច់បំផុតសម្រាប់ស្ត្រីក្នុងអំឡុងពេលមានគភ៌

    សារធាតុអាហារដែលចាំបាច់បំផុតសម្រាប់ស្ត្រីក្នុងអំឡុងពេលមានគភ៌

    ស្រ្តីមានគភ៌ត្រូវការកម្លាំងថាមពលបន្ថែមឡើងពី 150 – 350កាឡូរីក្នុង 1ថ្ងៃ ដើម្បីការចម្រើនធំធាត់របស់ទារកក្នុងផ្ទៃ និងមេតាបូលីហ្ស៊ឹមដែលកើនឡើងរបស់មាតា។ ជាទូទៅគ្រូពេទ្យតែងណែនាំឱ្យទទួលទានប្រូតេអុីនបន្ថែមឡើងយ៉ាងតិច 30ក្រាមក្នុង​ 1ថ្ងៃ។ ដូច្នេះខាងក្រោមនេះ គឺជាសារធាតុអាហារសំខាន់ៗដែលស្រ្តីមានគភ៌ចាំបាច់ត្រូវតែបានទទួល។

    ហ្វូលេត ៈ ស្រ្តីមានគភ៌មួយចំនួនមានភាពប្រថុយប្រថានចំពោះការខ្វះសារធាតុហ្វូលេតខ្លាំងណាស់ ដូចជា ការមានគភ៌កូន​ភ្លោះ ការទទួលទានថ្នាំការពារប្រកាច់ ជាដើម ដូច្នេះហើយទើបស្ត្រីមានគភ៌ គួរបានទទួលសារធាតុហ្វូលេតបន្ថែមយ៉ាងតិច 200 – 400មីក្រូក្រាម ហើយហ្វូលេតថែមទាំងជួយកាត់បន្ថយភាពប្រថុយចំពោះភាពពិការរបស់បំពង់ប្រសាទទារកដែលមិនបិទ( Neural Tube Defect)ទៀតផង។

    សារធាតុដែក ៈ ស្រ្តីមានគភ៌ត្រូវការសារធាតុដែកច្រើនឡើងដើម្បីផលិតគ្រាប់ឈាម។ ឡារ៉ែនសូមណែនាំឱ្យទទួលយក​សារធាតុដែកពីអាហារឱ្យបាន 30 – 60មីល្លីក្រាមក្នុង 1ថ្ងៃ តែបើទទួលទានសារធាតុដែកបន្ថែមក្នុងរូបបែប FeSO4 វិញនោះ ត្រូវឱ្យបានពី 300 – 600មីល្លីក្រាមក្នុង 1ថ្ងៃ។ មានឯកសារមួយបានឱ្យដឹងថា បើកម្រិតសារធាតុដែកខ្ពស់ជ្រុលពេក នឹងនាំឆ្ពោះទៅរកសភាវទឹកនោមផ្អែមខណៈមានគភ៌ ដូច្នេះហើយទើបក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសអង់គ្លេស និងកាណាដា តែងពិចារណាក្នុងការផ្តល់សារធាតុដែកបន្ថែមចំពោះតែ​ស្រ្តីណា​ដែលរកឃើញថា មានជំងឺឈាមស្លេក ដែលបណ្តាលមកពីការខ្វះសារធាតុដែកតែប៉ុណ្ណោះ។ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ភាគច្រើនគ្រូពេទ្យនឹងឱ្យសារធាតុដែកបន្ថែមជាប្រចាំ ដោយសារតែតែងមានការខ្វះសារធាតុដែកច្រើន ទើបកន្លែងខ្លះមានកម្មវិធីបន្ថែមសារធាតុដែក និងហ្វូលេតដល់ស្រ្តីវ័យជំទង់ ដើម្បីកាត់បន្ថយការកើនឡើងនៃរោគឈាមស្លេកតាំងពីពេលមុនតាំងគភ៌។

    វីតាមីនB12 បើមានវីតាមីនក្នុងកម្រិតទាប រួមជាមួយកម្រិតហ្វូលេតដែលខ្ពស់នៅលើស្រ្តីមានគភ៌នោះ នឹងក្លាយជាបច្ច័យប្រថុយ​ប្រថាន ដែលអាចនឹងធ្វើឱ្យទារកមានសភាវឌឺនឹងសារធាតុអុីនស៊ូលីននាពេលអនាគតបាន។

    កាល់ស្យូម ៈ កាល់ស្យូម មានភាពសំខាន់សម្រាប់ការអភិវឌ្ឍឆ្អឹងរបស់ទារក នៅពេលតាំងគភ៌ ស្ត្រីនឹងមានតម្រូវការកាល់ស្យូមកើនឡើង 122 – 167ភាគរយ ឬគួរបានទទួលជាតិកាល់ស្យូមយ៉ាងតិចបំផុត 1ក្រាមក្នុង 1ថ្ងៃ។ តាមរយៈការសិក្សាស្រាវជ្រាវមួយ បានឱ្យដឹងថា កាល់ស្យូមនឹងជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់នៅលើស្រ្តីមានគភ៌ កាត់បន្ថយភាពប្រថុយប្រថានចំពោះសភាវគភ៌មានជាតិពុលបានទៀតផង។

    វីតាមីន A មានសម្ព័ន្ធភាពជាមួយកម្រិតសារធាតុដែក បើទទួលបានមិនគ្រប់គ្រាន់ក្នុងខណៈមានគភ៌ នឹងក្លាយជាមូល​ហេតុបណ្តាលឱ្យកើតរោគលោហិតស្លេកបាន។ បរិមាណដែលលោកគ្រូពេទ្យណែនាំឱ្យទទួលទាននោះគឺ 1ថ្ងៃ 5,000IU បើទទួលបានច្រើនជាង 10,000 IU ទារកនៅក្នុងផ្ទៃនឹងប្រថុយប្រថានក្នុងការកើតសភាវពិការ ជាពិសេសនៅលើប្រព័ន្ធបញ្ចេញទឹកមូត្រ។

    ដូច្នេះហើយទើបការជ្រើសរើសប្រើអាហារបំប៉នក្នុងអំឡុងពេលមានគភ៌គួរស្ថិតនៅក្រោមការមើលថែរបស់គ្រូពេទ្យដើម្បីទទួលបានពាក្យណែនាំដែលត្រឹមត្រូវ និងការប្រើថ្នាំដែលស័ក្តិសម និងដើម្បីឱ្យទាំងម្តាយ និងទារកក្នុងផ្ទៃមានសុវត្ថិភាព រឹងប៉ឹង និងមានវិវឌ្ឍនាការដ៏ល្អប្រសើរ៕

  • អាការគេងលក់សង្កៀតធ្មេញ មានគ្រោះថ្នាក់ឬទេ?

    អាការគេងលក់សង្កៀតធ្មេញ មានគ្រោះថ្នាក់ឬទេ?

    តើមិត្តអ្នកអានដែលសង្កេតមើលអ្នកនៅជិតៗយើងខ្លះទេថា ហេតុអីបានជាគេសង្កៀតធ្មេញនៅពេលគេងលក់? មានការ​សិក្សាស្រាវជ្រាវដែលព្យាយាមអធិប្បាយអំពីមូលហេតុរបស់អាការគេងសង្កៀតធ្មេញ និងមានផលប៉ះពាល់ចំពោះសុខភាពយ៉ាងណា និងមានភ័ស្តុតាងអះអាងហើយថា ស្ថានភាពរបស់ផ្លូវចិត្ត និងអារម្មណ៍មានចំណែកពាក់ព័ន្ធជាមួយការគេងសង្កៀតធ្មេញដែលបាន​និយាយមកខាងលើ។ កម្រិតរបស់ការគេងសង្កៀតធ្មេញ នឹងមានភាពខុសប្លែកពីគ្នាខ្លាំងនៅលើមនុស្សម្នាក់ៗ ដោយនឹងមានចំណែក​ពាក់ព័ន្ធជាមួយភាពតានតឹងធុញថប់ សភាវរបស់អារម្មណ៍ និងសភាវអាសន្ន ដែលមាននៅក្នុងជីវិតប្រចាំថ្ងៃ ដូចជា ការលែងលះគ្នា ការអត់ការងារធ្វើ ឬក្នុងអំឡុងពេលប្រឡង ជាដើម។

    មានមនុស្សមួយចំនួននិយាយថា អ្នកដែលមានអាការគេងសង្កៀតធ្មេញនេះ ស្ទើរតែគ្មានភាពខុសប្រក្រតីខាងផ្នែកផ្លូវចិត្តឡើយ តែនឹងមានបុគ្គលិកភាពដែលមានសញ្ញាថា នឹងកើត ឬងាយនឹងកើនភាពតានតឹងធុញថប់បាន។ ជាមនុស្សដែលមាន​អារម្មណ៍ច្រងេងច្រងាង និងជាមនុស្សដែលវិតក្កកង្វល់ ឬ Hyperactive បានយ៉ាងងាយ តែ ច្រើនតែមិនឃើញមានភាពខុសប្រក្រតីរបស់ប្រព័ន្ធប្រសាទចូលមកពាក់ព័ន្ធឡើយ។ អាការគេងសង្កៀតធ្មេញនេះ អាចមានមូលហេតុមកពីថ្នាំដែលទទួលទានក៏អាចថា​បាន​ដែរ តែស្ថិតក្នុងភាគរយតិចបំផុត។ ក្រៅពីនេះនៅមានរបាយការណ៍ដោយឡែកមួយទៀតថា ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុល ក៏អាចធ្វើឱ្យកើតអាការគេងសង្កៀតធ្មេញបានដែរ។

    អ្នកគេងសង្កៀតធ្មេញជាច្រើននាក់ មិនបានដឹងថា ខ្លួនឯងមានអាការគេងសង្កៀតធ្មេញនោះឡើយ គេសង្កេតឃើញថា មានត្រឹមតែ 10%នៃចំនួនមនុស្សធំ និង 5%នៃចំនួនកុមារដែលគេងសង្កៀតធ្មេញប៉ុណ្ណោះ ដែលដឹងថា ខ្លួនឯងមានអាការគេងសង្កៀត​ធ្មេញ ដោយមនុស្សទាំងនោះច្រើនតែដឹងថា ខ្លួនឯងគេងសង្កៀតធ្មេញ តាមរយៈការឮសូរសំឡេងខាំសង្កៀតធ្មេញរបស់ខ្លួនឯង ពីមិត្ត​ភក្តិ ឬអ្នកដែលគេងក្បែរប្រាប់ឱ្យដឹង។ យ៉ាងណាក៏ដោយ ក្នុងចំណោមអ្នកដែលមានអាការគេងសង្កៀតធ្មេញទាំងអស់ នឹងមាន​ត្រឹមតែ 20% ប៉ុណ្ណោះ ដែលកើតមានសំឡេងធ្វើឱ្យអាចឮបាន ដូច្នេះការដែលចង់វិនិច្ឆ័យថា ខ្លួនឯងគេងសង្កៀតធ្មេញមែន ឬអត់នោះ ចាំបាច់​ត្រូវអាស្រ័យលើការពិនិត្យយ៉ាងល្អិតល្អន់ពីគ្រូពេទ្យធ្មេញ។ ដោយគ្រូពេទ្យធ្មេញនឹងពិចារណាពីអង្គប្រកបជាច្រើនទៀត ដូចជា លក្ខណៈ​ការ​សឹករបស់ធ្មេញ លក្ខណៈរបស់សាច់ដុំ និងផ្សេងៗទៀត ជាពិសេសអាការឈឺចុករួយនៃសាច់ដុំធ្គាម ពេលភ្ញាក់ពីគេងជាដើម។

    មូលហេតុរបស់ការគេងសង្កៀតធ្មេញ មកពីភាពតានតឹងធុញថប់ និងមូលហេតុមួយទៀត​ មកពីប្រអប់មាត់ដោយផ្ទាល់ ដែលធ្មេញរវាងជួរខាងក្រោមនឹងជួរខាងលើ មានចន្លោះដោយសារការធ្វើធ្មេញ ប៉ះធ្មេញ ឬទៅពត់តម្រង់ធ្មេញជាដើម ទើបធ្វើឱ្យនៅពេលគេងលក់ ធ្មេញព្យាយាមកម្ចាត់ចំណុចទាបខ្ពស់មិនស្មើគ្នានៅត្រង់នោះ។

    ផលអាក្រក់ពីការគេងសង្កៀតធ្មេញ នឹងធ្វើឱ្យធ្មេញសឹករេចរឹលអស់ជារឿយៗ ក្នុងករណីដែលសង្កៀតធ្មេញខ្លាំង ធ្មេញនឹង​សឹកចូលដល់ប្រហោងប្រសាទធ្មេញ ធ្វើឱ្យស្រៀវធ្មេញ ឈឺធ្មេញ រហូតដល់ត្រូវព្យាបាលឫសធ្មេញនៅទីបំផុត។

    វិធីការពារព្យាបាល អាការគេងសង្កៀតធ្មេញ ក្នុងករណីដែលបណ្តាលមកពីភាពតានតឹងធុញថប់ ចូរព្យាយាមបន្ធូរបន្ថយ​អារម្មណ៍ និងឧស្សាហ៍ហាត់ប្រាណ ដើម្បីបញ្ចេញសារធាតុអេនដូហ្វ៊ីន ឱ្យរាងកាយបញ្ចេញសារធាតុនៃសេចក្តីសុខ។ អាការគេង​សង្កៀត​ធ្មេញនេះ លោកគ្រូពេទ្យមិនអាចព្យាបាលឱ្យជាដាច់ 100%បានទេ តែជាការជួយសម្រាល មិនឱ្យធ្មេញសឹករេចរឹលខ្លាំងឡើង​ប៉ុណ្ណោះ​។

    លោកគ្រូពេទ្យបានណែនាំថា បើមិនដឹងថា តើខ្លួនឯងគេងសង្កៀតធ្មេញ ឬក៏អត់នោះ ចូសួរអ្នកដែលគេងក្បែរ ឬទៅជួប​គ្រូពេទ្យដើម្បីពិនិត្យមើលថា តើធ្មេញមានសឹក ឬបែកបាក់ដែរឬទេ? និងវិធីមួយទៀតដែលអាចពិនិត្យមើលដោយខ្លួនឯងបាននោះគឺ នៅពេលភ្ញាក់ឡើងមានអារម្មណ៍ឈឺចុករួយធ្គាមដែរឬទេ? ជួនកាលអាចឈឺរាលឡើងទៅដល់ក្បាល ឬមានអារម្មណ៍ថាចុករួយក ដែលអ្នកខ្លះអាចនឹងគិតថា ដោយសារតែគេងធ្លាក់ពីលើខ្នើយ ឬគេងខុសឥរិយាបថ តែមូលហេតុពិតប្រាកដវិញ គឺបណ្តាលមកពីការគេងសង្កៀតធ្មេញខ្លាំងៗហ្នឹងឯង៕

  • “អានឱ្យស្តាប់” និង “អានខ្លួនឯង” ជារឿងសំខាន់សម្រាប់កូនតូចវ័យចូលរៀន

    “អានឱ្យស្តាប់” និង “អានខ្លួនឯង” ជារឿងសំខាន់សម្រាប់កូនតូចវ័យចូលរៀន

    ឥឡូវនេះ ដល់ពេលដែលកូនសម្លាញ់ត្រូវចូលរៀន មានមិត្តភក្តិ មានកិច្ចការងាររៀនសូត្រជាច្រើនយ៉ាងដែលត្រូវធ្វើហើយ ដូច្នេះលោកឪពុកអ្នកម្តាយគួរតែនៅតែត្រូវអានសៀវភៅឱ្យកូនស្តាប់តទៅទៀត ឬក៏សង្កត់ធ្ងន់លើការហ្វឹកហាត់ជំនាញសរសេរ គូសវាស ឱ្យច្បាស់លាស់តែម្តង រឹតតែល្អទៅទៀត។ ​​ ចំពោះរឿងនេះ ឡារ៉ែនមានពាក្យណែនាំពីអ្នកជំនាញការមកជម្រាបជូន​ដូចខាងក្រោម។

    នៅតែចង់ឱ្យប៉ាម៉ាក់អានរឿងនិទានឱ្យស្តាប់ដដែល

    កូនតូចនៅតែចង់ស្តាប់រឿងនិទានពីប៉ាម៉ាក់ជានិច្ច ព្រោះអំឡុងពេលដែលលោកអ្នកអានរឿងនិទានឱ្យគេស្តាប់នោះ កូនតូចមានអារម្មណ៍ដឹងពីភាពកក់ក្តៅ និងមានសុវត្ថិភាព។ រឿងនិទានមុនពេលគេង គឺជាឧបករណ៍ពង្រឹងសម្ព័ន្ធភាពរវាងលោកអ្នក និង​កូនបានយ៉ាងល្អ។ ចំណែកការអភិវឌ្ឍរឿងភាសា និងការអាននោះ ការដែលឪពុកម្តាយនៅតែអានរឿងនិទាន ឬសៀវភៅដែលគេចាប់​អារម្មណ៍ឱ្យគេស្តាប់តទៅទៀត គឺពិតជាមានផលល្អដល់កូនយ៉ាងប្រាកដណាស់ ព្រោះកូនក្នុងវ័យនេះ នៅត្រូវការវាក្យស័ព្ទ និងអត្ថន័យរបស់​ពាក្យឱ្យបានច្រើនឡើងទៀត ដើម្បីបង្កើនទាំងជំនាញភាសា និងការទំនាក់ទំនងរបស់គេហ្នឹងឯង។ បើលោកអ្នកមានពេល គួរស្វែងរករឿងនិទានដែលសម្បូរបែប និងមានភាពស្មុគស្មាញជាងមុនបន្តិច មានសាច់រឿងវែងជាងមុន មានវាក្យស័ព្ទច្រើនឡើង មកអានឱ្យកូន​ស្តាប់ តែភាសាដែលប្រើ ត្រូវតែជាភាសាដែលងាយយល់ និងជាវាក្យស័ព្ទដែលមិនពិបាកជ្រុលពេក នៅពេលនោះ បើលោកអ្នកសង្កេត​មើល នឹងបានឃើញថា កូនមានសមាធិក្នុងការស្តាប់កាន់តែយូរឡើង សប្បាយជាមួយសាច់រឿងកាន់តែច្រើនឡើង និងចាប់អារម្មណ៍សួរពីអត្ថន័យរបស់ពាក្យថ្មីៗដែលគេបានឮម្តងៗនោះទៀតផង។

    សុំអានខ្លួនឯងម្តង

    ក្នុងវ័យនេះ ដល់ពេលដែលត្រូវជំរុញឱ្យកូនហាត់អានដោយខ្លួនឯងខ្លះៗជាមួយគ្នាហើយ លោកឪពុកអ្នកម្តាយគួរជ្រើសរើសសៀវភៅណាដែលមានតួអក្សរតិច និងធំៗ និងចំនួនទំព័រមិនច្រើនជ្រុលពេក ដូចជាបទចម្រៀងច្រៀងលេង រឿងនិទានជាពាក្យចុងជួនគ្នា មកបបួលកូនផ្លាស់គ្នាអាន “ម៉ាក់អានមុន កូនចាំអានតាមណា៎” និងក្នុងខណៈពេលដែលកូនអាន អ្នកអាចចង្អុលពាក្យនៅក្នុងសៀវភៅនោះផងក៏បានដែរ។ ក្រៅពីនេះ ចូរសង្កេតមើលឱ្យច្បាស់ អ្នកនឹងឃើញថា កូនតូចព្យាយាមអានដដែលៗ ដោយអាស្រ័យការចងចាំ ហើយបើសិនជាអ្នកអានសៀវភៅណាដែលធ្លាប់បានអានឱ្យគេស្តាប់កាលពីមុនហើយនោះ អ្នកនឹងបានជួបហេតុការណ៍បែបនេះ ដូចជា បើអ្នកអានសៀវភៅដែលគេចូលចិត្តនោះខុសឃ្លា នឹងបានឮសំឡេងគេតវ៉ាថា “មិនមែនទេ មិនមែនទេ…ត្រូវតែ…”​ មិនខាន។ នេះ គឺដោយសារតែការរៀនយល់ដឹង និងចងចាំពាក្យពីសៀវភៅរឿងនិទាននោះឯង។

    សៀវភៅដែលត្រូវចិត្តកុមារវ័យរៀនមត្តេយ្យ

    • រឿងនិទានដែលមានពាក្យចុងជួនគ្នាៈ មានសាច់រឿងងាយយល់ ជាពិសេសរឿងរ៉ាវដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃ ដូចជា ងូតទឹក ញ៉ាំបាយ តែងខ្លួន រឿងរ៉ាវនៅសាលារៀន ឬពាក់ព័ន្ធនឹងសត្វចិញ្ចឹម ជាដើម។
    • សៀវភៅដែលលេងបានៈ ក្នុងអំឡុងអាយុ 3ឆ្នាំ ក្មេងមួយចំនួននៅតែចូលចិត្តសៀវភៅដែលចាប់ ឬច្របាច់លេងបាន​ រួមទាំ​ងសៀវភៅដែលមានរូបគំនូរប្រភេទ ប៉ប់អាប់ (សៀវភៅដែលមានរូបគំនូរឈរឡើង ឬពេលបើកឡើង រូបភាពងើបឡើងមកដែរ)ផងដែរ។
    • មានគម្របដែលទាក់ទាញគួរឱ្យចង់អានៈ កូនតូចនៅតែចាប់អារម្មណ៍លើគម្របសៀវភៅណាដែលទាក់ទាញ មិនថាតែពណ៌ស្អាតៗ ឬរូបភាពល្អៗក៏ដោយ។ ចំណែកខាងក្នុងវិញមានរូបភាពច្បាស់ៗ មានទំហំធំ មិនរញេរញ៉ៃជ្រុលពេក។

    ចំណែកការអភិវឌ្ឍខាងផ្នែកភាសា និងការអានវិញនោះ ការដែលលោកឪពុកអ្នកម្តាយនៅតែអានរឿងនិទាន ឬសៀវភៅដែលកូន​ចូលចិត្តឱ្យគេស្តាប់តទៅទៀតនោះ គឺពិតជាមានផលល្អដល់កូនមិនខាន ព្រោះកូនក្នុងវ័យនេះ នៅត្រូវការស្គាល់វាក្យស័ព្ទ និងអត្ថន័យ​របស់​ពាក្យឱ្យបានច្រើនឡើង ដើម្បីបង្កើនជំនាញខាងភាសា និងការឆ្លើយឆ្លងរបស់ខ្លួនគេហ្នឹងឯង៕

  • អង់គ្លេស​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស​ជាថ្មី

    អង់គ្លេស​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស​ជាថ្មី

    នាយករដ្ឋមន្ត្រី​អង់គ្លេស​បានចេញ​បទបញ្ជា​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស អំពាវនាវ​ឱ្យ​ប្រជាជន​នៅក្នុង​ផ្ទះ និង​បិទទ្វារ​សាលារៀន​ដើម្បី​ឈានទៅរក​ការគ្រប់គ្រង​ស្ថានភាព Covid-19 ក្លាយ​ពូជ។

    «មន្ទីរពេទ្យ​នានា​កាន់តែ​ទទួលរង​សម្ភា​ធ​ខ្លាំង​ដោយសារ Covid-19 បើ​ធៀប​នឹង​ដំណាក់កាល​ដំបូង​នៃ​ការ​រាតត្បាត​របស់​វីរុស​នេះ។ ភាគច្រើន ប្រទេស​យើង​កំពុង​អនុវត្ត​វិធានការ​តឹងរ៉ឹង ពិតណាស់ យើង​ត្រូវ​ការធ្វើ​ច្រើនជាង​នេះ​ដើម្បី​គ្រប់គ្រង​វីរុស​ក្លាយ​ពូជ​នេះ។ យើង​ត្រូវតែ​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស ហើយ​រដ្ឋាភិបាល ជាថ្មី​ម្ដងទៀត សូម​ណែនាំ​ឱ្យ​ពលរដ្ឋ​នៅក្នុង​ផ្ទះ» នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson មានប្រសាសន៍​លើ​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃទី 4 មករា។

    យោងតាម​បទបញ្ជា​បម្រាម​គោចរ​ថ្មី​នេះ ហាង​លក់ទំនិញ​មិនចាំបាច់​នៅ​ទូទាំងប្រទេស និង​ទីតាំង​ទទួលភ្ញៀវ​នានា​នឹងត្រូវ​បន្ត​បិទទ្វារ។ សាលា​បឋម និង​មធ្យមសិក្សា​នឹង​ចាប់ផ្ដើម​បិទទ្វារ​ចាប់ពី​ថ្ងៃទី 5 មករា ដោយ​ទទួល​តែ​សិស្ស​ងាយ​រងគ្រោះ ឬកូនៗរបស់​ក្រុម​ពលករ​ដែល​ធ្វើការ​ក្នុង​វិស័យ​ចាំបាច់​ក្នុងសង្គម។

    នាយករដ្ឋមន្ត្រី​បានឱ្យដឹងថា បទបញ្ជា​ខាងលើ​អាច​នឹង​ត្រូវបាន​បន្ធូរ​បន្ថយ​ច​ចាប់ពី​ពាក់កណ្ដាល​ខែកុម្ភៈ បើសិនជា​កម្មវិធី​ចាក់​វ៉ាក់សាំង​ដំណើរការ​រលូត​ដូច​បាន​គ្រោងទុក។

    បច្ចុប្បន្ន អង់គ្លេស​គឺជា​សម្បុក​វី​រុស​ធំជាងគេ​លំដាប់​ទី​ប្រាំ​ក្នុង​ពិភពលោក ដោយមាន​អ្នក​ឆ្លង Covid-19 សរុប​ជាង 2.7 លាន​នាក់ ក្នុងនោះ​មាន​ជាង 75,000 នាក់​បាន​បាត់​បង់ជីវិត៕

    ប្រភព៖ Reuters