Category: សុខភាព

  • បារាំង​ទទួល​វ៉ាក់សាំង Covid-19 វគ្គ​ដំបូង​ពី​ក្រុមហ៊ុន Moderna

    បារាំង​ទទួល​វ៉ាក់សាំង Covid-19 វគ្គ​ដំបូង​ពី​ក្រុមហ៊ុន Moderna

    ក្នុង​ថ្ងៃទី 11 ខែមករា​នេះ បារាំង​នឹង​ទទួលបាន​វ៉ាក់សាំង Covid-19 ជាង 50,000 ដូ​ស ពី​ក្រុមហ៊ុន​ឱសថ Moderna ដែល​ទើបតែ​ត្រូវបាន​សហភាព​អឺរ៉ុប (EU) អនុម័ត ដើម្បី​ប្រើប្រាស់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​នៅក្នុង​តំបន់​ទាំងឡាយ​ដែល​ស្ថិតនៅ​ភាគ​ខាងកើត និង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​នេះ។

    នៅក្នុង​សេចក្ដីជូនដំណឹង​កាលពី​ថ្ងៃទី 10 ខែមករា ក្រសួងសុខាភិបាល​បានឱ្យដឹងថា វ៉ាក់សាំង​វគ្គ​ដំបូង​របស់ Moderna នេះ រួមមាន 51,600 ដូ​ស។

    នៅលើ​រលក​វិទ្យុ Europe 1 រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បារាំង Olivier Veran សង្កត់ធ្ងន់ថា វ៉ាក់សាំង​ទាំងនេះ​នឹង​ត្រូវបាន​បញ្ជូនភ្លាមៗទៅកាន់​តំបន់​ដែល​កំពុង​រង​ការឆ្លង​រាលដាល​ខ្លាំង​បំផុត ក្នុងនោះ​មានដូចជា ទីក្រុង Mulhouse, Colmar, Strasbourg, Reims, Nancy, Metz, Lons-le-Saunier, Besançon, Dijon, Moulins, Nice និង​ទីក្រុង Toulon។

    តាម​ផែនការ រហូតដល់​ចុងខែ​ឧសភា បារាំង​នឹង​ទទួលបាន​វ៉ាក់សាំង​ពី​ក្រុមហ៊ុន Moderna ប្រមាណ​ជា 8 លាន​ដូ​ស​បន្ថែមទៀត។ សម្រាប់​វ៉ាក់សាំង​នេះ គ្រប់គ្នា​នឹងត្រូវ​ចាក់​ពីរលើក ដោយ​ចាក់​ចន្លោះ​ពីគ្នា​យ៉ាងតិច 28 ថ្ងៃ។

    អំពី​ការចាក់​វគ្គ​ដំបូង​ដែល​ប្រើប្រាស់​វ៉ាក់សាំង BioNTech/Pfizer លោក Olivier Veran ឱ្យដឹងថា មកដល់​ចុង​សប្ដាហ៍​កន្លងទៅនេះ មនុស្ស​ចំនួន​ជាង 100,000 នាក់ បាន​ចាក់​វ៉ាក់សាំង​នេះ​រួចហើយ។

    ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ បារាំង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​ចំនួន​ជិត 16,000 ករណី និង​ក្នុងនោះ​មាន 151 នាក់​បាន​បាត់​បង់ជីវិត៕

    ប្រភព៖ France24

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី 1ករណី​ទៀត ខណៈ​​ពិភព​លោក​​រក​ឃើញ​ជាង 598,800ករណី

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី 1ករណី​ទៀត ខណៈ​​ពិភព​លោក​​រក​ឃើញ​ជាង 598,800ករណី

    ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាសថា មាន​ករណី​ឆ្លង Covid-19 ថ្មី​ចំនួន 1 នាក់​ទៀត នាំឱ្យ​តួលេខ​អ្នក​វិជ្ជមាន​នឹង​វីរុស​នេះ​នៅ​កម្ពុជា​កើន​ដល់ 392 នាក់។

    ករណី​វិជ្ជមាន​ថ្មី​នេះ កើតឡើង​ចំពោះ​ស្ត្រីជន​ជាតិខ្មែរ អាយុ 23 ឆ្នាំ ស្នាក់នៅ​ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង ជា​អ្នក​ដែល​ទើបតែ​បាន​ត្រលប់​មកពី​ប្រទេស​ថៃ​កាលពី​ថ្ងៃទី 8 មករា។ ព័ត៌មាន​បន្ថែម​សូម​អាន​ក្នុង​តារាង​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 11 ខែមករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 392 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 374 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 18 នាក់។

    ពិភពលោក​ទើបតែ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន​ជាង 598,800 ករណី ធ្វើឱ្យ​តួលេខ​សរុប​កើន​ដល់​ជាង 90,662,900 នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ជាង 1,942,300 នាក់​បាន​ស្លាប់ និង​ជាង 64,788,500 នាក់​បានជា​សះស្បើយ។ បច្ចុប្បន្ន ពិភពលោក​នៅមាន​អ្នកជំងឺ​ជាង 23,931,980 កំពុង​ព្យាបាល ក្នុងនោះ​មាន​ជាង 108,000 នាក់​កំពុង​ប្រឈម​នឹង​ការស្លាប់​ដោយសារ​អាការ​ធ្ងន់​ធ្ងន់៕

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 6 ករណី​ទៀត ខណៈ​ពិភពលោក​រកឃើញ 722,862 នាក់

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 6 ករណី​ទៀត ខណៈ​ពិភពលោក​រកឃើញ 722,862 នាក់

    ក្រសួងសុខាភិបាល​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន 6 នាក់​ទៀត​ក្នុងអំឡុង 24 ម៉ោង​កន្លងទៅនេះ នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​បាន​ឆ្លង​វីរុស​កើន​ដល់ 391 នាក់។

    អ្នក​វិជ្ជមាន​នឹង Covid-19 ទាំងនេះ សុទ្ធតែជា​ពលក​រិ​នី​ខ្មែរ​ដែល​ទើប​ត្រលប់​មកពី​ប្រទេស​ថៃ។ ព័ត៌មាន​លម្អិត​សូម​អាន​បញ្ជី​ខាងក្រោម។

    គិត​មកដល់​ថ្ងៃទី 10 ខែមករា​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​សុ​រប​ចំនួន 391 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 371 នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 20 នាក់។

    នៅ​ទូទាំង​ពិភពលោក តួលេខ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​បាន​ឡើងដល់ 90,054,768 នាក់ ក្នុងនោះ​អ្នកស្លាប់​បាន​កើន​ដល់ 1,933,575 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 23,670,346 នាក់ ខណៈ​អ្នកជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន 64,450,847 នាក់៕

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 1ករណី ខណៈ​​ពិភព​លោក​​រកឃើញ​ជាង 811,290 ករណី

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 1ករណី ខណៈ​​ពិភព​លោក​​រកឃើញ​ជាង 811,290 ករណី

    ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 387 នាក់ ក្នុងនោះ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន 1 ករណី។

    អ្នក​វិជ្ជមាន​ថ្មី​ខាងលើ​គឺជា​ពលករ​ដែល​ទើបតែ​ត្រលប់​មកពី​ប្រទេស​ថៃ មាន​អាយុ 24 ឆ្នាំ ស្នាក់នៅ​ក្នុងស្រុក​មង្គល​បុរី ខេត្តបន្ទាយមានជ័យ។ ព័ត៌មាន​បន្ថែម សូម​អាន​តារាង​ខាងក្រោម។ ក្រៅពី​អ្នក​វិជ្ជមាន​ថ្មី​ខាងលើ ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ កម្ពុជា​ក៏មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ Covid-19 ចំនួន 3 នាក់​ទៀតផង​ដែរ ដែលជា​ករណី​នាំចូល ក្នុងនោះ​មាន 2 នាក់​ជាព​លក​រិ​នី​ត្រលប់​មកពី​ប្រទេស​ថៃ និង​ម្នាក់ទៀត​ជា​ជនជាតិខ្មែរ-អាមេរិកាំង។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 9 ខែមករា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 387 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 364 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 22 នាក់។

    នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ឡើងដល់ 89,322,699 នាក់ ក្នុងនោះ​មាន 63,990,133 បានជា​សះស្បើយ 1,920,754 នាក់​បាន​ស្លាប់ និង 23,411,824 នាក់​កំពុង​ព្យាបាល ប៉ុន្តែ​ក្នុងចំណោម​នេះ មាន​អ្នក​ជំងឺ​ 108,858 នាក់​កំពុងមាន​អាការ​ធ្ងន់ធ្ងរ៕

  • ញាក់ភ្នែក រឿងនេះពាក់ព័ន្ធនឹងសុខភាព ឬលាភសំណាង?

    ញាក់ភ្នែក រឿងនេះពាក់ព័ន្ធនឹងសុខភាព ឬលាភសំណាង?

    ញាក់ភ្នែក អាការនេះយើងប្រហែលជាធ្លាប់ស្គាល់ច្បាស់ណាស់ ជាពិសេសដែលគេប្រាប់ថា បើញាក់ភ្នែកខាងឆ្វេង គឺប្រផ្នូលល្អ តែបើញាក់ភ្នែកស្តាំវិញ បញ្ជាក់ថា រឿងមិនល្អកំពុងតែជិតកើតឡើងហើយ តែចំពោះរឿងសុខភាពវិញ តើញាក់ភ្នែកជាសញ្ញាប្រាប់ពីហេតុការ ឬគ្រាន់តែជាភាពខុសប្រក្រតីបន្តិចបន្តួចរបស់រាងកាយ?។

    ញាក់ភ្នែកកើតមកពីអ្វី?

    ញាក់ភ្នែក ឬស្បែកភ្នែកញាក់ មិនថាតែញាក់ភ្នែកឆ្វេង ឬស្តាំនោះទេ ខាងវេជ្ជសាស្រ្តបានចាត់ទុកថា អាការញាក់ភ្នែកបណ្តាលមកពីសាច់ដុំនៅម្តុំបរិវេណភ្នែកពង្រឹងខ្លួន ដែលកើតចេញពីការញាក់ដែលខុសប្រក្រតីរបស់សរសៃប្រសាទនៅម្តុំនោះ ដោយបច្ច័យដែលធ្វើឱ្យកើតអាការញាក់ភ្នែកនោះមានទាំងការគេងសម្រាកមិនបានគ្រប់គ្រាន់ ការទទួលទានតែ ឬកាហ្វេក្នុងបរិមាណច្រើនជ្រុលពេក ឬភាពតានតឹងធុញថប់ និងកង្វល់ក្នុងអារម្មណ៍ក៏ធ្វើឱ្យភ្នែកញាក់ទាំងឆ្វេង ទាំងស្តាំបានដែរ។

    ញាក់ភ្នែកញឹកញាប់ និងច្រើនថ្ងៃ មានគ្រោះថ្នាក់ដែរឬទេ?

    អាការញាក់ភ្នែកគរាន់តែជាភាពខុសប្រក្រតីក្នុងអំឡុងពេលខ្លីៗក៏ពិតមែន ប៉ុន្តែលោកវេជ្ជបណ្ដិតជំនាញផ្នែកចក្ខុបានប្រាប់ថា បើសិនជាភ្នែកញាក់ញឹកញាប់ និងយូរលើស 1 សប្តាហ៍ ឬមានអាការញាក់ភ្នែករួមជាមួយការញាក់របស់សាច់ដុំនៅកន្លែងផ្សេងទៀត ដូចជារង្វះមាត់ និងថ្ពាល់ និងមានអាការភ្នែកក្រហម ឬមានអាចម៍រួមជាមួយផង រួមទាំងបើការញាក់ភ្នែកនោះមានភាពធ្ងន់ធ្ងរដល់ថ្នាក់ធ្វើឱ្យស្បែកភ្នែកបិទផងនោះ ករណីទាំងនេះពេទ្យជំនាញខាងភ្នែកបានណែនាំឱ្យមកពិនិត្យអាការនៅមន្ទីពេទ្យដើម្បីរកមើលមូលហេតុពិតប្រាកដ។

    ញាក់ភ្នែកបែបណាដែលចាត់ទុកថា កើតជំងឺ

    វេជ្ជបណ្ឌិតជំនាញខាងភ្នែកបានរៀបរាប់ថា អាការញាក់ភ្នែកអាចចាត់ចូលក្នុងក្រុមជំងឺបានដូចគ្នា ដោយក្រុមទីមួយហៅថា Essential Blepharospasm ដែលអ្នកជំងឺនឹងមានអាការញាក់ភ្នែកចំពោះតែបរិវេណស្បែកភ្នែកតែម្យ៉ាង និងច្រើនតែញាក់តែម្ខាងប៉ុណ្ណោះក្នុងរយៈដំបូង ប៉ុន្តែបន្ទាប់ពីញាក់យូរៗម្តង តមកភ្នែកនឹងញាក់ញឹកញាប់ឡើង មានភាពខ្លាំងក្លាឡើង និងចាប់ផ្តើមរាលដាលទៅញាក់លើភ្នែកម្ខាងទៀត ដែលពេទ្យក៏ប្រាប់ថា ជាជំងឺដែលគ្មានមូលហេតុ និងអាចគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ គ្រាន់អាចសាងភាពរំខាន និងសាងឧបសគ្គក្នុងការរស់នៅបន្តិចបន្តួចប៉ុណ្ណោះ។

    ចំណែកសភាវមួយទៀតគឺ Hemi facial Spasm ដោយអាការនឹងមានទាំងញាក់ភ្នែក និងសាច់ដុំផ្ទៃមុខរាលដាលទៅដល់បំពង់កផ្នែកខាងញាក់នោះដំណាលគ្នាទៀតផង។ សភាវនេះ គ្រូពេទ្យបានដាស់តឿនឱ្យប្រយ័ត្ន ដោយសារតែជាអាការដែលបង្ហាញបានថា មានភាពខុសប្រក្រតីកើតឡើងជាមួយសរសៃប្រសាទគូទី 7 នៅក្នុងខួរក្បាលរបស់អ្នក ដែលជាសរសៃប្រសាទគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំលើផ្ទៃមុខ ដោយអាការខុសប្រក្រតីដែលថានេះអាចកើតបានទាំងសរសៃឈាមបរិវេណសរសៃប្រសាទនោះកោង-ង ឬមានសាច់ដុះទៅសង្កត់សរសៃប្រសាទរហូតក្លាយជាមូលហេតុរបស់ការញាក់ភ្នែក និងសាច់ដុំផ្សេងទៀតញាក់ផងដែរ។ ទាំងអស់នេះការវិនិច្ឆ័យរោគដំណាក់កាលដំបូងត្រូវអាស្រ័យការស្គែនខួរក្បាលដើម្បីរកមើលភាពមិនសមប្រកបរបស់សរសៃប្រសាទដើម្បីឱ្យពេទ្យធ្វើការព្យាបាលជាបន្ត។

    អូខេ! ស្គាល់ពីមូលហេតុរបស់ការញាក់ភ្នែករួចហើយ ឥឡូវយើងនាំគ្នាមកមើលពីជំនឿ និងពាក្យទំនាយអំពីការញាក់ភ្នែកនេះវិញម្តង។

    ញាក់ភ្នែកនៅពេលព្រឹក(រាប់ចាប់ពីពេលភ្ញាក់ពីគេង ជិតភ្លឺ)

    • ញាក់ភ្នែកខាងស្តាំ ៈ នឹងមានញាតិមិត្តបងប្អូនពីស្រុកឆ្ងាយមករក។
    • ញាក់ភ្នែកខាងឆ្វេង ៈ នឹងមានការឈ្លោះប្រកែកតវ៉ា ឬមានរឿងក្តៅក្រហាយកើតឡើង។

    ញាក់ភ្នែកនៅពេលព្រឹក(ម៉ោង 09ៈ00 – 12ៈ00)

    • ញាក់ភ្នែកខាងស្តាំ ៈ នឹងញាតិមិត្តបងប្អូនពីស្រុកក្រៅ ឬពីតាមខេត្តនាំលាភមកឱ្យ។
    • ញាក់ភ្នែកខាងឆ្វេង ៈ នឹងមានកើតរឿងមិនល្អនៅក្នុងក្រុមគ្រួសារ។

    ញាក់ភ្នែកនៅពេលរសៀល(13ៈ00 – 16ៈ00)

    • ញាក់ភ្នែកខាងស្តាំ ៈ រឿងដែលកំពុងគិត ឬកំពុងធ្វើនឹងទទួលបានជោគជ័យ។
    • ញាក់ភ្នែកខាងឆ្វេង ៈ នឹងមានមនុស្សភេទផ្ទុយនឹកដល់ ឬអាចនឹងមករក។

    ញាក់ភ្នែកនៅពេលល្ងាច(17ៈ00 – 19ៈ00)

    • ញាក់ភ្នែកខាងឆ្វេង ៈ នឹងមានសាច់ញាតិបងប្អូន ឬមិត្តជិតដិតដែលនៅឆ្ងាយមកលេង។
    • ញាក់ភ្នែកខាងស្តាំ ៈ នឹងបានជួបសាច់ញាតិ ឬមិត្តភ័ក្តិដែលបែកគ្នាយូរដោយមិននឹកស្មានដល់។

    ញាក់ភ្នែកនៅពេលយប់(19ៈ00 តទៅ)

    • ញាក់ភ្នែកខាងឆ្វេង ៈ នឹងមានតំណឹងល្អមកដល់នៅពេលព្រឹកស្អែកឡើង ឬនឹងបានទទួលលាភពីស្នាដៃដែលបានធ្វើពីមុន
    • ញាក់ភ្នែកខាងស្តាំ ៈ នឹងមានរឿងឈ្លោះប្រកែកជាមួយមនុស្សក្នុងគ្រួសារ។

    ភ្នែកញាក់ខាងឆ្វេង ឬខាងស្តាំ គឺគ្រាន់តែជាអាការខុសប្រក្រតីរបស់សាច់ដុំប៉ុណ្ណោះ តែបើអ្នកណាជឿលើពាក្យចាស់បុរាណដែលប្រាប់ថាជាប្រផ្នូលអាក្រក់ ឬប្រាប់ពីដំណឹងល្អនោះក៏មិនមែនជារឿងប្លែកអ្វីដែរ គ្រាន់តែកុំទៅជឿជ្រុលពេករហូតដល់ភ្លេចសង្កេតមើលភាពខុសប្រក្រតីរបស់រាងកាយទៅបានហើយ៕

  • របស់មិនល្អ ពេលមានផ្ទៃពោះរបស់ស្រ្តី

    របស់មិនល្អ ពេលមានផ្ទៃពោះរបស់ស្រ្តី

    ស្រ្តីមានផ្ទៃពោះត្រូវតែប្រយ័ត្នឱ្យបានច្រើនលើគ្រប់ៗរឿង ជាពិសេសក្នុងត្រីមាសដំបូង(1-3 ខែដំបូង) រឹតតែត្រូវប្រយ័ត្នខ្លាំងជាងអំឡុងពេលណាទាំងអស់ ព្រោះជារយៈពេលដែលអាចនឹងកើតការរលូតបានយ៉ាងងាយ។ ជាអំឡុងពេលដែលកូនកំពុងសាងអវយវៈ និងកំពុងតោងជាប់នឹងជញ្ជាំងស្បូន។ ក្នុងអំឡុងពេលមានគភ៌ ប្រព័ន្ធការពារជំងឺរបស់អ្នកម្តាយនឹងធ្លាក់ចុះទាប ដែលនេះជាការសម្របសម្រួលខ្លួន ដើម្បីបន្ថយការបដិសេធគភ៌ ដែលប្រៀបដូចជារឿងប្លែកចម្លែកមួយដែរ។

    ដូច្នេះ យើងនឹងមើលឃើញថា ស្រ្តីមានគភ៌មានឱកាសឆ្លងមេរោគបានយ៉ាងងាយជាងមនុស្សធម្មតាទូទៅ និងនៅពេលឆ្លងមេរោគហើយ ក៏នឹងកើតមានសភាវជ្រៀតជ្រែកពីជំងឺផ្សេងៗកាន់តែងាយឡើង ដូចជា បើឆ្លងមេរោគគ្រុនផ្តាសាយធំ ឱកាសក្នុងការកើតសភាវរលាកសួតមានខ្ពស់ជាងមនុស្សប្រក្រតីទូទៅ។ ប្រព័ន្ធរំលាយអាហារ ក៏ដូចគ្នាដែរ បើបានទទួលអាហារដែលមិនស្អាត ស្ទើរឆៅ ស្ទើរឆ្អិននោះ ក៏នឹងធ្វើឱ្យងាយមានការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ដែលជាមូលហេតុធ្វើឱ្យស្រ្តីមានគភ៌មានអាការរាករូស ក្អួតចង្អោរ ឈឺពោះ និងត្រូវមកគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីបញ្ចូលសេរ៉ូមជំនួសជាតិទឹកដែលបានបាត់បង់ចេញពីរាងកាយដោយសារការក្អួត ឬបន្ទោបង់រាកជាទឹកច្រើនៗដង និងញ៉ាំថ្នាំសម្លាប់មេរោគ។ ដូច្នេះស្រ្តីមានគភ៌គួរតែផ្តល់ភាពសំខាន់ និងផ្ចិតផ្ចង់រឿងអាហារការហូបចុកឱ្យបានដិតដល់ជាពិសេស ដោយសារតែ បើសិនជាមានអាការធ្ងន់ធ្ងរខ្លាំងរហូតដល់រាងកាយទប់ទល់នឹងការឆ្លងមេរោគលែងរួច (ដូចជា ធ្ងន់ធ្ងររហូតទទួលទានអាហារ និងទឹកមិនបាន រហូតធ្វើឱ្យតុល្យភាពទឹក និងសារធាតុរ៉ែក្នុងរាងកាយខុសប្រក្រតី)នោះ រាងកាយអាចនឹងកាត់បន្ថយបន្ទុកការធ្វើការងារ ដោយការទម្លាក់កូនចេញ ដែលធ្វើឱ្យកើតមានការរលូតតាមមកហ្នឹងឯង។

    ដូច្នេះហើយទើបអ្នកម្តាយដែលកំពុងមានគភ៌ គួរចៀសវាងអាហារទាំងនេះ ទោះជាក្នុងអំឡុងពេលមុនមានផ្ទៃពោះអាចទទួល​ទាន​បានក៏ដោយ ព្រោះសភាពរាងកាយស្ថិតក្នុងអំឡុងពេលដែលខុសប្លែកពីគ្នា។ គួរចៀសវាងអាហារឆៅ ដូចជា សាច់ត្រីឆៅផ្សេងៗ តែបើចង់ទទួល​ទានខ្លាំងមែនទែននោះ ក៏ត្រូវជ្រើសរើសហាងណាដែលជឿទុកចិត្តបានក្នុងរឿងភាពស្អាត និងអនាម័យ។

    ចំណែក ទឹកតែ កាហ្វេ បើឈប់ញ៉ាំក្នុងខណៈពេលតាំងគភ៌បាន គឺជារឿងល្អខ្លាំងណាស់ ព្រោះទោះជាកាហ្វេអ៊ីននៅក្នុងទឹកតែ និងកាហ្វេគ្មានចំណែកធ្វើឱ្យកើតភាពពិការចំពោះកូននៅក្នុងផ្ទៃក៏ដោយ តែវាមានចំណែកជំរុញការធ្វើការងាររបស់បេះដូងស្ត្រីគភ៌ឱ្យធ្វើការកាន់តែខ្លាំងឡើង ព្រោះជាប្រក្រតី បេះដូងរបស់ស្រ្តីនឹងធ្វើការកើនឡើង 10 – 15ភាគរយស្រាប់ហើយក្នុងអំឡុងពេលមានគភ៌។ ការបន្ថែមបរិមាណកាហ្វេអ៊ីនចូលទៅទៀត អាចនឹងធ្វើឱ្យស្ត្រីមានគភ៌មានអារម្មណ៍ញ័រដើមទ្រូង ឆាប់ហត់ និងថាមពល​ផ្សេងៗដែលគួរបានបញ្ជូនទៅឱ្យកូនក្នុងផ្ទៃ អាចត្រូវបាននាំទៅប្រើក្នុងការធ្វើការងាររបស់ម្តាយវិញ ធ្វើឱ្យកូនក្នុងផ្ទៃបានទទួលសារជាតិអាហារផ្សេងៗថយចុះ ហើយបើស្ថិតក្នុងអាការបែបនេះក្នុងរយៈពេលវែង អាចនឹងហុចផលឱ្យកូនក្នុងគភ៌មានខ្លួនតូច ចម្រើនធំធាត់យឺត និងមានទម្ងន់ខ្លួនតិចនៅពេលកើតដំបូង។

    ចំពោះស្រ្តីមានគភ៌ដែលញៀនកាហ្វេខ្លាំង ឬអ្នកខ្លះបើមិនបានញ៉ាំហើយ នឹងមានអាការឈឺក្បាលនោះ សូមណែនាំថា អាចញ៉ាំបានក្នុង 1ថ្ងៃ 1កែវ ដែលនេះជាបរិមាណដែលអាចទទួលយកបាន ឬជ្រើសរើសញ៉ាំកាហ្វេប្រភេទដែលចម្រាញ់យកជាតិកាហ្វេអ៊ីន​ចេញ គឺជាការល្អបំផុត៕

  • ប្រុសៗ សូមស្តាប់ខាងនេះ! ប្រព័ន្ធ WiFi ធ្វើឱ្យទឹកមេជីវិតចុះខ្សោយ

    ប្រុសៗ សូមស្តាប់ខាងនេះ! ប្រព័ន្ធ WiFi ធ្វើឱ្យទឹកមេជីវិតចុះខ្សោយ

    ប្រព័ន្ធ WiFi ហុចផលប៉ះពាល់ដល់សក្តានុពលរបស់ទឹកមេជីវិតរបស់បុរសៗណា ដែលច្រើនតែដាក់ កុំព្យូទ័រ Labtopលេងនៅលើភ្លៅ ព្រោះអាចនឹងធ្វើឱ្យពិបាកក្នុងការមានកូន។

    កាលពីចុងខែកន្លងទៅនេះ ទីភ្នាក់ងារព័តមានរ៉យទ័របានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តជនជាតិអាមេរិក និងអាហ្សង់ទីន បានបង្ហើបឱ្យដឹងថា មនុស្សប្រុសដែលចូលចិត្តដាក់កុំព្យូទ័រ Labtop នៅលើភ្លៅ ខណៈពេលភ្ជាប់ប្រព័ន្ធ WiFi នោះ អាចប្រថុយប្រថាននឹងសភាវ​ពិបាកមានកូន ក្រោយពីស្រាវជ្រាវរកឃើញថា ប្រព័ន្ធ WiFi ហុចផលប៉ះពាល់ដល់សក្តានុពលរបស់ទឹកមេជីវិតរបស់មនុស្សប្រុស។

    ដោយអ្នកវិទ្យាសាស្រ្តមកពីស្ថាប័នវេជ្ជសាស្រ្តការបន្តពូជ នេសសេនធីស ក្នុងប្រទេសអាហ្សង់ទីន រួមជាមួយស្ថាប័នវេជ្ជសាស្រ្ត វើជីនៀ សហរដ្ឋអាមេរិក បានរួមគ្នាធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងផលប៉ះពាល់របស់ WiFi ចំពោះសភាវការបន្តពូជរបស់មនុស្សប្រុស ដោយនាំយកទឹកមេជីវិតពីមនុស្សប្រុសដែលមានសុខភាពល្អក្នុងអំឡុងអាយុពី 26 – 45ឆ្នាំ ចំនួន 29នាក់ មកដាក់ជិត និងឆ្ងាយពីកុំព្យូទ័រ Labtop ដែលបានភ្ជាប់ប្រព័ន្ធ WiFi រយៈពេល 4ម៉ោង។

    លទ្ធផលនៃការសាកល្បងបានបង្ហាញថា បន្ទាប់ពី 4ម៉ោងកន្លងផុតទៅ ទឹកមេជីវិតដែលដាក់នៅជិតកុំព្យូទ័រ Labtopនោះ បញ្ឈប់ការធ្វើចលនា ដល់ទៅ 25ភាគរយ ចំណែក 9ភាគរយទៀត រកឃើញថា ឌីអឹនអេ ត្រូវបានបំផ្លាញ ចំែណកទឹកមេជីវិតដែលដាក់នៅឆ្ងាយពីកុំព្យូទ័រ Labtopវិញ បញ្ឈប់ការធ្វើចលនាត្រឹមតែ 14ភាគរយ និងមានត្រឹមតែ 3ភាគរយប៉ុណ្ណោះ ដែលឌីអឹនអេ ត្រូវបានបំផ្លាញ។

    តាមរយៈការស្រាវជ្រាវនេះ បានបង្ហាញឱ្យឃើញថា បើសិនមនុស្សប្រុសប្រើការកុំព្យូទ័រ Labtop និងតភ្ជាប់ប្រព័ន្ធ WiFi អុីនធើណេតហើយដាក់នៅលើភ្លៅនោះ នឹងហុចផលធ្វើឱ្យពិបាកក្នុងការមានកូន តែក៏គួរសង្កេតដែរថា ការងារស្រាវជ្រាវមួយនេះ មិនបាននិយាយពីកម្តៅដែលចេញពីកុំព្យូទ័រ Labtop នោះឡើយ ទាំងដែលកម្តៅ ក៏ជាបច្ច័យមួយដែលបំផ្លាញសក្តានុពលរបស់ទឹកមេជីវិតដែរនោះ។

    យ៉ាងណាក៏ដោយ ខាងលោកវេជ្ជបណ្ឌិត រ៉ូប៊ើត អូអាតេស ដែលជាអ្នកឯកទេសខាងប្រព័ន្ធបន្តពូជ និងប្រព័ន្ធបញ្ចេញទឹកមូត្រ​ បានផ្តល់ទស្សនៈថា លទ្ធផលនៃការស្រាវជ្រាវនេះ គ្រាន់តែជាចំណាប់អារម្មណ៍មួយក្នុងន័យវិទ្យាសាស្រ្តប៉ុណ្ណោះ តែសម្រាប់រូបលោកវិញ វាគ្មានភាពពាក់ព័ន្ធអីក្នុងខាងជីវវិទ្យារបស់មនុស្សឡើយ៕

  • 8 សំណួរសំខាន់ៗ របស់អ្នកដែលចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    8 សំណួរសំខាន់ៗ របស់អ្នកដែលចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    អ្នកម្តាយថ្មោងថ្មីជាច្រើននាក់ ប្រហែលជាមានកង្វល់ច្រើនក្នុងរឿង “ការចិញ្ចឹមកូនដោយទឹកដោះម្តាយ” ព្រោះមានអ្នកម្តាយជាច្រើននាក់ ដែលប្រសូតបុត្ររួចហើយ ទឹកដោះមិនបានហូរចេញមកភ្លាមៗ ឯអ្នកម្តាយខ្លះទៀត ក៏អាចនឹងមានកង្វល់ពាក់ព័ន្ធនឹងរាងកាយ និងសុខភាពរបស់ខ្លួនឯងថា តើខ្លួនបានត្រៀមរួចរាល់ក្នុងការបំបៅទឹកដោះកូនហើយឬនៅ?ជាដើម ទើបកើតចេញជាសំណួរផ្សេងៗពាក់ព័ន្ធនឹងការបំបៅដោះកូនថា តើការបំបៅទឹកដោះកូនបែបនេះអាចធ្វើបានឬទេ?។ ដូច្នេះយើងនាំគ្នាមកមើលថា តើសំនួរទាំងនោះមានអ្វីខ្លះ?។

    1-បៅដោះម្តាយហើយ កូនក្អែ ក្អួតចេញមកវិញ នេះបញ្ជាក់ថា កូនមានប្រតិកម្មចាញ់ជាមួយទឹកដោះម្តាយឬទេ? និងត្រូវបញ្ឈប់ការបំបៅទឹកដោះកូនឬទេ?

    រឿងនេះមិនអីទេ…បើកូនក្អែទឹកដោះចេញមកវិញ ចូរគិតមុនគេថា តើអ្នកម្តាយឱ្យកូនបៅទឹកដោះច្រើនពេកទេដឹង? និងដែលឃើញកូនស្រែកយំញឹកញាប់នោះ កូនអាចនឹងមិនបានឃ្លានមឹមទេ តែអាចបណ្តាលមកពីមូលហេតុផ្សេងទៀត។ បើកូនស្រែកយំ ក៏គួរតែពដើរលេងខ្លះផង មិនមែនឃើញកូនស្រែកយំហើយ គិតតែពីលើកកូនមកបំបៅដោះតែម្យ៉ាងនោះទេ ព្រោះនេះមិនមែនជារឿងល្អប៉ុន្មានឡើយ។

    2-ម្តាយកើតប្រតិកម្មចាញ់(អាលែកហ្ស៊ី)នៅលើរាងកាយ តើឱ្យកូនបៅទឹកដោះបានឬទេ?

    អាចឱ្យកូនបៅទឹកដោះបានតាមប្រក្រតី…តែត្រូវកាត់បន្ថយអាហារណាដែលជំរុញឱ្យកើតប្រតិកម្ម ដូចជា សណ្តែក ផលិតផលធ្វើអំពីទឹកដោះ ស៊ុត អាហារសមុទ្រ និងម្សៅសាលី ជាដើម។

    3-មានកូនភ្លោះឱ្យកូនបៅទឹកដោះម្តាយ តើគ្រប់គ្រាន់ឬទេ?

    បើអ្នកម្តាយមានគភ៌កូនភ្លោះនោះ រាងកាយនឹងទទួលដឹងបានដោយខ្លួនឯងតាមធម្មជាតិ ហើយរាងកាយនឹងផលិតទឹកដោះចេញមកឱ្យគ្រប់គ្រាន់ជាមួយតម្រូវការរបស់កូនទាំងពីរយ៉ាងពិតប្រាកដ។

    4-ដោះខ្វាក់ ក្បាលដោះខ្លី តើបំបៅទឹកដោះកូនបានឬទេ?

    បាន! នៅពេលពិនិត្យគភ៌ គ្រូពេទ្យនឹងបានដឹងរឿងទាំងនេះស្រេចទៅហើយ ហើយនិងណែនាំពីវិធីការបំបៅទឹកដោះកូនដែលត្រឹមត្រូវឱ្យអ្នកម្តាយយកទៅប្រតិបត្តិដោយខ្លួនឯង។ អ្នកម្តាយមិនចាំបាច់មានកង្វល់អំពីរឿងនេះទេ ព្រោះកូននឹងចេះរិះរកវិធីបឺតជញ្ជក់ទឹកដោះពីម្ដាយបានដោយខ្លួនឯង ហើយនឹងស៊ាំធ្លាប់ជាមួយដោះរបស់អ្នកម្តាយដោយឯកឯង។

    5-កូនបៅទឹកដោះម្តាយហើយ បន្ទោបង់មិនប្រក្រតី

    មិនដែលមានករណីបែបហ្នឹងទេ…ព្រោះទឹកដោះម្តាយងាយរំលាយណាស់ ធ្វើឱ្យប្រព័ន្ធការបន្ទោបង់របស់កូនធ្វើការល្អ ក្រពះធ្វើការបានល្អ កូន​នឹងមិនឆ្អល់ពោះ ពោះមិនឡើងរឹងណែន មិនតឹងថប់ ឬក្អួតទេ តែកូននឹងគេងលក់ស្រួល និងបៅទឹកដោះស្រួលទៀតផង។

    6-កូនខ្លួនឡើងពណ៌លឿង តើត្រូវតែបានទទួលទឹកដោះម្តាយភ្លាមឬ?

    ទារកភាគច្រើន ខ្លួននឹងឡើងពណ៌លឿង បណ្តាលមកពីការធ្វើការរបស់ថ្លើម និងទឹកប្រមាត់ដែលធ្វើការមិនទាន់បានល្អ។ បើទឹកដោះរបស់អ្នកម្តាយនៅមិនទាន់មានក្នុងអំឡុងពេលដំបូងៗក៏មិនអីដែរ តែបើទឹកដោះចាប់ផ្តើមមានហើយ គួរឱ្យកូនបានបៅទឹកដោះម្តាយភ្លាមៗ ដើម្បីកាត់បន្ថយអាការខ្លួនលឿងរបស់កូន។

    7-ម្តាយមិនស្រួលខ្លួន កើតជំងឺផ្តាសាយ តើអាចបំបៅទឹកដោះកូនបានឬទេ?

    អាចបំបៅកូនបានតាមប្រក្រតី…លើកលែងតែពេលអ្នកម្តាយគ្រុនក្តៅខ្លួនខ្លាំង ព្រោះអាការគ្រុនក្តៅបណ្ដាលពីមេរោគបាក់តេរី អាចធ្វើឱ្យកូនឈឺថ្កាត់បាន តែបើអ្នកម្តាយគ្រាន់តែក្អក ហៀរសំបោរ ឬឈឺកនោះ អាចបំបៅទឹកដោះកូនតូចបានតាមប្រក្រតី និងមិនគួរទិញថ្នាំមកលេបដោយខ្លួនឯងទេ ព្រោះថ្នាំខ្លះមានផលប៉ះពាល់ដល់ទារកដែលបៅទឹកដោះម្តាយ។ គួរទៅប្រឹក្សាជាមួយគ្រូពេទ្យ មុនពេលទិញថ្នាំជានិច្ច។

    8-អ្នកម្តាយដែលធ្វើការវះកាត់បំប៉ោងសុដន់ តើអាចបំបៅទឹកដោះកូនបានឬទេ?

    អាចបំបៅទឹកដោះកូនបានដូចប្រក្រតី…តែនៅក្នុងអំឡុងពេលដែលដោះស្ទះ នឹងមានអារម្មណ៍ថា ថប់ៗ និងតឹងណែនជាងប្រក្រតី តែនៅពេលកូនបៅបានមួយរយៈហើយនោះ សុដន់នឹងត្រឡប់មកជាប្រក្រតីវិញ និងមិនយារធ្លាក់នោះឡើយ។

    ជំនឿទាំងឡាយពាក់ព័ន្ធនឹងការបំបៅទឹកដោះកូន ជារឿងដែលមនុស្សភាគច្រើននិយាយតៗគ្នាមក ទើបធ្វើឱ្យអ្នកម្តាយថ្មីថ្មោងមួយចំនួនកើតការសង្ស័យ និងអាចយល់ច្រឡំបានដូចគ្នា៕

  • ពិភពលោក​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ជាង 88,459,000នាក់ ខណៈ​កម្ពុជា​កើន​ជិត​ដល់ 390នាក់

    ពិភពលោក​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ជាង 88,459,000នាក់ ខណៈ​កម្ពុជា​កើន​ជិត​ដល់ 390នាក់

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 8 ខែមករា​នេះ បានឱ្យដឹងថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 1 នាក់​ទៀត​ដែលជា​ពល​ការិនី​ទើបតែ​ត្រលប់​មកពី​ប្រទេស​ថៃ។

    ករណី​ខាងលើនេះ​កើតឡើង​ចំពោះ​ស្ត្រីជន​ជាតិខ្មែរ អាយុ 33 ឆ្នាំ នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង។ ព័ត៌មាន​លម្អិត​សូម​អាន​តារាង​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 8 ខែមករា ឆ្នាំ 2021 នេះ តួលេខ​សរុប​នៃ​អ្នក​ឆ្លង​វីរុស Covid-19 នៅ​កម្ពុជា បាន​ឡើងដល់ 386 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 362 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 24 នាក់។

    នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 88,459,051 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 1,905,209 នាក់ និង 63,595,615 នាក់​បានជា​សះស្បើយ ខណៈ 22,958,227 នាក់​កំពុង​ទទួល​ការព្យាបាល ដែល​ក្នុងនេះ​មាន 108,292 នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ដល់​ជីវិត៕

  • កម្ពុ​ជាមាន​អ្នក​ឆ្លង Covid-19 ចំនួន 2 ករណី​ទៀត ខណៈ​ពិភពលោក​រកឃើញករណីថ្មី 779,691 នាក់​

    កម្ពុ​ជាមាន​អ្នក​ឆ្លង Covid-19 ចំនួន 2 ករណី​ទៀត ខណៈ​ពិភពលោក​រកឃើញករណីថ្មី 779,691 នាក់​

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី  7 មករា ឆ្នាំ 2021 នេះ បានប្រកាសថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 2 ករណី​បន្ថែម នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​វីរុស​ឡើងដល់ 385 នាក់។

    ករណី​វិជ្ជមាន​ទាំង 2 នាក់​ខាងលើ រួមមាន៖ ទីមួយ​គឺ​បុរស​ជនជាតិខ្មែរ អាយុ 26 ឆ្នាំ នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជា​ពលករ​ទើបតែ​ត្រលប់​មកពី​ប្រទេស​ថៃ និង​ទី​ពីរ​គឺ​បុរស​ជនជាតិខ្មែរ អាយុ 25 ឆ្នាំ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ជា​ពលករ​ទើប​ត្រលប់​មកពី​ប្រទេស​ថៃ​ដូចគ្នា។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 7 ខែមករា​នេះ កម្ពុជា​បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 385 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 362 នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​ចំនួន 23 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មក​ពេលនេះ មាន​អ្នក​ឆ្លង​វីរុស​សរុប 87,618,339 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 1,889,524 នាក់ និង​អ្នក​បានជា​សះស្បើយ​ចំនួន 63,119,308 នាក់។ ក្នុងចំណោម​អ្នក​កំពុង​ព្យាបាល​ចំនួន 22,609,507 នាក់ មាន 108,922 នាក់​អាច​បាត់​បង់ជីវិត​ដោយសារ​មាន​អាការ​ធ្ងន់ធ្ងរ។ ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ ពិភពលោក​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន 779,691 នាក់៕