Category: សុខភាព

  • ព័រ​ទុយ​ហ្គា​ល និង​ស្វីស​ ដាក់​បម្រាម​គោចរ​ជាថ្មី​ដោយសារ Covid-19

    ព័រ​ទុយ​ហ្គា​ល និង​ស្វីស​ ដាក់​បម្រាម​គោចរ​ជាថ្មី​ដោយសារ Covid-19

    កាលពី​ថ្ងៃទី 13 មករា នាយករដ្ឋមន្ត្រី​ព័រ​ទុយ​ហ្គា​ល Antonio Costa បានប្រកាសថា ប្រទេស​នេះ​នឹងដាក់​បម្រាម​គោចរ​ជាថ្មី​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​ដែល​បង្ក​ជំងឺ​រលាក​សួត Covid-19។

    នៅក្នុង​កិច្ចប្រជុំ​ពិសេស​នៃ​គណៈរដ្ឋមន្ត្រី លោក Antonio Costa ថ្លែងថា បទបញ្ជា​បម្រាម​គោចរ​ថ្មី​នេះ​នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី 15 ខែមករា ឆ្នាំ 2021 ក្នុងនោះ​នឹង​រួមមាន​ទាំង​វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​ដូចដែល​បានធ្វើ​ឡើង​កាលពី​ខែមីនា និង​ខែមេសា ឆ្នាំទៅ។ ហាង​ទំនិញ​មិនចាំបាច់ ហាង​កាហ្វេ ភោជនីយដ្ឋាន​ជាដើម ត្រូវតែ​បិទទ្វារ​ផ្អាក​ដំណើរការ​​ជា​បណ្ដោះអាសន្ន លើកលែងតែ​សាលារៀន។ ទន្ទឹមនឹងនេះ ពលរដ្ឋ​ក៏ត្រូវ​បានស្នើ​ឱ្យនៅ​ក្នុងផ្ទះ ប៉ុន្តែ​អាច​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជុំ​ដំបូង ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 24 មករា​ខាងក្នុង។ លោក Costa បញ្ជាក់ថា ចាប់ពី​ថ្ងៃទី 17 មករា ពលរដ្ឋ​ប្រទេស​នេះ​អាច​ទៅ​បោះឆ្នោត​មុន​កាលកំណត់​បាន។

    នៅក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅ ព័រ​ទុយ​ហ្គា​ល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន 10,556 នាក់ និង​ស្លាប់​ចំនួន 156 នាក់ នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន​កើន​ដល់​ជាង 500,000 នាក់ និង​ស្លាប់​ជាង 8,000 នាក់។

    ទន្ទឹមនឹង​ព័រ​ទុយ​ហ្គា​ល រដ្ឋាភិបាល​ស្វី​ស​ក៏បាន​ប្រកាសថា​នឹងដាក់​បម្រាម​គោចរ ហើយ​វិធានការ​តឹងរ៉ឹង​នឹងត្រូវ​បាន​អនុវត្ត​ចាប់ពី​ថ្ងៃទី 18 មករា ខាងមុខ។ ប្រទេស​នេះ ក្នុង​រយៈពេល​មួយថ្ងៃ​និង​មួយ​យប់​កន្លងទៅ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 3,001 នាក់ ធ្វើឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន​ឡើងដល់​ជាង 490,000​ នាក់ និង​ស្លាប់​ជាង 8,500 នាក់៕

    ប្រភព៖ RT

  • កម្ពុជា​រកឃើញ​មនុស្ស 13នាក់​វិជ្ជមាន​នឹង Covid-19 ខណៈ​ពិភពលោក​រកឃើញ 741,895នាក់ ក្នុងអំឡុង 24​​​ម៉ោង​​មុននេះ

    កម្ពុជា​រកឃើញ​មនុស្ស 13នាក់​វិជ្ជមាន​នឹង Covid-19 ខណៈ​ពិភពលោក​រកឃើញ 741,895នាក់ ក្នុងអំឡុង 24​​​ម៉ោង​​មុននេះ

    ក្រសួងសុខាភិបាល​កម្ពុ​ជា ព្រឹក​នេះ បានឱ្យដឹងថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស Covid-19 សរុប​ចំនួន 13 នាក់​បន្ថែមទៀត ធ្វើឱ្យ​តួលេខ​សរុប​បាន​កើនឡើង​ដល់ 411 នាក់។

    សម្រាប់​ព័ត៌មាន​លម្អិត​ស្ដីអំពី​ករណី​វិជ្ជមាន​ទាំង 13 នាក់​ខាងលើនេះ សូម​បន្ត​អាច​តារាង​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 14 មករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 411 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 377 នាក់ និង 34 នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

    ដោយឡែក​នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 92,747,904 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 1,985,405 នាក់ អ្នកជា​សះស្បើយ​ចំនួន 66,276,344 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 24,486,155 នាក់ ដែល​ក្នុង​នេះដែរ មាន​អ្នកជំងឺ​ចំនួន 110,673 នាក់​កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត​ដោយសារ​អាការ​ធ្ងន់ធ្ងរ៕


  • រុស្ស៊ី​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ចំនួន 18 ប្រភេទ នៅក្នុង​រាងកាយ​អ្នកជំងឺ​ម្នាក់

    រុស្ស៊ី​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ចំនួន 18 ប្រភេទ នៅក្នុង​រាងកាយ​អ្នកជំងឺ​ម្នាក់

    ក្រុម​អ្នកស្រាវជ្រាវ​របស់​ប្រទេស​រុស្ស៊ី បាន​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ចំនួន 18 ប្រភេទ នៅក្នុង​រាងកាយ​របស់​ស្ត្រី​អ្នកជំងឺ​ម្នាក់​ដែល​បាន​ឆ្លង Covid-19 កាលពី​ជាង 4 ខែ​មុន។

    សារព័ត៌មាន Sputnik បានឱ្យដឹងថា លទ្ធផល​នៃ​​​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ត្រូវបាន​ប្រកាស​នៅ​ដើមខែ​មករា​នៅលើ​ទំព័រ virological.org បង្ហាញ​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា Skolkovo រួម​នឹង​​បណ្ឌិតសភា​វិទ្យាសាស្ត្រ​រុស្ស៊ី សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Pavlov First State ប្រចាំ St.Petersburg វិទ្យាស្ថាន​ស្រាវជ្រាវ​វីរុស​ផ្ដាសាយ Smorodintsev និង​​មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង St.Petersburg បានឱ្យដឹងថា៖ «យើង​បាន​កត់ត្រា​ការវិភាគ​ហ្សែ​ន​នៃ​វីរុស SARS-CoV-2 (Covid-19) ពី​អ្នកជំងឺ Covid-19 ម្នាក់​ដែលមាន​ជំងឺមហារីក។ ប្រព័ន្ធ​ហ្សែ​ន​បានបង្ហាញ​អំពី​ការកើនឡើង​ដោយ​ឯកឯង​របស់​វីរុស​ក្លាយ​ពូជ​ថ្មី​ចំនួន 18 ប្រភេទ នៅក្នុង​រយៈពេល​ជាង 4 ខែ​នៃ​ការឆ្លង​វីរុស​ Covid-19។ ពួកវា​រួមមាន​បណ្ដា​ប្រភេទ​វីរុស​ក្លាយ​ពូជក្នុង​​ក្រុម S ៖ Y453F និង Δ69-70HV ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​សម្បុក​វីរុស​ដែលមាន​ទាក់​ទាក់ទង​នឹង​សត្វ​កញ្ជ្រោង»។

    វីរុស​ក្លាយ​ពូជ​នានា​ដែល​បាន​រីកចម្រើន​នៅលើ​រាងកាយ​របស់​ស្ត្រី​អ្នកជំងឺ​វ័យ​ 47 ឆ្នាំ​ខាងលើ ត្រូវបាន​គេ​ហៅថា អ្នកជំងឺ S។ អ្នកជំងឺ​នេះ ទំនងជា​បាន​ឆ្លង​វីរុស​នៅពេល​កំពុង​ព្យាបាល​ជំងឺមហារីក​នៅ​មន្ទីរពេទ្យ។ «អ្នកជំងឺ​នេះ ធ្លាប់បាន​ប៉ះពាល់​ផ្ទាល់​នឹង​អ្នកជំងឺ​វ័យ​ចំណាស់​ម្នាក់ ជា​អ្នកជំងឺ​ប្រភេទ A ដែល​​បាន​ស្លាប់​ដោយសារ​បាន​ឆ្លង Covid-19» នេះ​បើតាម​កំណត់ត្រា​នៃ​របាយការណ៍​ស្រាវជ្រាវ។

    ថ្ងៃទី 17 មេសា 2020 អ្នកជំងឺ S បាន​ចេញពី​មន្ទីរពេទ្យ។ ថ្ងៃទី 30 មេសា 2020 អ្នកជំងឺ​នេះ​វិជ្ជមាន​នឹង Covid-19។

    ការស្រាវជ្រាវ​បន្ត​ឱ្យដឹងថា៖ «លទ្ធផល​នៃ​ការធ្វើ​តេស្ត​ក្នុង​ថ្ងៃទី 14ឧសភា 19ឧសភា 9មិថុនា និង​ថ្ងៃទី 14 កក្កដា សុទ្ធតែ​បង្ហាញថា អវិជ្ជមាន​នឹង Covid-19។ ប៉ុន្តែ​អ្នកជំងឺ S នេះ មាន​អាការ​នៃ​ជំងឺ Covid-19 យ៉ាងធ្ងន់ធ្ងរ​ចាប់ពី​ថ្ងៃទី 25 ឧសភា ដល់​ថ្ងៃទី 21 សីហា។ បន្ទាប់មក​ អ្នកជំងឺ​នេះ​ក៏​វិជ្ជមាន​ជាថ្មី​នៅ​ថ្ងៃទី 3សីហា 8សីហា 17សីហា និង 20សីហា។ ចុងក្រោយ អ្នកជំងឺ​នេះ​ក៏​អវិជ្ជមាន​នៅក្នុង​ថ្ងៃទី 12កញ្ញា 2020 និង​ថ្ងៃទី 10វិច្ឆិកា និង 16ធ្នូ»។

    យោងតាម​អ្នកវិទ្យាសាស្ត្រ Nikolai Kryuchkov ការ​ក្លាយ​ពូជ​របស់​វីរុស Covid-19 បាន​កើតឡើង​ញឹកញាប់​ជាង​មុន​ចំពោះ​អ្នកជំងឺ​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ បើ​ធៀប​នឹង​អ្នកជំងឺ​ដែលមាន​សុខភាព​ធម្មតា។

    ការស្រាវជ្រាវ​ខាងលើ​បានបង្ហាញ​ទៀតថា វីរុស​ក្លាយ​ពូជ​ទាំងឡាយ​នៅលើ​រាងកាយ​អ្នកជំងឺ​ខាងលើ មាន​ចំណុច​ជាច្រើន​ដែល​ដូច​ទៅនឹង​វីរុស​ក្លាយ​ពូជ​ដែល​រកឃើញ​នៅ​ប្រទេស​អង់គ្លេស។

    ប៉ុន្តែ កាលពី​ថ្ងៃទី 11 មករា 2021 លោក Alexander Gintsburg ប្រធាន​មជ្ឈមណ្ឌល Gamaleya ដែលជា​កន្លែង​អភិវឌ្ឍ​វ៉ាក់សាំង Covid-19 Sputnik V របស់​រុស្ស៊ី បានបញ្ជាក់ថា លទ្ធភាព​ដែលថា រុស្ស៊ី​មាន​វីរុស Covid-19 ប្រភេទ​​ថ្មី​​ដោយ​ឡែក​​គឺជា​រឿង​ដែល​អាច​កើតមាន​ក្នុង​កម្រិត​ខ្ពស់៕

    ប្រភព​៖ Sputnik

  • ខេត្ត Heilongjiang ដែលមាន​ប្រជាជន 37 លាន​នាក់​របស់​ប្រទេស​ចិន ត្រូវ​បាន​​​ប្រកាស​អាសន្ន ដោយសារតែករណី​វិជ្ជមាន Covid-19 ថ្មី​

    ខេត្ត Heilongjiang ដែលមាន​ប្រជាជន 37 លាន​នាក់​របស់​ប្រទេស​ចិន ត្រូវ​បាន​​​ប្រកាស​អាសន្ន ដោយសារតែករណី​វិជ្ជមាន Covid-19 ថ្មី​

    ខេត្ត Heilongjiang របស់​ប្រទេស​ចិន​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​ភាពប្រកាស​អាសន្ន​ចាប់ពី​ថ្ងៃទី 13 មករា​នេះ ក្រោយពី​បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ជាច្រើន​នាក់ដែល​មិន​មាន​រោគ​សញ្ញា​។

    សារព័ត៌មាន AFP ឱ្យដឹងថា ប្រទេស​ចិន​បាន​គ្រប់គ្រង​ការឆ្លង​រាលដាល​វីរុស Covid-19 បាន​យ៉ាង​ល្អ បន្ទាប់ពី​វីរុស​នេះ​បាន​រាតត្បាត​ពេញទី​ក្រុង Wuhan កាលពី​ចុងឆ្នាំ 2019។ ប៉ុន្តែ ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ចិន​បាន​រកឃើញ​ករណី​វិជ្ជមាន​ជាច្រើន​នាក់​ដែលជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ បញ្ហា​នេះ​បានធ្វើឱ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត ដាក់​បម្រាម​គោចរ កាត់បន្ថយ​ការធ្វើដំណើរ លុប​ចោល​ការ​ជួប​ជុំ រួម​នឹង​ការធ្វើ​តេស្ត​បន្ថែមទៀត។

    ក្នុងចំណោម​ខេត្ត​ដែល​បានចាប់ផ្ដើម​រឹតបន្តឹង​ការធ្វើដំណើរ ឬ​ការជួបជុំ Heilongjiang ដែលជា​ខេត្ត​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​ចិន ក៏​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​ស្ថានភាព​ប្រកាសអាសន្ន ដោយ​ស្នើឱ្យ​ពលរដ្ឋ​​មិន​ចាក​ចេញពី​តំបន់​មូលដ្ឋាន បើសិន​មិនមាន​កិច្ចការ​សំខាន់​ខ្លាំង ក៏ដូចជា​ការលុបចោល​ព្រឹត្តិការណ៍​ជួបជុំ​នានា​ផងដែរ។ វិធានការ​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ទប់​ទល់នឹង​ការកើនឡើង​នៃ​ករណី​ឆ្លង Covid-19 ថ្មី ដោយសារ​ថា ខេត្ត​នេះ​ទើបតែ​បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 28 នាក់ ក្នុងនោះ​មាន 12 នាក់​​មិនមាន​រោគសញ្ញា។

    មុននេះ ទីក្រុង Suihua របស់​ខេត្ត Heilongjiang ដែលមាន​ប្រជាជន​ជាង 5.2 លាន​នាក់ ក៏ត្រូវ​បានដាក់​បម្រាម​គោចរ​កាលពី​ថ្ងៃទី 11 មករា បន្ទាប់ពី​រកឃើញ​មនុស្ស​ជាង 40 នាក់​វិជ្ជមាន​នឹង Covid-19 ក្នុងនោះ​មាន 45 នាក់​មិនមាន​រោគសញ្ញា។ ចាប់ពី​ថ្ងៃទី 13 មករា​នេះ ទីក្រុង​មួយចំនួន​នៅក្បែរ Suihua ក៏បាន​ចាប់ផ្ដើម​ដាក់​ប​ម្រាម​គោចរ ឬ​រឹតបន្តឹង​ការធ្វើដំណើរ​ផងដែរ។

    ប្រទេស​ចិន​បានឱ្យដឹងថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 115 នាក់​ ​ក្នុង​ថ្ងៃទី 13 ខែមករា​នេះ ក្នុងនោះ​មាន​ជាង 90 ករណី​នៅក្នុង​ខេត្ត Hebei។ អាជ្ញាធរ​ចិន កាលពី​សប្ដាហ៍​មុន​បានចាប់ផ្ដើម​យុទ្ធនាការ​ធ្វើតេស្ត Covid-19 ជាថ្មី និង​បាន​បិទ​ប្រព័ន្ធ​គមនាគមន៍​សាធារណៈ សាលារៀន និង​ហាង​នានា​នៅ​ទីក្រុង Shijiazhuang ខេត្ត Hebei ដែលជា​សម្បុក​វីរុស Covid-19 ថ្មី​បំផុត។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ចិន បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 87,706 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 4,634 នាក់ និង​អ្នក​កំពុង​ព្យាបាល 784 នាក់ ខណៈ​ជា​អ្នក​បានជា​សះស្បើយ​មាន​ចំនួន 82,288 នាក់៕

    ប្រភព​៖ France24

  • កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី 6នាក់​បន្ថែមទៀត ខណៈ​ពិភព​លោក​រក​ឃើញ​ 16,000 នាក់​

    កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី 6នាក់​បន្ថែមទៀត ខណៈ​ពិភព​លោក​រក​ឃើញ​ 16,000 នាក់​

    ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាសថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 6 នាក់​បន្ថែមទៀត នាំឱ្យ​តួលេខ​សរុប​កើន​ដល់ 398 នាក់។

    ករណី​ឆ្លង​ថ្មី​ខាងលើនេះ សុទ្ធតែ​បានកើត​ឡើង​ចំពោះ​ពល​ការិនី​ជនជាតិខ្មែរ​ដែល​ទើប​ត្រលប់​មកពី​ប្រទេស​ថៃ។ ព័ត៌មាន​លម្អិត​នៃ​ករណី​ឆ្លង​វីរុស​ថ្មី​នេះ សូម​អាន​តារាង​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 13 មករា​នេះ កម្ពុ​ជាមាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 398 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 376 នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន 22 នាក់។

    នៅ​ទូទាំង​ពិភពលោក មាន​មនុស្ស​ជាង 91,968,000 នាក់​បាន​ឆ្លង​វីរុស Covid-19 ខណៈ​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​កើន​ដល់​ជាង 1,968,000 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន​ជាង 24,219,400 នាក់។ អ្នកជំងឺ​ដែល​បានជា​សះស្បើយ មាន​ចំនួន​ជាង 65,780,000 នាក់។ ក្នុង​រយៈ​ពេល​ 24​ ម៉ោង​កន្លង​ទៅ​នេះ ពិភព​លោក​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​​ចំនួន​ 16,595​ នាក់់​៕

  • ឥណ្ឌូនេស៊ី​បានទទួល​វ៉ាក់សាំង Covid-​19 Sinovac ចំនួន 15លាន​ដូ​ស​បន្ថែមទៀត

    ឥណ្ឌូនេស៊ី​បានទទួល​វ៉ាក់សាំង Covid-​19 Sinovac ចំនួន 15លាន​ដូ​ស​បន្ថែមទៀត

    ឥណ្ឌូនេស៊ី​បានទទួល​វ៉ាក់សាំង Covid-19 វគ្គ​ទី​បី ពី​ក្រុមហ៊ុន Sinovac Biotech របស់​ប្រទេស​ចិន បន្ទាប់ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​ចាប់ផ្ដើម​ធ្វើ​ឡើង​បាន​មួយថ្ងៃ។

    វ៉ាក់សាំង Sinovac វគ្គ​ទី​បី ដែលមាន 15 លាន​ដូ​ស​នេះ ត្រូវបាន​ដឹក​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ Soekarno-Hatta ជាយក្រុង Jakarta កាលពី​ថ្ងៃទី 12 មករា​កន្លងទៅ។ មុននេះ ឥណ្ឌូនេស៊ី​ក៏បាន​ទទួល​វ៉ាក់សាំង​ចំនួន 1.2 លាន​ដូ​ស​កាលពី​ថ្ងៃទី 6 ធ្នូ 2020 និង 1.8 លាន​ដូ​ស​ទៀត​កាលពី​ថ្ងៃទី 31 ខែធ្នូ 2020។

    ក្រសួងសុខាភិបាល​ប្រទេស​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា បច្ចុប្បន្ន​មាន​អ្នកជំងឺ Covid-19 ចំនួន​ជាង 123,000 នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។

    មុននេះ កាលពី​ថ្ងៃទី 11 មករា ការិយាល័យ​គ្រប់គ្រង​អាហារ និង​ឱសថ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី (BPOM) បានផ្ដល់​វិញ្ញ​ប​នប​ត្រ​អនុញ្ញាតឱ្យ​ប្រើប្រាស់​បន្ទាន់​ចំពោះ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac។ ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​លទ្ធផល​នៃ​ការប្រើប្រាស់​សាកល្បង​ក្នុងដំណាក់កាល​ចុងក្រោយ​នៅក្នុង​ស្រុក Bandung ខេត្ត Java ខាងលិច​នៃ​ប្រទេស​នេះ បង្ហាញថា វ៉ាក់សាំង Sinovac មាន​ប្រសិទ្ធភាព 65.3% ទាប​ជាង​បើ​ធៀប​នឹង 91.24% និង 78% ដែល​ត្រូវបាន​ប្រទេស​ទួរគី និង​ប្រេ​ស៊ី​ល​លើកឡើង ប៉ុន្តែ​ក៏​នៅតែ​ខ្ពស់ជាង​បើ​ធៀប​នឹង 50% របស់​អង្គការ​សុខភាព​ពិភពលោក។

    កាលពី​ថ្ងៃទី 11 មករា ក្រុមប្រឹក្សា​អ៊ីស្លាម​សាសនា Ulema Indonesia (MUI) ក៏បាន​ទួល​ស្គាល់​ថា វ៉ាក់សាំង Sinovac បាន​ឆ្លើយតប​នឹង​ស្ដង់ដា halal និង​បាន​អនុញ្ញាតឱ្យ​អ៊ីស្លាម​សាសនិក​ប្រើប្រាស់។ EUA របស់ BPOM និង fatwa របស់ MUI បាន​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ចាប់ផ្ដើម​ដំណើរការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី 13 មករា​នេះ។

    តាម​គម្រោង ប្រធានាធិបតី Joko Widodo នឹង​ជា​អ្នក​ដំបូង​គេ​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង Sinovac នៅក្នុង​ពិធី​មួយ​ដែល​ត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ ក្នុង​បំណង​លើកទឹកចិត្ត​ដល់​ប្រជាជន​ក្នុងការ​ទទួលយក​វ៉ាក់សាំង​នេះ។ បន្ទាប់ពី​លោក Joko Widodo បុគ្គលិក​សុខាភិបាល​ចំនួន 1.3 លាន​នាក់​នឹង​ទទួលបាន​អាទិភាព​ក្នុង​ការចាក់​វ៉ាក់សាំង Covid-19 ក្នុងដំណាក់កាល​ដំបូង។ ដំណាក់កាល​ទី​ពីរ​នឹង​ត្រូវបាន​ចាក់​ជូន​បុគ្គលិក​ជួរមុខ​ចំនួន 21.5 លាន​នាក់​ផ្សេងទៀត រួម​នឹង​ក្រុមមនុស្ស​ដែលមាន​វ័យ​ចាប់ពី 60 ឆ្នាំ​ឡើងទៅ។ បន្ទាប់មកទៀត ពលរដ្ឋ 63.9 លាន​នាក់​នៅ​តំបន់​ងាយ​រងគ្រោះ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​ក្នុង​ដំណាក់​ទី​បី៕

    ប្រភព៖ Jakartapost

  • WHO ថា​អាច​ចាក់​វ៉ាក់សាំង Covid-19 ដល់​ពលរដ្ឋ​ប្រទេស​ក្រីក្រ​ចាប់ពី​ខែកុម្ភៈ ខណៈ​អ្នកស្លាប់​កើន​ដល់​ជាង 1,952,000​នាក់​

    WHO ថា​អាច​ចាក់​វ៉ាក់សាំង Covid-19 ដល់​ពលរដ្ឋ​ប្រទេស​ក្រីក្រ​ចាប់ពី​ខែកុម្ភៈ ខណៈ​អ្នកស្លាប់​កើន​ដល់​ជាង 1,952,000​នាក់​

    គិត​មកដល់​ថ្ងៃទី 12 ខែមករា ឆ្នាំ 2021 នេះ ពិភពលោក​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 91,298,896 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ដល់​ទៅ 1,952,119 នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន 65,268,706 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 24,078,071 នាក់ ហើយ​ក្នុង​តួលេខ​នេះ​មាន​អ្នកជំងឺ 108,754 នាក់ អាច​បាត់បង់​ជីវិត​ព្រោះ​កំពុងមាន​អាការ​ធ្ងន់ធ្ងរ។

    អង្គការ​សុខភាព​ពិភពលោក (WHO) កំពុង​បន្ត​ជំរុញ​ការអំពាវនាវ​បន្ថែមទៀត​ដើម្បី​ស្វែងរក​ប្រភព​វ៉ាក់សាំង Covid-19 សម្រាប់​ជួយ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​ក្នុង​កម្មវិធី Covax។ WHO សង្ឃឹមថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​ទាំងនេះ​នឹង​អាច​ចាប់ផ្ដើម​ពី​ខែកុម្ភៈ ឆ្នាំ 2021។ កម្មវិធី Covax ត្រូវបាន​ដឹកនាំ​ដោយ WHO ក្នុង​បំណង​ចែក​ចាយ​​វ៉ាក់​សាំង​​ប្រកប​ដោយ​​យុត្តិធម៌​នៅលើ​ពិភពលោក។ កម្មវិធី​នេះ​ប្រមូល​ថវិកា​បាន 6 ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង Covid-19 ចំនួន 2 ពាន់​លាន​ដូ​ស រួម​នឹង​ជម្រើស​បម្រុង​ក្នុង​ការទិញ 1 ពាន់​លាន​ដូ​ស​ថែមទៀត​នាពេលខាងមុខ។

    WHO មានការ​ព្រួយបារម្ភ​ខ្លាច​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់ និង​មធ្យម ប្រមូល​ទិញ​វ៉ាក់សាំង​ទាំងអស់ បណ្ដាលឱ្យ​ប្រទេស​ចំនួន 92 ដែលមាន​ប្រាក់ចំណូល​ទាប មិនមាន​វ៉ាក់សាំង​ប្រើប្រាស់​ដើម្បី​ចាក់ឱ្យ​ក្រុម​បុគ្គលិក​សុខាភិបាល។

    ទីប្រឹក្សា​ជាន់ខ្ពស់​របស់ WHO លោក Bruce Aylward បាន​និយាយ​កាលពី​ម្សិលមិញ​ថា៖ «យើង​មានការ​ជឿជាក់ថា អាច​ផ្ដើម​ការចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​ទាំងនោះ (ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប) ចាប់ពី​ខែកុម្ភៈ ប៉ុន្តែ យើង​មិនអាច​ធ្វើបាន​តែឯង​នោះទេ។ យើង​ត្រូវការ​កិច្ចសហការ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ដើម្បី​ផ្ដល់​អាទិភាព​លើ​ប្រភព​ទំនិញ​សម្រាប់ Covax ហើយ​ត្រូវ​ការនាំយក​វ៉ាក់សាំង​ទៅ​ប្រគល់ដល់ដៃ​ក្រុមមនុស្ស​ដែលមាន​ចំណូល​ទាប ឬ​មធ្យម»៕

    ប្រភព៖ RT

  • កម្ពុជា​មិនមាន​អ្នក​ឆ្លង Covid-19 នោះទេ​ក្នុងអំឡុង 24ម៉ោង​ចុង​ក្រោយនេះ

    កម្ពុជា​មិនមាន​អ្នក​ឆ្លង Covid-19 នោះទេ​ក្នុងអំឡុង 24ម៉ោង​ចុង​ក្រោយនេះ

    ក្រសួងសុខាភិបាល​កម្ពុ​ជានា​ព្រឹក​នេះ​បានឱ្យដឹងថា មិនមាន​អ្នក​វិជ្ជមាន​នឹង Covid-19 នោះទេ ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ ប៉ុន្តែ​មាន​អ្នកជា​សះស្បើយ​ចំនួន 2 នាក់។

    សម្រាប់​ព័ត៌មាន​ស្ដីអំពី​អ្នកជំងឺ Covid-19 ដែល​បានជា​សះស្បើយ សូម​អាន​តារាង​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 12 ខែមករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 392 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 376 នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 16 នាក់។

  • ថ្នាំ​ព្យាបាល​រលាក​សន្លាក់ Actemra ជួយ​បង្កើន​អត្រា​នៃ​ការ «រួច​ជីវិត» ពី Covid-19 របស់​អ្នកជំងឺ​ធ្ងន់​ធ្ងន់

    ថ្នាំ​ព្យាបាល​រលាក​សន្លាក់ Actemra ជួយ​បង្កើន​អត្រា​នៃ​ការ «រួច​ជីវិត» ពី Covid-19 របស់​អ្នកជំងឺ​ធ្ងន់​ធ្ងន់

    ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ប្រភេទ​ខ្សោយ actemra ឬ​ហៅថា tocilizumab ដែល​ត្រូវបាន​សាកលវិទ្យាល័យ Osaka និង​ក្រុមហ៊ុន​ផលិត​ឱសថ Chugai សហការ​ជាមួយ​អង្គការ​មួយចំនួន​របស់​ជប៉ុន​អភិវឌ្ឍ​និង​ផលិតឡើង មាន​សមត្ថភាព​ក្នុងការ​បង្កើន​អត្រា «រួច​ជីវិត» ពី Covid-19 របស់​អ្នកជំងឺ​ដែលមាន​អាការ​ធ្ងន់ធ្ងរ។

    លទ្ធផល​នៃ​ការពិសោធ​ក្នុងការ​ព្យាបាល​អ្នកជំងឺ Covid-19 ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Imperial College London (អង់គ្លេស) សហការ​ជាមួយ​អង្គការ​មួយចំនួន​បាន​បង្ហាញថា អត្រា​នៃ​ការស្លាប់​របស់​អ្នកជំងឺ Covid-19 ចំនួន 350 នាក់​ដែល​ប្រើប្រាស់​ថ្នាំ actemra គឺ​ស្មើនឹង 28% ទាប​ជាង 7.5% បើ​ធៀប​នឹង​អ្នកជំងឺ Covid-19 ចំនួន 400 នាក់​ដែល​មិនបាន​ប្រើប្រាស់​ថ្នាំ​នេះ។ ទន្ទឹមនឹងនេះ ថ្នាំ​ព្យាបាល​រលាក​សន្លាក់​ប្រភេទ​កម្រិត​ស្រាល​មួយ​ផ្សេងទៀត​ក៏បានផ្ដល់​លទ្ធផល​ប្រហាក់ប្រហែលគ្នា​នេះដែរ។

    ថ្នាំ actemra មាន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ប្រតិកម្ម​ហួស​កម្រិត​របស់​ប្រព័ន្ធ​ការពារ​រាងកាយ។ បច្ចុប្បន្ន ថ្នាំ​នេះ​កំពុង​ត្រូវបាន​ប្រទេស​ជប៉ុន អង់គ្លេស និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​ប្រើប្រាស់​ដើម្បី​ព្យាបាល​អ្នកជំងឺ Covid-19 ដែលមាន​អាការ​ធ្ងន់ធ្ងរ។

    ក្រៅពី​ថ្នាំ actemra កន្លងមក remdesivir ដែលជា​ថ្នាំ​ព្យាបាល​ជំងឺ​បង្កឡើង​ដោយ​វីរុស ក៏បាន​ធ្វើឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង​នៅក្នុង​ពិភព​វេជ្ជសាស្ត្រ ដោយសារ​វា​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ Covid-19។ បច្ចុប្បន្ន remdesivir ទទួលបាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​នៅក្នុង​ប្រទេស​ជាង 50 ក្នុង​ពិភពលោក។ នៅ​ជប៉ុន ថ្នាំ remdesivir នេះ ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​ចាប់ពី​ខែឧសភា ឆ្នាំ 2020។

    បច្ចុប្បន្ន ក្រសួងសុខាភិបាល​ជប៉ុន​ក៏​កំពុង​ពិចារណា​លើ​លទ្ធភាព​នៃ​ការប្រើប្រាស់​តែ​វ៉ាក់សាំង Covid-19 របស់ ​ក្រុម​ហ៊ុន​ Pfizer/BioNTech សម្រាប់​ពលរដ្ឋ​ដែលមាន​វ័យ​ចាប់ពី 16 ឆ្នាំ​ឡើងទៅ ព្រោះថា នៅ​ប្រទេស​ជប៉ុន វ៉ាក់សាំង​នេះ មិនទាន់​ត្រូវបាន​យកទៅ​ពិសោធ​លើ​ក្រុមមនុស្ស​ដែលមាន​អាយុ​ក្រោម 20 ឆ្នាំ​នៅឡើយ​ហើយ​ក្រៅពីនេះ ការឆ្លង​វីរុស​នៅលើ​កុមារ​ក៏មាន​អត្រា​ទាប​ផងដែរ។

    មុននេះ ជប៉ុន​បាន​ចុះកិច្ចសន្យា​ទិញ​វ៉ាក់សាំង Covid-19 ចំនួន 60 លាន​ដូ​ស​ពី​ក្រុមហ៊ុន Pfizer/BioNTech សម្រាប់​ប្រើប្រាស់​នៅ​ពាក់កណ្ដាល​ដើមឆ្នាំ 2021៕

    ប្រភព៖ Japan Times

  • អ៊ីស្រាអែល​គ្រោង​នឹង​ចាក់​វ៉ាក់សាំង Covid-19 ដល់​ពលរដ្ឋ​ទាំង​ថ្ងៃ​ទាំង​យប់

    អ៊ីស្រាអែល​គ្រោង​នឹង​ចាក់​វ៉ាក់សាំង Covid-19 ដល់​ពលរដ្ឋ​ទាំង​ថ្ងៃ​ទាំង​យប់

    ប្រភពព័ត៌មាន​ពី​ប្រទេស​អ៊ីស្រាអែល បានឱ្យដឹងថា កាលពី​ថ្ងៃទី 10 ខែមករា ទំនិញ​ជា​វ៉ាក់សាំង Covid-19 ចំនួន 700,000 ដូ​សរ​បស់​ក្រុមហ៊ុន Pfizer ត្រូវបាន​បញ្ជូន​ដល់​អ៊ីស្រាអែល​តាម​ជើងយន្តហោះ។

    នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Yuli Edelstein ជា​អ្នក​ទៅ​ទទួលយក​វ៉ាក់សាំង​នេះ​ដោយផ្ទាល់។

    ក្នុង​ថ្ងៃ​ដដែល ក្រសួងសុខាភិបាល​ប្រទេស​នេះ​បានប្រកាសថា រហូតមកដល់​បច្ចុប្បន្ន ពលរដ្ឋ​ដែលមាន​អាយុ​លើសពី 60 ឆ្នាំ ចំនួន 70% បាន​ចាក់​វ៉ាក់សាំង Covid-19 រួចហើយ។ នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយនឹង​បុគ្គលិក​ក្នុង​វិស័យនេះ រដ្ឋមន្ត្រី​សុខាភិបាល Edelstein បានស្នើ​ឱ្យ​រៀបចំ​ផែន​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ទាំង​ថ្ងៃ ទាំងយប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​ឱ្យ​បានជា​អតិបរមា។

    នាយករដ្ឋមន្ត្រី Netanyahu ឱ្យដឹងថា នឹង​បង្កើន​ចំនួន​អ្នក​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង​ឱ្យបាន 170,000 នាក់​ក្នុង​មួយថ្ងៃ។ ប្រធាន​អង្គភាព​ប្រឆាំង Covid-19 លោក Nachman Ash ថ្លែងថា អ៊ីស្រាអែល​មានលទ្ធភាព​អាច​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន 200,000 នាក់​ក្នុង​មួយថ្ងៃ ដែល​រួមមាន​ទាំង​ការចាក់​លើកទីមួយ និង​លើក​ទី​ពីរ។

    ក្រសួងសុខាភិបាល​អ៊ីស្រាអែល​បានចាប់ផ្ដើម​រៀបចំ​គម្រោង​សម្រាប់​ការចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក​ក្នុង​វិស័យ​អប់រំ ក្នុងនោះ គ្រួ​បង្រៀន​ដែល​ត្រូវ​ធ្វើការ​នៅក្នុង​អំឡុងពេល​មាន​បម្រាម​គោចរ​ទូទាំងប្រទេស នឹងមាន​អាទិភាព​មុនគេ។ ក្រុម​អាទិភាព​បន្ទាប់​គឺជា​ក្រុមមនុស្ស​ដែលមាន​វ័យ​ចាប់ពី 55 ដល់ 60 ឆ្នាំ ហើយ​បន្ទាប់មកទៀត​គឺ​ពលរដ្ឋ​ដែលមាន​វ័យ​ច្រើនជាង 50 ឆ្នាំ។

    យោងតាម​កិច្ចព្រមព្រៀង​រវាង​អ៊ីស្រាអែល និង​ក្រុមហ៊ុន Pfizer ជា​រៀងរាល់​សប្ដាហ៍ Pfizer នឹង​ប្រគល់​ទំនិញ​ជា​វ៉ាក់សាំង​ចំនួន​រាប់ម៉ឺន​ដូ​ស​ដល់​អ៊ីស្រាអែល រហូតដល់​ពលរដ្ឋ​ទាំងអស់​នៃ​ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់។

    គិត​មកដល់​បច្ចុប្បន្ន នៅ​អ៊ីស្រាអែល ពលរដ្ឋ​ជាង 1.8 លាន​នាក់​បាន​ចាក់​វ៉ាក់សាំង Covid-19 លើកទីមួយ​រួចហើយ ដែល​តួលេខ​នេះ​គឺ​ប្រហាក់ប្រហែល​នឹង 20% នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​នេះ។

    រហូតមកដល់​ថ្ងៃទី 11 មករា​នេះ ប្រទេស​អ៊ីស្រាអែល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 491,319 នាក់ ក្នុងនោះ​មាន 3,671 នាក់​បាន​ស្លាប់ និង 419,907 នាក់​បានជា​សះស្បើយ៕

    ប្រភព៖ Times of Israel