Category: សុខភាព

  • 26.3​លាន​​នាក់​បាន​ឆ្លង​ Covid-19 នៅ​អាមេរិក​ ខណៈ​សហគមន៍​អ្នក​វេជ្ជ​សាស្ត្រ​ថា វីរុស Covid-19 ក្លាយ​ពូជ​ថ្មី មាន​សមត្ថភាព​ទប់ទល់​នឹង​វ៉ាក់សាំង

    26.3​លាន​​នាក់​បាន​ឆ្លង​ Covid-19 នៅ​អាមេរិក​ ខណៈ​សហគមន៍​អ្នក​វេជ្ជ​សាស្ត្រ​ថា វីរុស Covid-19 ក្លាយ​ពូជ​ថ្មី មាន​សមត្ថភាព​ទប់ទល់​នឹង​វ៉ាក់សាំង

    សហរដ្ឋអាមេរិក​គឺ​ដែលជា​សម្បុក​វីរុស Covid-19 ធំជាងគេ​ក្នុង​ពិភពលោក បានប្រកាសថា វីរុស Covid-19 ក្លាយ​ពូជ​ថ្មី មាន​សមត្ថភាព​ទប់ទល់​នឹង​វ៉ាក់សាំង ធ្វើឱ្យមាន​ការព្រួយបារម្ភ​កាន់តែខ្លាំង។

    សហរដ្ឋអាមេរិក គិត​មកដល់​ព្រឹក​ថ្ងៃទី 29 មករា​នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប 26,310,559 នាក់ និង​អ្នកស្លាប់​សរុប 443,162 នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ថ្មី 145,343 នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 3,463 នាក់ ដែល​ត្រូវបាន​រកឃើញ​ក្នុងអំឡុង 24 ម៉ោង​កន្លងទៅនេះ។

    ក្រុមមន្ត្រី​សុខាភិបាល​អាមេរិក កាលពី​ថ្ងៃទី 28 មករា បានប្រកាស​ជា​លើកដំបូង​ថា បាន​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ថ្មី​ដែលមាន​ប្រភពពី​អាហ្វ្រិក នៅលើ​អ្នកជំងឺ 2 នាក់​នៅក្នុង​រដ្ឋ Carolina ខាងត្បូង។ សហគមន៍​អ្នក​វេជ្ជសាស្ត្រ​យល់ថា វីរុស​ក្លាយ​ពូជ​ថ្មី​នេះ​គឺជា​ឧបសគ្គ​ដ៏​គួរឱ្យ​ប្រកាសអាសន្ន​នៅក្នុង​ការប្រឹងប្រែង​ទប់ស្កាត់​វីរុស ព្រោះថា មន្ទីរពិសោធន៍​ជាច្រើន​បាន​បញ្ជាក់ថា វីរុស​ក្លាយ​ពូជ​ថ្មី​នេះ​មាន​សមត្ថភាព​ទប់ទល់​នឹង​វ៉ាក់សាំង និង​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​អង្គ​ប​ដិ​ប្រាណ​ដែល​បង្កើតឡើង​ដោយ​វ៉ាក់សាំង​ទៀតផង។

    ព័ត៌មាន​ខាងលើនេះ​ត្រូវបាន​លើកឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​នាយកដ្ឋាន​សុខាភិបាល​រដ្ឋ Minnesota បាន​រកឃើញ​ករណី​ឆ្លង​វីរុស Covid-19 ក្លាយ​ពូជ​ដែលមាន​សមត្ថភាព​ឆ្លង​រាលដាល​ខ្ពស់ និង​មាន​ប្រភពពី​ប្រទេស​ប្រេ​ស៊ី​ល ខណៈដែល​វីរុស​ក្លាយ​ពូជ​មកពី​អង់គ្លេស​បានបង្ហាញ​ខ្លួន​នៅក្នុង​រដ្ឋ​យ៉ាងតិច​ចំនួន 28 នៅ​សហរដ្ឋអាមេរិក៕

    ប្រភព​៖ RT

  • ប្រទេស​ជិត​ខាង​របស់​កម្ពុជា​ ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​ការគ្រប់គ្រង Covid-19

    ប្រទេស​ជិត​ខាង​របស់​កម្ពុជា​ ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​ការគ្រប់គ្រង Covid-19

    ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ វៀតណាម និង​តៃវ៉ាន់ គឺជា​ប្រទេស និង​ដែនដី​ដែល​ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​ការប្រយុទ្ធ​ប្រឆាំងនឹង Covid-19 ដោយសារតែ​គ្រប់គ្រង​ស្ថានភាព​វិបត្តិ​សុខភាព​នេះ​បាន​យ៉ាង​ល្អ។

    តារាង​ចំណាត់ថ្នាក់​នៃ​ការ​ទប់​ទល់នឹង Covid-19 (Covid Performance Index) ដែល​ត្រូវបាន​វិទ្យាស្ថាន Lowy នៅ​ទីក្រុង Sydney ប្រទេស​អូស្ត្រាលី ប្រកាស​បង្ហាញ​ក្នុង​ថ្ងៃទី 28 មករា បាន​បង្ហាញថា នូ​វែ​ល​ហ្សេ​ឡង់ ឈរ​លំដាប់​កំពូល​តារាង ព្រោះតែ​គ្រប់គ្រង​ស្ថានភាព Covid-19 បានល្អ​ជាងគេ​នៅក្នុង​ចំណោម​ប្រទេស និង​ដែនដី​ចំនួន​ជិត 100 ក្នុង​​ពិភព​លោក​ ដែល​វិទ្យាស្ថាន Lowy បាន​វាយតម្លៃ។ វិទ្យាស្ថាន Lowy បាន​បញ្ជាក់ថា បញ្ជី​ចំណាត់ថ្នាក់​នេះ មិនបាន​រាប់បញ្ចូល​ប្រទេស​ចិន ជា​កន្លែង​ដែល Covid-19 ចាប់ផ្ដើម​បង្ហាញ​វត្តមាន​ដំបូង​គេ​កាលពី​ខែធ្នូ ឆ្នាំ 2019 នោះទេ ដោយសារតែ​ខ្វះ​ទិន្នន័យ​បើកចំហ។ ដូច្នេះ ប្រទេស និង​ដែនដី​ទាំងឡាយ (ក្នុងនោះ​មាន​កម្ពុជា) ដែល​មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​នេះ ក៏​អាចមាន​មូលហេតុ​ដូចគ្នានេះដែរ។

    ក្រុម​ប្រទេសផ្សេងៗដែល​ស្ថិតនៅក្នុង «top 10» នៃ​តារាង​ចំណាត់ថ្នាក់​នេះ រួមមាន ប្រទេស​ថៃ (លេខ 3) ប្រទេស​ស៊ី​ប ប្រទេសរ​វ៉ាន់ដា អ៊ី​ស្លង់ អូស្ត្រាលី ឡា​ត​វី និង​ស្រីលង្កា។ ទាំងនេះ​គឺជា​ប្រទេស​ដែល​សុទ្ធ​តែមាន​អត្រា​នៃ​ការឆ្លង និង​អត្រា​នៃ​ការស្លាប់​ក្នុង​កម្រិត​ទាប បើ​ធៀប​នឹង​ប្រជាជន​សរុប និង​មធ្យមភាគ​លើ​មនុស្ស​ម្នាក់។

    ចំណែក​ប្រទេស​ដែល​ស្ថិតក្នុង bottom 10 (បាត​តារាង) នៃ​តារាង​ចំណាត់ថ្នាក់​នេះ រួមមាន ប្រទេស ប្រេ​ស៊ី​ល ម៉ិ​ក​ស៊ិ​ក កូ​ឡុំ​ប៊ី អ៊ីរ៉ង់ សហរដ្ឋអាមេរិក បូ​ឡា​វី ប៉ា​ណា​ម៉ា អូ​ម៉​ង់ អ៊ូយ​ក្រែ​ន និង​ប្រទេស​ឈី​លី ដោយសារតែ​គ្រប់គ្រង Covid-19 មិនបាន​ល្អ។

    ជា​សរុប មាន​ប្រទេស​ចំនួន 98 ត្រូវបាន​វិទ្យាស្ថាន Lowy វាយតម្លៃ​អំពី​ស្ថានភាព Covid-19 នៅក្នុង​អំឡុងពេល 36 សប្ដាហ៍ រាប់​ចាប់ពី​ការរកឃើញ​ករណី​វិជ្ជមាន​ទី 100 នៃ​ប្រទេសនីមួយៗ និង​យក​ទិន្នន័យ​ដែលមាន​ស្រាប និង​គិតដល់​ថ្ងៃទី 9 មករា។

    ទិន្នន័យ​ធ​ម្យ​ម​ភាគ​ត្រូវ​បានគិត​ក្នុងអំឡុង 14 ថ្ងៃ គឺជា​ករណី​ឆ្លង​ត្រូវបាន​បញ្ជាក់ តួលេខ​នៃ​ការឆ្លង​ដែល​បានបញ្ជាក់​លើ​ពលរដ្ឋ 1លាន​នាក់ តួលេខ​អ្នកស្លាប់​ដែល​បានទទួល​ស្គាល់ តួលេខ​អ្នកស្លាប់​ម្នា​ក់លើ 1 លាន​នាក់ រួម​នឹង​ចំនួន​ករណី​ដែល​ត្រូវបាន​បញ្ជាក់​ទៅតាម​អត្រា​នៃ​ការធ្វើ​តេស្ត និង​អត្រា​ធ្វើតេស្ត​លើ​ម្នា​ក់លើ 1 លាន​នាក់។

    បណ្ដាប្រទេស​ និង​ដែន​ដី​ដែល​ឈរ​លើ​កំពូល​តារាង​ចំណាត់​ថ្នាក់

    របាយការណ៍​នៃ​ការស្រាវជ្រាវ​នេះ ត្រូវបាន​បង្ហាញ​ឱ្យដឹង ក្នុង​គ្រា​ដែល​ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​វិជ្ជមាន​ជាង 100 លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ជាង 2 លាន​នាក់។

    តារាង​ចំណាត់ថ្នាក់​ខាងលើ​ក៏បាន​បង្ហាញថា បណ្ដា​ប្រទេស និង​ដែនដី​នៅ​ទ្វីបអាស៊ី​ប៉ាស៊ីហ្វិក ទទួលបាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង Covid-19 ខណៈដែល​អឺរ៉ុប និង​អាមេរិក ត្រូវបាន​ជាន់ពន្លិច​ដោ​យ​រលក​នៃ​ការឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស៕

    ស្វែង​យល់​បន្ថែម​៖ នៅទីនេះ

    ប្រភព៖ Reuters

  • (វីដូអូ​) រូបភាព​ស្កែ​ន 3D «ពិត» ដំបូង​គេ​បង្អស់​ស្ដីពី Covid-19 ត្រូវបាន​ប្រកាសបង្ហាញ

    (វីដូអូ​) រូបភាព​ស្កែ​ន 3D «ពិត» ដំបូង​គេ​បង្អស់​ស្ដីពី Covid-19 ត្រូវបាន​ប្រកាសបង្ហាញ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បានប្រកាស​បង្ហាញ​វីដេអូ​មួយ​ស្ដីអំពី​រូបភាព 3D ដំបូង​គេ​បង្អស់​របស់​វីរុស Covid-19 ដែល​ត្រូវបាន​ស្កែ​ន​ដោយ​បច្ចេកវិទ្យា​ទំនើប ផ្ដល់នូវ​ការយល់ដឹង​បន្ថែម​អំពី​រចនាសម្ព័ន្ធ​របស់​វីរុស​នេះ។

    វីដេអូ​ខាងលើនេះ ត្រូវបាន​បង្ហាញ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ មកពី​សាកលវិទ្យាល័យ Tsinghua នាទី​ក្រុង​ប៉េកាំង សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា King Abdullah (KAUST) របស់ប្រទេស​​អារ៉ាប់​ប៊ី​សា​អូឌីត ជា​មួយ​នឹង​​​ក្រុមហ៊ុន Nanographics នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Vienna របស់​អូទ្រីស កាលពី​ថ្ងៃទី 25 ខែមករា​កន្លងទៅ។

    ទំហំ​របស់​ធាតុ (element) មួយ​នៃ​វីរុស Covid-19 គឺ​ពិតជា​តូច​ល្អិត​ខ្លាំងណាស់ ដោយមាន​អង្កត់ផ្ចិត​​ 100 nanomet ដែល​ស្មើនឹង 1/70,000 នៃ​អង្កត់ផ្ចិត​របស់​សរសៃ​សក់​មនុស្ស។ ប៉ុន្តែ វា​មាន​រចនាសម្ព័ន្ធ​ដ៏​ស្មុគស្មាញ។

    ដើម្បី​បង្កើតបានជា​រូបភាព 3D ដ៏​ពិតប្រាកដ​បំផុត​អំពី​វីរុស​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​ពី​សាកលវិទ្យាល័យ Tsinghua បាន​ស្កែ​ន​សំណាក​ដែល​ត្រូវបាន​ក្លា​សែ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ស្កែ​ន Electron cryotomography (CryoET)។

    បន្ទាប់មក ក្រុមហ៊ុន Nanographics បានប្រែក្លាយ​រូបភាព​ដែល​ស្កែ​ន​ដោយ CryoET នេះ ទៅជា​រូបភាព 3D ដោយ​ប្រើប្រាស់​បច្ចេកទេស​ពិសេស​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ KAUST។

    ចុងក្រោយ បន្ទាប់ពី​បាន​ចាក់​ពណ៌​សិប្បនិម្មិត​ទៅលើ​ផ្នែកផ្សេងៗរបស់​វីរុស​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ ជា​លើកដំបូង អាច​មើលឃើញ​ធាតុ​ល្អិត​បំផុត​របស់ Covid-19 ជាមួយនឹង​កម្រិត​នៃ​ភាព​ប្រាកដ ជាក់ស្ដែង និង​លម្អិត​ខ្ពស់បំផុត៕

    ប្រភព៖ SCMP

  • កម្ពុ​ជាមាន​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី 1នាក់ ខណៈ​ពិភពលោក​រកឃើញ​ជាង 101លាន​នាក់

    កម្ពុ​ជាមាន​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី 1នាក់ ខណៈ​ពិភពលោក​រកឃើញ​ជាង 101លាន​នាក់

    ក្រសួងសុខាភិបាល​កម្ពុ​ជា ព្រឹក​ថ្ងៃទី 28 មករា​នេះ បានឱ្យដឹងថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 1 ករណី ដែលជា​ពលករ​ត្រលប់​មកពី​ប្រទេស​ថៃ។

    ករណី​វិជ្ជមាន​ថ្មី​នេះ​កើតឡើង​ចំពោះ​ស្ត្រីជន​ជាតិខ្មែរ អាយុ 42 ឆ្នាំ នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រៅពី​ករណី​វិជ្ជមាន ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ កម្ពុជា​ក៏មាន​ករណី​ជាសះស្បើយ​ចំនួន 5 នាក់​ផងដែរ។ ព័ត៌មាន​លម្អិត សូម​អាន​តារាង​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 28 មករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 461 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 428 នាក់ ខណៈ​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 33 នាក់។

    នៅ​ទូទាំង​ពិភពលោក អ្នក​វិជ្ជមាន​នឹង Covid-19 បាន​កើន​ដល់ 101,403,758 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 2,182,237 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 25,919,908 នាក់។ ក្នុងអំឡុង 24 ម៉ោង​មកនេះ ពិភពលោក​ក៏មាន​អ្នក​វិជ្ជមាន​ថ្មី​ជាង 582,340 នាក់​ផងដែរ៕

  • ម៉ាឡេស៊ី​ទិញ​វ៉ាក់សាំង​​ចំនួន​ 18.4​លាន​​ដូ​ស​ ខណៈ​​អ្នកស្លាប់​ដោយសារ Covid-19 កើន​ដល់​ជាង 1.9សែន​នាក់

    ម៉ាឡេស៊ី​ទិញ​វ៉ាក់សាំង​​ចំនួន​ 18.4​លាន​​ដូ​ស​ ខណៈ​​អ្នកស្លាប់​ដោយសារ Covid-19 កើន​ដល់​ជាង 1.9សែន​នាក់

    ក្រសួងសុខាភិបាល​ម៉ាឡេស៊ី កាលពី​ថ្ងៃទី 26 មករា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឱសថ​ចំនួន​ពីរ​គឺ Pharmaniaga Lifescience Sdn Bhd និង Doupharma Sdn Bhd ដើម្បី​ទិញ​វ៉ាក់សាំង Covid-19 ចំនួន 18.4 លាន​ដូ​ស។

    យោងតាម​ប្រភពព័ត៌មាន​ពី​រាជធានី គួ​ឡា​ឡាំ​ពួរ Pharmaniaga Lifescience Sdn Bhd ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Pharmaniaga (ក្រុមហ៊ុន​លំដាប់​កំពូល​របស់​ម៉ាឡេស៊ី) នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង CoronaVac របស់​ក្រុមហ៊ុន​ចិន Sinovac ចំនួន 12 លាន​ដូ​ស មកឱ្យ​ម៉ាឡេស៊ី។

    ក្រសួងសុខាភិបាល​ឱ្យដឹងថា បរិមាណ​នៃ​វ៉ាក់សាំង CornaVac ខាងលើនេះ គ្រប់គ្រាន់​សម្រាប់​ចាក់ឱ្យ​មនុស្ស​ចំនួន 6 លាន​នាក់ ស្មើនឹង 18.75% នៃ​ប្រជាជន​សរុប​របស់​ប្រទេស​ម៉ាឡេស៊ី។ វ៉ាក់សាំង CornaVac នឹង​ត្រូវបាន​ផ្គត់ផ្គង់​មកឱ្យ​ម៉ាឡេស៊ី ទៅតាម​ដំណាក់កាល ដោយ​ចាប់ផ្ដើម​ពី​ចុងខែ​មីនា​ខាងមុខ។

    ចំណែក​វ៉ាក់សាំង Sputnik V ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​រុស្ស៊ី Gamaleya ចំនួន 6.4 លាន​ដូ​ស ដែល​ផ្គត់​ផ្គង់​​ដោយ​ក្រុមហ៊ុន Duopharma នឹង​ចាក់ឱ្យ​ពលរដ្ឋ​បាន 3.2 លាន​នាក់។

    វ៉ាក់សាំង​ចំនួន​ពីរ​ប្រភេទ​ខាងលើ​នឹង​ត្រូវបាន​ចាក់​ចំនួន 2 លើក​សម្រាប់​មនុស្ស​ម្នាក់ និង​ចាក់ឱ្យ​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ។ ចំពោះ CoronaVac ការចាក់​លើក​ទី​ពីរ​នឹងមាន​គម្លាត​ពី​លើកទីមួយ​ចំនួន​ពីរ​សប្ដាហ៍ ខណៈ Sputnik V គម្លាត​នេះ​នឹងមាន​រយៈពេល 21 ថ្ងៃ។

    ប្រទេស​ម៉ាឡេស៊ី គិត​មកដល់​ព្រឹក​ថ្ងៃទី 27 មករា ឆ្នាំ 2021 នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 190,434 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 700 នាក់ ខណៈ 40,574 នាក់​កំពុង​សម្រាក​ព្យាបាល៕

     

    ប្រភព៖ Yahoo News

  • ស្ថានភាព Covid-19 នៅ​ទូទាំង​ពិភពលោក និង​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 27 មករា

    ស្ថានភាព Covid-19 នៅ​ទូទាំង​ពិភពលោក និង​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 27 មករា

    ក្រសួងសុខាភិបាល​កម្ពុ​ជា ព្រឹក​ថ្ងៃទី 27 មករា ឆ្នាំ 2021 នេះ បានឱ្យដឹងថា មិនមាន​ករណី​ឆ្លង​វីរុស Covid-19 ថ្មី​នោះទេ ប៉ុន្តែ មាន​ករណី​ជាសះស្បើយ​ជាច្រើន​នាក់ ខណៈ​ពិភពលោក​មាន​ករណី​ថ្មី​ជាង 523,962 នាក់។

    ករណី​ជាសះស្បើយ​នៅ​កម្ពុជា​សម្រាប់​ព្រឹក​នេះ មាន​ចំនួន 11 នាក់ សុទ្ធតែជា​ពលករ ពល​ការិនី ដែល​ត្រលប់​មក ពី​​ប្រទេស​ថៃ។ ព័ត៌មាន​លម្អិត សូម​អាន​តារាង​ខាងក្រោម។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 27 មករា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 460 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 423 នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន 37 នាក់។

    នៅ​ទូទាំង​ពិភពលោក ករណី​ឆ្លង​វីរុស Covid-19 សរុប បាន​កើន​ដល់ 100,807,884 នាក់ ក្នុងនោះ​មាន 2,165,020 នាក់​បាន​ស្លាប់ និង 25,824,124 នាក់​កំពុង​សម្រាក​ព្យាបាល៕

  • មហាសេដ្ឋី​លំដាប់​លេខ​មួយ​នៅ​ម៉ិ​ក​ស៊ិ​ក ឆ្លង Covid-19

    មហាសេដ្ឋី​លំដាប់​លេខ​មួយ​នៅ​ម៉ិ​ក​ស៊ិ​ក ឆ្លង Covid-19

    កំពូល​អ្នកមាន​លំដាប់​លេខ​មួយ និង​ជា​មេកន្ទ្រាញ​ផ្នែក​ទូរគមនាគមន៍​ប្រចាំ​ប្រទេស​ម៉ិ​ក​ស៊ិ​ក លោក Carlos Slim Helu បាន​ឆ្លង​វីរុស Covid-19។

    កាលពី​ថ្ងៃទី 25 មករា អ្នកនាំពាក្យ​របស់លោក Carlos Slim Helu បាន​បញ្ជាក់ថា មហាសេដ្ឋី​លេខ​មួយ​នៅ​ម៉ិ​ក​ស៊ិ​ក ទទួលបាន​លទ្ធផល​វិជ្ជមាន​នឹង Covid-19 ប្រហែល​មួយ​សប្ដាហ៍​កន្លង​ទៅហើយ ខណៈដែល​លទ្ធផល​នៃ​ការព្យាបាល​កំពុង​តែមាន​ភាពល្អប្រសើរ។ មុននេះ សារព័ត៌មាន Reforma របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក ក៏បាន​ចុះផ្សាយ​ថា មហាសេដ្ឋី​កើត​ឆ្នាំ 1940 រូបនេះ បាន​ឆ្លង Covid-19 ដោយ​យោងទៅលើ​ប្រភពព័ត៌មាន​ពី Carlos Slim Domit ដែលជា​កូនប្រុស​របស់លោក។

    ព័ត៌មាន​នេះ​ត្រូវបាន​ចេញផ្សាយ​មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក Andres Manuel Lopez Obrador បានប្រកាស​នៅលើ Twitter ថា លោក​វិជ្ជមាន​នឹង Covid-19។

    ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador (ស្ដាំ) និងមហាសេដ្ឋី Carlos Slim

    យោងតាម​ទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិ​របស់លោក Carlos Slim ស្ថិតក្នុង​រង្វង់ 59.9 លាន​ដុល្លារ​អាមេរិក និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី 21 ក្នុង​ពិភពលោក។ ទ្រព្យសម្បត្តិ​ភាគច្រើន​របស់លោក Carlos Slim គឺ​មូល​ប​ត្រ​នៅ America Movil ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​លំដាប់​ជួរមុខ​នៅ​អាមេរិក​ឡាទីន។ មហាសេដ្ឋី​រូបនេះ ក៏​ធ្លាប់ជា​អ្នកមាន​ជាងគេ​លំដាប់​លេខ​មួយ​នៅលើ​តារាង​ចំណាត់ថ្នាក់​របស់ Forbes ចាប់ពី​ឆ្នាំ 2010 ដល់​ឆ្នាំ 2013​ ផងដែរ៕

    ប្រភព៖ Forbes

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី 2នាក់ ខណៈ​អ្នក​ឆ្លង​សរុប​ទូទាំង​ពិភពលោក​កើន​លើស 100លាន​នាក់

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី 2នាក់ ខណៈ​អ្នក​ឆ្លង​សរុប​ទូទាំង​ពិភពលោក​កើន​លើស 100លាន​នាក់

    ព្រឹក​ថ្ងៃទី 26 មករា ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​ប្រកាស​ឱ្យដឹងថា ក្នុង​ថ្ងៃទី 25 មករា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 2 ករណី​ទៀត នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​ដែល​បាន​ឆ្លង​វីរុស​នៅ​កម្ពុជា​កើន​ដល់ 460 នាក់។

    ករណី​វិជ្ជមាន​ទាំងពីរ​ខាងលើនេះ សុទ្ធតែជា​ករណី​នាំចូល ក្នុងនោះ​មាន 1 ករណី​ជា​ពល​ការិនី​ត្រលប់​មកពី​ប្រទេស​ថៃ និង 1 ករណី​ទៀត ជា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌូនេស៊ី។ ក្រៅពី​រកឃើញ​ករណី​វិជ្ជមាន ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅ កម្ពុជា​ក៏មាន​អ្នកជា​សះស្បើយ​ចំនួន 2 ករណី​ផងដែរ។ ព័ត៌មាន​លម្អិត សូម​អាន​តារាង​ខាងក្រោម។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 460 នាក់ ក្នុងនោះ​មាន 412​ នាក់​បានជា​សះស្បើយ និង 48 នាក់​កំពុង​សម្បា​ក​ព្យាបាល។

    នៅ​ទូទាំង​ពិភពលោក អ្នក​ឆ្លង Covid-19 បាន​កើន​ឡើងដល់​ជាង 100 លាន​នាក់ និង​អ្នកស្លាប់​កើន​ដល់​ជាង 2,148,000 នាក់ ខណៈ​អ្នកជំងឺ​កំពុង​ព្យាបាល​មាន​ចំនួន​ជាង 25.8 លាន​នាក់៕

  • ថៃប្រកាសអំពីគម្រោងចាក់វ៉ាក់សាំង Covid-19 ដល់ក្រុមមនុស្សអាទិភាព

    ថៃប្រកាសអំពីគម្រោងចាក់វ៉ាក់សាំង Covid-19 ដល់ក្រុមមនុស្សអាទិភាព

    ប្រទេស​ថៃ កាលពី​ថ្ងៃទី 25 មករា បានប្រកាស​ឱ្យដឹង​អំពី​គម្រោង​ចាក់​វ៉ាក់សាំង​ទប់ស្កាត់ Covid-19 នៅ​ខែកុម្ភៈ​ខាងមុខ ដោយ​ប្រើប្រាស់​វ៉ាក់សាំង 50,000 ដូ​ស របស់ AstraZeneca។

    ឆ្លើយ​នឹង​សំណួរ​របស់​ក្រុម​អ្នកយកព័ត៌មាន លោក Sopon Mekton ដែលជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​របស់​ថៃ បានឱ្យដឹងថា បុគ្គលិក​សុខាភិបាល​នៅក្នុង​ខេត្ត Samut Sakhon ដែលជា​ស្នូល​នៃ​រលក​វីរុស​ថ្មី​បំផុត​នៅ​ប្រទេស​នេះ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​ដំបូង​គេ បន្ទាប់មក​គឺ​ក្រុមមនុស្ស​វ័យ​ចំណាស់ និង​ពលរដ្ឋ​ដែលមាន​ជំងឺ​ប្រចាំកាយ។

    កាលពី​សប្ដាហ៍​មុន ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ថ្នាំពេទ្យ​របស់​ថៃ បានអនុម័ត​ប្រើប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ប៉ុន្តែ​មិនទាន់​បានអនុម័ត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac Biotech ដែល​ខ្លួន​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​នៅឡើយ។

    រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ប្រទេស​ថៃ Anutin Charnvirakul បញ្ជាក់ថា ប្រទេស​នេះ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ជាង 2 សែន​ដូ​សរ​បស់ AstraZeneca និង 2 លាន​ដូ​ស របស់ Sinovac Biotech។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 26 មករា ឆ្នាំ 2021 នេះ ប្រទេស​ថៃ​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 13,687 នាក់ ក្នុងនោះ​មាន 75 នាក់​បាន​ស្លាប់៕

    ប្រភព​៖ Bangkok Post

  • ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក ឆ្លង Covid-19

    ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក ឆ្លង Covid-19

    ប្រធានាធិបតី​របស់​ម៉ិ​ក​ស៊ិ​ក លោក Lopez Obrador ទើបតែ​បានប្រកាស​ឱ្យដឹងថា លោក បាន​ឆ្លង Covid-19 នាំឱ្យ​បញ្ជី​ឈ្មោះ​នៃ​មេដឹកនាំ​ពិភពលោក​ដែល​ឆ្លង​វីរុស Covid-19 កាន់តែ​វែងឡើង។

    «ខ្ញុំ​មានការ​សោកស្ដាយ​ណាស់​នៅពេល​ប្រកាសថា ខ្ញុំ​បាន​ឆ្លង​វីរុស Covid-19។ អាការរោគ​ស្រាល​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​ទទួល​ការព្យាបាល» ប្រធាន​ធិបតី​ម៉ិ​ក​ស៊ិ​ក លោក Andres Manuel Lopez Obrador បាន​បង្ហោះ​សារ​បែបនេះ​នៅលើ​បណ្ដាញ​ស​ង្គ​ល​កាលពី​ថ្ងៃទី 24 មករា (ព្រឹក​ថ្ងៃទី 25 មករា នៅ​កម្ពុជា)។ លោក​បាន​បន្ថែមទៀត «ខ្ញុំ​នៅតែមាន​ការជឿជាក់​ដូចដើម»។

    លោក Lopez Obrador ថ្លែងថា លោក​នឹង​បន្តធ្វើ​ការ​ពី​វិមាន​ប្រធានាធិបតី និង​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រសួងមហាផ្ទៃ​ជំនួស​លោក​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅក្នុង​សប្ដាហ៍​នេះ។

    លោក Lopez Obrador មាន​អាយុ 67 ឆ្នាំ ដែលមាន​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ និង​មាន​បញ្ហា​បេះដូង ត្រូវបាន​គេ​មើលឃើញថា ហាក់​មិនដែល​ពាក់​ម៉ាស ព្រមទាំង​នៅតែ​ធ្វើការ​ទៅតាម​ធម្មតា​នៅក្នុង​អំឡុង​វិបត្តិ​សុខភាព Covid-19។ លោក​ធ្លាប់មាន​បញ្ហា​បេះដូង និង​ត្រូវ​ចូល​ពេទ្យ​កាលពី​ឆ្នាំ 2013។

    នៅ​ដើម​ខែម​ករានេះ Jesus Ramirez Cuevas ដែលជា​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក ក៏មាន​លទ្ធផល​វិជ្ជមាន​នឹង Covid-19 ផងដែរ។

    មុន​លោក Lopez Obrador មេដឹកនាំ​ពិភពលោក​ជាច្រើនរូប​ក៏​ធ្លាប់​ឆ្លង Covid-19 ក្នុងនោះ​មានដូចជា ប្រធានាធិបតី​អង់គ្លេស លោក Boris Johnson ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Jair Bolsonaro អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump និង​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ផងដែរ។

    ម៉ិ​ក​ស៊ិ​ក​គឺជា​សម្បុក​វីរុស Covid-19 ធំជាងគេ​លំដាប់​ទី 4 ក្នុង​តំបន់​អាមេរិក​ឡាទីន ដោយមាន​អ្នក​ឆ្លង​វីរុស​ចំនួន​ជាង 1.7 លាន​នាក់ និង​ជិត 150,000 នាក់​បាន​ស្លាប់៕

    ប្រភព៖ AFP, ABC