Category: សុខភាព

  • វៀតណាម​​បាន​បញ្ចប់​ការធ្វើ​តេស្ត​លើ​មនុស្ស​ដំណាក់កាល​ទីមួយ​ដោយ​ជោគជ័យ ចំពោះ​វ៉ាក់សាំង Covid-19 ឈ្មោះ Nano Covax

    វៀតណាម​​បាន​បញ្ចប់​ការធ្វើ​តេស្ត​លើ​មនុស្ស​ដំណាក់កាល​ទីមួយ​ដោយ​ជោគជ័យ ចំពោះ​វ៉ាក់សាំង Covid-19 ឈ្មោះ Nano Covax

    វៀតណាម​៖ ជំហាន​ដំបូង​បង្ហាញថា វ៉ាក់សាំង Nano Covax មាន​សុ​វត្ថុ​ភាព បង្កើត​ប្រតិកម្ម​ប្រឆាំងនឹង​វីរុស​បានល្អ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ទល់​នឹង Covid-19 សូម្បីតែ​ប្រភេទ​ក្លាយ​ពូជ​ថ្មី​របស់​វីរុស​នេះ។

    ព័ត៌មាន​ពី​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​យោធា​បានឱ្យដឹងថា អង្គភាព​នេះ​ទើបតែ​បានបញ្ចប់​ការធ្វើ​តេស្ត​វ៉ាក់សាំង​លើ​មនុស្ស​​​នៅ​ក្នុង​ដំណាក់​កាល​​ដំបូង​ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង Nano Covax ចំនួន 120 ម្ជុល​ទៅឱ្យ​អ្នកស្ម័គ្រចិត្ត​ចំនួន 60 នាក់។

    ក្រុម​អ្នកជំនាញ​បាន​វាយតម្លៃថា ជំហាន​ដំបូង​បង្ហាញថា វ៉ាក់សាំង Nano Covax នេះ មាន​សុវត្ថិភាព បង្កើត​ប្រតិកម្ម​ប្រឆាំងនឹង​វីរុស​បានល្អ និង​មាន​ប្រសិទ្ធភាព​ចំពោះ​វីរុស Covid-19 ក្នុងនោះ​បូករួម​ទាំង​វីរុស Covid-19 ប្រភេទ​ក្លាយ​ពូជ​ផងដែរ។ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង ក្រុម​អ្នកស្ម័គ្រចិត្ត សុទ្ធ​តែមាន​សុខភាព​ល្អ ដោយមាន​ករណី​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែលមាន​អាការ​ឈឺ​ត្រង់​កន្លែង​ចាក់ ក្ដៅខ្លួនស្ទេញៗ ប៉ុន្តែ​បាន​បាត់​ទៅវិញ​ក្រោយ​រយៈពេល​ពី 1-2 ថ្ងៃ។

    វិទ្យាស្ថាន​វេជ្ជសាស្ត្រ​យោធា​វៀតណាម កំពុងតែបន្ត​ប្រមូល​ទិន្នន័យ​ដើម្បី​ធ្វើ​របាយការណ៍​ជូន​ក្រសួងសុខាភិបាល។ តាម​គម្រោង ក្រោយ​បុណ្យចូលឆ្នាំ​ចិន ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​និង​សីលធម៌​ជីវ​វេជ្ជសាស្ត្រ រួម​នឹង​ក្រសួងសុខាភិបាល​នឹង​ជួបប្រជុំគ្នា​ដើម្បី​វាយតម្លៃ​លើ​វ៉ាក់សាំង​ខាងលើ មុនពេល​អនុម័ត​ឱ្យធ្វើ​តេស្ត​លើ​មនុស្ស​ដំណាក់​ទី​ពីរ។

    ដំណាក់កាល​ទី​ពីរ​នឹងធ្វើ​តេស្ត​លើ​អ្នកស្ម័គ្រចិត្ត​ចំនួន 560 នាក់ ដោយ​ប្រើពេល 6 ខែ ខណៈដែល​ដំណាក់កាល​ទី​បី​នឹង​ពិសោធ​លើ​មនុស្ស​ចំនួន​ជាង 10,000 នាក់ នៅតាម​បណ្ដា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ច្រើន ហើយ​ដំណាក់កាល​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ដើមឆ្នាំ 2022។

    Nano Covax គឺជា​វ៉ាក់សាំង​ប្រឆាំង Covid-19 ដំបូង​គេ​របស់​វៀតណាម ដែល​ត្រូវបាន​ធ្វើតេស្ត​នៅលើ​មនុស្ស ក្នុងនោះ វ៉ាក់សាំង​ម្ជុល​ដំបូង​ត្រូវបាន​ចាក់​កាលពី​ថ្ងៃទី 17 ធ្នូ ឆ្នាំ 2020។

    លោក Nguyen Thanh Long រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម កាលពី​ថ្ងៃទី 5 កុម្ភៈ បាន​ថ្លែងថា បច្ចុប្បន្ន វ៉ាក់សាំង Nano Covax របស់​ក្រុមហ៊ុន Nanogen បាន​ឆ្លង​ផុត​ដំណាក់កាល​ទីមួយ​នៃ​ការធ្វើ​តេស្ត​លើ​មនុស្ស និង​ត្រៀម​ចូល​ដំណាក់កាល​ទី​ពីរ។

    ក្រៅពី Nanogen វៀតណាម​ក៏មាន​ក្រុមហ៊ុន​មួយចំនួនទៀត​ដែល​កំពុង​ពិសោធ​វ៉ាក់សាំង​ប្រឆាំង Covid-19 មានដូចជា ក្រុមហ៊ុន IVAC និង ក្រុមហ៊ុន​VABIOTEC ជាដើម។

    គិតដល់​ខែមិថុនា ឆ្នាំ 2021 វៀតណាម​នឹងមាន​វ៉ាក់សាំង Covid-19 ប្រមាណ 30 លាន​ដូ​ស​ដើម្បី​ចាក់ឱ្យ​ពលរដ្ឋ។ ជាង​នេះ វៀតណាម​ក៏​កំពុងតែ​ស្វែងរក​ជាវ​វ៉ាក់សាំង​ពី​បរទេស ដើម្បី​បង្កើន​ចំនួន​នៃ​ប្រភព​ផ្គត់ផ្គង់។ តាម​គម្រោង វ៉ាក់សាំង Covid-19 ឈុត​ដំបូង​ដែល​វៀតណាម​បាន​បញ្ជា​ទិញ​ពី AstraZeneca នឹង​មកដល់​ប្រទេស​នេះ​នៅ​ចុងខែ​កុម្ភៈ ឬ​ដើមខែ​មីនា​2021៕

  • តំណាងរាស្ត្រ​អាមេរិក​ដំបូង​គេ​ដែល​ស្លាប់​ដោយសារ Covid-19

    តំណាងរាស្ត្រ​អាមេរិក​ដំបូង​គេ​ដែល​ស្លាប់​ដោយសារ Covid-19

    តំណាងរាស្ត្រ​មកពី​បក្ស​សាធារណរដ្ឋ លោក Ron Wright វ័យ 67 ឆ្នាំ បាន​បាត់​បង់ជីវិត​នៅពេល​កំពុង​ព្យាបាល Covid-19 ដែល​នេះ​គឺជា​តំណាងរាស្ត្រ​កំពុងកាន់​តំណែង​ដំបូង​គេ​ដែល​ស្លាប់​ដោយសារ​វីរុស Covid-19 នៅ​សហរដ្ឋអាមេរិក។

    ការិយាល័យ​របស់លោក Wright តំណាងរាស្ត្រ​មកពី​រដ្ឋ Texas បានឱ្យដឹងថា តំណាងរាស្ត្រ​រូបនេះ​បានទទួល​មរណភាព​កាលពី​ថ្ងៃទី 7 កុម្ភៈ នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង Dallas ជា​កន្លែង​ដែល​លោក និង​ភរិយា​កំពុង​ទទួល​ការព្យាបាល​ជំងឺ Covid-19។

    លោក Wright កាលពី​ថ្ងៃទី 27 មករា បានប្រកាសថា លោក​ទទួលបាន​លទ្ធផល​វិជ្ជមាន​នឹង Covid-19 ប៉ុន្តែ​មាន​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។ យ៉ាងនេះ​ក្ដី ស្ថានភាព​របស់លោក​កាន់តែ​ដុនដាបឡើងៗ ហើយ​លោក​ក៏ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រយៈពេល 2 សប្ដាហ៍។

    លោក Joe Biden បាន​ហៅ​លោក Wright ថា​ជា «អ្នក​ចម្បាំង​ដ៏​ក្លាយ​ហាន ដែល​បាន​ទប់ទល់​ទាំង​ជំងឺមហារីក ទាំង​ជំងឺ Covid-19» និង​បានប្រកាស​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​នៃ​សព​ផងដែរ។

    លោក Ron Wright បាន​ជាប់ឆ្នោត​ជា​សមាជិកសភា​តាំងពី​ឆ្នាំ 2018 និង​មាន​កៅអី​នៅក្នុង​គណៈកម្មការ​កិច្ចការបរទេស អប់រំ និង​ពលកម្ម​របស់​សភា​ជាន់​ទាប​ផងដែរ។

    កាលពី​ចុងខែ​ធ្នូ ឆ្នាំ 2020 តំណាងរាស្ត្រ​ដែល​ទើបតែ​បាន​ជាប់ឆ្នោត​នៅ​សភា​ជាន់​ទាប លោក Luke Letlow អាយុ 41 ឆ្នាំ ក៏បាន​បាត់បង់​ជីវិត​ដោយសារ Covid-19 នៅមុន​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

    សហរដ្ឋអាមេរិក គិត​មកដល់​ព្រឹក​ថ្ងៃទី 9 កុម្ភៈ​នេះ មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន​ជាង 27 លាន​នាក់ ក្នុងនោះ​មាន​ជាង 476,000 នាក់​បាន​ស្លាប់៕

    ប្រភព៖ AFP

  • Covid-19 នៅ​ព្រឹក​ថ្ងៃទី 9កុម្ភៈ! រកឃើញ​ករណី​វិជ្ជមាន 2នាក់​បន្ថែមទៀត

    Covid-19 នៅ​ព្រឹក​ថ្ងៃទី 9កុម្ភៈ! រកឃើញ​ករណី​វិជ្ជមាន 2នាក់​បន្ថែមទៀត

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 9 ខែកុម្ភៈ​នេះ បានឱ្យដឹងថា បាន​រកឃើញ​មនុស្ស 2 នាក់​វិជ្ជមាន​នឹង Covid-19 ដែល​នេះ​សុទ្ធតែជា​ករណី​នាំចូល និង​មិនមែនជា​ពលករ​មកពី​ថៃ។

    ក្នុងអំឡុងពេល​ដដែល​នេះ ក្រៅពី​ករណី​វិជ្ជមាន ក៏មាន​ករណី​ជាសះស្បើយ​ចំនួន 2នាក់​ផងដែរ។ ព័ត៌មាន​បន្ថែម សូម​បន្ត​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដូចខាងក្រោម។

    គិតដល់​ព្រឹក​ថ្ងៃទី 9 កុម្ភៈ​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 479 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 457 នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 19 នាក់។


  • អាហ្វ្រិក​ខាងត្បូង​ផ្អាក​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca

    អាហ្វ្រិក​ខាងត្បូង​ផ្អាក​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca

    ក្រុមមន្ត្រី​សុខាភិបាល​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បានឱ្យដឹងថា កំពុងតែ​ផ្អាក​ការ​ចែកចាយ​វ៉ាក់សាំង AstraZeneca បន្ទាប់ពី​ការសិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​តិចតួច​នៅ​ចំពោះមុខ Covid-19 ក្លាយ​ពូជ​ថ្មី។

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី 7 កុម្ភៈ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង វេជ្ជបណ្ឌិត Zweli Mkhize បាន​ថ្លែងថា នេះ​គឺជា​ការសម្រេចចិត្ត​ជាប​ណ្ដោះ​អាសន្ន​នៅក្នុងពេល​រង់ចាំ​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំណត់​បាន​នូវ​វិធីសាស្ត្រ​ថ្មី​ក្នុងការ​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ឱ្យមាន​ប្រសិទ្ធភាព​បំផុត។ លោក Zweli Mkhize បាន​បញ្ជាក់​ថា ​ប្រទេស​​នេះ​​នឹង​​បន្ត​ប្រើប្រាស់​វ៉ាក់សាំង​របស់ Pfizer/BioNTech និង Johnson & Johnson។

    របាយការណ៍​ដំបូង​ដែល​ត្រូវ​បានប្រកាស​ក្នុង​ថ្ងៃ​ដដែល​នោះបាន​បង្ហាញថា វ៉ាក់សាំង Oxford/AstraZeneca ​មាន​​ប្រសិទ្ធ​ភាព​​កម្រិត​ទាប និង​មធ្យម​នៅ​ចំពោះមុខ Covid-19 ក្លាយ​ពូជ​នៅ​ទ្វីបអាហ្វ្រិក។

    ការស្រាវជ្រាវ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នៅលើ​អ្នកស្ម័គ្រចិត្ត​ប្រមាណ 2,000 នាក់ ដែលមាន​វ័យ​ជា​មធ្យម 31 ឆ្នាំ ក្នុងនោះ​មាន​ពាក់កណ្ដាល​ត្រូវបាន​ចាក់​វ៉ាក់សាំង Oxford/AstraZeneca និង​ពាក់កណ្ដាល​ទៀត​ចាក់​វ៉ាក់សាំង​ផ្លា​សេ​បូ (placebo) ដែលជា​ថ្នាំ​មិនមាន​សារធាតុ​សកម្ម/គ្មាន​ប្រសិទ្ធភាព។

    ការសិក្សា​ស្រាវជ្រាវ​ខាងលើ ត្រូវបាន​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Witwatersrand របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង រួម​នឹង​សាកល​វិទ្យា Oxford និង​ត្រូវ​បានប្រកាស​នៅលើ​ទំព័រសារព័ត៌មាន។ លទ្ធផល​ត្រូវបាន​បញ្ជូន​ទៅកាន់​ថ្នាក់លើ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ហើយ​វា​នឹងត្រូវ​បានប្រកាស​ជា​ផ្លូវការ​ជា​លាយលក្ខណ៍អក្សរ​នៅពេលឆាប់ៗខាងមុខ៕

    ប្រភព៖ CNN

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 2នាក់​បន្ថែមទៀត ខណៈ​តួលេខ​អ្នក​ឆ្លង​សរុប​នៅ​​ទូទាំង​​ពិភព​លោក​​កើន​ដល់​​ជាង​ 106,000,000​នាក់

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 2នាក់​បន្ថែមទៀត ខណៈ​តួលេខ​អ្នក​ឆ្លង​សរុប​នៅ​​ទូទាំង​​ពិភព​លោក​​កើន​ដល់​​ជាង​ 106,000,000​នាក់

    ព្រឹក​ថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​ឱ្យដឹងថា មាន​ករណី​វិជ្ជមាន​ថ្មី​ចំនួន 2 នាក់​ទៀត ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី 6 កុម្ភៈ។ ករណី​ទាំងនេះ​គឺជា​អ្នក​មកពី​បរទេស ដែល​បច្ចុប្បន្ន​ស្នាក់​នៅក្នុង​ខណ្ឌ​ទួល​គោក។ ក្រៅពី​ករណី​វិជ្ជមាន ព្រឹក​នេះ​ក៏មាន​ករណី​ជាសះស្បើយ​ចំនួន 1 នាក់​ផងដែរ។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​របស់​ក្រសួង​នៅ​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 7 កុម្ភៈ ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 474 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 454 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 20 នាក់។

    នៅ​ទូទាំង​ពិភពលោក អ្នកស្លាប់​ដោយសារ​វីរុស Covid-19 បាន​កើន​ដល់ 2,318,841 នាក់ និង​ជាសះស្បើយ​មាន​ចំនួន​ 77,965,844 នាក់ ខណៈ​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 25,896,674 នាក់ នៅក្នុង​ចំណោម​អ្នក​វិជ្ជមាន​សរុប​ចំនួន 106,326,711 នាក់៕

  • កម្ពុជា​រកឃើញ 2នាក់​ទៀត​ដែល​វិជ្ជមាន​នឹង Covid-19

    កម្ពុជា​រកឃើញ 2នាក់​ទៀត​ដែល​វិជ្ជមាន​នឹង Covid-19

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 6 កុម្ភៈ ឆ្នាំ 2021 នេះ បានប្រកាសថា រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 2 ករណី​បន្ថែមទៀត នាំឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​កើន​ដល់ 472 នាក់។

    ករណី​ឆ្លង​ថ្មី​ខាងលើនេះ កើតឡើង​ចំពោះ អ្នកដំណើរ​ដែល​ចូលមក​កម្ពុជា ក្នុងនោះ​មាន​ជនជាតិខ្មែរ​ម្នាក់ ស្នាក់​នៅក្នុង​ទីក្រុង​តាខ្មៅ និង​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ស្នាក់​នៅក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដែលមាន​នៅក្នុង​សេចក្ដីប្រកាស​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 6 កុម្ភៈ ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 472 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 453 នាក់ និង​កំពុង​ព្យាបាល​ចំនួន 19 នាក់។

  • គម្រោង​ចាក់​វ៉ាក់សាំង Covid-19 ជូន​ប្រមុខ​រដ្ឋាភិបាល និង​ឥស្សរជន​ជាន់ខ្ពស់​អមដំណើរ ត្រូវបាន​លុបចោល

    គម្រោង​ចាក់​វ៉ាក់សាំង Covid-19 ជូន​ប្រមុខ​រដ្ឋាភិបាល និង​ឥស្សរជន​ជាន់ខ្ពស់​អមដំណើរ ត្រូវបាន​លុបចោល

    ក្រសួងសុខាភិបាល នៅ​ព្រលប់​ថ្ងៃទី 5 កុម្ភៈ ឆ្នាំ 2021 នេះ បានប្រកាស​ឱ្យដឹង​អំពី​ការប្រើប្រាស់​វ៉ាក់សាំង Covid-19 ជា​ជំនួយ​របស់​ចិន ដែល​នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី 7 កុម្ភៈ​ខាងមុខ។

    សេចក្ដីប្រកាស​ថ្មី​ដែល​យោងទៅតាម​សេចក្ដីប្រកាស​ចាស់​ចុះ​នៅ​ថ្ងៃទី 3 កុម្ភៈ ឆ្នាំ 2021 បាន​បញ្ជាក់ថា វ៉ាក់សាំង​ចំនួន 3 សែន​ដូ​ស និង​សេ​រ៉ាំ​ង​ចំនួន 300,800 ដើម នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី 7 កុម្ភៈ ឆ្នាំ 2021។ ចំណែក​អាយុ​ដែល​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន គឺ​ត្រូវមាន​ចាប់ពី 18 ដល់ 59 ឆ្នាំ ខណៈ​អ្នក​ដែលមាន​អាយុ​លើសពី 60 ឆ្នាំ នឹងត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការសិក្សា​ជា​បន្តទៀត។

    ក្រសួង​បាន​បញ្ជាក់ថា គម្រោង​ចាក់​វ៉ាក់សាំង​ជូន សម្ដេច​តេ​ជោ និង​ឥស្សរជន​ជាន់ខ្ពស់​អមដំណើរ​ដែល​មាន​អាយុ​លើសពី 60 ឆ្នាំ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 10 ខាងមុខ ក៏ត្រូវ​បាន​លុបចោល និង​ត្រូវ​ចាក់​ជូន​អ្នក​ដែលមាន​អាយុ​ចាប់ពី 18 ឆ្នាំ​ដល់ 59ឆ្នាំ ទៅតាម​អាទិភាព​ដែល​បានចែង​នៅក្នុង​ពិធីសារ​សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19។

    ក្រុមមនុស្ស​អាទិភាព​នឹងត្រូវ​បានជ្រើសរើស​ចេញពី​បញ្ជី​ឈ្មោះ​អ្នកស្ម័គ្រចិត្ត​ដែល​បាន​ចុះឈ្មោះ​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​សប្ដាហ៍​ក្រោយ។ ការចាក់​វ៉ាក់សាំង​នឹងត្រូវ​បានធ្វើ​ឡើង​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ថ្នាក់ជាតិ ខេត្ត និង​ស្រុក។ សម្រាប់​កាលបរិច្ឆេទ​នៃ​ការចាក់​វ៉ាក់សាំង និង​ព័ត៌មាន​លម្អិត​ផ្សេងទៀត ក្រសួងសុខាភិបាល​នឹង​ជ​ម្រាម​ជូន​នៅពេល​ក្រោយ៕

  • កម្ពុ​ជាមាន​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី 3ករណី​បន្ថែមទៀត

    កម្ពុ​ជាមាន​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី 3ករណី​បន្ថែមទៀត

    ក្រសួងសុខាភិបាល​កម្ពុ​ជា ព្រឹក​ថ្ងៃទី 5 កុម្ភៈ បានឱ្យដឹងថា បាន​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន 3 ករណី​បន្ថែមទៀត​អំឡុង​ថ្ងៃទី 4 កុម្ភៈ នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន​កើន​ដល់ 470 នាក់។

    ករណី​វិជ្ជមាន​ថ្មី​ខាងលើ​គឺ​សុទ្ធតែជា​ករណី​នាំចូល រួមមាន ជនជាតិ​ឥណ្ឌា 2 នាក់ និង​ជនជាតិខ្មែរ 1នាក់។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដែលមាន​ដូចខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 5 ខែកុម្ភៈ​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 470 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 452 នាក់ និង​អ្នក​កំពុង​ផ្ទុក​វីរុស​មាន​ចំនួន 18 នាក់៕

  • ទារក​អាយុ 8ខែ​ម្នាក់ នៅ​វៀតណាម ឆ្លង Covid-19

    ទារក​អាយុ 8ខែ​ម្នាក់ នៅ​វៀតណាម ឆ្លង Covid-19

    ក្រោយពី​ត្រូវបាន​នាំទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ព្រោះតែ​ជាប់ទាក់ទង​នឹង​ករណី​ឆ្លង Covid-19 នៅ​ខេត្ត Hai Duong ទារិកា​អាយុ 8 ខែ​ម្នា​ក់នៅ​ខេត្ត Binh Duong ជាប់​ព្រំប្រទល់​នឹង​ក្រុង​ហូជីមិញ​នៃ​ប្រទេស​វៀតណាម ទទួលបាន​លទ្ធផល​វិជ្ជមាន​នឹង Covid-19។

    ព័ត៌មាន​ខាងលើនេះ​ត្រូវបាន​វេជ្ជបណ្ឌិត Nguyen Hong Chuong ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត Binh Duong ឱ្យដឹង កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ។

    យ៉ាងនេះ​ក្ដី ក្រសួងសុខាភិបាល​វៀត​ណា​ម​បាន​បញ្ជាក់ថា ដោយសារតែ​ទារិកា​នេះ​ត្រូវបាន​នាំទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាំងតែ​ពីដំបូង ដូច្នេះ លទ្ធភាព​នៃ​ការចម្លង​វីរុស​ទៅ​អ្នកដទៃ​គឺ​មិនមាន​នោះទេ។

    គិត​មកដល់​ថ្ងៃទី 4 កុម្ភៈ​នេះ ប្រទេស​វៀតណាម​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,948 នាក់ ក្នុងនោះ​មាន 449 នាក់​កំពុង​ព្យាបាល និង 1,461 បានជា​សះស្បើយ ខណៈ 35 នាក់​បាន​បាត់​បង់ជីវិត៕

  • កម្ពុជា​ត្រៀម​ទទួល​វ៉ាក់សាំង Covid-19 របស់​ចិន នៅ​ថ្ងៃទី7 ខាងមុខ

    កម្ពុជា​ត្រៀម​ទទួល​វ៉ាក់សាំង Covid-19 របស់​ចិន នៅ​ថ្ងៃទី7 ខាងមុខ

    នៅក្នុង​សារ​ជា​សំឡេង​ដែល​ត្រូវបាន​ផ្សាយ​នៅលើ​ទំព័រ Facebook សម្ដេច តេ​ជោ ហ៊ុន សែន បាន​ណែនាំ​មន្ត្រី​សុខាភិបាល ឱ្យ​ត្រៀមខ្លួន​ដើម្បី​ទទួល​វ៉ាក់សាំង Covid-19 នា​ថ្ងៃទី 7 ខែកុម្ភៈ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​ថ្លែងថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​បណ្ឌិត ម៉ម ប៊ុនហេង បាន​ជំរាប​ថា វ៉ាក់សាំង Covid-19 នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃអាទិត្យ ទី 7 ខែកុម្ភៈ។ សម្ដេច បាន​បញ្ជាក់ថា នៅពេល​វ៉ាក់សាំង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សម្ដេច​នឹង​ទៅ​ទទួល​ដោយផ្ទាល់។

    ចំណែក​ក្រសួងសុខាភិបាល​កម្ពុជា ថ្មីៗនេះ ក៏​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ដែល​បញ្ជាក់ថា អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង Covid-19 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Sinopharm (China National Pharmaceutical Group) របស់​ប្រទេស​ចិន​ជាបន្ទាន់​ផងដែរ។

    រដ្ឋាភិបាល​ចិន កាលពីពេល​កន្លងទៅនេះ បានសម្រេច​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង​ប្រឆាំង Covid-19 ចំនួន 1 លាន​ដូ​ស​ដល់​កម្ពុជា​ដោយ​មិន​គិតថ្លៃ។ វ៉ាក់សាំង​ទាំងនេះ​នឹងត្រូវ​បញ្ជូន​មកឱ្យ​កម្ពុជា​ជា​ពីរ​ដំណាក់កាល ដោយ​ដំណាក់កាល​ទីមួយ​នឹងមាន 6 សែន​ដូ​ស៕