ប្រទេសកូរ៉េខាងត្បូង នាថ្ងៃនេះបានចាប់ផ្ដើមបន្ធូរបន្ថយលើការកំណត់មួយចំនួនដោយសារ Covid-19 នៅក្នុងវិស័យពាណិជ្ជកម្ម ប៉ុន្តែ នៅតែរឹតបន្តឹងលើការជួបជុំលក្ខណឯកជន។
ឥរិយាបថបែបនេះរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវបានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានគ្រប់គ្រងនិងទប់ស្កាត់រោគឆ្លង (KDCA) បានរាយការណ៍ថា តួលេខអ្នកឆ្លងថ្មីបានថយចុះពី 400 ករណីមុនចូលឆ្នាំចិន មកនៅត្រឹម 344 ករណី គិតត្រឹមពាក់កណ្ដាលយប់នៃថ្ងៃទី 14 កុម្ភៈ។
យ៉ាងនេះក្ដី រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Kwon Deok-cheol បានព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលសម្បុកវីរុសនៅរដ្ឋធានីសេអ៊ូល និងតំបន់ក្បែរខាងមិនទាន់ត្រូវបានគ្រប់គ្រង។
គោលនយោបាយបន្ធូរបន្ថយខាងលើនេះ ត្រូវធ្វើឡើងនៅ Sudogwon ដែលមានតំបន់ក្រុងចំនួនពីរ រួមមាន សេអ៊ូល និង Incheon រួមនឹងបណ្ដាទីក្រុងរណបមួយចំនួនទៀត នឹងមានសុពលភាពចាប់ពីថ្ងៃទី 15 នេះតទៅ។ ម៉ោងដែលត្រូវបានដាក់ឱ្យស្ថិតក្នុងបំរាមគោចរសម្រាប់ភោជនីយដ្ឋាន និងហាងកាហ្វេ ត្រូវបានប្ដូរពីម៉ោង 21យប់ ទៅម៉ោង 22យប់។ បារ និងក្លឹបរាត្រីក៏ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ប៉ុន្តែត្រូវគោរពទៅតាមម៉ោងដែលត្រូវហាមឃាត់ គឺម៉ោង 10 យប់ ចំណែកចំនួនភ្ញៀវក៏ត្រូវបានកំណត់។ បំរាមគោចរត្រូវបានលើកលែងចំពោះរោងកុន ហាងអ៊ីនធើណិត មជ្ឈមណ្ឌលបង្រៀនលើការត្រៀមប្រលង ឧទ្យានកំសាន្ត ផ្សារទំនើបធំៗ និងហាងធ្វើសក់។
នៅខាងក្រៅ Sudogwon អាជីវកម្មទាំងឡាយមិនត្រូវបានបង្ខំឱ្យធ្វើតាមបំរាមគោចរនោះទេ។ ចំនួនអ្នកមកកាន់វិហារ និងអ្នកចូលរួមព្រឹត្តិការណ៍កីឡានៅតែត្រូវបានរឹតបន្តឹង ប៉ុន្តែ ការកំណត់ត្រូវបានបន្ធូរបន្ថយ។ ចំណែកការហាមមិនឱ្យជួបជុំក្នុងផ្ទះលើសពី 4 នាក់ នៅតែត្រូវបានអនុវត្តនៅទូទាំងប្រទេសដដែល។
គិតមកដល់បច្ចុប្បន្ន កូរ៉េខាងត្បូងបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 83,869 នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 1,527 នាក់ និងអ្នកជាសះស្បើយមានចំនួនជាង 73,000 នាក់ ខណៈអ្នកកំពុងវិជ្ជមាន មានចំនួន 8,548នាក់៕
ប្រភព៖ Reuters



ការរកឃើញនេះ បាននាំមកនូវតម្រុយបន្ថែមសម្រាប់ការស្វែងរកប្រភពពិតរបស់វីរុស Covid-19។ ក្រុមអ្នកវិទ្យាសាស្ត្រយល់ឃើញថា ប្រភេទវីរុសកូរ៉ូណាដែលមានហ្សែនដូចទៅនឹង Covid-19 នៅលើសត្វប្រចៀវគឺមានវត្តមាននៅក្នុងប្រទេស និងដែនដីជាច្រើននៅពាសពេញទ្វីបអាស៊ី រួមមាន ប្រទេសចិន ជប៉ុន និងប្រទេសថៃ។ ព័ត៌មានទាំងនេះត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី Nature Communications កាលពីថ្ងៃទី 9 កុម្ភៈ ឆ្នាំ 2021៕








ក្នុងខណៈដែលប្រទេសជាច្រើន ត្រូវប្រឈមនឹងការខ្វះខាតវ៉ាក់សាំងកូវីដ-19 តែខាងប្រទេសរុស្ស៊ី បែរជាត្រូវប្រឈមនឹងសភាវផ្គត់ផ្គង់ដែលច្រើនហូរហៀរទៅវិញ ព្រោះកំពុងជួបនឹងបញ្ហា លួងលោមបញ្ចុះបញ្ចូលឱ្យប្រជាជនចូលមកទទួលយកវ៉ាក់សាំង។ តាមរយៈលទ្ធផលធ្វើប្រជាមតិរបស់ Levada Center បានរកឃើញថា មានប្រជាជនរុស្ស៊ីត្រឹមតែ 38%ប៉ុណ្ណោះ ដែលពេញចិត្ត ចូលទទួលយកការចាក់វ៉ាក់សាំង Sputnik V ព្រោះភាគច្រើន មានក្ដីកង្វល់ពីផលប៉ះពាល់ បើទោះជា មានលទ្ធផលនៃការស្រាវជ្រាវចេញមក ធានារ៉ាប់រងប្រសិទ្ធភាពហើយក៏ដោយ។
លោកស្រី Natalya Kuzentova ប្រធានមជ្ឈមណ្ឌលចាក់វ៉ាក់សាំង បានថ្លែងថា អីលូវនេះ មានមនុស្សមកចាក់វ៉ាក់សាំងនៅក្នុងហាង ប្រមាណជា 300នាក់ក្នុង 1ថ្ងៃ៕


