Category: សុខភាព

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី 15នាក់​ទៀត គិត​ត្រឹម​ព្រឹក​ថ្ងៃទី 1មីនា 2021

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី 15នាក់​ទៀត គិត​ត្រឹម​ព្រឹក​ថ្ងៃទី 1មីនា 2021

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 15 នាក់ ដែល​ទើប​រកឃើញ​ក្នុងអំឡុង 24 ម៉ោង​កន្លងទៅនេះ មាន 1 នាក់ គឺជា​អ្នកធ្វើដំណើរ​ពី​បរទេស ប៉ុន្តែ​មិនមែនជា​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ ខណៈ 14 នាក់​ទៀត ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​នៅក្នុង «ព្រឹត្តិការណ៍ 20កុម្ភៈ»។

    ករណី​ឆ្លង​ថ្មី​នេះ រួមមាន ជនជាតិខ្មែរ​ម្នាក់ ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ហើយ​ក្រៅពីនេះ​គឺ​សុទ្ធតែជា​ជនជាតិ​ចិន។ ក្នុងអំឡុង 24 ម៉ោង​កន្លងទៅនេះ កម្ពុជា​មិនមាន​អ្នកជា​សះស្បើយ​នោះទេ។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 1 មីនា 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 820 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 477 នាក់ និង​អ្នក​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន 343 នាក់។

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី 39នាក់​ទៀត គិត​ត្រឹម​ព្រឹក​ថ្ងៃទី 28កុម្ភៈ 2021

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី 39នាក់​ទៀត គិត​ត្រឹម​ព្រឹក​ថ្ងៃទី 28កុម្ភៈ 2021

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 39 នាក់ ដែល​ទើប​រកឃើញ​ក្នុងអំឡុង 24 ម៉ោង​កន្លងទៅនេះ មាន 4 នាក់ គឺជា​ករណី​នាំចូល ដែល​មិនមែនជា​ពលករ​ខ្មែរ​មកពី​ថៃ ប៉ុន្តែ​សុទ្ធតែជា​ជនជាតិខ្មែរ។ ចំណែក 35 នាក់​ទៀត ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​នៅក្នុង «ព្រឹត្តិការណ៍ 20កុម្ភៈ»។

    ករណី​ឆ្លង Covid-19 ក្នុងអំឡុង 24 ម៉ោង​កន្លងទៅ​ដែល​ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍ 20កុម្ភៈ» ភាគច្រើន​គឺជា​ជនជាតិ​ចិន និង​វៀតណាម។ ព័ត៌មាន​លម្អិត​ សូម​បន្ត​អាន​របាយ​ការណ៍​របស់​ក្រសួង​សុខាភិបាល​ ដូច​មាន​នៅ​ខាង​ក្រោម​។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 28 កុម្ភៈ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 805 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 477 នាក់ និង​អ្នក​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន 328 នាក់។

  • រកឃើញ​វីរុស​ថ្មី​ ជាង 140,000ប្រភេទ កំពុង​រស់​នៅក្នុង​ពោះវៀន​មនុស្ស

    រកឃើញ​វីរុស​ថ្មី​ ជាង 140,000ប្រភេទ កំពុង​រស់​នៅក្នុង​ពោះវៀន​មនុស្ស

    ក្រុម​អ្នក​វិទ្យា​កំណត់​បាន​អត្តសញ្ញាណ​របស់​វីរុស​ថ្មី​ដែល​មិន​ធ្លាប់​ត្រូវបាន​រកឃើញ​ពីមុនមក រហូតដល់​ជាង 140,000 ប្រភេទ​ដែល​ស្ថិតនៅក្នុង​ពោះវៀន​របស់​មនុស្ស និង​រស់​នៅលើ​បាក់តេរី​ក្នុង​ពោះវៀន ក៏ប៉ុន្តែ ឥទ្ធិពល​របស់​ពួកវា នៅតែ​ជា​ប្រការ​អាថ៌កំបាំង​នៅឡើយ។

    យោងតាម​សារព័ត៌មាន ScienceDaily ប្រព័ន្ធ​បាក់តេរី និង​សត្វល្អិត ឬ​អតិសុខុមប្រាណ​ក្នុង​ពោះវៀន​គឺជា​សហគមន៍​បាក់តេរី​ដែលមាន​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស។ សហគមន៍​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការរំលាយ​អាហារ និង​តុល្យភាព​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ ប៉ុន្តែ​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា ការបាត់​បង់​​តុល្យភាព​បាក់តេរី​នៅក្នុង​ពោះវៀន អាច​នាំឱ្យ​កើត​ជំងឺថ្លើម ធាត់ និង​បញ្ហា​ប្រតិកម្ម​នានា។

    យ៉ាងណាក៏ដោយ ការយល់ដឹង​របស់​ម​នុស្ស​អំពី​ប្រព័ន្ធ​អតិសុខុមប្រាណ​នេះ នៅមានកម្រិត​នៅឡើយ។ បើទោះជា​ប្រព័ន្ធ​អតិសុខុមប្រាណ​មាន​សត្វល្អិត​ច្រើន ក្នុងនោះ​មាន​បាក់តេរី និង​វីរុស​ជាដើម ប៉ុន្តែ ការសិក្សា​ស្រាវជ្រាវ​ស្ទើរ​តែ​ទាំងអស់​នាពេល​កន្លងមក បាន​ផ្ដោតទៅលើ​តែ​បាក់តេរី​ក្នុង​ពោះវៀន​ប៉ុណ្ណោះ។

    នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​ថ្មី អ្នកវិទ្យាសាស្ត្រ​មួយក្រុម​បាន​ប្រើប្រាស់​វិធីសាស្ត្រ​វិភាគ​អតិសុខុមប្រាណ​រស់ ដើម្បី​កំណត់​អត្តសញ្ញាណ​ប្រភេទ​វីរុស​នៅក្នុង​ពោះវៀន។ វិធីសាស្ត្រ​នេះ​រួមមាន ការវិភាគ​សមាសធាតុ​ហ្សែ​ន​របស់​សហគមន៍​បាក់តេរី​ក្នុងពេល​តែមួយ ហើយ​ក្រោយមក​បង្កើត​ផែនទី​ហ្សែ​ន​ដោយឡែក​សម្រាប់​ប្រភេទនីមួយ។ ពួកគេ​បាន​វិភាគ​លើ​សំណាក​ចំនួន 28,000 នៃ​ប្រព័ន្ធ​អតិសុខុមប្រាណ​ក្នុង​ពោះវៀន ដែល​យក​មកពី​ប្រទេស​ចំនួន 28 ក្នុង​ពិភពលោក។

    ការវិភាគ​បានបង្ហាញ​ថា ប្រព័ន្ធ​ហ្សែ​ន​ពេញលេញ​នៃ​វីរុស​ជាង 140,000 ប្រភេទ កំពុង​រស់នៅក្នុង​ពោះវៀន​របស់​មនុស្ស។ ក៏ប៉ុន្តែ មនុស្សម្នាក់ៗមាន​ផ្ទុក​វីរុស​មិន​ច្រើន​នោះទេ។

    បើទោះជា​មាន​វីរុស​ច្រើន​ប្រភេទ​រស់នៅក្នុង​ពោះវៀន ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្ដោតទៅលើ​តែ​វីរុស​ដែល​អាច​រស់​​នៅ​លើ​​បាក់​តេរី​​ប៉ុណ្ណោះ។ វីរុស​ប្រភេទ​នេះ ត្រូវបាន​គេ​ហៅថា Bacteriophage។

    ប្រធាន​ក្រុម​ស្រាវជ្រាវ Luis Camarillo-Guerrero មកពី​វិទ្យាស្ថាន Wellcome Sanger នៅ​ប្រទេស​អង់គ្លេស​បានឱ្យដឹងថា ភាគច្រើន​នៃ​វីរុស​នេះ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ហើយ​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​ប្រព័ន្ធ​អតិសុខុមប្រាណ​ក្នុង​រាងកាយ​មនុស្ស។

    Bacteriophage អាច​ដើរតួ​ជា​ស្នូល​នៅក្នុង​ប្រព័ន្ធ​អតិសុខុមប្រាណ​ក្នុង​ពោះវៀន ដោយសារ​វា​បង្កើត​បាក់តេរី​មាន​​ប្រយោជន៍​ដល់​រាងកាយ និង​មាន​ឥទ្ធិពល​លើ​វិធីសាស្ត្រ​រីក​លូត​លាត់​របស់​បាក់តេរី៕

    ប្រភព​៖ ScienceDaily
    ប្រែ​សម្រួល​៖ បុត្រា

  • ស្ថិតិនៃ​តួលេខ​ Covid-19 នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី 27កុម្ភៈ 2021

    ស្ថិតិនៃ​តួលេខ​ Covid-19 នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី 27កុម្ភៈ 2021

    កម្ពុជា​រកឃើញ​ករណី​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន 26 នាក់​បន្ថែមទៀត ខណៈ​មិនមាន​អ្នកជា​សះស្បើយ នៅក្នុង​រយៈពេល 24 ម៉ោង​នៃ​ថ្ងៃទី 26 កុម្ភៈ ឆ្នាំ 2021។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ខាងលើនេះ សុទ្ធតែ​ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍ 20កុម្ភៈ» ក្នុងនោះ​មាន​ជនជាតិខ្មែរ 1នាក់ និង​ជនជាតិ​វៀតណាម 3 នាក់ ក្រៅពីនេះ​គឺ​សុទ្ធតែជា​ជាតិចិន។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដែល​មាននៅ​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 27 កុម្ភៈ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 766 នាក់ ក្នុងនោះ​មាន 477 នាក់​បានជា​សះស្បើយ និង 287 នាក់ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ៕



  • ស្ថានភាព​ជំងឺ​ Covid-19 នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 27កុម្ភៈ 2021

    ស្ថានភាព​ជំងឺ​ Covid-19 នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 27កុម្ភៈ 2021

    ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ ពិភពលោក​បាន​រកឃើញ​ករណី​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន 404,355 នាក់ និង​ករណី​ស្លាប់​ថ្មី​ចំនួន 8,898 នាក់។

    ប្រទេស​ចំនួន 3 ដែលមាន​អ្នក​ឆ្លង​វីរុស Covid-19 ច្រើនជាង 10 លាន​នាក់ នោះ​គឺ សហរដ្ឋអាមេរិក ឥណ្ឌា និង​ប្រទេស​ប្រេ​ស៊ី​ល ខណៈ​ប្រទេស​ដែលមាន​អ្នកស្លាប់​លើសពី 1 សែន​នាក់ មាន 5 ប្រទេស រួមមាន សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល ម៉ិចស៊ិក ឥណ្ឌា និង​អង់គ្លេស។

    នៅ​ទូទាំង​ពិភពលោក តួ​លខ​អ្នក​ឆ្លង​វីរុស​ Covid-19 សរុប​ បាន​កើន​ឡើង​​ដល់ 113,944,423 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 2,527,638 នាក់ និង​ជាសះស្បើយ 89,503,228 នាក់ ខណៈ​អ្នកជំងឺ​កំពុង​ព្យាបាល​មាន​ចំនួន 21,913,557 នាក់ ក្នុងចំណោម​នេះ មាន 91,435 នាក់ (0.4%) កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ និង​អាច​បាត់​បង់ជីវិត៕

    ប្រភព​៖ Wordometers
    ប្រែសម្រួល​៖ បុត្រា

  • Pfizer ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ម្ជុល​ទី​បី ដើម្បី​ស្វែងរក​វិធី​ទប់​ទល់នឹង​វីរុស​ក្លាយ​ពូជ​ថ្មី

    Pfizer ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ម្ជុល​ទី​បី ដើម្បី​ស្វែងរក​វិធី​ទប់​ទល់នឹង​វីរុស​ក្លាយ​ពូជ​ថ្មី

    បើទោះជា​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 2 ម្ជុល​របស់ Pfizer មាន​ប្រសិទ្ធភាព​ទៅដល់ 95% ប៉ុន្តែ ក្រុមហ៊ុន​នេះ​នៅតែ​បន្ត​ការពិសោធ​លើ​ការចាក់​វ៉ាក់សាំង​ម្ជុល​ទី​បី ដើម្បី​ឱ្យដឹងថា វា​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ ទល់​នឹង​វីរុស Covid-19 ក្លាយ​ពូជ​ថ្មី​ដែរ ឬ​យ៉ាងណា។

    យោងតាម NBC News កាលពី​ថ្ងៃទី 25 កុម្ភៈ ក្រុមហ៊ុន Pfizer បានប្រកាសថា ខ្លួន​កំពុងតែ​ស្រាវជ្រាវ​លើ​ការចាក់​វ៉ាក់សាំង​បន្ថែម ចំពោះ​ក្រុមមនុស្ស​ដែល​បាន​ចាក់​គ្រប់ 2 ម្ជុល កាលពី​ជាង 6 ខែ​មុន។

    នៅក្នុង​កិច្ច​សម្ភាស​ជាមួយនឹង​សារព័ត៌មាន NBC News នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ឱសថ Pfizer លោក Albert Bourla បានឱ្យដឹងថា ម្ជុល​ទី​បី​នឹង​បង្កើន​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ​បាន​ខ្ពស់ជាង​មុន ដើម្បី​ទប់ទល់​នឹង​វីរុស Covid-19 ប្រភេទ​ក្លាយ​ពូជ​ថ្មី។

    «យើង​ជឿជាក់ថា ការចាក់​វ៉ាក់សាំង​លើក​ទី​បី​នឹង​ជួយ​បន្ថែម​ប្រតិកម្ម​របស់​ប្រព័ន្ធ​បង្ការ​វីរុស​ឱ្យបាន​ខ្ពស់ជាង​មុន​ពី 10-20 ដង» លោក Albert Bourla អះអាង​ដូច្នេះ។

    ការពិសោធ​ថ្មី​នេះ​នឹងត្រូវ​តាមដាន​លើ​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ម្ជុល​ទី​បី ដែល​នឹងត្រូវ​ចាក់ឱ្យ​ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​បែងចែក​ទៅតាម​វ័យ៖ ក្រុមមនុស្ស​មាន​វ័យ​ចាប់ពី 19-55 ឆ្នាំ និង​ក្រុមមនុស្ស​វ័យ​ពី 65-85 ឆ្នាំ។

    CEO របស់​ Pfizer លោក Albert Bourla

    ក្រុម​អ្នកស្ម័គ្រចិត្ត​ចូលរួម​ការសិក្សា​ស្រាវជ្រាវ​នេះ គឺជា​ក្រុម​ដំបូង​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង Pfizer/​PioNTech ​ដែល​បាន​ចូលរួម​ការពិសោធ​ក្នុងដំណាក់កាល​ទី ½ របស់ Pfizer ដែល​បានចាប់ផ្ដើម​ពី​ខែឧសភា 2020។

    ក្រុមហ៊ុន Pfizer ក៏​កំពុង​រៀប​គម្រោង​ចាប់ផ្ដើម​ការពិសោធ​លើ​កំណែ​ថ្មី​មួយ​នៃ​វ៉ាក់សាំង​បង្ការ Covid-19 របស់ខ្លួន ដើម្បី​ស្វែងយល់​ឱ្យដឹងថា វា​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​វីរុស Covid-19 ក្លាយ​ពូជ​ថ្មី ដែលមាន​ប្រភពពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែរ ឬ​អត់។

    CEO របស់ Pfizer លោក Bourla បញ្ជាក់ថា៖ «ជា​រៀងរាល់ឆ្នាំ អ្នកត្រូវការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​បង្ក​គ្រុនផ្ដាសាយ​។ ប្រការនេះ​ក៏​នឹង​កើតឡើង​ចំពោះ Covid-19។ អ្នក​ត្រូវតែទៅ​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ជា​រៀងរាល់ឆ្នាំ ដើម្បី​ការពារ​សុខភាព​របស់​អ្នក»។

    ចំណែក Moderna ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បង្ការ Covid-19 ទី​ពីរ​ដែល​ទទួល​បានការ​អនុញ្ញាត​ពី​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី 24 កុម្ភៈ ក៏បាន​ប្រកាសថា ពួកគេ​កំពុងតែធ្វើការ​ដូច​ទៅនឹង Pfizer ដែរ ដើម្បី​រក​វិធី​ទប់​ទល់នឹង​វីរុស Covid-19 ក្លាយ​ពូជ​ថ្មី​នៅ​អាហ្វ្រិក​ខាងត្បូង៕

    ប្រភព៖ NBC News
    ប្រែ​សម្រួល៖ បុត្រា

  • រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី 44នាក់​ទៀត ក្នុង​ថ្ងៃទី 25កុម្ភៈ

    រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី 44នាក់​ទៀត ក្នុង​ថ្ងៃទី 25កុម្ភៈ

    នា​ព្រឹក​ថ្ងៃទី 26 កុម្ភៈ ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាល​បានឱ្យដឹងថា មនុស្ស​ចំនួន 44 នាក់​ទៀត ត្រូវបាន​រកឃើញថា មាន​ផ្ទុក Covid-19 នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នេះ កើន​ដល់ 741 នាក់។

    អ្នក​វិជ្ជមាន​ថ្មី​ខាងលើ រួមមាន 4 ករណី​ជា​អ្នកដំណើរ​ពី​បរទេស ដែល​មិនមែនជា​ពលរដ្ឋ​ខ្មែរ​មកពី​ថៃ និង 40 នាក់ ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍ 20កុម្ភៈ»។ ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅ កម្ពុជា​មិនមាន​អ្នកជា​សះស្បើយ​នោះទេ។ ព័ត៌មាន​លម្អិត សូម​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដូច​មាននៅ​ខាងក្រោម។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 741 នាក់ ក្នុងនោះ​មាន 477 នាក់ បានជា​សះស្បើយ និង 262 នាក់ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។




  • វៀតណាម​ត្រៀម​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ដែល​ទើបតែ​បាន​នាំចូល​កាលពី​ម្សិលមិញ

    វៀតណាម​ត្រៀម​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ដែល​ទើបតែ​បាន​នាំចូល​កាលពី​ម្សិលមិញ

    ថ្ងៃទី 24 កុម្ភៈ​កន្លងទៅ យន្តហោះ​ដឹក​វ៉ាក់សាំង​បង្ការ Covid-19 បាន​មកដល់​ប្រទេស​វៀតណាម ហើយ​នេះ​គឺជា​ឈុត​ដំបូង​នៃ​វ៉ាក់សាំង​របស់ AstraZeneca (អង់គ្លេស) ដែល​ត្រូវបាន​នាំចូល​ដោយ​ក្រុមហ៊ុន​វៀតណាម VNVC (Vietnam Vaccine Joint Stock Company/VNVC)។

    តំណាង VNVC ឱ្យដឹងថា វ៉ាក់សាំង​នេះ​ស្ថិតក្នុង​កិច្ចព្រមព្រៀង​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020 រវាង​ក្រុមហ៊ុន AstraZeneca និង VNVC។

    យោងតាម​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម បច្ចុប្បន្ន​ប្រទេស​នេះ និង​ប្រទេស​ថៃ គឺជា​ទឹកដី​ដំបូង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​បានទទួល​វ៉ាក់សាំង​ពី AstraZeneca។

    វ៉ាក់សាំង​បង្ការ Covid-19 ដែល​ទើប​មកដល់​វៀតណាម​នេះ មាន​ចំនួន 117,000 ដូ​ស។ ក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2021 ក្រសួងសុខាភិបាល​វៀត​ណា​ម នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន 30 លាន​ដូ​ស ដែល​ប្រទេស​នេះ​បាន​បញ្ជា​ទិញ។ ក្រៅពីនេះ COVAX ដែលជា​អង្គការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ទូទាំង​ពិភពលោក​ប្រកបដោយ​តម្លាភាព ក្រុម​ការចាត់ចែង​រប​ស់​អង្គការ​សុខភាព​ពិភពលោក ក៏​នឹង​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង (AstraZeneca) ដល់​វៀតណាម​ចំនួន 4.9 លាន​ដូ​ស​ផងដែរ នៅក្នុង​ត្រីមាស​ទីមួយ និង​ទី​ពីរ។ ត្រីមាស​ទី​បី វៀតណាម​នឹង​ទទួលបាន 33 លាន​ដូ​ស។

    វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន AstraZeneca ដែលមាន​ឈ្មោះថា ChAdOx នេះ ត្រូវបាន​អភិវឌ្ឍ និង​ផលិត​ដោយ​ក្រុមហ៊ុន AstraZeneca សហការ​ជាមួយ​សាកលវិទ្យាល័យ Oxford។ វ៉ាក់សាំង​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា vector virus ដែល​យក​វីរុស​ផ្ដាសាយធំ​ពី​សត្វ​ស្វា​ខ្មៅ Chimpanzee (ឈ្មោះ​តាម​វិទ្យាសាស្ត្រ៖ Pan troglodytes) មក​ផ្សំ។ ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​របស់ AstraZeneca ប្រែប្រួល​ពី 62 ដល់ 90% អាស្រ័យទៅលើ​បរិមាណ​នៃ​វ៉ាក់សាំង​ដែល​ត្រូវបាន​ប្រើប្រាស់៕

    ប្រភព៖ VE, CB

  • អ៊ីស្រាអែល​ផ្ដល់​ប័ណ្ណ​បៃតងថ្មី​​ដល់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់

    អ៊ីស្រាអែល​ផ្ដល់​ប័ណ្ណ​បៃតងថ្មី​​ដល់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់

    ក្រសួងសុខាភិបាល​អ៊ីស្រាអែល កាលពី​ថ្ងៃទី 24 កុម្ភៈ បានឱ្យដឹងថា ប្រទេស​នេះ​កំពុងតែ​អនុវត្ត​ផែនការ​ផ្ដល់​ប័ណ្ណ​បៃតង (Green Pass) ដល់​ពលរដ្ឋ​គ្រប់រូប​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 រួចរាល់ ដើម្បីឱ្យ​ពួកគេ​អាច​ចូល​ទៅកាន់​ទីតាំង​លេង​កម្សាន្ត ផ្សារ​ទំនើប ព្រមទាំង​អាច​ដើរទេស​ចរណ៍ និង​ចូលរួម​សកម្មភាព​នានា​ដែលមាន​មនុស្ស​ច្រើន។ Green Pass នេះ​មាន​ផ្ទុក​ទិន្នន័យ​សម្ងាត់​នៅក្នុង​កូដ QR ដើម្បី​ចៀសវាង​ការ​ក្លែងបន្លំ។

    ជាក់ស្ដែង ចាប់ពី​ថ្ងៃទី 21 កុម្ភៈ អ៊ីស្រាអែល បានចាប់ផ្ដើម​អនុញ្ញាតឱ្យ​ទីតាំង​ផ្ដល់​សេវាកម្ម​សម្រាប់​មនុស្ស​ច្រើននាក់​ បើក​ដំណើរការ​ឡើងវិញ ជាមួយនឹង​លក្ខខណ្ឌ «អតិថិជន​ត្រូវតែមាន​ប័ណ្ណ​បៃតង» មិន​ដូច្នោះ​ទេ ពួកគេ​នឹង​ត្រូវបាន​បដិសេធ។ យោងតាម​ស្ថិតិ មកដល់ពេលនេះ អ៊ីស្រាអែល​​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​បាន​ចំនួន​ជាង 50% ក្នុងនោះ​មាន 4 លាន​នាក់ បាន​ចាក់​គ្រប់​ចំនួន។

    បើទោះជា​មានការ​អះអាង​អំពី​សុវត្ថិភាព ប៉ុន្តែ នៅតែមាន​ពលរដ្ឋ​ជាច្រើន​មានការ​ព្រួយបារម្ភ​ចំពោះ​ការចាក់​វ៉ាក់សាំង។ ក្នុងចំណោម​អ្នក​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដែល​ត្រូវបាន​សួរ មាន​រហូតដល់ 41% ឆ្លើយថា ពួកគេ​ខ្លាច​មាន​បញ្ហា​សុខភាព​ក្រោយពី​ចាក់​វ៉ាក់សាំង ខណៈ 30% មាន​ការ​សង្ស័យ​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង និង 25% មិនមាន​បំណង​ចាក់​វ៉ាក់សាំង។

    មុននេះ ប័ណ្ណ​បៃតង ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល​សម្រាប់​ពលរដ្ឋ​អ៊ីស្រាអែល គ្រាន់តែ​ជា​ក្រដាស​បញ្ជាក់​ធម្មតា​មួយ​សន្លឹក ដោយ​វា​មិនមាន​បំពាក់​បច្ចេកវិទ្យា​ការពា​រការ​ក្លែងបន្លំ​នោះទេ ដូច្នេះ​មាន​ករណី​ធ្វើ​​ប័ណ្ណ​ក្លែងក្លាយ​រាប់ម៉ឺននាក់​បាន​កើត​ឡើង​ មុននឹង Green Pass ថ្មី​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ នេះ​បើតាម​អ្នកជំនាញ​ផ្នែក​ការពារ​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត Ran Bar-Zik។

    ឆ្លើយតប​នឹង​បញ្ហា​ខាងលើ អ៊ីស្រាអែល ក៏បាន​ចេញ​ប័ណ្ណ​បញ្ជាក់​សុខភាព​ថ្មី​មួយ​ប្រភេទ​ទៀត​ដែលមាន​ផ្ទុក​កូដ QR។ ពលរដ្ឋ​អាច​ចូលទៅ​កាន់​គេហទំព័រ​របស់​ក្រសួងសុខាភិបាល​ដើម្បី​រាយការណ៍ ស្នើ​ និង​ទាញយក​ប័ណ្ណ​នេះ​មកប្រើប្រាស់។

    ក្រោយពី​មានកម្ម​វិធី​ផ្ដល់​ប័ណ្ណ Green Pass រួម​នឹង​យុទ្ធនា​ការចាក់​វ៉ាក់សាំង រដ្ឋាភិបាល​ប្រទេស​អ៊ីស្រាអែល កំពុងមាន​ក្ដីសង្ឃឹម​ច្រើន​ថា​នឹង​អាច​បើក​ដំណើរការ​សេវាកម្ម​ទេសចរណ៍ វប្បធម៌ កម្សាន្ត និង​កីឡា ជាដើមឡើង​វិញ​ ដើម្បី​ស្ដារ​សេដ្ឋកិច្ច និង​សង្គម​ឱ្យមាន​ប្រក្រតីភាព​ដូច​ដំណាក់កាល​មុន Covid-19៕

    ប្រភព៖ NBCNews
    ប្រែ​សម្រួល៖ បុត្រា

  • កម្ពុជា​បន្ត​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី ចំនួន 65នាក់​ទៀត ក្នុង​ថ្ងៃទី 24កុម្ភៈ

    កម្ពុជា​បន្ត​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី ចំនួន 65នាក់​ទៀត ក្នុង​ថ្ងៃទី 24កុម្ភៈ

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 25 កុម្ភៈ ឆ្នាំ 2021 នេះ បានប្រកាស​ឱ្យដឹងថា មាន​ករណី​វិជ្ជមាន 65 នាក់ ត្រូវបាន​រកឃើញ​កាលពី​ម្សិលមិញ នាំឱ្យ​តួលេខ​សរុប​កើន​ដល់ 697 នាក់។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ខាងលើ មាន 7 នាក់ ជា​ករណី​នាំចូល ប៉ុន្តែ​មិនមែនជា​ពលករ​ខ្មែរ​មកពី​ថៃ និង 58 នាក់ ជា​ករណី​ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍ 20កុម្ភៈ» ដែលជា​ការឆ្លង​ក្នុង​សហគមន៍​នៅ​ភ្នំពេញ។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដែល​មាននៅ​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 25 កុម្ភៈ ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 697 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 477 នាក់ និង 217 នាក់​កំពុង​ព្យាបាល។