Category: សុខភាព

  • អ្នកជំងឺ Covid-19 ម្នាក់​បាន​ស្លាប់​ក្នុងអំឡុងពេល​ព្យាបាល ក្រសួង​​បញ្ជាក់​ថា ដោយសារ​ថ្នាំ​ញៀន

    អ្នកជំងឺ Covid-19 ម្នាក់​បាន​ស្លាប់​ក្នុងអំឡុងពេល​ព្យាបាល ក្រសួង​​បញ្ជាក់​ថា ដោយសារ​ថ្នាំ​ញៀន

    នា​ព្រឹក​ថ្ងៃទី 4 មីនា ឆ្នាំ 2021 មាន​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ Covid-19 នៅ​មណ្ឌល​ព្យាបាល Covid-19 ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នាំឱ្យមាន​ការព្រួយបារម្ភ​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ។

    អ្នកជំងឺ​ដែល​បាន​ស្លាប់​ខាងលើ មាន​ឈ្មោះថា ឡាយ ប៊ី​ន​ស៊ា​ង ភេទ​ប្រុស កើត​ឆ្នាំ 1987។ វីដេអូ​បង្ហាញ​អំពី​ការស្លាប់​របស់​អ្នកជំងឺ​នេះ ត្រូវបាន​គេ​ចែករំលែក​ពេញ​បណ្ដាញ​សង្គម កាលពី​ព្រលប់​ថ្ងៃទី 4 មីនា ធ្វើឱ្យមាន​ការព្រួយបារម្ភ​កាន់តែខ្លាំង​អំពី​ស្ថានភាព Covid-19 នៅ​កម្ពុជា។

    យ៉ាងនេះ​ក្ដី ដើម្បី​បញ្ជាក់​អំពី​មូលហេតុ​ពិត​នៃ​ការស្លាប់​នេះ ក្រសួងសុខាភិបាល​ក៏​បានចេញ​សេចក្ដីប្រកាស​មួយ​បញ្ជាក់ថា នេះ​មិនមែនជា​ករណី​ស្លាប់​ដោយសារ Covid-19 នោះទេ ពោលគឺ​ដោយសារ​ការប្រើប្រាស់​ថ្នាំញៀន នាំឱ្យ​គាំងបេះដូង។ ព័ត៌មាន​លម្អិត សូម​អាន​របាយការណ៍​ដូច​មាននៅ​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 4 មីនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 909 នាក់ និង​ជាសះស្បើយ​ចំនួន 484 នាក់ ខណៈ 425 នាក់​ផ្សេងទៀត​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

  • ស្ត្រី​ជនជាតិ​ជប៉ុន វ័យ 60ឆ្នាំ​ម្នាក់ ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​កូ​វីដ…រដ្ឋាភិបាល ត្រៀម​ផ្ដល់​សំណង 44លាន​យ៉េន

    ស្ត្រី​ជនជាតិ​ជប៉ុន វ័យ 60ឆ្នាំ​ម្នាក់ ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​កូ​វីដ…រដ្ឋាភិបាល ត្រៀម​ផ្ដល់​សំណង 44លាន​យ៉េន

    ផែន​ការចាក់​វ៉ាក់សាំង​ទប់ស្កាត់​កូ​វីដ-19 នៅក្នុង​ប្រទេស​ជប៉ុន ត្រូវ​ញ័រ​រញ្ជួយ ក្រោយពី​ស្ត្រី​វ័យ 60ឆ្នាំ​ម្នាក់ បាន​ស្លាប់ ក្រោយពី​បានទទួល​វ៉ាក់សាំង​រួចហើយ ត្រឹមតែ 3ថ្ងៃ ហើយ​ក្រសួងសុខាភិបាល ត្រៀម​នឹង​បង់ថ្លៃ​សំណង បើ​ពិសោធ​ឃើញថា ស្លាប់​ដោយសារ​ផលប៉ះពាល់ បណ្ដាល​ពី​វ៉ាក់សាំង​មែន​នោះ។

    ក្រសួងសុខាភិបាល ពលកម្ម និង​សុខុមាលភាព​របស់​ជប៉ុន បាន​រាយការណ៍ ពី​ករណី​ស្ត្រី​វ័យ 60ឆ្នាំ​ម្នាក់ បាន​ស្លាប់​ក្រោយពី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-19 របស់​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ។ ស្ត្រី​រូបនោះ បានទទួល​វ៉ាក់សាំង​កាលពី​ថ្ងៃទី២៦កុម្ភៈ និង​បាន​ស្លាប់​នៅ​ថ្ងៃទី1មីនា ដោយសារ​អាការ​ចេញឈាម​នៅក្រោម​ជាលិកា​ស្រោប​ខួរក្បាល​ស្រទាប់​កណ្ដាល។ ស្ត្រី​រូបនោះ មិនមាន​ជំងឺ​ប្រចាំកាយ​ទេ និង​ក៏​មិនមាន​ប្រវត្តិ ធ្លាប់​កើត​ប្រតិកម្ម​ចាញ់​ថ្នាំ​ដែរ ករណីនេះ គឺជា​ករណី មាន​អ្នកស្លាប់​ដំបូង​គេ​ហើយ ក្រោយពី​ប្រទេស​ជប៉ុន ចាប់ផ្ដើម​គ្រោងការ​ចាក់​វ៉ាក់សាំង ឱ្យ​ធនធានមនុស្ស​ខាង​វេជ្ជសាស្ត្រ កាលពី​សប្ដាហ៍​កន្លងទៅ។

    តែ​យ៉ាងណាក៏ដោយ របាយការណ៍​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា មកដល់​ខណៈពេល​នេះ នៅ​មិនទាន់​អាច​បញ្ជាក់បាន​ថា ការស្លាប់​នេះ ពាក់ព័ន្ធ​ជាមួយ​វ៉ាក់សាំង ឬ​យ៉ាងណា​នៅឡើយ។

    ការយល់ឃើញ​ពី​គ្រូពេទ្យ និង​អ្នកជំនាញការ​ផ្នែក​ឱសថ​សាស្ត្រ ដែល​បញ្ជាក់​នៅក្នុង​របា​យ​ការណ៍​របស់​ក្រសួងសុខាភិបាល​នេះ បានចង្អុលបង្ហាញ​ថា អាការ​ចេញឈាម​នៅក្រោម​ជាលិកា​ស្រោប​ខួរក្បាល​ស្រទាប់​កណ្ដាល​នេះ ងាយ​នឹង​កើតឡើង​ណាស់ នៅលើ​ក្រុមមនុស្ស​អាយុ 40-60ឆ្នាំ ច្រើន​តែមាន​មូលហេតុ​មកពី​អាការ​សរសៃឈាម​ប៉ោង​ធំ និង​នៅឯ​ក្រៅប្រទេស ក៏​មិន​ធ្លាប់មាន​របាយការណ៍​ថា អាការ​នេះ មាន​សម្ព័ន្ធ​នឹង​ការទទួល​វ៉ាក់សាំង​ការពារ​វីរុស​កូ​រ៉ូ​ណា​ដែរ ដូច្នេះហើយ ទើប​វា​អាចជា​រឿង​ចៃដន្យ​ខ្លាំងណាស់ តែ​យ៉ាងណាក្ដី យើង​ចាំបាច់​ត្រូវតែ​ប្រមូល​ទិន្នន័យ​បន្ថែមទៀត ដើម្បី​វាយតម្លៃ​ពី​សុវត្ថិភាព និង​ផលប៉ះពាល់​បន្ទាប់បន្សំរ​បស់​វ៉ាក់សាំង។

    រដ្ឋាភិបាល ធានា​បង់​សំណង បើ​ស្លាប់​ដោយសារ​វ៉ាក់សាំង

    រដ្ឋាភិបាល​ជប៉ុន មាន​គោលការណ៍​ថា បើ​អ្នក​ដែល​ទទួល​វ៉ាក់សាំង​កូ​វីដ ត្រូវស្លាប់​ដោយសារ​ផលប៉ះពាល់ ដែល​បណ្ដាល​ពី​វ៉ាក់សាំង នឹង​សង​ប្រាក់​សំណង ជូនទៅ​ក្រុមគ្រួសារ​អ្នកស្លាប់ ចំនួន 44លាន​យ៉េន ឬ​ប្រមាណ​ជាជាង 40ម៉ឺន​ដុល្លារ​អាមេរិក ហើយនឹង​ផ្ដល់ប្រាក់​ថ្លៃ​រៀបចំ​ពិធី​បុណ្យសព​ថែមទៀត 209,000យ៉េន (ជិត 2,000ដុល្លារ​អាមេរិក)។

    ក្រៅពីនេះ បើ​មាន​អា​ការឈឺ​ថ្កាត់ ឬ​រង​ផលប៉ះពាល់​ខាង​សុខភាព​ដោយសារ​វ៉ាក់សាំង ក៏​នឹង​បានទទួល​ប្រាក់​សំណង​ដូចគ្នា​ដែរ ដោយ​ចំនួន​ទឹកប្រាក់ ច្រើន ឬ​តិច នឹង​អាស្រ័យ​លើ​ករណីនីមួយ។

    ទាំងអស់នេះ ប្រទេស​ជប៉ុន ធ្លាប់មាន​ប្រវត្តិ​ផលប៉ះពាល់ ដោយសារ​វ៉ាក់សាំង​រួចមកហើយ​ជាច្រើន​ករណី ដែល​ធ្វើឱ្យ​រដ្ឋាភិបាល ត្រូវ​បង់ប្រាក់​សំណង​ទៅឱ្យ​អ្នក​ដែល​រង​ផលប៉ះពាល់​ខាង​សុខភាព រហូតមកដល់​បច្ចុប្បន្ន​នេះ។ មាន​ការធ្វើ​ការស្ទង់មតិ និង​បាន​រកឃើញថា ប្រជាជន​ជប៉ុន​ក្នុង​ចំនួន​ដ៏​ច្រើន នៅតែ​ស្ទាក់ស្ទើរ ក្នុងការ​ទទួលយក​វ៉ាក់សាំង ហើយ​រឹត​តែមាន​ព័ត៌មាន​ពី​ការស្លាប់ ក្រោយ​បានទទួល​វ៉ាក់សាំង​ផង​នោះ រឹតតែ​ធ្វើឱ្យ​គោលដៅ​ក្នុង​ការផ្ដល់​វ៉ាក់សាំង​ជូន​ប្រជាជន ក្នុង​ចំនួន​ច្រើន​បំផុត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​របស់​ជំងឺ​កូ​វីដ-19 ឱ្យបាន​មុន មហា​ព្រឹ​ត្ត​ការណ៍​តូ​ក្យូ​អូឡាំពិក នៅ​ពាក់កណ្ដាល​ឆ្នាំនេះ បានក្លាយ​ជាការ​សាកល្បង ដ៏​ធំ​មួយ៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • ស្ថានភាព Covid-19 នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 4មីនា 2021

    ស្ថានភាព Covid-19 នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 4មីនា 2021

    កម្ពុជា​បន្ត​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស Covid-19 ចំនួន 31 នាក់​បន្ថែមទៀត នៅក្នុង​អំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 3 មីនា ឆ្នាំ 2021។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ខាងលើនេះ មាន 3 នាក់ ជា​ករណី​នាំចូល (ជនជាតិ​ឥណ្ឌូនេស៊ី) និង 28 នាក់ ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍ 20កុម្ភៈ» ក្នុងនោះ​មាន 10 នាក់​ជា​ជនជាតិខ្មែរ និង 1 នាក់​ជា​ជនជាតិ​វៀតណាម ក្រៅពីនេះ​គឺ​សុទ្ធតែជា​ជនជាតិ​ចិន។ ក្នុង​ថ្ងៃទី 3 មីនា កម្ពុជា​ក៏មាន​អ្នកជំងឺ 2 នាក់ បានជា​សះស្បើយ​ផងដែរ។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដែល​មាននៅ​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 4 មីនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 909 នាក់ និង​ជាសះស្បើយ​ចំនួន 484 នាក់ ខណៈ 425 នាក់​ផ្សេងទៀត​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

  • កម្ពុជា​ណែនាំ​ឱ្យ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 តាម​ប្រព័ន្ធ​អន​ឡាញ

    កម្ពុជា​ណែនាំ​ឱ្យ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 តាម​ប្រព័ន្ធ​អន​ឡាញ

    ក្រសួងសុខាភិបាល​កម្ពុ​ជា តាមរយៈ​ទំព័រ Facebook បានប្រកាស​ឱ្យប្រើ​ប្រាស់​កម្មវិធី​ទូរស័ព្ទ (App) KhmerVacc សម្រាប់​កត់ត្រា និង​គ្រប់គ្រង​ព័ត៌មាន​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19។

    កម្មវិធី​ទូរស័ព្ទ​ខាងលើ ក៏​អនុញ្ញាតឱ្យ​ពលរដ្ឋ​ទូទៅ ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ផងដែរ។ អ្នក​អាច​ចុះឈ្មោះ​តាមរយៈ​ការចូល​ទៅកាន់​ទំព័រ https://cambodia-vaccine.gov.kh/login រួច​ចុច​លើ តំណ​ភ្ជាប់ «ទាញយក​កម្មវិធី​ចាក់​វ៉ាក់សាំង» ដើម្បី​ទាញយក និង​ដំឡើង​កម្មវិធី​នេះ​លើ​ទូរស័ព្ទដៃ មុននឹង​ចុះឈ្មោះ។

    ព័ត៌មាន​បន្ថែម សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • កូរ៉េខាងត្បូង​ស៊ើបអង្កេត​លើ​ករណី​ស្លាប់​ចំនួន​ពីរ​នាក់ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង AstraZeneca

    កូរ៉េខាងត្បូង​ស៊ើបអង្កេត​លើ​ករណី​ស្លាប់​ចំនួន​ពីរ​នាក់ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង AstraZeneca

    បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង AstraZeneca ដើម្បី​បង្ការ​វីរុស Covid-19 ស្ត្រី​វ័យ 63 ឆ្នាំ​ម្នាក់​ក្នុងចំណោម​មនុស្ស​ពីរ​នាក់​ដែល​បាន​ស្លាប់ មាន​អាការ​ក្ដៅខ្លួន​ខ្លាំង។

    មន្ត្រី​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 3 មីនា បានឱ្យដឹងថា ក្រុម​ជំនាញ​កំពុងតែ​បើក​ការស៊ើបអង្កេត​លើ​មូលហេតុ​ដែលនាំឱ្យ​មា​នក​រ​ណី​ស្លាប់​ខាងលើ ក្រោយពី​សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា អ្នក​ទាំង 2 បាន​ស្លាប់​ក្រោយពី​ការចាក់​វ៉ាក់សាំង AstraZeneca បានតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

    ករណី​ទីមួយ​គឺ​ស្ត្រី​វ័យ 63 ឆ្នាំ។ បន្ទាប់ពី​មាន​អាការ​ក្ដៅខ្លួន​ខ្លាំង ស្ត្រី​រូបនេះ​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ថ្ងៃទី 2 មីនា ប៉ុន្តែ ក្រោយមក​ក៏បាន​បាត់បង់​ជីវិត ដោយមាន​រោគសញ្ញា​ពុល​ឈាម (blood poisoning) និង​បញ្ហា​សួត។ ករណី​ទី​ពីរ​កើត​ឡើងលើ​មនុស្សម្នា​ក់មាន​វ័យ 50 ឆ្នាំ ដោយមាន​បញ្ហា​បេះដូង និង​ទឹកនោម​ផ្អែក និង​បាន​ស្លាប់​កាលពី​ថ្ងៃទី 3 មីនា បន្ទាប់ពី​មាន​អាការ​ឈឺបេះដូង បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង AstraZeneca បាន​មួយថ្ងៃ។

    មន្ត្រី​ម្នាក់​នៃ​នាយកដ្ឋាន​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​របស់​កូរ៉េខាងត្បូង (KDCA) បាន​និយាយថា ពួកគេ​កំពុង​ស្រាវជ្រាវ​រក​មូល​ហេតុដែល​នាំឱ្យមាន​ករណី​ស្លាប់​ខាងលើ ប៉ុន្តែ មិនទាន់មាន​ការអធិប្បាយ​លម្អិត​ណាមួយ​នៅឡើយ។ អ្នកនាំពាក្យ​របស់ AstraZeneca ប្រចាំ​ទីក្រុង​សេ​អ៊ូ​ល បានឱ្យដឹងថា មិនទាន់​ធ្វើការ​អធិប្បាយ​អ្វី​បាន​នៅឡើយ​នៅក្នុង​ពេលនេះ។

    ក្នុង​ថ្ងៃ​ដដែល​នោះ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង Chung Sye-kyun បាន​បញ្ជា​ឱ្យ​ពិនិត្យឡើងវិញ​នូវ​ការអនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca សម្រាប់​មនុស្ស​វ័យ​ចាប់ 65 ឆ្នាំ​ឡើងទៅ។

    កូរ៉េខាងត្បូង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​កាលពី​សប្ដាហ៍​មុន។ គិត​ត្រឹម​ព្រលប់​ថ្ងៃទី 2 មីនា មនុស្ស​ចំនួន 85,904 នាក់ បាន​ចាក់​វ៉ាក់សាំង AstraZeneca និង 1,524 នាក់ បាន​ចាក់​វ៉ាក់សាំង Pfizer នេះ​បើតាម KDCA៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • លោក ឌូ​តឺ​តេ បដិសេធ​ចាក់​វ៉ាក់សាំង “ស៊ី​ណូ​វ៉ា​ក់” ដោយ​អាង​ថា ពេទ្យ ឱ្យ​ចាំ​ចាក់ អា​ម៉ាក​ផ្សេង…

    លោក ឌូ​តឺ​តេ បដិសេធ​ចាក់​វ៉ាក់សាំង “ស៊ី​ណូ​វ៉ា​ក់” ដោយ​អាង​ថា ពេទ្យ ឱ្យ​ចាំ​ចាក់ អា​ម៉ាក​ផ្សេង…

    វ៉ាក់សាំង​កា​ពារ​កូ​វីដ-19 របស់​ចិន 1ឈុត​ដំបូង ត្រូវបាន​បញ្ជូន​ទៅដល់​ប្រទេស​ហ្វ៊ី​លី​ពី​ន​ហើយ កាលពី​ថ្ងៃអាទិត្យ (ទី28កុម្ភៈ) ប៉ុន្តែ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​កូ ឌូ​តឺ​តេ បាន​បដិសេធ​ក្នុង​ការចូល​ទទួលយក​ការចាក់​វ៉ាក់សាំង​ជា​មនុស្ស​ដំបូង​គេ ដោយ​យក​អាង​យោបល់​របស់​គ្រូពេទ្យ ដែល​បានស្នើ ឱ្យ​លោក​រង់ចាំ វ៉ាក់សាំង​ម៉ាក​ផ្សេង។

    លោក​ឌូ​តឺ​តេ បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រគល់-ទទួល​វ៉ាក់សាំង “កូ​រ៉ូ​ណា​វ៉ា​ក់” របស់​ក្រុមហ៊ុន ស៊ី​ណូ​វ៉ា​ក់ បៃ​អូ​ថេ​ក ចំនួន 600,000ដូ​ស ដែល​រដ្ឋាភិបាល​ចិន បាន​បរិច្ចាគ​ឱ្យ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ប្រើ​យ៉ាង Freeៗ  រួចហើយ​នឹង​រៀបចំ​បញ្ជូន​មកឱ្យ​បន្ថែមទៀត 25លាន​ដូ​ស ក្នុងឆ្នាំនេះ។

    យន្តហោះ​យោធា របស់​ប្រទេស​ចិន បាន​ដឹកនាំ​វ៉ាក់សាំង មកដល់​មូលដ្ឋាន​ទ័ពអាកាស វី​ល​ឡា​ម័​រ ក្នុង​ទីក្រុង Pasay នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន នៅ​ម៉ោង 16.10នាទី តាម​ម៉ោង​នៅក្នុង​ស្រុក ដោយ​លោក​ឌូ​តឺ​តេ បានបញ្ជាក់​យ៉ាងច្បាស់​ថា ទោះជា​ប្រទេស​ចិន បាន​បរិច្ចាគ​វ៉ាក់សាំង​ឱ្យទៅ​ប្រទេសផ្សេងៗទៀត​ជាច្រើន​ក្ដី តែ មានតែ​ហ្វ៊ី​លី​ពី​ន មួយ​ប៉ុណ្ណោះ ដែល​ចិន​សុខចិត្ត​លះបង់​ពេលវេលា រៀបចំ​បញ្ជូន​យកមក​ឱ្យ​ដោយ​ខ្លួនឯង។

    មេដឹកនាំ​ជើង​ខ្លាំង រូបនេះ បាន​បញ្ជាក់ថា “ខ្ញុំ​ចង់​ប្រាប់ថា ក្នុងអំឡុង​ចុងឆ្នាំ​នេះ បើសិន​ស្ថានការណ៍​ល្អប្រសើរ​ឡើង ខ្ញុំ​ចង់​ធ្វើដំណើរ​ទៅលេង​ប្រទេស​ចិន ក្នុង​រយៈពេល​ខ្លី​មួយ ដើម្បី​ចាប់ដៃ​លោក​ប្រធានាធិបតី ស៊ី ជីន​ភីង និង​អរគុណ​លោក ដោយ​ខ្លួនឯង ដែល​បានប្រគល់​វ៉ាក់សាំង​មកឱ្យ​យើង”

    យ៉ាងណាក្ដី មេដឹកនាំ​ហ្វ៊ី​លី​ពី​ន វ័យ 77ឆ្នាំ រូបនេះ បាន​បដិសេធ​ក្នុង​ទទួលយក​វ៉ាក់សាំង​ជា​មនុស្ស​ដំបូង​គេ ដោយបាន​ផ្ដល់​ហេតុផល​ថា គ្រូពេទ្យ​ប្រចាំ​ខ្លួន​របស់លោក សុំឱ្យ​លោក​រង់ចាំ “វ៉ាក់សាំង​ចិន​ផ្សេងទៀត” ដោយសារតែ​វ៉ាក់សាំង​របស់​ស៊ី​ណូ​វ៉ា​ក់​នេះ មានការ​ណែនាំ​ខាង​គ្លីនិក(ការព្យាបាល) ឱ្យ​ចាក់​ចំពោះតែ​អ្នក​ដែលមាន​អាយុ​ចន្លោះ​ពី 18-59ឆ្នាំ​ប៉ុណ្ណោះ។

    លោក​បាន​សារភាពថា លោក​បាន “សម្រេចចិត្ត” ជ្រើសរើស​ចាក់​វ៉ាក់សាំង​មួយ​ទុក​រួចហើយ។

    ការ​ថ្លែង​របស់លោក​ឌូ​តឺ​តេ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាព​មិនសូវ​ជឿជាក់​លើ​វ៉ាក់សាំង​នៅក្នុង​ក្រុម​ប្រជាជន​ហ្វ៊ី​លី​ពី​ន ដោយ​លទ្ធផល​ស្ទង់​មតិយោបល់ បាន​រកឃើញថា មាន​ប្រជាជន​ហ្វ៊ី​លី​ពី​ន​មិន​ដល់ 1នាក់​ផង ក្នុងចំណោម 3នាក់ ដែល​ពេញចិត្ត​ចាក់​វ៉ាក់សាំង​នៅពេលនេះ ដោយសារតែ​ភ័យខ្លាច កើត​ផលប៉ះពាល់។

    រដ្ឋបាល​ហ្វ៊ី​លី​ពី​ន មាន​ផែនការ​ក្នុង​ការចាក់​វ៉ាក់សាំង​ឱ្យ​ធនធានមនុស្ស​ខាង​វេជ្ជសាស្ត្រ ប៉ូលិស និង​ទាហាន​មុនគេ និង​បានធ្វើ​កិច្ចសន្យា​បញ្ជា​ទិញ​វ៉ាក់សាំង​ជាមួយ​អ្នក​ផលិត​ជាច្រើន​ក្រុមហ៊ុន​ទៀត ដោយ​ដាក់​គោលដៅ សាង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ឱ្យ​ប្រជាពលរដ្ឋ ចំនួន 70លាន​នាក់។

    ប្រទេស​ហ្វ៊ី​លី​ពី​ន បានទទួល​វ៉ាក់សាំង 1ឈុត​ដំបូង​នេះ យឺត​ជាង​បណ្ដា​ប្រទេសជិតខាង​ក្នុង​តំបន់​អាស៊ាន ដែល​ធ្វើឱ្យ​ភាគី​ជាច្រើន​ព្រួយបារម្ភ​ថា ការស្ដារ​សេដ្ឋកិច្ច ដែល​ធ្លាក់ចុះ​ជា​ប្រវត្តិសាស្ត្រ ដោយសារតែ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ-19នេះ អាច​នឹង​យឺតយ៉ាវ​ទៅតាម​នោះដែរ។

    លោក​ឌូ​តឺ​តេ បាន​ថ្លែង​បញ្ជាក់ថា “អ្វីដែល​លោកអ្នក​មើលឃើញ​ក្នុងថ្ងៃនេះ គឺ​វ៉ាក់សាំង​ដែល​យើង​បានទទួល​ពី​ការបរិច្ចាគ និង​បញ្ហា ក៏​គឺ គ្រប់ៗប្រទេស សុទ្ធតែ​នាំគ្នា​ព្យាយាម​ប្រមូល​ទិញ​វ៉ាក់សាំង​ទាំងអស់…រហូត​ទាល់តែ​មានការ​ផ្គត់ផ្គង់​លើស​តម្រូវការ ដូច្នេះ ប្រហែលជា​យើង​ត្រូវ​នាំគ្នា​រង់ចាំ​បន្តិចទៀត”

    មេដឹកនាំ​នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន​រូបនេះ បាន​សន្យាថា នឹង​បន្ធូរបន្ថយ​ការកម្រិត​ខាង​សង្គម​កាន់តែ​ច្រើនឡើង ដើម្បី​ជំរុញ​សេដ្ឋកិច្ច តែ​ត្រូវ​រង់ចាំ រហូត​ទាល់​តែមាន​វ៉ាក់សាំង​ប្រើ​ច្រើនជាង​នេះ​សិន៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuter, Inquirer
    ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

  • តួលេខ​អ្នក​វិជ្ជមាន​នឹង​វីរុស​ Covid-19 គិត​ត្រឹម​ព្រឹក​ថ្ងៃទី 3​មីនា​ 2021

    តួលេខ​អ្នក​វិជ្ជមាន​នឹង​វីរុស​ Covid-19 គិត​ត្រឹម​ព្រឹក​ថ្ងៃទី 3​មីនា​ 2021

    ក្រសួងសុខាភិបាល​បាន​រកឃើញ​មនុស្ស​ចំនួន 34 នាក់​បន្ថែមទៀត​ដែល​វិជ្ជមាន​នឹង​វីរុស Covid-19 និង​អ្នកជំងឺ 4 នាក់ បានជា​សះស្បើយ ក្នុងអំឡុង 24ម៉ោង​កន្លងទៅនេះ។

    អ្នក​វិជ្ជមាន​ថ្មី​ចំនួន 34 នាក់​ខាងលើនេះ សុទ្ធតែ​ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍ 20កុម្ភៈ» រួមមាន ជនជាតិខ្មែរ 15 នាក់ និង​ជនជាតិ​វៀតណាម 2 នាក់ ក្រៅពីនេះ​គឺជា​ជនជាតិ​ចិន។ ព័ត៌មាន​លម្អិត​សូម​បន្ត​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល ដែល​មាននៅ​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 3 មីនា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 878 នាក់ ក្នុងនោះ​មាន 482 នាក់ បានជា​សះស្បើយ និង 396 នាក់ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ៕




     

  • កម្ពុជា​ទទួលបាន​វ៉ាក់សាំង 324,000​ ដូ​ស ពី​យន្តការ COVAX

    កម្ពុជា​ទទួលបាន​វ៉ាក់សាំង 324,000​ ដូ​ស ពី​យន្តការ COVAX

    នា​យប់​ថ្ងៃទី 2 មីនា វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ឈ្មោះ AstraZeneca/SII ចំនួន 324,000 ដូ​ស ត្រូវបាន​ដឹក​មកដល់​កម្ពុជា ដែល​នេះ​គឺជា​ការផ្គត់ផ្គង់​ពី​យន្តការ COVAX ដឹកនាំ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក។

    តួលេខ​នៃ​វ៉ាក់សាំង​ខាងលើនេះ​ស្ថិត​ក្នុងចំណោម​វ៉ាក់សាំង​ចំនួន 1.1 លាន​ដូ​ស ដែល​កម្ពុជា​នឹង​ទទួលបាន​ពី COVAX។ កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ពី COVAX ចំនួន 20% ធៀប​នឹង​ពលរដ្ឋ​សរុប។

    COVAX គឺជា​យន្តការ​មួយ​ដែល​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ Covid-19 ដល់​បណ្ដា​ប្រទេស​ក្រីក្រ និង​ប្រទេស​មាន​ចំណូល​ទាប​ដោយ​សមភាព ដោយមាន​ការចូលរួម​ពី​អង្គការ Gavi, សម្ព័ន្ធ​វ៉ាក់សាំង, អង្គការ​សុខភាព​ពិភពលោក រួម​នឹង​អង្គការ​មួយចំនួនទៀត៕

  • ស្ថានភាព Covid-19 នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 2មីនា 2021

    ស្ថានភាព Covid-19 នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 2មីនា 2021

    នា​ព្រឹក​ថ្ងៃទី 2 មីនា ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា ឱ្យដឹងថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 24 នាក់​ទៀត​នៅក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅ ដែល​ទាំងនេះ​គឺជា​ករណី​ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍ 20កុម្ភៈ»។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ខាងលើ មាន​ជនជាតិខ្មែរ 4 នាក់ និង​វៀតណាម 4 នាក់ ក្រៅពីនេះ​គឺ​សុទ្ធតែជា​ជនជាតិ​ចិន។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​របស់​ក្រសួង​ដែលមាន​ដូចខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 2 មីនា​នេះ កម្ពុ​ជាមាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 844 នាក់ ក្នុងនោះ​មាន 478 នាក់​បានជា​សះស្បើយ និង 366 នាក់ កំពុង​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ៕



  • វ៉ាក់សាំង Sputnik-Light ចាក់​តែម្ដង​ជាការ​ស្រេច ដាក់ពាក្យ​សុំ​ចុះ​បញ្ជិកា​នៅ​រុស្ស៊ី

    វ៉ាក់សាំង Sputnik-Light ចាក់​តែម្ដង​ជាការ​ស្រេច ដាក់ពាក្យ​សុំ​ចុះ​បញ្ជិកា​នៅ​រុស្ស៊ី

    គណនី Twitter ផ្លូវការ​របស់ Sputnik-V កាលពី​ថ្ងៃទី 28 កុម្ភៈ បានប្រកាសថា ខ្លួន​បានដាក់​ពាក្យ​ស្នើ​ចុះបញ្ជី​ឈ្មោះ​វ៉ាក់សាំង Sputnik-Light ដើម្បី​ប្រើប្រាស់​ជាបន្ទាន់​នៅ​ប្រទេស​រុស្ស៊ី និង​ប្រទេស​មួយចំនួនទៀត។ Sputnik-Light គឺជា​វ៉ាក់សាំង​ប្រភេទ​សាមញ្ញ​របស់ Sputnik-V ដោយ​ចាក់​តែមួយ​ម្ជុល​គត់​ជាការ​ស្រេច ហើយ​អង្គ​ប​ដិ​ប្រាណ​នឹង​កើតឡើង​ក្រោយ​រយៈពេល 1 សប្ដាហ៍ បន្ទាប់ពី​បាន​ចាក់។

    Alexander Ginzburg ប្រធាន​មជ្ឈមណ្ឌល​សុខាភិបាល Gamalei ដែលជា​ស្ថាប័ន​អភិវឌ្ឍ​វ៉ាក់សាំង​នេះ បាន​សង្កត់​ធ្ងន់ថា វ៉ាក់សាំង Sputnik Light នឹង​ការពារ​រាងកាយ​មិនឱ្យ​ឆ្លង​វីរុស Covid-19 រយៈពេល 5 ខែ។ ក្រោយ​ពី​ចាក់​វ៉ាក់សាំង​នេះ​បាន 1 សប្ដាហ៍ សមត្ថភាព​បង្ការ Covid-19 នឹង​ចាប់ផ្ដើម​កើតឡើង ហើយ​បរិមាណ​ខ្ពស់បំផុត​​នៃ​អង្គ​ប​ដិ​ប្រាណ​របស់​វ៉ាក់សាំង​នេះ នឹង​កើតឡើង​ក្រោយ​ការចាក់​វ៉ាក់សាំង​រយៈពេល 4 សប្ដាហ៍។ វ៉ាក់សាំង​នេះ តាម​គម្រោង​នឹងត្រូវ​ចាក់ឱ្យ​ក្រុម​គោលដៅ​ដែលមាន​វ័យ​ក្រោម 30 ឆ្នាំ។

    បច្ចុប្បន្ន Gamalei បានចាប់ផ្ដើម​ធ្វើតេស្ត Sputnik-Light លើ​មនុស្ស​ដំណាក់​កាលពី​បី រាប់​ចាប់ពី​ថ្ងៃទី 17 កុម្ភៈ​ ឆ្នាំ 2021 ដល់ 28 មករា 2022 ដោយមាន​ការស្ម័គ្រចិត្ត​ចូលរួម​ចំនួន 4,000 នាក់។ ការប្រើប្រាស់​សាក​ល្បង​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នៅ​ប​ណ្ឌ​ល​ភាព​ចំនួន 15 កន្លែង នៅ​ទីក្រុង Moscow, Kaliningrad, Saint Petersburg, Saratov និង Smolensk។ល។

    ក៏ប៉ុន្តែ យោងតាម​អគ្គនាយក​មូលនិធិ​វិនិយោគ​ផ្ទាល់​នៅ​រុស្ស៊ី Kirill Dmitriv គោលដៅ​របស់​វ៉ាក់សាំង Sputnik-Light នេះ នោះ​គឺ​ទីផ្សារ​បរទេស។

    ក្រោយ​ទទួលបាន​ការយល់ព្រម​ពី​អាជ្ញាធរ វ៉ាក់សាំង Sputnik-Light នឹងត្រូវ​បាន​ចាក់​ដំណាលគ្នា​នឹង​វ៉ាក់សាំង​ប្រភេទ​ចាក់ 2 ម្ជុល​ផ្សេងទៀត​របស់​ប្រទេស​រុស្ស៊ី។

    មកដល់​បច្ចុប្បន្ន រុស្ស៊ី​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 3 ប្រភេទ​រួចហើយ ក្នុងនោះ​មាន​វ៉ាក់សាំង Sputnik-V, EpiVacCorona និង​វ៉ាក់សាំង CoviVac។

    ប្រទេស​រុស្ស៊ី គិត​មកដល់​ថ្ងៃត្រង់​ទី 1 ខែមីនា 2021 នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 4,246,079 នាក់ ក្នុងនោះ​មាន    86,122 នាក់​បាន​ស្លាប់ និង 348,160 នាក់ កំពុង​ទទួល​ការព្យាបាល៕

    ប្រភព​៖ RT
    ប្រែសម្រួល​៖ បុត្រា