Category: Featured

  • ហេតុអ្វីអាកាសធាតុកាន់តែក្ដៅឡើងៗ?

    ហេតុអ្វីអាកាសធាតុកាន់តែក្ដៅឡើងៗ?

    ក្នុង​រង្វង់​ 100​ឆ្នាំ​កន្លង​ទៅ​នេះ​ ការ​កើន​ឡើង​កម្ដៅ​របស់​ផែនដី​កាន់​តែ​បង្ហាញ​ច្បាស់​ឡើង​ៗ​ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ព្រួយបារម្ភ។ ក្នុង​អនាគត​ កម្ដៅ​ផែនដី​ក៏​នឹង​កើន​ឡើង​បន្ត​ទៀត​ ហើយ​បន្សល់​ទុក​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​។ ដូច្នេះ​តើ​បាតុភូត​ផែនដី​ឡើង​កម្ដៅ​កើត​ឡើង​ដោយ​សារ​កត្តា​អ្វី​ខ្លះ​? ការ​ឡើង​កម្ដៅ​ផែនដី​​បង្ក​ផល​វិបាក​អ្វី​ខ្លះ​? តើ​មនុស្ស​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា​?

    ​ផែនដី​ឡើង​កម្ដៅ​បណ្ដាល​មក​ពី​កត្តា​ពីរ​សំខាន់​ រួម​មាន​ កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស​

    កត្តាធម្មជាតិ​

    • ការ​បញ្ចេញ​ឧស្ម័ន​មេតាន​ច្រើន​ហួស​ពី​ប៉ូល​ខាង​ជើង និង​បណ្ដា​តំបន់​ដែល​មាន​សំណើម​កម្រិត​ខ្ពស់​ កំពុង​រួម​ចំណែក​ធ្វើ​ឱ្យ​កម្ដៅ​ផែនដី​កើន​ឡើង​។ ឧស្ម័ន​មេតាន​គឺជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ​ប្រភេទ​ដែល​អាច​រក្សា​កម្ដៅ​​ក្នុង​បរិយាកាស​។
    • បាតុភូត​ភ្នំ​ភ្លើង​ផ្ទុះ​ បង្កើត​បាន​ជា​ធូលី​យ៉ាង​ច្រើន​ក៏​ជា​មួយ​ក្នុង​ចំណោម​មូលហេតុ​ដែល​នាំ​ឱ្យ​អាកាសធាតុ​ក្ដៅ​។
    • នៅពេល​សីតុណ្ហភាព​មធ្យម​របស់​ផែនដី​កើន​ឡើង​ ផ្ទាំង​ទឹក​កក​នៅ​ឯប៉ូល​ទាំង​ពីរ​របស់​ផែនដី​ក៏​ត្រូវ​រលាយ​ និង​​ធ្វើ​ឱ្យ​ស្រទាប់​ទឹកកក​កាបូន​ឌីអុកស៊ីត ​(CO2) ដែល​នៅ​ជ្រៅ​ក្រោម​ទឹកកក​ត្រូវ​លេច​ឡើង​ ហើយ​ក៏​សាយ​ភាយ​ទៅក្នុង​បរិយាកាស​​ផែនដី​ គ្រា​ដែល​ព្រៃ​ឈើ​លើ​ផែនដី​ដែល​មាន​តួនាទី​ស្រូប​យក​ឧស្ម័ន​នេះ​ក៏​ចេះ​តែ​ហិន​ហោច​ទៅ​ៗ​។ ពេល​នេះ បរិមាណ​កាបូន​ឌីអុកស៊ីត​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ខ្លាំង​ លើស​ពី​សមត្ថភាព​គ្រប់​គ្រង​របស់​ធម្មជាតិ​ ទើប​ផែនដី​ត្រូវ​ឡើង​កម្ដៅ​ជា​បន្ត​បន្ទាប់​។

    កត្តា​មនុស្ស​

    • មនុស្ស​បាន​ធ្វើ​ឱ្យ​ផែនដី​ឡើង​កម្ដៅ​បន្តិច​ម្ដង​ៗ​រហូត​ដល់​បច្ចុប្បន្ន តាម​រយៈ​ការ​បំភាយ​ឧស្ម័ន​ពី​សកម្មភាព​ផលិត​ ជីវភាព​ប្រចាំ​ថ្ងៃ​ ទៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​។
    • បច្ចុប្បន្ន បាតុភូត​ផែនដីឡើង​កម្ដៅ​ ភាគ​ច្រើន​គឺដោយ​សារ​មនុស្ស​។ សកម្មភាព​ដុត​ឥន្ធនៈ​ហ្វូស៊ីល​ ដែល​រួម​មាន​ ប្រេងសាំង ឬ​ធ្យូង​ថ្ម​ជា​ដើម​ ដែល​បង្កើត​ឱ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ បាន​ និង​កំពុង​រក្សា​កម្ដៅ​នៅ​ក្នុង​បរិយាកាស​។

    ផលវិបាកដែល​កើត​ឡើង​ពី​បាតុភូត​ផែនដី​ឡើង​កម្ដៅ​

    បាតុភូត​កម្ដៅ​ផែនដី​កើន​ឡើង​ នឹង​នាំ​ឱ្យ​កើត​មាន​ផល​វិបាក​ជា​ច្រើន​រៀប​មិន​អស់​ ក្នុង​នោះ​មាន​ជា​អាទិ៍​ អាកាសធាតុ​ក្ដៅ​អូស​បន្លាយ​ពេល​យូរ​ជាង​មុន​ នាំ​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត ឆេះព្រៃ ព្យុះ​ធូលី និង​គ្រោះ​ទឹក​ជំនន់​ជា​ដើម​។

    បញ្ហា​ឡើង​កម្ដៅ​ផែនដី​ក៏​នឹង​ធ្វើ​ឱ្យ​ខ្យល់​អាកាស​ប្រែ​ជា​អាក្រក់​ជាង​មុន​ ដោយ​សារ​តែ​ស្រទាប់​អូហ្សូន​លើ​ដី​ក្រាស់​ជាង​មុន​ ព្រោះ​តែ​ផ្សែង​ពុល​កើន​ឡើង​។ ប្រការ​នេះ​នឹង​បណ្ដាល​ឱ្យ​មនុស្ស​ត្រូវ​ឈឺ​ច្រើន​ជាង​ធម្មតា​។

    អត្រា​ផុត​ពូជ​នៃ​សត្វ និង​រុក្ខជាតិ​ក៏​នឹង​កើន​ឡើង​ ព្រោះ​តែ​សម្រប​ខ្លួន​មិន​ទាន់​ពេល​ នៅពេល​ដី និង​សមុទ្រ​ត្រូវ​ឆ្លង​កាត់​ការ​ប្រែ​ប្រួល​ឆាប់រហ័ស​។

    កម្ដៅ​ផែនដី​កើន​ឡើង​ក៏​នឹង​ធ្វើ​ឱ្យ​ផ្ទាំង​ទឹក​កក​នៅ​តំបន់ប៉ូល​ត្រូវ​រលាយ​លឿន​ជាង​ធម្មតា​ បណ្ដាល​ឱ្យ​ទឹក​សមុទ្រ​កើន​ឡើង​ខ្ពស់​ គំរាម​កំហែង​ដល់​បណ្ដា​តំបន់ទំនាប​នៅ​លើ​ផែនដី​។

    ដំណោះស្រាយ​សម្រាប់​បាតុភូត​ផែនដី​ឡើង​កម្ដៅ​ រួម​មាន​

    • ការ​ស្ដារ និង​លើក​កម្ពស់​គុណភាព​ហេដ្ឋារចនា​សម្ព័ន្ធ​
    • ការ​កាត់​បន្ថយ​ការប្រើ​ប្រាស់ឥន្ធនៈ​ហ្វូស៊ីល
    • ការ​ពារ​ព្រៃ​ឈើ
    • កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិច
    • ការ​សន្សំសំចៃ​អគ្គិសនី និង​ទឹក
    • ការ​បរិភោគ​បន្លែ​ ផ្លែ​ឈើ​ឱ្យ​បានច្រើន​ជាង​មុន​
    • ការ​ប្រើ​ប្រាស់​ប្រភព​ថាមបល​បៃ​តង ថាមពល​កកើត​ឡើង​វិញ
    • ការ​ប្រើ​​ប្រាស់​បច្ចេកវិទ្យា​ថ្មី​នៅ​ក្នុង​ការ​ការ​ពារ​ផែនដី​។
  • ហេតុអ្វីអគារខ្ពស់ជាងគេនៅតៃវ៉ាន់ មិនបាក់រលំក្នុងរញ្ជួយដីជាង 7 រិចទ័រ?

    ហេតុអ្វីអគារខ្ពស់ជាងគេនៅតៃវ៉ាន់ មិនបាក់រលំក្នុងរញ្ជួយដីជាង 7 រិចទ័រ?

    Taipei 101 ដែល​ជាអគារ​មាន​កម្ពស់ 508 ម៉ែត្រ នៅតែ​មាន​សុវត្ថិភាព​ គ្រា​ដែល​រញ្ជួយ​ដី​កើត​ឡើង​។ ភាព​អស្ចារ្យ​នេះ​គឺ​ដោយ​សារ​គ្រឹះ​ដ៏រឹង​មាំ​ និង​ប្រព័ន្ធ​កាត់បន្ថយ​ភាព​រញ្ជួយ​ដែល​មាន​ប៉ោល​ទម្ងន់​ 730 តោន ព្យួរ​នៅ​ក្នុង​អគារ​។

    រញ្ជួយ​ដី​មួយ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ 7 និង 58 នាទី ថ្ងៃទី 3 មេសា នៅ​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់ ក្នុង​ជម្រៅ​ 15.5 គីឡូម៉ែត្រ​ក្រោមដី។

    យោង​តាម​ប្រធាន​មជ្ឈមណ្ឌល​រញ្ជួយ​ដី​តៃវ៉ាន់ Wu Chien-fu នេះ​គឺជា​រញ្ជួយ​ដី​កម្លាំង​ខ្លាំង​បំផុត​នៅ​លើ​កោះ​នេះ ក្នុង​រង្វង់​ 25 ឆ្នាំ​កន្លង​។

    ក្នុង​ពេល​រញ្ជួយ​ដី​កើត​ឡើង អគារ Taipei 101 ដែល​មាន​កម្ពស់​ 508 ម៉ែត្រ នៅ​តែ​ឈរ​ទ្រឹង​ដូច​ធម្មតា​។ Taipei 101 ស្ថិត​នៅក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់​។ កោះតៃវ៉ាន់ ស្ថិត​នៅ​ក្បែរ​ខ្សែ​ក្រវាត់​ភ្លើង​របស់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ទើបវា​ទទួល​រង​​គ្រោះ​រញ្ជួយ​ដី​ជាញឹក​ញាប់​។

    កោះតៃវ៉ាន់ ស្ថិត​នៅ​លើ​ព្រំដែន​​ផ្លាកទិចតូនិចចំនួន 42 ដែល​កំពុង​ធ្វើសកម្មភាព​ ហើយ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​ដែន​ដីនេះ​ បាន​កើត​មាន​រញ្ជួយ​ដី​រាប់​មិន​អស់។

    Taipei 101 ដែល​ធ្លាប់ជាប់​​ឈ្មោះ​​ជា​អគារ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ចាប់​ពី​ឆ្នាំ​ 2004 ដល់ 2009 ត្រូវ​បាន​បំពាក់​គ្រឿង​ទប់​ទល់​នឹង​រញ្ជួយ​ដី​មួយចំនួន​ ជួយ​ឱ្យ​វា​មានភាព​រឹងមាំ​ខ្លាំង​ ដែល​គេ​ជឿ​ថា អាច​ទប់​ទល់​នឹង​រញ្ជួយ​ដី​កម្លាំង​ខ្លាំង​ជាង​គេ​ក្នុងវដ្ដ 2,500 ឆ្នាំ​។

    សមត្ថភាព​ទប់​ទល់​នឹងភាព​ញាប់​ញ័រ​ដោយ​សារ​​រញ្ជួយ​ដី​បាន​យ៉ាង​ល្អ​របស់ Taipei 101 គឺ​បាន​មក​ពី​ការ​រួម​ផ្សំ​រវាង​ភាព​បត់បែន​ប្រកប​ដោយ​ភាព​ទន់​ភ្លន់ និង​គ្រឹះ​ដ៏​រឹង​មាំ​។ ដើម្បី​រក្សា​រចនា​សម្ព័ន្ធពី​ការ​បែក​បាក់​​ អគារ​នេះ​អាច​យោល​យោគ​ទៅ​តាម​ភាព​ញាប់​ញ័រ​របស់​រញ្ជួយ​ដី​ និង​ព្យុះ។ បង្គោល​សសរ​ចំនួន 380 ដើម ក្នុង​នោះ​មួយ​ដើម​ៗ​ត្រូវ​បាន​បោះ​ជម្រៅ​ 80 ម៉ែត្រ​ទៅ​ក្នុង​ដី​ ជួយ​ពង្រឹង​គ្រឹះ​របស់​អគារ​ឱ្យ​កាន់​តែ​មាំ​។

    កូនប្រយោលក្នុង​អគារ Taipei 101

    ក៏ប៉ុន្តែ អ្វី​ដែល​ពិសេស​ជាង​គេ​ គឺ​ ប៉ោល​​។ នេះ​គឺជា​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​កាត់​បន្ថយ​ភាព​ញាប់​ញ័រ​ធំ​ជាង​គេ​លើ​ពិភពលោក​។ ប្រយោល​ទាំង​នេះ​ត្រូវ​បាន​ដាក់​ចាប់​ពី​ជាន់​ទី 92 ចុះ​មក​ដល់​​ជាន់​ទី 88 របស់​អគារ Taipei។ ដុំប្រយោល​ពណ៌លឿង​ មាន​ទម្ងន់​ប្រហែល 730 តោន​នេះ យោល​យោគ​យ៉ាង​ថ្នមៗ ទប់​ទល់​នឹង​កម្លាំង​ខ្យល់។

    ប៉ោល​នេះ​នឹង​យោល​យោគ​ទៅ​មក អាស្រ័យ​ទៅ​លើ​ចលនា​របស់​អគារ​ ដើម្បី​បំបាត់​កម្លាំង​ដែល​ធ្វើ​ឱ្យ​អគារ​យោល​យោគ​។ ប៉ោល​នេះ​ក៏​ត្រូវ​បាន​បំពាក់​អង្គញាណ​មួយ​ចំនួន​ ដែល​ជួយ​ឱ្យ​ដឹង​អំពី​ចលនា​របស់​អគារ​ និង​កែតម្រូវ​ចលនា​របស់​កូន​ប្រយោល​ទៅ​តាម​ចលនា​របស់​អគារ​ ដោយ​មិន​បាច់​ប្រើ​ប្រាស់​ថាមពល​ ឬ​ការ​បញ្ជា​ពី​ខាងក្រៅ​។ វា​ដំណើរ​ការ​ដោយ​យោង​ទៅ​តាម​ចលនា​របស់​អគារ​ និង​កម្លាំង​ទំនាញ​។

    ប៉ោល​ដែល​​មាន​អង្កត់​ផ្ចិត​ប្រហែល 6 ម៉ែត្រ​នេះ ​អាច​ផ្លាស់​ទី​បាន 1.5 ម៉ែត្រ ទៅតាម​គ្រប់​ទិស​ ដែលអាច​កាត់​បន្ថយ​ភាព​យោល​យោគ​ប្រហែល​ពី 30 ទៅ 40%​។

    ប្រព័ន្ធ​ប្រយោលក្នុង​អគារ Taipei 101

    កូន​ប្រយោល​នេះ​ត្រូវ​បាន​ច្នៃ​ឡើង​ពី​បន្ទះដែក​ថែប​ និង​ដាក់​ត្រួត​លើ​គ្នា​ ហើយ​មាន​ទម្ងន់​ស្មើ​នឹង 0.24% បើ​ធៀបនឹង​ទម្ងន់សរុប​របស់​អគារ Taipei 101។ ប្រព័ន្ធ​ប្រយោល​នេះ​មាន​តម្លៃ​រហូត​ដល់ 4 លាន​ដុល្លារ​អាម៉េរិក​។