Category: សង្គម និងសេដ្ឋកិច្ច

  • Iniesta ចុះ​ហត្ថលេខា​ជាមួយ​ក្លិប​ជប៉ុន Vissel Kobe ក្រោយ​ចាក​ចេញពី Barcelona

    Iniesta ចុះ​ហត្ថលេខា​ជាមួយ​ក្លិប​ជប៉ុន Vissel Kobe ក្រោយ​ចាក​ចេញពី Barcelona

    Andres Iniesta បាន​ចុះ​ហត្ថលេខា​​ជាមួយ​ក្លិប​ជប៉ុន Vissel Kobe ក្រោយពី​បានប​ញ្ចប់​កិច្ចសន្យា​របស់​គេ​ជាមួយ​នឹង​ក្លិប Barcelona​។

    ខ្សែ​បម្រើ​វ័យ​ 34​ឆ្នាំ​រូបនេះ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សន្និ​សីទ​សារព័ត៌​មានមួយ​នៅ​​ឯ​សណ្ឋា​គារ​​មួយ​ក្នុង​ទីក្រុង​តូ​ក្យូ កាលពីថ្ងៃ​ព្រហស្បតិ៍ រួម​ជាមួយ​នឹង​លោក Hiroshi Mikitani ដែល​ជាម្ចាស់​ក្លិប Kobe​។ លោក Mikitani បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់ក្នុងការ​ប្រកាស​ថា Andres Iniesta នឹង​ចុះ​ហត្ថលេខា​លេង​ជា​មួយ​នឹង​ក្លិប Vissel Kobe ក្រោយពី​ការ​បញ្ចប់​អាជីព​ជា​ប្រវត្តិ​សាស្ត្រ​របស់​គេ​នៅ​ឯ​ក្លិប Barcelona​។ Iniesta បាន​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​របស់​គេ​ ហើយ​​បាននិយាយ​តាម​រយៈ​អ្នក​បក​ប្រែម្នាក់​។ លក្ខខណ្ឌ​ផ្សេង​ៗ​នៃ​កិច្ច​សន្យា​នេះ ត្រូវ​បាន​បិទ​ជិត ​ប៉ុន្តែ បណ្តាញ​​សារ​ព័ត៌​មាន​របស់​ជប៉ុន បាន​ចេញ​ផ្សាយ​ថា រូប​គេនឹង​ទទួល​បាន​ចំណូល​ 30​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល​ 1​ឆ្នាំ​​ពី​កិច្ច​សន្យា​រយៈពេល​3ឆ្នាំ​របស់​គេ​។ Iniesta បាន​ឱ្យ​ដឹង​​ថា៖ «ខ្ញុំ​ទទួល​បាន​សំណើ​ជាច្រើន ក្លិប​ផ្សេង​ទៀត​បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​លើ​ខ្ញុំ​»​។

    ខ្សែ​បម្រើ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ ខ្ញុំ​បាន​ជ្រើស​រើស​យក​ Vissel Kobe ដោយ​សារ​តែ​វា​ជា​គម្រោង​ដ៏​គួរ​ឱ្យចាប់​អារម្មណ៍​មួយ​។ ពួកគេក៏​​មាន​ការ​ជឿជាក់​ជាច្រើន​ផងដែរ​លើ​ខ្ញុំ​ក្នុង​នាម​ជា​មនុស្ស និង​ជា​កីឡាករ​ម្នាក់ ដែល​នោះ​គឺ​ជា​ហេតុ​ផល​ដ៏​ធំ​មួយ​»​។ សូមជម្រាបថា លោក Mikitani ក៏​ជា​នាយក​ប្រតិ​បត្តិ​របស់​ក្រុម​ហ៊ុន​លក់ផលិតផល​តាម​អន​ឡាញ Rakuten ដែល​ជា​ម្ចាស់​ឧប​ត្ថម្ភ​ធំ​របស់​ក្លិប Barcelona ផងដែរ​៕

    ប្រភព​ព័ត៌​មាន៖ The Guardian

  • ចេះ​ស្រឡាញ់ និង​ចេះ​ជួយ​កូន​យ៉ាង​ត្រឹមត្រូវ តើត្រូវធ្វើ​បែបណា?

    ចេះ​ស្រឡាញ់ និង​ចេះ​ជួយ​កូន​យ៉ាង​ត្រឹមត្រូវ តើត្រូវធ្វើ​បែបណា?

    ឪពុកម្ដាយ ជា​មនុស្ស​ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​ការអប់រំ​បណ្ដុះ​គំនិត​និស្ស័យ និង​បុគ្គលិកលក្ខណៈ​ដល់​កូន ជាពិសេស​ក្នុងអំឡុង​បឋមវ័យ​ដែល​ក្មេង​នឹង​ជ្រួតជ្រាប​យកអ្វីៗគ្រប់យ៉ាង ទាំង​ពាក្យសម្ដី ទង្វើ រួមទាំងអ្វីៗដែល​ឪពុក និង​ម្ដាយ ឬ​អ្នក​ចិញ្ចឹម​ថែទាំ​បានធ្វើ​ចំពោះ​រូបគេ។ នៅពេល​កូន​ធំធាត់​ឡើង បទពិសោធ​ក្នុង​វ័យ​កុមារ ក៏​នឹង​ហុច​ផល​ដល់​ទស្សន​គតិ និង​ទង្វើ​របស់គេ​នៅពេល​ធំ​ឡើង ដូច្នេះហើយ​ទើបអ្នកត្រូវ​ដឹងថា តើ​អ្នក​គួរ​ស្រឡាញ់​កូន និង​នៅ​រង់ចាំ​ជួយ​គេ​ដោយ​របៀប​យ៉ាងណា​នោះ។

    ការចិញ្ចឹម​កូន និង​ស្រឡាញ់​កូន​ដែល​ត្រឹមត្រូវ​នេះ ត្រូវ​ចាប់ផ្ដើម​ពី​ចិត្តគំនិត​របស់​ឪពុកម្ដាយជាមុន។ ឪពុកម្ដាយ​ដែល​ល្អ​គួរ​ធ្វើខ្លួន​ឱ្យ​ដូចជាមិត្ត​ភក្ដិ​ដ៏​ល្អ​របស់​កូន ស្ថិតនៅ​ក្បែរ​រូបគេ​ជានិច្ច។ ឪពុកម្ដាយ​ជាច្រើន​ស្រឡាញ់​កូន​ខ្លាំង រហូត​ពេលខ្លះ​ខ្លាច​កូន​លំបាក ខ្លាច​​កូន​ហត់ ខ្លាច​កូន​ឈឺរហូតដល់​គិត ឬ​ធ្វើ​ជំនួស​កូន​គ្រប់សព្វ​បែបយ៉ាងក្លាយជា​ថា នៅពេល​កូន​ធំ​ឡើង​កូន​ក៏​ក្លាយជាក្មេង​ដែល​អាត្មានិយម ប្រើតែ​អារម្មណ៍(មិនចេះ​គិត) ឬ​ជា​ក្មេង​ដែល​ឌឺ​រឹង ដែល​អ្វី​ទាំងអស់នេះ​មិនមែនជា​រឿង​ល្អ​ប៉ុន្មាន​ឡើយ។ ឪពុកម្ដាយ​គួរតែ​ដឹង​ពី​តម្រូវការ​របស់​កូន​ថា ក្នុងអំឡុង​វ័យនីមួយៗរបស់​កូន​ហ្នឹង ធម្មជាតិ​របស់​ក្មេង​នឹង​ត្រូវការ​អ្វីខ្លះ?

    ខាងក្រោម​នេះ​គឺជា​តម្រូវការ​របស់​ក្មេង​តាម​អំឡុង​វ័យ
    អំឡុង​អាយុ និង​អ្វីដែល​កូន​ត្រូវការ និង​អ្វីខ្លះ​ដែល​ឪពុកម្ដាយ​គួរតែ​ប្រតិបត្តិ​ចំពោះ​កូន ៖

    វ័យ​ទើប​កើត​ដំបូង: កូន​ត្រូវការ​ការមើល​ថែទាំ​យកចិត្តទុកដាក់ និង​សេចក្ដីស្រឡាញ់​ថ្នាក់ថ្នម ក្ដីបារម្ភ ដូច្នេះហើយ​ទើប​ឪពុកម្ដាយ​គួរតែ​ចេះ​និយាយ ឬ​លេង​ជាមួយ​កូន​ ដើម្បីឱ្យ​កូន​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព និង​បានទទួល​សេចក្ដីស្រឡាញ់។

    អំឡុង​វ័យ​ចេះ​លូន​វារ: កូន​កំពុង​ហ្វឹកហាត់​អភិវឌ្ឍ​រាងកាយ អាច​នឹងមាន​រពឹស​នៅ​មិន​ស្ងៀមខ្លះ​ដែរ ដូចជា ចូលចិត្ត​វារ​ទៅនេះ​ទៅនោះ។ ឪពុកម្ដាយ​គួរឱ្យ​កូន​សាកល្បង​ធ្វើ សាកល្បង​លូន​វារ និង​ផ្ដល់​ពេលវេលា​ឱ្យ​កូន លេង​ជាមួយ​កូន ផ្ដល់​កម្លាំងចិត្ត​ដល់​កូន​ក្នុងការ​អភិវឌ្ឍ​រាងកាយ។

    អំឡុង​វ័យ​ហាត់​ឈរ: ក្នុង​វ័យ​នេះ កូន​ត្រូវ​ការចង់​ហាត់​ក្រោកឈរ​ដោយ​ខ្លួនឯង ចូលចិត្ត​តោង​របស់​នេះ​របស់​នោះ​ ដើម្បី​លើក​ខ្លួនឯង​ឡើង(ព្យាយាម​ឈរ​ឱ្យបាន)។ ឪពុកម្ដាយ​គួរ​យកចិត្តទុកដាក់​ថែទាំ និង​នៅចាំ​ជួយជិតៗឱ្យ​កូន​បាន​ហាត់​ឈរ និង​អភិវឌ្ឍ​សាច់ដុំផ្សេងៗ។

    អំឡុងពេល​ចាប់ផ្ដើម​ដើរ: នៅពេល​កូន​អាច​ដើរ​ដោយ​ខ្លួនឯងបាន ឪពុកម្ដាយ​គួរឱ្យ​កូន​ហាត់​ដើរ​ដោយ​ខ្លួនឯង អាច​នឹង​ដឹក​ដៃ​កូន​ដើរលេង​នៅលើ​វាលស្មៅ​ខាងមុខផ្ទះ ឬ​តាម​សួនច្បារ​សាធារណៈ។ កុំ​សូវ​បី ឬ​ពកូន​ទៀត តែ​ឱបថើប​កូន​ឱ្យ​ច្រើនឡើង។

    ពេល​ចាប់ផ្ដើម​ចូលរៀន​សាលា​ម​ត្តេ​យ្យ: កូន​នឹង​ចាប់ផ្ដើម​ចង់​ធ្វើអ្វីៗដោយ​ខ្លួនឯង ដូចជា ​ដួស​បាយ​ញ៉ាំ​ខ្លួនឯង ញ៉ាំ​ទឹក​ខ្លួនឯងជាដើម។ ឪពុកម្ដាយ​គួរ​បណ្ដោយឱ្យ​កូន​បាន​ហាត់​ធ្វើ​ដោយ​ខ្លួនឯង ទោះជា​ប្រឡាក់ប្រឡូស​ខ្លះ ក៏​ត្រូវតែ​បណ្ដោយ​ដែរ និង​បង្ហាត់បង្រៀន​ជាបណ្ដើរៗថា តើ​ត្រូវធ្វើ​យ៉ាងណាខ្លះ។ មិនគួរ​ប្រញាប់​បង្ខំ​ឱ្យ​កូន​ត្រូវតែទៅ​រៀន​យល់ដឹង​រឿងនេះ​រឿង​នោះ​តាម​ដែល​ឪពុកម្ដាយ​ចង់ឱ្យ​កូន​ចេះ​នោះឡើយ។

    នៅពេល​កូន​ចូលរៀន​បឋមសិក្សា: កូន​នឹង​ចូលចិត្ត​លេង មាន​កិច្ចការងារ​ជាមួយ​ពួកម៉ាកមិត្ត​ភក្តិ​ជាច្រើន។ ឪពុកម្ដាយ​គួរ​បណ្ដោយឱ្យ​កូន​លេង និង​ផ្ដល់​កម្លាំងចិត្ត​ក្នុង​កិច្ចការងារផ្សេងៗដែល​គេ​មាន​ចំណែក​រួម។ ឪពុកម្ដាយ​គួរ​ធ្វើខ្លួន​ឱ្យ​ដូច​ពួកម៉ាក បើ​កូន​ត្រូវ​ការឱ្យ​ឪពុកម្ដាយ​ចូលរួម​ក្នុង​កិច្ចការងារ​ណាមួយ​ផងដែរ​នោះ។

    នៅពេល​កូន​ចូល​អនុវិទ្យាល័យ: សាកល្បង​បណ្ដោយឱ្យ​កូន​មាន​ឥស្សរភាព​ខាង​ការគិត បង្ហាត់​ឱ្យ​កូន​សាកល្បង​ពិចារណា​ពី​ហេតុផល និង​ឪពុកម្ដាយ​ត្រូវ​ទទួល​ស្ដាប់​នូវ​អ្វីដែល​កូន​និយាយ និង​រឿង​ដែល​កូន​គិត​ឱ្យបាន​ច្រើន កុំ​យកគំនិត​របស់​ខ្លួនឯង​ជា​គោល​។ បើ​កូន​ត្រូវ​ការធ្វើ​កិច្ចការងារ ឬ​ធ្វើ​អ្វីមួយ បើជា​រឿង​ដែល​មិន​បង្ក​គ្រោះថ្នាក់ ឪពុកម្ដាយ​គួរផ្ដល់​កម្លាំងចិត្ត និង​នៅចាំ​ធ្វើជា​ទីប្រឹក្សា​ដល់​កូន។

    នៅពេល​កូន​ឡើង​វិទ្យាល័យ: កូន​នឹងមាន​គំនិត​ជា​របស់​ខ្លួនឯង ចង់​រួម​ក្រុម​ជាមួយ​មិត្ត​ភក្តិ ឬ​ទៅណា​មក​ណា​ជាមួយ​មិត្ត​ភក្តិ​កាន់តែ​ច្រើនឡើង។ បើ​ឪពុកម្ដាយ​មើលថែទាំ​កូន ធ្វើខ្លួន​ជា​មិត្ត​ដ៏​ល្អ​របស់​កូន​មក​តាំងពី​ដំបូង កូន​នឹងមិន​ស្រឡាញ់​មិត្ត​ភក្តិ​រហូតដល់​ភ្លេច​ឪពុកម្ដាយ​នោះទេ ដូច្នេះ​ឪពុកម្ដាយ​គួរតែ​នៅតែ​ធ្វើខ្លួន​ជា​មិត្ត​ល្អ ជាទី​ប្រឹក្សា នៅចាំ​គាំទ្រ និង​លើកទឹកចិត្ត​កូន​ជានិច្ច។ កុំ​ធ្វើខ្លួន​ជា​អ្នកកំណត់​ជោគជតា​ជីវិត​របស់​កូន ឬ​ហាម​ធ្វើ​រឿងនេះ ហាម​ធ្វើ​រឿង​នោះ។ ការចិញ្ចឹម​មើលថែ​កូន​ក្នុង​វ័យ​នេះ ត្រូវ​ប្រើការ​និយាយស្ដី​ដោយហេតុ និង​ផល កុំ​ប្រើ​អារម្មណ៍​មួម៉ៅ​ខឹងសម្បា​ឱ្យសោះ។

    នៅពេល​កូន​ចូល​របង​មហាវិទ្យាល័យ: កូន​នឹង​បាន​ជួប​សង្គម​ដែល​កាន់តែ​ធំ​ឡើង បញ្ហាផ្សេងៗក៏​នឹងមាន​ច្រើនឡើង​ដែរ។ ឪពុកម្ដាយ​គួរ​ខ្លួន​ធ្វើជា​ទីប្រឹក្សា ជជែក​និយាយ​ពិភាក្សា​គ្រប់​រឿង​ជាមួយ​កូន។ នៅ​ធ្វើជា​កម្លាំងចិត្ត​ដល់​កូនកុំឱ្យ​កូន​មាន​អារម្មណ៍​ថា ត្រូវ​រង​សម្ពាធ​ពី​សេចក្ដីសង្ឃឹម​របស់​ឪពុកម្ដាយ តែ​គួរ​ធ្វើឱ្យ​កូន​បានដឹងថា ប៉ា​ម៉ាក់​នៅចាំ​ធ្វើជា​កម្លាំងចិត្ត​ដល់​កូន​ជានិច្ច។

    នៅពេលដែល​ឪពុកម្ដាយ​បានដឹង​ពី​តម្រូវការគោលៗរបស់​កូន​ក្នុង​វ័យនីមួយៗហើយ ឪពុកម្ដាយ​ក៏​អាច​ត្រៀម​ខ្លួនឯង​ឱ្យ​ព្រម​រួចជាស្រេច​បាន​យ៉ាង​ត្រឹមត្រូវ​ដែរ ហើយ​កូន​របស់​យើង​ក៏​នឹង​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​ល្អ មាន​សភាវ​អារម្មណ៍ និង​ចិត្តគំនិត​ដែល​ល្អ ដែល​ទាំងអស់នោះ​ប្រហែលជា​អ្វីដែល​ឪពុកម្ដាយ​គ្រប់រូប​រំពឹង​សង្ឃឹម​ចង់ឱ្យ​កូន​របស់ខ្លួន​ក្លាយជា​បែប​ហ្នឹង​ដូចគ្នា៕

  • គង់ ចាន់ស្រីមុំ សម្ញែងគភ៌ទៀតហើយ រង់ចាំថ្ងៃប្រសូត…

    គង់ ចាន់ស្រីមុំ សម្ញែងគភ៌ទៀតហើយ រង់ចាំថ្ងៃប្រសូត…

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី គង់ ចាន់ស្រីមុំ ប៉ុន្មានម៉ោងមុននេះបន្ដិច បានបង្ហោះរូបភាពបញ្ចេញសាច់ក្បាលពោះដ៏ស្រស់ស្អាត ខណៈដែលគភ៌របស់អ្នកនាងកាន់តែជិតគ្រប់ខែហើយ។

    ជាទូទៅ ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងហើយថា តារាស្រីរូបនេះកាលពីមិនទាន់មានស្វាមី នាងពិតជាមានរូបសម្ផស្ស​ស្រស់ស្អាតខ្លាំងណាស់ និងបានទាក់ទាញចិត្តបុរសៗជាច្រើននាក់ឱ្យលង់ក្នុងសម្រស់របស់អ្នកនាងទៀតផង ហើយបើទោះជាពេលនេះ អ្នកនាងមានស្វាមីហើយក្ដី ក៏អ្នកនាងនៅតែថែរក្សាសម្រស់បានស្អាតដដែល។ ដោយឡែក ខណៈនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពដែលបង្ហាញពីគភ៌របស់អ្នកនាងម្ដងទៀតហើយ ដែលមកទល់ពេលនេះ គេមើលឃើញថា កាន់តែធំទៅៗ និងត្រៀមខ្លួនប្រសូតនាពេលឆាប់ៗនេះហើយ។

    អ្នកនាង គង់ ចាន់ស្រីមុំ ថែមទាំងបានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកទៀតផងថា «ទារកគឺជាក្មេងតូចមួយដែលអ្នកបានថែរក្សានៅក្នុងផ្ទៃអស់រយៈពេល 9ខែ​…។ អ្នកនឹងថ្នមនៅក្នុងដៃរបស់អ្នករយៈពេល 3 ឆ្នាំ…។ ហើយស្ថិតនៅក្នុងដួងចិត្តរបស់អ្នករហូតដល់ថ្ងៃដែលអ្នកស្លាប់…។ ពេលឆ្លងកាត់ទើបយល់កាន់តែច្បាស់ពីទឹកចិត្តម្តាយ។ គុណម្តាយគឺធំធេងណាស់ចំពោះកូនគ្រប់រូប…ថតដោយប្តីសម្លាញ់ Seyha Kem…រូបភាពអនុស្សាវរីយ៍​ ដ៏មានតម្លៃ »។ គួរបញ្ជាក់ផងដែរថា បុត្រនៅក្នុងផ្ទៃអ្នកនាង គង់ ចាន់ស្រីមុំ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងបានឃើញមុខប៉ាប៉ា និងម៉ាក់ៗរបស់គេហើយ…ពិតជាគួរឱ្យរំភើបចិត្តមែន៕

  • ជំនាញ​ឌីជីថល 8យ៉ាង​ដែល​អាណាព្យាបាល​គួរ​បង្រៀន​កូន​ឱ្យ​ចេះ

    ជំនាញ​ឌីជីថល 8យ៉ាង​ដែល​អាណាព្យាបាល​គួរ​បង្រៀន​កូន​ឱ្យ​ចេះ

    នៅពេល​បច្ចុប្បន្ននេះ យើង​បាន​ផ្លាស់ប្តូរ​ពី​យុគសម័យ​ឧស្សាហកម្ម ទៅកាន់​យុគសម័យ​បច្ចេកវិទ្យា​ដែល​បច្ចេកវិទ្យា នេះ​មាន​ចំណុច​ជាប់ទាក់ទង​ស្ទើរតែ​ទាំងស្រុង​ទៅនឹង​សង្គម និង​សេដ្ឋកិច្ច។ បណ្តាញ​បច្ចេកវិទ្យា​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស រហូតដល់​អ្នកជំនាញ​បាន​ប៉ាន់ស្មាន​ទុក​ថា 90% នៃ​មនុស្ស​ទាំងអស់​លើ​ពិភពលោក​នឹង​ប្រើប្រាស់​ប្រព័ន្ធ​អី​ុ​នធើ​ណិ​ត ក្នុង​រយៈពេល 10ឆ្នាំ​ខាងមុខ។

    ជាមួយនឹង​បណ្តាញ​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ​នេះ យើង​ឃើញថា​មនុស្ស​ទាំងអស់​នៅលើ​ពិភពលោក​នឹង​កាន់តែ​ភ្ជាប់​ទំនាក់ទំនង​បាន​ងាយស្រួល​ឡើង​ហើយ​អ្វី​គ្រប់យ៉ាង​នឹង​អាច​ផ្លាស់ប្តូរ​កាន់តែ​ប្រសើរឡើង។ តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​យើង​មើលឃើញថា វា​ក៏បានផ្តល់​ផលប៉ះពាល់​មិនតិច​ដែរ​ដល់​មនុស្ស​លើ​ពិភពលោក ជាពិសេស​កុមារ​ដែល​កំពុងតែ​ស្រូបយក​ព័ត៌មាន​គ្រប់យ៉ាង​ជា​រៀងរាល់ថ្ងៃ។

    កុមារ​ត្រូវបាន​គេ​រកឃើញថា បាន​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយច្រើនឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ចរន្ត​នេះ​យើង​ឃើញថា កុមារ​មាន​រយៈពេល​វែង​ខ្លាំង​ក្នុងការ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា។ យោងតាម​ការស្រាវជ្រាវ​របស់​ស្ថាប័ន​ស្រាវជ្រាវ (AAP: American Academy of Pediatrics) បាន បញ្ជាក់ថា​កុមារ​បាន​ចំណាយពេល​វេលា​ជា​មធ្យម 7ម៉ោង​ក្នុង​មួយថ្ងៃ នៅ​ពីមុខ​អេក្រង់​កុំព្យូទ័រ និង​ឧបករណ៍​អេឡិចត្រូនិក​ដែល​គេ​ប្រើប្រាស់ ដោយ​ក្នុងនោះ​រួមទាំង​ទូរទស្សន៍​ផងដែរ។

    រយៈពេល​នេះ គឺ​វែង​ជាង​រយៈ​ពេលដែល​ពួកគេ​ចំណាយ​ពេលវេលា​នៅក្នុង​សាលា និង​រស់នៅ​ជាមួយ​អាណាព្យាបាល​ទៅទៀត ដែល​ចំណុច​នេះ​អាចជា​កត្តា​ប្រឈម​សំខាន់​មួយ​ដែល​អាណាព្យាបាល​ទាំងអស់​លើ​ពិភពលោក​គួរ​យកចិត្តទុកដាក់។

    ពិភពលោក​នៅក្នុង​សម័យ​ឌីជីថល​នេះ ត្រូវបាន​គេ​រកឃើញថា មនុស្ស​មាន​ពេលវេលា​ក្នុង​ការរៀន និង​កម្សាន្ត​ច្រើន តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​កុមារ​នៅក្នុង​ពិភពលោក​មាន​ហានិភ័យ​ច្រើន​ដែល​ត្រូវ​ប្រឈម ដូច​ជាការ​សម្លុត​គំរាម​តាម​អី​ុ​ន​ធើ​ណិ​ត (cyberbullying) ការ​ញៀន​ជាមួយនឹង​បច្ចេកវិទ្យា (technology addiction) រឿង​អាសអាភាស (obscene) រូបភាព​ហិង្សា ការ​លួច​ទិន្នន័យ និង​គម្រោងការ​ឧក្រិដ្ឋកម្ម​ជាដើម។ បញ្ហា​មួយទៀត គឺ​រឿងរ៉ាវ​កុហក ឬ​ព័ត៌មាន​មិន​ពិត​ក៏បាន​កើនឡើង ហើយ​វា​បានក្លាយ​ទៅជា​រឿង​ធម្មតា​នៃ​ពិភពលោក​ក្នុងសម័យ​ឌីជីថល ស្រប​ពេលដែល​អភិបាល​កិច្ច​អី​ុ​ន​ធើ​ណិ​ត ឬ​ប្រព័ន្ធ​ការគ្រប់គ្រង​ហានិភ័យ​លើ​បណ្តាញ​អី​ុ​ន​ធើ​ណិ​ត​ចំពោះ​កុមារ​មាន​សភាព​ទន់ខ្សោយ និង​មាន​ប្រសិទ្ធភាព​ទាប។

    ការស្រាវជ្រាវ​ដដែល​បាន​រកឃើញថា បច្ចេកវិទ្យា​ក៏បាន​បង្កើត​គម្លាត​យ៉ាង​ធំ​រវាង​អាណាព្យាបាល អ្នក​អប់រំ និង​មនុស្ស​វ័យ​កណ្តាល ជាមួយ​កុមារ ព្រោះ​ពួកគេ​រស់នៅក្នុង​ពិភព​នៃ​បច្ចេកវិទ្យា​មិន​ដូចគ្នា។ ទាំងនេះ​អាច​នឹង​ក្លាយជា​ហានិភ័យ​មួយ​ក្នុង​ការអប់រំ ខណៈ​កុមារ​ជំនាន់​ថ្មី​ទាំងអស់នោះ​ទទួល​គំនិត​ច្រើន​ពី​ប្រភព​ចម្រុះ​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ដែល​មនុស្ស​ធំ​មិនដឹង។ ហេតុនេះ​ដើម្បីធានា​ពី​សុវត្ថិភាព​របស់កូនៗជាទី​ស្រឡាញ់ ឪពុកម្តាយ​គួរ​បង្រៀន​កូន​ពី​មេរៀនសំខាន់ៗមួយចំនួន​ដើម្បី​ជា​ប្រភព​ចំណេះដឹង​សម្រាប់​គេ ក្នុងការ​ការពារ​ខ្លួន​ពី​គុណវិបត្តិ​នៃ​ពិភព​បច្ចេកវិទ្យា។

    1. កំណត់​អត្តសញ្ញាណ​ឌីជីថល (Digital identity)

    ចំណុច​នេះ​គឺ​ចង់​សំដៅលើ​សមត្ថភាព​ក្នុងការ​បង្កើត និង​គ្រប់គ្រង​អត្តសញ្ញាណ​នៅលើ​អន​ឡាញ​ផ្ទាល់ខ្លួន និង​ពិនិត្យមើល​ពី​អត្តសញ្ញាណ​របស់​អ្នកដទៃ។ ចំណុច​នេះ​ជួយ​ឱ្យ​យើង​គ្រប់គ្រង​បាន​នូវសុវត្ថិភាព​ផ្ទាល់ខ្លួន និង​ទប់ស្កាត់​ផលប៉ះពាល់​បាន​ព្រោះ​យើង​អាច​ពិចារណា​ពី​ប្រភព​នៃ​បុគ្គល​ដែល​ចែកចាយ​ព័ត៌មាន រួមទាំង​គោលបំណង​របស់គេ​បានល្អ។

    1. ការប្រើប្រាស់​ឌីជីថល (Digital Use)

    សំដៅលើ​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​រាប់បញ្ចូល​ទាំង​ចំណេះដឹង​ក្នុង​ការរក្សា​តុល្យភាព​ដើម្បី​រក្សា​ផាសុកភាព​នៃ​ការប្រើប្រាស់​បណ្តាញ​អន​ឡាញ និង​ជីវិត​ជាក់ស្តែង (offline)។ ចំណេះដឹង​ដែល​គួរ​ចេះ​មានដូចជា ការគ្រប់គ្រង​ពេលវេលា​នៅមុខ​ស្គ្រី​ន​សុខភាព​ឌីជីថល (digital health) និង​ការចូលរួម​ក្នុង​សហគមន៍ (community participation)។

    1. សុវត្ថិភាព​ឌីជីថល (Digital Safety)

    ជា​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​អន​ឡាញ​ដូចជា ការបញ្ចៀស​ខ្លួន​ពី​រូបភាព​អាសអាភាស រូបភាព​អំពើហិង្សា ក្រុម​ផ្សព្វផ្សាយ​ការចាប់​ជំរិត ឬអ្វី​ដែល​អាច​ប៉ះពាល់​ដល់​ស្មារតី​ជាដើម។

    1. សន្តិសុខ​ឌីជីថល (Digital Security)

    ជា​សមត្ថភាព​ក្នុងការ​ការពារ​ខ្លួន​ពី​ការ​លួច​ទិន្នន័យ​ពី​អ្នកដទៃ។ អាណាព្យាបាល​គួរ​ព្យាយាម​ស្វែងយល់ និង​បង្រៀន​កូន​ពី​ការអនុវត្ត​នានា​ដើម្បី​ទប់ស្កាត់​ការ​លួច​ចូល​គណនី​ផ្ទាល់ខ្លួន (hacking) និង​ការយល់ដឹង​ពី​វិធីសាស្ត្រ​នានា​លើ​មុខងារ​សុវត្ថិភាព​នៃ​បណ្តាញ​សង្គម​ដែល​ខ្លួន​កំពុង​ប្រើប្រាស់​ដើម្បី​រក្សា​ទិន្នន័យ​សម្ងាត់​មួយចំនួន។

    1. ភាព​វៃឆ្លាត​នៃ​ការប្រើប្រាស់​ឌីជីថល (Digital Emotional Intelligence)

    ជា​សមត្ថភាព​ក្នុងការ​ស្វែងរក​សេចក្តីសុខ ឬ​ភាព​រីកចម្រើន និង​បង្កើន​គុណភាព​ជីវិត​តាមរយៈ​បណ្តាញ​អន​ឡាញ។

    1. ការទំនាក់ទំនង​ដោយ​ប្រើប្រាស់​បណ្តាញ​ឌីជីថល (Digital Literacy)

    ជា​សមត្ថភាព​ក្នុងការ​ទាក់ទង និង​រាប់អាន​មនុស្ស​ដែលមាន​សមត្ថភាព​ដទៃ​ទៀត​តាម​បណ្តាញ​ឌីជីថល និង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប។

    1. អក្ខរកម្ម​ឌីជីថល (Digital Literacy)

    ជា​សមត្ថភាព​ក្នុងការ​ស្វែងរក វាយតម្លៃ ការ​ទាញ​ប្រយោជន៍​ពី​អត្ថបទល្អៗ និង​ចែករំលែក​អត្ថបទ ឬ​ចំណេះដឹងសំខាន់ៗដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​គិតដល់​មនុស្ស​ទូទៅ​ដែលមាន​ទំនាក់ទំនង​ល្អជា-មួយ​យើង។

    1. សិទ្ធិ​ឌីជីថល (Digital Rights)

    ជា​សមត្ថភាព​ក្នុងការ​យល់ដឹង​ពី សិទ្ធិ និង​ច្បាប់​ទូទៅ​របស់​មនុស្ស ដូចជា​សិទ្ធិ​បុគ្គល (សិទ្ធិ​ក្នុង​ការរក្សា​ភាព​សម្ងាត់ និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល) សិទ្ធិ​កម្មសិទ្ធិបញ្ញា សិទ្ធិ​ក្នុងការ​បញ្ចេញមតិ និង​ការការពារ​ខ្លួន​ពី​សកម្មភាព​មួយចំនួន​ដែល​បណ្តាលឱ្យមាន​ភាព​ស្អប់ខ្ពើម​ពី​សង្គម៕

  • ញ៉ាំ​ត្រី ជួយ​ដល់​រឿង IQ និង​ការ​គេង​លក់​របស់​កុមារ

    ញ៉ាំ​ត្រី ជួយ​ដល់​រឿង IQ និង​ការ​គេង​លក់​របស់​កុមារ

    លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រកឃើញថា ក្មេង​ដែល​បាន​ញ៉ាំ​ត្រី​យ៉ាងតិច​មួយអាទិត្យ 1ដង ឬ​ច្រើនជាង​នេះ នឹងធ្វើ​ឱ្យ​ការ​គេង​ល្អប្រសើរ​ឡើង ហើយ​លទ្ធផល​សាកល្បង​កម្រិត​ប្រាជ្ញា​ស្ថិតក្នុង​លំដាប់​ដែល​ល្អ​ជាង​ក្មេង​ដែល​មិនបាន​ញ៉ាំ​ត្រី ឬ​ញ៉ាំ​តិច​ជាងមួយ​សប្ដាហ៍​មួយដង។

    គេហទំព័រ CNN បាន​នាំយក​របាយការណ៍​មួយ​ដែល​បានទទួល​ការបោះពុម្ពផ្សាយ​នៅក្នុង The Journal Scientific Report ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​បានបង្ហាញ​ឱ្យឃើញថា អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា3ដែល​គេ​ឃើញ​មាននៅ​ក្នុង​សាច់​ត្រី​ជាច្រើន​ប្រភេទ ដូចជា ត្រី​សាល់​ម៉ុ​ន ត្រី​សារ​ឌី​ន និង​ត្រី​ប្លាធូ មាន​ចំណែក​ជួយ​ធ្វើឱ្យ​កម្រិត​ភាព​ឆ្លាត​វៃ និង​ការ​គេង​លក់​របស់​កុមារ​ល្អប្រសើរ​ឡើង។

    តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​កុមារ​ជនជាតិ​ចិន​ច្រើនជាង 500នាក់​ដែលមាន​អាយុ​អំឡុង​ពី 9-11ឆ្នាំ​ជាមួយនឹង​សំណួរ​ថា តើ​ពួកគេ​ញ៉ាំ​ត្រី​ចំនួន​ប៉ុន្មាន​ដង​ក្នុង​មួយខែ​កន្លងមក ជាមួយនឹង​ចម្លើយ​ឱ្យ​ជ្រើសរើស​គឺ “មិនដែល​សោះ” និង “យ៉ាងតិច​មួយអាទិត្យ 1ដង”។

    ក្នុង​ក្រុម​កុមារ​ដែល​ឆ្លើយថា ញ៉ាំ​ត្រី​រៀងរាល់​សប្ដាហ៍​មាន​ពិន្ទុ​វាស់ IQ 4.8 ខ្ពស់ជាង​កុមារ​ដែល​ឆ្លើយថា មិន​ញ៉ាំ​ត្រី​សោះ ឬ​ញ៉ាំ​ដែរ តែ​ញ៉ាំ​តិច។ ដោយ​ក្រុម​អ្នកស្រាវជ្រាវ​មិនបាន​សួរក្មេងៗថា តើ​ត្រី​ប្រភេទ​ណា​ដែល​ពួកគេ​បាន​ញ៉ាំ​នោះឡើយ ក្នុងខណៈ​ក្រុម​ដែល​ឆ្លើយថា ញ៉ាំ​ត្រី​ដែរ តែ​ញ៉ាំ​មិន​ញឹកញាប់​មាន​ពិន្ទុ IQ 3.3។

    ចំណែក​ចម្លើយ​ពី​ក្រុមគ្រួសារក្មេងៗពាក់ព័ន្ធ​នឹង​គុណភាព​ការ​គេង​វិញ បាន​រកឃើញថា ក្មេង​ដែល​បាន​ញ៉ាំ​ត្រី​ជាប្រចាំ ច្រើន​មានគុណ​ភាព​នៃ​ការ​គេង​ល្អប្រសើរ​ជាង ព្រោះ​គ្មាន​រឿង​មករុកកួន​រំខាន​ក្នុងអំឡុងពេល​គេង​លក់​ឡើយ។ ក្នុង​ចំណុច​ល្អ​ដែល​កើតឡើង​នេះ ធ្វើឱ្យ​ក្រុមអ្នកវិភាគ​ណែ​នាំទៅ​ឪពុកម្ដាយ ​អ្នកអាណាព្យាបាល​ឱ្យ​បន្ថែម​សាច់​ត្រី​ចូលទៅក្នុង​មុខម្ហូប​របស់​កុមារ និង​បង្ហាត់​ឱ្យ​កុមារ​ចេះ​ញ៉ាំ​ត្រី​តាំងពី​អាយុ2ឆ្នាំ​ឡើងទៅ។

    ត្រី​ជាស​ត្វ​ដែល​មានគុណ​តម្លៃ​ខាង​ភោជនាហារ​ខ្ពស់ និង​ជា​អាហារ​មួយ​ក្នុងចំណោម​អាហារ​ដ៏​ពេញនិយម ព្រោះ​នៅក្នុង​សាច់​ត្រី​មាន​ប្រូតេអុីន​ដែល​ល្អ និង​សម្បូរ​ទៅដោយ​ខ្លាញ់​ល្អ ស័ក្តិសម​សម្រាប់​អ្នក​ដែល​កំពុងស្ថិត​ក្នុងអំឡុង​ពេល​បញ្ចុះទម្ងន់ ហើយ​ត្រី​ប្រភេទ​ខ្លះ​ថែមទាំង​មាន​អូ​មេ​ហ្កា3 ដែលជា​អាស៊ីត​ខ្លាញ់​ល្អ​ដែល​ជួយ​បង្កើន​សុខភាព​បេះដូង និង​សរសៃឈាម ដែល​គេ​ប្រទះឃើញ​មាន​ច្រើន​នៅក្នុង​ត្រី​សាល់-​ម៉ុ​ន ជាពិសេស​ត្រី​សាល់​ម៉ុ​ន​ដែល​រស់​នៅតាម​ធម្មជាតិ​នឹងមាន​វីតាមីន និង​សារធាតុ​រ៉ែ​ខ្ពស់​ណាស់៕

  • ធ្លាយដំណឹង ភរិយាលោក ឆាយ វិរៈយុទ្ធ កំពុងតាំងគភ៌

    ធ្លាយដំណឹង ភរិយាលោក ឆាយ វិរៈយុទ្ធ កំពុងតាំងគភ៌

    មួយរយៈចុងក្រោយនេះ គេសង្កេតឃើញកំពូលតារាចម្រៀងឯកប្រុសនៅក្នុងផលិតកម្មសាន់ដេ លោក ឆាយ វិរៈយុទ្ធ បង្ហាញពីភាពស្និទ្ធស្នាលផ្អែមល្ហែម យកចិត្តទុកដាក់ចំពោះភរិយាលោកជាខ្លាំង ជាពិសេសជាងនេះទៅទៀត លោកបានដកឃ្លាពីសិល្បៈមួយរយៈ ដោយកាលពីវិស្សមកាលចុងឆ្នាំកន្លងទៅ លោកបាននាំភរិយាសំណព្វចិត្តធ្វើដំណើរកម្សាន្ដទៅកាន់ប្រទេសជប៉ុន ហើយបានបង្ហោះរូបភាពជាច្រើនសន្លឹកឱ្យមហាជនបានមើលឃើញពីសកម្មភាពស្វ៊ីតៗ ថែមទៀតផង ( សង្ស័យទៅ Honey Moon ហើយមើលទៅ កាលហ្នុង..)។

    ប្រភពស្និទស្នាលនឹងគ្រួសាររបស់តារាចម្រៀងប្រុសរូបនេះ បានបង្ហើបដំណឹងល្អមួយប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា ភរិយាបណ្ដូលចិត្តរបស់លោក ឆាយ វិរៈយុទ្ធពេលនេះកំពុងឃ្លានម្ជូរណាស់ ពោលគឺកំពុងតែតាំងគភ៌ហ្នឹងឯង។ ការទម្លាយដំណឹងល្អនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រមានក្ដីរំភើបជំនួសលោកពិតមែន ព្រោះកន្លងមកលោកធ្លាប់បង្ហើបប្រាប់ថា លោកចង់បានបុត្រស្នងត្រកូល ហើយកាន់តែឆាប់ គឺកាន់តែល្អ តែពេលនេះឆាយ វិរៈយុទ្ធ ពិតបានសមដូចក្ដីប្រាថ្នាហើយ នៅតែមិនទាន់ដឹងថាជាប្រុស ឬក៏ស្រីតែប៉ុណ្ណឹងឯង។

    គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានសាងស្ពានរួមមេត្រីជាមួយភរិយាអស់រយៈពេលមួយឆ្នាំរួចមក តារាប្រុសសំឡេងខ្លាំងរូបនេះបានតាំងក្ដីរំពឹងទុកថា លោកចង់បានបុត្រច្រើន ហើយបើពិតជាមានដំណឹងល្អសម្រាប់លោកមែននោះ លោកពិតជាប្រាថ្នាចង់បានបុត្រភ្លោះខ្លាំងណាស់ ។

    មើលទៅ ឆាយ វិរៈយុទ្ធ ហាក់ដូចជាស្រឡាញ់ក្មេងៗខ្លាំងណាស់ ដូច្នេះអ្នកគាំទ្រទាំងឡាយសូមជូនពរឱ្យលោក បានបុត្រភ្លោះសមដូចប្រាថ្នាតែម្ដងទៅចុះ…(សាធុ!)៕

  • អ្នកនាង កែវ ស្រីនាង ស្លេកស្លាំងដោយសារជំងឺឈាមស ស៊ីឈាមក្រហម

    អ្នកនាង កែវ ស្រីនាង ស្លេកស្លាំងដោយសារជំងឺឈាមស ស៊ីឈាមក្រហម

    មួយរយៈចុងក្រោយនេះ អ្នកគាំទ្រកត់សម្គាល់ឃើញថា តារាសម្ដែងជើងចាស់ អ្នកនាង កែវ ស្រីនាង បានប្រែប្រួលរូបសម្រស់ខុសប្លែកជាងមុន ដោយសារតែមើលទៅឃើញមានទឹកមុខស្លេកស្លាំង ហើយថែមទាំងធ្លាក់សម្រស់ជាងមុន និងមិនសូវមានកម្លាំងកំហែងដូចមុនឡើយ។ អ្នកនាងធ្លាប់បានបង្ហើបប្រាប់អ្នកសិល្បៈដូចគ្នាថា ហេតុផលដែលអ្នកនាងកាត់សក់ខ្លី និងមានទឹកមុខស្លេកស្លាំងជាងមុននេះ គឺបណ្ដាលមកពីអ្នកនាងឈឺច្រើនពេក ព្រោះតែជំងឺឈាមស ស៊ីឈាមក្រហមវាធ្វើទុក្ខហ្នឹងឯង។ អ្នកនាងថែមទាំងបានបង្ហើបប្រាប់ទៀតថា ចំណាយអស់រាប់ម៉ឺនដុល្លារ ទៅព្យាបាលនៅក្រៅប្រទេស តែមិនមានលទ្ធផលល្អឡើងសោះ។

    គួររំឭកផងដែរថា កាលពីថ្ងៃសម្ពោធរឿង «កាំបិតមុខ២» ដែលអ្នកនាងបានសម្ដែងជាតួឯកស្រី ជាមួយលោក អូន ឧស្សាហ៍ ជារឿងភាគរបស់ស្ថានីយទូរទស្សន៍ PNN កន្លងទៅ អ្នកនាងបានប្រាប់អ្នកសារព័ត៌មានថា ជំងឺឈាមស ស៊ីឈាមក្រហមរបស់អ្នកនាង ពិតជាធ្វើទុក្ខខ្លាំងមែន ប៉ុន្តែមិនដល់ថ្នាក់ធ្វើឱ្យអ្នកនាងពិបាកទ្រាំនោះទេ គឺធ្វើទុក្ខដោយសារតែអ្នកនាងប្រឹងប្រែងធ្វើការលើសកម្រិត ហើយសម្រាកមិនបានប៉ុណ្ណោះ។ អ្នកនាងបញ្ជាក់ថា ជំងឺមួយនេះ ពិតជារុករានសេចក្ដីសុខរបស់អ្នកនាងមែន គឺឱ្យតែពេលណាដែលអ្នកនាងធ្វើការលើសកម្រិត ឬលេបថ្នាំមិនទៀងទាត់ គឺវាធ្វើឱ្យអ្នកនាងទទួលរងការធ្វើទុក្ខខ្លាំងតែម្ដង។

    អ្នកនាង បានបញ្ជាក់ដែរថា គ្រូពេទ្យហាមមិនឱ្យអ្នកនាងធ្វើការលើសពីកម្លាំងដែលខ្លួនឯងមាននោះទេ និងត្រូវសម្រាកឱ្យបានច្រើន ក៏ប៉ុន្ដែអ្នកនាងមិនចង់បាត់បង់ឱកាសសម្ដែងរឿងភាគឱ្យ PNN ទើបបានជាអ្នកនាងសម្រេចយកជំនួយការតាមខ្លួន ដើម្បីដាស់តឿនអ្នកនាងឱ្យពិសាថ្នាំតាមការកំណត់។  អ្នកនាងបានបង្ហាញពីការត្អូញត្អែរ ជុំវិញជំងឺរបស់ខ្លួនដែលមើលមិនជានេះ ដោយបង្ហើបប្រាប់ថា បានចេញទៅព្យាបាលនៅក្រៅប្រទេសច្រើនលើកច្រើនសា និងចំណាយអស់ប្រាក់ច្រើនសន្ធឹកមកហើយ ប៉ុន្តែលទ្ធផលនៅតែបានត្រឹមតែលេបថ្នាំជាប្រចាំ ដើម្បីទប់សភាពជំងឺកុំឱ្យទ្រុឌទ្រោមទៅវិញតែប៉ុណ្ណោះ៕

  • បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​តម្លៃ​សមរម្យ និង​ត្រឹមត្រូវ

    បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​តម្លៃ​សមរម្យ និង​ត្រឹមត្រូវ

    ក្នុង​គោលបំណង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ហៅ​កាត់​ថា (AFI) បានរៀបចំ​កិច្ចពិភាក្សា​មួយ​ឡើង​ដើម្បី​រៀបចំ​គោលនយោបាយ និង​ដាក់ចេញ​នូវ​វិធីសាស្ត្រ​ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​ក្រីក្រ​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​មានតម្លៃ​សមរម្យ​ឱ្យបាន​គ្រប់គ្នា​ដោយមាន​កិច្ចការពារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

    លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដាក់ចេញ​វិធីសាស្ត្រ​ដើម្បី​បែងចែក​សេវាកម្ម​ហិរញ្ញវត្ថុ​ឱ្យដល់​ដៃ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែលមាន​តម្លៃ​សមរម្យ​ដែលមាន​កិច្ចការពារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

    លោក​ថ្លែងថា៖ “ការផ្ដល់សេវា​ហិរញ្ញវត្ថុ​តម្លៃ​សមរម្យ​នេះ គឺមាន​អាទិភាព​ច្រើន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ព្រោះ​អត្រា​ការប្រាក់ និង​ថ្លៃ​សេវា​រដ្ឋបាល​នានា​ទាប​បំផុត ព្រមទាំង​មានការ​គាំពារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី NBC ទៀតផង។ ជា​ទិសដៅ នៅពេល​បច្ចុប្បន្ននេះ យើង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នេះ ដែល​ក្នុងនោះ​យើង​មាន​ជា​គោលនយោបាយ និង​វិធីសាស្ត្រផ្សេងៗដើម្បី​ជំរុញ​ឱ្យ​កម្រិត​នៃ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដែល​នៅពេល​យើង​ដាក់​ចេញទៅ​មាន​ភាពល្អ​ប្រសើរឡើង​ថែមទៀត​នាពេលខាងមុខ។

    លោក​អគ្គនាយក​បន្ដថា៖ “កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​ធ្វើការ​សិក្សា​លើ​កា​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ ហើយ​ទទួលបាន​លទ្ធផល​ថា 71%នៃ​ចំនួន​ពលរដ្ឋ​ពេញវ័យ​សរុប ទទួលបាន​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ។ អ៊ីចឹង ពីមុនមក​កម្រិត​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​យើង​នៅ​ទាប តែ​មកដល់​ឆ្នាំ2015 ឃើញថា​មានការ​កើនឡើង។ លោក​បញ្ជាក់ថា “បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ មានន័យថា ធ្វើយ៉ាងណា​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ បាន​ប្រើប្រាស់​សេវា​ហ្នឹង ដូចជា​សេវា​ប្រាក់កម្ចី ការដាក់​ប្រាក់​បញ្ញើ និង​ការផ្ទេរ​ប្រាក់ ជាដើម ឱ្យ​គាត់​មានលទ្ធភាព​ប្រើប្រាស់​សេវា​ទាំងនេះ​បាន​គ្រប់គ្នា។

    អ្នកជំនាញ​សេដ្ឋកិច្ច​បាន​ពន្យល់ថា បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ គឺ​ការចូលរួម​ពី​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ដោយ​ពួកគាត់​ចេះ​ធ្វើ​ផែនការ​ចំណូល-ចំណាយ ចេះ​ធ្វើ​របាយការណ៍ ចេះ​ធ្វើ​បទដ្ឋាន​ស្នើសុំ​ទៅ​ធនាគារ។ល។ ដូច្នេះ​គេ​ចង់ឱ្យមាន​ការបណ្តុះបណ្តាល​ប្រជាជន​ថ្នាក់ក្រោម ថ្នាក់មូលដ្ឋាន​ឱ្យ​ចេះ​រៀបចំ​បទដ្ឋាន និង​ផែនការ​ហិរញ្ញវត្ថុ​ដោយ​ខ្លួនឯង។ គោលបំណង​នៃ​ការជំរុញ​របស់ NBC និង​AFI នៅក្នុង​ប្រទេស​យើង វា​អាច​ស្ថិតនៅត្រង់​បញ្ហា​នៃ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត សូម្បីតែ​សហគ្រាស​ធុន​តូច និង​មធ្យម​ខ្លះ​ក៏​មិនទាន់មាន​ការយល់ដឹង​ពី​បច្ចុប្បន្នភាព និង​កាតព្វកិច្ច​នៃ​ការធ្វើ​បញ្ជីស្នាម​របស់ខ្លួន​ស្រួលបួល​នៅឡើយ​ផង។ នៅពេលដែល​គេ​រក​ឯកសារ​ចំណូល-ចំណាយ គឺ​ពុំមាន​បញ្ជី​ជាក់លាក់ ពុំមាន​គណនេយ្យ​ភាពច្បាស់​លាស់​ទេ ព្រោះ​ពួកគេ​ធ្លាប់តែ​រកស៊ី​បែប​ជា​លក្ខណៈ​គ្រួសារ(ការ​ដកហូតយក​ចំណាយ​ដោយ​គ្មាន​ការកត់ត្រា​ទុក)ដែល​នេះ​ជា​ទម្លាប់​របស់​យើង​ពីមុនមក។

    សូមបញ្ជាក់ថា ដើម្បី​រៀបចំ​គោលនយោបាយ​នានា​ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នេះ ត្រូវ​លើកស្ទួយ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ជនបទ​យល់ដឹង​ពី​សេវា​ហិរញ្ញវត្ថុ និង​មានលទ្ធភាព​អាច​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដែល​ផ្លូវការ។ កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​គោលនយោបាយ និង​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ត្រូវបាន​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​អ្នករៀបចំ​គោលនយោបាយ បញ្ញត្តិ​ករ មន្ត្រី​ត្រួតពិនិត្យ និង​ភាគី​ពាក់ព័ន្ធ ដូចជា​ស្ថាប័ន​នានា​របស់​អង្គការសហប្រជាជាតិ និង​ស្ថាប័ន​ស្រាវជ្រាវ​អន្តរជាតិ​ជាដើម និង​មាន​អ្នកចូលរួម​សរុប​ប្រមាណ 90រូប​មកពី​ធនាគារកណ្តាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​ត្រួតពិនិត្យ​មកពី​ប្រទេស​ចំនួន43 ដែលជា​សមាជិក​របស់​សហព័ន្ធ​AFI។

    ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍​ពី​គោលនយោបាយ​នេះ​ថា៖ “ការធ្វើ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នេះ​មាន​សារៈសំខាន់​និង​ជា​ទិសដៅ​មួយ ហើយ​ការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ជា​ការជំរុញឱ្យ​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​អាច​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​នេះ​បានរួម​ចំណែក​យ៉ាងច្រើន​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​គ្រួសារ។ បច្ចុប្បន្ន បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មានការ​រីកចម្រើន​យ៉ាងខ្លាំង និង​មាន​តួនាទី​សំខាន់​ក្នុងការ​លើកកម្ពស់​ការ​ទទួលបាន និង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឱ្យ​ប្រកបដោយ​គុណភាព តម្លៃ​សមស្រប និង​ត្រឹមត្រូវ​ផ្លូវការ។

    លោក​បាន​បន្តថា ទោះយ៉ាងណា អ្នករៀបចំ​គោលនយោបាយ និង​បញ្ញត្តិ​ករ​ត្រូវមាន​ភាព​សកម្ម​ក្នុងការ​ស្វែងយល់​ពី​ហានិភ័យ​ពាក់ព័ន្ធ​នានា។ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​ក្រសួង-ស្ថាប័ន​នានា​កំពុង​រៀបចំ​សេចក្តីព្រាង​ស្តីពី​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដោយ​គ្រោង​នឹង​បញ្ចប់​រួចរាល់​ក្នុង​ឆ្នាំ2018នេះ។

    សូមបញ្ជាក់ថា បើ​តាមរយៈ​លទ្ធផល​នៃ​ការអង្កេត​ស្រាវជ្រាវ​របស់ FinScope កាលពី​ឆ្នាំ2015 បាន​បង្ហាញថា 59% នៃ​ចំនួន​សរុប​របស់​ប្រជាពលរដ្ឋ​ដែល​ពេញវ័យ មានលទ្ធភាព និង​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ចំណែកឯ 12%ទៀត​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​មិន​ផ្លូវការ និង29%ទៀត​ពុំទាន់​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នៅឡើយ​ទេ។

    អ្នកជំនាញ​សេដ្ឋកិច្ច​ក៏បាន​បង្ហាញ​ដែរ​ថា នេះ​ជាគោលការណ៍​រដ្ឋាភិបាល​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ចង់ឱ្យ​ពលរដ្ឋ​មានការ​ចាយវាយ​ហិរញ្ញវត្ថុ​របស់ខ្លួន​យ៉ាង​ត្រឹមត្រូវ​ទៅតាម​ច្បាប់ និង​ឱ្យមាន​តម្លាភាព។ ទី1 គឺ​ឱ្យ​ក្រុមហ៊ុន ឬ​ពលរដ្ឋ​អាច​ខ្ចីប្រាក់​ពី​ធនាគារ​ដោយមាន​បញ្ជីស្នាម​ត្រឹមត្រូវ ហើយ​បើ​យើង​មាន​ចរន្ត​គណនេយ្យ​ថវិកា​ច្បាស់លាស់ ពេល​យើង​ត្រូវការ​ពង្រីក​ទុន​ថែម​តាមរយៈ​ការខ្ចី​បុល​ពី​ធនាគារ គេ​ងាយស្រួល​នឹង​ឱ្យ​យើង។ ចំណុច​ទី1នេះ វា​អាច​នឹង​ចំណេញ​ទាំងសងខាង ព្រោះ​អ្នករកស៊ី​គេ​មើលឃើញ​ពី​ការ​ចំណេញ​ប្រសិនបើ​គេ​បាន​ទុន​បន្ថែម​មករក​ស៊ី គេ​នឹង​បាន​ចំណេញ​ច្រើនជាង​មុន ទោះបី​ត្រូវ​ដក​ការប្រាក់​សម្រាប់​ទុន​បន្ថែម​ដែល​បាន​ខ្ចី​មក​ក៏ដោយ។ ទី2 យើង​មាន​លក្ខណៈ​ល្អប្រសើរ​ក្នុងការ​ពង្រឹង​ឱ្យមាន​គណនេយ្យ​ភាពច្បាស់​លាស់ ហើយ​យើង​អាចធ្វើ​ការប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​គេ​មក​បណ្តាក់ទុន​រកស៊ី​ក្នុង​នាម​ជា​ប្រទេស​សមាជិក​អាស៊ាន​បាន និង​យើង​ក៏​អាច​ទៅរក​ស៊ី​នៅ​ប្រទេស​គេ​បានដែរ ព្រោះ​យើង​ក៏​ជា​ប្រទេសសមាជិក​អាស៊ាន​ដែរ។

    ដូច្នេះ​វា​ដល់​ពេលដែល​យើង​ត្រូវ​ធ្វើឱ្យ​ប្រាកដ​នូវ​លិខិតបទដ្ឋាន​ឱ្យមាន​លក្ខណៈ​ច្បាស់លាស់​ដែល​ត្រូវ​ចាប់ផ្តើម​ពី​ថ្នាក់ក្រោម​ទៅ ហើយ​ការដែល​ធ្វើ​គោលនយោបាយ​ជំរុញឱ្យមាន​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​ថ្នាក់ក្រោម​នេះ អ្នកជំនាញ​យល់ថា នឹង​អាចទៅរួច តែ​ស្ថិតក្នុងជំហានៗជាបណ្តើរៗ តែបើ​ចង់ឱ្យ​ដូច​ប្រទេសជិតខាង​យើង​តែម្ដង នឹងមិន​ទាន់​ទៅរួច​ទេ ពីព្រោះ​ការយល់ដឹង​របស់​ពល​រដ្ឋ​ថ្នាក់ក្រោម​របស់​យើង​នៅមានកម្រិត។

    ប៉ុន្តែ​បើតាម​ការផ្តល់​សម្ភាសរ​ប​ស់លោក ឈុន កុសល ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​គ្រឺះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ AMK បានឱ្យដឹងថា យោងតាម​គោលនយោបាយ​នេះ​យើង​បាននិងកំពុង​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ​ដូច្នេះ​សង្ឃឹមថា​ការជំរុញឱ្យ​ពលរដ្ឋ​ក្រីក្រ​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​មានតម្លៃ​សមរម្យ និង​ប្រើប្រាស់​ឱ្យបាន​គ្រប់គ្នា​នឺង​អាចមាន​ដំណើការ​ទៅមុខ​ដោយ​រលូន ព្រោះ​យើង​បានធ្វើការ​បណ្តុះបណ្តាល​ផងដែរ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងនោះ​ឱ្យ​គា​ត់ព​ង្រឺ​ង​នូវ​ការយល់ដឹង​របស់​ពួកគាត់ មានន័យថា ធ្វើយ៉ាងណា​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​បាន​ប្រើប្រាស់​សេវា​នេះ ដូចជា​ប្រាក់កម្ចី បញ្ញើ និង​ការផ្ទេរ​ប្រាក់ ជាដើម ឱ្យ​គាត់​មានលទ្ធភាព​ប្រើប្រាស់​សេវា​នេះ​បាន​គ្រប់គ្នា​ស្របទៅតាម​គោលបំណង​នៃ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ (AFI)ដែល​បាន​ដាក់ចេញ​នូវ​វិធីសាស្ត្រ​ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​ក្រីក្រ​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​មានតម្លៃ​សមរម្យ​នោះ៕

  • សាមុត ស្រីកា ប្រកាសឈប់ច្រៀង ខណៈបទចម្រៀងរបស់នាងកំពុងស្ទុះឡើងខ្លាំង

    សាមុត ស្រីកា ប្រកាសឈប់ច្រៀង ខណៈបទចម្រៀងរបស់នាងកំពុងស្ទុះឡើងខ្លាំង

    នៅពេលថ្មីនេះៗ បទចម្រៀងរបស់តារាស្រីនៅក្នុងផលិតកម្ម WE Production កញ្ញា សាមុត ស្រីកា ដែលមានចំណងជើងថា «មនុស្សពិសេសមិនសូវសំខាន់» កំពុងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី តែជាអកុសលតារាស្រីរូបនេះ បែរជាបង្ហើបប្រាប់មហាជននៅក្នុងលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា នេះគឺជាបទចម្រៀងចុងក្រោយរបស់នាងទៅវិញ ធ្វើឱ្យអ្នកគាំទ្រទាំងអស់មានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង នៅពេលដឹងពីដំណឹងនេះ។

    អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិនៅក្រោមវីដេអូរបស់នាងថា ដោយសារតែរូបសម្រស់នាងមិនសូវស្អាតដូចតារាដទៃ ទើបផលិតកម្មមួយនេះទុកនាងចោល មិនសូវបញ្ចេញបទចម្រៀងឱ្យនាងឡើយ ហើយក៏មិនខ្វល់ពីសមត្ថភាពរបស់នាងដែរ។ យ៉ាងណាក៏ដោយ តារាស្រីវ័យក្មេង និងធ្លាប់មានភាពលេចធ្លោជាងគេតាមរយៈកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី 1 រូបនេះ បានបញ្ជាក់នៅលើបណ្ដាញហ្វេសប៊ុកខ្លួនថា  នាងស្រឡាញ់បទចម្រៀងថ្មីមួយនេះខ្លាំងណាស់ តែនេះក៏បទចុងក្រោយរបស់នាងផងដែរ។ នាងសរសេរថា «”មនុស្សពិសេសមិនសូវសំខាន់” ស្រលាញ់បទនេះណាស់ ជាការនិពន្ធទំនុកច្រៀងដោយលោកគ្រូ Pechi និពន្ធបទភ្លេង និងសម្រួលតន្រ្តីដោយ លោកគ្រូ សាន់ សុវណ្ណឌីន ហើយក៏ជាបទចុងក្រោយរបស់នាងខ្ញុំផងដែរ»។

    គួរកត់សម្គាល់ផងដែរថា ខណៈដែលបទចម្រៀង «មនុស្សពិសេសមិនសូវសំខាន់» បានបញ្ចេញនៅលើទំព័រផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស ភ្លាមៗនោះមានបណ្ដាមិត្តភ័ក្ដិរបស់តារាស្រីរូបនេះបានស៊ែរបទចម្រៀងបន្តភ្លាមៗទៅឱ្យនាង តែនាងបានឆ្លើយតបប្រាប់ទៅពួកគេវិញថា «ឥឡូវឈប់ពីទីនោះហើយ» សបញ្ជាក់ឱ្យដឹងថា នាងពិតជាបានបញ្ចប់កុងត្រា 5ឆ្នាំជាមួយផលិតកម្ម WE Production ក៏ដូចជាក្រុមហ៊ុនផលិតកម្មរស្មីហង្សមាសប្រាកដមែន។

    គួបញ្ជាក់ផងដែរថា ព័ត៌មានឈប់ច្រៀងរបស់តារាស្រីមួយនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រសោកស្ដាយចំពោះរូបនាងយ៉ាងខ្លាំង និងមិនចង់ឱ្យនាងឈានជើងចេញពីវិថីសិល្បៈឡើយ ព្រោះថា នាងពិតជាមានសមត្ថភាពខាងចម្រៀងមិនធម្មតាទេ រហូតដល់គ្រូបង្វឹកម្នាក់នៅក្នុងចំណោមគ្រូបង្វឹក 4 រូប ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 1 បានលាន់មាត់ថា «សម្រាប់ខ្ញុំ ប្អូនស្រីមានសម្លេងធម្មជាតិល្អ ច្រៀងមិនប្រឹង មានទឹកដម មានមនោសញ្ចេតនា»៕

  • Iniesta ត្រូវ​បាន​រំពឹង​ថា នឹង​ទៅចូល​រួម​ជាមួយ​ក្លិប​ជ​ប៉ុន Vissel Kobe នៅ​ថ្ងៃ​នេះ

    Iniesta ត្រូវ​បាន​រំពឹង​ថា នឹង​ទៅចូល​រួម​ជាមួយ​ក្លិប​ជ​ប៉ុន Vissel Kobe នៅ​ថ្ងៃ​នេះ

    ខ្សែ​បម្រើ​ជើង​ចាស់ Andres Iniesta បាន​បញ្ជាក់​ថា រូប​គេ​នឹង​ផ្ទេរ​ទៅកាន់​ប្រទេស​ជប៉ុន និង​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចុះហត្ថ​លេខា​ជាមួយ​នឹងក្លិប Vissel Kobe ​នៅថ្ងៃនេះ​។

    Iniesta វ័យ​ 34​ឆ្នាំ បាន​លេង​ក្នុងការ​ប្រកួត​​លើក​ទី​674 ​របស់​គេ និង​ជាលើក​ចុងក្រោយ​របស់​គេ​សម្រាប់​ក្រុម Barcelona ម្ចាស់​ជើង​​ឯក​ក្រប​ខ័ណ្ឌ La Liga កាលពី​​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ពួក​គេ​បាន​ផ្តួល​ក្រុម Real Sociedad ក្នុង​លទ្ធផល 1-០ ក្នុង​ការប្រកួត​ចុងក្រោយ​នៅ​រដូវកាល​នេះ​។ ខ្សែ​បម្រើ​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ បាន​លើក​ពាន​ក្រប​ខ័ណ្ឌ La Liga និង​បាន​​ថ្លែង​សុន្ទរ​ក​ថា​ពីមុខ​អ្នក​គាំទ្ររបស់​ខ្លួន​នា​កីឡដ្ឋាន Nou Camp ក្រោយពី​សំឡេង​កញ្ចែ​បញ្ចប់​ការ​ប្រកួត​។ Iniesta បាន​​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម Twitter កាល​ពី​ល្ងាច​ថ្ងៃ​ពុធ រួម​ជា​មួយ​នឹង​រូប​ថត​នៅលើ​យន្តហោះ​មួយ​គ្រឿង​ជាមួយ​នឹង​លោក Hiroshi Mikitani ប្រធានក្លិប Vissel Kobe ដោយ​សរសេរ​ថា៖ «កំពុង​តែ​ធ្វើ​ដំណើរ​ទៅកាន់​ផ្ទះថ្មី​របស់​ខ្ញុំ ជាមួយ​នឹងមិត្ត​ភ័ក្តិ​របស់​ខ្ញុំ​»​។ ក្លិប Vissel Kobe បាន​ប្រកាស​ពីការ​រៀប​ចំ​សន្និ​សីទ​សារព័ត៌​មានមួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ខណៈ​ដែល​ក្លិប​របស់ក្រប​ខ័ណ្ឌ J-League ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ប្រកាស​ពីការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ខ្សែ​បម្រើ​រូបនេះ​។ ពួក​គេ​បាន​ចុះហត្ថលេខា​ជាមួយ​នឹង Lukas Podolski សមា​ជិក​ឈ្នះពាន World Cup របស់​អាល្លឺ​ម៉ង់ កាល​ពីឆ្នាំ​2017 ហើយ​បើយោង​ទៅ​តាម​រ​បាយ​ការណ៍​ផ្សេង​ៗ ពី​ប្រទេស​អេ​ស្ប៉ាញ ក្លិប Vissel Kobe បាន​យកឈ្នះ​​ក្នុង​ការ​ប្រជែង​ជា​មួយនឹង​ក្រប​ខ័ណ្ឌ​អូ​ស្ត្រាលី A-League ដើម្បី​ចុះ​ហត្ថលេខា​ជាមួយ​នឹង Iniesta​។

    អំឡុង​រយៈពេល​​ 16​ឆ្នាំ​របស់​គេ​ជាមួយ​នឹងក្លិប Barcelona ខ្សែ​បម្រើ​វ័យ​ 34​ឆ្នាំរូបនេះ បាន​ឈ្នះពាន La Liga 9​លើក និង​ពាន Champions League  4លើក​៕

    ប្រភពពី៖ Sky Sports