Category: សង្គម និងសេដ្ឋកិច្ច

  • សំបុត្រពីស្រ្តីជាម្ដាយ ជូនដល់ស្រ្តីជាម្ដាយ “រឿងតូចៗដែលសាងអនាគតកូន”

    សំបុត្រពីស្រ្តីជាម្ដាយ ជូនដល់ស្រ្តីជាម្ដាយ “រឿងតូចៗដែលសាងអនាគតកូន”

    ខ្ញុំមានអាជីពជាម្ដាយគេ និងក៏មិនខុសប្លែកពីស្រ្តីជាម្ដាយដទៃទៀតដែរយើងព្យាយាមក្នុងការសម្របសម្រួលជីវិតការធ្វើការងាររបស់យើងជាមួយនឹងការធ្វើជាម្ដាយគេ។ យើងត្រូវបានធ្វើឱ្យភ័យខ្លាច និងមិនសូវមានទំនុកចិត្តជាប់ជានិច្ចថា តើយើងបានធ្វើខ្លួនជាម្ដាយដែលល្អគ្រប់គ្រាន់ហើយឬនៅ?

    កំណត់ត្រាទាំងឡាយរឹតតែធ្វើឱ្យយើងញាប់ញ័រ មិនថាតែ “ជាងពាក់កណ្ដាលនៃកុមារយើង សព្វថ្ងៃមានសៀវភៅអានមិនដល់3ក្បាលឡើយ” “ឪពុកៗជិតពាក់កណ្ដាល មិនមានពេលវេលាលេងជាមួយកូន” “40%នៃក្មេងតូច ខកខានឱកាសល្អៗក្នុងការអភិវឌ្ឍ” និង “កុមារយើងបច្ចុប្បន្នមាន IQ ទាបជាងកម្រិតស្តង់ដារ”។

    ព័ត៌មានទាំងអស់នេះធ្វើឱ្យយើងត្រៀមខ្លួនជាស្រេចក្នុងការតស៊ូដើម្បីក្លាយជាម្ដាយដ៏ល្អ តែក៏ចង់លើកទង់ជ័យសចុះចាញ់ម្ដងម្កាលដែរ ​ព្រោះមិនមានជំនួយ… ឬមួយក៏ដល់ពេលត្រូវទទួលស្គាល់ការពិតហើយថា ការចិញ្ចឹមកូនក្នុងសង្គមបែបនេះ ពិតជាលំបាកមែនទែន?

    ខ្ញុំបានដឹងពីលោកគ្រូពេទ្យជំនាញម្នាក់ដែលគាត់តែងតែបញ្ជាក់ប្រាប់ដដែលៗថា ការចិញ្ចឹមក្មេង សំខាន់បំផុតក្នុងអំឡុងបីឆ្នាំដំបូង។ ក្មេងនឹងសាងខ្លួនឯង និងជឿទុកចិត្តពិភពលោកមួយនេះតាមរយៈការទទួលបានសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងគ្រប់គ្រាន់… ត្រូវហើយ! ខ្ញុំដឹង អ្នកក៏ដឹង តែបញ្ហាសេដ្ឋកិច្ចគ្រួសារបានរឹតរួតយើងឱ្យនៅជាប់នឹងកៅអីធ្វើការ ហើយយើងត្រូវជួលមនុស្សម្នាក់មកចិញ្ចឹមមើលថែដំណក់ឈាមរបស់ខ្លួនឯង…​ ពិភពលោកគឺដូច្នេះឯង ហើយតួនាទីរបស់យើងគឺត្រូវតែទទួលយកបែបហ្នឹង។

    ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតគឺ អង្គប្រកបផ្សេងៗរបស់ស្ថានភាពជុំវិញខ្លួនមានភាពសំខាន់បំផុត គឺបើឱ្យកុមារធំធាត់ឡើងដោយខ្លួនឯង សក្ដានុពលរបស់គេនឹងថយចុះ30%… តួលេខនេះ គឺជាភាពធ្ងន់ធ្ងរមួយដែលអ្នកម្ដាយគ្រប់រូបត្រូវទទួលបន្ទុក។

    ក្នុងឋានៈជាម្ដាយ ខ្ញុំដឹងច្បាស់ណាស់ថា ម្ដាយគ្រប់រូបចង់ឱ្យកូន “ពូកែ ល្អ ឆ្លាត” ពាក្យបីម៉ាត់នេះគឺ ភាពសាកល្បង។ ទោះជាហត់នឿយប៉ុនណា បើមិនបានអានរឿងនិទានមុនពេលគេងឱ្យកូនស្ដាប់ យើងនឹងក្លាយជាម្ដាយដែលមិនបានការភ្លាមតែម្ដង ព្រោះលុយកាក់មិនមានន័យស្មើនឹងពេលវេលា និងការយកចិត្តទុកដាក់ចំពោះកូនៗឡើយ។ ការចាប់ផ្ដើមធ្វើដោយដៃទាំងពីររបស់ម្ដាយ គឺជារឿងតូចមួយដែលជួយជំរុញវិវឌ្ឍនាការរបស់កូនបានល្អបំផុត។ យើងគ្រប់គ្នាគួរតែបានដឹងពីវិធីការសាងវិវឌ្ឍនាការដល់កូន។

    ចេះគិត ចេះធ្វើការ ចេះរៀនសូត្រ ចេះដោះស្រាយបញ្ហា ចេះរស់នៅជាមួយអ្នកដទៃ និងអ្វីដែលសំខាន់បំផុតគឺ “ចេះមានសេចក្តីសុខ” ពាក្យចុងក្រោយគេនេះ ជាពាក្យដែលសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំខ្លាចមែនទែន ខ្លាចកូនមិនដឹងពីវិធីមានសេចក្ដីសុខក្នុងពិភពលោកដែលកាន់តែពិបាករស់នៅទៅដូចសព្វថ្ងៃ។

    មួយទៀត ការបន្ថែមជំនាញផ្នែកភាសា ក៏ជារឿងដែលមិនគួរមើលរំលងដែរ ដូច្នេះអ្វីដែលសំខាន់គឺ “ការអានសៀវភៅ”។

    លោកគ្រូពេទ្យខាងលើបន្ថែមថា “រឿងចាំបាច់ចំពោះការជំរុញវិវឌ្ឍនាការរបស់កុមារគឺ សេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ ស្ថានភាពជុំវិញខ្លួនដែលល្អ អានសៀវភៅ និងកន្លែងក្មេងលេង” គាត់បន្តថា របស់លេងនៅក្នុងកន្លែងក្មេងលេង សំខាន់ស្មើនឹងសៀវភៅ​ដែរ។ ខួរក្បាលរបស់កុមារ ជាមួយនឹងការអានក្នុងអំឡុង3ដំណាក់កាលនឹងអភិវឌ្ឍសន្សឹមៗតាមលំដាប់ ចាប់ផ្ដើមពីការរៀនអានដើម្បីូការរៀនយល់ដឹង រៀនយល់ដឹងពីជំនាញការអាន រហូតទៅដល់អានបានដោយខ្លួនឯងដើម្បីការរៀនយល់ដឹងបន្ត។

    ការជ្រើសរើសសៀវភៅដែលមានពាក្យចុងជួន មិនចាំបាច់មានអត្ថន័យខ្លឹមសារឱ្យគិតច្រើន មានសំឡេងឡើងចុះ នឹងធ្វើឱ្យខួរក្បាលរបស់កុមារបើកទទួលយកកាន់ងាយស្រួលឡើង… អីុចឹងតើ! បានជាកូនតូចរបស់ខ្ញុំសើចក្អាកក្អាយគ្រប់ពេលដែលម្ដាយធ្វើសំឡេងឡើងចុះ ឬអានរឿងនិទានដែលមើលទៅដូចជាគ្មានន័យអ្វីទាំងអស់ឱ្យស្ដាប់។ ការអភិវឌ្ឍខួរក្បាលជារឿងសំខាន់ក៏ពិតមែន តែការសម្រាកខួរក្បាលក៏សំខាន់មិនចាញ់គ្នាប៉ុន្មានដែរ ហើយនេះអាចជាលេសមួយដែលអាចឱ្យម្ដាយៗដូចរូបយើងរកពេលសម្រាក និងបានធ្វើការងាររបស់ខ្លួនខ្លះ ព្រោះវាប្រហែលជាដូចដែលគេនិយាយមែនហើយថា ម្ដាយដែលមានសេចក្ដីសុខ នឹងសាងកូនដែលមានសេចក្ដីសុខបានដូចគ្នា។ សូមជួយជាកម្លាំងចិត្តដល់អ្នកម្ដាយគ្រប់រូបយ៉ាងមុតមាំ ហើយយើងនឹងឆ្លងកាត់សមរភូមិនៃការចិញ្ចឹមមើលថែកូនទៅជាមួយគ្នា…៕

    ពីខ្ញុំ ស្រ្តីជាម្តាយម្នាក់

  • Real Madrid ព្រមាន​ថា Gareth Bale នឹងត្រូវ​លក់​ក្នុងតម្លៃ​ខ្លួន 2០០លាន​ផោន

    Real Madrid ព្រមាន​ថា Gareth Bale នឹងត្រូវ​លក់​ក្នុងតម្លៃ​ខ្លួន 2០០លាន​ផោន

    ក្លិប Real Madrid បានធ្វើការ​ព្រមាន​ដល់​ក្លិបធំៗទាំងឡាយ​ថា ខ្លួន​ចង់បាន​តម្លៃ​ខ្លួន​ចំនួន 2០០លាន​ផោន (ស្មើនឹង 266លាន​ដុល្លារ​អាមេរិក) សម្រាប់ Gareth Bale។

    ការដាក់​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​នេះ នឹង​ក្លាយជា​ការខកចិត្ត​ដ៏​ធំ​មួយ​សម្រាប់ Manchester United ដែល​កំពុងតែ​ត្រៀមលក្ខណៈ​រួចរាល់​ជាមួយនឹង​សំណើ​ដេញថ្លៃ​ចំនួន 7០លាន​ផោន សម្រាប់​តារា​ឆ្នើម​អន្តរជាតិ​វេ​លស៍ វ័យ 28ឆ្នាំ​រូបនេះ។

    Bale បាន​ចំណាយពេល​ភាគច្រើន​នៃ​រដូវ​កាល​នេះ ក្នុងនាម​ជា​កីឡាករ​បម្រុង​សម្រាប់ Real ប៉ុន្តែ​បានក្លាយ​ជាតា​រា​ឆ្នើម​ប្រចាំ​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ផ្តាច់ព្រ័ត្រ ពោលគឺ​ក្នុងពេលដែល​ក្រុម​គេ​បាន​ផ្តួល​ក្រុម Liverpool តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​ល្អ​ចំនួន 2គ្រាប់​របស់គេ។

    ក្រុម​ដ៏​ធំ​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការមិន​អនុញ្ញាតឱ្យ Gareth Bale ចាកចេញ​ក្នុងតម្លៃ​ខ្លួន​ដ៏​ទាប​ឡើយ។ ក្រុម Man United របស់លោក Jose Mourinho នឹង​ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ការរៀបចំ​រចនាសម្ព័ន្ធ​នៃ​កញ្ចប់​ថវិកា​របស់​ពួកគេ​នា​កីឡដ្ឋាន Old Trafford ដើម្បី​នាំយក  Bale ខណៈដែល​ខ្សែប្រយុទ្ធ​អន្តរជាតិ​វេ​លស៍​រូបនេះ​ទទួលបាន​ចំណូល 65ម៉ឺន​ផោន ក្នុង​មួយ​សប្តាហ៍​ស្រាប់​ហើយ នា​កីឡដ្ឋាន Bernabeu។

    Bale បានចេញ​ការអំពាវនាវ​មួយ​ថា «មក ហើយ​យក​ខ្ញុំ​ទៅ!» ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការ​ស៊ុត​បាល់​បក​រំលង​ក្បាល ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 3-1 លើ​ក្រុម Liverpool ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ផងដែរ៕

    ប្រភពពី៖ Daily Star

  • អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​របស់ Real តម្រង់​ជួរ​តាម​ដងផ្លូវ អបអរ​ការ​ឈ្នះ​ពាន Champions League

    អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​របស់ Real តម្រង់​ជួរ​តាម​ដងផ្លូវ អបអរ​ការ​ឈ្នះ​ពាន Champions League

    ពិធីជប់លៀងផ្សេងៗ បាន​បន្ត​រហូតដល់​ថ្ងៃអាទិត្យ ខណៈដែល​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​របស់​ក្រុម Real Madrid បាន​ចេញមក​អបអរសាទរ​ការទទួល​ជ័យជម្នះ​របស់​ក្រុម​របស់​ពួកគេ​ក្នុង​លទ្ធផល 3-1 លើ​ក្រុម Liverpool និង​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League ចំនួន 3លើកជាប់ៗគ្នា។

    MADRID, SPAIN – MAY 27: Real Madrid fans wait for their team to celebrate their trophy at Cibeles Square a day after winning their 13th European Cup and UEFA Champions League Final on May 27, 2018 in Madrid, Spain. (Photo by Gonzalo Arroyo Moreno/Getty Images)

    Gareth Bale បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ដើម្បី​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​គ្រាប់​បាល់ 1គ្រាប់​ក្នុងចំណោម​គ្រាប់​បាល់​ដ៏​អស្ចារ្យ​បំផុត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ផងដែរ ខណៈដែល​ក្រុម Real Madrid បាន​ផ្តួល​ក្រុម Liverpool ក្នុង​ទីក្រុង​កៀវ កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ឈ្នះ​ពាន​នេះ​ជា​លើក​ទី 3ជាប់​គ្នា។

    ការ​ស៊ុត​បាល់​បក​រំលង​ក្បាល​របស់ Bale នៅ​នាទី​ទី៦៤ បាន​ជួយ​ឱ្យ​ក្រុម Real នាំមុខ 2-1 ភ្លាមៗ ក្រោយពី​ចូល​លេង​ក្នុងពេល​ចាប់ផ្តើម​មិនបាន​ល្អ​នៅ​ដើមតង់​ទី2 ខណៈ Karim Benzema បាន​ជួយ​ឱ្យ​ក្រុម Real មាន​គ្រាប់​នាំមុខ​មុន ដោយសារតែ​ការធ្វេសប្រហែស​របស់​អ្នកចាំទី Loris Karius។

    ខ្សែប្រយុទ្ធ Sadio Mane បា​នរក​គ្រាប់​បាល់​តាម​ស្មើ​ក្នុង​រយៈពេល​ដ៏​ខ្លី ប៉ុន្តែ Bale បាន​ជួយ​ឱ្យ Real នាំមុខ​ម្តងទៀត ហើយ​បន្ទាប់មក​ទើប​បំពេញ​ជ័័យជម្នះ​របស់​ក្រុម​ខ្លួន​ជាមួយនឹង​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​ដែល​ធ្វើឱ្យ Karius បានត្រឹមតែ​អាច​ដាល់​បាល់​ឱ្យចូល​ទី​ខ្លួនឯង​ប៉ុណ្ណោះ។

    អ្នកគាំទ្រ​ម្នាក់​បានឱ្យដឹងថា៖ «នេះ​គឺជា​ក្រុម​ដ៏​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ នេះ​នឹងមិន​កើតឡើង​ម្តង​ទៀតឡើយ។ យើង​គឺជា​ក្រុម​ខ្លាំង​បំផុត»៕

    ប្រភពពី៖ Sport24

  • តារាស្រី សុភ័ក្រ កុសុម៉ា ត្រូវចោរឆក់ទូរស័ព្ទនៅម្ដុំបរិវេណអគារ Exchange Square

    តារាស្រី សុភ័ក្រ កុសុម៉ា ត្រូវចោរឆក់ទូរស័ព្ទនៅម្ដុំបរិវេណអគារ Exchange Square

    មុននេះបន្ដិច តារាចម្រៀង និងជាពិធីការិនិ សុភ័ក្រ កុសុម៉ា ត្រូវបានចោរឆក់ទូរស័ព្ទដៃ Iphone 7+ ព័ណ៌ក្រហម ពីដៃប្អូនស្រីរបស់នាង នៅម្ដុំបរិវេណអគារ Exchange Square ដែលធ្វើឱ្យនាងភ័យគាំងបេះដូង រកនិយាយអ្វីមិនចេញ ។ នាងបានប្រាប់នៅក្នុងវេដេអូថា នៅក្នុងទូរស័ព្ទរបស់នាង មានឯកសារសំខាន់ការងារច្រើន ដែលមានផ្ទុក ដោយនាងមិនបានចាំអំពីការបិទ ICloud ឬក៏អត់នោះទេ។

    តារាស្រីពូកែវោហារូបនេះ បានបញ្ជាក់នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកខ្លួនមុននេះថា « ចោរឆក់ទូរស័ព្ទបាត់ហើយ អស់ហើយរូបថតឯកសារ បើមានគេយកទៅលក់ជួយប្រាប់នាងខ្ញុំផង iphone7plus ពណ៌ក្រហម ប្រុសនឹងជិះម្នាក់ឯងរាងស្គម ខោជើងប្រផេះ អាវដៃវែងក្រឡា ជិះស្មាស់ក្រហម ។ សូមអរគុណបងប្អូនបើបានឃើញជួយប្រាប់ផងនាងខ្ញុំមានសាគុណជូន »។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ពីព័ត៌មាននេះ សូមទស្សនាវីដេអូរបស់តារាស្រី សុភ័ក្រ កុសុម៉ា ខាងក្រោមនេះ៖

  • ម្ដាយតារាចម្រៀងស្រី ស៊ឹម ថៃណា ទទួលមរណភាពហើយ

    ម្ដាយតារាចម្រៀងស្រី ស៊ឹម ថៃណា ទទួលមរណភាពហើយ

    មុននេះបន្តិចនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានឱ្យដឹងថា ម្តាយតារាចម្រៀង ស៊ឹម ថៃណា បានទទួលមរណភាពទៅហើយ ដោយតារាចម្រៀងស្រីប្រចាំផលិតកម្ម M រូបនេះ បានបង្ហោះរូភាព និងកាន់ទុក្ខយ៉ាងក្រៀមក្រំដោយការផ្លាស់ប្ដូររូបភាពនៅលើប្រូហ្វាលហ្វេសប៊ុករបស់ខ្លួនដាក់រូបភាពកាន់ទុក្ខអ្នកម្តាយ និងបានសរសេរលើរូបថា «មរណភាពអ្នកម្តាយ ថ្ងៃទី26 ខែឧសភា ឆ្នាំ2018»។

    ប្រភពពីមិត្តស្និទ្ធស្នាលជាមួយតារាស្រីរូបនេះ ក៏បានចូលបញ្ចេញមតិបញ្ជាក់ទៀតថា «ថ្ងៃនេះមិត្តរួមអាជីពរបស់ខ្ញុំបានមានទុក្ខជាទំងន់ដោយម្តាយរបស់គាត់បានលាចាកលោកហើយដោយសារជំងឺរ៉ារ៉ៃ ក្នុងនាមខ្ញុំជាមិត្តរបស់គាត់សូមចូលរួមរំលែកទុក្ខ ហេីយនាងខ្ញុំក៏សូមអអញ្ចើញមិត្តសិល្បៈរួមអាជីពកុំភ្លេចទៅជួយចូលរួមផ្តល់ជាកម្លាំងចិត្តដល់សិល្បការិនីរបស់យើងគឺកញ្ញា ស៊ឺម ថៃណា ដែរកំពុងតែមានទុក្ខជាខ្លាំង»។

    គួរំឭកផងដែរថា ក្រោយពីការខិតខំអស់ពីលិទភាពរបស់ក្រុមគ្រូពេទ្យហើយ ក៏បានប្រាប់ឲ្យនាង និងក្រុមគ្រួសារត្រៀមចិត្តពីអាការជំងឺក្រលៀន និងបេះដូងរបស់ម្តាយបាត់ទៅហើយ។ នៅពេលឃើញសភាពម្តាយរបស់ខ្លួនពិបាកទ្រាំពេលជំងឺធ្វើទុក្ខ​ បានធ្វើឱ្យថៃហូរទឹកភ្នែកអាណិតម្តាយខ្លាំង តែមិនដឹងថាត្រូវជួយយ៉ាងម៉េច។ តែជាអកុសលនៅថ្ងៃ ម្ដាយរបស់ ថៃណា បានលាចាកលោកនេះបាត់ទៅហើយ។ ពីក្រុមការងារទស្សនាវដ្តី ឡារ៉ែន សូមចូលរូមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះ សូមឧទ្ទិសឱ្យវិញ្ញាណក្ខន្ធ អ្នកម្ដាយរបស់ ស៊ឹម ថៃណា អញ្ជើញទៅកាន់សុគតិភព ៕

  • យុវជន​ជាច្រើន ជ្រើសរើស​ជំនាញ​ខុស​សម្រាប់​អនាគត

    យុវជន​ជាច្រើន ជ្រើសរើស​ជំនាញ​ខុស​សម្រាប់​អនាគត

    សិក្សា​ត្រូវ​តាម​ចំណូលចិត្ត និង​ទីផ្សារ ជា​ចំណុច​ល្អ​មួយ​ដែល​អ្នកជំនាញ​ផ្នែក​អប់រំ​ជាច្រើន​បាន​ផ្តល់យោបល់ តែ​ទន្ទឹមនឹងនោះ យើង​ឃើញថា​មាន​យុវជន​ជាច្រើន​បានដឹង​ពី​តម្រូវការ​របស់ខ្លួន​ឯង តែ​មើល​ខុសពី​តម្រូវការ​ទីផ្សារ​ទៅវិញ។ បញ្ហា​ប្រឈម​មួយ​នេះ​បានធ្វើឱ្យ​និស្សិត​ភាគច្រើន​មានការ​ខកចិត្ត​នៅពេលដែល​ពួកគេ​បានបញ្ចប់​ការសិក្សា ព្រោះ​ក្រោយពេល​បញ្ចប់​ការសិក្សា គាត់​មិនអាច​រក​ការងារ​តាម​ការរំពឹងទុក​រប​ស់​គាត់​បាន។

    លោក ហួ តុលា នាយក​គ្រប់គ្រង​កម្មវិធី​តស៊ូ​មតិ The Perspectives Cambodia បាន​លើកឡើងថា​យុវជន​មួយចំនួន​បានចាប់ផ្តើម​ស្គាល់​ទីផ្សារការងារខ្លះៗហើយ តែ​អ្វី​ដែលជា​កត្តា​ប្រឈម​សម្រាប់​ពួកគេ​គឺ​គេ​មើល​ខុសពេល​វេលា។ និស្សិត​មួយចំនួន​មើលឃើញ​ជំនាញ​ខ្លះ​សម្បូរ​ការងារ​ធ្វើ​ក៏​ចាប់ផ្តើម​ចូលរៀន ច្រើន​គ្នា ខណៈ​គំនិត​នេះ​មិន​ប្រាកដថា​ធ្វើ​ឱ្យគេជោគជ័យ​នោះទេ ព្រោះថា​ទម្រាំ​រៀន​ចប់​ពួកគេ​ចំណាយ​ពេលវេលា​យ៉ាងហោចណាស់ 4ឆ្នាំ ហើយ​អាជីព​ដែល​ពួកគេ​សម្លឹង​ឃើញ​នោះ អាច​នឹង​លែងមាន​តម្រូវការ​ខ្ពស់​ក៏មានដែរ។ កត្តា​ទាំងនេះ ជា​ចំណុច​ប្រឈម​មួយ​ដែល​និស្សិត​ភាគច្រើន​ជួបប្រទះ​និង​ទាមទារ​ឱ្យ​ពួកគេ​មាន​ការគិត​ឱ្យបាន​ស៊ីជម្រៅ​ដើម្បី​សម្រេច​នូវ​ក្តី​ប្រាថ្នា​ក្នុង​ជីវិត​លើ​អាជីព​ការងារ។

    លោក ហួ តុលា បាន​និយាយថា៖ “សិស្ស និស្សិត​គួរ​តាមដាន​ការអភិវឌ្ឍ​សង្គម និង​ព្យាយាម​ស្វែងយល់​ពី​ព័ត៌មានថ្មីៗដើម្បី​បានដឹងថា​តើ​សង្គមរបស់​យើង​បាន​អភិវឌ្ឍ​ដល់​ដំណាក់កាល​ណាខ្លះ​ហើយ និង​អ្វី​ជា​តម្រូវការ​ពិតប្រាកដ​នៅ​ថ្ងៃ​អនាគត។

    ស្ថាបនិក​កម្មវិធី​តស៊ូ​មតិ​សម្រាប់​យុវជន​ខាងលើ​បានលើកឡើង​ផងដែរ​ថា ប្រសិនបើ​យើង​ចង់​មើល​ពី​តម្រូវការ​ទីផ្សារ យើង​គួរ​មើល​នៅពេល​អនាគត​ខាងមុខ ហើយ​ជាធម្មតា​អ្នក​ដែល​យល់ដឹងពី​ស្ថានការណ៍​វិជ្ជមាន​ច្រើន​អាច​ទទួលបាន​ភាពជោគជ័យ​ក្នុង​អាជីព​ការងារ​ច្រើនជាង​អ្នក​ដែល​សិក្សា​តាម​គ្នា ឬ​សិក្សា​ដោយ​មើល​ឃើញតែ​ពី​តម្រូវការ​ការងារ​ក្នុង​រយៈពេល​ខ្លី។ លោក​បានបញ្ជាក់​ផងដែរ​ថា ការជ្រើសរើស​ជំនាញ​សិក្សា​ជា​ដំណាក់កាល​សំខាន់​មួយ ហើយ​ការសិក្សា​ជំនាញ​មិន​ត្រឹមត្រូវ​ក៏​អាចធ្វើឱ្យ​យើង​ខាតបង់​ពេលវេលា ថវិកា និង​កម្លាំងកាយ​ចិត្ត​ផងដែរ ហេតុនេះ​ការសម្រេច​ជ្រើស​យក​ជំនាញ​ណាមួយ​យ៉ាងច្បាស់​លាស់​មុនពេល​ចូល​សិក្សា​ជា​ចំណុច​ល្អ​បំផុត​ដែល​យុវជន​គ្រប់គ្នា​អាចធ្វើ​បាន។

    លោក ម៉ៅ គង្គា ស្ថាបនិក​កម្ម​វី​ធី អាន​ន្ត ដែលជា​កម្មវិធី​រៀបចំ​សិក្ខាសាលា​ស្តីពី​ការ​រើស​ជំនាញ​ធំ​ប្រចាំឆ្នាំ​បានលើកឡើង​ថា នៅពេល​បច្ចុប្បន្ននេះ យើង​ឃើញ​ហើយ​ថា មាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន​បាន​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ហើយ​ការងារ​ក៏មាន​លក្ខណៈ​ទូលាយ​ខ្លះ​ដែរ តែ​អ្វី​ដែលជា​ចំណុច​ប្រឈម​នោះ​គឺ​ការងារ​ដែលមាន​តម្រូវការ​តិច​មាន​មនុស្ស​រៀន​ច្រើន ហើយ​ការងារ​ដែលមាន​ទីផ្សារ​ទូលាយ​បែរជា​ខ្វះ​មនុស្ស​ធ្វើការ​ទៅវិញ។

    ជាក់ស្តែង​ដូច​យើង​បានឃើញ​ហើយ​ថា វិស័យ​សំណង់ និង​ឧស្សាហ​កម្មបាន​រីកចម្រើន​ខ្លាំង ហើយ​ត្រូវការ​បុគ្គលិក​ជំនាញ​ដើម្បី​ធ្វើ​ការងារ តែ​អ្នក​ដែល​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ និង​វិស្វកម្ម​មាន​ចំនួន​មិន​ច្រើន​ឡើយ តែ​អ្នក​ដែល​សិក្សា​លើ​ផ្នែក​គ្រប់គ្រង​បែរជា​មាន​ចំនួន​ច្រើន​ខ្លាំង​ទៅវិញ។

    លោក ម៉ៅ គង្គា បាន​និយាយថា៖ “នៅពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត យើង​ឃើញថា អាជីព​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ជា​វិស័យ​ដែលមាន​តម្រូវការ​ខ្ពស់ ហើយ​ភាគី​ពាក់ព័ន្ធ​ដែលមាន​ដូចជា​ក្រសួង​អប់រំ និង​ស្ថាប័ន​ជាច្រើន​ទៀត​ក៏​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ជំរុញឱ្យមាន​ការសិក្សា​លើ​ជំនាញ​នេះដែរ តែ​ចំនួន​យុវជន​មួយចំនួន​ហាក់ដូចជា​មិនទាន់​យកចិត្តទុកដាក់​ខ្លាំង​នៅឡើយ។

    លោក ម៉ៅ គង្គា បានលើកឡើង​ផងដែរ​ថា​ចំណុច​ដែល​យុវជន​កម្ពុជា​គួរ​ចាប់អារម្មណ៍​មួយទៀត​គឺ​ជំនាញ​បច្ចេកទេស (TVET) ព្រោះ​ជំនាញ​នេះ អាច​នឹង​នៅតែមាន​ទីផ្សារ​ខ្ពស់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ព្រោះ​គម្រោងសំខាន់ៗចេះតែ​បន្ត ខណៈ​ប្រទេស​ក៏​កំពុង​អភិវឌ្ឍ​ទៅមុខ​ដែរ។ ទីក្រុង​ត្រូវការ​ការអភិវឌ្ឍ ហើយ​នៅពេល​ដែលមាន​គម្រោង​ស្ថាបនាសំខាន់ៗកើតឡើង​យើង​ត្រូវការ​ធនធានមនុស្ស​គ្រប់ផ្នែក ដែល​ក្នុងនោះ​មធ្យម​បច្ចេកទេស​ក៏​ជា​ផ្នែក​ដែល​កំពុង​ខ្វះ​ធនធានមនុស្ស​មួយ​ដែរ ហេតុនេះ​ប្រសិនបើ​យុវជន​ចាប់អារម្មណ៍ ជំនាញ​នេះ​អាចជា​ជម្រើស​ល្អ។ ថ្វីដ្បិតតែ​វា​មិនមែនជា​ជំនាញ​នៅក្នុង​ម៉ាស៊ីនត្រជាក់ តែ​វា​ជា​ជំនាញ​ដែល​អាចជួយ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ ហើយ​អាចជួយ​សង្គម​ឱ្យ​កាន់តែ​មានការ​អភិវឌ្ឍ​កាន់តែ​លឿន។

    ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ STEM បាន​បង្ហាញថា ជំនាញ STEM ជា​ជំនាញ​ដែលមាន​តម្រូវការ​ខ្ពស់​ក្នុង​រយៈពេល 10ឆ្នាំ​ទៀត ហើយ​ជំនាញ​នេះ​អាច​នឹងមាន​សក្តានុពល​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារការងារ​ក្នុង​តំបន់​អាស៊ាន​ថែម​ទៀតផង ព្រោះថ្មីៗនេះ​អាស៊ាន​បាន​ជំរុញ​ឱ្យ​ប្រទេស​ជា​សមាជិក​របស់ខ្លួន​ព្យាយាម​ជំរុញ​ឱ្យ​ទីក្រុងសំខាន់ៗរបស់ខ្លួន​ឱ្យក្លាយ​ជាទី​ក្រុង​ឆ្លាត​វៃ (Smart City) ដែល​ត្រូវការ​បច្ចេកវិទ្យា​ខ្ពស់៕

  • Salah៖ ការមិន​អាត្មានិយម គឺជា​កូនសោ​សម្រាប់​ខ្សែប្រយុទ្ធ​ទាំង3 របស់ Liverpool

    Salah៖ ការមិន​អាត្មានិយម គឺជា​កូនសោ​សម្រាប់​ខ្សែប្រយុទ្ធ​ទាំង3 របស់ Liverpool

    ខ្សែប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល Mohamed Salah របស់​ក្រុម Liverpool បាន​ទទួលស្គាល់ថា វា​នឹង​ក្លាយជា «សុបិន​ក្លាយ​មួយ» ក្នុងការ​បំពេញ​រដូវ​កាល​ទី1 ដ៏​អស្ចារ្យ​របស់គេ​នា​កីឡដ្ឋាន Anfield តាមរយៈ​ការបញ្ចប់​ការគ្រប់គ្រង​របស់ Real Madrid ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប ក្នុងការ​ប្រកួត Champions League វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​សៅរ៍​នេះ។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា Salah បាន​បញ្ជាក់ថា រូបគេ​នឹង​រីករាយ ប្រសិនបើ  Roberto Firmino ឬ Sadio Mane រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ដែល​នឹង​ជួយ​ឲ្យ​ក្រុម​ហង្ស​ក្រហម​របស់​ពួកគេ ឈ្នះ​ពាន​កំពូល​អឺរ៉ុប ជា​លើក​ទី៦របស់​ពួកគេ។ Salah បានឈ្នះ​ពាន​កិត្តិយស​ជា​បន្តបន្ទាប់ ខណៈដែល​រូបគេ​រកបាន44គ្រាប់ ក្នុងចំណោម​គ្រាប់​បាល់​សរុប​ទាំង៩០ដែល​ខ្សែប្រយុទ្ធ​ទាំង៣របស់​ក្រុម Liverpool រកបាន​នៅ​រដូវ​កាល​នេះ។ ប៉ុន្តែ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក៏បាន​កើតឡើង​ច្រើន​ផងដែរ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League។

    Salah បាន​ប្រាប់​គេហទំព័រ UEFA.com ថា៖ «វា​មិនមាន​បញ្ហា​នោះឡើយ​ចំពោះ​កីឡាករ​រូប​ណា​ដែល​រកបាន​គ្រាប់​បាល់​បញ្ចូល​ទីនោះ។ ការ​ឈ្នះ​ការប្រកួត ការដណ្តើម​បាន​ពិន្ទុ នោះ​គឺជា​រឿង​ដ៏​សំខាន់បំផុត​សម្រាប់​យើង ពីព្រោះ​ដូចដែល​អ្នក​អាច​ឃើញស្រាប់​ហើយ ខ្ញុំ​បាន​ស៊ុត​បាល់​បញ្ចូល​ទី10គ្រាប់ ក្នុង​ក្របខ័ណ្ឌ Champions League កីឡាករ Sadio រកបាន9គ្រាប់ ហើយ Firmino រកបាន 10គ្រាប់ ហេតុនេះ យើងទាំងអស់គ្នា​មាន​កម្រិត​ដូចគ្នា»។

    តារា​ឆ្នើម​អន្តរជាតិ​អេ​ហ្ស៊ី​ប​រូបនេះ​បាន​បន្ថែមទៀតថា៖ «គ្មាន​នរណាម្នាក់​នៃ​យើង មាន​ភាព​អាត្មានិយម ឬ​ចង់តែ​ស៊ុត​បាល់​បញ្ចូល​ទី​ឡើយ។ យើង​ព្យាយាម​ជួយ​គ្នា​ទៅវិញទៅមក​ដើម្បី​រកបាន​គ្រាប់​បាល់»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

    ប្រភពពី៖ Channel News Asia

  • ប្រយ័ត្ន! កូនរៀនច្រើន អាចកើតជំងឺ “គិតដដែលៗ ធ្វើដដែលៗ”

    ប្រយ័ត្ន! កូនរៀនច្រើន អាចកើតជំងឺ “គិតដដែលៗ ធ្វើដដែលៗ”

    អាការ​នៃជំងឺ “គិតដដែលៗ ធ្វើដដែលៗ” ជា​អាការ​ដែល​អ្នក​មិន​ធ្លាប់​សង្កេត​ខ្លួនឯង​ថា កំពុងតែ​កើត ឬ​មិន​បានកើត រហូតដល់​មនុស្ស​នៅ​ជុំវិញខ្លួន​អ្នកជា​អ្នក​ប្រាប់​នូវ​សញ្ញាប្លែកៗ ដែល​អ្នក​បាន​បញ្ចេញ​មក​ខាងក្រៅ​ឱ្យបាន​ឃើញ។ នាពេលបច្ចុប្បន្ន​នេះ ការប្រកួតប្រជែង​គឺមាន​ច្រើនយ៉ាង ជាពិសេស​នៅក្នុង​វ័យ​សិក្សា កូនៗរបស់​អ្នក​ក៏ត្រូវចូលរួមនៅក្នុង​ការប្រកួតប្រជែង​នានាជាច្រើនផងដែរ ហើយ​រាល់​កិច្ច​ការសាលា​ដែល​គ្រូ​បានដាក់​ឱ្យធ្វើ​ ពួកគេក៏​ព្យាយាម​ចង់ទទួលបាន​ពិន្ទុ​ល្អ​ផងដែរ។ ការប្រើ​កម្លាំង​ខួរក្បាល​ច្រើនទទួលស្គាល់ថា មានគុណ​ប្រយោជន៍​ចំពោះ​ការសិក្សា តែ​មានផលល្អចំពោះកូនៗ​ដែលមាន​សុខភាព​ល្អ​តែ​ប៉ុណ្ណោះ។ ចំពោះក្មេង​ដែលមាន​សុខភាព​ខួរក្បាល​មិនសូវ​ល្អឬ​មានការ​ចង់ចាំ​មិនសូវ​ល្អ អ្នកក៏​មិនអាច​បង្ខំកូនៗ​ឱ្យ​រៀន​ច្រើន​បានដែរ ព្រោះវាអាចផ្តល់នូវផលអវិជ្ជមានត្រឡប់មកវិញ។ តើផលអវិជ្ជមានទាំងនេះមានលក្ខណៈដូចម្តេចខ្លះ? សូមស្វែងយល់ទាំងអស់គ្នា។

    កូនៗរបស់​អ្នក​អាច​កើតមាន​អាការ​ជំងឺ “គិតដ​ដែល ធ្វើ​ដ​ដែល” ឬ​ភាសា​អង់គ្លេស​ហៅថា OCD​ (Obsessive Compulsive Disorder) គឺជា​ជំងឺ​ដែល​កើតចេញពី​ការគិត​ខុស តាមរយៈ​ផ្លូវ​គំនិត​នៃ​បុគ្គលភាព ដែល​អាច​កើតឡើង​បាន​គ្រប់​វ័យ គ្រប់​ភេទ ដោយ​ទទួលរង​នូវ​ការប៉ះពាល់ខ្លាំងខាងផ្នែក​ប្រព័ន្ធ​ប្រសាទ ហ្ស៊ែ​ន បរិស្ថាន​ជុំវិញខ្លួន និង​ហេតុការណ៍​រន្ធត់​កើតមាន​ក្នុងការ​ចងចាំនៃ​រឿងរ៉ាវ​ពី​អតីតកាល។

    អ្នក​អាចធ្វើ​ការសង្កេត​លក្ខណៈ​ខុសប្លែក​របស់​កូន​ៗរបស់អ្នកថាកំពុងកើត​ជំងឺ​នេះ បាន​តាមរយៈ​លក្ខណៈខាងក្រោម​នេះ៖

    1. ការគិត​ដដែលៗ
    • ភាគច្រើន​ស្ដែង​ចេញពី​ការគិត​រឿង​តូចតាច រឿង​មិនគួរ​គិតតែ​ភ័យខ្លាច​រហូតដល់​ថ្នាក់រ​វើរ​វាយ​ជាដើម។
    • ខ្លាច​វត្ថុ​អ្វីមួយ​ដែលនាំឱ្យ​គិត​ច្រើន រហូតដល់​ខ្លាច​កាន់តែខ្លាំងឡើង។ ខ្លះទៀត​អាច​កើត​អាការ​វិកល​ក៏មាន​ដែរ។
    • នៅក្នុង​ខួរក្បាល​អាចគិត​តែ​រឿង​ដែល​មិន​សមរម្យ ដូចជា រឿង​សាសនា សីលធម៌ ផ្លូវភេទ និង​ក្ដីកង្វល់​ជ្រុលជាដើម។
    • កើតមាន​អាការ​ហួងហែង​របស់​ផ្ទាល់ខ្លួន​ខ្លាំងហួសហេតុពេក។
    • រ​វើ​រ​វាយ​ដល់​តែ​រឿង​ដែល​គួរឱ្យ​ភ័យខ្លាច​ ហើយមានពេលខ្លះ​ស្រែក​ឡើង​ខ្លាំងៗ​នៅពេល​យប់​ជាដើម។
    • មានគំនិត​ធ្វើ​អាក្រក់​ចំពោះ​អ្នកដទៃ ឬ​ខ្លួនឯង​នៅពេល​ខ្លះ។

    2. ធ្វើ​ទង្វើ​ដដែលៗ
    • លាងដៃ ឬ​សម្អាត​ទីកន្លែងដដែលៗច្រើនដង ច្រើនសា។
    • ព្យាយាម​និយាយ ឬ​ទៅរក​កន្លែង​ ឬទី-តាំង​ដដែរៗ។
    • គិតថា ខ្លួនឯង​ធ្វើ​រឿង​អី​ក៏ខុស ហើយ​ត្រឡប់​ទៅធ្វើ​រឿង​ដដែលៗឡើង​វិញ។
    • តែងតែ​ភ្លេច​ភ្លាំច្រើន ឬភ្លេចលឿន និង​កើត​អាការ​សង្ស័យ​ច្រើន​ខុស​ទំនង។
    • ចូលចិត្តសួរ​ខ្លួនឯង និង​និយាយ​អ្វី​ផ្ដេសផ្ដាស​តែ​ម្នាក់ឯ​នៅពេលខ្លះ។
    • និយាយ​អ្វីដដែលៗច្រើនដង​ច្រើនសា-ល-៕

  • តិច​និច​ជ្រើស​រើស​ទឹក​ដោះគោ​ម្សៅ​ដើម្បី​ឱ្យ​ឆ្អឹង​កូន​រឹងមាំ ​និង​មាន​សុខភាព​ល្អ

    តិច​និច​ជ្រើស​រើស​ទឹក​ដោះគោ​ម្សៅ​ដើម្បី​ឱ្យ​ឆ្អឹង​កូន​រឹងមាំ ​និង​មាន​សុខភាព​ល្អ

    នរណាៗក៏​ដឹង​យ៉ាងច្បាស់​ដែរ​ថា ទឹកដោះ​ម្តាយ​មាន​ប្រយោជន៍​ច្រើនជាងគេ​បំផុត​សម្រាប់​ការចិញ្ចឹម​កូន  តែ​នៅក្នុង​ករណីខ្លះ​អ្នក​ម្តាយ​ក៏មាន​ភាពចាំបាច់​ត្រូវតែ​ប្រើ​ម្សៅ​ទឹកដោះគោ​មកជួយ​ដែរ ដូចជា ពេល​អ្នក​ម្តាយ​ឈឺ​ធ្ងន់​មិន​អាចឱ្យ​កូនតូច​បៅដោះ​បាន ឬ​អ្នក​ម្តាយ​មិនអាច​ចិញ្ចឹម​កូនតូច​ដោយ​ខ្លួនឯងបាន​ជាដើម ដូច្នេះហើយ​យើង​ត្រូវតែ​ទទួលស្គាល់ថា ចាំបាច់​ត្រូវតែ​ពឹង​លើ​ម្សៅ​ទឹកដោះគោ។

    ឥឡូវ​យើង​មក​មើ​លពី​ព័ត៌មាន និង​ពាក្យ​ណែនាំ​របស់លោក​វេជ្ជបណ្ឌិត​ជំនាញ អំពី​វិធី​ជ្រើសរើស​ទឹកដោះគោ​ម្សៅ​របស់​កូនតូច​វិញ​ប្រសើរ​ជាង។

    វិធី​ជ្រើសរើស​ម្សៅ​ទឹកដោះគោ

    ម្សៅ​ទឹកដោះគោ​នៅលើ​ទីផ្សារ​ដែល​យើង​ឃើញ​នោះ មាន​ឱ្យ​ជ្រើសរើស​ច្រើនយ៉ាង ច្រើន​យីហោ​ណាស់ ដោយ​យីហោនីមួយៗសុទ្ធតែ​ព្យាយាម​កែច្នៃ​ឱ្យមាន​ចំណែក​ផ្សំ​ដូច​ទឹកដោះ​ម្តាយ​បំផុត ដូចជា​កាត់បន្ថយ​ជាតិ​ប្រូ​តេ​អុ​ី​ន​នៅក្នុង​ទឹកដោះគោ ដើម្បីឱ្យ​ដូច​ទឹកដោះ​ម្តាយ​ឱ្យបាន​ច្រើន​បំផុត ព្រោះ​ទារក​បើ​បានទទួល​ជាតិ​ប្រូ​តេ​អុ​ី​ន​ច្រើន​ជ្រុល​ពេក ក្រលៀន​នឹង​កាន់តែ​ធ្វើការ​ខ្លាំង​ឡើង ឬ​សម្រួល​ខា​បូ​ហាយ​ដ្រេ​ត​នៅក្នុង​ចំណែក​ផ្សំ​មួយចំនួន​ឱ្យ​ស្រដៀង​ទឹកដោះ​ម្តាយ ងាយស្រួល​រំលាយ មិន​កក​ជាដុំៗ និង​បន្ថែម​សារជាតិ​អាហារផ្សេងៗដែលមាន​ប្រយោជន៍​ចំពោះ​ទារក​ចូលទៅ ព្រោះ​នៅក្នុង​ទឹកដោះ​ម្តាយ​មាន​សារធាតុ​អាហារ​ច្រើនជាង200ប្រភេទ​ឯណោះ។

    ការជ្រើសរើស​ម្សៅ​ទឹកដោះគោ​ត្រូវ​មើល​លើ​អាយុ​របស់​កូន​ជា​ចម្បង ទឹកដោះ​ដែលជា​ទឹកដោះគោ​នឹងមាន​ចាប់តាំងពី៖

    រូបមន្ត​ទី1: សម្រាប់​ទារក​ទើបនឹង​កើត រហូតដល់1ឆ្នាំ យើង​ហៅថា Infant Formula។
    រូបមន្ត​ទី2: គឺជា​ទឹកដោះ​រូបមន្ត​បន្ត ឬ Follow on Formula សម្រាប់​ទារក​អាយុ6ខែ ដល់3ឆ្នាំ។
    រូបមន្ត​ទី3: ជា​ម្សៅ​ទឹកដោះគោ​គ្រប់គ្រឿង ហៅថា Powdered Whole Milk ។

    ក្រៅពី​អាយុ​កូន​ហើយ ត្រូវ​សង្កេត​មើលថា តើ​កូន​យើង​មាន​សភាវ​ពិសេស​ណាមួយ​ដែល​ត្រូវ​ជ្រើសរើស​ម្សៅ​ទឹកដោះគោ​សម្រាប់​គេ​ជាពិសេស ឬក៏​អត់ ដូចជា នៅលើ​ក្មេង​ដែលមាន​ជំងឺ​ខាង មេ​តា​បូ​លី​ហ្សឹ​ម រំលាយ​ជាតិ​ប្រូ​តេ​អុ​ី​ន​មួយចំនួន​មិនបាន ត្រូវ​ប្រើ​ម្សៅ​ទឹកដោះគោ​រូបមន្ត​ពិសេស​ដោយឡែក ឬ​បើ​ចំពោះ​ក្មេង​ដែល​គ្រួសារ​មាន​ប្រវត្តិ​ច្បាស់​ថា មាន​រោគ​ប្រតិកម្ម​ចាញ់ ក៏​នឹងមាន​ម្សៅ​ទឹកដោះគោ​ពិសេស​មួយ​ដែល​យកជាតិ​ប្រូ​តេ​អុ​ី​នធំៗមក​រំលាយ​ឱ្យ​តូច គឺជា​រូបមន្ត​សម្រាប់​ក្មេង​ដែលមាន​សភាវ​ប្រថុយប្រថាន​នឹង​ការកើត​ប្រតិកម្ម​ចាញ់។

    ក្រៅពីនោះ នៅមាន​ម្សៅ​ទឹកដោះគោ​សម្រាប់​ក្មេង​ដែលមាន​សភាវផ្សេងៗទៀត ដូចជា ទារក​ដែល​ប្រសូត​មុន​កំណត់ នឹងមាន​ទឹកដោះគោ​ពិសេស​ដែល​ផ្តល់នូវ​កម្លាំង​ថាមពល និង​មាន​សារជាតិ​អាហារ​ប្រភេទ​ខ្លះ​ច្រើនជាង​ម្សៅ​ទឹកដោះគោ​ធម្មតា ដើម្បី​បំប៉ន​ឱ្យ​កាន់តែ​រឹងមាំ​ឡើង។ ក្មេង​ដែលមាន​សភាវ​ក្អែទឹកដោះ​ចេញមក​វិញ ឬ​សាច់ដុំ​មាត់​ក្រពះ​មិនល្អ ក៏​នឹងមាន​ទឹកដោះគោ​រូបមន្ត​ពិសេស​ដោយឡែក ដែល​នឹង​ធ្វើឱ្យ​ក្មេង​លែង​សូវ​ក្អែ​ចេញមក  ចំណែកឯ​ក្មេង​ដែលមាន​អាការ​រាករូស ឬ​ការរំលាយ​អាហារ​ខុស​ប្រក្រតី នឹងមាន​ម្សៅ​ទឹកដោះគោ​ជាពិសេស​ដោយឡែក​ដូចគ្នា​ដែរ គឺជា​ទឹកដោះ​ដែល​គ្មាន​ជាតិ លែ​ក​តូ​ស។ ម្សៅ​ទឹកដោះគោ​ដែលជា​រូបមន្ត​ពិសេស​ទាំងនេះ ប្រភេទ​ខ្លះ​អ្នក​ម្តាយ​អាច​ទិញ​បាន​ដោយ​ខ្លួនឯង តែ​ប្រភេទ​ខ្លះទៀត​ត្រូវឱ្យ​លោកគ្រូ​ពេទ្យ​ជួយ ព្រោះ​ត្រូវ​ពិនិត្យមើល​ប្រវត្តិ​របស់​ក្មេងម្នាក់ៗផង។

    ចំពោះ​ទារក​ដែល​រឹងប៉ឹង​ល្អ ប្រសូត​តាម​កំណត់ ជ្រើសរើស​ប្រើ​ម្សៅ​ទឹកដោះគោ​ប្រភេទ​ណា​ក៏​គ្មាន​ខុសប្លែកគ្នា​ដែរ តែ​ត្រូវ​មើលថា តើ​មាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ដែរឬទេ? បើ​ចង់បាន​ការណែនាំ ក៏​ចង់​ជម្រាប​ថា អ្នក​ម្តាយ​គួរ​សាកល្បង​ទិញ​កំប៉ុង​តូច​ប្រើ​មើល​សិន បើ​កូន​ញ៉ាំ​ហើយ​មិន​ឆ្ងល់​ពោះ បន្ទោបង់​បាន​តាម​ប្រក្រតី​ក៏​អូ​ខេ។ ពេល​លាយ ក៏ត្រូវ​លាយ​តាម​កម្រិត​ដែល​បានបញ្ជាក់​ទុក​ស្រាប់ បើ​លាយ​ខាប់​ជ្រុល​ពេក អាច​នឹង​ធ្វើឱ្យ​កូនតូច​រាក ឬ​ទល់លាមក​បាន ឬ​បើ​លាយ​រាវ​ពេក នឹងធ្វើ​ឱ្យ​កូនតូច​ទទួលបាន​ថាមពល​មិន​គ្រប់គ្រាន់។

    សង្កេតមើល​កូនតូច​បៅ​ទឹកដោះគោ

    មាន​អ្នក​ម្តាយ​ជាច្រើន​ដែល​ពេល​កូន​យំ ក៏​ឱ្យ​បៅ​ទឹកដោះ ព្រោះ​គិតថា កូន​ឃ្លាន ការពិតទៅ​កូន​អាច​មិនទាន់​ឃ្លាន​ក៏​ថា​បានដែរ អាច​យំ​ដោយសារ​មូលហេតុ​អ្វី​ផ្សេង​ផង​ក៏​មិនដឹង ដូច្នេះ​ចង់ឱ្យ​អ្នក​ម្តាយ​សាកល្បង​សង្កេតមើល​ជាមុនសិន ព្រោះ​ជាធម្មតា ទារក​ក្នុងអំឡុង2-3ខែ​ដំបូង​នឹង​បៅ​ក្នុង​មួយពេល2-3អន​ស៍(1អន​ស៍​ស្មើនឹង28.35ក្រាម) បើជា​ម្សៅ​ទឹកដោះគោ អាច​នឹង​ឱ្យ​បៅ​រៀងរាល់3-4ម៉ោង​ម្តង បើ​ទឹកដោះ​ម្តាយ​វិញ​អាច​នឹង​ញឹក​ជាង គឺ​ប្រហែលជា​រៀងរាល់2-3ម៉ោង​ម្តង ព្រោះ​ទឹកដោះ​ម្តាយ​ងាយស្រួល​រំលាយ​ជាង ដូច្នេះ បើ​កូន​ទើបនឹង​បៅ​ទឹកដោះ​ហើយ​មិនយូរប៉ុន្មាន ករណី​កូន​ស្រែកយំ​នេះ អ្នក​ត្រូវ​ពិនិត្យមើល​មូលហេតុ​ផ្សេង​ជាមុនសិន។

    នៅលើ​ទារក​ទើបនឹង​កើត រហូតដល់2-3ខែ​ដំបូង នឹងមាន​ប្រតិកម្ម​មួយ​ដែល​ហៅថា Sucking Reflex គឺ​អ្វី​ក៏ដោយ​ដែល​នៅក្នុង​មាត់ ទារក​នឹង​តបស្នង​ដោយ​ការ​បឺត ទើប​ធ្វើឱ្យ​អ្នក​ម្តាយ​យល់ច្រឡំ​ជា​ញយ​ដង ដោយ​គិតថា​កូន​បិ​ុ​ន​មឹ​ម  ឃើញ​កូន​បិ​ុ​ន​មឹ​ម មឹ​ម​បានជារឿយៗបែបនេះ លុះដល់​ពេល​កូន​យំ​ក៏​ញ៉ុ​កដប​ទឹកដោះគោ​ដាក់​មាត់​កូន ពេល​ដាក់​ដល់​មាត់ កូន​ក៏​ស្ងាត់ និង​ចេះតែ​បឺតជារឿយៗទៅ ធ្វើឱ្យ​បៅ​លើស​កំណត់ កូន​ក៏​ណែន​ឆ្ងល់​ពោះ។  អ្នក​ម្តាយ​ត្រូវ​ចេះ​សង្កេតមើល​ទង្វើ​ការ​បៅ​ទឹកដោះ​របស់​កូន និង​រៀន​យល់ដឹង​រវាង​អ្នក​ម្តាយ​ដែលមាន​កូនតូច​ដូចគ្នា នឹង​បាន​តារាង​ការ​បៅ​ទឹកដោះ​ដែល​មិន​ដូចគ្នា អ្នក​ម្តាយ​ខ្លះ​អាចឱ្យ​កូនបៅ​ពេល​ថ្ងៃ​ញឹក អ្នក​ម្តាយ​ខ្លះទៀត​ឱ្យ​កូនបៅ​ពេលយប់​ញឹក តែបើ​ដល់ពេល​ត្រូវឱ្យ​បៅ​ទឹកដោះ​ហើយ តែ​កូន​កំពុង​គេង​លក់ ក៏​មិនចាំបាច់​ដាស់​កូន​ឱ្យ​ភ្ញាក់​ឡើងមក​បៅ​ដែរ បណ្តោយឱ្យ​កូន​គេង​ឱ្យ​បានយូរ​សិន​ចុះ រួចហើយ​លោកឪពុក​អ្នក​ម្តាយ​ចាំ​បន្ថែម​ពេល​មឹ​ម​ទឹកដោះ​ឱ្យ​កូន​នៅពេល​ក្រោយ​ក៏បាន៕

  • អ្នកដឹកនាំសម្ដែងនៅផលិតកម្មថោនពន្លះគណនីហ្វេសប៊ុកដាក់រូបលោកបន្លំបោកលុយគេ

    អ្នកដឹកនាំសម្ដែងនៅផលិតកម្មថោនពន្លះគណនីហ្វេសប៊ុកដាក់រូបលោកបន្លំបោកលុយគេ

    នៅមុននេះបន្ដិច អ្នកដឹកនាំសម្ដែងល្បីឈ្មោះ និងមានតំណែងធំនៅក្នុងផលិតកម្មថោន លោក វ៉ាត លីម៉េង បានសរសេរពន្លះគណនីហ្វេសប៊ុកក្លែងក្លាយមួយដែលបានប្រើប្រាស់រូបលោក និងបានបោកប្រាស់លុយគេអស់មួយចំនួនទៀតផង។​

    អ្នកដឹកនាំចម្រៀងរូបនេះបានប្រកាសនៅលើហ្វេសប៊ុកខ្លួនថា «ខ្ញុំទើបតែដឹងមុននេះបន្តិចថា​ Account ឈ្មោះ​Bong Rithyបានយករូបខ្ញុំមកលេង ​និងដាក់រូបខ្ញុំលើ Profile ហើយAccountហ្នឹងបានបោកលុយគេមួយចំនួនផងដែរ។ ខ្ញុំសូមជម្រាបថា ​account ឈ្មោះ​Bong Rithyមិនមែនជារបស់ខ្ញុំទេ(Accountខ្ញុំ មានតែមួយគត់ គឺ​VathLymeng ) ដូច្នេះរាល់ទង្វើ​ផ្សេងៗដែលបង្កឡើងដោយ​Account Bong Rithyខ្ញុំមិនទទួលខុសត្រូវឡើយ»។ លោកបន្ដបន្ថែមទៀតផងដែរថា «ខ្ញុំក៏សូមផ្តាំទៅអ្នកដែលយករូបខ្ញុំទៅលេងថា ឈប់បាន​ឈប់ទៅ កុំដើម្បីផលប្រយោជន៍ខ្លួនឯង យករូបខ្ញុំទៅដើរបោកគេអ៊ីចឹង។ ហើយក៏សូមផ្តាំទៅអ្នកលេង​Facebook ទាំងអស់គ្នាដែរថា មុននឹងលេងជាមួយអ្នកណាម្នាក់ សូមពិនិត្យមើលAccount គេឱ្យច្បាស់ផងថា ជាម្ចាស់ពិត ឬយករូបគេមកលេង ចៀសវាងការចាញ់បោកមនុស្សបាតសង្គមមួយចំនួនដែលយករូបគេមកលេង»។

    សូមជម្រាបបន្ថែមថា លោក វ៉ាត លីម៉េង អ្នកដឹកនាំសម្តែ​ងក្នុងផលិតកម្មថោន ដែលមានឈ្មោះបោះសំឡេងក្នុងការដឹកនាំផលិតកម្ម និងទូរទស្សន៍ថោន FullHD និងជាកូនកាត់ 4សាសន៍ ដោយឪពុកមានឈាមជ័រជាខ្មែរកាត់ឡាវ និងម្តាយជាចិនកាត់វៀតណាម៕