Category: សង្គម និងសេដ្ឋកិច្ច

  • Balotelli រក​បាន​គ្រាប់​បាល់ ខណៈលោក Mancini ឈ្នះ​ថ្ងៃ​បើក​ឆាក​ជាមួយ​អ៊ី​តាលី

    Balotelli រក​បាន​គ្រាប់​បាល់ ខណៈលោក Mancini ឈ្នះ​ថ្ងៃ​បើក​ឆាក​ជាមួយ​អ៊ី​តាលី

    ខ្សែ​ប្រយុទ្ធ Mario Balotelli បាន​​ធ្វើ​ឱ្យ​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី​លោក Roberto Mancini ចាប់​ផ្តើម​ជា​មួយ​នឹង​ជ័យជម្នះ​តាម​រយៈ​ការ​រក​គ្រាប់​បាល់​បើក​ឆាក​ក្នុងពេល​ពួក​គេ​ទទួល​ជ័យជម្នះ 2-1 លើ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត ក្នុង​ការ​ប្រកួតមិត្ត​ភាព​មុន​យុទ្ធ​នា​ការ World Cup ក្នុង​ទីក្រុង Saint Gallen កាល​ពី​ថ្ងៃច​ន្ទ​។

    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត នឹង​ត្រូវ​ប៉ះក្រុមម្ចាស់ផ្ទះ​រុស្ស៊ី ក្នុងការ​ប្រកួត​បើក​ឆាក​នៃ​យុទ្ធ​នា​​ការ World Cup នៅថ្ងៃ​ទី​14 ខែមិថុនា ស្រប​ពេល​ដែលម្ចាស់​ជើងឯក​ពិភព​លោក​ 4​សម័យ​កាល អ៊ី​តាលី ត្រូវ​​នៅ​ផ្ទះ ក្រោយពី​ការ​បរា​ជ័យ​របស់​ពួក​គេ​ក្នុងការ​ប្រកួត​ជម្រុះ​ជាលើក​ទី​1 ក្នុង​រយៈពេល​ 60​ឆ្នាំ​។ ក្រោយ​ពី​បាន​បង្ហាញខ្លួន​ជាលើក​ចុងក្រោយ​សម្រាប់​អ៊ី​តាលី ក្នុង​ពេល​ពួក​គេធ្លាក់​ចេញ​ត្រឹម​ជុំ​ទី​1 ​នៃ​យុទ្ធ​នាការ World Cup ឆ្នាំ​2014 ការ​អវត្តមាន​រយៈពេល​ 4​ឆ្នាំ​របស់ Balotelli ពី​ក្រុម​ជម្រើស​ជាតិ​​អ៊ី​តាលី នៅពេល​ដែល​រូប​គេ​ទទួល​បាន​ការ​​កោះហៅ​ពី​លោក Mancini ដែល​ត្រូវ​បាន​តែង​តាំង​ក្នុង​រយៈ​ពេល​ 6​ខែ ក្រោយពី​ការ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ជម្រុះ​ដើម្បី​ទៅ​ប្រទេស​រុស្ស៊ី ដោយសារ​​បរា​ជ័យ​ក្នុង​វគ្គ Playoff ក្រោម​ស្នា​ដៃក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត​។

    វា​បាន​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​វ័យ​ 27​ឆ្នាំ​របស់​ក្លិប Nice រូប​នេះ​ចូលលេងត្រឹម​តែ​រយៈពេល​ 21​​នាទី​ប៉ុណ្ណោះ ដើម្បី​​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ជាមួយ​នឹងគ្រាប់​បាល់​ទី​1 ​របស់​គេ សម្រាប់ក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី ចាប់​តាំងពី​រក​គ្រាប់​បាល់​ឈ្នះ​នៅ​ពេល​ប្រកួត​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​អង់​គ្លេស ក្នុង​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​2014​។ ក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី បាន​ធ្លាក់​ទៅកាន់​ចំណាត់​ថ្នាក់​​ដ៏​ទាប​បំផុត​របស់​ខ្លួន​នៅ​លើ​តារាង​ពិភព​លោក ដោយ​ឈរលេខ​រៀង​ទី​20 ប៉ុន្តែ​បាន​ធ្វើ​ការ​គ្រប់​គ្រង​ទាំងស្រុង​លើ​ក្រុម​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត ​ដែលស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​67៕

    ប្រភព​ពី៖ Channel News Asia

  • Liverpool ប្រកាស​ពីការ​​ផ្ទេរ​ និង​ចុះ​ហត្ថ​លេខាយក Fabinho ពី Monaco

    Liverpool ប្រកាស​ពីការ​​ផ្ទេរ​ និង​ចុះ​ហត្ថ​លេខាយក Fabinho ពី Monaco

    ក្លិបហង្ស​ក្រហម Liverpool បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថ​លេខា​ជាមួយ​​នឹង​ខ្សែ​បម្រើ​អន្តរ​ជាតិ​ប្រេស៊ីល Fabinho ពីក្លិប Monaco ក្នុង​តម្លៃខ្លួន​ 40​លាន​ផោន (ស្មើ​នឹង​ 53​លានដុល្លារ​អាមេរិក) ដើម្បី​ជំនួស​កន្លែង​របស់​ Emre Can ខណៈដែល​លោក Jurgen Klopp ចាប់​ផ្តើម​ពង្រឹង​​ក្រុមរ​បស់​ខ្លួននៅ​រដូវក្តៅនេះ​។

    ការ​ចរ​ចា​ផ្សេង​ៗ​ជាមួយ​នឹងក្លិប​របស់​ក្រប​ខ័ណ្ឌ​បារាំង Ligue 1 លើ​តម្លៃខ្លួន​ 40លាន​អឺ​រ៉ូ (ស្មើនឹង​ 53​លានដុល្លារ) រួម​ទាំង​ប្រាក់​​ឧបត្ថម្ភ​​​បន្ថែម​ចំនួន​ទៀត​ 5​លាន​អឺ​រ៉ូ បាន​បន្ត​ដំណើរ​ការ​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ​មកហើយ ខណៈ​ដែល​សេចក្តីប្រកាសមួយ​ពី​ក្លិប Liverpool កាល​ពី​រាត្រីថ្ងៃ​ចន្ទ បាន​​អះ​អាង​ថា ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិ​ពល​វ័យ​ 24​ឆ្នាំ​រូបនេះនឹង​ផ្ទេរ​ទៅកាន់​​កីឡដ្ឋាន Anfield នៅ​ថ្ងៃ​ទី​1 ខែកក្កដា ក្រោយ​​ពី​រូប​គេ​បាន​បំពេញ​​ការ​ត្រួត​ពិនិត្យ​សុខ​ភាព​​មួយ​​នៅលើ​ទីលាន​ហ្វឹកហាត់​របស់​ក្លិប​។ Fabinhoបាន​ប្រាប់​គេហ​ទំ​ព័រ​របស់ Liverpool ថា៖ «ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ចំពោះការ​ផ្ទេរ​មួយនេះ​។ នេះ​គឺ​ជា​​​អ្វី​ដែល​ខ្ញុំ​តែង​តែ​ចង់​បាន​។

    នេះ​គឺ​ជា​ក្រុម​ដ៏ធំ​មួយ​។ ហេដ្ឋា​រច​នា​សម្ព័ន្ធ​របស់​ក្លិបនេះ ពិត​ជា​អស្ចារ្យ​ណាស់​។ បើ​មានក្លិប​បាល់​ទាត់​មួយ​ក្នុង​ទំហំ​នេះ មក​ចង់​បាន​សេវា​កម្ម​របស់​ខ្ញុំ ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​គិត​​ច្រើន​ឡើយ​។ ខ្ញុំ​នឹង​ព្យា​យាម​បង្កើត​ប្រវត្តិ​សាស្ត្រ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក្នុ​ងក្លិប​កីឡា​បាល់​ទាត់​នេះ​។ ជា​ការរំពឹង​ទុក ក្នុង​កម្រិត​ឯក​ជន ខ្ញុំ​​អាច​ឈ្នះ​ពាន​ជាច្រើន​​ជាមួយ​នឹងក្លិប​នេះ​»​៕

    ប្រភព​ពី៖ The Guardian

  • នាយ ចឺម ប្រកាសជំហរមិនចាកចោលសាន់ដេឡើយ

    នាយ ចឺម ប្រកាសជំហរមិនចាកចោលសាន់ដេឡើយ

    បន្ទាប់ពីតារាធំៗនៅផលិតកម្មសាន់ដេ បានស្ពាយបង្វេចរបស់ខ្លួនទៅជ្រកនៅក្នុងទ្រនំធំដទៃទៀតហើយនោះ ស្រាប់តែថ្មីៗនេះ មានផ្ទុះដំណឹងមកថ្មីទៀតហើយថា នាយ ចឺម ដែលជាតារាល្បីមួយដួងនៅក្នុងផលិតកម្មសាន់ដេ កំពុងរៀបចំបង្វេចប្រុងចាកចេញពីទ្រនំមួយនេះម្នាក់ទៀតហើយ។ យ៉ាងណាក៏ដោយ ដំណឹងខ្សឹបខ្សៀវមួយនេះ នៅមិនទាន់ច្បាស់ជាផ្លូវការនៅឡើយទេ ខណៈដែលតារាចម្រៀងប្រុសរូបនេះ កំពុងតែចាក់គ្រឹះយ៉ាងមាំនៅក្នុងផលិតកម្មសាន់ដេ ហើយក៏កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ។

    ជាក់ស្ដែងម្ចាស់បទ «ជយោៗសង្សារខ្ញុំសុំបែកគ្នាហើយ» រូបនេះ បានប្រកាសជំហរប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីនេះថា លោកគ្មានបំណង ឬគម្រោងចាកចេញពីសាន់ដេនោះទេ។ នាយចឺម បន្ដប្រាប់អ្នកសារព័ត៌មានថា លោកនៅជាប់កុងត្រាជាមួយសាន់ដេចំនួន 3ឆ្នាំទៀតជាតារាចម្រៀងពេញសិទ្ធិ ប៉ុន្តែបើទោះជាគ្មានកុងត្រាក៏លោកមិនចោលសាន់ដេនោះដែរ គឺមិនខ្វល់ពីការឆ្លេឆ្លាហក់ចូលផលិតកម្មណាមួយជាដាច់ខាត។

    នាយចឺម បញ្ជាក់បន្ថែមទៀតថា «សម្រាប់អ្នកណាយល់យ៉ាងម៉េច ខ្ញុំអត់ខ្វល់ តែសម្រាប់ខ្ញុំនៅសាន់ដេគឺគ្រប់គ្រាន់ ដោយសារសាន់ដេគាត់ផ្ដល់ភាពកក់ក្ដៅឱ្យរហូត»។មកទល់ពេលនេះនាយចឺម នៅតែមិនមានអ្នកនិពន្ធប្រចាំខ្លួនឡើយ ដោយរង់ចាំតែច្រៀងតាមការទម្លាក់ឱ្យរបស់ផលិតកម្មតែប៉ុណ្ណោះ ប៉ុន្តែលោកថា ផលិតកម្មទាំងមូលនៅតែទម្លាក់បទចម្រៀងឱ្យលោកបានច្រើនដដែល ទើបលោកកក់ក្ដៅ ហើយប្រកាសជំហរនេះ ទោះមិនជាប់កុងត្រាក៏មិនរត់ទៅណាដែរ។ នាយចឺមត្រូវបានគេកត់សម្គាល់ថា នៅតែឡើងកូដខ្លាំងជាមួយនឹងបទចម្រៀងចាស់-ថ្មី ដោយសារតែមានអ្នកគាំទ្រច្រើនមកស្វាគមន៍ដល់ឆាកតែម្ដង៕

     

     

  • យុវជន​ខ្មែរ​បង្កើត​កង្ហារ​ឆ្លាត​វៃ ល្បី​ជា​អន្តរជាតិ

    យុវជន​ខ្មែរ​បង្កើត​កង្ហារ​ឆ្លាត​វៃ ល្បី​ជា​អន្តរជាតិ

    នៅ​សម័យ​បច្ចេកវិទ្យា​នេះ ការអប់រំ គឺជា​កូនសោ​គន្លឹះ​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​មនុស្ស និង​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ឆ្លាត​វៃ។ ស្របតាម​ចរន្ត​នេះ ប្រទេសនីមួយៗបានធ្វើការ​បង្កើនល្បឿន​ក្នុង​វិស័យ​អប់រំ​របស់ខ្លួន​ដោយ​ប្ដូរ​ពី​ការបណ្តុះបណ្តាល​យុវជន​ជំនាន់​ថ្មី​ដែល​រៀន​សម្រាប់តែ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ មកជា​រៀន​ដើម្បី​ស្រាវជ្រាវ និង​បង្កើតជា​សមិទ្ធផលថ្មីៗទាំង​ផ្នែក​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម។

    នៅ​កម្ពុជា មាន​យុវជន​មិន​ច្រើន​ទេ​ដែលមាន​សមត្ថភាព​ក្នុងការ​បង្កើត​សមិទ្ធផលថ្មីៗ ជាពិសេស​នវានុវត្តន៍​ផ្នែក​វិទ្យាសាស្ត្រ​ដែល​អាច​បម្រើ​ដល់​ផលប្រយោជន៍​មនុស្ស​ទូទៅ​ជា​លក្ខណៈ​អន្តរជាតិ តែថ្មីៗនេះ​យុវជន​មួយក្រុម​របស់​កម្ពុជា​បាន​បង្កើត​ស្នាដៃ​យ៉ាង​អស្ចារ្យ​មួយ​ដែល​ធ្វើឱ្យមាន​ភាពល្បីល្បាញ និង​ទទួលបាន​ពានរង្វាន់​ដល់​ទៅ2 ពី​កម្មវិធី International Engineering Invention and Innovation Exhibition 2018 (I-Envex) ដែលជា​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​របកគំហើញ​វិទ្យាសាស្ត្រ​ថ្មី​នៅ​ប្រ​ទស​ម៉ាឡេស៊ី។

    កញ្ញា ហេង សុវណ្ណ​មុនី​នុត និស្សិត​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន និង​ជា​ម្ចាស់​ជ័យលាភី​យ៉ាងសំខាន់​ខាងលើនេះ​បាន​បញ្ជាក់ថា ក្រុម​របស់គាត់​ដណ្តើមបាន​ពានរង្វាន់​ចំនួន2ពី​កម្មវិធី International Engineering Invention and Innovation Exhibition 2018 (I-Envex) ដោយ​ពានរង្វាន់​ទី1 គឺ Double Gold award និង​ទី2 គឺ Best Award Classes E (I.C.T, Multimedia, Telecommunications, Electricity & Electronic)។

    កម្មវិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​ក្រុមយុវជន​ដែលមាន​គម្រោង​ផ្ទាល់ខ្លួន​មកពី 16ប្រទេស​ក្នុង​តំបន់​អាស៊ី អាមេរិក និង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​មួយចំនួនទៀត ដោយ​ក្នុងនោះ​គម្រោង​ដែល​បានដាក់ពាក្យ​សរុប​មាន​ចំនួន​ប្រមាណ 410គម្រោង។

    កញ្ញា ហេង សុវណ្ណ​មុនី​នុត បាន​និយាយថា៖ សម្រាប់​ក្រុម​របស់ខ្ញុំ​គឺ​យើង​បង្កើត​កង្ហារ​ឆ្លាត​វៃ​ដែលមាន​ឈ្មោះថា NU Eco Smart Fan ឬ Mr.360។ កង្ហារ​នេះ​មាន​មុខងារសំខាន់ៗជាច្រើន​ដែល​អាច​សម្រួល​ដល់​មនុ​ស្ស​គ្រប់​ប្រភេទ​រួមទាំង​ជនពិការ និង​មនុស្ស​ចាស់ជរា​ផង ឱ្យ​អាច​ប្រើប្រាស់​បាន​យ៉ាង​ស្រួល ហើយ​សន្សំសំចៃ​អគ្គិសនី​បាន​ច្រើន​ទៀតផង។

    កញ្ញា ហេង សុវណ្ណ​មុនី​នុត (អាវប៉ាក់ពណ៌ស)

    កញ្ញា ហេង សុវណ្ណ​មុនី​នុត បាន​លើកឡើងថា NU Eco Smart Fan ជា​គម្រោង​ដែល​យើង​បង្កើតឡើង​ជាមួយនឹង​មុខងារ​ជាច្រើន ហើយ​ដោះស្រាយ​បញ្ហា​បាន​ច្រើន​សម្រាប់​មនុស្ស​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍។ លក្ខណៈពិសេស​របស់​វា​មាន​ចំនួន 9ចំណុច​គឺ​ទី1. Normal control វា​អាច​បញ្ជា​បាន​តាមរយៈ​កម្មវិធី​ក្នុង​ទូរស័ព្ទដៃ ដោយ​មិនចាំបាច់​ដើរទៅ​ចុច​ដោយផ្ទាល់​នោះទេ។ ទី2. solar energy mode គឺ​ការ​សាក​ភ្លើង​របស់​វា​អាច​ប្រើប្រាស់​បាន 2របៀប គឺ​សាក​ដោយ​ពន្លឺព្រះអាទិត្យ​ក៏បាន និង​អគ្គិសនី​ក៏បាន ហើយ​កម្មវិធី​នេះ​យើង​សង្ឃឹមថា វា​នឹង​អាចជួយ​ថែរក្សា​បរិស្ថាន​បាន​មួយចំណែក។

    ក្រៅពីនេះ មុខងារ​ទី3. speed mode របស់​វា​គឺ វា​មាន​ល្បឿន 3កម្រិត ហើយ​ទី4 គឺ temperature mode កង្ហារ​នេះ​អាច​ផ្លាស់ប្តូរ​ល្បឿន​វា​ទៅតាម​កម្រិត​សីតុណ្ហភាព។ ក្នុងករណី​ដែល​មេឃ​ក្តៅ​ខ្លាំង​កង្ហារ​នេះ​នឹង​បក់​លឿន​ខ្លាំង ហើយ​វា​នឹង​បន្ថយ​នៅពេលដែល​សីតុណ្ហភាព​ថយចុះ​ដូចគ្នា។ មុខងារ​ទី5. sleep mode គឺ​យើង​អាច​កំណត់​នាទី​ឱ្យ​វា​ឈប់​ដោយ​ខ្លួនឯងបាន។ មុខងារ​នេះ​មាន​ភាពងាយស្រួល​សម្រាប់​មនុស្ស​ចាស់ ឬ​អ្នក​រវល់​ខ្លាំង​ដែល​ពេលយប់​មិនចាំបាច់​ដើរទៅ​បិទ​វា​នោះទេ ព្រោះ​ដល់​ម៉ោង​ដែល​យើង​កំណត់ឱ្យ​វា​បិទ វា​នឹង​បញ្ចប់​ដំណើរការ​ដោយ​ខ្លួនឯង។ មុខងារ​ទី6. speechmode យើង​អាច​បញ្ជា​វា​ឱ្យ​ដំណើរការ​ដោយ​មិនចាំបាច់​ចុច​អ្វី​ទាំងអស់ គឺ​គ្រាន់តែ​ប្រាប់​វា​ដោយ​សំឡេង វា​នឹង​ដំណើរការ។

    ចំពោះ​មុខងារ​ទី7. camera security mode គឺ​កង្ហារ​នេះ​មានប្រើ​ប្រាស់​ប្រព័ន្ធ​សេន​ស័​រ (Sensor) ដោយមាន​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​សុវត្ថិភាព​សម្រាប់​ប្រាប់​ពី​ព័ត៌មានសំខាន់ៗមួយចំនួន។ សម្រាប់​មុខងារ​កាមេរ៉ា​នេះ មិនមែន​សម្រាប់​មើល​ពី​សុវត្ថិភាព​ដូច​កាមេរ៉ា​ទូទៅ​នោះទេ តែ​វា​មាន​មុខងារ​បញ្ជូន​ព័ត៌មាន ឬ​ប្រាប់​ហេតុការណ៍​តាម​ទូរស័ព្ទដៃ​នៅពេល​ដែលមាន​មនុស្ស​ចាស់​ដួល ឬ​មានរឿង​អ្វីមួយ​កើតឡើង​នៅក្នុង​ផ្ទះ។

    មុខងារ​ទី8. smart energy mode កង្ហារ​នេះ​មានមុខ​ងារ​បែរ​ទៅ​រកតែ​កន្លែង​ណា​ដែលមាន​មនុស្ស​តែប៉ុណ្ណោះ ប្រសិនបើ​កន្លែង​ណា​គ្មាន​មនុស្ស គឺ​វា​នឹង​ឈប់​វិល​ដោយ​ឯកឯង។ ហើយ​មុខងារ​ទី9. angle mode គឺជា​មុខងារ​ដែល​កំណត់​អំពី​កន្លែង​ដែល​វា​ត្រូវ​វិល បើទោះបី​ជាមាន​មនុស្ស​នៅ​ជុំវិញ​វា​ក៏ដោយ ព្រោះ​ពេលខ្លះ​យើង​ចង់ឱ្យ​វា​វិល​ត្រឹម​កម្រិត​ណាមួយ គឺ​យើង​អាច​កំណត់​បាន​យ៉ាង​ងាយ។ ទាំងអស់នេះ​គឺជា​លក្ខណសម្បត្តិ​របស់​កង្ហារ​ឆ្លាត​វៃ។

    ម្ចាស់​ជយលាភី​អន្តរជាតិ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការបង្កើត​សមិទ្ធផល​នេះ គឺ​ក្នុង​គោលបំណង​ជួយ​ដល់​មនុស្ស​ទូទៅ​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ឱ្យមាន​ភាពងាយស្រួល ព្រោះ​តម្លៃ​របស់​វា គឺ​ធូរ​ថ្លៃ​ខ្លាំង ដែល​យើង​អាច​ចំណាយ​ប្រមាណ​ត្រឹមតែ​ជាង 30ដុល្លារ​តែប៉ុណ្ណោះ​ដើម្បី​ទទួលបាន​ឧបករណ៍​អេឡិចត្រូនិក​ដែលមាន​ភាព​ឆ្លាត​វៃ​មួយ​នេះ។ ហើយ​ម្យ៉ាងវិញទៀត គោលបំណង​សំខាន់​មួយទៀត គឺ​ចង់ឱ្យ​មនុស្ស​ចាស់ជរា អាច​ប្រើប្រាស់​វា​បាន​ដោយ​ងាយស្រួល ព្រោះ​ប៊ូ​តុង​ឆ្លាត​វៃ​រប​ស់វា​មិនមាន​ការលំបាក​ចុច ឬ​ត្រូវ​ប្រើ​កម្លាំង​នោះទេ ស្របពេល​ដែល​វា​ក៏មាន​មុខងារ​បញ្ជា​តាម​ទូរស័ព្ទ​ដែល​ធ្វើឱ្យ​គាត់​កាន់តែ​ងាយស្រួល​ឡើង។ ចំណែកឯ​ជនពិការ​វិញ ក៏​អាច​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល​ដែរ​តាមរយៈ​ការបញ្ជា​ដោយ​សំឡេង មិនចាំបាច់​ត្រូវ​ដើរទៅ​បើក​នោះទេ។

    សមាជិក​មួយរូប​ទៀត​នៃ​គម្រោង​កង្ហារ NU EcoSmart Fan នេះ លោក សៀន ផា​លីន​ហួរ បាន​លើកឡើងថា​លក្ខណៈពិសេស​ដែល​អាចធ្វើឱ្យ​គម្រោង​នេះ​ទទួលបាន​ចំណាប់អារម្មណ៍​ពី​គណៈកម្មការ​ដាក់ពិន្ទុ​នៅក្នុង​កម្មវិធី International Engineering Invention and Innovation Exhibition 2018 (I-Envex) គឺ​កង្ហារ​នេះ​មាន​មុខងារ​ច្រើនជាង​គម្រោង​ដទៃទៀត ព្រោះ​វា​មានមុខ​ងារ​ដល់​ទៅ9 ខណៈពេលដែល​គេ​មាន​ត្រឹមតែ 4 ឬ5មុខងារ​តែប៉ុណ្ណោះ។

    ម្យ៉ាងវិញទៀត បើ​គិតពី​តម្លៃ គឺ​វា​ធ្វើឡើង​ក្នុងតម្លៃ​ទាប ដែលជា​ហេតុ​ធ្វើឱ្យ​ប្រជាជន​ក្នុងប្រទេស​ក្រីក្រ ឬ​ប្រទេស​កំពុងអភិវឌ្ឍន៍​អាចមាន​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​បាន​យ៉ាង​ទូលំទូលាយ។

    លោក សៀន ផា​លីន​ហួរ បាន​និយាយថា៖ គម្រោង​កង្ហារ​ឆ្លាត​វៃ​នេះ ធ្វើឡើង​ដោយ​ចំណាយ​ពេលវេលា 3ខែ​កន្លះ​ដោយ​ក្នុងនោះ​រយៈពេល 3ខែ​ចំណាយ​លើ​ការបង្កើត Hardware និង 2សប្តាហ៍​ទៀត​ជា​ពេល​សម្រាប់​ដំឡើង​កម្មវិធី software។ ហើយ​គម្រោង​នេះ​អាច​ជោគជ័យ​ទៅបាន​ក៏ដោយ​មានការ​ប្រឹក្សា​យោបល់​ច្រើន​ពី​លោកគ្រូ​ដឹកនាំ​គម្រោង​ដែល​បានផ្តល់​គំនិត និង​ចូលរួម​ដោះស្រាយ​បញ្ហា​ជាច្រើន ជាពិសេស​គឺ​ផ្នែក Hardware។

    លោក ផា​លីន​ហួរ បាន​និយាយថា នៅក្នុង​ការអនុវត្ត​គម្រោង​យើង​បាន​ជួប​ឧបសគ្គ​មួយចំនួន​ដូចជា​កត្តា​ពេលវេលា កត្តា​បច្ចេកវិទ្យា និង​ការសរសេរ​កូដ​ជាដើម។ ចំពោះ​ពេលវេលា គឺ​ដោយសារតែ​សមាជិក​ក្រុម​ទាំង 2នាក់​រៀន​វេន​ផ្សេងគ្នា ហេតុនេះ​យើង​ចាំបាច់​ត្រូវ​កាត់​ពេលវេលា​នៃ​ការរៀនសូត្រ​ខ្លះ​ដើម្បី​ជួយ​គ្នា​ឱ្យសម្រេចបាន​ជោគជ័យ។ ហើយ​ចំពោះ​កត្តា​បច្ចេកវិទ្យា​វិញ​យើង​ក៏​ជួបប្រទះ​នូវ​បញ្ហា​ច្រើន​ដែរ ព្រោះ​ពួកយើង​ជា​អ្នក​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ផ្តោត​ខ្លាំង​លើ​ការសរសេរ​កូដ ហេតុនេះ​នៅពេលដែល​យើង​ចង់ឱ្យ​កង្ហារ​វិល 360ដឺ​ក្រេ វា​មាន​បញ្ហា ហើយ​ខ្សែភ្លើង​ទាក់​ជាប់​គ្នា​រក​ផ្លូវ​ចេញ​មិនឃើញ។

    កត្តា​មួយទៀត គឺ​ការស្វែងរក​វត្ថុធាតុដើម​មួយចំនួន​ដើម្បី​យកមក​កែច្នៃ​ដំឡើង​ឱ្យ​ក្លាយជា​ទ្រង់ទ្រាយ និង​កំណត់​ទីតាំង​នៃ​ឧបករណ៍​គាំទ្រ​មួយចំនួន​ដូចជា​ទីតាំង​នៃ Sensor ឬ​ប៊ូ​តុង​ជាដើម។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​យើង​សំណាងល្អ​ដែរ ដែលមាន​គ្រូ​ណែនាំ​ជា​អ្នកមាន​ជំនាញ និង​បទពិសោធ​ច្រើន ដែល​តែងតែ​ផ្តល់យោបល់ និង​ជួយ​ជា​ដំណោះស្រាយខ្លះៗសម្រាប់​សាកល្បង រហូត​ធ្វើឱ្យ​យើង​អាច​ផលិត​ឧបករណ៍​ឆ្លាត​វៃ​នេះ​បាន​ដោយ​ជោគជ័យ៕

  • កត្តា​អ្វីខ្លះ​ដែលនាំឱ្យ​មនុស្ស​ធ្វើ​ការងារ​បានល្អ?

    កត្តា​អ្វីខ្លះ​ដែលនាំឱ្យ​មនុស្ស​ធ្វើ​ការងារ​បានល្អ?

    មនុស្សម្នាក់ៗតែងតែ​ចង់​ក្លាយជា​មនុស្ស​ដែល​ធ្វើ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ចង់​អភិវឌ្ឍ​ខ្លួន​ឱ្យ​បានល្អ​នៅក្នុង​កន្លែង​ការងារ ព្រោះ​ចំណុច​ទាំងអស់នេះ​ជា​គន្លឹះ​យ៉ាងសំខាន់​ក្នុងការកសាង​ភាព​ថ្កុំថ្កើង តែ​ពេលខ្លះ​មាន​កត្តា​រាំងស្ទះ​មួយចំនួន​ដែល​បង្អាក់​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ខ្លួន​នេះ។

    លោក​សាស្ត្រាចារ្យ ព្រើ​ន សុ​វង្ស ព្រឹទ្ធបុរស​រង​នៃ​ពុទ្ធិកមហាវិទ្យាល័យ វិទ្យាសាស្ត្រ​អប់រំ និង​ព័ត៌មានវិទ្យា​ទទួលបន្ទុក​ដេ​ប៉ា​តឺ​ម៉​ង់ ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​បាន​លើកឡើងថា​ដើម្បីឱ្យ​មនុស្សម្នាក់ៗអាច​អភិវឌ្ឍ​សមត្ថភាព​បានល្អ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ គឺ​អាស្រ័យ​លើ​ចំណុច 3យ៉ាងសំខាន់ៗគឺ កត្តា​ជំនាញ កត្តា​ចិត្តសាស្ត្រ​ផ្ទាល់ខ្លួន និង​កត្តា​ស្ថាប័ន។ ជា​ចំណុច​ចាប់ផ្តើម មុននឹង​អាចធ្វើ​ការងារ​បានល្អ មនុស្សម្នាក់ៗចាំបាច់​ត្រូវតែមាន​ជំនាញ​គោល​មួយ​ឱ្យបាន​ច្បាស់លាស់ ហើយ​កត្តា​ជំនាញ​ហាក់បីដូចជា​ចំណុច​ស្នូល​មួយ ដែល​ធ្វើឱ្យ​យើង​អាចមាន​លទ្ធភាព​បំពេញការងារ​មួយ​បានល្អ និង​គោរព​លក្ខខណ្ឌ​គោល​របស់​ស្ថាប័ន ឬ​អាចជួយ​ឱ្យ​យើង​ក្លាយជា​អ្នកជំនាញ​លើ​ផ្នែក​ណាមួយ​បាន។

    ចំណែកឯ​កត្តា​ចិត្តសាស្ត្រ​ផ្ទាល់ខ្លួន​វិញ​គឺ​ផ្តោតលើ​ចំណុច​អភិវឌ្ឍន៍ ឬ​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​ជំនាញ​នោះ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ដើម្បី​ឱ្យក្លាយ ជា​មនុស្ស​លេចធ្លោ​ក្នុង​ស្ថាប័ន។  លោក​សាស្ត្រាចារ្យ ព្រើ​ន សុ​វង្ស​បាន​និយាយថា៖ “គ្មាន​ផ្នែក​ណា​អាច​កាត់ផ្តាច់​ពីគ្នា​បាន​នោះទេ រវាង​ជំនាញ និង​កត្តា​ចិត្តសាស្ត្រ​ផ្ទាល់ខ្លួន។

    វា​ហាក់បីដូច​ជាលី​បក​ង់ និង​ច្រវាក់​ដែល​សុទ្ធតែ​សំខាន់​សម្រាប់​ឱ្យ​កង់​រត់​ទៅមុខ​បាន។ ទោះបីជា​ផ្នែក​ណា​ធំ​ជាង ឬ​តូច​ជាង​ក៏ដោយ ក៏ត្រូវ​តែមាន​ទាំងពីរ​ដើម្បី​ជំរុញ​សកម្មភាព​ជាក់ស្តែង​ឱ្យ​ដំណើរការបាន​រលូន និង​មានប្រសិទ្ធភាព។

    លោក​សាស្ត្រាចារ្យ​ក៏បាន​លើកឡើង​ផងដែរ​ថា កត្តា​សំខាន់​មួយទៀត​ដែល​អាច​នាំ​មនុស្ស​ឱ្យទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​គឺ កត្តា​ស្ថាប័ន ឬ​ប្រព័ន្ធ​ការងារ។ ពាក្យ​ខ្មែរ​យើង​តែង​និយាយថា “មាន់​ពង​លើ​ស្រួ​វ តែងតែ​ស៊ី​ស្រូវ” ឬ​មានន័យថា មនុស្ស​ធ្វើ​ការងារ​ជាមួយ​លុយកាក់​តែងតែ​ឆ្លៀត​យក​ប្រយោជន៍​ពី​លុយកាក់​នោះ តែបើ​យើង​មើលទៅ​អ្នកធ្វើការងារ​ក្នុង​ធនាគារ​យើង​នឹង​ដឹងថា វា​មិនមែន​បែប​នោះ​ទាំងអស់​ទេ។

    មនុស្ស​ធ្វើ​ការងារ​ជាមួយ​លុយកាក់​ក៏ដោយ តែ​ប្រសិនបើ​យើង​មាន​ប្រព័ន្ធគ្រប់គ្រង​ត្រឹមត្រូវ នោះ​ភាពច្បាស់លាស់​នៅតែមាន។ ងាក​មក​អ្នកធ្វើការងារ​ដទៃទៀត​វិញក៏​ដូចគ្នា​ដែរ ការដែល​ស្វែងរក​កន្លែង​ដែល​អាច​អនុញ្ញាតឱ្យ​យើង​បញ្ចេញ​អស់​សក្តានុពល និង​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង គឺជា​រឿង​សំខាន់​ដែល​អាចធ្វើឱ្យ​យើង​ក្លាយជា​មនុស្ស​ដែល​ប្រើប្រាស់​អស់​បញ្ញា​ស្មារតី ដើម្បី​ធ្វើ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

    អ្នក​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថា លក្ខខណ្ឌ​នៃ​ការងារ​ល្អ​មាន​ច្រើន​ប្រភេទ។  ពេលខ្លះ​មនុស្ស​អន់​ធ្វើ​ការងារ​ក្នុង​ស្ថាប័ន​ខ្លាំង អាចធ្វើឱ្យ​គាត់​ក្លាយជា​មនុស្ស​តស៊ូ ហើយ​ខ្លាំង​ទៅតាម​នោះដែរ។ ចំណែកឯ​អ្នក​ខ្លះទៀត​គាត់​ខ្លាំង តែ​ស្ថាប័ន​ខ្សោយ ត្រង់នេះ​មានន័យថា គាត់​អាច​ក្លាយជា​បុគ្គល​ស្នូល​ក្នុងការ​លើកស្ទួយ​ស្ថាប័ន​ឱ្យមាន​ថាមពល។ ហើយ​អ្នក​ខ្លះទៀត គាត់​មាន​សមត្ថ​ភាពខ្លាំង​ស្រាប់ ហើយ​ធ្វើ​ការងារ​ក្នុង​ស្ថាប័ន​ល្អ​ថែមទៀត គាត់​នឹង​កាន់តែខ្លាំង។ ហេតុនេះ​ការអភិវឌ្ឍ​សមត្ថភាព​ជំនាញ សមត្ថភាព​ចិត្តសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​ផ្ទាល់ខ្លួន និង​ការជ្រើសរើស​ស្ថាប័ន​ត្រឹមត្រូវ គឺជា​កត្តា​សំខាន់​ខ្លាំងណាស់​ដែល​អ្នកធ្វើការ​ងារ​ត្រូវ​គិតគូរ។

    លោក លី សុភា​រិ​ទ្ធ អ្នកគ្រប់គ្រង​លើ​ក្រុម​វិស្វករ​នៃ​ក្រុមហ៊ុន​ឯកជន​មួយ បាន​លើកឡើងថា កត្តា​សំខាន់​ដែល​ធ្វើឱ្យ​មនុស្ស​ខ្លាំង​ក្នុង​ការធ្វើការងារ​គឺ​ភាព​វៃឆ្លាត និង​គំនិត​វិជ្ជមាន​ក្នុង​ការធ្វើការងារលំបាក។ ការងារ​ទាំងអស់​សុទ្ធ​តែ​ត្រូវ​ការជំនាញដូចៗគ្នា ហើយ​បើ​គ្រាន់តែ​ធ្វើ​ការងារដដែលៗ អ្នកណា​ក៏​អាចធ្វើ​បានដែរ ហេតុនេះ​បុគ្គលិក​ដែល​លេចធ្លោ គឺជា​អ្នក​ដែលមាន​ភាព​វៃឆ្លាត​ក្នុងការ​ច្នៃប្រឌិត​វិធី​ដែល​ខ្លួន​ធ្វើ​នោះ​ឱ្យ​ខ្លី ឬ​ឱ្យ​ងាយ ហើយ​ចំណេញ​ពេលវេលា​ច្រើន​ក្នុងការ​បង្កើន​គុណភាព ឬ​បរិ​មាណនៃ​សមិទ្ធផល​សម្រាប់​ការងារ​ប្រចាំថ្ងៃ។

    ការធ្វើការងារ​បែបនេះ គឺ​គេ​ហៅថា ធ្វើ​ការងារ​ប្រកបដោយ​វិធី​ឆ្លាត (work smart) មិនមែន​ធ្វើ​ការងារ​ចំណាយពេល​ច្រើន តែ​មិន​ទទួលបាន​លទ្ធផល​នោះទេ។ ម្យ៉ាងវិញទៀត នៅពេលដែល​យើង​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ច្នៃប្រឌិត យើង​ក៏​អាច​ក្លាយជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​ក្រុមហ៊ុន ឬ​ស្ថាប័ន​ឱ្យមាន​លទ្ធភាព​ក្នុងការ​ប្រកួតប្រជែង​ជាមួយនឹង​ដៃគូ​នៅក្នុង​ទីផ្សារ។

    លោក លី សុភា​រិ​ទ្ធ បាន​និយាយថា៖ “ការធ្វើការងារ​ប្រកបដោយ​ភាព​វិជ្ជមាន ក៏​ជា​ចំណុចខ្លាំង​មួយ​ដែល​ជំរុញ​អ្នកធ្វើការងារ​ឱ្យមាន​ថាមពល និង​អាច​ទទួលបាន​លទ្ធផល​ខ្ពស់​ផងដែរ។ បញ្ហា​ដែលជា​ចំណុច​ប្រឈម​របស់​មនុស្ស​ជាច្រើន គឺ​មើល​ឃើញតែ​ពី​បញ្ហា ឬ​មានគំនិត​អវិជ្ជមាន​ច្រើនជាង​រីករាយ​ជាមួយនឹង​ការផ្លាស់ប្តូរ​ដែល​វិជ្ជមាន។ ហេតុនេះ​ប្រសិនបើ​យើង​មានគំនិត​វិជ្ជមាន​ក្នុង​ការងារ យើង​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​គ្រប់​លទ្ធភាព​ដើម្បី​សម្រេច​គោលដៅ បើទោះបីជា​ការងារ​ទាំង​នោះ​មិនមែនជា​រឿង​ងាយស្រួល​ក៏ដោយ។

    លោក សុភា​រិ​ទ្ធ បានលើកឡើង​ផងដែរ​ថា អ្នកណា​ក៏​អាច​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​ខ្លាំង​បានដែរ ប្រសិនបើ​យើង​ចាប់ផ្តើម​បង្កើត​ទម្លាប់​ល្អ​ក្នុង​ការធ្វើការងារ ឬ​ដកឃ្លា​បន្តិច​ដើម្បី​គិតពី​ការអភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឱ្យ​កាន់តែខ្លាំង បើទោះបីជា​ពេលវេលា​រាល់ថ្ងៃ​ធ្វើឱ្យ​យើង​នឿយហត់​ក៏ដោយ ព្រោះថា នៅពេលដែល​យើង​ដកឃ្លា​ស្វែងរក​ពេល​គិត​ប្រកបដោយ​សេរីភាព និង​ភាព​ច្នៃប្រឌិត យើងនឹង​អាចធ្វើ​ការងារ​ដដែល​នោះ​ដោយ​ភាពងាយស្រួល និង​ចំណេញ​ពេលវេលា​ច្រើន៕

  • មិនទាន់ចប់ទេ!  ម៉ៃ សុគន្ធ នៅតែបន្ដរិះគន់តារាចម្រៀង ថេណា

    មិនទាន់ចប់ទេ!  ម៉ៃ សុគន្ធ នៅតែបន្ដរិះគន់តារាចម្រៀង ថេណា

    កាលពីពេលកន្លងទៅថ្មីៗនេះ តារាចម្រៀង និងមហាជនបានដាក់រហស្សនាមឱ្យថា «កំពូសទើស» លោក ម៉ៃ សុគន្ធ បានចេញមករិះគន់តារាចម្រៀង Original Song លោក ថេណា ថា ច្រៀងមិនច្បាស់ រកតែស្ដាប់មិនយល់ ដោយបានសង្កត់ធ្ងន់ទៅលើបទចម្រៀងដែលមានចំណងជើងថា «ភពឯកា»។

    កន្លងមកលោក ម៉ៃ សុគន្ធ បានធ្វើការរិះគន់ ថេណា ថា «និយាយពី Original Song សម័យឥឡូវ បើចង់ស្តាប់ទាល់តែបើកត្រចៀកឱ្យធំ ឱនទៅឱ្យជិត Speaker ទើបស្តាប់ដឹងថា វាច្រៀងអំពីស្អី (អក្ខរាវិរុទ្ធស្តាប់មិនបាន មិនដឹងវាច្រៀងភាសាអីឱ្យច្បាស់…) បើថាតាឡាន់ មិនចំតាឡាន់ អានិកជាន់ មិនចំអានិកជាន់ យ៉ាប់ហើយខ្មែរ»។ គួរកត់សម្គាល់ផងដែរថា បន្ទាប់មានការរិះគន់បែបនេះឡើង គេមើលឃើញថា មហាជនមួយចំនួនគាំទ្រសម្ដីរបស់ ម៉ៃ សុគន្ធ តែក៏មានមហាជនអ្នកគាំទ្រមួយចំនួនទៀតបានពន្លះ ម៉ៃ សុគន្ធ វិញដោយមិនប្រណីថ្វីមាត់ដែរ។

    យ៉ាងណាក៏ដោយ បន្ទាប់ពីមានការរិះគន់ចំពោះ ថេណា បែបនេះ តារាចម្រៀងប្រុសរូបនេះក៏បានធ្វើការឆ្លើយបញ្ជាក់វិញដែរថា «អត់មានអីខឹង ឬឆ្លើយតបអីទៅគាត់វិញផងបង ព្រោះអាជីពគាត់ល្បីល្បាញដោយសារតែការរិះគន់គេ បើសិនជាខ្ញុំខឹងប្រកាន់គាត់ មានន័យថា ខ្ញុំមិនខុសអីពីគាត់ឡើយ។ ដូច្នេះគាត់ធ្វើអ្វីជារឿងគាត់ តែកុំឱ្យតែជ្រុលហួសហេតុពេក»។ ការតប-ត-បកស្រាយរបស់ ថេណា មិនបានធ្វើឱ្យ ម៉ៃ សុគន្ធ ក្ដៅស្លឹកត្រចៀកឡើយ ផ្ទុយទៅវិញ ថ្មីៗចុងក្រោយនេះ លោក ម៉ៃ សុគន្ធ បានចេញសារតបវិញថា «អូ! “ការរិះគន់តារាតាឡាន់” ពិតជាមានឥទ្ធិពលមែន តារាតាឡាន់ សំនៀងបែបអណិកកាក់ជាន់ ទទួលស្គាល់ការពិតហើយ។ អូ!!! ភ្លេចរកឃើញមូលហេតុដែលតាឡាន់ស្ទាយអនិកាក់ជាន់ហើយ បំពង់កតូចពេក អត់សូវមានកីឡា។ បើចេញបទក្រោយកែណា៎ ខ្ញុំចាំមើល..»៕

  • សភា​អឺរ៉ុប​នៅតែ​បន្ត​ចោទប្រកាន់ និង​ដាក់បន្ទុក​លើ​មេ​ធំ Facebook

    សភា​អឺរ៉ុប​នៅតែ​បន្ត​ចោទប្រកាន់ និង​ដាក់បន្ទុក​លើ​មេ​ធំ Facebook

    ស្ថាបនិក​ក្រុមហ៊ុន និង​ជា​មេ​ធំ​របស់​បណ្ដាញ​សង្គម Facebook លោក Mark Zuckerberg បានបង្ហាញ​ការ​សូម​អភ័យទោស​ទៅកាន់​សភា​អឺរ៉ុប ចំពោះ​ផលប៉ះពាល់ ដែល​បង្កឡើង​ដោយ​ការ​បែកធ្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ ។

    លោក Mark Zuckerberg បាន​ថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍​ជា​ចំហ​មួយ​ថា៖ “ក្នុង​រយៈពេល 2ឆ្នាំ​មកនេះ វា​បានបង្ហាញ​យ៉ាងច្បាស់​ថា យើង​មិន​បានធ្វើ​អ្វី​គ្រប់គ្រាន់​ឡើយ​ក្នុងការ​ទប់ស្កាត់​កុំឱ្យមាន​ផលប៉ះពាល់​ដល់​អ្នកប្រើប្រាស់ ដោយសារតែ​ព័ត៌មាន​ក្លែងក្លាយ ការ​លូកដៃ​របស់​បរទេស​នៅក្នុង​ការបោះឆ្នោត ឬក៏​ការ​បំប៉ោង​ព័ត៌មាន​ឱ្យ​ប្រជាជនមាន​ការយល់ច្រឡំ។

    លោក បានបញ្ជាក់​បន្ថែមទៀត​ថា៖ “យើង​មិនបាន​យកចិត្តទុកដាក់​គ្រប់គ្រាន់ លើ​ការទទួលខុសត្រូវ​រប​ស់​យើង ហើយ​នេះ​គឺជា​កំហុស​មួយ​ដែល​ខ្ញុំ​ពិតជា​ត្រូវ​សូមទោស។

    បើទោះបីជា មហាសេដ្ឋី​វ័យក្មេង​រូបនេះ ចេញមុខ​សុំទោស និង​បង្ហាញ​ការសោកស្ដាយ​យ៉ាងណាក្ដី ក៏​មិនបាន​ធ្វើឱ្យ​សមាជិកសភា​អឺរ៉ុប​ពេញចិត្ត​ដែរ​ផ្ទុយទៅវិញ​ពួកគេ​បាន​ចោទប្រកាន់ លោក Mark Zuckerberg ថា បាន​គេចវេះ​ការឆ្លើយតប​នឹង​សំណួរ។

    គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​រាប់លាន​នាក់​ត្រូវបាន​បែកធ្លាយ និង​រំលោភបំពាន​នោះ លោក Mark Zuckerberg បានប្រកាសថា នឹង​ជួល​បុគ្គលិក​បន្ថែម​ជាច្រើន​នាក់​ទៀត ដើម្បី​ត្រួតពិនិត្យ​ទៅលើ​ព័ត៌មាន​ក្លែងក្លាយ និង​ដើម្បី​ការងារ​ទិន្នន័យ​សម្ងាត់​របស់​ឯក​ជន៕

  • តម្លៃ​ដី​នៅ​ខេត្តកំពង់ស្ពឺ​កំពុង​ឡើងថ្លៃ​ខ្លាំង ខណៈ​រោងចក្រ​ផ្លាស់​ទៅ​ទីនោះ​កាន់តែច្រើន

    តម្លៃ​ដី​នៅ​ខេត្តកំពង់ស្ពឺ​កំពុង​ឡើងថ្លៃ​ខ្លាំង ខណៈ​រោងចក្រ​ផ្លាស់​ទៅ​ទីនោះ​កាន់តែច្រើន

    ស្រប​ពេលដែល​វិស័យ​វាយនភ័ណ្ឌ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​រោងចក្រ​ផលិត​សម្ភារ​ប្រើប្រាស់ផ្សេងៗបាន​ផ្លាស់​ទីតាំង​ចេញពី​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញទៅកាន់​ខេត្តកំពង់ស្ពឺ​កាន់តែ​ច្រើនឡើង​នោះ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បានធ្វើឱ្យ​តម្លៃ​ដី​នៅក្នុង​ខេត្ត​ជិត​រាជធានី​ភ្នំពេញ​មួយ​នេះ​កាន់​តែមាន​សម្ទុះ​ខ្លាំង​ឡើង។

    លោក ភឿង ប៊​ន អាជីវក​ពុះ​ដីឡូត៍​លក់​នៅ​ជិត​ផ្សារ​អង្គ​មេត្រី ក្នុង​ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា នៅ​រយៈពេល​ប្រមាណ​ជា 6ខែ​ចុងក្រោយ តម្លៃ​ដី​តំបន់​នោះ​កំពុង​ឡើងថ្លៃ​ខ្លាំង ដោយសារតែ​រោងចក្រ​បាន​ផ្លាស់​ទៅ​ទីនោះ​កាន់តែ​ច្រើនឡើង។ លោក​បន្តថា កាលពី​ឆ្នាំ​មុនដី​ក្នុងភូមិ​អង្គ​មេត្រី​នោះ​តម្លៃ​ប្រហែល 5ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​ត្រឹម​រយៈពេល 6ខែ​ចុង​ក្រោយនេះ​ដី​ឡើងថ្លៃ​ដល់​ចន្លោះ​ពី15 ទៅ20ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ឯ​ចំណែក​ដី​នៅជាប់​ផ្លូវធំ ផ្លូវ​លេខ41 វិញ តម្លៃ​ឡើងដល់150 ទៅ200ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ប្រហាក់ប្រហែល និង​ជាយក្រុង​ភ្នំពេញ​ដែរ ដែលជា​កត្តា​ធ្វើឱ្យ​អាជីវកម្ម​ពុះ​ដីឡូត៍​លក់​កាន់​តែមាន​សកម្ម​ភាពខ្លាំង​ឡើង។

    លោក​បាន​មានប្រសាសន៍​ទៀតថា បច្ចុប្បន្ន​ដី​នៅតាម​បណ្តោយ​ផ្លូវ​លេខ41 ឆ្លងកាត់​ពី​ផ្លូវជាតិ​លេខ4 ត្រង់ចំណុច​ផ្សារ​ថ្នល់ទទឹង​ឆ្ពោះទៅ​ទី​រួម​ខេត្តកំពត​ពិតជា​មា​នស​ក្តា​នុព​ល​ខ្លាំង​ឡើង មែន ដោយសារតែ​ទីតាំង​នោះ​មាន​ភាព​អំណោយផល​ក្នុងការ​សាងសង់​រោងចក្រ ងាយស្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ទៅ​កំពង់ផែ​សមុទ្រ។ ចំណែក​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ4 ចាប់ពី​ផ្សារ​ថ្នល់ទទឹង​ឆ្ពោះទៅ​ខេត្ត​កំពង់សោម​វិញ ក៏​កាន់តែ​ឡើងថ្លៃដំណាលៗគ្នា​នេះដែរ។

    អតិថិជន​ឈ្មោះ ផាន់ ប៉ោ​ទាង ដែល​បាន​ទិញ​ដីឡូត៍​នៅ​ទី​នោះបាន​បញ្ជាក់ថា កាល​មុនដី​មួយ​ឡូត៍​តម្លៃ​ត្រឹមតែ 2,000ដុល្លារ​ទេ និង​មិនសូវមាន​អ្នកទិញ​ផង ស្រាប់តែ​មកទល់​ពេលនេះ​ដីឡូត៍​ឡើងថ្លៃ​ចន្លោះ​ពី 4,000 ទៅ6,000 ក្នុង​មួយ​ឡូត៍​បែរជា​មាន​មនុស្ស​នាំគ្នា​មក​ទិញ​កាន់តែ​ច្រើនឡើង​ទៅវិញ ដោយ​អ្នកទិញ​ភាគច្រើន​បាន​សាង​សង់ផ្ទះ​សម្រាប់​លក់​ម្ហូបអាហារ និង​សម្ភារផ្សេងៗនៅក្បែរ​រោងចក្រ ហើយ​អ្នកខ្លះ​ទិញ​ដើម្បី​ធ្វើ​ផ្ទះជួល​ឱ្យ​អ្នក​រោងចក្រ​ស្នាក់នៅ និង​មួយចំនួនទៀត​ទិញ​ទុក​លក់​ទៅវិញ​យកប្រាក់​ចំណេញ​បន្ត។

    អ្នកនាង ស៊ ធីតា អ្នកជំនាញ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន Royal 5G បាន​និយាយថា ដី​នៅ​ខេត្តកំពង់ស្ពឺ​ពិតជា​ឡើងថ្លៃ​មែន ប៉ុន្តែ​មិន​ឡើង​គ្រប់​តំបន់​នោះទេ មានន័យថា ឡើង​ទៅតាម​តំបន់​មួយចំនួន​ប៉ុណ្ណោះ ពិសេស​តំបន់​ដែល​រោងចក្រ​បាន​ផ្លាស់ប្តូរ​ទៅ​នៅតាម​បណ្តោយ​ផ្លូវ41 (ពី​ថ្នល់ទទឹង​ឆ្ពោះទៅ​ទី​រួម​ខេត្តកំពត) និង​មួយចំនួនទៀត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ4។ តែ​យ៉ាងណាក្ដី​អ្នកនាង​បានលើកឡើង​ថា និន្នាការ​នៃ​ការពង្រីក​រោងចក្រ​កំពុង​បែរមុខ​ឆ្ពោះទៅ​ខេត្តកំពង់ស្ពឺ​ពិតប្រាកដ​មែន ដែល​អាចធ្វើឱ្យ​អ្នកជំនួញ​វិស័យនេះ​អាច​ទិញ​ទុក​លក់​រប្រាក់ចំណេញ​បាន​នៅ​ថ្ងៃ​អនាគត។

    លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា បច្ចុប្បន្ន​បើ​គេ​និយាយ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស គេ​ត្រូវ​សម្លឹង​ឆ្ពោះទៅកាន់​ទឹកដី​ខេត្តកំពង់ស្ពឺ តាម​បណ្តោយ​ផ្លូវជាតិ​លេខ4 ដែលមាន​ទីតាំងនៅ​មិន​ឆ្ងាយ​ពី​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ ដ្បិត​នៅ​ទីនោះ​ក្រៅពី​មាន​ទីតាំង​ភូមិសាស្ត្រ​ល្អ និង​មាន​សក្តានុពល​លើ​ការដឹកជញ្ជូន ហើយ​វា​នៅមាន​ភាពល្អប្រសើរ​ជាច្រើន​ទៀត ដូច​ជាមាន​វិសាលភាព​ភាព​ធំ​ទូលាយ តម្លៃ​អចលនទ្រព្យ​នៅមានកម្រិត​ទាប ជាពិសេស​ភាពសម្បូរ​បែប​នៃ​កម្លាំង​ពលកម្ម​ដែល​ភាគច្រើន​ជា​ប្រជាជន​ដែល​កំពុង​រស់នៅក្នុង​តំបន់​នោះ​ស្រាប់។

    លោក​បន្តថា នៅពេល​បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ​បាននិងកំពុង​ពង្រីក​វិសាលភាព​ផ្នែក​សេដ្ឋកិច្ច ឱ្យបាន​កាន់តែ​ប្រសើរ​ជាង​មុន ពោលគឺ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​លើ​ការវិនិយោគ​ក្នុង​រូប​ភាពជារោងចក្រ សហគ្រាសធំៗ ដែល​សរុប​មាន​ចំនួន 130ទីតាំង (រោងចក្រ​ស្បែកជើង និង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់)។ ដោយឡែក​សម្រាប់​សិប្បកម្ម​ខ្នាត​មធ្យម និង​ក្រោម​មធ្យម​នៅតាម​មូលដ្ឋាន​ជា​លក្ខណៈ​គ្រួសារផ្សេងៗ មាន​រហូតដល់​ប្រមាណ​ជា 4,600មូលដ្ឋាន ដែល​អាច​ផ្តល់​ការងារ​ជូន​ប្រជា​កម្មករ​មាន​ក្របខ័ណ្ឌ​បាន​ប្រមាណ 91,000នាក់ និង​ក្រៅ​ក្របខ័ណ្ឌ​បាន​ប្រមាណ​ជិត 40,000នាក់។

    ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល​ក៏បាន​រៀបចំ​តំបន់​ទាំងអស់​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ4 ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​តំបន់ឧស្សាហកម្ម​នៅ​ឆ្នាំ2025ខាងមុខនេះ​ដែលជា​កត្តា​សំខាន់​ធ្វើឱ្យ​តម្លៃ​ដី​នៅ​ខេត្ត​មួយ​នេះ​កាន់តែ​ឡើងថ្លៃ​ខ្ពស់​ឡើង៕

  • អស្ចារ្យ!!  ល្ខោននិយាយរឿង «តៃកុងហំ ហៅ ថៅកែចិត្តចោរ» ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី

    អស្ចារ្យ!!  ល្ខោននិយាយរឿង «តៃកុងហំ ហៅ ថៅកែចិត្តចោរ» ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី

    នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃអាទិត្យ ទី27 ខែឧសភា ឆ្នាំ2018 មានការសម្ដែងល្ខោននិយាយរឿង «តៃកុងហំ ហៅ ថៅកែចិត្តចោរ» ដែលមានការចូលរួមសម្ដែងពីសំណាក់លោកគ្រូ-អ្នកគ្រូខាងផ្នែកល្ខោននិយាយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

    អ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងបំផុតនោះគឺ ល្ខោននិយាយមួយនេះបានបំផុសគំនិតឱ្យយុវជនកម្ពុជាដែលជាទំពាំងស្នងឫស្សីទាំងអស់ស្រឡាញ់នូវភាពយុត្តិធម៌ សច្ចធម៌ គុណតម្លៃការងារ ភាពស្មោះត្រង់ និងបញ្ចៀសរាល់ទង្វើគាបសង្កត់កេងចំណេញរកតែផលប្រយោជន៍ផ្ទាល់ខ្លួន។ មិនត្រឹមតែទស្សនាហើយទទួលបានការអប់រំនោះទេ ភ្ញៀវកិត្តិយសដែលភាគច្រើនជាយុវវ័យប្រុសស្រី បានផ្ដល់ការគាំទ្រ និងលើកទឹកចំពោះល្ខោននិយាយដែលជាសិល្បៈខ្មែរទី 6នេះ បាននាំគ្នាមកទស្សនាយ៉ាងភ្លូកទឹកភ្លូកដីរហូតដល់សឹងតែរកកន្លែងអង្គុយគ្មាន។

    គួរបញ្ជាក់ផងដែរថា តាមរយៈល្ខោននិយាយរឿង «តៃកុងហំ ហៅ ថៅកែចិត្តចោរ» ដ៏ល្អឯកមួយនេះ ធ្វើឱ្យកូនខ្មែរដែលជាអ្នកថែរក្សា ស្រឡាញ់ និងអភិរក្សសិល្បៈដូនតាខ្មែរ ងាកមកគាំទ្រ និងស្នើសុំឱ្យមានល្ខោននិយាយដែលមានភាពអប់រំ និងបែបផែនទស្សនវិទ្យាបែបនេះឱ្យបានច្រើន និងជាបន្ដបន្ទាប់ទៀត ដើម្បីឱ្យព្រលឹងនៃសិល្បៈដូនតាខ្មែរបានរស់ និងដង្ហើមដកទៅដល់ពេលអនាគតថែមទៀត៕

  • ពែក មី បដិសេធមិនទទួលយកការចរចា និងថ្លៃព្យាបាលរបួសប្អូនប្រុស

    ពែក មី បដិសេធមិនទទួលយកការចរចា និងថ្លៃព្យាបាលរបួសប្អូនប្រុស

    កាលពីពេលថ្មីៗនេះ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN គឺលោក ពែក មី បានបង្ហោះវីដេអូចេញមុខបដិសេធចំពោះការចរចា និងមិនទទួលយកទឹកប្រាក់ជួយចេញថ្លៃព្យាបាលរបួសរបស់ប្អូនថ្លៃប្រុសរបស់លោក ចំនួន 4,000 ដុល្លារសហរដ្ឋអាមេរិកពីភាគីម្ខាងទៀតឡើយ។

    នៅក្នុងវីដេអូដែលមានរយៈពេលជាង 6នាទី លោក ពែក មី បាននិយាយថា ខាងមន្ត្រីអធិការខណ្ឌឫស្សីកែវ បានមកចរចាជាមួយក្រុមគ្រួសាររបស់លោក ដោយបានប្រាប់ថា ខាងភាគីរថយន្ដមានសន្ដានចិត្តបុណ្យជួយចេញថ្លៃព្យាបាលរបួសប្អូនប្រុសរបស់លោកជាថវិកាចំនួន 4,000 ដុល្លារសហរដ្ឋអាមេរិក តែលោកបានបដិសេធ និងមិនទទួលយកការចរចាណាមួយឡើយ។ លោកអះអាងថា «ករណីប្អូនប្រុសខ្ញុំ ជាករណីមនុស្សឃាត តែហេតុអ្វីបានជាខាងអធិការខណ្ឌឫស្សីកែវបានសរសេរថា ខាងភាគីរថយន្ដមានសន្ដានចិត្តបុណ្យជួយចេញថ្លៃព្យាបាល 4,000 ដុល្លារដល់ខាងភាគីជិះម៉ូតូដែលជិះបុកជញ្ជាំងដោយខ្លូនឯងទៅវិញ?។ បងប្អូនអើយ…យើងពិតជាមិនអាចទទួលការចរចានេះបានទេ»។

    ទន្ទឹមគ្នានោះដែរ តារាកំប្លែងមានឈ្មោះបោះសំឡេងរូបនេះ បានអះអាងនៅក្នុងវីដេអូរបស់ខ្លួនទៀតថា លោកនឹងបន្ដដាក់ពាក្យបណ្ដឹងទៅខាងសាលារាជធានីបន្ដទៀតដើម្បីទាមទាររកយុត្តិធម៌ជូនប្អូនប្រុសរបស់លោក ដោយលោកបានបញ្ជាក់ និងប្រកាន់ជំហរប្រាប់មហាជនប្រិយមិត្តខ្មែរទាំងអស់ថា ករណីប្អូនថ្លៃប្រុសរបស់លោក គឺជាករណីមនុស្សឃាត មិនមែនជាករណីជិះម៉ូតូទៅបុកជញ្ជាំងរបងដោយខ្លួនឯងនោះទេ ព្រោះរថយន្ដជនល្មើសបានប្រដេញពីក្រោយយ៉ាងប្រកិត រហូតដល់មានគ្រោះថ្នាក់នោះកើតឡើងតែម្ដង។

    គួរបញ្ជាក់ផងដែរថា លោក ពែក មី បានអំពាវឱ្យមហាជនបានជ្រាប និងអរគុណចំពោះក្ដីបារម្ភមកកាន់ក្រុមគ្រួសារលោក ដោយបានចំណាយថវិកាទូរស័ព្ទមកសួរនាំលោកអំពីដំណើររឿងទៀតផង។ សូមជម្រាបន្ថែមថា ខណៈនេះប្អូនប្រុសនាយ ពែក មី កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ឯប្រទេសវៀតណាម។ ដើម្បីកាន់តែជាក់ច្បាស់បន្ថែមទៀត សូមអញ្ជើញប្រិយមិត្តទាំងអស់ទស្សនាវីដេអូរបស់នាយ ពែកមី ខាងក្រោមនេះ៖