Category: សង្គម និងសេដ្ឋកិច្ច

  • Roma ទាម​ទារ​តម្លៃខ្លួន​ 79​លានផោនពី Liverpool សម្រាប់ Alisson Becker

    Roma ទាម​ទារ​តម្លៃខ្លួន​ 79​លានផោនពី Liverpool សម្រាប់ Alisson Becker

    ក្លិប Roma ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹមថា ​ការ​ទាម​ទារ​​សម្រាប់​តម្លៃខ្លួន​​ជា​កំណត់ត្រា​ពិភព​លោក​សម្រាប់​អ្នក​ចាំ​ទី Alisson Becker នឹង​ធ្វើ​ឱ្យ​ក្លិប Liverpool រា​រែក​ក្នុង​ការ​ចុះហត្ថលេខា​ជាមួយ​នឹង​អ្នក​ចាំ​ទី​រូបនេះ​។ ក្លិប​របស់ក្រប​ខ័ណ្ឌ​អ៊ី​តាលី Serie A មួយ​នេះ កំពុង​តែ​សង្ឃឹម​ថា នឹង​​អាច​រក្សា​ទុក Alisson ដែល​បាន​ធ្វើ​ឱ្យរូប​គេ​ផ្ទាល់​​ក្លាយ​ជា​អ្នក​ចាំ​ទីម្នាក់​ក្នុង​ចំណោម​អ្នក​ចាំ​ទី​ដ៏ឆ្នើម​បំផុត​ក្នុងពិភព​លោក​។

    Alisson នឹង​ធ្វើ​ដំណើរ​ទៅកាន់​ព្រឹត្តិការណ៍ World Cup ក្នុង​ប្រទេស​រុស្ស៊ី ក្នុង​នាម​ជា​អ្នក​ចាំ​ទី​ជម្រើស​ទី​1​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ក្រោយពី​បាន​​យក​ឈ្នះ​លើ​តារាឆ្នើម Ederson របស់​ក្លិបManchester City សម្រាប់​តំណែង​ទី​1នេះ​​។ កា​សែត The Guardian បាន​ចេញ​ផ្សាយ​ថា Roma សង្ឃឹម​ថា ​តម្លៃ​ខ្លួន​ 79លាន​ផោន (ស្មើ​នឹង​ 104​លាន​ដុល្លារ​អាមេរិក) សម្រាប់ Alisson ដែល​​នឹងក្លាយ​ជា​​តម្លៃ​ខ្លួន​ជា​កំណត់​ត្រា​សម្រាប់​អ្នក​ចាំ​ទីម្នាក់ នឹង​បញ្ឈប់​ក្លិប Liverpool ក្នុងការ​ព្យា​យាម​ទិញ​របស់​ពួក​គេ​។ លោក Jurgen Klopp មាន​គោល​ដៅ​ទៅលើ​អ្នក​ចាំ​ទី​​ដ៏ឆ្នើម​ថ្មីម្នាក់ បន្ទាប់​ពី​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អន់​របស់​​អ្នក​ចាំ​ទី Loris Karius ក្នុង​ពេល​ចាញ់​ការប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោមស្នា​ដៃក្រុម Real Madrid កាល​ពី​ថ្ងៃ​សៅរ៍ សប្តាហ៍មុន​។

    Roma សង្ឃឹម​​​ថា នឹង​រក្សា​ទុក Alisson ដែល​បាន​ធ្វើ​ឱ្យ​រូបគេ​ផ្ទាល់​ក្លាយ​ជា​អ្នក​ចាំ​ទីម្នាក់​ក្នុង​ចំណោម​អ្នក​ចាំ​ទី​ដ៏ឆ្នើម​បំផុត​ក្នុង​ពិភព​កីឡា​បាល់​ទាត់​ ចាប់​តាំង​ពី​ចូល​រួម​​ជា​មួយ​នឹង​ក្លិប​របស់​អ៊ី​តាលីមួយ​នេះដោយចេញពី​ក្លិប Internacional កាលពីឆ្នាំ​2016​៕

    ប្រភព​ពី៖ Metro

  • Man United កំពុង​តែ​ពិភាក្សា​ដើម្បី​ចុះហត្ថលេខាយក Dalot ពីក្លិប Porto

    Man United កំពុង​តែ​ពិភាក្សា​ដើម្បី​ចុះហត្ថលេខាយក Dalot ពីក្លិប Porto

    ក្លិប​បិសាចក្រហម Manchester United កំពុង​តែ​ស្ថិតក្នុង​ការ​ពិភាក្សា​​ដើម្បីចុះហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​​ការ​ពារ Diogo Dalot របស់​ក្លិប Porto​។ នេះ​បើយោង​តាម​ការ​ចេញ​ផ្សាយ​​ព័ត៌​មាន​ផ្សេង​ៗ​របស់​អង់គ្លេស​។

    លោក Jose Mourinho កំពុង​តែ​ស្ថិតក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​​ដើម្បី​ស្វែង​រក​ខ្សែ​ការ​ពារ​ស្លាប​ស្តាំ​ម្នាក់​​សម្រាប់​ប្រជែង​ជាមួយ​នឹង​កីឡាករ Antonio Valencia ក្នុង​​កន្លែង​មួយ​ក្នុង​ជម្រើស​ទាំង​ 11​នាក់ដំបូង​របស់​ក្រុម Man United ខណៈដែល​អនា​គត​របស់​​កីឡាករ Matteo Darmian ក្នុ​ងក្លិបនេះ ស្ថិតក្នុង​ភាព​ស្រពេច​ស្រពិល​។

    Dalot សមា​ជិក​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់​អាយុ​ក្រោម​ 21​ឆ្នាំ ត្រូវ​បាន​រំពឹង​ទុក​ថា មានលក្ខខណ្ឌរំលាយ​កិច្ច​សន្យា​ចំនួន​ 20​លាន​អឺ​រ៉ូ (ស្មើ​នឹង​ 23​លានដុល្លារ​អាមេរិក) ក្នុង​កិច្ច​សន្យា​របស់​គេ​ជាមួយ​នឹងក្លិប Porto និង​ត្រូវ​បាន​រំពឹង​ទុក​ថា ​ស្ថិត​ក្នុង​ការ​ចាប់​អារម្មណ៍​ពី​ក្លិប​​ធំ​ៗ​ជាច្រើន​របស់​​អឺ​រ៉ុប​។ Dalot ក៏​អាច​លេង​ក្នុង​តំបន់​បម្រើ និង​​ការ​ពារ​ស្លាប​ឆ្វេងបាន​ដែរ ​ជា​តួ​នាទី​ដែល​រូប​គេ​​បាន​លេង​ភាគ​ច្រើនសម្រាប់​ក្រុម​របស់​លោក Sergio Conceicao​។ រូប​គេ​បាន​ចូល​លេង​រយៈពេល​ 90​នាទី​ពេញក្នុង​ពេលក្រុម​ខ្លួន​បាន​បញ្ចប់​ក្នុង​លទ្ធផល ០-០ នៅ​លើ​ទឹកដី​​របស់​ក្រុម Liverpool ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ 16​ក្រុម​ចុងក្រោយ ជើង​ទី​2 កាលពី​ខែ​មីនា ខណៈ​ដែល Porto បាន​ធ្លាក់​ចេញ​ដោយ​ការ​ទទួលបរា​ជ័យ​ទាំង​ 2​ជើង​ក្នុង​លទ្ធផល 5-០​​។

    Darmian ដែល​បាន​លេង​ជាកីឡាករ​បម្រុង​សម្រាប់​លោក Mourinho ក្នុង​តំបន់​ការ​ពារ​ស្លាប​ទាំង​សង​ខាង​នោះ ត្រូវ​បាន​រំពឹង​ទុកថា នឹង​ចាក​ចេញហេតុនេះ Dalot ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​ជំនួស​កន្លែង​របស់​កីឡាករ​អ៊ី​តាលី​រូបនេះ​៕


    ប្រភព​ពី៖ Sky Sports

  • តារាស្រី 3 ដួង ស្រស់ស្អាតរហូតដល់អ្នកគាំទ្រលាន់មាត់ថា នាងមានទម្រង់មុខដូចតារាថៃ

    តារាស្រី 3 ដួង ស្រស់ស្អាតរហូតដល់អ្នកគាំទ្រលាន់មាត់ថា នាងមានទម្រង់មុខដូចតារាថៃ

    មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រីប្រទេសកម្ពុជា ពិតជាមានសម្រស់ស្រស់ស្អាតមិនធម្មតាឡើយ រហូតដល់ថ្នាក់អ្នកគាំទ្រលាន់មាត់​និយាយថា ពួកនាងមានទម្រង់ស្រដៀង និងប្រហាក់ប្រហែលទៅនឹងតារាស្រីថៃ ដែលអាចនិយាយបានថា សឹងតែដូចគ្នាតែម្ដង។ នៅថ្ងៃនេះ គេហទំព័រឡារ៉ែន សូមបង្ហាញជូនតារាកម្ពុជា 3ដួង ដែលអ្នកគាំទ្រគិតថា មានទម្រង់មុខស្រដៀងតួកុនថៃ។

    1-កញ្ញា ប៉ុប រចនា

    អ្នកគាំទ្រទាំងអស់ ព្រមទាំងមិត្តសិល្បៈ​មួយចំនួន​នាំគ្នា​លាន់មាត់ថា​នាង​មាន​ទម្រង់​មុខ​ស្រដៀង​តារា​ថៃ គីម ប៊ែលលី បេះដាក់ស្ទើរ​70ភាគរយ ។ កន្លងមកនាងក៏ធ្លាប់បាន​បញ្ជាក់ថា​ប្រាប់អ្នកគាំទ្រដែរថា នាងពិតរំភើប​ខ្លាំង​នៅពេល​គេ​ថា​នាង​មាន​ទម្រង់​មុខ​ស្រដៀង​តួ​ថៃ​ល្បី​បែបនេះ ។ ថ្វីត្បិតតែ​មាន​សញ្ជាតិ​ខុសគ្នា​តែ​គេ​សង្កេតឃើញ​តារា​ស្រី​រូប​ស្រស់​ចំនួន​បួន​ដួង​ត្រូវបាន មហាជន​ក៏ដូចជា​គេហទំព័រ​របស់ ប្រទេស​ថៃ​មួយ ចំនួន​ផ្សព្វផ្សាយ​ថា​មាន​ទម្រង់​មុខ​ស្រដៀង​និង​តួ​ថៃ ។ ​

    2-​ កញ្ញា ម៉ាក់ សែន សូនីតា

    តារាស្រីរូបនេះ ធ្លាប់​ត្រូវបាន​ខាង​ផលិតករ​ថៃ​និយាយថា ​នាង​មាន​ទម្រង់​មុខ​ស្រដៀង​ជាមួយ​តារា​សម្តែង​ថៃ​ដ៏​ល្បី​គឺ យ៉ា យ៉ា ។ កន្លងមក តូ​តា ក៏​ធ្លាប់​ត្រូវបាន​ក្រុមហ៊ុន​ជ្រើសរើស​ក្នុង​ការថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយចំនួន​ផងដែរ ។ តូ​តា ត្រូវបាន​គេ​ចាត់ទុកថា ជា​តារា​ដែលមាន​រូប​សម្រស់ ស្រស់ស្អាត​បែប​ធម្មជាតិ​ហើយ​ចុង​ក្រោយនេះ​នាង​កាន់តែ​បន្ថែម​ការតុបតែង​ខ្លួន​សិច​ស៊ី និងទាន់សម័យ​ជាង​មុនទៅទៀត។

    3-កញ្ញា ឌុ​ច លីដា

    ឌុ​ច លីដា ត្រូវបាន​គេ​ចាត់ទុកជា​តារា​ដែលមាន​ភាពលេច​ធ្លោ​និង មាន​សមត្ថភាព​ជាពិសេស​នាង​ក្លាហាន​អាច​សម្តែង​បាន គ្រប់​ឈុត​មិន​ថា​ឈុត​ឆាក​ស្នេហា​ព្រឺព្រួច​បែបណាក៏ដោយ ។​​ កន្លងមក​ផលិតករ​ជាច្រើន​សុទ្ធតែ​និយាយ​ទម្រង់​មុខ​របស់ ឌុ​ច លីដា ពិតជា​ស្រស់ស្អាត​ជាពិសេស​មិន​ថា​ថត​ចំហៀង​ឬ​ចំ​មើលទៅ​ស័ក្តិ សម​ទាំងអស់ ។ ពិតជាធម្មតានោះដែរ គឺនាង​ត្រូវបាន​អ្នកគាំទ្រ​ប្រដូច​ថា​មាន​ទម្រង់​មុខ​ស្រដៀង​ទៅនឹង​តារា​ស្រី​ដ៏​ល្បី អាំ ផាត់​ឆៈ​រ៉ា​ផា តែម្ដង៕

  • គ្រាន់តែ​បើក​ដំណើរការ​សាកល្បង​ថ្ងៃ​ដំបូង AEON Mall 2 មាន​មនុស្ស​ចូល​លេង​កកកុញ

    គ្រាន់តែ​បើក​ដំណើរការ​សាកល្បង​ថ្ងៃ​ដំបូង AEON Mall 2 មាន​មនុស្ស​ចូល​លេង​កកកុញ

    គ្រាន់តែ​បើក​ដំណើរការ​សាកល្បង មិនទាន់បាន​សម្ពោធ​ជា​ផ្លូវការ​ផង ផ្សារ​ទំនើប AEON Mall 2ដែលជា​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ ដែល​ស្ថិតនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​មាន​មនុស្សម្នា​ចូល​លេង​ច្រើន​កកកុញ​យ៉ាង​នឹកស្មាន​មិន​ដល់។

    ជាមួយ​ការ​នឹង​បើកទ្វារ​សាកល្បង​ទទួល​អតិថិជន​នៅ​ថ្ងៃ​ដំបូង​នេះ គេ​ឃើញ​មាន​វត្តមាន​នៃ​បណ្តា​ហាង​លក់ទំនិញល្បីៗ ក្រុមហ៊ុន​លក់​គ្រឿង​អេឡិចត្រូនិក ក្រុមហ៊ុន​លក់​រថយន្ត ហាង​លក់​សម្លៀកបំពាក់​ទាន់សម័យ ហាង​លក់​សម្ភារ​ក្មេង ក៏ដូចជា​ហាង​អាហា​រដ្ឋា​ន​ដ៏​សម្បូរបែប​មួយចំនួន​បាន​បើក​ដំណើរការ ក្រោម​ការគាំទ្រ​ពី​សំណាក់​អ្នក​មក​ចូលរួម​ក្នុង​ការបើក​សាកល្បង​នេះ​យ៉ាងច្រើន​កុះករ។

    គួរ​បញ្ជាក់ថា​ផ្សារ​ទំនើប AEON Mall 2 ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​នេះ គ្របដណ្ដប់​នៅលើ​ផ្ទៃដី​សរុប​ប្រមាណ151,000ម៉ែត្រការ៉េ ដែលមាន​ទីលាន​ខាងក្រៅ​ជាទី​ចំណត​យានយន្ត​ធំ​ទូលាយ ដែល​អាច​ផ្ទុក​រថយន្ត​បាន​ប្រមាណ​ជា 2,500 គ្រឿង និង​ម៉ូតូ​ជាង2,000គ្រឿង។

    បើ​មិនមាន​ការប្រែប្រួល​ទេ ផ្សារ​ទំនើប AEON Mall ទី2 នឹង​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី20 ខែមិថុនា​ខាងមុខនេះ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

  • ក្រមុំៗត្រៀម​ផ្អៀង​ត្រចៀក​ចាំ​ស្ដាប់​ណា៎ “ចំណុច​ល្អ5យ៉ាង​របស់​ការរៀប​កា​រ”

    ក្រមុំៗត្រៀម​ផ្អៀង​ត្រចៀក​ចាំ​ស្ដាប់​ណា៎ “ចំណុច​ល្អ5យ៉ាង​របស់​ការរៀប​កា​រ”

    ខាងក្រោម​នេះ​ជា​ចំណុចល្អៗរបស់​ការរៀប​ការដែលក្រមុំៗនៅ​លីវ​ទាំងឡាយ​គួរតែ​ដឹង ព្រោះ​ការរៀប​មង្គលការ​បាន​ផ្ដល់នូវអ្វីៗច្រើនជាងអ្នក​នឹកគិត​ទៅទៀត។ មិន​ប្រាកដ​ដែរ នៅពេល​បាន​អាន​ហើយ វា​អាច​នឹង​ធ្វើឱ្យ​រូបអ្នក​ហ៊ាន​បើក​បេះដូង​ទទួលយក​អ្នក​កំលោះណា​ម្នាក់​មក​សិក្សា​ចិត្ត​គ្នា​ក៏​អាច​ថា​បានដែរ​ណា៎(ហេសៗ)។

    ការរៀប​អាពាហ៍ពិពាហ៍​ គឺជា​ក្ដី​ស្រមៃ​មួយ​របស់​មនុស្ស​ជាច្រើន ជាពិសេស​បំផុតក្រមុំៗដែល​ចង់​ស្លៀក​ឈុត​រៀបការស្អាតៗ ហ៊ុមព័ទ្ធ​ដោយ​អ្នក​កំដរ​កូនក្រមុំ​ដ៏​គួរឱ្យ​ស្រឡាញ់ ព្រមទាំង​បាន​បោះ​បាច់ផ្កា​ឱ្យក្រមុំៗដទៃទៀត​បាន​ផ្សងសំណាង​ទៀតផង។ ទាំងអស់នេះ​គឺជា​ទិដ្ឋភាព​នៃ​ការរៀប​អាពាហ៍ពិពាហ៍​ក្នុង​ឧត្ដមគតិ​ដែល​មនុស្ស​ជាច្រើន​សុទ្ធតែ​នឹក​ស្រមៃ រហូត​ធ្វើឱ្យក្រមុំៗយើង​ទាំងឡាយ​លែង​គិត​ចង់​នៅ​ម្នាក់ឯង​តទៅទៀត។ ឥឡូវ​យើង​នាំគ្នា​មក​មើលថា តើ​ចំណុចល្អៗដែល​បានមកពី​ការរៀប​ការ​នោះ​មាន​អ្វីខ្លះ? ព្រោះ​ជីវិត​របស់​អ្នកនឹង​ផ្លាស់ប្ដូរ​ពី​បាតដៃ​ទៅជា​ខ្នងដៃ​បាន​យ៉ាង​ស្រស់ថ្លាភ្លាមៗតែម្ដង បើ​អ្នក​បាន​ជួប​ស្នេហ៍​ជាមួយ​អ្នក​កំលោះ​ជាទី​ស្នេហា​ណា​ម្នាក់​ដែល​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការសុំ​អ្នក​រៀបការ​នោះ(អឺុហ៊ឺ…)។

    1. ធ្វើ​អ្វីដែល​ប្រថុយប្រថាន​តិចជាង​មុន
    គេ​នាំគ្នា​និយាយថា មនុស្ស​ដែល​រៀបការ​ហើយ នៅពេល​ធ្វើ​អ្វី​ក៏ដោយ​នឹង​នឹក​ដល់​សុវត្ថិភាព​ខ្លួនឯង​ជា​ចម្បង ព្រោះ​គិតថា បើសិនជា​ខ្លួនឯង​កើត​អី​ទៅ អ្នក​នៅ​ខាងក្រោយ​នឹង​ទៅជា​យ៉ាងណា? នោះ​ទើប​ធ្វើឱ្យ​អ្នក​ត្រូវតែ​បង្កើន​ភាព​ប្រយ័ត្នប្រយែង​ក្នុង​ជីវិត​កាន់​តែ​ច្រើនឡើង​។ ពី​ធ្លាប់តែ​ចិត្ត​ក្ដៅ​ដូច​ភ្លើង មកចិត្ត​ត្រជាក់​ច្រើនឡើង ទើប​មិនមែនជា​រឿង​ប្លែក​ឡើយ​ដែលថា ហេតុ​អី​បាន​អ្នកមាន​គូ​ហើយ​​គេ​ងា​កមក​យកចិត្តទុកដាក់​រឿង​សុខភាព​ខ្លួនឯង​នោះ ដោយសារ​គេច​ង់​មាន​សេចក្ដីសុខ​ក្នុងការ​រស់នៅ​រួមជាមួយ​មនុស្ស​ដែល​គេ​ស្រឡាញ់​នោះ​ឱ្យបាន​យូរអង្វែង​ហ្នឹងឯង។

    2. ក្រុមគ្រួសារ​សប្បាយចិត្ត
    នារីៗយើង​ជាច្រើន​អាចមាន​កង្វល់​ថា នៅពេល​រៀបការ​ហើយ ឪពុកម្ដាយ​នឹង​រឹតតែ​រញ៉ាំរ​ញូ​វ​ជាមួយ​អ្នក​ច្រើនជាង​មុន តែ​នៅក្នុង​សភាព​ពិត​វិញ… ក្រុមគ្រួសារ​នឹង​មក​រវីរវល់​ជាមួយ​អ្នក​កាន់តែ​តិច​ទៅ​យ៉ាង​សង្កេតឃើញ​ច្បាស់​តែម្ដង នោះ​ក៏​ព្រោះតែ​គេ​មើលឃើញ​ថាអ្នកមាន​គ្រួសារ​ប្ដីសី​រួចហើយ និង​ជឿថា​អ្នកមានចំណេះដឹង​ច្រើន​គ្រប់គ្រាន់​ក្នុងការ​ចាត់ការ និង​ដោះស្រាយ​បញ្ហាផ្សេងៗបាន​ហើយ ហើយ​ថែម​មានអ្នក​នៅចាំ​មើលថែទាំ​រូបអ្នក​ទៀតផង។ ពី​ពេលនេះ​ទៅ អ្នក​ក៏​លែង​ចាំបាច់​មក​ស្ដាប់​លោកប៉ា​អ្នក​ម៉ាក់​របស់​អ្នក​រអ៊ូ​រឿង​អ្នក​ត្រឡប់មកផ្ទះ​វិញ​យប់​ជ្រៅ ឬ​ដើរលេង​យប់​ទៀត​ដែរ (តែ​អាចជា​គូជីវិត​របស់​អ្នកជា​អ្នក​រអ៊ូ​ជំនួស​វិញ)។

    3. ទស្សន​គតិ​ផ្លាស់ប្ដូរ
    ព្រោះ​ការរៀប​ការ​នឹង​មក​ព្រមជាមួយ​តួនាទី​ការទទួលខុសត្រូវ​ទាំង​ក្នុងឋានៈ​ស្វាមី-ភរិយា ឪពុក-ម្ដាយ ធ្វើឱ្យ​ជីវិត​បានដឹង​ពី​គោលដៅ​កាន់តែច្បាស់​លាស់​ឡើង គិត​អ្វី​ល្អិតល្អន់​ឡើង ចង់​ចាយវាយ​អី​ក៏​ប្រយ័ត្ន រៀន​យល់ដឹង​ក្នុងការ​លះបង់ និង​ស្គា​ល់ពី​ការសម្រុះសម្រួល។ ទាំងអស់នេះ​នឹង​ហាត់ពត់លត់ដំ​ទស្សន​គតិ​របស់​អ្នកជាបណ្ដើរៗ ពី​រយៈដំបូងដែល​មើលទៅ​ហាក់ដូចជា​មិនសូវ​ជា​ស៊ីចង្វាក់​គ្នា រហូតដល់​កើត​ភាពស៊ាំ​ធ្លាប់នៅពេលវេលា​កន្លងទៅ។

    4. មាន​អ្នក​ចែករំលែក​អារម្មណ៍​ទៅ​ជាមួយគ្នា
    អ្នក​អាច​នឹង​ធ្លាប់​គិតថា មាន​ត្រឹមតែ​ឪពុកម្ដាយ​បងប្អូន និង​មិត្ត​ភក្ដិ​ក៏​គ្រប់គ្រាន់​សម្រាប់​ឱ្យ​អ្នក​ចែករំលែក​អារម្មណ៍ល្អ និង​មិនល្អ​ទៅ​ជាមួយគ្នា​បាន​ហើយ… តែក៏​មិនមែន​ទាំងអស់​ដែរ​ចា៎ស! ប្រាកដ​ណាស់​ថា ការ​មានជីវិត​គូ​ដែល​ល្អ​នឹង​ជួយ​ឱ្យ​អ្នក​ឆ្លង​ផុត​ឧបសគ្គផ្សេងៗបាន មាន​អ្នក​នៅចាំ​ផ្ដល់​កម្លាំងចិត្ត​ពេល​អ្នក​អស់សង្ឃឹម និង​នឿយហត់ ជា​មិត្ត​ជួយ​គិត ជួយ​សម្រាល​បន្ទុក​មុខ​ងារផ្សេងៗ និង​ដែល​សំខាន់​គឺ ចែករំលែក​ទុក្ខ និង​សុខ​ព្រមជាមួយ​រូបអ្នក។

    5. សាង​អត្ថន័យ​ដល់​ជីវិត
    “ប្រញាប់​ត្រឡប់ទៅផ្ទះ​ធ្វើ​អី?” “ធ្វើការ​រកលុយ​ដើម្បី​អី?” “ពេលយប់ នៅសុខៗស្រាប់​តែមាន​អារម្មណ៍​អផ្សុក” ឬ “ទំនេរៗ មិនដឹង​ជា​ធ្វើ​អី?”។ ប្រយោគ​ទាំងអស់នេះ​ប្រហែលជា​ធ្លាប់​កើតឡើង​នៅក្នុង​អំឡុង​ជីវិត​នៅ​លីវ​របស់​មនុស្ស​ជាច្រើន តែបើ​អ្នក​បាន​រៀបការ​រួចហើយនោះ អ្នកគ្រូ ឆវី​ សូម​ប្រាប់​ទៅ​ចុះ​ថា ប្រយោគ​ទាំងអស់នោះ​នឹង​បាត់អស់​បន្តិចម្ដងៗជាមិនខាន។ ការរៀប​ការ​នឹង​ក្លាយជា​អ្វីមួយ​ដែល​ចូលមក​បំពេញបន្ថែម​ជីវិត​របស់​អ្នក​ឱ្យ​រឹត​តែមាន​អត្ថន័យ​ខ្លាំង​ឡើង និង​ធ្វើឱ្យ​អ្នក​បានដឹងថា អ្នកមាន​ជីវិត​ដើម្បី​អ្វី និង​ដើម្បី​អ្នកណា។

    ការពិតទៅ ការរៀប​អាពាហ៍ពិពាហ៍​ក៏​មិនមែន​មានតែ​ចំណុច​ល្អ​ទាំងអស់​នោះដែរ ព្រោះអ្វីៗគ្រប់យ៉ាង​នៅលើ​ពិភពលោក​នេះ សុទ្ធ​តែមាន​ចំណុច​ល្អ និង​ចំណុច​អាក្រក់​នៅក្នុង​នោះ​ទាំងអស់ តែ​យ៉ាងហោចណាស់​ក៏​អ្នកមាន​មនុស្ស​ម្នាក់​នៅក្បែរ ដែល​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​កែសម្រួល និង​កែខៃ​ចំណុច​មិនល្អ​ទៅ​ជាមួយនឹង​រូបអ្នក​ដែរ។ ងាក​មក​បើក​បេះដូង​ទទួលយក​នរណាម្នាក់​ឱ្យ​ចូលមក​សាក-ល​មើល៍… ជួនកាល​អាច​នឹង​ជួប​អ្នក​ដែល​គេ​ស្រឡាញ់​យើង​ពិត ហើយ​មនុស្ស​ម្នាក់​នោះ​ក៏​ព្រម​នឹង​ជួយ​ផ្លាស់ប្ដូរ​ជីវិត​យើង​ជាថ្មី​ក៏​អាច​ថា​បានដែរ​ណា៎…៕

  • ចង់ដឹងទេ តារាហង្សមាសណាខ្លះ កើតក្នុងខែឧសភា?

    ចង់ដឹងទេ តារាហង្សមាសណាខ្លះ កើតក្នុងខែឧសភា?

    នៅក្នុងអំឡុងខែឧសភានេះ ​មាន​តារា​ជាច្រើនរូប​ដែលចាប់កំណើត​នៅក្នុងខែនេះ ប៉ុន្តែ​​យើង​សូម​លើកយក​តារាល្បីៗនៅក្នុងផលិតកម្មរស្មីហង្ស ដែលជាតារាចម្រៀងនៅក្នុងដួងចិត្តមិត្តយុវវ័យចំនួន 4ដួងដែល​​បានកើត​នៅក្នុង​ខែ​ដូចគ្នា ​ដើម្បី​បង្ហាញ​អ្នកគាំទ្រឱ្យបានដឹង។ នៅក្នុងនោះដែររួមមាន អ្នកនាង សុគន្ធ នីសា  លោក យក់​ ដួងតារា លោក ហ្សូណូ និងលោក នីកូ។ បើទោះបីជាយើងបានដឹងពីថ្ងៃ-ខែកំណើតរបស់តារាទាំង 4ដួងនេះហើយក្ដី ក៏ពួកគេម្នាក់ៗ​ព្យាយាម​លាក់បាំង​មិន​ព្រម​ប្រាប់​ពី​អាយុ​ពិត​របស់ខ្លួន​ដែរ។

    1-អ្នកនាង សុគន្ធ នីសា កើតនៅថ្ងៃទី1 ខែឧសភា

    នៅក្នុងថ្ងៃកំណើតរបស់តារាស្រី  សុគន្ធ នីសា គេសង្កេតឃើញមានតែពាក្យជូនពរពីសំណាក់អ្នកគាំទ្ររបស់នាងតែប៉ុណ្ណោះ មិនឃើញមានរូបភាព ឬសកម្មភាពនៃពិធីខួបកំណើតរបស់នាងអណ្ដែតនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះទេ នេះប្រហែលមកពីអ្នកនាងមានភាពមមាញឹកជាមួយការសម្ដែងភាពយន្ដ​ និងការងារជាច្រើនទៀតក៏ថាបាន។ តែយ៉ាងណាក្ដី អ្នកនាង សុគន្ធ នីសា នៅតែមានសម្រស់ស្រស់សោភាដដែល បើទោះបីជាពេលវេលាចេះតែរំកិលទៅមុខក៏ដោយ ពោលគឺ ក្មេងជាងវ័យតែម្ដង ( ហិហិ…)។

    2- លោក យក់​ ដួងតារា កើតនៅថ្ងៃទី20 ខែឧសភា

    តារាមួយដួងនេះពិតជាមានក្ដីរំភើបខ្លាំង ខណៈដែលអ្នកគាំទ្ររបស់ខ្លួនជាច្រើនបានសរសេរជូនពរលោកយ៉ាងហូរហែនៅក្នុងថ្ងៃកំណើត រហូតដល់លោកបាននិយាយឡើងថា «អរគុណយ៉ាងអនេកប្បការ​ ការជូនពរ​របស់បងប្អូន​ពិតជាធ្វើឱ្យខ្ញុំមហារំភើប​រីករាយ​រកអ្វីប្រៀបស្មើពុំបាន​ សូមថ្លែងអំណរគុណ​ចំពោះក្រុមហ៊ុន​ ហង្សមាស​ ដែលបានដាក់​ Cover រូបរបស់ខ្ញុំ​នៅក្នុងថ្ងៃនេះ​ ដែលខ្លួនខ្ញុំផ្ទាល់ភ្លេចគិតថា​ ថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំ​ ពិតជាភ្ញាក់ផ្អើលមែនទែន​ សូមបួងសួងដល់វត្ថុសក្ត័សិទ្ធិក្នុងលោក​ ជួយបីបាច់ថែរក្សា​បងប្អូន​ ជាពិសេស​លោក​អគ្គនាយក​ អគ្គនាយករង​ ក្រុមហ៊ុ​នហង្សមាស​ ព្រមទាំងក្រុមគ្រួសារ​ បុគ្គលឹក​ទាំងអស់​សមប្រកបនូវពុទ្ធពរ​ បួនប្រការ​ គឺ​ អាយុ​ វណ្ណ:​ សុខ:​ ពល:​ កុំបីឃ្លៀងឃ្លាតឡើយ»។

    3-លោក ហ្សូណូ កើតនៅថ្ងៃទី21 ខែឧសភា

    តារាប្រុសសង្ហាមួយដួងនេះវិញ ក៏មិនធម្មតាដែរ នៅថ្ងៃខួបកំណើតគេសង្កេតឃើញមានអ្នកគាំទ្រជាច្រើន បានរៀបចំពិធីខួបកំណើត ពញ្ញាក់អារម្មណ៍លោក រួមមានទាំងនំ និងផ្កាជាច្រើនបាច់។ មិនតែប៉ុណ្ណោះ ខាងផលិតកម្មរស្មីហង្សមាសក៏បានធ្វើការពញ្ញាក់អារម្មណ៍ចំពោះ ហ្សូណូ ដោយការចេញបទចម្រៀងតភាគគ្នាពីតារាស្រី សុគន្ធ នីសា ដែលមានចំណងជើងថា​ «ឱ្យអូនអស់ចិត្ត តែមិនដឹងអូនអស់ចិត្ត» គឺចេញចំថ្ងៃកំណើតរបស់លោកតែម្ដង។ លោក ហ្សូណូ បាននិយាយថា «ជាបឋមខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមគ្រួសារ មិត្តភ័ក្តិ និងគ្រួសាររួមផលិតកម្មរស្មីហង្សមាស សម្រាប់ពិធីជប់លៀងខួបកំណើត។ វាពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ។ អ្នកទាំងអស់គ្នាគឺពិតល្អបំផុត។ សម្រាប់អ្នកដែលមិនបានចូលរួម តែសូមអរគុណចំពោះការជូនតាមរយៈ SMS និង Chart មកជូនពរដោយផ្ទាល់។ អ្នកទាំងអស់គ្នាគឺពិតជាធ្វើឱ្យខ្ញុំមានអារម្មណ៍ពិសេសខ្លាំងណាស់។ សូមអរគុណ»។

    4- លោក នីកូ កើតនៅថ្ងៃទី22 ខែឧសភា

    បើទោះបីជា នីកូ ជាតារាចំណូលថ្មីរបស់ផលិតកម្មរស្មីហង្សមាសក៏ដោយ តែអ្នកគាំទ្ររបស់លោកក៏កាន់តែមានច្រើនឡើងដូចគ្នាដែរ។ ជា​ពិសេសនៅក្នុងថ្ងៃកំណើតរបស់លោក នីកូ តារាចម្រៀង និងសម្ដែងស្រី ពេជ្រ សូលីកា បានធ្វើរឿងមួយឱ្យលោកភ្ញាក់ផ្អើលខ្លាំងថែមទៀតផង។ កញ្ញា​ សូលីកា បាន​បង្កើត​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ​របស់ខ្លួន (Fan Meeting)  ដើម្បី​អបអរ​ក្នុងឱកាស​ខួបកំណើត​របស់ នីកូ ដែលធ្វើឱ្យតារាប្រុសរូបនេះ ត្រេកអរ រំភើបដល់ថ្នាក់ឱបនាងមិនលែងដៃឡើយ៕

  • វិធី​ពន្យារកំណើត​បែប​សម័យថ្មី

    វិធី​ពន្យារកំណើត​បែប​សម័យថ្មី

    សម័យ​បច្ចុប្បន្ន ចំនួន​កូន​គឺ​មិនមែនជា​រឿង​ដែល​ត្រូវ​បណ្តោយ​ទៅតាម​ធម្មជាតិ​ដូច​សម័យមុន​នោះទេ ហើយក៏​មិនមាន​អ្នកណាម្នាក់​អាចមក​កំណត់​ជីវិត​របស់​អ្នក​ថា នឹងត្រូវ​មានកូន​ប៉ុន្មាន​នោះដែរ គឺ​មានតែ​អ្នក និង​ស្វាមី​របស់​អ្នក​ប៉ុណ្ណោះ​ដែលជា​អ្នកសម្រេចចិត្ត​រួមគ្នា​ថា​នៅក្នុង​គ្រួសារ​របស់​អ្នកនឹង​ត្រូវមាន​សមាជិក​ចំនួន​ប៉ុន្មាន​នាក់។ នេះ​ជា​រឿង​ពិត ហើយក៏​ជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​អាចធ្វើ​បាន ព្រោះ​ពួកគេ​បានធ្វើការ​ពន្យារកំណើត។ ការពន្យារ​កំណើត​មាន​ច្រើនបែប​ច្រើនយ៉ាង​ណាស់​សម្រាប់​ឱ្យ​អ្នក​ជ្រើសរើស​មានដូចជា ៖

    ស្រោមអនាម័យ៖ មាន​ប្រសិទ្ធភាពសំខាន់ៗពីរ​យ៉ាង​គឺ ការពារ​អ្នក​ពី​ការឆ្លង​ជំងឺ​កាមរោគផ្សេងៗ និង​ការពារ​មិនឱ្យ​មានកូន។ស្រោមអនាម័យ​ភាគច្រើន​ត្រូវបាន​យកមកប្រើ​សម្រាប់​ភាគី​ខាង​បុរស ដើម្បី​ទប់ស្កាត់​កុំឱ្យ​ទឹកកាម​ហៀរ​ចូលទៅក្នុង​ស្បូន​ដែលជា​មូលហេតុ​នៃ​ការបង្ក​កំណើត។ ចំណែកឯ​ស្រោមអនាម័យ​សម្រាប់​ស្ត្រី​វិញ​ត្រូវបាន​ប្រើ​សម្រាប់​ការពារ​មិនឱ្យ​ទឹកកាម​បុរស​ចូលទៅក្នុង​ស្បូន​បាន​ដូចគ្នា ប៉ុន្តែ​វា​ហាក់ដូចជា​មានការ​ពិបាក​ក្នុង​ការប្រើ​បន្តិច ព្រោះ​វា​តម្រូវឱ្យមាន​ការដាក់​បញ្ចូល​ទៅ​ផ្នែក​ខាង​ក្នុងនៃ​ប្រដាប់ភេទ​របស់​ស្ត្រី។

    កង​ដា​ក់ដៃ៖ ជាការ​ដាក់បញ្ចូល​បំពង់​ទន់តូចៗនៅ​ផ្នែក​ខាងក្រោម​នៃ​ស្បែក​ដើមដៃ​របស់​ស្ត្រី។ បំពង់​អស់ទាំង​នេះ​មាន​នាទី​ជា​អ្នក​ធ្វើឱ្យ​ទឹករំអិល​មាត់ស្បូន​ឡើង​ខាប់ ការពារ​មិនឱ្យ​មេជី​វិត​ឈ្មោល​ជ្រាប​ចូលមកក្នុង​ស្បូន​បាន។

    កង​ដាក់​ក្នុង​ស្បូន៖ ជាការ​ពន្យារកំណើត​ដោយ​ការដាក់​ឧបករណ៍​ទន់​តូច​មួយ​ដែល​អាច​បត់​បាន​ចូលទៅក្នុង​ស្បូន ដើម្បី​រារាំង​ការ​ជ្រាបចូល​នៃ​មេជី​វិត​ឈ្មោល​ទៅក្នុង​ស្បូន។

    ថ្នាំ​ពន្យារកំណើត៖ ធ្វើឱ្យ​ទឹករំអិល​មាត់ស្បូន​ឡើង​ខាប់ ដើម្បី​រារាំង​កុំឱ្យ​ទឹកកាម​បុរស​អាច​ជ្រាបចូល​ទៅក្នុង​ស្បូន​បាន។ ការ​លេបថ្នាំ​ពន្យារកំណើត​ត្រូវធ្វើ​ឱ្យបាន​ទៀងទាត់ និង​ត្រឹមត្រូវ​ទៅតាម​ការកំណត់​ដែល​បានបង្ហាញ​នៅលើ​សម្បក​ថ្នាំ ទើប​មាន​ប្រសិទ្ធភាព​ខ្ពស់។

    ថ្នាំ​ចាក់៖ ជាការ​ចាក់​ថ្នាំ​រៀងរាល់3ខែម្តង។ តួនាទី​របស់​ថ្នាំ​ចាក់​ក៏​មិន​ខុស​អី​ពី​ការ​ពន្យារកំណើតផ្សេងៗទៀត​ដែរ ប៉ុន្តែ​តម្រូវឱ្យ​អ្នក​ចងចាំ​ឱ្យបាន​ល្អ​ពី​ពេលវេលា​ដែល​ត្រូវ​ចាក់​ជាថ្មី​ម្តងទៀត។

    ចំពោះវិធីពន្យារកំណើតតាមបែបសម័យថ្មីនេះ អ្នកត្រូវចាំថា ៖

    – គ្រប់​វិធី​នៃ​ការ​ពន្យារកំណើត​គឺ​សុទ្ធតែ​ត្រូវការ​ពឹងពាក់​លើ​គ្រូពេទ្យ​ជំនាញ ទើប​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព។

    – ជ្រើសរើស​វិធី​ពន្យារកំណើត​ណាមួយ​ដែល​អាច​ផ្តល់នូវ​ភាពងាយស្រួល មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​បំផុត​ចំពោះ​រូបអ្នក។

    – សាកសួរ​ព័ត៌មាន​ឱ្យបាន​ច្បាស់​ពី​វិធី​ប្រើប្រាស់​ពី​អ្នកជំនាញ (ថ្នាំ​ពន្យារកំណើត​តែងតែ​ប្រាប់​ពី​របៀប​ប្រើប្រាស់​នៅលើ​សម្បក​កញ្ចប់ ប៉ុន្តែ​បើ​អ្នក​នៅតែ​មិនទាន់​យល់ច្បាស់​ពី​របៀប​ប្រើប្រាស់​ទេនោះ សូមកុំ​ខ្ចិ​ល​ច្រអូស​ក្នុងការ​ទៅ​ជួប​គ្រូពេទ្យ​ជាថ្មី​ម្តងទៀត ដើម្បី​សាកសួរ​ពី​វិធី​ប្រើ​ឱ្យបាន​ច្បាស់។

    -សូម​ចាំ​ថា ការពន្យារ​កំណើត​អាចមាន​ប្រសិទ្ធភាព​ពិតប្រាកដ​លុះត្រាតែ​អ្នក​ប្រើ​វា​បាន​ត្រឹមត្រូវ។

    – ស្រោមអនាម័យ​មាន​សមត្ថភាព​ពីរ​យ៉ាង​គឺ ការពារ​មិនឱ្យ​មានកូន និង​ការពារ​ខ្លួន​អ្នក​ពី​ការឆ្លង​ជំងឺ​មួយចំនួន​ដូចជា កាមរោគ និង​ជំងឺអេដស៍​ជាដើម ប៉ុន្តែ​មិនមែន​មានន័យថា​វិធី​នៃ​ការពន្យារ​កំណើត​ផ្សេងទៀត​សុទ្ធតែ​អាចធ្វើ​បាន​ដូចគ្នា​នោះទេ។ ដូច្នេះ​ការការពារ​ខ្លួន​ពី​ការឆ្លង ឬ​ចម្លងជំងឺផ្សេងៗគឺជា​រឿង​មួយ​ផ្សេងទៀត​ដែល​អ្នក​ត្រូវ​ដឹង។

    – មាន​ស្ត្រី​មួយចំនួន​បាន​និយាយថា គាត់​មិនអាច​ពន្យារកំណើត​បាន​ទេ ព្រោះ​រាល់ពេល​ពន្យារកំណើត​តែង​ធ្វើឱ្យ​គាត់​មិន​ស្រួល​ក្នុង​ខ្លួន​ទាល់តែសោះ។ រឿង​បែបនេះ​វា​អាច​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល1 ឬ2ខែ​ដំបូង ហើយក៏​បាត់់​ទៅវិញ ដូច្នេះ​សូមកុំ​អាល​រាថយ ហើយ​បោះបង់ចោល​ការពន្យារ​កំណើត​ឱ្យសោះ ព្រោះ​ការពន្យារ​កំណើត​មាន​ច្រើនបែប​ច្រើនយ៉ាង​អាចឱ្យ​អ្នក​យកទៅ​សាកល្បង វិធី​មួយ​នេះ​អាច​មិន​សមជា​មួយ​អ្នក តែ​វិធី​ផ្សេង​អាច​នឹង​ផ្តល់នូវ​ភាពងាយស្រួល​ក៏​ថា​បានដែរ។សូមកុំ​បារម្ភ​ទោះជា​អ្នក​ជ្រើស​ប្រើ​វិធី​ពន្យារកំណើត​បែបណាក៏ដោយ ព្រោះ​គ្រូពេទ្យ​ជំនាញ​តែងតែ​ប្រាប់​អ្នក​ថា គ្រប់​វិធី​នៃ​ការ​ពន្យារកំណើត​គឺ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​នោះទេ៕

  • កូរ៉េខាងត្បូង និង​ស៊ុយអែត លេចធ្លោ​ជាងគេ​ផ្នែក​ច្នៃប្រឌិត

    កូរ៉េខាងត្បូង និង​ស៊ុយអែត លេចធ្លោ​ជាងគេ​ផ្នែក​ច្នៃប្រឌិត

    នៅ​សម័យ​បច្ចុប្បន្ននេះ នវានុវត្តន៍​ជា​កូនសោ​គន្លឹះ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេសនីមួយៗឱ្យមាន​ភាព​រីកចម្រើន និង​មាន​សមត្ថភាព​ក្នុងការ​ប្រកួតប្រជែង​ឥទ្ធិពល​ជាមួយនឹង​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅលើ​ពិភពលោក។ ប្រទេសធំៗទាំងអស់​បាន​ជំរុញ​ប្រព័ន្ធ​អប់រំ និង​លើកទឹកចិត្ត​ឱ្យ​អ្នកជំនាញ​របស់ខ្លួន​ប​ង្កើ​ន​សមត្ថភាព​ក្នុងការ​បង្កើត​ឧបករណ៍​ថ្មី​តាម​គ្រប់​រូបភាព និង​គ្រប់​វិស័យ តាមរយៈ​វិទ្យាសាស្ត្រ និង​គំហើញ​បច្ចេកវិទ្យា​ឆ្លាត-វៃ​ដែល​អាច​ដោះស្រាយ​បញ្ហា​មនុស្ស និង​មាន​សមត្ថភាព​ក្នុងការ​ស្រូប​ទាញ​ចំណូល​ពី​មនុស្ស​ជាច្រើន​លាន​នាក់​នៅលើ​ពិភពលោក។

    កូរ៉េខាងត្បូង និង​ស៊ុយអែត (Sweden) គឺជា​ប្រទេស​ដែលមាន​នវានុវត្តន៍​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក នេះ​បើ​យោងតាម​តារាង​ដែល​បង្ហាញ​ពី​ទិន្នន័យ​ដែល​គ្របដណ្តប់​លើ​ធាតុសំខាន់ៗនៃ​របកគំហើញ​ដោយ​ផ្តោតលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ចំនួន​អ្នក​ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាសាស្ត្រ និង​វិស្វកម្ម។

    បើ​យោងតាម​ស​ន្ទ​ស្សន៍​នៃ​នវានុវត្តន៍​លើ​ពិភពលោក​បាន​ចាត់​លំដាប់ថ្នាក់​កូរ៉េខាងត្បូង​ថា​ជាច្រើន​ជាងគេ​បំផុត​ក្នុងចំណោម​ប្រទេស​ទាំងអស់​ដែលមាន​ភាពល្បីល្បាញ​ផ្នែក​សេដ្ឋកិច្ច​លើ​ពិភពលោក​នៅ​ឆ្នាំ2017។

    យោងតាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ IMF និង OECD បាន​បង្ហាញថា ក្រុមហ៊ុនធំៗផ្នែក​បច្ចេកវិទ្យា​មួយចំនួន​របស់​កូរ៉េខាងត្បូង​ទទួលបាន​ប៉ាតង់​ច្រើនជាង​ក្រុមហ៊ុនធំៗរបស់​អាមេរិក​ដូចជា IBM ចាប់​តាំងពីដើម​សហស្សវត្ស​ថ្មី​នេះ​មកម្ល៉េះ។ របកគំហើញ​ទាំងអស់នេះ​បានដាក់​ចេញមក​នូវ​ច​ង្វា​ក់​នៃ​ការផ្គត់ផ្គង់ ដែល​បាន​ជំ​រុញឱ្យ​សេដ្ឋកិច្ច​កូរ៉េខាងត្បូង​មានការ​អភិវឌ្ឍ​លឿន។

    បន្ទាប់ពី​កូរ៉េខាងត្បូង ប្រទេស​ស៊ុយអែត​បាន​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ2 ដែលមាន​ល្បឿន​នៃ​ការបង្កើត​ថ្មី​លើ​វិស័យ​បច្ចេកវិទ្យា​យ៉ាង​ឆាប់រហ័ស ហើយ​បាន​ឈរ​ជា​ប្រទេស​ដែលមាន​ការចាប់ផ្តើម​អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា (tech start-up) ល្អ​នៅ​អឺរ៉ុប។ ប្រទេស​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​កន្លែង​ដែលមាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំជាងគេ​នៅ​ទ្វីបអឺរ៉ុប ជាមួយនឹង​ចង្វាក់​ផលិតកម្ម​បច្ចេកវិទ្យា​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ។

    បន្ទាប់ពី​ប្រទេស​ស៊ុយអែត គឺ​ប្រទេស​សិង្ហ​បុរី​ដែលមាន​ស​ន្ទ​ស្សន៍​នវានុវត្តន៍​ខ្ពស់​លំដាប់​ទី3 លើ​ពិភពលោក ព្រោះ​ប្រទេស​តូច​តែ​សម្បូរ​ដោយ​ធនធានមនុស្ស​មួយ​នេះ បាន​ប្រឹងប្រែង​កែច្នៃ​គ្រប់លទ្ធភាព​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិទ្យាសាស្ត្រ និង​គំហើញ​បច្ចេកវិទ្យាថ្មីៗមក​ជំនួសដៃ​ជើងមនុស្ស​លើ​ការងារ​មួយចំនួន ស្រប​ពេលដែល​ប្រជាជន​សិង្ហ​បុរី​បាន​ក្លាយជា​អ្នកជំនាញ និង​ធ្វើ​ការងារសំខាន់ៗនៅ​គ្រប់កន្លែង​ទូទាំង​ពិភពលោក។

    លើសពីនេះទៅទៀត​សិង្ហ​បុរី ជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ពាណិជ្ជ-កម្ម ហេតុនេះ ការបង្កើត​ផលិតផល​ក្នុង​ទឹកដី​តូចចង្អៀត​មិនមែនជា​រឿង​ងាយ​នោះទេ។ ចំណុច​សំខាន់ និង​ជា​គន្លឹះ​របស់​ប្រទេស​នេះ គឺ​ផលិត​ឱ្យបាន​នូវ​ផលិតផល​ឆ្លាត​វៃ​ដែលមាន​តម្លៃ​ខ្ពស់ ហើយ​មាន​សមត្ថ​ភាពខ្លាំង​ដើម្បី​ជួយ​ការងារ​មនុស្ស ឬ​បង្កើត​សមិទ្ធផល​ជាច្រើន​ផ្សេងទៀត។

    ងាក​មក​អាល្លឺម៉ង់​វិញ យើង​ឃើញថា មិន​ត្រឹមតែ​ជា​ប្រទេស​ដែលមាន​ភាពល្បីល្បាញ​ផ្នែក​យោធា​នោះទេ តែ​ប្រទេស​នេះ​ក៏មាន​ឈ្មោះ​បោះ​សំឡេង​ច្រើន​ផងដែរ លើ​ផលិតផល​ឧស្សាហកម្ម និង​បច្ចេកវិទ្យា។ អាល្លឺម៉ង់​ជា​ប្រទេស​ដែលមាន​សមត្ថភាព​យូរអង្វែង​ក្នុងការ​ផលិត​គ្រឿងយន្ត និង​បាន​ចែកចាយ​ទៅកាន់​តំបន់សំខាន់ៗក្នុង​ពិភពលោក ខណៈ​ប្រទេស​នេះ​ក៏​ត្រូវបាន​គេ​រកឃើញ​ផងដែរ​ថា ជា​ប្រទេស​ដែល​កំពុង​មមាញឹក​ក្នុងការ​រុករក​បច្ចេក​វិទ្យាថ្មីៗ ដោយ​ប្រើប្រាស់​គ្រឿងយន្ត (robot) និង​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដូចជា​បច្ចេកវិទ្យា AI ជាដើម។

    អាល្លឺម៉ង់ ជា​ប្រទេសមួយ​ដែលមាន​សមត្ថភាព​ខ្លាំង​ក្នុងការ​បង្កើន​ការងារ​ផ្នែក​វិស្វកម្ម និង​មាន​សហគ្រាស​ពង្រាយ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុងប្រទេស ដែល​ពេលខ្លះ​ប្រជាជន​នៃ​ប្រទេស​នេះ អាចឈាន​ទៅដល់​ការបង្កើត​ឧបករណ៍ថ្មីៗមួយចំនួន​ដែល​ពិភពលោក​នឹកស្មាន​មិន​ដល់ និង​មាន​គុណភាព​ខ្ពស់​ទៀតផង ដើម្បី​ជួយ​ដល់​វិស័យ​កសិកម្ម វិស័យ​វេជ្ជសាស្ត្រ និង​ការដឹកជញ្ជូន​ជាដើម៕

  • ពិន័យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើឱ្យតារាស្រី ដេននី ក្វាន់ កាន់តែយល់ច្បាស់អំពីសិល្បៈ

    ពិន័យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើឱ្យតារាស្រី ដេននី ក្វាន់ កាន់តែយល់ច្បាស់អំពីសិល្បៈ

    បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្ដីសម្រេចជាឯកច្ឆន្ទអនុញ្ញាតឱ្យតារាស្រីសិចស៊ី ដេននី ក្វាន់ អាចចូលរួមសម្ដែង និងធ្វើសកម្មភាពសិល្បៈវិញបាននោះ តារាស្រីរូបនេះបានបង្ហោះសារថ្លែងអំណរគុណចំពោះខាងក្រសួង ដែលបានផ្ដល់មេរៀនមួយនេះ ហើយនាងទទួលយកទាំងគ្មានការតវ៉ា។

    គិតមកទល់ពេលនេះ ការដាក់ពិន័យសិល្បៈ លើតារាសម្តែងស្រីកញ្ញា ដេននី ក្វាន់ គឺគ្រប់រយៈពេល1ឆ្នាំហើយ អ្វីដែលនាងបានប្រាប់មហាជនវិញថា សិល្បៈមិនមែនត្រឹមតែជាការសម្ដែងតែមួយមុខនោះទេ តែសិល្បៈដែលនាងបានរៀន និងគិតឃើញមួយទៀតនោះគឺ សិល្ប:វប្បធម៏នៃការចែករំលែក ដែលជាសកម្មភាពសប្បុរសធម៌ ដែលនាងបានខិតខំប្រឹងប្រែងធ្វើយ៉ាងសកម្ម ក្នុងគោលបំណងជួយដល់សង្គមជាតិខ្មែរ។

    តារាស្រីទើបតែរួចពីបម្រាមរូបនេះ បានរៀបរាប់ប្រាប់ឱ្យដឹងថា «នាងខ្ញុំ ដេននីក្វាន់ សូមសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំនៃក្រសួងវប្បធម៏ និង វិចិត្រសិល្បៈទាំងអស់ ក៏ដូចជាបងៗប្រធានសមាគមសិល្ប: ដែលបានចេញសេចក្តីសម្រេចជាឯកច្ឆន្ទផ្តល់ការអនុញ្ញាត ឱ្យនាងខ្ញុំមានឱកាសប្រឡូកក្នុងវិស័យសិល្ប:ឡើងវិញគ្រប់សកម្មភាព»។ តារាស្រីរូបនេះ បានបន្ដប្រាប់ថា ការពិតមួយរយ:ដែលក្រសួងបានដាក់ពិន័យមកលើរូបនាង ដោយលើកយកហេតុផលនៃភាពសិចស៊ី ហើយបានផ្អាករាល់សកម្មភាពរបស់នាងដែលពាក់ព័ន្ធលើវិស័យសិល្បៈ។ នាងថា នាងនៅតែញញឹមទទួលយក ទាំងគ្មានការតវ៉ាឡើយ បើទោះជាពេលខ្លះភាពសិចស៊ីរបស់នាងមានខ្លះទៅតាមកាល:ទេស:ក៏ដោយ ។

    ដេននី ក្វាន់ បានលើកឡើងដែរថា «រយ:ពេលមួយឆ្នាំពេញនៃការពិន័យ វាក៏ជាអំឡុងពេលដែលខ្ញុំបានយកពេលវេលាទាំងនោះមកបង្កើនមុខរបរ ពង្រីកអាជីវកម្ម និងបង្កើនការងារមនុស្សធម៏ដែលចេញពីថវិកា ក៏ដូចជាកម្លាំងញើសឈាមខ្លួនឯងដែលបានពីការប្រឹងប្រែងលើមុខរបរដែលនាងខ្ញុំបានធ្វើដោយការតាំងចិត្តខ្ពស់។ ការពិត ការសម្តែងភាពយន្ត ខារ៉ាអូខេ ស្ប៉តពាណិជ្ជកម្ម (Socail Media ) វាជាចំណង់ចំណូលចិត្តនៃការស្រឡាញ់ខ្លាំងតាំងពីកុមារភាព តែក្រោយពេលរង់ចាំការពិន័យរយ:ពេលមួយឆ្នាំនេះពេញរួចមក ធ្វើឱ្យនាងខ្ញុំគិតថា ការពិតសិល្ប:មួយទៀតដែលនាងពេញចិត្តហើយស្រឡាញ់ខ្លាំងបំផុត សម្រាប់នាងខ្ញុំ គឺសិល្ប:វប្បធម៏នៃការចែករំលែក គឺចែករំលែកជូនចំពោះអ្នកដែលអន់ខ្សោយ ក្រ និងខ្វះខាតជាងនាងខ្ញុំ វាជាសិល្ប:ដែលនាងខ្ញុំពេញចិត្ត សប្បាយចិត្ត រីករាយនឹងជួយជានិច្ច»

    ជាចុងក្រោយ តារាស្រីសិចស៊ី មានទឹកចិត្តសប្បុរសធម៌រូបនេះ បានបញ្ជាក់ផងដែរថា «ខ្ញុំសូមជូនពរដល់ថ្នាក់ដឹកនាំ ក្រសួងវប្បធម៏ និងវិចិត្រសិល្ប:  ប្រធានសមាគមសិល្ប: ប្រធានសមាគមសិល្ប:ស្មគ្រ័ចិត្តជួយសង្គម និងស្ថាប័នដែលពាក់ព័ន្ធផ្សេងៗទៀតដែលខំដុតដៃដុតជើង សស្រាក់សស្រាំ ប្រជុំសម្រេចផ្តល់នៅសេចក្តីលើកលែងការពិន័យនេះ  សូមគោរពឱ្យអ្នកទាំងអស់គ្នា ព្រមទាំងបងប្អូនខ្មែរទាំងអស់ដែលគាំទ្រនាងខ្ញុំ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច»៕

  • តើ​ក្រុមហ៊ុន​ឯកជន​ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ ពីការចុះបញ្ជី​កម្មសិទ្ធិបញ្ញា?

    តើ​ក្រុមហ៊ុន​ឯកជន​ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ ពីការចុះបញ្ជី​កម្មសិទ្ធិបញ្ញា?

    បច្ចុប្បន្ន​គេ​សង្កេតឃើញថា ចំនួន​ក្រុមហ៊ុន/សហគ្រាស​ខ្នាតតូច-មធ្យម និង​ក្រុមហ៊ុន​ខ្នាត​ធំ​បាន​កើនឡើង​កាន់តែច្រើន​នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​មួយចំនួន​បាន​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នៅ​ក្រសួងពាណិជ្ជកម្ម ប៉ុន្តែ​ក្រុមហ៊ុន​ខ្លះទៀត​មិនបាន​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នោះទេ។ ដូច្នេះ​សួរថា​តើ​ការចុះបញ្ជី និង​មិន​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នេះ​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​ដូចម្តេចខ្លះ​សម្រាប់​ក្រុមហ៊ុន​ឯកជន​ទាំងនោះ?។

    ពាក់ព័ន្ធ​នឹង​ករណីនេះ លោក អៀង ម៉ុង នាយក​គ្រប់គ្រង​ក្រុមហ៊ុន លី​លី ផលិត​នំ​ស្រួយ​មានប្រសាសន៍ថា នៅ​ដំណាក់កាល​បង្កើត​ក្រុមហ៊ុន​ដំបូងក្រុមហ៊ុន​បាន​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នៅ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ទប់ស្កាត់​ការបន្លំ​ម៉ាក​សញ្ញា​នេះ។ ក្រោយពី​ដំណើរការបាន​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ស្រប​ពេលដែល​ក្រុមហ៊ុន​មានឈ្មោះ​កាន់តែ​ល្បីឡើងៗ ស្រាប់​តែមាន​ក្រុមហ៊ុន​មួយ​ឈ្មោះ លី​លី ជា​ក្រុមហ៊ុន​លក់​ភេសជ្ជៈ​កំប៉ុង​បាន​នាំចូល​នំ​កញ្ចប់​ពី​ប្រទេស​ចិន ហើយ​យក​ស្លាក​ឈ្មោះ លី​លី បិទ​លើ​កញ្ចប់​នំ​ទាំងនោះ​ដើម្បី​ចែកចាយ​នៅលើ​ទីផ្សារ​កម្ពុជា រហូត​ធ្វើឱ្យ​មានការ​ប្តឹងផ្តល់​គ្នា​ទៅដល់​តុលាការ​ទៀតផង។

    លុះ​ក្រោយមក​តុលាការ​បាន​រកឃើញថា ក្រុមហ៊ុន​ខាងលើ​បាន​បន្លំ​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន លី​លី ផលិត​នំ​ស្រួយ​ពិតប្រាកដ​មែន ក៏​ហាម​លែងឱ្យ​ក្រុមហ៊ុន លី​លី លក់​គ្រឿង​កំប៉ុង​នោះ​បន្ត​ចែកចាយ​នំ​ស្រួយ​ដែលមាន​បិទ​ស្លាក​ឈ្មោះ​លី​លី នៅលើ​សម្បក​កញ្ចប់​នំ​បន្តទៀត​រហូតមកទល់​បច្ចុប្បន្ន។

    អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម សៀងថៃ មានប្រសាសន៍ថា ការចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នេះសម្រាប់​ក្រុមហ៊ុន​ឯកជន​គឺ​ទទួលបាន​អត្ថប្រយោជន៍​ច្រើនណាស់​ក្នុងការ​ទប់ស្កាត់​ការលួចចម្លង​ម៉ាក​សញ្ញា ឬ​ឈ្មោះ​ក្រុមហ៊ុន​ពី​សំណាក់​បុគ្គល​ណាមួយ​ដើម្បី​យកទៅ​ផលិត​ទំនិញ​ក្លែងក្លាយ និង​ដាក់លក់​នៅលើ​ទីផ្សារ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​ក្រុមហ៊ុន​ដើម​ដែល​បាន​ផលិតនិង​ខិតខំ​កសាង​ឈ្មោះ​អស់​ជាច្រើន​ឆ្នាំ​រហូតដល់​ល្បីល្បាញ ស្រាប់តែ​ត្រូវបាន​គេ​លួច​ចម្លង​យកទៅ​ប្រើ​សម្រាប់​ជា​ប្រយោជន៍​ខ្លួនឯង​ទៅវិញ។

    ឯកឧត្តម​មានប្រសាសន៍​បញ្ជាក់ថា “ធម្មតា​ផលិតផល​ដែល​ទើប​បង្កើត​ដំបូង មិនដែល​ល្បីល្បាញភ្លាមៗទេ គឺ​ត្រូវ​កសាង​កេរ្តិ៍ឈ្មោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទើប​មានឈ្មោះ​ល្បីល្បាញ​នៅលើ​ទីផ្សារ មាន​អតិថិជន​គាំទ្រ​ច្រើន ហើយ​ដល់ពេល​មានឈ្មោះ​ល្បី ក៏ត្រូវ​គេ​លួច​ផលិត​ផលិតផល​ក្លែងក្លាយ លួច​បន្លំ​ឈ្មោះ​ក្រុមហ៊ុន​ដើម និង​ដាក់​លក់ទំនិញ​ក្លែងក្លាយ​នោះ​នៅលើ​ទីផ្សារ​នាំឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដើម”។

    ឯកឧត្តម​បន្តថា ប្រសិនបើ​ក្រុមហ៊ុន​ដើម​បាន​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នៅ​ក្រសួងពាណិជ្ជកម្ម គឺ​ក្រុមហ៊ុន​ដើម​នោះ​មាន​សិទ្ធិ​ប្តឹង​គេ ដើម្បី​ទប់ស្កាត់​ការបន្លំ​យកឈ្មោះ​ក្រុមហ៊ុន​ទៅ​លក់ទំនិញ​ក្លែងក្លាយ​នៅលើ​ទីផ្សារ ឬ​ប្តឹង​ទារ​សំណងផ្សេងៗបាន តែបើ​ក្រុមហ៊ុន​ដើម​មិនបាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ទេ ពេល​មាន​ការលួចចម្លង​និមិត្តសញ្ញា ឬ​ឈ្មោះ​ក្រុមហ៊ុន ពេលនោះ​យើង​គ្មាន​សិទ្ធិ​ប្តឹង​គេ​នោះទេ ជួនកាល​ទំនិញរបស់គេៗផលិត​តាម​យើង​មែន តែ​គេ​បាន​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​មុន​យើង នោះគេ​មាន​សិទ្ធិ​ប្តឹង​យើង​មិនឱ្យ​យើង​ប្រើ​ឈ្មោះ​ដូច​មុន​ទៀត​ក៏​អាចធ្វើ​បានដែរ។

    គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ2017កន្លងទៅ ក្រសួងពាណិជ្ជកម្ម​បាន​ទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ម៉ាក​សញ្ញា​ចំនួន 5,123 និង​បាន​ចុះបញ្ជី​ម៉ាក​ចំនួន 3,917 ជាមួយគ្នានេះ​ក្រសួង​ក៏បាន​ទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ម៉ាក​ជា​អន្តរជាតិ​ចំនួន 2,259 និង​ចុះបញ្ជី​ម៉ាក​អន្តរជាតិ​បាន​ចំនួន 840ក្រុមហ៊ុន។ ការដែល​ក្រុមហ៊ុន​អន្តរជាតិ​សម្រេច​ស្នើសុំ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា គឺ​ដើម្បី​ការពារ​ខ្លាចក្រែង​មាន​អ្នក​ក្លែងបន្លំ​ឈ្មោះ ឬ​ម៉ាក​សញ្ញា(ឡូហ្គោ)ក្រុមហ៊ុន​របស់គេ​ដែល​ល្បី​នៅលើ​ទីផ្សារ​អន្តរជាតិ ដោយ​យកមក​បិទ​លើ​ទំនិញ​ក្លែងក្លាយ ហើយ​ចរាចរណ៍​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា។

    នៅក្នុង​ឆ្នាំ2017 កន្លងទៅ ក្រសួង​បានទទួល​ពាក្យស្នើសុំ​លុប​ម៉ាក​សញ្ញា​បាន​ចំនួន 31ម៉ាក​សញ្ញា និង​លុប​ម៉ាក​សញ្ញា​ចេញពី​បញ្ជី​បាន​ចំនួន 12ម៉ាក​សញ្ញា និង​បានទទួល​ពាក្យ​បណ្ដឹងសុំ​ទប់ស្កាត់​ការរំលោភបំពាន​ចំនួន 14ករណី និង​សម្រុះសម្រួល​បាន​ចំនួន 16ករណី។ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន​ឯកជន ក្រសួង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចុះបង្ក្រាប​បទល្មើស​កម្មសិទ្ធិ​បញ្ញាដោយ​ដកហូត​បាន​វត្ថុតាង​រួមមាន បារី​ក្លែងបន្លំ​ម៉ាកចំនួន 36សុង អាវ​រងា​ម៉ាក North Face ចំនួន 19អាវ មួកសុវត្ថិភាព​ក្លែងបន្លំ​រូបរាង និង​ម៉ាកផ្សេងៗចំនួន 520មួក និង​គ្រឿងបន្លាស់​ចំនួន 70ឈុត។

    ក្រៅពីនេះ​ក៏មាន​ករណី​បង្ក្រាប​ការ​ក្លែងបន្លំ​ម៉ាក​សញ្ញា និង​ប្រភព​ផលិត​ផលិតផល​នំ​មឹក វេច​ខ្ចប់​រួច​ចំនួន 4.20គីឡូក្រាម នំ​មិនទាន់​វេច​ខ្ចប់​ចំនួន 24គីឡូក្រាម និង​សម្ភារ​វេច​ខ្ចប់​ចំនួន 8គីឡូក្រាម រួមទាំង​ចាប់បាន​ផលិតផល​ក្លែងបន្លំ​ជាច្រើន ដូចជា​សាប៊ូ កង្ហារ ភេសជ្ជៈ ទឹក​ផ្លែឈើ ស្រា​បៀរ សាប៊ូ ទូរស័ព្ទដៃ និង​កា​រំលោភ​កម្មសិទ្ធិបញ្ញា​អ្នកនិពន្ធ​ជាច្រើន​ករណី​ទៀតផង៕