Category: សង្គម និងសេដ្ឋកិច្ច

  • Lewandowski ចង់​ចាក​ចេញពីក្លិប Bayern

    Lewandowski ចង់​ចាក​ចេញពីក្លិប Bayern

    ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម Robert Lewandowski របស់​ក្លិប Bayern Munich ចង់​ចាក​ចេញពីក្លិប​ក្នុង​ក្រប​ខ័ណ្ឌ Bundesliga មួយនេះ នៅ​​រដូវក្តៅនេះ ដើម្បី​ស្វែង​រក​ការប្រជែង​ថ្មីៗ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ភ្នាក់​ងារ​តំណាង​របស់​គេដែលប្រាប់​ទៅកាន់​កាសែត Sport Bild កាលពីថ្ងៃពុធ​។

    លោក PiniZahavi បានប្រាប់​កា​សែត​ប្រចាំ​សប្តាហ៍​​មួយ​នេះ​ថា៖ «Robert មាន​អារម្មណ៍​ថា រូប​គេ​ត្រូវ​ការផ្លាស់​ប្តូរ និងស្វែងរក​ការ​ប្រជែង​ថ្មីមួយ​ក្នុង​អាជីព​របស់​គេ​។ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Bayern បានដឹង​ពី​បំណង​នេះ​​ហើយ​»​​។ Lewandowski វ័យ​ 29​ឆ្នាំ​ ដែល​កិច្ច​សន្យា​របស់​គេ​ក្នុងក្លិប Bayern មាន​សុពល​ភាពរហូត​ដល់​ឆ្នាំ​2021​នោះ ត្រូវ​បាន​ទាក់​ទង​ជាមួយ​នឹងក្លិប Real Madrid ស្រប​ពេល​ដែលក្លិប Paris Saint-Germain និងក្លិប​ Chelsea និង Manchester United របស់​ក្រប​ខ័ណ្ឌ Premier League ក៏​ត្រូវ​បាន​​គេ​គិត​ថាមានការ​ចាប់​អារម្មណ៍​ផងដែរ​។ រូប​គេ​គឺ​ជា​អ្នក​រក​បានគ្រាប់​បាល់ច្រើន​ជាង​របស់​ក្រប​ខ័ណ្ឌ Bundesliga ក្នុង​រដូវ​កាល​ដែលទើប​តែ​បញ្ចប់​នា​ពេល​ថ្មី​ៗនេះ ដោយ​រក​បាន​ 29​គ្រាប់ ដោយ​បាន​ឈ្នះពាន​លីក​​ជាលើក​ទី​3 ក្រោយពី​ទទួល​​ជ័យ​ជម្នះ​ក្នុង​រដូវកាល​ឆ្នាំ​2015-2016 ជា​មួយ​នឹង Bayern និង 2013-2014 ជា​មួយ​នឹង​អតីត​ក្លិប Borussia Dortmund​។

    កាល​ពី​​ចុង​ខែ​កុម្ភៈ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប៉ូឡូញ​រូបនេះ បាន​ចែកផ្លូវ​ជាមួយ​ភ្នាក់​ងារតំណាងចាស់​កាល​ពីមុន​​របស់​គេ​គឺលោក Cezary Kucharski និង​បាន​ចុះហត្ថលេ​ខា​ជាមួយ​នឹងលោក Zahavi ដែល​ជា​ភ្នាក់​ងារតំណាង​ដ៏មាន​ឥទ្ធិ​ពលម្នាក់​ក្នុង​កីឡា​បាល់​ទាត់​ពិភព​លោក​៕

    ប្រភព​ពី៖ Channel News Asia

  • Pickford ៖​ ក្រុម​អង់គ្លេស ហ្វឹកហាត់​បច្ចេក​ទេស​ប៉េ​ណាល់​ទី មុន​ World Cup ចាប់ផ្ដើម

    Pickford ៖​ ក្រុម​អង់គ្លេស ហ្វឹកហាត់​បច្ចេក​ទេស​ប៉េ​ណាល់​ទី មុន​ World Cup ចាប់ផ្ដើម


    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អង់គ្លេស កំពុង​តែ​ត្រៀម​លក្ខណៈ​សម្រាប់​​​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ខែ​ក្រោយ​នេះ ខណៈ​ដែលពួក​គេ​សម្លឹង​រក​ការ​គេច​ឱ្យ​ផុត​ពី​ជោគ​វា​ស​នា​ដូច​គ្នាមួយ​នៃ​ការ​ធ្លាក់​ចេញពី​យុទ្ធ​នា​ការ​ដ៏​ធំមួយនេះ ដោយ​សារ​តែ​​បាល់​ប៉េ​ណាល់​ទី​កាត់សេចក្តី​។ នេះបើយោង​តាម​ការ​បញ្ជាក់​របស់​អ្នក​ចាំ​ទី​ Jordan Pickford​។

    ក្រុម​ជម្រើស​ជាតិ​អង់គ្លេស មាន​កំណត់ត្រា​ដ៏​គួរឱ្យ​សោក​សៅ​ក្នុង​ស្ថាន​ភាពកាត់សេចក្តី ក្រោយពី​បាន​​រង​បរា​ជ័យ​ 6​លើក​ក្នុង​ចំណោម​ការ​ស៊ុត​បាល់​​ប៉េ​​ណាល់​ទី​ 7​លើក ក្នុង​ព្រឹត្តិការណ៍​​ធំ​ៗ​​។ ការ​ទទួល​ជ័​យ​ជម្នះ​តែ​ 1លើក​គត់​របស់​ពួក​គេនោះ​បាន​កើត​ឡើង​នៅពេលប្រកួត​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​​អេ​ស្ប៉ាញ ក្នុង​ការ​ប្រកួត​វគ្គ​ 8​ក្រុម​ចុងក្រោយ​នៃ​យុទ្ធ​នាការ Euro ឆ្នាំ​1996​។ Pickford បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន​របស់​អង់គ្លេស​ថា៖ «ក្នុង​ពេល​ហ្វឹកហាត់ យើង​កំពុង​តែ​​ធ្វើ​ការ​ងារ​ជាច្រើន​ទាក់​ទង​នឹង​ការ​ត្រៀម​លក្ខណៈ​ផ្សេង​ៗ​សម្រាប់​​របៀប​ដែល​យើង​ចង់​​បាន​​»​។ អ្នក​ចាំ​ទី​អន្តរ​ជាតិអង់គ្លេស​វ័យ​ 24​ឆ្នាំ​រូបនេះ ដែល​បាន​បង្ហាញខ្លួន​​ជា​អន្តរ​ជាតិ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​ចំនួន​ 2លើកនោះ បាន​បន្ថែម​ទៀត​ថា៖ «មាន​អ្នក​ស៊ុត​បាល់​ប៉េណាល់​ទីខ្លាំង​ៗ​ជាច្រើន ហើយ​យើង​បាន​ធ្វើ​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​ចុងក្រោយ​នេះ​។ វា​ពិត​ជា​លំ​បាក​ណាស់​ក្នុង​ការ​សង្គ្រោះ​ពួក​គេ​»​។

    Pickford គឺ​ជា​អ្នក​​ចាំ​ទីម្នាក់​ក្នុង​ចំណោម​អ្នក​ចាំ​ទី​ 3​នាក់​ក្នុងក្រុម​របស់​លោក Gareth Southgate ខណៈ​ដែលអ្នក​ចាត់​ការ​ទូទៅ​​រូបនេះ បាន​លុប​ចោល​អ្នក​ចាំ​ទី​ពោរ​ពេញ​ដោយ​បទពិសោធ ប៉ុន្តែធ្លាក់​ចុះទម្រង់​លេង Joe Hart សម្រាប់​យុទ្ធ​នា​ការ​ចាប់​ពី​ថ្ងៃ​ទី​14 ខែមិថុនា ដល់​ថ្ងៃ​ទី​15 ខែកក្កដា ក្នុង​ប្រទេស​រុស្ស៊ី​៕

    ប្រភព​ពី៖ Channel News Asia

  • ដើរលេង ដើរ​ញ៉ាំ ដើរ​ទិញ​ឥ​វ៉ាន់ នៅ China Town ល្បីៗទូទាំង​ពិភពលោក

    ដើរលេង ដើរ​ញ៉ាំ ដើរ​ទិញ​ឥ​វ៉ាន់ នៅ China Town ល្បីៗទូទាំង​ពិភពលោក

    តំបន់ ឆៃ​ណា ថោ​ន ជាធម្មតា​ច្រើនតែ​ស្ថិតនៅតាម​ទីក្រុងធំៗក្នុងប្រទេស​ជាច្រើន​នៅ​ទូទាំងពិភពលោក ដែលពោរពេញ​ទៅដោយ​បរិយាកាស និង​វប្បធម៌​បែបចិន។ លេខ​នេះ ឡា​រ៉ែ​ន សូម​នាំ​មិត្ត​អ្នកអាន​ទៅ​ស្គាល់​តំបន់ ឆៃ​ណាថោ​ន 8កន្លែង ​ដែល​អ្នក​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​ទាំងឡាយ​គួរតែ​បាន​ទៅ​ដើរលេង ដើរ​ញ៉ាំ​អាហារ​ចិនឆ្ងាញ់ៗនៅ​ទូទាំង​ពិភពលោក​ដូចតទៅ។

    1. China Town នៅក្នុង​ទីក្រុង​ឡា​ហាវ៉ាន ប្រទេស​គុយបា
    China Town នៅទីនេះ​មានឈ្មោះ​ថា Barrio Chino de la Habana (បារី​អូ ឈិ​ណូ ឌើ ឡាហា​បា​ណា) ជា ឆៃ​ណា ថោ​ន ដ៏​ចំណាស់ និង​ធំ​បំផុត​ក្នុង​ភូមិភាគ​ឡាទីន​អា​មេ​រិ​កា។ បង្កើតឡើង​ដោយ​ជនជាតិ​ចិន​ក្វាង​ទុង ដែល​ភៀសខ្លួន​ចូលទៅ​ធ្វើការ​នៅក្នុង​ប្រទេស​គុយបា​ក្នុងអំឡុង​សតវត្សរ៍​ទី19។

    2. China Town នៅក្នុង​ទីក្រុង Kolkata ប្រទេស​ឥណ្ឌា
    ម្ហូបអាហារ​ចិន​លាយឡំ​នឹង​ក្លិន​អាហារ​ឥណ្ឌាបញ្ចេញ​ក្លិនក្រអូប​ឈ្ងុយ​ទូទាំង​តំបន់ ឆៃ​ណាថោ​ន ក្នុង​ទីក្រុង​កុល​កាតា ដោយ​បែង​ចែកជា2ផ្នែក​ផ្សេងគ្នា គឺ​ផ្នែក​ទីក្រុង​ចាស់ ហៅថា “ទិ​រេ​ត ​តា បា​ហ្សា​រ៍” និង​ផ្នែក​ទីក្រុង​ថ្មី ហៅថា “តាន់​ក្រា”។ បច្ចុប្បន្ន​មានការ​រៀបចំ​ជា​ពិធីបុណ្យ​ប្រចាំឆ្នាំធំៗចំនួន3លើក គឺ​បុណ្យចូលឆ្នាំ​ចិន សំពះ​ព្រះ​ខែ និង​ឆេង​ម៉េង។

    3. China Town នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ
    មិនចាំបាច់​ប្រាប់ ក៏​អ្នកទេសចរ​ខ្មែរ​យើង​ភាគច្រើន​បានដឹង​ដែរ​ថា ឆៃ​ណា ថោ​ន ឬ “យ៉ៅ​វ​រ៉ា​ត” ក្នុង​ទីក្រុង​បាងកក មាន​មន្ត​ស្នេហ៍​ទាក់ទាញ​ភ្ញៀវទេសចរ​ខ្លាំង​ប៉ុនណា​នោះ ជាពិសេស​នៅពេលព្រលប់ៗអូសបន្លាយ​រហូត​ទៅដល់​កណ្ដាលអធ្រាត្រ បរិយាកាស​នឹង​អ៊ូអរ​ខ្លាំង​បំផុត។ សងខាង​ថ្នល់​នឹង​ពោរពេញ​ទៅដោយ​តូប​លក់​ម្ហូបអាហារ និង​គ្រឿងក្លែម​ដ៏​ច្រើន ដែល​អាច​ហៅ​បាន​ថា ជា​ស្ថានសួគ៌​សម្រាប់​អ្នក​ផឹក​តែម្ដង។

    4. China Town ប្រទេសសាំង​ហ្គា​ពួរ
    មិនគួរខកខានឡើយ​សម្រាប់ភាពប្លែកភ្នែក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ក្នុង​តំបន់ ឆៃ​ណា ថោ​នកណ្ដាល​ទីក្រុង​សាំង​ហ្គា​ពួរ និង​គោម​ភ្លើងស្អាតៗដែល​តុបតែង​ទៅតាម​ដងផ្លូវ និង​ដើរ​ជ្រើសរើស​ទិញ​វត្ថុ​អនុស្សាវរីយ៍​ពី​ហាង​លក់ទំនិញផ្សេងៗដ៏​ច្រើន​រាប់មិនអស់។ ក្រៅពីនេះ​នៅ​សម្បូរហូរហៀរ​ទៅដោយ រង្គសាល ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ដែល​ភ្ញៀវទេសចរ​អាច​ជ្រើសរើស​ចូល​គេង​សម្រាក​តាម​កម្លាំង​សាច់ប្រាក់​របស់ខ្លួន។ ក្រៅពីនេះ​នៅមាន​មណ្ឌល​ទេសចរណ៍ល្បីៗជាច្រើន​ទៀត ដូចជា វត្ត​ក្លឹង Sri Mariamman និង Chinese Heritage Centre ជាដើម។

    5. China Town ក្នុង​ទីក្រុង Incheon
    ប្រទេសកូរ៉េ ខាងត្បូងគឺជា ឆៃ​ណា ថោ​ន តែមួយគត់​នៅក្នុង​ប្រទេស​កូរ៉េ ខាងត្បូង ចាប់កំណើត​ឡើងដំណាលៗគ្នា​នឹង​ការសាងសង់​កំពង់ផែ​អី​ុ​ន​ឆន់ ដែរ ដើម្បី​ប្រគល់​ទីកន្លែង​ឱ្យ​ជនជាតិ​ចិន​បាន​ចូលមក​រកស៊ី​លក់ដូរ។ កាលពី​អតីតកាល​ធ្លាប់​អ៊ូអរ​កកកុញ​ទៅដោយ​តូប​លក់ទំនិញ​ដ៏​ច្រើន តែ​បច្ចុប្បន្ន​ក្លាយជា​ភោជនីយដ្ឋាន​ស្ទើរតែ​ទាំងអស់ ដែល​គ្រប់​អំឡុងពេល​បុណ្យចូលឆ្នាំ​ចិន អ្នកលក់ដូរ​នឹង​នាំគ្នា​មក​រៀបចំ​តូប​លក់ទំនិញ​យ៉ាង​ព្រម-ព្រៀងគ្នា និង​មានការ​រៀបចំ​តុបតែង​ក្រដាស​ពណ៌ និង​គោម​ភ្លើងពណ៌​ក្រហម​គ្រប់​ច្រកល្ហក ស្រស់ស្អាត និង​ភ្លឺ​ចិញ្ចាច​តែម្តង។

    6. China Town ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា
    ជាប់លំដាប់ជួរមុខគេ​របស់​ទីប្រជុំជន​ជនជាតិ​ចិន​ដែល​ធំ​លេខ3 របស់​តំបន់​អាមេរិក​ខាងជើង។ ការរីក​ធំធាត់​របស់​តំបន់ ឆៃ​ណា ថោ​ន នេះ កើតឡើង​នៅពេលដែល​លោក ទឹង សៀវ ភិ​ងប្រកាស​ប្រគល់​ឯករាជ្យ​ដល់​កោះ​ហុងកុង​ឱ្យ​ត្រឡប់​ចូលមកក្នុង​រង្វង់​ដៃ​របស់​ប្រទេស​ចិន​វិញ។ ដោយ​ក្ដីបារម្ភ​ព្រួយ​ខ្លាច​ជីវិត​ខ្លួនឯង​មិនមាន​សុវត្ថិភាព ជនជាតិ​ចិន​ចំនួន​ដ៏​ច្រើន​ក៏បាន​ភៀសខ្លួន​ចូលមក​រស់នៅក្នុង​ទីក្រុង​វេន​ឃូ​វើ​រ ហើយ​បច្ចុប្បន្ន គេ​ឃើញ​មាន​ហាង​លក់ទំនិញ​ស្ទីល​បែប​ចិន​ជាច្រើន។

    7. China Town ក្នុង​រដ្ឋ Sanfransicso សហរដ្ឋអាមេរិក
    បើសិន​ទៅ​ថតរូប​ស្ពាន Golden Gate កុំ​ភ្លេច​ឆៀង​ចូល​ទៅលេង ឆៃ​ណា ថោ​ន ផង​ណា៎ នៅ​ទីនោះ​មាន​ប្រជាជន​ចិន​ចូលមក​រស់នៅ​ជាង160ឆ្នាំ​មកហើយ ទើប​អាច​រាប់បាន​ថា ជា China Town ដែល​ចំណាស់​បំផុត​ក្នុង​តំបន់​អាមេរិក​ខាងជើង។ ទីកន្លែង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ Golden Gate Fortune Cookie Factory ជា​រោងចក្រ​ដែល​ស្ថិតក្នុង​អគារ​តូច​មួយ​ក្នុង​ច្រក​ផ្លូវ Ross Alley។ នៅពេល​លោកអ្នក​ដើរចូល​ទៅជិត នឹង​បាន​ធំុក្លិន​ក្រអូប​ឈ្ងុយ​របស់​នំ​ឃុ​ក​គី ដែល​ត្រៀម​ជាស្រេច​សម្រាប់​ឱ្យ​លោកអ្នក​ទទួលទាន​បែបថ្មីក្ដៅៗទើប​ចេញពី​ឡ​ដុត។

    8. China Town ក្នុង​ទីក្រុង London ចក្រភព​អង់គ្លេស
    តំបន់ ឆៃ​ណា ថោ​ន ក្នុង​ទីក្រុង​ឡុ​ន​ដុន ឬ​ដែលអ្នកទេសចរនាំគ្នា​ហៅថា តំបន់ សូ​ហូ (Soho) អាច​ចាត់ទុកថា​ជា ឆៃ​ណា ថោ​ន ធំជាងគេ​បំផុត​ក្នុង​ទ្វីបអឺរ៉ុប។ ពេញ​ទៅដោយ​ហាង​លក់ទំនិញ ហាង​លក់​ថ្នាំចិនសែ ភោជនីយដ្ឋាន​គ្រប់​ជាតិ​សាសន៍ ស៊ុប​ភើរ​ម៉ា​ឃេ​ត ដែលមាន​ទំនិញ​នាំចូល​ត្រូវចិត្ត​ជនជាតិ​អាស៊ី​ច្រើន​បំផុត។ ចំណែកឯ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នៅទីនេះ​វិញ អាច​និយាយបានថា មិន​ចាញ់ទីណាៗទាំងអស់ មាន​ទាំង​ការ​លោត​ម៉ុង​សាយ ព្យុហយាត្រា​សម្ដែង​កាយ​វប្បកម្ម និង​ក្បាច់គុន​ដាវ​ចិន និង​អុច​ផាវ​លាន់​ខ្ទរខ្ទារ​តែម្តង សប្បាយ​ខ្លាំងណាស់៕

  • នាយ ឆើត ថ្ងូរថា ជិតបាត់បង់ការងារសិល្បៈហើយ បើទោះខំតស៊ូជិត 30​ឆ្នាំហើយក្ដី

    នាយ ឆើត ថ្ងូរថា ជិតបាត់បង់ការងារសិល្បៈហើយ បើទោះខំតស៊ូជិត 30​ឆ្នាំហើយក្ដី

    ប៉ុន្មាននាទីមុននេះ នៅក្នុងគណនីហ្វេសប៊ុករបស់តារាកំប្លែងជើងចាស់ លោកពៅ គីសាន់ ហៅនាយ ឆើត បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញឱ្យដឹងថា លោកកំពុងតែគ្មានការងារធ្វើបន្ដិចម្ដងៗហើយ។ មហាជនអ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលតារាប្រុសរូបនេះបានប្រាប់អ្នកគាំទ្រគ្រប់រូបថា សូមឱ្យនៅចងចាំរូបលោកផង ខណៈពេលនេះការងារសិល្បៈរបស់លោកបានធ្លាក់ចុះ។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនពិតជាមានអារម្មណ៍ថា ​ក្តុកក្តួលជាខ្លាំង ព្រោះតារារូបនេះបានបម្រើការងារសិល្បៈអស់រយៈពេលជាង 30ឆ្នាំមកហើយ។

    ជាមួយគ្នានេះ តារាប្រុសដែលធ្លាប់សម្ដែងជាតួប្រុសចរិតកោងកាច ឬក៏ជាតួប្រុសដែលមានចរិតបងធំ(តួចិត្តអាក្រក់) បានបញ្ចាក់នៅលើហ្វេសប៊ុករបស់ខ្លួនថា «ឱកាសកាងារសិល្ប:របស់ខ្ញុំបានបាត់បង់ម្ដងបន្តិចៗហើយ ខ្ញុំគ្មានអ្វីក្រៅពីសុំឱ្យបងប្អូនទាំងអស់គ្នាចងចាំរូបខ្ញុំបាទម្នាក់នេះដែលបានបម្រើអារម្មណ៍បងប្អូនទស្សនិកជនអស់រយ:ពេលជាង 30ឆ្នាំមកហើយនេះទេ រហូតមកដល់ពេលនេះសង្ឃឹមថា បងប្អូននឹងជួយចែករំលែកឱ្យអ្នកដែលស្រឡាញ់ និងគាំទ្រខ្ញុំបាទបានឃើញផង សូមអគុណបងប្អូនជាទីស្រឡាញ់»។

    គួរបញ្ជាក់ផងដែរថា នៅពេលដែលបានអានសារមួយនេះហើយ អ្នកគាំទ្រជាច្រើននាក់ណាស់បានសម្ដែងអារម្មណ៍ អាណិតអាសូរដល់រូបលោកខ្លាំងមែនទែន ហើយអ្នកទាំងអស់គ្នាបានបញ្ចេញមតិយោបល់ដោយប្រើពាក្យលើកទឹកចិត្តព្រមទាំងផ្ដល់ក្ដីសង្ឃឹមថា តារារូបនេះនឹងមានការងារសិល្បៈធ្វើច្រើនដូចកាលពីមុនឡើងវិញមិនខានក្នុងពេលឆាប់ៗនេះ៕

  • អ៊ើ!!! ពេជ្រ ថៃ ច្រៀងភ្លេចប៉ារ៉ូលម្ដង រងការរិះគន់ដូចព្យុះ

    អ៊ើ!!! ពេជ្រ ថៃ ច្រៀងភ្លេចប៉ារ៉ូលម្ដង រងការរិះគន់ដូចព្យុះ

    (រកច្រកគេចមិនឃើញទៀតហើយ ពេជ្រ ថៃ អ៊ើយ!) គ្រាន់តែច្រៀងភ្លេចប៉ារ៉ូលម្ដងសោះ រងការរិះគន់ពីគ្រប់មជ្ឈដ្ឋានតែម្ដង និងមានមតិខ្លះថែមទាំងបានលាន់មាត់ថា យកមុខម្ចាស់ពាន The Voice Kids ទៅបោះចោលលើឆាកប្រគំតន្ត្រី អ៊ីឈីតាន់ ដែលធ្វើឱ្យអ្នកគាំទ្រខ្មាសគេជំនួសទៀតផង។

    តាមរយៈវីដេអូដែលបានបង្ហោះ និងស៊ែរពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ គេបានមើលឃើញថា ខណៈដែលតារាវ័យក្មេងរូបនេះកំពុងច្រៀងបទ «រដឺនមានស្នេហ៍» សុខៗ ក៏ស្រាប់តែភ្លេចប៉ារ៉ូលស្ទើរតែទាំងស្រុង និងមិនត្រឹមតែប៉ុណ្ណឹងទេថែមទាំងធ្វើហាក់ដូចជាមិនខ្វល់ពីការច្រៀងខុសនោះទៀត(អូហូ ពេជ្រ ថៃ អ៊ើយ)។

    គួរកត់សម្គាល់ផងដែរថា ការសម្ដែងលើឆាកតន្ត្រីធំលើកនេះ ពេជ្រ ថៃ ហាក់បីដូចជាច្រៀងភ្លេងទៅដោយភ្លេង ហើយអ្នកច្រៀងក៏មិនព្រមច្រៀង ឯភ្លេងគិតតែពីលេងចោលរហូតដល់ចប់តែម្ដង ព្រោះថា ខ្លាចកាន់តែអាម៉ាស់ជាងហ្នឹង។ មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា «ប្អូន​ទន្ទេញប៉ារ៉ូលមិនទាន់ចាំផង ម៉េចប្រញាប់មកច្រៀងម្ល៉េះ» ហើយណាមួយប្អូនអាចនៅក្មេងខ្ចី កំហុសឆ្គងតិចតួច មិនអាចរំលងបានទេ មានតែការខន្ដីអភ័យទោសឱ្យតែប៉ុណ្ណោះ។ តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ កុមារារូបនេះច្បាស់ជាគេចមិនផុតពីការរិះគន់របស់តារាចម្រៀងកំពូលទើស ម៉ៃ សុគន្ធ បានឡើយ ដោយតារាមហាកំពូលទើសរូបនោះបានពន្លះយ៉ាងចាស់ដៃថា «សំឡេងក៏មនុស្សក្រិន រូបរាងក៏មនុស្សក្រិន ស្តាយក្មេងសំឡេងល្អៗណាស់ដែលមិនបានលើកពានពិត ឈប់!ឈប់ អ្នកណាខ្លះដែលបោកទូរទស្សន៍ចោល»។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

    https://www.youtube.com/watch?v=ilmJO8VGrB4

  • បង្កង​តង្កៀប​ក្រហម កំពុង​ពេញនិយម​នៅលើ​ទីផ្សារ​កម្ពុជា

    បង្កង​តង្កៀប​ក្រហម កំពុង​ពេញនិយម​នៅលើ​ទីផ្សារ​កម្ពុជា

    បង្កង​តង្កៀប​ក្រហម ជា​ប្រភេទ​អាហារ​មាន​រសជាតិ​ឆ្ងាញ់​មិន​ចាញ់​បង្កង​ទន្លេ ដែល​ត្រូវបាន​គេ​នាំ​ពូជ​ចូល​ពី​ប្រទេស​ថៃ​យកមក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​មួយកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​រហូត​ចិញ្ចឹម​លក់​ឱ្យ​អតិថិជន​សឹងតែ​មិនទាន់​ទៀតផង។

    លោក ផល រដ្ឋា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​តង្កៀប​ក្រហម​ដែលមាន​ទីតាំងនៅ​ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​បាន​មានប្រសាសន៍ថា មុននឹង​ចាប់ផ្តើម​ចិញ្ចឹម​បង្កង​នេះ លោក​បាន​ទៅ​រៀន​ជាមួយ​ប្រជាជន​ថៃ​នៅឯ​ប្រទេស​ថៃ​កាលពី​អំឡុង​ឆ្នាំ2005 ខណៈពេលដែល​ព្រះមហាក្សត្រ​ថៃ​កំពុង​បំផុស​ឱ្យ​ប្រជាកសិករ​ថៃ​ចិញ្ចឹម​បង្កង​ប្រភេទ​នេះ​ដើម្បី​រក​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ។

    លោក​ថា ក្រោយពី​រៀន​រួច លោក​មិនបាន​ចិញ្ចឹម​បង្កង​នេះភ្លាមៗទេ ព្រោះ​ដោយសារតែ​កាលនោះ​បង្កង​ប្រភេទ​នេះ​កំពុង​ល្បីល្បាញ តែ​មិនសូវមាន​អ្នក​ចិញ្ចឹម​សម្រាប់​បង្កាត់កូន​លក់​ទេ និង​មានការ​ពេញនិយម​ចិញ្ចឹម​ខ្លាំង​នៅក្នុង​ប្រទេស​ថៃ​ផង​នោះ ទើប​ធ្វើឱ្យ​ពូជ​របស់​វា​ត្រូវបាន​គេ​លក់​ក្នុងតម្លៃ​ខ្ពស់​ខ្លាំងណាស់​គឺ​បង្កង​ពូជ 2ក្បាល​តម្លៃ​ដល់​ទៅ 100ដុល្លារ​ឯណោះ។

    រហូតមកដល់​ឆ្នាំ​កន្លងទៅ ពោលគឺ​ឆ្នាំ 2017 បង្កង​នេះ​រាង​ធ្លាក់​ថ្លៃ​បន្តិច​នៅលើ​ទីផ្សារ​ប្រទេស​ថៃ ដោយសារ​មាន​អ្នក​ចិញ្ចឹម និង​បង្កាត់កូន​លក់​ច្រើនឡើង ទើប​លោក​សម្រេច​ទិញ​កូន​បង្កងតូចៗដឹកយកមក​ចិញ្ចឹម​នៅ​ប្រទេស​កម្ពុជា​ក្នុងតម្លៃ 1ដុល្លារ​សម្រាប់​កូន​បង្កង​មួយ​ក្បាល។

    ពូជ​បង្កង​នេះ​ងាយស្រួល​ដឹកជញ្ជូន​ណាស់ គ្រាន់តែ​ដាក់​កូន​វា​នៅក្នុង​ធុង​ស្នោ ហើយ​ដាក់​ទឹកកក​ដុំ​ពីលើ​ឱ្យ​ត្រជាក់​ប៉ុណ្ណោះ គេ​អាចដាក់​តាម​ឡាន​តាក់ស៊ី​យកមក​ដល់​ស្រុក​ខ្មែរ​ដោយ​មិនមាន​ងាប់ ឬ​ប៉ះពាល់​ដល់​សុខភាព​បង្កង​ឡើយ។ ប៉ុន្តែ​មុននឹង​ដឹក​មក កសិករ​ត្រូវ​រៀបចំ​ស្រះ​ទុកជាមុន​ឱ្យ​ហើយ អាចជា​ស្រះ ឬ​ត្រពាំង​ធម្មជាតិ​ក៏បាន ឬក៏​ស្រះ​សិប្បនិម្មិត​ធ្វើ​ពី​ស៊ីម៉ង់ត៍​ក៏បាន តែ​ត្រូវធ្វើ​ដំបូល​ប្រក់​ពីលើ និង​ធ្វើយ៉ាងណា​ឱ្យ​ស្រះ​នោះ​មាន​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន ទើប​បង្កង​អាចរ​ស់បាន។

    អ្នកជំនាញ​វ័យក្មេង​រូបនេះ​បានបញ្ជាក់​បន្ថែមថា ជាទូទៅ​គេ​មិនចាំបាច់​កំណត់​ទំហំ​ស្រះ​នោះទេ ប៉ុន្តែ​ដើម្បីឱ្យ​ងាយស្រួល​ប្រមូល​ផល ក៏ដូចជា​ការថែទាំ​ផង​នោះ គេ​អាចធ្វើ​ស្រះ​ទំហំ 16 x 26ម៉ែត្រ ហើយ​បើសិនជា​ស្រះ​ធ្វើ​ពី​ស៊ីម៉ង់ត៍ គេ​ត្រូវដាក់​ទឹក​ជម្រៅ 30សង់ទីម៉ែត្រ និង​ស្រះ​ត្រពាំង​គេ​ត្រូវ​បញ្ចូល​ទឹក 1.2ម៉ែត្រ​ដើម្បីឱ្យ​ត្រូវ​តាម​ស្តង់ដារ​ដែល​គេ​បាន​បង្រៀន និង​ធ្វើយ៉ាងណា​ឱ្យ​ទឹក​ក្លាយជា​ទឹកល្អក់ ចៀសវាង​ទឹកថ្លា​ថ្ងៃ​ចាំង​ចូល​នាំឱ្យ​ទឹក​ក្នុង​អាង​ក្តៅ។

    ចំពោះ​ការរៀបចំ​ស្រះ​នេះដែរ មុនដំបូង​គេ​ត្រូវ​ជីកដី​ហាល​ចោល និង​បាច​កំបោរ​ស​ទុកចោល​មួយរយៈ ដើម្បី​សម្លាប់​មេរោគ ក៏​ដួច​ជា​ដើម្បី​បង្កើត​អុក​ស៊ី​ហ្ស៊ែ​ន ឬ​បង្កើតជា​ទឹកអាល់កាឡាំង(80-120)និង​ត្រូវ​ឱ្យមាន​សារធាតុ PH យ៉ាងហោច 7.5 នៅក្នុង​ស្រះ។ បើសិនជា​ស្រះ​មិនមាន​សារធាតុ​ទាំងអស់នេះ​ទេ គេ​មិនអាច​ចិញ្ចឹម​បង្កង​បានឡើយ ដោយសារ​ពពួកសត្វ​ប្រភេទ​នេះ​វា​ត្រូវការ​អុក​ស៊ី​ហ្ស៊ែ​ន​ជា​ចាំបាច់​ទើប​អាចរ​ស់បាន។ យ៉ាងណាក៏ដោយ បើសិនជា​ស្រះ​មិនមាន​សារធាតុ​ខាងលើ​ទាំងអស់​នោះទេ គេ​អាច​ទិញ​ថ្នាំ​ដែលមាន​តម្លៃ​ទាប​មក​ដាក់​ក្នុង​ស្រះ​ដើម្បីបង្កើតឱ្យមាន​អុក​ស៊ី​ហ្ស៊ែ​ន និង​សារធាតុ​ទាំងពីរ​ខាងលើ​បាន​ដោយ​ងាយ។

    ក្រោយពី​រៀបចំ​ស្រះ​រួច និង​គេ​នឹង​ពិនិត្យឃើញថា ក្នុង​ទឹក​មាន​សារធាតុ​អុក​ស៊ី​ែ​ហ្ស៊​ន និង​សារធាតុ​រ៉ែ​ទាំងនោះ​ហើយ គេ​អាចដាក់​កូន​បង្កង​ចូលទៅ​បាន​និង​ដាក់​ចំណី​ឱ្យ​ស៊ី​តាម​ធម្មតា។ ជាទូទៅបង្កង​ប្រភេទ​នេះ​មិន​រើស​ចំណី​ទេ វា​ស៊ី​ទាំង​បន្លែ​ធម្មជាតិ ដូចជា ចក ត្រកួន ពោត សណ្តែក និង​ផ្លែឈើ​មួយចំនួនទៀត ឬ​អាចដាក់​កូន​ត្រី ឬ​សាច់​ឱ្យ​វា​ស៊ី​ក៏បាន ហើយ​វា​មិន​ស៊ី​ចំណី​ច្រើន​ដូច​ត្រី​រ៉ស់ ត្រី​ឆ្តោ ឬ​ត្រី​ប្រា​នោះឡើយ។ បើសិន​ខ្វះ​ចំណី​កសិករ​អាច​ទិញ​ចំណី​ដែល​គេ​ផលិត​ពីសា​ច់​ត្រី​ស្រេច​ដើម្បី​យកមក​កូន​បង្កង​ស៊ី​ក៏បាន ប៉ុន្តែ​ធ្វើយ៉ាងណា​ចៀសវាង​កុំឱ្យ​ទឹកស្អុយ​ហើយ​ត្រូវ​រក្សា​ទឹក​ឱ្យ​ល្អក់​ជាប្រចាំ។

    ក្រោយពី​ថែទាំ និង​ដាក់​ចំណី​ឱ្យ​ស៊ី​ជាប្រចាំ​បាន​ប្រមាណ​ជា3 ទៅ4ខែ​មក គេ​អាច​ប្រមូល​ផល​បង្កង​បាន​ហើយ ដែល​នៅពេលនោះ​ក្នុង​មួយ​ក្បាលមាន​ទម្ងន់​ប្រហែលជា 1ខាំ ឬ8 ទៅ10ក្បាលមានទម្ងន់ 1គីឡូក្រាម​ហើយ។ បង្កង​ប្រភេទ​ថ្មី​នេះ​មិន​ខ្វះ​ទីផ្សារ​នោះទេ មាន​ទាំង​ទីផ្សារ​ខ្មែរ និង​ទីផ្សារ​ចិន ជាពិសេស​អតិថិជន​ក្នុង​ក្រុងភ្នំពេញ​ដែល​ក្នុង​មួយ​គីឡូក្រាម​គេ​អាច​លក់​បោះ​ដុំ​បាន​ចន្លោះ​ពី20 ទៅ25ដុល្លារ ប៉ុន្តែ​សំខាន់​គឺ​មិនមាន​បង្កង​លក់​គ្រប់គ្រាន់​ឱ្យ​ម៉ូយ។ ហើយ​បច្ចុប្បន្ននេះ​អ្នក​ចិញ្ចឹម​បង្កង​តង្កៀប​ក្រហម​ខាងលើ ឈប់​ចិញ្ចឹម​ដើម្បី​ចាប់​លក់​ជា​អាហារ​ទៀតហើយ តែ​ងា​កមក​ចិញ្ចឹម​យក​ពូជ (កូន​បង្កង)ទុក​លក់​ឱ្យ​កសិករ​ទិញ​យកទៅ​ចិញ្ចឹម​បន្ត​ដែល​ឥឡូវ​កំពុងមាន​ត្រូវការ​ខ្លាំង​នៅតាម​បណ្តា​ខេត្តផ្សេងៗវិញ​ម្ដង៕

  • នាយ គ្រឿន លើកទឹកចិត្តឱ្យអ្នកគាំទ្រស្រឡាញ់ និងកុំវាយតម្លៃបងៗដែលជាសន្ដិសុខ ( អ្នកយាម )

    នាយ គ្រឿន លើកទឹកចិត្តឱ្យអ្នកគាំទ្រស្រឡាញ់ និងកុំវាយតម្លៃបងៗដែលជាសន្ដិសុខ ( អ្នកយាម )

    តារាកំប្លែងដែលមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា នាយ គ្រឿន បានចូលរួមសម្ដែងក្នុងរឿង «ចិញ្ចៀនខ្មោច» ដែលជាវណ្ណកម្មថ្មីរបស់ផលិតកម្ម LD Picture ដែលបានតម្រូវឱ្យលោកសម្ដែងជាតួអង្គសន្ដិសុខ (អ្នកយាមផ្ទះ) មានភាពកំប្លុកកំប្លែង មិនសូវគ្រប់ទឹក ដើម្បីឱ្យមហាជនបានទស្សនារឿងនេះហើយ ផ្ទុះសំណើចតាំងពីដើមរឿង រហូតដល់ចប់តែម្ដង។

    លោកថា ទន្ទឹមនឹងការបានសម្ដែងជាតួអង្គសន្តិសុខបែបនេះ ធ្វើឱ្យលោកបានមើលឃើញពីតថភាពនៃជិវិតរបស់បងៗអ្នកសន្ដិសុខយាមកាម ពីការងាររបស់ពួកគាត់ និងពីការតាំងចិត្តធ្វើការងារយ៉ាងហ្មត់ចត់របស់ពួកគាត់។ ដោយឡែកតាមរយៈសាច់រឿងវិញ គឺមានភាពខុសគ្នាស្រឡះតែម្ដង ព្រោះអ្នកដឹកនាំរឿងបានតម្រូវឱ្យខ្លួនសម្ដែងជាតួអង្គកំប្លែង ដែលខ្លួនគ្មានបំណងបន្តុះបង្អាប់ ឬមើលងាយដល់មុខរបរសន្តិសុខអ្នកយាមកាម និងអ្នកមានមុខរបរជាអ្នកយាមនៅតាមបុរី តាមផ្សារ ឬក្នុងក្រុមហ៊ុននានានោះឡើយ ពោលគឺសកម្មភាពក្នុងរឿងនេះគ្រាន់តែជាការសម្ដែង ដើម្បីឱ្យមហាជនបានចូលរួមសើចសប្បាយរីករាយជាមួយនឹងរូបលោកតែប៉ុណ្ណោះ។

    នាយបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា  «បាទបង! ចំពោះនៅក្នុងខ្សែភាពយន្តនេះ ខ្ញុំសម្ដែងជាតួអង្គសន្តិសុខ ដោយធ្វើកាយវិការឡិកឡក់ និយាយបែបកំប្លែង ដើម្បីឱ្យអ្នកទស្សនាបានសើចក្អាកក្អាយជាមួយនឹងសកម្មភាពរបស់ខ្ញុំតែប៉ុណ្ណោះ ដោយឡែកនៅក្នុងអាជីពមួយនេះ បើឆ្លុះបញ្ចាំងមកទិដ្ឋភាពខាងក្រៅ វាហាក់បីដូចជាប៉ះពាល់ដល់កិត្តិយស របស់ពួកគាត់បន្តិចហើយ។ ប៉ុន្តែតាមពិតមិនមែនអ៊ឹចឹងនោះទេ ខ្ញុំឃើញបងៗសន្តិសុខនៅតាមបុរី គឺមានភាពហ្មត់ចត់ គោរពការងារបានល្អ ហើយយាមដល់យប់ជ្រៅទៀតផង។ ទោះបីជាមុខរបរមួយនេះ មិនសូវមានអ្នកចាប់អារម្មណ៍ក្ដី ប៉ុន្តែបើងាកមកជីវិតនាពេលបច្ចុប្បន្ននេះវិញ សន្តិសុខនៅក្នុងបុរីនីមួយៗ គឺត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ម្ចាស់បុរី»។

    ជាចុងក្រោយ លោកបានអំពាវឱ្យបងប្អូនប្រិយមិត្តទាំងអស់ ស្រឡាញ់ និងឱ្យតម្លៃចំពោះអាជីពជាសន្ដិសុខនេះ សូមមេត្តាកុំរើសអើង ឬវាយតម្លៃតាមរយៈកែវភ្នែកអី ព្រោះថា នោះក៏ជាអាជីពសុចរិត និងមានតម្លៃនៅក្នុងជីវិតប្រចាំថ្ងៃផងដែរ។ ម៉្យាងទៀត សូមប្រិយមិត្តទាំងអស់គ្នា កុំភ្លេចទៅទស្សនារឿង «ចិញ្ចៀនខ្មោច» នៅថ្ងៃទី31 នេះ ដែលកំពុងតែដាក់បញ្ចាំងហើយនៅគ្រប់រោងកុនទាំងអស់៕

     

  • លំនៅឋាន​គ្រប់​ប្រភេទ​នៅតែមាន​តម្រូវការ​រហូតដល់​ឆ្នាំ2030

    លំនៅឋាន​គ្រប់​ប្រភេទ​នៅតែមាន​តម្រូវការ​រហូតដល់​ឆ្នាំ2030

    ចំនួន​ប្រជាជន​កម្ពុជា​ត្រូវបាន​រំពឹងថា​នឹង​កើន​ឡើងដល់15 ទៅ19លាន​នាក់​នៅត្រឹម​ឆ្នាំ2030ខាងមុខ ដោយឡែក​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​ជិតខាង​នឹងមាន​ប្រជាជន​កើនឡើង​ក្នុង​ចំនួន​ប្រមាណ​ជា4 ទៅ7លាន​នាក់​ដែល​កត្តា​នេះ​នឹង​ជំរុញឱ្យមាន​តម្រូវការ​លំនៅឋាន​ថ្មី​ប្រមាណ​ជា 800.000ខ្នង​ផ្ទះ​ទៀត​បន្ថែម​ពីលើ​លំនៅឋាន​ដែលមាន​ស្រាប់​នាពេល​បច្ចុប្បន្ន។

    ឯកឧត្តម ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា កាលពី​ឆ្នាំ2017កន្លងទៅ វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ជាមួយនឹង​គម្រោង​អនុម័ត​ចំនួន 3,418គម្រោង ហើយ​វិស័យ​សំណង់​បាន​កើនឡើង22% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែលមាន​ទឹកប្រាក់​វិនិយោគ​រហូតដល់ 6.5ពាន់​លាន​ដុល្លារ ក្នុងនោះ​មាន82%ជា​គម្រោង​លំនៅឋាន។

    លោក ហ៊ឹម សីហា ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន VTrust Appraisal មានប្រសាសន៍ថា និន្នាការ​នៃ​តម្រូវការ​លំនៅឋាន​ពិតជា​កើនឡើង​ដូច​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រសួង​ដែល​បាន​រកឃើញ​ពិតប្រាកដ​មែន ពិសេស​លំនៅឋាន​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​ទៅ​ប្រជុំជន​ក្នុង​បណ្តា​ខេត្ត​មួយចំនួន ដោយសារ​ចំនួន​ប្រជាជនមាន​ការកើនឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

    លោក​បាន​បន្តថា មិនមែន​តែ​នៅ​ទីក្រុង​ភ្នំពេញ​ទេ​សូម្បី​នៅតាម​បណ្តា​ខេត្តឆ្ងាយៗដូច​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រុង​សៀមរាប ខេត្តសៀមរាប និង​ក្រុង​បាន​លុង ខេត្តរតនគិរី ជាដើម លំនៅឋាន​លក្ខណៈ​ជា​បុរី​ដែល​សាងសង់​នៅលើ​ផ្ទៃដីធំៗ និង​មាន​ចំនួន​ច្រើន​ល្វែង​ត្រូវបាន​សាងសង់​ឡើងជា​បន្តបន្ទាប់​ដែលមាន​ទាំង​លំនៅឋាន​មានតម្លៃ​ខ្ពស់ និង​សមរម្យ​សម្រាប់​ដាក់លក់​ជូន​អតិថិជន​ដែលមាន​ជីវភាព​ធូរធារ និង​មាន​ជីវភាព​មធ្យម​ទៅតាម​នោះដែរ។

    លោក ស៊ិន សុជាតិ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា (CSA) មានប្រសាសន៍ថា កម្ពុជា​បានទទួល​នូវ​កំណើនសេដ្ឋកិច្ច​ឆាប់រហ័ស​សម្រាប់​ឆ្នាំ​កន្លងទៅ​ដោយសារ​វិស័យ​សំណង់ និង​អចលនទ្រព្យ គឺជា​ឧស្សាហកម្ម​ឈានមុខ​គេ​មួយ។ ស្របពេល​ជាមួយគ្នានេះដែរ សេដ្ឋកិច្ចកម្ពុជា​ក៏​កំពុង​រីកចម្រើន​ខ្លាំង​ដោយសារ​វត្ត​មាននៃ​ការសាងសង់​សំណង់​សណ្ឋាគារថ្មីៗ អគារ​ការិយាល័យ ផ្សារ​ទំនើប ភោជនីយដ្ឋាន​និង​អគារ​លំនៅឋាន​ដែល​កំពុង​រីកដុះដាល​ឡើង​យ៉ាងខ្លាំង​នៅ​រាជធានី​ភ្នំពេញ និង​បាន​រីក​រាលដាល​ទៅកាន់​ទីក្រុង​នានា​នៅតាម​បណ្ដា​ខេត្ត​ក្នុងប្រទេស​កម្ពុជា។ បច្ចុប្បន្ននេះ​ប្រជាជន​ថ្នាក់កណ្តាល (ដែលមាន​កម្រិតជីវភាព​មធ្យម)កំពុងមាន​ការកើនឡើង ហើយ​របៀប​នៃ​ការរស់នៅ​របស់​ពួកគេ​កំពុងមាន​ការផ្លាស់ប្តូរ​ទាំង​ការងារ ជីវភាព និង​បរិស្ថាន​ផ្ទាល់ខ្លួន​ផងដែរ។

    នៅក្នុង​ទីផ្សារ​អចលនទ្រព្យ ផ្ទះ​ជាប់​ដី​ត្រូវបាន​បែង​ចែកជា 4ប្រភេទ ដូចជា​ផ្ទះល្វែង​ជួរមុខ (purpose-build shophouse) ផ្ទះល្វែង​ធម្មតា​នៅក្នុង​បុរី (residential link-house) ផ្ទះ​វីឡា​ភ្លោះ(semi-detached) និង​ផ្ទះ​វីឡា​ទោល(single-deta-ched)។ ចំណែក​ប្រភេទ​បន្ទប់​ខុន​ដូ​មាន 5ប្រភេទ ដូចជា​យូ​នី​ត​ខុន​ដូ​មាន​បន្ទប់​គេង1(one bed-room or studio) បន្ទប់​គេង2(two-bedroom) បន្ទប់​គេង3 (three-bedroom) បន្ទប់​គេង4(four-bedroom) និង​បន្ទប់​វីឡា​ខុន​ដូ (Penthouse)។

    ជាមួយនឹង​កំណើន​ដែល​កើនឡើង​នៃ​សំណង់​លំនៅឋាន​នេះ​បានធ្វើឱ្យ​តម្រូវការ​នៃ​ការប្រើប្រាស់​គ្រឿងសង្ហារិម សម្ភារ​តុបតែង​បរិវេណ​ខាងក្នុង និង​ខាងក្រៅ​លំនៅឋាន​ក៏មាន​តម្រូវការ​កាន់តែខ្លាំងឡើង​ផងដែរ។ លោកស្រី ឃាន ណា​រី ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន INYHANOU ដែល​ផ្គត់ផ្គង់​ពូក​ដំណេក​នាំចូល​ពី​សហរដ្ឋអាមេរិក​មានប្រសាសន៍ថា ដោយ​យល់ដឹង​ពី​សុខភាព​ដំណេក​ក៏ដូចជា​តម្រូវការ​នៃ​ប្រើប្រាស់​សម្ភារ​ក្នុង​លំនៅឋាន​ផងដែរ​នោះ ការលក់​ពូក​នៅក្នុង​ក្រុមហ៊ុន​ពិតជា​មានការ​កើនឡើង​ច្រើន ដោយសារ​អតិថិជន​មក​ជាវ​ពូក​ដំណេក​មាន​ចំនួន​ច្រើនឡើង​គួរឱ្យកត់សម្គាល់ពិសេស​អ្នកមាន​ចំណូល​មធ្យម និង​ខ្ពស់ ខណៈដែល​អគារ​លំនៅឋាន​ក៏មាន​ការកើនឡើង​ដែរ​ជា​រៀងរាល់ឆ្នាំ។

    ធនាគារអភិវឌ្ឍន៍អាស៊ី និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក៏ដូចជា​រដ្ឋាភិបាល​ដែរ​បានធ្វើការ​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង​ក្នុង​រង្វង់ 7%ថេរ​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ។ ក្នុងនោះ​វិស័យ​សំណង់​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងចំណោម​វិស័យ​ដែល​ជំរុញ​សេដ្ឋកិច្ចផ្សេងៗទៀត ដូចជា​វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម និង​វិស័យ​ទេសចរណ៍​ដែល​ធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ៕

  • ដំណឹងជ្រើសរើសបុគ្គលិក

    ឡារ៉ែន មេឌា ត្រូវការជ្រើសរើសបុគ្គលិកទាំង2ភេទ ផ្នែកកាត់តវីដេអូ (Video Editor) ចំនួន2នាក់

    បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបសង្ខេប (បើអាចសូមភ្ជាប់មកជាមួយនូវស្នាដៃដែលធ្លាប់ធ្វើ) ​មកក្រុមហ៊ុនយើងខ្ញុំតាមរយៈ
    Email: [email protected] / [email protected]
    Phone: 092 610 111 / 015 726 364

  • ចុំយក្ស!?  កូនប្រុសទាំង2 របស់លោក ព្រាប សុវត្ថិ តម្លៃខ្លួនឡើងជិតស្មើឪពុក!

    ចុំយក្ស!?  កូនប្រុសទាំង2 របស់លោក ព្រាប សុវត្ថិ តម្លៃខ្លួនឡើងជិតស្មើឪពុក!

    ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា បន្ទាប់ពីកូនប្រុសរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានឈានជើងចូលជ្រកទ្រនំហង្សមាសជាមួយឪពុកមិនទាន់បានប៉ុន្មានផង មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញថា ប្រជាប្រិយភាពរបស់ពួកគេកាន់តែល្បី និងមានអ្នកស្គាល់ពួកគេកាន់តែច្រើនឡើងហើយ។​ ដោយឡែកថ្មីៗនេះ ក៏​ស្រា​ប់​តែ​លេចធ្លា​យ​ត​ម្លៃ​ខ្លួ​ន​ឡើ​ង​ឆា​ករបស់​តា​រា​ចម្រៀ​ង​វ័​យ​ក្មេ​ង​ដែលជាកូ​នប្រុសរបស់​លោ​ក​ ព្រាប​ ​សុ​វ​ត្ថិ​ ​ដោ​យ​មួ​យ​ក​ម្ម​វិ​ធី​ត​ម្លៃ​ខ្លួ​ន​ឡើ​ងខ្ពស់​ជិ​ត​ស្មើនឹងតម្លៃខ្លួនរបស់ឪពុកដែរ។​​​

    ជាក់ស្តែងកូនប្រុសទាំងពីររបស់លោក ព្រាប សុវត្ថិ សព្វថ្ងៃនេះកំពុងមានភាពមមាញឹកយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ ដោយបានចេញច្រៀងនៅលើឆាកប្រគំតន្រ្តីធំៗ តាមបណ្តាខេត្តស្ទើរតែរៀងរាល់ថ្ងៃ។ ហើយអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍កាន់ខ្លាំងនោះ គឺតម្លៃខ្លួនកូនប្រុសរបស់លោក ព្រាប សុវត្ថិ ពិតជាមិនធម្មតាឡើយ ពោលគឺស៊ីថ្លៃមិនចាញ់តារាប្រុស-ស្រីល្បីៗនានាប្រចាំផលិតកម្មរស្មីហង្សមាសប៉ុន្មានឡើយ។

    បើតាមប្រភពអ្នករៀបចំកម្មវិធីដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយឱ្យដឹងថា រាល់ពេលឡើងឆាកតន្រ្តីម្តងៗ កូនប្រុសទាំង2 គឺ សុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ ត្រូវបានលោក ព្រាប សុវត្ថិ ជាឪពុកទារតម្លៃខ្លួនពីម្ចាស់កម្មវិធី ដល់ទៅជិត 4 ពាន់ដុល្លារអាមេរិកឯណោះ ដោយមិនរាប់បញ្ចូលទាំងកូនពៅរបស់លោកម្នាក់ទៀតនោះផង។  ប្រភពដដែលនោះក៏បានបង្ហើបឱ្យដឹងបន្ថែមទៀតដែរថា ប្រសិនបើមានការអញ្ជើញតែកូនប្រុសម្នាក់ដូចជា សុវត្ថិ មុនីវណ្ណ ឬក៏សុវត្ថិ មុនីនាគ ហើយឱ្យមានការសម្រួលតម្លៃខ្លួននោះ ក៏មិនបានដែរ ដាច់ខាតត្រូវតែអញ្ជើញទាំងពីរនាក់បងប្អូន ដែលមានការកំណត់កញ្ចប់តម្លៃដូចពោលខាងលើ(អ៊ឺហ៊ឺ!)។

    សូមជម្រាបឱ្យដឹងថា នេះគឺជាតម្លៃខ្លួនដ៏ខ្ពស់មួយ ដែលមានតែតារាល្បីៗប្រឡូកសិល្បៈយូរឆ្នាំប៉ុណ្ណោះ ទើបអាចទទួលបានតម្លៃខ្លួនក្នុងចំនួននេះបាន ក៏ប៉ុន្តែកូនប្រុសរបស់លោក ព្រាប សុវត្ថិ ទើបតែចូលខ្លួនបានប៉ុន្មានខែប៉ុណ្ណោះក៏មានតម្លៃខ្លួនខ្ពស់បែបនេះទៅហើយ៕